top of page
Wooden Frame Window

ជំពូក ៨

នៅក្នុងជំពូកទី៧ អ្នកនិពន្ធបានពន្យល់ពីរបៀបនៃភាពជាសង្ឃរបស់ព្រះគ្រីស្ទប្រសើរជាងភាពជាសង្ឃ របស់លោកអឺរ៉ុន និងពួកលេវី ដោយសារវាផ្អែកទៅលើភាពជាសង្ឃដ៏ប្រសើរតាមបៀប លោក​ម៉ិល‌គីស្សាដែក។ នៅក្នុងជំពូក៨ គាត់នឹងសរសេរអំពីរបៀបនៃសេចក្ដី​សញ្ញាថ្មីដែលព្រះយេស៊ូវ សម្រុះ​សម្រួលគឺប្រសើរ ជាងសេចក្ដី​សញ្ញាចាស់។ 


រីឯ​ដែល​បង្រួម​សេចក្ដី​អធិប្បាយ​ទាំង​ប៉ុន្មាន​អម្បាញ់‌មិញ​នេះ នោះ​គឺ​ថា យើង​រាល់​គ្នា​មាន​សំដេច​សង្ឃ​១​អង្គ​យ៉ាង​នោះ ដែល​ទ្រង់​បាន​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ឫទ្ធា‌នុភាព​នៅ​ស្ថាន‌សួគ៌ 


៨:១ នេះគឺជាសារសំខាន់នៅក្នុងសំបុត្រទៅកាន់ជនជាតិហេព្រើរ។ យើង​រាល់​គ្នា​មាន​សម្ដេច​សង្ឃ - ព្រះយេស៊ូវគ្រីស្ទ - ដែល​អស្ចារ្យ​ណាស់ ដែល​ទ្រង់​បាន​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះដ៏មានឫទ្ធានុភាព ​នៅ​ស្ថានសួគ៌! “ឫទ្ធានុភាពនៅស្ថានសួគ៌” គឺជាព្រះជាម្ចាស់ ហើយគង់នៅ “ខាងស្តាំ” របស់ទ្រង់គឺស្ថិតនៅក ន្លែងកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។ 


ជា​អ្នក​មាន​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ ហើយ​ក្នុង​រោង​ឧបោសថ​ដ៏​ពិត ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង មិន​មែន​ជា​មនុស្ស​ទេ។


៨:២ លោកអឺរ៉ុនបានបម្រើនៅក្នុងព្រះពន្លានៅលើផែនដីនេះ។ ប៉ុន្តែភាពជាសង្ឃរបស់ព្រះយេស៊ូវស្ថិតនៅ លើស្ថានសួគ៌ប្រសើរជាងភាពជាសង្ឃរបស់លោកអឺរ៉ុន ដោយសារទ្រង់បម្រើនៅ “កន្លែងបរិសុទ្ធ” ដែលប្រសើរជាង។ “ត្រសាលពិត” គឺស្ថិតនៅឯស្ថានសួគ៌ជាកន្លែងដែលព្រះជាម្ចាស់គង់នៅ។ វាប្រសើរជាងព្រះពន្លានៅលើផែនដី ដោយសារព្រះជាម្ចាស់ជាអ្នកតម្លើងវា មិនមែនមនុស្សនោះទេ។  


ឯ​សំដេច​សង្ឃ​ទាំង​ប៉ុន្មាន នោះ​បាន​តាំង​ឲ្យ​មាន​ងារ សំរាប់​នឹង​ថ្វាយ​ដង្វាយ ហើយ​យញ្ញ‌បូជា បាន​ជា​ត្រូវ​ឲ្យ​ព្រះ‌អង្គ​នេះ​បាន​អ្វី​នឹង​ថ្វាយ​ដែរ


៨:៣ ដោយសារទ្រង់ជាសម្តេចសង្ឃរបស់យើង វាចាំបាច់ណាស់ដែលព្រះយេស៊ូវមានអ្វីម្យ៉ាងត្រូវថ្វាយ។ អ្នកនិពន្ធនឹងនិយាយអំពីរឿងនេះបន្ថែមទៀតនៅក្នុងជំពូក៩ និង១០។ 


ដ្បិត​បើ​សិន​ជា​ទ្រង់​គង់​នៅ​ផែនដី នោះ​ទ្រង់​មិន​បាន​ធ្វើ​ជា​សង្ឃ​ទេ ពី​ព្រោះ​មាន​ពួក​សង្ឃ​ដែល​ថ្វាយ​ដង្វាយ តាម​ក្រិត្យ‌វិន័យ​ហើយ


៨:៤ ព្រះយេស៊ូវមកពីកុលសម្ព័ន្ធយូដា។ ហេតុដូច្នេះហើយបានជាទ្រង់មិនអាចបម្រើនៅក្នុងព្រះវិហារ នៅទីក្រុងយេរ៉ូសាឡឹមក្នុងនាមជាសង្ឃបានដោយសារទ្រង់មិនមែនជាពួកលេវីនោះទេ។ យ៉ាងណាមិញ ភាពជាសង្ឃរបស់ព្រះយេស៊ូវគឺនៅស្ថានសួគ៌វិញ។ 


ដែល​គេ​ជា​គំរូ ហើយ​ជា​ស្រមោល ពី​របស់​នៅ​ស្ថាន‌សួគ៌​វិញ ដូច​ជា​ព្រះ​បាន​បង្គាប់​លោក​ម៉ូសេ ក្នុង​កាល​ដែល​លោក​រៀប​នឹង​ធ្វើ​រោង​ឧបោសថ​ថា «ចូរ​ប្រយ័ត​នឹង​ធ្វើ​គ្រប់​ទាំង​អស់ តាម​គំរូ​ដែល​អញ​បាន​បង្ហាញ​ឯង​នៅ​លើ​ភ្នំ» 


៨:៥ រោងឧបោសថរបស់លោកម៉ូសេនៅលើផែនដីត្រូវបានធ្វើឡើងទៅតាមគំរូដែលមាននៅស្ថានសួគ៌ (និក្ខមនំ ២៥:៤០)។ ដូច្នេះហើយ មានព្រះវិហានៅស្ថានសួគ៌ ដែលជាគំរូសម្រាប់រោងឧបោសថ  (និង ព្រះវិហារនៅទីក្រុងយេរូសាឡឹម)។ ព្រះយេស៊ូវគឺជាសម្តេចសង្ឃនៅក្នុងព្រះវិហារនៅស្ថានសួគ៌នេះ មិនមែនជា “​គំរូ ហើយ​ជា​ស្រមោល” សាងសង់ឡើងនៅលើផែនដីនេះទេ។ 


អ្នកនិពន្ធចង់ឱ្យអ្នកអានរបស់គាត់ទាំងឡាយដែលមានអារម្មណ៍ចង់ត្រឡប់ទៅរកសាសនាយូដាវិញដឹងថាពួកគេនឹងចាកចេញពីសារធាតុហើយទៅស្រមោល។ ពួកគេត្រូវដឹងថាតាមរយៈការដើរតាម ព្រះគ្រីស្ទពួកគេ ទទួលបាននូវអ្វីដែលប្រសើរជាងអ្វីដែលពួកគេបានបាត់បង់។ 


តែ​ឥឡូវ​នេះ​វិញ ដែល​ទ្រង់​ជា​អ្នក​កណ្តាល​របស់​សេចក្ដី​សញ្ញា​១​ដ៏​ប្រសើរ​ជាង​ប៉ុណ្ណា ដែល​សេចក្ដី​សញ្ញា​នោះ​បាន​តាំង​ឡើង លើ​ពាក្យ​សន្យា​ប្រសើរ​ជាង​ផង នោះ​ទ្រង់​ក៏​បាន​ទទួល​ការ‌ងារ​ដ៏​ប្រសើរ​ជាង​ប៉ុណ្ណោះ​ដែរ 


៨:៦ អ្នកនិពន្ធបានបង្ហាញថាព័ន្ធកិច្ចរបស់ព្រះគ្រីស្ទគឺមានភាពប្រសើរជាងលោកអឺរ៉ុន ដោយសារទ្រង់ បម្រើនៅកន្លែងដែលប្រសើរជាង នោះគឺកន្លែងមួយនៅស្ថានសួគ៌ មិនមែនជាការចម្លងនៅលើផែនដីនេះទេ (ខ១-៥)។ ឥឡូវនេះ គាត់នឹងបង្ហាញថាព័ន្ធកិច្ចរបស់ព្រះគ្រីស្ទគឺមានលក្ខណៈប្រសើរជាង ដោយសារទ្រង់សម្រុះ​សម្រួលសេចក្ដី​សញ្ញា​១​ដែលប្រសើរជាង (ខ៧-១៣)។


អ្នកសម្រុះ​សម្រួល ("​អ្នក​កណ្តាល​") គឺជាមនុស្សម្នាក់ដែលឈរនៅកណ្តាលរវាងមនុស្សពីរនាក់ ហើយនាំពួកគេមកជួបគ្នា។ មនុស្សមានបាបត្រូវបានបែកចេញពីព្រះដ៏បរិសុទ្ធ។ ប៉ុន្តែព្រះយេស៊ូវគឺជា អ្នកសម្រុះ​សម្រួលរបស់យើងសម្រាប់សេចក្ដី​សញ្ញាប្រសើរជាងដែលនាំមនុស្ស និងព្រះមកជួបគ្នា។ 


មូលហេតុដែលសេចក្ដី​សញ្ញាថ្មីប្រសើរជាងគឺដោយសារវាគឺ “បាន​តាំង​ឡើង លើ​ពាក្យ​សន្យា​ប្រសើរ​ជាង ​ផង”។ សេចក្ដី​សញ្ញាចាស់គឺជាក្រិតវិន័យរបស់លោកម៉ូសេដែលសន្យាប្រទានពរសម្រាប់ការស្តាប់បង្គាប់ ហើយដាក់ទោសចំពោះការមិនស្តាប់បង្គាប់។ វាបានបង្គាប់មនុស្សឱ្យមានភាពសុចរិត ប៉ុន្តែ មិនបានផ្តល់ឱ្យ ពួកគេនូវសមត្ថភាពដើម្បីក្លាយជាមនុស្សសុចរិតទេ។ ប៉ុន្តែសេចក្ដី​សញ្ញាថ្មីបង្រៀនមនុស្សឱ្យរស់នៅ ដោយសុចរិត ផ្តល់អំណាចដល់ពួកគេឱ្យធ្វើដូច្នោះ ហើយប្រទានរង្វាន់ដល់ពួកគេនៅពេលពួកគេធ្វើ។ 


ដ្បិត​បើ​សិន​ជា​សញ្ញា​ចាស់​ឥត​មាន​កំហុស នោះ​មិន​បាន​រក​កន្លែង​ឲ្យ​បាន​តាំង​១​ទៀត​ឡើយ


៨:៧ សេចក្ដី​សញ្ញាដំបូងមិនមែនជា “គ្មានទោស” ទេ នោះគឺវាមិនជោគជ័យក្នុងការសម្រេចបាននូវ ទំនាក់ទំនងដែលព្រះជាម្ចាស់ចង់​ឱ្យមានវាងមនុស្ស និងព្រះ។ វាមិនដែលមានបំណងឱ្យក្លាយជា សេចក្ដី​សញ្ញាចុងក្រោយនោះទេ ប៉ុន្តែត្រូវបានប្រទានឱ្យដើម្បីរៀបចំមនុស្សសម្រាប់ការយាងមក របស់ព្រះគ្រីស្ទ (កាឡាទី ៣:២៤-២៧)។


ពី​ព្រោះ ដែល​ទ្រង់​ចាប់​សេចក្ដី​កំហុស នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា «មើល ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា នឹង​មាន​ថ្ងៃ​មក ដែល​អញ​នឹង​តាំង​សញ្ញា​ថ្មី ដល់​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា មិន​មែន​តាម​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ពួក​ឰយុកោ​គេ នៅ​ថ្ងៃ​ដែល​អញ​បាន​ចាប់​ដៃ នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​នោះ​ទេ ព្រោះ​គេ​មិន​បាន​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​អញ​នោះ​ឡើយ ហើយ​អញ​បាន​បែរ​ចេញ​ពី​គេ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ 


៨:៨-៩ អ្នកនិពន្ធដកស្រង់សម្រង់សម្តីមកពីគម្ពីរយេរេមា ជំពូក ៣១:៣១-៣៤ ដែល​បាន​ទាយទំនាយពី សេចក្ដី​សញ្ញាថ្មីដែលព្រះជាម្ចាស់នឹងបង្កើតជាមួយនឹងរាស្ត្ររបស់ទ្រង់។ 


ព្រះជាម្ចាស់បានបង្ហាញពីព្រះទ័យសប្បុរស និងសេចក្តីស្រឡាញ់ទៅកាន់ជនជាតិអ៊ីស្រាអែល នៅពេលទ្រង់  “បាន​ចាប់​ដៃ នាំ​គេ​” ដើម្បីនាំពួកគេចេញពីភាពជាទាសករនៅក្នុងប្រទេសអេស៊ីព្ទ (ដូចជាឪពុកដឹកដៃ កូនតូចដើម្បីនាំវាទៅកាន់កន្លែងដែលមានសុវត្ថិភាព ហូសេ ១១:១-៤)។ ព្រះជាម្ចាស់បាននាំពួកគេ ទៅកាន់ភ្នំស៊ីណៃជាកន្លែងដែលទ្រង់បានប្រទានសេចក្ដី​សញ្ញាដំបូងនឹងពួកគេ។ ប៉ុន្តែពួកគេនឹងមិន ស្តាប់បង្គាប់តាមនោះទេ។ បញ្ហាគឺមិនមែនដោយសារតែសេចក្ដី​សញ្ញាឡើយ ត្បិត “ក្រឹត្យវិន័យ​ជា​បរិសុទ្ធ​ទេ ហើយ​សេចក្តី​បញ្ញត្ត​ក៏​បរិសុទ្ធ សុចរិតល្អ​ដែរ” (រ៉ូម ៧:១២)។  បញ្ហាគឺជាភាពទន់ខ្សោយ និងអសមត្ថភាពរបស់ជនជាតិអ៊ីស្រាអែលក្នុងការរក្សាភាពស្មោះត្រង់ នឹងសេចក្ដី​សញ្ញាដំបូង។


ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា ឯ​សេចក្ដី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រាអែល ​ក្រោយ​គ្រា​នោះ គឺ​ថា អញ​នឹង​ដាក់​ក្រិត្យ‌វិន័យ​អញ​នៅ​ក្នុង​គំនិត​គេ ហើយ​នឹង​កត់​ទុក នៅ​ក្នុង​ចិត្ត​គេ​ផង អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​អញ នោះ​មិន​ចាំ​បាច់​ឲ្យ​គ្រប់​គ្នា​បង្រៀន​អ្នក​ជិត​ខាង​ នឹង​បង​ប្អូន​ខ្លួន​ថា ចូរ​ស្គាល់​ព្រះ‌អម្ចាស់​នោះ​ទេ ដ្បិត​ក្នុង​ពួក​គេ មនុស្ស​នឹង​ស្គាល់​អញ​គ្រប់​គ្នា តាំង​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ​ហើយ ពី​ព្រោះ​អញ​នឹង​អាណិត​មេត្តា​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប នឹង​សេចក្ដី​ទទឹង​ច្បាប់​របស់​គេ​ទៀត»


៨:១០ នៅពេលយើងអានពីសេចក្ដី​សញ្ញាថ្មី ចូរកត់សម្គាល់ពីពាក្យដដែលៗ “អញ​នឹង”។ សេចក្ដី​សញ្ញា ចាស់បានផ្តល់នូវបទបញ្ញត្តិពីអ្វីដែលមនុស្សត្រូវធ្វើ ហេតុដូច្នេះហើយបានជាទាមទារឱ្យមាន ការស្តាប់បង្គាប់ ប៉ុន្តែសេចក្ដី​សញ្ញាថ្មីគឺនិយាយពីអ្វីដែលព្រះជាម្ចាស់នឹងធ្វើ ហេតុដូច្នេះហើយបានជា ទាមទារឱ្យមានជំនឿ លើទ្រង់វិញ។


សេចក្ដី​សញ្ញាថ្មីគឺជាសេចក្ដី​សញ្ញាឥតលក្ខខ័ណ្ឌដោយសារព្រះគុណ។ សេចក្ដី​សញ្ញាដំបូងគឺអាស្រ័យលើ សេចក្តីសន្យាចំពោះការស្តាប់បង្គាប់របស់ជនជាតិអ៊ីស្រាអែល (និក្ខមនំ ១៩:៨; ២៤:៧) ហើយវាបរាជ័យ ដោយសារតែពួកគេមិនស្តាប់បង្គាប់។ ប៉ុន្តែសេចក្ដី​សញ្ញាថ្មីគឺនិយាយពីអ្វីដែលព្រះជាម្ចាស់នឹងធ្វើ ហេតុដូច្នេះត្រូវពឹងលើព្រះជាម្ចាស់។ នេះគឺជាកម្លាំងរបស់វា។ ដោយ​សារ​សេចក្ដី​សញ្ញាថ្មី ជាសេចក្ដី​សញ្ញា ឥតលក្ខខ័ណ្ឌដោយព្រះគុណ ព្រះជាម្ចាស់ធ្វើឱ្យប្រាកដថាវានឹងទទួលបានជោគជ័យ ពីព្រោះការធ្វើបានសម្រេចវាអាស្រ័យលើទ្រង់តែមួយអង្គគត់ ហើយទ្រង់មិនដែលបរាជ័នឡើយ។ 


សេចក្ដី​សញ្ញាចាស់មិនអាចធ្វើឱ្យមានការស្តាប់បង្គាប់បានទេ ហើយការវិន្និច្ឆ័យបានធ្លាក់មកលើជនជាតិ អ៊ីស្រាអែល។ យ៉ាងណាមិញ សេចក្ដី​សញ្ញាថ្មីនឹងសម្រេចនូវអ្វីដែលសេចក្ដី​សញ្ញាចាស់មិនអាចធ្វើបាន។ 


ទីមួយ វានឹងបង្កើតឱ្យមាននូវភាពសុចរិត (“អញ​នឹង​ដាក់​ក្រិត្យ‌វិន័យ​អញ​នៅ​ក្នុង​គំនិត​គេ ហើយ​នឹង​កត់​ទុក នៅ​ក្នុង​ចិត្ត​គេ​ផង”)។ នៅក្នុងសេចក្ដី​សញ្ញាថ្មី មនុស្សរបស់ព្រះទទួលបានការផ្លាស់ប្តូរ នៅក្នុងដួងចិត្ត និងគំនិត ដូច្នេះពួកគេដឹង ស្រឡាញ់ ហើយធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ ព្រះជាម្ចាស់បានដាក់ ក្រិតវិន័យរបស់ទ្រង់មកក្នុងគំនិតរបស់ប្រជារាស្ត្រទ្រង់ដើម្បីឱ្យពួកគេដឹងពីក្រិតវិន័យរបស់ទ្រង់ ហើយ នៅក្នុងចិត្តរបស់ពួកគេដើម្បីឱ្យពួកគេស្រឡាញ់ក្រិតវិន័យទ្រង់។ លទ្ធផលពីការនេះគឺពួកគេនឹងចង់ ស្តាប់បង្គាប់ (មិនមែនដោយសារការភ័យខ្លាចចំពោះការដាក់ទ័ណ្ឌកម្ម)​ ដោយសារសេចក្តីស្រឡាញ់ ចំពោះ ព្រះជាម្ចាស់។  


សូមកត់សម្គាល់ថា សេចក្ដី​សញ្ញាថ្មីមិនបានលុបបំបាត់ក្រិតវិន័យចោលនោះទេ។ ក្រិតវិន័យនៅតែជាស្តង់ ដារដ៏ល្អឥតខ្ចោះនៃភាពសុចរិតដដែល។ អ្វីដែលផ្លាស់ប្តូរគឺជាទីតាំងរបស់វា។ ពីមុនវាត្រូវបានសរសេរឡើង នៅលើផ្ទាំងថ្ម ឥឡូវនេះវាត្រូវបានសរសេរឡើងនៅក្នុងចិត្តគ្រីស្ទបរិស័ទ។ ហេតុដូច្នេះអ្វីដែលសេចក្ដី​សញ្ញាថ្មី ផ្លាស់ប្តូរគឺជាចិត្តរបស់យើង មិនមែនជាស្តង់ដារនៃភាពសុចរិតរបស់ព្រះជាម្ចាស់នោះទេ។ សេចក្ដី​សញ្ញាថ្មី បង្កើតមនុស្សថ្មីដែលស្គាល់ និងស្រឡាញ់ការធ្វើតាមព្រះហឫទ័យរបស់ទ្រង់។


ទីពីរ សេចក្ដី​សញ្ញាថ្មីនឹងបង្កើតឱ្យមានទំនាក់ទំនងជិតស្និទ្ធរវាងព្រះជាម្ចាស់ និងប្រជារាស្ត្រទ្រង់។ “នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ” ប្រាប់យើងពីទំនាក់ទំនងដែល មានសុវត្ថិភាព និងភាពជាអចិន្ត្រៃយ៍ដែលយើងមានជាមួយព្រះជាម្ចាស់នៅពេលនេះ។ ព្រះជាម្ចាស់ បានជ្រើសរើសយើងឱ្យក្លាយជារាស្ត្ររបស់ទ្រង់ ហើយទ្រង់បានសម្រេចអ្វីៗគ្រប់យ៉ាងដែលចាំបាច់ដើម្បី បង្កើតសម្ព័ន្ធនេះឡើង។ គ្មានអ្វីដែលអាចបំបែកសម្ព័ន្ធដែលទិញមកដោយសារព្រះលោហិតនេះបានឡើយ (រ៉ូម ៨:៣៨-៣៩)។ ឥឡូវនេះ នៅក្នុងព្រះគ្រីស្ទ អ្នកជឿបានចូលទៅកាន់ព្រះជាម្ចាស់ ហើយអាចខិតចូល មកជិតទ្រង់ដោយជំនឿ។ សេចក្ដី​សញ្ញាថ្មីបង្កើតឱ្យមានទំនាក់ទំនងរវាងព្រះ និងមនុស្ស ដែលទ្រង់តែងតែ មានបំណងជានិច្ច។ 


៨:១១ ទីបី សេចក្ដី​សញ្ញាថ្មីនឹងធ្វើឱ្យមនុស្សអាចស្គាល់ព្រះបាន។ វានឹងមិនចាំបាច់ឱ្យគ្រប់គ្នាបង្រៀន “អ្នកជិតខាង” របស់ខ្លួនទេ (តាមន័យត្រង់ “ជនរួមជាតិ”) ដោយហេតុថា អ្នកចែករំលែកទាំងអស់នៅក្នុង សេចក្ដី​សញ្ញាថ្មីនឹងស្គាល់ព្រះជាម្ចាស់ដោយផ្ទាល់ខ្លួនរបស់ពួកគេថាជាព្រះបិតាដែលគង់នៅស្ថានសួគ៌។


គ្រីស្ទបរិស័ទមិនដូចជាសាសនាជាតិនោះទេ។ មិនមានប្រទេសគ្រីស្ទបរិស័ទនោះទេ មានតែមនុស្សគ្រីស្ទបរិស័ទ ហើយលក្ខណៈសំខាន់របស់មនុស្សទាំងអស់នេះគឺថាពួកគេស្គាល់ព្រះ។ ព្រះជាម្ចាស់ បានសន្យាថាសមាជិកគ្រប់គ្នានៅក្នុងសហគមន៍ការតាំងសញ្ញាថ្មីនឹងស្គាល់ទ្រង់ដោយផ្ទាល់ និងផ្ទាល់ខ្លួន “តាំង​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ​ហើយ”។ យើងទាំងអស់គ្នាគឺជាតិសាសន៍នៃនគរព្រះ ហើយអ្នកជឿម្នាក់ៗមានសិទ្ធិចូលទៅកាន់ ព្រះជាម្ចាស់ ដូចគ្នាតាមរយៈព្រះយេស៊ូវ ហើយយើងទាំងអស់គ្នា អាចចូលទៅជិតព្រះបានតាមរយៈ ការអធិស្ឋាន ការសរសើរ និងការអានព្រះបន្ទូលទ្រង់ (៤:១៦; ៧:២៥; ១០:១៩-២២; ១២:២២-២៤)។ 


៨:១២ ទីបួន នៅក្នុងសេចក្ដី​សញ្ញាថ្មី អំពើបាបត្រូវបានអត់ឱនទោសឱ្យ (អញ​នឹង​អាណិត​មេត្តា​ចំពោះ​ សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប នឹង​សេចក្ដី​ទទឹង​ច្បាប់​របស់​គេ​ទៀត»)។ ព្រះជាម្ចាស់ដកយកអំពើបាប ចេញពីអ្នកដើម្បីឱ្យអ្នកមានសេរីភាពពីការថ្កោលទោសដែលសមនឹង អំពើបាបសម។ ដោយ​សារ​តែ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ "ទ្រង់​មិន​បាន​ប្រព្រឹត្ត​នឹង​យើង តាម​អំពើ​បាប​របស់​យើង​ទេ ក៏​មិន​បាន​សង​តាម​អំពើ​ទុច្ចរិត​របស់​យើង​ដែរ" (ទំនុកដំកើង ១០៣:១០)។ លទ្ធផលចំពោះ ការនេះគឺថាឥឡូវនេះ សេចក្ដី​សញ្ញាថ្មីអ្នកជឿអាចរស់នៅក្នុងជីវិត នៃការដឹងគុណ និងស្រឡាញ់ចំពោះព្រះជាម្ចាស់បាន ជាជាងជីវិតដែលមាន​ទោស ឬព្យាយាមដកអំពើបាប របស់ខ្លួនចេញ (ដែលមិនអាចធ្វើទៅបាននោះ)។ 

 

​ការ​លើកលែង​ទោសពីអំពើបាបគឺតាមរយៈ​ព្រះលោហិតរបស់ព្រះយេស៊ូវ។ ​ការ​លើកលែង​ទោសពីអំពើបាប គឺតាមរយៈ​ព្រះលោហិតរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវ “បានលាង​យើង​ដោយ​ព្រះ‌លោហិត​ទ្រង់ ឲ្យ​បាន​រួច ​ពី​បាប” (វិវរណៈ ១:៥) និង “​លើក​អំពើ​បាប​ចោល ដោយ​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​វិញ ទុក​ជា​យញ្ញ‌បូជា” (ហេព្រើរ ៩:២៦)។ ហេតុផលដែលព្រះជាម្ចាស់អាច​លើកលែង​ទោសឲ្យអ្នកមានបាប ដែលកែប្រែចិត្ត  (ដោយសេរី និងពេញលេញ) គឺដោយសារព្រះយេស៊ូវបានបង់ថ្លៃ សម្រាប់អំពើបាបរបស់យើងទាំងអស់រួចហើយ។ ព្រះជាម្ចាស់បានសម្រេច​ការ​លើកលែង​ទោសតាមរយៈការផ្ទេរអំពើបាបរបស់យើងទៅកាន់ព្រះគ្រីស្ទនៅលើឈើឆ្កាង ហើយកាត់ទោសនៅកន្លែងនោះ។ នៅពេលមានមនុស្សម្នាក់ទទួលព្រះគ្រីស្ទធ្វើជា ព្រះអង្គសង្គ្រោះរបស់គាត់ គាត់ត្រូវបាន​លើកលែង​ទោសឲ្យតាមរបៀបនៃការផ្ទេរនេះ។ 


សង្ខេបសេចក្តីមកគោលបំណងនៃសេចក្ដី​សញ្ញាថ្មីគឺដើម្បីនាំមនុស្សមកជិតព្រះ មានទំនាក់ទំនង ជាមួយទ្រង់តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សេចក្ដី​សញ្ញាថ្មីអ្នកជឿគឺជាមនុស្សរបស់ព្រះ ពួកគេស្គាល់ទ្រង់ ក្រិតវិន័យរបស់ទ្រង់ស្ថិតនៅក្នុងចិត្ត និងគំនិតរបស់ពួកគេ ដូច្នេះពួកគេចង់រស់នៅក្នុងភាពសុចរិត ហើយអំពើបាបរបស់ពួកគេត្រូវបានអត់ឱនទោស ដូច្នេះសូម្បីតែនៅពេលដែលពួកគេបរាជ័យក៏ដោយក៏ ពួកគេនៅតែមិនបែកចេញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ឡើយ។


រីឯ​ពាក្យ​ដែល​ថា «ថ្មី» នោះ​គឺ​ថា ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្ដី​មុន​ទៅ​ជា​ចាស់​ហើយ ឯ​របស់​ណា​ដែល​ត្រឡប់​ជា​ចាស់ ហើយ​មាន​វ័យ​កន្លង នោះ​ក៏​ជិត​នឹង​សូន្យ​បាត់​ដែរ។


៨:១៣ សារសម្រាប់គ្រីស្ទានជាសាសន៍ហេព្រើរដែលបានគិតថានឹងត្រឡប់ទៅកាន់សាសនាយូដា វិញគឺច្បាស់លាស់ណាស់។  ពួកគេមិនអាចត្រឡប់ទៅកាន់ការតាំងសញ្ញាចាស់វិញបានទេ ដោយសារតែ "ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្ដី​មុន​ទៅ​ជា​ចាស់​ហើយ" ហើយ​សញ្ញាចាស់ “ជិតនឹងសូន្យបាត់ដែរ”។ អ្នកនិពន្ធនិយាយត្រឹមត្រូវណាស់អំពីរឿងនេះ។ នៅក្នុងឆ្នាំ ៧០គ.ស មិនយូរប៉ុន្មានបន្ទាប់ពីគម្ពីរហេព្រើ រត្រូវបានសរសេរឡើង ព្រះវិហារនៅក្នុងទីក្រុង យេរូសាឡឹមត្រូវបានបំផ្លាញ ហើយពួកសង្ឃលេវី និងប្រព័ន្ធនៃការថ្វាយយញ្ញបូជាដែលស្ថិតនៅក្រោម ក្រិតវិន័យរបស់លោកម៉ូសេត្រូវបានបាត់សូន្យ ជារៀងរហូត។
 

bottom of page