

ជំពូក ៦
ដូច្នេះ ចូរឲ្យយើងឈប់ ខាងឯសេចក្ដីបថមសិក្សានៃព្រះបន្ទូលព្រះគ្រីស្ទ ហើយខំឲ្យបានជឿនទៅមុខ ដរាបដល់ពេញខ្នាតចុះ មិនត្រូវតាំងសេចក្ដីដើមនោះជាថ្មីឡើងវិញ ដូចជាសេចក្ដីប្រែចិត្តចេញពីការស្លាប់ នឹងសេចក្ដីជំនឿជឿដល់ព្រះ ហើយនឹងសេចក្ដីបង្រៀនពីបុណ្យជ្រមុជ ការដាក់ដៃ សេចក្ដីរស់ពីស្លាប់ឡើងវិញ នឹងសេចក្ដីជំនុំជំរះកាត់ទោស ដល់អស់កល្បជានិច្ចនោះឡើយ
៦:១ “សេចក្ដីបថមសិក្សា” មានសារៈសំខាន់ជាមូលដ្ឋានគ្រឹះនៅក្នុងសេចក្តីជំនឿជាគ្រីស្ទបរិស័ទរបស់ យើង។ ទាំងនេះគឺជាសេចក្តីពិតទីមួយដែលយើងរៀន ហើយយើងមិនត្រូវបំភ្លេចវានោះទេ។ យ៉ាងណាមិញ យើងត្រូវតែបន្តរៀន ហើយកសាងនៅលើមូលដ្ឋានគ្រឹះទាំងនេះ ប្រសិនបើយើងចង់លូតលាស់ឱ្យមាន ភាពចាស់ទុំ ជាគ្រីស្ទបរិស័ទនោះ។
អ្នកនិពន្ធផ្តល់នូវឧទាហរណ៍ចំនួនប្រាំមួយពីគោលលទ្ធិបឋម។ ចំនួនពីរដំបូងគឺជាចំណុចចាប់ផ្តើមនៃ ដំណើររបស់គ្រីស្ទបរិស័ទ៖ ការប្រែចិត្ត និងជំនឿ។ ការប្រែចិត្ត គឺជាការផ្លាស់ប្តូរគំនិតដែលនាំទៅរក ការផ្លាស់ប្តូរទិសដៅនៅក្នុងជីវិតរបស់អ្នក។ នៅពេលដែលជនជាតិហេព្រើរទាំងនេះបានក្លាយជា គ្រីស្ទបរិស័ទហើយ ពួកគេបានប្រែចិត្តចេញពី “ការស្លាប់” ដែលជាទំនៀមទម្លាប់ដែលពួកគេត្រូវបានគេ ប្រាប់ថាពួកគេត្រូវធ្វើយ៉ាង ដូច្នោះដើម្បីក្លាយទៅជាមនុស្សសុចរិត។
ជំនួសឱ្យការស្លាប់អ្វីដែលពួកគេត្រូវការគឺមានជំនឿលើព្រះជាម្ចាស់។ ជំនឿគឺជាការទុកចិត្តព្រះជាម្ចាស់ ដែលជាព្រះបន្ទូលដ៏ពិត ដែលរក្សានូវគ្រាប់ទាំងសេចក្តីសន្យារបស់ទ្រង់ ព្រមទាំងអាចទុកចិត្តបាន ហើយស្មោះត្រង់ផង។ ព្រះជាម្ចាស់បានសន្យា ហើយបានសម្រេចការសង្គ្រោះ (២:៣; ៦:១៣; ៩:២៨) សិរីរុងរឿង (២:១០) និងសម្រាក (៤:១, ៤:១០) សម្រាប់អស់អ្នកដែលទុកចិត្តលើទ្រង់។ ការឆ្លើយតប របស់យើងគឺត្រូវមានជំនឿលើទ្រង់។
ការប្រែចិត្តគឺជាការងាកចេញពីអំពើបាប ជំនឿគឺជាការបែមករកព្រះជាម្ចាស់។ ការប្រែចិត្ត បូកសេចក្ដីជំនឿ ស្មើនឹងការផ្លាស់ប្រែ ដែលជាការចាប់ផ្តើមជីវិតជាគ្រីស្ទបរិស័ទ។
៦:២ បន្ទាប់ពីរៀបចំមូលដ្ឋានគ្រឹះនៃការប្រែចិត្ត និងជំនឿរួចហើយ គ្រីស្ទបរិស័ទដែលជាជនជាតិហេព្រើរ ទាំងនេះបានទទួលសេចក្តីបង្រៀនពី “បុណ្យជ្រមុជ ការដាក់ដៃ សេចក្តីរស់ពីស្លាប់ឡើងវិញ និងសេចក្តីជំនុំជំរះកាត់ទោស ដល់អស់កល្បជានិច្ចនោះឡើយ”។
នៅក្នុងគម្ពីរសញ្ញាចាស់ ការលាងសំអាតផ្សេងៗ មានសារៈសំខាន់ចំពោះសង្ឃ និងប្រជាជនអ៊ីស្រាអែល (៩:១០)។ ប៉ុន្តែឥឡូវនេះដែលជនជាតិហេព្រើរទាំងនេះជាគ្រីស្ទបរិស័ទ ពួកគេដឹងថាទម្លាប់នៃ ការលាងសំអាតប្រចាំថ្ងៃមិនចាំបាច់នោះទេ។ ការលាងសំអាតតែមួយគត់ដែលពួកគេត្រូវការគឺ បុណ្យជ្រមុជទឹក និងការសម្អាតខ្លួនពីអំពើបាបដែលព្រះយេស៊ូវប្រទានឱ្យ។
នៅក្នុងគម្ពីរសញ្ញាចាស់ ជនជាតិអ៊ីស្រាអែលដាក់ដៃនៅលើក្បាលសត្វមុនពេលគេយកវាថ្វាយយញ្ញបូជា (លេវីវិន័យ ១:៤; ៣:២; ១៦:២១)។ ប៉ុន្តែនៅក្នុងគម្ពីរសញ្ញាថ្មីការដាក់ដៃទាក់ទងនឹងការព្យាបាល (ម៉ាកុល ៥:២២; កិច្ចការ ២៨:៨) ការអធិស្ឋានសុំព្រះពរ (ម៉ាថាយ ១៩:១៣-១៥) ឬការចាត់តាំងសម្រាប់កិច្ចការ អ្វីមួយ (កិច្ចការ ៦:៦, ១៣:៣; ១ ធីម៉ូថេ ៤:១៤; ២ ធីម៉ូថេ ១:៦) និងការយាងមករបស់ព្រះវិញ្ញាណ បរិសុទ្ធ (កិច្ចការ ៨:១៧-១៩, ៩:១២, ៩:១៧, ១៩:៦)។
ផ្អែកលើបទគម្ពីរសញ្ញាចាស់ (ដូចជា យ៉ូប ១៩:២៥-២៧ និង ដានីយ៉ែល ១២:២-៣) ជនជាតិហេព្រើរ ជាច្រើនជឿលើការរស់ពីស្លាប់ឡើងវិញ។ ប៉ុន្តែគោលលទ្ធិនេះត្រូវបានបង្ហាញកាន់តែច្បាស់នៅក្នុង គម្ពីរសញ្ញាថ្មី (២ ធីម៉ូថេ ១:១០)។ ការរស់ឡើងវិញរបស់ព្រះយេស៊ូវបង្ហាញពីផែនការដ៏អស្ចារ្យ អស់កល្បជានិច្ចរបស់ព្រះជាម្ចាស់សម្រាប់ប្រជារាស្ត្ររបស់ទ្រង់។ សេចក្តីសង្ឃឹមរបស់គ្រីស្ទបរិស័ទគឺជា ការរស់ឡើងវិញខាងផ្នែករូបកាយនៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញលើកទីពីរ។ យើងមាន សេចក្តីសង្ឃឹមនេះដោយសារការសន្យារបស់ព្រះយេស៊ូវ (យ៉ូហាន ៦:៣៩-៤០, ៦:៤៤, ៦:៥៤, ១១:២៥-២៦)។
ជនជាតិហេព្រើរបានដឹងពីគម្ពីរសញ្ញាចាស់ថាព្រះជាម្ចាស់គឺជាចៅក្រមនៅផែនដីទាំងមូល ហើយទ្រង់ នឹងធ្វើយ៉ាងត្រឹមត្រូវ (លោកុប្បត្តិ ១៨:២៥; អេសាយ ៣៣:២២)។ ហេតុនេះពួកគេបានរំពឹងថា អ្នកមានបាបនឹងទទួល ការជំនុំជម្រះដ៏អស់កល្បជានិច្ច (ទំនុកតម្កើង ៩:១៧; អេសាយ ៦៦:២៤; ដានីយ៉ែល ៧:៩-១៤)។ ឥឡូវនេះក្នុងនាមជាគ្រីស្ទបរិស័ទ ពួកគេដឹងថាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ក៏នឹងត្រូវបានជំនុំជម្រះផងដែរ (៤:១២-១៣; ១០:៣០) ប៉ុន្តែសេចក្តីសង្ឃឹមរបស់ពួកគេស្ថិតនៅលើ ព្រះយេស៊ូវដែលជាប្រភពនៃ ការសង្គ្រោះដ៏អស់កល្បជានិច្ច។
បើសិនជាព្រះទ្រង់អនុញ្ញាតឲ្យ នោះយើងរាល់គ្នានឹងធ្វើការនោះឯង
៦:៣ ជនជាតិហេព្រើរទាំងនេះបានក្លាយជាគ្រីស្ទបរិស័ទ ហើយទទួលបានសេចក្តីបង្រៀនពី សេចក្ដីបថមសិក្សាទាំងនេះ។ ឥឡូវនេះគឺជាពេលវេលាសម្រាប់ឱ្យពួកគេលូតលាស់តាមរយៈការរៀន (ដូចជានៅពេលដែលទារកលូតលាស់ពីការញ៉ាំទឹកដោះទៅជាអាហាររឹងវិញ ៥:១២-១៤)។ ព្រះជាម្ចាស់នឹងធ្វើឱ្យពួកគេអាចធ្វើបានឈានទៅកាន់កម្រិតខ្ពស់ពេញលេញនៃភាពចាស់ទុំខាងវិញ្ញាណ ប៉ុន្តែពួកគេត្រូវតែឆ្លើយតបទៅកាន់ព្រះបន្ទូលដោយជំនឿ និងអំណត់។
ដ្បិតឯពួកអ្នកដែលបានភ្លឺម្តង ទាំងភ្លក់អំណោយទាននៃស្ថានសួគ៌ ក៏បានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ ហើយភ្លក់ព្រះបន្ទូលដ៏ល្អនៃព្រះ នឹងការឫទ្ធិបារមីរបស់បរលោកនាយ រួចធ្លាក់ទៅវិញ នោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្តម្តងទៀតទេ ដោយព្រោះគេបានឆ្កាងព្រះរាជបុត្រានៃព្រះ ខាងឯខ្លួនគេរួចទៅហើយ ព្រមទាំងធ្វើឲ្យទ្រង់ហាលមុខនៅកណ្តាលជំនុំផង
៦:៤ អ្នកនិពន្ធព្រមានប្រាប់ពីគ្រោះថ្នាក់នៃការមិនរីកចម្រើនចំពោះភាពចាស់ទុំខាងវិញ្ញាណ។
ជនជាតិហេព្រើរមួយចំនួន “បានភ្លឺ” ដែលមានន័យថាពួកគេបានឮដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ។ ពួកគេបាន “ភ្លក់អំណោយទាននៃស្ថានសួគ៌”។ ដើម្បី “ភ្លក់” គឺត្រូវទទួលនូវបទពិសោធន៍ និង “អំណោយទាននៃស្ថានសួគ៌” គឺព្រះយេស៊ូវ។ ដូច្នេះ ពួកគេមានបទពិសោធន៍ជាមួយនឹងព្រះយេស៊ូវ។ ប្រហែលជាពួកគេស្ថិតនៅក្នុងហ្វូងមនុស្សដែលបានមករកទ្រង់ បានស្តាប់ សេចក្តីបង្រៀនរបស់ទ្រង់ ហើយឃើញពីការអស្ចារ្យរបស់ទ្រង់។ ពួកគេ “បានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ”។ នៅក្នុងសៀវភៅ កិច្ចការ យើងបានអានពីរបៀបនៃការយាងមកប្រកបដោយអំណាចរបស់ព្រះវិញ្ញាណដ៏បរិសុទ្ធ ចំពោះក្រុមជំនុំដំបូង។ មានសាក្សីជាច្រើននាក់សម្រាប់រឿងនេះ ហើយមួយចំនួនទទួលបានព្រះពរ ហើយសូម្បីតែទទួលការអស្ចារ្យ ប៉ុន្តវាមិនតែងតែនាំឱ្យនាំទៅរកការដើរតាមព្រះគ្រីស្ទនោះទេ។
៦:៥ ពួកគេបាន "ភ្លក់ព្រះបន្ទូលដ៏ល្អនៃព្រះ"។ ជនជាតិហេព្រើរមានគម្ពីរសញ្ញាចាស់ជាបទគម្ពីរ របស់ពួកគេ ដូច្នេះហើយបានជាពួកគេស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេបានភ្លក់ពី "ការឫទ្ធិបារមីរបស់បរលោកនាយ"។ “បរលោកនាយ" គឺបរលោកដែលត្រូវមកដល់ នៅពេលដែល ព្រះគ្រីស្ទនឹង សោយរាជ្យនៅលើផែនដីពេលទ្រង់យាងមកលើកទីពីរ។ ការអស្ចារ្យដែលបានកត់ត្រា នៅក្នុងសៀវភៅ ដំណឹងល្អ និងគម្ពីរកិច្ចការគឺជារស់ជាតិអំណាចនៃព្រះរាជ្យព្រះគ្រីស្ទ។ ជនជាតិហេព្រើរទាំងនេះបានឃើញ ហើយប្រហែលជាទទួលបានការអស្ចារ្យពីព្រះយេស៊ូវ និងសាវ័ករបស់ទ្រង់ ប៉ុន្តែវាមិនបាននាំឱ្យពួកគេប្រែចិត្ត មានជំនឿ និងទទួលការសង្គ្រោះនោះទេ (ម៉ាថាយ ១១:២០-៣០)។
៦:៦ គ្រោះថ្នាក់នៃការមិនឆ្លើយតបនឹងការបើកសម្តែងមកពីព្រះជាម្ចាស់ដោយជំនឿ និងការស្តាប់បង្គាប់ (ហេតុដូច្នេះហើយបានជាការលូតលាស់មានភាពចាស់ទុំខាងវិញ្ញាណ) គឺថាទីបំផុតមនុស្សម្នាក់នោះនឹង “ធ្លាក់ទៅវិញ”។ ការ “ធ្លាក់ទៅវិញ” គឺផ្ទុយគ្នាទៅនឹងការ “កាន់ចិត្តមោះមុត” (៣:៦, ៣:១៤, ៤:១៤, ១០:២៣)។ ការធ្លាក់ទៅវិញបង្ហាញថាពួកគេមិនមែន ជាអ្នកជឿពិតប្រាកដនោះទេ (១ យ៉ូហាន ២:១៩)។
ខគម្ពីរទាំងនេះមិនបានបង្រៀនថាមនុស្សម្នាក់នោះអាចបាត់បង់ការសង្គ្រោះរបស់ខ្លួននោះទេ។ ព្រះគម្ពីរប្រាប់ច្បាស់ៗថាការសង្គ្រោះគឺជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ដែលគ្មាននរណាម្នាក់ និងគ្មានអ្វីអាចកែប្រែបានឡើយ (យ៉ូហាន ១០:២៧–២៩; រ៉ូម ៨:៣៥–៣៩; ភីលីព ១:៦; ១ ពេត្រុស ១:៤–៥)។ ប៉ុន្តែខគម្ពីរទាំងនេះបង្រៀនថាមនុស្សម្នាក់នោះអាចមានបទពិសោធន៍ដ៏អស្ចារ្យ ជាច្រើននៅក្នុងក្រុមគ្រីស្ទបរិស័ទ ហើយនៅតែមិនទទួលបានការសង្គ្រោះ ដោយហេតុថា ពួកគេមិនដែលទទួលព្រះយេស៊ូវធ្វើជាព្រះអម្ចាស់របស់ពួកគេពិតប្រាកដឡើយ (ម៉ាថាយ ៧:២១-២៣)។
អ្នកនិពន្ធដឹងថាមានមនុស្សមួយចំនួននៅក្នុងក្រុមជំនុំដែលមានគ្រោះថ្នាក់នៃការធ្លាក់ទៅវិញ (២:៣; ៣:៨, ៣:១២-១៥; ៤:១, ៤:៧, ៤:១១; ១០:២៦, ១០:២៩, ១០:៣៥-៣៩; ១២:៣, ១២:១៥-១៧ )។ គាត់ព្រមាន ពួកគេថា បើទោះបីជាពួកគេបានចូលរួមនៅក្នុងការប្រកបគ្នានៅក្នុងក្រុមជំនុំ ហើយមាន បទពិសោធន៍ ទទួលបានព្រះពរនៅក្នុងជីវិតរបស់ពួកគេក៏ដោយ ប្រសិនបើពួកគេធ្លាក់ទៅវិញ បន្ទាប់ពីរឿងទាំងអស់នេះ នោះគ្មានសេចក្តីសង្គ្រោះសម្រាប់ពួកគេឡើយ។
ការនេះមិនសំដៅទៅកាន់មនុស្សដែលវង្វេងចេញពីព្រះមួយរយៈ ប៉ុន្តែក្រោយមកត្រឡប់មករកទ្រង់វិញឡើយ (ដូចជាកូនពៅវង្វេងនៅក្នុង លូកា ១៥)។ ការនេះសំដៅទៅលើមនុស្សដូចជាលោកយូដាស ដែលមាន ឱកាសដើរតាមព្រះយេស៊ូវ ហើយបានជ្រើសរើសក្បត់ទ្រង់វិញ។ ប្រសិនបើមនុស្សដូចនេះធ្លាក់ទៅវិញ អ្នកនិពន្ធប្រាប់យើងថាវាមិនអាចស្តារពួកគេឱ្យប្រែចិត្តវិញបានទេ។ អស់អ្នកណាដែលបដិសេធព្រះគ្រីស្ទ តាមរបៀបនេះបានចូលរួមជាមួយនឹងអស់អ្នកដែលឆ្កាងទ្រង់ដែរ។ ដូចជាលោកកៃផា ពួកគេដឹងថា ព្រះយេស៊ូវបានធ្វើកិច្ចការអស្ចារ្យជាច្រើន ប៉ុន្តែពួកគេបានជ្រើសរើសបដិសេធទ្រង់វិញ។ ពួកគេមានភ័ស្តុតាង គ្រប់ទាំងអស់ ហើយនៅតែបដិសេធមិនជឿរឿងនោះ។ ពួកគេមិនបានបាត់បង់ការសង្គ្រោះរបស់ពួកគេ នោះទេ (ពីព្រោះពួកគេមិនដែលមានវាទាល់តែសោះ) ប៉ុន្តែពួកគេបាត់បង់ឱកាសសម្រាប់ការទទួល ការសង្គ្រោះ ដោយសារតែពួកគេបានបដិសេធព្រះសង្គ្រោះ។
ដ្បិតដីណាបានបៀមទឹកភ្លៀង ដែលធ្លាក់មកជាញយៗ រួចបង្កើតជាបន្លែមានប្រយោជន៍ដល់អ្នកដែលភ្ជួររាស់ នោះបានទទួលព្រះពរហើយ តែដីណាដែលបង្កើតសុទ្ធតែបន្លា នឹងអញ្ចាញវិញ ដីនោះត្រូវបោះបង់ចោលចេញ ក៏ជិតនឹងត្រូវបណ្តាសាហើយ លុះដល់ចុងបំផុតនឹងត្រូវដុតចោលផង។
៦:៧-៨ ពេលដីទទួលបានទឹកភ្លៀង ហើយកើតមានរុក្ខជាតិមានប្រយោជន៍ វាបំពេញតាមគោលបំណង របស់វា។ ប៉ុន្តែប្រសិនបើវាកើតមានបន្លា និងអញ្ចាញដែលឥតប្រយោជន៍ នោះកសិករកែតម្រូវដោយដុត វាចោលមិនខាន។ ភ្លៀងគឺដូចជាព្រះពរដូច្នោះដែរនៅក្នុង ខ៤-៥។ ប្រសិនបើមនុស្សម្នាក់ទទួលបានព្រះពរ ទាំងនេះ វាគួរតែបង្កើតបាននូវផលផ្លែនៅក្នុងជីវិតរបស់ពួកគេ។
អ្នកជឿពិតប្រាកដគឺដូចជាដីដែលស្រូបយកទឹកភ្លៀង ផលិតនូវដំណាំដែលមានប្រយោជន៍ ហើយទទួលបាន ពរមកពីព្រះជាម្ចាស់។ ប៉ុន្តែប្រសិនបើមនុស្សម្នាក់បានភ្លក់រស់ជាតិដំណឹងល្អ ហើយព្រះវិញ្ញាណ និងព្រះបន្ទូល និងការងាររបស់ព្រះជាម្ចាស់ តែក្រោយមកបដិសេធវាវិញ គាត់គឺប្រៀបដូចជាដី ដែលកើតមានបន្លា និងអញ្ចាញវិញ ហើយនឹងត្រូវចូលមកកាន់ការជំនុំជម្រះ។
ពួកស្ងួនភ្ងាអើយ ទោះបើយើងខ្ញុំនិយាយដូច្នេះក៏ដោយ គង់តែយើងខ្ញុំទុកចិត្តខាងឯអ្នករាល់គ្នាថា បានសេចក្ដីប្រសើរជាង គឺជាសេចក្ដីដែលត្រូវខាងសេចក្ដីសង្គ្រោះវិញ
៦:៩ អ្នកនិពន្ធលើកទឹកចិត្តដល់អ្នកអានរបស់គាត់ថាក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ពួកគេស្ថិតនៅលើផ្លូវត្រឹមត្រូវដែលនាំទៅរកការសង្គ្រោះហើយ។
ដ្បិតព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ
៦:១០ គាត់មានទំនុកចិត្តចំពោះការសង្គ្រោះដល់អ្នកអានរបស់គាត់ ដោយហេតុថាកិច្ចការចំនួនពីរយ៉ាង ដែលតែងតែអមមកជាមួយការសង្គ្រោះត្រូវបានបង្ហាញនៅក្នុងជីវិតរបស់ពួកគេ៖ ការប្រព្រឹត្តិល្អរបស់ពួកគេ និងសេចក្តីស្រឡាញ់របស់ពួកគេសម្រាប់ព្រះជាម្ចាស់។ សេចក្តីជំនឿដ៏ពិតបង្កើតនូវជីវិតមួយ ដែលជា ការងារល្អ និងមានសេចក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់ ដែលបង្ហាញចេញមកតាមរយៈការបម្រើ ដល់ក្រុមជំនុំរបស់ទ្រង់។ ព្រះជាម្ចាស់នឹងប្រទានរង្វាន់ដល់អស់អ្នកដែលបម្រើទ្រង់។
តែយើងខ្ញុំចង់ឲ្យអ្នករាល់គ្នានិមួយៗ បានសំដែងចេញជាចិត្តឧស្សាហ៍ដូចគ្នាទាំងអស់ ប្រយោជន៍ឲ្យបានសេចក្ដីជំនឿដ៏ពេញលេញរបស់សេចក្ដីសង្ឃឹម ដរាបដល់ចុងបំផុត ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើព្រងើយកន្តើយឡើយ គឺឲ្យត្រាប់តាមពួកអ្នក ដែលគ្រងបានសេចក្ដីសន្យាទុកជាមរដក ដោយចិត្តជឿ ហើយអត់ធន់វិញ។
៦:១១-១២ ការលូតលាស់នៅក្នុងជីវិតគ្រីស្ទបរិស័ទទាមទាការខិតខំប្រឹងប្រែងដោយឧស្សាហ៍។ វាគឺជាកិច្ចការរបស់ព្រះជាម្ចាស់ដើម្បីឱ្យយើងលូតលាស់មានភាពចាស់ទុំឡើង ប៉ុន្តែយើងត្រូវតែ ចេះសហការជាមួយទ្រង់។ យើងមិនត្រូវ “ធ្វើព្រងើយកន្តើយឡើយ” ប៉ុន្តែត្រូវអនុវត្តធនធានខាងវិញ្ញាណ ដែលព្រះជាម្ចាស់បានប្រទានឱ្យយើង។ យើងមានការសន្យារបស់ព្រះជាម្ចាស់។ តាមរយៈជំនឿ និងអត់ធន់ យើងត្រូវប្រកាសពីការសន្យាទាំងនេះដល់ខ្លួនយើង។ ជំនឿទទួលយកការសន្យារបស់ព្រះជាម្ចាស់ ការអត់ធន់ប្រកាន់យក និងហេតុនេះចុងបញ្ចប់ទទួលបានវាជាមរដក។
ដ្បិតកាលព្រះបានសន្យានឹងលោកអ័ប្រាហាំ នោះពីព្រោះគ្មានអ្នកណាធំជាង សំរាប់ឲ្យទ្រង់បានស្បថដោយអ្នកនោះទេ បានជាទ្រង់ស្បថដោយព្រះអង្គទ្រង់វិញថា «ដែលឲ្យពរ នោះអញនឹងឲ្យដល់ឯងមែន ហើយដែលចំរើន នោះអញនឹងចំរើនពូជឯងមែន»
៦:១៣ អ្នកនិពន្ធបានជម្រុញឱ្យអ្នកអានរបស់គាត់ “គឺឲ្យត្រាប់តាមពួកអ្នក ដែលគ្រងបានសេចក្តីសន្យា ទុកជាមរដក ដោយចិត្តជឿ ហើយអត់ធន់វិញ។” ឥឡូវនេះគាត់លើកឧទាហរណ៍ពីលោកអ័ប្រាហាំ។ ព្រះជាម្ចាស់បានសន្យានឹងលោកអ័ប្រាហាំថាទ្រង់នឹងប្រទានពរ ហើយចម្រើនគាត់ឡើងដើម្បីឱ្យពូជពង្ស របស់គាត់ “នឹងចម្រើននពូជឯងឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ” (លោកុប្បត្តិ ១២:២-៣; ១៥:៥)។ ក្រោយមកដើម្បីបង្កើនជំនឿរបស់អ័ប្រាហាំ ព្រះជាម្ចាស់បានបន្ថែមពាក្យ សម្បថចូលទៅក្នុងសេចក្តីសន្យា (លោកុប្បត្តិ ២២:១៦-១៧)។
ហើយលោកបានទទួលសេចក្ដីសន្យានោះ ដោយព្រោះលោកមានសេចក្ដីអត់ធន់ជាយូរ
៦:១៥ បន្ទាប់ពី លោកអ័ប្រាហាំបានជឿលើការសន្យារបស់ព្រះជាម្ចាស់ គាត់ត្រូវរង់ចាំអស់រយៈពេល ជាច្រើនឆ្នាំដោយចិត្តជឿ និងការអត់ធ្មត់។ គាត់គ្មានកូនទេ ប៉ុន្តែគាត់មានសេចក្តីសន្យា និងពាក្យសម្បថ របស់ព្រះជាម្ចាស់ ហើយនោះគឺគ្រប់គ្រាន់ដើម្បីឱ្យគាត់ដឹងថាវានឹងពិតជាកើតឡើងមែន។
ព្រះជាម្ចាស់តែងតែធ្វើអ្វីដែលទ្រង់សន្យាថានឹងធ្វើជានិច្ច។ ប៉ុន្តែយើងត្រូវតែរង់ចាំដោយចិត្តអត់ធ្មត់ ដោយសារទ្រង់ធ្វើការតាមពេលវេលារបស់ទ្រង់ មិនមែនតាមពេលវេលារបស់យើងនោះទេ។ លោកអ័ប្រាហាំmមានសេចក្តីជំនឿខ្ជាប់ខ្ជួន ហើយបានទទួលនូវអ្វីដែលព្រះសន្យាជាមួយគាត់ (រ៉ូម ៤:១៣-២៥)។ យើងក៏ដូច្នោះដែរគួរតែមានជំនឿថាយើងនឹងទទួលបានគ្រប់ទាំងអស់ ដែលព្រះ បានសន្យានឹងយើង។
ដ្បិតឯមនុស្ស គេតែងតែស្បថដោយអ្នកណាដែលធំជាងខ្លួន ហើយពាក្យសម្បថនោះ ក៏រាំងរាគ្រប់ទាំងផ្លូវទាស់ទែងគ្នា ដើម្បីឲ្យការនោះបានសំរេច ដូច្នេះ ចំណែកខាងព្រះ ដែលទ្រង់មានព្រះហឫទ័យសង្វាតលើសទៅទៀត ចង់សំដែងឲ្យពួកគ្រងសេចក្ដីសន្យាទុកជាមរដក បានឃើញព្រះទ័យសំរេចរបស់ទ្រង់ថា មិនចេះប្រែប្រួលឡើយ នោះទ្រង់ក៏បញ្ចូលពាក្យសម្បថដូច្នោះដែរ ដើម្បីឲ្យយើងរាល់គ្នា ដែលបានរត់មកចាប់កាន់សេចក្ដីសង្ឃឹម ដែលដាក់នៅមុខយើង ទុកជាទីជ្រកកោន បានសេចក្ដីកំឡាចិត្តឡើងជាខ្លាំង ដោយសារសេចក្ដីទាំង២មុខនេះដ៏មិនចេះប្រែប្រួល ដែលខាងឯសេចក្ដីទាំង២នោះ ព្រះទ្រង់កុហកពុំបានទេ
៦:១៦-១៨ ព្រះជាម្ចាស់មិនប្រែប្រួលឡើយ ទាំងផែនការ និងបំណងព្រះហឫទ័យទ្រង់។ វាមាន សារៈសំខាន់ណាស់សម្រាប់គ្រីស្ទបរិស័ទជាសាសន៍ហេព្រើរទាំងនេះដឹងពីការនេះ។ តាមរយៈព្រះយេស៊ូវ ដែលជាព្រះមេស៊ី ព្រះជាម្ចាស់កំពុងតែសម្រេចការសន្យាទាំងអស់ដែលទ្រង់បានសន្យានៅក្នុងគម្ពីរ សញ្ញាចាស់ ចាប់ផ្តើមជាមួយនឹងពាក្យសន្យារបស់ទ្រង់ចំពោះលោកអ័ប្រាហាំ ដែលជាអ្នកមានជំនឿ (កាឡាទី ៣:៦-៩)។
ព្រះជាម្ចាស់បានសន្យាថាតាមរយៈលោកអ័ប្រាហាំគ្រប់ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងទទួលបានពរ ហើយថាគាត់នឹងមានកូនចៅ "ដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ" (លោកុប្បត្តិ ២២:១៧)។ អស់អ្នកដែលមានជំនឿលើព្រះជាម្ចាស់គឺជាកូនចៅរបស់លោកអ័ប្រាហាំ។ ការសន្យាត្រូវបានធ្វើឡើងទៅកាន់លោកអ័ប្រាហាំ ហើយយើងគឺជាពូជពង្សរបស់លោកអ័ប្រាហាំ។ ហេតុនេះអ្នកជឿទាំងអស់គឺជា “ពួកគ្រងសេចក្ដីសន្យាទុកជាមរដក”។ មេរៀនសម្រាប់គ្រីស្ទបរិស័ទ ដែលជាសាសន៍ហេព្រើរគឺថាក្រុមជំនុំគឺជាការសម្រេចសេចក្តីសន្យាដែលបានធ្វើចំពោះលោកអ័ប្រាហាំ។ តាមរយៈការក្លាយជាគ្រីស្ទបរិស័ទពួកគេមិនបានបោះបង់ចោលឫសគល់ជាសាសន៍ហេព្រើររបស់ពួកគេទេ (ខណៈសាសន៍ហេព្រើរមួយចំនួនចោទប្រកាន់ពួកគេថាធ្វើដូច្នេះ)។ តាមពិតពួកគេកំពុងតែទទួលមរតក នៃសេចក្តីសន្យារបស់ព្រះដែលបានធ្វើចំពោះបុព្វបុរសរបស់ពួកគេនៅក្នុងគម្ពីរសញ្ញាចាស់។
គ្រីស្ទបរិស័ទទាំងអស់គឺជាអ្នកគ្រងមរតកតាមសេចក្តីសន្យាដែលព្រះជាម្ចាស់បានធ្វើឡើងចំពោះលោកអ័ប្រាហាំ។ ពីព្រោះព្រះជាម្ចាស់ចង់ឱ្យអ្នកគ្រងមរតកនៃសេចក្តីសន្យាមានជំនឿដោយជំនុកចិត្តថា “បានឃើញព្រះទ័យសំរេចរបស់ទ្រង់ថា មិនចេះប្រែប្រួលឡើយ”។ ព្រះអង្គធានាចំពោះការសន្យារបស់ទ្រង់ តាមរយៈ ពាក្យសម្បថ។ “សេចក្ដីទាំង២មុខនេះដ៏មិនចេះប្រែប្រួល” គឺជាសេចក្តីសន្យារបស់ព្រះ និងជាពាក្យសម្បថ ដែលទ្រង់បានបន្ថែមទៅក្នុងនោះ។ ការនេះធានាដល់យើងថា ព្រះហឫទ័យរបស់ព្រះ មិនប្រែប្រួលឡើយ។ ព្រះជាម្ចាស់មិនផ្លាស់ប្តូរព្រះទ័យទ្រង់ ឬបំពានសេចក្តីសន្យារបស់ទ្រង់ឡើយ។ ទ្រង់មានបំណងព្រះហឫទ័យ របស់ទ្រង់ ហើយទ្រង់តែងតែសម្រេចវាជានិច្ច។ ហេតុដូច្នេះ យើងត្រូវតែមាន ជំនឿ។ ព្រះជាម្ចាស់បានប្រទានពាក្យសម្បថមកដើម្បីផ្តល់ឱ្យយើងនូវ “សេចក្ដីកំឡាចិត្តឡើងជាខ្លាំង” ដើម្បីឱ្យយើងនឹង “រត់មកចាប់កាន់សេចក្តីសង្ឃឹម ដែលដាក់នៅមុខយើង”។
យើងខ្ញុំមានសេចក្ដីសង្ឃឹមនោះ ទុកដូចជាយុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន ដែលចូលទៅខាងក្នុងនៃវាំងនន ជាកន្លែងដែលព្រះយេស៊ូវទ្រង់បានយាងចូលទៅ ជំនួសយើងរាល់គ្នា ទុកដូចជាអ្នកនាំមុខ ដោយទ្រង់បានត្រឡប់ជាសំដេចសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក។
៦:១៩-២០ សេចក្តីសង្ឃឹមរបស់គ្រីស្ទបរិស័ទគឺជាព្រះយេស៊ូវ និងកិច្ចការរបស់ទ្រង់ក្នុងនាមជា សម្តេចសង្ឃ។ តាមរយៈព្រះជន្មទ្រង់ ការសុគត ការរស់ឡើងវិញ និងការឡើងទៅកាន់ស្ថានសួគ៌វិញ ទ្រង់សម្រេចបាននូវការសង្គ្រោះដ៏អស់កល្បជានិច្ចសម្រាប់យើង។ ដូចជាយុថ្កាដែលរក្សាលំនឹងរបស់ទូកដូច្នោះដែរ សេក្តីសង្ឃឹមដែលយើងមាននៅក្នុងព្រះគ្រីស្ទរក្សាសុវត្ថិភាពនៃព្រលឹងរបស់យើង។ សេចក្តីសង្ឃឹមរបស់យើងគឺ “ទុកដូចជាយុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន” ដែលទប់ស្កាត់យើងមិនឱ្យ “រសាត់ចេញ” (២:១) ហើយ “ធ្លាក់ទៅវិញ” ឡើយ (៦:៦)។
យើងមានសេចក្តីសង្ឃឹមដែល “ចូលទៅខាងក្នុងនៃវាំងនន”។ ការនេះសំដៅទៅលើទីដ៏បរិសុទ្ធបំផុតនៅក្នុង ព្រះវិហារដែលជាកន្លែងនៃព្រះវត្តមានរបស់ព្រះជាម្ចាស់ (លេវីវិន័យ ១៦:២)។ នៅក្នុងសេចក្ដីសញ្ញាចាស់ មានតែសម្តេចសង្ឃ តែប៉ុណ្ណោះដែលអាចចូលទៅខាងក្រោយវាំងននបាន ទៅកាន់ទីបរិសុទ្ធបំផុត ហើយមួយឆ្នាំមានតែម្តងគត់ នៅថ្ងៃនៃដង្វាយធួន។ យ៉ាងណាមិញខណៈពេលដែលព្រះយេស៊ូវបានសុគត នៅលើឈើឆ្កាង វាំងននត្រូវ បានរហែកជាពីរតាំងពីលើរហូតដល់ក្រោម។ វាគឺជាការដែលព្រះជាម្ចាស់ បានធ្វើដើម្បីបង្ហាញថា លទ្ធផល នៃការស្លាប់របស់ព្រះយេស៊ូវសម្រាប់អំពើបាបរបស់យើងគឺថា ឥឡូវនេះយើងអាចចូលមកក្នុងព្រះវត្តមាននៃព្រះបាន។
ព្រះយេស៊ូវបានយាងចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ទុកដូចជា “អ្នកនាំមុខ” ដើម្បីរៀបចំផ្លូវឱ្យ យើង ទៅកាន់សីរីរុងរឿង (២:១០)។ អ្នកនាំមុខដើរទៅមុនដោយដឹងថាអ្នកដទៃទៀតនឹងទៅតាមគាត់ដែរ។ ឥឡូវនេះយើងអាចចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់តាមរយៈការដើរតាមព្រះយេស៊ូវដែលជាអ្នកនាំមុខរបស់យើង។
ការចូលរបស់យើងទៅកាន់ព្រះវត្តមាននៃព្រះជាម្ចាស់ ការសម្រាករបស់យើង និងយុថ្កានៃព្រលឹងរបស់ យើងគឺដោយសារតែកិច្ចការរបស់ព្រះយេស៊ូវគ្រីស្ទទាំងអស់។ ទ្រង់បានយាងចូលទៅក្នុងព្រះវត្តមាននៃ ព្រះជាម្ចាស់ “ជំនួសយើងរាល់គ្នា” ហើយបានរៀបផ្លូវឱ្យយើងដើរតាម។ ទ្រង់បានយាងចូលទៅកាន់កន្លែងដ៏ បរិសុទ្ធដើម្បីទទួលបានការប្រោសលោះដ៏អស់កល្បជានិច្ចសម្រាប់យើង (៩:១២) ដើម្បីលេចឡើងនៅក្នុង ព្រះវត្តមានរបស់ព្រះជាម្ចាស់ជំនួសយើងរាល់គ្នា (៩:២៤) ហើយធ្វើឱ្យយើងអាចចូលទៅកាន់ទីដ៏បរិសុទ្ធ បំផុត “ទាំងមានចិត្តស្មោះត្រង់ និងចិត្តដឹងពិតប្រាកដ ហើយសេចក្តីជំនឿ” (១០:១៩-២២)។ ហេតុដូច្នេះ ចូរអនុញ្ញាតិឱ្យយើងចូលមកជិតព្រះជាម្ចាស់ដែលជាព្រះវរបិតានៃយើងតាមរយៈព្រះយេស៊ូវគ្រីស្ទ “ជាសំដេចសង្ឃ នៅអស់កល្បជានិច្ច" របស់យើង។




