
ព្រះយេស៊ូវធ្វើពិធីបុណ្យរំលងជាមួយពួកសិស្ស
កាលព្រះយេស៊ូវ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះរួចហើយ នោះទ្រង់មានបន្ទូលទៅពួកសិស្សថា អ្នករាល់គ្នាដឹងថា នៅ២ថ្ងៃទៀត នឹងចូលបុណ្យរំលងហើយ ឯកូនមនុស្ស ក៏ត្រូវគេបញ្ជូនទៅ ឲ្យត្រូវជាប់ឆ្កាងដែរ។
២៦:១-២ ព្រះយេស៊ូវជ្រាបថានឹងមានអ្វីកើតឡើងចំពោះព្រះអង្គនៅក្នុងពិធីបុណ្យរំលងនេះ។ ព្រះអង្គបាន មានបន្ទូលប្រាប់សិស្សរបស់ព្រះអង្គជាច្រើនដងរួចមកហើយ (១៦:២១, ១៧:៩, ១៧:២២-២៣, ២០:១៨-១៩)។ គ្រប់ព្រឹត្តិការណ៏ទាំងអស់ ដែលបានកើត មានឡើង យើងបានឃើញថាព្រះរាជ្យបុត្រាជ្រើសរើសនៅក្នុងការធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាព្រះអង្គ ដើម្បី សម្រេចគ្រប់ទាំងសេចក្តីដែលបានបើកសំដែងនៅក្នុងបទគម្ពីរព្រះគម្ពីរសញ្ញាចាស់។ ការដែលធ្វើយ៉ាងដូច នេះ ព្រះអង្គបានសម្រេចគម្រោងនៃសេចក្តីសង្រ្គោះរបស់ព្រះសម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ។
នៅគ្រានោះ ពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកចាស់ទុំនៃបណ្តាជន គេប្រជុំគ្នានៅទីព្រះលាននៃសំដេចសង្ឃ ព្រះនាមកៃផា
២៦:៣ លោកកៃផាគឺជាសំដេចសង្ឃចាប់ពីឆ្នាំទី ១៨ គ,ស ដល់ ៣៦ គ,ស។ គាត់ត្រូវបានតែងតាំងឡើងដោយរ៉ូម បន្ទាប់ពីបានបង់ប្រាក់យ៉ាងច្រើនដើម្បីអាចទទួលបានដំណែងនេះ។ គាត់គ្រប់គ្រងលើព្រះវិហារ ហើយបានទទួលផលកម្រៃពីការពុករលួយ ដែលបានកើតឡើងនៅទីនោះ (២១:១៣)។
ក៏ពិគ្រោះគ្នា ដើម្បីចាប់ព្រះយេស៊ូវដោយឧបាយកល ហើយសំឡាប់បង់ តែគេថា កុំធ្វើក្នុងរវាងពេលបុណ្យនេះឡើយ ក្រែងបណ្តាជនកើតកោលាហល។
២៦:៤-៥ ពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកចាស់ទុំ ចង់ធ្វើគត់ព្រះយេស៊ូវ ប៉ុន្តែមិនមែនក្នុងពិធីបុណ្យរំលងនោះឡើយដោយព្រោះតែ ប្រជាប្រិយភាពរបស់ព្រះអង្គក្នុងចំណោម ហ្វូងមនុស្ស។ ប៉ុន្តែការឆ្កាងព្រះអង្គនៅតែកើតឡើងនៅក្នុងថ្ងៃបុណ្យរំលង។ ហេតុអ្វី? ដោយព្រោះតែព្រះយេស៊ូវជាកូនចៀមបុណ្យរំលងនៃព្រះ ដែលត្រូវបូជានៅក្នុងពេលនេះស្របតាម ផែនការណ៍របស់ព្រះនៅក្នុងការប្រោសលោះប្រជារាស្រ្តរបស់ព្រះអង្គ (យ៉ូហាន ១:២៩; ១ កូរិនថូស ៥:៧)។ ការយញ្ញបូជាប្រោសលោះសម្រាប់បាបរបស់យើងនេះបានកើតឡើងសម្រាប់តាមការរៀបចំ របស់ព្រះ មិនមែនជាពេលវេលាដែលកំណត់ដោយពួកសង្ឃនោះឡើយ។ នៅក្នុងព្រឹត្តិការណ៍ទាំងអស់ នៅក្នុងសប្តាហ៍នេះ យើងបានឃើញថា ព្រះទ្រង់គ្រប់គ្រងគ្រប់ទាំងការសម្រេចទាំងអស់ ដែលមាននៅក្នុងផែនការណ៍របស់ព្រះអង្គក្នុងការប្រោសលោះយើង។
រីឯកាលព្រះយេស៊ូវទ្រង់គង់ក្នុងផ្ទះស៊ីម៉ូន ជាអ្នកឃ្លង់នៅភូមិបេថានី នោះមានស្ត្រីម្នាក់មកឯទ្រង់ កាន់ទាំងដបថ្មកែវ ដាក់ប្រេងក្រអូបមានដំឡៃដ៏វិសេស នាងក៏ចាក់ប្រេងនោះលើព្រះសិរទ្រង់ ដែលទ្រង់កំពុងតែគង់នៅតុ
២៦:៦ មើលទៅស៊ីម៉ូនទទួលបានការប្រោសឲ្យជាពីព្រះយេស៊ូវ ដោយព្រោះតែគាត់នឹងមិនត្រូវបាន អនុញ្ញតអោយបរិភោគអាហារជាមួយអ្នកណាម្នាក់ឡើយ ប្រសិនបើគាត់នៅតែ មានជំងឺលើស្បែក របស់គាត់។ អាហារពេលល្ងាចនៅផ្ទះរបស់គាត់គឺជាការសរសើរដំកើងដល់ព្រះយេស៊ូវបន្ទាប់ពី ព្រះអង្គប្រោសឡាសាឲ្យរស់ពីស្លាប់ឡើងវិញ (យ៉ូហាន១២:១-២)។
២៦:៧ លោកម៉ាថាយមិនបានថា ស្រ្តីនោះជាអ្នកណានោះ ឡើយ ប៉ុន្តែលោកយ៉ូហានបានប្រាប់ យើងថានាងគឺជាម៉ារា ដែលជាប្អូនស្រីរបស់ ម៉ាថា និងឡាសា (យ៉ូហាន ១២:៣)។ ម៉ារា មានដបថ្មកែវពណ៌សដ៏ស្រស់ស្អាតពីប្រទេសអេស៊ីព្ទ។ នៅក្នុងដបនោះមាន ប្រេងក្រអូបដ៏កម្រដែលធ្វើចេញ ពីឬ សឈើម្យ៉ាងពីប្រទេសឥណ្ឌា។ វាគឺជារបស់ដ៏មានតម្លៃ ប្រហែលជារបស់មានតម្លៃបំផុត ដែលនាងមាន។
នាងបានបំបែកដបនោះដោយព្រោះតែនាងប្រើប្រាស់ប្រេងក្រអូបទាំងអស់នោះ។ ការនេះបង្ហាញពី ភក្តីភាពអស់ពី ដួងចិត្តរបស់នាងចំពោះព្រះយេស៊ូវ។ នៅក្នុងដបនោះមានប្រេងក្រអូប១២អោនស៍ (៣៥០ក្រាម) ហើយនាង បានថ្វាយទាំងអស់ទៅព្រះយេស៊ូវ (យ៉ូហាន ១២:៣)។ ជាធម្មតាម្ចាស់ ផ្ទះត្រូវចាក់ប្រេងក្រអូបបីបួនដំណក់លើ ក្បាលភ្ញៀវរបស់ពួកគេ។ ប៉ុន្តែនាងចង់បង្ហាញពីសេចក្តីស្រឡាញ់ របស់នាងហើយនឹងការគោរពដល់ព្រះយេស៊ូវ ដោយការថ្វាយទាំងអស់ពីអ្វីដែលនាងមាន។ យើងអាចនឹងសួរថា តើអ្វីជាប្រេងក្រអូបរបស់យើងទាំងអស់គ្នា? តើអ្វីដែលយើងសន្សំទុកសម្រាប់ ខ្លួនយើងដែលយើងអាចថ្វាយដល់ព្រះយេស៊ូវ?
តែកាលពួកសិស្សទ្រង់ឃើញ គេក៏នឹកតូចចិត្ត ហើយនិយាយថា ធ្វើបង្ខាតដូច្នេះ តើមានប្រយោជន៍អ្វី ដ្បិតប្រេងនេះនឹងលក់បានប្រាក់ជាច្រើន ដើម្បីនឹងចែកឲ្យដល់មនុស្សក្រីក្រ
២៦:៨-៩ លោកយ៉ូហានបង្ហាញថាគឺជាយូដាស ដែលបានតូចចិត្តចំពោះអ្វី ដែលម៉ារាបានធ្វើនោះ (យ៉ូហានប ១២:៤-៦)។ យូដាសដឹងពីគុណតម្លៃរបស់ប្រេងក្រអូបនោះ ប៉ុន្តែមិនទទួលស្គាល់ពីគុណតម្លៃ របស់ព្រះយេស៊ូវ។ យូដាសពិពណ៌នាថា "បង្ខាត" ហើយមានការប្រសើរជាងនោះនៅក្នុងការប្រើប្រាស់ ប្រាក់នោះ។ នេះបង្ហាញថា គាត់គិតថា ព្រះយេស៊ូវមិនសក្តិសមចំពោះអំណោយនេះនោះឡើយ។
ដែលដើរតាម ព្រះអង្គជាមួយនឹងគោលដៅខុស (ឬមូលហេតុខុសក្នុងការដើរតាម)។ វាគឺជាអំពីថា តើយើងឱ្យតម្លៃព្រះយេស៊ូវប៉ុណ្ណា។ ម៉ារៀចាក់ទឹកអប់របស់នាងទាំងអស់ ដើម្បីចាក់ប្រេងលាបព្រះយេស៊ូវ។ ព្រះយេស៊ូវមានតម្លៃសម្រាប់នាង លើសជាងទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលនាងមានទៅទៀត។ យូដាសរាប់ថា ជាការបង្ខាត ឥតប្រយោជន៍ ហើយក្រោយមក បានក្បត់ព្រះយេស៊ូវ ដោយព្រោះតែប្រាក់តម្លៃតិច ជាង ១/១០ នៃតម្លៃប្រេងក្រអូបនោះទៅទៀត។
តែព្រះយេស៊ូវទ្រង់ជ្រាប ហើយក៏មានបន្ទូលទៅគេថា ហេតុអ្វីបានជាបង្អាក់ដល់ចិត្តនាងដូច្នេះ ដ្បិតនាងបានធ្វើការល្អដល់ខ្ញុំណាស់ ពីព្រោះអ្នករាល់គ្នាមានពួកអ្នកក្រនៅជាមួយជាដរាប តែខ្ញុំមិននៅជាមួយជាដរាបទេ
២៦:១០-១១ ព្រះយេស៊ូវបានបង្គាប់អោយពួកគេឈប់រិះគន់ម៉ារា។ នាងបានធ្វើកិច្ចការដែលល្អ ហើយជាកិច្ចការ ដ៏វិសេសដោយព្រោះតែជាការដែលទទួលស្គាល់ពីគុណតម្លៃរបស់ព្រះយេស៊ូវ។ មានឳកាសជាច្រើននៅក្នុង ការជួយដល់ពួកអ្នកក្រ ប៉ុន្តែគ្មានពេលច្រើនទៀតនៅក្នុងការធ្វើអ្វីមួយ ថ្វាយព្រះអង្គនោះឡើយ។
ដែលនាងនេះបានចាក់ប្រេងក្រអូបលើខ្លួនខ្ញុំ នោះគឺបានធ្វើសំរាប់រៀបកប់ខ្មោចខ្ញុំ
២៦:១២ ការដែលអប់សពជាមួយនឹងគ្រឿងនិងប្រេងក្រអូបគឺជាទំនៀមទំលាប់នៅក្នុងវប្បធម៌នេះ (យ៉ូហាន ១៩:៣៨-៤០)។
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងប្រកាសប្រាប់ដំណឹងល្អនេះ នៅគ្រប់ក្នុងលោកីយទាំងមូល នោះគេនឹងដំណាលពីការដែលនាងបានធ្វើនេះដែរ ទុកសំរាប់ជាកេរ្តិ៍នាង។
២៦:១៣ ព្រះយេស៊ូវជ្រាបថាសិស្សរបស់ព្រះអង្គនឹងប្រកាសដំណឹងល្អនៅពាសពេញពិភពលោក។ អ្វីដែលម៉ារា បានធ្វើ នោះនឹងត្រូវប្រកាសប្រាប់ដល់គ្រប់ទីកន្លែង។
នៅគ្រានោះ មានម្នាក់ក្នុងពួក១២នាក់ ឈ្មោះយូដាស-អ៊ីស្ការីយ៉ុត វាទៅឯពួកសង្គ្រាជសួរថា បើខ្ញុំបញ្ជូនអ្នកនោះមកលោក តើលោកនឹងឲ្យអ្វីដល់ខ្ញុំ រួចគេសំរេចនឹងឲ្យប្រាក់៣០រៀលដល់វា ចាប់តាំងពីវេលានោះមក វាក៏ចេះតែរកឱកាសនឹងបញ្ជូនទ្រង់ទៅ។
២៦:១៤-១៦ យូដាសបានខឹងសម្បាពេលដែលត្រូវស្តីបន្ទោស។ គាត់បានទៅក្បត់ព្រះយេស៊ូវ។ គាត់បានយល់ព្រមនៅក្នុងការជួយដល់ពួកសង្រ្គាជដោយប្រាប់ពួកគេពីទីកន្លែងដែលគេអាចចាប់ខ្លួនព្រះយេស៊ូវដោយ គ្មានហ្វូងមនុស្ស (លូកា ២២:៦)។ ពួកសង្រ្គាជរីករាយខ្លាំងណាស់។ ដែលមានសាវ័កម្នាក់ ស្ថិតក្រោមការគ្រប់ គ្រងរបស់ពួកគេនោះ ពួកគេបានសម្រេចិត្តនៅក្នុងការចាប់ខ្លួន ព្រះយេស៊ូវដោយសំងាត់ មុនថ្ងៃបុណ្យរំលង។
ហេតុអ្វីបានជាយូដាសក្បត់ ព្រះយេស៊ូវ? លោកម៉ាកុសបានលើកឡើងថាដោយព្រោះតែសេចក្តីសន្យាថា នឹងទទួលបានប្រាក់។ លោកម៉ាថាយ លើកឡើងថា “ប្រាក់៣០រៀល”។ “ប្រាក់៣០រៀល” គឺជាចំនួនដែលតិច។ ជាតម្លៃរបស់បាវបម្រើរម្នាក់ ដែលត្រូវបានជល់ដោយគោ (និក្ខមនំ ២១:៣២) ឬជាប្រាក់ឈ្នួលដែលអ៊ីស្រាអែលបានគិតថាអ្នកគង្វាលដែលត្រូវបានគេបដិសេធ (ព្រះមែស៊ី) គួរទទួលនៅក្នុង សាការី ១១:១២ (ដែលលោកម៉ាថាយ បានលើកឡើង នៅក្នុង ២៧:៩-១០)។ លោកលូកា និងយ៉ូហាន ប្រាប់យើងថាសាតាំងបានចូលក្នុង ខ្លួនយូដាស (លូកា ២២:៣;យ៉ូហាន ១៣:២ ១៣:២៧)។
នៅថ្ងៃដំបូង ក្នុងបុណ្យនំបុ័ងឥតដំបែ នោះពួកសិស្សមកឯព្រះយេស៊ូវទូលថា តើទ្រង់សព្វព្រះហឫទ័យឲ្យយើងខ្ញុំរៀបបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា
ជារៀងរាល់ឆ្នាំ សាសន៍យូដាតែងតែប្រារព្ធពិធីបុណ្យរំលង ដើម្បីនឹកចាំពីការដែលព្រះបានរំដោះ និងបានប្រោសលោះឰយុកោ របស់ពួកគេចេញពីភាពជាទាសករនៅក្នុងប្រទេសអេស៊ីព្ទ។ ព្រះជាម្ចាស់បាន «រំលងផុត» ពីគ្រប់ផ្ទះទាំងអស់ត្រូវគ្របដណ្តប់ដោយឈាមរបស់កូនចៀមលើធ្នឹមទ្វារ។ ថ្ងៃបន្ទាប់សាសន៍យូដា ទាំងអស់ត្រូវបានប្រោសអោយរួចពី ភាពជាទាសករ (និក្ខមនំ ១២:១-១៣)។
ពិធីបុណ្យនំប៉័ងឥតដំបែជាការរំលឹកដល់សាសន៍យូដាពីរបៀបដែលពួកឰយុកោរបស់ពួកគេចាកចេញពីប្រទេស អេស៊ីព្ទយ៉ាងឆាប់រហ័ស។ រយៈពេលប្រាំពីរថ្ងៃដែលពួកគេត្រូវបរិភោគនំប៉័ងឥតដំបែ ដូចជាពេលដែលឰយុកោរបស់ គេបានធ្វើដែរ (និក្ខមនំ ១២:១៤-២០, ១២:៣៩)។ ដោយព្រោះតែពិធីបុណ្យនេះចាប់ផ្តើមបន្ទាប់ពីថ្ងៃបុណ្យរំលងនោះ ពិធីទាំងពីរនេះ បានរួមបញ្ចូលគ្នាទៅជាពិធីមួយធំដែលមានរយៈពេលប្រាំបីថ្ងៃ។
២៦:១៧ ព្រះយេស៊ូវនិងសិស្សរបស់ព្រះអង្គគង់នៅភូមិបេថានី។ ពិធីបុណ្យរំលងត្រូវតែបរិភោគនៅក្នុង ក្រុងយេរូសាឡិម ដូច្នេះពួកសិស្សបានសួរព្រះយេស៊ូវថាពួកគេត្រូវទៅកន្លែងណាដើម្បីរៀបចំសម្រាប់ពិធី នោះ។
ទ្រង់ឆ្លើយថា ឲ្យចូលទៅក្នុងទីក្រុង ដល់ម្នាក់ណាមួយនោះ ហើយប្រាប់ថា លោកគ្រូមានប្រសាសន៍ថា កំណត់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយនឹងពួកសិស្សខ្ញុំនៅផ្ទះអ្នក ដូច្នេះ ពួកសិស្សក៏ធ្វើតាមបង្គាប់ព្រះយេស៊ូវ ហើយគេរៀបចំធ្វើបុណ្យរំលង។
២៦:១៨-១៩ ព្រះយេស៊ូវជ្រាបពីអ្វីដែលយូដាសគម្រោងនឹងធ្វើ ដូច្នេះហើយព្រះអង្គបានរៀបចំដោយសំងាត់ដោយ ចាត់ សិស្សតែពីរនាក់ប៉ុណ្ណោះឲ្យទៅ គឺលោកពេត្រុសនិងយ៉ូហាន ដើម្បីរៀបចំគ្រប់យ៉ាង (លូកា ២២:៨)។ ការនេះរារាំ ងយូដាសចំពោះការផ្តល់ដំណឹងដល់ពួកសង្រ្គាជពីទីកន្លែងដែលអាចមកចាប់ខ្លួនព្រះអង្គ មុនពេល ដែលព្រះអង្គសោយអាហារបុណ្យរំលឹងជាមួយនឹងសិស្សរបស់ព្រះអង្គ។
ដល់ល្ងាច ទ្រង់គង់នៅតុជាមួយនឹងពួក១២នាក់ កាលកំពុងតែបរិភោគ នោះទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នា មានម្នាក់នឹងបញ្ជូនខ្ញុំ
២៦:២០-២១ សាសន៍យូដាតែងមានតុដែលទាបហើយអង្គុយផ្តេកខ្លួនលើកម្រាល។ ការដែលចែករំលែកអាហារក្នុងចានតែមួយគឺជាសញ្ញានៃមិត្ដភាព និងសាមគ្គីភាព។ នៅមជ្ឈឹមបូព៌ា ការដែលក្បត់អ្នកណាម្នាក់បន្ទាប់ពីបរិភោគ អាហារក្នុងចានតែមួយជាមួយគ្នានោះត្រូវបានរាប់ថា ជាការក្បត់ដ៏អាក្រក់ជាទីបំផុត ទាំងនៅក្នុងជំនាន់នោះ និងក្នុង ពេលបច្ចុប្បន្ន។
នោះគ្រប់គ្នាមានសេចក្ដីព្រួយជាខ្លាំង ហើយចាប់តាំងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើទូលបង្គំឬអី
២៦:២២ សិស្សម្នាក់ៗមិនអាចជឿថាគាត់អាចនឹងធ្វើការដ៏អាក្រក់នេះនោះឡើយ។ ពួកគេមានការភ្ញាក់ផ្អើល និងមានទុក្ខព្រួយយ៉ាងខ្លាំង ហើយមិនមានការសង្ស័យថាជាយូដាស ឬចោទគ្នាទៅវិញទៅមកនោះឡើយ។
តែទ្រង់មានបន្ទូលឆ្លើយថា គឺជាអ្នកមួយ ដែលលូកដៃចុះក្នុងចានជាមួយនឹងខ្ញុំ អ្នកនោះឯងនឹងបញ្ជូនខ្ញុំទៅ 24ឯកូនមនុស្ស ត្រូវទៅមែន តាមសេចក្ដីដែលបានចែងទុកពីដំណើរលោក ប៉ុន្តែវេទនាដល់អ្នកនោះ ដែលនឹងបញ្ជូនកូនមនុស្សទៅ បើវាមិនបានកើតមក នោះល្អដល់វាជាជាង
២៦:២៣-២៤ ការសុគតរបស់ព្រះយេស៊ូវគឺជាផែនការណ៏របស់ព្រះនិងការសម្រេចតាមបទគម្ពីរ ប៉ុន្តែយូដាស គឺនៅតែទទួលខុសត្រូវសម្រាប់ការប្រព្រឹត្តិរបស់គាត់ដដែល។ គ្មានអ្នកណាម្នាក់បង្ខំគាត់ ឲ្យក្បត់ព្រះយេស៊ូវនោះឡើយ។ ព្រះយេស៊ូវបានដាស់តឿនយូដាសថា នឹងកើតមានសេចក្តីវេទនាដល់អ្នកនោះ ដែលក្បត់ព្រះអង្គ ប៉ុន្តែគាត់នៅតែជ្រើសរើសក្នុងការធ្វើការនោះ។
នោះយូដាស ជាអ្នកដែលបញ្ជូនទ្រង់ វាចាប់ពាក្យទូលថា លោកគ្រូអើយ តើខ្ញុំឬអី ទ្រង់មានបន្ទូលទៅវាថា ត្រូវដូចអ្នកនិយាយហើយ។
២៦:២៥ សំនួររបស់យូដាសគឺជាសំនួរដែលមិនស្មោះត្រង់ ដោយព្រោះតែគាត់បានយល់ព្រមនៅក្នុង ការក្បត់ ព្រះយេស៊ូវរួចទៅហើយ (ខ១៤-១៦)។ ប្រហែលជាគាត់សួរព្រះយេស៊ូវសំនួរនេះដើម្បីចង់ដឹងថា តើព្រះអង្គទ្រង់ស្គាល់អ្នកដែលក្បត់ព្រះអង្គដែរឬទេ។ ចម្លើយរបស់ព្រះយេស៊ូវបង្ហាញថាព្រះអង្គជ្រាបថា យូដាសគឺជាអ្នកក្បត់ព្រះអង្គ។ យូដាសបានចាកចេញពីកន្លែងបរិភោគភ្លាមនោះ។
សូមចំណាំថាយូដាស បានហៅព្រះយេស៊ូវថា “លោកគ្រូ” មិនមែន “ព្រះអម្ចាស់” ដូចដែលពួកសិស្សហៅនោះឡើយ (ខ២២)។ ការនេះបង្ហាញថា យូដាបានរាប់ព្រះយេស៊ូវថា ជាគ្រូម្នាក់ដើម្បីរៀនតាមតែប៉ុណ្ណោះ មិនមែនជាព្រះអម្ចាស់របស់គាត់ដែលគាត់ត្រូវចុះចូលនោះឡើយ។ នៅក្នុងដំណឹងល្អម៉ាថាយ មានតែមនុស្សដែលមិននៅក្នុងក្រុមរបស់ពួកសិស្សប៉ុណ្ណោះ ដែលហៅ ព្រះយេស៊ូវថា “លោកគ្រូ”។ ដូច្នេះហើយ យូដានៅតែជាអ្នកខាងក្រៅក្រុមរបស់ពួកសិស្ស ទោះបីជាគាត់កំពុងតែនៅជាមួយនឹង ពួកគេក៏ដោយ ដោយព្រោះតែគាត់មិនបានចុះចូលចំពោះ ព្រះយេស៊ូវនោះឡើយ។ មានមេរៀនមួយសម្រាប់យើងទាំងអស់គ្នានៅក្នុងចំនុចនេះ។ ប្រសិនបើមនុស្សម្នាក់ បានចូលរួមជាមួយនឹងក្រុមគ្រីស្ទាន (ទោះបីជារាប់ឆ្នាំ ដូចយូដាស) ក៏ដោយ ប៉ុន្តែមិនដែលបានទទួល ព្រះយេស៊ូវធ្វើជាព្រះអម្ចាស់របស់គេនោះ ពួកគេនៅតែមិនមែនជាសិស្សរបស់ព្រះអង្គឡើយ។
គ្រាដែលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំបុ័ង ហើយកាលទ្រង់បានប្រទានពរ នោះក៏កាច់ប្រទានទៅពួកសិស្ស ដោយបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ
២៦:២៦ មានចំនុចសំខាន់បីយ៉ាងនៅក្នុងការស្វែងយល់ អំពីអាហារពេលល្ងាចនៃពិធីបុណ្យរំលង។
ដំបូង អាហារពិធីបុណ្យរំលងគឺជាការនឹកចាំ។ ជាការនឹកចាំពីការប្រោសលោះរបស់ព្រះចំពោះប្រជារាស្រ្ត របស់ព្រះអង្គពីភាពជាទាសករនៅក្នុងប្រទេសអេស៊ីព្ទ (និក្ខមនំ ១២)។
ទីពីរ អាហារពិធីបុណ្យរំលងគឺជានិមិត្តសញ្ញា។ គ្រប់ផ្នែកទាំងអស់នៃអាហារនោះមាននិមិត្តសញ្ញា ដែលមានអត្ថន័យសម្រាប់ដាស់តឿនប្រជារាស្រ្តពីព្រឹត្តិការណ៍នៃពិធីបុណ្យរំលងដំបូងបំផុត។ ចំនុចសំខាន់នៃអាហារនេះគឺ
-
កូនចៀមមួយ ជាសេចក្ដីរំឭកដល់ពួកគេអំពីឈាមកូនចៀមដែលលាបនៅលើធ្នឹ មទ្វារផ្ទះរបស់ ឰយុកោពួកគេ (និក្ខមនំ ១២:៣-១៣)។
-
ជីល្វីង ជាសេចក្ដីរំឭកដល់ពួកគេអំពីភាពជូរល្វីងនៃទាសករភាពនៅក្នុងប្រទេសអេស៊ីព្ទ។ ជីល្វីងនោះ ត្រូវ ជ្រលក់នៅក្នុងទឹកអំបិលដែលជាដំណាងអោយទឹកភ្នែកឰយុកោរបស់ពួកគេដែលបានយំស្រែកក្ នុងនាមជាទាសករ។
-
ការលាយផ្លែឈើជាមួយនឹងសណ្តែក ជាសេចក្ដីរំឭកដល់ពួកគេពីដីដែលឰយុកោរបស់ពួកគេត្រូវបាន បង្ខំអោយលាយធ្វើជាឥដ្ឋ។
-
ពែងទាំងបួននៃផលទំពាំងបាយជូរនៅក្នុងពេលខុសគ្នានៅក្នុងការបរិភោគអាហារនោះ ដើម្បីរំឭកពួកគេ ពីសេចក្តីសន្យាទាំងបួនដែលព្រះបានសន្យានៅក្នុង និក្ខមនំ៦:៦-៧។ សេចក្តីសន្យាទាំងនោះគឺ
(១) អញនឹងនាំឯងរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ
(២) អញនឹងជួយឲ្យរួចពីការបំរើគេ
(៣) អញនឹងលើកដៃអញឡើងលោះឯងរាល់គ្នា
(៤) អញនឹងយកឯងរាល់គ្នាទុកជារាស្ត្ររបស់អញ។
ទីបី អាហារពិធីបុណ្យរំលងមានស្គ្រីប (ដូចជាការល្ខោន)។ សេចក្តីដដែលត្រូវបានអានជារៀងរាល់ឆ្នាំ។ កូនដែលក្មេងជាងគេ នឹងសួរសំនួរហើយអ្នកដឹកនាំនៅក្នុងអាហារនោះនឹងឆ្លើយសំនួរទាំងនោះ។ ឧទាហរណ៍ កូននោះសួរថា ហេតុអ្វីបានជាមាននំប៉័ងនៅលើតុ។ អ្នកដឹកនាំអាហារនោះឆ្លើយថា ”នេះជានំប៉័ងនៃការរងទុក្ខ ដែលឰយុកោរបស់ យើងបានបរិភោគនៅក្នុងទឹកដីនៃប្រទេសអេស៊ីព្ទ។ ចូរឲ្យពួកអ្នកដែលស្រេកឃ្លានចូលមក ហើយបរិភោគចុះ”។
ពេលនេះ សូមស្រមៃមើលពីព្រឹត្តិការណ៍នោះ។ វាគឺជាពេលដែលត្រូវបរិភោគនំប៉័ង។ សិស្សរបស់ព្រះអង្គម្នាក់ ត្រូវដើរតួជាកូនដែលតូចជាងគេហើយសួរអំពីនំប៉័ងនោះ។ បន្ទាប់មកពួកសិស្សសម្លឹងមើលទៅព្រះយេស៊ូវ ហើយរំពឹងថាព្រះអង្គនឹងឆ្លើយចម្លើយដូចដែលមានខាងលើនេះ។ ប៉ុន្តែព្រះអង្គមិនបានឆ្លើយនូវពាក្យតាម សេចក្តីទាំងនោះឡើយ។ ផ្ទុយទៅវិញព្រះអង្គមានបន្ទូលថា “នេះជារូបកាយខ្ញុំ”។ ពួកសិស្សភ្ញាក់ផ្អើល។ ព្រះយេស៊ូវបានប្តូរស្គ្រីប! ភ្លាមៗ ចំណាប់អារម្មណ៍ចំពោះអាហារនោះមិនមែនផ្តោតទៅលើ អ្វីដែលព្រះជាម្ចាស់ បានធ្វើកាលពី ១៥០០ ឆ្នាំមុននៅក្នុងប្រទេសអេស៊ីព្ទដើម្បីប្រោសលោះប្រជារាស្រ្តរបស់ព្រះអង្គ ទៀតនោះឡើយ ប៉ុន្តែលើអ្វីដែលព្រះជាម្ចាស់ទ្រង់រៀបនឹងធ្វើនៅក្នុងថ្ងៃនោះដើម្បីប្រោសលោះប្រជារាស្រ្តរបស់ព្រះអង្គវិញ។
បំណែកនំប៉័ងជាតំណាងអោយអ្វីដែលរៀបនឹងកើតមានឡើង។ ព្រះយេស៊ូវបានកាច់នំប៉័ង ហើយមានបន្ទូល ថានេះជារូបកាយរបស់ព្រះអង្គ។ ការនេះបង្ហាញថា ព្រះអង្គទ្រង់នឹងលះបង់ព្រះជន្មរបស់ ព្រះអង្គ។ ព្រះអង្គបានប្រទាន ដំប៉័ងដែលកាច់នោះទៅឲ្យសិស្សរបស់ព្រះអង្គ ហើយប្រាប់គេថា ចូរអោយ បរិភោគចុះ។ ការនេះគឺដើម្បីបង្ហាញថា ព្រះជន្មរបស់ព្រះអង្គត្រូវបានប្រទានដល់ពួកគេ។
រួចទ្រង់យកពែងមកប្រទានពរ ក៏ហុចទៅឲ្យគេ ដោយបន្ទូលថា ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប
២៦:២៧-២៨ ទឹកទំពាំងបាយជូរគឺជាតំណាងឲ្យព្រះលោហិតរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវមានបន្ទូលថា ផលនៃដើមទំពាំងបាយជូរគឺជា “ឈាមរបស់ខ្ញុំ.. នៃសេចក្តី សញ្ញាថ្មី”។ ឃ្លានេះដកស្រង់ចេញពី និក្ខមនំ ២៤:៦-៨។ ឈាម ‘ជាការចុះសញ្ញ’ នៃសេចក្តីសញ្ញាចាស់រវាង ព្រះជាម្ចាស់ជាមួយ នឹងអ៊ីស្រាអែល។ ពេលដែលព្រះយេស៊ូវលះបង់ព្រះជន្ម របស់ព្រះអង្គ ទ្រង់ ‘ចុះសញ្ញា’ ថ្មីមួយរវាងព្រះជាម្ចាស់ជាមួយ នឹងប្រជារាស្រ្តរបស់ព្រះអង្គ (យេរេមា ៣១: ៣១-៣៤; ហេព្រើរ ៨)។ ដោយព្រោះតែ ព្រះលោហិត របស់ព្រះយេស៊ូវ យើងមានសេចក្តីសញ្ញាថ្មីមួយនៃទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់។ សេចក្តីសញ្ញាថ្មី នោះរួមមាន:
-
ការអត់ទោសនៃអំពើបាប៖ “ព្រោះអញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹក ចាំពីអំពើបាបគេទៀតជាដរាបទៅ”។ (យេរេមា ៣១:៣៤)
-
ការផ្លាស់ប្តូរខាងក្នុងចិត្តដែលដាក់ព្រះបន្ទូលព្រះនៅក្នុងខ្លួនយើង៖ “អញនឹងដាក់ក្រឹត្យវិន័យរបស់ អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ” (យេរេមា ៣១:៣៣)។
-
ទំនាក់ទំនងថ្មីមួយជាមួយនឹងព្រះ៖ “នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជា រាស្ត្ររបស់អញ” (យេរេមា ៣១:៣៣)។
មានពែងចំនួនបួននៃផលផ្លែទំពាំងបាយជូរនៅក្នុងអាហារពិធីបុណ្យរំលង។ នេះគឺជាពែងទីបីជាពែង ដែលមាន រួមជាមួយនឹងសេចក្តីសន្យាថា “អញនឹងលើកដៃអញឡើងលោះឯងរាល់គ្នា” (និក្ខមនំ ៦:៦)។ ពួកគេទាំងអស់គ្នា ផឹកពីពែងនោះ។ ដោយការបរិភោគនំប៉័ងហើយផឹកពីផលផ្លែទំពាំងបាយជូរនោះ ពួកគេទទួលតាមអ្វីដែលព្រះយេស៊ូវ នឹងធ្វើសម្រាប់ពួកគេ។ ព្រះយេស៊ូវមានបន្ទូលថានេះជាឈាមខ្ញុំ ដែលត្រូវបង្ហូរចេញសម្រាប់មនុស្សជាច្រើន។ យើងក៏អាចចូលរួមការនៅក្នុងកិច្ចការនេះតាមរយ: ការពិធីលៀង ព្រះអម្ចាស់នៅក្នុងនៅក្រុមជំនុំរបស់យើងដែរ។ អ្វីដែលព្រះយេស៊ូវទ្រង់សព្វព្រះទ័យឲ្យយើង ធ្វើដោយការបរិភោគ នំប៉័ង និងផឹកផលផ្លែទំពាំងបាយជូរ គឺដើម្បីនឹង ចាំពីការសុគតរ បស់ព្រះអង្គសម្រាប់យើង ហើយដើម្បីប្រកាសពី សេចក្តីសុគតរបស់ព្រះអង្គរហូតដល់ទ្រង់ យាងត្រឡប់មក វិញ (១ កូរិនថូស ១១:២៣-២៦)។
តែខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះតទៅមុខ ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មី ជាមួយនឹងអ្នករាល់គ្នានៅក្នុងនគរព្រះវរបិតានៃខ្ញុំ
២៦:២៩ ព្រះយេស៊ូវបានបញ្ចប់ការបរិភោគអាហារជាមួយព្រះបន្ទូលនៃសេចក្តីជំនឿ។ ព្រះអង្គជ្រាបថា សេចក្តីស្លាប់ មិនមែនជាចុងបញ្ចប់នោះឡើយ។ ព្រះអង្គមានបន្ទូលថាព្រះអង្គនឹងសោយពីពែងទីបួន (ពែងដែលមានទាំង សេចក្តីសន្យាថា “ខ្ញុំនឹងយកឯងធ្វើជារាស្រ្តរបស់អញ”) នៅក្នុងរាជនគរព្រះវរបិតានៃព្រះង្គ។ ព្រះយេស៊ូវនឹងសោយ ពីពែងនេះជាមួយនឹងប្រជារាស្រ្តរបស់ព្រះអង្គនៅក្នុងពិធីរៀបមង្គលការរបស់កូនចៀម (វិវរណៈ ១៩:៧-៩)។
រួចកាលបានច្រៀងទំនុកមួយហើយ នោះក៏នាំគ្នាចេញទៅឯភ្នំដើមអូលីវ។
២៦:៣០ ចម្រៀងដែលច្រៀងនោះជាទំនុកដំកើងដែលពួកសាសន៍យូដាច្រៀងនៅក្នុងថ្ងៃបុណ្យ។ ទំនុកដំកើង ១១៣ ដល់ ១១៨ ត្រូវបានហៅថា “ទំនុកដំកើង ហាឡេល។ ហាឡេល (הַלֵל) គឺជាពាក្យនៅក្នុងភាសា ហេព្រើរសម្រាប់ការ “សរសើរដំកើង”។ បទទំនុកដំកើងទាំងនេះគឺជាសេចក្តីអធិស្ឋាន ឬជាការស្មូត ឬអាន មុនពេលអាហារនៅក្នុង ថ្ងៃបុណ្យទាំងអស់ លើកលែងតែថ្ងៃឲ្យបានធួននឹងបាប។ សម្រាប់ពិធីបុណ្យរំលង ទំនុកដំកើង ១១៣ និង១១៤ ត្រូវបានច្រៀងនៅដើមអាហារ ហើយទំនុកដំកើង ១១៥ ដល់ ១១៨ ច្រៀង ក្រោយបរិភោគអាហាររួច។ ទំនុកដំកើង ទាំងនេះជាការបង្ហាញពីសេចក្តីអំណរហើយនិងអរព្រះគុណដល់ ព្រះដែលបានសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ។
ខណនោះ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងមានចិត្តរវាតចេញដោយព្រោះខ្ញុំ ដ្បិតមានសេចក្ដីចែងទុកមកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ»
២៦:៣១ ព្រះយេស៊ូវជ្រាបថាសិស្សរបស់ព្រះអង្គនឹងបោះបង់ចោលព្រះអង្គនៅក្នុងយប់នេះ។ ព្រះអង្គដកស្រង់ ចេពីសេចក្តីទំនាយដែលក្នុង សាការី ១៣:៧។ ព្រះយេស៊ូវគឺជាអ្នកគង្វាលចៀម ហើយសិស្សរបស់ព្រះអង្គជា ចៀម។ “អញនឹងវាយអ្នកគង្វាល” សំដៅលើផែនការណ៍របស់ព្រះសម្រាប់ព្រះយេស៊ូវនៅក្នុងការសុគតក្នុង នាមជាយញ្ញបូជា សម្រាប់អំពើបាប(អេសាយ ៥៣:៤-១០)។ ចៀមខ្ចាត់ខ្ចាយសំដៅលើពួកសិស្សដែលរត់ចេញ ពេលដែលព្រះយេស៊ូវ ត្រូវចាប់ខ្លួន។
វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលការប្រកាសរបស់ព្រះយេស៊ូវអំពីសេចក្តីសញ្ញាថ្មី ដែលត្រូវមកដល់ នៅក្នុងរវាងនៃការក្បត់របស់សិស្សម្នាក់ (ខ២០-២៥) ហើយការបដិសេធដោយ ពួកសិស្សផ្សេងទៀត (ខ៣១-៣៥)។ សេចក្តីសញ្ញាចាស់ដែលព្រះបានតាំងជាមួយនឹងអ៊ីស្រាអែល គឺមានលក្ខខណ្ឌ។ មនុស្សនឹងទទួលបានពរប្រសិនបើគេស្តាប់តាមក្រិត្យវិន័យហើយនឹងត្រូវបណ្តាសា ប្រសិនបើគេមិនស្តាប់តាម។ ហេតុនេះហើយ សេចក្តីសញ្ញាចាស់អាស្រ័យលើ សេចក្តីស្មោះត្រង់របស់មនុស្សគ្រប់គ្នា។
ប៉ុន្តែសេចក្តីសញ្ញាថ្មីអាស្រ័យលើព្រះហឫទ័យស្មោះត្រង់របស់ព្រះវិញ ហើយស្ថិតស្ថេរ ទោះបីជាការបរាជ័យរបស់មនុស្សក៏ដោយ។ ទោះបីជាយើងធ្លាក់ចុះក៏ដោយ ព្រះមិនបានឈប់អត់ទោស ចំពោះអំពើបាបរបស់យើង ធ្វើការនៅក្នុងចិត្ត ឬឈប់ធ្វើជាព្រះវរបិតាដែលគង់នៅស្ថានសួគ៌ របស់យើងទាំងអស់គ្នានោះឡើយ។ យើងទាំងអស់គ្នាគួរតែអរព្រះគុណចំពោះសេចក្តីសញ្ញាថ្មី ដែលមិនអាស្រ័យលើអ្វីដែលយើងធ្វើឡើយ ប៉ុន្តែអាស្រ័យលើអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ទាំងអស់គ្នាវិញ។
ប៉ុន្តែ កាលណាខ្ញុំបានរស់ឡើងវិញ នោះខ្ញុំនឹងទៅឯស្រុកកាលីឡេមុនអ្នករាល់គ្នា
២៦:៣២ ព្រះយេស៊ូវជ្រាបថាព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញបន្ទាប់ពីព្រះអង្គសុគត។ នេះជាលើកទីប្រាំ ដែលព្រះអង្គមានព្រះបន្ទូលអំពីការរស់ពីសុគតឡើងវិញរបស់ព្រះអង្គ (៨:៣១ ៩:៩ ៩:៣១ ១២:១០)។ ពេលនេះព្រះអង្គទ្រង់ទតឃើញនៅខាងមុខ ហើយព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គទ្រង់នឹងយាងទៅកាលីឡេ មុនពួកគេ។
ពេត្រុសទូលទ្រង់ថា ទោះបើមនុស្សទាំងអស់នឹងរវាតចិត្ត ដោយព្រោះទ្រង់ក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ
២៦:៣៣ លោកពេត្រុមានអាម្មណ៍ប្រាកដថា គាត់នឹងមិនរត់ចោលព្រះយេស៊ូវនោះឡើយ។ គាត់អាចស្រមៃ ឃើញថា អ្នកដទៃនឹងរត់ចេញ ប៉ុន្តែមិនមែនគាត់នោះឡើយ។ គាត់មិនបានដឹងថាគាត់នឹងអាចនឹងស្ថិតក្នុង គ្រោះថ្នាក់ធំនោះឡើយ។ គាត់បានគិតថាគាត់ជាមនុស្សខ្លាំងពូកែ ដូចជាថ្មដា។ ប៉ុន្តែនៅពេលដែលការល្បង មកដល់ គាត់បាន បរាជ័យ ដោយព្រោះតែការភ័យខ្លាច។
ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថា ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅវេលាយប់នេះ មុនដែលមាន់រងាវ នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ ពេត្រុសទូលតបថា ទោះបើទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក៏ដោយ គង់តែមិនព្រមថា មិនស្គាល់ទ្រង់ឡើយ ហើយពួកសិស្សទាំងអស់ក៏ថាឡើងដូចគ្នា។
២៦:៣៤-៣៥ ព្រះយេស៊ូវស្គាល់លោកពេត្រុសច្បាស់ជាងខ្លួនគាត់ ទៅទៀត។ មុនពេលដែលពេល យប់នោះបានកន្លងផុតទៅ លោកពេត្រុសនឹងបរាជ័យនៅក្នុងការរក្សាសេចក្តីសន្យារបស់គាត់ចំនួនបីដង។
នោះព្រះយេស៊ូវ ព្រមទាំងពួកសិស្ស ក៏ទៅដល់កន្លែងហៅថា ច្បារគែតសេម៉ានី ហើយទ្រង់មានបន្ទូលទៅគេថា ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំនឹងទៅអធិស្ឋាននៅឯណោះ
២៦:៣៦ គែតសេម៉ានី (ដែលមានន័យថា “គៀបប្រេង”) គឺជាសួនច្បារ ដែលមានដើមអូលីវជាច្រើននៅតាម ជើងភ្នំដើមអូលីវ។ ព្រះយេស៊ូវតែងតែយាងទៅទីនោះជាមួយនឹង សិស្សព្រះអង្គ (យ៉ូហាន ១៨:២)។ ព្រះយេស៊ូវបានយាងទៅកន្លែងដែលព្រះអង្គតែង តែយាងទៅទោះបីជាជ្រាបថាយូដាស នឹងនាំគេទៅរកព្រះអង្គនៅកន្លែងនោះក៏ដោយ។ ប្រសិនបើព្រះអង្គចង់គេចវេសពីការចាប់ខ្លួនព្រះអង្គ នឹងជ្រើសរើសកន្លែងផ្សេងហើយ។
រួចទ្រង់យកពេត្រុស នឹងកូនសេបេដេទាំង២នាក់ទៅជាមួយផង ទ្រង់ចាប់តាំងមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង ក៏មានបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់ ចូរនៅទីនេះ ចាំយាមជាមួយនឹងខ្ញុំសិន
២៦:៣៧-៣៨ ព្រះយេស៊ូវបាននាំយកសិស្សជិតស្និតព្រះអង្គបីនាក់ (ពេត្រុស យ៉ាកុប នឹងយ៉ូហាន) ហើយបានប្រាប់ពួកគេ ចាំយាមចុះ ពេលដែលព្រះអង្គអធិស្ឋាន។ ព្រះអង្គមានព្រះទ័យសោកសង្រេងយ៉ាងខ្លាំង។ គ្រាដែលព្រះយេស៊ូវអធិស្ឋាននោះ ញើសរទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ (លូកា ២២:៤៤)។ ព្រះអង្គមិនមែនភ័យខ្លាចចំពោះការជាប់ឆ្កាង ឬសេចក្តីស្លាប់នោះឡើយ។ អ្វីដែលធ្វើអោយព្រះយេស៊ូវទុក្ខព្រួយនោះគឺព្រះអង្គត្រូវរងទ្រាំនូវអំពើបាបរបស់យើង ទាំងអស់គ្នាលើព្រះអង្គទ្រង់ហើយបន្ទាប់មកព្រះអង្គទ្រូវរងការជំនុំជំរះដ៏សុចរិតរបស់ព្រះចំពោះអំពើបាប។ យើងរាល់គ្នា (ដែលជាមនុស្សមានបាប) មិនអាចយល់ពីការនោះមានន័យយ៉ាងណាចំពោះព្រះអង្គនោះឡើយ (ដែលមិនបានស្គាល់បាបសោះ) ត្រូវបានធ្វើឲ្យត្រលប់ជាបាបជំនួសយើង។
កាលទ្រង់បានយាងទៅមុខបន្តិចទៀត នោះទ្រង់ទំលាក់អង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ
២៦:៣៩ ជាធម្មតាពួកសាសន៍យូដា ឈរពេលដែលអធិស្ឋាន។ ការដែលអធិស្ឋានដោយក្រាបចុះដល់ដី បង្ហាញពីមនោសញ្ចេតនាដ៏ខ្លាំងដែលព្រះយេស៊ូវមានក្នុងពេលនោះ។ សេចក្តីអធិស្ឋានរបស់ព្រះយេស៊ូវគឺជា សំណូមពរថា សូមឲ្យ “ពែងនេះ” បានកន្លងផុតពីព្រះអង្គ។ ពែងនោះគឺជាសេចក្តីក្រោធនៃព្រះទាស់នឹងអំពើបាប (ទំនុកដំកើង ៧៥:៧-៨; អេសាយ ៥១:១៧, ២២; យេរេមា ២៥:១៥-១៦, ២៧-២៨)។ ព្រះយេស៊ូវពិតជាចង់ឲ្យពែងនោះបានកន្លងផុត ពីព្រះអង្គណាស់។ ប៉ុន្តែអ្វីដែលវិសេសជាងនោះគឺ ព្រះយេស៊ូវចង់ធ្វើតាមបំណងព្រះហឫទ័យ នៃព្រះវរបិតាព្រះអង្គវិញ។
ប្រសិនបើមានផ្លូវណាផ្សេងទៀតសម្រាប់មនុស្សទទួលបានសេចក្តីសង្រ្គោះក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូវនោះ ព្រះជាម្ចាស់នឹងធ្វើការនោះតាមសំណូមរបស់ព្រះយេស៊ូវហើយ។ ប៉ុន្តែគ្មានផ្លូវណាផ្សេងនោះឡើយ។ គ្មានផ្លូវណា ផ្សេងទៀតដែលព្រះជាម្ចាស់អាចអត់ទោសដល់មនុស្សមានបាបក្រៅពីព្រះយេស៊ូវ ដែលជាព្រះអង្គ សង្រ្គោះរបស់ យើងដែលគ្មានបាបសោះ នៅក្នុងការសុគតជំនួសយើងរាល់គ្នានោះឡើយ។ ព្រះជាម្ចាស់អាចនឹងដកពែងនោះ ចេញព្រះយេស៊ូវ ប៉ុន្តែប្រសិនបើព្រះធ្វើការនោះ យើងទាំងអស់គ្នានៅតែជាមនុស្សដែលស្ថិតនៅក្នុងសេចក្តីស្លាប់ នៃអំពើបាបរបស់យើងនៅឡើយទេ។ យញ្ញបូជាដ៏ល្អឥតខ្ចោះជាអ្វីដែលត្រូវការសម្រាប់អំពើបាប ហើយវាគឺជា ថ្លៃលោះដ៏វិសេសរបស់ព្រះយេស៊ូវ។ វាបានមកក្នុងតម្លៃដ៏ធំបំផុតសម្រាប់ព្រះយេស៊ូវ និងសម្រាប់ព្រះវរបិតា។
នោះទ្រង់យាងមកដល់ពួកសិស្ស ឃើញគេដេកលក់ ក៏មានបន្ទូលទៅពេត្រុសថា ដូច្នេះ តើអ្នករាល់គ្នាចាំយាមជាមួយនឹងខ្ញុំតែ១ម៉ោងមិនបានទេឬអី
២៦:៤០ សិស្សទាំងបីនាក់នេះក៏បានដេកលក់នៅពេលដែលព្រះយេស៊ូវបានផ្លាស់ប្រែផងដែរ (លូកា ៩:៣២)។ ព្រះយេស៊ូវមានបន្ទូលនឹងពេត្រុសដោយព្រោះតែគាត់បានអួតថា គាត់នឹងមិនដែលជំពប់ដួល ឬរាថយនោះឡើយ។ ប៉ុន្តែ តាមការពិត ទៅគាត់មិនអាចនឹងចាំយាមសូម្បីតែមួយម៉ោង។
នោះទ្រង់យាងមកដល់ពួកសិស្ស ឃើញគេដេកលក់ ក៏មានបន្ទូលទៅពេត្រុសថា ដូច្នេះ តើអ្នករាល់គ្នាចាំយាមជាមួយនឹងខ្ញុំតែ១ម៉ោងមិនបានទេឬអី ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនឲ្យកើតសេចក្ដីល្បួងនាំចិត្តឡើយ ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ
២៦:៤១ ព្រះយេស៊ូវប្រាប់ដល់សិស្សទាំងបីនាក់ថាអោយចាំយាមហើយអធិស្ឋាន។ ព្រះអង្គជ្រាបថាពួកគេចង់ ធ្វើអ្វី ដែលត្រឹមត្រូវ ប៉ុន្តែពួកគេនៅទន់ខ្សោយ ការដែលល្វើយហើយមិនយល់គឺជាអ្វីដែលកំពុងតែកើតមានឡើង។ យើងទាំងអស់គ្នាអាចនឹងចង់ធ្វើអ្វី ដែលត្រឹមត្រូវ ប៉ុន្តែសាច់ឈាមរបស់យើងទន់ខ្សោយ។ យើងទាំងអស់គ្នា មិនមានកម្លាំង នៅក្នុង ខ្លួនយើងដើម្បីធ្វើគ្រប់យ៉ាងដែលត្រឹមត្រូវនៅក្នុងការធ្វើនោះឡើយ។ យើងទាំងអស់គ្នាត្រូវតែអធិស្ឋាន ហើយចាំយាមដើម្បីយកឈ្នះសេចក្តីល្បួង។ ព្រះយេស៊ូវជ្រាបច្បាស់ពីមនុស្សថា ទន់ខ្សោយ (ហេព្រើរ ៤:១៥) ហើយពេលនេះព្រះអង្គទ្រង់អង្វរជំនួសយើង (រ៉ូម ៨:៣៤; ហេព្រើរ ៧:២៥, ៩:២៤, ១ យ៉ូហាន ២:១)។
ព្រះយេស៊ូវកំពុងតែបង្ហាញដល់សិស្សព្រះអង្គ តាមកិច្ចការដែលព្រះអង្គធ្វើ និងព្រះបន្ទូលព្រះអង្គ ពីរបៀបដែលស្តាប់តាមព្រះហឫទ័យនៃព្រះនឹងត្រូវសម្រេច។ ព្រះបន្ទូលរបស់ព្រះអង្គថា “ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ” បង្ហាញពីសេចក្តីត្រូវការចំពោះការអធិស្ឋាន ហើយនឹងការទទួលកម្លាំងដែលមានតែព្រះប៉ុណ្ណោះដែលអាចប្រទានឲ្យបាន។ ដោយកម្លាំងរបស់ខ្លួនយើង (“សាច់ឈាម”) យើងមិនមានកម្លាំង គ្រប់គ្រាន់នៅក្នុងការយកឈ្នះសេចក្តីល្បួង ហើយនឹងធ្វើអ្វី ដែលត្រឹមត្រូវនោះឡើយ។ ប៉ុន្តែនៅពេលដែលយើងអធិស្ឋានហើយសូមឲ្យព្រះជួយយើងនោះ ព្រះអង្គ ចម្រើនកម្លាំងដល់យើងខាងព្រលឹងវិញ្ញាណដើម្បីឲ្យយើងអាចស្តាប់តាមបំណងព្រះហឫទ័យព្រះអង្គបាន។
កាលទ្រង់បានយាងទៅម្តងទៀត នោះក៏អធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាពែងនេះកន្លងហួសពីទូលបង្គំទៅពុំបាន លើកតែទូលបង្គំទទួល នោះសូមតាមព្រះហឫទ័យទ្រង់ចុះ
២៦:៤២ ការអធិស្ឋានទីពីរ មិនគឺជាសេចក្តីអធិស្ឋានដូចជាលើកទីមួយទេ។ នៅក្នុងខ ៣៩ ព្រះយេស៊ូវ បានសូមឲ្យពែងនោះបានកន្លងផុតពីព្រះអង្គ “បើសិនជាបាន”។ ព្រះយេស៊ូវបានជ្រាបពីចម្លើយ ចំពោះការទូលសូមនោះហើយ ហើយបានទទួលយកប្រសិនបើមិនអាចនឹងកន្លងផុតទៅបាន នោះព្រះអង្គនឹងធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាព្រះអង្គ។ ហេតុនេះហើយ នេះជាសេចក្តីអធិស្ឋានសម្រាប់ការចុះចូល។ ការស្តាប់បង្គាប់ដ៏ល្អឥតខ្ចោះរបស់ព្រះអង្គមានន័យថាព្រះអង្គតែងតែធ្វើតាមបំណង ព្រះហឫទ័យនៃព្រះវរបិតា (យ៉ូហាន ៤:៣៤, ៦:៣៨, ៨:២៩; ភីលីព ២:៨)។
កាលទ្រង់បានយាងមកវិញ នោះក៏ឃើញពួកសិស្សដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់
២៦:៤៣ ពួកសិស្សដែលដេកលក់មិនបានរៀនពីមេរៀននៃការពឹងផ្អែកលើព្រះចេស្តានៃព្រះ ដើម្បីចម្រើនកម្លាំងខាងព្រលឹងវិញ្ញាណ នៅក្នុងការយកឈ្នះសាច់ឈាមនោះឡើយ (ខ៤១)។
រួចទ្រង់យាងចោលគេទៅម្តងទៀត នឹងអធិស្ឋានជាគំរប់៣ដង ដោយបន្ទូលជាសេចក្ដីដដែល នោះទ្រង់យាងមកឯពួកសិស្សមានបន្ទូលថា ឥឡូវនេះ អ្នករាល់គ្នាដេកលក់ ហើយសំរាកកំឡាំងទៀតឬ មើល កំណត់ជិតដល់ហើយ កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំជិតមកដល់ហើយ។
២៦:៤៤-៤៦ តើព្រះជាម្ចាស់បានស្តាប់ឮសេចក្តីអធិស្ឋានរបស់ព្រះយេស៊ូវនៅក្នុងសួនច្បារកេតសេម៉ានី ដែរទេ? ហេព្រើរ ៥:៧ ប្រាប់យើងថាព្រះអង្គពិតជាបានសណ្តាប់ឮ។ ជាមួយនឹងកម្លាំងដែលមកដោយសេចក្តីអធិស្ឋាន ព្រះយេស៊ូវបានយាងទៅជួបជាមួយនឹងហ្វូង មនុស្ស ដែលមកដើម្បីចាប់ព្រះអង្គ។
កាលទ្រង់កំពុងតែមានបន្ទូលនៅឡើយ នោះឃើញយូដាស ជាម្នាក់ក្នុងពួក១២មកដល់ នាំទាំងហ្វូងមនុស្សជាធំ ដែលកាន់ដាវ កាន់ដំបង មកពីពួកសង្គ្រាជនឹងពួកចាស់ទុំនៃបណ្តាជន
២៦:៤៧ យូដាសបានមកដល់ជាមួយនឹងហ្វូងមនុស្សរួមទាំងពួកទាហានដែលមានដាវមកជាមួយផង (យ៉ូហាន ១៨:៣) ពួកអ្នកយាមព្រះវិហារជាមួយនឹងដំបងហើយពួកសង្រ្គាជនិងពួកចាស់ទុំ (លូកា ២២:៥២)។ ពួកគេបាននាំយកអាវុធមក ជាមួយដោយព្រោះតែពួកគេគិតថាព្រះយេស៊ូវនឹងតតាំងជាមួយនឹងការចាប់ខ្លួននោះ។
ឯអ្នកដែលបញ្ជូនទ្រង់ ក៏ប្រាប់ទីសំគាល់នេះដល់គេថា អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វាចុះ ស្រាប់តែវាមកដល់ព្រះយេស៊ូវគំនាប់ទូលថា ជំរាបសួរលោកគ្រូ រួចក៏ថើបទ្រង់
២៦:៤៨ បើគ្មានយូដាសជួយទេនោះ ពួកគេមិនអាចនឹងរកឃើញព្រះយេស៊ូវនៅក្នុងចំណោម ក្រុមទាំងប៉ុន្មាន ដែលបានបោះត្រសាលនៅខាងក្រៅក្រុងយេរូសាឡិមនៅយប់នោះបានឡើយ។ យូដាសបានកំណត់ការថើប ព្រះយេស៊ូវជាសញ្ញាដើម្បីអោយពួកគេដឹងថាអ្នកណាដែលត្រូវចាប់ខ្លួន។ យូដាសបានប្រាប់អោយគេចាប់ខ្លួន ហើយនាំយកព្រះយេស៊ូវចេញទៅ “ដោយប្រយ័ត្នប្រយែង” បង្ហាញថាគាត់មានការភ័យខ្លាចថាគម្រោងរបស់ គាត់ត្រូវខូច។
២៦:៤៩ ម្តងទៀត យូដាសហៅព្រះយេស៊ូវថា “លោកគ្រូ” ជាជាងហៅថា “ព្រះអម្ចាស់”។
តែព្រះយេស៊ូវទ្រង់មានបន្ទូលតបថា សំឡាញ់អើយ ឯងមកធ្វើអី នោះគេក៏មកលូកដៃចាប់ព្រះអង្គ
២៦:៥០ ព្រះយេស៊ូវមិនបានប្រើពាក្យដែលប្រើរាល់ដងសម្រាប់ “មិត្តសម្លាញ់” នោះឡើយ ប៉ុន្តែ ពាក្យ ផ្សេងទៀតដែលមានន័យថាជាមនុស្សម្នាក់ដែលហាក់បីដូចជាអ្នករួមការងារជាមួយ ប៉ុន្តែមិនមែននោះឡើយ (២០:១៣; ២២:១២)។
ខណនោះ មានម្នាក់ដែលនៅជាមួយនឹងព្រះយេស៊ូវ គាត់លូកដៃទៅហូតដាវ កាប់ដាច់ស្លឹកត្រចៀករបស់បាវសំដេចសង្ឃម្នាក់
២៦:៥១ ជាពេត្រុសដែលបានវាយប្រហារទៅកាន់អ្នកបម្រើរបស់ពួកសង្រ្គាជ (យ៉ូហាន ១៨:១០)។ គាត់បានត្រៀម ខ្លួននៅក្នុងការប្រយុទ្ធសម្រាប់ព្រះយេស៊ូវ។ ព្រះយេស៊ូវបានប្រោសត្រចៀកអ្នកបម្រើនោះ ឲ្យជា (លូកា ២២:៥១)។ ប្រសិនបើព្រះអង្គមិនបានធ្វើដូច្នោះទេ នោះពេត្រុសប្រាកដជាត្រូវចាប់ខ្លួនដែរ ហើយ។ ពេត្រុសបានត្រៀមខ្លួនជាស្រេចនៅក្នុងការប្រយុទ្ធសម្រាប់ព្រះយេស៊ូវហើយ ប៉ុន្តែគាត់មិនអាចអធិស្ឋានត្រឹមមួយម៉ោង ដូចដែលព្រះយេស៊ូវបានប្រាប់គាត់នោះឡើយ។
តែព្រះយេស៊ូវមានបន្ទូលទៅថា ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយដាវដែរ តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កងមកខ្ញុំជា១រំពេចទេឬអី បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ។
២៦:៥២-៥៤ ប្រសិនបើព្រះយេស៊ូវចង់ឲ្យមានការរំដោះ ព្រះអង្គអាចនឹងទូលសូមដល់ព្រះវរបិតាព្រះអង្គ ឲ្យចាត់ពួកទេវតាច្រើនជាង ១២ កងឲ្យមក (ដែលមានចំនួនច្រើនជាង ៧២០០០ ទេវតា មួយកងសម្រាប់ ព្រះយេស៊ូវហើយនឹងសម្រាប់សិស្សព្រះអង្គទាំងដប់មួយនាក់!)។ ប៉ុន្តែព្រះអង្គជ្រាបថាការចាប់ខ្លួនរបស់ ព្រះអង្គមិនមែនគ្រាន់តែជាផែនការណ៏របស់យូដាស ពួកសំដេចសង្ឃនិងពួកចាស់ទុំនោះឡើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ជាការសម្រេចតាមបទគម្ពីរហើយនឹងគម្រោងការរបស់ព្រះវរបិតាវិញ (លូកា ២២: ២២; កិច្ចការ ២:២៣; ៣:១៨, ៤:២៧-២៨)។
នៅវេលានោះឯង ព្រះយេស៊ូវមានបន្ទូលទៅហ្វូងមនុស្សថា តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ដោយកាន់ដាវ កាន់ដំបង ដូចជាមកចាប់ចោរឬអី ខ្ញុំបានអង្គុយជាមួយនឹងអ្នករាល់គ្នា ហើយបង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃ តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ ប៉ុន្តែ ការទាំងនេះបានកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយពួកហោរាវិញ នោះពួកសិស្សទាំងអស់ក៏រត់ចោលទ្រង់ទៅ។
២៦:៥៥-៥៦ ពួកគេអាចចាប់ព្រះយេស៊ូវនៅក្នុងទីធ្លានៃព្រះវិហារបាន ប៉ុន្តែពួកគេមានការខ្លាចរអាចំពោះ ហ្វូង មនុស្ស ដែលនឹងធ្វើយ៉ាងណាចំពោះគេ។ ពេលនេះដោយការចាប់ខ្លួនព្រះយេស៊ូវ ហើយធ្វើឲ្យសិស្ស ព្រះអង្គ រត់ចេញនោះ ពួកគេបានសម្រេចតាមបទគម្ពីរដោយមិនដឹងខ្លួន (សាការី ១៣:៧)។
ព្រះជន្មរបស់ព្រះយេស៊ូវ ការសុគត និងការរស់ ពីសុគតឡើងវិញបានសម្រេចសេចក្តីទំនាយច្រើនជាង ៣០០ សេចក្តីទំនាយនៃព្រះគម្ពីរសញ្ញាចាស់ (លូកា ២៤:៤៤ -៤៦)។ ពិតជាមានសារៈសំខាន់ខ្លាំង ណាស់ ដែលមានសេចក្តីទំនាយទាំងនេះជាច្រើនដែលត្រូវបានសម្រេចដោយសត្រូវរបស់ព្រះយេស៊ូវ ដែលពួកគេមិនបានដឹងខ្លួនថា ពួកគេបានសម្រេចសេចក្តីទំនាយនោះឡើយ។ ហេតុការណ៍ទាំងនេះ បានបង្ហាញពីអធិបតេយ្យភាពនៃព្រះដ៏ខ្ពស់ បំផុត។ គ្មាមផ្លូវណាដែលមនុស្សអាចរៀបចំគ្រប់ទាំងការលំអិត នៃព្រះជន្មរបស់ព្រះយេស៊ូវ ដើម្បីអោយបាន សម្រេច សេចក្តីទំនាយជាច្រើនដល់ម្ល៉េះនោះឡើយ។ ប៉ុន្តែព្រះជាម្ចាស់ទ្រង់មាន ការគ្រប់គ្រង ហើយសម្រេច គម្រោង របស់ព្រះអង្គក្នុងគ្រប់ការណ៍ដែលកំពុង កើតឡើង។
ការចោទសួរព្រះយេស៊ូវដោយគណៈសាន់ហេឌ្រីន
ឯពួកអ្នកដែលបានចាប់ព្រះយេស៊ូវ គេដឹកនាំទ្រង់ទៅឯលោកកៃផា ជាសំដេចសង្ឃ នៅកន្លែងដែលពួកអាចារ្យ នឹងពួកចាស់ទុំបានប្រជុំគ្នា
២៦:៥៧ ពេលនេះជាពេលរំលងអាធ្រាតពេលដែលគេនាំយកព្រះយេស៊ូវទៅដំណាក់សំដេចសង្ឃដើម្បីសួរ ចម្លើយដោយពួកសាន់ហេឌ្រីន។ គណៈសាន់ហេឌ្រីន ជាពួកអ្នកកាន់ក្តីដែលមានអំណាចបំផុត នៅក្នុង ការសម្រេច រឿងក្តីទាក់ទងនឹងសាសនា។ នៅក្នុងគណៈនោះមាន សមាជិក ៧១ នាក់រួមទាំងពួកសត្រូវ របស់ព្រះយេស៊ូវ ទាំងអស់ (ពួកសង្រ្គាជ ពួកសំដេចសង្ឃ ពួកចាស់ទុំហើយនិងពួកអាចារ្យ)។
នៅក្នុងការកាត់ក្តីនេះ ពួកសាន់ហេឌ្រីនបានធ្វើខុសនឹងក្រឹត្យវិន័យជាច្រើនដើម្បីថ្កោលទោស ព្រះយេស៊ូវ អោយ បានលឿន។ យោងតាមច្បាប់របស់សាសន៍យូដាមិនត្រូវឲ្យមានការកាត់ក្តីនៅពេលយប់ ឬនៅក្នុងថ្ងៃបុណ្យ ណាមួយនោះឡើយ ហើយការកាត់ក្តីត្រូវធ្វើជាសាធារណៈ ហើយនៅក្នុងសាល ដែលនៅក្បែរព្រះវិហារ។ ប៉ុន្តែ ការកាត់ក្តីនេះត្រូវបានធ្វើឡើងដោយឯកជននៅក្នុងដំណាក់របស់ សំដេចសង្ឃក្នុងពេលរំលងអាធ្រាតនៅក្នុងពិធី បុណ្យរំលង។ ច្បាស់ណាស់ ពួកគេចង់អោយការនេះ បានសម្រេចដោយសំងាត់និងឆាប់រហ័ស។
រីឯពេត្រុស គាត់តាមទ្រង់ពីចំងាយទៅ រហូតដល់ព្រះលាននៃសំដេចសង្ឃ ក៏ចូលទៅអង្គុយខាងក្នុង ជាមួយនឹងពួកអាជ្ញា ដើម្បីចង់ឃើញទីបំផុតនៃការនោះ។
២៦:៥៨ ពេត្រុសមានចិត្តក្លាហាននៅក្នុងការដើរតាម។ គាត់ចង់ដឹងថានឹងមានអ្វីកើតឡើងចំពោះ ព្រះយេស៊ូវ។
ចំណែកពួកសង្គ្រាជ នឹងពួកចាស់ទុំ ហើយក្រុមជំនុំទាំងអស់គ្នា គេស្វែងរកសេចក្ដីបន្ទាល់ក្លែងទាស់នឹងព្រះយេស៊ូវ ប្រយោជន៍ឲ្យបានសំឡាប់ទ្រង់ តែទោះបើមានស្មរបន្ទាល់ក្លែងក្លាយមកជាច្រើននាក់ក៏ដោយ គង់តែរកមិនបានសោះ តែក្រោយបង្អស់ មានស្មរបន្ទាល់២នាក់មកចោទថា អានេះបាននិយាយថា ខ្ញុំអាចនឹងបំផ្លាញព្រះវិហារចេញ ហើយនឹងសង់ឡើងវិញ ក្នុងរវាង៣ថ្ងៃបាន
២៦:៥៩-៦០ ទោះបីជាពេលនោះជាពេលរំលងអាធ្រាតហើយក៏ដោយ មានសាក្សីក្លែងក្លាយជាច្រើននៅទីនោះ ។ ពួកគេត្រូវបានរៀបចំរួចដោយពួកសាន់ហេឌ្រីនជាស្រេចទៅហើយ ប៉ុន្តែដោយប្រើតែធ្វើដោយការប្រញាប់ ប្រញាល់ ហើយពួកសាក្សីទាំងនោះ មិនបានត្រៀមរឿងរ៉ាវរបស់ពួកគេនោះឡើយ។ ដើម្បីធ្វើអោយមនុស្សម្នាក់ មានកំហុសនៅក្នុងការកាត់ក្តីត្រូវមានសាក្សីពីរ ឬបីនាក់នៅក្នុងការយល់ព្រមជាមួយនឹងការលំអិតគ្រប់យ៉ាង ទាំងអស់ (ចោទិយកថា ១៩:១៥)។ ប្រសិនបើសាក្សីកុហក ក្រឹត្យវិន័យចែងថាពួកគេត្រូវទទួលទោសដូចគ្នា ជាមួយនឹងជន ជាប់ចោទត្រូវទទួលដែរ (ចោទិយកថា ១៩:១៥-២១)។ ការនេះគឺដើម្បីបញ្ឈប់ការកុហក នៅក្នុងការកាត់ក្តី។ ប៉ុន្តែ ពួកសាន់ហេឌ្រីនមិនបានអនុវត្តក្រឹត្យវិន័យនេះនៅត្រង់កន្លែងនេះឡើយ។ ពួកសាន់ហេឌ្រីនព្យាយាមរកអ្នកណាម្នាក់ ដែលគេអាចរកបានអោយមកធ្វើបន្ទាល់ទាស់នឹងព្រះយេស៊ូវ។ ពួកគេបានសម្រេចចិត្តរួចហើយថា ពួកគេចង់ធ្វើអោយ ព្រះយេស៊ូវមានទោសចំពោះបទឧក្រិដ្ឋមួយចំនួន ប៉ន្តែពួកគេមិនអាចធ្វើបានដោយព្រោះតែព្រះយេស៊ូវមិនដែលបាន ធ្វើបាបណាសោះ។
២៦:៦១ មនុស្សមួយចំនួនចោទប្រកាន់ព្រះយេស៊ូវថា ព្រះអង្គបានមានបន្ទូលថា ព្រះអង្គនឹងបំផ្លាញ ព្រះវិហារ។ ព្រះយេស៊ូវបានមានបន្ទូលថាព្រះវិហារនឹងត្រូវបានបំផ្លាញ (១៣:២) ប៉ុន្តែការនេះនឹងបំផ្លាញ ដោយ ពួករ៉ូម៉ាំង។ ព្រះយេស៊ូវក៏បានមានព្រះបន្ទូលថា «ចូរបំផ្លាញព្រះវិហារនេះចុះ ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់ ឡើងវិញ» (យ៉ូហាន ២:១៩-២២) ប៉ុន្តែព្រះអង្គមានព្រះបន្ទូលអំពី ព្រះកាយរបស់ព្រះអង្គ។ ពួកគេអាចបំផ្លាញ ព្រះវិហារដែលជារូបកាយរបស់ព្រះអង្គដោយការឆ្កាង ប៉ុន្តែព្រះអង្គនឹងមាន ព្រះជន្មរស់ឡើងវិញក្នុងរយៈពេល បីថ្ងៃ។
នោះសំដេចសង្ឃក៏ក្រោកឡើងដណ្តឹងសួរទ្រង់ថា តើឯងមិនព្រមឆ្លើយសោះឬអី សេចក្ដីដែលគេចោទប្រកាន់ឯងទាំងប៉ុន្មាននេះ តើយ៉ាងដូចម្តេច
២៦:៦២ ការកាត់ក្តីបានបន្តពេញមួយយប់ដោយគ្មាលទ្ធផលអ្វីទាល់តែសោះ។ នៅចុងបំផុត លោកកៃផា ជាសំដេច សង្ឃបានដើរតួរជាព្រះរាជអាជ្ញា ហើយបានចោទសួរចម្លើយព្រះយេស៊ូវដោយខ្លួនឯង។ ការនេះខុសច្បាប់យោង តាមច្បាប់ របស់សាសន៍យូដា។
ឯព្រះយេស៊ូវទ្រង់នៅតែស្ងៀម រួចសំដេចសង្ឃបង្គាប់ទ្រង់ថា ចូរស្បថនឹងព្រះដ៏មានព្រះជន្មរស់ចុះ បើឯងជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះមែន នោះចូរប្រាប់យើងមក
២៦:៦៣ ព្រះយេស៊ូវមិនបានឆ្លើយតបនោះឡើយ។ គ្មានទីបន្ទាល់ណាមួយដែលច្បាស់លាស់ប្រឆាំងនឹង ព្រះយេស៊ូវនោះឡើយ ដូច្នេះហើយគ្មានការចោទប្រកាន់ដើម្បីព្រះអង្គឆ្លើយតបឡើយ។ លោកកៃផាបានសួរថា តើព្រះអង្គជា ព្រះមេស៊ីហើយជាព្រះរាជបុត្រានៃព្រះ។
ព្រះយេស៊ូវទ្រង់មានបន្ទូលទៅលោកថា ត្រូវដូចលោកមានប្រសាសន៍ហើយ ១ទៀតខ្ញុំប្រាប់អ្នករាល់គ្នាថា អំណឹះទៅមុខ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយ នៅខាងស្តាំនៃព្រះដ៏មានព្រះចេស្តា ហើយទាំងមកលើពពកនៅលើមេឃផង
២៦:៦៤ ព្រះយេស៊ូវបានឆ្លើយតបជាមួយនឹងលោកកៃផៃថា “ត្រូវដូចលោកមានប្រសាសន៍ហើយ” នៅក្នុងការបញ្ជាក់ថាព្រះអង្គគឺជាព្រះគ្រីស្ទហើយជាព្រះរាជ្យបុត្រានៃព្រះ។ បន្ទាប់មក ព្រះអង្គបានប្រាប់ដល់គណៈសាន់ហេឌ្រីនទាំងមូលតើការពិតនោះមានអត្ថន័យយ៉ាងដូចម្តេច។ ព្រះអង្គបានដកស្រង់ចេញពី ទំនុកដំកើង ១១០:១ និងដានីយ៉ែល ៧:១៣ នៅក្នុងការរៀបរាប់ពីអ្វីដែលនឹងបានកើតមានឡើងបន្ទាប់ពី ការសុគត ការរស់ឡើងវិញ ហើយនឹងការយាងទៅស្ថានសួគ៌របស់ព្រះអង្គ។ ព្រះអង្គទ្រង់នឹងមកលើពពក នៅលើមេឃ ហើយគង់នៅខាងស្តាំនៃព្រះជាម្ចាស់។ ការដែលគង់នៅខាងស្តាំនៃព្រះបង្ហាញថា ព្រះអង្គទ្រង់សោយរាជ្យជាមួយនឹងព្រះវរបិតាដ៏ជា ព្រះរបស់ព្រះអង្គ។
នោះសំដេចសង្ឃក៏ហែកអាវខ្លួន ហើយនិយាយឡើងថា វាបានពោលពាក្យប្រមាថដល់ព្រះ ដូច្នេះ តើយើងចាំបាច់ត្រូវការនឹងទីបន្ទាល់ណាថែមទៀត មើល អ្នករាល់គ្នាទើបនឹងឮពាក្យ ដែលវាប្រមាថនោះស្រាប់ហើយ តើគិតយ៉ាងដូចម្តេច អ្នកទាំងនោះឆ្លើយឡើងថា វាគួរស្លាប់ហើយ
២៦:៦៥-៦៦ លោកកៃផាបានហែកអាវផាយសំដេចសង្ឃរបស់គាត់។ ការដែលហែកអាវនោះជាការបង្ហាញពី ទុក្ខសោកសង្រេង ឬភ័យរន្ធត់ជាខ្លាំង (លោកុប្បត្តិ ៣៧:២៩; ២ ពង្សាវតារក្សត្រ ១៨:៣៧, ១៩:១ អែសរ៉ា ៩:៣)។ ជាការដែលមិនត្រឹមត្រឹមតាមច្បាប់នោះឡើយចំពោះសំដេចសង្ឃនៅក្នុងការធ្វើដូច្នេះ (លេវីវិន័យ ១០:៦)។
ការប្រមាថគឺជាការមើលងាយដល់កិត្តិយស នៃព្រះនាម ភាពរុងរឿង ឬសិទ្ធិអំណាចនៃព្រះ។ លោកកៃផាបានគិត ថាព្រះបន្ទូលរបស់ព្រះយេស៊ូវជាការប្រមាថដោយព្រោះតែព្រះអង្គ ប្រកាសថាព្រះអង្គគង់នៅ ខាងស្តាំនៃព្រះជាម្ចាស់ (ដែលមានន័យថា ចែករំលែករាជ្យបាល្ល័ង្កជាមួយនឹងព្រះ)។
លោកកៃផាមិនមែនជា អ្នកកាត់ក្តីដែលសុចរិតនោះឡើយ។ ជាជាងឱ្យការអនុញ្ញាតឱ្យសមាជិកនីមួយៗ សរសេរសម្រេចចិត្តរបស់ពួកគេ ហើយដាក់វាទៅក្នុងហឹបចាប់ឆ្នោត សម្ងាត់នោះ (ដែលជាការតម្រូវរាល់ទាំងការកាត់ក្តីដែលមានទោសស្លាប់) គាត់បានប្រាប់គ្រប់គ្នានូវសាលក្រមថា “អ្នករាល់គ្នាបានឮពាក្យប្រមាថនេះហើយ” ហើយក្រោយមកសួរគេថា តើគិតយ៉ាងណា។ សមាជិកទាំងអស់នៃ គណៈសាន់ហេឌ្រីនដែលមានវត្តមាននៅទីនោះ បានយល់ស្រប ជាមួយនឹងកៃផា ហើយបានដាក់ទោសព្រះយេស៊ូវថា “គួរស្លាប់ហើយ”។ ការដែលធ្វើដូច្នេះ ពួកគេជាអ្នកដែល ជាប់ មានទោសចំពោះការប្រមាថទៅវិញទេ។
គេក៏ស្តោះដាក់ព្រះភក្ត្រ ហើយដាល់តប់ទ្រង់ មានអ្នកខ្លះទះទ្រង់ ទាំងទូលថា ចូរទាយប្រាប់យើងចុះ ព្រះគ្រីស្ទអើយ តើអ្នកណាបានវាយឯង។
២៦:៦៧-៦៨ ការកាត់ក្តីបានបញ្ចប់ជាមួយនឹងភាពឃោរឃៅ។ ពួកអ្នកដឹកនាំសាសនាមិនមានអំណាច នៅក្នុងការដាក់ទោស ស្លាប់ដូច្នេះហើយពួកគេបានវាយដំព្រះយេស៊ូវវិញ។ ការដែលស្តោះដាក់គឺជាសញ្ញា នៃការបដិសេធ ហើយនឹងកាត់ ចោលចេញ។ ការដែលបង្ខំអោយព្រះអង្គ “ទាយ” គឺអោយព្រះយេស៊ូវប្រាប់ថាអ្នកណាបានវាយព្រះអង្គ។
ឯពេត្រុស គាត់អង្គុយនៅក្នុងព្រះលានឰដ៏ខាងក្រៅ នោះមានបាវស្រីម្នាក់មកឯគាត់និយាយថា អ្នកឯងបាននៅជាមួយនឹងយេស៊ូវ ជាអ្នកស្រុកកាលីឡេនេះដែរ តែគាត់ប្រកែកនៅមុខអ្នកទាំងអស់ថា ខ្ញុំមិនដឹងជាអ្នកថាអ្វីទេ
២៦:៦៩-៧០ ការពិតដែលលោកពេត្រុសបានរង់ចាំទីនោះពេញមួយយប់បង្ហាញថាគាត់ស្រឡាញ់ ព្រះយេស៊ូវ ប៉ុន្តែសេចក្តីស្រឡាញ់របស់គាត់មិនអាចនឹងទ្រាំទ្រចំពោះការល្បងនៃសេចក្តីភ័យខ្លាចបាន ឡើយ។ ផ្ទុយពីសេចក្តីក្លាហានរបស់ព្រះយេស៊ូវនៅចំពោះមុខគណៈសាន់ហេឌ្រីន យើងបានឃើញពី សេចក្តីភ័យខ្លាចរបស់ពេត្រុសក្នុងពេលដែលគាត់បដិសេធព្រះយេស៊ូវនៅចំពោះបាវបំរើ របស់ពួកគេវិញ។
កាលគាត់បានចេញទៅដល់មាត់ទ្វារហើយ នោះបាវស្រីម្នាក់ទៀតឃើញគាត់ ក៏ប្រាប់ដល់ពួកអ្នកនៅទីនោះថា អ្នកនេះបាននៅជាមួយនឹងយេស៊ូវ ជាអ្នកស្រុកណាសារ៉ែតដែរ គាត់ក៏ប្រកែកម្តងទៀត ទាំងស្បថថា ខ្ញុំមិនស្គាល់មនុស្សនោះទេ
២៦:៧១-៧២ លោកពេត្រុសបានចាកចេញពីលានព្ធដ៏ខាងក្រៅ (គាត់ផ្លាស់ប្តូរទីកន្លែងកាន់តែឆ្ងាយពី ព្រះយេស៊ូវ) ប៉ុន្តែនៅតែមានគេស្គាល់គាត់ទៀត។ គាត់បដិសេធព្រះយេស៊ូវជាលើកទីពីរ ពេលនេះថែមទាំងស្បថទៀត។
ក្រោយបន្តិចមក ពួកអ្នកដែលនៅទីនោះ គេមកឯពេត្រុសចោទថា ឯងប្រាកដជាពួកមនុស្សនោះដែរ ដ្បិតសំដីឯងសពីខ្លួនឯងឲ្យដឹងហើយ នោះគាត់ចាប់តាំងប្រមាថ ហើយស្បថថា ខ្ញុំមិនស្គាល់មនុស្សនោះទេ ស្រាប់តែមាន់ក៏រងាវឡើង
២៦:៧៣-៧៤ ពួកអ្នកដែលនៅទីនោះបានដឹងថា ពេត្រុសជាសិស្សរបស់ព្រះយេស៊ូវដោយព្រោះតែសំនៀងរបស់គាត់។ ពួកសាសន៍យូដាពីកាលីឡេមានសំនៀង ខុសប្លែកពីគេ (ម៉ាថាយ ២៦:៦៩)។ ពេត្រុសមានការភ័យខ្លាច ដូច្នេះហើយគាត់បាននិយាយថា គាត់មិនស្គាល់ ព្រះយេស៊ូវទេ។ គាត់និយាយពាក្យនោះយ៉ាងខ្លាំងតាមដែលអាច។ គាត់បានស្បថថាគាត់មិនស្គាល់ព្រះយេស៊ូវ ហើយគាត់បានសូម អោយត្រូវបណ្តាសាលើខ្លួនគាត់ (ជារបៀបនៃការសូមអោយព្រះដាក់ទោសគាត់) ប្រសិនបើគាត់កុហក។
សូមចំណាំមើលពីការបដិសេធរបស់លោកពេត្រុសដែលកាន់តែអាក្រក់ឡើង។ ដំបូងគាត់ធ្វើជាមិនស្គាល់ ឬមិនយល់ ពីអ្វីដែលបាវស្រីនោះនិយាយ (ខ៦៩-៧០)។ ក្រោយមក គាត់បដិសេធថាមិនមែនជាសិស្សរបស់ ព្រះយេស៊ូវនោះ ឡើយ (ខ៧០-៧១)។ ចុងក្រោយ គាត់បដិសេធថាមិនស្គាល់ព្រះយេស៊ូវទាល់តែសោះ (ខ៧២-៧៤)។ ពេត្រុស បានបរាជ័យនៅក្នុងការប្រយុទ្ធខាងវិញ្ញាណមុនពេលដែលគាត់បានជួបប្រទះជាមួយនឹង ការល្បងនេះ។ ពេលចំនួនបីដងដែលគាត់បាន បរាជ័យនៅក្នុងការអធិស្ឋាននៅក្នុងសួនច្បារ ហើយពេលនេះគាត់ បានបដិសេធ ព្រះយេស៊ូវចំនួនបីដង។
ពេត្រុសនឹកឃើញពីព្រះបន្ទូលនៃព្រះយេស៊ូវ ដែលទ្រង់ប្រាប់គាត់ថា មុនដែលមាន់រងាវ នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ រួចគាត់ក៏ចេញទៅដោយយំក្តួល។
២៦:៧៥ សម្លេងមាន់រងាវជាបានរំលឹកដល់ពេត្រុសពីអ្វី ដែល ព្រះយេស៊ូវ បានមានបន្ទូល។ គាត់មានអារម្មណ៍ខ្មាសអៀនជាខ្លាំង ហើយគាត់បានយំ។ គាត់បាននិយាយថា គាត់នឹងមិនបដិសេធ ព្រះយេស៊ូវនោះឡើយ ប៉ុន្តែគាត់បានបរាជ័យទៅហើយ។ ទោះបីជាពេត្រុសបានបរាជ័យ ត្រង់នេះក៏ដោយ ព្រះយេស៊ូវបានអត់ទោសអោយគាត់ ហើយក្រោយមកគាត់បានប្រកាសដំណឹងល្អដោយ ក្តីក្លាហានដោយ ព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ។ យើងទាំងអស់គ្នាតែងមានពេលបរាជ័យ ប៉ុន្តែដោយព្រោះតែ ការនេះដែលបានកើតឡើងចំពោះលោកពេត្រុស យើងដឹងថាព្រះទ្រង់ក៏អត់ទោសអោយយើងដែរ។




