top of page

ការជំនុំជំរះគ្រប់ជាតិសាសន៍ទាំងអស់

គ្រា​នោះ នគរ​ស្ថាន‌សួគ៌​នឹង​បាន​ដូច​ជា​ស្រី​ព្រហ្មចារី​១០​នាក់ ដែល​យក​ចង្កៀង​រៀង​ខ្លួន ចេញ​ទៅ​ទទួល​ប្ដី​ថ្មោង‌ថ្មី

 

២៥:១ ព្រះយេស៊ូវកំពុងតែបង្រៀនពីសារៈសំខាន់នៃការត្រៀមខ្លួនជាស្រេចសម្រាប់ការយាងត្រឡប់មកវិញ ជាលើកទីពីររបស់ព្រះអង្គ។ 

 

នៅក្នុងវប្បធម៌នេះ ពិធីរៀបមង្គលការគឺនៅផ្ទះកូនក្រមុំ។ បន្ទាប់មក នឹងមានពិធីដង្ហែភ្លើងចង្កៀង នៅតាមផ្លូវនៅពេលយប់ទៅផ្ទះកូនកំលោះ ជាកន្លែងដែលមានពិធីជប់លៀងយ៉ាងធំ។ នៅក្នុង ការប្រៀ​បប្រដូចនេះ ស្ត្រីព្រហ្មចារីទាំងដប់នាក់កំពុងរង់ចាំកូនកំលោះមកដើម្បីឲ្យគេអាចចូលរួមក្នុងក្បួនដង្ហែ ទៅផ្ទះរបស់គាត់។ ​

 

ក្នុង​ពួក​នាង​ទាំង​នោះ មាន​៥​នាក់​មាន​គំនិត ហើយ​៥​នាក់​ល្ងង់ នាង​ល្ងង់​ទាំង​នោះ គេ​យក​តែ​ចង្កៀង​ទៅ តែ​មិន​បាន​យក​ប្រេង​ជាប់​នឹង​ខ្លួន​ផង​ទេ ឯ​ពួក​នាង​មាន​គំនិត​វិញ គេ​បាន​យក​ទាំង​ចង្កៀង ហើយ​នឹង​ប្រេង​ដាក់​ក្នុង​ដប​ទៅ​ជា​មួយ​ផង 

 

​២៥:២-៤ “​ចង្កៀង” គឺជាក្រណាត់ដែលរុំជុំវិញដំបង ហើយជ្រលក់ជាមួយនឹងប្រេង។ ​នៅពេលដែល ចង្រៀងនោះត្រូវបានដុតភ្លើងវានឹងឆេះបានមួយរយៈពេលហើយបន្ទាប់មកត្រូវការជ្រលក់ទៅក្នុងប្រេងម្តង ទៀត។ ​ទាំងស្រ្តីដែលមានគំនិតនិងស្រ្តីដែលល្ងង់សុទ្ធតែមានចង្កៀង ប៉ុន្តែស្ត្រីដែលមានគំនិតបានយក ដបប្រេងទៅជាមួយ ហើយស្រ្តីដែលល្ងង់មិនបានយកនោះឡើយ។ ​ពួកស្រ្តីល្ងង់រំពឹងទុកថា នឹងបានជួប ជាមួយនឹងកូនកំលោះ ប៉ុន្តែពួកគេមិនបានត្រៀមខ្លួនសម្រាប់ការពន្យាពេលរបស់គាត់នោះឡើយ។  យ៉ាងណាម៉ិញ ស្រ្តីដែលមានគំនិតបានត្រៀមខ្លួនជាស្រេចទោះបីជាកូនកំលោះមកនៅពេលក្រោយពេល ដែលបានរំពឹងទុកក៏ដោយ។  

តែ​ដោយ​ព្រោះ​ប្ដី​ក្រ​មក​ពេក បាន​ជា​នាង​ទាំង​នោះ​ងោក‌ងុយ ហើយ​ដេក​លក់​ទៅ

២៥:៥ កូនកំលោះនៅក្នុងការប្រៀបប្រដូចជាតំណាងឲ្យព្រះយេស៊ូវ (៩:១៥; យ៉ូហាន ៣:២៩) ដូច្នេះហើយការប្រៀបប្រដូចគឺអំពីការពន្យាពេលក្នុងការយាងត្រឡប់មកវិញជាលើកទីពីររបស់ព្រះយេស៊ូវ (២៤:៤៨; ២៥:១៩)។ 

 

លុះ​ដល់​កណ្តាល​អធ្រាត្រ ស្រាប់​តែ​ឮ​សូរ​សំរែក​ថា នែ ប្ដី​មក​ហើយ ចូរ​ចេញ​ទៅ​ទទួល​ចុះ ស្រី​ព្រហ្មចារី​ទាំង‌ឡាយ​ក៏​ភ្ញាក់​ឡើង រៀបចំ​ចង្កៀង​រៀង​រាល់​ខ្លួន ឯ​ពួក​នាង​ដែល​ល្ងង់ គេ​និយាយ​ទៅ​ពួក​នាង​មាន​គំនិត​ថា សូម​ចែក​ប្រេង​មក​ឲ្យ​យើង​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​ហើយ 

 

២៥:៦-៨ ​គ្រប់គ្នាបានភ្ញាក់ឡើងដោយព្រោះតែដំណឹងដែលថាកូនកំលោះបានមកដល់ហើយ! ​ពួកគេបានប្រញាប់ប្រញាល់រៀបចំខ្លួន។ ​បន្ទាប់មកពួកស្រ្តីព្រហ្មចារីដែលល្ងង់ទាំងប្រាំនាក់ដឹងថា ពួកគេត្រូវការប្រេងបន្ថែម! 

តែ​ពួក​នាង​មាន​គំនិត​ឆ្លើយ​ឡើង​ថា ទេ ក្រែង​គ្មាន​ល្មម​ដល់​យើង ហើយ​នឹង​នាង​រាល់​គ្នា​ផង ស៊ូ​ទៅ​ឯ​ផ្ទះ​លក់​ប្រេង ទិញ​សំរាប់​ខ្លួន​វិញ​ទៅ 

២៥:៩ ​ស្រ្តីព្រហ្មចារីដែលមានគំនិតមិនអាចនឹងឲ្យប្រេងទៅឲ្យស្រ្តីព្រហ្មចារីដែលល្ងង់បានឡើយ ដោយព្រោះតែចង្កៀងរបស់ពួកគេនឹងរលត់ប្រសិនបើគេចែករំលែកប្រេងនោះ  ដូច្នេះហើយពួកគេប្រាប់នាងទាំងនោះឲ្យទៅទិញពីផ្ទះលក់ប្រេងវិញ។ ​

 

តែ​កំពុង​ដែល​នាង​ទាំង​នោះ​ទៅ​ទិញ ប្ដី​ក៏​មក​ដល់ ហើយ​ពួក​នាង​ដែល​បាន​បំរុង​ជា​ស្រេច ក៏​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​គ្នា រួច​គេ​បិទ​ទ្វារ 

 

២៥:១០ ​ពេលដែលពួកស្រ្តីព្រហ្មចារីដែលល្ងង់ទៅទិញប្រេងនោះ កូនកំលោះបានមកដល់។  ពួកស្រ្តីព្រហ្មចារីដែលមានគំនិតបានទៅជាមួយនឹងគាត់ទៅកាន់ពិធីរៀបមង្គលការ ហើយទ្វារក៏បានបិទ។ ​ ពេលនេះយើងបានឃើញថាហេតុអ្វីបានជាអ្នកទាំងនោះត្រូវបានហៅថា​ ”មានគំនិត” ហើយ។  ពួកអ្នកដែលមានគំនិតគឺជាអ្នកដែលបានត្រៀមខ្លួនជាស្រេចនៅក្នុងការចូលទៅក្នុងពិធីមង្គលការជាមួយនឹងកូនកំលោះ។ ​ ពេលដែលកូនកំលោះ (ព្រះយេស៊ូវ) មកដល់ពិធីជប់លៀងបានចាប់ផ្តើម (៨:១១-១២; ២២:១-៣)។  បន្ទាប់ពីពិធីជប់លៀងបានចាប់ផ្តើមហើយនោះទ្វារនឹងត្រូវបិទ។ ​ វាយឺតពេលទៅហើយ នៅ ក្នុងការដែលត្រៀមខ្លួននៅក្នុងពេលនេះ។ ​​

 

ឯ​នាង​ព្រហ្មចារី​ឯ​ទៀត ក៏​មក​អង្វរ​ថា លោក​ម្ចាស់ៗ​អើយ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង តែ​គាត់​ឆ្លើយ​ថា ខ្ញុំ​ប្រាប់​នាង​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ស្គាល់​នាង​ទេ

 

២៥:១១-១២ ​នៅក្នុងពិធីមង្គលការពិប្រាកដ  អ្នកណាដែលមកយឺតនឹងមានភាពអាម៉ាស់ ប៉ុន្តែ ប្រហែលជានៅតែអនុញ្ញាតឲ្យចូលរួមក្នុងពិធីបាន។  ​ប៉ុន្តែ ​នេះ​ជា​ការប្រៀប្រដូចមួយ ដើម្បីបង្រៀន ពីសេចក្តីពិតខាងព្រលឹងវិញ្ញាណ។ ​ការប្រៀប្រដូចនេះបង្រៀនថាអស់អ្នកដែលមិនបានត្រៀមខ្លួនសម្រាប់ ការយាងមកដល់របស់ស្តេចនោះនឹងត្រូវបដិសេធមិនឲ្យចូលទៅក្នុងរាជ្យនគររបស់ព្រះអង្គឡើយ (២៤:៥០-៥១; ២៥:២៩-៣០;​ ២៥:៤១-៤៤)។  ​មនុស្សជាច្រើននឹងនិយាយថា​ “ព្រះអម្ចាស់  ព្រះអម្ចាស់” ដែលព្យាយាមបង្ហាញពីទំនាក់ទំនង ប៉ុន្តែសេចក្តីពិតនោះគឺថាពួកគេមិនដែលមានទំនា ក់ទំនងពិតប្រាកដជាមួយនឹងកូនកំលោះទាល់តែសោះ (៧:២១-២២)។ 

 

ដូច្នេះ ចូរ​ចាំ​យាម​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ថ្ងៃ​ណា ឬ​ពេល​ណា​ដែល​កូន​មនុស្ស​ត្រូវ​មក​នោះ​ទេ។ 

 

២៥:១៣ ​នេះគឺជាមេរៀនដែលមាននៅក្នុងការប្រៀបប្រដូច។  យើងមិនដឹងថាពេលណាដែលព្រះយេស៊ូវ នឹងយាងត្រឡប់មកវិញនោះឡើយ។ ​ការពិតដែលយើងមិនដឹងថាពេលណាមួយនោះមិនមែនជាលេស ដោះសាររបស់យើងសម្រាប់ការដែលមិនត្រៀមខ្លួននោះឡើយ  ប៉ុន្តែជាហេតុផល ដើម្បីប្រាកដថាយើងតែងតែត្រៀមខ្លួនជានិច្ច។ ​ ពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញ  នឹងមិនមានឳកាសទីពីរសម្រាប់អ្នកដែលមិនបានត្រៀមខ្លួននោះឡើយ។ 

ការប្រៀបប្រដូចអំពីប្រាក់

កាប្រៀបប្រដូចបន្ទាប់ បង្ហាញថាក្នុងចន្លោះរយៈពេលនៃការយាងត្រឡប់មកវិញរបស់ព្រះអង្គគឺ មិនមែន គ្រាន់តែរង់ចាំតែប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបម្រើដោយភាពស្មោះត្រង់។ ​

 

ដ្បិត​ដំណើរ​នេះ​បែប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​រៀប​នឹង​ចេញ​ពី​ស្រុក​ទៅ គាត់​ហៅ​ពួក​បាវ​មក​ប្រគល់​របស់​ទ្រព្យ​ខ្លួន​ទុក​នឹង​គេ បាន​ឲ្យ​ប្រាក់​ទៅ​ម្នាក់​៥​ពាន់ ម្នាក់​ទៀត​២​ពាន់ ហើយ​អ្នក​ទី​បី​១​ពាន់ គឺ​ឲ្យ​គ្រប់​គ្នា​តាម​ដំរិះ​គេ​រៀង​ខ្លួន រួច​ក៏​ចេញ​ទៅ 

 

២៥:១៤-១៥ មួយ “ថាលែនថ៍” គឺជាទំងន់នៃលោហៈដែលមានតម្លៃ។ ​វាពិតជាមានសារៈសំខាន់នៅក្នុង ការដែលបានដឹងថាសូម្បីតែប្រាក់១ ពាន់ (មួយថាលែនថ៍) គឺពិតជាមានតម្លៃខ្លាំងណាស់ ដែលមានតម្លៃស្មើ ៦០០០ ឌីណារី។ ​មួយឌេណារីគឺជាតម្លៃថ្លៃឈ្នួលមួយថ្ងៃរបស់អ្នកស៊ីឈ្នួល។ ​ដូច្នេះហើយ ប្រាក់១ ពាន់ គឺជាថ្លៃឈ្នួលប្រមាណ ៦០០០ ថ្ងៃ (ម្ភៃឆ្នាំ)!  ដូច្នេះ អ្នកបាវ​​ដែល​ទទួល​ប្រាក់ ១ ពាន់ មាន​ប្រាក់​ដូចនឹង​ ប្រាក់​ខែ​ម្ភៃ​ឆ្នាំ ដែល​ជា​ប្រាក់​ច្រើន​ណាស់។

 

ចំនុចសំខាន់នៅត្រង់នេះ គឺមិនមែនបាវណាទទួលបានច្រើនជាងគេនោះទេ តែគឺថាចៅ ហ្វាយ មានចិត្តសប្បុរស ហើយអ្នកបម្រើរបស់គាត់គ្រប់គ្នា ទទួលបានអ្វីដែលមានតម្លៃណាស់ពីគាត់។

ចៅហ្វាយមិនចាំបាច់ត្រូវតែឱ្យប្រាក់ទៅបាវបម្រើគាត់នោះតេ តែគាត់ចង់ឱ្យពួកគេមានឱកាស ប្រើ ប្រាស់ប្រាក់នោះ ដើម្បីបង្កើតប្រាក់បន្ថែមទៀត។ គាត់អាចប្រាក់ទាំង ៨ពាន់ ទៅបាវបម្រើណា ដែល មានសមត្ថភាពជាងគេ។ តែផ្ទុយទៅវិញ គាត់បានចែកប្រាក់ឱ្យពួកគេ ព្រោះគាត់ចង់ឱ្យពួកគេគ្រប់គ្នា មានឱកាស បង្កើតប្រាក់នោះបន្ថែមទៀត។

 

ព្រះអង្គបានប្រទានឱ្យគ្រប់គ្នា “ទៅតាម សមត្ថភាពរបស់គេ”។ នេះគឺជាគោលការណ៍របស់ព្រះគម្ពីរ (ម៉ាថាយ ១៣:៨,  ២ កូរិនថូស ៨:៣, ៨:១១ និង លូកា ១២:២៨)។ ព្រះមិនប្រទានឱ្យយើងមានទំនួលខុសត្រូវ ឬធនធានលើសពីសមត្ថភាពដែលយើង អាចគ្រប់គ្រងវាបាននោះទេ។

 

នោះ​អ្នក​ដែល​ទទួល​៥​ពាន់ ក៏​យក​ប្រាក់​ទៅ​ជួញ​បាន​ចំណេញ​បាន​៥​ពាន់​ទៀត ហើយ​អ្នក​ដែល​ទទួល​២​ពាន់ គាត់​ធ្វើ​ដូច្នោះ​ដែរ ក៏​បាន​ចំណេញ​២​ពាន់​ទៀត

 

២៥:១៦-១៧ បាវបម្រើពីរនាក់យល់ពីការទទួលខុសត្រូវដែលបានប្រគល់ឲ្យពួកគេ ហើយបានទៅធ្វើការភ្លាមៗ។ ​​

 

តែ​ឯ​អ្នក​ដែល​ទទួល​តែ​១​ពាន់ វា​ទៅ​ជីក​ដី​កប់​ប្រាក់​របស់​ចៅហ្វាយ​វិញ 

 

២៥:១៨ ប៉ុន្តែ បាវបំរើម្នាក់មិនបានធ្វើអ្វីទាល់តែសោះជាមួយនឹងប្រាក់ដែលបានប្រគល់ឲ្យគេនោះ។ ​

 

យូរ​ក្រោយ​មក ចៅហ្វាយ​របស់​បាវ​ទាំង​នោះ​ត្រឡប់​មក​វិញ គិត​បញ្ជី​នឹង​គេ

២៥:១៩ ​ម្តងទៀត ចៅហ្វាយចំណាយពេលយ៉ាងយូរនៅក្នុងការត្រឡប់មកវិញ (ខ៥; ២៤:៤៨)។ ​យ៉ាងណាម៉ិញ  ពេលដែលគាត់បានវិលត្រឡប់មកវិញគាត់នឹងគិតបញ្ជីនឹងគេគ្រប់គ្នារៀងៗ ខ្លួនតាម ការដែលគេបានប្រព្រឹត្ត ​(១៦:២៧; ២ កូរិនថូស ៥:១០)។ 

 

ចំណែក​អ្នក​ដែល​បាន​ទទួល​៥​ពាន់ ក៏​យក​៥​ពាន់​ទៀត​មក​ជំរាប​ចៅហ្វាយ​ថា លោក​ចៅហ្វាយ លោក​បាន​ប្រគល់​ប្រាក់​៥​ពាន់​មក​ខ្ញុំ មើល ខ្ញុំ​បាន​ចំណេញ​៥​ពាន់​ទៀត ចៅហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ‌ត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ កាល​អ្នក​ដែល​ទទួល​២​ពាន់​បាន​មក​ដល់ នោះ​ក៏​ជំរាប​ថា លោក​ចៅហ្វាយ លោក​បាន​ប្រគល់​២​ពាន់​មក​ខ្ញុំ មើល ខ្ញុំ​បាន​ចំណេញ​២​ពាន់​ទៀត ចៅហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ‌ត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ

 

២៥:២០-២៣ វាពិតជាសំខាន់ណាស់ ដែលយើងកត់ចំនាំអំពី បាវបម្រើទាំង ២ ដែលប្រើប្រាក់របស់ពួកគេ ទទួលបាន ការឆ្លើយតបដូចគ្នា ពីចៅហ្វាយ។ វាមិនមែនអំពី ប្រាក់ដែលពួកគេរកបានទេ តែអំពីការដែល ពួកគេផ្ដល់ការបម្រើ ល្អ និងស្មោះត្រង់ទៅកាន់ចៅហ្វាយរបស់ខ្លួនវិញ។

 

ពាក្យគន្លឹនោះគឺ ភាពស្មោះត្រង់។ នៅពេលយើងបម្រើ វាមិនមែនជាភាព “ជោគជ័យ” ឬ “ជះឥទ្ធិពល” ឬ “មានប្រជាប្រិយ” នោះទេ ដែលសំខាន់នោះ។ អ្វីដែលសំខាន់នោះ គឺភាពស្មោះត្រង់ក្នុងការធ្វើអ្វីដែលចៅហ្វាយ របស់យើង ប្រាប់ឱ្យយើងធ្វើ។ តើ ចៅហ្វាយរបស់ខ្ញុំអាចជឿទុកចិត្តខ្ញុំឱ្យធ្វើអ្វីតាមបំណងព្រះហឬទ័យទ្រង់ទេ? 

 

បើអ្នកជាបាវបម្រើរបស់ព្រះ គោល ដៅរបស់អ្នក គឺត្រូវតែមានភាពស្មោះត្រង់ជានិច្ច។ នៅពេលដែលចៅហ្វាយរបស់យើង (ព្រះយេស៊ូវ) ត្រឡប់មកវិញ (នៅពេលទ្រង់យាងមកជាលើកទីពីរ) ទ្រង់នឹងប្រទានរង្វាន់។ រង្វាន់សម្រាប់បាវបម្រើល្អ និងស្មោះត្រង់ គឺការបង្កើនទំនួលខុសត្រូវ និងចូលទៅក្នុងសេចក្ដីអំណររបស់ចៅហ្វាយ។ សេចក្ដីអំណរនេះ សម្ដៅទៅលើការចូល ទៅក្នុងនគរស្ថានសួគ៌ ដែលជានគរនៃសេចក្ដីអំណរ (រ៉ូម ១៤:១៧)!

 

ឯ​អ្នក​ដែល​បាន​ទទួល​១​ពាន់ វា​ក៏​ចូល​មក​ជំរាប​ចៅហ្វាយ​ថា លោក​ចៅហ្វាយ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌រ៉ឹង​ណាស់ លោក​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប‌ព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ ដូច្នេះ ខ្ញុំ​នឹក​ខ្លាច ក៏​ទៅ​កប់​ប្រាក់​១​ពាន់​នេះ​ទុក​ក្នុង​ដី ហ៏ ខ្ញុំ​សូម​ប្រគល់​របស់​លោក​ជូន​លោក​វិញ 

 

២៥:២៤-២៥ បាវបម្រើបានឱ្យប្រាក់ត្រឡប់ទៅចៅហ្វាយវិញ។ គាត់មិនបានធ្វើអ្វីជាមួយអ្វីដែលចៅហ្វាយ របស់គាត់ឱ្យទៅគាត់ នោះទេ។ កំហុសរបស់បាវបម្រើនេះ គឺថាគាត់មិនបានស្គាល់ចរិតលក្ខណៈពិតប្រាកដ របស់ចៅហ្វាយខ្លួននោះទេ។ គាត់គិតថា ចៅហ្វាយ គាត់គឺជា “មនុស្សតឹងរ៉ឹង” ជាជាងស្គាល់ថា គាត់គឺជាមនុស្សសប្បុរស ព្រមទាំងឱ្យឱកាសបាវ បម្រើ របស់គាត់ទៀត។

 

ចៅហ្វាយ​ក៏​ឆ្លើយ​តប​ថា បាវ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស​អើយ បើ​ឯង​ដឹង​ថា អញ​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប‌ព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ នោះ​គួរ​តែ​ឯង​បាន​យក​ប្រាក់​ទៅ ផ្ញើ​ទុក​នឹង​អ្នក​ចង​ការ​ចុះ លុះ​ដល់​អញ​មក​វិញ នោះ​នឹង​បាន​ប្រាក់​អញ ទាំង​ដើម ទាំង​ការ​ផង ដូច្នេះ ចូរ​ដក​ប្រាក់​១​ពាន់​នោះ​ពី​វា​ចេញ ឲ្យ​ដល់​អ្នក​ដែល​មាន​១​ម៉ឺន​វិញ 

 

២៥:២៦ ការដែលនិយាយតាមពាក្យដែលបាវនោះបានរិះគន់ដល់គាត់នោះ  ចៅហ្វាយមិនបានយល់ស្រប ថាវាជាការពិត

នោះឡើយ។ ​ផ្ទុយទៅវិញ  គាត់បានបណ្តោយឲ្យពាក្យរបស់បាវបំរើនោះថ្កោលទោសគាត់ ដោយខ្លួនឯងវិញ។ ​

២៥:២៧-២៨ ​បាវបំរើអាចនឹងបង្កើនអ្វីដែលបានប្រគល់ឲ្យគាត់ដោយងាយស្រួលដោយការយកទៅដាក់ ជាមួយនឹងអ្នកចងការ។ ​ផ្ទុយទៅវិញ គាត់បានបាត់បង់គ្រប់យ៉ាងពេលដែលចៅហ្វាយបានយកប្រាក់ ដែលបានប្រគល់ឲ្យគាត់នោះវិញ។ ​

ដ្បិត​នឹង​ឲ្យ​ដល់​អស់​អ្នក​ដែល​មាន ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ឡើង តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ហូត​យក ទាំង​របស់​អ្វី​ដែល​អ្នក​នោះ​មាន​ផង ឯ​បាវ​ឥត​ប្រយោជន៍​នោះ ចូរ​បោះ​វា​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។ 

 

២៥:២៩-៣០ មេរៀននៅក្នុងការប្រៀបប្រដូចគឺថា​ ក្តីរំពឹងចំពោះការយាងវិលត្រឡប់មកវិញជាលើកទីពីរ របស់ព្រះយេស៊ូវគួរតែបណ្តាលចិត្តដល់គ្រីស្ទានគ្រប់គ្នាឲ្យបំរើ។ ព្រះយេស៊ូវបំពាក់បំប៉នមនុស្សឱ្យបម្រើ ព្រះអង្គ។ ទ្រង់ឱ្យរង្វាន់ទៅកាន់ បាវបម្រើល្អ និងស្មោះត្រង់ ដូច្នេះហើយយើងគួរតែប្រើអ្វី ដែលទ្រង់បាន ប្រទានឱ្យយើង ដើម្បីសាងសង់នគរទ្រង់នៅ លើផែនដីនេះ។ ​អស់អ្នកដែលបានប្រើអ្វី ដែលព្រះបានប្រទានឲ្យគេនៅក្នុងការបំរើព្រះអង្គនឹងត្រូវបានបំពាក់ប្រដាប់ដើម្បីឲ្យបានធ្វើការកាន់តែច្រើនឡើងនៅក្នុងរាជ្យនគររបស់ព្រះអង្គ។ ​អ្នកដែលមិនប្រើ  នឹងបាត់បង់អ្វីដែលគេមិនបានប្រើនោះ ហើយមិនបានចូលទៅក្នុងរាជ្យនគររបស់ព្រះអង្គឡើយ។ ​

 

ការជំនុំជំរះគ្រប់ជាតិសាសន៍ទាំងអស់

តែ​កាល​ណា​កូន​មនុស្ស​នឹង​មក ក្នុង​សិរី‌ល្អ​របស់​លោក មាន​ទាំង​ពួក​ទេវតា​បរិសុទ្ធ​ទាំង​អស់​គ្នា​មក​ជា​មួយ នោះ​លោក​នឹង​ឡើង​គង់​លើ​បល្ល័ង្ក​រុងរឿង​ឧត្តម​របស់​លោក រួច​គ្រប់​ទាំង​សាសន៍​នឹង​ត្រូវ​ប្រមូល​គ្នា នៅ​ចំពោះ​លោក ហើយ​លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​ជា​អ្នក​គង្វាល ដែល​ញែក​ចៀម​ចេញ​ពី​ពពែ​ដែរ រួច​នឹង​ដាក់​ចៀម​នៅ​ខាង​ស្តាំ ហើយ​ពពែ​នៅ​ខាង​ឆ្វេង 

 

២៥:៣១ ព្រះយេស៊ូវកំពុងតែបង្រៀនអំពីសារៈសំខាន់នៃការត្រៀមខ្លួនជាស្រេចសម្រាប់ការយាងត្រឡប់មក វិញរបស់ព្រះអង្គ។ ​ពេលនេះព្រះអង្គរៀបរាប់ពីការជំនុំជំរះដែលនឹងកើតឡើងពេលដែលព្រះអង្គយាងត្រឡប់ មកវិញ។ ​ព្រះយេស៊ូវគឺជា “កូនមនុស្ស” ដែលនឹងមកក្នុងសិរីល្អរបស់ព្រះអង្គក្នុងនាមជាស្តេចដើម្បីមក សោយរាជ្យលើផែនដី។ ​

២៥:៣២-៣៣ មនុស្សទាំងអស់នឹងត្រូវប្រមូលមកនៅខាងមុខបល្ល័ង្ករបស់ព្រះអង្គ (១៣:៤១; ១៣:៤៩;  ២៤:៣១) ហើយព្រះអង្គនឹងជំនុំជំរះ “គ្រប់ជាតិសាសន៍” គឺជា  មនុស្សទាំងអស់នៅក្នុងពិភពលោក។ ​នៅចុងបំផុត ព្រះយេស៊ូវនឹងញែកមនុស្សម្នាក់ៗចេញជាពីរក្រុម ដូចជាអ្នកគង្វាលចៀមញែកចៀមចេញពី ពពែនៅចុងបញ្ចប់នៃថ្ងៃនិមួយៗដែរ។ ​

 

នោះ​លោក​ដ៏​ជា​ស្តេច នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​នៅ​ខាង​ស្តាំ​ថា ឱ​ពួក​អ្នក​ដែល​ព្រះវរ‌បិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ​មក ពី​ព្រោះ​យើង​បាន​ឃ្លាន ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​បរិភោគ យើង​បាន​ស្រេក ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​ផឹក យើង​ជា​អ្នក​ដទៃ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​យើង យើង​នៅ​អាក្រាត ហើយ​អ្នក​រាល់​គ្នា​បាន​ស្លៀក‌ពាក់​ឲ្យ​យើង យើង​បាន​ឈឺ ហើយ​អ្នក​រាល់​គ្នា​បាន​មក​សួរ​យើង ក៏​ជាប់​គុក ហើយ​អ្នក​រាល់​គ្នា​បាន​មក​ឯ​យើង

 

២៥:៣៤-៣៦ អស់អ្នកដែលបានដាក់នៅខាងស្តាំរបស់ព្រះអង្គគឺជា “ពួក​អ្នក​ដែល​ព្រះវរ‌បិតា​យើង ​បាន​ប្រទាន​ពរ​”។  ប្រយោគនេះនៅក្នុងភាសាក្រិចបង្ហាញថាគេបានទទួលព្រះពរពីព្រះកាលពីមុន ហើយបន្តទទួលបាន ព្រះពរដល់ពេលឥលូវនេះ។ ពួកគេទទួលបានព្រះពរក្នុងពេលឥលូវនេះគ្រា ដែលគេទទួលបាននគរព្រះ ជាមរតក ប៉ុន្តែតាមការពិតពួកគេមានព្រះពរ “តាំងពីមុនដើមកំណើតលោកីយ មក” ​ ដោយព្រោះតែ ពេលនោះជាពេលដែល​ព្រះវរ‌បិតា​បានរៀបចំនគរសម្រាប់ពួកគេ (អេភេសូ ១:៤,  ១:១១; វិវរណៈ ១៣:៨)។ ​ ​ ​ ​ការនេះបង្ហាញថាសេចក្តីសង្រ្គោះរបស់ពួកគេគឺជាអំណោយទាននៃព្រះគុណ នៃព្រះ មិនមែនជា អ្វីដែលពួកគេទទួលបានដោយការប្រព្រឹត្តិរៀបរាប់នៅក្នុង ខ​៣៥-៣៦ ​នោះឡើយ។ 

នោះ​ពួក​មនុស្ស​សុចរិត​នឹង​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ស្រេក​ឃ្លាន ហើយ​បាន​ថ្វាយ​ទ្រង់​សោយ​ពី​កាល​ណា តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ជា​អ្នក​ដទៃ ហើយ​បាន​ទទួល​ទ្រង់​ពី​កាល​ណា ឬ​ទ្រង់​អាក្រាត ហើយ​បាន​បំពាក់​ថ្វាយ​ទ្រង់​ពី​កាល​ណា តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឈឺ ឬ​ជាប់​គុក ហើយ​បាន​មក​ឯ​ទ្រង់​ពី​កាល​ណា

 

២៥:៣៧-៣៩ ពេលនេះពួកគេត្រូវបានហៅថា “មនុស្សសុចរិត” ដោញព្រោះតែព្រះយេស៊ូវជាចៅក្រម ទើបតែបានប្រកាសថាពួកគេសុចរិត។ ​ ​សូមកត់សម្គាល់ថា នេះ​មិន​មែន​ជា​ពេល​ដែល​ព្រះ​យេស៊ូ​វជំនុំជំរះ​ ពួក​គ្រីស្ទាន​នោះឡើយ។ ​គ្រីស្ទានដឹងថាពួកគេបានសង្រ្គោះដោយព្រះគុណតាមរយៈសេចក្តីជំនឿលើ ព្រះគ្រីស្ទ ហើយបានជ្រើសរើសបំរើព្រះអង្គ។ ​ ប៉ុន្តែសូមចំណាំថានៅក្នុងខទាំងនេះថាពួក “មនុស្សសុចរិត” មានការភ្ញាក់ផ្អើល ដោយព្រោះតែពួកគេមិនបានដឹងថាគេបានធ្វើអ្វីមួយចំពោះព្រះយេស៊ូវនោះឡើយ។ ​ពួកគេដឹងថាពួកគេបានធ្វើកិច្ចការសប្បុរសទាំងនេះចំពោះមនុស្ស ប៉ុន្តែពួកគេមិនបានគិតថា គេបានធ្វើចំពោះព្រះយេស៊ូវនោះឡើយ។ ​

 

នោះ​ស្តេច​នឹង​ឆ្លើយ​ទៅ​គេ​ថា យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ

 

២៥:៤០ ព្រះយេស៊ូវនឹងប្រទានរង្វាន់ដល់មនុស្សចំពោះកិច្ចការសប្បុរសដែលគេធ្វើចំពោះ “អ្នក​តូច​បំផុត​ ក្នុង​ពួក​បង​ប្អូន​យើង​”។  ​នៅក្នុងដំណឹងល្អម៉ាថាយ  “បងប្អូន ”​របស់ព្រះយេស៊ូវ សំដៅលើសិស្សរបស់ ព្រះអង្គ (គឺជា គ្រប់គ្នាដែលធ្វើតាមបំណងព្រះហឫទ័យនៃព្រះ​  ១២:៤៩-៥០; ២៨:១០)។  ព្រះយេស៊ូវ សន្យាថានឹងគង់នៅជាមួយនឹងសិស្សព្រះអង្គក្នុងពេល ដែលគេចេញទៅ គ្រប់ជាតិសាសន៍ក្នុងនាម ជាតំណាងរបស់ព្រះអង្គ (២៨:១៩-២០)។  ហេតុនេះហើយ  គ្រប់ទាំងការល្អ ដែលមនុស្សធ្វើចំពោះសិស្ស របស់ព្រះអង្គ ព្រះអង្គប្រទានរង្វាន់ដល់គេដូចដែលគេបានប្រព្រឹត្តិចំពោះ ព្រះអង្គផ្ទាល់ (១០:៤០-៤២)។ 

 

​ដូច្នេះហើយ ព្រះយេស៊ូវកំពុងតែបង្រៀនថាមនុស្សនឹងត្រូវជំនុំជំរះ អាស្រ័យលើការដែលពួកគេប្រព្រឹត្តិ ចំពោះអ្នកនាំសារដែលព្រះអង្គចាត់ពួកគេឲ្យទៅ។  ការដែលទទួល អ្នកនាំសាររបស់ព្រះយេស៊ូវគឺ បានទទួលព្រះអង្គ(១៨:១-៥)។ សេចក្តីសប្បុរស ដែលបានបង្ហាញដល់ពួកគេ គឺជាសេចក្តីសប្បុរស ដែលបានបង្ហាញដល់ព្រះអង្គ ហើយព្រះអង្គនឹងប្រទានពរដល់អស់អ្នកណា ដែលប្រព្រឹត្តិយ៉ាងដូច្នេះ ជាមួយនឹងអំណោយទាននៃសេចក្តីសង្រ្គោះដោយព្រះគុណព្រះអង្គ។ ​

 

រួច​ទ្រង់​នឹង​មាន​បន្ទូល​ទៅ​ពួក​ខាង​ឆ្វេង​ទៀត​ថា ពួក​អ្នក​រាល់​គ្នា​ដែល​ត្រូវ​បណ្តាសា​អើយ ចូរ​ថយ​ពី​អញ​ចេញ ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ដែល​បាន​រៀបចំ​ទុក​សំរាប់​អារក្ស ហើយ​នឹង​ពួក​ទេវតា​របស់​វា​វិញ 

 

២៥:៤១ ​ការដែលប្រៀបធៀបខនេះជាមួយនឹងខទី ៣៤​បង្ហាញពីភាពខុសគ្នារវាងពីលទ្ធផលពីរ ដែលនឹងកើតមានឡើងនៅក្នុងថ្ងៃជំនុំជំរះ។ ​មនុស្សម្នាក់ៗអាចនឹងត្រូវបានប្រាប់ថា​ “មក”​ ឬថា “ថយ​ពី​អញ​ចេញ”;​ ហើយនឹង “​បាន​ប្រទាន​ពរ​”​ ឬត្រូវ “បណ្តាសា”;​ ហើយនឹង “ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា”​ ឬ ទៅក្នុង “​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ដែល​បាន​រៀបចំ​ទុក​សំរាប់​អារក្ស ហើយ​នឹង​ពួក​ទេវតា​របស់​វា​”។  

វាពិតជាសំខាន់ខ្លាំងណាស់នៅក្នុងការនឹកចាំថា ព្រះមិនបានរៀបចំស្ថាននរកសម្រាប់មនុស្សនោះឡើយ ប៉ុន្តែព្រះអង្គបានរៀបចំស្ថានសួគ៌សម្រាប់មនុស្សវិញ។ ​រាជ្យនគរស្ថានសួគ៌ត្រូវបានរៀបចំសម្រាប់មនុស្ស “តាំង​ពី​កំណើត​លោកីយ​មក” ដែលបង្ហាញថា នេះតែងតែជាបំណងព្រះហឫទ័យព្រះសម្រាប់មនុស្ស នៅក្នុងការទទួលបានរាជ្យនគរទុកជាមរដក។ ​យ៉ាងណាម៉ិញ  ភ្លើងដែលឆេះអស់កល្បជានិច្ច មិនត្រូវបានរៀបចំតាំង​ពី​កំណើត​លោកីយ​មកនោះឡើយ ហើយក៏មិនបានរៀបចំសម្រាប់មនុស្សដែរ។ ​វាត្រូវបានរៀបចំសម្រាប់អារក្ស ហើយនឹងពួកទេវតារបស់វា (អារក្ស)។ វាដោយព្រោះតែមនុស្សបានធ្វើតាម គំរូរបស់អារក្សហើយនឹងពួកទេវតារបស់វាដោយការបដិសេធ ហើយនឹងបះបោរទាស់នឹងព្រះ ដែលពួកគេនឹងត្រូវបញ្ជូនទៅក្នុងស្ថាននរកដែរតែប៉ុណ្ណោះ។ ​

ពី​ព្រោះ​អញ​បាន​ឃ្លាន តែ​ឯង​រាល់​គ្នា​មិន​បាន​ឲ្យ​បរិភោគ​ទេ អញ​បាន​ស្រេក តែ​ឯង​រាល់​គ្នា​មិន​បាន​ឲ្យ​ផឹក​ទេ អញ​ជា​អ្នក​ដទៃ តែ​ឯង​រាល់​គ្នា​មិន​បាន​ទទួល​សោះ អញ​នៅ​អាក្រាត តែ​ឯង​រាល់​គ្នា​មិន​បាន​ស្លៀក‌ពាក់​ឲ្យ​អញ​ទេ អញ​ក៏​ឈឺ ហើយ​នៅ​ជាប់​គុក តែ​ឯង​រាល់​គ្នា​មិន​បាន​មក​សួរ​សោះ

 

២៥:៤២-៤៣ ពួក​អ្នក​ដែល​ត្រូវបណ្តាសា​បានបង្ហាញពីការបដិសេធរបស់ពួក​អ្នកចំពោះព្រះយេស៊ូវ ដោយការដែលគេមិនបានយកចិត្តទុកដាក់ចំពោះអ្នកនាំសារ របស់ព្រះអង្គ។ ​

 

រួច​គេ​នឹង​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឃ្លាន ឬ​ស្រេក ឬ​ជា​អ្នក​ដទៃ ឬ​នៅ​អាក្រាត ឬ​ឈឺ ឬ​ជាប់​គុក ហើយ​មិន​បាន​ទៅ​ជួយ​ទ្រង់​នោះ​ពី​កាល​ណា នោះ​ទ្រង់​នឹង​មាន​បន្ទូល​តប​ថា អញ​ប្រាប់​ឯង​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​មិន​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​យ៉ាង​តូច​បំផុត ក្នុង​ពួក​អ្នក​ទាំង​នេះ នោះ​ឈ្មោះ​ថា​មិន​បាន​ធ្វើ​ដល់​អញ​ដែរ

 

២៥:៤៤ ការពិតដែលថា ទាំងពួក​អ្នក​ដែល​ត្រូវបាន​ប្រទាន​ពរ​ (ខ៣៧-៣៩) ហើយនឹងពួក​អ្នក ​ដែល​ ត្រូវបណ្តាសា​ (ខ៤៤) មានអារម្មណ៍ភ្ញាក់ផ្អើល មានសារៈសំខាន់ខ្លាំងណាស់។ គ្មានអ្នកណាម្នាក់ក្នុង ចំណោមអ្នកទាំងនោះដឹងថា ការប្រព្រឹត្តិរបស់ពួកគេចំពោះគ្រីស្ទានអាចកំណត់ពីរបៀដែលគេនឹងត្រូវ ជំនុំជំរះនោះឡើយ។ ​​

 

២៥:៤៥​ ពួកគេមិនបានដឹងថាព្រះយេស៊ូវបានរាប់សិស្សរបស់ព្រះអង្គយ៉ាងជិតស្និតចំពោះអ្វី ដែលគេ ធ្វើដាក់ពួកសិស្ស គឺជាការដែលគេធ្វើដាក់ព្រះអង្គនោះឡើយ។ ​ហេតុនេះហើយ  ពួកគេបានជួបផ្ទាល់ ជាមួយនឹងព្រះយេស៊ូវជាច្រើនដងដោយមិនបានដឹងទាល់តែសោះ ហើយក៏បានជួយព្រះអង្គឬមិនបាន ជួយព្រះអង្គផងដែរ។ ​

 

ឯ​ពួក​អ្នក​ទាំង​នោះ​នឹង​ថយ​ទៅ មាន​ទោស​អស់‌កល្ប​ជានិច្ច តែ​ពួក​សុចរិត​នឹង​ចូល​ទៅ​ក្នុង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​វិញ។ 

 

២៥:៤៦ ពាក្យដែលបកប្រែមកថា “អស់កល្បជានិច្ច” (αἰώνιον)​ មានន័យថា “ថិតថេរនៅជារៀងរហូត” ឬ “នៅក្នុងជំនាន់ដែលនឹងត្រូវមក”។   

 

ជីវិតអស់កល្បជានិច្ចគឺជាការដែលបាននៅជាមួយព្រះនៅក្នុងជំនាន់ដែលនឹងត្រូវមក ហើយជំនាន់នោះ នឹងថិតថេរនៅជារៀងរហូត។  ​យើងអានអំពីការនេះនៅក្នុង វិវរណៈ ជំពូកទី ២១ និង ២២។ ​ការដាក់ទោសអស់កល្បជានិច្ចគឺជាការដែលត្រូវដាច់ចេញពីព្រះនៅក្នុងជំនាន់ដែលត្រូវមក ហើយនឹង ថិតថេរនៅជារៀងរហូត។ ​ប៉ុន្តែ តើអ្វីទៅជាការដាក់ទោសយ៉ាងពិតប្រាកដ?  ព្រះយេស៊ូវមានបន្ទូល អំពីព្រលឹង និងរូបកាយដែលនឹងត្រូវ “​វិនាស​ទៅ​ក្នុង​នរក​” (១០:២៨) ហើយនឹងពីផ្លូវដែលងាយស្រួល “ដែល​នាំ​ទៅ​ឯ​សេចក្ដី​ហិន‌វិនាស” (៧:១៣)។  ដូច្នេះហើយ មើលទៅការដាក់ទោសគឺជា ការធ្វើអោយវិនាស (២ ថែស្សាឡូនីច ១:៩)។  ការពិតដែលថាវាគឺជា “ការដាក់ទោសអស់កល្បជានិច្ច” មានន័យថា ការធ្វើអោយវិនាស គឺថិតថេរនៅជារៀងរហូត នៅក្នុងជំនាន់ដែលនឹងត្រូវមក។ ​ 

bottom of page