
គេឆ្កាងព្រះយេស៊ូវ
ដល់ព្រឹកឡើង ពួកសង្គ្រាជ នឹងពួកចាស់ទុំនៃបណ្តាជន គេពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសំឡាប់ទ្រង់ ក៏ចងទ្រង់ដឹកបញ្ជូនទៅឯចៅហ្វាយស្រុកឈ្មោះប៉ុនទាស-ពីឡាត់។
២៧:១ ព្រះយេស៊ូវបានផ្តន្ទាទោសពីបទប្រមាថ។ ទោសដែលត្រូវចំពោះការប្រមាថ គឺត្រូវចោលនឹងថ្មដល់ស្លាប់ (លេវីវិន័យ ២៤:១៦) ប៉ុន្តែពួករ៉ូម៉ាំងមិនអនុញ្ញាតអោយ សាសន៍យូដាដាក់ទោសស្លាប់ដល់អ្នកណាម្នាក់នោះឡើយ (យ៉ូហាន ១៨:៣១)។ ដូច្នេះហើយ គណៈសាន់ហេឌ្រីនបានរៀបចំគម្រោងនៅក្នុងការបញ្ចុះបញ្ចូលចៅហ្វាយ ក្រុងរ៉ូម៉ាំងបង្គាប់ទោសស្លាប់ ដល់ព្រះយេស៊ូវ។ ពួកគេដឹងថា ពួករ៉ូម៉ាំងមិនខ្វល់ខ្វាយពីបញ្ហាសាសនារបស់សាសន៍ យូដានោះឡើយ ដូច្នេះហើយ ពួកគេបានផ្លាស់ប្តូរបទចោទដែលទាស់នឹងព្រះយេស៊ូវ។ ពួកគេថាព្រះយេស៊ូវ បានហាមឃាត់ប្រជាជនមិនឲ្យបង់ពន្ធដល់រ៉ូមហើយប្រកាសថាជាស្តេច (លូកា ២៣:១-២)។ វាមិនមែនជា ការពិតនោះឡើយ ប៉ុន្តែបទចោទប្រកាន់ពីការក្បត់ជាតិជាបទឧក្រិដ្ឋដែលរ៉ូម៉ាំងមិនអាចមិនអើពើបានឡើយ។ ដូច្នេះហើយ ព្រះយេស៊ូវត្រូវបានគេបញ្ជូនទៅដល់ពួកសាសន៍ ដូចដែលព្រះអង្គបានមានបន្ទូលថា នឹងកើតឡើង (២០:១៩)។
២៧:២ លោកប៉ុនទាស ពីឡាត់គឺជាចៅហ្វាយក្រុងរ៉ូមនៅក្នុងស្រុកយូដាចាប់ពីឆ្នាំ ២៦ គ,ស ដល់ ឆ្នាំទី ៣៦ គ,ស។ នៅក្នុងពិធីបុណ្យរំលង ក្រុងយេរូសាឡិមពេញដោយហ្វូងមនុស្ស ដែលមានសាសន៍យូដាប្រមាណជា ២លាននាក់ មកប្រារព្ធពីការដែលលោកម៉ូសេបានដឹកនាំឰយុកោ របស់ពួកគេអោយបានរួចពីការគ្រប់គ្រងរបស់ប្រទេសអេស៊ីព្ទ។ ពេលនោះមានទាហានរ៉ូម៉ាំងតែ ១០០០ នាក់តែប៉ុណ្ណោះដើម្បីការពារ។ លោកពីឡាត់មានការភ័យខ្លាច ហើយ ព្យាយាមជៀសវាងពីការ អ្វីមួយដែលធ្វើអោយហ្វូងមនុស្សបង្ករទៅជាបញ្ហាហើយប្រឆាំងទាមទារសេរីភាពពីការត្រួតត្រារបស់រ៉ូម៉ាំង។
កាលយូដាស ជាអ្នកបញ្ជូនទ្រង់ បានឃើញថា ទ្រង់ជាប់ទោសដូច្នោះ នោះវានឹកស្តាយ ក៏យកប្រាក់៣០ទៅឲ្យដល់ពួកសង្គ្រាជ នឹងពួកចាស់ទុំវិញ ដោយពាក្យថា ខ្ញុំបានជាធ្វើបាប ដោយបញ្ជូនឈាមឥតមានទោសហួសទៅហើយ តែគេឆ្លើយថា តើនោះអំពល់អ្វីដល់យើង ការនោះស្រេចនៅឯងទេតើ
២៧:៣-៤ នៅព្រឹកបន្ទាប់ យូដាសមានអារម្មណ៏ស្តាយក្រោយដោយព្រោះតែគាត់ដឹងថាគាត់បានធ្វើខុស។ គាត់បានព្យាយាមយកប្រាក់នៅប្រគល់ទៅឲ្យពួកសំដេចសង្ឃវិញដើម្បីឲ្យគាត់អាចរួចពីកំហុសរបស់គាត់ ប៉ុន្តែគេមិនព្រមយកវិញហើយបានប្រាប់គាត់ឲ្យទទួលខុសត្រូវជាមួយនឹងកំហុសរបស់គាត់ដោយខ្លួនឯង។
ចោទិយកថា ២៧:២៥ ហាមមិនឲ្ទទួលសំណូកនៅក្នុងការកំចាយឈាមដែលឥតមានកំហុស។ ដោយព្រោះតែការនេះទាស់នឹងក្រិត្យវិន័យរបស់ព្រះនៅក្នុងការទទួលសំណូកនៅក្នុងការកំចាយឈាមដែលឥតកំហុសនោះ ការនោះច្បាស់ណាស់ថាវាពិតជាខុសនៅក្នុងការផ្តល់សំណូកនៅក្នុងការកំចាយឈាម ដែលឥតទោស។ ហេតុនេះហើយ ពួកសំដេចសង្ឃ ហើយនឹងពួកចាស់ទុំមានទោសដែរ។ យូដាសបានក្បត់ឈាមដែលឥតមានទោស ប៉ុន្តែពួកគេបានកាត់ទោសឈាមដែលឥតកំហុសវិញ។
វាក៏បោះប្រាក់ចោលទៅក្នុងព្រះវិហារ រួចចេញទៅក្រៅអួលស្ទះស្លាប់ទៅ
២៧:៥ យូដាបានបោះប្រាក់នៅទៅក្នុងព្រះវិហារ។ វាគឺជារបៀបដែលគាត់និយាយទៅកាន់ពួកសង្ឃថា “អ្នករាល់គ្នាក៏មានទោសដូចគ្នាដែរ”។ បន្ទាប់មក គាត់បានចាកចេញហើយបានចងកសម្លាប់ខ្លួនទៅ។
ឯពួកសង្គ្រាជ គេរើសប្រាក់នោះមកនិយាយថា ប្រាក់នេះគ្មានច្បាប់នឹងដាក់ទុកក្នុងឃ្លាំងទេ ពីព្រោះជាថ្លៃឈាម
២៧:៦ ម្តងទៀត យើងបានឃើញពីការលាក់ពុតលរបស់ពួកសំដេចសង្ឃ។ ពួកគេមិនចង់ធ្វើឲ្យខ្លួនគេ ទៅជាស្មោកគ្រោកព្រោះតែប្រាក់ថ្លៃឈាម ទោះបីជាវាគឺជាប្រាក់ដែលពួកគេបានសូកយូដាសក៏ដោយ។ មុននេះប្រាក់នោះមិនមែនជាប្រាក់ថ្លៃឈាមនោះឡើយ។ប្រាក់សាមសិបរៀលនោះបានត្រឡប់ជាប្រាក់ថ្លៃឈាមនៅពេលដែលពួកគេបានប្រើវាដើម្បីនឹងជួលឲ្យយូដាសក្បត់ព្រះយេស៊ូវ។ ដូច្នេះហើយ ពួកសង្រ្គាជបានធ្វើឲ្យប្រាក់នោះត្រឡប់ជាប្រាក់ថ្លៃឈាម។ ពួកគេបារម្ភថាប្រាក់នោះនឹងធ្វើឲ្យគេទៅជាមិនស្អាត ប៉ុន្តែពួកគេទេជាអ្នកដែលបានធ្វើឲ្យប្រាក់នោះទៅជាមិនស្អាត!
លុះគេបានពិគ្រោះគ្នាហើយ ក៏យកប្រាក់នោះទៅទិញដីវាលរបស់ជាងស្មូន ទុកសំរាប់ជាទីកប់ខ្មោច នៃសាសន៍ដទៃវិញ ដោយហេតុនោះបានជាគេហៅវាលនោះថា «វាលឈាម» ដរាបដល់សព្វថ្ងៃនេះ
២៧:៧-៨ ដីរបស់ជាងស្មូនគឺជាដីកន្លែងប្រមូលដីឥដ្ឋដែលបានទុកចោល ដូច្នេះហើយវាមានតម្លៃតិច ណាស់។ ពួកសំដេចសង្ឃបានទិញដីនោះដើម្បីប្រើនៅក្នុងការកប់ខ្មោចរបស់សាសន៍ដទៃ ដែលស្លាប់ក្នុង ក្រុងយេរូសាឡិម។
នោះបានសំរេចតាមទំនាយ ដែលហោរាយេរេមា បានទាយទុកមកថា «គេបានយកប្រាក់៣០ ជាដំឡៃព្រះអង្គ ដែលគេបានកាត់ថ្លៃឲ្យ គឺដែលពួកកូនចៅសាសន៍អ៊ីស្រាអែលបានកាត់ថ្លៃនោះ ហើយគេឲ្យប្រាក់នោះទៅទិញដីវាលរបស់ជាងស្មូន ដូចជាព្រះអម្ចាស់ទ្រង់បានបង្គាប់ខ្ញុំ»។
២៧:៩-១០ ទាំង យេរេមា (ជំពូក ១៨ និង ១៩) ហើយនឹងសាការី (ជំពូក ១១) បានកត់ត្រាអំពីជាងស្មូន។ លោកម៉ាថាយបានលើកឡើងពីយេរេមាដោយព្រោះតែគាត់ជាហោរា ដែលគ្រប់គ្នាបានស្គាល់ ប៉ុន្តែគឺសាការី ដែលបានកត់ត្រាអំពីប្រាក់សាមសិបដួង។សាការី ១១:១២-១៣ ចែងថា នោះខ្ញុំនិយាយនឹងគេថា បើឯងរាល់គ្នាឃើញថាល្អ នោះសូមឲ្យឈ្នួលមកអញ ពុំនោះ កុំរវល់អី ដូច្នេះ គេក៏ថ្លឹងប្រាក់៣០ដួងសំរាប់ជាឈ្នួលរបស់ខ្ញុំ រួចព្រះយេហូវ៉ាទ្រង់បង្គាប់មកខ្ញុំថា ចូរបោះប្រាក់នោះឲ្យដល់ជាងស្មូនចុះ គឺជាដំឡៃយ៉ាងល្អ ដែលគេបានកាត់ថ្លៃដល់ខ្ញុំ នោះខ្ញុំក៏យកប្រាក់៣០ដួងនោះ ទៅបោះឲ្យជាងស្មូនក្នុងព្រះវិហារនៃព្រះយេហូវ៉ា
សាការីបានផ្តល់ពីសេចក្តីទំនាយនេះ កាលពីជាង៥០០ឆ្នាំមុន។ គាត់បានប្រកាសថា (១) អ្នកគង្វាលដែលត្រូវបានចាត់ឲ្យទៅដោយព្រះយេហូវ៉ា នឹងត្រូវបដិសេធដោយអ៊ីស្រាអែល (២) គេក៏នឹងបង់ថ្លៃ ប្រាក់៣០ដួងសំរាប់អ្នកគង្វាល ហើយថា (៣) ប្រាក់នោះនឹងត្រូវបោះទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនឹងឲ្យជាងស្មូន។ នៅក្នុងដំណឹងល្អម៉ាថាយ យើងបានឃើញពីការដែលសេចក្តីទាំងនេះ ត្រូវបានសម្រេច (ខ៥, ខ៧-៩)
ឯព្រះយេស៊ូវ ទ្រង់ឈរនៅមុខលោកចៅហ្វាយ ហើយលោកក៏ពិចារណាសួរទ្រង់ថា តើអ្នកជាស្តេចរបស់សាសន៍យូដាឬអី ព្រះយេស៊ូវ ទ្រង់មានបន្ទូលទៅលោកថា ត្រូវដូចលោកមានប្រសាសន៍ហើយ
២៧:១១ លោកភីឡាត់ ជាចៅហ្វាយក្រុងស្រុកយូដា មានសិទ្ធិអំណាចកំពូលនៅក្នុងការដោះលែង ឬ កាត់ទោសមនុស្ស ហើយនៅក្នុងការសម្រេចការដាក់ទោស។ សាសន៍យូដាមានស្តេចជារបស់ខ្លួនគេនោះឡើយ។ ដូច្នេះហើយ លោកពីឡាត់សួរព្រះយេស៊ូវថាតើទ្រង់ជា “ស្តេចរបស់សាសន៍យូដាឬអី” ដើម្បីអោយបានដឹងថាបទចោទពី ទោសក្បត់ជាតិរបស់រ៉ូមនោះពិតដែរទេ។ ចម្លើយរបស់ព្រះយេស៊ូវបានបញ្ជាក់ថាព្រះអង្គទ្រង់គឺជាស្តេចរបស់ ពួកសាសន៍យូដា ប៉ុន្តែមិនមែនតាមអ្វីដែលលោកពីឡាត់គិតស្មាននោះឡើយ (យ៉ូហាន ១៨:៣៣-៣៧)។
តែកាលពួកសង្គ្រាជ នឹងពួកចាស់ទុំចោទប្រកាន់ទ្រង់ នោះទ្រង់មិនបានមានបន្ទូលឆ្លើយសោះ លោកពីឡាត់ក៏ទូលសួរទ្រង់ថា តើអ្នកមិនឮរឿងទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬអី តែព្រះយេស៊ូវ ទ្រង់មិនមានបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះ បានជាលោកចៅហ្វាយឆ្ងល់ខ្លាំងណាស់។
២៧:១២-១៤ ពួកសង្រ្គាជបានបន្តចោទប្រកាន់នឹងព្រះយេស៊ូវ។ ទោះបីជាព្រះយេស៊ូវគ្មានទោសកំហុស ណាមួយក៏ដោយ ព្រះអង្គនៅតែស្ងៀមស្ងាត់ដោយព្រោះតែបេសកកម្មរបស់ព្រះអង្គ គឺដើម្បីសុគតជំនួសអំពើបាបយើង ទាំងអស់គ្នា។ ការដែលធ្វើដូច្នោះ បទគម្ពីរ អេសាយ ៥៣:៧ ត្រូវបានសម្រេច។ ព្រះយេស៊ូវគឺមិនដូចជាមនុស្សផ្សេងទៀតដែលជាប់ទោសនោះឡើយ ហើយលោកភីឡាត់មានការស្ងើចយ៉ាងខ្លាំង (៨:២៧; ៩:៣៣; ១៥:៣១; ២១:២០, ២២:២២)។ លោកភីឡាត់ភ្ញាក់ផ្អើលពីការដែលព្រះអង្គមិនបានព្យាយាមការពារខ្លួនឡើយ។ គាត់ចង់ដោះលែង ព្រះយេស៊ូវ ហើយព្រះយេស៊ូវអាចនឹងបញ្ចុះ បញ្ចូលអោយគាត់ដោះលែងព្រះអង្គយ៉ាងងាយស្រួល។ នៅក្នុងភាពស្ងប់ស្ងាត់របស់ព្រះអង្គ យើងបានឃើញថា ព្រះអង្គបានលះបង់ព្រះជន្មដោយស្ម័គ្រចិត្ត។ ព្រះយេស៊ូវបានសម្រេច ព្រះទ័យ ១០០% នៅក្នុងការធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាព្រះអង្គ ហើយយាងឆ្ពោះទៅកាន់ ឈើឆ្កាង។ គ្មានអ្វីមួយនិងអ្នកណាម្នាក់ដែលអាចបញ្ឈប់ព្រះអង្គ ពីការនេះបានឡើយ។
ឯនៅបុណ្យនោះ លោកចៅហ្វាយតែងធ្លាប់លែងអ្នកទោសម្នាក់ ឲ្យដល់ហ្វូងមនុស្ស តាមគេសូម
២៧:១៥ ដោយព្រោះតែលោកពីឡាត់ចង់ផ្គាប់ចិត្តដល់សាសន៍យូដានៅក្នុងពិធីបុណ្យរំលងនោះ ជារៀងរាល់ ឆ្នាំគាត់តែងតែដោះលែងអ្នកទោសម្នាក់។ លោកពីឡាត់សង្ឃឹមថា ទម្លាប់នៃការដោះលែង អ្នកទោសនេះអាចនឹងធ្វើឲ្យគាត់ដោះលែងព្រះយេស៊ូវ ដែលគាត់បានដឹងថាជាមនុស្សសុចរិត (ខ១៨-១៩) ហើយក៏ជាការដែលអាចផ្គាប់ចិត្ត ដល់សាសន៍ យូដាជាមួយគ្នាដែរ។
នៅគ្រានោះ គេមានអ្នកទោសម្នាក់ ដែលមានល្បីឈ្មោះៗបារ៉ាបាស ដូច្នេះ កាលគេបានប្រជុំគ្នាជាស្រេច នោះលោកពីឡាត់សួរថា តើអ្នករាល់គ្នាចង់ឲ្យខ្ញុំលែងឈ្មោះណា បារ៉ាបាស ឬយេស៊ូវ ដែលហៅថា ព្រះគ្រីស្ទ
២៧:១៦-១៧ មានអ្នកទោសមួយចំនួនដែលជាប់គុកដោយព្រោះតែបានវាយប្រហារលើទាហានរ៉ូម៉ាំង។ ក្នុងចំណោម អ្នកទាំងនោះមានបារ៉ាបាស។ គាត់ជាចោរប្លន់ (យ៉ូហាន ១៨:៤០) ជាឃាតករ (លូកា ២៣:១៨-១៩) ហើយជាមេនៃពួកបះបោរដែលបានព្យាយាមផ្តួលរំលំរដ្ឋាភិបាលរ៉ូម៉ាំង នៅក្រុងយេរូសាឡឹម។ ដូច្នេះហើយ បារ៉ាបាសជាអ្នក ដែលមានទោសនៃប្រព្រឹត្តបទឧក្រិដ្ឋ ដែលព្រះយេស៊ូវត្រូវបានចោទប្រកាន់មិនពិត នោះគឺជាទោសក្បត់ជាតិ។
ដ្បិតលោកបានជ្រាបថា គេបញ្ជូនទ្រង់ដោយចិត្តឈ្នានីសទេ កាលលោកកំពុងតែអង្គុយនៅក្នុងទីកាត់ក្តី នោះប្រពន្ធលោកប្រើបំរើមកជំរាបថា កុំឲ្យធ្វើអ្វីដល់មនុស្សសុចរិតនោះឡើយ ដ្បិតនៅថ្ងៃនេះ ខ្ញុំបានយល់សប្តិកើតទុក្ខជាច្រើន ដោយព្រោះមនុស្សនោះ
២៧:១៨-១៩ លោកពីឡាត់ដឹងថា មូលហេតុដែលពួកសំដេចសង្ឃប្រឆាំងនឹងព្រះយេស៊ូវ គឺមិនមែនមានចិត្តស្មោះត្រង់របស់ពួកគេចំពោះរ៉ូមនោះឡើយ ប៉ុន្តែគឺដោយភាពច្រណែនឈ្នានីសរបស់គេ ចំពោះព្រះយេស៊ូវទៅវិញទេ។ ប៉ុន្តែគាត់មានចិត្តស្ទាក់ស្ទើរនៅក្នុង ការដោះលែងព្រះយេស៊ូវ ទោះបីជាគាត់បានដឹងថាព្រះអង្គគ្មានទោសក៏ដោយ។ គាត់បានព្យាយាមធ្វើឲ្យប្រជាជនជួយសម្រេចនៅក្នុង ការដោះលែងព្រះយេស៊ូវ ជាជាងទទួលខុសត្រូវចំពោះ ការនោះតែម្នាក់ឯង ដោយព្រោះតែគាត់មិនចង់ធ្វើឲ្យពួកអ្នកដឹកនាំសាសន៍យូដាខឹង។
បន្ទាប់មក ប្រពន្ធរបស់គាត់បានឲ្យគេមកប្រាប់ពីសុបិន្តរបស់គាត់។ គាត់បានហៅព្រះយេស៊ូវថាជា “មនុស្សសុចរិត”។ យូដាសជាមនុស្សក្បត់ (ខ៤) លោកពីឡាត់ជាចៅហ្វាយរ៉ូម៉ាំងដែលអាក្រក់ (ខ២៣) ហើយប្រពន្ធរបស់គាត់ (ខ១៩) ទាំងអស់អាចមើលឃើញនូវអ្វីដែលពួកសំដេចសង្ឃ និងពួកចាស់ទុំ បដិសេធមិនព្រមទទួលស្គាល់ថា៖ ព្រះយេស៊ូវឥតមានកំហុស!
តែពួកសង្គ្រាជ នឹងពួកចាស់ទុំ គេបញ្ចេះហ្វូងមនុស្ស ឲ្យសូមបារ៉ាបាសវិញ ហើយឲ្យបំផ្លាញព្រះយេស៊ូវបង់ នោះលោកចៅហ្វាយចាប់ពាក្យសួរគេថា ក្នុងមនុស្ស២នាក់នេះ តើចង់ឲ្យខ្ញុំលែងអ្នកណា គេឆ្លើយឡើងថា សូមលែងបារ៉ាបាសចុះ
២៧:២០-២១ គ្រាដែលលោកពីឡាត់នៅស្ទាក់ស្ទើរនោះ ពួកសំដេចសង្ឃនិងពួកចាស់ទុំបានបញ្ចុះបញ្ចូល ហ្វូងមនុស្សឲ្យជ្រើសរើសបារ៉ាបាសវិញ។ មនុស្សនៅក្នុងក្រុងយេរូសាឡិមបានជ្រើសរើសឃាតករម្នាក់ ជំនួសឲ្យព្រះមែស្ស៊ីរបស់ពួកគេ។
លោកពីឡាត់សួរគេថា ដូច្នេះ តើឲ្យខ្ញុំធ្វើអ្វីដល់យេស៊ូវ ដែលហៅជាព្រះគ្រីស្ទនេះ អ្នកទាំងអស់គ្នាក៏ឆ្លើយឡើងថា ចូរឆ្កាងវាទៅ នោះលោកចៅហ្វាយសួរថា តើអ្នកនេះបានធ្វើខុសអ្វី តែគេស្រែកកាន់តែខ្លាំងឡើងថា ចូរឆ្កាងវាទៅ
២៧:២២-២៣ លោកពីឡាត់ព្យាយាមដោះលែងព្រះយេស៊ូវ (យ៉ូហាន ១៨:៣៨; ១៩:៦, ១៩:១២) ប៉ុន្តែ ហ្វូងមនុស្សទាមទារអោយប្រហារជីវិតព្រះយេស៊ូវ។ លោកពីឡាត់សួរថា “តើអ្នកនេះបានធ្វើខុសអ្វី?” ប៉ុន្តែគាត់មិនទទួលបានចម្លើយ អ្វីនោះឡើយ ដោយព្រោះតែគ្មានអ្នកណាម្នាក់អាចឆ្លើយបាន។ ព្រះយេស៊ូវគ្មានកំហុសនោះឡើយ។ ប៉ុន្តែពួកគេនៅតែទាមទារ “ចូរឆ្កាងវាទៅ”។
ការឆ្កាងត្រូវបានបង្កើតឡើងដោយចក្រភពពើស៊ីនៅក្នុងឆ្នាំ ៥១៩ មុន គ,ស។ ដែកមុតស្រួចត្រូវបានបោះទំលុះ កដៃឬបាទដៃហើយនឹងជើងដើម្បីភ្ជាប់អ្នកទោសអោយជាប់ជាមួយនឹង ឈើឆ្កាង។ ពួកអ្នកជាប់ឆ្កាងនឹងត្រូវរងទុក្ខ រយៈបីបួនថ្ងៃមុនពេលដែលស្លាប់ដោយព្រោះតែស្នាមរបួស ភាពស្រេកឃ្លាន និងខ្វះជាតិទឹក ហើយនិងការដែលស្ថិតក្រោមកំដៅថ្ងៃនៅពេលថ្ងៃ និងភាពត្រជាក់នៅពេលយប់។
កាលលោកពីឡាត់ឃើញថា មិនឈ្នះទេ កើតមានកោលាហលកាន់តែខ្លាំងឡើងដូច្នោះ នោះលោកយកទឹកមកលាងដៃ នៅមុខហ្វូងមនុស្ស ទាំងមានប្រសាសន៍ថា ខ្ញុំគ្មានទោសនឹងឈាមនៃអ្នកសុចរិតនេះទេ ការនេះស្រេចនៅអ្នករាល់គ្នាចុះ
២៧:២៤ អស់រយៈពេលបីដងដែលលោកពីឡាត់បានប្រកាសថាព្រះយេស៊ូវគ្មានទោស ប៉ុន្តែគាត់ចង់ផ្គាប់ចិត្ត ដល់ហ្វូងមនុស្សដោយព្រោះតែគាត់ភ័យខ្លាចថានឹងមានការបះបោរកើតមានឡើង។ ពួកអ្នកដឹកនាំសាសន៍យូដាបាននិយាយថាលោកពីឡាត់នឹង មិនស្មោះត្រង់ចំពោះសេរសា ប្រសិនបើដោះលែងព្រះយេស៊ូវ (យ៉ូហាន ១៩:១២)។ ប្រសិនមានការរាយការណ៍ ដល់សេរសាពីការនេះ លោកពីឡាត់នឹងដាក់ទោស។ លោកពីឡាត់ខ្វល់ខ្វាយពីការថែរក្សាដំណែងរបស់គាត់ជាង ភាពយុត្តិធម៌ ដូច្នេះហើយគាត់បានដោះលែងអ្នកទោសម្នាក់ ហើយបានបញ្ជារអោយប្រហារជីវិតមនុស្សដែលគ្មាន កំហុសម្នាក់។
លោកពីឡាត់ភ័យខ្លាចថានឹងមានការបះបោរកើតមានឡើង។ គាត់បានលាងដៃរបស់ គាត់នៅចំពោះហ្វូងមនុស្ស។ នេះគឺជាទំនៀមទម្លាប់របស់សាសន៍យូដា (មិនមែនរូម៉ាំង) (ចោទិយកថា ២១:៦-៧; ទំនុកដំកើង ២៦:៦; ៧៣:១៣)។ លោកពីឡាត់បានប្រើពាក្យដូចដែលពួកសំដេចសង្ឃ និងពួកចាស់ទុំបាននិយាយទៅកាន់យូដាស (ខ៤) ដើម្បីព្យាយាមរំដោះខ្លួនចេញពីកំហុសណាមួយ។ លោកពីឡាត់បានលាងដៃដើម្បីព្យាយាមធ្វើឲ្យខ្លួនគាត់មិនត្រូវជាប់មានទោសដោយព្រោះតែឈាមរបស់ព្រះយេស៊ូវ ទាំងដែលមិនបានដឹងខ្លួនថាមានតែឈាមព្រះយេស៊ូវតែប៉ុណ្ណោះ ដែលអាចធ្វើឲ្យ មនុស្សគ្រប់គ្នាឥតមានកំហុសបាន។
បណ្តាជនទាំងអស់គ្នាក៏ឆ្លើយឡើងថា ចូរឲ្យឈាមវាធ្លាក់មកលើយើងរាល់គ្នា នឹងកូនចៅរបស់យើងចុះ
២៧:២៥ មនុស្សជំនាន់នេះដែលនៅក្នុងក្រុងយេរូសាឡិម បានទទួលយកខុសត្រូវចំពោះការសុគត របស់ព្រះយេស៊ូវ ហើយនៅក្នុងឆ្នាំ៧០ គ,ស ពួកគេបានទទួលនូវលទ្ធផលពីការនេះ ដោយការដែលទីក្រុងរបស់ពួកគេត្រូវបានបំផ្លាញ។
ដូច្នេះ លោកក៏លែងបារ៉ាបាសឲ្យដល់គេ ឯព្រះយេស៊ូវវិញ កាលគេបានវាយនឹងរំពាត់រួចហើយ នោះក៏បញ្ជូនទៅឲ្យគេឆ្កាងទ្រង់។
២៧:២៦ យើងទាំងអស់គ្នាគឺជាបារ៉ាបាស។ យើងទាំងអស់គ្នាត្រូវបានរំដោះឲ្យមានសេរីភាពដោយព្រោះតែ ព្រះយេស៊ូវត្រូវកាត់ទោស។ យើងទាំងអស់គ្នាមានកំហុស ប៉ុន្តែព្រះយេស៊ូវបានសុគតជំនួសកន្លែង យើងទាំងអស់គ្នា។ នេះគឺជាការសម្រេចនៃសេចក្តីទំនាយនៅក្នុង អេសាយ ៥៣:៥។ “យើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់”។
ការដែលវាត់នឹងខ្សែតីគឺជារបៀបរបបរបស់រ៉ូម៉ាំងមុនពេលដែលឆ្កាង។ ទាហានដោះសម្លៀកបំពាក់របស់បុរសនោះ ហើយគាត់ត្រូវបានអោនចុះ ហើយដៃរបស់គាត់ទាំងខាងត្រូវបានចងផ្អោបទៅក្រោម។ បន្ទាប់មកទាហានពីរនាក់ ម្នាក់ឈរម្ខាង វាយខ្នងទទេរបស់គាត់ជាមួយខ្សែតីដែលធ្វើឡើងពីស្បែកប្រាំបួនខ្សែ។ ខ្សែតីនោះមានចុងដែកមុត ស្រួច ហើយនឹងឆ្អឹងដែលចងនៅខាងចុង ដែលអាចហែកស្បែករហូតដល់ឆ្អឹង។ មនុស្សភាគច្រើនស្លាប់ដោយ ការវាយនេះ។
នោះពួកទាហានរបស់លោកចៅហ្វាយ គេក៏នាំព្រះយេស៊ូវទៅក្នុងសាលា រួចប្រមូលក្រុមទាហានទាំងអស់មកទាស់នឹងទ្រង់ គេដោះព្រះពស្ត្រទ្រង់ចេញ ហើយយកអាវក្រហមមកបំពាក់វិញ ក៏ក្រងភួងបន្លាបំពាក់លើព្រះសិរទ្រង់ ហើយយកដើមត្រែងដាក់នៅព្រះហស្តស្តាំ រួចគេលុតជង្គង់នៅចំពោះទ្រង់ ទាំងពោលចំអកថា ថ្វាយបង្គំស្តេចសាសន៍យូដា
២៧:២៧-៣៩ ពួកទាហានបានឮពួកអ្នកដឹកនាំសាសន៍យូដាចោទប្រកាន់ព្រះយេស៊ូវថាបានប្រកាសថាជា ស្តេច។ ដូច្នេះហើយ ពួកគេបានចំអកព្រះយេស៊ូវដោយការធ្វើពុតជាគោរពដល់ព្រះអង្គដូចជាស្តេច។ ពួកគេបានបំពាក់ព្រះពស្តថ្វាយព្រះយេស៊ូវដូចជាស្តេចមួយអង្គ ដោយអាវវែង ម្កុដ និងដំបង។
ពួកគេបានយកអាវវែងពណ៌ក្រហមរបស់ទាហានរូម៉ាំងមកបំពាក់ថ្វាយព្រះអង្គ ដែលដូចជា អាវវែងពណ៌ស្វាយដែលរាជ្យវង្សគ្រង។ បន្ទាប់មកពួកគេបានធ្វើម្កុដពីបន្លា (ដើមល្មើរ)។ ពួកគេមិនបានយល់ពីអ្វីដែលពួកគេកំពុងធ្វើនោះឡើយ ប៉ុន្តែការនោះពិតជាសំខាន់ខ្លាំងណាស់។ បន្លាគឺជា និមិត្តសញ្ញា នៃបណ្តាសានៅលើដីដែលជាលទ្ធផលនៃអំពើបាបរបស់មនុស្ស (លោកុប្បត្តិ ៣:១៧-១៨)។ ពួកទាហានបាន យកនិមិត្តសញ្ញានៃបណ្តាសាលើដី ហើយបានធ្វើទៅជាបន្លា ហើយបានបំពាក់លើព្រះសិរសា ព្រះយេស៊ូវ។ ក្នុងនាមជាស្តេចដែលបានយាងមកដកយកបណ្តាសា នៃអំពើបាបចេញពីយើង ហើយព្រះយេស៊ូវបានទទួលការនោះ។
ពួកគេបានយកដើមត្រែងមកថ្វាយព្រះអង្គដែលដូចជា ដំបងរបស់ស្តេច។ ពាក្យដែលពោលថា “ថ្វាយបង្គំស្តេចសាសន៍យូដា” គឺដូចជាការស្វាគមន៍ដែលមនុស្សទទួលស្វាគមន៍ អធិរាជរ៉ូម៉ាំង “ថ្វាយបង្គំព្រះចៅសេរសា”។ ពួកទាហានដឹងថាសាសន៍យូដាគ្មានស្តេចនោះឡើយ ដូច្នេះហើយ ពាក្យរបស់ពួកគេបានចំអកទាំងព្រះយេស៊ូវនិងសាសន៍យូដា។ ព្រះយេស៊ូវត្រូវបានចំអកដោយអ្នកមិនជឿ នៅថ្ងៃនោះ ជាអ្វីដែលតាមពិតព្រះអង្គគឺជា ហោរា (១៤:៦៥) ស្តេច (១៥:១៨) ហើយជាព្រះអង្គសង្រ្គោះ (១៥:៣១)។
គេស្តោះដាក់ទ្រង់ ក៏យកដើមត្រែងនោះវាយព្រះសិរផង
២៧:៣០ បន្ទាប់ពីចំអក ពួកគេបានវាយព្រះអង្គត្រង់ព្រះសិរសាជាមួយដំបងនិងបានស្តោះដាក់ព្រះអង្គ។ ពួកគេ បានឱនក្រាបហើយធ្វើជាថ្វាយការគោរពដល់ព្រះអង្គ។ ពាក្យទាំងនោះកាន់តែអាក្រក់ នៅក្នុងភាសាក្រិកដែល បង្ហាញថា ពួកគេនៅតែបន្តវាយដំ ស្តោះដាក់ ហើយនឹងថ្វាយបង្គំ។ ការនោះត្រូវបានធ្វើឡើងជាដដែលៗ ម្តងទៀតម្តងហើយម្តងទៀត។ វាគឺជាការបង្ហាញពីភាពដ៏ឃោរឃៅ ជាទីបំផុត។
កាលគេបានចំអកមើលងាយទ្រង់ស្រេចហើយ ក៏ដោះអាវនោះចេញ ហើយបំពាក់ព្រះពស្ត្រទ្រង់ទៅវិញ រួចនាំចេញទៅឆ្កាង។
២៧:៣១ ពួកទាហានបានបំពាក់ព្រះពស្រ្តព្រះអង្គវិញ។ បន្ទាប់មក គេបាននាំព្រះអង្គទៅកន្លែង ខាងក្រៅជញ្ជាំង ទីក្រុងជាកន្លែងដែលត្រូវឆ្កាង (ហេព្រើរ ១៣:១១-១២)។ ពួកគេបានចំណាយពេល យ៉ាងយូរក្នុងការធ្វើដំណើរ កាត់តាមផ្លូវក្នុងក្រុងយេរូសាឡិមដើម្បីអោយពួកសាសន៍យូដាបានឃើញ ហើយភ័យខ្លាចចំពោះអំណាចរបស់រ៉ូម។
កាលបានចេញទៅហើយ នោះគេប្រទះឃើញមនុស្សស្រុកគីរេនម្នាក់ឈ្មោះស៊ីម៉ូន ក៏ចាប់បង្ខំឲ្យលីឈើឆ្កាងទ្រង់ទៅ
២៧:៣២ មនុស្សដែលជាប់ទោសត្រូវតែលីឈើឆ្កាងដោយខ្លួនគេដែលមានប្រវែង ២,៥ ម៉ែត្រ និង ទំងន់ ប្រមាណជា ៣៥ គីឡូក្រាម។ ព្រះយេស៊ូវបានខ្សោយល្វើយដោយការបាត់បង់ព្រះលោហិតដោយការវាយដំ ដូច្នេះហើយ ពួកទាហានបានបង្គាប់អោយមនុស្សម្នាក់ជួយលីឈើឆ្កាងនោះ។ លោកស៊ីម៉ូន មកពីស្រុកគីរេនដែលជាខេត្តមួយរបស់រ៉ូម៉ាំងនៅក្នុងអាហ្រ្វិចខាងជើងដែលមានពួកសាសន៍យូដាជា ច្រើនរស់នៅ។
លុះបានដល់កន្លែងហៅថា គាល់កូថា ដែលស្រាយថាភ្នំរលាក្បាល នោះគេយកទឹកខ្មេះលាយនឹងប្រមាត់ថ្វាយទ្រង់សោយ តែកាលទ្រង់បានភ្លក់មើល នោះទ្រង់មិនព្រមសោយទេ
២៧:៣៣ គាល់កូថា គឺជាភ្នំមួយដែលមានរាងដូចជាលលាដ៏ក្បាល។ ដែលមាននៅភាគខាងជើងនៃក្រុង យេរូសាឡិម ដែលនៅខាងក្រៅជញ្ជាំងក្រុង នៅលើផ្លូវធំ។ នៅទីកន្លែងនេះ យើងបានឃើញពីអំពើបាបដ៏អាក្រក់ របស់មនុស្សហើយនិងភាពអស្ចារ្យនៃសេចក្តីសង្រ្គោះរបស់ ព្រះជាម្ចាស់។
២៧:៣៤ ជាទំនៀមទំលាប់របស់សាសន៍យូដា (យោងតាម សុភាសិត ៣១:៦) ដែលពួកស្រ្តីផ្តល់ស្រាទំពាំង បាយជូរលាយជាមួយនឹងជ័រល្វីងទេសដល់មនុស្ស ដែលនឹងត្រូវប្រហារជីវិត ដើម្បីជួយកាត់បន្ថយការឈឺចាប់។ ពួកទាហានដឹងថាព្រះយេស៊ូវស្រេកទឹក ដូច្នេះហើយពួកគេបានយកទឹកខ្មេះនេះមកថ្វាយ ប៉ុន្តែគេបានបន្ថែមប្រមាត់ចូលទៅក្នុងនោះដើម្បីធ្វើឲ្យ ល្វីងដែលមិនអាចនឹងសោយបាន (ដូចដែលមាន នៅក្នុង ទំនុកដំកើង ៦៩:២១)។
គ្រាបានឆ្កាងទ្រង់ហើយ នោះគេធ្វើឆ្នោតចាប់ចែកព្រះពស្ត្រទ្រង់ ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាបានទាយទុកមកថា «គេបានយកអាវខ្ញុំចែកគ្នា ហើយបានធ្វើឆ្នោតចាប់យកអាវវែងខ្ញុំ» គេអង្គុយចាំយាមទ្រង់នៅទីនោះ
២៧:៣៥-៣៦ ពួករ៉ូមាំងអនុញ្ញាតអោយពួកទាហានយកសម្លៀកបំពាក់របស់មនុស្សដែលគេបានប្រហារ ជីវិត។ ទាហានម្នាក់ៗ បានបំណែកនៃព្រះពស្តរបស់ព្រះយេស៊ូវ។ ពួកគេបានចាប់ឆ្នោតដើម្បីសម្រេចថា អ្នកណា បានអាវវែងរបស់ព្រះអង្គ (យ៉ូហាន ១៩:២៣-២៤)។ការនេះជាការសម្រេចតាម ទំនុកដំកើង ២២:១៨។
ពេលនេះម៉ោង ៩ព្រឹក។ ពួករ៉ូមាំងបានបោះដែកគោលមនុស្សនៅលើដៃ ឬកដៃដែលមានខ្លួន ប្រាណផ្តេកទៅលើឈើឆ្កាងនិងចងខ្សែនៅដើមដៃ។ ជើងទាំងសងខាងត្រូវបានផ្អោបបន្តិចដែលមានប្រអប់ជើង ត្រូវបានបោះដែកគោលទៅលើប្រអប់រាងបីជ្រុង។ មនុស្សដែលត្រូវបានឆ្កាងត្រូវតែព្យាយាមរុញខ្លួនឡើងទៅលើ ដោយប្រើជើង ដើម្បីអាចដកដង្ហើមបាន។ មនុស្សដែលត្រូវបានឆ្កាងភាគច្រើនស្លាប់ដោយសារតែថប់ដង្ហើម។ លោកស៊ីកឺរ៉ូ អ្នកប្រវត្តិវិទូររ៉ូម៉ាំងនៅក្នុងពេលនោះ បានរៀបរាប់ថា “គឺជាភាពព្រៃផ្សៃបំផុងក្នុងចំណោមការដាក់ ទោសដ៏ឃោរឃៅទាំងប៉ុន្មាន”។
យ៉ាងណាមិញ យើងបានយល់ពីឈើឆ្កាងហើយ មិនមែននៅពេលដែលយើងផ្តោតលើភាពឃោរឃៅរបស់ ពួករ៉ូម៉ាំងនោះឡើយ ប៉ុន្តែនៅពេលដែលយើងដឹងពីមូលហេតុពិតរបស់វា៖ នោះគឺជាអំពើបាបរបស់យើង។ យើងបានយល់ពីអត្ថន័យដំណឹងល្អនៅពេលដែលយើងបានយល់ថាយើងជាមនុស្សមានបាប ហើយព្រះគ្រីស្ទ ដែលគ្មានបាបសោះ នោះ ស្ម័គ្រព្រះទ័យទទួលទោសដោយព្រោះបាបយើង។ តើអ្នកអាចសម្លឹងមើល ទៅកាន់ឈើឆ្កាង ហើយនិយាយចេញពីចិត្តថា “ខ្ញុំសមនឹងនៅទីនោះ មិនមែនព្រះយេស៊ូវទេ”? ហើយឈានទៅមុខមួយជំហ៊ានទៀត ដោយការដាក់សេចក្តីទុកចិត្តរបស់អ្នកលើ ទ្រង់ជាព្រះអង្គសង្រ្គោះរបស់អ្នក ទទួលយកអ្វីដែលព្រះអង្គបានធ្វើស ម្រាប់អ្នក។ ព្រះអង្គបានជំនួសកន្លែងរបស់អ្នកហើយបានសុគតសម្រាប់អ្នក។ ព្រះអង្គបានសុគត ដើម្បីឲ្យអ្នក បានជីវិតអស់កល្បជានិច្ច។ នេះហើយជាដំណឹងល្អ។
ក៏បិទប្រកាសដែលកត់ទោសទ្រង់ ដាក់ពីលើព្រះសិរថា «នេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា»
២៧:៣៧ លោកពីឡាត់បានសរសេរថា “ស្តេចរបស់សាសន៍យូដា” នៅលើស្លាកឈើនោះ ដើម្បីបញ្ឈឺចិត្តពួកសង្រ្គាជដែលបានបង្ខំគាត់ អោយធ្វើ ការកាត់ទោសមនុស្សដែលគ្មានកំហុសម្នាក់។ ពួកគេបានជំទាស់ ប៉ុន្តែគាត់បដិសេធមិនព្រមដូរ នោះឡើយ (យ៉ូហាន ១៩:២១-២២)។
នៅវេលានោះ ក៏ឆ្កាងចោរ២នាក់ជាមួយនឹងទ្រង់ដែរ ១ខាងស្តាំ ហើយ១ខាងឆ្វេង។
២៧:៣៨ ចោរដែលនៅខាងស្តាំនិងខាងឆ្វេងព្រះយេស៊ូវបានសម្រេចសេចក្តីទំនាយអេសាយ “គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់” (អេសាយ ៥៣:១២)។ មនុស្សទាំងពីរនាក់នោះ ត្រូវតែងតែបានហៅថា ចោរ២នាក់ ប៉ុន្តែការបកប្រែដែលប្រសើរនោះគឺ ពួកគេជាចោរប្លន់ ឬជាអ្នកបដិវត្ត។ ពួកគេអាចជាអ្នកដែលបានធ្វើបះបោរជាមួយនឹងបារ៉ាបាស។
ឯមនុស្សដែលដើរតាមទីនោះ គេជេរប្រមាថដល់ទ្រង់ ទាំងគ្រវីក្បាល ហើយនិយាយថា ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃអើយ ចូរជួយសង្គ្រោះខ្លួនចុះ បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះឲ្យចុះពីឈើឆ្កាងមក
២៧:៣៩-៤០ ទីកន្លែងនៃការឆ្កាងនោះគឺនៅក្បែរផ្លូវធំ។ ពួកអាចារ្យបានផ្សព្វផ្សាយការកុហករបស់ពួកគេអំពី ព្រះយេស៊ូវដើម្បីអោយមនុស្សដែលដើរចុះឡើងអាចនិយាយសេចក្តីនោះតគ្នា។
ពាក្យរបស់ពួកគេគឺជាការប្រមាថ។ ដោយការនិយាយប្រមាថមិនគោរពចំពោះ ព្រះរាជបុត្រានៃព្រះនោះ មនុស្សទាំងនោះមានទោសពីឧក្រិដ្ឋកម្ម ដែលព្រះយេស៊ូវត្រូវបានកាត់ទោសដោយមិនពិត (២៦:៦៥-៦៦)។
ពាក្យរបស់ពួកគេជាសេចក្តីល្បួង។ “បើឯងជាព្រះរាជបុត្រានៃព្រះមែន” ជាពាក្យដដែលដែលសាតាំងបាននិយាយចំពោះព្រះយេស៊ូវនៅក្នុងទីរហោស្ថាន (ម៉ាថាយ ៤:៣,៦)។ ពេលនេះ គឺជាសេចក្តីល្បួងចុងក្រោយនៅក្នុងការចៀសចេញពីសេចក្តីក្រោធនៃព្រះ ដែលកំពុងតែមកលើព្រះយេស៊ូវ (ខ៤៥-៤៦)។ ប៉ុន្តែដោយព្រោះតែព្រះអង្គ គឺជាព្រះរាជបុត្រានៃព្រះនោះហើយបានជាព្រះអង្គមិនអាចនឹងយាងចុះពីឈើឆ្កាងនោះបាន។ ព្រះរាជបុត្រានៃព្រះតែងតែធ្វើតាមបំណងព្រះហឫទ័យនៃព្រះវរបិតាទ្រង់។
ពាក្យទាំងនេះសម្រេចតាមសេចក្តីទំនាយ (ទំនុកដំកើង ២២:៦-៨)។
ពាក្យរបស់ពួកគេគឺជាពាក្យដែលឥតចំណេះ។ ពួកគេបាននិយាយតាមព្រះបន្ទូលរបស់ព្រះយេស៊ូវអំពី ព្រះវិហារ ប៉ុន្តែពួកគេបានរំលងចំនុចខ្លះ គឺ “ទ្រង់មានបន្ទូលពីព្រះវិហារ ដែលជារូបអង្គទ្រង់” (យ៉ូហាន ២:២១)។ អ្វីដែលព្រះអង្គបានមានបន្ទូលនឹង បានសម្រេចនៅក្នុងពេលឥលូវនេះ នៅចំពោះមុខរបស់ពួកគេ។ ព្រះវិហារដែលជារូបកាយរបស់ ព្រះអង្គកំពុងតែត្រូវបំផ្លាញ ហើយនឹងត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញក្នុងរយៈពេលបីថ្ងៃ។ សេចក្តីបញ្ជាក់ថា ព្រះអង្គគឺជាព្រះរាជបុត្រានៃព្រះនឹងបានឃើញនៅក្នុងរយៈពេលបីថ្ងៃពេលដែល “ព្រះវិហារ” ដែលត្រូវ “សង់ឡើងវិញ” (រូបកាយព្រះអង្គដែលបានរស់ពីសុគតឡើងវិញ)។
ឯពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ នឹងពួកចាស់ទុំ គេក៏ចំអកឲ្យទ្រង់បែបដូច្នោះដែរ ដោយថា វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយសង្គ្រោះដល់ខ្លួនវាបានទេ បើសិនណាវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក នោះយើងនឹងជឿដល់វា វាបានទុកចិត្តនឹងព្រះ ដូច្នេះ បើព្រះសព្វព្រះហឫទ័យនឹងវា សូមទ្រង់ជួយដោះវាឥឡូវចុះ ដ្បិតវាបានថា ខ្ញុំជាព្រះរាជបុត្រានៃព្រះ
២៧:៤១-៤៣ ពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ នឹងពួកចាស់ទុំបាននិយាយពី សេចក្តីពិតនៅពេលដែលគេនិយាយថាព្រះអង្គបាន សង្រ្គោះអ្នកដទៃ។ ព្រះអង្គបានសង្រ្គោះមនុស្ស ពីសេចក្តីស្លាប់ ជំងឺ និងវិញ្ញាណអាក្រក់។ ប៉ុន្តែពេលដែលពួកគេ និយាយថា “ព្រះអង្គមិនអាចសង្រ្គោះខ្លួនឯងបាននោះ” មិនមែនជាការពិតនោះឡើយ។ ព្រះយេស៊ូវអាចនឹងសង្រ្គោះ ព្រះអង្គទ្រង់ ប៉ុន្តែព្រះអង្គមិនសព្វព្រះទ័យក្នុងការធ្វើដូច្នោះទេដោយព្រោះតែព្រះអង្គបានយាងមកដើម្បី និងសង្រ្គោះអ្នកដទៃដោយការសុគតរបស់ព្រះអង្គ។
ពួកគេមិនបានយល់ពីបេសកកម្មរបស់ព្រះអង្គទេ។ ប្រសិនបើព្រះយេស៊ូវយាងចុះពីលើឈើឆ្កាងនោះ ប្រាកដជាគ្មាន "ឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប" នោះឡើយ (២៦:២៦-២៩) គ្មានថ្លៃលោះ (២០:២៨) គ្មានសេចក្តីសង្រ្គោះឲ្យរួចពីបាប (១:២១) គ្មានដំណឹងល្អអំពីរាជ្យនគរ ដើម្បីប្រកាសដល់គ្រប់ជាតិសាសន៍ (២៨:១៨-២០) និងគ្មានការសម្រេចតាមបទគម្ពីរដែរ។ ហេតុនេះហើយ ព្រះទ្រង់មិនរំដោះព្រះរាជបុត្រាព្រះអង្គ ពីឈើឆ្កាងមកនោះឡើយ។ ប៉ុន្តែព្រះអង្គបានរំដោះព្រះអង្គ ពីផ្នូរមកវិញ។ ការនេះគឺជាការអស្ចារ្យ ដែលអាចធ្វើឲ្យមនុស្សជាច្រើនមានសេចក្តីជំនឿលើព្រះយេស៊ូវ។ ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើន ប្រយោជន៍នឹងផ្តាច់បាប
ហើយចោរ២នាក់ ដែលត្រូវឆ្កាងជាមួយនឹងទ្រង់ គេក៏ស្តីឲ្យទ្រង់ដូច្នោះដែរ។
២៧:៤៤ មនុស្សដែលត្រូវបានឆ្កាងជាមួយព្រះយេស៊ូវបានប្រមាថព្រះអង្គ។ លោកលូកាប្រាប់ យើងទាំងអស់គ្នាថាមនុស្សម្នាក់បានធ្វើការប្រែចិត្តក្រោយមក ហើយបានទទួលនូវសេចក្តីសន្យាចំពោះ សេចក្តីសង្រ្គោះដោយព្រះយេស៊ូវផ្ទាល់ (លូកា២៣:៤០-៤៣)។ សូមកត់សម្គាល់ថា លោកម៉ាថាយមិនបានកត់ត្រាច្រើនពីអ្វីដែលព្រះយេស៊ូវបានឆ្លងកាត់នៅលើឈើឆ្កាងនោះឡើយ។ ផ្ទុយទៅវិញ គាត់បានយកចិត្តទុកដាក់ចំពោះ ប្រតិកម្មរបស់មនុស្សពីការឆ្កាងព្រះអង្គ: រួមទាំងពួកទាហាន ពួកអ្នកឆ្លងកាត់ ពួកសំដេចសង្ឃ ពួកអាចារ្យនិងពួកចាស់ទុំ ហើយនឹងមនុស្សពីរនាក់ ដែលត្រូវបានឆ្កាងនៅក្បែរព្រះយេស៊ូវវិញ។ គាត់ធ្វើយ៉ាងដូច្នេះក្រោយហេតុផលពីរ។
ទីមួយ តាមរយៈការកត់ត្រាពីប្រតិកម្មរបស់មនុស្សដែលបាននៅទីនោះ លោកម៉ាថាយ បង្ហាញពីការបដិសេធ ចំពោះព្រះយេស៊ូវដោយពួកសាសន៍យូដានិងការទទួលយកព្រះអង្គ ដោយសាសន៍ដទៃ (ខ៥៤) ដែលជាខ្លឹមសារដ៏សំខាន់នៅក្នុងបទគម្ពីរម៉ាថាយ។
ទីពីរ លោកម៉ាថាយបង្ហាញថា សូម្បីតែចំនុចដ៏តូចបំផុតពីការឆ្កាងនោះក៏ត្រូវបានសម្រេចនៅក្នុងបទគម្ពីរដែរ (ជាពិសេស ទំនុកដំកើង ២២ និង អេសាយ ៥៣) ដែលជាខ្លឹមសារសំខាន់មួយទៀតនៅក្នុងដំណឹងល្អម៉ាថាយ) ដែលបង្ហាញថា គ្រប់យ៉ាងបានកើតមានឡើងដូចដែលព្រះបានមានបន្ទូលថា នឹងកើតឡើងពិតមែន។
តាំងពីថ្ងៃត្រង់ ដរាបដល់ម៉ោង៣រសៀល នោះមានងងឹតដាប គ្របពេញលើផែនដី
២៧:៤៥ នេះជាពេលដ៏សំខាន់បំផុតនៃរយៈពេលបីម៉ោងនៅក្នុងប្រវត្តិសាស្រ្តនៃពិភពលោក។ ពេលនៅម៉ោង ១២ ថ្ងៃត្រង់ នៅថ្ងៃទី ១៤ ខែនីសាន់នៅក្នុង ឆ្នាំ ៣០ គ,ស។ នៅពេលថ្ងៃត្រង់ ភាពងងឹតបានគ្របបាំងផែនដី រហូតដល់ម៉ោង ៣ រសៀល។ ភាពងងឹតនោះប្រៀបដូចជាភាពងងឹត ដែលគ្របបាំងប្រទេសអេស៊ីព្ទនៅក្នុងជំនាន់ លោកម៉ូសេ។ ភាពងងឹតគឺជាបណ្តាសាទីប្រាំបួន ហើយក្រោយមកគឺជាការស្លាប់របស់កូនច្បង (និក្ខមនំ ១០:២២, ១១:៥)។ របៀបដដែលនោះ បានកើតឡើងជាថ្មីនៅត្រង់នេះ។ ផែនដីបានប្រែទៅជាងងឹតយ៉ាងអស្ចារ្យមុនពេល ដែលព្រះរាជបុត្រា នៃព្រះតែមួយសុគត។ ព្រះបានមានបន្ទូលប្រាប់ដល់ហោរាអេម៉ុសថា “នៅថ្ងៃនោះ អញនឹង ធ្វើឲ្យព្រះអាទិត្យលិចទៅ នៅពេលថ្ងៃត្រង់ ឲ្យផែនដីបានទៅជាងងឹត” និង “អញនឹងធ្វើឲ្យមានការយំសោក ដូចជាការយំសោកនឹងកូនតែមួយ” (អេម៉ុស ៨:៩-១០)។ ភាពងងឹតគឺជានិមិត្តសញ្ញានៃការជំនុំជំរះរបស់ ព្រះជាម្ចាស់ (អេម៉ុស ៥:២០)។ ត្រង់នេះ ភាពងងឹតបង្ហាញថា សេចក្តីជំនុំជំរះរបស់ព្រះជាម្ចាស់ បានធ្លាក់ទាស់ នឹងអំពើបាបរបស់មនុស្ស។ ព្រះយេស៊ូវដែលជាពន្លឺនៃពិភពលោកបានយករាល់ ទាំងអំពើបាបរបស់យើងផ្ទុក លើព្រះអង្គទ្រង់។ ព្រះអង្គជាមនុស្សតែមួយដែលបានរស់នៅក្នុងជីវិត ល្អឥតខ្ចោះគ្មានកំហុសណាសោះ ដែល បានសុគតជំនួសមនុស្សមានបាប។
ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ
២៧:៤៦ ភាពងងឹតគឺជានិមិត្តសញ្ញាមួយនៃការដែលព្រះវរបិតាទ្រង់មានវត្តមានឆ្ងាយពីព្រះរាជបុត្រា ព្រះអង្គ។ ជាមួយនឹងការឈឺចាប់ដ៏ខ្លាំង ព្រះរាជបុត្រានៃព្រះបានឆ្លងកាត់ជាមួយនឹងអ្វីដែ លព្រះអង្គមិនធ្លាប់បានឆ្លងកាត់ពី មុនទាល់តែសោះ គឺជាការញែកចេញពីព្រះ ដែលបង្ករឡើងដោយអំពើបាប។
ព្រះបន្ទូលរបស់ព្រះយេស៊ូវជាភាសា អារ៉ាមិច ហើយដកស្រង់ចេញពីទំនុកដំកើង ២២:១។ នេះគឺពេលតែមួយដែលរួមនៅក្នុងដំណឹងល្អ (គឺ ម៉ាថាយ ម៉ាកុស និងលូកា) ជាពេលដែលព្រះយេស៊ូវហៅព្រះជាម្ចាស់ដោយមិនបានហៅព្រះអង្គថា “ព្រះវរបិតា”។ ព្រះបានលះបង់ចោលព្រះអង្គដោយព្រោះតែអំពើបាបយើងទាំងអស់គ្នា។ សេចក្តីក្រោធនៃព្រះទាស់ នឹងអំពើបាប បានធ្លាក់លើព្រះយេស៊ូវ (កាឡាទី ៣:១៣;ចោទិយកថា ២១:២៣)។ យើងមិនអាចនឹងយល់ពីភាពឯកា និងការកើតទុក្ខធ្ងន់ ដែលព្រះយេស៊ូវមាននៅក្នុងពេលនេះនោះឡើយ។ យើងអាចនឹងរងទុក្ខដោយព្រោះតែ អំពើបាបរបស់យើង ហើយនឹងបាបរបស់អ្នកដទៃដែលទាស់នឹងយើង ប៉ុន្តែព្រះយេស៊ូវបានរងទុក្ខសម្រាប់ អំពើបាបរបស់មនុស្សគ្រប់គ្នា ដែលបានធ្វើនៅក្នុងពិភពលោកទាំងមូល ទាំងពីមុន បច្ចុប្បន្ននិងពេលខាងមុខ។ នេះគឺជាការរងទុក្ខដ៏ជ្រាលជ្រៅ បំផុតនៅក្នុងប្រវត្តិសាស្រ្ត។
មានអ្នកខ្លះដែលឈរនៅទីនោះ កាលគេបានឮ នោះក៏និយាយថា វាស្រែកហៅរកលោកអេលីយ៉ាហើយ ស្រាប់តែមានម្នាក់រត់ទៅ យកសារាយរំហួត ជ្រលក់ទឹកខ្មេះជោកដាក់នឹងចុងដើមត្រែង ហុចទៅថ្វាយទ្រង់សោយ តែអ្នកឯទៀតនិយាយថា ឈប់សិន ចាំមើល បើលោកអេលីយ៉ាមកជួយសង្គ្រោះវា។
២៧:៤៧-៤៩ មនុស្សមួយចំនួនបានគិតថាព្រះយេស៊ូវកំពុងតែស្រែកហៅលោកអេលីយ៉ា ប្រហែល ជាដោយ ព្រោះទំនៀមទំលាប់មួយរបស់សាសន៍យូដាដែលថាលោកអេលីយ៉ាងនឹងមកជួយសង្រ្គោះ មនុស្សសុចរិតពេល ដែលគេកំពុងតែរងទុក្ខវេទនា។
កាលព្រះយេស៊ូវ ទ្រង់បានស្រែកជាខ្លាំងម្តងទៀត នោះទ្រង់ប្រគល់វិញ្ញាណទ្រង់ទៅវិញ
២៧:៥០ បន្ទាប់ពីនៅលើប្រាំមួយម៉ោងនៅលើឈើឆ្កាង ព្រះយេស៊ូវបានស្រែកឡើងហើយសុគតទៅ។ ពេលគឺទើបតែកន្លងផុតម៉ោង ៣ រសៀលហើយ។ ពេលនេះអំឡុងពេលចន្លោះ (ម៉ោង ៣-៥រសៀល) ជាពេលដែលកុនចៀមនៃពិធីបុណ្យរំលងត្រូវបានសម្លាប់។ នៅក្នុងពេលនេះ នៅពាសពេញក្រុងយេរូសាឡិម កុនចៀម ដែល គ្មានស្លាកស្នាមត្រូវបានថ្វាយជាយញ្ញបូជាដើម្បីនឹកចាំពីរបៀប ដែលព្រះជាម្ចាស់ ប្រោសប្រជា រាស្រ្តរបស់ព្រះអង្គចេញពីភាពជាទាសករនៅក្នុងប្រទេសអេស៊ីព្ទ។ ប៉ុន្តែសេចក្តីប្រោសលោះ ដ៏ពិតប្រាកដគឺជាអ្វី ដែលកំពុងកើតឡើង នៅខាងក្រៅទីក្រុង នៅលើភ្នំរាងដូចលលាដ៏ក្បាល នៅលើឈើឆ្កាងរបស់រ៉ូម៉ាំង កន្លែងដែលកូនចៀមរបស់ព្រះកំពុងដកយកអំពើបាបរបស់ពិភពលោក នោះទៅវិញទេ។
ជាធម្មតា មនុស្សដែលជាប់ឆ្កាងគ្មានកម្លាំងទៀតនោះឡើយ ជាពិសេសពេលដែលពួកគេរៀបស្លាប់។ ប៉ុន្តែ សម្រែករបស់ព្រះយេស៊ូវមិនមែនជាដង្ហើមចុងក្រោយដ៏ទន់ខ្សោយ របស់មនុស្សដែលហៀបនឹងស្លាប់នោះ ឡើយ។ ជាសម្រែកនៃជ័យជំនះ។ សម្រែកដែលស្រែកនោះគឺថា “ការស្រេចហើយ” (យ៉ូហាន ១៩:៣០)។ “ការស្រេចហើយ” គឺ Τετέλεσται នៅក្នុងភាសាក្រិក។ ពាក្យនេះត្រូវបានកត់ត្រានៅលើឯកសារផ្លូវការ ដែលមានន័យថា “បានបង់ ថ្លៃពេញ”។ ព្រះយេស៊ូវជ្រាបថា បំណុលនៃអំពើបាបរបស់យើងត្រូវបានបង់ថ្លៃ លោះពេញថ្លៃរួចហើយ។ ព្រះអង្គជ្រាបថា ព្រះអង្គអាចប្រគល់ ព្រះវិញ្ញាណរបស់ព្រះអង្គហើយសុគត ដោយជ្រាបថាព្រះអង្គបានសម្រេចគ្រប់យ៉ាងជា ការទាមទារដើម្បីសង្រ្គោះ យើងរួចហើយ (យ៉ូហាន ១០:១៨)។ គ្មានអ្វីមួយដែលយើងអាចបន្ថែមនៅក្នុងសេចក្តីសង្រ្គោះរបស់យើងបាននោះ ឡើយ។ ព្រះគ្រីស្ទ ជាព្រះអង្គសង្រ្គោះរបស់យើង បានបង់ថ្លៃលោះយ៉ាងពេញថ្លៃ ហើយពេល នេះយើងទាំងអស់ គ្នាត្រូវតែទុកចិត្តលើព្រះអង្គឲ្យបានពេញលេញ។
គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា អស់ទាំងផ្នូរខ្មោចក៏របើកឡើង ឯខ្មោចពួកអ្នកបរិសុទ្ធ ដែលដេកលក់ទៅហើយ បានរស់ឡើងវិញជាច្រើន ទាំងចេញពីផ្នូរ ក្នុងពេលក្រោយដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយចូលទៅក្នុងទីក្រុងបរិសុទ្ធ លេចមកឲ្យមនុស្សជាច្រើនឃើញដែរ
២៧:៥១ គ្រាដែលព្រះយេស៊ូវបានសម្រេចអស់ទាំងកិច្ចការរបស់ព្រះអង្គនៅលើឈើឆ្កាងហើយ ព្រះវរបិតាបានធ្វើការអស្ចារ្យមួយចំនួនដែលបង្ហាញពីសារៈសំខាន់ចំពោះអ្វីដែលបានកើតឡើង។ ទាំងវាំងនននៅក្នុងព្រះវិហារនិងថ្មប្រេះដាច់ចេញគ្នា! ផែនដីបានរញ្ជួយ ហើយពួកមនុស្សស្លាប់ មានជីវិតរស់វិញ!
ភ្លាមនោះក្រោយពេលដែលព្រះយេស៊ូវសុគត វាំងននដែលបាំងនៅក្នុងព្រះវិហារបានរហែកចាប់ពីចុង ខ្ពស់រហូតដល់ដី ការនេះបង្ហាញថាជាកិច្ចការរបស់ព្រះជាម្ចាស់។ វាំងនននោះមានកំពស់ ១៨ ម៉ែត្រ ហើយ កម្រាស់ ១០ សង់ទីម៉ែត្រ ដែលជារនាំងបាំងចែកផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុត (និក្ខមនំ ២៦:៣៣; ហេព្រើរ ៩:៣)។ មានតែសំដេចសង្រ្គាជតែប៉ុណ្ណោះដែលអាចចូលបាន ហើយទោះបីជា យ៉ាងនោះក្តីចូលបានតែមួយថ្ងៃ តែប៉ុណ្ណោះក្នុងមួយឆ្នាំគឺជាថ្ងៃនៃការថ្វាយដង្វាយលោះបាប។ ភារៈកិច្ចរបស់គាត់ត្រូវចូលទៅក្នុងទីនោះ ដើម្បីបានប្រោះឈាមគោនៅលើគម្របនៃសេចក្តីសប្បុរស របស់ហឹបសញ្ញា ដើម្បីគ្រប់បាំងអំពើបាប របស់មនុស្ស ពីព្រះភ័ក្រនៃព្រះជាម្ចាស់។ មានតែឈាមតែប៉ុណ្ណោះដែលអាចគ្រប់បាំងអំពើបាបបាន (លេវីវិន័យ ១៧:១១)។
វាំងននត្រូវបានរហែកជាការបង្ហាញថាពេលនេះមនុស្សអាចចូលទៅក្នុងព្រះវត្តមាននៃព្រះតាមរយៈការលោះបាបនៃសេចក្តីសុគតរបស់ព្រះគ្រីស្ទ។ ឥលូវនេះយើងអាចចូលទៅក្នុងព្រះវត្តមាននៃព្រះ(ហេព្រើរ ១០:១៩-២២)។ ការដែលអាចចូលទៅឯព្រះនៅក្នុងពេលនេះគឺតាមរយៈព្រះយេស៊ូវគ្រីស្ទ មិនមែនតាមរយៈពួកសង្ឃនិងព្រះវិហារ ទៀតនោះឡើយ។ ព្រះយេស៊ូវគឺជាសំដេចសង្ឃខ្ពស់បង្អស់ ដ៏អស់កល្បជានិច្ច (ហេព្រើរ ៨:១) ព្រះអង្គបានប្រទាន ព្រះអង្គទ្រង់ជាយញ្ញបូជាដ៏ល្អឥតខ្ចោះ (ហេព្រើរ ៩:១៤) ដើម្បីប្រទានអោយប្រជារាស្រ្តរបស់ព្រះអង្គនូវ “សេចក្ដីប្រោសលោះ នៅអស់កល្បជានិច្ច” (ហេព្រើរ ៩:១២)។ ការសុគតរបស់ព្រះយេស៊ូវគឺជាយញ្ញបូជា ចុងក្រោយ បង្អស់សម្រាប់អំពើបាប (ហេព្រើរ ៧:២៧, ១០:១១-១២)។
មានការរញ្ជួយដីយ៉ាងខ្លាំងនៅគ្រាដែលព្រះយេស៊ូវសុគត ហើយការរញ្ជួយដីទីពីរនៅព្រឹក ដែលព្រះអង្គ មានព្រះជន្មរស់ឡើងវិញ (២៨:២)។
២៧:៥២-៥៣ ផ្នូរខ្មោចបានរបើកឡើងដោយការរញ្ជួយផែនដីដែលបានកើតមានឡើងពេល ដែលព្រះយេស៊ូវសុគត។ បន្ទាប់មក នៅថ្ងៃដែលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកមនុស្សសុចរិតដែលទើបនឹងស្លាប់បានរស់វិញ។ វាគឺជាទីសំគាល់នៃជ័យជំនះរបស់ព្រះយេស៊ូវលើ សេចក្តីស្លាប់។
ឯមេទ័ពនឹងពួកអ្នកដែលចាំយាមព្រះយេស៊ូវជាមួយគ្នា កាលបានឃើញកក្រើកដី នឹងការទាំងប៉ុន្មាន ដែលកើតមកដូច្នោះ នោះក៏ភ័យញ័រជាខ្លាំង គាត់និយាយថា នេះពិតជាព្រះរាជបុត្រានៃព្រះមែន
២៧:៥៤ ពួកទាហានធ្លាប់បានឃើញមនុស្ស ជាច្រើនស្លាប់ដោយសារការឆ្កាង។ ប៉ុន្តែពួកគេបានទទួលស្គាល់ថាការសុគតរបស់ព្រះយេស៊ូវខុសប្លែកពីគេ។ ពួកគេបានឮព្រះយេស៊ូវអង្វរ ដល់ព្រះវរបិតាសម្រាប់ការអត់ទោសដល់ពួកគេពេលដែលគេបានឆ្កាងព្រះអង្គ (លូកា ២៣:៣៤)។ ពួកគេបានឮព្រះយេស៊ូវសន្យាចំពោះចោរដែលប្រែចិត្តថា គាត់នៅបានទៅនៅក្នុងស្ថានបរមសុខ (លូកា ២៣:៤៣)។ ចាប់តាំងពីថ្ងៃត្រង់ដល់ម៉ោង ៣រសៀល ពួកគេបានឈរនៅក្នុងភាពងងឹត ដែលជាបាតុភូតដ៏អស្ចារ្យ។ ពេលដែលភាពងងឹតនោះបានបញ្ចប់ទៅ ពួកគេបានឮពីសម្រែក នៃភាពជោគជ័យរបស់ព្រះយេស៊ូវ ស្រែកថា “ការស្រេចហើយ” ហើយពួកគេបានឃើញពី ការដែលព្រះយេស៊ូវបានប្រគល់ ព្រះវិញ្ញាណព្រះអង្គ។ ភ្លាមនោះ មានការរញ្ជួយដីយ៉ាងខ្លាំង។ ពេលដែលពួកគេបានឃើញពីកាផែនដីញ័រ គេបានយល់ពីសេចក្តីពិ តដ៏អស្ចារ្យអំពីយេស៊ូវយ៉ាងច្បាស់។ ពួកគេបាននិយាយថា “មនុស្សនេះប្រាកដជា ព្រះរាជបុត្រានៃព្រះមែន!”។
នៅទីនោះក៏មានស្ត្រីជាច្រើនដែលមកតាមព្រះយេស៊ូវ ពីស្រុកកាលីឡេ ដើម្បីបំរើទ្រង់ គេឈរមើលពីចំងាយ 56ក្នុងពួកស្ត្រីនោះ មានម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា១ ម៉ារា ជាម្តាយយ៉ាកុប នឹងយ៉ូសេ១ ហើយនឹងប្រពន្ធរបស់សេបេដេ១។
២៧:៥៥-៥៦ ស្រ្តីមួយក្រុមបានឈរមើលពីចំងាយ។ លោកម៉ាថាយបានលើកឡើងពី មនុស្សចំនួនបីនាក់។ ម៉ារា មកពីស្រុកម៉ាក់ដាឡា ជាភូមិមួយនៅខាងត្បូងឈាងខាងលិច នៃសមុទ្រកាលីឡេ។ ស្ត្រីម្នាក់ទៀតឈ្មោះថាម៉ារាអាចជាប្អូនថ្លៃរបស់មាតាព្រះយេស៊ូវ។ សាឡូមេគឺជាម្តាយរបស់ យ៉ាកុប និងយ៉ូហាន។ ស្ត្រីទាំងនេះបានដើរតាមព្រះយេស៊ូវ បានបំរើព្រះអង្គ (ម៉ាកុស ១៥:៤១) ហើយបានផ្គត់ផ្គង់សម្រាប់ព្រះអង្គនិងសិស្សរបស់ព្រះអង្គ (លូកា ៨:១-៣) បានហៅព្រះអង្គថា “ព្រះអម្ចាស់” (យ៉ូហាន ២០:២, ១៣, ១៨) ហើយបានថ្វាយបង្គំព្រះអង្គ (២៨:៩)។ ពួកគេបានបង្ហាញពីភក្តីភាពចំពោះព្រះយេស៊ូវដោយការបង្ហាញខ្លួន នៅក្នុងការសុគតរបស់ព្រះអង្គ។ បុរសទាំងអស់លើកលែងលោកយ៉ូហានបានរត់ចេញ។
ដល់ល្ងាច មានមនុស្សអ្នកមានម្នាក់ ជាសិស្សព្រះយេស៊ូវ ឈ្មោះយ៉ូសែប ដែលនៅភូមិអើរីម៉ាថេ គាត់មកដល់ បានទៅឯលោកពីឡាត់ សូមព្រះសពព្រះយេស៊ូវ លោកពីឡាត់ក៏បង្គាប់ឲ្យប្រគល់ព្រះសពដល់គាត់
២៧:៥៧-៥៨ យ៉ូសែបគឺជាសមាជិកនៃគណៈសាន់ហេឌ្រីន ប៉ុន្តែគាត់មិនបានយល់ព្រមចំពោះការសម្រេច ដាក់ទោសស្លាប់ដល់ព្រះយេស៊ូវនោះឡើយ (លូកា ២៣:៥១)។ គាត់ជា “មនុស្សល្អនិងសុចរិតម្នាក់” (លូកា ២៣:៥០) ដែលជា “សិស្សម្នាក់របស់ព្រះយេស៊ូវ ប៉ុន្តែដោយសំងាត់ដោយព្រោះតែការភ័យខ្លាចចំពោះសាសន៍យូដា” (យ៉ូហាន ១៩:៣៨)។ ប៉ុន្តែគាត់បានបង្ហាញពីភាពក្លាហានរបស់គាត់។ គាត់បានទៅជួបលោកពីឡាត់ ដើម្បីស្នើរសុំសព ព្រះយេស៊ូវ។ ការដែលធ្វើដូច្នេះជាភាពក្លាហានដោយព្រោះតែគ្រប់គ្នាបានដឹងថា គាត់គឺជា សម្លាញ់ម្នាក់របស់ព្រះយេស៊ូវ ដែលជាលទ្ធផលអាចនឹងទទួលនូវការបៀតបៀនពីគណៈសាន់ហេឌ្រីន។
ចោទិយកថា ២១:២២-២៣ បានបង្គាប់ថា មនុស្សម្នាក់ដែលត្រូវបានគេព្យួរនៅលើ ឈើត្រូវតែកប់នៅក្នុងថ្ងៃដដែលនោះ ដើម្បីកុំឲ្យទឹកដីនោះត្រឡប់ទៅជាមិនស្អាត ដោយព្រោះតែ មនុស្សនោះជាប់ នៅក្នុងបណ្តាសានៃព្រះ។
រួចកាលយ៉ូសែបបានយកព្រះសពមក នោះក៏រុំនឹងសំពត់ទេសឯកយ៉ាងស្អាត ហើយបញ្ចុះក្នុងផ្នូរថ្មី ដែលគាត់បានដាប់ក្នុងថ្ម កាលគាត់បានប្រមៀលថ្ម១យ៉ាងធំទៅបិទមាត់ផ្នូរហើយ នោះក៏ចេញទៅបាត់
២៧:៥៩-៦០ លោកយ៉ូសែប មានពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះរវាងការសុគតរបស់ព្រះយេស៊ូវ នៅម៉ោង ៣ រសៀលហើយនឹងការចាប់ផ្តើមថ្ងៃសប្ប័ទនៃបុណ្យរំលងពេលថ្ងៃលិច ដើម្បីរៀបចំការបញ្ចុះសពព្រះយេស៊ូវ។ ផ្នូរនៅក្នុងសួនច្បារក្បែរភ្នំគាល់កូថា(យ៉ូហាន ១៩:៤១) ទៅនោះគឺជារោងភ្នំដែលបានជីកនៅក្នុងភ្នំ ដែលមានថ្ម ដ៏ធំដែលត្រូវបានប្រមៀល មកបិទជិត នៅខាងមុខផ្លូវចូល។ មានតែអ្នកមានទ្រព្យសម្បត្តិតែប៉ុណ្ណោះដែលអាចទិញ ផ្នូរដ៏មានតម្លៃនេះបាន។ ការបញ្ចុះសពព្រះយេស៊ូវបានសម្រេចសេចក្តីទំនាយនៅក្នុងអេសាយ ៥៣:៩។
ឯម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នឹងម៉ារា១ទៀត ក៏នៅទីនោះអង្គុយប្រឈមនឹងផ្នូរ។
២៧:៦១ ស្រ្តីទាំងពីរនាក់នេះបានឃើញទីកន្លែងដែលព្រះយេស៊ូវត្រូវបានគេបញ្ចុះ ហើយនឹងត្រឡប់មក ផ្នូរវិញនៅព្រឹកថ្ងៃអាទិត្យ។
កាលស្អែកឡើង ក្រោយថ្ងៃរៀបបុណ្យ នោះពួកសង្គ្រាជ នឹងពួកផារិស៊ី គេមូលគ្នាទៅឯលោកពីឡាត់ជំរាបថា លោក យើងខ្ញុំនឹកចាំពីពាក្យដែលអាកំភូតនោះបាននិយាយ ពីកាលនៅរស់នៅឡើយថា ក្រោយមក៣ថ្ងៃ ខ្ញុំនឹងរស់ឡើងវិញ ដូច្នេះ សូមលោកបង្គាប់ឲ្យគេប្រុងប្រយ័តផ្នូរនោះ ដរាបដល់គំរប់៣ថ្ងៃ ក្រែងពួកសិស្សរបស់វាមកលួចយកខ្មោចវាទាំងយប់ទៅ រួចប្រាប់ដល់បណ្តាជនថា វាបានរស់ពីស្លាប់ឡើងវិញហើយ បើយ៉ាងនោះ សេចក្ដីកំភូតជាន់ក្រោយនេះ នឹងបានអាក្រក់ជាងជាន់មុនទៅទៀត
២៧:៦២-៦៤ ពួកអ្នកដឹកនាំសាសន៍យូដាបានចងចាំពីព្រះបន្ទូលរបស់ព្រះយេស៊ូវអំពីការរស់ពីសុគត ឡើងវិញរបស់ព្រះអង្គ (១២:៤០; ១៦:៤)។ ពួកគេចង់ឲ្យផ្នូរត្រូវបានបាំងជិត និងយាមល្បាតយ៉ាងល្អ ដើម្បីការពារមិនឲ្យមនុស្សជឿថាព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ។ ការដែលធ្វើដូច្នេះ ពួកគេបែជា បានផ្តល់ភ័ស្តុតាងសម្រាប់ការរស់ពីសុគតឡើងវិញ របស់ព្រះយេស៊ូវបន្ថែមទៀតទៅវិញ។ ពួកសិស្សមិនអាចនឹងលួចយកសពរបស់ព្រះយេស៊ូវបានឡើយ ដោយព្រោះតែផ្នូរត្រូវបានបិទចំណាំធ្វើឲ្យ មាំមួន និងយាមល្បាតយ៉ាងតឹងរឹង!
លោកពីឡាត់មានប្រសាសន៍ទៅគេថា អ្នករាល់គ្នាមានអ្នកយាមល្បាតស្រាប់ហើយ ដូច្នេះ ចូរទៅរក្សាឲ្យមាំមួនតាមចិត្តចុះ រួចគេក៏ទៅបិទចំណាំធ្វើឲ្យមាំមួន ហើយដាក់គ្នាឲ្យចាំយាមផង។
២៧:៦៥-៦៦ ពួកទាហានត្រូវបានចាត់ឲ្យទៅការពារផ្នូរដោយការបិទដោយថ្មេរធំមួយ ហើយយាមល្បាតផ្នូរនោះ។ ការគ្របបាំងគឺជាការចងខ្សែព័ទ្ធជុំវិញ ហើយបិតដោយក្រមួននៅតាមគែមថ្មេរ។ វាពិបាកនៅក្នុងការរំកិលថ្មរនោះដោយមិនបំបែកក្រមួននោះណាស់។ រាល់ការយាមល្បាតមាន ទាហានបួននាក់។ ពីរនាក់យាមល្បាតពេលដែលពីរនាក់ទៀតសម្រាក។ ទាហានទាំងនេះ នឹងយាមល្បាតដោយយកចិត្តទុកដាក់ ដោយព្រោះតែពួកគេដឹងពីអាជីពរបស់ពួកគេ ហើយប្រហែលជាជីវិតរបស់ពួកគេ ពឹងផ្អែកលើការយាមផ្នូរនេះ។




