top of page

មេរៀនទី ៣៖ តម្លៃនៃនគរព្រះ

*កំណត់ចំណាំសម្រាប់គ្រូទី ១


នៅក្នុងមេរៀនថ្ងៃនេះ យើងនឹងមើលអំពីតម្លៃនៃនគរព្រះ។ ព្រះយេស៊ូវបាននិយាយពាក្យ​ប្រៀប​ប្រដូច ៣ ដើម្បី បង្រៀនយើងអំពី តម្លៃនៃនគរព្រះឱ្យបានសមរម្យ។ 

ពាក្យប្រៀបប្រដូចអំពី កំណប់ដែលគេកប់ទុក

[ម៉ាថាយ ១៣:៤៤] មួយ​ទៀត នគរ​ស្ថាន‌សួគ៌​ក៏​ប្រៀប​ដូច​ជា​កំណប់​កប់​ទុក​ក្នុង​ចំការ ដែល​កាល​ណា​ មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅ លក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង ​ទិញ​ចំការ​នោះ។

តើកំណប់នៅក្នុងពាក្យ​ប្រៀប​ប្រដូច តំណាងឱ្យអ្វី? 

នគរ​ស្ថាន‌សួគ៌

កំណប់ទ្រព្យមានតម្លៃណាស់ ដូច្នេះពេលដែលព្រះយេស៊ូប្រៀបធៀបនគរស្ថានសួគ៌ ទៅនិងកំណប់ទ្រព្យ ទ្រង់បង្រៀនយើងថាវាមានតម្លៃខ្លាំងយ៉ាងណា។

តើកំណប់​ទ្រព្យ​​ត្រូវ​បាន​គេ​ «លាក់» ​នេះ មាន​អត្ថន័យ​យ៉ាង​ណា?
កំណប់ដែលគេកប់ទុក ប្រៀបដូចជានគរស្ថានសួគ៌ដ៏លាក់កំបាំង។ មនុស្សមិនអាចមើលឃើញនគរ ស្ថានសួគ៌ទេ តែវាស្ថិតនៅក្នុងចំណោមយើង។ *កំណត់ចំណាំសម្រាប់គ្រូទី ២

ហេតុអ្វីបានជាមនុស្សម្នាក់នោះទិញចំការ?
ព្រោះកំណប់មិនមែនជារបស់គាត់ទេ លុះត្រាតែគាត់ក្លាយជាម្ចាស់ចំការសិន។

 

ការកប់កំណប់ទុកក្នុងដី គឺជារឿងទូទៅនៅក្នុងពេលវេលានោះ។ កាលនោះ គ្មានធនាគារទេ ដូច្នេះបើ មនុស្សម្នាក់មានកំណប់ ហើយចង់រក្សាទុកវាកុំឱ្យចោរលួចបាន គេត្រូវកប់វាទុក។ ប៉ុន្តែ បើគាត់ស្លាប់ទៅ ដោយមិនបានប្រាប់អ្នកណាថា គាត់កប់កំណប់នៅកន្លែងណាទេនោះ វានឹងត្រូវកប់ចោលនៅនោះទីនោះ រាប់ឆ្នាំ។ 

 

ដោយយោងទៅតាមច្បាប់របស់ពួកជីហ្វ បើនរណាម្នាក់រកឃើញកំនប់នៅក្នុងចំការ ហើយកាយយកវា ចេញមក នោះកំណប់នោះនឹងក្លាយជារបស់ម្ចាស់ចំការ មិនមែនអ្នករកឃើញនោះទេ។ ដូច្នេះ មនុស្ស ម្នាក់នោះប្រុងប្រយ័ត្ន មិនកាយយកវាចេញមក រហូតទាល់តែគាត់ទិញចំការនោះសិន ហើយដើម្បី ទិញចំការ មនុស្សម្នាក់នោះត្រូវតែលក់អ្វីគ្រប់យ៉ាងដែលគាត់មាន។ គាត់ធ្វើដូចនេះ ព្រោះគាត់ស្គាល់ តម្លៃរបស់កំណប់នោះ។
 

ហេតុអ្វីបានជាបុរសនោះមានអំណរ?
ព្រោះគាត់បានរកឃើញរបស់ដែលមានតម្លៃ ជាងអ្វីៗទាំងអស់ដែលគាត់មានទៅទៀត។ ឥឡូវនេះ គាត់អាចទិញដីចំការ ដែលមានកំណប់ច្រើនជាងអ្វីដែលគាត់ធ្លាប់មានពីមុនមកទាំងអស់។​

 

មនុស្សនោះបានរកឃើញរបស់ដ៏មានតម្លៃណាស់ ដែលគាត់សុខចិត្តលក់របស់គ្រប់យ៉ាងដែលគាត់មាន ដើម្បី បានអ្វីដែលប្រសើរជាងនោះ។ នៅពេលគាត់ទិញដីចំការ គាត់ទទួលបានអ្វីដែលលើសជាងអ្វីដែលគាត់បានចំណាយទៅទៀត។ ដូច្នេះហើយពាក្យ​ប្រៀប​ប្រដូចនេះផ្ដោតទៅលើតម្លៃដ៏អស្ចារ្យនគរស្ថានសួគ៌ ដែលសាកសមឱ្យយើងលះបង់អ្វីទាំងអស់ដើម្បីទទួលបានវា។ 
 

តើការនេះបានបង្រៀនយើងអ្វី?
នៅពេលយើងរកឃើញនគរស្ថានសួគ៌ យើងគួរតែប្រាកដចិត្តថា យើងទទួលបានវា និងធ្វើឱ្យវាក្លាយជា របស់យើង។

 

នគរស្ថានសួគ៌ មានតម្លៃខ្លាំងណាស់ ដែលមនុស្សមានអំណរដ៏អស្ចារ្យ និងសុខចិត្តលះបង់គ្រប់ យ៉ាងដើម្បីបានវា នៅពេលគេរកឃើញវា។ ពេលយើងរកឃើញនគរស្ថានសួគ៌ យើងរកឃើញកំណប់មួយ ដែលមានតម្លៃប្រសើរជាងកំណប់ផ្សេងៗទាំងអស់។ វាសាកសមនឹងចំនាយអ្វីទាំងអស់ ដើម្បីទទួលបានឱកាសដ៏កម្រក្នុងការទទួលយកនគរព្រះ។


ពិភាក្សា៖ 

  • តើ​អ្នក​បាន​លះបង់​អ្វីខ្លះ ​ដើម្បីអាចចូលមកកាន់នគរព្រះបាន? 

  • តើអ្នកផ្តោតលើការលះបង់របស់អ្នក​ ឬទៅលើអ្វីដែលអ្នកទទួលបាន? 

  • តើមួយណាច្រើនជាង៖ អ្វីដែលអ្នកលះបង់ ឬអ្វីដែលអ្នកទទួល?

ពាក្យប្រៀបប្រដូចអំពី កែវមុក្តាដ៏មានតម្លៃ

[ម៉ាថាយ ១៣:៤៥-៤៦] មួយ​ទៀត នគរ​ស្ថាន‌សួគ៌​ក៏​ប្រៀប​ដូច​ជា​អ្នក​ឈ្មួញ​ម្នាក់ ដែល​រក​កែវ‌មុក្តា​យ៉ាង​ល្អ កាល​ណា​បាន​ឃើញ​១​ដែល​មាន​ដំឡៃ​ណាស់ នោះ​គាត់​ទៅ​លក់​របស់​ទ្រព្យ​ទាំង​អស់ មក​ទិញ​កែវ‌មុក្តា ​នោះ។

កែវមុក្តាជាកំណប់ដ៏មានតម្លៃណាស់ នៅក្នងជំនាន់នោះ មានតម្លៃថ្លៃជាងមាសទៅទៀត។ ដូច្នេះ នៅពេលឈ្មួញរកបានត្បូងនេះ ដែលជាត្បូងមានតម្លៃជាងត្បូងណាៗទាំងអស់ ដែលគាត់ធ្លាប់ឃើញពី មុនមក គាត់ក៏សម្រេចចិត្តថា គាត់ត្រូវតែយកវាឱ្យបាន។ គាត់ដឹងអំពី តម្លៃនៃត្បូងនេះ។ វាសាកសម នឹងអ្វីទាំងអស់ដែលគាត់មាន។ ដូច្នេះ គាត់ក៏សម្រេចលក់អ្វីៗទាំងអស់ដែលគាត់មាន ដើម្បីបានវា។

ម្ដងទៀត សារនៃពាក្យ​ប្រៀប​ប្រដូចនេះ គឺច្បាស់ប្រាកដណាស់ថា នគរស្ថានសួគ៌ប្រៀបដូចជាត្បូងកែវមុក្តា ព្រោះវា មានមានតម្លៃជាងអ្វីៗទាំងអស់ ដែលយើងអាចមាននៅក្នុងលោកីយ៍នេះ។ អស់អ្នកដែលដឹងការនេះ ដឹងថាពួកគេត្រូវតែទទួលបាននគរស្ថានសួគ៌ ហើយលះបង់អ្វីគ្រប់យ៉ាងដើម្បីបានវា។

ពិភក្សា៖ តើនគរព្រះមានតម្លៃប៉ុណ្ណាមកកាន់អ្នក? តើអ្នកសុខចិត្តលះបង់អ្វី ដើម្បីប្រាកដចិត្តថាអ្នក យកបានវា?

ការសង្គ្រោះ គឺដោយសារព្រះគុណព្រះ (មិនមែនដោយសារកិច្ចការរបស់យើងនោះទេ) ហើយវាជាអំ ណោយរបស់ព្រះអង្គមកកាន់យើង (រ៉ូម ៣:២៤, ៥:១៥, ៦:២៣, អេភេសូរ ២:៨-៩)។ តែវាទាមទារឱ្យ គ្រិស្តបរិស័ទគ្រប់រូបចំណាយគ្រប់យ៉ាង ដែលខ្លួនមាន ដើម្បីទទួលបានអំណោយនេះ។ ដើម្បីចូលទៅ ក្នុងនគរស្ថានសួគ៌បាន យើងត្រូវតែលះបង់គម្រោងការសម្រាប់ជីវិតយើង និងដើរតាមព្រះយេស៊ូវ ជាព្រះសង្គ្រោះរបស់យើង (ម៉ាថាយ ១០:៣៩)។ យើងធ្វើនេះដោយអំណរ ព្រោះយើងដឹងអំពីតម្លៃរបស់ព្រះយេស៊ូវ និងនគររបស់ព្រះអង្គ។

នគរស្ថានសួគ៌ គឺជាកំណប់ដ៏អស្ចារ្យ។ វាសាកសមលើសពីអ្វីដែលវាទាមទារឱ្យយើងចំនាយ។ អ្នកដែល ស្គាល់នគរស្ថានសួគ៌ (ថាជាកំណប់ និងត្បូងកែវមុក្តា) លះបង់អ្វីៗគ្រប់យ៉ាងដែលគាត់មាន ដើម្បីបាន វាដោយអំណរសប្បាយ។ នេះមិនមែនជាការប្រថុយ ឬការលះបង់នោះទេ។ វាជាប្រាជ្ញាក្នុងការធ្វើបែបនេះ កាលណាអ្នកស្គាល់តម្លៃពិតប្រាកដនៃនគរព្រះ។   * កំណត់ចំណាំរបស់គ្រូទី ៣
 

ពាក្យ​ប្រៀប​ប្រដូចនៃការជប់លៀងដ៏អស្ចារ្យ

[លូកា ១៤:១៥-២៦] កាល​ម្នាក់ ដែល​អង្គុយ​នៅ​តុ​ជា​មួយ បាន​ឮ​ពាក្យ​ទាំង​នោះ គាត់​ក៏​ទូល​ទ្រង់​ថា មាន​ពរ ​ហើយ អ្នក​ណា​ដែល​នឹង​បរិភោគ​ក្នុង​នគរ​ព្រះ តែ​ទ្រង់​មាន​បន្ទូល​ថា មាន​បុរស​ម្នាក់​រៀប​ជប់‌លៀង ​ជា​យ៉ាង​ធំ ក៏​អញ្ជើញ​មនុស្ស​ជា​ច្រើន ដល់​ពេល​ជិត​ស៊ី​លៀង គាត់​ប្រើ​បាវ​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ថា សូម​ អញ្ជើញ​មក ដ្បិត​ទាំង​អស់​បាន​រៀប​ប្រុង​ជា​ស្រេច​ហើយ តែ​គេ​ចាប់​តាំង​ដោះ‌សា​ដូច​គ្នា​ទាំង​អស់ អ្នក​មុន ​និយាយ​ថា ខ្ញុំ​បាន​ទិញ​ចំការ ហើយ​ខ្ញុំ​ត្រូវ​ទៅ​មើល​ចំការ​នោះ សូម​ឲ្យ​លោក​អត់​ទោស ម្នាក់​ទៀត​ថា ខ្ញុំ ​បាន​ទិញ​គោ​៥​នឹម ខ្ញុំ​ត្រូវ​ទៅ​ល​វា​មើល សូម​ឲ្យ​លោក​អត់​ទោស ម្នាក់​ទៀត​ក៏​ថា ខ្ញុំ​ទើប​នឹង​ការ​ប្រពន្ធ ​ហើយ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ទៅ​មិន​បាន បាវ​នោះ​ក៏​ត្រឡប់​ទៅ​វិញ ជំរាប​ចៅហ្វាយ​ខ្លួន​តាម​ដំណើរ ​នោះ ដូច្នេះ​លោក​ប្រាប់​ទៅ​បាវ ទាំង​កំហឹង​ថា ចូរ​ប្រញាប់​ចេញ​ទៅ​ឯ​ផ្លូវ​តូច​ធំ​នៅ​ទី​ក្រុង នាំ​អស់​ពួក​ មនុស្ស​ក្រ ពិការ ខ្វាក់ នឹង​ខ្ញើច ចូល​មក​ឲ្យ​ឆាប់ បាវ​នោះ​ក៏​ជំរាប​ថា លោក ការ​ដែល​លោក​បង្គាប់​នោះ បាន​ធ្វើ​ហើយ តែ​នៅ​តែ​មាន​សល់​កន្លែង​ទៀត រួច​ចៅហ្វាយ​ប្រាប់​ថា ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ច្រក​ល្ហក តាម​របង ហើយ​បង្ខំ​គេ​ឲ្យ​ចូល​មក ដើម្បី​ឲ្យ​ផ្ទះ​អញ​បាន​ពេញ ដ្បិត​អញ​ប្រាប់​ថា ឯ​ពួក​មនុស្ស​ទាំង​ប៉ុន្មាន ដែល​អញ​បាន​អញ្ជើញ​មក​មុន​នោះ អញ​លែង​ឲ្យ​អ្នក​ណា​១​ភ្លក់​ម្ហូប​របស់​អញ​ហើយ។

នៅក្នុងពាក្យ​ប្រៀប​ប្រដូចនេះ តើអ្វីតំណាងឱ្យនគរព្រះ?
ការជប់លៀងដ៏អស្ចារ្យ
 
តើអ្វីជាសេចក្ដីពិត ដែលនគរព្រះប្រៀបដូចជាការជប់លៀងដ៏អស្ចារ្យ បានប្រាប់មកកាន់យើង?
គឺវាមានពេញដោយអំណរ ដូចជាពិធីជប់លៀង ឬពិធីមង្គលការ

នៅក្នុងពាក្យ​ប្រៀប​ប្រដូច តើអ្នកគិតថាម្ចាស់ដែលធ្វើពិធីជប់លៀងដ៏អស្ចារ្យ តំណាងឱ្យនរណា?
ព្រះជាម្ចាស់។ ពិធីជប់លៀង គឺជានគរព្រះ ហើយទ្រង់បានបញ្ជូនអ្នកបម្រើព្រះអង្គ ឱ្យទៅអញ្ជើញ មនុស្សមកចូលរួមនៅក្នុងនគររបស់ព្រះអង្គ

នៅក្នុងវប្បធម៌នេះ វាគឺជាទំនៀមទំលាប់ដែលត្រូវធ្វើការអញ្ជើញ២។ ការអញ្ជើញទី ១ ត្រូវបាន បញ្ជូនទៅមុនប៉ុន្មានខែមុនការជប់លៀង ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចដឹងថ្ងៃខែ។ បន្ទាប់មក ក្នុងថ្ងៃនៃពិធី ជប់លៀង អ្នកបម្រើត្រូវទៅរកមនុស្សដែលបានទទួលការអញ្ជើញ ដើម្បីប្រាប់គេថាពិធីជប់ លៀងត្រៀម រួចរាល់ហើយ។ ដូច្នេះ មនុស្សម្នាត្រូវត្រៀមខ្លួនជាស្រេចក្នុងការចូលរួម។

អ្នកបម្រើបានទៅប្រាប់មនុស្សម្នាថា ពិធីជប់លៀងត្រៀមរួចរាល់ហើយ។ តើមានអ្វីកើតឡើងបន្ទាប់ ពីនោះ?
អ្នកដែលត្រូវគេអញ្ជើញចាប់ផ្ដើមដោះសារពីមូលហេតុដែលគេមិនអាចចូលរួមបាន!

 
តើពួកគេដោះសារអ្វីខ្លះ?
ខ្ញុំបានទិញចំការ ហើយខ្ញុំត្រូវទៅមើលចំការនោះ
ខ្ញុំបានទិញគោ ៥ នឹម ខ្ញុំត្រូវទៅលវាមើល
ខ្ញុំទើបនឹងការប្រពន្ធហើយ ដោយហេតុនោះបានជាខ្ញុំទៅមិនបាន

 

សូមចាំថា ពួកគេបានដឹងអំពីពិធីជប់លៀងមុនជាច្រើនខែ។ ពិធីជប់លៀងមួយធ្វើរយៈពេលប៉ុន្មានម៉ោង (ពេលខ្លះ ប៉ុន្មានថ្ងៃ) ដូច្នេះវានឹងមានពេលច្រើនក្នុងការមកចូលរួម។ កិច្ចការទាំងអស់នេះ អាចធ្វើមុន ឬក្រោយពិធីជប់លៀងបាន ព្រោះវាមិនមែនជាកិច្ចការបន្ទាន់នោះទេ។

 

តើអ្នកគិតថាហេតុអ្វីបានជាគេបង្កើតលេសដោះសារនេះ?
ពួកគេមិនចង់ទៅ។ ពួកគេមិនឱ្យតម្លៃការអញ្ជើញ។ ផ្ទុយទៅវិញ ពួកគេមានគម្រោងការផ្ទាល់ខ្លួន សម្រាប់ជីវិតគេទៅវិញ។

 

ប្រៀបធៀបជាមួយនឹងមនុស្សទាំងអស់ទៅកាន់មនុស្សម្នាក់ ដែលបានលក់អ្វីៗគ្រប់យ៉ាងដើម្បីទិញដី ចំការ ឬទិញត្បូងមុក្កតា។ តើឥរិយាបថរបស់ពួកគេខុសគ្នាដូចម្ដេច? 

បុរសទាំង ២ នាក់នេះស្គាល់ថា កំណប់ និងត្បូងកែវមុក្កតាមានតម្លៃស្មើនឹងអ្វីគ្រប់យ៉ាង។ ប៉ុន្តែ មនុស្ស ទាំងនេះមិនបានឃើញអំពី តម្លៃនៃពិធីជប់លៀងទេ ទើបពួកគេមិនចូលរួម។

នៅក្នុងពាក្យ​ប្រៀប​ប្រដូចនេះ តើមនុស្សដែលមិនមកចូលរួមតំណាងឱ្យនរណា?

ប្រជាជនអ៊ីស្រាអែល។ ពួកគេគឺជាប្រជាជនដំបូង ដែលត្រូវបានជ្រើសរើស និងអញ្ជើញឱ្យមកចូលរួម នគរព្រះ។ ព្រះបានបញ្ជូនហោរាឱ្យមកប្រាប់ពួកគេអំពី ស្តេចមួយអង្គដែលទ្រង់នឹងបញ្ជូនមកឱ្យពួកគេ ហើយអំពីនគរដែលព្រះអង្គនាំមកជាមួយ។ ដូច្នេះ ពួកគេគួរតែបានត្រៀមខ្លួនរួចរាល់ នៅពេលព្រះ អង្គ (ព្រះយេស៊ូវ) បានយាងមកដល់ តែពួកគេភាគច្រើនមិនបានត្រៀមខ្លួនទេ។
 

តើម្ចាស់ពិធីជប់លៀងនិយាយថាដូចម្ដេច នៅពេលគាត់ឮថាមនុស្សទាំងអស់នេះមិនបានមក?
នាំអស់ពួកមនុស្សក្រ ពិការ ខ្វាក់ និងខ្ញើច ឱ្យចូលមក
ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឱ្យចូលមក

 

តើពួកអ្នកក្រ ពិការ ខ្វាក់ និងខ្ញើច ជាអ្នកដែលមានអំណាចជាងគេ នៅក្នុងសង្គមមែនទេ?
ទេ

តើការនេះអ្វីប្រាប់មកកាន់យើងអំពី ការចូលមកកាន់នគរព្រះ? 
យើងមិនចាំបាច់ប្រឹងប្រែងយកវា ដោយធ្វើជាមនុស្សល្អ មាន ឬមានអំណាចនោះទេ។

 

សូមចាំថា ព័ន្ធកិច្ចរបស់ព្រះយេស៊ូវនៅក្នុងប្រទេសអ៊ីស្រាអែល ភាគច្រើនធ្វើជាមួយមនុស្សមានជម្ងឺ អ្នកក្រ និងទន់ទាប។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបជាមួយជំនឿ នៅក្នុងទ្រង់វិញ។

 

 អ្នកបម្រើស្វែងរក និងប្រមូលផ្ដុំមនុស្ស ទាំងអាក្រក់ ទាំងល្អ ឱ្យមកចូលរួមពិធីជប់លៀង។ ការនេះ ប្រាប់យើងថា ព្រះជាម្ចាស់ទទួលមនុស្សមានបាប។ យើងមិនទទួលពិធីជប់លៀង ដោយសារ សេចក្ដីល្អរបស់យើងនោះទេ។ ភ្ញៀវដែលចូលរួមពិធីជប់លៀង គឺអ្នកមិនសាកសមទាល់តែសោះ ក្នុងការចូលរួមពិធីជប់លៀង។

នៅក្នុងពាក្យ​ប្រៀប​ប្រដូច តើមនុស្សដែលចូលរួមពិធីជប់លៀងតំណាងឱ្យនរណា?
អ្នកជឿទាំងអស់។ ពួកគេឆ្លើយតបទៅនឹងការអញ្ជើញរបស់ព្រះ ឱ្យចូលទៅនគររបស់ទ្រង់។

 

សេចក្ដីពិតដែលថា ពួកគេមកពី “ផ្លូវច្រកល្ហក តាមរបង” បង្ហាញថា ពួកគេនឹងមកពីកន្លែងផ្សេងៗគ្នា មកចូលរួមពិធីជប់លៀង។ ការនេះបង្ហាញថាមនុស្ស (ពួកសាសន៍ដទៃ) មកពីគ្រប់ទីកន្លែងពីក្នុងពិភព លោក អាចមកចូលរួមក្នុងនគរព្រះបាន។ 

 

តើការដែលពួកគេត្រូវតែ “នាំមក” ឬ“បង្ខំឱ្យមក” នោះ មានសារៈសំខាន់អ្វី?
មនុស្សត្រូវការជំនួយក្នុងការចូលមករកព្រះ។ ព្រះនាំមនុស្សឱ្យមកកាន់ទ្រង់ ដោយធ្វើការនៅក្នុងដួង ចិត្តរបស់ពួកគេ។ អ្នកជឿដទៃទៀត ត្រូវតែមានភាពអត់ធ្មត់ និងមានជំនឿក្នុងការចែកចាយដំណឹងល្អ ជាមួយពួកគេ និងអញ្ជើញពួកគេឱ្យចូលមកកាន់ព្រះអង្គ។

 

ព្រះជាម្ចាស់ចង់ឱ្យសង្គ្រោះមនុស្សមានបាប ច្រើនជាងមនុស្សមានបាបចង់បានការសង្គ្រោះទៅទៀត។  ងពាក្យ​ប្រៀប​ប្រដូចនេះបង្រៀនយើងថាមនុស្សទទួលបានការសង្គ្រោះដោយការឆ្លើយតបទៅនឹងការអញ្ជើញរបស់ ព្រះ។ ព្រះអង្គបានរៀបចំពិធីជប់លៀងជាស្រេចហើយ។ ព្រះអង្គបានអញ្ជញើញយើងឱ្យចូលរួម។ ទ្រង់នឹងមានពិធីជជប់លៀងដ៏អស្ចារ្យ ហើយទ្រង់ចង់ឱ្យយើងចូលរួមនៅទីនោះ! ឥឡូវនេះ គឺជាពេលវេលា សម្រាប់មនុស្សឆ្លើយតប ដោយការចូលមកកាន់ទ្រង់ហើយ។

សរុបមក តើពាក្យ​ប្រៀប​ប្រដូចនេះបង្រៀនយើងអ្វីអំពី នគររបស់ព្រះជាម្ចាស់?
ទុកឱ្យសិស្សបញ្ចេញគំនិត។

 

សង្ខេប

  • នគរព្រះ គឺដូចជាពិធីជប់លៀង។ ពិធីជប់លៀង គឺជាការប្រារព្ធពិធីអ្វីមួយ ហើយវាពេញដោយអំណរ។

  • ដំណាក់របស់ព្រះនឹងបានពេញដោយមនុស្សម្នាជាច្រើន។

  • គ្មាននរណាម្នាក់ទទួលបានសិទ្ធិចូលទៅក្នុងពិធីជប់លៀងទេ។  ផ្ទុយទៅវិញ ព្រះជាម្ចាស់បានប្រទាន ការអញ្ជើញដោយព្រះគុណ មកកាន់មនុស្សដែលមិនសាកសមនឹងទទួល រួចទ្រង់បញ្ជូនអ្នកបម្រើ ព្រះអង្គ ឱ្យមកនាំពួកគេមកកាន់ពិធីជប់លៀងទៀត។

  • អ្នកដែលមិនឱ្យតម្លៃការអញ្ជើញ នឹងរកលេសដោះសា និងមិនចូលរួមពិធីជប់លៀងទេ។

អធិស្ឋានបញ្ជប់

 

កំណត់ចំណាំសម្រាប់គ្រូ

* កំណត់ចំណាំទី១៖
និយាយ៖ ចូរស្រម៉ៃថា ផ្ទះរបស់អ្នកឆេះ ហើយអ្នកអាចយកបានតែរបស់មួយទេ។ តើរបស់មួយណា ដែលអ្នកជ្រើសរើស? ហេតុអ្វី? ទុកឱ្យគ្រប់គ្នាបញ្ចេញគំនិតរបស់ខ្លួន។ ពេលពួកគេឆ្លើយតបហើយ ចូរពន្យល់ថាចម្លើយរបស់ពួកគេ បង្ហាញអំពីអ្វីដែលពួកគេឱ្យតម្លៃជាងគេក្នុងជីវិត។ អ្វីដែលយើងឱ្យ តម្លៃជាងគេនោះ យើងនឹងចង់ទទួលបានវាមុនគេ ព្រោះវាមានសារៈសំខាន់មកកាន់យើង។
 
* កំណត់ចំណាំទី ២៖
និយាយ៖ គិតថាអំពី ចំនួនមនុស្សដែលដើរកាត់ចំការ ហើយនៅជិតកំណប់មែនទែន តែមិនដែលបាន ឃើញវាសោះ។ ពួកគេមិនដឹងថា វានៅទីនោះទេ។ ដូចគ្នាដែរ នគរព្រះគឺនៅលាក់កំបាំងនៅពិភព លោកនេះ។ យើងមិនអាចឃើញវានៅលើផែនទីទេ តែនគរព្រះគឺមាននៅក្នុងដួងចិត្តរបស់អ្នកជឿ គ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក។
 
អ្នកចាំបានអំពីពាក្យ​ប្រៀប​ប្រដូចអំពី មេដំបែរ ដែរទេ? មេដំបែរនៅលាក់កំបាំងនៅក្នុងម្សៅនំ ប្រៀបដូចជាកំណប់ លាក់នៅក្នុងចំការអ៊ីចឹង ហើយវាប្រៀបដូចជានគរព្រះដែលនៅលាក់កំបាំងនៅក្នុងលោកីយ៍ដែរ។ ខណៈដែលយើងមិនអាចឃើញវា យើងអាចឃើញអំពីឥទ្ធិពលដែលវាមាននៅក្នុងលោកីយ៍នេះ។ នេះជាមូលហេតុដែលពួកអ្នកជឿត្រូវមាន របៀបរស់នៅដែលបង្ហាញ និងប្រកាសថា នគរព្រះមាននៅ ទីនេះ។
 
* កំណត់ចំណាំទី ៣
និយាយ៖ ព្រះយេស៊ូវចង់ឱ្យយើងស្គាល់អំពី អំណរដ៏អស្ចារ្យពេលយើងចូលរួមជាផ្នែកមួយ នៅក្នុងនគរ ព្រះ! គ្រិស្តបរិស័ទ មិនគួររអ៊ូរទាំអំពី ការលំបាកក្នុងការធ្វើជាគ្រិស្តបរិស័ទ ឬចង់ឱ្យភាពជាគ្រិស្តបរិស័ ទមានតែមួយផ្នែកតូចនៅក្នុងជីវិតរបស់គេនោះទេ (ជាមួយនឹងការលះបង់តិចតួច)។ ព្រះយេស៊ូវបាន បញ្ជាក់ច្បាស់ថា៖ វានឹងទាមទារឱ្យយើងលះបង់គ្រប់យ៉ាងដែលយើងមាន ដើម្បីយកបាននគរព្រះ តែវា នឹងផ្ដល់ឱ្យយើងវិញលើសពីនោះទៅទៀត!

bottom of page