
មេរៀនទី ១ : អាថ៌កំបាំងអំពី នគរព្រះ
ទ្រង់មានបន្ទូលថា ពីព្រោះបានប្រទានមក ឲ្យអ្នករាល់គ្នាបានស្គាល់ការអាថ៌កំបាំងរបស់នគរព្រះ (ម៉ាកុស ៤:១១)
ការប្រៀបប្រដូចអំពីអ្នកសាបព្រោះ
ចូរចាប់ផ្ដើមដោយមើលពាក្យប្រៀបប្រដូចដ៏សំខាន់មួយដែលព្រះយេស៊ូវហៅថា "ការប្រៀបប្រដូចអំពីអ្នកសាបព្រោះ"។ វាមានសារៈ សំខាន់ណាស់ព្រោះវាគឺជាពាក្យប្រៀបប្រដូចដំបូងដែលព្រះយេស៊ូវបង្រៀន ហើយវាគឺជាពាក្យប្រៀបប្រដូចមួយ ក្នុងចំណោមពាក្យប្រៀបប្រដូច មួយចំនួនដែលព្រះយេស៊ូវពន្យល់អត្ថន័យ។ ដូច្នេះហើយ វាផ្ដល់គម្រូឱ្យយើងដែលជួយយើងឱ្យស្គាល់ របៀបវិភាគអត្ថន័យពាក្យប្រៀបប្រដូចឱ្យបានត្រឹមត្រូវ។
-
អាន៖ ម៉ាកុស ៤:១-២០
ខណនោះ ទ្រង់តាំងបង្រៀន នៅត្រង់មាត់សមុទ្រម្តងទៀត ហើយមានមនុស្សទាំងហ្វូងមូលគ្នា មកឯទ្រង់ ដល់ម៉្លេះបានជាទ្រង់យាងចុះទៅគង់ក្នុងទូក នៅសមុទ្រវិញ ហើយមនុស្សទាំងអស់នៅលើគោក តាមមាត់ច្រាំង ទ្រង់បង្រៀនសេចក្ដីជាច្រើនដល់គេ ដោយពាក្យប្រៀបធៀប ក៏មានបន្ទូលក្នុងន័យដែលទ្រង់បង្រៀនថា ចូរស្តាប់ចុះ មើល មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ កំពុងដែលព្រោះ មានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី ខ្លះទៀតធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមិនសូវមានដីប៉ុន្មាន ហើយក៏ដុះឡើងភ្លាម ពីព្រោះគ្មានដីជ្រៅ តែកាលថ្ងៃរះឡើង នោះក្រៀមខ្លោចទៅវិញ ពីព្រោះគ្មានឫស ខ្លះទៀតធ្លាក់ទៅក្នុងបន្លា បន្លាក៏ដុះឡើងខ្ទប់ ហើយគ្រាប់នោះមិនកើតផលសោះ តែខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ក៏កើតផលចំរើនកាន់តែច្រើនឡើង គ្រាប់១បង្កើតបាន៣០ មួយបាន៦០ ហើយមួយបាន១រយ រួចទ្រង់មានបន្ទូលថា អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។
កាលទ្រង់គង់នៅដោយឡែក នោះពួកអ្នកដែលនៅជុំវិញទ្រង់ ព្រមទាំងពួក១២នាក់ គេទូលសួរពីពាក្យប្រៀបប្រដូចនោះ ទ្រង់មានបន្ទូលថា ពីព្រោះបានប្រទានមក ឲ្យអ្នករាល់គ្នាបានស្គាល់ការអាថ៌កំបាំងរបស់នគរព្រះ ប៉ុន្តែឯមនុស្សក្រៅ ការទាំងអស់បានធ្វើបែបប្រៀបប្រដូចវិញ ដើម្បីកាលណាគេឃើញ នោះឲ្យគេឃើញមែន តែឥតយល់ទេ ហើយកាលណាឮ នោះឲ្យគេឮមែន តែស្តាប់មិនបានសោះ ក្រែងគេប្រែចិត្ត ហើយបាបគេបានអត់ទោសឲ្យ ទ្រង់មានបន្ទូលសួរថា តើអ្នករាល់គ្នាមិនយល់ពាក្យប្រៀបនេះទេឬអី ចុះធ្វើដូចម្តេចឲ្យអ្នករាល់គ្នាយល់គ្រប់ទាំងពាក្យប្រៀបប្រដូចបាន ឯអ្នកព្រោះពូជ គឺព្រោះព្រះបន្ទូល ឯពួកអ្នកតាមផ្លូវ គឺជាកន្លែងដែលបានព្រោះព្រះបន្ទូលចុះ កាលគេឮ នោះអារក្សសាតាំងក៏មកលួចឆក់យកព្រះបន្ទូល ដែលព្រោះក្នុងចិត្តគេទៅភ្លាម ឯពួកអ្នកដែលទទួលពូជក្នុងកន្លែងថ្ម ក៏ដូចគ្នាដែរ កាលណាគេឮព្រះបន្ទូល នោះគេទទួលភ្លាមដោយអំណរ តែគ្មានចាក់ឫសនៅក្នុងខ្លួនសោះ ហើយក៏នៅជាប់តែបន្តិចទេ បើកាលណាកើតមានសេចក្ដីទុក្ខលំបាក ឬសេចក្ដីបៀតបៀន ដោយព្រោះព្រះបន្ទូល នោះគេរវាតចិត្តចេញភ្លាម ឯពួកអ្នកដែលទទួលពូជក្នុងបន្លា គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយ តែសេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ សេចក្ដីឆបោករបស់ទ្រព្យសម្បត្តិ នឹងសេចក្ដីប៉ងប្រាថ្នាខាងឯសេចក្ដីផ្សេងៗឯទៀត ក៏ចូលមកខ្ទប់ព្រះបន្ទូលជិត រួចព្រះបន្ទូលមិនអាចនឹងបង្កើតផលបាន ឯពួកអ្នកដែលទទួលពូជក្នុងដីល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយទទួល រួចបង្កើតផល ម្នាក់បាន៣០ម្នាក់បាន៦០ ម្នាក់ទៀតបាន១រយ។
រឿងមួយដែលយើងរៀនអំពី ពាក្យប្រៀបប្រដូចគឺថាមនុស្ស និងវត្ថុនៅក្នុងពាក្យប្រៀបប្រដូច ជាញឹកញាប់ តំណាងឱ្យអ្វីម៉្យាង។
ដោយយោងទៅតាមព្រះយេស៊ូវ តើគ្រាប់ពូជតំណាងឱ្យអ្វី?
ព្រះបន្ទូល។ (ចំណាំថា លូកាហៅថា "ព្រះបន្ទូលរបស់ព្រះ" ហើយម៉ាថាយហៅថា "ព្រះបន្ទូលពីនគរ"។) ដូច្នេះ គ្រាប់ពូជតំណាងឱ្យព្រះបន្ទូលរបស់ព្រះ (ព្រះគម្ពីរ) និងសាររបស់វាមកកាន់យើង អំពី ដំណឹងល្អពីនគរស្ថានសួគ៌។
តើដីតំណាងឱ្យអ្វី?
ដួងចិត្តរបស់អ្នកដែលស្ដាប់ឮពីព្រះបន្ទូល។
តើមានដីប៉ុន្មានប្រភេទ?
៤។ ចូរមើលពីប្រភេទនីមួយៗឱ្យបានជាក់លាក់។
ដីទី១
តើដីទី១ជាអ្វី?
ផ្លូវ។
តើមានរឿងអ្វីកើតឡើងទៅកាន់គ្រាប់ពូជ ពេលវាធ្លាក់នៅលើផ្លូវ?
បក្សាបក្សីមកចឹកវា។
ដូច្នេះហើយ ផ្លូវតំណាងឱ្យដួងចិត្តដែលរឹង ដែលមិនអាចទទួលព្រះបន្ទូលរបស់ព្រះបាន។
តើដួងចិត្តរឹងបង្កើតផលផ្លែដែរទេ?
ទេ
ហេតុអ្វី? ដោយសារតែ គ្រាប់ពូជមិនអាចចូលទៅក្នុងចិត្តរបស់មនុស្សម្នាក់បានឡើយប្រសិនបើចិត្ត គាត់រឹងដូចជាផ្លូវ។ នៅពេលដែលព្រះបន្ទូលនៃព្រះមិនចូលទៅក្នុងចិត្តរបស់ពួកគេនោះ សាតាំងនឹងឆក់យកទៅ។ សាតាំងជាមេកុហក វាដែលមិនចង់ឲ្យសេចក្តីពិតនៃព្រះបានចាក់ឫសនៅក្នុង ចិត្តរបស់មនុស្សណាម្នាក់សោះឡើយ ហើយបង្កើតផលផ្លែដែរ។ **មើលកំណត់ចំនាំរបស់គ្រូ ១
ដីទី ២
តើដីទី២ជាអ្វី?
កន្លែងថ្ម។
តើមានរឿងអ្វីកើតឡើងទៅកាន់គ្រាប់ពូជ ពេលវាធ្លាក់ទៅលើកន្លែងថ្ម?
វាដុះឡើងភ្លាមៗ តែក្រៀមខ្លោចទៅវិញ ព្រោះមិនបានចាក់ឬសជ្រៅទេ។
កន្លែងថ្មតំណាងឱ្យដួងចិត្តដែលស្ទាក់ស្ទើរ។ គេទទួលព្រះបន្ទូលរបស់ព្រះ (ពិតជាល្អណាស់!) តែគេមិន បានអនុញ្ញាតឱ្យវាចាក់ឬសជ្រៅទៅក្នុងចិត្តគេទេ។
តើកម្ដៅព្រះអាទិត្យតំណាងឱ្យអ្វី?
បញ្ហា ឬការបៀតបៀន ដោយសារព្រះបន្ទូល។
តើដួងចិត្តស្ទាក់ស្ទើរបង្កើតផលផ្លែដែរទេ?
ទេ
ហេតុអ្វី? ដោយសារតែ ព្រះបន្ទូលនៃព្រះ មិនបានឈានដល់ជម្រៅនៅក្នុងចិត្តរបស់គេនោះទេ។ ដូច្នេះហើយ ជំនឿរបស់ពួកគេមិនរីកចម្រើនរឹងមាំទេ។ បន្ទាប់មកនៅពេលដែលមានបញ្ហា ឬការបៀតបៀនកើត មានឡើងពួកគេក៏បានធ្លាក់ចុះអស់ទៅ។ ដូច្នេះហើយ យើងទាំងអស់គ្នា ត្រូវតែមានគោលដៅច្បាស់លាស់អំពី ការតាំងអោយមានឫសដែលរឹងមាំចំ ពោះសេចក្តីជំនឿរបស់យើង (ហើយជួយអ្នកផ្សេងអោយបានដូចគ្នាដែរ) ដោយការអនុញ្ញាតអោយ ព្រះបន្ទូលព្រះដក់ជាប់ក្នុងយើង។ **មើលកំណត់ចំនាំរបស់គ្រូ ២
ដីទី៣
តើដីទី៣គឺជាអ្វី?
នៅក្នុងបន្លា។
តើមានរឿងអ្វីកើតឡើង នៅពេលវាធ្លាក់ចុះនៅលើដីមានបន្លា?
វាដុះឡើង តែវាត្រូវបន្លាខ្ទប់ជាប់។
តើបន្លាតំណាងឱ្យអ្វី?
សេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ សេចក្ដីឆបោករបស់ទ្រព្យសម្បត្តិ នឹងសេចក្ដីប៉ងប្រាថ្នាខាងឯ សេចក្ដីផ្សេងៗឯទៀត
ដូច្នេះដីមានបន្លា តំណាងឱ្យដួងចិត្តដែលរវល់ ព្រោះគេចង់បានព្រះបន្ទូលរបស់ព្រះ តែគេក៏ចង់បាន របស់អ្វីផ្សេងៗជាច្រើនទៀតដែរ។ **មើលកំណត់ចំនាំរបស់គ្រូ ៣
តើដួងចិត្តដែលរវល់បង្កើតផលផ្លែដែរទេ?
ទេ
ហេតុអ្វី? ដោយសារតែ ពួកគេមិនចំណាយពេលគ្រប់គ្រាន់សម្រាប់ជីវិតខាងវិញ្ញាណរបស់ពួកគេទេ។ មនុស្សមួយចំនួនបានស្តាប់ឮព្រះបន្ទូលព្រះជាម្ចាស់ហើយ ប៉ុន្តែ “សេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ" (ដូចជា លុយ ការងារ ទ្រព្យសម្បត្តិ ល។ល។) ទាញចិត្តពួកគេចេញពីការផ្តោតលើព្រះ។
នៅទីបំផុតសេចក្តី ខ្វល់ខ្វាយរបស់ពួកគេលើរបស់ទាំងនេះ នឹង “ខ្ទប់ព្រះបន្ទូល” (ហើយដូច្នេះហើយ ពួកគេមិនអាចបង្កើតផលផ្លែ បានឡើយ) ប្រៀបបានដូចជាបន្លាដែលខ្ទប់ដំណាំនោះដែរ។
មានការដាស់តឿនសម្រាប់យើងទាំងអស់គ្នានៅក្នុងចំនុចនេះ។ យើងត្រូវតែការពារចិត្ត របស់យើង ហើយមិនត្រូវបណ្តោយអោយវាផ្តោតលើរបស់នៅក្នុងលោកីយ៏ដើម្បីប្រាកដថា យើងបានរក្សាវា សម្រាប់ថ្វាយព្រះហើយរស់នៅក្នុងជីវិតជាគ្រីស្ទានដែលបង្កើតផលផ្លែ។
ដីទី ៤
តើដី៤ គឺជាអ្វី?
ដីល្អ។
តើមានរឿងអ្វីកើតឡើងទៅកាន់គ្រាប់ពូជ ពេលវាធ្លាក់ទៅលើដីល្អ?
វាកើតផលចម្រើនឡើង លូតលាស់ និងបង្កើតផលផ្លែ ១ជា៣០ ១ជា៦០ ១ជា១០០។
តើដីល្អតំណាងឱ្យអ្វី?
អ្នកដែលស្ដាប់ព្រះបន្ទូល ហើយទទួល និងបង្កើតផលផ្លែ។
តើដួងចិត្តដែលល្អបង្កើតផលផ្លែទេ?
បង្កើត។ ផលផ្លែដែលវាបង្កើតគឺ ពេញបរិបូរណ៍។
មនុស្សមួយចំនួនបានស្តាប់ឮហើយទទួលយកព្រះបន្ទូលព្រះ ហើយការនេះបង្កើត “ផលផ្លែ” នៃជីវិត ដែលកោតខ្លាចព្រះ។ លោកលូកាបានបន្ថែមថាពួកគេ “តែពូជដែលនៅដីល្អ គឺពួកអ្នកដែលមាន ចិត្តទៀងត្រង់ល្អ ក៏ឮព្រះបន្ទូល ហើយយកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្តីអត់ធន់វិញ”។
យើងបានឃើញថាអ្វីដែលធ្វើអោយមនុស្សម្នាក់អាចបង្កើតផលផ្លែបាននោះគឺជា ការទទួលព្រះបន្ទូលព្រះ។ ព្រះបន្ទូលរកកន្លែងនៅក្នុងចិតុ្តគេបាន។ ក្នុងពេលដែល ព្រះបន្ទូលព្រះចាក់ឫសនៅក្នុងចិត្តរបស់យើងនោះ ព្រះបង្កើតឲ្យមានផលផ្លែតាមរយៈយើងទាំងអស់គ្នា។ ការប្រមូលផលក៏មានកាន់តែច្រើនបរិបូរ។
អនុវត្តន៍
ការប្រៀបប្រដូចនេះនិយាយអំពីដីបួនប្រភេទ។ ដីគឺជាចិត្តរបស់ពួកអ្នកដែលស្តាប់។ ព្រះយេស៊ូវបង្រៀនយើងថា ដួងចិត្តមានផលផ្លែឬអត់ គឺអាស្រ័យទៅតាមការទទួល និងឱ្យតម្លៃព្រះ បន្ទូលរបស់ព្រះ។
ការប្រៀបប្រដូចគួរតែធ្វើឲ្យ យើងគិតអំពីដីរបស់ខ្លួនយើងចំពោះការដែលទទួលព្រះបន្ទូលព្រះ —នោះគឺ ចិត្តរបស់យើងផ្ទាល់។ តើប្រភេទ ដីណាមួយក្នុងចំណោមដីទាំងបួនដែលជាតំណាងឲ្យចិត្តរបស់អ្នក? ការប្រៀបប្រដូចលើកទឹកចិត្តយើងថា ប្រសិនបើយើងទទួលហើយរក្សាព្រះបន្ទូលជាមួយនឹងចិត្ត ដែលល្អមួយនោះ យើងនឹងបង្កើតផលផ្លែជា មិនខានឡើយ។
ពិភាក្សាជាមួយដៃគូ៖ តើដីមួយណាដែលតំណាងដួងចិត្តរបស់អ្នក?
ការប្រៀបប្រដូចគួរតែធ្វើអោយយើងគិតអំពីការសាបព្រោះរបស់យើងផងដែរ។ វាជាការសំខាន់ក្នុង ការកត់សម្គាល់ ថាព្រះយេស៊ូវបានហៅពាក្យប្រៀបប្រដូចនេះថា «ការប្រៀបប្រដូចអំពីអ្នកសាបព្រោះ» (ម៉ាថាយ ១៣:១៨)។ ព្រះយេស៊ូវបង្រៀនពីការនេះដើ ម្បីលើកទឹកចិត្តដល់ពួកសិស្ស របស់ព្រះអង្គក្នុងការសាបព្រោះរបស់ពួកគេ។ ការប្រៀប្រដូចបង្រៀនយើងអំពីការផ្សាយដំណឹងល្អ។
ការប្រៀបប្រដូចនេះបង្រៀនថា៖
-
ការដែលប្រមូលផលនោះ មិនមែនអាស្រ័យលើបច្ចេកទេស ឬ ជំនាញរបស់អ្នកសាប ព្រោះនោះឡើយ ប៉ុន្តែព្រះចេស្តាដែលធ្វើអោយ លូតលាស់នោះគឺនៅក្នុងគ្រាប់ពូជនោះឯង។ ដូច្នេះហើយ យើងទាំងអស់គ្នាគួរតែមានទំនុកចិត្តនៅក្នុងគ្រាប់ពូជ (ដែលជាព្រះបន្ទូលនៃព្រះ)។ វាគឺជាគ្រាប់ពូជ ដែលលូតលាស់ និងបង្កើតផលផ្លែ។ ដូច្នេះ ចូរឈប់ព្រួយបារម្ភថាអ្នកពូកែព្រោះគ្រាប់ពូជប៉ុណ្ណា ហើយជឿលើថាមពលនៃគ្រាប់ពូជវិញ។ អ្នកមិនចាំបាច់ធ្វើជាកសិករល្អ គឺគ្រាន់តែព្រោះគ្រាប់ពូជ ហើយវានឹងធ្វើការរបស់វា។
-
យើងត្រូវបានត្រាស់ហៅអោយផ្សាយព្រះបន្ទូលព្រះនៅគ្រប់ទីកន្លែង។ យើង មិនដឹងពីប្រភេទដីនៃចិត្តរបស់មនុស្សណាម្នាក់នោះទេ ប៉ុន្តែយើងដឹងថាមានដីដែលល្អជាច្រើន ដូច្នេះហើយ យើងត្រូវផ្សាយព្រះបន្ទូលព្រះជាមួយនឹងមនុស្សគ្រប់គ្នា។
-
នៅពេល ដែលយើង សាបព្រោះយើងត្រូវ រំពឹងថានឹងមានការបដិសេធមួយចំនួន ប៉ុន្តែយើងមិនត្រូវបាក់ទឹកចិត្តនោះឡើយ ដោយព្រោះតែយើងដឹងថា នឹងមានមនុស្សជាច្រើន ដែលនឹងទទួលគ្រាប់ពូជ។
ពិភាក្សាជាមួយដៃគូ៖ តើអ្នកអាចព្រោះគ្រាប់ពូជនៃព្រះបន្ទូលរបៀបណានៅជុំវិញអ្នក?
ការប្រៀបប្រដូចបានបញ្ចប់ជាមួយនឹងសេចក្តីសន្យាដ៏អស្ចារ្យ។ ព្រះយេស៊ូវមានបន្ទូលថាការសាបព្រោះ ព្រះបន្ទូល នៃព្រះនឹងបង្កើតអោយមានការប្រមូលផលយ៉ាងធំ។ ក្នុងពេលលដែលពួកសិស្សស្តាប់ ព្រះយេស៊ូវនោះ ពួកគេមិន អាចនឹងស្រមៃឃើញថា ២០០០ឆ្នាំក្រោយមក មនុស្សរាប់លាននាក់ ពីជុំវិញពិភពលោកបានទទួលគ្រាប់ពូជនៃ ព្រះបន្ទូលនៃព្រះ ហើយបានចូលទៅក្នុងរាជនគរនោះឡើយ! ការប្រមូលផលដ៏ធំនេះគឺជាអ្វីមួយដែលពួកគេត្រូវ ទទួលយកដោយសេចក្តីជំនឿ នៅក្នុងព្រះបន្ទូល របស់ព្រះយេស៊ូវ។
ប៉ុន្តែនៅថ្ងៃនេះ យើងបានឃើញថាអ្វីដែលព្រះយេស៊ូវបានមានបន្ទូលគឺជា ការពិត។ ព្រះបន្ទូលនៃព្រះបានផ្លាស់ប្តូរជីវិតនៅពាសពេញពិភពលោក។ យើងដឹងថាគ្រាប់ពូជបានធ្វើការ! យើង ដឹងថាវាបានបង្កើតអោយមានការប្រមូលផល! ដូច្នេះហើយចូរចេញទៅសាបព្រោះគ្រាប់ពូជ ដែលជាព្រះបន្ទូលនៃព្រះ! ព្រះបន្ទូលពេញដោយព្រះចេស្តានិងផ្លាស់ប្តូរជីវិត! មនុស្សដែលទទួលយក ព្រះបន្ទូលនឹងបង្កើតផលផ្លែ ជាច្រើនហើយការសាបព្រោះរបស់អ្នកនឹងនាំទៅរកការប្រមូលផលយ៉ាងធំ។
អធិស្ឋានបញ្ជប់
កំណត់ចំនាំរបស់គ្រូ
កំណត់ចំនាំទី ១៖
* តើអ្នកធ្លាប់ព្យាយាមចែកចាយព្រះបន្ទូលរបស់ព្រះទៅកាន់អ្នកណាដែលមិនចង់ស្ដាប់ដែរទេ? (ឱ្យសិស្សចែកចាយបទពិសោធន៍ខ្លះៗរបស់ពួកគេ)មនុស្សម្នាក់ដែលមានចិត្តរឹង មិនចាប់អារម្មណ៍ពីព្រះ ឬព្រះបន្ទូលរបស់ទ្រង់ទេ។ ពួកគេមិនដែលចង់ចាប់ផ្ដើមរៀនអំពីព្រះនោះឡើយ។
កំណត់ចំនាំទី ២៖
** តើអ្នកធ្លាប់ស្គាល់អ្នកណា ដែលចាប់ផ្ដើមចាប់អារម្មណ៍អំពីព្រះហើយ តែបន្ទាប់មកពួកគេបោះបង់ ចោលវិញដែរទេ? ប្រហែលពួកគេចូលរួមនៅក្នុងក្រុមជំនុំ ហើយចូលចិត្ត តែពួកគេកម្រអានព្រះគម្ពីរ. បន្ទាប់មក ពេលចាប់ផ្ដើមពិបាកធ្វើជាគ្រិស្ទបរិស័ទ ពួកគេក៏បោះបង់។
គ្រិស្ទសាសនាគឺជា ទំនាក់ទំនងជាមួយព្រះ។ គ្រប់ទំនាក់ទំនងទាំងអស់សុទ្ធតែ ត្រូវការការប្រាស្រ័យ ទាក់ទងគ្នា។ របៀបដែលយើងមានទំនាក់ទំនងជាមួយព្រះនោះគឺ ព្រះមានបន្ទូលមកកាន់យើងតាមរយៈ ព្រះបន្ទូលរបស់ទ្រង់ ហើយយើងនិយាយទៅកាន់ទ្រង់តាមរយៈការអធិស្ឋាន។ នេះមានន័យថា ការសិក្សា ព្រះគម្ពីរ និងអធិស្ឋាន គឺជាគន្លឹះនៅក្នុងជីវិតរបស់គ្រិស្ទបរិស័ទ។ ប៉ុន្តែ មនុស្សជាច្រើនដែល គិតថាពួកគេគឺជាគ្រិស្ទបរិស័ទ តែមិនដែលចំនាយពេលអានព្រះគម្ពីរ និងអធិស្ឋាននោះទេ។ ជាលទ្ធផលគឺ ពួកគេមិនអភិវឌ្ឍទំនាក់ទំនងនៃសេចក្ដីជំនឿជាមួយព្រះជាម្ចាស់នោះទេ។ ពួកគេគឺជា ផ្នែកមួយនៃក្រុមគ្រិស្ទបរិស័ទ តែនៅពេលដែលសប្បាយ ឬមានប្រយោជន៍សម្រាប់ពួកគេប៉ុណ្ណោះ តែ ពេលវាទៅជាពិបាកក្នុងការធ្វើជាគ្រិស្ទបរិស័ទ ពួកគេនឹងបោះបង់។
កំណត់ចំនាំទី ៣៖
*** តើអ្នកស្គាល់អ្នកណាដែលនិយាយថា ពួកគេស្រឡាញ់ព្រះជាម្ចាស់ តែពួកគេក៏ស្រឡាញ់ប្រាក់ ដំណើរកំសាន្ត កីឡា ភាពពេញនិយម រឿងកុន ការងារ ផ្ទះនិងឡានរបស់ពួកគេ និងរបស់ផ្សេងៗ ជាច្រើនទៀតដែរទេ? ជាលទ្ធផល ពួកគេចំនាយពេលតិចបំផុតក្នុងការផ្ដោតទៅលើ ព្រះជាម្ចាស់។ ពេល ដួងចិត្តរវល់ដូចនេះ វានឹងបែងចែកការផ្តោតអារម្មណ៍របស់មនុស្ស ហើយរារាំងគេពី ព្រះជាម្ចាស់ ព្រមទាំងរារាំងការបង្កើតផលផ្លែខាងវិញ្ញាណនៅជីវិតគេទៀតផង។




