top of page

មេរៀនទី ៧៖ នគរនៃសេចក្ដីមេត្តាករុណា

នៅក្នុងមេរៀនមុន យើងបានឃើញអំពី ព្រះយេស៊ូវបានបង្រៀនថានគរព្រះគឺជានគរនៃព្រះគុណ។ អ្វីគ្រប់យ៉ាងដែល យើងមាន និងអ្វីគ្រប់យ៉ាងដែលជាយើង នៅក្នុងនគរនេះគឺដោយសារព្រះគុណរបស់ ព្រះមកកាន់យើង។ ក្នុងនាមជា អ្នកដែលបានទទួលព្រះគុណ និងសេចក្ដីមេត្តាករុណានៃព្រះ យើងគួរ តែមានចិត្តអរគុណ និងមេត្តាករុណាទៅកាន់ អ្នកដទៃដែលនៅក្នុងនគរនេះដែរ។ វាអាចពិបាក ជាពិសេសនៅពេលពួកគេធ្វើ​បាប​នឹងយើង។ ដូច្នេះហើយទើប ព្រះយេស៊ូវបានបង្រៀនអំពី អ្វីដែល យើងគួរធ្វើនៅពេលមានការនេះកើតឡើង។


[ម៉ាថាយ ១៨:១៥-១៧] បើ​បង​ឬ​ប្អូន​ធ្វើ​បាប​នឹង​អ្នក នោះ​ឲ្យ​ទៅ​បន្ទោស​គាត់ ក្នុង​កាល​ដែលមាន​តែ ​អ្នក​ហើយ និង​គាត់ បើ​គាត់​ស្តាប់​អ្នក នោះ​អ្នក​នឹង​បាន​បង​ឬ​ប្អូន​នោះ​មក​វិញ តែ​បើ​គាត់​មិន​ព្រម​ ស្តាប់​ទេ នោះ​ត្រូវ​យក​មនុស្ស​ម្នាក់​ឬ​២​នាក់​ទៅ​ជា​មួយ ដើម្បី​នឹង​បញ្ជាក់​គ្រប់​ទាំង​ពាក្យ ដោយសារ​ស្មរ​ បន្ទាល់​២​ឬ​៣​នាក់ បើ​គាត់​មិន​ព្រម​ស្តាប់​អ្នក​ទាំង​នោះ​ទេ នោះ​ត្រូវ​តែ​ប្រាប់​ដល់​ពួក​ជំនុំ ហើយ​បើ​មិន​ ព្រម​ស្តាប់​ពួក​ជំនុំ​ទៀត នោះ​ត្រូវ​តែ​រាប់​គាត់​ទុក​ជា​អ្នក​ក្រៅ​សាសន៍ ឬ​ជា​អ្នក​យក​ពន្ធ​វិញ។
 

យើងឃើញថា វាមាន ៤ ជំហ៊ាន៖

  • ដំបូង យើងគួរនិយាយជាលក្ខណៈផ្ទាល់ខ្លួន ទៅកាន់អ្នកដែលបានធ្វើអំពើបាបទាស់នឹងយើង។

  • បើសិនជាគាត់មិនស្ដាប់ទេ សូមសាកល្បងម្ដងទៀតជាមួយមនុស្ស ១ ឬ ២នាក់ ផ្សេងទៀត។

  • បើនៅតែបរាជ័យ នោះក្រុមជំនុំគួរព្យាយាមដោះស្រាយបញ្ហានេះ។

  • បើគាត់នៅតែបដិសេធមិនស្ដាប់ទេ នោះយើងមិនត្រូវបន្តមានទំនាក់ទំនងអ្វីទាំងអស់ជាមួយគាត់រហូត ទាល់តែគាត់ប្រែចិត្ត។

គោលដៅនៃការប្រឈមមុខនឹងអំពើបាបនោះគឺ ដើម្បីស្ដារ (មិនមែនដាក់ពិន័យ) អ្នកប្រព្រឹត្តិបាបឡើង វិញ។ គោលបំ ណងនៃការនិយាយទៅកាន់ពួកគេ គឺដើម្បីធ្វើឱ្យពួកគេស្គាល់កំហុសរបស់ខ្លួន ដើម្បីឱ្យ ពួកគេអាចសុំ និងទទួលការ លើកលែងទោស។ នេះហើយជាមូលហេតុដែលក្រោយពីចប់ការបង្រៀន នេះភ្លាម ព្រះយេស៊ូវបានប្រាប់ពាក្យ​ប្រៀប​ប្រដូចអំពីសេចក្ដីមេត្តាករុណា ដែលយើងគួរផ្ដល់ទៅកាន់បងប្អូនប្រុស ស្រីនៅក្នុងនគរព្រះរបស់យើង។

ពាក្យ​ប្រៀប​ប្រដូចអំពី អ្នកបម្រើដែលមិនអត់ទោស

[ម៉ាថាយ ១៨:២១-៣៥] ខណ​នោះ​ពេត្រុស​ក៏​មក​ឯ​ទ្រង់​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ​បង​ឬ​ប្អូន​ធ្វើ​បាប​នឹង​ខ្ញុំ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​អត់​ទោស​ឲ្យ​គេ​ដល់​ប៉ុន្មាន​ដង តើ​ដល់​៧​ដង​ឬ​អី ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា ខ្ញុំ​មិន​ថា ឲ្យ​អ្នក​អត់​ទោស​ត្រឹម​តែ​៧​ដង​ទេ គឺ​ដល់​៧​ចិត‌សិប​ដង​ទៅ​ទៀត ដូច្នេះ នគរ​ស្ថាន‌សួគ៌​ត្រូវ​ប្រៀប​ដូច​ជា​ស្តេច​១​អង្គ ដែល​ចង់​គិត​បញ្ជី​នឹង​ពួក​បាវ​ព្រាវ កាល​ទ្រង់​ចាប់​តាំង​គិត នោះ​គេ​នាំ​កូន​បំណុល​ម្នាក់​មក ដែល​ជំពាក់​ប្រាក់​២​កោដិ តែ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​នឹង​សង បាន​ជា​ចៅហ្វាយ​បង្គាប់​ឲ្យ​លក់​ខ្លួន​វា ព្រម​ទាំង​ប្រពន្ធ​កូន នឹង​របស់​ទាំង​អស់ ដើម្បី​នឹង​សង​បំណុល​នោះ ហេតុ​ដូច្នេះ បាវ​នោះ​បាន​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ​ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​មេត្តា​បង្អង់​ឲ្យ​ទូលបង្គំ​សិន ទូលបង្គំ​នឹង​សង​ថ្វាយ​ទ្រង់​គ្រប់​ចំនួន ឯ​ចៅហ្វាយ​របស់​បាវ​នោះ មាន​ព្រះ‌ទ័យ​ក្តួល​អាណិត ក៏​លែង​វា​ឲ្យ​ទៅ ព្រម​ទាំង​លែង​ទារ​បំណុល​ផង តែ​កាល​បាវ​នោះ​បាន​ចេញ​ទៅ​ហើយ ក៏​ចួប​ប្រទះ​នឹង​គូ‌កន​ម្នាក់ ដែល​ជំពាក់​ខ្លួន​២០​រៀល នោះ​វា​ចាប់​ច្របាច់​ក​អ្នក​នោះ ដោយ​ពាក្យ​ថា ចូរ​សង​ប្រាក់​ដែល​ជំពាក់​អញ​នោះ​មក អ្នក​នោះ​ក៏​ទំលាក់​ខ្លួន ក្រាប​ចុះ​នៅ​ទៀប​ជើង សូម​អង្វរ​ថា សូម​មេត្តា​បង្អង់​ឲ្យ​ខ្ញុំ​សិន ខ្ញុំ​នឹង​សង​ជូន​អ្នក តែ​វា​មិន​ព្រម​ទេ ត្រឡប់​ជា​បាន​ចាប់​អ្នក​នោះ នាំ​ទៅ​ដាក់​គុក​វិញ ទាល់​តែ​បាន​សង​បំណុល​រួច កាល​ពួក​គូ‌កន​គេ​បាន​ឃើញ​ការ​នោះ គេ​មាន​ចិត្ត​ឈឺ‌ឆ្អាល​ណាស់ ក៏​នាំ​គ្នា​ទៅ​ទូល​ដល់​ចៅហ្វាយ ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កើត​មក ចៅហ្វាយ​ក៏​ឲ្យ​គេ​ហៅ​បាវ​នោះ​មក រួច​មាន​បន្ទូល​ថា នែ អា​បំរើ​អាក្រក់ អញ​បាន​លែង​ទារ​បំណុល​ឯង​ទាំង​អស់​ហើយ​តើ ពី​ព្រោះ​ឯង​បាន​អង្វរ​ដល់​អញ ដូច្នេះ តើ​មិន​គួរ​ឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូ‌កន​ឯង ដូច​ជា​អញ​បាន​អាណិត​មេត្តា​ដល់​ឯង​ដែរ​ទេ​ឬ​អី ចៅហ្វាយ​ក៏​មាន​សេចក្ដី​ក្រោធ ហើយ​បញ្ជូន​វា​ទៅ​ឯ​មេភូ​ឃុំ ទាល់​តែ​បាន​សង​បំណុល​នោះ​គ្រប់​ចំនួន យ៉ាង​នោះ បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ការ​រំលង​របស់​បង​ប្អូន ដោយ​ស្ម័គ្រ​ពី​ចិត្ត​ទេ នោះ​ព្រះវរ‌បិតា​នៃ​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ក៏​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ។

 

ពួកគ្រូបង្រៀនសាសន៍យូដាបានបង្រៀនថា មនុស្សម្នាក់អាចអត់ទោសអំពើបាបមួយ ចំនួន ៣ ដង តែ នៅលើកទី ៤ គេមិនគួរអត់ទោសទៀតនោះទេ។ ដូច្នេះទើប ពេត្រុសប្រហែលជាគិតថា ខ្លួនគាត់កំពុង មានចិត្តសប្បុរស ពេលលើក ឡើងពីការអត់ទោស ៧ ដង។ ប៉ុន្តែ តើព្រះយេស៊ូវមានបន្ទូល បែបណាទៅកាន់ពេត្រុស?

“ខ្ញុំ​មិន​ថា ឲ្យ​អ្នក​អត់​ទោស​ត្រឹម​តែ​៧​ដង​ទេ គឺ​ដល់​៧​ចិតសិប​ដង​ទៅ​ទៀត” (ខ២២)

ព្រះយេស៊ូវមិនបានមានន័យថា យើងគួររាប់ចំនួនដងដែលមនុស្សម្នាក់ធ្វើអំពើបាបទាស់នឹងយើង ហើយ ក្នុង​លើក ទី​ ៧៨ ឱ្យយើងឈប់អត់ទោសឱ្យគេនោះទេ។ សម្រាប់ពួកយូដា លេខ ៧ គឺជា និមិត្តសញ្ញា តំណាងភាពឥតខ្ចោះ។ ដូច្នេះ ៧ ចិតសិបដងមានន័យថា ពេញលេញឥតខ្ចោះ។ ព្រះយេស៊ូវមិនបាន កំណត់ចំនួនដង ដែលយើងត្រូវអត់ទោស នរណាម្នាក់នោះទេ។ ផ្ទុយទៅវិញ ព្រះអង្គមានន័យថា ការអត់ទោសគួរតែធ្វើដោយមិនកំណត់ចំនួននោះឡើយ។ បន្ទាប់មក ព្រះយេស៊ូវបានប្រាប់ពាក្យ​ប្រៀប​ប្រដូចនេះ ដើម្បី ពន្យល់មូលហេតុដែលយើងគួរអត់ទោសឱ្យ អ្នកដទៃ។

តើអ្នកបម្រើជំពាក់ស្ដេចចំនួនប៉ុន្មាន?
២ កោដិ។ (ខ២៤)

 

២ កោដិ គឺជាចំនួនទឹកប្រាក់ដ៏ច្រើន ដេលបានជាចំនួនស្មើទៅនឹង ប្រាក់ប្រចាំឆ្នាំរបស់មនុស្សប្រមាណ ២០ ម៉ឺន នាក់។ វាជាបំណុលដ៏ច្រើនលើសលប់ ដែល មនុស្ស​ម្នាក់មិនអាចសង អស់នោះទេ។

 

នៅពេលអ្នកបម្រើមិនអាចសងបំណុលនេះ តើស្ដេចបញ្ជាដូចម្ដេច?
​ចៅហ្វាយ​បង្គាប់​ឲ្យ​លក់​ខ្លួន​វា ព្រម​ទាំង​ប្រពន្ធ​កូន និង​របស់​ទាំង​អស់ ដើម្បី​នឹង​សង​បំណុល​នោះ។​ (ខ២៥)
 

តើអ្នកបម្រើធ្វើយ៉ាងណា នៅពេលគាត់ឮបែបនេះ?
បាវ​នោះ​បាន​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ​បង្គំ​ទូល​ថា បពិត្រ​ព្រះករុណា សូម​ទ្រង់​មេត្តា​បង្អង់​ឲ្យ​ទូលបង្គំ​សិន ទូលបង្គំ​នឹង​សង​ថ្វាយ​ទ្រង់​គ្រប់​ចំនួន។ (ខ២៦)

 

អ្នកបម្រើទូលអង្វរសុំពេលវេលា និងសន្យាថាសងគ្រប់យ៉ាងតាមចំនួន។ គាត់និយាយហាក់ដូចជា អ្វី ដែលគាត់ត្រូវ ការនោះគឺត្រឹមតែពេលវេលាប៉ុណ្ណោះ ដែលមានន័យថា បើគាត់មានពេលវេលា គ្រប់គ្រាន់ គាត់នឹងពិតជាសងបំណុល ដ៏ច្រើនសន្ធឹកសន្ធាប់នេះបាន តែការនេះគឺមិនអាចទៅរួចនោះទេ។ នេះវា ស្រដៀងទៅនឹងរបៀបដែលមនុស្សជឿថា គេអាចធ្វើអ្វី ដើម្បីទទួលបានគុណសម្បត្តិ ដែលអាចលុប ចោលបំណុលនៃអំពើបាប ដោយសារការប្រព្រឹត្ត​ល្អរបស់ខ្លួន។

 

តើស្ដេចបានធ្វើអ្វី ដើម្បីជាការឆ្លើយតបមកកាន់ការនេះ?
ឯ​ចៅហ្វាយ​របស់​បាវ​នោះ ក៏​លែង​វា​ឲ្យ​ទៅ ព្រម​ទាំង​លែង​ទារ​បំណុល​ផង។ (ខ២៧)
 
ហេតុអ្វី?

ព្រោះទ្រង់អាណិតគេ។ (ខ២៧)

ជំនួសឱ្យការទុកពេលវេលាឱ្យអ្នកបម្រើរកប្រាក់សងបំណុល ចៅហ្វាយមានចិត្តក្ដុលអាណិតគាត់ ហើយ លែងឱ្យគាត់ រួចពីបំណុលទាំងស្រុងវិញ!

 

នៅក្នុងពាក្យ​ប្រៀប​ប្រដូច តើស្ដេចតំណាងឱ្យនរណា?
ព្រះជាម្ចាស់។
 
តើអ្នកបម្រើតំណាងឱ្យនរណា?
យើង (ជាមនុស្សមានបាប)។
 
តើបំណុលដ៏ច្រើនសន្ធឹកសន្ធាប់នេះ តំណាងឱ្យអ្វី?
បំណុលរបស់យើងដែលជំពាក់ព្រះ។

 

នៅក្នុងពាក្យ​ប្រៀប​ប្រដូចនេះ បំណុលជាប្រាក់ដ៏ច្រើន តំណាងឱ្យបំណុលដ៏លើសលប់នៃ អំពើបាប ដែល យើងជាប់។ យើងគឺដូចជាអ្នកជាប់បំណុល ដែលមិនអាចសងបានយ៉ាងអ៊ីចឹង ព្រោះ បំណុលធំលើសលប់ណាស់។ ដោយការប្រាប់យើងថា បំណុលរបស់យើងគឺ “២ កោដិ” ព្រះយេស៊ូវកំពុង បង្រៀនយើងថា អ្វីដែលព្រះជាម្ចាស់បានអត់ទោសឱ្យយើងនោះ គឺធំពន់ពេកណាស់។ វាលើសពីការគណនារបស់មនុស្សទៅទៀត គឺដូចជារាប់រយកោដិ ដុល្លារយ៉ាងអ៊ីចឹង។ ព្រះយេស៊ូវអាចលើក ឡើងពីចំនួនតិចជាងនេះ នៅក្នុងពាក្យ​ប្រៀប​ប្រដូចព្រះអង្គ តែទ្រង់ចង់ឱ្យយើងយល់ ថាអំពើបាបរបស់យើងធំប៉ុ ណ្ណា ហើយថាការអត់ទោសរបស់ព្រះជាម្ចាស់មកកាន់យើងនោះ ធំយ៉ាងណាដែរ។

 

តើមូលហេតុអ្វីបានជាយើងមានបំណុល? ចម្លើយនោះគឺ ព្រះជាម្ចាស់ (ជាអង្គដែលសុចរិត) បាន បង្កើតយើងមក ដើម្បីឱ្យយើងឆ្លុះបញ្ចាំងពីចរិតលក្ខណៈរបស់ព្រះអង្គ ដោយទង្វើសុចរិតរបស់ យើង។ រៀងរាល់ពេលដែលយើងធ្វើ អំពើបាប (ដែលមិនមែនជាការគោរពតាមក្រិត្យវិន័យរបស់ព្រះ) យើងក្លាយជាអ្នកជំពាក់បំណុល ព្រោះវាមានចន្លោះរវាងអ្វីដែលខ្ញុំគួរធ្វើថ្វាយព្រះអង្គ និងអ្វីដែលខ្ញុំធ្វើថ្វាយទ្រង់។ ចន្លោះនេះ ប្រៀបដូចជាបំណុល។ យើងជំពាក់ ព្រះអង្គព្រោះយើងមិនបាន ថ្វាយដល់ទ្រង់ គ្រប់យ៉ាងដែលយើងគួរថ្វាយនោះទេ។ ជារៀងរាល់ថ្ងៃ យើងធ្វើអំពើបាប ដោយទង្វើ គំនិត ឥរិយាបថ និងពាក្យសម្ដី។ លទ្ធផលនៃការនេះ គឺបំណុលរបស់យើងកើនឡើងយ៉ាងច្រើន។ នេះ ហើយជាមូលហេតុដែលវាជាការល្ងីល្ងើដែល យើងគិតថាយើងអាចធ្វើការល្អដើម្បី ចូលទៅ ស្ថានសួគ៌បាន។ អ្វី ដែលយើងត្រូវការនោះគឺ ការអត់ទោស។ ហើយនេះជាអ្វីដែលព្រះជាម្ចាស់ ប្រទានឱ្យយើងនៅក្នុងព្រះគ្រីស្ទ។

 

តើអ្វីទៅជាសារៈសំខាន់នៃ ការដែលស្ដេចលើកលែងបំណុលទាំងស្រុង ដល់អ្នកបម្រើ?
នេះគឺជារូបភាពនៃការលើកលែងទោសដ៏ភាពសប្បុរស ពេញដោយក្ដីមេត្តា របស់ព្រះទៅកាន់ អស់អ្នកមានបាប ដែលជំពាក់ទ្រង់នូវបំណុលដ៏ច្រើនមហិមា។ (កូឡុស ២:១៤)


តើអ្នកគិតថា អ្នកបម្រើនោះនឹងមានអារម្មណ៍យ៉ាងណា នៅពេលចៅហ្វាយគាត់បានលើកលែងបំណុល គាត់បែបនេះ? គាត់គួរតែបាននិយាយថា៖ “ខ្ញុំមានសេរីភាពហើយ! ស្ដេចអីល្អម្ល៉េះ! សេចក្ដីមេត្តា របស់ ទ្រង់ធំអស្ចារ្យណាស់!”។ បន្ទាប់ មក គាត់គួរតែទៅប្រាប់គ្រប់គ្នាអំពី សេចក្ដីមេត្តាករុណារបស់ស្ដេច។ ការលើកលែងបំណុល ដែលគាត់ទទួលបាន គួរតែបានផ្លាស់ប្ដូរដួងចិត្ត និងជីវិតរបស់គាត់ ព្រមទាំងធ្វើ ឱ្យក្លាយជាមនុស្សចិត្តសន្ដោស និងពេញដោយក្ដីស្រឡាញ់ ជាថ្មីឡើងវិញ។

 

ប៉ុន្តែផ្ទុយទៅវិញ ក្រោយពីបានទទួលការលើកលែងទោសពីចៅហ្វាយគាត់ហើយ តើអ្នកបម្រើបានធ្វើ ដូចម្ដេច?
តែ​កាល​បាវ​នោះ​បាន​ចេញ​ទៅ​ហើយ ក៏​ជួប​ប្រទះ​នឹង​គូកន​ម្នាក់ ដែល​ជំពាក់​ខ្លួន​២០​រៀល នោះ​វា​ចាប់ ​ច្របាច់​ក​អ្នក​នោះ ដោយ​ពាក្យ​ថា ចូរ​សង​បា្រក់​ដែល​ជំពាក់​អញ​នោះ​មក។ (ខ២៨)

 

ប្រាក់ ២០ រៀល គឺប្រហាក់ប្រហែលទៅនឹង ប្រាក់ខែ ៣ ខែ។ វាមិនមែនជាចំនួនតិចតួចនោះទេ តែវា តិចតួចណាស់ បើប្រៀបធៀបទៅនឹងប្រាក់បំណុល ដែលអ្នកបម្រើនោះត្រូវបានលើកលែងឱ្យ។ ២ កោដិ គឺប្រហែលជា ៦០ លាន ឌេណារី​ ។ ដូច្នេះ គាត់ត្រូវបានលើកលែងបំណុលរបស់គាត់ ចំនួន ៦០លានឌេណារី​  តែគាត់មិនបានលើកលែងបំណុល ត្រឹមប្រាក់ ២០ ឌេណារី​  ដែលគេជំពាក់គាត់នោះទេ។ បញ្ហានោះគឺ យើងប៉ាន់ស្មានលើសនូវកំហុស ដែលមនុស្សបានធ្វើមកកាន់យើង ហើយមើលស្រាលកំហុស ដែលយើងបាន ប្រព្រឹត្តិទៅកាន់ព្រះ។

តើអ្នកបម្រើដែលជំពាក់ប្រាក់ ២០ រៀលនិយាយដូចម្ដេច? (ខ២៩ និងខ២៦)
‘សូម​មេត្តា​បង្អង់​ឲ្យ​ខ្ញុំ​សិន ខ្ញុំ​នឹង​សង​ជូន​អ្នក’

តើអ្វីទៅជាសារៈសំខាន់នៃពាក្យទាំងនេះ? “សូម​មេត្តា​បង្អង់​ឲ្យ​ខ្ញុំ​សិន ខ្ញុំ​នឹង​សង​ជូន​អ្នក” គឺជាពាក្យដូច គ្នាទៅនឹង ពាក្យដែលអ្នកបម្រើនេះទូលអង្វរទៅកាន់ចៅហ្វាយខ្លួនយ៉ាងអ៊ីចឹង (ខ២៦)។ នេះគឺគំនិត សំខាន់នៃពាក្យ​ប្រៀប​ប្រដូចនេះ។ អ្នក បម្រើបានឮពាក្យទូលអង្វរដូចគ្នាទៅនឹងពាក្យដែលគាត់អង្វរទៅកាន់ចៅ ហ្វាយ តែគាត់គ្មានចិត្តមេត្តាករុណានោះ ទេ។ (ខ៣០)។

 

តើអ្នកបម្រើធ្វើអ្វី នៅពេលអ្នកបម្រើម្នាក់ទៀតមិនអាចសងបំណុលដ៏តិចតួចនោះ? (ខ៣០)
គាត់បានយកគាត់ទៅដាក់គុក រហូតទាល់តែគាត់អាចសងបំណុលបាន។ (ខ៣០)

 

ទោះជាគាត់ត្រូវបានលើកលែងបំណុលដ៏ធំយ៉ាងណាក្ដី គាត់មិនបានលើកលែងបំណុលដ៏តូចនោះឡើយ។ ដូច្នេះ ទើបគាត់ចាប់អ្នកបម្រើជាគូកនយកទៅដាក់គុក។ នេះគឺជាការដាក់ទោសធ្ងន់ធ្ងរ និងអយុត្តិធម៌ណាស់ សម្រាប់បំណុល តិចតួចដូច្នេះ។

តើអ្នកបម្រើផ្សេងទៀតធ្វើដូចម្ដេច ពេលឃើញការនេះកើតឡើងដូច្នេះ?
ពួកគេមានចិត្តឈឺឆ្អាល ហើយរត់ទៅរាយការណ៍ប្រាប់ដល់ ចៅហ្វាយពួកគេពីអ្វីគ្រប់យ៉ាងដែល កើតឡើង។ (ខ៣១)
 
តើចៅហ្វាយបានធ្វើដូចម្ដេចទៅកាន់អ្នកបម្រើនោះ ជាការឆ្លើយតប? (ខ៣២-៣៤)

ចៅហ្វាយគាត់បានយកគាត់ទៅដាក់គុក រហូតដល់ពេលគាត់អាចសងបំណុលអស់។

 

អ្នកបម្រើអាក្រក់ត្រូវបានចាប់យកទៅដាក់គុក រហូតដល់គាត់សងបំណុលខ្លួនអស់ ជាអ្វីដែលគាត់ មិនអាចធ្វើបាន ឡើយ។ នៅទីនេះ យើងឃើញពីភាពយុត្តិធម៌របស់ស្ដេច។ អស់អ្នកណាដែលបដិសេធ មិនផ្ដល់ក្ដីមេត្តាដល់អ្នកដទៃ ទេ នឹងទទួលបានយុត្តិធម៌។ សម្រាប់មនុស្សមានបាបម្នាក់ សេចក្តីយុត្តិធម៌គឺជាការដាក់ទោស។ ​ ព្រះយេស៊ូវបញ្ចប់មេ រៀននេះដោយព្រះបន្ទូលថា “បើ​អ្នក​រាល់​គ្នា​មិន​ អត់​ទោស​ការ​រំលង​របស់​បង​ប្អូន ដោយ​ស្ម័គ្រ​ពី​ចិត្ត​ទេ នោះ​ព្រះវរបិតា​នៃ​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ក៏​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ”។

 

ពិភាក្សា៖ តើអ្វីទៅដែលពាក្យ​ប្រៀប​ប្រដូចនេះបានបង្រៀនយើង?

 

គោលការណ៍នោះច្បាស់ណាស់៖ ការអត់ទោសត្រូវតែមានលទ្ធផលជាការអត់ទោសអ្នកដទៃទៀតដែរ។។ ព្រះជាម្ចាស់ ជាចៅហ្វាយ។ អ្នកបម្រើរបស់ទ្រង់គ្រប់រូប មានបំណុលនៃអំពើបាប ជាបំណុលដែលពួកគេសងមិនអស់ ឡើយ។ នៅក្នុងព្រះគុណដ៏អស្ចារ្យ ចៅហ្វាយរបស់យើងបានរំដោះយើងឱ្យរួចពីបំណុល និងអត់ទោស ឱ្យយើងយ៉ាងពេញលេញ និងមិនគិតថ្លៃអ្វី ឡើយ។ ឥឡូវនេះ យើងត្រូវបានអត់ទោសហើយ យើងត្រូវតែ អត់ទោសអ្នកដទៃទៀតដែរ។

 

សម្រាប់ប្រជាជានៃនគរព្រះ ទង្ង្វើរបស់យើងទៅកាន់គ្នា គឺផ្អែកលើ អ្វីដែលព្រះបានធ្វើសម្រាប់យើង។  នេះគឺជាគន្លឺះនៃទំនាក់ទំនងនៅក្នុងនគរព្រះ គឺ យើងប្រព្រឹតិ្តទៅកាន់អ្នកដទៃ ទៅតាម អ្វីដែលព្រះជាម្ចាស់បានប្រព្រឹត្តិមកកាន់យើង។ នៅពេលយើងយល់អំពី អ្វីដែលព្រះបានធ្វើមកកាន់ យើង យើងនឹងស្ដែងចេញនូវក្ដីមេត្តា និងព្រះគុណនោះទៅកាន់ អ្នកដទៃ។ នៅពេលយើងធ្វើដូចនេះ យើងបង្ហាញថា យើងពិតជា អ្នកដែលនៅក្នុងនគរព្រះមែន!

 

អាកប្បកិរិយារបស់គ្រិស្ទបរិស័ទចេញមកពី ការដឹងអំពីអ្វីដែលព្រះបានប្រព្រឹត្តិ
មកកាន់យើង។
 រួចយើងប្រព្រឹតិ្តដូចគ្នាទៅកាន់អ្នកដទៃ។

 

នៅក្នុងនគរព្រះ គ្រប់ទំនាក់ទំនងទាំងអស់គឺ នៅអស់កល្បជានិច្ច។ យើងនឹងក្លាយជាបង ប្អូន ប្រុសស្រីនឹង គ្នារហូតអស់កល្ប។ ដូច្នេះ យើងត្រូវរៀនពីការបង្ហាញក្ដីមេត្តាករុណ និងព្រះគុណទៅ កាន់គ្នា ទៅវិញទៅមកពីឥឡូវ នេះទៅ គឺដូចជាព្រះបានបង្ហាញក្ដីមេត្តាករុណា និងព្រះគុណរបស់ ព្រះ អង្គមកកាន់យើងម្នាក់យ៉ាងអ៊ីចឹង។
 

អធិស្ឋានបញ្ជប់

 

bottom of page