top of page

មេរៀនទី ៦៖ ព្រះគុណរបស់សេ្ដច

នៅក្នុងមេរៀនមុនរបស់យើង យើងឃើញថាប្រជារាស្ត្រនៃនគរព្រះ គឺសុទ្ធតែទទួលបានឱកាសក្នុងការ បម្រើ និង ជួយកសាងនគរព្រះនៅលើផែនដីនេះ។ នៅក្នុងមេរៀននេះ យើងនឹងរៀនពាក្យ​ប្រៀប​ប្រដូចមួយដែលថា ព្រះយេស៊ូវបានមាន បន្ទូលប្រាប់អំពី ឥរិយាបថដែលអ្នកបម្រើក្នុងនគរព្រះគួរមាន នៅពេលពួកគេបម្រើ។

ពាក្យ​ប្រៀប​ប្រដូចអំពី ជើងឈ្នួលចំការទំពាំងបាយជូរ 

[ម៉ាថាយ ២០:១-១៦] ដ្បិត​នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​ចេញ​ទៅ​ពី​ព្រលឹម ដើម្បី​នឹង​ជួល​ជើង​ឈ្នួល ឲ្យ​មក ​ធ្វើ​ការ​ក្នុង​ចំការ​ទំពាំងបាយជូរ​របស់​ខ្លួន កាល​បាន​ព្រម​គ្នា​នឹង​បើក​ឲ្យ​២​កាក់​ម្នាក់​ក្នុង​១​ថ្ងៃ​ហើយ នោះ​ ក៏​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ក្នុង​ចំការ ដល់​ពេល​ម៉ោង​៩​ព្រឹក គាត់​ចេញ​ទៅ​ឃើញ​មនុស្ស​ខ្លះ​ទៀត​ឈរ​ទំនេរ​នៅ​ ទី​ផ្សារ ក៏​ប្រាប់​គេ​ថា ចូរ​អ្នក​ទាំងឡាយ នាំ​គ្នា​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​របស់​ខ្ញុំ​ទៅ ខ្ញុំ​នឹង​បើក​ឲ្យ តាម​ត្រឹម​ត្រូវ គេ​ក៏​ទៅ ដល់​ថ្ងៃ​ត្រង់ ហើយ​ពេល​ម៉ោង​៣​រសៀល គាត់​ក៏​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ទៀត លុះ​ដល់​ពេល​ ម៉ោង​៥ គាត់​ចេញ​ទៅ​ឃើញ​មាន​មនុស្ស​ខ្លះ​ទៀត​នៅ​ទំនេរ ក៏​សួរ​គេ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឈ រ​ទំនេរ​នៅ​ទី​នេះ តាំង​ពី​ព្រលឹម​មក​ដូច្នេះ គេ​ឆ្លើយ​ថា ពី​ព្រោះ​គ្មាន​អ្នក​ណា​ជួល​យើង​ខ្ញុំ រួច​គាត់​ប្រាប់​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​របស់​ខ្ញុំ​ទៅ នោះ​អ្នក​នឹង​ទទួល​ឈ្នួល​តាម​ត្រឹម​ត្រូវ ដល់​ល្ងាច ថៅកែ ​ចំការ​នោះ​ប្រាប់​ទៅ​នាយ​ដំរួត​ការ​ថា ចូរ​ហៅ​ពួក​ជើង​ឈ្នួល​មក​បើក​ឈ្នួល​ឲ្យ​គេ ចាប់​តាំង​ពី​មនុស្ស​ ក្រោយ​បង្អស់ រៀង​ទៅ​ដល់​អ្នក​មុន​ដំបូង កាល​ពួក​អ្នក​ដែល​គាត់​ជួល​ពី​ម៉ោង​៥​បាន​មក​ដល់ នោះ​គេ ​បើក​បាន​២​កាក់​ម្នាក់ៗ រួច​កាល​ពួក​មុន​បង្អស់​បាន​មក​ដល់ គេ​ស្មាន​ថា នឹង​បាន​លើស​ជាង​នោះ​ ទៅ​ទៀត តែ​អ្នក​ទាំង​នោះ​ក៏​បាន​ទទួល​២​កាក់​ម្នាក់​ដូច​គ្នា​ដែរ គ្រា​បាន​បើក​ប្រាក់​ស្រេច​ហើយ នោះ​ គេ​ត្អូញត្អែរ​នឹង​ថៅកែ​ថា ពួក​អ្នក​ដែល​មក​ក្រោយ​នេះ គេ​ធ្វើ​ការ​តែ​១​ម៉ោង​សោះ ហើយ​លោក​បាន​ឲ្យ​ គេ​ស្មើ​នឹង​យើង​ខ្ញុំ ដែល​ទ្រាំ​ធ្វើ​ការ​ធ្ងន់​ទាំង​ហាល​ថ្ងៃ តាំង​ពី​ព្រលឹម​មក​ដែរ តែ​គាត់​ឆ្លើយ​ទៅ​ម្នាក់​ នោះ​ថា សំឡាញ់​អើយ ខ្ញុំ​មិន​ធ្វើ​ខុស​នឹង​អ្នក​ទេ តើ​អ្នក​មិន​បាន​សុខ​ចិត្ត​ព្រម​ទទួល​តែ​២​កាក់​ទេ​ឬ​អី ដូច្នេះ ចូរ​យក​ប្រាក់​របស់​អ្នក​ទៅៗ ខ្ញុំ​បាន​សំរេច​នឹង​ឲ្យ​ដល់​ពួក​អ្នក​ដែល​មក​ក្រោយ​នេះ ដូច​ជា​បាន​ឲ្យ ​ដល់​អ្នក​ដែរ តើ​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ចាត់ចែង​របស់​ខ្ញុំ តាម​អំពើ​ចិត្ត​ទេ​ឬ​អី តើ​ភ្នែក​អ្នក​ឃើញ​អាក្រក់ ពី​ ព្រោះ​ខ្ញុំ​ល្អ​ឬ​អី គឺ​យ៉ាង​នោះ​ដែល​អស់​អ្នក​ក្រោយ​នឹង​បាន​ទៅ​ជា​មុន ហើយ​ពួក​អ្នក​មុន​នឹង​ទៅ ​ជា​ ក្រោយ​វិញ ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ។

 

នៅក្នុងពាក្យ​ប្រៀប​ប្រដូចនេះ តើម្ចាស់ចំការទំពាំងបាយជូរតំណាងឱ្យនរណា?
ព្រះ។
 
នៅក្នុងពាក្យ​ប្រៀប​ប្រដូច តើជើងឈ្នួលតំណាងឱ្យនរណា?
គ្រប់គ្នាដែលធ្វើការសម្រាប់នគរព្រះ។

នៅអំឡុងពេលច្រូតកាត់ ជើងឈ្នួលឈរនៅទីផ្សារតាំងពីព្រឹកព្រលឹម  រង់ចាំឱ្យគេជួលទៅធ្វើការ។ ម៉ោងធ្វើការ ចាប់ផ្ដើម នៅម៉ោង ៦ព្រឹក និងបញ្ចប់នៅម៉ោង ៦ល្ងាច។ នៅក្នុងពាក្យ​ប្រៀប​ប្រដូចនេះ ម្ចាស់ចំការ ទំពាំងបាយជូរ បានរកឃើញ និងហៅ ក្រុមដំបូងឱ្យមកធ្វើការ នៅម៉ោង ៦ព្រឹក (ព្រឹកព្រលឹម ខ១)។

 

តើគាត់យល់ព្រមបង់ប្រាក់ឱ្យពួកគេប៉ុន្មាន?

២ កាក់។

នេះជាប្រាក់ប្រចាំថ្ងៃជាធម្មតា យុត្តិធម៌ និងសមរម្យសម្រាប់អ្នកធ្វើការ ខាងកសិកម្ម។

 

តើមានអ្វីកើតឡើងបន្ទាប់ទៀត? (ខ៣)

នៅ ៩ ព្រឹក គឺ ៣ ម៉ោងក្រោយមក គាត់ទៅរកអ្នកធ្វើការបន្ថែមទៀត។

 

តើម្ចាស់ចំការទំពាំងជូរនិយាយថា គាត់នឹងបង់ប្រាក់ឱ្យពួកគេយ៉ាងណា?

បង់ឱ្យយ៉ាងត្រឹមត្រូវ។

 

គាត់សន្យានឹងពួកគេថា “បង់ឱ្យយ៉ាងត្រឹមត្រូវ” ហើយ ទើបពួកគេធ្វើការសម្រាប់គាត់។ នេះបង្ហាញថា ពួកគេជឿ ទុកចិត្តម្ចាស់ចំការ។ ពួកគេដឹងថា គាត់នឹងយុត្តិធម៌ ទើបពួកគេមិនជជែកដើម្បីកំណត់ថ្លៃ ឈ្នួលនោះទេ។ ដូចគ្នាជា មួយនឹងអ្នកធ្វើការ ដែលម្ចាស់ចំការជួលនៅម៉ោង ១២ និង ម៉ោង ៣ (ខ៥)។

 

តើមានអ្វីកើតឡើង នៅម៉ោង ៥?

ម្ចាស់ចំការត្រឡប់ទៅរកអ្នកធ្វើការបន្ថែមទៀត។

 

ជើងឈ្នួលទាំងនេះ មិនអាចរកការងារធ្វើបានទេនៅក្នុងថ្ងៃនោះ។ មូលហេតុដែលពួកគេនៅឈរ នៅទីនោះ គឺព្រោះ គ្មាននរណាចង់ជួលពួកគេនោះឡើយ។ ពួកគេមិនបានខ្ជិលច្រអូសទេ។ ពួកគេ ត្រៀមខ្លួនជាស្រេច និងមានបំណង ចង់ធ្វើការ។ ពួកគេនៅឈរនៅកន្លែងត្រឹមត្រូវ ឱ្យគេមករកទៅ ធ្វើការ។ ពួកគេមិនបានមកយឺតទេ គឺពួកគេបានឈរ ចាំនៅទីផ្សារនោះពេញមួយថ្ងៃ ជាជាងត្រឡប់ ទៅផ្ទះវិញ។ ពួកគេមិនមែនប្រសើរ ឬយ៉ាប់ជាងពួកអ្នកដែលម្ចាស់ចំការ បានជួលទៅមុននោះឡើយ ពួក គេគ្រាន់តែគ្មានឱកាសធ្វើការតែប៉ុណ្ណោះ។

 

ដូច្នេះ នៅទីនេះមានក្រុមអ្នកធ្វើការ ៥ ប្រភេទ គឺអ្នកចាប់ផ្ដើមនៅម៉ោង ៦ ម៉ោង ៩ ម៉ោង ១២ ថ្ងៃត្រង់ ម៉ោង ៣ និង ម៉ោង ៥។ ពួកគេសុទ្ធតែបញ្ចប់នៅពេលវេលាដូចគ្នា គឺនៅម៉ោង ៦ ល្ងាច។

 

(* គ្រូ ប្រើក្ដារខៀន (ឬក្រដាស) ដើម្បីគូសតារាងមួយ។ បំពេញតារាង ២ ដំបូង រួចសួរសំនួរសិស្ស ដើម្បីមកបំពេញ តារាង ២ បន្ទាប់ទៀត (ជាអក្សរពណ៌ខៀវ នៅក្នុងតារាងខាងក្រោម)។ សំនួរនោះគឺ តើពួកគេធ្វើការប៉ុន្មានម៉ោង? តើប្រាក់ប្រចាំថ្ងៃដែលពួកគេយល់ស្របជាមួយគ្នានោះ ប៉ុន្មាន?)

 

ម៉ោងជួល                    ម៉ោងឈប់ធ្វើការ      ចំនួនម៉ោងធ្វើការ      ប្រាក់ប្រចាំថ្ងៃដែលព្រមព្រៀង     ប្រាក់រំពឹងទុក        ប្រាក់ទទួលបា

ម៉ោង ៦ ព្រឹក                ម៉ោង ៦ ល្ងាច               ១២                              ២ កាក់                              ២ កាក់                     ២ កាក់

ម៉ោង ៩ ព្រឹក                ម៉ោង ៦ ល្ងាច                 ៩                         បង់ឱ្យយ៉ាងត្រឹមត្រូវ                ១ កាក់ កន្លះ                ២ កាក់

ម៉ោង ១២ ថ្ងៃត្រង់          ម៉ោង ៦ ល្ងាច                ៦                          បង់ឱ្យយ៉ាងត្រឹមត្រូវ                ១ កាក់                       ២ កាក់

ម៉ោង ៣                       ម៉ោង ៦ ល្ងាច               ៣                         បង់ឱ្យយ៉ាងត្រឹមត្រូវ                ១/២ កាក់                   ២ កាក់

ម៉ោង ៥                        ម៉ោង ៦ ល្ងាច                ១                                    ?                               ១/៦ កាក់                    ២ កាក់

 

តើអ្នកគិតថា ជើងឈ្នួលរំពឹងទុកថា នឹងទទួលបានប្រាក់ប៉ុន្មាន? បំពេញនៅក្នុងជួរទី ៥ * ចម្លើយ ស្របទៅតាម ចំនួនម៉ោងដែលពួកគេធ្វើការ។ វាមានសារៈសំខាន់​ដែលដឹងថា ក្រុមដែលចាប់ផ្ដើមនៅ ម៉ោង ៦ បានរំពឹងទុកថា ខ្លួននឹងបានប្រាក់ ២ កាក់ ហើយអ្នកផ្សេងទៀត បានរំពឹងទុកថា ខ្លួននឹងបានប្រាក់តិចជាង។

បន្ទាប់មក ម្ចាស់ចំការក៏បង់ប្រាក់ឱ្យជើងឈ្នួល។ គាត់បើកឱ្យអ្នកចាប់ផ្ដើមធ្វើការក្រោយគេ។ តើជើងឈ្នួលដែល ចាប់ផ្ដើមនៅម៉ោង ៥ ទទួលបានប្រាក់ប៉ុន្មាន?

២ កាក់។

 

នេះពិតជាធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលណាស់! ម្ចាស់ចំការ មានចិត្តសប្បុរសខ្លាំងណាស់ ទៅកាន់ជើងឈ្នួល ទាំងនេះ។ ពួកគេបានធ្វើការតែ ១ ម៉ោងប៉ុណ្ណោះ តែទទួលបានប្រាក់ឈ្នួលសម្រាប់ការងារពេញមួយថ្ងៃ!

តើជើងឈ្នួលដែលចាប់ផ្ដើមធ្វើការ នៅម៉ោង ៣ ម៉ោង ១២ និងម៉ោង ៩ ទទួលបានប្រាក់ឈ្នួលប៉ុន្មាន?

ដូចគ្នា គឺ ២ កាក់។ បំពេញនៅក្នុង ជួរទី ៦។

 

តើអ្នកគិតថា ពួកគេគិតដូចម្ដេច?

សប្បាយចិត្ត! ពួកគេមិនបានរំពឹងទុកថា នឹងទទួលបានប្រាក់ឈ្នួលពេញ ទាំងដែលពួកគេធ្វើការបាន តែពាក់ កណ្ដាលថ្ងៃនោះឡើយ។

 

តើពួកគេគិតថា ម្ចាស់ចំការយ៉ាងម៉េចដែរ?

គាត់មានចិត្តសន្ដោស និងសប្បុរស។

 

តើមានអ្វីកើតឡើង នៅពេលជើងឈ្នួលដែលម្ចាស់ចំការជួលពីព្រលឹម មកទទួលប្រាក់?

ពួកគេគិតថា ពួកគេគួរទទួលបានប្រាក់ច្រើនជាង តែពួកគេម្នាក់ៗទទួលបានតែ ២ កាក់ ទើបពួកគេរអ៊ូរទាំ។

 

តើការដែលពួកគេត្អូញត្អែរ​នោះត្រឹមត្រូវឬទេ? តើម្ចាស់ចំការមិនយុត្តិធម៌ទៅកាន់ពួកគេទេ? តើអ្នកគិតដូចម្ដេច?

ទុកឱ្យសិស្សបញ្ចេញមតិ។

 

គ្មាននរណារងភាពអយុត្តិធម៌នោះទេ។ ក្រុមទី ១ បានទទួលបានប្រាក់ជាក់ស្ដែង ទៅតាមអ្វីដែលពួកគេ ព្រមព្រៀង គ្នា ហើយនេះគឺជាប្រាក់កម្រៃទូទៅសម្រាប់រយៈពេល ១ ថ្ងៃ។ ដូច្នេះ គ្មាននរណាទទួលបាន តិចជាងអ្វី ដែលគេគួរ តែទទួលបាននោះទេ។ ប៉ុន្តែ មានអ្នកខ្លះទទួលបានលើសពីអ្វី ដែលពួកគេសមនឹងទទួលបាន។ នេះគឺជា ព្រះគុណ។ ព្រះគុណគឺការទទួលបានលើសពីអ្វីដែលអ្នកសមនឹងទទួលបាន។

 

 

ពាក្យ​ប្រៀប​ប្រដូចជាច្រើនរបស់ព្រះយេស៊ូវ បានពិពណ៌នា ព្រះ ថាជាអ្នកឱ្យដ៏សប្បុរស។

  • មានកសិករម្នាក់សាបព្រោះគ្រាប់ពូជ គ្រប់ទិសទីនៅលើដីគាត់។

  • ស្ដេចម្នាក់ដែលលើកលែងបំណុល ២ កោដិ (ប្រហែល ១ពាន់លានដុល្លារ)

  • ឪពុកម្នាក់ចែកកេរ្តិ៍មរតកពាក់កណ្ដាលឱ្យកូន ក្រោយមកកូនបំផ្លាញទ្រព្យអស់ ឪពុកនៅតែធ្វើពិធីជប់ លៀង ទទួលគាត់ ពេលគាត់ត្រឡប់មកវិញ។

  • បុរសអ្នកមានម្នាក់ឱ្យប្រាក់ខែ ៣ ខែទៅបាវបម្រើរបស់គាត់គ្រប់ៗគ្នា រួចឱ្យពួកគេប្រើប្រាស់ទៅតាម ដែលពួក គេសម្រេចចិត្តធ្វើ។

  • ម្ចាស់ចំការប្រវាសឱ្យចំការទំពាំងបាយជូររបស់ខ្លួនឱ្យអ្នកធ្វើចំការ

  • ស្ដេចអញ្ជើញអ្នកក្រ អ្នកពិការភ្នែក និងអ្នកពិការជើងមក ពិធីជប់លៀងនៅក្នុងទីក្រុង។

  • ហើយ មានម្ចាស់ចំការនេះ ដែលបង់ប្រាក់ឱ្យជើងឈ្នួលច្រើនជាងអ្វីដែលពួកគេសមនឹង ទទួល។

 

ម្ចាស់ចំការកំពុងតែសប្បុរសទៅកាន់ជើងឈ្នួល ដែលគាត់បានបើកប្រាក់ឱ្យលើស។ វាគ្មានអ្វីខាតបង់ សម្រាប់អ្នក ដែលម្ចាស់ចំការបានបើកប្រាក់ឱ្យពេញ និងយុត្តិធម៌សម្រាប់ការងារពេញមួយថ្ងៃនោះទេ។ ប៉ុន្តែ វាជាសិទ្ធិរបស់គាត់ ដែលគាត់មានចិត្តសប្យុរសទៅកាន់ ជើងឈ្នួល ផ្សេងទៀត បើគាត់ចង់នោះ។ នេះគឺជាចំនុចសំខាន់របស់ពាក្យ​ប្រៀប​ប្រដូចនេះ គឺវាស្រេចនៅលើបំណងចិត្តរបស់ម្ចាស់ចំការ។

 

ខ១៥ គឺជាចំនុចស្នូលរបស់ពាក្យ​ប្រៀប​ប្រដូច “តើ​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ចាត់ចែង​របស់​ខ្ញុំ តាម​អំពើ​ចិត្ត​ទេ​ឬ​អី តើ​ភ្នែក ​អ្នក​ឃើញ​អាក្រក់ ពី​ព្រោះ​ខ្ញុំ​ល្អ​ឬ​អី” ព្រះមានសិទ្ធិធ្វើអ្វី ទៅតាមបំណងព្រះហឬទ័យទ្រង់ (ទំនុក តម្កើង ១១៥:៣ ដានីញ៉ែល ៤:៣៥ និង រ៉ូម ៩ និង១០)។ ព្រះពររបស់ព្រះត្រូវបានប្រទានឱ្យ មិនមែនដោយសារ ទទួលបានដោយសារការប្រឹងប្រែង របស់មនុស្សនោះទេ តែដោយសារព្រះអង្គសប្បុរស។ បើព្រះអង្គ សម្រេចព្រះទ័យប្រទានព្រះគុណទៅកាន់មនុស្ស តើមានអ្នកណាអាចដាក់កំហុសព្រះអង្គ ដោយសារ ការនេះដែរទេ? ពេលព្រះប្រទានព្រះគុណ ទៅនរណាម្នាក់ អ្នកដទៃដែលបានឆ្លងកាត់បទពិសោធន៍នៃព្រះគុណព្រះអង្គមិនគួរអាក់អន់ចិត្តនោះឡើយ។ ​

 

ចូរគិតអំពីការនេះ៖ តើជើងឈ្នួលដែលចាប់ផ្ដើមធ្វើការមុនគេ ទទួលបានព្រះគុណដែរឬទេ?

ទុកឱ្យសិស្សបញ្ចេញគំនិត។

 

ពិតប្រាកដណាស់។ ពួកគេគឺអ្នកដែលត្រូវបានជ្រើសរើសដំបូង! ពួកគេទទួលបានអភ័យឯកសិទ្ធិ ដែល ទទួលបានការ ត្រាស់ហៅ និងបំពាក់បំប៉នឱ្យបម្រើ។ ពួកគេច្រូត ក្នុងខណៈពេលដែលអ្នកដទៃនៅ អង្គុយនៅទីផ្សារ ដោយគ្មានអី ធ្វើ។ ពួកគេបានមានបទពិសោធន៍ជាមួយម្ចាស់ចំការ ពេលអ្នកផ្សេង ទៀតមិនទាន់ស្គាល់គាត់នៅឡើយ។

 

តើអ្នកចាំបានបងប្រុសរបស់កូនពៅវង្វេងទេ? តើគាត់ស្រដៀងទៅនឹងជើងឈ្នួលដែលធ្វើការមុនគេ ត្រង់ណា?

  • គាត់ធ្វើការឱ្យឪពុករបស់គាត់យូរជាងប្អូនប្រុសគាត់។

  • គាត់មានអារម្មណ៍ថា គាត់គួរតែទទួលបានច្រើនជាងប្អូនប្រុសគាត់។

  • ពេលឪពុកគាត់ផ្ដល់ព្រះគុណឱ្យប្អូនប្រុសគាត់ គាត់រអ៊ូ។

 

បងប្រុសតែងតែនៅជាមួយឪពុកជានិច្ច ហើយអ្វីដែលជារបស់ឪពុកក៏ជារបស់គាត់ដែរ។ ប៉ុន្តែគាត់មាន ឥរិយាបថខុស។ គាត់មើលឃើញខ្លួនឯងថាជា ឈ្នួលធ្វើការយកប្រាក់កម្រៃទៅវិញ មិនមែនជា កូនប្រុសជាទីស្រឡាញ់ ដែល ជួយការងារឪពុកនោះឡើយ។

 

ពិភាក្សាជាមួយដៃគូ៖ ពេលអ្នកបម្រើព្រះ តើអ្នកមានអារម្មណ៍ដូច ជើងឈ្នួលដែលត្រូវប្រឹងប្រែង ដើម្បីបាន ការ ទទួលស្គាល់ ឬរង្វាន់ ឬក៏ដូច កូនប្រុស ឬកូនស្រីជាទីស្រឡាញ់របស់ព្រះ ជួយការងារ របស់ឪពុក?

 

ចូរគិតអំពី ពាក្យ​ប្រៀប​ប្រដូចអំពីប្រាក់។ តើចៅហ្វាយឆ្លើយតបយ៉ាងណា ទៅកាន់អ្នកបម្រើ ដែលប្រើប្រាក់ ៥ ពាន់ ទៅរកបាន ប្រាក់ ៥ ពាន់ទៀត?

ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ។

 

តើចៅហ្វាយឆ្លើយតបយ៉ាងណា ទៅកាន់អ្នកបម្រើដែលប្រើប្រាក់ ២ ពាន់ទៅរកបានប្រាក់ ២ ពាន់ទៀត?

ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ។

 

អ្នកបម្រើម្នាក់ដែលមានច្រើន សម្រេចបានច្រើន។ អ្នកបម្រើម្នាក់ដែលមានតិចជាង សម្រេចបានតិចជាង។ ប៉ុន្តែ ពួកគេទាំងពីរ ធ្វើការសម្រាប់ចៅហ្វាយទៅតាមតែសមត្ថភាពរបស់ខ្លួនប៉ុណ្ណោះ។ ហើយអ្នកទាំង ២ ទទួលបានការឆ្លើយ តបដូចគ្នា។ តើនេះស្រដៀងគ្នាទៅនឹងជើងឈ្នួលចំការទំពាំងបាយជូរយ៉ាងណាដែរ?
អ្នកខ្លះមានឱកាសក្នុងការបម្រើច្រើនជាងអ្នកដទៃ តែគ្រប់គ្នាទទួលបានការឆ្លើយតបដូចគ្នាពីចៅហ្វាយ នាយរបស់ខ្លួន។

 

ប្រសិនបើគ្រប់គ្នាទទួលបានដូចគ្នា ហេតុអ្វីចាំបាច់ប្រឹងប្រែងធ្វើអ្វី? តើយើងគួរតែប្រឹងប្រែងឱ្យអស់ ពីសមត្ថភាព ដើម្បីព្រះ? ត្រូវហើយ, ប្រាកដណាស់។ ប៉ុន្តែ កត្តាជំរុញចិត្តរបស់យើងគឺ សេចក្ដីស្រឡាញ់ និងអំណរអរគុណ។ បើ ឥរិយាបថរបស់អ្នក កំឡុងពេលបម្រើព្រះជា “ខ្ញុំប្រឹងប្រែងដើម្បីទទួលបានការ ទទួលស្គាល់ពីព្រះ... ខ្ញុំធ្វើបានល្អ... ខ្ញុំធ្វើបានល្អជាងអ្នកដទៃ... ព្រះប្រាកដជាសព្វព្រះហឬទ័យនឹងខ្ញុំ... ខ្ញុំខំប្រឹងប្រែងធ្វើការជាងអ្នកណាៗ...” នោះអ្នក មិនយល់អំពី ធម្មជាតិនៃការបម្រើនៅក្នុងនគរព្រះ បានទេ។

 

គ្រឹស្ទសាសនា មិនមែនជាសាសនាដែលយើងទទួលបានពិន្ទុជាមួយព្រះ ដោយធើ្វកិច្ចការល្អនោះទេ។ គ្រឹស្ទសាស នាគឺជាទំនាក់ទំនងជាមួយព្រះ ក្នុងនាមជាសមាជិកក្នុងគ្រួសារព្រះអង្គ។ ព្រះអង្គស្រឡាញ់ បុត្រាបុត្រីរបស់ព្រះអង្គ ដូចៗគ្នា ដោយមិនគិតអំពីថាតើ ពួកគេធ្វើការដើម្បីទ្រង់បានល្អប៉ុណ្ណានោះទេ។ ព្រះអង្គស្រឡាញ់យើងមិនថា យើងធ្វើការ ១២ ម៉ោងនៅក្នុងចំការទំពាំងបាយជូរ ឬធ្វើការ ១ ម៉ោង ឡើយ។

 

ព្រះយេស៊ូវបញ្ចប់ការបង្រៀន ជាមួយនឹងប្រយោគថា “គឺ​យ៉ាង​នោះ​ដែល​អស់​អ្នក​ក្រោយ​នឹង​បានទៅ​ ជា​មុន ហើយ​ពួក​អ្នក​មុន​នឹង​ទៅ​ជា​ក្រោយ​វិញ។” នេះទាក់ទងនឹងភាពស្មើគ្នា របស់មនុស្សនៅក្នុងនគរព្រះ។ បើអ្នកមុនក៏ជាក្រោយ ហើយអ្នកក្រោយ ទៅជាមុន ដែលមានន័យថាគ្រប់គ្នាបញ្ចប់ ដូចគ្នា! ចូរចាំថា ការរអ៊ូនៅខរ ១២ គឺ “អ្នកបានធ្វើឱ្យពួកគេ ស្មើគ្នាជាមួយយើង!”។ គ្រប់អ្នកជឿទាំងអស់នឹងទទួល ភាពស្មើគ្នានៅក្នុងនគរព្រះ។ យើងត្រូវដឹងថា យើងបានចូលទៅក្នុងនគរនៃព្រះគុណ ដោយព្រះគុណ និងព្រោះតែព្រះនៃព្រះគុណ។

 

យើងត្រូវសង្គ្រោះដោយព្រះគុណ ហើយយើងបម្រើដោយព្រះគុណ។ សេចក្ដីពិតនោះគឺ យើងគ្រប់គ្នា សុទ្ធតែជា ជើងឈ្នួលដែលចាប់ផ្ដើមយឺត តែយើងនៅតែទទួលរង្វាន់ពេញលេញ។ មានតែព្រះយេស៊ូវ ប៉ុណ្ណោះ ដែលធ្វើការកិច្ច ការរបស់ព្រះពេញលេញ និងទាំងស្រុង។ ហើយយ៉ាងណា យើងត្រូវបានចាត់ ទុកដូចជាយើងបានរស់នៅដូចជា ព្រះយេស៊ូវយ៉ាងអ៊ីចឹង ដោយមិនរាប់គុណវិបត្តិ និងភាពបរាជ័យរបស់ យើងឡើយ។ យើងចូលទៅក្នុងនគរព្រះ ក្នុង នាមជាបុត្ររបស់ព្រះ គឺដូចជាព្រះយេស៊ូវដែរ។ នៅពេល យើងយល់ការនេះ យើងមិនរអ៊ូរទាំនៅពេលយើងឃើញព្រះបង្ហាញភាពសណ្ដោសទៅកាន់អ្នកដទៃទេ។​ ផ្ទុយទៅវិញ យើងនឹងអបអរព្រះគុណដ៏អស្ចារ្យរបស់ទ្រង់វិញ។

 

តើពាក្យ​ប្រៀប​ប្រដូចនេះផ្ដល់មេរៀនអ្វីដល់យើង?

ពិភាក្សា រួចបង្កើតប្រយោគសង្ខេបជាមួយគ្នា។

 

គម្រូប្រយោគសង្ខេប

  • ព្រះអង្គប្រទានព្រះពរ ដោយសារព្រះគុណ ហើយយើងមិនចាំបាច់ប្រឹងប្រែងដើម្បីបានវា។

  • ព្រះអង្គជាព្រះនៃព្រះគុណ ហើយនគរព្រះ គឺជានគរនៃព្រះគុណ។

  • គ្រឹស្តសាសនា មិនមែនជាការប្រកួតប្រជើងថា អ្នកណាកាន់តាមសាសនាបានល្អជាងគេនោះទេ តែវាជាគ្រួសារ ដែលគ្រប់គ្នាទទួលក្ដីស្រឡាញ់។

  • យើងមិនទទួលសេចក្ដីគាប់ចិត្តរបស់ព្រះ ព្រោះយើងខិតខំធ្វើការដើម្បីទ្រង់នោះទេ តែព្រោះព្រះអង្គជាព្រះនៃ សេចក្ដីស្រឡាញ់ មេត្តាករុណា និងចិត្តសណ្ដោស។


 

អធិស្ឋានបញ្ជប់

bottom of page