top of page

សេចក្តីអធិប្បាយពីសំបុត្របស់យូដាស

សំបុត្រ​យូដាស ជា​បាវ​បំរើ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ហើយ​ជា​ប្អូន​យ៉ាកុប

 

វាគឺជាទំនៀបទំលាប់នៅក្នុងសម័យនោះ ក្នុងការចាប់ផ្តើមផ្នែកដំបូងនៃសំបុត្រ ដោយសរសេរឈ្មោះ របស់អ្នកសរសេរសំបុត ហើយឈ្មោះរបស់អ្នកទទួល បន្ទាប់មកការសួរសុខទុក្ខ។ 

 អ្នកនិពន្ធគឺលោកយូដាសជាកូនរបស់នាងម៉ារី និងលោកយ៉ូសែបដែលត្រូវជាពាក់កណ្តាលបងប្អូន ជាមួយយព្រះយេស៊ូវ (ម៉ាកុស ៦:៣)។ គាត់រៀបរាប់ពីខ្លួនឯងតាមរបៀបពីរយ៉ាង។ ទីមួយ គាត់គឺជា “បាវ​បម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ” (ដូចជាលោកពេត្រុស លោកប៉ុល និងលោកយ៉ាកុប បានរៀបរាប់ពី ខ្លួនឯងដែរ ២ ពេត្រុស ១:១; រ៉ូម ១:១; យ៉ាកុប ១:១)។ គ្រីស្ទបរិស័ទគឺជាបាវបម្រើរបស់ព្រះយេស៊ូវ ដោយសារទ្រង់ បានប្រោសលោះពួកយើងចេញមកពីទាសភាពនៃអំពើបាប។ ហេតុនេះហើយបានជាទ្រង់គឺជាព្រះអម្ចាស់ របស់យើង យើងជាកម្មសិទ្ធិរបស់ទ្រង់ និងបម្រើទ្រង់ (១ កូរិនថូស ៧:២៣)។

 

យូដាសគឺជាឈ្មោះទូទៅមួយ ដូច្នេះគាត់បន្ថែមពាក្យថាគាត់គឺជា “ប្អូនយ៉ាកុប”។ យ៉ាកុបគឺជាមនុស្ស ល្បីល្បាញមួយរូបដែលជាអ្នកដឹកនាំនៅក្នុងព្រះវិហារនៅទីក្រុងយេរូសាឡឹម ដូច្នេះការពិពណ៌នានេះ ជួយឱ្យអ្នកអានរបស់គាត់ស្គាល់ថាតើយូដាសមួយណាជាអ្នកសរសេរសៀវភៅមកកាន់ពួកគេ។

ខ្ញុំ​ផ្ញើ​មក​ពួក​អ្នក​ដែល​ព្រះ​បាន​ហៅ ជា​ពួក​អ្នក​ស្ងួន‌ភ្ងា​ក្នុង​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដែល​បំរុង​ទុក​ក្នុង​ព្រះ‌យេស៊ូវ​គ្រីស្ទ

លោកយូដាសលើកឡើងទៅកាន់អ្នកអានរបស់គាត់តាមរយៈការផ្តល់នូវការពិពណ៌នាចំនួនបីថាតើការក្លាយខ្លួនជាគ្រីស្ទបរិស័ទមានន័យយ៉ាងណា។

 

គ្រីស្ទបរិស័ទគឺជាមនុស្សដែល “បានត្រាស់ហៅ”។ នេះមានន័យថាព្រះជាម្ចាស់បាននាំយើងមក យ៉ាងសកម្មឱ្យមានទំនាក់ទំនងជាមួយអង្គទ្រង់ក្នុងនាមជារាស្ត្ររបស់ព្រះជាម្ចាស់ (២ ធីម៉ូថេ ១:៩)។ ទ្រង់ធ្វើកិច្ចការនេះតាមរយៈដំណឹងល្អដែលយើងទទួលនៅពេលទ្រង់ប្រទានមកយើងនូវការបើកសម្តែង និងការយល់ដឹង (ម៉ាថាយ ១៦:១៧; កិច្ចការ ១៦:១៤-១៥) ហើយធ្វើឱ្យយើងអាចចូលមកកាន់ ព្រះយេស៊ូវបាន (យ៉ូហាន ៦:៤៤)។

ដោយសាររឿងនេះគ្រីស្ទបរិស័ទគឺជា “​ពួក​អ្នក​ស្ងួនភ្ងា​ក្នុង​ព្រះ​ដ៏​ជា​ព្រះវរបិតា”។ យើងគឺជាប្រជារាស្ត្ររបស់ ព្រះជាម្ចាស់ ហេតុនេះហើយបានជាទ្រង់ស្រឡាញ់យើង។ ព្រះគម្ពីរប្រាប់យើងថាសេចក្តីស្រឡាញ់របស់ ព្រះជាម្ចាស់សម្រាប់យើងគឺមិនប្រែប្រួល អស្ចារ្យ និងគ្មានទីបញ្ចប់ (ទំនុកដំកើង ៨៦:១៥; អេភេសូ ២:៤; យេរេមា ៣១:៣; រ៉ូម ៨:៣៩)។

គ្រីស្ទបរិស័ទត្រូវបាន “បម្រុង​ទុក​ក្នុង​ព្រះយេស៊ូវគ្រីស្ទ”។ ដោយសារយើងជាកម្មសិទ្ធិរបស់ព្រះយេស៊ូវ ព្រះជាម្ចាស់ធ្វើការនៅក្នុងជីវិតរបស់យើង ដើម្បីរក្សាយើងខាងវិញ្ញាណដើម្បីមិនឱ្យយើងបោះបង់ចោល ជំនឿរបស់យើង  (១ ពេត្រុស ១:៥; ១ យ៉ូហាន ៥:១៨; ១ ថែស្សាឡូនីច ៥:២៣)។ មានសេចក្តីល្បួង និងការសាកល្បងជាច្រើនដែលត្រូវប្រឈមនៅក្នុងជីវិតនេះ ប៉ុន្តែ ព្រះជាម្ចាស់រក្សាយើងឱ្យមានសុវត្ថិភាព តាមរយៈគ្រប់យ៉ាងសម្រាប់ជាប្រយោជន៍របស់ព្រះគ្រីស្ទដើម្បីឱ្យ យើងត្រៀមខ្លួនរួចរាល់ សម្រាប់ព្រះគ្រីស្ទ នៅពេលទ្រង់យាងត្រឡប់មកវិញ ឬនៅពេលយើងទៅនៅជាមួយទ្រង់ (វិវរណៈ ១៩:៧)។

សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​មេត្តា‌ករុណា សេចក្ដី​សុខ‌សាន្ត នឹង​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ឡើង។

 

លោកយូដាសស្វាគមន៍អ្នកអានរបស់គាត់ជាមួយនឹងការជូនពរ។ “សេចក្តី​មេត្តាករុណា” គឺជា សេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ដែលបានប្រទានមកដល់អ្នកមានបាបដើម្បីឱ្យពួកគេបានសង្គ្រោះ “សេចក្តីសុខសាន្ត” គឺជាលទ្ធផល។ វាគឺជាសេចក្តីសុខសាន្តជាមួយព្រះជាម្ចាស់តាមរយៈការផ្សះផ្សារ ដែលទ្រង់ប្រទានមកនៅក្នុងព្រះយេស៊ូវ។ “សេចក្តីស្រឡាញ់” គឺជាសេចក្តីស្រឡាញ់របស់ព្រះសម្រាប់ យើង។ លោកយូដាសចង់ឱ្យយើងមាននូវព្រះពរទាំងនេះជា​បរិបូរ ដើម្បីឱ្យជីវិតរបស់យើង ពេញដោយសេចក្តីមេត្តាករុណា សេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។

ពួក​ស្ងួន‌ភ្ងា​អើយ កំពុង​ដែល​ខ្ញុំ​ខ្មី‌ឃ្មាត​សរសេរ​ពី​សេចក្ដី​សង្គ្រោះ ដែល​សំរាប់​យើង​ទាំង​អស់​គ្នា នោះ​ខ្ញុំ​មាន​សេចក្ដី​បង្ខំ​នឹង​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា ទាំង​ទូន្មាន​ឲ្យ​ខំ​ត‌យុទ្ធ ដើម្បី​ការ‌ពារ​សេចក្ដី​ជំនឿ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​១​ដង​ជា​សំរេច

 

៣ លោកយូដាសចង់សរសេរសំបុត្រអំពីការសង្គ្រោះរបស់យើង យ៉ាងណាមិញការគំរាមកំហែងដ៏គ្រោះថ្នាក់ ចំពោះជំនឿអ្នកអានរបស់គាត់បានកើតមានឡើង។ ហេតុនេះវាគឺជារឿងចាំបាច់ក្នុងការសរសេរពី ប្រធានបទផ្សេងដែលនោះគឺសម្រាប់ដាស់តឿនដល់អ្នកអានរបស់គាត់ “ការពារ​សេចក្តី​ជំនឿ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​១​ដង​ជា​សំរេច”។ 

“ការពារ” (ἐπαγωνίζεσθαι) គឺជាការត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ “សេចក្តី​ជំនឿ” គឺជាដំណឹងល្អនៃការសង្គ្រោះតាមរយៈព្រះយេស៊ូវគ្រីស្ទ។ ដំណឹងល្អបានប្រគល់មក “មួយដងជាសម្រេច” (ដែលមានន័យថាវាមិនត្រូវបានកែប្រែតាមរបៀបណាមួយឡើយ) ដោយពួកសាវ័ករហូតដល់ “ពួកបរិសុទ្ធ” (នោះគឺគ្រីស្ទបរិស័ទាំងអស់)។ ដូច្នេះលោកយូដាសណែនាំឱ្យអ្នកអានរបស់គាត់ខិតខំ ដោយស្មោះស្មគ្រក្នុងការការពារដំណឹងល្អដែលបានប្រទានមកឱ្យពួកគេតាមរយៈពួកសាវ័ក។

ដ្បិត​មាន​មនុស្ស​ខ្លះ​បាន​លួច​ចូល គឺ​ជា​ពួក​អ្នក​ដែល​មាន​ទោស​កត់​ទុក តាំង​ពី​ដើម​មក ជា​មនុស្ស​ទមិល​ល្មើស ដែល​បំផ្លាស់​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​ទៅ​ជា​សេចក្ដី​អាស‌អាភាស ហើយ​គេ​មិន​ព្រម​ទទួល​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង ដែល​ទ្រង់​ជា​ម្ចាស់​តែ​១​ផង​ទេ។

 

លោកយូដាសពន្យល់​ពីមូលហេតុ​ដែល​ពួកគេ​ត្រូវ​តែការ‌ពារ​​ដំណឹង​ល្អ។មនុស្សមកចូលរួមនៅក្រុមជំនុំ ហើយ បានបោកបញ្ឆោតអ្នកជឿតាមរយៈការបង្រៀនដែលខុសឆ្គង។ លោកយូដាសពណ៌នាពីមនុស្សទាំង នេះ ថាជា “​មនុស្ស​ទមិល​ល្មើស​” (ខ៤, ១៥, ១៨)។  ពាក្យ “មនុស្ស​ទមិល​ល្មើស​” (ἀσεβής) សំដៅទៅលើ មនុស្សដែលមិនគោរពអ្វីដែលបរិសុទ្ធ។ មនុស្ស​ទមិល​ល្មើសទាំងនេះនឹងត្រូវកាត់ទោសដោយសារ៖

(១) ពួកគេ “បំផ្លាស់​ព្រះគុណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នាឲ្យ​ទៅ​ជា​សេចក្តី​អាសអាភាស”។ ព្រះគុណគឺជា ការអនុគ្រោះ ព្រះពរ និងព្រះចេស្តាររបស់ព្រះជាម្ចាស់ធ្វើការនៅក្នុងជីវិរបស់មនុស្សម្នាក់។ តាមរយៈដំណឹងល្អ ព្រះជាម្ចាស់ប្រទានព្រះគុណដល់អ្នកជឿដើម្បីសង្គ្រោះយើងចេញពីអំពើបាប  និងដើម្បីផ្តល់អំណាចដល់យើងឱ្យរស់នៅក្នុងជីវិតដែលបរិសុទ្ធ។ យ៉ាងណាមិញ ការបង្រៀនអំពីព្រះគុណ អាចត្រូវបានបំភ្លៃដោយពួកមនុស្ស​ទមិល​ល្មើសដែលនិយាយថា ដោយសារតែការសង្គ្រោះបានមក ដោយសារព្រះគុណ (មិនមែនជាការប្រព្រឹត្ត​) នោះបើយើងប្រព្រឹត្តិអំពើបាបក៏មិនជាអ្វីដែរ។ នេះគឺជារបៀបដែលពួកគេបំ ផ្លាស់ព្រះគុណឱ្យទៅជា “សេចក្តី​អាសអាភាស” (ἀσέλγειαν) ដែលសំដៅលើអំពើបាបដូចជាអំពើអសីលធម៌ខាងផ្លូវភេទការស្រវឹង និងទម្លាប់នៃភាពលោភលន់។

(២) ពួកគេ “​មិន​ព្រម​ទទួល​ព្រះអម្ចាស់យេស៊ូវ​នៃ​យើងដែល​ទ្រង់​ជា​ម្ចាស់​តែ​១​ផង​ទេ”។ ដោយសារ ព្រះយេស៊ូវគ្រីស្ទទ្រង់ជាម្ចាស់ដ៏សោយរាជ្យរបស់យើង ទ្រង់មានសិទ្ធិទទួលយកការស្តាប់បង្គាប់របស់ យើង។ ប៉ុន្តែ មនុស្ស​ទមិល​ល្មើសបដិសេធអំណាចរបស់ព្រះយេស៊ូវសម្រាប់ពួកគេតាមរយៈការមិនស្តាប់ បង្គាប់តាមបញ្ញតិទ្រង់របស់ពួកគេ។ របៀបរស់នៅអសីលធម៌ដែលអាសអាភាសរបស់ពួកគេបង្ហាញថា ពួកគេបម្រើដល់ចៅហ្វាយនាយផ្សេងទៀតជាដែលទាសករនៃអំពើបាប (រ៉ូម ៦:១២-២៣)។

លោកយូដាប្រាប់យើងថាការថ្កោលទោសរបស់ពួកមនុស្ស​ទមិល​ល្មើសត្រូវបានកត់ត្រាទុកជាយូរមកហើយ។ នៅក្នុងខ៥ ដល់ ១៩ គាត់នឹងបង្ហាញប្រាប់ថាវាត្រូវបានកត់ត្រាទុកនៅក្នុងគម្ពីរសញ្ញាចាស់ (ខ៥-៨, ១១)​ តាមទំនៀមទំលាប់របស់ជនជាតិយូដា (ខ៩, ១៤-១៦) និងតាមរយៈពួកសាវ័ក (ខ១៧-១៨)។

ខ្ញុំ​ចង់​រំឭក​ដល់​អ្នក​រាល់​គ្នា ដែល​បាន​ជ្រាប​សេចក្ដី​ទាំង​នេះ​ម្តង​ហើយ​ថា ក្រោយ​ដែល​ព្រះ‌អម្ចាស់​បាន​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ទ្រង់​បាន​បំផ្លាញ​ពួក​អ្នក​ដែល​មិន​ជឿ​វិញ

លោកយូដាបង្រៀនអំពីការថ្កោលទោសពីពួកមនុស្ស​ទមិល​ល្មើតាមរយៈការផ្តល់ជាឧទាហរណ៍ចំនួនបីពី ការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅក្នុងគម្ពីរសញ្ញាចាស់។

ជំនាន់របស់ជនជាតិអ៊ីស្រាអែល នៅទីរហោស្ថាន។​ ព្រះជាម្ចាស់បានធ្វើការអស្ចារ្យជាច្រើនដើម្បីសង្គ្រោះ ជនជាតិអ៊ីស្រាអែលចេញពីទាសភាពនៅក្នុងប្រទេសអេស៊ីព្ទ (និក្ខមនំ ១២:៥១; ចោទិយកថា ៤:៣៤)។ ប៉ុន្តែបន្ទាប់មក ពួកគេបានធ្វើ និងថ្វាយបង្គំរូបព្រះ រអ៊ូរទាំពីព្រះជាម្ចាស់ ហើយបដិសេធន៍មិនព្រមចូលទៅ កាន់ទឹកដីសន្យា (និក្ខមនំ ១៦:៧–១២; ជនគណនា ១៣:២៥–១៤:៤)។ ជាលទ្ធផលមនុស្សជំនាន់នោះបានស្លាប់នៅក្នុងទីរហោស្ថានអស់ (ជនគណនា ១៤:១–៣៨, ២៦:៦៣–៦៥)។ 

ទោះ​ទាំង​ពួក​ទេវតា​ដែល​មិន​បាន​រក្សា​សណ្ឋាន​ដើម​របស់​ខ្លួន គឺ​ជា​ទេវតា​ដែល​បោះ​បង់​ចោល​ទី​លំនៅ​ចេញ នោះ​ទ្រង់​បាន​ឃុំ​ក្នុង​សេចក្ដី​ងងឹត ទាំង​ជាប់​ចំណង​អស់​‌កល្ប​ជានិច្ច ទុក​សំរាប់​នឹង​ជំនុំ‌ជំរះ​នៅ​ថ្ងៃ​ដ៏​ធំ​នោះ

ទេវតាដែលបានធ្លាក់ចុះ។ លោកុប្បត្តិ ៦:១-៤ ប្រាប់យើងអំពីពួកទេវតា (“បុត្រារបស់ព្រះជាម្ចាស់”) ដែលបានប្រព្រឹត្តិប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ពួកគេចាប់អារម្មណ៍នឹងស្ត្រី ហើយបានរៀបការ និងមានកូនជាមួយពួកគេ។ ដោយសារទេវតាទាំងនេះ មិន​បាន​រក្សា​សណ្ឋាន​ដើម​របស់​ខ្លួន ឥឡូវនេះ ព្រះជាម្ចាស់ឃុំពួកគេ រហូតទាល់តែដល់ថ្ងៃនៃការជំនុំជម្រះ ពេលដែលពួកគេនឹងត្រូវបោះចូលទៅក្នុងបឹងភ្លើង (វិវរណៈ ២០:១០; ម៉ាថាយ ២៥:៤១)។

ដូច​ជា​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា ហើយ​អស់​ទាំង​ទី​ក្រុង​នៅ​ជុំ‌វិញ​ដែរ ដែល​គេ​បាន​ប្រគល់​ខ្លួន​ទៅ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដូច​គ្នា ទាំង​បណ្តោយ​ទៅ​តាម​សាច់​ដទៃ ហើយ​ទ្រង់​បាន​តាំង​អ្នក​ទាំង​នោះ​ទុក​ជា​ក្បួន ឲ្យ​គេ​រង​ទុក្ខ​ទោស ក្នុង​ភ្លើង​ដ៏​ឆេះ​អស់​‌កល្ប​ជានិច្ច

 

ក្រុងដុំម និង​ក្រុង​កូម៉ូរ៉ា “បាន​ប្រគល់​ខ្លួន​ទៅ​ប្រព្រឹត្ត​សេចក្ដី​កំផិត”។ ដោយសាររឿងនេះ ក្រុងទាំងនេះត្រូវបានបំផ្លាញអស់ទាំងស្រុងដោយស្ពាន់ធ័រ និង ភ្លើងពីស្ថានសួគ៌ ដើម្បីបង្រៀនដល់ អស់ទាំងតំណរមនុស្សជំនាន់ក្រោយថាអំពើទមិឡល្មើសនឹងនាំទៅរកការជំនុំជម្រះ នៃភ្លើង​ដ៏​ឆេះ ​អស់​‌កល្ប​ជានិច្ច។

ទោះ​បើ​មាន​ក្បួន​ដូច្នោះ​ហើយ គង់​តែ​មនុស្ស​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​វិញ ដោយ​នឹក​តែ​ពី​ផ្លូវ​ខូច​អាក្រក់ ទាំង​មើល‌ងាយ​ដល់​អស់​ទាំង​អំណាច​គ្រប់‌គ្រង ហើយ​ជេរ​ប្រមាថ​ដល់​ពួក​ប្រសើរ​ឧត្តម​ផង 

 

ដូចជាមនុស្សទីក្រុងសូដុំម និងកូម៉រ៉ា មនុស្ស​ទមិល​ល្មើ “​ធ្វើ​ឲ្យ​ខ្លួន​ស្មោកគ្រោក​វិញ” តាមរយៈ សេចក្តីកំផិត “​ទាំងមើលងាយ​ដល់​អស់​ទាំង​អំណាច​គ្រប់​គ្រង” របស់ព្រះជាម្ចាស់ផង (ខ៤) ហើយ “ជេរ​ប្រមាថ​ដល់​ពួក​ប្រសើរ​ឧត្តម​ផង” ដែលសំដៅលើពួកទេវតា ដែលជាអ្នកនាំសាររបស់ព្រះជាម្ចាស់។ សូមកត់ថាតាមជំនឿរបស់សាសន៍យូដា ក្រឹត្យវិន័យត្រូវបាន ប្រគល់មកដោយពួកទេវតា (កិច្ចការ ៧:៣៨, ៧:៥៣; ហេព្រើរ ២:២)។

រីឯ​មីកែល ជា​មហា​ទេវតា លោក​មិន​ហ៊ាន​ប្តឹង​ប្រមាថ​ដល់​អារក្ស ក្នុង​កាល​ដែល​កំពុង​តែ​ជជែក​នឹង​វា ទាំង​ប្រកែក​ពី​ដំណើរ​សព​របស់​លោក​ម៉ូសេ​នោះ​ទេ គឺ​បាន​និយាយ​ដូច្នេះ​វិញ​ថា សូម​ឲ្យ​ព្រះ‌អម្ចាស់​បន្ទោស​ឯង​ចុះ 

តាមទំនៀមទំលាប់របស់សាសន៍យូដាបន្ទាប់ពីលោកម៉ូសេស្លាប់បាត់ទៅ អារក្សបាននិយាយថារូបកាយ របស់លោកម៉ូសេគឺជាកម្មសិទ្ធិរបស់ពួកគេ ពីព្រោះលោកម៉ូសេគឺជាឃាតករ។ មហាទេវតា មីកែលមិនបាន បដិសេធការចោទប្រកាន់របស់អារក្សទេ។ ផ្ទុយទៅវិញ លោកបានទូលសូមទៅព្រះអម្ចាស់ឱ្យបន្ទោសដល់ អារក្ស ហើយអារក្សបានរត់ចេញបាត់ទៅ ​ដើម្បីទុកឱ្យមហាទេវតាមីកែលអាចបញ្ចុះសពឱ្យបានរួចរាល់។  ចំណុចសំខាន់គឺថាទេវតាមីកែលមិនបាននិយាយប្រឆាំងនឹងអារក្សទេដោយសារគាត់មិនមែនជា អ្នកជំនុំជម្រះ។ 

តែ​ពួក​នោះ គេ​ហ៊ាន​ជេរ​ប្រមាថ​ដល់​ទាំង​អ្វីៗ ដែល​គេ​មិន​ស្គាល់​ផង ព្រម​ទាំង​បង្ខូច​ខ្លួន ក្នុង​ការ​អ្វី​ដែល​គេ​យល់​ដោយ​ធម្មតា​វិញ ហាក់​ដូច​ជា​សត្វ​តិរច្ឆាន

 

១០ ទោះបីជាពួកទេវតាមានអំណាច ជាងមនុស្សក៏ដោយក៏ពួកទេវតាមិននិយាយប្រឆាំងនឹងនរណាម្នាក់ នោះទេ សូម្បីតែចំពោះអារក្ស។ ប៉ុន្តែពួកគ្រូក្លែងក្លាយទាំងនោះបានប្រមាថពួកទេព្តាតាមរយៈការបដិសេធ ក្រឹត្យវិន័យដែលពួកគេនាំយកមក ដោយនិយាយថាអំពើបាប (ដែលជាការបំពានក្រឹត្យវិន័យរបស់ ព្រះជាម្ចាស់) គ្មានបញ្ហាឡើយ។

វេទនា​ដល់​មនុស្ស​ទាំង​នោះ ពី​ព្រោះ​គេ​បាន​ទៅ​តាម​ផ្លូវ​របស់​កាអ៊ីន ក៏​ស្ទុះ​ទៅ​ក្នុង​សេចក្ដី​ខុស‌ឆ្គង​របស់​បាឡាម ឲ្យ​តែ​បាន​កំរៃ ហើយ​គេ​ត្រូវ​វិនាស​ក្នុង​ការ​បះ‌បោរ​របស់​កូរេ​ទៅ 

១១ ដូចកាអ៊ីនដែរ (លោកុប្បត្តិ ៤:៦-៨) មនុស្ស​ទមិល​ល្មើសគ្មានសេចក្តីស្រឡាញ់ចំពោះបងប្អូនគេទេ ហើយបង្កគ្រោះថ្នាក់ និងទុក្ខទោសដល់ពួកគេ។ ដូចបាឡាម (ជនគណនា ២៥:១-៣, ៣១:១៦) ពួកគេត្រូវបានគ្រប់គ្រងដោយការស្រឡាញ់ប្រាក់ ហើយល្បួងប្រជារាស្ត្ររបស់ព្រះជាម្ចាស់ឱ្យចូលទៅក្នុង ភាពអសីលធម៌។ ដូចកូរេ (លោកុប្បត្តិ ១៦:១-៣០) ពួកគេបះបោរប្រឆាំងនឹងអំណាចដែលព្រះជាម្ចាស់ បានប្រទានឱ្យ។ កាអ៊ីន ((លោកុប្បត្តិ ៤:១០-១៦), បាឡាម (ជនគណនា ៣១:៧-៨), និងកូនរបស់កូរេ (ជនគណនា ១៦:៣១-៣៥) ត្រូវបានព្រះជាម្ចាស់ជំនុំជម្រះដោយសារអំពើរបស់ពួកគេ ហើយ
មនុស្ស​ទមិល​ល្មើសក៏ដូច្នោះដែរ។

ពួក​នោះ​ជា​ដុំ​ស្មោក‌គ្រោក ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​បរិភោគ ជា​មួយ​គ្នា​ដោយ​ស្រឡាញ់ គេ​បរិភោគ​ជា​មួយ​ឥត​ខ្លាច ទាំង​ចិញ្ចឹម​តែ​ខ្លួន​គេ 

១២ក ពិភពលោកនេះបានបកប្រែ “​ដុំ​ស្មោកគ្រោក” ដែលជាទូទៅមានន័យថាដុំថ្មដែលលាក់បាត់នៅ ក្នុងសមុទ្រ។ ពួកគ្រូក្លែងក្លាយប្រៀបបីដូចជាថ្មប៉ប្រះទឹកដ៏គ្រោះថ្នាក់ដែលត្រូវតែជៀសវាង ដោយសារ វាអាចធ្វើឱ្យលិចក​លង់​សេចក្តីជំនឿរបស់អ្នកជឿបាន (១ ធីម៉ូថេ ១:១៩)។

“បរិភោគជា​មួយ​គ្នា​ដោយ​ស្រឡាញ់” គឺជាអាហារដែលគ្រីស្ទបរិស័ទបានទទួលទានជាមួយគ្នា (រួមទាំង ការពិធីលៀងព្រះអម្ចាស់ កិច្ចការ ២:៤២, ២:៤៦)។ ​នៅក្នុងប្រទេសមជ្ឈិមបូព៌ា ការដែលបរិភោគអាហារ ជាមួយគ្នាគឺជានិមិត្តសញ្ញានៃមិត្តភាពនិងការរួបរួម ដូច្នេះហើយ ពេលដែលពួកអ្នកជឿ ដែលមានប្រវត្តិ ផ្សេងៗគ្នាចែករំលែកអាហារជាមួយគ្នា វាគឺជាការបង្ហាញដ៏មានឥទ្ធិពលនៃសេចក្តីស្រឡាញ់ ហើយនឹងការរួបរួមដែលពួកគេមាននៅក្នុងព្រះគ្រីស្ទ។ ​ប៉ុន្តែពួកគ្រូក្លែងក្លាយលោភលន់ ហើយចាប់អារម្មណ៍ តែជាមួយអាហារឥតគិតថ្លៃនៅពេលប្រកបគ្នា តែប៉ុណ្ណោះ (១ កូរិនថូស ១១:២០–២២ )។

ពួកគេគឺជា “អ្នកគង្វាលដែល​បរិភោគ​ជា​មួយ​ឥត​ខ្លាចទាំង​ចិញ្ចឹម​តែ​ខ្លួន​គេ”។ កិច្ចការរបស់អ្នកគង្វាល គឺត្រូវថែរក្សា ការពារ និងផ្គត់ផ្គង់ដល់ចៀម។ ប៉ុន្តែពួកគ្រូក្លែងក្លាយមិនបានបម្រើ និងថែរក្សាពួកគេឡើយ។ ផ្ទុយទៅវិញពួកគេប្រើប្រាស់តួនាទីក្នុងភាពជាអ្នកដឹកនាំរបស់ពួកគេនៅក្រុមជំនុំដើម្បីទទួលបានជីវិត ដែលមានផាសុខភាពសម្រាប់ខ្លួនឯង (អេសេគាល ៣៤:២, ៣៤:៨)។ 

គេ​ជា​ពពក​ឥត​ទឹក ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ទៅ​មក ជា​ដើម​ឈើ​ឥត​ផ្លែ​ក្នុង​រដូវ​កាល ដែល​ស្លាប់​២​ដង​រួច​ហើយ ក៏​ត្រូវ​រលើង​ផង គេ​ជា​រលក​សមុទ្រ​យ៉ាង​សំបើម ដែល​បែក​ពពុះ ចេញ​ជា​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​គេ ក៏​ជា​ផ្កាយ​មិន​ទៀង ដែល​សេចក្ដី​ងងឹត​សូន្យ​ឈឹង​អស់​‌កល្ប​ជានិច្ច បាន​បំរុង​ទុក​ឲ្យ​គេ 

 

១២ខ-១៣ លោកយូដាសផ្តល់នូវទាហរណ៍ចំនួនបួនពី​ពិភពធម្មជាតិ ដើម្បី​ពិពណ៌នាអំពីគ្រូពួកក្លែងក្លាយ។

នៅពេលមនុស្សមើលឃើញពពកពួកគេគិតថាភ្លៀងកំពុងតែធ្លាក់ចុះមកហើយ ប៉ុន្តែពេលខ្លះព្យុះ នឹងធ្វើឱ្យបក់ពពក ចេញបាត់ទៅ ហើយធ្វើឱ្យដីមានភាពស្ងួត និងក្តៅហែងដដែល។ ដូចជា "ពពក​ឥត​ទឹក” ពួកគ្រូក្លែងក្លាយមិនមានអ្វីដែលអាចបំពេញភាពស្រេកឃ្លានចំពោះសេចក្តីពិតខាងវិញ្ញាណបានឡើយ។

ដូចជា “​ដើម​ឈើ​ឥត​ផ្លែ​” ពួកគ្រូក្លែងក្លាយមិនបានបង្កើតអ្វីល្អដែលបំពេញ​ការស្រេកឃ្លានខាងវិញ្ញាណ របស់​មនុស្ស​នោះទេ (លូកា ១៣:៦)។

ដូចជា “​​រលក​សមុទ្រ​យ៉ាង​សំបើម ដែល​បែក​ពពុះ ចេញ​ជា​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​គេ” ពួកគ្រូក្លែងក្លាយ "ចេះ​តែ​បារ​ល្បាប់ នឹង​ភក់​ឡើង" (អេសាយ ៥៧:២០) ហើយបង្កើតជាបញ្ហានៅគ្រប់ទីកន្លែងដែលពួកគេទៅដល់។

ដូចជា “ផ្កាយ​មិន​ទៀង” ដែលដឹកនាំទៅរកផ្លូវខុសអស់អ្នកដែលព្យាយាមធ្វើនាវាចរណ៍ដោយមើលវា ពួកគ្រូក្លែងក្លាយបំភាន់អស់អ្នកដែល ទុកចិត្តលើការបង្រៀនរបស់ពួកគេ ហើយបណ្តាលឱ្យពួកគេវង្វេងផង។ ការជំនុំជម្រះគឺច្បាស់ណាស់៖ "​សេចក្ដី​ងងឹត​សូន្យ​ឈឹង​អស់​‌កល្ប​ជានិច្ច” នោះគឺ ឋាននរក (ម៉ាថាយ ៨:១២; ២ ពេត្រុស ២:១៧)) បានបំរុង​ទុក​ឲ្យ​គេ។

ឯ​ហេណុក ជា​ដំណ​ទី​៧​ពី​លោក​អ័ដាម​មក គាត់​បាន​ទាយ​ពី​មនុស្ស​ទាំង​នោះ​ថា មើល ព្រះ‌អម្ចាស់​ទ្រង់​ យាង​មក នៅ​កណ្តាល​ពួក​បរិសុទ្ធ​ទ្រង់​ទាំង​សល់​សែន ដើម្បី​នឹង​កាត់​ទោស​ដល់​គ្រប់​មនុស្ស​ទាំង‌ឡាយ ហើយ​នឹង​រំឭក​ពួក​ទមិល​ល្មើស​ទាំង​អំបាល‌ម៉ាន ឲ្យ​ដឹង​ខ្លួន​ពី​គ្រប់​ទាំង​ការ​ទមិល​ល្មើស ដែល​គេ​បាន​ប្រព្រឹត្ត​ធ្វើ ដោយ​ចិត្ត​ល្មើស ហើយ​ពី​អស់​ទាំង​សេចក្ដី​រឹង‌ទទឹង​ទាំង​ប៉ុន្មាន ដែល​អស់​ពួក​ទមិល​ល្មើស​ដ៏​មាន​បាប​ទាំង​នោះ បាន​ពោល​ទាស់​នឹង​ទ្រង់

១៤-១៥ សៀវភៅហេព្រើរបុរាណអំពីសេចក្តីទំនាយរបស់លោកហេណុកទាយថាព្រះអម្ចាស់នឹងយាងមកពី ស្ថានសួគ៌ជាមួយទេព្តារបស់ទ្រង់ដើម្បីមកជំនុំជម្រះពួកមនុស្ស​ទមិល​ល្មើស។ ការនេះនឹងកើតឡើង នៅពេលព្រះយេស៊ូវយាងមកវិញជាលើកទីពីរ (សាការី ១៤:៥; ម៉ាថាយ ១៦:២៧; ២៥:៣១; ម៉ាកុស ៨:៣៨; លូកា ៩:២៦; ១ ថែស្សាឡូនីច ៣:១៣; ២ ថែស្សាឡូនីច ១:៧)។

មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រទូ‌រទាំ ហើយ​ត្អូញ‌ត្អែរ ដែល​ដើរ​តាម​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្លួន ហើយ​មាត់​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អំនួត​អួត​យ៉ាង​សំបើម គេ​រាប់​អាន​មនុស្ស ឲ្យ​តែ​បាន​កំរៃ​ទេ។

១៦ លោកយូដាសផ្តល់នូវលក្ខណៈចំនួនប្រាំបន្ថែមទៀតអំពីមនុស្ស​ទមិល​ល្មើស។ 

ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ពួក​សាវក​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​ផ្សាយ​ប្រាប់​ពី​ដើម​រៀង​មក​ចុះ គេ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា​ថា នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​មនុស្ស​ចំអក ដែល​នឹង​ប្រព្រឹត្ត តាម​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​ទមិល​ល្មើស​របស់​ខ្លួន

១៧-១៨  ពួកសាវ័កក៏បានព្រមានក្រុមជំនុំអំពីពួកមនុស្ស​ទមិល​ល្មើសផងដែរ។ លោកពេត្រុស ទាយពីទំនាយនេះនៅក្នុង ២ ពេត្រុស ៣:៣។

ពួក​នោះ​ជា​អ្នក​ដែល​បង្កើត​បក្ស‌ពួក គឺ​ជា​មនុស្ស​ដែល​នៅ​ដោយ​វិស័យ​សាច់​ឈាម ដែល​គ្មាន​ព្រះ‌វិញ្ញាណ​ទេ

 

១៩ នៅពេលដែល​ មនុស្ស​ដែល​នៅ​ដោយ​វិស័យ​សាច់​ឈាម ដែល​គ្មាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធបទេ បង្រៀនដល់ក្រុមជំនុំ ពួកគេនឹងបង្រៀនគំនិតក្លែងក្លាយ។ វានាំមកនូវការបែកបាក់ដោយសារ មនុស្សមួយចំនួនត្រូវបានបោកបញ្ឆោត ហើយមួយចំនួនទៀត មិនត្រូវបានបោកបញ្ឆោត។

​​​ប៉ុន្តែ ឯ​អ្នក​រាល់​គ្នា ជា​ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចុះ ព្រម​ទាំង​រង់‌ចាំ​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ ដោយ​ស្អាង​ចិត្ត​ឡើង​ក្នុង​សេចក្ដី​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់​អ្នក​រាល់​គ្នា ហើយ​ទាំង​អធិស្ឋាន ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង

២០-២១ លោកយូដាសបានលើកឡើងច្បាស់ៗថាព្រះជាម្ចាស់នឹងជំនុំជម្រះមនុស្សទមិឡល្មើស (ខ៥-១៩)។ ឥឡូវនេះគាត់ណែនាំដល់អ្នកអានរបស់គាត់ពីរបៀបដែលយើង "ការពារ​សេចក្តី​ជំនឿ"។ (ខ៣)។

យើង "ស្អាង​ចិត្ត​ឡើង​ក្នុង​សេចក្ដី​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់​អ្នក​រាល់​គ្នា"។ ដូចនៅក្នុងខ ៣ "សេចក្តី​ជំនឿ" មានន័យថាដំណឹងល្អ ហើយវាបរិសុទ្ធដោយសារវាមកពីព្រះជាម្ចាស់។ គ្រីស្ទបរិស័ទស្អាងខ្លួនឡើងតាមរយៈ ការស្គាល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កិច្ចការ ២០:៣២)។ យើងត្រូវតែដឹង និងស្រឡាញ់ ដំណឹងល្អ ចេះជួយដល់អ្នកដទៃឱ្យស្គាល់ពីវា ហើយអនុញ្ញាតិឱ្យវាមានប៉ះពាល់ដ៏អំណាចនៅក្នុងជីវិតរបស់យើង (រ៉ូម ១:១៦)។ 

យើង "អធិស្ឋានដោយនូវព្រះវិញ្ញាណដ៏បរិសុទ្ធ"។ ព្រះជាម្ចាស់បានប្រទានឱ្យយើងនូវព្រះវិញ្ញារបស់ទ្រង់ ដើម្បីឱ្យយើងអាចរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទរបស់យើងបាន។ ព្រះវិញ្ញាណបរិសុទ្ធជួយយើងឱ្យចេះ អធិស្ឋានតាមរយៈការប្រទានឱ្យយើងនូវសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលជាព្រះវរបិតានៃយើង ហើយជួយយើងឱ្យស្គាល់ពីបំណងព្រះហឫទ័យ និងរបៀបរបស់ទ្រង់ (កាឡាទី ៤:៦; អេភេសូរ ៦:១៨)។

យើង "រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចុះ"។ ព្រះយេស៊ូវបាននាំយើង មកឱ្យមានទំនាក់ទំនងដែលមានសេចក្តីស្រឡាញ់ជាមួយព្រះជាម្ចាស់ដែលជាព្រះវរបិតារបស់យើង។ ឥឡូវនេះយើងត្រូវផ្តល់តម្លៃដល់ទំនាក់ទំនងមួយនេះ ហើយយកវាជាអាទិភាពនៅក្នុងជីវិតរបស់យើង។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺមិនប្រែប្រួល ប៉ុន្តែបទពិសោធន៍របស់យើងពីសេចក្តីស្រឡាញ់ របស់ទ្រង់គឺអាស្រ័យលើរបៀបដែលយើងជិតស្និទ្ធជាមួយទ្រង់វិញ។

យើង "​រង់‌ចាំ​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ"។ គ្រីស្ទបរិស័ទមានសេចក្តីសង្ឃឹមដ៏អស្ចារ្យបំផុត។ យើងដឹងថាព្រះយេស៊ូវ នឹងយាងត្រឡប់មកកាន់ផែន ដីវិញដោយសិរីល្អ ហើយដោយសារសេចក្តីមេត្តារបស់ទ្រង់ចំពោះយើង ទ្រង់នឹងប្រទានឱ្យយើងនូវ ជីវិតដ៏អស់កល្បជានិច្ចនៅក្នុងនគររបស់ទ្រង់ (ម៉ាថាយ ៥:៧; ២ ធីម៉ូថេ ១:១៨)។ ដើម្បី “រង់ចាំ” មានន័យថាយើងត្រូវចេះមានការរំពឹងទុកចំដ៏អត់ធ្មត់ ដែលមានចំណង់ខ្លាំងពោះ ការនេះ ហើយរបៀបរស់នៅ ដែលសមចំពោះអ្នកដែលមានការសន្យាដ៏អស្ចារ្យពីការសង្គ្រោះ។

ចូរ​មាន​ចិត្ត​អាណិត​ដល់​ពួក​អ្នក​ខ្លះ ដែល​មាន​សេចក្ដី​សង្ស័យ​ផង ហើយ​ជួយ​សង្គ្រោះ​ដល់​អ្នក​ដទៃ ទាំង​ឆក់​យក​គេ​ចេញ​ពី​ភ្លើង ហើយ​ត្រូវ​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ឯ​ទៀត​ដោយ​ភ័យ​ខ្លាច ហើយ​ស្អប់​ដល់​ទាំង​អាវ ដែល​ត្រូវ​ស្មោក‌គ្រោក ដោយ​សាច់​ឈាម​ផង។

២២-២៣ ក្រុមជំនុំត្រូវតែជួយដល់អ្នកដែលស្ថិតនៅក្រោមឥទ្ធិពលរបស់ពួកគ្រូក្លែងក្លាយ។ លោកយូដាសលើកឡើងពីក្រុមមនុស្សចំនួនបីទាំងផ្តល់ការណែនាំសម្រាប់ក្រុមនីមួយៗផង។

(១) “​មាន​ចិត្ត​អាណិត​ដល់​ពួក​អ្នក​ខ្លះ ដែល​មាន​សេចក្ដី​សង្ស័យ​ផង”។ ប្រសិនបើពួកគ្រូក្លែងក្លាយធ្វើឱ្យ អ្នកជឿមួយចំនួនប្រែទៅជាមិនច្បាស់លាស់ជាមួយនឹងសេចក្តីពិត យើងត្រូវតែបង្ហាញពួកគេដោយស្រទន់ពី សេចក្តីពិតដែលមាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជួយពួកគេដោយអត់ធ្មត់ឱ្យលូតលាស់ នៅក្នុងសេចក្តីជំនឿលើព្រះជាម្ចាស់របស់ពួកគេ។

(២) “​ជួយ​សង្គ្រោះ​ដល់​អ្នក​ដទៃ ទាំង​ឆក់​យក​គេ​ចេញ​ពី​ភ្លើង”។ អ្នកដែលបានចាប់ផ្តើមជឿទៅលើ សេចក្តីបង្រៀនក្លែងក្លាយគឺកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។ ហេតុនេះបានជាត្រូវពណ៌នាពីពួកគេថាកំពុង ស្ថិតនៅក្នុងភ្លើង។ គ្រីស្ទបរិស័ទត្រូវតែឈោងទៅរកពួកគេ ដោយព្រះគុណ និងសេចក្តីពិតរបស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះពួកគេ មុនពេលពួកគេត្រូវបានបំផ្លាញដោយការបង្រៀនក្លែងក្លាយ (សាការី ៣:២)។ 

(៣) “ត្រូវ​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ឯ​ទៀត​ដោយ​ភ័យ​ខ្លាច ហើយ​ស្អប់​ដល់​ទាំង​អាវ ដែល​ត្រូវ​ស្មោក‌គ្រោក ដោយ​សាច់​ឈាម​ផង”។ មនុស្សមួយចំនួនត្រូវបានបោកបញ្ឆោតពីសំណាក់ពួកគ្រូក្លែងក្លាយ ហើយឥឡូវនេះរស់នៅតាមរបៀបអសីលធម៌។ យើងត្រូវតែបង្ហាញចិត្តមេត្តាទៅកាន់ពួកគេ ប៉ុន្តែ “ដោយ​ភ័យ​ខ្លាច” ដើម្បីឱ្យខ្លួនឯងមានសុវត្ថិភាពពីឥទ្ធិពលរបស់ពួកគេ។ ករណីមួយចំនួនវាមានន័យថា យើងមិនគួរមានទំនាក់ទំនងផ្ទាល់ជាមួយពួកគេទេ (ម៉ាថាយ ១៨:១៧; ១ កូរិនថូស ៥:១១; ទីតុស ៣:១០; ២ យ៉ូហាន ១០–១១) ប៉ុន្តែចូរបន្តអធិស្ឋានឱ្យពួកគេ។ 

រីឯ​ព្រះ ដែល​អាច​នឹង​ថែ​រក្សា មិន​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល ហើយ​នឹង​ដាក់​អ្នក​រាល់​គ្នា នៅ​ចំពោះ​សិរី‌ល្អ​ទ្រង់ ដោយ​ឥត​មាន​កន្លែង​បន្ទោស​បាន ព្រម​ទាំង​មាន​ចិត្ត​ត្រេក‌អរ​ផង គឺ​ជា​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​តែ​មួយ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ ឫទ្ធា‌នុភាព ព្រះ‌ចេស្តា នឹង​អំណាច តាំង​ពី​មុន​អស់‌កល្ប នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ដល់​អស់​‌កល្ប​ជានិច្ច​ត​ទៅ។ អាម៉ែន។:៚

២៤ លោកយូដាសបញ្ចប់សំបុត្ររបស់គាត់ ដោយ​ការ​សរសេរ​អំពីការសង្គ្រោះរបស់យើងដែលតាមពិតគឺជាអ្វីដែលគាត់ចង់សរសេរពីវា (ខ៣)។ គាត់លើកទឹកចិត្តដល់អ្នកជឿថាព្រះជាម្ចាស់អាច “ថែ​រក្សា” យើងបាន (សូមមើលមតិនៅ ខ១) ពីការ “​ជំពប់​ដួល”។ នា​ជំពប់​ដួល មានន័យថាបោះបង់ចោលជំនឿជាគ្រីស្ទបរិស័ទ។ ព្រះជាម្ចាស់អាចនាំបុត្រាបុត្រីទាំងអស់របស់ទ្រង់ត្រឡប់មកផ្ទះវិញបានដោយសុវត្ថិភាពទៅ​កាន់​អង្គទ្រង់ ដោយប្រាកដថាយើងមិនបានវង្វេងទៅតាមរបៀបនៃអំពើបាបរបស់ពួកមនុស្ស​ទមិល​ល្មើស ហើយបរាជ័យមិនទទួលការសង្គ្រោះនៅចុងបញ្ចប់ឡើយ (២ ថែស្សាឡូនីច ៣:៣; យ៉ូហាន ១៧:១១–១៥; ១ ពេត្រុស ១:៣-៥)។  

មូលហេតុដែលព្រះជាម្ចាស់ថែ​រក្សាអ្នកជឿ មិន​ឲ្យ​បោះបង់ចោលជំនឿជាគ្រីស្ទបរិស័ទគឺដើម្បីឱ្យយើងអាច ឈរនៅចំពោះទ្រង់បានទាំង “មាន​ចិត្ត​ត្រេកអរ​ផង”។ ចិត្ត​ត្រេកអររបស់យើងគឺដោយសារនៅថ្ងៃ ដែលយើង ឈរនៅចំពោះព្រះជាម្ចាស់ សេចក្ដីសង្រ្គោះរបស់យើងនឹងត្រូវបានសម្រេចដោយទ្រង់យ៉ាងពេញលេញ។ នៅថ្ងៃនោះយើងនឹង “​ឥត​មាន​កន្លែង​បន្ទោស​បាន” ដែលមានន័យថាយើងនឹងពេញបរិបូរណ៍ ហើយគ្មានស្នាមប្រឡាក់ ទាល់តែសោះ ដូចជាព្រះយេស៊ូវដែរ (១ ពេត្រុស ១:១៩)។ ដោយសាររឿងនេះ យើងនឹងធ្វើ​ជា​តង្វាយ​ដ៏ស័ក្ដិសម​សម្រាប់ព្រះជាម្ចាស់ ជាព្រះវរបិតាដ៏បរិសុទ្ធរបស់យើង (១ ថែស្សាឡូនីច ៣:១៣; អេភេសូរ ៥:២៧; កូល៉ុស ១:២២)។

២៥ មានតែព្រះជាម្ចាស់តែប៉ុណ្ណោះដែលអាចសង្គ្រោះយើង សម្អាតយើងពីអំពើបាប និងនាំយើងទៅកាន់ ទ្រង់ដោយឥតមានកន្លែងបន្ទោសបាន។ តាមរយៈការធ្វើល្អរបស់យើងគឺយើងមិនអាចបង្ហាញខ្លួនថា “ឥត​ប្រឡាក់” នៅចំពោះព្រះជាម្ចាស់បានទេ។ ប៉ុន្តែទ្រង់គឺជាព្រះអង្គសង្គ្រោះ ហើយតាមរយៈព្រះគ្រីស្ទ ទ្រង់ប្រទាននូវភាពសុចរិតដែលយើងគ្មាន។ ការសង្គ្រោះរបស់គ្រីស្ទបរិស័ទគឺមានសុវត្ថិភាព ដោយសារ ព្រះជាម្ចាស់អាចធ្វើអ្វីៗបានទាំងអស់តាមបំណងព្រះហឫទ័យរបស់ទ្រង់ ហើយគ្មានអ្វីអាចមករារាំង ផែនការរបស់ទ្រង់បានឡើយ (អេសាយ ៤៦:៩-១០)។

សិរីល្អ ឫទ្ធានុភាព ព្រះចេស្តា និងអំណាចជារបស់ព្រះជាម្ចាស់តាំងពីមុនរៀងមករហូតដល់អស់កល្ប ជានិច្ច។ “សិរីល្អ” គឺជាព្រះវត្តមានដ៏មហិមារបស់ទ្រង់ “ឫទ្ធានុភាព” គឺជាភាពជាស្តេចរបស់ទ្រង់ “ព្រះចេស្តា” គឺជាការគ្រប់គ្រងលើអស់ទាំងការបង្កើតរបស់ទ្រង់ និង “អំណាច” គឺជាសិទ្ធិរបស់ទ្រង់ ក្នុងការគ្រប់គ្រងលើរបស់ទាំងអស់។ ដោយសារភាពជាព្រះរបស់ព្រះជាម្ចាស់ និងអ្វីដែលទ្រង់បានធ្វើ សរសើរ និងអំណាចគឺជារបស់ទ្រង់អស់កល្បជានិច្ច! គ្រីស្ទបរិស័ទអាចសម្រាកដោយមានសុវត្ថិភាព នៅក្នុងការពិតនេះ ហើយនិយាយដូចជាអ្វីដែលលោកយូដាសបានធ្វើដែរ “អាម៉ែន”។

bottom of page