

ការចាប់ខ្លួនព្រះយេស៊ូវ
កាលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនោះរួចហើយ នោះទ្រង់យាងទៅខាងនាយជ្រោះកេដ្រុន បាននាំទាំងពួកសិស្សទៅផង ហើយទ្រង់ នឹងពួកសិស្សក៏ចូលទៅក្នុងច្បារ១ដែលនៅទីនោះ
១៨:១ ព្រះយេស៊ូវចាកចេញពីក្រុងយេរូសាឡិម ហើយយាងចំងាយមួយគីឡូម៉ែត្រឆ្ពោះទៅកាន់សួនច្បារគែ តសេម៉ានី។ គែតសេម៉ានី (ដែលមានន័យថា “គៀបប្រេង”) គឺជាសួនច្បារដែលមានដើមអូលីវជាច្រើននៅតាម ជើងភ្នំដើមអូលីវ។
ឯយូដាស ដែលជាអ្នកបញ្ជូនទ្រង់ ក៏ស្គាល់កន្លែងនោះដែរ ពីព្រោះព្រះយេស៊ូវនឹងពួកសិស្ស តែងប្រជុំនៅទីនោះជាញឹកញយ
១៨:២ ជាជាងរត់ពួន ព្រះយេស៊ូវបានយាងទៅកន្លែងមួយដែលយូដាសស្គាល់ ហើយដឹងថា នឹងរកទ្រង់ឃើញវិញ។ ប្រសិនបើព្រះអង្គចង់គេចចេញពីការចាប់ខ្លួន ព្រះអង្គនឹងបានជ្រើសរើស កន្លែងមួយផ្សេងទៀតជាមិនខានឡើយ។ ពេលវេលា (ពេលយប់) និងទីកន្លែង (ឆ្ងាយពីទីក្រុង ហើយនឹង ហ្វូងមនុស្ស) ផ្តល់ឳកាសឲ្យពួកទាហានក្នុងការចាប់ព្រះយេស៊ូវដោយសំងាត់។
ដូច្នេះ កាលយូដាសបានទទួលពួកទាហាន នឹងពួកអាជ្ញាខ្លះ ពីពួកសង្គ្រាជ នឹងពួកផារិស៊ីហើយ នោះក៏នាំគ្នាទៅឯទីនោះ មានទាំងកាន់គោម ចន្លុះ នឹងគ្រឿងសស្ត្រាវុធផង
១៨:៣ “ពួកទាហាន” គឺជាពួករ៉ូម៉ាំង។ “ពួកអាជ្ញា” ជាពួកអ្នកត្រួតត្រាព្រះវិហារ មកពីអំបូរលេវី។ ពួកគេបាននាំយកអាវុធមក ជាមួយដោយព្រោះតែពួកគេគិតថាព្រះយេស៊ូវនឹងតតាំងជាមួយនឹង ការចាប់ខ្លួននោះ។ ការពិតដែលពួកអ្នកដឹកនាំសាសនាចាត់ក្រុមទាហាននិងពួកអាជ្ញាទាំងនេះបង្ហាញថា ពួកគេគិតថាព្រះយេស៊ូវនឹងតទល់ជាមួយនឹងការចាប់ខ្លួន។ ពួកគេមានការភាន់ច្រឡំចំពោះបេសកកម្មរបស់ ព្រះយេស៊ូវ ហើយក៏បានមើលងាយចំពោះព្រះចេស្តាព្រះអង្គថែមទៀត។ ព្រះអង្គមិនបានប្រឆាំងជាមួយនឹង ការចាប់ខ្លួនឡើយ ប៉ុន្តែប្រសិនបើទ្រង់ប្រឆាំង គ្មានកងទ័ពណាមួយអាចនឹងទាស់នឹងទ្រង់បានឡើយ (ម៉ាថាយ ២៦:៥២-៥៣)។
ព្រះយេស៊ូវទ្រង់ជ្រាបការទាំងអស់ ដែលត្រូវមកដល់ទ្រង់ បានជាទ្រង់យាងចេញទៅសួរគេថា តើមករកអ្នកណា
១៨:៤ ព្រះយេស៊ូវបានត្រៀមខ្លួនជាសម្រេចសម្រាប់ការនេះរួចទៅហើយ។ ព្រះអង្គជ្រាបគ្រប់យ៉ាងដែលនឹង បានកើតឡើងចំពោះព្រះអង្គ ហើយបានមានបន្ទូលអំពីព្រឹត្តិការណ៏ទាំងអស់នេះជាច្រើនដងច្រើនសារ។
គេទូលឆ្លើយថា រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ព្រះយេស៊ូវមានបន្ទូលទៅគេថា គឺខ្ញុំនេះហើយ ឯយូដាសដែលបញ្ជូនទ្រង់ ក៏ឈរនៅជាមួយនឹងគេដែរ កាលទ្រង់មានបន្ទូលទៅគេថា គឺខ្ញុំនេះហើយ នោះគេក៏ថយក្រោយ ដួលផ្ងារទាំងអស់គ្នា
១៨:៥-៦ ព្រះយេស៊ូវបានណែនាំពីព្រះអង្គទ្រង់ដល់ពួកគេបានដោយការដែលបានប្រើព្រះនាមនៃព្រះថា Ἐγώ εἰμι ដែលត្រូវបានប្រើនៅក្នុងការបកប្រែភាសាក្រិចនៃព្រះគម្ពីរសញ្ញាចាស់ នៅក្នុង និក្ខមនំ ៣:១៤)។ មានព្រះចេស្តាដ៏ខ្ពស់បំផុតនៅក្នុងព្រះនាមនោះ ដែលសត្រូវរបស់ព្រះយេស៊ូវបានដួលដល់ដី (អេសេគាល ១:២៨; ដានីយ៉ែល ១០:៩; កិច្ចការ ៩:៤, ២២:៧,២៦:១៤; វិវរណៈ ១:១៧)។
ដូច្នេះ ទ្រង់មានបន្ទូលសួរគេម្តងទៀតថា តើរកអ្នកណា គេទូលឆ្លើយថា រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត
១៨:៧ ព្រះយេស៊ូវទ្រង់គ្រប់គ្រងលើស្ថានភាពនោះទាំងស្រុង។ ដោយព្រះចេស្តានៃព្រះតាមរយៈ ព្រះបន្ទូលព្រះអង្គតែប៉ុណ្ណោះ ព្រះយេស៊ូវអាចនឹងគេចចេញពីការនោះយ៉ាងងាយស្រួលប្រសិនបើទ្រង់ ជ្រើសរើសគេចចេញ។ ប៉ុន្តែព្រះយេស៊ូវចុះចាញ់នឹងពួកអាជ្ញា ដើម្បីធានាយ៉ាងជាក់ច្បាស់ថា គ្មានអំពើហិង្សាកើតមានឡើងចំពោះសិស្សរបស់ព្រះអង្គ។ ព្រះអង្គបានបង្គាប់ដល់គេឲ្យអនុញ្ញាតឲ្យសិស្ស របស់ព្រះអង្គ បានចេញទៅ (ខ៨)។ ដោយការនេះ អ្នកគង្វាលល្អបានដាក់ជីវិតរបស់ខ្លួនចុះ ដើម្បីការពារចៀមរបស់ទ្រង់ (១០:១១, ១០:១៧-១៨) ហើយថែរក្សាគេដោយមិនអនុញ្ញាតឲ្យ គេបានក្លាយជារំពា របស់ហ្វូងឆ្កែព្រៃឡើយ (១០:១២)។
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ខ្ញុំបានប្រាប់អ្នករាល់គ្នាថា គឺខ្ញុំនេះហើយ ដូច្នេះ បើអ្នករាល់គ្នារកខ្ញុំ នោះចូរបើកឲ្យអ្នកទាំងនេះទៅចុះ
១៨:៨ ព្រះយេស៊ូវបង្គាប់ដល់ពួកអ្នកដែលមកចាប់ព្រះអង្គ។ ពួកគេស្តាប់តាមព្រះអង្គដោយព្រោះតែ អំណាចរបស់ពួកគេទើបតែត្រូវបានបង្ហាញថាមិនមានឥទ្ធិពលសោះឡើយប្រៀបជាមួយនឹងព្រះចេស្តា ព្រះអង្គ (ខ៦)។
នោះគឺដើម្បីឲ្យបានសំរេចពាក្យ ដែលទ្រង់មានបន្ទូលថា ក្នុងពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូម្បីម្នាក់ ក៏មិនបាត់ផង
១៨:៩ ព្រះយេស៊ូវបានចុះចាញ់នឹងពួកអាជ្ញា ដើម្បីការពារដល់សិស្សរបស់ព្រះអង្គមិនត្រូវបានគេចាប់ខ្លួន ដើម្បីកុំឲ្យព្រះអង្គ បាត់អ្នកណាម្នាក់ក្នុងចំណោមពួកគេនោះឡើយ ហើយក៏បានសម្រេចសេចក្តីសន្យារបស់ ព្រះអង្គ (៦:៣៩-៤០, ៦:៤៤; ១០:២៨; ជាពិសេស ១៧:១២)។
រីឯស៊ីម៉ូន-ពេត្រុស គាត់មានដាវ ហើយក៏ហូតមក កាប់ដាច់ត្រចៀកស្តាំរបស់បាវសំដេចសង្ឃម្នាក់ បាវនោះឈ្មោះម៉ាលកុស
១៨:១០ ព្រះយេស៊ូវបានបង្ហាញថាព្រះអង្គគ្រប់គ្រងលើស្ថានការណ៍ទាំងស្រុង ប៉ុន្តែលោកពេត្រុស នៅតែគិតថាគាត់ត្រូវតែតតាំងដោយកម្លាំង។ ព្រះយេស៊ូវបានប្រោសត្រចៀកអ្នកបម្រើនោះឲ្យជា (លូកា ២២:៥១)។ ប្រសិនបើព្រះអង្គមិនបានធ្វើដូច្នោះទេ នោះពេត្រុសប្រាកដជាត្រូវចាប់ខ្លួនដែរហើយ។
នោះព្រះយេស៊ូវមានបន្ទូលទៅពេត្រុសថា ចូរស៊កដាវទៅក្នុងស្រោមវិញទៅ តើមិនត្រូវឲ្យខ្ញុំទទួលពែង ដែលព្រះវរបិតាបានប្រទានមកខ្ញុំទេឬអី។
១៨:១១ “ពែង” មិនមែនគ្រាន់តែជាការសុគតតែប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះ ជាសេចក្តីក្រោធរបស់ព្រះជាម្ចាស់ ទាស់នឹងអំពើបាបថែមទៀតផង។ ពាក្យថា “ពែង” គឺជា ការប្រៀបប្រដូចរបស់សាសន៍យូដានៅក្នុងការប្រើប្រាស់ពីការបង្ហាញពីការកាត់ទោស ហើយការចាក់បង្ហូរ សេចក្តីក្រោធនៃព្រះ (ទំនុកតម្កើង ៧៥:៨; អេសាយ ៥១:១៧, ៥១:២២; យេរេមា ២៥:១៥-២៨, ៤៩:១២, ៥១:៧; បរិទេវ ៤:២១-២២; ហាបាគុក ២:១៦)។
សេចក្តីក្លាហានរបស់ព្រះយេស៊ូវត្រូវបានឃើញនៅក្នុង ការសម្រេចចិត្តរបស់ព្រះអង្គនៅក្នុងយាងឆ្ពោះទៅ កាន់ឈើឆ្កាង ទាំងដែលព្រះអង្គជ្រាបថា ព្រះអង្គនឹងត្រូវសេចក្តីក្រោធនៃព្រះសម្រាប់អំពើបាប របស់មនុស្សលោក (១:២៩, ៣:១៦; ១២:២៧)។ ព្រះយេស៊ូវជ្រើសរើសនៅក្នុងការផឹកពីពែងនេះ ដោយព្រោះតែព្រះអង្គជ្រាបថានោះជាបំណងព្រះហឫទ័យនៃព្រះវរបិតាសម្រាប់ព្រះអង្គក្នុងការធ្វើការនោះ ដើម្បីឲ្យព្រះអង្គអាចសង្រ្គោះមនុស្សពីអំពើបាបរបស់គេបាន។
នោះពួកទាហាន នឹងមេទ័ព ហើយពួកអាជ្ញារបស់សាសន៍យូដា ក៏ចាប់ព្រះយេស៊ូវចង រួចនាំទៅឯលោកអាណ ជាមុនដំបូង ដ្បិតលោកជាឪពុកក្មេករបស់កៃផា ដែលធ្វើជាសំដេចសង្ឃក្នុងឆ្នាំនោះ
១៨:១២-១៣ លោកអាណ បានធ្វើជាសម្តេចសង្ឃចាប់ពីឆ្នាំ ៦ គ,ស ដល់ ឆ្នាំទី ១៥ គ,ស ហើយជាអ្នកដឹកនាំនៃគ្រួសារដ៏មានឥទ្ធិពលបំផុតនៅក្នុងសាសនាសាសន៍យូដា។ គាត់ត្រូវបានដកចេញពី ដំណែង សម្តេចសង្ឃដោយរ៉ូម ប៉ុន្តែសាសន៍យូដានៅតែរាប់គាត់ថាជាសម្តេចសង្ឃ (លូកា ៣:២)។ កូនប្រុសរបស់គាត់៥នាក់បានក្លាយជាសម្តេចសង្ឃ ហើយ លោកកៃផា ជាសម្តេចសង្ឃបច្ចប្បន្ន ជាកូនប្រសាររបស់គាត់ដែរ។ លោកកៃផាជាសម្តេចសង្ឃចាប់ពីឆ្នាំ ១៨ដល់ ៣៦ គ,ស។ ការឆ្កាងរបស់ព្រះយេស៊ូវកើតឡើងនៅក្នុងឆ្នាំ ៣០ គ,ស។
គឺលោកកៃផានេះឯង ដែលទូន្មានដល់ពួកសាសន៍យូដាថា មានប្រយោជន៍ឲ្យមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន
១៨:១៤ ច្បាស់ណាស់ថាព្រះយេស៊ូវនឹងមិនទទួលបានការកាត់ក្តីដ៏យុត្តិធម៌នោះឡើយដោយព្រោះតែ លោកកៃផាបានសម្រេចទុកជាមុនរួចហើយថាព្រះអង្គត្រូវតែសុគត។
លោកពេត្រុស បដិសេធព្រះយេស៊ូវ
ឯស៊ីម៉ូន-ពេត្រុស នឹងសិស្សម្នាក់ទៀត ក៏តាមព្រះយេស៊ូវទៅ សំដេចសង្ឃបានស្គាល់សិស្ស១នោះដែរ ហើយគាត់ក៏ចូលទៅក្នុងព្រះលានសំដេចសង្ឃ ជាមួយនឹងព្រះយេស៊ូវ
១៨:១៥ ពេត្រុសមានចិត្តក្លាហាននៅក្នុងការដើរតាម។ គាត់ចង់ដឹងថានឹងមានអ្វីកើតឡើងចំពោះ ព្រះយេស៊ូវ។ “សិស្សម្នាក់ទៀត” នោះអាចជាលោកយ៉ូហានជាអ្នកដែលបានកត់ត្រាដំណឹងល្អនេះ ប៉ុន្តែគាត់មិនដែលបា នលើកឡើងពីឈ្មោះរបស់ខ្លួនឯងឡើយ។ លោកយ៉ូហានមានទំនាក់ទំនងខ្លះ ជាមួយនឹងសម្តេចសង្ឃ ហើយបានប្រើឥទ្ធិពលរបស់គាត់នៅក្នុងការចូលទៅក្នុងព្រះលានសម្តេចសង្ឃ។ ការនេះអនុញ្ញាតឲ្យលោកយ៉ូហានបានធ្វើជាសាក្សីអំពីការកាត់ក្តីព្រះយេស៊ូវហើយបានកត់ត្រាពីព្រឹត្តិការណ៍នេះសម្រាប់យើងទាំងអស់គ្នា។
ឯពេត្រុស គាត់ឈរនៅឯមាត់ទ្វារខាងក្រៅ ដូច្នេះ សិស្សម្នាក់ ដែលសំដេចសង្ឃស្គាល់នោះ គាត់ក៏ចេញទៅនិយាយនឹងអ្នកឆ្មាំទ្វារ រួចនាំពេត្រុសចូលមក
១៨:១៦ លោកយ៉ូហានបាននាំពេត្រុសចូលទៅក្នុងព្រះលានសម្តេចសង្ឃ ដោយមិនបានដឹងថាការនេះនឹងធ្វើឲ្យមនុស្សបានស្គាល់ថាពេត្រុសគឺជាសិស្សម្នាក់របស់ព្រះយេស៊ូវដែរនោះឡើយ។ ការនេះជាការពិតដែលលោកពេត្រុសភ័យខ្លាចពេកមិនហ៊ានទទួលសារភាពទេ។
នោះបាវស្រីដែលចាំទ្វារនិយាយទៅពេត្រុសថា អ្នកឯងជាសិស្សរបស់មនុស្សនោះដែរឬ គាត់ឆ្លើយថា ខ្ញុំមិនមែនទេ ពួកបាវ នឹងពួកអាជ្ញា ក៏ឈរនៅទីនោះដែរ គេបានដុតភ្លើងអាំង ព្រោះរងា ហើយពេត្រុសក៏ឈរអាំងនៅជាមួយនឹងគេ
១៨:១៧-១៨ ការល្បងរបស់លោកពេត្រុសទីមួយនោះគឺពីបាវស្រីម្នាក់ ជាមនុស្សម្នាក់ដែលមាន ឋានៈតូចទាបនៅក្នុងសង្គមហើយគ្មានអំណាចនៅក្នុងវប្បធម៌នោះទាល់តែសោះ។ នាងបានសួរថា “អ្នកឯងជាសិស្សរបស់មនុស្សនោះដែរឬ?”។ ការនេះបង្ហាញថានាងបានដឹងថាលោកយ៉ូហានគឺជាសិស្ស របស់ព្រះយេស៊ូវម្នាក់ដែរ ហើយនាងក៏បានស្មានថាលោកពេត្រុសក៏អាចជាសិស្សម្នាក់ដែរ។ លោកពេត្រុស មានអារម្មណ៍ភ័យខ្លាចដោយព្រោះតែមានពួកអាជ្ញាឈរនៅក្បែរនោះ (១៨:១៨)។ ពួកគេខ្លះអាចនឹងចាំថា គាត់បានវាយប្រហារដល់ម៉ាលកុស។ ដូច្នេះហើយលោកពេត្រុសបានបដិសេធថា មិនមែនជាសិស្សរបស់ ព្រះយេស៊ូវជាលើកទីមួយ។
សម្តេចសង្ឃចោទសួរព្រះយេស៊ូវ
នោះសំដេចសង្ឃក៏ពិចារណាសួរព្រះយេស៊ូវ ពីដំណើរពួកសិស្ស នឹងសេចក្ដីដែលទ្រង់បង្រៀន
១៨:១៩ លោកអាណចាប់ផ្តើមការចោទសួររបស់គាត់ ប៉ុន្តែនេះមិនមែនជាការកាត់ក្តីដ៏ត្រឹមត្រូវនោះឡើយ។ យោងតាមក្រិត្យវិន័យរបស់សាសន៍យូដា វាគឺជាតួនាទីរបស់សម្តេចសង្ឃនៅក្នុងការសួរចម្លើយសាក្សីដែលបានបង្កើតបទចោទប្រកាន់ទាស់នឹងអ្នកទោសណាម្នាក់ ប៉ុន្តែលោកអាណបានចាប់ផ្តើមសួរចម្លើយព្រះយេស៊ូវតែម្តង។ យ៉ាងណាម៉ិញ ព្រះយេស៊ូវស្គាល់អស់ទាំងក្រិត្យវិន័យ ហើយទ្រង់បង្គាប់ឲ្យគេហៅសាក្សីមក (ខ២០-២១)។
ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅលោកថា ខ្ញុំបាននិយាយនឹងបណ្តាមនុស្ស នៅកណ្តាលជំនុំ ខ្ញុំតែងតែបង្រៀនក្នុងសាលាប្រជុំ ហើយក្នុងព្រះវិហារ ជាកន្លែងដែលពួកសាសន៍យូដាប្រជុំគ្នា ខ្ញុំមិនដែលនិយាយដោយសំងាត់ទេ ហេតុអ្វីបានជាលោកសួរខ្ញុំ ចូរសួរដល់ពួកអ្នកដែលបានស្តាប់ខ្ញុំ ពីសេចក្ដីដែលខ្ញុំនិយាយនោះវិញ មើល គេដឹងសេចក្ដីដែលខ្ញុំនិយាយដែរ
១៨:២០-២១ ព្រះយេស៊ូវបានបង្រៀននៅទីសាធារណៈហើយគ្រប់គ្នាបានដឹងពីសេចក្តីដែលព្រះអង្គ បង្រៀន។ ដូច្នេះហើយព្រះអង្គមានបន្ទូលថា ប្រសិនបើព្រះអង្គត្រូវបានចោទប្រកាន់ដោយព្រោះតែ សេចក្តីបង្រៀនរបស់ព្រះអង្គ នោះគួរតែមានភ័ស្តុតាងដែលត្រូវបានលើកឡើងតាមត្រឹមត្រូវផងដែរ ដែលការនោះ ចេញពីមាត់សាក្សីជាច្រើន។
កាលទ្រង់មានបន្ទូលដូច្នេះហើយ នោះមានពួកអាជ្ញាម្នាក់ ដែលឈរនៅទីនោះ បានទះកំផ្លៀងព្រះយេស៊ូវ ដោយពាក្យថា ឯងឆ្លើយទៅសំដេចសង្ឃយ៉ាងដូច្នេះឬ
១៨:២២ ការប្រព្រឹត្តរបស់អាជ្ញានោះគឺល្មើសនឹងច្បាប់ ហើយដោយព្រោះតែយោងតាមក្រិត្យវិន័យរបស់ សាសន៍យូដាអ្នកទោសម្នាក់ដែលមិនទាន់ត្រូវបានសម្រេចប្រកាសជាប់ទោសមិនត្រូវទទួលរងការវាយដំលើករូបកាយនៅក្នុងអំឡុងពេលកំពុងកាត់ក្តីនោះឡើយ។ ពាក្យនៅក្នុងភាសាក្រិច (ῥάπισμα) បង្ហាញថានោះគឺជាការទះកំផ្លៀងយ៉ាងខ្លាំងដោយបាតដៃរបស់គាត់។
ព្រះយេស៊ូវមានបន្ទូលទៅអ្នកនោះថា បើខ្ញុំបាននិយាយអាក្រក់ នោះចូរធ្វើបន្ទាល់ពីសេចក្ដីអាក្រក់នោះចុះ តែបើខ្ញុំបាននិយាយល្អវិញ ហេតុអ្វីបានជាវាយខ្ញុំ
១៨:២៣ ព្រះយេស៊ូវជ្រាបថាការដែលព្រះអង្គឆ្លើយតបនោះមិនមែនជាការខុសនោះឡើយ ដូច្នេះហើយព្រះអង្គទាមទារឲ្យមានការកាត់ក្តីដ៏ត្រឹមត្រូវ (ខ២០-២១)។
នោះលោកអាណឲ្យគេនាំទ្រង់ទាំងជាប់ចំណង ទៅឯលោកកៃផា ជាសំដេចសង្ឃវិញ។
១៨:២៤ លោកអាណបានដឹងថាការចោទសួររបស់គាត់បានបរាជ័យនៅក្នុងការបញ្ឆោតព្រះយេស៊ូវហើយ គាត់ត្រូវតែផ្តល់នូវការកាត់ក្តីដ៏ត្រឹមត្រូវ។ ដូច្នេះហើយគាត់បញ្ជូនព្រះយេស៊ូវទៅឯលោកកៃផា។ ដើម្បីនាំព្រះយេស៊ូវទៅឯលោកភីឡាត់ ការចោទប្រកាន់ត្រូវតែបានប្រកាសដោយសម្តេចសង្ឃ ដែលបានតែងតាំងដោយរ៉ូម ដែលជាលោកកៃផា។ ដូច្នេះហើយ លោកកៃផាបានដឹកនាំពួកសាន់ហេឌ្រីន នៅក្នុងការកាត់ក្តីព្រះយេស៊ូវដែលលោកយ៉ូហានមិនកត់ត្រាឡើយ។ ការលំអិតនៃការកាត់ក្តីអាច អានបាននៅក្នុង ម៉ាកុស ១៤:៥៣-៥៦។
លោកពេត្រុសបដិសេធព្រះយេស៊ូវម្តងទៀត
ឯស៊ីម៉ូន-ពេត្រុស គាត់កំពុងឈរអាំងភ្លើង ដូច្នេះ គេសួរគាត់ថា អ្នកឯងជាសិស្សរបស់អ្នកនោះដែរឬ តែគាត់ប្រកែកថា ខ្ញុំមិនមែនទេ
១៨:២៥ កំពុងដែលព្រះយេស៊ូវត្រូវបានចោទសួរដោយគណៈសាន់ហេឌ្រីន ក៏មានការសួរចម្លើយមួយទៀតនៅខាងក្រៅផងដែរ។ លោកពេត្រុសកំពុងតែឈរនៅព្រះលានខាងក្រៅផ្ទះ របស់សម្តេចសង្ឃអាណ រង់ចាំមើលថាតើនឹងមានរឿងអ្វីកើតឡើងចំពោះព្រះយេស៊ូវ។ គ្រាដែលគាត់បានចូលរួមជាមួយនឹងក្រុមមនុស្សដែលកំពុងឈរនៅជុំវិញភ្លើងនោះគាត់សង្ឃឹមថានឹងគ្មានអ្នកណាចាប់អារម្មណ៍ចំពោះគាត់ឡើយ។ ប៉ុន្តែជាលើកទីពីរត្រូវបានគេស្គាល់ថាជាសិស្សម្នាក់របស់ ព្រះយេស៊ូវ។ ផ្ទុយពីសេចក្តីក្លាហានរបស់ព្រះយេស៊ូវនៅចំពោះមុខពួកសាន់ហេឌ្រីន យើងបានឃើញសេចក្តីភ័យខ្លាចរបស់លោកពេត្រុសពេលដែលគាត់បដិសេធព្រះយេស៊ូវម្តងទៀត។
មានពួកបាវសំដេចសង្ឃម្នាក់ គឺជាសាច់ញាតិនឹងអ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀកនោះ ក៏និយាយថា តើអញមិនបានឃើញឯងនៅក្នុងច្បារជាមួយនឹងអ្នកនោះទេឬអី
១៨:២៦ សំនួរដែលសួរដោយមនុស្សម្នាក់នេះកាន់តែមានគ្រោះថ្នាក់ចំពោះលោកពេត្រុសជាងសំនួរពីរ មុនទៅទៀត ដោយព្រោះតែគាត់គឺជាសាច់ញាតិនឹងម៉ាលកុស។ គាត់អាចនឹងចង់សងសឹកដោយព្រោះតែ លោកពេត្រុសបានវាយប្រហារម៉ាលកុសនៅយប់នោះ។
ពេត្រុសក៏ប្រកែកម្តងទៀត ស្រាប់តែមាន់រងាវឡើង។
១៨:២៧ លោកពេត្រុសបដិសេធព្រះយេស៊ូវជាលើកទីបី ហើយការនោះបានសម្រេចតាមអ្វីដែលព្រះយេស៊ូវមានបន្ទូលនឹងកើតឡើងនៅក្នុង ១៣:៣៨។
ការកាត់ក្តីដោយលោកពីឡាត់
ការកាត់ក្តីព្រះយេស៊ូវពីពួករ៉ូម៉ាំងមានបីផ្នែក: ជាមួយនឹងលោក ពីឡាត់ (ខ២៨-៣៨); ជាមួយនឹង ហេរ៉ូឌ អង់ទីផា (លូកា ២៣:៥-១២) ហើយជាមួយនឹងលោកពីឡាត់ ម្តងទៀត (១៨:៣៩-១៩:១៦)។ លោកយ៉ូហានរៀបរាប់តែពីលើកទីមួយ និងលើកទីបីតែប៉ុណ្ណោះ ប៉ុន្តែមានការលំអិតជាងអ្នកកត់ត្រា ដំណឹងល្អផ្សេងទៀត។
គេនាំព្រះយេស៊ូវ ពីលោកកៃផា ទៅក្នុងសាលាជំនុំ ពេលនោះព្រលឹមស្រាងហើយ គេមិនបានចូលទៅក្នុងសាលាទេ ក្រែងគេត្រូវសៅហ្មង នឹងបរិភោគបុណ្យរំលងមិនបាន
១៨:២៨ ពួកសាន់ហេឌ្រីនបានកាត់ទោសព្រះយេស៊ូវចំពោះការប្រមាថ (ម៉ាកុស ១៤:៥៣-៦៥)។ ទោសដែលត្រូវចំពោះការប្រមាថគឺត្រូវចោលនឹងថ្មដល់ស្លាប់ (លេវីវិន័យ ២៤:១៦) ប៉ុន្តែពួករ៉ូម៉ាំងមិនអនុញ្ញាតអោយសាសន៍យូដាដាក់ទោសស្លាប់ដល់អ្នកណាម្នាក់នោះឡើយ (១៨:៣១)។ ដូច្នេះហើយ គណៈសាន់ហេឌ្រីនបានរៀបចំគម្រោងនៅក្នុងការបញ្ចុះបញ្ចូលចៅហ្វាយ ក្រុងរ៉ូម៉ាំងបង្គាប់ទោសស្លាប់ដល់ព្រះយេស៊ូវ។
ព្រះយេស៊ូវត្រូវបានបញ្ជូនទៅកាន់បន្ទាយរបស់លោកពីឡាត់ ក្នុងអំឡុងម៉ោង ៥ព្រឹក។ ពួកសាសន៍យូដាមិនបានចូលទៅទេដោយព្រោះតែពួកគេមិនចង់ត្រឡប់ទៅជាមិនស្អាតរយៈពេលប្រាំពីរថ្ងៃដោយព្រោះតែបានទាក់ទងជាមួយនឹងសាសន៍ដទៃ។ ប្រសិនបើគេត្រឡប់ជាមិនស្អាត ពួកគេមិនត្រូវបានអនុញ្ញាតឲ្យប្រារព្ធពិធីបុណ្យរំលង ហើយនឹងពិធីបុណ្យនំប៉័ងឥតដំបែរនោះឡើយ (លូកា ២២:១)។
ដូច្នេះ លោកពីឡាត់ចេញទៅឯគេ សួរថា តើអ្នករាល់គ្នាចោទប្រកាន់មនុស្សនេះពីរឿងអ្វី គេឆ្លើយទៅលោកថា បើវាមិនមែនជាមនុស្សអាក្រក់ នោះយើងខ្ញុំមិនបានបញ្ជូនវាមកទេ
១៨:២៩ លោកប៉ុនទាស ពីឡាត់គឺជាចៅហ្វាយក្រុងរ៉ូមនៅក្នុងស្រុកយូដាចាប់ពីឆ្នាំ ២៦ គ,ស ដល់ ឆ្នាំទី ៣៦ គ,ស។ លោកពីឡាត់ចង់ដឹងថាតើអ្នកទោសនោះត្រូវបានចោទប្រកាន់ពីទោសអ្វី។ សំនួររបស់គាត់គឺជាសំនួរទូទៅទីមួយសម្រាប់ការកាត់ក្តីយោងតាមច្បាប់របស់រ៉ូម៉ាំង។
១៨:៣០ សម្តេចសង្ឃដឹងថាព្រះយេស៊ូវមិនមានទោសកំហុសណាមួយយោងតាមច្បាប់របស់ រ៉ូម៉ាំងនោះឡើយ។ ពួកគេចង់ឲ្យលោកពីឡាត់ទទួលស្គាល់សាលក្រមរបស់ពួកគេថាព្រះយេស៊ូវមានទោស ហើយមិនចាំបាច់ឲ្យមានការស៊ើបអង្កេត ដោយខ្លួនលោកឡើយ។ ពួកគេចង់ឲ្យមានការដាក់ទោសស្លាប់ មិនមែនជាការសួរចម្លើយនោះឡើយ។ ដូច្នេះហើយពួកគេបាននិយាយថាពួកគេបានសួរចម្លើយ រួចរាល់ហើយ ក៏បានឃើញថាព្រះអង្គជាប់មានទោសផងដែរ។
ដូច្នេះ លោកពីឡាត់មានប្រសាសន៍ថា ចូរយកទៅជំនុំជំរះតាមច្បាប់របស់អ្នករាល់គ្នាចុះ តែពួកសាសន៍យូដាជំរាបលោកថា យើងខ្ញុំគ្មានច្បាប់នឹងសំឡាប់អ្នកណាទេ
១៨:៣១ លោកពីឡាត់ឆ្លើយថា ប្រសិនបើគេបានសម្រេចរួចទៅហើយថាព្រះយេស៊ូវមានទោសនោះ គួរតែគេដាក់ទោសព្រះអង្គតាមច្បាប់របស់គេតែម្តងទៅ។ ប៉ុន្តែពួកគេមិនអាចទេ ដោយព្រោះតែគេចង់ឲ្យព្រះយេស៊ូវជាប់មានទោសស្លាប់ហើយពួកគេគ្មានសិទ្ធិអំណាចនៅក្នុងការសម្រេចការនេះឡើយយោងតាមច្បាប់របស់រ៉ូម៉ាំង។ នៅពេលដែលរ៉ូមចាប់ផ្តើមគ្រប់គ្រងលើស្រុកយូដាតាមរយៈ ចៅហ្វាយក្រុងនៅក្នុងឆ្នាំទី ៦ គ,ស, សិទ្ធនៅក្នុងការដាក់ទោសប្រហារជីវិត លើអ្នកទោសត្រូវបានដកចេញពីសាសន៍យូដា។ ដូច្នេះហើយគេចង់ឲ្យលោកពីឡាត់បង្គាប់ឲ្យមាន ការដាក់ទោសប្រហារជីវិតដោយការឆ្កាង។
គេនិយាយដូច្នោះ ដើម្បីឲ្យបានសំរេចពាក្យ ដែលព្រះយេស៊ូវមានបន្ទូល នឹងបង្ហាញពីទ្រង់ត្រូវសុគតបែបយ៉ាងណា
១៨:៣២ ព្រះយេស៊ូវបានមានព្រះបន្ទូលថាព្រះអង្គនឹងត្រូវសុគតដោយការដែលត្រូវបានគេ “លើកឡើង” (៣:១៤; ៨:២៨; ១២:៣២-៣៣)។ ប្រសិនបើពួកសាសន៍យូដាត្រូវបានអនុញ្ញាតឲ្យដាក់ទោស ប្រហារជីវិតព្រះអង្គនោះ ពួកគេនឹងចោលទ្រង់ដោយថ្មដោយព្រោះតែនេះជាការដាក់ទោស ចំពោះការប្រមាថ។ ប៉ុន្តែព្រះយេស៊ូវត្រូវតែបានសុគតដោយការឆ្កាង ដើម្បីឲ្យបានរងទ្រាំចំ ពោះបណ្តាសានៃក្រិត្យវិន័យ (ចោទិយកថា ២១:២២-២៣; កាឡាទី ៣:១៣)។ ដូច្នេះហើយ ពួករ៉ូម៉ាំង (មិនមែនជាសាសន៍យូដាឡើយ) ដែលនឹងធ្វើគតព្រះយេស៊ូវ។ ព្រះជាម្ចាស់គ្រប់គ្រងលើ ព្រឹត្តិការណ៍នេះទាំងអស់ដើម្បីប្រាកដថាព្រះយេស៊ូវត្រូវបានឆ្កាងដោយពួករ៉ូម៉ាំង (កិច្ចការ ២:២៣; ៤:២៧-២៨) ដើម្បីអាចប្រទានសេចក្តីសង្រ្គោះដល់ពិភពលោកទាំងមូល។
នោះលោកពីឡាត់ក៏ចូលទៅក្នុងសាលាជំនុំវិញ រួចហៅព្រះយេស៊ូវមកដណ្តឹងសួរថា តើអ្នកជាស្ដេចសាសន៍យូដាឬអី ព្រះយេស៊ូវមានបន្ទូលឆ្លើយថា តើលោកមានប្រសាសន៍ដូច្នេះដោយខ្លួនលោក ឬមានអ្នកណាជំរាបលោកពីខ្ញុំ
១៨:៣៣-៣៤ ផ្ទុយពីការដាក់ទោសព្រះយេស៊ូវឲ្យត្រូវជាប់ឆ្កាងដូចដែលពួកសាសន៍យូដា ចង់ឲ្យគាត់ធ្វើនោះ លោកពីឡាត់ចាប់ផ្តើមការសួរចម្លើយថ្មីមួយដោយខ្លួនលោកក្នុងនាមជាអ្នកត្រួតត្រា។ គាត់ត្រឡប់ទៅ ខាងក្នុងសាលាជំនុំរបស់គាត់វិញដើម្បីសួរព្រះយេស៊ូវ។
រ៉ូម មិនអនុញ្ញាតឲ្យសាសន៍ យូដាជ្រើសរើសស្តេចដោយខ្លួនគេនោះឡើយ។ ដូច្នេះហើយ ពួកសាន់ហេឌ្រីនបានកុហក ហើយប្រាប់លោកពីឡាត់ថាព្រះយេស៊ូវបានប្រកាសថា ទ្រង់គឺជាស្តេចរបស់សាសន៍យូដា។ ពួកគេបានដឹងថា ការបះបោរទាស់នឹងរ៉ូម នឹងជំរុញលោកពីឡាត់ឲ្យដាក់ទោសព្រះអង្គ (លូកា ២៣:២)។ ដូច្នេះហើយ លោកពីឡាត់សួរព្រះយេស៊ូវថាតើព្រះអង្គពិតជា “ស្តេចសាសន៍យូដា” ដើម្បីឲ្យបានដឹងថានោះគឺជា ករណីនៃការបះបោរទាស់នឹងរ៉ូម។ ព្រះយេស៊ូវជ្រាបថា នេះមិនមែនជាការចោទប្រកាន់ របស់លោកពីឡាត់ទាស់នឹងព្រះអង្គនោះឡើយ ហើយថា លោកពីឡាត់បានដឹងតែអ្វី ដែលពួកអ្នកដឹកនាំសាសន៍យូដាបាននិយាយតែប៉ុណ្ណោះ។
លោកពីឡាត់ឆ្លើយថា តើខ្ញុំជាសាសន៍យូដាឬអី គឺសាសន៍របស់អ្នកឯង នឹងពួកសង្គ្រាជទេតើ ដែលបញ្ជូនអ្នកមកខ្ញុំ ចុះអ្នកបានធ្វើអ្វី
១៨:៣៥ លោកពីឡាត់គ្មានអ្វីដែលចោទទាស់នឹងព្រះយេស៊ូវឡើយ ប៉ុន្តែគាត់ចង់ដឹងពីអ្វីដែលព្រះយេស៊ូវបានធ្វើដែលនាំឲ្យមានសេចក្តីសំអប់ពីពួកសម្តេចសង្ឃយ៉ាងដូច្នោះ។
ព្រះយេស៊ូវមានបន្ទូលថា នគរខ្ញុំមិនមែនត្រូវខាងលោកីយនេះទេ បើសិនជានគរខ្ញុំត្រូវខាងលោកីយនេះ នោះពួកអ្នកបំរើខ្ញុំ គេនឹងបានតយុទ្ធហើយ ដើម្បីមិនឲ្យខ្ញុំត្រូវបញ្ជូនទៅសាសន៍យូដាឡើយ តែឥឡូវនេះ នគរខ្ញុំមិនមែនត្រូវខាងស្ថាននេះទេ
១៨:៣៦ ព្រះយេស៊ូវបានបញ្ជាក់ថាព្រះអង្គគឺជាស្តេច ប៉ុន្តែរៀបរាប់ពីរាជនគររបស់ព្រះអង្គដើម្បីបង្ហាញថា ព្រះអង្គមិនមែនជាការគំរាមកំហែងដល់រ៉ូមនោះឡើយ (ខ៣១)។ ប្រសិនបើរាជនគររបស់ព្រះអង្គ បានជាការគំរាមកំហែងដល់រ៉ូមនោះ ព្រះយេស៊ូវនឹងអចដឹកនាំពួកអ្នកបំរើរបស់ព្រះអង្គបះបោរជា មិនខានឡើយ។ ប៉ុន្តែរាជនគរបស់ព្រះអង្គ “មិនមែនត្រូវខាងលោកីយនេះ” នេះទេ ហើយ “មិនមែនត្រូវខាងស្ថាននេះ” ឡើយ។ រាជនគររបស់ព្រះអង្គមិនមែនត្រូវខាងលោកីយនេះ ដោយព្រោះតែព្រះអង្គមិនមែនជារបស់លោកីយនេះ ហើយពួកអ្នកដើរតាមព្រះអង្គក៏មិនមែនជា របស់លោកីយដែរ (១៧:១៤-១៦)។
រាជនគររបស់ព្រះយេស៊ូវគឺខុសពីនគររបស់លោកីយនេះ។ រាជ្យរបស់ព្រះអង្គមិនមានប្រភពពីលោកីយ នេះឡើយ (៨:២៣) ដោយព្រោះនគរព្រះអង្គមិនមែនកើតពីសិទ្ធិអំណាចរបស់លោកីយ។ ពួកសាសន៍យូដាស្ថិតក្រោមសិទ្ធិអំណាចរបស់រ៉ូម៉ាំង ហើយលោកពីឡាត់ស្ថិតក្រោយសិទ្ធិអំណាចរបស់ អធិរាជ ប៉ុន្តែសិទ្ធិអំណាចរបស់ព្រះយេស៊ូវនោះគឺមកពីព្រះវិញ។ នគររបស់ព្រះអង្គគឺខាងព្រលឹងវិញ្ញាណ ហើយរាជ្យរបស់ព្រះអង្គ គឺនៅក្នុងចិត្តរបស់អ្នកដែលដើរតាមព្រះអង្គ។ នគររបស់ព្រះអង្គគឺមិនត្រូវបាន តាំងឡើងដោយសង្រ្គាមនោះឡើយ ប៉ុន្តែដោយការប្រកាសពីសេចក្តីពិតនៃដំណឹងល្អវិញ។
លោកពីឡាត់ក៏សួរទ្រង់ថា ដូច្នេះ អ្នកជាស្តេចមែនឬ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយនេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត អស់អ្នកណាដែលកើតពីសេចក្ដីពិត នោះក៏ឮសំឡេងខ្ញុំ
១៨:៣៧ នគររបស់ព្រះយេស៊ូវត្រូវបានតាំងឡើងដោយសេចក្តីពិត មិនមែនដោយដាវ និងខែលនោះឡើយ។ ព្រះអង្គយាងមកក្នុងលោកីយនេះដើម្បីធ្វើបន្ទាល់ពីសេចក្តីពិត។ “សេចក្តីពិត” ត្រង់នេះមានន័យថាសេចក្តីពិតអំពីព្រះ មនុស្ស អំពើបាប សេចក្តីសង្រ្គោះ និងរាល់ទាំង សេចក្តីបង្រៀនអំពីសេចក្តីជំនឿគ្រីស្ទាន។ មនុស្សគ្រប់គ្នា ដែលស្រឡាញ់សេចក្តីពិត ស្តាប់តាមសម្លេងព្រះយេស៊ូវ ហើយទទួលសេចក្តីពិតដែលមកពីព្រះអង្គ។ នេះជារបៀបដែលនគររបស់ ព្រះអង្គរីកចម្រើនធំឡើង។
លោកពីឡាត់ទូលសួរទ្រង់ថា តើយ៉ាងណាដែលហៅថាសេចក្ដីពិតនោះ កាលបានទូលដូច្នោះរួចហើយ នោះលោកចេញទៅឯពួកសាសន៍យូដាម្តងទៀត ក៏មានប្រសាសន៍ថា ខ្ញុំមិនឃើញជាអ្នកនោះមានទោសខុសអ្វីសោះ
១៨:៣៨ លោកពីឡាត់ចេញទៅដោយមិនបានរង់ចាំចម្លើយសម្រាប់សំនួររបស់គាត់ឡើយ។ គាត់បានដឹងពីអ្វីដែលគាត់ចង់ដឹងរួចហើយ នោះគឺថា ព្រះយេស៊ូវមិនមែនជាសេចក្តីគំរាមកំហែង ខាងនយោបាយដល់រ៉ូមឡើយ។ គាត់ចេញទៅក្រៅដើម្បីប្រាប់ដល់ពួកអ្នកដឹកនាំសាសនាថា ព្រះយេស៊ូវគ្មានទោសទេ។
អ្នករាល់គ្នាមានទំលាប់ធ្លាប់ឲ្យខ្ញុំលែងម្នាក់ ដល់អ្នករាល់គ្នានៅវេលាបុណ្យរំលង ដូច្នេះ តើចង់ឲ្យខ្ញុំលែងស្តេចនៃសាសន៍យូដាឬអី
១៨:៣៩ អស់រយៈពេលបីដងដែលលោកពីឡាត់ប្រកាសថាព្រះយេស៊ូវឥតមានទោសចំពោះកំហុស ណាឡើយ (លូកា ២៣:៤, ២៣:១៤-១៥, ២៣:២២) ប៉ុន្តែគាត់នៅតែមិនអាចដោះលែង ព្រះយេស៊ូវបានឡើយ។ ផ្ទុយទៅវិញ គាត់បានព្យាយាម នៅក្នុងការនាំហ្វូងមនុស្សឲ្យបានធ្វើ ការសម្រេចចិត្តសម្រាប់ការដោះលែងព្រះយេស៊ូវ។ ការនេះបង្ហាញថា លោកពីឡាត់មិនចង់ទទួលខុសត្រូវ នៅក្នុងការដោះលែងឬដាក់ទោសព្រះយេស៊ូវឡើយ។
ដោយព្រោះតែលោកពីឡាត់ចង់ផ្គាប់ចិត្តដល់សាសន៍យូដានៅក្នុងពិធីបុណ្យរំលងនោះ ជារៀងរាល់ ឆ្នាំគាត់តែងតែដោះលែងអ្នកទោសម្នាក់។ លោកពីឡាត់សង្ឃឹមថា ទម្លាប់នៃការដោះលែង អ្នកទោសនេះអាចនឹងធ្វើឲ្យគាត់ដោះលែងព្រះយេស៊ូវ ដែលគាត់បានដឹងថាជាមនុស្សសុចរិត ហើយក៏ជាការដែលអាចផ្គាប់ចិត្ត ដល់សាសន៍យូដាជាមួយគ្នាដែរ។ លោកពីឡាត់ហៅព្រះយេស៊ូថា ស្តេចសាសន៍យូដា ដើម្បីទទួលបានការគាំទ្រពីហ្វូងមនុស្ស (ហើយក៏ដើម្បីចំអកដល់ ពួកអ្នកដឹកនាំសាសនាដែរ)។
គេក៏ស្រែកឡើងទាំងអស់គ្នាម្តងទៀតថា កុំលែងអ្នកនោះឡើយ សូមលែងបារ៉ាបាសវិញ រីឯបារ៉ាបាស វាជាចោរប្លន់។
១៨:៤០ ប៉ុន្តែលោកពីឡាត់ស្មានខុសគំនិតរបស់ហ្វូងមនុស្ស។ ពួកគេត្រូវបានដឹកនាំដោយ ពួកសម្តេចសង្ឃនៅក្នុងការទាមទារដាក់ទោសប្រហារជីវិតព្រះយេស៊ូវរួចហើយ (ម៉ាថាយ ២៧:២០; ម៉ាកុស ១៥:១១) ហើយនិងដោះលែងបារ៉ាបាសវិញ។ បារ៉ាបាស ជាចោរប្លន់ ជាឃាតករ (លូកា ២៣:១៨-១៩) ហើយជាមេនៃពួកបះបោរដែលបានព្យាយាមផ្តួលរំលំរដ្ឋាភិបាលរ៉ូម៉ាំង នៅក្រុងយេរូសាឡឹម។ ដូច្នេះហើយ បារ៉ាបាសជាអ្នក ដែលមានទោសនៃប្រព្រឹត្តបទឧក្រិដ្ឋ ដែលព្រះយេស៊ូវត្រូវបានចោទប្រកាន់មិនពិត នោះគឺជាទោសក្បត់ជាតិ។




