

ខណនោះ លោកពីឡាត់នាំយកព្រះយេស៊ូវទៅវាយនឹងរំពាត់
១៩:១ លោកពីឡាត់បានប្រកាសរួចហើយថាព្រះយេស៊ូវគ្មានទោសនោះឡើយ (១៨:៣៨)។ ដូច្នេះហើយ វាពិតជាការភ្ញាក់ផ្អើលនៅក្នុងការដែលបានអានថាគាត់បានបង្គាប់ឲ្យទាហានរបស់គាត់វា យព្រះយេស៊ូវនឹងរំពាត់ទៅវិញ។ លោកពីឡាត់បានគិតថាការដែលវាយព្រះយេស៊ូវនឹងរំពាត់អាចនឹងធ្វើឲ្យ គាប់ចិត្តដល់ពួកសាសន៍យូដាដែលទាមទារឲ្យមានការដាក់ទោសដល់ព្រះយេស៊ូវ ហើយបន្ទាប់មកគាត់ នឹងអាចដោះលែងព្រះយេស៊ូវបាន (លូកា២៣:១៣-១៦)។ ប៉ុន្តែក្នុងនាមជាចៅហ្វាយក្រុង លោកពីឡាត់មានការទទួលខុសត្រូវនៅក្នុងការដោះលែងអ្នកដែលគ្មានទោសឲ្យមានសេរីភាព ជាជាង ការដែលបង្គាប់ឲ្យមានការវាយដោយរំពាត់នេះ។
ការដែលវាត់នឹងខ្សែតីគឺជារបៀបរបបរបស់រ៉ូម៉ាំងមុនពេលដែលឆ្កាង។ ទាហានដោះសម្លៀកបំពាក់ របស់បុរសនោះ ហើយគាត់ត្រូវបានអោនចុះ ហើយដៃរបស់គាត់ទាំងខាងត្រូវបានចងផ្អោបទៅក្រោម។ បន្ទាប់មកទាហានពីរនាក់ ម្នាក់ឈរម្ខាង វាយខ្នងទទេរបស់គាត់ជាមួយខ្សែតី ដែលធ្វើឡើងពីស្បែកប្រាំបួនខ្សែ។ ខ្សែតីនោះមានចុងដែកមុត ស្រួច ហើយនឹងឆ្អឹងដែលចងនៅខាងចុង ដែលអាចហែកស្បែករហូតដល់ឆ្អឹង។ មនុស្សជាច្រើនស្លាប់ដោយការវាយនេះ។
ពួកទាហានក៏ក្រងភួងបន្លាបំពាក់លើព្រះសិរ ហើយយកអាវពណ៌ស្វាយមកបំពាក់ទ្រង់ ទាំងទូលថា សូមថ្វាយបង្គំស្តេចសាសន៍យូដា រួចគេទះទ្រង់
១៩:២-៣ ពួកទាហានបានឮពួកអ្នកដឹកនាំសាសន៍យូដាចោទប្រកាន់ព្រះយេស៊ូវថាបានប្រកាសថាជា ស្តេច។ ដូច្នេះហើយ ពួកគេបានចំអកព្រះយេស៊ូវដោយការធ្វើពុតជាគោរពដល់ព្រះអង្គដូចជាស្តេច។ ពួកគេបានបំពាក់រូបពណ៌ស្វាយអោយព្រះអង្គ (ដូចជារាជ្យវង្សពាក់) ហើយបានធ្វើម្កុដពីបន្លា (ដើមល្មើរ)។ ពាក្យដែលពោលថា “ថ្វាយបង្គំស្តេចសាសន៍យូដា” គឺដូចជាការស្វាគមន៍ដែលមនុស្សទទួលស្វាគមន៍ អធិរាជរ៉ូម៉ាំង “ថ្វាយបង្គំព្រះចៅសេរសា”។
លោកពីឡាត់ក៏ចេញទៅ មានប្រសាសន៍នឹងគេម្តងទៀតថា មើល ខ្ញុំនាំអ្នកនេះចេញមកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនឃើញជាគាត់មានទោសយ៉ាងណាសោះ
១៩:៤ ជាថ្មីម្តងទៀត លោកពីឡាត់បានព្យាយាមនៅក្នុងការដោះលែងព្រះយេស៊ូវ ដោយការប្រាប់ដល់ហ្វូងមនុស្សថា “ខ្ញុំមិនឃើញជាគាត់មានទោសយ៉ាងណាសោះ” (លូកា ២៣:៤, ២៣:១៥, ២៣:២០, ២៣:២២; យ៉ូហាន ១៩:៤, ១៩:៦, ១៩:១២-១៣)។ លោកពីឡាត់មិនបានឃើញថា ព្រះយេស៊ូវមានទោសនោះឡើយ ប៉ុន្តែគាត់នៅតែមិនអាចដោះលែង ព្រះយេស៊ូវបានឡើយ ដោយព្រោះតែគាត់មានការភ័យខ្លាចចំពោះហ្វូងមនុស្ស។
ដូច្នេះ ព្រះយេស៊ូវក៏យាងចេញទៅក្រៅ ទាំងពាក់ភួងបន្លា នឹងអាវពណ៌ស្វាយនោះ រួចលោកពីឡាត់មានប្រសាសន៍ទៅគេថា មើលចុះ មនុស្សនេះហើយ
១៩:៥ លោកពីឡាត់បាននាំយកព្រះយេស៊ូវចេញទៅក្រៅដើម្បីបង្ហាញដល់ពួកសាសន៍យូដាពីរបួស ដែលមានពីការវាត់នឹងខ្សែតី និងការវាយដំ។ គាត់សង្ឃឹមថាបន្ទាប់ពីពួកគេបានឃើញថា ព្រះអង្គត្រូវបានដាក់ទោសហើយនោះ គាត់នឹងអាចដោះលែងព្រះអង្គបាន។
កាលពួកសង្គ្រាជ នឹងពួកអាជ្ញាបានឃើញទ្រង់ នោះក៏ស្រែកឡើងថា ឆ្កាងវា ឆ្កាងវាទៅ លោកពីឡាត់មានប្រសាសន៍ទៅគេថា ត្រូវឲ្យអ្នករាល់គ្នាយកគាត់ទៅឆ្កាងវិញ ដ្បិតខ្ញុំមិនឃើញជាមានទោសអ្វីទេ
១៩:៦ ប៉ុន្តែការដែលវាយព្រះយេស៊ូវនឹងខ្សែតីគឺមិនគ្រប់គ្រាន់នៅក្នុងការផ្គាប់ចិត្តដល់ពួកសម្ដេចសង្ឃ និងពួកអាជ្ញានោះឡើយ។ ពួកគេចង់ឲ្យព្រះអង្គត្រូវជាប់ឆ្កាង។ ជាលើកទីបីលោកពីឡាត់ប្រកាសថា ព្រះយេស៊ូវគ្មានទោសនោះឡើយ (១៨:៣៨; ១៩:៤)។ លោកពីឡាត់ប្រាប់ពួកគេថា ប្រសិនបើគេចង់ឲ្យទ្រង់ត្រូវជាប់ឆ្កាងនោះ ពួកគេធ្វើដោយខ្លួនគេទៅ ដោយព្រោះតែគាត់មិនបានឃើញថា ព្រះយេស៊ូវមានទោសដើម្បីឲ្យត្រូវទោសស្លាប់នោះឡើយ។
ពួកសាសន៍យូដាឆ្លើយថា យើងខ្ញុំមានក្រិត្យវិន័យ ហើយតាមក្រិត្យវិន័យនោះ វាត្រូវស្លាប់ ពីព្រោះវាបានតាំងខ្លួនឡើងជាព្រះរាជបុត្រានៃព្រះ។
១៩:៧ ពេលនេះពួកអ្នកដឹកនាំសាសនាសាសន៍យូដាប្រាប់លោកពីឡាត់ពីការចោទប្រកាន់របស់ពួកគេ ទាស់នឹងព្រះយេស៊ូវ។ ពួកគេចង់ឲ្យដាក់ទោសស្លាប់ដល់ព្រះអង្គ មិនមែនដោយព្រោះតែ ព្រះអង្គប្រកាសថាទ្រង់ជាស្តេចនៃសាសន៍យូដានោះឡើយ ប៉ុន្តែដោយព្រោះតែព្រះអង្គបានប្រកាសថា ព្រះអង្គជាព្រះរាជបុត្រានៃព្រះ។ ពួកគេបានគិតថាការនោះជាការប្រមាថយោងតាម លីវីវិន័យ ២៤:១៦។
កាលលោកពីឡាត់បានឮពាក្យនោះ ក៏ភ័យរឹតតែខ្លាំងឡើង
១៩:៨ លោកពីឡាត់មិនដែលបានជួបអ្នកទោសណាម្នាក់ដូចជាព្រះយេស៊ូវពីមុនឡើយ។ តើព្រះអង្គជា ព្រះដែលយាងមកក្នុងផែនដីនេះមែនទេ? តើព្រះអង្គមានព្រះចេស្តាអស្ចារ្យមែនទេ? លោកពីឡាត់ បានឃើញអ្វីមួយនៅក្នុងព្រះយេស៊ូវដែលធ្វើឲ្យគាត់គិតថាព្រះអង្គអាចពិតជាព្រះរាជបុត្រានៃព្រះ ប្រាកដមែន។ ពេលនេះគាត់មានការភ័យខ្លាច ដោយព្រោះតែគាត់ទើបតែបានបង្គាប់ឲ្យគេវាយ នឹងរំពាត់ចំពោះមនុស្សម្នាក់ដែលអាចជាព្រះមួយអង្គ ដែលអាចធ្វើការសងសឹកដោយព្រះចេស្តាអស្ចារ្យ ចំពោះគាត់ (កិច្ចការ ១៤:១១)។
លោកត្រឡប់ទៅក្នុងសាលាជំនុំ ទូលសួរព្រះយេស៊ូវថា តើអ្នកមកពីណា តែព្រះយេស៊ូវទ្រង់មិនឆ្លើយសោះ
១៩:៩ ដោយព្រោះលោកពីឡាត់ទើបតែបានឮថាព្រះយេស៊ូវអាចជាព្រះរាជបុត្រានៃព្រះ ពេលនេះគាត់ពិតជាអន្ទះសាចង់ដឹងថាតើព្រះយេស៊ូវមកពីណាខ្លាំងណាស់។
ព្រះយេស៊ូវនៅតែស្ងៀមស្ងាត់ដោយព្រោះតែបេសកកម្មរបស់ព្រះអង្គគឺដើម្បីសុគតជំនួសអំពើបាបយើង ទាំងអស់គ្នា។ ការដែលធ្វើដូច្នោះ បទគម្ពីរ អេសាយ ៥៣:៧ ត្រូវបានសម្រេច។ យើងបានឃើញពីលក្ខណៈ ដ៏វិសេសរបស់ព្រះយេស៊ូវនៅក្នុងការគ្រប់គ្រងខ្លួនហើយសេចក្តីស្ងប់ចិត្តពេលដែលកំពុងតែប្រឈមមុខជាមួយនឹងការវាយប្រហារដោយពាក្យសំដីនិងការវាយដំពីសត្រូវរបស់ព្រះអង្គ។ លោកពីឡាត់មានការអស្ចារ្យ ចំពោះ ព្រះយេស៊ូវដែលមិនផ្តល់ចំលើយអ្វីសោះ។ គាត់ចង់ដោះលែងព្រះយេស៊ូវ ហើយព្រះយេស៊ូវអាចនឹងបញ្ចុះ បញ្ចូលអោយគាត់ដោះលែងព្រះអង្គយ៉ាងងាយស្រួល។ នៅក្នុងភាពស្ងប់ស្ងាត់របស់ព្រះអង្គ យើងបានឃើញថា ព្រះអង្គបានលះបង់ព្រះជន្មដោយស្ម័គ្រចិត្ត។
ដូច្នេះ លោកពីឡាត់សួរទ្រង់ថា តើអ្នកមិនឆ្លើយទេឬអី អ្នកមិនដឹងទេឬថា ខ្ញុំមានអំណាចនឹងឆ្កាងអ្នក ឬលែងអ្នកក៏បាន
១៩:១០ លោកពីឡាត់បានគិតថាគាត់មានសិទ្ធិអំណាច ប៉ុន្តែគាត់មិនមានអំណាចនៅក្នុងការធ្វើអ្វីដែល ត្រឹមត្រូវនោះឡើយ។ អ្វីដែលជាការត្រឹមត្រូវនោះគឺជាការដោះលែងមនុស្សដែលគ្មានទោសកំហុស ប៉ុន្តែលោកពីឡាត់មានភាពទន់ខ្សោយនៅពេលដែលប្រឈមមុខជាមួយនឹងការតតាំងរបស់ពួកអ្នកដឹកនាំសាសនាហើយនឹងហ្វូងមនុស្ស។
ព្រះយេស៊ូវមានបន្ទូលថា បើមិនបានប្រទានមកពីស្ថានលើ នោះលោកឥតមានអំណាចលើខ្ញុំសោះ ហេតុនោះបានជាអ្នកដែលបញ្ជូនខ្ញុំមកលោក អ្នកនោះមានបាបធ្ងន់ជាង
១៩:១១ ការឃុំគ្រងខ្លួនរបស់ព្រះយេស៊ូវ គឺពិតជាអស្ចារ្យខ្លាំងណាស់។ ព្រះអង្គមានព្រះទ័យសាន្តជាង លោកពីឡាត់។ ព្រះអង្គជ្រាបថាព្រះវរបិតាព្រះអង្គគ្រប់គ្រងលើគ្រប់យ៉ាងទាំងអស់ ហើយថា អ្វីគ្រប់យ៉ាងកំពុងតែកើតមានឡើង ចំពោះផែនការណ៍របស់ព្រះអង្គ ដែលបានបើកសំដែងនៅក្នុង ព្រះគម្ពីរសញ្ញាចាស់។ ដូច្នេះហើយ ព្រះយេស៊ូវបានឆ្លើយដោយព្រះទ័យសាន្តថាសិទ្ធិអំណាច ដែលលោកពីឡាត់មាននោះគឺជាការប្រទានមកពីព្រះវិញ។ ព្រះយេស៊ូវមានសេចក្តីសុខសាន្ត ដោយព្រោះតែព្រះអង្គជ្រាបថា ព្រះវរបិតាព្រះអង្គមានអធិបតេយ្យភាព ហើយព្រះអង្គទ្រង់ជាព្រះសោយរាជ្យលើគ្រប់ទាំងអស់។ (៦:៤៣-៤៤, ៦:៦៥, ១០:១៨, ១០:២៨-២៩)។
ព្រះយេស៊ូវបញ្ជាក់ថាលោកពីឡាត់មានបាបដោយព្រោះតែមិនបានប្រព្រឹត្តដោយយុត្តិធម៌ចំពោះមនុស្សដែលឥតមានកំហុស។ ប៉ុន្តែលោកកៃផា (“អ្នកដែលបញ្ជូនខ្ញុំមកលោក”) គឺមានបាបធ្ងន់ជាងដោយព្រោះតែ បានរៀបគំរោងសម្លាប់ព្រះយេស៊ូវ។
តាំងពីនោះមកលោកពីឡាត់រកទំនងនឹងលែងទ្រង់ដែរ តែពួកសាសន៍យូដាស្រែកកងឡើងថា បើលោកលែងអ្នកនេះទៅ នោះលោកមិនមែនជាទីស្រឡាញ់នឹងសេសារទេ ព្រោះអ្នកណាដែលតាំងខ្លួនធ្វើជាស្តេច នោះក្បត់នឹងសេសារហើយ
១៩:១២ លោកពីឡាត់ដឹងថាព្រះយេស៊ូវឥតមានទោស ហើយគួរតែត្រូវបានដោះលែងឲ្យមានសេរីភាព។ ប៉ុន្តែហ្វូងមនុស្សបានគំរាមគាត់ដោយនិយាយថាការនោះគឺជាការដែលក្បត់ចំពោះរ៉ូមប្រសិនបើគាត់ដោះលែងមនុស្សម្នាក់ដែលបានប្រកាសថាខ្លួនជាស្តេចនោះ។ ប្រសិនបើសេសារឮពីការនេះ លោកពីឡាត់នឹងបាត់បង់ដំណែងរបស់គាត់ (ហើយអាចនឹងត្រូវបាត់បង់ជីវិតរបស់គាត់ថែមទៀតផង)។
កាលលោកពីឡាត់បានឮពាក្យនោះ ក៏នាំព្រះយេស៊ូវចេញទៅឯកន្លែងហៅថា ទីក្រាលថ្ម ដែលភាសាហេព្រើរហៅថា កាបាថា រួចលោកអង្គុយនៅទីជំនុំជំរះ
១៩:១៣ វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ម្រាប់លោកពីឡាត់នៅក្នុងការប្រថុយនឹងគ្រោះថ្នាក់ ចំពោះការចោទប្រកាន់របស់ពួកសាសន៍យូដាអំពីភាពមិនស្មោះត្រង់ចំពោះសេសារ ដូច្នេះហើយ គាត់នាំព្រះយេស៊ូវមកក្នុងទីជំនុំជំរះ។
(រីឯថ្ងៃនោះ ជាថ្ងៃរៀបចំបុណ្យរំលង ប្រហែលជាថ្ងៃត្រង់ហើយ) លោកក៏មានប្រសាសន៍ទៅពួកសាសន៍យូដាថា មើល នេះស្តេចនៃអ្នករាល់គ្នា
១៩:១៤ លោកយ៉ូហានលើកឡើងអំពីថ្ងៃនៃការរៀបចំសម្រាប់បុណ្យរំលង ដើម្បីជួយយើងឲ្យបានឃើញ ពីទំនាក់ទំនងរវាងការសុគតរបស់ព្រះយេស៊ូវហើយនឹងពិធីបុណ្យរំលង។ ព្រះយេស៊ូវគឺជាកូនចៀម ដ៏ពិតប្រាកដនៃពិធីបុណ្យរំលង។ ព្រះអង្គគឺជា “កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក “ (១:២៩) ដែលនឹងត្រូវថ្វាយជាយញ្ញបូជានៅក្នុងពិធីបុណ្យរំលង។ ដូចជាកូនចៀមនៅក្នុង ពិធីបុណ្យរំលងដំបូង ក្នុងប្រទេសអេស៊ីព្ទ ព្រះលោហិតរបស់ព្រះយេស៊ូវសង្រ្គោះប្រជារាស្រ្តព្រះអង្គពី សេចក្តីស្លាប់ ហើយប្រទាន សេចក្តីប្រោសលោះដល់គេ។
តែគេស្រែកឡើងថា យកវាចេញ យកវាចេញ ឲ្យឆ្កាងវាទៅ លោកពីឡាត់សួរគេថា តើឲ្យខ្ញុំឆ្កាងស្តេចនៃអ្នករាល់គ្នាឬអី ពួកសង្គ្រាជឆ្លើយថា យើងខ្ញុំមានស្តេចតែសេសារទេ ដូច្នេះ លោកក៏បញ្ជូនទ្រង់ទៅឲ្យគេឆ្កាង ហើយគេនាំទ្រង់យកទៅ។
១៩:១៥ ដូចលោកកៃផា នៅក្នុង ១១:៤៩-៥២ដែរ លោកពីឡាត់បាននិយាយបប្រសើរលើសជាង អ្វីដែលគាត់បានដឹងនៅពេលដែលគាត់និយាយថា “មើល នេះស្តេចអ្នករាល់គ្នា” (ខ១៤)។ ស្តេចនៃសាសាន៍យូដាបានឈរនៅចំពោះប្រជារាស្រ្តរបស់ព្រះអង្គប៉ុន្តែពួកគេមិនបានស្គាល់ព្រះអង្គឡើយ។ លោកពីឡាត់សួរថា “តើឲ្យខ្ញុំឆ្កាងស្តេចនៃអ្នករាល់គ្នាឬអី?” ពួកសម្តេចសង្ឃបានឆ្លើយតប ដោយការប្រមាថថា: “យើងខ្ញុំមានស្តេចតែសេសារទេ”។ បទគម្ពីរនៅក្នុងព្រះគម្ពីរសញ្ញាចាស់ បានលើកឡើងថា ស្តេចដ៏ពិតប្រាកដរបស់អ៊ីស្រាអែលនោះមានតែព្រះតែប៉ុណ្ណោះ (ពួកចៅហ្វាយ ៨:២៣; ១ សាំយូអែល ៨:៧)។ ប៉ុន្តែពួកអ្នកដឹកនាំសាសន៍យូដាបដិសេធទាំងព្រះ ហើយនឹងព្រះមែស្ស៊ីដែលព្រះអង្គបានចាត់មកឯពួកគេ។
១៩:១៦ លោកពីឡាត់យកចិត្តទុកដាក់ពីដំណែងរបស់គាត់ជាជាងសេចក្តីយុត្តិធម៌ ដូច្នេះហើយ គាត់បានបង្គាប់ដាក់ទោសស្លាប់ដល់ព្រះយេស៊ូវទោះបីជាគាត់ដឹងថាព្រះអង្គគ្មានទោសកំហុសក៏ដោយ។
ការឆ្កាងរបស់ព្រះយេស៊ូវ
ព្រះយេស៊ូវ ទ្រង់យាងចេញទៅ ទាំងលីឈើឆ្កាងទៅដល់កន្លែងហៅថា ភ្នំរលាក្បាល ដែលភាសាហេព្រើរហៅថា គាល់កូថា
១៩:១៧ ព្រះយេស៊ូវត្រូវបាននាំទៅឆ្កាងដោយពួកទាហានរ៉ូម៉ាំងដែលជាធម្មតាមួយក្រុមមាន ទាហានបួននាក់ ហើយនឹងមេកងម្នាក់។ មនុស្សដែលជាប់ទោសត្រូវតែលីឈើឆ្កាងដោយខ្លួនគេ ដែលមានប្រវែង ២,៥ ម៉ែត្រ និង ទំងន់ ប្រមាណជា ៣៥ គីឡូក្រាម។ ព្រះយេស៊ូវលីឈើឆ្កាងរបស់ព្រះអង្គ ដូចដែលព្រះអង្គបានមានបន្ទូលថាសិស្សរបស់ព្រះអង្គត្រូវតែធ្វើដូចគ្នាដែរប្រសិនបើគេចង់ដើរតាមព្រះអង្ក (ម៉ាថាយ ១៦:២៤)។ ដូចដែលព្រះយេស៊ូវលីឈើឆ្កាងរបស់ព្រះអង្គនោះការនេះរំលឹក យើងទាំងអស់គ្នាពីលោក អ៊ីសាក់ ដែលកាលពី ពីរពាន់ឆ្នាំមុន បានលីឱសទៅកាន់កន្លែងដូចគ្នានេះ សម្រាប់ថ្វាយយញ្ញបូជាដោយខ្លួនលោក (លោកុប្បត្តិ ២២:៦)។ គាល់កូថា គឺជាភ្នំមួយដែលមានរាងដូចជាលលាដ៏ក្បាល ដែលមាននៅភាគខាងជើងនៃក្រុង យេរូសាឡិម ដែលនៅខាងក្រៅជញ្ជាំងក្រុង នៅលើផ្លូវធំ។
គេក៏ឆ្កាងទ្រង់នៅទីនោះ ព្រមទាំង២នាក់ទៀតជាមួយនឹងទ្រង់ដែរ ម្នាក់ម្ខាងៗ ហើយព្រះយេស៊ូវនៅជាកណ្តាល
១៩:១៨ ព្រះយេស៊ូវត្រូវបានឆ្កាងជាមួយនឹងចោរពីរនាក់។ ការនេះសម្រេចតាមបទគម្ពីរ អេសាយ ៥៣:១២ “ គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់”។
ការឆ្កាងត្រូវបានបង្កើតឡើងដោយចក្រភពពើស៊ីនៅក្នុងឆ្នាំ ៥១៩ មុន គ,ស។ ដែកមុតស្រួចត្រូវបានបោះទំលុះ កដៃឬបាទដៃហើយនឹងជើងដើម្បីភ្ជាប់អ្នកទោសអោយជាប់ជាមួយនឹង ឈើឆ្កាង។ ពួកអ្នកជាប់ឆ្កាងនឹងត្រូវរងទុក្ខ រយៈបីបួនថ្ងៃមុនពេលដែលស្លាប់ដោយព្រោះតែស្នាមរបួស ភាពស្រេកឃ្លាន និងខ្វះជាតិទឹក ហើយនិងការដែលស្ថិតក្រោមកំដៅថ្ងៃនៅពេលថ្ងៃ និងភាពត្រជាក់នៅពេលយប់។
ពួករ៉ូមាំងបានបោះដែកគោលមនុស្សជាប់នឹងឈើឆ្កាង នៅលើដៃ ឬកដៃដែលមានខ្លួន ប្រាណផ្តេកទៅលើឈើឆ្កាងនិងចងខ្សែនៅដើមដៃ។ ជើងទាំងសងខាងត្រូវបានផ្អោបបន្តិច ដែលមានប្រអប់ជើង ត្រូវបានបោះដែកគោលទៅលើប្រអប់រាងបីជ្រុង។ មនុស្សដែលត្រូវបានឆ្កាងត្រូវតែព្យាយាមរុញខ្លួនឡើងទៅលើ ដោយប្រើជើង ដើម្បីអាចដកដង្ហើមបាន។ មនុស្សដែលត្រូវបានឆ្កាងភាគច្រើនស្លាប់ដោយសារតែថប់ដង្ហើម។
ជនរងគ្រោះត្រូវបានហែក សំលៀកបំពាក់ចេញហើយទុកឲ្យនៅអាក្រាត ទុកចោលនៅក្រោមកំដៅថ្ងៃ ហើយនឹងភាពត្រជាក់ព្រមទាំង ទឹកសន្សើមនៅពេលយប់។ គោលបំណងនៃការឆ្កាងគឺមិនធ្វើឲ្យស្លាប់ភ្លាមៗនោះឡើយ; គោលបំណងគឺជាការធ្វើទារុណកម្ម ការប្រមាថចំពោះមនុស្សម្នាក់ ហើយសម្លាប់គាត់យឺតៗ។ មនុស្សម្នាក់ដែលជាប់ ឆ្កាងអាចនឹងមានជីវិតរស់នៅរយៈពេលសាមសិបប្រាំមួយម៉ោង ហើយការឈឺចាប់នឹងកើនឡើងជាខ្លាំង។ លោកស៊ីកឺរ៉ូ អ្នកប្រវត្តិវិទូររ៉ូម៉ាំងនៅក្នុងពេលនោះ បានរៀបរាប់ថា “គឺជាភាពព្រៃផ្សៃបំផុងក្នុងចំណោមការដាក់ ទោសដ៏ឃោរឃៅទាំងប៉ុន្មាន”។
លោកពីឡាត់ធ្វើប្រកាស១បិទនៅលើឈើឆ្កាង មានសេចក្ដីថា «នេះឈ្មោះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ស្តេចនៃសាសន៍យូដា» មានសាសន៍យូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូវនោះនៅជិតទីក្រុង ហើយប្រកាសនោះ គេបានសរសេរជាភាសាហេព្រើរ ក្រេក នឹងឡាតាំង
១៩:១៩-២០ វាគឺជាទំនៀមទម្លាប់របស់រ៉ូម៉ាំងនៅក្នុងការដាក់ស្លាកនៅពីលើក្បាលរបស់ អ្នកដែលត្រូវជាប់ឆ្កាង។ នៅលើស្លាកឈើត្រូវបានសរសេរពីការចោទប្រកាន់ប្រឆាំង នឹងអ្នកដែលត្រូវបានថ្កោលទោស។ ដែលនៅលើព្រះសិរសាព្រះយេស៊ូវនៅលើឈើឆ្កាងនោះ (ម៉ាថាយ ២៧:៣៧)។ ស្លាកសញ្ញាត្រូវបានសរសេរជាបីភាសា ដែលជាភាសាគោលនៅក្នុងដំបន់។
ដូច្នេះ ពួកសង្គ្រាជរបស់សាសន៍យូដា គេជំរាបដល់លោកពីឡាត់ថា សូមលោកកុំសរសេរថា នេះជាស្តេចនៃសាសន៍យូដាឡើយ សូមសរសេរតាមវានិយាយវិញថា ខ្ញុំជាស្តេចនៃសាសន៍យូដា លោកពីឡាត់ឆ្លើយថា ឯសេចក្ដីដែលខ្ញុំបានសរសេរ នោះបានសរសេរស្រេចទៅហើយ
១៩:២១-២២ លោកពីឡាត់បានសរសេរថា “ស្តេចរបស់សាសន៍យូដា” នៅលើស្លាកឈើនោះ ដើម្បីបញ្ឈឺចិត្តពួកសង្រ្គាជដែលបានបង្ខំគាត់អោយធ្វើការកាត់ទោសមនុស្សដែលគ្មានកំហុសម្នាក់។ ស្លាកសញ្ញាក៏បង្ហាញថាការក្បត់ជាតិ (មិនមែនជាការប្រមាថ) គឺបានជាទោសឧក្រិដ្ឋតាមទស្សនៈរបស់រ៉ូម។ យ៉ាងណាម៉ិញ ស្លាកសញ្ញាក៏ប្រកាសពីសេចក្តីពិតអំពីព្រះយេស៊ូវថា ទ្រង់ជានរណាផងដែរគឺ:ជាព្រះមែស្ស៊ី ដែលអ៊ីស្រាអែលបានទន្ទឹងរង់ចាំជាយូរមកហើយ។
ឯពួកទាហាន កាលបានឆ្កាងព្រះយេស៊ូវរួចហើយ នោះគេយកព្រះពស្ត្រទ្រង់ចែកជា៤ចំណែក ឲ្យម្នាក់ៗបាន១ចំណែក ក៏យកអាវវែងទ្រង់ដែរ តែអាវនោះបានត្បាញពីលើជាសំពត់តែ១ គ្មានថ្នេរសោះ
១៩:២៣ ពួករ៉ូមាំងអនុញ្ញាតអោយពួកទាហានយកសម្លៀកបំពាក់របស់មនុស្សដែលគេបានប្រហារជីវិត។ ទាហានម្នាក់ៗ បានយកបំណែកនៃព្រះពស្តរបស់ព្រះយេស៊ូវ។ ប៉ុន្តែមានអាវវែង ដែលមានតម្លៃបំផុត ដែលនៅសេសសល់។
ដូច្នេះ គេនិយាយគ្នាថា កុំហែកអាវនេះឡើយ ចូរយើងចាប់ឆ្នោតវិញ ឲ្យបានដឹងជាអាវនេះនឹងទៅជារបស់រូបអ្នកណា នោះដើម្បីឲ្យបានសំរេចបទគម្ពីរដែលថា «គេបានយកសំលៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេយកដោយចាប់ជាឆ្នោត» ពួកទាហានក៏ធ្វើដូច្នោះ។
១៩:២៤ សូម្បីតែព្រះពស្រ្តរបស់ព្រះយេស៊ូវក៏សម្រេចតាមសេចក្តីទំនាយផងដែរ។ ពួកគេបានចាប់ឆ្នោតដើម្បីសម្រេចថា អ្នកណាបានអាវវែងរបស់ព្រះអង្គ (យ៉ូហាន ១៩:២៣-២៤)។ ការនេះជាការសម្រេចតាម ទំនុកដំកើង ២២:១៨។
ឯមាតាព្រះយេស៊ូវ ប្អូនស្រីមាតាទ្រង់ ម៉ារា ជាប្រពន្ធក្លូប៉ាស នឹងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា គេឈរនៅជិតឈើឆ្កាងទ្រង់
១៩:២៥ ស្ត្រីទាំងនេះ (និងច្រើននាក់ផ្សេងទៀត) បានជួយពួកសិស្សផ្នែកហិរញ្ញវត្ថុហើយនិងការបម្រើ (ម៉ាថាយ ២៧:៥៥; លូកា ៨:១-៣)។ ពួកគេបានបង្ហាញពីភក្តីភាពចំពោះព្រះយេស៊ូវដោយការបង្ហាញខ្លួន នៅក្នុងការសុគតរបស់ព្រះអង្គ។ បុរសទាំងអស់លើកលែងលោកយ៉ូហានបានរត់ចេញ។
ព្រះយេស៊ូវក៏ឃើញមាតាទ្រង់ នឹងសិស្សម្នាក់ដែលទ្រង់ស្រឡាញ់ កំពុងឈរនៅទីនោះ រួចទ្រង់មានបន្ទូលទៅមាតាថា មាតាអើយ នុ៎ះន៏ កូនរបស់មាតា រួចទ្រង់មានបន្ទូលទៅសិស្សនោះថា នុ៎ះន៏ ម្តាយអ្នក តាំងពីនោះមក សិស្សនោះក៏នាំយកគាត់ទៅនៅផ្ទះខ្លួន
១៩:២៦-២៧ “សិស្សម្នាក់ដែលទ្រង់ស្រឡាញ់” គឺជារបៀបដែលលោកយ៉ូហានលើកឡើងសំដៅទៅ លើខ្លួនគាត់ (១៣:២៣, ១៩:២៦, ២១:៧, ២១:២០)។ លោកយ៉ូហានក៏បាននៅកន្លែងដែលគេឆ្កាង ព្រះយេស៊ូវ ដូច្នេះហើយគាត់គឺជាសាក្សីចំពោះអ្វីដែលបានកើតឡើង (ខ៣៥)។
ម៉ារាគឺជាស្រ្តីមមេម៉ាយហើយអាចនឹងមានចំណូលតិច ហើយក៏ពឹងផ្អែកលើព្រះយេស៊ូវ ដែលជាកូនច្បងរបស់គាត់។ ទោះបីជាក្នុងពេលដែលព្រះយេស៊ូវត្រូវបានគេព្យួររៀបនឹងសុគត នៅលើឈើឆ្កាង នៅក្នុងនាមជាកូនចៀមនៃព្រះដែលរងទុក្ខក៏ដោយ ក៏ព្រះអង្គនៅតែបានយកព្រះទ័យទុកដាក់ហើយរៀបចំសម្រាប់មាតារបស់ព្រះអង្គ។ ព្រះអង្គបានបង្គាប់លោកយ៉ូហាន ឲ្យបានមើលថែមាតាទ្រង់ទុកដូចជាម្តាយរបស់គាត់។
ការសុគតរបស់ព្រះយេស៊ូវ
ក្រោយនោះព្រះយេស៊ូវទ្រង់ជ្រាបថា ការទាំងអស់បានសំរេចហើយ តែដើម្បីឲ្យបានសំរេចតាមបទគម្ពីរ នោះទ្រង់មានបន្ទូលថា ខ្ញុំស្រេកទឹកណាស់ រីឯនៅទីនោះ មានក្រឡដាក់ទឹកខ្មេះពេញ គេក៏យកសារាយរំហួតជ្រលក់ទឹកខ្មេះជោក រួចចងភ្ជាប់នឹងមែកហ៊ីសុប ហុចទៅដល់ព្រះឱស្ឋទ្រង់
១៩:២៨-២៩ ក្រឡនោះមានទឹកខ្មេះដែលមានតម្លៃថោករបស់ពួកទាហាន។ ពួកគេបានថ្វាយទៅដល់ ព្រះយេ ស៊ូវសោយហើយសេចក្តីទំនាយនៅក្នុង ទំនុកដំកើង ៦៩:២១ ត្រូវបានសម្រេច។
មែកហ៊ីសុបត្រូវបានប្រើប្រាស់ម្រាប់ជាការប្រោះឈាមកូនចៀមនៅលើធ្នឹមទ្វារនៅយប់មុនការចាកចេញពី ប្រទេសអេស៊ីព្ទ (និក្ខមនំ ១២:២២)។ ត្រង់នេះ ពួកទាហានបានប្រើមែកហ៊ីសុបដើម្បីយកទឹកខ្មេះថ្វាយ កូនចៀមដែលរៀបនឹងសុគតនៅលើឈើឆ្កាងសម្រាប់ជាការសម្រេចសេចក្តីសង្រ្គោះដល់យើងទាំងអស់គ្នា។
កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយ ក៏មានបន្ទូលថា ការស្រេចហើយ នោះទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ។
១៩:៣០ បន្ទាប់ពីនៅលើប្រាំមួយម៉ោងនៅលើឈើឆ្កាង ព្រះយេស៊ូវបានស្រែកឡើងហើយសុគតទៅ។ ពេលគឺទើបតែកន្លងផុតម៉ោង ៣ រសៀលហើយ។ ពេលនេះអំឡុងពេលចន្លោះ (ម៉ោង ៣-៥រសៀល) ជាពេលដែលកុនចៀមនៃពិធីបុណ្យរំលងត្រូវបានសម្លាប់។ នៅក្នុងពេលនេះ នៅពាសពេញក្រុងយេរូសាឡិម កុនចៀម ដែលគ្មានស្លាកស្នាមត្រូវបានថ្វាយជាយញ្ញបូជាដើម្បីនឹកចាំពីរបៀបដែលព្រះជាម្ចាស់ប្រោសប្រជា រាស្រ្តរបស់ព្រះអង្គចេញពីភាពជាទាសករនៅក្នុងប្រទេសអេស៊ីព្ទ។ ប៉ុន្តែសេចក្តីប្រោសលោះដ៏ពិតប្រាកដ គឺជាអ្វី ដែលកំពុងកើតឡើង នៅខាង ក្រៅទីក្រុង នៅលើភ្នំរាងដូចលលាដ៏ក្បាល នៅលើឈើឆ្កាងរបស់រ៉ូម៉ាំង កន្លែងដែលកូនចៀមរបស់ព្រះកំពុងដកយកអំពើបាបរបស់ពិភពលោកនោះ ទៅវិញទេ។
ជាធម្មតា មនុស្សដែលជាប់ឆ្កាងគ្មានកម្លាំងទៀតនោះឡើយ ជាពិសេសពេលដែលពួកគេរៀបស្លាប់។ ប៉ុន្តែ សម្រែករបស់ព្រះយេស៊ូវមិនមែនជាដង្ហើមចុងក្រោយដ៏ទន់ខ្សោយ របស់មនុស្សដែលហៀបនឹងស្លាប់ នោះឡើយ។ ជាសម្រែកនៃ ជ័យជំនះ។ “ការស្រេចហើយ” គឺ Τετέλεσται នៅក្នុងភាសាក្រិក។ ពាក្យនេះត្រូវបានកត់ត្រានៅលើឯកសារផ្លូវការ ដែលមានន័យថា “បានបង់ ថ្លៃពេញ”។ ព្រះយេស៊ូវជ្រាបថា បំណុលនៃអំពើបាបរបស់យើងត្រូវបានបង់ថ្លៃលោះពេញថ្លៃរួចហើយ។ ព្រះអង្គជ្រាបថា ព្រះអង្គអាចប្រគល់ ព្រះវិញ្ញាណរបស់ព្រះអង្គហើយសុគត ដោយជ្រាបថាព្រះអង្គបានសម្រេចគ្រប់យ៉ាងជា ការទាមទារដើម្បីសង្រ្គោះ យើងរួចហើយ (យ៉ូហាន ១០:១៨)។ គ្មានអ្វីមួយដែលយើងអាចបន្ថែមនៅក្នុងសេចក្តីសង្រ្គោះរបស់យើងបាននោះឡើយ។ ព្រះគ្រីស្ទ ជាព្រះអង្គសង្រ្គោះរបស់យើង បានបង់ថ្លៃលោះយ៉ាងពេញថ្លៃ។
ព្រះអង្គមានបន្ទូលថា “ការស្រេចហើយ” ដោយព្រោះតែព្រះអង្គជ្រាបថា ព្រះអង្គបានសម្រេចកិច្ចការដែលព្រះវរបិតាបានប្រទានមកឲ្យព្រះអង្គធ្វើបានយ៉ាងពេញលេញហើយ។ ព្រះយេស៊ូវបានឳនព្រះសិររបស់ព្រះអង្គ ហើយបានប្រគល់ព្រះវិញ្ញាណរបស់ព្រះអង្គ។ លំដាប់លំដោយនៃកិច្ចការរបស់ព្រះយេស៊ូវពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ព្រះអង្គបានឳនព្រះសិរ (ជាការដែលបង្ហាញពីការចុះចូលចំពោះព្រះ) ហើយបន្ទាប់មកបានប្រគល់ព្រះវិញ្ញាណ របស់ព្រះអង្គថ្វាយទៅព្រះ។ គ្មានអ្នកណាម្នាក់បានដកយកព្រះជន្មព្រះអង្គពីទ្រង់ឡើយ; ព្រះអង្គមាន អំណាចនៅក្នុងការដាក់ព្រះជន្មព្រះអង្គចុះដោយព្រះអង្គទ្រង់ផ្ទាល់ (១០:១៧-១៨), នៅក្នុង ការដែលបានសម្រេចភារកិច្ចចុងក្រោយរបស់ព្រះអង្គនៃការស្តាប់បង្គាប់យ៉ាងល្អឥតខ្ចោះចំពោះព្រះវរបិតា ព្រះអង្គ (៨:២៩, ១៤:៣១; ភីលីព ២)។
ព្រះយេស៊ូវបានមានព្រះបន្ទូលអំពីការសុគតរបស់ព្រះអង្គជាច្រើនដង។ ព្រះអង្គបានរៀបរាប់ពី ការសុគតរបស់ព្រះអង្គជាច្រើនរបៀប រួមទាំង៖
-
ការបំផ្លាញនៃព្រះវិហារ (២:១៩)
-
ការដែលលើកសត្វពស់ឡើងនៅក្នុងទីរហោស្ថាន (៣:១៤)
-
គង្វាលល្អ ដែលស៊ូប្តូរជីវិតដើម្បីចៀម (១០:១១-១៨)
-
ការដែលសាបព្រោះគ្រាប់ពូជនៅក្នុងដី (១២:២០-២៥)។
ការនេះបង្ហាញថាព្រះអង្គស្ម័គ្រព្រះទ័យ នៅក្នុងការប្រគល់ព្រះជន្មរបស់ព្រះអង្គសម្រាប់យើងទាំងអស់គ្នា ជាថ្លៃលោះបាប។ នៅលើឈើឆ្កាង ព្រះអង្គបានសម្រេចកិច្ចការនៃសេចក្តីប្រោសលោះ សម្រាប់អស់អ្នកដែលទុកចិត្តលើព្រះអង្គ។
ចំហៀងរបស់ព្រះយេស៊ូវត្រូវបានចាក់ទម្លុះ
ពួកសាសន៍យូដាក៏សូមលោកពីឡាត់ ឲ្យបានបំបាក់ជើងពួកជាប់ឆ្កាង ហើយយកចេញទៅ ដើម្បីកុំឲ្យខ្មោចនៅជាប់លើឈើឆ្កាង ក្នុងថ្ងៃឈប់សំរាក ពីព្រោះជាថ្ងៃរៀបចំហើយ ឯថ្ងៃឈប់សំរាកនោះ គឺជាថ្ងៃបុណ្យធំ
១៩:៣១ ព្រះយេស៊ូវបានសម្រចកិច្ចការរបស់ព្រះអង្គនៅក្នុងពេលរសៀលថ្ងៃសុក្រ (នៅថ្ងៃទីប្រាំមួយ) មុនថ្ងៃសប្ប័ទចាប់ផ្តើម ដូចដែលព្រះជាម្ចាស់បានសម្រេចកិច្ចការរបស់ព្រះអង្គនៅក្នុងការបង្ករបង្កើត នៅថ្ងៃទីប្រាំមួយមុនពេលដែលសម្រាកនៅថ្ងៃទីប្រាំពីរ។
ជាធម្មតា ពួករ៉ូម៉ាំងតែងតែទុកមនុស្សដែលជាប់ឆ្កាងចោលនៅលើឈើឆ្កាងរហូតដល់ស្លាប់ហើយពួកគេនឹង ទុកសាកសពឲ្យស្អុយរលួយនៅទីនោះឲ្យសត្វត្មាតស៊ី។ ប៉ុន្តែពួកសាសន៍យូដាមិនចង់ឲ្យមាន សាកសពទុកចោលនៅលើឈើឆ្កាងនៅក្នុងពិធីបុណ្យរំលង និងថ្ងៃឈប់សម្រាកដ៏វិសេសនោះឡើយ ដោយព្រោះតែការនោះអាចការដែលធ្វើឲ្យទឹកដីនោះទៅជាស្មោកគ្រោក (ចោទិយកថា ២១:២២-២៣)។ ដូច្នេះហើយ ពួកគេបានសូមឲ្យលោកពីឡាត់បង្គាប់ដល់ពួកទាហានឲ្យបំបាក់ជើងរបស់មនុស្ស ដែលជាប់ឆ្កាងដើម្បីធ្វើឲ្យ ពួកគេឆាប់ស្លាប់ ដើម្បីឲ្យសាកសពរបស់អ្នកទាំងនោះអាចដាក់ចុះមុនថ្ងៃសប្ប័ទ ដ៏វិសេសចូលមកដល់។
ដូច្នេះ ពួកទាហានក៏មកបំបាក់ជើងអ្នក១ រួចអ្នក១ទៀតដែលជាប់ឆ្កាងជាមួយនឹងទ្រង់
១៩:៣២ របៀបដែលមនុស្សត្រូវបានឆ្កាងអាចដកខ្យល់ដង្ហើមបាននោះគឺដោយការដែលរុញខ្លួនគេឡើង ទៅលើដោយប្រើជើងដើម្បីបន្ថយសម្ពាធដល់ដៃហើយនឹងដើមទ្រូង។ ប្រសិនបើជើងរបស់មនុស្សនោះ ត្រូវបានបាក់ គេមិនអាចនឹងធ្វើការនេះបានឡើយ;ហើយសេចក្តីស្លាប់នឹងឆាប់ចូលមកដល់ ដោយព្រោះតែខ្វះអ៊ុកស៊ីហ្សែន។
តែកាលគេមកដល់ព្រះយេស៊ូវ ក៏ឃើញថា ទ្រង់សុគតផុតហើយ បានជាគេមិនបំបាក់ព្រះបាទទ្រង់ទេ ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចំហៀងទ្រង់ នោះក៏ចេញឈាម ហើយនឹងទឹកមក
១៩:៣៣ បន្ទាប់ពីបានបំបាក់ជើងរបស់មនុស្សទាំងពីរនាក់រួចហើយ វាជាធម្មតាថាពួកទាហាន នឹងធ្វើដូចគ្នានោះចំពោះព្រះយេស៊ូវដែរ។ ប៉ុន្តែគេមិនបានធ្វើការនោះឡើយ។
១៩:៣៤ តែផ្ទុយទៅវិញ ទាហានម្នាក់បានចាក់ទម្លុះពីចំហៀងរបស់ព្រះយេស៊ូវដោយលំពែង របស់គេដើម្បីបញ្ជាក់ថាព្រះអង្គពិតជាសុគតមែន។ គួរឲ្យកត់សម្គាល់ អ្វីដែលហាក់ដូចជាការសម្រេចចិត្តដ៏ចៃដន្យដោយទាហានរ៉ូម៉ាំងម្នាក់នោះ (ជាការដែលចាក់ទម្លុះព្រះយេស៊ូវពីចំហៀងជាជាងវាយបំបាក់ជើងរបស់ព្រះអង្គ) ត្រូវបានកើតឡើង ដើម្បីឲ្យបទគម្ពីរនឹងត្រូវបានសម្រេច (ខ៣៦-៣៧)។
នៅពេលដែលទាហានចាក់ទម្លុះចំហៀងរបស់ព្រះយេស៊ូវនោះ មានព្រះលោហិតនិងទឹកហូរចេញមក (១ យ៉ូហាន ៥:៦)។ ការនេះបញ្ជាក់យ៉ាងច្បាស់ថាព្រះបន្ទូលពិតជាបានត្រឡប់ជាសាច់ឈាមមែន (១:១៤) ហើយពិតជាបានរងទុក្ខខាងសាច់ឈាមហើយបានសុគតមែន (១ ពេត្រុស ៣:១៨)។
ក៏មានគំនិតជាច្រើនអំពីសារៈសំខាន់ខាងព្រលឹងវិញ្ញាណអំពីព្រះលោហិត ហើយនឹងទឹកផងដែរ។ ព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទប្រទានដល់អ្នកជឿម្នាក់ឲ្យមានជីវិតអស់កល្បជានិច្ច (៦:៥៣-៥៤) ហើយសំអាតចេញពីអំពើបាបគ្រប់ទាំងអស់ (១ យ៉ូហាន ១:៧)។ ទឹកគឺជា តំណាងឲ្យការលាងសំអាត (៣:៥) ជីវិត (៤:១៤) ហើយនឹងព្រះវិញ្ញាណបរិសុទ្ធ (៧:៣៨-៣៩)។ លោកយ៉ូហានអាចនឹងសំដៅទៅលើ និក្ខមនំ ១៧, ជាពិសេស ខ:៦ “ត្រូវឲ្យឯងវាយថ្មនោះ រួចនឹងមានទឹកចេញមកឲ្យគេផឹកហើយ “(ហើយក៏សូមមើលនៅក្នុង ជនគណនា ២០:១១ និង ១ កូរិនថូស ១០:៤)។ សេចក្តីប្រកាសសម្រាប់អ្នកអានបទគម្ពីរយ៉ូហានគឺថា ការលាងសំអាតចេញពីអំពើបាប ហើយមានជីវិតអស់កល្បជានិច្ចហូរមកដល់យើងទាំងអស់គ្នាដោយសារការសុគតរបស់ព្រះយេស៊ូវ។
អ្នកដែលឃើញបានធ្វើបន្ទាល់ ហើយសេចក្ដីបន្ទាល់របស់អ្នកនោះក៏ពិតប្រាកដ អ្នកនោះដឹងថា ខ្លួននិយាយត្រូវ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ
១៩:៣៥ ព្រឹត្តិការណ៏ដែលលោកយ៉ូហានបានឃើញផ្ទាល់ភ្នែកនៅត្រង់ឈើឆ្កាងបានធ្វើឲ្យគាត់បានស្គាល់ ព្រះយេស៊ូវយ៉ាងពិតប្រាកដថាពិតជាត្រូវបានចាត់មកពីព្រះដើម្បីសុគតសម្រាប់អំពើបាបរបស់យើង។ ពេលនេះ គាត់បានកត់ត្រាពីព្រឹត្តិការណ៍ទាំងនេះដើម្បីឲ្យយើងអាចទទួលជឿដូចគ្នាផងដែរ។
ដ្បិតការទាំងនោះបានកើតមក ដើម្បីឲ្យបទគម្ពីរបានសំរេច ដែលថា «គ្មានឆ្អឹងទ្រង់ណាមួយត្រូវបាក់សោះ» ក៏មានបទ១ទៀតថា «គេនឹងមើលព្រះអង្គដែលគេបានចាក់»។
១៩:៣៦ ហេតុផលមួយដែលថាហេតុអ្វីបានជាមនុស្សទទួលជឿព្រះយេស៊ូវគឺដោយព្រោះតែព្រឹត្តិការណ៍ ដែលមាននៅក្នុងព្រះជន្មព្រះអង្គដែលបានសម្រេចបទគម្ពីរយ៉ាងល្អឥតខ្ចោះជាការដែលបានកត់ត្រាអស់រយៈពេលតាំងពី រាប់រយឆ្នាំមុន។ លោកយ៉ូហានបានផ្តល់គំរូចំនួនពីរដល់យើងទាំងអស់គ្នានៅក្នុងខទាំងពីរនេះ។
“គ្មានឆ្អឹងទ្រង់ណាមួយត្រូវបាក់សោះ”។ ពួកទាហានត្រូវបានបង្គាប់ឲ្យវាយបំបាក់ជើង ពួកអ្នក ដែលជាប់ឆ្កាង(ខ៣១)។ ដូច្នេះហើយពួកគេបានបំបាក់ជើងរបស់មនុស្សទាំងពីរនាក់ដែលបានជាប់ឆ្កាង ជាមួយព្រះយេស៊ូវ,ប៉ុន្តែគេមិនបានបំបាក់ជើងព្រះយេស៊ូវនោះឡើយ។ នេះគឺជាការដែលគួរឲ្យកត់សំគាល់ ដែលទាហានរ៉ូម៉ាំងមិនបានធ្វើតាមអ្វីដែលថ្នាក់លើបានបង្គាប់ឲ្យគេធ្វើនោះឡើយ (ដែលជាការ បំបាក់ជើងព្រះយេស៊ូវ) ប៉ុន្តែពួកគេបានធ្វើអ្វីផ្សេងដែលគេមិនត្រូវបានបង្គាប់ឲ្យធ្វើនោះវិញ (ជាការដែលចាក់ទម្លុះព្រះយេស៊ូវពីចំហៀង)។ នៅក្នុងការប្រព្រឹត្តទាំងពីរនេះ ពួកគេបានសម្រេចតាម ព្រះបន្ទូលនៃព្រះដោយមិនបានដឹងខ្លួនសោះ!ការដែលមិនបានវាយបំបាក់ជើងព្រះអង្គ ពួកគេបានសម្រេច បទគម្ពីរ និក្ខមនំ ១២:៤៦ និង ទំនុកដំកើង ៣៤:២០; ហើយការដែលចាក់ទម្លុះចំហៀងព្រះអង្គនោះគឺបានសម្រេចបទគម្ពីរ សាការី ១២:១០។
បទគម្ពីរទំនុកដំកើង ៣៤ គឺចែងអំពីព្រះទ័យទុកដាក់សម្រាប់មនុស្សសុចរិត។ ខទី១៩-២០ចែងថា:
“មនុស្សសុចរិតតែងតែកើតមានសេចក្តីលំបាកជាច្រើន
តែព្រះយេហូវ៉ាទ្រង់ជួយឲ្យរួចពីសេចក្តីទាំងនោះ
ទ្រង់រក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះ
មិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ។ ”
“គ្មានឆ្អឹងទ្រង់ណាមួយត្រូវបាក់សោះ” ក៏សំដៅលើបទគម្ពីរ និក្ខមនំ ១២:៤៦ (និង ជនគណនា ៩:១២) ដែលចែងអំពីកូនចៀមបុណ្យរំលង។ ព្រះបានបង្គាប់មកថាមិនត្រូវឲ្យមានឆ្អឹងណាមួយរបស់កូនចៀម បុណ្យរំលងត្រូវបាក់នោះឡើយ។ ព្រះយេស៊ូវគឺជាកូនចៀមបុណ្យរំលងដែលដកយកអំពើបាបរបស់ មនុស្សលោក (១:២៩; ១ កូរិនថូស ៥:៧; ១ ពេត្រុស ១:១៩)។ ព្រះអង្គបានសម្រេចតួនាទីជាកូនចៀម បុណ្យរំលងយ៉ាងល្អឥតខ្ចោះដោយការសុគតនៅក្នុងថ្ងៃបុណ្យរំលងចំជាមួយនឹងពេលវេលាដែលកូនចៀមសម្រាប់ពិធីបុណ្យរំលងត្រូវបានគេសម្លាប់ ហើយដោយការដែលគ្មានឆ្អឹងណាមួយរបស់ព្រះអង្គត្រូវបានបាក់សោះឡើយ។
១៩:៣៧ “គេនឹងមើលព្រះអង្គដែលគេបានចាក់” ដកស្រង់ចេញពី សាការី ១២:១០។ លោកសាការីបានប្រកាសសេចក្តីទំនាយថាមនុស្សនៅក្នុងក្រុងយេរូសាឡិមនឹងត្រូវយំសោក នៅពេល ដែលពួកគេបានឃើញថា ព្រះដែលត្រូវបានគេចាក់ (ដោយទុក្ខសោក) នៅពេលដែលតំណាងព្រះអង្គត្រូវបានគេចាក់ (សាការី ១៣:៧; ១១:៤-១៧)។ សូមកត់សម្គាល់ថា នៅក្នុងសេចក្តីទំនាយរបស់លោកសាការី តំណាងរបស់ព្រះជាម្ចាស់ត្រូវបានហៅថា “អ្នកគង្វាល” “ព្រះរាជបុត្រាតែមួយ” និង “កូនច្បង” ការទាំងនេះជាការរៀបរាប់អំពីព្រះយេស៊ូវ។ សេចក្តីទំនាយរបស់លោកសាការី (ដែលបានកត់ត្រា ៥០០ឆ្នាំមុនការនេះ) បានបើកសំដែងថា ព្រះមែស្ស៊ី នឹងត្រូវធ្វើជាអ្នកគង្វាលល្អដែលត្រូវបានចាត់មកដោយព្រះ ហើយម្នាក់ដែលបាននៅជាមួយនឹងព្រះ ប៉ុន្តែត្រូវបានបដិសេធដោយមនុស្សនៅក្នុងក្រុងយេរូសាឡិមហើយត្រូវបានគេចាក់ (១០:១១-៣០)។ បន្ទាប់ពីការនេះកើតមានឡើង មនុស្សនឹងត្រូវយំសោកហើយស្រក់ទឹកភ្នែកហើយសម្លឹងមើលរកព្រះ ហើយក្រោយមកព្រះអង្គនឹងចាក់បង្ហូរព្រះវិញ្ញាណនៃព្រះគុណ (ដែលនឹងកើតមានឡើងនៅក្នុងកិច្ចការ ២)។ ការដែលចាក់ទម្លុះព្រះយេស៊ូវនេះក៏បានសម្រេចសេចក្តីទំនាយនៅក្នុងបទគម្ពីរ អេសាយ ៥៣:៥ “លោកត្រូវគេចាក់ទម្លុះ ព្រោះតែការបះបោររបស់យើង” (គខប)។
ព្រះយេស៊ូវតែមួយអង្គនៅក្នុងចំណោមអ្នកទាំងបីនាក់ដែលមិនត្រូវបានគេវាយបំបាក់ជើង ហើយត្រូវបានគេ ប្រើលំពែងចាក់ទម្លុះពីចំហៀងព្រះអង្គ ប៉ុន្តែមិនមានឆ្អឹងណាមួយ ត្រូវបានបាក់នោះឡើយ។ នៅក្នុងព្រឹត្តិកាណ៍ទាំងអស់នេះ យើងបានឃើញអធិបតេយ្យភាពនៃព្រះដ៏ខ្ពស់បំផុតលើការប្រព្រឹត្ត របស់មនុស្សនៅក្នុងការសម្រេចតាមបទគម្ពីរ។
ព្រះយេស៊ូវត្រូវគេកប់
ក្រោយនោះមក យ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេ ដែលជាសិស្សរបស់ព្រះយេស៊ូវដោយសំងាត់ ព្រោះខ្លាចពួកយូដា លោកបានសូមដល់លោកពីឡាត់ ឲ្យមានច្បាប់នឹងយកព្រះសពព្រះយេស៊ូវចុះមក លោកពីឡាត់ក៏បើកឲ្យ ដូច្នេះ លោកមកយកព្រះសពព្រះយេស៊ូវទៅ
១៩:៣៨ ក្រោមច្បាប់របស់រ៉ូម៉ាំង សាកសពរបស់មនុស្សដែលត្រូវបានឆ្កាងដោយព្រោះតែ ការបះបោរតែងតែទុកចោលនៅលើឈើឆ្កាងឲ្យហ្វូងសត្វត្មាតចឹកស៊ី។ ការពិតដែល លោកពីឡាត់ អនុញ្ញាតឲ្យយកសាក សពចុះបង្ហាញថាគាត់បានដឹងថាព្រះយេស៊ូវគឺគ្មានទោសនោះឡើយ។
ជាធម្មតា ពួកសាសន៍យូដាកប់សមាជិកក្រុមគ្រួសាររបស់គេនៅក្នុងផ្នូររបស់គ្រួសារតែមួយ។ យ៉ាងណាម៉ិញ ប្រសិនបើអ្នកណាម្នាក់ត្រូវបានសម្លាប់ក្រោមឈ្មោះជាឧក្រិដ្ឋជន (ជាជាងការដែលកប់សពអ្នកទាំងនោះ នៅក្នុងផ្នូររបស់គ្រួសារ ដែលអាចធ្វើឲ្យផ្នូរនោះទៅជាសៅហ្មង) តាមទំនៀមទម្លាប់គឺត្រូវប្រើទីកន្លែងកប់ខ្មោច ដែលនៅក្រៅទីក្រុងវិញ។ សាកសពរបស់មនុស្ស ដែលត្រូវជាប់ឆ្កាងជាធម្មតាតត្រូវបានបោះចូលទៅ ក្នុងរណ្តៅដែលនៅកន្លែងនោះ។ យ៉ាងណាម៉ិញ លោកយ៉ូសែប អ្នកស្រុកអើរីម៉ាថេ ដែលជាសិស្សសំងាត់របស់ព្រះយេស៊ូវ បានសូមព្រះសពរបស់ព្រះអង្គពីលោកពីឡាត់។ វាគឺជារឿងទូទៅដែលសិស្សតែងតែរៀបចំពិធីបញ្ចុះសព គ្រូរបស់ពួកគេ (ម៉ាថាយ ១២:១៤) ដូច្នេះហើយ លោកយ៉ូសែបបង្ហាញពីការប្តេជ្ញារបស់គាត់នៅក្នុងការធ្វើជាសិស្សរបស់ព្រះយេស៊ូវដោយការធ្វើកិច្ចការនេះ។
យ៉ូសែបគឺជាអ្នកមានម្នាក់ (ម៉ាថាយ ២៧:៥៧) ហើយសមាជិកនៃគណៈសាន់ហេឌ្រីន (ម៉ាកុស ១៥:៤២) ប៉ុន្តែគាត់មិនបានយល់ព្រមចំពោះការសម្រេច ដាក់ទោសស្លាប់ដល់ព្រះយេស៊ូវនោះឡើយ (លូកា ២៣:៥១)។ គាត់ជា “មនុស្សល្អ និងសុចរិតម្នាក់” (លូកា ២៣:៥០) "ជាអ្នករង់ចាំនគរព្រះ" (ម៉ាកុស ១៥:៤២) ដែលជា “សិស្សម្នាក់របស់ព្រះយេស៊ូវ ប៉ុន្តែដោយសំងាត់ដោយព្រោះតែ ការភ័យខ្លាចចំពោះសាសន៍ យូដា”។ ប៉ុន្តែគាត់បានបង្ហាញពីភាពក្លាហានរបស់គាត់។ គាត់បានទៅជួបលោកពីឡាត់ ដើម្បីស្នើរសុំសពព្រះយេស៊ូវ។ ការដែលធ្វើដូច្នេះជាភាពក្លាហាន ដោយព្រោះតែគ្រប់គ្នានឹងដឹងថាគាត់គឺជា សម្លាញ់ម្នាក់របស់ព្រះយេស៊ូវ ដែលជាលទ្ធផលអាចនឹងទទួលនូវ ការបៀតបៀនពីគណៈសាន់ហេឌ្រីន។
ហើយលោកនីកូដេម ដែលពីមុនបានទៅឯព្រះយេស៊ូវទាំងយប់ ក៏មកដែរ លោកយកជ័រល្វីងទេសលាយនឹងក្រឹស្នា បានប្រហែលជា១រយនាលិមក
១៩:៣៩ លោកយ៉ូសែបបាននិយាយជាមួយនឹងលោកពីឡាត់ហើយបានយកព្រះសពរបស់ព្រះយេស៊ូវ ពីលើឈើឆ្កាងមក ហើយលោកនីកូដេម (៣:១-១៥, ៤៥-៥២) បានទិញគ្រឿងក្រអូប។ គ្រឿងក្រអូប ដែលមានតម្លៃថ្លៃខ្លាំងណាស់ហើយមានគ្រឿងក្រអូបលាយឡំគ្នាជាច្រើន ដែលត្រូវបានផ្តល់ឲ្យប្រៀបបាន ដូចជាពិធីបញ្ចុះសពរបស់រាជវង្ស (២ របាក្សត្រ ១៦:១៤)។ ការនេះបង្ហាញថា លោកនីកូដេមពិតជាចង់បង្ហាញការគោរពដល់ព្រះយេស៊ូវពិតប្រាកដមែន។
លោកទាំង២នោះក៏យកព្រះសពព្រះយេស៊ូវមក រុំនឹងសំពត់ទេសឯក ជាមួយនឹងគ្រឿងក្រអូបទាំងនោះ តាមទំលាប់របស់សាសន៍យូដា ដែលគេធ្លាប់រៀបចំកប់ខ្មោច
១៩:៤០ ពួកគេបានរុំព្រះសពរបស់ព្រះយេស៊ូវជាមួយនឹងគ្រឿងក្រអូបដោយចងផ្អោបនៅក្នុងសំពត់។ ពួកគេជាអ្នកដែលមានទ្រព្យសម្បត្តិ (ម៉ាថាយ ២៧:៥៧, ម៉ាកុស ១៥:៤៣, យ៉ូហាន ៣:១) ជាអ្នក ដែលមានលទ្ធភាពនៅក្នុងការប្រើអ្នកបំរើឲ្យរៀបចំការបញ្ចុះសពព្រះយេស៊ូវ តែពួកគេបានជ្រើសរើស នៅក្នុងការធ្វើកិច្ចការនោះដោយខ្លួនគេ។ ការដែលរ៉ាប់រងចំពោះការបញ្ចុះសពព្រះយេស៊ូវ ពួកគេបានធ្វើឲ្យខ្លួនគេទៅជា "មិនស្អាត" (ជនគណនា ១៩:១១) ហើយមិនអាចចូលរួមនៅក្នុង ពិធីបុណ្យរំលងបានឡើយ។ ម្តងទៀត ការនេះបង្ហាញពីការប្តេជ្ញារបស់ពួកគេចំពោះព្រះយេស៊ូវ។
មានច្បារ១នៅត្រង់កន្លែងដែលគេឆ្កាងទ្រង់ ហើយក្នុងច្បារនោះ មានផ្នូរ១ថ្មី ដែលមិនទាន់ដាក់ខ្មោចណានៅឡើយ
១៩:៤១ កន្លែងបញ្ចុះសពគឺជាសួនច្បារឯកជនមួយ ហើយផ្នូរនោះជាផ្នូរថ្មីរបស់លោកយ៉ូសែប (ម៉ាថាយ ២៧:៦០)។ ផ្នូរនៅក្នុងសួនច្បារក្បែរភ្នំគាល់កូថា ទៅនោះគឺជារោងភ្នំដែលបានជីកនៅក្នុងភ្នំ ដែលមានថ្ម ដ៏ធំដែលត្រូវបានប្រមៀលមកបិទជិតនៅខាងមុខផ្លូវចូល។ មានតែអ្នកមានទ្រព្យសម្បត្តិតែប៉ុណ្ណោះ ដែលអាចទិញ ផ្នូរដ៏មានតម្លៃនេះបាន។ ការបញ្ចុះសពព្រះយេស៊ូវបានសម្រេចសេចក្តីទំនាយ នៅក្នុងអេសាយ ៥៣:៩។
ដូច្នេះ លោកក៏បញ្ចុះព្រះសពព្រះយេស៊ូវនៅទីនោះ ពីព្រោះជាថ្ងៃរៀបចំបុណ្យរបស់សាសន៍យូដា ហើយផ្នូរនោះក៏នៅជិតស្រាប់។
១៩:៤២ វាជាការដែលមានប្រយោជន៍ដែលផ្នូររបស់លោកយ៉ូសែបហ្វឹសនៅក្បែរភ្នំគាល់ក័រថា ដោយព្រោះតែពេលនេះថ្ងៃជិតលិចហើយដែលថ្ងៃសប្ប័ទរៀបនឹងចាប់ផ្តើម ហើយគ្មានកិច្ចការណាមួយ ដែលត្រូវបានអនុញ្ញាតឲ្យធ្វើទៀតឡើយ។ ដូច្នេះហើយគេមិនមានពេលច្រើនមុនថ្ងៃសប្ប័ទចាប់ផ្តើម នោះឡើយ ពួកគេបានបញ្ចុះព្រះសពព្រះយេស៊ូវនៅត្រង់នោះ (លូកា២៣:៥៤)។




