

សេចក្តីអធិស្ឋានរបស់ព្រះយេស៊ូវ
នៅក្នុងជំពូកនេះ ព្រះយេស៊ូវអធិស្ឋានដល់ព្រះវរបិតាសម្រាប់ព្រះអង្គទ្រង់ផ្ទាល់ (ខ១-៥) សម្រាប់សិស្សរបស់ព្រះអង្គ (ខ៦-១៩) ហើយសម្រាប់ពួកអ្នកជឿទាំងអស់ (ខ២០-២៦)។
កាលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនោះរួចហើយ នោះក៏ងើបព្រះនេត្រទៅលើមេឃ ទូលថា ឱព្រះវរបិតាអើយ កំណត់បានមកដល់ហើយ សូមដំកើងព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រា បានដំកើង ទ្រង់ដែរ ដូចជាទ្រង់បានប្រទាន ឲ្យព្រះរាជបុត្រាមានអំណាច លើគ្រប់ទាំងមនុស្ស ដើម្បីនឹងប្រទានជីវិតដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកដែលទ្រង់បានប្រទានមកព្រះរាជបុត្រាដែរ
១៧:១ ព្រះយេស៊ូវចាប់ផ្តើមសេចក្តីអធិស្ឋានរបស់ព្រះអង្គជាមួយនឹងពាក្យថា “ឱព្រះវរបិតាអើយ កំណត់បានមកដល់ហើយ សូមដំកើងព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានដំកើងទ្រង់ដែរ”។ “កំណត់បានមកដល់ហើយ” សំដៅលើពេលវេលានៃការសុគតរបស់ព្រះអង្គ (១២:២៧) ការរស់ពីសុគតឡើងវិញ និងការយាងត្រឡប់ទៅស្ថានសួគ៌វិញ (១៣:១)។ ព្រះយេស៊ូវព្រមទទួលយក ផ្លូវមួយនេះដើម្បីទទួលនូវ ការលើកដំកើង ដោយការជ្រាបថា នេះជាបំណងព្រះហឫទ័យនៃព្រះវរបិតា។ ពេលនេះព្រះអង្គអធិស្ឋាន ដើម្បីឲ្យព្រះអង្គបានធ្វើតាមបំណងព្រះហឫទ័យ ព្រះវរបិតា ព្រះវរបិតានឹងដំកើង ព្រះអង្គឡើង (១២:២៣-២៤, ១២:២៨, ១២:៣២-៣៣, ២១:១៩)។ ព្រះបានឆ្លើយតបចំពោះ សេចក្តីអធិស្ឋាននេះដោយការប្រោសព្រះយេស៊ូវឲ្យរស់ពីសុគតឡើងវិញនៅថ្ងៃទីបី ហើយក្រោយមក បានលើកព្រះអង្គទៅស្ថានសួគ៌នៅក្នុងថ្ងៃទីសែសិប ដើម្បីទទួលបានសិរីរុងរឿងដ៏អស់កល្បជានិច្ច។
១៧:២ ដោយព្រោះតែកិច្ចការនៃការប្រោសលោះរបស់ព្រះអង្គដែលបានធ្វើឡើងនៅលើឈើឆ្កាងនោះ ព្រះបានប្រទានសិទ្ធិអំណាចលើមនុស្សជាតិទាំងអស់ដល់ព្រះយេស៊ូវ (ម៉ាថាយ ២៨:១៨)។ សិទ្ធិអំណាចនេះធ្វើឱ្យព្រះអង្គអាចប្រទានជីវិតអស់កល្បជានិច្ចដល់អស់អ្នកណាដែលព្រះវរបិតាប្រទានដល់ព្រះអង្គបាន។ ដូច្នេះហើយ ព្រះយេស៊ូវបានលើកដំកើងព្រះវរបិតាព្រះអង្គ ដោយការសម្រេចតាមផែនការណ៏ នៃសេចក្តីសង្រ្គោះរបស់ព្រះវរបិតាដោយការប្រទានជីវិតអ ស់កល្បជានិច្ចដល់មនុស្ស។
នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង
១៧:៣ ព្រះរាជបុត្រាដំកើងព្រះវរបិតាដោយការប្រទានជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលព្រះវរបិតា បានប្រទានដល់ព្រះអង្គ។ តើការនេះដំកើងដល់ព្រះវរបិតាដោយរបៀបណា? ដោយព្រោះតែ ជីវិតអស់កល្បជានិច្ចគឺ "ឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១" ហើយព្រះត្រូវបានដំកើងឡើង ដោយការដែលគេបានស្គាល់ទ្រង់។ ព្រះរាជបុត្រាដំកើងព្រះវរបិតាដោយការដែលធ្វើឲ្យគេបានស្គាល់ព្រះអង្គ ហើយយើងសរសើរដំកើងព្រះវរបិតាដោយការដែលបានស្គាល់ព្រះអង្គ ហើយជួយអ្នកដទៃឲ្យបានស្គាល់ ព្រះអង្គផងដែរ។
ព្រះវរបិតាចាត់ព្រះរាជបុត្រាមកក្នុងពិភពលោកជាមួយនឹងបេសកកម្មនៅក្នុងការប្រទានឲ្យមានជីវិតអស់កល្បជានិច្ចដល់មនុស្សលោក។ ពេលនេះ ព្រះអង្គមានបន្ទូលប្រាប់យើងទាំងអស់គ្នាថាជីវិតអស់កល្បជានិច្ច នោះជាអ្វី។ ជីវិតអស់កល្បជានិច្ចគឺជាការដែលបានស្គាល់ព្រះដ៏ជាព្រះវរបិតា ហើយនិងព្រះរាជបុត្រា។ ពាក្យជាភាសាក្រិក សម្រាប់ពាក្យ “ស្គាល់” (γινώσκω) មានន័យថាគឺជាកា រស្គាល់តាមរយៈបទពិសោធន៍ ផ្ទាល់ខ្លួន។ វាមិនមែនអំពីព័ត៌មាននោះទេ ប៉ុន្តែអំពីទំនាក់ទំនងវិញ។ ហេតុដូច្នេះ ជីវិតអស់កល្បជានិច្ចគឺជាការ មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះជាម្ចាស់។ ដំណឹងល្អគឺ យើងអាចមានទំនាក់ទំនងជិតស្និទ្ធិ ជាមួយអ្នក ដែលមានអំណាច មានប្រាជ្ញា និងអស្ចារ្យជាងគេបង្អស់នៅក្នុងសកលលោកនេះ គឺព្រះ!
ជីវិតអស់កល្បជានិច្ចគឺជាជីវិតនៅជាមួយព្រះជាម្ចាស់។ គឺវាលើសពីការដែលគ្រាន់តែ ទៅនគរស្ថានសួគ៌នៅពេលយើងស្លាប់ទៅ។ ជីវិតអស់កល្បជានិច្ចគឺជាការស្គាល់ព្រះជាម្ចាស់ ជាមនុស្សម្នាក់របស់ព្រះ ដែលរស់នៅខាងវិញ្ញាណឥឡូវនេះ។ បើទោះបីជាព្រះជាម្ចាស់គង់នៅស្ថានសួគ៌ ហើយយើងនៅលើផែនដីនេះក៏ដោយ យើងអាចចាប់ផ្តើមស្គាល់ទ្រង់ ហើយទទួលបទពិសោធន៍ ‘ព្រះចេស្តារ សេចក្តីស្រឡាញ់ និងប្រាជ្ញារបស់ទ្រង់នៅក្នុងជីវិតរបស់យើងនៅទីនេះ និងឥឡូវនេះ។
ជីវិតអស់កល្បជានិច្ចចាប់ផ្តើមនៅពេលមនុស្សម្នាក់កើតជាថ្មី។ វាគឺជាអំណោយទានរបស់ព្រះ ដែលទ្រង់ប្រទានឱ្យ នៅពេលដែលមនុស្សប្រែចិត្តចេញពីអំពើបាបរបស់ពួកគេ ហើយជឿលើព្រះយេស៊ូវ គ្រីស្ទ។ មានព្រះពិតតែមួយប៉ុណ្ណោះ ជាព្រះដ៏ជាអ្នកបង្ករបង្កើត និងគ្រប់គ្រងលើសកលលោកទាំងមូល។ មានផ្លូវ តែមួយប៉ុណ្ណោះដែលយើងអាចស្គាល់ព្រះអង្គបាន នោះគឺដោយសារព្រះរាជបុត្រាព្រះអង្គ ព្រះយេស៊ូវគ្រីស្ទ ដែលព្រះអង្គបានចាត់ឲ្យមកក្នុង លោកីយដើម្បីឲ្យមនុស្សលោកបានស្គាល់ព្រះអង្គ (១:១៨)។
ទូលបង្គំបានដំកើងទ្រង់ នៅផែនដី ទូលបង្គំបានបង្ហើយការ ដែលទ្រង់ប្រគល់មកឲ្យធ្វើ ឥឡូវនេះ ឱព្រះវរបិតាអើយ សូមដំកើងទូលបង្គំឡើងជាមួយនឹងទ្រង់ផង ដោយសិរីល្អដែលទូលបង្គំមានជាមួយនឹងទ្រង់ ក្នុងកាលដែលលោកីយមិនទាន់បានកើតនៅឡើយ។
១៧:៤-៥ ការដែលព្រះអង្គបានសម្រេចកិច្ចការនេះដោយការដែលបានធ្វើតាមអ្វីគ្រប់យ៉ាងដែលព្រះវរបិតា បានចាត់ឲ្យព្រះអង្គមកធ្វើនោះ ពេលនេះព្រះយេស៊ូវអធិស្ឋានសូមឲ្យព្រះវរបិតាបានទទួលព្រះអង្គទៅក្នុង សិរីល្អរបស់ព្រះអង្គនៅស្ថានសួគ៌វិញ។ នេះជាសិរីល្អនិងការលើកដំកើងដែលព្រះអង្គបានមានជាមួយនឹង ព្រះវរបិតាមុនពេលដែលពិភពលោកបានចាប់ផ្តើម (១:១, ១:១៤, ៨:៥៨, ១២:៤១) ដែលព្រះអង្គ បានលះចោលដើម្បីយាងមកក្នុងផែនដីក្នុងការសម្រេចសេចក្តីសង្រ្គោះសម្រាប់យើងទាំងអស់គ្នា។
ឯពួកអ្នក ដែលទ្រង់បានប្រទានមកទូលបង្គំ អំពីមនុស្សលោក នោះទូលបង្គំបានបើកសំដែងឲ្យគេស្គាល់ព្រះនាមទ្រង់ អ្នកទាំងនោះជារបស់ផងទ្រង់ ហើយទ្រង់បានប្រទានគេមកទូលបង្គំ គេក៏កាន់តាមព្រះបន្ទូលទ្រង់
១៧:៦ កិច្ចការដែលព្រះយេស៊ូវបានសម្រេចនៅលើផែនដីនេះគឺដើម្បីដំកើងព្រះវរបិតាដោយ ការដែលធ្វើឲ្យគេបានស្គាល់ព្រះនាមទ្រង់។ ព្រះវរបិតាបានប្រទានសិស្សនៅទូទាំងពិភពលោក ដល់ព្រះយេស៊ូវ ហើយព្រះយេស៊ូវបើកសំដែងព្រះនាមព្រះវរបិតាដល់ពួកគេឲ្យបានស្គាល់ទ្រង់។
“ព្រះនាម” របស់ព្រះមានន័យថាលក្ខណៈរបស់ព្រះអង្គ ដូច្នេះហើយការដែលបើកសំដែងព្រះនាមនៃព្រះ នោះគឺជាការដែលបើកសំដែងឲ្យគេបានស្គាល់លក្ខណៈរបស់ព្រះអង្គ។ ដោយសារកិច្ចការ និងព្រះបន្ទូល របស់ព្រះអង្គ ព្រះយេស៊ូវបានបើកសំដែងព្រះវរបិតាយ៉ាងពេញលេញដល់ពួកគេដើម្បីឲ្យពួកគេបានស្គាល់ ព្រះអង្គ។ អស់អ្នកដែលព្រះវរបិតាបានប្រទានដល់ព្រះរាជបុត្រាបានកាន់តាមព្រះបន្ទូលព្រះអង្គ។ ការនេះគឺជាភ័ស្តុតាងដែលបង្ហាញថាគេជារបស់ផងព្រះជាម្ចាស់ (៨:៣១, ៨:៥១, ១៤:១៥, ១៥:៩-១១)។
ឥឡូវនេះ គេដឹងថា គ្រប់ទាំងអស់ដែលទ្រង់ប្រទានមកទូលបង្គំ នោះសុទ្ធតែកើតពីទ្រង់មក ដ្បិតអស់ទាំងព្រះបន្ទូលដែលទ្រង់បានប្រទានមក នោះទូលបង្គំបានឲ្យដល់គេហើយ គេក៏ទទួលយក ហើយដឹងជាប្រាកដថា ទូលបង្គំចេញពីទ្រង់មក ក៏ជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកមែន
១៧:៧-៨ ព្រះយេស៊ូវមិនបានមានបន្ទូលដោយអាងលើសិទ្ធិអំណាចរបស់ព្រះអង្គនោះឡើយ ប៉ុន្តែមានបន្ទូលតែសេចក្តីណាដែលព្រះវរបិតាបង្គាប់មកទ្រង់តែប៉ុណ្ណោះ។ ដូច្នេះហើយ ព្រះអង្គបានធ្វើជា តំណាងព្រះវរបិតាទ្រង់យ៉ាងល្អឥតខ្ចោះបំផុត។ ពួកសិស្សបានស្តាប់ឮគ្រប់ទាំងសេចក្តីដែលព្រះយេស៊ូវ បានមានបន្ទូល ហើយបានដឹងថាព្រះអង្គត្រូវបានចាត់មកពីព្រះហើយថាគ្រប់យ៉ាង ដែលព្រះអង្គបានបង្រៀននោះសុទ្ធតែជាសេចក្តីពិតពីព្រះ។
ទូលបង្គំអធិស្ឋានឲ្យគេ មិនមែនអធិស្ឋានឲ្យលោកីយទេ គឺឲ្យអស់អ្នកដែលទ្រង់បានប្រទានមកទូលបង្គំវិញ ពីព្រោះគេជារបស់ផងទ្រង់ (របស់ទូលបង្គំទាំងអស់ជារបស់ផងទ្រង់ ហើយរបស់ទ្រង់ទាំងប៉ុន្មានក៏ជារបស់ផងទូលបង្គំដែរ) ទូលបង្គំបានថ្កើងឡើងក្នុងគេ
១៧:៩-១០ ព្រះយេស៊ូវអធិស្ឋានសម្រាប់សិស្សទាំង១១នាក់របស់ព្រះអង្គដោយព្រោះតែពួកគេគឺជា មនុស្សដែលព្រះវរបិតាបានប្រទានមកឲ្យទ្រង់។ ម្តងទៀត យើងបានឃើញពីការរួបរួមនៅក្នុងព្រះវរបិតា ជាមួយនឹងព្រះរាជបុត្រា។ គ្រប់ទាំងអស់ដែលជារបស់ផងព្រះវរបិតា ក៏ជារបស់ផងព្រះរាជបុត្រាដែរ។ ព្រះយេស៊ូវត្រូវបានដំកើងនៅក្នុងសិស្សរបស់ព្រះអង្គដោយព្រោះតែពួកគេបានស្គាល់ហើយបានជឿលើ ព្រះអង្គ (ខ៧-៨)។
អ្នកទាំងនេះនៅក្នុងលោកីយ តែទូលបង្គំមិននៅក្នុងលោកីយទៀតទេ ទូលបង្គំនឹងទៅឯទ្រង់ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ ឯពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូមទ្រង់រក្សាគេដោយព្រះនាមទ្រង់ផង ដើម្បីឲ្យគេបានរួមគ្នាតែ១ ដូចជាយើងដែរ
១៧:១១ ពេលនេះ ព្រះយេស៊ូវរៀបនឹងយាងត្រឡប់ទៅឯព្រះវរបិតាវិញហើយ ព្រះអង្គអធិស្ឋាន សូមឲ្យព្រះវរបិតារក្សាពួកសិស្សឲ្យមានសេចក្តីជំនឿស្មោះត្រង់។ គោលបំណងនៅក្នុងការរក្សាពួកសិស្ស ដោយព្រះវរបិតាគឺជាការរួបរួមរបស់ពួកគេ។ ការដែលបានរក្សានៅក្នុងព្រះនាមនៃព្រះ ពួកគេនឹងបានរួមគ្នាតែមួយដូចជាព្រះយេស៊ូវហើយនឹងព្រះវរបិតារួមគ្នាតែមួយយ៉ាងនោះដែរ។ សេចក្តីអធិស្ឋាននេះបង្ហាញពីសេចក្តីស្មោះត្រង់របស់ពួកគេចំពោះព្រះហើយនឹងការរួបរួមជាមួយគ្នាទៅវិញទៅមកជាអ្វីដែលសំខាន់បំផុតចំពោះព្រះយេស៊ូវ។
កាលទូលបង្គំនៅក្នុងលោកីយជាមួយនឹងគេ នោះទូលបង្គំបានរក្សាគេ ដោយព្រះនាមទ្រង់ដែរ ទូលបង្គំបានរក្សាទុកនូវអស់អ្នក ដែលទ្រង់ប្រទានមកទូលបង្គំ គ្មានអ្នកណាមួយត្រូវវិនាសឡើយ បានវិនាសតែ១នាក់នោះ ដែលបានដំរូវឲ្យត្រូវវិនាសប៉ុណ្ណោះ ដើម្បីឲ្យបានសំរេចតាមបទគម្ពីរ
១៧:១២ ក្នុងរយៈពេលបីឆ្នាំនៃព័ន្ធកិច្ចរបស់ព្រះអង្គ ព្រះយេស៊ូវបានរក្សាសិស្សរបស់ព្រះអង្គ ដើម្បីឲ្យពួកគេស្មោះត្រង់នៅក្នុងសេចក្តីជំនឿ។ លើកលែងតែយូដាសមួយ។ ការនេះគឺដោយព្រោះតែគាត់ជា “កូននៃសេចក្តីវិនាស” ដើម្បីសម្រេចតាមបទគម្ពីរ (ទំនុកដំកើង ៤១:៩, ៦៩:២៥, ១០៩:៨, កិច្ចការ ១:២០)។ យូដាសមិនត្រូវបានបង្ខំឲ្យក្បត់ព្រះយេស៊ូវដើម្បីនឹងសម្រេចតាមសេចក្តីទំនាយនោះឡើយ ប៉ុន្តែគាត់បានជ្រើសរើសនៅក្នុងការក្បត់ព្រះអង្គ ហើយការដែលធ្វើដូច្នោះនោះ បទគម្ពីរត្រូវបានសម្រេច។
ឥឡូវនេះ ទូលបង្គំទៅឯទ្រង់ តែទូលបង្គំថ្លែងសេចក្ដីទាំងនេះ នៅក្នុងលោកីយ ដើម្បីឲ្យគេបានសេចក្ដីអំណររបស់ទូលបង្គំ ឲ្យនៅពោរពេញក្នុងខ្លួនគេ
១៧:១៣ ព្រះយេស៊ូវសព្វព្រះទ័យឲ្យសិស្សរបស់ព្រះអង្គមានសេចក្តីអំណរដូចដែលព្រះអង្គមានដែរ។ សេចក្តីអំណររបស់ព្រះអង្គនោះបានមកពីទំនាក់ទំនងដ៏ជិតស្និតជាមួយនឹងព្រះជាម្ចាស់ ជាព្រះវរបិតា ព្រះអង្គ។ សេចក្តីអំណររបស់ព្រះអង្គមិនត្រូវបានថយតិចចុះដោយអំពើបាបឬការមិនស្តាប់បង្គាប់ នោះឡើយ។ ដូច្នេះហើយ ព្រះយេស៊ូវអធិស្ឋានសម្រាប់សេចក្តីស្មោះត្រង់របស់ពួកគេចំពោះព្រះ ហើយនឹងការរួបរួមចំពោះគ្នាទៅវិញទៅមកដើម្បីឲ្យពួកគេមានសេចក្តីអំណរដូចដែលព្រះអង្គមានផងដែរ (១៥:១១, ១៦:២០-២៤)។
ទូលបង្គំបានឲ្យព្រះបន្ទូលទ្រង់ដល់គេ ហើយលោកីយបានស្អប់គេ ពីព្រោះគេមិនមែនជារបស់លោកីយទេ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ
១៧:១៤ ព្រះយេស៊ូវប្រទានព្រះបន្ទូលនៃព្រះវរបិតាទៅឲ្យពួកសិស្ស ហើយពួកបានទទួលព្រះបន្ទូលនោះ (ខ៦, ខ៨)។ ជាលទ្ធផល លោកីយបានស្អប់ពួកគេ។ លោកីយស្រលាញ់ដល់អស់អ្នកដែលជាកម្មសិទ្ធរបស់លោកីយ (១៥:១៩) ប៉ុន្តែពួកសិស្សមិនមែនជារបស់លោកីយទៀតនោះឡើយ។ ពួកគេត្រូវបានជ្រើសរើសចេញពីលោកីយហើយ (១៥:១៩) ដែលត្រូវបានកើត “ដោយព្រះវិញ្ញាណ” (៣:៨) ហើយជា “កូននៃះព្រះ” (១:១២) ហេតុដូច្នេះហើយលោកីយបានស្អប់ដល់គេ។
ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយទេ គឺសូមឲ្យទ្រង់រក្សាគេ ឲ្យរួចពីសេចក្ដីអាក្រក់វិញ គេមិនមែនជារបស់ផងលោកីយ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ
១៧:១៥-១៦ សេចក្តីអធិស្ឋានរបស់ព្រះយេស៊ូវគឺមិនមែនសូមឲ្យព្រះវរបិតាដ៏ជាព្រះយកអស់អ្នក ដែលដើរតាមព្រះអង្គចេញពីលោកីយនេះទេ ប៉ុន្តែការពារពួកគេនៅក្នុងលោកីយនេះវិញ ជាពិសេសគឺពី មេកំណាច ដែលនឹងល្បួងគេឲ្យខ្វះសេចក្តីស្មោះត្រង់ចំពោះព្រះ ហើយបាត់បង់នូវភាពរួបរួមចំពោះ គ្នាទៅវិញទៅមក។
ព្រះយេស៊ូវសព្វព្រះទ័យឲ្យសិស្សរបស់ព្រះអង្គ នៅក្នុងលោកីយ ហើយសម្រេចកិច្ចការ ដែលព្រះអង្គប្រទានឲ្យពួកគេធ្វើ។ ដូចជាព្រះយេស៊ូវដែរ ពួកគេមានបេសកកម្មមួយ ដើម្បីសម្រេច ហើយត្រូវតែនៅក្នុងលោកីយដើម្បីឲ្យបានធ្វើកិច្ចការនោះ។ ពួកគេមិនត្រូវដកខ្លួនចេញពីលោកីយ ឬក្លាយដូចជាលោកីយនោះឡើយ ប៉ុន្តែត្រូវនៅក្នុងលោកីយក្នុងនាមជាប្រជារាស្រ្តដែលបានញែកចេញជា បរិសុទ្ធរបស់ព្រះ ធ្វើជាទីបន្ទាល់ចំពោះសេចក្តីពិតដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ (១៥:២៦-២៧) និងត្រូវបានរក្សាដោយព្រះវរបិតា។
សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់
១៧:១៧ តើព្រះរក្សារាស្រ្តរបស់ព្រះអង្គឲ្យបានរួចពីសេចក្តីអាក្រក់នៃលោកីយដោយរបៀបណា? ចម្លើយនោះគឺដោយការញែកចេញជាបរិសុទ្ធ។ ដូច្នេះ ព្រះយេស៊ូវអធិស្ឋានថាសូមឲ្យព្រះបានញែក ពួកសិស្សព្រះអង្គចេញបរិសុទ្ធ។ ការញែកជាបរិសុទ្ធគឺជាដំណើរការដោយសារព្រះជាម្ចាស់ នៃការបង្កើតភាពសុចរិត និងបរិសុទ្ធនៅក្នុងជីវិតរបស់អ្នក។ ការដែល “ញែកចេញជាបរិសុទ្ធ” មានន័យថាញែកទុកអ្វីមួយ ដាច់ដោយឡែកសម្រាប់បំរើកិច្ចការរបស់ព្រះ។ ការនេះពាក់ព័ន្ធ ជាមួយនឹង អ្នកជឿម្នាក់ដាច់ចេញពីអំពើបាបកាន់តែច្រើនឡើង ហើយស្មោះចំពោះព្រះជាម្ចាស់កាន់តែច្រើនឡើង។
របៀបដែលព្រះញែកមនុស្សចេញជាបរិសុទ្ធគឺដោយសារសេចក្តីពិត ដែលត្រូវបានប្រទានមកនៅក្នុង ព្រះបន្ទូលព្រះអង្គ។ ពេលយើងត្រូវការដឹងថា អ្វីពិត អំពីយើង អំពីមនុស្ស អំពីពិភពលោកអំពីជីវិត អំពីអនាគត អំពីព្រះ នោះយើងត្រូវអាន ព្រះបន្ទូលរបស់ ព្រះ ដែលបង្រៀនយើងតែពី អ្វីដែលពិតប្រាកដប៉ុណ្ណោះ។ នៅពេលដែលមនុស្សម្នាក់ស្តាប់ឮ ហើយយល់ ហើយប្រព្រឹត្ដតាម ព្រះបន្ទូលនៃព្រះ គាត់គឺត្រូវបានញែកដាច់ដោយឡែកចេញពីសេចក្តីអាក្រក់ ហើយត្រូវបាននាំមកឲ្យកាន់តែ ចូលជិតព្រះជាម្ចាស់។ កាលណា អ្នកកាន់តែទទួលបានសេចក្តីពិត ហើយយកមកអនុវត្តនោះ អ្នកនឹងទទួលបានការញែកចេញជាបរិសុទ្ធកាន់តែខ្លាំងឡើង។ អ្នកនឹងត្រូវបានញែកដាច់ដោយឡែក ពីលោកីយ និងត្រូវបានញែកដោយឡែកសម្រាប់ព្រះជាម្ចាស់ប្រើអ្នក។ នេះជាសេចក្តីដែលព្រះយេស៊ូវ កំពុងតែអធិស្ឋាននៅត្រង់ចំនុចនេះ។
ទូលបង្គំបានចាត់គេឲ្យទៅក្នុងលោកីយ ដូចជាទ្រង់ចាត់ទូលបង្គំ ឲ្យមកក្នុងលោកីយដែរ
១៧:១៨ នេះគឺជាគោលបំណងនៃការញែកចេញជាបរិសុទ្ធរបស់យើងទាំងអស់គ្នា។ ដើម្បីឲ្យយើងត្រូវបានចាត់ឲ្យចេញទៅធ្វើតាមបំណងព្រះទ័យព្រះនៅក្នុងលោកីយ។ ដូចដែលព្រះវរបិតា បានញែកព្រះយេស៊ូវដាច់ដោយឡែកហើយចាត់ព្រះអង្គឲ្យមកធ្វើបេសកកម្មនៅក្នុងលោកីយ (១០:៣៦; ៣:១៧) នោះ ព្រះយេស៊ូវក៏ញែកសិស្សរបស់ព្រះអង្គដាច់ដោយឡែកហើយចាត់ពួកគេឲ្យចេញទៅធ្វើ បេសកកម្មនៅក្នុងលោកីយ (២០:២១)។
ឯទូលបង្គំក៏ញែកខ្លួនចេញជាបរិសុទ្ធដោយយល់ដល់គេ ដើម្បីឲ្យគេបានញែកចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតដែរ។
១៧:១៩ ព្រះយេស៊ូវបានញែកព្រះអង្គទ្រង់ជាបរិសុទ្ធ (ព្រះអង្គញែកព្រះអង្គទ្រង់ដាច់ដោយឡែក) ដើម្បីធ្វើ កិច្ចការដែលព្រះវរបិតាព្រះអង្គចាត់ឲ្យព្រះអង្គមកធ្វើ។ កិច្ចការដ៏អស្ចារ្យបំផុតនោះគឺព្រះអង្គត្រូវបានចាត់មក ដើម្បីឲ្យបានសុគតសម្រាប់អំពើបាបរបស់យើងទាំងអស់គ្នា។ ហេតុនេះហើយបានជាព្រះអង្គមានបន្ទូលថា “ដើម្បីឲ្យគេ” ជាហេតុដែលព្រះអង្គបានញែកព្រះអង្គទ្រង់ជាបរិសុទ្ធនោះ។ គោលដៅនៃសេចក្តីសុគតរបស់ ព្រះយេស៊ូវនៅលើឈើឆ្កាងគឺដើម្បីឲ្យសិស្សរបស់ព្រះអង្គអាចនឹងញែកចេញជាបរិសុទ្ធ។ ដោយព្រោះតែ ការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ពួកគេនឹងបានស្គាល់នូវភាពបរិសុទ្ធថ្មីមួយ ទំនាក់ទំនងថ្មីមួយ ជាមួយនឹងព្រះ ហើយនឹងត្រូវបានញែកដាច់ដោយឡែកសម្រាប់បេសកកម្មរបស់ពួកគេនៅក្នុងលោកីយ។
ព្រះយេស៊ូវអធិស្ឋានសម្រាប់ពួកអ្នកជឿទាំងអស់
ទូលបង្គំមិនអធិស្ឋាន ឲ្យអ្នកទាំងនេះតែប៉ុណ្ណោះ គឺឲ្យដល់ទាំងអ្នកណា ដែលនឹងជឿដល់ទូលបង្គំ ដោយសារពាក្យរបស់គេថែមទៀតដែរ ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង ប្រយោជន៍ឲ្យលោកីយបានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត
១៧:២០ ព្រះយេស៊ូវរៀបនឹងបញ្ចប់បេសកកម្មរបស់ព្រះអង្គហើយ។ ព្រះអង្គមានទំនុកចិត្តថាព័ន្ធកិច្ចនៃ ព្រះវិញ្ញា ណបរិសុទ្ធតាមរយៈពួកសាវ័ករបស់ព្រះអង្គនឹងធ្វើឲ្យមនុស្សជាច្រើនបានជឿលើព្រះអង្គ។ ដូច្នេះហើយពេលនេះព្រះអង្គអធិស្ឋានសម្រាប់ពួកអ្នកដែលជឿទាំងអស់នៅក្នុងគ្រប់ជំនាន់ រួមទាំង យើងទាំងអស់គ្នាផងដែរ!
១៧:២១ តើព្រះយេស៊ូវអធិស្ឋានសម្រាប់យើងអ្វីខ្លះ? ការរួបរួម! ព្រះយេស៊ូវអធិស្ឋានថា សូមឲ្យអ្នកជឿទាំងអស់ “ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ” ព្រះអង្គជ្រាបថានៅពេលដែល ដំណឹងល្អត្រូវបានប្រកាស មនុស្ស “មកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា” នឹងបានជឿលើព្រះអង្គ (វិវរណៈ ៧:៩)។ តើអាចឲ្យមនុស្សដែលមកពីក្រុមខុសគ្នា យ៉ាងធំសម្បើមដូច្នេះបានរួមគ្នាមក “តែមួយ”ដោយរបៀបណា? ចម្លើយនោះគឺដោយការចុះចូល ក្នុងការស្តាប់តាមការបើកសំដែងដែលព្រះវរបិតាបានប្រទានមកតាមរយៈ ព្រះរាជបុត្រាព្រះអង្គដល់ ពួកសាវ័ករបស់ព្រះអង្គ (ខ៦-៨)។ នេះគឺជា ការបើកសំដែង ដែលពួកសាវ័កបានចែករំលែកបន្ត ដល់យើងទាំងអស់គ្នា ជា “គឺឲ្យដល់ទាំងអ្នកណា ដែលនឹងជឿដល់ ទូលបង្គំ ដោយសារពាក្យរបស់គេថែមទៀតដែរ” (ខ២០)។
គ្រីស្ទានម្នាក់គឺជាមនុស្សម្នាក់ដែលជឿលើព្រះយេស៊ូវដោយសារពាក្យរបស់ពួកសាវ័កដែលបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ នេះជាអ្វីដែលបង្រួបបង្រួមពួកអ្នកជឿទាំងអស់ខាងព្រលឹងវិញ្ញាណជាមួយគ្នា ទៅវិញទៅមកហើយជាមួយនឹងព្រះជាម្ចាស់។ អស់អ្នកដែលបានទទួល ជឿតាម ហើយកាន់តាម ពាក្យទាំងនេះ (ខ៦-៨) ត្រូវបានរួបរួមជាមួយគ្នាទៅវិញទៅមក ជាមួយនឹងពួកសាវ័កដែលព្រះយេស៊ូវ បានជ្រើសរើស ជាមួយនឹងព្រះរាជបុត្រា ហើយជាមួយនឹងព្រះវរបិតា។
នៅក្នុងដំណឹងល្អយ៉ូហាន យើងបានឃើញការរួបរួមរវាងព្រះវរបិតានិងព្រះរាជបុត្រា (១០:៣០)។ ព្រះវរបិតាគឺនៅក្នុងព្រះរាជបុត្រា។ ព្រះវរបិតាធ្វើកិច្ចការរបស់ព្រះអង្គក្នុងនិងតាមរយៈព្រះយេស៊ូវ (១០:៣៨, ១៤:១០-១១, ១៤:២០)។ ព្រះរាជបុត្រាគឺនៅក្នុងព្រះវរបិតា។ ព្រះរាជបុត្រាពឹងអាង ហើយស្តាប់តាមព្រះវរបិតានៅក្នុងកិច្ចការព្រះអង្គក្នុងការបង្កើត ការប្រោសលោះ ហើយថែរក្សាអស់អ្នកដែលព្រះវរបិតាបានប្រទានដល់ទ្រង់ (១:២-៣, ៦:៣៧-៤០, ១៧:៦, ១៧:១៩)។
ពេលនេះ ព្រះយេស៊ូវអធិស្ឋានថាសូមឲ្យអ្នកជឿទាំងអស់នឹងមានការរួបរួមខាងព្រលឹងវិញ្ញាណដូចគ្នា។ ព្រះយេស៊ូវនឹងធ្វើការនៅក្នុង និងតាមរយៈយើងរាល់គ្នា ដោយព្រះវិញ្ញាណរបស់ព្រះអង្គ ដែលគង់នៅក្នុងពួកអ្នកជឿ នីមួយៗ ហើយផ្សាភ្ជាប់យើងទាំងអស់គ្នាជាមួយគ្នាទៅវិញទៅមក ជារូបកាយតែមួយ ក្រុមជំនុំរបស់ព្រះអង្គ (១៥:៤-៥; ១ យ៉ូហាន ១:៣; ២:៥-៦; អេភេសូ ៤:៤-៦; ១ កូរិនថូស ១២:១២-២៧)។
គោលបំណងសម្រាប់ការរួបរួមរបស់ពួកអ្នកជឿនោះគឺដើម្បីឲ្យលោកីយអាចនឹងទទួលជឿលើព្រះយេស៊ូវ។ ការរួបរួម និងសុខដុមរវាងមនុស្សនោះគឺមានតិចខ្លាំងណាស់នៅក្នុងលោកីយនាពេលបច្ចុប្បន្ន។ ដូច្នេះហើយ នៅពេលដែលមនុស្សនៅពាសពេញពិភពលោក (ដែលមិនមានអ្វីដូចគ្នាទាំង វប្បធម៌ ប្រពៃណី ចំណេះដឹង និងបទពិសោធន៍នៅក្នុងជីវិត។ ល។) មានការរួបរួមយ៉ាងពិតប្រាកដដោយពឹងអាងលើ ការទទួល ហើយជឿតាមការបើកសំដែងរបស់ព្រះជាម្ចាស់ ដែលព្រះយេស៊ូវបាននាំមក ការនេះបញ្ជាក់ដល់លោកីយថា ព្រះយេស៊ូវពិតជាត្រូវបានចាត់មកដោយព្រះពិតប្រាកដមែន។ ដូចជា ការដែលមានសេចក្តីស្រឡាញ់នៅក្នុង ពួកអ្នកជឿទាំងអស់ ជាទីបន្ទាល់ទៅដល់ពិភពលោកថាយើងគឺពិតជាសិស្សរបស់ព្រះយេស៊ូវ (១៣:៣៤-៣៥) ការរួបរួមនៅក្នុងចំណោម ពួកអ្នកជឿបានជាទីបន្ទាល់ដល់ពិភពលោកថា ព្រះយេស៊ូវបាននាំមកនូវការបើកសំដែងអំពីព្រះជាម្ចាស់ដល់យើងទាំងអស់គ្នា ដែលព្រះវរបិតា ដែលបានចាត់ព្រះអង្គឲ្យមកធ្វើកិច្ចការនោះ។
ឯសិរីល្អដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំបានឲ្យដល់គេហើយ ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចជាយើងក៏រួមតែមួយដែរ
១៧:២២ នៅក្នុងព្រះគម្ពីរ “សិរីល្អ” គឺជាការបង្ហាញវត្តមានរបស់ព្រះ ភាពបរិសុទ្ធ លក្ខណៈ និងភាពល្អឥតខ្ចោះ (ទំនុកដំកើង ១៩; អេសាយ ៦; លូកា ២:៩)។ ក្នុងនាមជា ព្រះរាជបុត្រាដ៏អស់កល្បនៃព្រះ ព្រះយេស៊ូវតែងតែចែករំលែកនៅក្នុងសិរីល្អនេះ (ខ៥, ខ២៤)។ បន្ទាប់មក ព្រះវរបិតាប្រទានឲ្យព្រះរាជបុត្រានូវភារកិច្ចនៃការបើកសំដែងពីកល្ខណៈរបស់ព្រះអង្គ (ជាការដែលបង្ហាញ ពីសិរីល្អព្រះអង្គ) នៅលើផែនដី។ នៅពេលដែលព្រះយេស៊ូវយាងមកផែនដីនេះ ព្រះអង្គគឺជាព្រះ ដែលបានគង់នៅជាមួយនឹងយើង ដើម្បីឲ្យយើងបានឃើញព្រះច្បាស់។ ព្រះអង្គគឺជាតំណាងនៃព្រះដ៏ ល្អឥតខ្ចោះ ហើយបានសំដែងព្រះជាម្ចាស់ដល់ពួកសាវ័ករបស់ព្រះអង្គតាមរយៈកិច្ចការ ហើយនឹងព្រះបន្ទូល ព្រះអង្គ។
ព្រះយេស៊ូវបានប្រទានសិរីល្អរបស់ព្រះអង្គ ដល់អស់អ្នកដែលជឿលើព្រះអង្គ ក្នុងន័យថា ព្រះអង្គបានសំដែងអំពីព្រះដល់ពួកសាវ័ករបស់ព្រះអង្គនោះ ហើយដោយសារតែទីបន្ទាល់របស់ពួកគេ ក៏ដល់យើងទាំងអស់គ្នាបែបដូច្នោះដែរ។ ការបើកសំដែងនេះ ធ្វើឲ្យយើងអាចស្គាល់ព្រះបាន (ដែលជាជីវិតអស់កល្បជានិច្ច ខ៣) ដែលជាសិរីល្អដ៏ប្រសើរបំផុតដែលមនុស្សអាចទទួលបាន។
សិរីល្អដែលព្រះវរបិតាបានប្រទានដល់ព្រះយេស៊ូវក៏រួមបញ្ចូលនូវភារកិច្ចនៃប្រោសលោះការបង្កើតផងដែរ (ហេព្រើរ ២:៩-១០)។ គ្រាដែលយើងរាល់គ្នាបន្តបេសកកម្មព្រះអង្គ ដោយអំណាចព្រះចេស្តានៃ ព្រះវិញ្ញាព្រះអង្គដែលគង់នៅក្នុងយើងនោះ ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងចែករំលែកនៅក្នុងសិរីល្អនេះនៃ ការសំដែងអំពីព្រះដល់អ្នកផ្សេងទៀត ហើយប្រកាសពីសេចក្តីប្រោសលោះដែលព្រះអង្គបានសម្រេច។ ក្នុងពេលដែល ព្រះរាជបុត្រាធ្វើការតាមរយៈយើងទាំងអស់គ្នា តាមរយៈរូបកាយព្រះអង្គ យើងត្រូវបានរាប់បញ្ចូលទៅក្នុង កិច្ចការនៃសេចក្តីប្រោសលោះ ហើយបានបង្រួបបង្រួមជាមួយគ្នា ទៅវិញទៅមកជាមួយនឹង ព្រះរាជបុត្រានិងព្រះវរបិតា ហើយចែករំលែកនៅក្នុងសិរីល្អព្រះអង្គ។
គឺទូលបង្គំនៅក្នុងគេ ហើយទ្រង់គង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានគ្រប់លក្ខណ៍ឡើង ដរាបដល់រួមគ្នាតែមួយជាស្រេច ប្រយោជន៍ឲ្យលោកីយបានដឹងថា គឺទ្រង់ដែលចាត់ឲ្យទូលបង្គំមកមែន ហើយថា ទ្រង់ស្រឡាញ់គេ ដូចជាស្រឡាញ់ទូលបង្គំដែរ។
១៧:២៣ មានការួបរួមដ៏អស់កល្បជានិច្ចរវាងព្រះវរបិតា និងព្រះរាជបុត្រាចាប់តាំងពីមុន កំណើតលោកីយ៍មកម្លេះ។ ការរួបរួមតែមួយនៃព្រះរាជបុត្រាជាមួយនឹងព្រះវរបិតាគឺវិសេសដាច់ដោយឡែក (១:១៤, ១:១៨)។ យ៉ាងណាម៉ិញ ដោយការមកប្រសូតជាមនុស្សហើយសុគតជំនួសយើង ទាំងអស់គ្នានោះ ព្រះយេស៊ូវបង្កើតឲ្យមានការរួបរួមវាងព្រះអង្គទ្រង់ ហើយនឹងប្រជារាស្រ្តរបស់ព្រះអង្គ។ ដោយសារការនេះ ព្រះអង្គបានផ្សាភ្ជាប់យើងទៅព្រះដ៏ជាព្រះវរបិតា។ ព្រះគម្ពីរមិនបានចែងថាព្រះវរបិតានៅក្នុង ពួកអ្នកជឿនោះឡើយ ឬថាពួកអ្នកជឿនៅក្នុងព្រះវរបិតាដែរ។ មានតែដោយសារព្រះរាជបុត្រាតែប៉ុណ្ណោះ ដែលយើងត្រូវបានផ្សាភ្ជាប់ជាមួយនឹងព្រះវរបិតាដ៏ជាព្រះ (១៤:៦)។
លទ្ធផលនៃការរួបរួមជាមួយព្រះគ្រីស្ទគឺថា ព្រះវរបិតាស្រឡាញ់យើង ដូចជាទ្រង់ស្រឡាញ់ព្រះយេស៊ូវដែរ! ពាក្យជាភាសាក្រិកសម្រាប់ “ដូចជា” (καθὼς) មានន័យថា ដូចគ្នានឹងទាំងស្រុង។ ដូច្នេះ សេចក្តីស្រឡាញ់ដែលព្រះវរបិតាតែងតែមានសម្រាប់ ព្រះយេស៊ូវឥឡូវនេះគឺ ស្ថិតនៅក្នុងយើង! វាជាដោយព្រោះតែព្រះយេស៊ូវគឺនៅក្នុងអ្នកជឿម្នាក់ៗ ដែលព្រះអាចស្រឡាញ់គាត់ ដូចដែលព្រះអង្គស្រឡាញ់ដល់ព្រះរាជបុត្រាព្រះអង្គ។
ព្រះយេស៊ូវត្រូវបានចាត់ពីព្រះមកក្នុងលោកីយដើម្បី ធ្វើឲ្យពួកអ្នកជឿអាចស្គាល់ នឹងស់នៅក្នុងសេចក្តីស្រឡាញ់នៃព្រះបានរ។ ដូចជាសេចក្តីស្រលាញ់និងការរួបរួមរបស់យើង បានរីកចំរើនទៅកាន់សេចក្តីគ្រប់លក្ខណ៍ដែលជាគោលដៅនោះ ការនេះសំដែងដល់លោកីយថា ព្រះយេស៊ូវពិតជាត្រូវបានចាត់មកដោយព្រះដើម្បីនាំមកនូវសេចក្តីស្រឡាញ់នៃព្រះដល់មនុស្សលោក ហើយ ថាយើងបានទទួលសេចក្តីស្រឡាញ់នៃព្រះដោយសារទ្រង់។
ឱព្រះវរបិតាអើយ ឯពួកអ្នកដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំចង់ឲ្យគេនៅជាមួយនឹងទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យបានឃើញសិរីល្អ ដែលទ្រង់បានប្រទានមកទូលបង្គំ ដ្បិតទ្រង់បានស្រឡាញ់ទូលបង្គំ តាំងតែពីមុនកំណើតលោកីយរៀងមក
១៧:២៤ តាំងពីមុនដើមកំណើតលោកីយមកនោះ ព្រះវរបិតាហើយនឹងព្រះរាជបុត្រាបានរួមគ្នាតែមួយនៅ ក្នុងសេចក្តីស្រឡាញ់និងសិរីល្អ (ខ៥)។ ព្រះយេស៊ូវអធិស្ឋានថាសូមឲ្យពួកអ្នកជឿទាំងអស់នឹងបានឃើញ សិរីល្អរបស់ព្រះអង្គនៅក្នុងស្ថានសួគ៌ (១៤:៣)។ សិរីល្អនេះរួមបញ្ចូលនូវសិរីល្អដែលព្រះអង្គទទួលបាន ក្នុងនាមជាព្រះអង្គសង្រ្គោះ និងព្រះដ៏ប្រោសលោះនៃរបស់ដែលទ្រង់បានបង្កើត (“សិរីល្អដែលទ្រង់ បានប្រទានមកទូលបង្គំ”)។
ឱព្រះវរបិតាដ៏សុចរិតអើយ លោកីយមិនស្គាល់ទ្រង់ទេ តែទូលបង្គំស្គាល់ទ្រង់ ហើយពួកអ្នកនេះក៏ដឹងថា ទ្រង់បានចាត់ឲ្យទូលបង្គំមកដែរ
១៧:២៥ លោកីយមិនបានស្គាល់ព្រះវរបិតាដ៏ជាព្រះនោះឡើយ។ ប៉ុន្តែព្រះយេស៊ូវស្គាល់ព្រះវរបិតា ហើយសិស្សរបស់ព្រះអង្គបានដឹងថាព្រះវរបិតាបានចាត់ព្រះអង្គដើម្បីសំដែងឲ្យគេបានស្គាល់ទ្រង់។
ទូលបង្គំបានឲ្យគេស្គាល់ព្រះនាមទ្រង់ ក៏នឹងសំដែងឲ្យគេស្គាល់តទៅទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់ ដែលទ្រង់ស្រឡាញ់ដល់ទូលបង្គំ បាននៅក្នុងគេ ហើយឲ្យទូលបង្គំនៅក្នុងគេដែរ។
១៧:២៦ ព្រះរាជបុត្រាបានសំដែងឲ្យបានស្គាល់ពីលក្ខណៈរបស់ព្រះវរបិតា (ព្រះ “នាម” ព្រះអង្គ) ហើយព្រះអង្គនឹងបន្តនៅក្នុងការធ្វើកិច្ចការនេះដោយសារការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាងដែលជាការបង្ហាញដ៏អស្ចារ្យពីសេចក្តីសុចរិតនៃព្រះវរបិតា (រ៉ូម ៣:២១-២៦) និងសេចក្តីស្រឡាញ់ (រ៉ូម ៥:៨; ១ យ៉ូហាន ៤:៩-១០); ហើយដោយការរស់ពីសុគតឡើងវិញរបស់ព្រះអង្គ ហើយបានយាងទៅវិញ ដែលបង្ហាញពីព្រះចេស្តានៃព្រះវរបិតា (អេភេសូ ១:១៩-២០)។
បំណងព្រះទ័យរបស់ព្រះយេស៊ូវនៅក្នុងការដែលបង្ហាញពីព្រះនាមនៃព្រះជាម្ចាស់ឲ្យយើងរាល់គ្នាបានស្គាល់ គឺមិនមែនគ្រាន់តែយើងទទួលបាននូវពត៌មានអំពីព្រះតែប៉ុណ្ណោះទេ ប៉ុន្តែដើម្បីឲ្យយើងអាចមាន សេចក្តីស្រឡាញ់នៃព្រះនៅក្នុងយើង (“ដើម្បីឲ្យសេចក្ដីស្រឡាញ់ ដែលទ្រង់ស្រឡាញ់ដល់ទូលបង្គំ បាននៅក្នុងគេ ហើយឲ្យទូលបង្គំនៅក្នុងគេដែរ”)។ នៅក្នុងព័ន្ធកិច្ចរបស់ព្រះអង្គ ព្រះយេស៊ូវបើកសំដែងពី សេចក្តីស្រឡាញ់នៃព្រះវរបិតា (ខ២៣) ហើយព្រះអង្គនឹងបន្តជួយដល់សិស្សរបស់ព្រះអង្គ ដោយសារព្រះវិញ្ញាណព្រះអង្គដើម្បីឲ្យគេទទួលសេចក្តីស្រឡាញ់នេះនៅក្នុងយើងម្នាក់ៗ ហើយក្នុងចំណោមយើងទាំងអស់គ្នាក្នុងនាមជាក្រុមជំនុំរបស់ព្រះអង្គ។
សង្ខេបឲ្យខ្លី ព្រះយេស៊ូវបានសំដែងអំពីព្រះជាម្ចាស់ឲ្យយើងបានស្គាល់ ហើយការដែលបានស្គាល់ ព្រះនោះគឺជាជីវិតអស់កល្បជានិច្ច។ ព្រះយេស៊ូវនាំមនុស្សលោកឲ្យបានចូលមកក្នុងសេចក្តីស្រឡាញ់ ដែលព្រះអង្គ ជាព្រះរាជបុត្រានៃព្រះ និងព្រះដ៏ជាព្រះវរបិតាតែងតែមានរៀងមក។ នៅពេលដែលព្រះយេស៊ូវយាងមកគង់នៅក្នុងពួកគ្រីស្ទានតាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ព្រះអង្គ នាំយកសេចក្តីស្រឡាញ់ដ៏អស់កល្បរបស់ព្រះវរបិតាមកជាមួយព្រះអង្គដែរ។ វាគឺដោយសារព្រះយេស៊ូវ គង់នៅក្នុងយើងដោយឥឡូវនេះយើងស្ថិតនៅក្នុងសេចក្តីស្រឡាញ់ដ៏អស់កល្បជានិច្ចរបស់ព្រះ! នេះគឺជាគោលបំណង ដ៏វិសេសបំផុតនិងជាគោលដៅសម្រាប់របស់ដែលបានបង្កើតមកទាំងអស់ គឺឲ្យបានស្គាល់ ហើយស្រឡាញ់ដល់ព្រះ ហើយត្រូវបានស្រឡាញ់ដោយព្រះអង្គអស់កល្បជានិច្ច។




