

ម៉ារាចាក់ប្រេងលាបព្រះយេស៊ូវនៅភូមិបេថានី
កាលមុនបុណ្យរំលង៦ថ្ងៃ នោះព្រះយេស៊ូវទ្រង់យាងមកដល់ភូមិបេថានី ជាកន្លែងឡាសារនៅ គឺជាអ្នកដែលទ្រង់បានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ នៅទីនោះ គេរៀបចំព្រះស្ងោយថ្វាយទ្រង់ ហើយនាងម៉ាថាក៏ខ្វល់ខ្វា យបំរើ ឯឡាសារ គាត់នៅក្នុងពួកអ្នកដែលអង្គុយនៅតុ ជាមួយនឹងទ្រង់ដែរ
១២:១-២ ព្រះយេស៊ូវបានចូលរួមនៅក្នុងពិធីសោយអាហារដែលជាការសាទរចំពោះការដែលព្រះអង្គ ប្រោសឡាសារឲ្យរស់ពីស្លាប់ឡើងវិញ។
នោះនាងម៉ារាយកប្រេងក្រអូបទេព្វិរូសុទ្ធ១នាលិ មានដំឡៃណាស់ មកចាក់លាបព្រះបាទទ្រង់ រួចយកសក់នាងជូត ក្លិនក្រអូបនោះ ក៏សាយឡើងពេញក្នុងផ្ទះ
១២:៣ ម៉ារា មានដបថ្មកែវពណ៌សដ៏ស្រស់ស្អាតពីប្រទេសអេស៊ីព្ទ។ នៅក្នុងដបនោះមាន ប្រេងក្រអូបដ៏កម្រដែលធ្វើចេញ ពីឬ សឈើម្យ៉ាងពីប្រទេសឥណ្ឌា។ វាគឺជារបស់ដ៏មានតម្លៃ ប្រហែលជារបស់មានតម្លៃបំផុត ដែលនាងមាន។ នៅក្នុងដបនោះមានប្រេងក្រអូប១២អោនស៍ (៣៥០ក្រាម) ហើយនាង បានថ្វាយទាំងអស់ទៅព្រះយេស៊ូវ។
ជាធម្មតាម្ចាស់ ផ្ទះត្រូវចាក់ប្រេងក្រអូបបីបួនដំណក់លើ ក្បាលភ្ញៀវរបស់ពួកគេ ប៉ុន្តែ ការដែលលាបប្រេងនៅជើងគឺជាកិច្ចការរបស់ទាសករដែលតូចទាបបំផុត។ ដូច្នេះហើយ ការប្រព្រឹត្តិរបស់ម៉ារាបង្ហាញពីការបន្ទាបខ្លួន ហើយភក្តីភាពអស់ពីដួងចិត្តរបស់នាងចំពោះព្រះយេស៊ូវ។ ការនេះបានបង្ហាញបន្ថែមទៀត នៅពេលដែលនាងបានប្រើសក់របស់នាងសម្រាប់ជូតព្រះបាទាព្រះអង្គ។
គ្រប់ពេលដែលយើងអានអំពីម៉ារាអ្នកភូមិបេថានីនៅក្នុងដំណឹងល្អ នាងតែងនៅទាបជើងព្រះយេស៊ូវ (លូកា ១០:៣៩; យ៉ូហាន ១១:៣២, ១២:៣)។ នាងគឺជាគំរូនៃការថ្វាយបង្គំដ៏ពិតប្រាកដរបស់គ្រីស្ទាន។ នាងអង្គុយនៅទាបព្រះបាទារបស់ ព្រះយេស៊ូវ ស្តាប់ព្រះអង្គ ស្គាល់ព្រះអង្គ ស្រឡាញ់ព្រះអង្គ ហើយបានថ្វាយរបស់ប្រសើរបំផុតដែលនាងមានដ ល់ព្រះអង្គ។
ដូច្នេះ ពួកសិស្សទ្រង់ម្នាក់ ឈ្មោះយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ដែលរៀបនឹងបញ្ជូនទ្រង់ ក៏និយាយឡើងថា ម្តេចឡើយក៏មិនបានលក់ប្រេងក្រអូបនេះជាដំឡៃ៦០រៀល ដើម្បីចែកឲ្យដល់មនុស្សក្រីក្រវិញ
១២:៤-៥ ជាយូដាស បានតូចចិត្តចំពោះអ្វី ដែលម៉ារាបានធ្វើនោះ។ យូដាសដឹងពីគុណតម្លៃរបស់ ប្រេងក្រអូបនោះ ប៉ុន្តែមិនទទួលស្គាល់ពីគុណតម្លៃ របស់ព្រះយេស៊ូវ។ យូដាសពិពណ៌នាថា "បង្ខាត" ហើយមានការប្រសើរជាងនោះនៅក្នុងការប្រើប្រាស់ ប្រាក់នោះ។ នេះបង្ហាញថា គាត់គិតថា ព្រះយេស៊ូវមិនសក្តិសមចំពោះអំណោយនេះនោះឡើយ។ គាត់បានវាយតម្លៃប្រេងក្រអូបនោះ ប្រាក់ ៣០០ ឌីណារី។ មួយឌីណារីជាតម្លៃឈ្មួលរបស់ទាហានម្នាក់សម្រាប់កិច្ចការមួយថ្ងៃឬអ្នកស៊ីឈ្នួលមួយថ្ងៃ ដូច្នេះហើយមានតម្លៃប្រាក់ខែមួយឆ្នាំរបស់មនុស្សម្នាក់។
យូដាសរៀបនឹងក្បត់ព្រះយេស៊ូវដោយប្រាក់ ៣០រៀល។ យើងបានឃើញពីចិត្តខុសគ្នារវាងចិត្តដែលស្រឡាញ់ព្រះយេស៊ូវដ៏ពិតប្រាកដ ហើយអ្នកដែលដើរតាម ព្រះអង្គជាមួយនឹងគោលដៅខុស (ឬមូលហេតុខុសក្នុងការដើរតាម)។ វាគឺជាអំពីថាតើយើងឱ្យតម្លៃព្រះយេស៊ូវ ប៉ុណ្ណា។ ម៉ារៀចាក់ទឹកអប់របស់នាងទាំងអស់ ដើម្បីចាក់ប្រេងលាបព្រះយេស៊ូវ។ ព្រះយេស៊ូវមានតម្លៃសម្រាប់នាង លើសជាង ទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលនាងមានទៅទៀត។ យូដាសរាប់ថា ជាការបង្ខាត ឥតប្រយោជន៍ ហើយក្រោយមក បានក្បត់ព្រះយេស៊ូវ ដោយព្រោះតែប្រាក់តម្លៃតិច ជាង ១/១០ នៃតម្លៃប្រេងក្រអូបនោះទៅទៀត។
វានិយាយដូច្នោះ មិនមែនដោយព្រោះវាយកចិត្តទុកដាក់នឹងមនុស្សក្រីក្រទេ គឺដោយព្រោះវាជាចោរ វាកាន់ថង់ប្រាក់ ហើយក៏លួចយករបស់ដែលដាក់នៅក្នុងថង់នោះផង
១២:៦ ត្រង់នេះ យើងបានឃើញពីគោលដៅពិតប្រាកដរបស់យូដាស។ គាត់មិនបានយកចិត្តទុកដាក់ ចំពោះអ្នកក្រីក្រនោះឡើយ។ គាត់ខ្វល់ខ្វាយតែចំពោះប្រាក់តែប៉ុណ្ណោះ។ គាត់ចង់លក់ប្រេងក្រអូបនោះ ធ្វើពុតជាឲ្យលុយដល់អ្នកក្រីក្រ ប៉ុន្តែតាមការពិតគឺគាត់ចង់យកប្រាក់ទុកសម្រាប់ខ្លួនឯងតែប៉ុណ្ណោះ។
ព្រះយេស៊ូវមានបន្ទូលថា កុំឲ្យធ្វើនាងឡើយ ដ្បិតនាងបានទុកប្រេងក្រអូបនេះ សំរាប់ដល់ថ្ងៃបញ្ចុះខ្មោចខ្ញុំ 8ឯអ្នករាល់គ្នា តែងតែមានពួកអ្នកក្រនៅជាមួយជាដរាប តែខ្ញុំមិននៅជាមួយជាដរាបទេ។
១២:៧-៨ ព្រះយេស៊ូវបានបង្គាប់អោយពួកគេឈប់រិះគន់ម៉ារា។ នាងបានធ្វើកិច្ចការដែលល្អ ហើយជាកិច្ចការ ដ៏វិសេសដោយព្រោះតែជាការដែលទទួលស្គាល់ពីគុណតម្លៃរបស់ព្រះយេស៊ូវ។ មានឳកាសជាច្រើននៅក្នុង ការជួយដល់ពួកអ្នកក្រ ប៉ុន្តែគ្មានពេលច្រើនទៀតនៅក្នុងការធ្វើអ្វីមួយថ្វាយព្រះអង្គនោះឡើយ។
មានពួកសាសន៍យូដាសន្ធឹកណាស់ បានដឹងថា ទ្រង់គង់ទីនោះ ដូច្នេះ គេក៏នាំគ្នាមក តែមិនមែនដោយព្រោះព្រះយេស៊ូវប៉ុណ្ណោះ គឺមកចង់ឃើញឡាសារ ដែលទ្រង់ប្រោសឲ្យរស់ពីស្លាប់ឡើងវិញផង
១២:៩ ដំណឹងពីការអស្ចារ្យនៃការប្រោសឡាសារឲ្យរស់ឡើងវិញបានខ្ចរខ្ចាយ ដែលបានធ្វើឲ្យឡាសារ ក្លាយជាចំនុចទាក់ទាញមនុស្សជាច្រើនឲ្យមកមើលគាត់។ មនុស្សគ្រប់គ្នាចង់ជួបគាត់ ជាមនុស្សបុរសដែលបានស្លាប់ហើយ តែត្រូវបានប្រោសឲ្យរស់ឡើងវិញ។
តែពួកសង្គ្រាជគេជំនុំគ្នានឹងសំឡាប់ទាំងឡាសារដែរ ដ្បិត ដោយព្រោះតែគាត់ បានជាមានសាសន៍យូដាជាច្រើន ដកខ្លួនចេញពីពួកគេ ទៅជឿដល់ព្រះយេស៊ូវវិញ។
១២:១០-១១ ពួកសង្រ្គាជមិនចង់ឲ្យមនុស្សជឿលើព្រះយេស៊ូវនោះឡើយ។ ពេលដែលមនុស្សកំពុងជជែក ជាមួយនឹងឡាសារ ពួកគេបានដកខ្លួនចេញពីសាសនានៃពួកអ្នកដឹកនាំសាសន៍យូដាហើយឆ្ពោះសំដៅទៅឯ សេចក្តីជំនឿលើព្រះយេស៊ូវដែលជាព្រះមែស្ស៊ី។ ហេតុអ្វី? ដោយព្រោះតែឡាសារគឺជាទីសំគាល់នៃ អត្តសញ្ញាណរបស់ព្រះយេស៊ូវដែលជាជីវិតហើយជាអ្នកផ្តល់ជីវិត ហើយជាអង្គដែលមានជ័យជំនះលើសេ ចក្តីស្លាប់។ ដូច្នេះហើយ ពួកសង្រ្គាជចង់បំផ្លាញភ័ស្តុតាងនៃព្រះចេស្តានៃព្រះយេស៊ូវក្នុងការប្រោស ជីវិតដល់មនុស្សស្លាប់ ដោយការសម្លាប់ឡាសារ។
ព្រះយេស៊ូវយាងចូលក្រុងយេរូសាឡិម
លុះថ្ងៃស្អែកឡើង កាលបណ្តាមនុស្ស ដែលមកឯបុណ្យ បានឮថា ព្រះយេស៊ូវកំពុងយាងចូលមកក្នុងក្រុងយេរូសាឡិម
១២:១២ ព្រះយេស៊ូវយាងដល់ភូមិបេថានីនៅថ្ងៃសៅរ៍។ ក្រោយមក នៅថ្ងៃបន្ទាប់ ព្រះអង្គបានយាងចូល ទៅក្រុងយេរូសាឡិម។
នោះមានគ្នាសន្ធឹក យកធាងចាកចេញទៅទទួលទ្រង់ ទាំងស្រែកថា ហូសាណា ព្រះអង្គដែលយាងមកដោយព្រះនាមព្រះអម្ចាស់ គឺជាស្តេចនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រកបដោយព្រះពរ
១២:១៣ ហ្វូងមនុស្សបាននាំគ្នាធ្វើតាមទំលាប់នៅពេលដែលពួកគេចេញទៅទទួលទ្រង់ក្រាលអាវរបស់ ពួកគេនៅលើផ្លូវ។ ជាការទទួលស្គាល់ថាព្រះយេស៊ូវគឺជាស្តេចរបស់ពួកគេ (២ ពង្សាវតារក្សត្រ ៩:១៣)។ ពួកគេក៏បានកាច់មែកឈើក្រាល ផងដែរ។ នៅក្នុងជំនាន់នេះ មែកឈើគឺជា និមិត្តសញ្ញាអោយជ័យជំនះ។ ដូច្នេះហើយ ការដែលក្រាលអាវ និង មែកឈើលើផ្លូវនោះ មនុស្សទាំងនោះកំពុងតែលើកដំកើងព្រះយេស៊ូវ ថាជាព្រះមេស៊ី ជាស្តេចពេញដោយ ជ័យជំនះរបស់ពួកគេ។
ហូសាណាមានន័យថា “សង្រ្គោះពេលនេះ”។ ពាក្យនេះត្រូវបានប្រើសម្រាប់ការស្វែងរកជំនួយ ហើយនឹងការ ការពារពីស្តេចមួយអង្គ (២ សាំយ៉ូអែល ១៤:៤; ២ ពង្សាវតារក្សត្រ ៦:២៦)។ នៅក្នុងទំនុកដំកើង ១១៨:២៥ ពាក្យនេះ ត្រូវបានស្រែកអង្វរទៅព្រះសម្រាប់ការសង្រ្គោះប្រជារាស្តព្រះអង្គពីសត្រូវរបស់ពួកគេ។ ត្រង់នេះ ហ្វូងមនុស្សស្រែក អង្វរព្រះសូមអោយបានប្រោសគេអោយបានរួចពីរ៉ូមាំងពេលនេះ ដែលព្រះមេស៊ី បានយាងមកហើយនោះ។ “ព្រះអង្គដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់” គឺជាព្រះនាមមួយរបស់ ព្រះមេស៊ី។ ជាការដកស្រង់ចេញពី ខទី ២៦ នៅក្នុងទំនុកដំកើង ១១៨។
កាលព្រះយេស៊ូវរកបានកូនលា១ នោះក៏គង់លើវា តាមសេចក្ដីដែលចែងទុកមកថា «កុំខ្លាចអ្វី កូនស្រីស៊ីយ៉ូនអើយ មើល ស្តេចឯងទ្រង់យាងមក ទាំងគង់លើកូនលា»
១២:១៤-១៥ ព្រះយេស៊ូវបានសម្រេចតាមសេចក្តីទំនាយសាការីនៅក្នុងការយាងមកជាស្តេចដ៏សុចរិត ដែលនាំសេចក្តីសង្រ្គោះមក (សាការី ៩:៩)។ ការដែលយាងចូលក្រុងយេរូសាឡិមរបៀបនេះ ព្រះយេស៊ូវបង្ហាញពីពេលវេលានៃសេចក្តីសង្រ្គោះដែលរៀបរាប់នៅក្នុងសាការី ៩ ថាបានមកដល់ហើយ ទោះបីជាការនេះមិនមែនជាប្រភេទនៃសេចក្តីសង្រ្គោះដែលពួកសាសន៍យូដាទន្ទឹងរង់ចាំក៏ដោយ។
ហ្វូងមនុស្សរំពឹងថាព្រះអង្គនឹងតាំងអំណាចរបស់ព្រះអង្គទាស់ជាមួយនឹងសេសារ ហើយដឹកនាំចម្បាំងទាស់នឹងរ៉ូម៉ាំង។ ហេតុនេះបានជាគេស្រែកឡើងថា “រាជ្យនៃហ្លួងដាវីឌ ជាឰយុកោយើងរាល់ គ្នា” ប៉ុន្តែពួកគេមិនបានយល់ពីបេសកកម្មរបស់ព្រះយេស៊ូវនោះឡើយ។ ព្រះអង្គបានយាងមកដើម្បីសង្រ្គោះ ពួកគេ ប៉ុន្តែមិនដូចជាអ្វីដែលពួកគេបានគិតនោះឡើយ។ ព្រះយេស៊ូវបានយាងមកដើម្បីនាំសេចក្តីសុខសាន្តរវាង មនុស្សជាមួយនឹងព្រះ មិនមែនសង្រ្គាមជាមួយនឹងរ៉ូម៉ាំងទេ។
នៅពេលដែលស្តេចមួយអង្គចេញទៅធ្វើច្បាំង ទ្រង់គង់នៅលើខ្នងសេះ។ ប៉ុន្តែនៅពេលដែលស្តេចមួយអង្គ គង់លើខ្នងសត្វលា បង្ហាញថា ទ្រង់យាងមកដោយសុខសាន្ត។ ដូច្នេះហើយ ព្រះយេស៊ូវគង់នៅលើខ្នង លាជាសញ្ញាដែលបង្ហាញថា ព្រះអង្គយាងមកនាំឲ្យមានសេចក្តីសុខសាន្ត។ សេចក្តីទំនាយរបស់សាការី បានបន្តដោយការប្រកាសអំពីស្តេចនោះថា “ទ្រង់នឹងមានព្រះបន្ទូលជាសេចក្តីសន្តិសុខដល់អស់ទាំង សាសន៍” (សាការី ៩:១០)។
'មុនដំបូង ពួកសិស្សទ្រង់មិនបានយល់សេចក្ដីទាំងនោះទេ តែកាលព្រះយេស៊ូវបានដំកើងឡើងហើយ នោះគេនឹងឃើញថា មានសេចក្ដីទាំងនោះចែងទុកពីទ្រង់ ហើយថា គេបានសំរេចការទាំងនោះថ្វាយទ្រង់ដែរ '
១២:១៦ មានតែក្រោយការសុគតនិងរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ ហើយនឹងការយាងមកដល់ នៃព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ ទើបពួកសិស្សបានយល់ពីអត្ថន័យនៃសេចក្តីទំនាយទាំងនេះ ហើយនឹង ការសម្រេចដែលមាននៅក្នុងព្រះយេស៊ូវ។
រីឯហ្វូងមនុស្ស ដែលនៅជាមួយនឹងទ្រង់ គេក៏ធ្វើបន្ទាល់ពីកាលទ្រង់ហៅឡាសារចេញពីផ្នូរមក ហើយប្រោសឲ្យគាត់រស់ពីស្លាប់ឡើងវិញ គឺដោយហេតុនោះ បានជាមានហ្វូងមនុស្សទៅទទួលទ្រង់ ពីព្រោះគេឮថា ទ្រង់បានធ្វើទីសំគាល់នោះ
១២:១៧-១៨ ការដែលប្រោសឡាសារឲ្យរស់ឡើងវិញគឺជាការអស្ចារ្យដែលធ្វើឲ្យហ្វូងមនុស្សមាន ការចាប់អារម្មណ៏យ៉ាងខ្លាំងចំពោះព្រះយេស៊ូវ។
ដូច្នេះ ពួកផារិស៊ីនិយាយគ្នាគេថា មើល ពួកយើងមិនឈ្នះទេ ឃើញឬទេ លោកីយទាំងស្រុងទៅតាមអ្នកនោះហើយ។
១២:១៩ “មើល លោកីយទាំងស្រុងទៅតាមអ្នកនោះហើយ” បង្ហាញពីការភ័យខ្លាច និងក្រេវក្រោធរបស់ពួកផារិស៊ី។ ប៉ុន្តែក៏ជាគំរូមួយដែលមនុស្សបាននិយាយពីអ្វីខ្លះដែលមានអត្ថន័យ លើសពីអ្វីដែលគេបានដឹងទៅទៀត (១១:៤៩-៥២)។ ក្នុងពេលឆាប់ៗលោកីយទាំងមូលនឹងបានទៅតាម ព្រះយេស៊ូវហើយទទួលព្រះអង្គជាស្តេចរបស់គេដោយព្រោះតែអ្វីដែលព្រះអង្គបានសម្រេចនៅក្នុងក្រុង យេរូសាឡិមនៅក្នុងអាទិត្យនោះ។
ក្នុងពួកអ្នកដែលឡើងទៅថ្វាយបង្គំ នៅក្នុងវេលាបុណ្យនោះ ក៏មានសាសន៍ក្រេកខ្លះដែរ គេមកឯភីលីព ជាអ្នកនៅភូមិបេតសៃដា ស្រុកកាលីឡេ គេសូមគាត់ថា លោកម្ចាស់ យើងខ្ញុំចង់ឃើញព្រះយេស៊ូវ ភីលីពក៏ទៅប្រាប់អនទ្រេ រួចអនទ្រេ នឹងភីលីពទៅទូលដល់ព្រះយេស៊ូវ
១២:២០-២២ សាសន៍ក្រេកទាំងនេះគឺជាគំរូនៃលោកីយដែលមកឯព្រះយេស៊ូវ។ ចំនុចមួយក្នុងចំណោម ចំនុចសំខាន់ដែលមាននៅក្នុងដំណឹងល្អយ៉ូហាន នោះគឺថា ព្រះយេស៊ូវមិនមែនគ្រាន់តែជាអ្នករំដោះ របស់អ៊ីស្រាអែលតែប៉ុណ្ណោះទេ ព្រះអង្គទ្រង់ក៏ជាព្រះអង្គសង្រ្គោះរបស់លោកីយទាំងមូលផងដែរ! ព្រះអង្គគឺជា “ពន្លឺលោកីយ” (៨:១២) និងជា “កូនចៀមនៃព្រះដែលដកបាបមនុស្សលោក” (១:២៩) “ជាព្រះដ៏ជួយសង្រ្គោះមនុស្សលោក” (៤:៤២) ដែលបានប្រទានជីវិតរបស់ព្រះអង្គ “ជំនួសជីវិតមនុស្សលោក” (៦:៥១) ដើម្បី “ប្រទានឲ្យមនុស្សលោកបានជីវិត” (៦:៣៣)។
តែទ្រង់មានបន្ទូលឆ្លើយថា កំណត់ដែលកូនមនុស្សត្រូវដំកើងឡើង បានមកដល់ហើយ
១២:២៣ មុននេះ ព្រះយេស៊ូវមានបន្ទូលថាពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់ឡើយ (២:៤, ៤:២១-២៣, ៧:៦-៨, ៧:៣០, ៨:២០)។ ប៉ុន្តែពេលនេះពេលកំណត់បានមកដល់ហើយ។ “ពេលកំណត់” សំដៅលើពេលវេលានៃការសុគតរបស់ព្រះយេស៊ូវ ការរស់ពីសុគតឡើងវិញ និងការយាងត្រឡប់ទៅ ស្ថានសួគ៌វិញ (ខ២៧, ១៣:១, ១៦:៣២, ១៧:១) ។ សង្ខេបឲ្យខ្លី នោះគឺជា "ការដំកើងឡើងរបស់ព្រះអង្គ"។ ឈើឆ្កាងគឺជាការចាប់ផ្តើមនៃការដំកើងឡើងរបស់ព្រះយេស៊ូវ (១២:២៨, ១៣:៣១-៣២, ១៧:១, ១៧:៥) ដោយព្រោះតែនៅត្រង់ឈើឆ្កាងជាកន្លែលព្រះអង្គសម្រេចកិច្ចការ ដែលព្រះវរបិតាទ្រង់ចាត់ឲ្យព្រះអង្គមកធ្វើ ហើយបានសម្រេចសេចក្តីសង្រ្គោះយ៉ាងពេញលេញសម្រាប់ មនុស្សលោក (១៧:៤, ១៩:៣០)។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង
១២:២៤ តាមធម្មជាតិ សេចក្តីស្លាប់គឺមានសារៈចំពោះជីវិតថ្មី។ ទាល់តែគ្រាប់ពូជមួយ ត្រូវបានកប់ទៅក្នុងដីហើយងាប់ ពុំនោះមិនអាចបង្កើផលផ្លែបានទេ។ ប៉ុន្តែ ប្រសិនបើវាងាប់ ហើយត្រូវបានកប់ ទៅក្នុងដី វានឹងបង្កើតផលផ្លែបានយ៉ាងច្រើន។ ព្រះយេស៊ូវមានបន្ទូល ពីការនេះសំដៅចំពោះព្រះអង្គទ្រង់ផ្ទាល់។ ដូចដែលគ្រាប់ពូជត្រូវងាប់ដើម្បីនិងបង្កើតឲ្យមានជីវិតឡើងនោះ ព្រះយេស៊ូវត្រូវតែសុគតដើម្បីអាចនឹងប្រទានជីវិតដល់មនុស្ស លោកបាន ហើយការសុគតរបស់ព្រះអង្គ នឹងបង្កើតឲ្យមានការប្រមូលផលចម្រូតមួយយ៉ាងធំ (១ កូរិនថូស ១៥: ៣៦-៣៨)
អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតខ្លួន នៅលោកីយនេះវិញ នោះនឹងរក្សាជីវិតទុក ដរាបដល់អស់កល្បរៀងទៅ
១២:២៥ ចំនុចដែលថាសេចក្តីស្លាប់មានសារៈសំខាន់ចំពោះការបង្កើតផលផ្លែឡើងនោះ ពិតណាស់ ចំពោះព្រះយេស៊ូវ ហើយក៏ជាការពិតចំពោះអ្នកដើរតាមព្រះអង្គផងដែរ។ ប្រសិនបើយើងចង់បង្កើតផល ផ្លែនោះ យើងត្រូវតែបានធ្វើតាមព្រះអម្ចាស់នៃយើងដោយការប្រែក្លាយជា “គ្រាប់ស្រូវមួយ” ហើយស្លាប់ ដើម្បីឲ្យបានបង្កើតផលផ្លែ។ យើង "ស្លាប់" ដោយថ្វាយជីវិតរបស់យើងដល់ព្រះ ដើម្បីឲ្យយើងរស់នៅធ្វើតាម បំណងព្រះហឫទ័យនៃព្រះវរបិតា ដូចដែលព្រះយេស៊ូវបានធ្វើដែរ។
ប្រសិនបើមនុស្សម្នាក់ស្រឡាញ់ជីវិតរបស់គាត់នៅក្នុងលោកីយដែលមានក្នុងពេលនេះ គាត់នឹងមិនចង់ ថ្វាយជីវិតរបស់គាត់ដល់ព្រះឡើយ។ ដូច្នេះហើយ នៅចុងបំផុត ពួកគេនឹងត្រូវបាត់បង់ជីវិត នៅពេលពួកគេស្លាប់ទៅ។ ប៉ុន្តែអស់អ្នកណាដែលសុខចិត្តដាក់ជីវិតដែលគាត់មាននៅក្នុងពេលនេះចុះ នឹងទទួលបាននូវអ្វីដែលល្អប្រសើរពីព្រះ។ ដោយការដែលដាក់ជីវិតរបស់យើងចុះ យើងអាចទទួលបាន ជីវិតអស់កល្បជានិច្ច ដែលជាជីវិតខាងព្រលឹងវិញ្ញាណជាមួយនឹងព្រះ ដែលគ្មានទីបញ្ចប់។
ការពិតដែលថាយើងត្រូវស្អប់ជីវិតរបស់ខ្លួនយើង “នៅក្នុងលោកីយនេះ” បង្ហាញថាពីចំនុចដែលយើងគួរតែ យកចិត្តទុកដាក់ចំពោះ។ យើងគួរតែមើលឃើញខ្លួនយើងក្នុងនាមជាអ្នក “ដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នក ដែលគ្រាន់តែសំណាក់នៅ” នៅក្នុងពិភពលោកនេះ ដែលមានទីលំនៅដ៏ពិតប្រាកដ របស់យើងនៅស្ថានសួគ៌ មិនមែនលើផែនដីនេះឡើយ (១ ពេត្រុស ២:១១; ហេព្រើរ ១១:១៣-១៦)។
បើអ្នកណាបំរើខ្ញុំ ត្រូវឲ្យអ្នកនោះមកតាមខ្ញុំចុះ យ៉ាងនោះ ទោះបើខ្ញុំនៅឯណាក្តី អ្នកបំរើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបំរើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ។
១២:២៦ ព្រះយេស៊ូវគឺជាគំរូសម្រាប់យើងទាំងអស់គ្នាក្នុងការធ្វើតាម។ ព្រះអង្គជ្រាបថាដំណាក់ ដ៏ពិតប្រាកដរបស់ព្រះអង្គគឺនៅស្ថានសួគ៌ មិនមែននៅលើផែនដីឡើយ។ ដូច្នេះហើយ ព្រះអង្គមិនបានខ្ជះខ្ជាយជីវិតរបស់ទ្រង់នៅទីនេះដោយព្យាយាមទទួលបានភាពស្តុកស្តម កិត្តិយស ឬការសរសើរពីមនុស្សនោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានរស់នៅដើម្បីឲ្យបានធ្វើតាមបំណង ព្រះទ័យនៃព្រះ ហើយបម្រើនិងថ្វាយសិរីរុងរឿងដល់ទ្រង់វិញ។ យើងគួរតែធ្វើដូចគ្នានេះដែរ។
ប្រសិនបើយើងចង់បម្រើព្រះយេស៊ូវ យើងត្រូវតែធ្វើតាមព្រះអង្គ។ ប្រសិនបើយើងធ្វើតាមព្រះអង្គ នោះកន្លែងដែលព្រះអង្គគង់នៅ យើងនឹងបាននៅទីនោះដូចគ្នាដែរ។ ការនេះមានន័យថា ក្នុងពេលដែល យើងដើរតាមព្រះអង្គ យើងនឹងឆ្លងកាត់នូវអ្វីដែលព្រះអង្គបានឆ្លងកាត់ ហើយការនោះរួមទាំង ការដែលដាក់ជីវិតរបស់យើងចុះដូចដែលព្រះអង្គបានធ្វើដែរ។ នៅពេលដែលយើងធ្វើដូច្នេះ យើងអាចរំពឹងថានឹងបានចូលទៅក្នុងសិរីល្អជាមួយព្រះអង្គបាន (កិច្ចការ ១៤:២២; រ៉ូម ៨:១៧; ២ ធីម៉ូថេ ២:១១)។ រង្វាន់សម្រាប់ការបម្រើព្រះយេស៊ូវគឺដើម្បីទទួលបានការលើកឡើងពីព្រះវរបិតាដ៏ជាព្រះ។ នេះគឺជាសេចក្តីសន្យាដ៏វិសេស។ សិស្សរបស់ព្រះយេស៊ូវត្រូវតែសម្លឹងមើលចំពោះការលើកឡើង មិនមែន មកពីមនុស្សនោះឡើយ ប៉ុន្តែគឺមកពីព្រះដែលជាព្រះវរបិតានៃយើង។ យើងនឹងត្រូវបានដំកើងឡើងចំពោះ ការបម្រើដ៏ល្អ និងស្មោះត្រង់ចំពោះព្រះអង្គ។
កូនមនុស្សត្រូវតែបានដំកើងឡើង
ឥឡូវនេះ ខ្ញុំមានចិត្តតប់ប្រមល់ តើត្រូវឲ្យខ្ញុំទូលដូចម្តេច ឱព្រះវរបិតាអើយ សូមជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីពេលនេះផង ប៉ុន្តែ គឺដោយហេតុនេះឯង បានជាទូលបង្គំមកដល់ពេលនេះ
១២:២៧ ព្រះយេស៊ូវមានព្រះទ័យតប់ប្រមល់ដោយព្រោះតែព្រះអង្គជ្រាបថាបន្តិចទៀតព្រះអង្គ នឹងបានដកយកអំពើបាបរបស់យើងដាក់លើព្រះអង្គហើយទទួលនូវសេចក្តីក្រោធនៃព្រះដែលទាស់នឹងអំពើបាប។ តើព្រះអង្គគួរអធិស្ឋានយ៉ាងដូចម្តេចនៅក្នុងពេលនេះ? តើព្រះអង្គគួរតែទូលអង្វរ ដល់ព្រះបិតា ព្រះអង្គឲ្យសង្រ្គោះទ្រង់ចេញពីការនេះមែនទេ? ព្រះអង្គមិនអាចទូលអង្វរចំពោះសេចក្តីនេះ បានទេដោយព្រោះតែគោលបំណងនៃការយាងមករបស់ព្រះអង្គមកក្នុងពិភពលោកនេះដើម្បីសុគតនៅលើឈើឆ្កាងធ្វើជាយញ្ញបូជាជំនួសអំពើបាប។ ដូច្នេះតើព្រះអង្គគួរតែអធិស្ឋានយ៉ាងដូចម្តេច? ព្រះអង្គអធិស្ឋានថា “ឱព្រះវរបិតាអើយ សូមដំកើងព្រះនាមទ្រង់ឡើង”!
ឱព្រះវរបិតាអើយ សូមដំកើងព្រះនាមទ្រង់ឡើង នោះស្រាប់តែមានឮសំឡេងពីលើមេឃថា អញបានដំកើងហើយ ក៏នឹងដំកើងឡើងទៀតដែរ
១២:២៨ ផ្ទុយពីការទូលអង្វរសូមឲ្យទ្រង់ត្រូវបានសង្រ្គោះឲ្យរួចពីឈើឆ្កាងនោះ ព្រះយេស៊ូវបានអធិស្ឋាន សូមឲ្យព្រះនាមរបស់ព្រះវរបិតាបានដំកើងឡើង។ គោលដៅសំខាន់របស់ព្រះអង្គនោះសុទ្ធតែ ដើម្បីឲ្យព្រះនាមព្រះវរបិតាបានដំកើងឡើង។
ពេលដែលព្រះយេស៊ូវអធិស្ឋានយ៉ាងដូច្នេះ ព្រះវរបិតាដ៏ជាព្រះមានបន្ទូលពីការបញ្ជាក់ថាព្រះអង្គបានដំកើង ព្រះនាមព្រះអង្គ ហើយនៅតែបន្តធ្វើការនោះ។ ព្រះជន្មរបស់ព្រះយេស៊ូវទាំងស្រុងបានដំកើង ព្រះនាមព្រះវរបិតា។ នៅក្នុងការប្រសូតរបស់ព្រះអង្គ និងរយៈពេលសាមសិបឆ្នាំនៅក្នុងណាសារ៉ែត និងព័ន្ធកិច្ចរបស់ព្រះអង្គរយៈពេលបីឆ្នាំកន្លះ រួមទាំងព្រះបន្ទូល និងការអស្ចារ្យរបស់ព្រះអង្គ ការទាំងអស់នេះបានដំកើង ព្រះនាមនៃព្រះវរបិតា។ ហើយព្រះវរបិតានឹងដំកើងព្រះនាមទ្រង់ជា ថ្មីនៅក្នុងការសុគត ការរស់ពីសុគតឡើងវិញ ហើយនឹងការយាងត្រឡប់ទៅស្ថានសួគ៌វិញរបស់ព្រះយេស៊ូវ
តាមរយៈនោះព្រះនឹងជំនុំជំរះ ហើយនឹងសង្រ្គោះមនុស្សលោក។
ដូច្នេះ បណ្តាមនុស្សដែលឈរនៅទីនោះ ហើយឮ ក៏និយាយថា ឮផ្គរលាន់ ខ្លះទៀតថា មានទេវតាទូលនឹងទ្រង់ 30តែព្រះយេស៊ូវទ្រង់ឆ្លើយថា សំឡេងនេះមិនមែនឮដោយព្រោះខ្ញុំទេ គឺដោយយល់ដល់អ្នករាល់គ្នាវិញ
១២:២៩-៣០ មានបីកន្លែងនៅក្នុងដំណឹងល្អ ដែលព្រះវរបិតាមានបន្ទូលពីស្ថានសួគ៌អំពីព្រះយេស៊ូវ។ នៅក្នុងពិធីជ្រមុជទឹករបស់ទ្រង់ (ម៉ាថាយ ៣:១៧) ក្នុងកាផ្លាស់ប្រែរបស់ព្រះអង្គ (ម៉ាថាយ ១៧:៥) និងនៅក្នុងខនេះ។ ពេលនេះ សំឡេងនេះជាសំឡេងដែលអាចឮបាន ទោះបីជាហ្វូងមនុស្សមិនបានយល់ក៏ដោយ។
ឥឡូវ លោកីយនេះត្រូវជាប់ទោសហើយ ឥឡូវនេះ ចៅហ្វាយរបស់លោកីយនេះ ក៏ត្រូវបោះចោលចេញ
១២:៣១ ឈើឆ្កាងគឺជាការជំនុំជំរះរបស់ព្រះចំពោះមនុស្សលោក។ ប្រសិនបើមនុស្សលោកសុចរិត គឺមិនត្រូវការចំពោះការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងឡើយ។ ប៉ុន្តែតាមការពិតដែលថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងបង្ហាញមនុស្សទាំងអស់ថាយើងជាមនុស្ស មានបាប ហើយថាលទ្ធផលនៃអំពើបាបគឺជាសេចក្តីស្លាប់។ នេះហេតុដែលយើងទាំងអស់គ្នាត្រូវការ សេចក្តីសង្រ្គោះដែលព្រះយេស៊ូវបានសម្រេចសម្រាប់យើងទាំងអស់គ្នានៅលើឈើឆ្កាងដោយការទទួលនូវសេចក្តីជំនុំជំរះ និងការដាក់ទោសចំពោះអំពើបាបជំនួសយើងទាំងអស់គ្នា។
បន្ថែមពីលើការជំនុំជំរះមនុស្សលោក ឈើឆ្កាងក៏ជំនុំជំរះ ផ្ដន្ទាទោស ហើយយកឈ្នះ “ចៅហ្វាយរបស់លោកីយនេះ” (នោះគឺជា សាតាំង, កូឡូស ២:១៤-១៥; វិវរណៈ ១២:១១)។ សាតាំងជាមេកុហក បោកបញ្ឆោត ហើយជាមេល្បួង ដែលបាននាំអំពើបាបចូលមកក្នុងពិភពលោក ដើម្បីនាំយកសេចក្តីស្លាប់មកដល់មនុស្សជាតិ។ ប៉ុន្តែដោយសារការសុគតរបស់ព្រះអង្គ ហើយបានរស់ពី សុគតឡើងវិញ ព្រះយេស៊ូវបានយកឈ្នះអំពើបាប និងសេចក្តីស្លាប់ជាអំណាចទាំងពី ដែលសាតាំងប្រើដើម្បីគ្រប់គ្រងមនុស្សនៅក្នុងពិភពលោកនេះ (ហេព្រើរ ២:១៤)។ ពេលនេះ សាតាំងត្រូវបាន “បណ្តេញចេញ” ហើយត្រូវបានដាក់កម្រិតនៅក្នុងការមានអំណាចនៅក្នុង ពិភពលោកនេះ វាមិនមែនជាចៅហ្វាយទៀតទេ។ នៅចុងបំផុត វានឹងត្រូវទម្លាក់ទៅក្នុងបឹងភ្លើង ហើយនឹងត្រូវបំផ្លាញអស់កល្បជានិច្ច (វិវរណៈ ២០:១០)។
ឯខ្ញុំ បើសិនជាខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះ ដើម្បីនឹងបង្ហាញ ពីទ្រង់ត្រូវសុគតជាបែបយ៉ាងណា
១២:៣២-៣៣ ក្នុងពេលឆាប់ៗ ព្រះយេស៊ូវនឹងត្រូវ “លើកឡើងពីផែនដី” ពេលដែលព្រះអង្គត្រូវជាប់ឆ្កាង (៣:១៣-១៥, ៨:២៨)។ ក្រោយការនេះ ព្រះអង្គនឹងត្រូវប្រោសឲ្យរស់ពីសុគតឡើងវិញ ហើយ ត្រូវបានលើកឡើងពីផែនដីទៅស្ថានសួគ៌ដើម្បីសោយរាជ្យនៅខាងព្រះហស្តស្តាំនៃព្រះ (កិច្ចការ ២:៣៣, ៥:៣១; ភីលីព ២:៩)។ បន្ទាប់មក ព្រះអង្គនឹងទាញមនុស្ស “ពីគ្រប់ជាតិសាសន៍ កុលសម្ព័ន្ធ និងគ្រប់ជនជាតិ ហើយនឹងភាសាគ្រប់ទាំងអស់” មកឯទ្រង់ (វិវរណៈ ៧:៩-១០)។ ជារៀងរាល់ថ្ងៃ នៅជុំវិញពិភពលោក មនុស្សកំពុងតែចូលមកឯព្រះយេស៊ូវ។ អស់អ្នកណាដែលចូលមកឯព្រះយេស៊ូវ គេចូលមកដោយព្រោះតែពួកគេត្រូវបានទាញមកដោយព្រះអង្គ (១០:១៦, ១១:៥១-៥២; លូកា ១៥:៦)។
ហ្វូងមនុស្សទូលឆ្លើយថា យើងខ្ញុំបានឮក្នុងក្រិត្យវិន័យថា ព្រះគ្រីស្ទ ទ្រង់គង់នៅអស់កល្បជានិច្ច ចុះធ្វើដូចម្តេចបានជាថា កូនមនុស្សត្រូវលើកឡើងដូច្នេះ តើអ្នកណាជាកូនមនុស្សនេះ
១២:៣៤ ហ្វូងមនុស្សមានការភាន់ច្រឡំនៅពេលដែលព្រះយេស៊ូវមានព្រះបន្ទូលពីការសុគតរបស់ព្រះអង្គ។ ពួកគេជឿថាព្រះអង្គគឺជាព្រះមែស្ស៊ី (ខ១៣) ហើយពួកគេត្រូវបានបង្រៀនបទគម្ពីរ ដែលមាននៅ ក្នុងព្រះគម្ពីរសញ្ញាចាស់ដែលចែងអំពីការសោយរាជ្យដ៏អស់កល្បជានិច្ចរបស់ព្រះមែស្ស៊ី (ដូចជា អេសាយ ៩:៧; អេសេគាល ៣៧:២៥; ដានីយ៉ែល ៧:១៤; ទំនុកដំកើង ៧២:១៧, ៨៩:៣៥-៣៧)។ ដូច្នេះហើយ ពួកគេបានគិតថាព្រះមែស្ស៊ីមិនអាចសុគតបានឡើយ។ ពួកគេមិនបានដឹងថាបទគម្ពីរ (ដូចជា ទំនុកដំកើង ២២ និង អេសាយ ៥៣) បានចែងអំពីការរងទុក្ខនិងការសុគតរបស់ព្រះអង្គនោះឡើយ។ មនុស្សក៏បាន មានការភាន់ច្រឡំអំពី “កូនមនុស្ស” ហើយចង់ដឹងថា តើកូនមនុស្សជានរណា ហើយតើកូនមនុស្សមានតួនាទីជាអ្វី?
នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ពន្លឺនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ ចូរដើរកំពុងដែលនៅ មានពន្លឺចុះ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ អ្នកណាដែលដើរក្នុងសេចក្ដីងងឹត នោះមិនដឹងជាទៅឯណាទេ ចូរអ្នករាល់គ្នាជឿដល់ពន្លឺ កំពុងដែលនៅមាននៅឡើយចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ។
១២:៣៥-៣៦ មនុស្សបានគិតថាព្រះមែស្ស៊ីនឹងសោយរាជ្យនៅលើអ៊ីស្រាអែលជារៀងរហូត។ ប៉ុន្តែ តាម ការពិតព្រះអង្គរៀបនឹងយាងត្រឡប់ទៅស្ថានសួគ៌វិញហើយ។ ដូច្នេះហើយ ព្រះអង្គលើកទឹកចិត្តពួកគេឲ្យ ដើរនៅក្នុងពន្លឺ ក្នុងពេលដែលពួកគេនៅមានពន្លឺ។ ព្រះយេស៊ូវគឺជាពន្លឺ។ ដូច្នេះហើយ ព្រះអង្គមានន័យថា គ្រាដែលពួកគេនៅមានព្រះអង្គគង់នៅជាមួយនឹងពួកគេនៅឡើយ ពួកគេគួរតែយកចិត្តទុកដាក់ចំពោះ ព្រះអង្គ (ខ៧) ជាជាងគំនិតរបស់ពួកគេចំពោះអ្វីដែលគេបានគិតថាព្រះមែស្ស៊ីនឹងធ្វើនោះវិញ។
អ្នកណាដែលបដិសេធទ្រង់នឹងដើរនៅក្នុងសេចក្តីងងឹត គឺមិនដឹងថាគាត់កំពុងទៅទីកន្លែងណា ហើយនឹង មានការជំពប់ដួលដោយព្រោះតែមិនបានស្គាល់សេចក្តីពិត។ ប៉ុន្តែអ្នកណាដែលជឿលើព្រះអង្គ ដើរនៅក្នុង ពន្លឺហើយបានប្រែក្លាយជា “កូននៃពន្លឺ”។ ការនេះបង្ហាញថាគ្រាដែលយើងដើរជាមួយនឹង ព្រះយេស៊ូវ យើងនឹងចាប់ផ្តើមឆ្លុះបញ្ចាំងលក្ខណៈរបស់ទ្រង់ ហើយនឹងក្លាយដូចជាព្រះអង្គ (រ៉ូម ៨:២៩; ១ យ៉ូហាន ៣:២)។
ការមិនជឿរបស់ពួកសាសន៍យូដា
លុះព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះហើយ នោះទ្រង់ក៏យាងចេញទៅ ហើយបានកំបាំងពីគេ ប៉ុន្តែ ទោះបើទ្រង់បានធ្វើទីសំគាល់ នៅមុខគេជាច្រើនទាំងម៉្លេះក៏ដោយ គង់តែគេមិនបានជឿដល់ទ្រង់ដែរ ដើម្បីឲ្យពាក្យរបស់ហោរាអេសាយបានសំរេច ដែលទាយថា «ព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្ដីដែលយើងខ្ញុំប្រាប់ ហើយតើព្រះហស្តព្រះអម្ចាស់បានបើកសំដែងមក ឲ្យអ្នកណាឃើញ»
១២:៣៧ ពាក្យដែលសំខាន់នៅក្នុងផ្នែកនេះគឺ ជឿ ដែលត្រូវបានប្រើចំនួនប្រាំបីដង។ ព្រះយេស៊ូវបានធ្វើទីសំគាល់ជាច្រើនដែលបង្ហាញាទ្រង់គឺជាព្រះមែស្ស៊ីដែលត្រូវបានចាត់មកពីព្រះ។ ដូច្នេះហើយ ពួកសាសន៍យូដាគួរតែបានជឿលើព្រះអង្គ (២:១១, ៤:៥៤, ៦:១៤)។ ប៉ុន្តែមនុស្សជាច្រើននៅតែមិនបានជឿឡើយ។
១២:៣៨ លោកយ៉ូហានពន្យល់ថា ការមិនជឿរបស់ពួកគេត្រូវបានប្រកាសក្នុងសេចក្តីទំនាយ ដោយហោរាអេសាយ។ លោកហោរាអេសាយបានប្រកាសថា អ្នកបម្រើនៃព្រះនឹងត្រូវបានលើក ហើយដំកើងឡើង ប៉ុន្តែថាមានមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ដោយព្រោះតែរូបកាយ ព្រះអង្គត្រូវខូចបង់ជាច្រើន (អេសាយ ៥២:១៣-១៤)។ នេះជាសេចក្តីទំនាយអំពីការសុគតរបស់ ព្រះយេស៊ូវនៅលើឈើឆ្កាង។ បន្ទាប់មក លោកអេសាយប្រកាសថា “តើមានអ្នកណា បានជឿដំណឹង ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ” (អេសាយ ៥៣:១)។ គាត់មានន័យថា ដំណឹងនេះពិបាកសម្រាប់ពួកសាសន៍យូដានៅក្នុងការទទួលជឿដោយព្រោះតែបេសកកម្ម របស់ព្រះមែស្ស៊ីខុសពីអ្វីដែលពួកគេបានគិតថាព្រះអង្គនឹងធ្វើ ទោះបីជាការនោះបានបង្ហាញនៅក្នុង ព្រះបន្ទូលព្រះក៏ដោយ។
គឺដោយហេតុនោះបានជាគេជឿពុំបាន ពីព្រោះលោកអេសាយក៏ទាយទៀតថា «ទ្រង់បានធ្វើឲ្យភ្នែក គេខ្វាក់ ហើយឲ្យចិត្តគេរឹង ក្រែងភ្នែកគេមើលឃើញ ចិត្តគេយល់ ហើយគេប្រែគំនិត ដើម្បីឲ្យអញបានប្រោសឲ្យជា»
១២:៣៩-៤០ ហេតុអ្វីបានជាពួកសាសន៍យូដាមិនជឿលើព្រះយេស៊ូវនៅពេលដែលទីសំគាល់ទាំងប៉ុន្មាន ដែលព្រះអង្គធ្វើ បញ្ជាក់យ៉ាងច្បាស់ថាព្រះអង្គគឺជាព្រះមែស្ស៊ី? លោកយ៉ូហានបានលើកឡើងពី អេសាយ ៦:៩-១០ នៅក្នុងការបង្ហាញថាការមិនជឿរបស់ពួកសាសន៍យូដា គឺដោយព្រោះតែការជំនុំជម្រះរបស់ព្រះ ចំពោះនពួកអ្នកដែលបដិសេធមិនយល់ពីសេចក្តីពិត ហើយមិនបែរមកឯទ្រង់ ដើម្បីឲ្យបានប្រោសឲ្យរួចទេ។
ព្រះបានធ្វើឲ្យភ្នែករបស់ពួកសាសន៍យូដាទៅជាខ្វាក់ហើយធ្វើឲ្យចិត្តគេរឹង។ ប៉ុន្តែការដែលធ្វើឲ្យខ្វាក់និងចិត្ត រឹងនេះមិនមែនកើតឡើងទាស់នឹងចំណង់របស់គេនោះឡើយ។ ពួកគេ (ដូចជាផារ៉ោននៅក្នុង និក្ខមនំ) បានជ្រើសរើសនៅក្នុងការមិនស្តាប់តាមព្រះ ហើយនឹងព្រះបន្ទូលព្រះអង្គដែលបានប្រទានមកដោយសារ ហោរារបស់ព្រះអង្គម្តងហើយម្តងទៀត ហើយបែជាជ្រើសរើសធ្វើការអាក្រក់ទៅវិញ។ មានតែក្រោយពេល ដែលការនេះកើតឡើងតែប៉ុណ្ណោះ ដែលព្រះធ្វើឲ្យភ្នែកពួកគេទៅជាខ្វាក់ហើយចិត្តរបស់គេទៅជារឹង។ ព្រះមិនបានធ្វើឲ្យចិត្តដែលទន់ទៅជារឹងនោះឡើយ ឬធ្វើឲ្យភ្នែកដែលល្អទៅជាខ្វាក់ដែរ។ មនុស្សណាដែលមានចិត្តរឹងទទឹងហើយនឹងភ្នែកដែលខ្វាក់គឺជាពួកអ្នកដែលបន្ត បដិសេធព្រះ ហើយនឹងការបើកសំដែងរបស់ទ្រង់ដល់ពួកគេ។
តើភ្នែកដែលខ្វាក់ហើយនឹងចិត្តដែលរឹងទទឹងនេះកើតឡើងដោយរបៀបណា? ចម្លើយនោះគឺដោយ ការបើកសំដែង។ ព្រះប្រទានការបើកសំដែង ហើយអ្វីដែលអ្នកធ្វើជាមួយការបើកសំដែងនោះ កំណត់ឥទ្ធិពលដែលវាមានលើចិត្ត និងភ្នែករបស់អ្នក។ ឥទ្ធិពលនៃការទទួលការបើកសំដែង ពីព្រះគឺជាការមើលឃើញយ៉ាងច្បាស់ ហើយចិត្តដែលទន់។
នៅក្នុង អេសាយ ៦ ព្រះបានចាត់ ហោរា អេសាយ ឲ្យទៅប្រកាសព្រះបន្ទូលព្រះអង្គដល់មនុស្ស។ មនុស្សម្នាក់ៗអាចនឹងឆ្លើយតបចំពោះការបើកសំដែងមកពីព្រះ ដោយសេចក្តីជំនឿ ឬដោយការមិនជឿ។ ក្នុងពេលដែលការបើកសំដែងកាន់តែមានច្រើនឡើង សេចក្តីជំនឿរបស់អ្នកដែលជឿបានកើនឡើង; ហើយការមិនជឿរបស់ពួកអ្នកដែលមិនជឿក៏កើនឡើងដែរ។ ដូច្នេះហើយ ឥទ្ធិពលនៃការបើកសំដែង គឺថាបើកភ្នែក ហើយនឹងធ្វើឲ្យចិត្តទន់របស់ពួកអ្នកជឿ ពេលដែលពួកគេទទួលការនោះ; ប៉ុន្តែធ្វើឲ្យខ្វាក់ភ្នែកនិងធ្វើឲ្យមានចិត្តរឹងដល់ពួកអ្នក ដែលមិនជឿក្នុងពេលដែលពួកគេបដិសេធការនោះ (៨:៤៥, ៩:៣៩-៤១; រ៉ូម ៩:១៨)។ ដូច្នេះហើយ ពេលដែលព្រះបើកសំដែងសេចក្តីពិត ដល់យើងទាំងអស់គ្នា យើងត្រូវតែទទួលការនោះដោយចិត្តដែលទន់ និងភ្នែកដែលភ្លឺ។
លោកអេសាយមានប្រសាសន៍សេចក្ដីទាំងនេះ ពីព្រោះលោកបានឃើញសិរីល្អទ្រង់ ហើយក៏ទាយពីទ្រង់
១២:៤១ លោកអេសាយបានឃើញសិរីល្អរបស់ព្រះយេស៊ូវ ហើយបានប្រកាសអំពីទ្រង់។ លោកអេសាយ បានទាយថា ព្រះនឹងចាត់អ្នកបម្រើរបស់ទ្រង់ថានឹងត្រូវបាន “ដំកើងឡើង៉ ហើយត្រូវបាន “លើកទ្រង់ឡើង ឲ្យគង់នៅទីខ្ពស់ណាស់” (អេសាយ ៥២:១៣) ប៉ុន្តែក៏នឹងត្រូវ “របួស ដោយព្រោះ អំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ” (អេសាយ ៥៣:៥) ហើយ “ទ្រង់បានច្រួចព្រលឹងចេញ រហូតដល់ស្លាប់” (អេសាយ ៥៣:១២) ហើយ ផលនៃការដែលព្រលឹងទ្រង់រងវេទនា "ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត" (អេសាយ ៥៣: ១១)។ ដូច្នេះហើយ លោកអេសាយដឹងថា សិរីល្អនៃព្រះនឹងបើកសំដែង តាមរយៈព្រះមែស្ស៊ីរងទុក្ខសម្រាប់មនុស្ស ជំនួសយើងទាំងអស់គ្នា ជាសេចក្តីពិតដែលពួកសាសន៍យូដា ទាំងនេះមិនអាច នឹងយល់បាន។
ប្រសិនបើសាសន៍យូដាបានជឿថា ព្រះយេស៊ូវគឺជាព្រះមែស្ស៊ី នោះពួកគេនឹងមិនបានឆ្កាងព្រះអង្គឡើយ ហើយយើងទាំងអស់គ្នានឹងនៅតែមានកំហុសនៅក្នុងអំពើបាបរបស់យើងនៅឡើយ។ ដូច្នេះហើយ ការបដិសេធរបស់គេចំពោះព្រះមែស្ស៊ីមានសារៈសំខាន់ចំពោះសេចក្តីសង្រ្គោះពិភពលោកទាំងមូល (រ៉ូម ៩:៣០-៣៣, ១១:៧-១២)។
ប៉ុន្តែ នៅក្នុងពួកនាម៉ឺន ក៏មានជាច្រើននាក់បានជឿដល់ទ្រង់ដែរ តែគេមិនហ៊ានប្រាប់ដល់អ្នកណាសោះ ដោយព្រោះពួកផារិស៊ី ក្រែងត្រូវកាត់ចេញពីពួកជំនុំគេទៅ ពីព្រោះគេចូលចិត្តនឹងសេចក្ដីសរសើររបស់មនុស្ស ជាជាងសេចក្ដីសរសើររបស់ព្រះវិញ។
១២:៤២-៤៣ ការដែលធ្វើឲ្យខ្វាក់ភ្នែក និងធ្វើឲ្យចិត្តរឹងមិនមែនសម្រាប់សាសន៍យូដាគ្រប់គ្នានោះឡើយ។ តាមការពិត មានពួកសាសន៍យូដាខ្លះដែលមានមុខងារមានសិទ្ធិអំណាចក៏បានជឿដែរ (រួមទាំង យ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេ និងនីកូដេម; ១៩:៣៨-៣៩; ម៉ាកុស ១៥:៤៣; លូកា ២៣:៥០-៥១)។
យ៉ាងណាម៉ិញ ដោយសារតែពួកផារិស៊ីបណ្តេញពួកអ្នកដែលជឿលើព្រះចេញពីសាលាប្រជុំ (៩:២២) ពួកអ្នកជឿទាំងនេះបានរក្សាភាពស្ងៀមស្ងាត់។ ការនេះបង្ហាញថាពួកគេខ្វល់ខ្វាយ ចំពោះការសរសើរពីមនុស្សច្រើនជាងការសរសើរពីព្រះ (៥:៤៤)។ ពាក្យដែលបកប្រែមកថា “សេចក្ដីសរសើរ” (δόξαν) គឺជាពាក្យដូចជាដែលត្រូវបានបកប្រែថា “សិរីល្អ” នៅក្នុង ខ៤១ (δόξαν)។ លោកអេសាយ បានឃើញ សិរីល្អរបស់ព្រះយេស៊ូវ ហើយបានប្រកាសពីការនោះ ប៉ុន្តែពួកអ្នកជឿទាំងនេះគេចង់បានសិរីល្អរបស់ មនុស្សជាជាងសិរីល្អនៃព្រះ ហេតុនេះហើយនៅតែរក្សាភាពស្ងៀមស្ងាត់ជាជាងប្រកាសពីសេចក្តីជំនឿ របស់គេចំពោះព្រះយេស៊ូវ។
ព្រះយេស៊ូវយាងមកសង្គ្រោះមនុស្សលោក
ព្រះយេស៊ូវទ្រង់បន្លឺឡើងថា អ្នកណាដែលជឿដល់ខ្ញុំ នោះមិនមែនជឿដល់ខ្ញុំ គឺជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកនោះវិញ ហើយអ្នកណាដែលឃើញខ្ញុំ នោះក៏ឃើញព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ
១២:៤៤-៤៥ ជាថ្មីម្តងទៀត ព្រះយេស៊ូវបានបង្រៀនអំពីភាពរួបរួមរបស់ព្រះអង្គជាមួយនឹង ព្រះដ៏ជាព្រះវរបិតា (១៧:២១-២៣)។ ការដែលជឿលើព្រះយេស៊ូវគឺជាការដែលជឿលើព្រះដ៏ជាព្រះវរបិតា ការដែលបានឃើញព្រះយេស៊ូវគឺបានឃើញព្រះវរបិតា ហើយការដែលបានស្តាប់ឮព្រះយេស៊ូវគឺបានស្តាប់ ឮព្រះវរបិតាដែរ (ខ៥០)។
ខ្ញុំបានមកក្នុងលោកីយជាពន្លឺភ្លឺ ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ ត្រូវនៅក្នុងសេចក្ដីងងឹតឡើយ
១២:៤៦ លោកីយគឺជាសេចក្តីងងឹតដោយព្រោះតែត្រូវបានញែកដាច់ចេញពីព្រះដែលជាពន្លឺ។ ប៉ុន្តែ ព្រះយេស៊ូវបាននាំពន្លឺនៃព្រះមកក្នុងលោកីយ។ ពេលនេះ គ្រប់គ្នាដែលជឿលើទ្រង់មិននៅក្នុង សេចក្តីងងឹតទៀតឡើយ។
បើអ្នកណាឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេ ដ្បិតខ្ញុំមិនបានមក ដើម្បីនឹងកាត់ទោសដល់លោកីយទេ គឺមកប្រយោជន៍នឹងសង្គ្រោះវិញ អ្នកណាដែលវៀរបង់ចោលខ្ញុំ ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមដែលកាត់ទោសខ្លួនហើយ គឺជាពាក្យដែលខ្ញុំបាននិយាយនោះឯង ពាក្យនោះនឹងកាត់ទោសដល់គេ នៅថ្ងៃចុងបំផុត
១២:៤៧-៤៨ បេសកកម្មរបស់ព្រះយេស៊ូវចំពោះការយាងមកក្នុងពិភពលោកគឺដើម្បីសង្រ្គោះមនុស្ស។ ការជំនុំជំរះគឺមិនមែនជាគោលបំណងនៃការយាងមករបស់ព្រះអង្គនោះឡើយ (៣:១៧-១៨) ប៉ុន្តែ ពេលដែលមនុស្សម្នាក់បដិសេធព្រះអង្គសង្រ្គោះរបស់គាត់នោះ គាត់មិនអាចទទួលសង្រ្គោះបានឡើយ ហើយគេនឹងត្រូវប្រឈមមុខចំពោះការជំនុំជំរះនៅថ្ងៃចុងបំផុត។
ដ្បិតខ្ញុំមិនបាននិយាយ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់បានបង្គាប់ខ្ញុំ ពីសេចក្ដីដែលខ្ញុំត្រូវនិយាយ ហើយពីពាក្យដែលខ្ញុំត្រូវប្រាប់វិញ ខ្ញុំក៏ដឹងថា សេចក្ដីដែល ទ្រង់បង្គាប់មកនោះ ជាជីវិតដ៏នៅអស់កល្បជានិច្ច ដូច្នេះ សេចក្ដីអ្វីដែលខ្ញុំនិយាយ នោះខ្ញុំនិយាយតាម ដែលព្រះវរបិតាបានប្រាប់មក។
១២:៤៩-៥០ ព្រះយេស៊ូវជ្រាបថា ព្រះដ៏ជាព្រះវរបិតាបានចាត់ព្រះអង្គឲ្យមកប្រទានឲ្យមាន ជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលបានជឿលើព្រះអង្គ។ ដូច្នេះហើយ ព្រះអង្គបានមានបន្ទូល ដោយភាពស្មោះត្រង់នូវព្រះបន្ទូលដែលបានប្រទានមកទ្រង់ពីព្រះវរបិតា។ បំណងព្រះហឫទ័យនៃ ព្រះវរបិតាគឺលើកមនុស្សឲ្យចេញពីអំពើបាប សេចក្តីងងឹត និងសេចក្តីស្លាប់ ហើយប្រទានឲ្យពួកគេ មានជីវិតអស់កល្បជានិច្ច។ នៅពេលដែលមនុស្សម្នាក់ទុកចិត្តលើព្រះយេស៊ូវ គាត់ទទួលអំណោយទាននៃ ជីវិតអស់កល្បជានិច្ចពីព្រះ។




