

ព្រះយេស៊ូវលាងជើងសិស្សព្រះអង្គ
នៅក្នុងជំពូក ១៣-១៧ លោកយ៉ូហានបានកត់ត្រានូវអ្វីដែលព្រះយេស៊ូវបានមានព្រះបន្ទូលនៅយប់ មុនពេលដែលព្រះអង្គត្រូវជាប់ឆ្កាង។ “សេចក្តីស្រឡាញ់” គឺជាពាក្យសំខាន់នៅក្នុងជំពូកទាំងនេះ (ដែលត្រូវបានសរសេរចំនួន ៣១ ដង ប្រៀបធៀបជាមួយនឹងពេលប្រាំបីដងដែលមានក្នុងជំពូកទី ១-១២)។ វាគឺជាការត្រឹមត្រូវចំពោះការដែលសេចក្តីបង្រៀនរបស់ព្រះយេស៊ូវនៅក្នុងយប់នេះផ្តោតសំខាន់ លើសេចក្តីស្រឡាញ់ ដោយព្រោះតែការសុគតរបស់ព្រះអង្គជំនួសយើងរាល់គ្នានៅថ្ងៃបន្ទាប់គឺជា ការបង្ហាញពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត (១៥:១៣; រ៉ូម ៥:៨; ១ យ៉ូហាន ៣:១៦)។
កាលមុនបុណ្យរំលង នោះព្រះយេស៊ូវទ្រង់ជ្រាបថា ពេលកំណត់ ដែលទ្រង់ត្រូវចេញពីលោកីយនេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ដូច្នេះ ដែលទ្រង់បានស្រឡាញ់ដល់ពួកទ្រង់នៅក្នុងលោកីយនេះ នោះទ្រង់ក៏ចេះតែស្រឡាញ់គេ ដរាបដល់ចុងបំផុត
១៣:១ វាជាពេលវេលានៃបុណ្យរំលង ហើយនឹងកូនចៀមនៃព្រះត្រូវបូជាក្នុងពេលឆាប់ៗនេះ សម្រាប់អំពើបាបរបស់មនុស្សលោក (១:២៩)។ យប់មុនថ្ងៃដែលព្រះអង្គត្រូវជាប់ឆ្កាង ព្រះយេស៊ូវជ្រាបថា ពេលវេលាបានមកដល់ ហើយសម្រាប់ព្រះអង្គសុគត ហើយរស់ពីសុគតឡើងវិញ ហើយយាងត្រឡប់ទៅ ស្ថានសួគ៌វិញ។ ព្រះអង្គបាន "ស្រឡាញ់ដល់ពួកទ្រង់នៅក្នុងលោកីយនេះ" (នេះមានន័យថា សិស្សរបស់ព្រះអង្គ) ហើយ “ទ្រង់ក៏ចេះតែស្រឡាញ់គេ ដរាបដល់ចុងបំផុត” (នេះមានន័យថា ព្រះអង្គបានស្រឡាញ់សិស្សរបស់ព្រះអង្គ រហូតដល់ចុងបំផុតនៃព្រះជន្មព្រះអង្គនៅលើផែនដីនេះ ហើយក៏ដល់ភាពពេញបរិបូរផងដែរ)។
កំពុងពេលបាយយប់នោះឯង កាលអារក្សបានបញ្ចូលចិត្តយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ឲ្យបញ្ជូនទ្រង់ហើយ
១៣:២ សាតាំងបានដាក់គំនិតនៃការក្បត់ព្រះយេស៊ូវនៅក្នុងចិត្តរបស់យូដាស។ ប៉ុន្តែយូដាសនៅតែ មានការទទួលខុសត្រុវចំពោះការប្រព្រឹត្តិរបស់ខ្លួនគាត់ដដែល។ គាត់បានគិតអំពីការនេះ ហើយ បានជ្រើសរើសនៅក្នុងការធ្វើវា។
នោះដោយព្រោះព្រះយេស៊ូវបានជ្រាបថា ព្រះវរបិតាបានប្រគល់ការទាំងអស់ មកក្នុងព្រះហស្តទ្រង់ ហើយថា ទ្រង់មកពីព្រះ ក៏ត្រូវទៅឯព្រះវិញ បានជាទ្រង់ក្រោកពីសោយឡើង ដោះព្រះពស្ត្រពេញ រួចយកក្រមាមកក្រវាត់អង្គ ក្រោយនោះ ទ្រង់ចាក់ទឹកក្នុងចានក្លាំ ចាប់តាំងលាងជើងពួកសិស្ស ហើយយកក្រមាដែលទ្រង់ក្រវាត់នោះមកជូត
១៣:៣-៤ "បានជ្រាបថា ព្រះវរបិតាបានប្រគល់ការទាំងអស់ មកក្នុងព្រះហស្តទ្រង់ ហើយថា ទ្រង់មកពីព្រះ ក៏ត្រូវទៅឯព្រះវិញ" តើព្រះយេស៊ូវបានធ្វើអ្វី? តើព្រះអង្គទាមទារការគោរព និងការបម្រើមែនទេ? មិនមែនឡើយ ព្រះអង្គបានយកកន្សែងមួយមក បានរុំនៅនឹងចង្កេះ ហើយបានលាងសំអាតជើង ដ៏កខ្វក់របស់សិស្សព្រះអង្គ។ ក្នុងនាមជាព្រះរាជបុត្រានៃព្រះ កន្លែងដ៏ខ្ពស់បំផុតនោះគឺជាអ្វីដែលព្រះអង្គសមនឹងទទួលបានដោយសិទ្ធិ ប៉ុន្តែទ្រង់បានជ្រើសរើស នៅក្នុងការធ្វើកិច្ចការរបស់បាវបម្រើដ៏តូចទាបបំផុតវិញ (ភីលីព ២:៧-៨)។
ការលាងជើងគឺជាផ្នែកទូទៅនៃបដិសណ្ឋារកិច្ចនៅក្នុងជំនាន់នោះ (លូកា ៧:៤៤)។ ប៉ុន្តែអ្វីដែល មិនធម្មតានោះគឺថា នេះគឺជា ការងារដែលត្រូវធ្វើដោយសមាជិកនៅក្នុងផ្ទះដែលមានដំណែងតូចទាប បំផុតតែប៉ុណ្ណោះ។ មនុស្សម្នាក់ ដែលមានតួនាតី ខ្ពង់ខ្ពស់ នឹងមិនដែលលាងជើង ឲ្យអ្នកដែលមានដំណែងតូចជាងនោះឡើយ។ ប៉ុន្តែ ព្រះយេស៊ូវបង្ហាញថា ការដែលមានឋានៈ និងអំណាចមិនគួរធ្វើឲ្យមនុស្សណាម្នាក់មានសេចក្តីអំណួតនោះឡើយ។ ផ្ទូយទៅវិញ ការដែលមានឋានៈ និងអំណាចជាការផ្តល់ឲ្យមានឳកាសនៅក្នុងការបម្រើអ្នកផ្សេងទៅវិញទេ។
ព្រះយេស៊ូវលាងជើងសិស្សរបស់ព្រះអង្គដើម្បីបង្ហាញថា “ខ្ញុំនៅកណ្តាលពួកអ្នករាល់គ្នា ទុកដូចជា អ្នកបំរើវិញ” (លូកា ២២:២៧)។ “ទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ គង់តែមិនបានរាប់សេចក្ដី ដែលស្មើនឹងព្រះនោះ ទុកជាសេចក្ដីដែលគួរកាន់ខ្ជាប់ឡើយ គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ” (ភីលីព ២:៦-៧)។ ព្រះយេស៊ូវគឺជាស្តេច ប៉ុន្តែ ព្រះអង្គបានយករូបភាពជាអ្នកបម្រើម្នាក់ទៅវិញ។ ការដែលបានដឹងថា ព្រះបានប្រទានគ្រប់ទាំងអស់ ទៅក្នុងព្រះហស្តនៃទ្រង់ ព្រះអង្គបានចាប់យកកន្សែងមួយ!។ ព្រះអង្គទ្រង់គឺជា ម្ចាស់លើគ្រប់ទាំងអស់ ប៉ុន្តែ ព្រះអង្គបានបម្រើដល់សិស្សរបស់ព្រះអង្គ (រួមទាំងយូដាស!) ទៅវិញ។
តើការបន្ទាបខ្លួននេះបានមកពីណា? គឺបានមកដោយព្រោះ “ព្រះយេស៊ូវបានជ្រាបថា ព្រះវរបិតាបានប្រគល់ការទាំងអស់ មកក្នុងព្រះហស្តទ្រង់ ហើយថា ទ្រង់មកពីព្រះ ក៏ត្រូវទៅឯព្រះវិញ”។ ការបន្ទាបខ្លួនដ៏ពិតប្រាកដបានមកពីទំនាក់ទំនងជាមួយនឹងព្រះវរបិតា។
ព្រះយេស៊ូវពេញចិត្តទាំងស្រុងនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះវរបិតាព្រះអង្គ ហើយមានទំនុកចិត្តលើ គម្រោងការនៃព្រះវរបិតាព្រះអង្គយ៉ាងពេញបរិបូរ។ ដូច្នេះហើយ ទ្រង់ស្ម័គ្រព្រះទ័យនៅក្នុងការបម្រើទ្រង់ ក្នុងគ្រប់ទាំងផ្លូវទាំងអស់ ដែលជាបំណងព្រះហឫទ័យនៃព្រះវរបិតាព្រះអង្គ។ ក្នុងនាមជាអ្នកដែលមានជំនឿ យើងទាំងអស់គ្នា អាចនឹងពេញចិត្តទាំងស្រុងនៅក្នុងសេចក្តីស្រឡាញ់នៃព្រះវរបិតារបស់យើងដូចគ្នាដែរ។ យើងដឹងថាយើងបានកើតនៅក្នុងព្រះ ហើយថាថ្ងៃមួយនឹងយើង បានទៅនៅជាមួយនឹងព្រះ ហើយថានៅក្នុងព្រះគ្រីស្ទយើងមានគ្រប់យ៉ាងទាំងអស់។ ដូច្នេះហើយ យើងគួរតែធ្វើតាមគំរូរបស់ ព្រះអម្ចាស់នៃយើងហើយបម្រើគ្នាទៅវិញទៅមក ដែលជាការថ្វាយសិរីល្អដល់ព្រះ។
កាលទ្រង់មកដល់ស៊ីម៉ូន-ពេត្រុស នោះគាត់ទូលថា ព្រះអម្ចាស់អើយ ទ្រង់លាងជើងឲ្យទូលបង្គំឬ ព្រះយេស៊ូវទ្រង់ឆ្លើយថា ការដែលខ្ញុំធ្វើ នោះអ្នកមិនយល់ក្នុងពេលឥឡូវនេះទេ តែទៅមុខទើបនឹងបានយល់វិញ
១៣:៦-៧ ការដែលលាងជើងសិស្សរបស់ព្រះអង្គ ព្រះយេស៊ូវបង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រង់(ខ១) ជានិមិត្តសញ្ញានៃការសំអាតខាងព្រលឹងវិញ្ញាណដែលព្រះអង្គប្រទានឲ្យគេ (ខ៦-១០) ហើយជា គំរូសម្រាប់ការដែលសិស្សរបស់ព្រះយេស៊ូវគួរតែបម្រើគ្នាទៅវិញទៅមក (ខ១២-១៧)។
ដូចដែលពេត្រុសមិនបានយល់ពីរបៀបដែលព្រះមែស្ស៊ីត្រូវទៅឯឈើឆ្កាងនោះ (ម៉ាកុស ៨:៣១-៣៣) ដូច្នេះហើយគាត់ក៏មិនយល់ពីការលាងជើង។ ការលាងជើងបង្ហាញពីការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ដែលព្រះមែស្ស៊ីបានយកតួនាទីជាអ្នកបម្រើដ៏តូចទាប ដើម្បីលាងសំអាតរាស្ដ្ររបស់ទ្រង់ពីអំពើបាប។ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវដែលយើងទាំងអស់គ្នាត្រូវបានលាងសំអាតពីអំពើបាបគ្រប់ទាំង អស់។ មានតែក្រោយ ពេលដែលព្រះយេស៊ូវបានរស់ពីសុគតឡើងវិញតែប៉ុណ្ណោះទើបពេត្រុសយល់ ពីការនេះ (២:២២; ១២:១៦)។
ពេត្រុសទូលប្រកែកថា ទ្រង់មិនត្រូវលាងជើងឲ្យទូលបង្គំសោះឡើយ ព្រះយេស៊ូវមានបន្ទូលថា បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ
១៣:៨ ការនេះបង្រៀនយើងថាការដែលមានចំណែកជាមួយនឹងព្រះយេស៊ូវចាប់ផ្តើមជាមួយនឹង ការទទួលអ្វីមួយពីព្រះអង្គ មិនមែនជាការសម្រេចអ្វីមួយដោយខ្លួនយើងនោះឡើយ។ ការលាងជើងគឺជា និមិត្តសញ្ញាដែលព្រះអង្គលាងសំអាតអំពើបាបរបស់មនុស្សម្នាក់ចេញ។ លើកតែព្រះយេស៊ូវបានលាង សំអាតអំពើបាបរបស់មនុស្សម្នាក់ចេញពុំនោះទេ គាត់មិនអាចនឹងមានចំណែកជាមួយនឹងព្រះអង្គបានឡើយ។
ស៊ីម៉ូន-ពេត្រុសទូលទ្រង់ថា ឱព្រះអម្ចាស់អើយ បើដូច្នោះ សូមកុំលាងត្រឹមតែជើងទូលបង្គំប៉ុណ្ណោះឡើយ គឺសូមលាងដល់ទាំងដៃទាំងក្បាលផងចុះ
១៣:៩ តាមការដែលសូមឲ្យបានលាងសំអាតយ៉ាងពេញទាំងខ្លួននោះ ពេត្រុសនៅតែស្ទាក់ស្ទើរនៅក្នុង ការអនុញ្ញាតឲ្យព្រះយេស៊ូវធ្វើតាមព្រះហឫទ័យព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ លោកពេត្រុសចង់ប្រាប់ ព្រះយេស៊ូវពីអ្វីដែលព្រះយេស៊ូវត្រូវធ្វើវិញ។
ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា អ្នកណាដែលងូតទឹកហើយ នោះត្រូវការលាងតែជើងប៉ុណ្ណោះ ឲ្យបានស្អាតទាំងអស់ ឯអ្នករាល់គ្នាក៏បានស្អាតហើយ តែមិនមែនទាំងអស់គ្នាទេ
១៣:១០ នៅក្នុងជំនាន់នោះ មនុស្សតែងតែ ងូតទឹកមុនពេលដែលចេញទៅក្រៅ។ ក្រោយមកបន្ទាប់ពី ដើរលើផ្លូវដែលមានដីហុយ ពេលដែលគេមកដល់គោលដៅហើយនោះ គេត្រូវលាងតែជើងប៉ុណ្ណោះ (មិនមែនរូបកាយទាំងអស់ទេ) ដើម្បីឲ្យបានស្អាតទាំងស្រុង។
ដូចគ្នានេះដែរ ពេលដែលព្រះយេស៊ូវលាងសំអាតយើង យើងបានស្អាតតទាំងស្រុងជារៀងរហូត។ នៅក្នុងភាសាក្រិច ពាក្យដែលជាកិរិយាស័ព្ទដែលថា “លាង” នៅក្នុងខ៨បង្ហាញថា ការលាងសំអាតនោះត្រូវបានសម្រេចមួយដង ហើយជារៀងរហូត។ ក្នុងអំឡុងពេលដើរនៅក្នុង ពិភពលោកនេះ អ្នកជឿនឹងនៅតែធ្វើបាប ប៉ុន្តែគាត់មិនត្រូវការលាងសំអាតទាំងស្រុង ម្តងហើយម្តងទៀតនោះឡើយ។ គាត់គ្រាន់តែត្រូវការលន់តួរអំពើបាបរបស់គាត់ចំពោះព្រះ នៅក្នុងថ្ងៃនិមួយៗចេញតែប៉ុណ្ណោះ។ ព្រះបានសន្យានៅក្នុងការលាងសំអាតយើងចេញពីសេចក្តីទុច្ចរិត នៅពេលដែលយើងលន់តួរអំពើបាប របស់យើងចំពោះព្រះអង្គ (១ យ៉ូហាន ១:៩)។
នេះព្រោះទ្រង់ជ្រាបនូវអ្នកណាដែលនឹងបញ្ជូនទ្រង់ ហេតុនោះបានជាទ្រង់មានបន្ទូលថា អ្នករាល់គ្នាមិនមែនស្អាតគ្រប់គ្នាទេ។
១៣:១១ បន្តិចទៀត យូដាសនឹងក្បត់ព្រះយេស៊ូវ (១៨:៣)។ គាត់មិនបាន “ស្អាត” នោះឡើយដោយព្រោះតែគាត់មិនបានទទួលព្រះយេស៊ូវដោយសេចក្តីជំនឿ។
កាលទ្រង់បានលាងជើងគេរួច ហើយបានពាក់ព្រះពស្ត្រទ្រង់វិញ នោះក៏គង់នៅតុ មានបន្ទូលទៅគេថា តើអ្នករាល់គ្នាយល់ការដែលខ្ញុំទើបនឹងធ្វើនេះឬទេ អ្នករាល់គ្នាហៅខ្ញុំជាលោកគ្រូ ហើយជាព្រះអម្ចាស់ នោះក៏ត្រូវមែន ពីព្រោះគឺខ្ញុំនេះហើយ ដូច្នេះ បើខ្ញុំ ដែលជាព្រះអម្ចាស់ ហើយជាគ្រូ បានលាងជើងឲ្យអ្នករាល់គ្នា នោះគួរតែឲ្យអ្នករាល់គ្នាលាងជើង ដល់គ្នានឹងគ្នាដែរ ដ្បិតខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ
១៣:១២ ព្រះយេស៊ូវពន្យល់ថាការលាងជើងរបស់ពួកសិស្សរបស់ព្រះអង្គគឺជាមេរៀននៅក្នុងការបម្រើ ដោយការបន្ទាបខ្លួន ហើយជាគំរូសម្រាប់ពួកគាត់ឲ្យបានធ្វើតាម។
នៅអ៊ីស្រា អែល ដីមានលក្ខណៈស្ងួត និងហុយ ហើយប្រជាជននាំគ្នាពាក់ស្បែកជើងសន្រែក។ ពេលពួកគេ ដើរទៅចូលរួមពិធីណាមួយ ជើងរបស់ពួកគេនឹងប្រឡាក់ដីពេលគេទៅដល់។ ជាធម្មតា ការលាងជើង គឺជាការងាររបស់ពួកទាសករថ្នាក់ទាបដែលត្រូវលាងជើងឱ្យគេ ពេលគេមកដល់ តែព្រះយេស៊ូធ្វើតួនាទី នេះ ហើយធ្វើវាទៅកាន់ពួកសិស្សរបស់ព្រះអង្គ។ ព្រះអង្គចង់បង្រៀនពួកគេអំពី សារៈសំខាន់នៃការ បម្រើគ្នាទៅវិញទៅមក ដោយបន្ទាបខ្លួន។
១៣:១៣-១៥ ក្នុងនាមជាគ្រូ ហើយជាព្រះអម្ចាស់របស់ពួកគេ ព្រះយេស៊ូវបង្គាប់ពួកគាត់ឲ្យបង្ហាញការ បន្ទាបខ្លួនដូចគ្នានេះដែរ ហើយសេចក្តីស្រឡាញ់ដ៏លះបង់ចំពោះគ្នាទៅវិញទៅមក។ ព្រះយេស៊ូវបានបម្រើដោយបន្ទាបខ្លួនយ៉ាងដូច្នេះ ដូច្នេះហើយការនោះក៏ជាការត្រឹមត្រូវសម្រាប់អ្នកបម្រើ ព្រះអង្គនៅក្នុងការធ្វើកិច្ចការដូចគ្នានោះដែរ។ ការបន្ទាបខ្លួនរបស់ព្រះគ្រីស្ទគឺជាគំរូមួយសម្រាប់ សិស្សរបស់ព្រះអង្គ។ ផ្ទុយពីការប្រាថ្នាដើម្បីឲ្យបានមុខដំណែងនិងការគោរពនៅក្នុងលោកីយ ពួកគេគួរតែបម្រើគ្នាទៅវិញទៅមក ហើយការដែលធ្វើដូច្នេះគឺជាការឆ្លុះបញ្ចាំងពីលក្ខណៈនៃព្រះអម្ចាស់ របស់គេទៅកាន់ពិភពលោកទាំងមូល (ម៉ាថាយ ២០:២៦-២៨; ភីលីព ២:៥-៨; ១ ពេត្រុស ២:២១)។
ព្រះយេស៊ូវប្រាប់ពួកសិស្សថា ព្រះអង្គ បានមក "មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ" (ម៉ាកុស ១០:៤៥)។ ព័ន្ធកិច្ចរបស់ព្រះអង្គ ទាំងមូល គឺជាឧទាហរណ៍នៃការបម្រើខណៈដែល ព្រះអង្គបំពេញតម្រូវការ របស់មនុស្សគ្រប់គ្នា ដែលនៅជុំវិញទ្រង់ តាមរយៈការប្រោសឲ្យជា ការបង្រៀន ការឱ្យអាហារ និងការលះបង់ជីវិតរបស់ព្រះអង្គសម្រាប់ពួកគេ។ ព្រះយេស៊ូមិនបានបង្រៀន ត្រឹមតែពាក្យសម្ដី ប៉ុណ្ណោះទេ តែទ្រង់បង្រៀនដោយប្រព្រឹត្តរបស់ទ្រង់ ដែលជាគម្រូមកកាន់យើងទៀតផង។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បាវមិនមែនធំជាងចៅហ្វាយទេ ហើយអ្នកបំរើក៏មិនធំជាងអ្នកដែលប្រើដែរ
១៣:១៦ ព្រះយេស៊ូវបានយកដំណែងជាបាវបម្រើ ដូច្នេះហើយ អ្នកបម្រើររបស់ទ្រង់ និងអ្នកនាំសាររបស់ព្រះអង្គគួរតែបានធ្វើដូចគ្នានេះដែរ។ ស្តេចលើអស់ទាំង ស្តេចបានមកម្រើ ដូច្នេះហើយ ប្រសិនបើយើងពិតជាអ្នកដើរតាមព្រះអង្គមែននោះ យើងក៏គួរតែបម្រើដូចគ្នាដែរ។
បើអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះ ហើយប្រព្រឹត្តតាម នោះមានពរហើយ
១៣:១៧ ជីវិតរបស់គ្រីស្ទានគឺជាការបម្រើគ្នាទៅវិញទៅមក។ សម្រាប់អស់អ្នកណា ដែលស្ម័គ្រចិត្តធ្វើការនេះ ព្រះយេស៊ូវបានមានបន្ទូលថានឹងមានពរជាមិនខាន។ នៅពេលដែល យើងបន្ទាបខ្លួនបម្រើដល់អ្នកដទៃ យើងកំពុងតែស្តាប់បង្គាប់តាមអ្វីដែលព្រះអង្គបង្រៀនឲ្យយើង ធ្វើនោះហើយ ដូច្នេះហើយយើងនឹងទទួលបានព្រះពរពីព្រះអង្គជាមិនខាន។
ខ្ញុំមិនមែននិយាយពីអ្នករាល់គ្នាទាំងអស់ទេ ខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានរើស ប៉ុន្តែ បទគម្ពីរដែលថា «អ្នកដែលបរិភោគនំបុ័ងជាមួយនឹងទូលបង្គំ នោះបានលើកកែងជើង ទាស់នឹងទូលបង្គំវិញ» ពាក្យនោះត្រូវតែបានសំរេច
១៣:១៨ វាពិតជាមានសារៈសំខាន់ខ្លះណាស់ចំពោះការដែលព្រះយេស៊ូវមានបន្ទូលប្រាប់ ដល់សិស្សរបស់ព្រះអង្គអំពីការក្បត់ទ្រង់មុនពេលដែលការនោះកើតមានឡើង ដើម្បីឲ្យគេបានដឹងថា ការនោះមិនមែនជាការដែលពុំអាចរំពឹងទុកបាន ឬជាការប្រឆាំងនឹងគម្រោងការរបស់ព្រះនោះឡើយ។ តាមការពិតទៅពីការក្បត់ទ្រងត្រូវបានប្រកាសនៅក្នុងបទគម្ពីរ ទំនុកដំកើង ៤១:៩ រួចហើយ។ ដាវីឌបានកត់ត្រាអំពីមិត្តសម្លាញ់ម្នាក់ (ការដែលបរិភោគនំប៉័ងជាមួយគ្នា គឺជាទីសំគាល់នៃការប្រកប ជិតស្និត) ដែលនឹង “លើកកែងជើង” មានន័យថា បះបោរ និងក្បត់។
ខ្ញុំប្រាប់អ្នករាល់គ្នាតាំងពីឥឡូវនេះ មុនដែលការនោះកើតមក ដើម្បីកាលណាបានកើតមកដល់ នោះឲ្យអ្នករាល់គ្នាបានជឿថា គឺខ្ញុំនេះហើយ
១៣:១៩ នៅពេលដែលការក្បត់ទ្រងបានកើតឡើងដូចជាអ្វីដែលព្រះយេស៊ូវបានមានព្រះបន្ទូលការនោះ នឹងសម្រេចតាមបទគម្ពីរ ការនេះហើយជួយចម្រើនដល់សេចក្តីជំនឿរបស់ពួកគេលើព្រះអង្គក្នុងនាម ជាព្រះរាជបុត្រានៃព្រះ ដែលគង់នៅជាមួយនឹងព្រះវរបិតា (៨:២៨, ១០:៣០)។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់ឲ្យទៅ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះក៏ឈ្មោះថាទទួលព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ។
១៣:២០ ព្រះវរបិតាបានចាត់ព្រះយេស៊ូវឲ្យមកធ្វើជាតំណាងព្រះអង្គ។ព្រះយេស៊ូវចាត់សិស្សរបស់ព្រះអង្គ ឲ្យទៅធ្វើជាតំណាងព្រះអង្គ។ ដូច្នេះហើយ ការដែលទទួលសិស្សរបស់ទ្រង់នោះគឺបានទទួលទាំង ព្រះយេស៊ូវ និងព្រះវរបិតា។ សិស្សរបស់ព្រះយេស៊ូវគឺជាមនុស្សដែលមកជាមួយនឹងបេសកកម្ម។ យើងត្រូវបានចាត់ឲ្យទៅដោយព្រះយេស៊ូវឲ្យបានប្រកាសដំណឹងល្អរបស់ព្រះអង្គ បង្ហាត់បង្រៀនព្រះបន្ទូលព្រះអង្គ ហើយនាំមនុស្សមកឯព្រះ។
មានពួកអ្នករាល់គ្នាម្នាក់នឹងក្បត់ខ្ញុំ
កាលព្រះយេស៊ូវ ទ្រង់មានបន្ទូលសេចក្ដីទាំងនោះរួចហើយ នោះទ្រង់មានព្រះហឫទ័យតប់ប្រមល់ ហើយក៏ធ្វើបន្ទាល់ថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានពួកអ្នករាល់គ្នាម្នាក់នឹងបញ្ជូនខ្ញុំ
១៣:២១ ព្រះយេស៊ូវមិនមានការភ្ញាក់ផ្អើលចំពោះការក្បត់របស់យូដាសនោះឡើយ។ ព្រះអង្គជ្រាប តាំងពីដំបូងមកម្ល៉េះពីអ្នកដែលនឹងក្បត់ព្រះអង្គ (៦:៦៤, ៦:៧០)។ ប៉ុន្តែនៅពេលដែល “ពេលកំណត់” បានមកដល់ ព្រះយេស៊ូវព្រួយព្រះទ័យហើយក៏បានប្រាប់សិស្ស ព្រះអង្គពីអ្វីដែលនឹងកើតមានឡើង។
ដូច្នេះ ពួកសិស្សក៏ងាកមើលគ្នាទៅវិញទៅមក មិនដឹងជាទ្រង់មានបន្ទូលពីអ្នកណាទេ
១៣:២២ សិស្សផ្សេងទៀតមិនបានសង្ស័យយូដាសនោះឡើយ។
មានសិស្សម្នាក់ដែលព្រះយេស៊ូវស្រឡាញ់ គាត់អង្គុយនៅតុ ផ្អែកលើព្រះឧរាទ្រង់ ដូច្នេះ ស៊ីម៉ូន-ពេត្រុសក៏ធ្វើគ្រឿងសំគាល់ ឲ្យអ្នកនោះទូលសួរព្រះយេស៊ូវ អំពីអ្នកណាដែលទ្រង់មានបន្ទូលនោះ
១៣:២៣-២៤ សិស្សម្នាក់ “ដែលព្រះយេស៊ូវស្រលាញ់” គឺជាយ៉ូហាន អ្នកកត់ត្រាដំណឹងល្អនេះ។ លោកយ៉ូហានមិនដែលកត់ត្រាឈ្មោះរបស់គាត់នៅក្នុងដំណឹងល្អនេះឡើយ ដោយព្រោះតែ សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវមានន័យខ្លាំងណាស់ ចំពោះយ៉ូហានជាជាងឈ្មោះ កេរ្តិ៍ឈ្មោះ ឬកិត្តិយសរបស់គាត់ទៅទៀត។
អ្នកនោះក៏ទូលសួរព្រះយេស៊ូវ ទាំងទំរេតលើព្រះឧរាទ្រង់ថា ព្រះអម្ចាស់អើយ តើអ្នកណា ព្រះយេស៊ូវមានបន្ទូលឆ្លើយថា គឺជាអ្នកដែលខ្ញុំនឹងជ្រលក់ចំណិតនំបុ័ងហុចទៅឲ្យ រួចទ្រង់ជ្រលក់នំបុ័ង១ចំណិត ប្រទានទៅឲ្យយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន
១៣:២៥-២៦ ពួកសាសន៍យូដាមិនអង្គុយបរិភោគនោះឡើយ ប៉ុន្តែគេផ្តេកខ្លួនទៅលើកែងដៃ លើកម្រាលវិញ។ លោក យ៉ូហានកំពុងផ្តេកខ្លួននៅក្បែរព្រះយេស៊ូវនៅខាងស្តាំទ្រង់។ ដូច្នេះហើយខ្នង របស់គាត់នៅគៀកនឹងព្រះយេស៊ូវដែលស្រួលសម្រាប់គាត់នៅក្នុងការនិយាយជាមួយនឹងព្រះយេស៊ូវដោយការផ្តេកខ្នងរបស់គាត់ទៅលើព្រះអង្គ។
អ្នកដឹកនាំពិធីនឹងជ្រលក់នំប៉័ងចូលទៅក្នុងចាន ហើយហុចទៅឲ្យភ្ញៀវម្នាក់ជាសញ្ញានៃការគោរព និងមិត្តភាព។ ព្រះយេស៊ូវបានប្រើប្រពៃណីនេះនៅក្នុងការបង្ហាញដល់យ៉ូហានថា គឺយូដាសដែលជា អ្នកក្បត់។
ក្រោយដែលទទួលចំណិតនោះហើយ នោះអារក្សសាតាំងក៏ចូលវា រួចព្រះយេស៊ូវមានបន្ទូលទៅវាថា ការអ្វីដែលអ្នកគិតធ្វើ នោះចូរធ្វើជាប្រញាប់ទៅចុះ
១៣:២៧ ព្រះយេស៊ូវមិនបានបង្គាប់ឲ្យយូដាសចេញទៅក្បត់ព្រះអង្គនោះឡើយ; តែព្រះអង្គកំពុងតែ មានបន្ទូលប្រាប់គាត់ឲ្យធ្វើការនោះឲ្យឆាប់ចុះចំពោះអ្វីដែលគាត់បានសម្រេចចិត្តក្នុងការធ្វើហើយនោះវិញ។ សាតាំងបានដាក់ការនោះនៅក្នុងចិត្តរបស់យូដាសសម្រាប់ការក្បត់ព្រះយេស៊ូវរួចទៅហើយ (ខ២)។ ពេលនេះសាតាំងចុះចូលទៅក្នុងគាត់ហើយធ្វើការជាមួយនឹងយូដាស។
ប៉ុន្តែ ក្នុងពួកអ្នកដែលអង្គុយនៅតុ គ្មានអ្នកណាដឹងជាទ្រង់មានបន្ទូលទៅវា ដោយហេតុអ្វីទេ ខ្លះស្មានថា ដោយព្រោះយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូវ ទ្រង់ប្រាប់ឲ្យវាទៅទិញអីវ៉ាន់អ្វីនិមួយ ដែលត្រូវការសំរាប់បុណ្យនោះ ឬឲ្យវាចែកទានអ្វីដល់ពួកអ្នកក្រីក្រ
១៣:២៨-២៩ ព្រះយេស៊ូវអនុញ្ញាតឲ្យយូដាសចាកចេញដោយមិនឲ្យសិស្សផ្សេងទៀតបានដឹងថា គាត់ទៅដោយហេតុអ្វីឡើយ។ ប្រសិនបើគេបានដឹងនោះ ពួកគេនឹងព្យាយាមបញ្ឈប់គាត់ជាមិនខាន។
កាលវាបានទទួលចំណិតនំនោះ វាក៏ចេញទៅជា១រំពេច ពេលនោះយប់ហើយ។
១៣:៣០ ពេលនោះជាពេលយប់ (ប្រហែលជាម៉ោង ៩យប់) ប៉ុន្តែក៏ជាពេល “យប់” ខាងព្រលឹងវិញ្ញាណសម្រាប់យូដាសដែរ។ គាត់ចាកចេញពីពន្លឺរបស់លោកីយ ហើយពេលនេះដើរនៅក្នុង សេចក្តីងងឹត (៨:១២, ១២:៣៥; ១ យ៉ូហាន ១:៦, ២:៩-១១)។
សេចក្ដីបញ្ញត្ត១ថ្មី
កាលវាចេញផុតទៅ នោះព្រះយេស៊ូវមានបន្ទូលថា ឥឡូវនេះ កូនមនុស្សបានដំកើងឡើងហើយ ព្រះក៏បានដំកើងឡើងក្នុងកូនមនុស្សដែរ
១៣:៣១ ភ្លាមនោះក្រោយពេលដែលយូដាសបានចាកចេញទៅហើយ ព្រះយេស៊ូវបានចាប់ផ្តើមបង្រៀន ដល់សិស្សព្រះអង្គ។ ព្រះអង្គជ្រាបថានេះជាពេលចុងក្រោយដែលព្រះអង្គអាចមានបន្ទូលទៅកាន់ ពួកគេមុនពេលដែលព្រះអង្គសុគត។ព្រះអង្គបានចាប់ផ្តើមដោយការមានបន្ទូលថា "ឥឡូវនេះ កូនមនុស្ស បានដំកើងឡើងហើយ ព្រះក៏បានដំកើងឡើងក្នុងកូនមនុស្សដែរ"។ ព្រះយេស៊ូវដែលជា កូនមនុស្ស បានដំកើងឡើងហើយដោយការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ដែលជាការសម្រេចព័បេសកកម្ម របស់ព្រះអង្គ និងជាការសម្រេចសេចក្តីប្រោសលោះសម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ។ ការយកឈ្នះរបស់ព្រះអង្គ លើអំពើបាប សេចក្តីស្លាប់ និងសាតាំង នឹងទទួលរង្វាន់ពីព្រះវរបិតា និងសរសើរពីប្រជារាស្រ្តរបស់ព្រះអង្គជារៀងរហូត។
ព្រះបានដំកើងឡើងនៅក្នុងព្រះរាជបុត្រាព្រះអង្គដោយព្រោះតែព្រះយេស៊ូវបានសម្រេចនូវកិច្ចការដែលព្រះបានប្រទានមកឲ្យព្រះអង្គធ្វើ (១៧:៤)។ នេះជារបៀបដែលមនុស្សម្នាក់ថ្វាយសរសើរដំកើងព្រះ ដោយការធ្វើកិច្ចការដែលព្រះប្រទានឲ្យយើងធ្វើដោយស្មោះត្រង់។ សម្រាប់ព្រះយេស៊ូវកិច្ចការ ដែលព្រះវរបិតាប្រទានឲ្យព្រះអង្គធ្វើគឺឲ្យបានសុគតដើម្បីប្រោសលោះមនុស្សមានបាបដែលបាត់បង់។ កិច្ចការនៃការប្រោសលោះនេះបានលើកដំកើងព្រះវរបិតា ដែលទ្រង់បានរៀបគម្រោងការនេះ ហើយដំកើង ព្រះរាជបុត្រាដែលបានសម្រេចកិច្ចការនេះ។
បើសិនជាព្រះបានដំកើងឡើងក្នុងកូនមនុស្ស នោះទ្រង់នឹងដំកើងកូនមនុស្សឡើងក្នុងព្រះអង្គទ្រង់ដែរ ក៏នឹងដំកើងកូនមនុស្សឡើងជា១រំពេចផង
១៣:៣២ ដោយព្រោះតែព្រះរាជបុត្រាបានដំកើងព្រះវរបិតាដោយការធ្វើកិច្ចការដែលទ្រង់បានចាត់ឲ្យ ព្រះអង្គធ្វើនោះ ព្រះវរបិតានឹងលើកដំកើងព្រះរាជបុត្រាដែរ (១៧:១-៥)។ ព្រះវរបិតាដ៏ជា ព្រះនឹងទតឃើញថាសរសើរដំកើងដ៏សក្តិសមនោះគឺត្រូវប្រទានដល់ព្រះរាជបុត្រាជាទីស្រឡាញ់របស់ព្រះអង្គភ្លាមៗដោយគ្មានការពន្យាពេលទៀតឡើយ។ព្រះអង្គបានសម្រេចការនេះដោយការប្រោសព្រះយេស៊ូវឲ្យរស់ពីសុគតឡើងវិញ បន្ទាប់មកលើកព្រះអង្គឡើងទៅស្ថានសួគ៌ឲ្យបានគង់នៅខាងព្រះហស្តស្តាំនៃទ្រង់។
ឱកូនរាល់គ្នាអើយ ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ អ្នករាល់គ្នានឹងរកខ្ញុំ តែដូចជាខ្ញុំបានប្រាប់ដល់ពួកសាសន៍យូដារួចហើយថា កន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ ឥឡូវនេះ ខ្ញុំក៏ប្រាប់ដល់អ្នករាល់គ្នាដូច្នោះដែរ
១៣:៣៣ ព្រះយេស៊ូវហៅសិស្សរបស់ព្រះអង្គថា “កូនតូច”។ ជាការបង្ហាញពីការព្រួយបារម្ភ និងសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះគេ ហើយនឹងការដែលទ្រង់ជ្រាបពីការពឹងផ្អែក និងភាពទន់ខ្សោយ របស់គេ។ កិច្ចការរបស់ព្រះយេស៊ូវជិតមកដល់ទីបញ្ចប់ហើយ ប៉ុន្តែ កិច្ចការរបស់ពួកគេទើបតែចាប់ផ្តើមទេ (ម៉ាថាយ ២៨:១៦-២០; ម៉ាកុស ១៦:១៥; លូកា ២៤:៤៧)។ មុនពេលដែលពួកគេអាចទៅ ឯព្រះអង្គបាន ពួកគេត្រូវការទទួលព្រះវិញ្ញាណបរិសុទ្ធ រួមចំណែក នៅក្នុងសេចក្តីស្រឡាញ់នៃព្រះវរបិតា និងសម្រេចកិច្ចការរបស់ព្រះអង្គ ដូចដែលព្រះយេស៊ូវបានសម្រេចដែរ។
ខ្ញុំឲ្យសេចក្ដីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ
១៣:៣៤ សេចក្តីបញ្ញត្តនោះថ្មីដោយព្រោះតែ លេវីវិន័យ ១៩:១៨ បង្រៀន “ឲ្យស្រឡាញ់អ្នកជិតខាងខ្លួនដូចជាខ្លួនឯង”។ ប៉ុន្តែពេលនេះព្រះយេស៊ូវបង្រៀនថា យើងត្រូវស្រឡាញ់ បងប្អូនប្រុសស្រីរបស់យើងនៅក្នុងព្រះគ្រីស្ទដូចដែលព្រះគ្រីស្ទាបានស្រឡាញ់យើង ហើយនិង សេចក្តីស្រឡាញ់នោះគឺលើសជាងយើងស្រឡាញ់ខ្លួនយើងទៅទៀត។ ព្រះអង្គស្រឡាញ់សិស្សព្រះអង្គ ដោយគ្មានកម្រិតនោះឡើយ (១៣:១-៥) ហើយព្រះអង្គសព្វព្រះទ័យឲ្យយើងធ្វើដូចគ្នាដែរ (១ យ៉ូហាន ៤:៧-១២, ៤:១៩-២១)។ ដូច្នេះហើយ កម្រិតនោះមិនមែនថាតើយើងស្រឡាញ់ខ្លួន យើងខ្លាំងប៉ុណ្ណានោះទៀតឡើយ (លេវីវិន័យ ១៩:១៨; ម៉ាថាយ ២២:៣៧-៤០) ប៉ុន្តែគឺថាតើព្រះយេស៊ូវស្រឡាញ់យើងប៉ុណ្ណា (១ យ៉ូហាន ២:៧-៨; ម៉ាថាយ ២៥:៤០; កាឡាទី ៦:១០; អេភេសូ ៥:២៥)។ សេចក្តីស្រឡាញ់របស់ព្រះអង្គគឺជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត ជាការលះបង់ជីវិតដើម្បីមិត្ដសម្លាញ់របស់ខ្លួន។
សេចក្តីស្រឡាញ់នេះគឺ ផ្តល់ឲ្យដោយសេរី (គ្មាននរណាត្រូវបានបង្ខំឲ្យធ្វើទេ វាគឺជាជម្រើសរបស់អ្នកផ្តល់ឲ្យ) មិនគិតពីខ្លួនឯង (វាគឺជាការមិនព្យាយាមកេងចំណេញពីអ្នកដទៃ ប៉ុន្តែឲ្យទៅពួកគេវិញ) និងការលះបង់ (វាគឺជាការចំណាយរបស់អ្នកផ្តល់ឲ្យក្នុងការឲ្យ)។ ព្រះយេស៊ូវប្រទានដោយសេរី ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ហើយលះបង់ដល់អ្នកដទៃ ដើម្បីជាប្រយោជន៍ និងសេចក្តីល្អរបស់ពួកគេ។ ព្រះយេស៊ូវស្រឡាញ់ពួកសិស្សរបស់ព្រះអង្គ។ ពួកសិស្សរបស់ព្រះអង្គ មានការត្រាស់ហៅឱ្យដើរតាម និងត្រាប់តាមព្រះអង្គ។ ដូច្នេះហើយ ពួកគេត្រូវតែបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ ទៅកាន់គ្នាទៅវិញទៅមក។
គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក
១៣:៣៥ ទីសំគាល់សម្រាប់ពិភពលោកឲ្យបានស្គាល់ថាយើងជាសិស្សរបស់ព្រះយេស៊ូវគឺជា សេចក្តីស្រឡាញ់ដែលយើងមានចំពោះគ្នាទៅវិញទៅមក។ យើងស្រឡាញ់គ្នាទៅវិញទៅមក ដោយការប្រើជីវិតរបស់យើងនៅក្នុងការបម្រើគេ។ នេះជាសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវបានបង្ហាញ ដោយការលាងជើងសិស្សរបស់ព្រះអង្គ ហើយទ្រង់នឹងប្រទាននូវការបង្ហាញដ៏អស្ចារ្យបំផុត នៃសេចក្តីស្រឡាញ់នេះ នៅថ្ងៃបន្ទាប់នៅលើឈើឆ្កាង។
ស៊ីម៉ូន-ពេត្រុសទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើទ្រង់យាងទៅឯណា ព្រះយេស៊ូវទ្រង់ឆ្លើយថា កន្លែងដែលខ្ញុំទៅ នោះអ្នកពុំអាចនឹងទៅតាម ក្នុងគ្រាឥឡូវនេះបានទេ លុះគ្រាក្រោយ ទើបអ្នកនឹងទៅបាន
១៣:៣៦ លោកពេត្រុសបានគិតថាព្រះយេស៊ូវនឹងធ្វើដំណើរ ហើយមិនបានយល់ថាហេតុអ្វីបានជា គាត់មិនអាចទៅឯព្រះអង្គបានឡើយ។ គាត់មិនយល់ថាព្រះយេស៊ូវមានបន្ទូលពីការសុគតរបស់ព្រះអង្គទេ។ ព្រះយេស៊ូវពន្យល់ថាពេត្រុសនឹងបានទៅឯព្រះអង្គនៅពេលក្រោយ (ពេលដែលពេត្រុសស្លា ប់និងទៅឯ ព្រះយេស៊ូវនៅឯស្ថានសួគ៌) ប៉ុន្តែគាត់មិនអាចទៅក្នុងពេលនេះបានទេ (២១:១៨-១៩)។
ពេត្រុសទូលទ្រង់ថា ព្រះអម្ចាស់អើយ ហេតុអ្វីបានជាទូលបង្គំទៅតាម ក្នុងគ្រានេះពុំបាន ទូលបង្គំស៊ូតែប្តូរជីវិតជំនួសទ្រង់ ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគាត់ថា តើអ្នកនឹងប្តូរជីវិតជំនួសខ្ញុំឬ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា មាន់មិនរងាវទៀត ទាល់តែអ្នកបានប្រកែក៣ដង ថាមិនស្គាល់ខ្ញុំ។
១៣:៣៧-៣៨ ការប្តេជ្ញារបស់លោកពេត្រុសនោះពិតណាស់។ គាត់ខ្វល់ចំពោះការដែលបាន នៅជាមួយនឹងព្រះយេស៊ូវជាជាងការរក្សាជីវិតរបស់គាត់។ គាត់ពិតជាស្មោះត្រង់មែន ប៉ុន្តែសេចក្តីជំនឿ របស់គាត់មិនបានរឹងមាំដូចដែលគាត់បានគិតនោះឡើយ។ ក្រោយមកគាត់នឹងដាក់ជីវិតរបស់គាត់ចុះ សម្រាប់ព្រះយេស៊ូវ ប៉ុន្តែពេលនេះគាត់រៀបនឹងបដិសេធព្រះយេស៊ូវបីដងវិញ។




