top of page
Wooden Frame Window

ការស្លាប់របស់ឡាសារ

មាន​បុរស​ម្នាក់ ឈ្មោះ​ឡាសារ មាន​ជំងឺ​ឈឺ គាត់​នៅ​ភូមិ​បេ‌ថានី ជា​ភូមិ​របស់​នាង​ម៉ារា នឹង​បង​នាង​ឈ្មោះ​ម៉ាថា 2ឯ​នាង​ម៉ារា ដែល​ប្អូន​នាង​ឈ្មោះ​ឡាសារ​មាន​ជំងឺ​នេះ គឺ​នាង​នេះ​ហើយ ដែល​បាន​ចាក់​ប្រេង​ក្រអូប លាប​ថ្វាយ​ព្រះ‌អម្ចាស់ រួច​យក​សក់​នាង​ជូត​ព្រះ‌បាទ​ទ្រង់

 

១១:១ ភូមិបេថានី ស្ថិតនៅប៉ែកខាងកើតនៃភ្នំដើមអូលីវ មានចំងាយប្រហែលជាបីគីឡូម៉ែត្រ ពីក្រុងយេរូសាឡិម។​ យើង​អាន​អំពី​បងប្អូន​ស្រី​ពីរ​នាក់​នេះ ម៉ារៀ និង​ម៉ាថា នៅ​លូកា ១០:៣៨-៤២។

១១:២ លោកយ៉ូហានកត់ត្រាព្រឹត្តិការណ៏នៃការដែលម៉ារាចាក់ប្រេងលាបព្រះយេស៊ូវគឺនៅក្នុងជំពូក បន្ទាប់។​

 

បង​ប្អូន​ស្រី​២​នាក់​នោះ ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ព្រះ‌យេស៊ូវ ទូល​ថា ព្រះ‌អម្ចាស់​អើយ មើល អ្នក​ដែល​ទ្រង់​ស្រឡាញ់​នោះ​គាត់​ឈឺ 

 

១១:៣ ការទូលអង្វរនេះគឺស្រដៀងគ្នាទៅនៅនឹងការស្នើសុំរបស់មាតាព្រះយេស៊ូវនៅក្នុងពិធីមង្គលការ នៅភូមិ​កាណា (២:៤) ដោយព្រោះតែបងប្អូនស្រីទាំងពីរនាក់ទូលប្រាប់ព្រះយេស៊ូវពីសេចក្តីត្រូវការ ប៉ុន្តែមិនបានទូលប្រាប់ព្រះអង្គនូវ អ្វី ដែលព្រះអង្គត្រូវធ្វើនោះឡើយ។ ពួកគេដឹងថាព្រះយេស៊ូវស្រឡាញ់ ឡាសារ ដូច្នេះហើយព្រះអង្គនឹងធ្វើអ្វីដែលល្អបំផុតក្នុងស្ថានភាពនេះ។

កាល​ទ្រង់​បាន​ឮ​ដូច្នេះ នោះ​ក៏​មាន​បន្ទូល​ថា ជំងឺ​នេះ​មិន​មែន​ដល់​ស្លាប់​ទេ គឺ​សំរាប់​ជា​កិត្តិសព្ទ​ដល់​ព្រះ​វិញ ដើម្បី​នឹង​លើក​ដំកើង​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដោយ‌សារ​ជំងឺ​នេះ​ឯង

 

១១:៤ ឡាសារ បានស្លាប់ទៅហើយ ពេលដែលព្រះយេស៊ូវមានព្រះបន្ទូលពីការនេះ ដូច្នេះហើយ ព្រះអង្គមិនមែនមានន័យថាឡាសារនឹងមិនស្លាប់នោះឡើយ ប៉ុន្តែសេចក្តីស្លាប់នឹងមិនមែនជាលទ្ធផល ចុងក្រោយ​នៃ​រឿងនោះឡើយ។ ជំងឺនេះមិននឹងបញ្ចប់នៅក្នុងសេចក្តីស្លាប់នោះឡើយ  ឡាសារនឹងត្រូវបាន ប្រោសឲ្យរស់ពីស្លាប់ឡើងវិញហើ​យការនេះនឹងបើកសំដែងពីសិរីល្អនសព្រះ។ ព្រះវរបិតានឹងត្រូវទទួលបាន ការសរសើរដំកើងដែលទ្រង់ជាប្រភពនៃជីវិត  ​ហើយព្រះរាជបុត្រានឹងត្រូវបានសរសើរដំកើង ដោយព្រោះតែ ទ្រង់ជាអង្គដែលបានប្រទានឲ្យមានជីវិតដល់អ្នកស្លាប់។  នេះជាចំនុចសំខាន់នៃដំណឹងល្អ។  ​សិរីល្អនៃព្រះ ត្រូវបានឃើញនៅ ក្នុងជ័យជំនះរបស់ទ្រង់លើសេចក្តីស្លាប់។  ​

រីឯ​ព្រះ‌យេស៊ូវ ទ្រង់​ស្រឡាញ់​នាង​ម៉ាថា នឹង​ប្អូន​ស្រី​នាង ហើយ​នឹង​ឡាសារ​ផង ដូច្នេះ កាល​ទ្រង់​បាន​ឮ​ថា គាត់​ឈឺ នោះ​ទ្រង់​ក៏​គង់​នៅ​កន្លែង​ដដែល​២​ថ្ងៃ​ទៀត

 

១១:៥-៦ ការសម្រេចព្រះទ័យនៅក្នុងការពន្យាពេលនៅក្នុងការទៅឯឡាសារមិនបានធ្វើឲ្យមានភាពខុសគ្នា ចំពោះការស្លាប់របស់គាត់នោះឡើយ។   ព្រះយេស៊ូវរង់ចាំត្រឹមតែពីរថ្ងៃតែប៉ុណ្ណោះ ហើយពេលដែលព្រះអង្គ យាងមកដល់ភូមិបេថានី  ឡាសារបានស្លាប់អស់រយៈពេលបួនថ្ងៃមកហើយ (ខ១៧, ៣៩)។  ដូច្នេះហើយ ប្រសិនបើព្រះអង្គយាងទៅភ្លាមនោះក៏ដោយ ឡាសារនៅតែស្លាប់អស់រយៈពេលពីរថ្ងៃ។  ​

 

ដូច្នេះ ហេតុអ្វីបានជាព្រះយេស៊ូវពន្យាពេល? ​សូមចំណាំពីទំនាក់ទំនងរវាងខទី៥និង៦។  ការពន្យាពេលដោយព្រោះតែព្រះអង្គស្រឡាញ់គ្រួសារនេះ។  សេចក្តីស្រឡាញ់ធ្វើអ្វីដែលប្រសើរបំផុត សម្រាប់អ្នកដទៃ។  ​ដូច្នេះហើយ  នឹងមានអត្ថប្រយោជន៍សម្រាប់ពួកគេដែលព្រះយេស៊ូវយាងមកដល់នៅ ក្នុងរយៈពេលបួនថ្ងៃបន្ទាប់ពីឡាសារបានស្លាប់ជាជាងក្នុងរយៈពេល ២ថ្ងៃ ដូចដែលយើងនឹងឃើញ។  

 

ក្រោយ​នោះ​មក ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​យើង​ត្រឡប់​ទៅ​ឯ​ស្រុក​យូដា​វិញ ពួក​សិស្ស​ទូល​ទ្រង់​ថា លោក​គ្រូ ពួក​សាសន៍​យូដា​ទើប​នឹង​រក​ចោល​លោក​នឹង​ថ្ម​ពី​មុន​នោះ ដូច្នេះ តើ​លោក​គិត​ទៅ​ឯ​ណោះ​ទៀត​ឬ

 

១១:៧-៨ សិស្សរបស់ព្រះយេស៊ូវបានមានការភ្ញាក់ផ្អើលដែលថាព្រះអង្គនឹងវិលត្រឡប់ទៅស្រុកយូដាវិញ ដោយព្រោះតែពួកគេដឹងថា សាសន៍​យូដានៅទីនោះចង់ធ្វើគត់ព្រះអង្គ (៧:១, ៨:៥៩, ១០:៣១)។  ​

 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ក្នុង​១​ថ្ងៃ មាន​១២​ម៉ោង​ទេ​តើ បើ​អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ នោះ​មិន​ជំពប់​ជើង​ទេ ព្រោះ​ឃើញ​ពន្លឺ​លោកីយ​នេះ តែ​បើ​អ្នក​ណា​ដើរ​នៅ​ពេល​យប់ នោះ​ត្រូវ​ជំពប់​ជើង​វិញ ពី​ព្រោះ​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​សោះ

 

១១:៩-១០ ព្រះយេស៊ូវឆ្លើយដោយការមានព្រះបន្ទូលថាព្រះអង្គនៅមានកិច្ចការដែលត្រូវធ្វើ។  ​​មានពេល ដប់ពីរម៉ោងនៅក្នុងពេលថ្ងៃ ​ជាពេលដែលមនុស្សអាចធ្វើការបាន។  ​ក្នុងពេលដែលមនុស្សធ្វើការនៅក្នុង ពេលនេះ គ្មានគ្រោះថ្នាក់ចំពោះការជំពប់ដួលនោះឡើយដោយព្រោះតែគាត់អាចមើលឃើញទិសដៅ ដែលគាត់ទៅ។  ​ “ពន្លឺលោកីយនេះ” (ពន្លឺថ្ងៃ) ជួយគាត់ឲ្យរួចពីការជំពប់ដួល។  ​

 

សុភាសិតនេះក៏ មានអត្ថន័យជ្រាលជ្រៅផងដែរ។   ​រយៈពេលដប់ពីរម៉ោងគឺជារបៀប ដែលនិយាយថា ជាពេលវេលា ដែលត្រូវបានប្រទានមកពីព្រះ (“ពេលថ្ងៃ”) សម្រាប់កិច្ចការរបស់ព្រះយេស៊ូវ។  ​ព្រះយេស៊ូវ “ដើរ​នៅ​ពេល​ថ្ងៃ” ដោយធ្វើកិច្ចការក្នុងការស្តាប់បង្គាប់យ៉ាងល្អឥតខ្ចោះតាមបំណងព្រះហឫទ័យនៃព្រះ។   ​ដូច្នេះហើយ គ្មានគ្រោះថ្នាក់ចំពោះព្រះអង្គនៅក្នុងការដែលត្រូវគេធ្វើគតមុនពេលកំណត់នោះឡើយ។  បន្តិចទៀត ពេលវេលានឹងមកដល់ (“ពេលយប់”)  តាមផែនការណ៏របស់ព្រះ  កិច្ចការរបស់ព្រះអង្គ នៅផែនដីនេះត្រូវបញ្ចប់។  ​ប៉ុន្តែរហូតដល់ពេលនោះ  ព្រះអង្គនឹងត្រូវបានការពារ ឲ្យមានសុវត្ថិភាព​​​ដើម្បីឲ្យ ព្រះអង្គអាចសម្រេចកិច្ចការ ដែលព្រះវរបិតាទ្រង់បានប្រទានឲ្យព្រះអង្គធ្វើ។  ​

ក្រោយ​ដែល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ នោះ​ក៏​មាន​បន្ទូល​ទៀត​ថា ឡាសារ ជា​សំឡាញ់​យើង គាត់​បាន​ដេក​លក់​ទៅ​ហើយ ខ្ញុំ​ទៅ​ដើម្បី​នឹង​ដាស់​គាត់​ឡើង ដូច្នេះ ពួក​សិស្ស​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ​គាត់​ដេក​លក់ នោះ​គាត់​នឹង​បាន​ជា​វិញ ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ពី​គាត់​ស្លាប់​ទេ តែ​គេ​ស្មាន​ថា ទ្រង់​មាន​បន្ទូល​អំពី​គាត់​គ្រាន់​តែ​ដេក​សំរាក​ប៉ុណ្ណោះ

 

១១:១១-១៣ ​​ព្រះយេស៊ូវជ្រាបថាឡាសារបានស្លាប់រួចទៅហើយ (ខ១៤)។  នៅក្នុងព្រះគម្ពីរសញ្ញាថ្មី  សេចក្តីស្លាប់ត្រូវបានគេហៅថា “ដេកលក់”​  (កិច្ចការ ៧:៦០; ១ កូរិនថូស ១៥:៥១; ១ ថែស្សាឡូនិច ៤:១៣)។   យ៉ាងណាម៉ិញ  ពួកសិស្សមិនបានយល់ ហើយបានគិតថាព្រះអង្គមានបន្ទូលពីការដេកលក់ ពិតប្រាកដទៅវិញ។  

 

នៅពេលដែលអ្នកជឿម្នាក់ស្លាប់ទៅ ព្រលឹងវីញ្ញាណគាត់ទៅនៅជាមួយនឹងព្រះ (សាស្តា​ ១២:៧; ភីលីព ១:២១-២៣)  ប៉ុន្តែរូបកាយរបស់គាត់​ “ដេកលក់” នៅក្នុងផ្នូររហូតដល់ពេលដែល ការរស់ពីស្លាប់ឡើងវិញពេលដែលព្រះយេស៊ូវយាងមកជាលើកទីពីរ (១ កូរិនថូស ១៥)។  នៅថ្ងៃនោះ  មិត្តសម្លា​ញ់​របស់ព្រះយេស៊ូវទាំងអស់ ដែលបាន “ដេកលក់ទៅហើយ” នឹងត្រូវបានដាស់ឲ្យក្រោកឡើង ដោយព្រះអង្គ ដែលគឺជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត (១១:២៥)។  ​

 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ជា​យ៉ាង​ច្បាស់​ថា ឡាសារ​ស្លាប់​ហើយ ខ្ញុំ​ក៏​អរ​ណាស់ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា ព្រោះ​ខ្ញុំ​មិន​បាន​នៅ​ឯ​ណោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ ឥឡូវ ចូរ​យើង​ទៅ​ឯ​គាត់​ចុះ  

១១:១៤-១៥​ ព្រះបន្ទូលរបស់ព្រះយេស៊ូវបង្ហាញពីព្រះប្រាជ្ញាដ៏អស្ចារ្យរបស់ព្រះអង្គ។  ដំណឹង ដែលព្រះអង្គ ទទួលបាននោះគឺថាឡាសារគឺ​ “ឈឺ” (ខ៦)  ប៉ុន្តែព្រះយេស៊ូវជ្រាបថា ឡាសារបានស្លាប់ទៅហើយ។  ​ព្រះអង្គក៏បានជ្រាបថាការអស្ចារ្យដែលព្រះអង្គនឹងធ្វើ នឹងត្រូវលើកទឹកចិត្ត សេចក្តីជំនឿសិស្សរបស់ព្រះអង្គ ហើយការនេះធ្វើឲ្យទ្រង់រីករាយ។  ​

 

ដូច្នេះ ថូម៉ាស​ដែល​ហៅ​ថា ឌីឌីម គាត់​និយាយ​ទៅ​ពួក​សិស្ស ជា​គូ‌កន​គាត់​ថា ចូរ​យើង​រាល់​គ្នា​ទៅ​ដែរ ដើម្បី​នឹង​ប្តូរ​ស្លាប់​ជា​មួយ​នឹង​លោក។  

 

១១:១៦​ ថូម៉ាសគិតថាព្រះយេស៊ូវនឹងត្រូវគេធ្វើគត់នៅក្នុងស្រុកយូដា ហើយថាសិស្សរបស់ព្រះអង្គ នឹងត្រូវស្លា​ប់​​ជាមួយនឹងទ្រង់។  ​ភាពស្មោះត្រង់របស់គាត់ ត្រូវបានបង្ហាញពីការត្រៀមខ្លួនជាស្រេច នៅក្នុងការទៅជាមួយនឹងព្រះយេស៊ូវដោយមិនខ្វល់ពីគ្រោះថ្នាក់។  ​

 

ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត

 

កាល​ព្រះ‌យេស៊ូវ​យាង​ទៅ​ដល់​ហើយ នោះ​បាន​ឮ​ថា ឡាសារ​នៅ​ក្នុង​ផ្នូរ​អស់​៤​ថ្ងៃ​ហើយ

 

១១:១៧ មានសាសន៍យូដាជាច្រើនជឿថាព្រលឹងវិញ្ញាណនៅមានវត្តមានក្បែររូបកាយរយៈពេល បីថ្ងៃបន្ទាប់ពីស្លាប់ទៅដោយសង្ឃឹមថានឹងបានវិលត្រឡប់ចូលទៅក្នុងរូបកាយវិញ។  ​ប៉ុន្តែគេយល់ស្របថា បន្ទាប់ពីរយៈពេលបួនថ្ងៃគ្មានសង្ឃឹមចំពោះការជួយឲ្យរស់ពីស្លាប់ឡើងវិញឡើយដោយព្រោះតែរូបកាយចាប់ផ្តើមរលួយទៅហើយនៅក្នុងពេលនោះ។  ​នេះអាចជាហេតុផលចំពោះការរង់ចាំពីរថ្ងៃរបស់ព្រះយេស៊ូវ ដើម្បីឲ្យឡាសារបានស្លាប់អស់រយៈពេលបួនថ្ងៃ ជាជាងពីរថ្ងៃ។  ​ព្រះអង្គបានរង់ចាំរហូតដល់ពេលដែល ពួកសាសន៍យូដាគិតថាវាជាការដែលមិនអាចកើតឡើងបានទេដែលអាចនឹងធ្វើឲ្យឡាសាររស់ឡើងជាថ្មីនោះ។  ​បន្ទាប់មក ព្រះអង្គធ្វើការអស្ចារ្យ។  ការអស្ចារ្យនោះបានបង្កើនសេចក្តីជំនឿរបស់សិស្សទ្រង់ និងមិត្តសម្លាញ់ទ្រង់កាន់តែខ្លាំងឡើងលើសជាងប្រសិនបើការដែលព្រះអង្គយាងទៅភូមិបេថានីភ្លាមៗ។  

រីឯ​ភូមិ​បេ‌ថានី នោះ​នៅ​ជិត​ក្រុង​យេរូ‌សាឡិម ប្រហែល​ជា​៣​គីឡូ​ម៉ែត្រ​ទេ ហើយ​មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​មក ដើម្បី​ជួយ​កំសាន្ត​ទុក្ខ​នាង​ម៉ាថា នឹង​ម៉ារា ពី​ដំណើរ​ប្អូន​ស្លាប់

 

១១:១៨-១៩ ​ការពិតដែលភូមិបេថានីនៅជិតក្រុងយេរូសាឡិមត្រូវបានលើកឡើងនៅត្រង់នេះដើម្បីពន្យល់ អំពីវត្តមានរបស់សាសន៍យូដាជាច្រើន ដែលបានមកជួយកំសាន្តចិត្តដល់បងប្អូនស្រីទាំងពីរនាក់។    ការនេះបង្ហាញថា គ្រួសារនោះត្រូវបានគេស្គាល់ច្រើនហើយថាមានសាក្សីពីការអស្ចារ្យនោះជាច្រើនផងដែរ។  ​

កាល​ម៉ាថា​បាន​ឮ​ថា ព្រះ‌យេស៊ូវ​យាង​មក​ហើយ នោះ​នាង​ក៏​ទៅ​ទទួល​ទ្រង់ តែ​ម៉ារា​អង្គុយ​នៅ​ឯ​ផ្ទះ ម៉ាថា​ទូល​ព្រះ‌យេស៊ូវ​ថា ព្រះ‌អម្ចាស់​អើយ បើ​សិន​ជា​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ ប៉ុន្តែ ខ្ញុំ​ម្ចាស់​ដឹង​ថា ទោះ​ទាំង​នៅ​គ្រា​ឥឡូវ​នេះ នោះ​ការ​អ្វី​ដែល​ទ្រង់​នឹង​សូម​ពី​ព្រះ គង់​តែ​ព្រះ​នឹង​ប្រទាន​មក​ទ្រង់​ជា​មិន​ខាន

 

១១:២០-២២ ម៉ាថាមានសេចក្តីជំនឿយ៉ាងខ្លាំងលើព្រះយេស៊ូវ។  ​នាងមានទំនុកចិត្តថា ព្រះយេស៊ូវនឹងអាចប្រោ​​​​សឡាសារឲ្យបានជាសះស្បើយប្រសិនបើគាត់នៅមានជី​វិតនៅឡើយ។  ​ពេលនេះ ឡាសារបានស្លាប់ហើយ ​នឹងមិនដឹងថាព្រះយេស៊ូវនឹងជួយដោយរបៀបណាបានទេ  ប៉ុន្តែនាងបានជឿថា ព្រះអង្គនឹងជួយ។  ​នាងមានទំនុកចិត្តថាព្រះនឹងព្រមតាមគ្រប់យ៉ាង ដែលព្រះយេស៊ូវទូលសូម។  ​

 

ម៉ាថាមិនបានទូលសុំព្រះអង្គឱ្យប្រោសឡាសារឱ្យរស់ឡើងវិញនោះទេ។ ផ្ទុយទៅវិញ ​នាងបានបង្ហាញជំនឿរបស់គាត់ថា ព្រះជាម្ចាស់នឹងធ្វើអ្វីដែលព្រះយេស៊ូវទូលសុំ។ ​នាងជឿថា បំណងព្រះហឬទ័យរបស់ព្រះអង្គល្អជាងគេបំផុតនៅក្នុងស្ថានការណ៍នេះ។ នេះគឺជាក្ដីជំនឿ គឺជាទុកចិត្តចំពោះបំណងព្រះហឬទ័របស់ព្រះ។

 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ប្អូន​នាង​នឹង​រស់​ឡើង​វិញ ម៉ាថា​ទូល​ទ្រង់​ថា ខ្ញុំ​ដឹង​ថា នៅ​ថ្ងៃ​ចុង​បំផុត កាល​ណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​ដែរ

 

១១:២៣-២៤ នៅពេលដែលព្រះយេស៊ូវមានបន្ទូលថា ឡាសារនឹងបានរស់ឡើងវិញ  ម៉ាថាបានគិតថាព្រះអង្គមានបន្ទូលពីការរស់ពីស្លាប់ឡើងវិញនៅថ្ងៃចុងបំផុត ប៉ុន្តែតាមការពិតទៅ ព្រះអង្គកំពុងតែមានបន្ទូលប្រា​ប់​​​នាងថា ព្រះអង្គរៀបនឹងធ្វើការនោះនៅក្នុងពេលឥលូវនេះ។  ​

 

មកដល់ស៊េរីនេះរហូតដល់ពេលនេះ រាល់ព្រះពរខាងវិញ្ញាណទាំងអស់ដែលយើងបានសិក្សាអាចក្លាយទៅជាបទពិសោធន៍ទាំងស្រុង ឬជាផ្នែកមួយនៅក្នុងជីវិតរបស់យើងនាពេលឥឡូវនេះ។ ប៉ុន្តែការរស់ឡើងវិញគឺជាសេចក្តីសង្ឃឹមដែលយើងមានសម្រាប់ពេលអនាគត។ សេចក្តីសង្ឃឹមរបស់គ្រីស្ទបរិស័ទគឺការរស់ឡើងវិញរបស់រូបកាយនៅថ្ងៃចុងក្រោយ (នោះគឺនៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញជាលើកទីពីរ)។ យើងមានសេចក្តីសង្ឃឹមនេះតាមរយៈការសន្យសារបស់ព្រះយេស៊ូវ។ ព្រះយេស៊ូ​វមាន​ព្រះបន្ទូល​ថា​៖

 

ឯ​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក នោះ​គឺ​មិន​ចង់​ឲ្យ​ខ្ញុំ​បាត់​អ្នក​ណា ក្នុង​គ្រប់​អស់​ទាំង​មនុស្ស ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ គឺ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ប្រោស​ទាំង​អស់​ឲ្យ​រស់​ឡើង នៅ​ថ្ងៃ​ចុង​បំផុត​វិញ នេះ​ហើយ​ជា​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះ‌រាជ‌បុត្រា ហើយ​ក៏​ជឿ​ដល់​ទ្រង់ បាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត។ (យ៉ូហាន ៦:៣៩-៤០)

 

គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះវរ‌បិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ទាញ​នាំ​គេ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត​ដែរ (យ៉ូហាន ៦:៤៤)

 

អ្នក​ណា​ដែល​បរិភោគ​សាច់ នឹង​ឈាម​របស់​ខ្ញុំ នោះ​មាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត (យ៉ូហាន ៦:៥៤)

 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ (យ៉ូហាន ១១:២៥-២៦)

 

​ព្រះយេស៊ូវបានសន្យាថាទ្រង់នឹង​ឲ្យមនុស្សទាំងអស់ដែលជឿលើទ្រង់នោះ​រស់​ឡើង​វិញ។ តើអ្នកមានទំនុកចិត្តប៉ុណ្ណាចំពោះការសន្យារបស់ព្រះយេស៊ូវថាទ្រង់នឹងឲ្យអ្នក​រស់​ឡើង​វិញ? 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ

 

១១:២៥-២៦ ​“ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត” គឺជាលើកទីប្រាំនៅក្នុងពេល ទាំងប្រាំពីរដងនៃព្រះប​ន្ទូ​ល​របស់ព្រះយេស៊ូវដែលទ្រង់មានបន្ទូលថា “ខ្ញុំជា” (៦:៣៥, ៨:១២, ១០:៧, ១០:៩, ១០:១១, ១០:១៤)។  ​ ព្រះបន្ទូលនេះ ប្រាប់ដល់ម៉ាថា ថាព្រះអង្គគឺជាមួយអង្គ ដែលនឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ (៥:២៥)។  ​នៅក្នុងការយាងមកលើកទីពីររបស់ទ្រង់  ព្រះអង្គនឹងប្រោសអ្នកជឿទាំងអស់ដែលបានស្លាប់ទៅឲ្យរស់ឡើងវិញ។  ​ជីវិតសម្រាប់ពួកអ្នកជឿ មិនត្រូវបញ្ចប់ពេលដែលស្លាប់នោះឡើយ ប៉ុន្តែបន្តស្ថិតនៅអស់កល្បជានិច្ច ជាជីវិតដែលមានការប្រកបជិត ស្និតជាមួយនឹងព្រះ។  សេចក្តីស្លាប់មិនអាចបំផ្លាញជីវិតដែលព្រះយេស៊ូវប្រទានឲ្យបានឡើយ។  ​

ព្រះយេស៊ូវមិនមែនគ្រាន់តែប្រទានឲ្យមានសេចក្តីរស់ឡើងវិញ ហើយនិងជីវិតតែប៉ុណ្ណោះទេ ​ព្រះអង្គគឺជា សេចក្តីរស់ឡើងវិញ ហើយជាជីវិតនោះឯង  (១៤:៦)។ គឺ​​ដោយព្រោះតែព្រះយេស៊ូវគឺជាជីវិត ដែលអស់អ្នកណា ដែលជឿដល់ទ្រង់មានជ័យជំនះលើសេចក្តីស្លាប់។  

 

ដូចដែលព្រះយេស៊ូវមិនមែនគ្រាន់តែប្រទាននំប៉័ងមកពីស្ថានសួគ៌តែ​​ប៉ុណ្ណោះទេ (៦:២៧) ​ ប៉ុន្តែ ព្រះអង្គគឺជា នំប៉័ងជីវិតដែលមកពីស្ថានសួគ៌ (៦:៣៥)  ព្រះអង្គមិនមែនគ្រាន់តែប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ តែប៉ុណ្ណោះទេ  ប៉ុន្តែព្រះអង្គគឺជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត។  ជីវិតដ៏ពិតប្រាកដចាប់ផ្តើម នៅពេលដែលមនុស្សម្នាក់ទទួល ព្រះយេស៊ូវជា ព្រះអង្គសង្រ្គោះ។  ​ការដែលបានស្គាល់ព្រះអង្គគឺជា ការដែលទទួលបានជីវិតអស់កល្បជានិច្ច (១៧:៣)  ហើយជីវិតមួយនេះគឺមិនដែលស្លាប់ឡើយ។  “តើអ្នកជឿការនេះដែរទេ?”។  

នាង​ទូល​ឆ្លើយ​ថា ព្រះ‌ពរ​ព្រះ‌អម្ចាស់ ខ្ញុំ​ម្ចាស់​ជឿ​ហើយ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ត្រូវ​យាង​មក​ក្នុង​លោកីយ​មែន។  

 

១១:២៧ ព្រះយេស៊ូវសួរម៉ាថា​តើនាងជឿលើព្រះអង្គដែលជាសេចក្តីរស់ឡើងវិញនិងជាជីវិតដែរទេ។  ​នាង បានឆ្លើយតបដោយសេចក្តីជំនឿ ដែលថាព្រះអង្គជាព្រះមែស្ស៊ី ហើយជាព្រះរាជបុត្រានៃព្រះ។  ​

 

កាល​នាង​បាន​ពោល​ពាក្យ​ដូច្នោះ​ហើយ នោះ​ក៏​ទៅ​ហៅ​ម៉ារា ប្អូន​នាង មក​ដោយ​សំងាត់ ប្រាប់​ថា លោក​គ្រូ​អញ្ជើញ​មក​ដល់​ហើយ លោក​ហៅ​រក​ឯង កាល​នាង​ម៉ារា​បាន​ឮ​ពាក្យ​នោះ ក៏​ក្រោក​ឡើង​ជា​ប្រញាប់​ទៅ​ឯ​ទ្រង់

 

១១:២៨-២៩ ​ម៉ាថាហៅម៉ារាដោយសំងាត់ដើម្បីឲ្យនាងមានពេលផ្ទាល់ខ្លួនខ្លះជាមួយនឹងព្រះយេស៊ូវ។  ការពិ​ត​ដែលស្រ្តីម្នាក់ (ម៉ាថា) និយាយទៅកាន់ស្រ្តីម្នាក់ទៀត (ម៉ារា) ដោយការហៅព្រះយេស៊ូវថា “លោកគ្រូ” ពិតជាមានសារៈសំខាន់ខ្លាំងណាស់។  ​ ពួកគ្រូរបស់សាសន៍យូដាបដិសេធមិនព្រមបង្រៀនស្រ្តី ឡើយ ប៉ុន្តែយើងបានឃើញថាព្រះយេស៊ូវមានព្រះទ័យរីករាយនៅក្នុងការបង្រៀន ដល់មនុស្សគ្រប់ទាំងអស់ រួមទាំងតែស្រ្តី។  

 

ឯ​ព្រះ‌យេស៊ូវ ទ្រង់​មិន​ទាន់​យាង​ចូល​ក្នុង​ភូមិ​នៅ​ឡើយ គឺ​ទ្រង់​គង់​នៅ​ត្រង់​កន្លែង​ដែល​ម៉ាថា​បាន​ជួប​នោះ កាល​ពួក​សាសន៍​យូដា ដែល​នៅ​ក្នុង​ផ្ទះ កំពុង​តែ​ជួយ​កំសាន្ត​ចិត្ត​នាង​ម៉ារា បាន​ឃើញ​ថា នាង​ក្រោក​ឡើង​ចេញ​ទៅ​ជា​ប្រញាប់​ដូច្នេះ គេ​ក៏​តាម​នាង​ទៅ ដោយ​និយាយ​គ្នា​ថា នាង​គិត​ទៅ​យំ​ឯ​ផ្នូរ​ហើយ។  

 

១១:៣០-៣១ ​​ពួកអ្នកដែលជួយកំសាន្តចិត្តបានទៅតាមម៉ារាដោយព្រោះតែគេគិតថានាងកំពុងតែទៅយំ នៅ​​ឯផ្នូរ។  ​ការដែលទៅផ្នូរ ពួកនឹងបានធ្វើជាសាក្សីចំពោះអ្វីដែលរៀបនឹងកើតឡើង។  ​

 

នាង​ម៉ារា​ក៏​ទៅ​ដល់​កន្លែង ដែល​ព្រះ‌យេស៊ូវ​គង់​នៅ កាល​បាន​ឃើញ​ទ្រង់ នោះ​នាង​ក្រាប​នៅ​ទៀប ​ព្រះ‌បាទ​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ

១១:៣២​ ពេលដែលម៉ារាបានមកដល់កន្លែងដែលព្រះយេស៊ូវនៅ គាត់បានក្រាបទៀបព្រះបាទព្រះយេស៊ូវ ហើ​យនិយាយសេចក្តីដែលបងស្រីរបស់នាងបាននិយាយ (ខ២១)។   

កាល​ព្រះ‌យេស៊ូវ​ឃើញ​នាង​យំ ព្រម​ទាំង​ពួក​សាសន៍​យូដា ដែល​មក​ជា​មួយ​នឹង​នាង​ផង នោះ​ទ្រង់​មាន​សេចក្ដី​រំជួល ទាំង​ក្នាញ់​ក្នុង​ព្រះ‌ហឫទ័យ ហើយ​មាន​បន្ទូល​សួរ​ថា អ្នក​រាល់​គ្នា​បាន​យក​រូប​បុគ្គល​ទៅ​ទុក​ឯ​ណា គេ​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់ សូម​យាង​ទៅ​ទត​មើល 

 

១១:៣៣-៣៤ ម៉ារា ហើយនឹងពួកសាសន៍យូដាបានយំទួញ។   “យំទួញ” (κλαίοντας)​ គឺជា ការស្រែកទ្រហោយំនៅក្នុងការបង្ហាញពីភាពសោកសៅ។  នៅពេលដែលព្រះយេស៊ូវបានទតឃើញការនេះ ព្រះអង្គ ”​​មាន​សេ​ច​ក្ដី​​រំជួល ទាំង​ក្នាញ់​ក្នុង​ព្រះ‌ហឫទ័យ”។   ព្រះយេស៊ូវសោកសង្រេង ដោយព្រោះតែ ភាពសោកសៅរបស់ពួកគេ ហើយមានព្រះទ័យគ្នាន់ក្នាញ់ ជាមួយនឹងអំពើបាប ជំងឺ ហើយនិង សេចក្តីស្លាប់នៅក្នុងលោកីយដែលបានធ្លាក់ចុះនេះ ដែលបង្ករឲ្យមានការឈឺចាប់ និងទុក្ខសោកសៅ។  ​

ព្រះ‌យេស៊ូវ​ក៏​ទ្រង់​ព្រះ‌កន្សែង 

 

១១:៣៥ នេះគឺជាខគម្ពីរដែលខ្លីជាងគេនៅក្នុងព្រះគម្ពីរ។  “ព្រះ‌កន្សែង” (Ἐδάκρυσεν) គឺជាការដែលយំដោ​យស្ងាត់ៗ។   ព្រះយេស៊ូវមិនបានទួញសោកឮៗ ដូចជាពួកសាសន៍យូដានោះឡើយ ប៉ុន្តែព្រះអង្គពិតជាសោ​​កសង្រេងបំផុត។  ​នេះជាពេលមួយក្នុងចំណោមពេលទាំងបីដែលមាននៅក្នុង ដំណឹងល្អដែលព្រះយេស៊ូវយំ។  ​ព្រះអង្គក៏បានព្រះកន្សែង (យំ) ចំពោះភាពសោកសង្រេងចំពោះ ក្រុងយេរូសាឡិមដែរ (លូកា​១៩:៤១-៤៤) ​និងនៅក្នុងសួនច្បារគែតសេម៉ានី នៅពេលយប់មុនពេលដែលព្រះអង្គត្រូវគេឆ្កាង (ហេព្រើរ ៥:៧)។  

ដូច្នេះ ពួក​សាសន៍​យូដា​និយាយ​ថា មើល លោក​ស្រឡាញ់​គាត់​ណាស់​ហ្ន៎ ហើយ​ពួក​គេ​ខ្លះ​និយាយ​ថា លោក​នេះ​ដែល​បាន​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺ តើ​ពុំ​អាច​នឹង​ឃាត់​មិន​ឲ្យ​មនុស្ស​នេះ​ស្លាប់​បាន​ដែរ​ឬ 

១១:៣៦-៣៧ ពួកសាសន៍យូដាមួយចំនួនងឿងឆ្ងល់ហេតុអ្វីបានជាព្រះយេសូវមិនរារាំងមិនឲ្យ ឡាសារស្លាប់​។  ​​ពិតណាស់  ព្រះអង្គអាចបានធ្វើការនោះ  ប៉ុន្តែព្រះអង្គនឹងធ្វើការអស្ចារ្យដ៏ប្រសើរលើស ទៅទៀត ដើម្បីប្រ​ទា​នសេចក្តីសង្ឃឹម និងសេចក្តីជំនឿកាន់តែច្រើនដល់ពួកអ្នកដែលជឿវិញ។  ​

 

ព្រះយេស៊ូវប្រោសឡាសារឲ្យរស់ឡើងវិញពីការស្លាប់

'នោះ​ព្រះ‌យេស៊ូវ​យាង​ទៅ​ដល់​ផ្នូរ ទាំង​មាន​សេចក្ដី​ក្នាញ់​ក្នុង​ព្រះ‌ហឫទ័យ​ម្តង​ទៀត ឯ​ផ្នូរ​នោះ​ជា​រអាង​ភ្នំ ហើយ​មាន​ថ្ម​១​បិទ​សន្ធប់ '

 

១១:៣៨ ផ្នូរត្រូវបានកាត់នៅក្នុងរូងថ្ម ហើយត្រូវបានបិទដោយផ្ទាំងថ្មនៅខាងមុខច្រកផ្នូរ។  ​

 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ចូរ​យក​ថ្ម​ចេញ តែ​ម៉ាថា ជា​បង​របស់​រូប​បុគ្គល​នោះ​ទូល​ថា ព្រះ‌អម្ចាស់​អើយ ខ្មោច​នេះ​ធុំ​ក្លិន​ហើយ ព្រោះ​ស្លាប់​កន្លង​មក​បាន​៤​ថ្ងៃ

 

១១:៣៩ ក្រោយស្លាប់បួនថ្ងៃរូបកាយនឹងត្រូវចាប់ផ្តើមស្អុយរលួយ។  ​ម៉ាថាមិនបានគិតថា ឡាសារ នឹងត្រូវរស់ឡើ​​ងវិញក្នុងពេលនឥលូវនេះឡើយ ដូច្នេះហើយ នាងបានព្យាយាមបញ្ឈប់ការរមៀលថ្មចេញ។    ​

 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា បើ​សិន​ជា​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរី‌ល្អ​នៃ​ព្រះ​ទេ​ឬ​អី

 

១១:៤០ គ្រប់គ្នានឹងបានឃើញឡាសារចេញពីផ្នូរមក។  ប៉ុន្តែមានតែពួកអ្នកដែលជឿតែប៉ុណ្ណោះ ដែលបានឃើ​ញ​លើសពីអ្វីដែលមាននៅក្នុងព្រឹត្តិការណ៏នេះ:ដែលជា  សិរីល្អនៃព្រះ។ ការអស្ចារ្យនេះ បង្ហាញដល់ពួកអ្នកជឿនូវ ព្រះចេស្តា ព្រះគុណ សេចក្តីស្រឡាញ់ ហើយនឹងភាពដ៏ឧត្តមនៃព្រះ។  សម្រាប់ព្រះយេស៊ូវ  ការដែ​ល​បើកសំដែងសិរីល្អនៃព្រះគឺជាគោលដៅដ៏ធំបំផុតនៅក្នុងកិច្ចការ ដែលព្រះអង្គបានធ្វើទាំងប៉ុន្មាន។  ​

 

ដូច្នេះ គេ​ក៏​យក​ថ្ម​ចេញ រួច​ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ​ទៅ​លើ ទូល​ថា ឱ​ព្រះវរ‌បិតា​អើយ ទូលបង្គំ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដោយ​ព្រោះ​ទ្រង់​បាន​អនុញ្ញាត​តាម​ទូលបង្គំ ទូលបង្គំ​ដឹង​ថា ទ្រង់​អនុញ្ញាត​តាម​ទូលបង្គំ​ជា​ដរាប តែ​ដែល​ទូលបង្គំ​ទូល​ដូច្នេះ គឺ​ដោយ​ព្រោះ​តែ​បណ្តា​មនុស្ស​ដែល​ឈរ​នៅ​ជុំ‌វិញ​ទេ ដើម្បី​ឲ្យ​គេ​ជឿ​ថា ទ្រង់​បាន​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន

 

១១:៤១-៤២ ការអធិស្ឋានរបស់ព្រះយេស៊ូវបង្ហាញពីសេចក្តីពិតដែលព្រះយេស៊ូវមិនបានធ្វើអ្វីដោយអង្គ ទ្រង់នោះឡើយ ប៉ុន្តែគឺដោយការពឹងអាងលើព្រះវរបិតា និងការស្តាប់តាមបំណងព្រះហឫទ័យ នៃព្រះវរបិតាព្រះអង្គ (៥:១៩, ៥:៣០)។   ​ព្រះយេស៊ូវអធិស្ឋានដើម្បីជួយដល់អ្នកដទៃឲ្យបានឃើញថា ព្រះអង្គធ្វើការដោយការរួបរួមជាមួយនឹងព្រះវរបិតាដ៏ជាព្រះ ដែលបានចាត់ទ្រង់ឲ្យមក។  ​នេះជាហេតុ ដែលការអស្ចារ្យបង្ហាញពីសិរីល្អនៃព្រះ។  ​ការនេះនឹងបង្កើនសេចក្តីជំនឿដល់សិស្សរបស់ទ្រង់ (ខ១៥) ពួកសាសន៍យូដាដែលបានមើលឃើញ (ខ៤៥) និងម៉ារា ម៉ាថា ហើយនិងឡាសារ។  ​

កាល​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ហើយ ក៏​បន្លឺ​វាចា​ថា ឡាសារ​អើយ ចូរ​ចេញ​មក នោះ​អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក មាន​ទាំង​សំពត់‌ស្នប​រុំ​ជាប់​នៅ​ជើង​ដៃ​ផង ហើយ​មាន​កន្សែង​គ្រប​មុខ​ដែរ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​ស្រាយ​គាត់​ឲ្យ​ទៅ​ចុះ។  

 

១១:៤៣-៤៤ ព្រះយេស៊ូវប្រោសឡាសារឲ្យរស់ឡើងវិញពីការស្លាប់។ ការអស្ចារ្យនេះ កើតមានឡើងតាមរបៀបនេះ ដើម្បីឱ្យមនុស្សជឿថា ព្រះជាម្ចាស់បានបញ្ជូនព្រះយេស៊ូវមក។

 

មុននេះ ព្រះយេស៊ូវបានមានបន្ទូលថា នឹងមាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​ នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក (៥:២៨)។   ពេលនេះ  នៅក្នុងការអស្ចារ្យនេះ យើងបានឃើញពីការបង្ហាញដ៏អស្ចារ្យបំផុតពីព្រះចេស្តានោះ។  ការអស្ចារ្យនេះ បង្ហាញថាព្រះយេស៊ូវមាន ព្រះចេស្តាលើសេចក្តីស្លាប់ ហើយបង្ហាញថា ព្រះអង្គគឺជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត  (ខ២៥)។ ការប្រោសឡាសារឲ្យរស់ឡើងវិញគឺជា ទីសំគាល់ទីប្រាំពីរ ហើយជាការអស្ចារ្យដ៏វិសេសបំផុត នៅក្នុងចំណោមការអស្ចារ្យរបស់ព្រះយេស៊ូវនៅក្នុងដំណឹងល្អយ៉ូហាន។    ​នេះជាទីសំគាល់ចុងក្រោយ មុនពេលព្រឹត្តិការណ៏ ដែលសម្រេច​នូវ​អ្វី​ដែល​ទី​សំគាល់​ទាំង​អស់បានចង្អុល​ទៅ​កាន់។  នោះគឺជា ការប្រទានឲ្យមានជីវិតអស់កល្ប​ជានិច្ច​តាមរយៈការសុគតរបស់ព្រះរាជបុត្រានៃព្រះ។  

ព្រះគម្ពីរដំណឹងល្អ បានកត់ត្រាថា ព្រះយេស៊ូវបានប្រោសមនុស្ស ៣ នាក់ឱ្យរស់ឡើងវិញ។

 

ម្នាក់ដំបូង គឺកូនប្រុសតែម្នាក់របស់ស្ត្រីម៉េម៉ាយ ដែលកំពុងធ្វើបុណ្យខ្មោច ពេលព្រះយេស៊ូវយាងដល់ភូមិរបស់ពួកគេ។ ព្រះយេស៊ូវបានប្រោសកូនប្រុសរបស់ស្ត្រីម៉េម៉ាយ ឱ្យរស់ឡើងវិញ នៅក្នុងចំណោមបណ្ដាជននៅក្នុងភូមិ (លូកា ៧:១១-១៥)។

 

អ្នកទី២ គឺក្មេងស្រីអាយុ ១២ ឆ្នាំ ដែលជាកូនស្រីតែម្នាក់របស់មេសាលាប្រជុំឈ្មោះ យ៉ៃរ៉ុស។ កូនស្រី របស់យ៉ៃរ៉ុស បានប្រោសឱ្យរស់ឡើងវិញនៅចំពោះមុខឪពុកម្ដាយរបស់នាង និងពួកសិស្ស ៣ នាក់ (ម៉ាថាយ ៩:១៨-១៩, ២៣-២៥; ម៉ាកុស ៥:២២-២៤, ៣៨-៤២; លូកា ៨:៤១-៤២, ៤៩-៥៦)។

 

អ្នកទី ៣ គឺ ឡាសារ ដែលបានស្លាប់អស់ ៤ ថ្ងៃ និងត្រូវដាក់នៅក្នុងផ្នូរទៅហើយ។ ឡាសារបានរស់ឡើងវិញ នៅខាងក្រៅក្រុងយេរ៉ូសាឡឹម ដោយមានបណ្ដាជនជាច្រើនបានឃើញ (យ៉ូហាន ១១:១-៤៤)។

 

ការអស្ចារ្យនីមួយៗ បង្ហាញថាព្រះយេស៊ូវមានអំណាចលើសេចក្ដីស្លាប់។

 

 

គម្រោងការធ្វើគត់ព្រះយេស៊ូវ

ដូច្នេះ កាល​ពួក​សាសន៍​យូដា ដែល​មក​តាម​នាង​ម៉ារា បាន​ឃើញ​ការ​ដែល​ព្រះ‌យេស៊ូវ​ធ្វើ នោះ​មាន​គ្នា​ជា​ច្រើន​ជឿ​ដល់​ទ្រង់ តែ​មាន​ខ្លះ​ទៅ​ជំរាប​ដល់​ពួក​ផារិស៊ី ពី​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ 

 

១១:៤៥-៤៦ ការអស្ចារ្យបានធ្វើឲ្យមនុស្សមួយចំនួនមានសេចក្តីជំនឿ ហើយធ្វើឲ្យអ្នកផ្សេងទៀត រាយការណ៏ពីការអស្ចារ្យនេះដល់សត្រូវរបស់ព្រះយេស៊ូវ។  

 

នោះ​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី គេ​ប្រមូល​ក្រុម​ប្រឹក្សា​មក​និយាយ​ថា តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ព្រោះ​មនុស្ស​នេះ​ធ្វើ​ទី​សំគាល់​ច្រើន​ណាស់ 

 

១១:៤៧ ដំណឹងអំពីការប្រោសឡាសារបានធ្វើឲ្យពួកផារិស៊ីភ្ញាក់ផ្អើល។  ដូច្នេះហើយ គេហើយនឹង ពួកសង្រ្គាជប្រមូលក្រុមពួកសាន់ហេឌ្រីនមកប្រជុំគ្នា។  គណៈសាន់ហេឌ្រីន ជាពួកអ្នកកាន់ក្តីដែលមានអំណាចបំផុតនៅក្នុងការសម្រេច  រឿងក្តីទាក់ទងនឹងសាសនា។ នៅក្នុងគណៈនោះមាន សមាជិក ៧១ នាក់រួមទាំងពួកសត្រូវរបស់ ព្រះយេស៊ូវទាំងអស់ (ពួកសង្រ្គាជ ពួកសំដេចសង្ឃ ពួកចាស់ទុំហើយនិងពួកអាចារ្យ)។

 

សូម្បីតែសត្រូវរបស់ព្រះយេស៊ូវក៏សារភាពថាព្រះអង្គបានធ្វើទីសំគាល់ជាច្រើន។  ប្រសិនបើគេអាចបដិសេធ សេចក្តីពិតនៃការស្ចារ្យរបស់ព្រះអង្គនោះ ​ពួកគេនឹងបដិសេធជាមិនខាន។  ​ប៉ុន្តែមានការអស្ចារ្យជាច្រើន បានធ្វើនៅទីសាធារណៈនៅចំពោះមុខសក្ខីភាពជាច្រើននាក់ ដែលពួកគេមិនអាចបដិសេធបានឡើយ។  

 

បើ​យើង​ទុក​ឲ្យ​ធ្វើ​តែ​យ៉ាង​ដូច្នេះ​ទៅ នោះ​មុខ​ជា​មនុស្ស​ទាំង​អស់​នឹង​ជឿ​តាម​វា​ហើយ រួច​សាសន៍​រ៉ូម​នឹង​មក​ចាប់​យក​ទាំង​ស្រុក នឹង​ជាតិ​យើង​ផង 

 

១១:៤៨ គ្រាដែលព្រះយេស៊ូវកាន់តែមានប្រជាប្រិយភាពហើយមានអ្នកដើរតាមកាន់តែច្រើនឡើងនោះ ពួកមេ​​ដឹកនាំសាសន៍យូដាមានការភ័យខ្លាចថាពួករ៉ូម៉ាំងនឹងរាប់ការនេះជាការគំរាមកំហែង។  ​ពួកគេបានគិត ថាប្រសិនបើមនុស្សទទួលស្គាល់ថាព្រះយេស៊ូវគឺជាស្តេចរបស់ពួកគេនោះ ពួកគេអាចជាការបះបោរប្រឆាំង ជាមួយនឹងរ៉ូម ដែលពួករ៉ូម៉ាំងនឹងធ្វើការដាក់​ទោស​មិនខាន។ 

 

ប៉ុន្តែសេចក្តីពិតនោះគឺពួកសាឌូស៊ីមានការព្រួយបារម្ភពីការដែលពួកគេត្រូវបាត់បង់ដំណែងដែលមានអំណាចនិងកិត្យានុភាព។  ​ពួកគេភ័យខ្លាចថា “សាសន៍​រ៉ូម​នឹង​មក​ចាប់​យក​ទាំង​ស្រុក នឹង​ជាតិ​យើង​ផង” ។  ”ស្រុករបស់យើង” មានន័យថាព្រះវិហារ ដែលជាកន្លែងដែលគេគ្រប់គ្រងហើយប្រើប្រាស់កន្លែងនោះ ដើម្បីឲ្យពួកគេបានប្រាក់សម្រាប់ខ្លួនគេ។  “ជាតិយើង” មានន័យថាពួកសាសន៍យូដាដែលគេមានអំណាច ហើយនឹងឥទ្ធិពលលើទាំងប៉ុន្មាននោះ​។  

មាន​ក្រុម‌ជំនុំ​ម្នាក់​ឈ្មោះ​កៃផា ដែល​ធ្វើ​ជា​សំដេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ថា អ្នក​រាល់​គ្នា​មិន​ដឹង​អ្វី​សោះ 50ក៏​មិន​គិត​ពិចារណា​ឃើញ​ថា បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តាជន នោះ​មាន​ប្រយោជន៍ ដល់​អ្នក​រាល់​គ្នា​ជា​ជាង ដើម្បី​កុំ​ឲ្យ​ជាតិ​យើង​នេះ​ត្រូវ​វិនាស​ទាំង​អស់​ឡើយ 

 

១១:៤៩-៥០ លោកកៃផាគឺជាសំដេចសង្ឃចាប់ពីឆ្នាំ ១៨-៣៦ គស។  ​ពេលដែលគាត់និយាយថា៖ «បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តាជន នោះ​មាន​ប្រយោជន៍ ដល់​អ្នក​រាល់​គ្នា​ជា​ជាង» គាត់មានន័យថា ព្រះយេស៊ូវត្រូវតែសុគត ដើម្បីរក្សាមុខដំណែង និងជាតិរបស់គេ ពីការដាក់ទោស របស់រ៉ូម៉ាំង។  ​

 

តែ​លោក​មិន​និយាយ​សេចក្ដី​នោះ ដោយ​អាង​តែ​ខ្លួន​លោក​ទេ គឺ​ដោយ​ព្រោះ​លោក​ជា​សំដេច​សង្ឃ​នៅ​ឆ្នាំ​នោះ បាន​ជា​លោក​ទាយ​ថា ព្រះ‌យេស៊ូវ​ត្រូវ​សុគត​ជំនួស​សាសន៍​នោះ ហើយ​មិន​ជំនួស​ត្រឹម​តែ​សាសន៍​នោះ​ប៉ុណ្ណោះ គឺ​សុគត​ដើម្បី​ឲ្យ​អស់​ទាំង​កូន​នៃ​ព្រះ ដែល​ខ្ចាត់​ខ្ចាយ​ទៅ បាន​ប្រមូល​រួម​មក​ជា​សាសន៍​តែ​១​ដែរ

 

១១:៥១-៥២  ប៉ុន្តែដោយការមិនបានដឹងខ្លួន លោកកៃផាបានប្រើពាក្យនៃការសុគតជាយញ្ញបូជាជំនួស  ដែលជាសេចក្តីទំ​នា​យពីការសុគតរបស់ព្រះយេស៊ូវសម្រាប់មនុស្សមានបាប (“មនុស្ស​ម្នាក់​ស្លាប់​ជំនួស ​បណ្តាជន”) ។  ​​

 

ការសុគតរបស់ព្រះយេស៊ូវគឺសម្រាប់ “សាសន៍​នោះ”​  (ដែលជា  ពួកសាសន៍យូដាដែលជឿលើព្រះអង្គ) ហើយ ក៏សម្រាប់ “អស់​ទាំង​កូន​នៃ​ព្រះ ដែល​ខ្ចាត់​ខ្ចាយ​ទៅ”។  ការនេះរួមទាំងពួកសាសន៍យូដា ដែលរស់នៅខាងក្រៅប្រទេសអ៊ីស្រាអែលហើយនឹងពួកសាសន៍ដទៃផងដែរ។   ​ជាលទ្ធផលនៃ ការសុគតជាយញ្ញបូជា និងការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ ទាំងពួកសាសន៍យូដា និងសាសន៍ដទៃអាចត្រូវបានធ្វើឲ្យទៅជាក្រុមតែមួយ ដែលជាក្រុមជំនុំ (អេភេសូ ២:១១-១៨)  នៅពេលដែលគេស្តាប់ឮ ហើយទទួលជឿលើដំណឹងល្អ។  

 

ដូច្នេះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គេ​ក៏​ពិគ្រោះ​គ្នា​នឹង​សំឡាប់​ទ្រង់​ចេញ

 

១១:៥៣ ពួកសាន់ហេឌ្រីនបានសម្រេចចិត្ត​នៅក្នុងការធ្វើគត់ព្រះយេស៊ូវ។ មានការព្យាយាមធ្វើគត់ ព្រះយេស៊ូវពីមុនរួចមកហើយ (៥:១៨; ៧:១, ៧:១៩, ៨:៥៩, ១០:៣១)  ប៉ុន្តែពេលនេះ ការសម្រេចចិត្ត​នេះត្រូវបានធ្វើឡើងដោយពួកអ្នកដឹកនាំប្រជាជនសាសន៍យូដា។  ​សូមចំណាំថា ការនេះគឺកើតឡើងមុនពេលការដែលសួរចម្លើយព្រះយេស៊ូវ។  ​

ហេតុ​នោះ​បាន​ជា​ព្រះ‌យេស៊ូវ មិន​បាន​យាង​នៅ​ក្នុង​ពួក​សាសន៍​យូដា ឲ្យ​គេ​ឃើញ​ទៀត​ទេ គឺ​ទ្រង់​យាង​ទៅ​ឯ​ស្រុក​ស្រែ​ក្បែរ​ទី​រហោ‌ស្ថាន​វិញ ដល់​ភូមិ​១​ហៅ​ថា អេប្រា‌អិម ក៏​គង់​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​សិស្ស។  

 

១១:៥៤ ដើម្បីចៀសចេញពីការ​អរិភាពរបស់ពួកអ្នកដឹកនៃសាសន៍យូដា ព្រះយេស៊ូវបានយាងទៅ ប៉ែកខាងជើងឈាងខាងកើតនៃក្រុងយេរូសាឡិម ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ រហូតដល់ពិធីបុណ្យរំលង។ 

 

រីឯ​បុណ្យ​រំលង​របស់​សាសន៍​យូដា នោះ​ជិត​ដល់​ហើយ ក៏​មាន​មនុស្ស​ជា​ច្រើន​ចេញ​ពី​ស្រុក​ស្រែ ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​មុន​បុណ្យ​នោះ ដើម្បី​ឲ្យ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ ពួក​អ្នក​ទាំង​នោះ​កំពុង​តែ​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ សួរ​គ្នា​រក​ព្រះ‌យេស៊ូវ​ថា លោក​នោះ​មិន​មក​ឯ​បុណ្យ​នេះ​ទេ​ឬ​អី តើ​គិត​ដូច​ម្តេច ឯ​ពួក​សង្គ្រាជ​នឹង​ពួក​ផារិស៊ី​បាន​បង្គាប់​មក​ថា បើ​អ្នក​ណា​ដឹង​ជា​ទ្រង់​គង់​នៅ​ឯ​ណា នោះ​ត្រូវ​ប្រាប់​ឲ្យ​គេ​ដឹង​ផង ដើម្បី​ឲ្យ​គេ​បាន​ទៅ​ចាប់​ទ្រង់។  

 

១១:៥៥-៥៧ ពេលនោះស្ថិតនៅក្នុងឆ្នាំងទី ៣០​ គ,ស នៅក្នុងខែនីសាន (ខែមេសា) ដែលជាខែទីមួយនៅក្នុងឆ្នាំរបស់ ពួកសាសន៍យូដា។ ​នៅក្នុងអំឡុងពេលនេះជារៀងរាល់ឆ្នាំ ពួកសាសន៍យូដានឹងមកពីគ្រប់ទីកន្លែង នៅលើពិភពលោកចូលមកក្នុងក្រុងយេរូសាឡិម ដើម្បីប្រារព្ធបុណ្យ​រំលង ហើយស្នាក់នៅរហូតដល់ពិធីបុណ្យថ្ងៃទី៥០ (ដែលមានរយៈពេល ប្រាំពីរសប្តាហ៏ក្រោយមក)។ ​

 

ពួកសាសន៍យូដាបានចាប់ផ្តើមមកដល់ក្រុងយេរូសាឡិមសម្រាប់ពិធីបុណ្យរំលងប្រចាំឆ្នាំ។  ​ពួកគេមិននឹកស្មានថាព្រះយេស៊ូវនឹងបានយាងមកក្នុងយេរូសាឡិមសម្រាប់ប្រារព្ធពិធីនោះឡើយដោយព្រោះតែគ្រប់គ្នាដឹងថាព្រះជន្មរបស់ព្រះអង្គនឹងមានគ្រោះថ្នាក់។  ​

bottom of page