top of page

ឯ​សុល គាត់​នៅ​តែ​បញ្ចេញ​សេចក្ដី​គំរាម នឹង​ពាក្យ​កំហែង ព្រម​ទាំង​ការ​សំឡាប់ ដល់​ពួក​សិស្ស​នៃ​ព្រះ‌អម្ចាស់​នៅ​ឡើយ ក៏​ទៅ​ឯ​សំដេច​សង្ឃ សូម​សំបុត្រ​កាន់​យក​ទៅ​ឯ​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន នៅ​ក្រុង​ដាម៉ាស ប្រយោជន៍​ដើម្បី បើ​ឃើញ​មាន​អ្នក​ណា​ខ្លះ ដែល​ប្រតិ‌បត្តិ​តាម​ផ្លូវ​នោះ ទោះ​ប្រុស​ឬ​ស្រី​ក្តី នោះ​នឹង​ចាប់​ចង​គេ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម 

 

៩:១-២ នៅក្នុង កិច្ចការ ៨:៣​ យើងបានអានអំពីសុល​ថា ”បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លាំង​ណាស់ ដោយ​ចូល​គ្រប់​តែ​ផ្ទះ ចាប់​ទាញ​អូស​ទាំង​ប្រុស​ទាំង​ស្រី បញ្ជូន​ទៅ​ដាក់​គុក”។ ដោយព្រោះតែការនេះ  គ្រីស្ទានបានរត់ចេញពីក្រុងយេរូសាឡិម។ ​ក្រោយមកសុលបានសម្រចចិត្តធ្វើដំណើរទៅកាន់ទីក្រុងដាម៉ាស ដើម្បីរកធ្វើទុក្ខបៀតបៀនដល់ពួកគ្រីស្ទានដែលនៅទីនោះ។  

 

ទីក្រុងដាម៉ាសមានចំងាយប្រមាណជាង ២៣០គីឡូម៉ែត្រនៃភាគខាងជើងនៃក្រុងយេរូសាឡិម ដែលជា ការធ្វើដំណើរក្នុងរយៈពេលប្រាំមួយថ្ងៃ។ ​ទីក្រុងនោះមានប្រជាជនសាសន៍យូដាជាច្រើនរស់នៅ។ ​សូមចំណាំថាការបៀតបៀនរបស់លោកប៉ុលចំពោះគ្រីស្ទានគឺមានការយល់ស្របពីលោកកៃផាសដែលជា សម្តេចសង្ឃ។ ​

 

នៅក្នុងជំពូកនេះ  ពួកគ្រីស្ទានត្រូវបានហៅថា​ “សិស្សរបស់ព្រះអម្ចាស់” (ខ១) “អ្នកដែលប្រតិបត្តិតាមផ្លូវនោះ” (ខ២) “ពួកបរិសុទ្ធ” (ខ១៣) “ពួកអ្នកដែលអំពាវនាវដល់ព្រះនាមទ្រង់” (ខ១៤)  ហើយនឹង “បងប្អូន” (ខ៣០)។ ​ឈ្មោះនិមួយៗបង្រៀនដល់យើងទាំងអស់គ្នាអំពីសេចក្តីពិតថា មានន័យយ៉ាងណាក្នុងនាមជាគ្រីស្ទានម្នាក់។ ​​

 

  • យើងទាំងអស់គ្នាគឺជា “សិស្សរបស់ព្រះអម្ចាស់” ដែលមានន័យថាយើងទាំងអស់គ្នា គឺត្រូវបានបង្ហាត់បង្រៀនដោយព្រះយេស៊ូវហើយដើរតាមព្រះអង្គ។ ​​

  • យើងទាំងអស់គ្នាជា “អ្នកដែលប្រតិបត្តិតាមផ្លូវនោះ” ដោយព្រោះតែព្រះយេស៊ូវគឺជាផ្លូវ ដែលនាំទៅឯព្រះ (យ៉ូហាន ១៤:៦) ហើយដើរតាមព្រះអង្គដែលជា “ផ្លូវនៃព្រះ” (១៨:២៥-២៦) ហើយជា “ផ្លូវនៃសេចក្តីសង្រ្គោះ” (១៦:១៧)។  ​

 

  • យើងទាំងអស់គ្នាជា “ពួកបរិសុទ្ធ” (៩:៣២, ៩:៤១, ២៦:១០) ដោយព្រោះតែ យើងត្រូវបានញែកដាច់ដោយឡែកដោយសារព្រះដើម្បីឲ្យបានបម្រើព្រះអង្គហើយ​កំពុង​ត្រូវ​បាន​ញែកជាបរិសុទ្ធ ដើម្បីឲ្យបានបង្ហាញពីលក្ខណៈ​បរិសុទ្ធ​របស់ទ្រង់ (២០:៣២; ២៦:១៨)។ ​​ 

  • “ពួកអ្នកដែលអំពាវនាវដល់ព្រះនាមទ្រង់” គឺជាអស់អ្នកដែលអធិស្ឋានទៅចំពោះព្រះយេស៊ូវ សម្រាប់ឲ្យបានសេចក្តីសង្រ្គោះ ហើយប្រកាសថាព្រះអង្គគឺជាព្រះអម្ចាស់។ ​ឃ្លានេះដកស្រង់ ចេញពី យ៉ូអែល​ ២:៣២ ដែលលោកពេត្រុសបានលើកឡើងនៅក្នុង ថ្ងៃបុណ្យទី៥០ (២:២១)។ ​​

 

  • “បងប្អូន” បង្ហាញថា នៅក្នុងព្រះគ្រីស្ទ យើងគឺជាគ្រួសារតែមួយ ដែលត្រូវបានទទួលជា កូនចិញ្ចឹមរបស់ព្រះវរបិតាដ៏ជាព្រះរបសយើង ហើយជាបងប្អូនរបស់ព្រះយេស៊ូវ។ ​​

 

ប៉ុន្តែ កំពុង​ដែល​គាត់​ដើរ​តាម​ផ្លូវ ទៅ​ជិត​នឹង​ដល់​ក្រុង​ដាម៉ាស​ហើយ នោះ​ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ភ្លឺ​មក​នៅ​ជុំ‌វិញ​ខ្លួន

 

៩:៣ ពន្លឺពីលើមេឃគឺជាព្រះវត្តមានរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងសិរីល្អដែលសុលហើយមនុស្សទាំងប៉ុន្មាន ដែលធ្វើដំណើរជាមួយគាត់បានឃើញ (២២:៩)។ ​ការនេះកើតឡើងនៅពេលថ្ងៃត្រង់ (២២:៦)  នៅពេលដែលថ្ងៃកំពុងរះពេញពន្លឺ។ ​ប៉ុន្តែ លោកប៉ុលថាពន្លឺនេះគឺភ្លឺជាងពន្លឺថ្ងៃទៅទៀត (២៦:១៣)។ ​

គាត់​ក៏​ដួល​ដល់​ដី រួច​ឮ​សំឡេង​មាន​បន្ទូល​មក​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​អ្នក​បៀត‌បៀន​ដល់​ខ្ញុំ​ដូច្នេះ

 

៩:៤ មានការរួបរួមមួយរវាងព្រះយេស៊ូវហើយនឹងអ្នកដើរតាមព្រះអង្គ។ ​ដោយព្រោះតែសិស្សរបស់ ព្រះយេស៊ូវជាតំណាងរបស់ព្រះអង្គ (១:៨) ​ការដែលបៀតបៀនដល់ពួកគេនោះគឺជាការបៀតបៀនដល់ទ្រង់ (ម៉ាថាយ ១៨:៥-៦)។ ​ដូច្នេះហើយ ការបៀតបៀនរបស់សុលទៅលើក្រុមជំនុំគឺជាការវាយប្រហារលើ ព្រះយេស៊ូវ។  សុលបានគិតថាគាត់បានបម្រើព្រះដោយការបៀតបៀនដល់ក្រុមតូចមួយនេះដែលហៅថា “ផ្លូវ” ​ប៉ុន្តែពេលនេះគាត់បានដឹងថាតាមការពិតទៅគាត់កំពុងតែបៀតបៀនដល់ព្រះរាជបុត្រានៃព្រះទៅវិញទេ!​

 

គាត់​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ណា​នុ៎ះ រួច​ព្រះ‌អម្ចាស់​ទ្រង់​តប​ថា ខ្ញុំ​នេះ​ជា​ព្រះ‌យេស៊ូវ ដែល​អ្នក​បៀត‌បៀន អ្នក​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់ នោះ​គាត់​ក៏​ញាប់‌ញ័រ ទាំង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ទូល​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នោះ​គេ​នឹង​ប្រាប់​អ្នក ឲ្យ​ដឹង​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ

 

៩:៥-៦  “ឳព្រះអម្ចាស់អើយ ព្រះអង្គណានុ៎ះ?” ​​សុលបានឆ្លើយតបជាមួយនឹងសំនួរយ៉ាងសំខាន់បំផុត ដែលមនុស្សគ្រប់គ្នាអាចនឹងសួរ។ ​សូមកត់សម្គាល់ថា​ សុលបានបន្លឺសម្លេងថា “ព្រះអម្ចាស់អើយ” ​មិនមែនដោយព្រោះតែគាត់បានដឹងថាព្រះយេស៊ូវគឺជាព្រះអម្ចាស់នោះឡើយ ប៉ុន្តែដោយព្រោះតែការអស្ចារ្យ ហើយនឹងការគោរពចំពោះសិរីល្អនៃបុគ្គលនេះដែលគាត់មិនទាល់បានស្គាល់ថាជានរណានៅឡើយ។ ​

 

សុលមានការភ្ញាក់ផ្អើលនៅពេលដែលគាត់បានស្តាប់ឮចម្លើយចំពោះសំនួររបស់គាត់។ ​ “ខ្ញុំនេះជាព្រះយេស៊ូវ” ។ ​ពាក្យទាំងនេះផ្លាស់ប្តូរជីវិតរបស់គាត់ជារៀងរហូត។ ​គាត់បានដឹងខ្លួនថា ​មួយអង្គដែលពួកអ្នកដើរតាមព្រះអង្គ គាត់កំពុងតែរងនូវការបៀតបៀន គឺជាព្រះអម្ចាស់នៃស្ថានសួគ៌! ហើយពេលនេះ ជាព្រះអម្ចាស់របស់គាត់ ព្រះយេស៊ូវមានការត្រាស់ហៅហើយនឹងបេសកកម្មសម្រាប់សុល ដែលព្រះអង្គ នឹងបើកសំដែងឲ្យបានដឹង។ ​

 

ឯ​ពួក​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​គាត់ គេ​ក៏​ឈរ​ស្រឡាំង‌កាំង​នៅ ដោយ​បាន​ឮ​សំឡេង​មែន តែ​មិន​ឃើញ​អ្នក​ណា​សោះ 

 

៩:៧ មនុស្សដែលទៅជាមួយនឹងសុលបានស្តាប់ឮសម្លេងប៉ុន្តែមិនបានយល់អ្វីសោះឡើយ នូវពាក្យដែលបានពោលនោះ (ដូចនៅក្នុង យ៉ូហាន ១២:២៩)។ ​

រួច​សុល​ក៏​ក្រោក​ពី​ដី​ឡើង តែ​កាល​គាត់​បើក​ភ្នែក​ហើយ នោះ​មើល​មិន​ឃើញ​អ្វី​ទេ គេ​ក៏​ដឹក​ដៃ​គាត់​នាំ​ទៅ​ឯ​ដាម៉ាស

 

៩:៨ នៅពេលដែលសុលក្រោកពីដីមក គាត់មិនអាចមើលឃើញបានឡើយ។ ​នេះជាលទ្ធផលនៃការ ដែលគាត់បានឃើញសិរីល្អនៃព្រះយេស៊ូវ។ ​សិរីល្អនោះពិតជាមានអំណរខ្លាំងណាស់ដែលបានធ្វើឲ្យគាត់ ដួលទៅលើដីហើយបានធ្វើឲ្យគាត់ខ្វាក់ភ្នែក។ ​

 

នៅពេលដែលប៉ុលបានចាកចេញពីក្រុងយេរូសាឡិមកាលពីប្រាំមួយថ្ងៃមុននោះ គាត់បានគិតថា គាត់នឹងបានដល់ក្រុងដាម៉ាសក្នុងនាមជាសត្រូវដែលរឹងមាំ ខ្លាំងក្លាហើយគួឲ្យខ្លាចរបស់ក្រុមជំនុំ របស់ព្រះយេស៊ូវ។ ​តែផ្ទុយទៅវិញ គាត់បានមកដល់ទីក្រុងដោយការដែលគេដឹកដៃ (ដូចជាកូនតូច ដែលត្រូវការជំនួយក្នុងការដើរ) ដោយការបន្ទាបខ្លួនហើយបានខ្វាក់ភ្នែក ដោយសារសិរីល្អនៃព្រះយេស៊ូវ។ ​

ក្នុង​រវាង​៣​ថ្ងៃ គាត់​មើល​មិន​ឃើញ​ឡើយ ក៏​មិន​បរិភោគ​អ្វី​ផង។ 

 

៩:៩ សុលបានខ្វាក់ខាងឯព្រលឹងវិញ្ញាណពេញមួយជីវិតគាត់រួចទៅហើយរហូតមកដល់ពេលនេះ។ ឥលូវនេះ គាត់បានខ្វាក់ភ្នែកខាងឯសាច់ឈាមអស់រយៈពេលបីថ្ងៃ។ ​បន្តិចទៀតគាត់នឹងចាប់ផ្តើម មើលឃើញពីសេចក្តីពិតខាងព្រលឹងវិញ្ញាណយ៉ាងច្បាស់ជាលើកដំបូង (ខ១៨)។ ​អស់រយៈពេលបីថ្ងៃ គាត់បានអង្គុយនៅក្នុងសេចក្តីងងឹតហើយបានតមអត់សម្រាប់ជាការត្រៀមខ្លួននៅក្នុងការទទួលបេសកកម្មរបស់គាត់ពីព្រះយេស៊ូវ (ខ៦)។ ​ចាប់តាំងពីចំនុចនេះតទៅ គាត់គឺជាមនុស្សថ្មីម្នាក់។ ​

 

ត្រង់ចំនុចមួយ ការផ្លាស់ប្រែរបស់សុលគឺជាករណីលើកលែង។ ​ពួកយើងភាគ ច្រើនមិនបានឃើ​ញ​ព ន្លឺពីស្ថានសួគ៌ ស្តាប់ឮសម្លេងរបស់ព្រះយេស៊ូវ ហើយក្រោយមកខ្វាក់ភ្នែក អស់រយៈពេលបីថ្ងៃនោះ ឡើយ។ ​យ៉ាងណាម៉ិញ ការទាំងអស់នេះពិតជាមានសារៈសំខាន់នៅក្នុងការនាំឲ្យគាត់មានការប្រែចិត្ត ពីអំពើបាប ហើយមានសេចក្តីជំនឿលើព្រះយេស៊ូវ ដោយព្រោះតែគាត់ទាស់ ជាមួយនឹងក្រុមជំនុំយ៉ាង ពេញលេញ ហើយការត្រាស់ហៅរបស់ព្រះនៅក្នុងជីវិតរបស់គាត់នោះគឺជាករណីពិសេស គឺជាការដែលហៅឲ្យបានធ្វើជាសាវ័កដល់សាសន៍ដទៃ។ ​

 

ប៉ុន្តែត្រង់ចំនុចមួយផ្សេងទៀតនោះ ការផ្លាស់ប្រែរបស់សុលក៏ជាគំរូសម្រាប់ជួយឲ្យយើងបានយល់ពី ការផ្លាស់ប្រែរបស់ខ្លួនយើងដែរ។ ​ការដែលមានការផ្លាស់ប្រែ យើងត្រូវតែបានស្គាល់ព្រះយេស៊ូវ ដោយផ្ទាល់ ទទួលស្គាល់សិរីល្អរបស់ព្រះអង្គជាព្រះរាជបុត្រានៃព្រះ ទទួលការត្រាស់ហៅរបស់ព្រះអង្គ ឲ្យបានបម្រើព្រះអង្គ ឆ្លើយតបជាមួយនឹងទ្រង់ដោយការផ្លាស់ប្រែចិត្ត និងមានសេចក្តីជំនឿ ហើយ ចាប់ផ្តើមរស់នៅក្នុងជីវិតថ្មីមួយដែលជាការលើកដំកើងនិងស្តាប់តាមព្រះអង្គ។ ​

 

សូមមើលពីឥទ្ធិពលដែលមាននៅក្នុងការផ្លាស់ប្រែរបស់សុល:

 

ទីមួយ  គាត់មានការគោរពជាថ្មីមួយចំពោះព្រះ។  ដោយព្រោះតែកិច្ចការរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង សុលអាចមានអភ័យឯកសិទ្ធថ្មីមួយនៅក្នុងការចូលទៅរកព្រះ នៅក្នុងនាមជាព្រះវរបិតារបស់គាត់ នៅឯស្ថានសួគ៌។ ​ដូច្នេះហើយ  ​គាត់ចាប់ផ្តើមដោយការអធិស្ឋាននិងការតមអត់។ ​កាលពីមុន សុលមានសាសនាមួយ ដែលគាត់បានធ្វើអ្វីមួយដែលយល់ឃើញថាត្រឹមត្រូវនៅក្នុងគំនិតរបស់គាត់។ ប៉ុន្តែគាត់មិនបានស្គាល់ព្រះហើយនឹងបំណងព្រះទ័យព្រះអង្គយ៉ាងពិតប្រាកដនោះឡើយ។ ​ឥលូវនេះ គាត់មានការស្វែងយល់ជាថ្មីចំពោះព្រះហើយនឹងទំនាក់ទំនងថ្មីមួយជាមួយនឹងព្រះអង្គ។ ​នេះគឺជាលទ្ធផលទីមួយនៃការផ្លាស់ប្រែ: សតិសម្បជញ្ញថ្មីមួយ និងសេចក្តីស្រឡាញ់ចំពោះព្រះ។  

 

ទីពីរ គាត់ទំនាក់ទំនងថ្មីមួយជាមួយនឹងក្រុមជំនុំ។ កាលពីមុន គាត់ចង់បំផ្លាញក្រុមជំនុំ។ ​ប៉ុន្តែ ក្រោយ ការផ្លាស់ប្រែរបស់គាត់ សុលបានចូលរួមជាមួយនឹងក្រុមជំនុំ ហើយនឹងព័ន្ធកិច្ចនៅក្នុងការបម្រើក្រុមជំនុំ។ ​ការផ្លាស់ប្រែរបស់គាត់បានដឹកនាំភ្លាមៗនៅក្នុងសេចក្តីប៉ងប្រាថ្នានៃការបម្រើ ហើយមនុស្ស ដែលគាត់ធ្លាប់បានស្អប់ឥលូវនេះគាត់បានស្រឡាញ់ដល់ពួកគេវិញ។ ​

 

ទីបី គាត់មានគោលដៅថ្មីមួយនៅក្នុងពិភពលោក​។  គោលដៅថ្មីរបស់ប៉ុលគឺជាការប្រកាសពីព្រះគ្រីស្ទ។ ​គាត់បានចាប់ផ្តើមប្រកាសភ្លាមៗថាព្រះយេស៊ូវថាជាព្រះរាជបុត្រានៃព្រះ (ខ២០)។ គាត់នឹងប្តេជ្ញានៅ ពេញមួយជីវិតរបស់គាត់ដើម្បីឲ្យបានស្គាល់ព្រះយេស៊ូវ ហើយបម្រើព្រះអង្គ ដោយការជួយអ្នកដទៃ ឲ្យបានស្គាល់ព្រះអង្គដែរ។ ​

រីឯ​នៅ​ក្រុង​ដាម៉ាស នោះ​មាន​សិស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ហៅ​គាត់ ក្នុង​ការ​ជាក់​ស្តែង​ថា នែ អាន៉្នានាស​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់

 

៩:១០ លោកអាន្ន៉ានាសគឺជាសិស្សម្នាក់របស់ព្រះយេស៊ូវ ហើយជាអ្នកដឹកនាំម្នាក់នៅក្នុងចំណោម ពួកអ្នកដឹកនៅក្រុមជំនុំនៅទីក្រុងដាម៉ាស។ ដូច្នេះហើយ គាត់ជាមនុស្សក្នុងចំណោមមនុស្ស ដែលសុលបានមកដើម្បីនឹងធ្វើទុក្ខបៀតបៀតដល់គេ (២២:១២)។ ​

 

ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​ដែល​ហៅ​ថា ផ្លូវ​ត្រង់ ហើយ​រក​មនុស្ស​ម្នាក់​ឈ្មោះ​សុល ជា​អ្នក​ស្រុក​តើ‌សុស នៅ​ក្នុង​ផ្ទះ​យូដាស ដ្បិត​មើល គាត់​កំពុង​តែ​អធិស្ឋាន ហើយ​ក្នុង​ការ​ជាក់​ស្តែង គាត់​បាន​ឃើញ​ថា មាន​មនុស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ចូល​មក​ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ភ្លឺ​ភ្នែក​ឡើង

 

៩:១១-១២ សូមកត់សម្គាល់ថា ព្រះយេស៊ូវគឺគ្រប់គ្រងគ្រប់ទាំងហេតុការណ៏ទាំងអស់។ ​ព្រះអង្គបានធ្វើការ តាមបំណងព្រះហឫទ័យទ្រង់ ហើយព្រះអង្គធ្វើកិច្ចការទាំងនេះតាម​រយៈការប្រព្រឹត្តរបស់រាស្រ្តព្រះអង្គ។ ​ព្រះយេ​ស៊ូ​វជ្រាបថាសុលកំពុងអធិស្ឋាន ហើយបានប្រទាននូវការបើកសំដែងឲ្យគាត់បានឃើញអាន្ន៉ានាស ដើម្បីរៀ​ប​ចំ​គា​ត់ឲ្យបានជួបគ្នា។ ​ក្រោយមកព្រះអង្គចាត់អាន្ន៉ានាសឲ្យទៅជួយដល់ប៉ុល។ វាមិនចាំបាច់នៅ ក្នុងការដែលបានចាត់អាន្ន៉ានាសដើម្បីធ្វើឲ្យភ្នែករបស់សុលបានភ្លឺទេ។ ព្រះយេស៊ូវអាចនឹងប្រោសភ្នែក របស់សុលឲ្យបានភ្លឺដោយព្រះអង្គទ្រង់ផ្ទាល់។ ​ប៉ុន្តែព្រះអង្គបានជ្រើសរើស ចាត់អាន្ន៉ានាសឲ្យទៅ ដើម្បីបង្កើតទំនាក់ទំនងសុលជាមួយនឹងក្រុមជំនុំនៅក្នុងក្រុងដាម៉ាស។ ​

 

អាន៉្នានាស​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន និយាយ​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ទី​នេះ គាត់​ក៏​មាន​អំណាច​ពី​ពួក​សង្គ្រាជ អាច​នឹង​ទៅ​ចាប់​ចង​នូវ​អស់​អ្នក​ណា ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់​ដែរ

 

៩:១៣-១៤ ដំណឹងអំពីសុលក្នុងការធ្វើដំណើរមកក្រុងដាម៉ាសដើម្បីធ្វើទុក្ខបៀតបៀនដល់ពួកគ្រីស្ទាន បានមកដល់ទីក្រុងមុនពេលដែលគាត់មកដល់។ ​ដោយព្រោះតែការនេះ អាន្ន៉ានាសមានការភ្ញាក់ផ្អើល ដែលព្រះយេស៊ូវបានជ្រើសរើសចាត់គាត់ឲ្យទៅជួយដល់សុល។ ​

 

ប៉ុន្តែ​ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា ចូរ​ទៅ​ចុះ ពី​ព្រោះ​អ្នក​នោះ​ជា​ប្រដាប់​រើស​តាំង​ដល់​ខ្ញុំ សំរាប់​នឹង​ប្រកាស​ឈ្មោះ​ខ្ញុំ ដល់​ពួក​សាសន៍​ដទៃ នឹង​ពួក​ស្តេច ហើយ​នឹង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ផង ដ្បិត​ខ្ញុំ​នឹង​បង្ហាញ ឲ្យ​គាត់​ដឹង​ជា​ត្រូវ​រង​ទុក្ខ​លំបាក​ទាំង​អម្បាល‌ម៉ាន ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ 

 

៩:១៥ សុលដែលជាអ្នកបៀតបៀនដែលមានទាំងសំបុត្រពីសម្តេចសង្ឃពេលនេះគឺជាប៉ុល ដែលជាសាវ័ក ដែលជាសាវ័កដែល​មាន​បេសកកម្ម​ពីព្រះយេស៊ូវវិញ។ ​

តើអ្វីដែលបង្កើតឲ្យមានការផ្លាស់ប្រែរបស់សុល? ​ចម្លើយនោះគឺជាព្រះគុណនៃព្រះដ៏​អធិបតេយ្យ​ (ដេលពេញដោយព្រះចេស្តាខ្ពស់បំផុត) ដោយសារព្រះយេស៊ូវគ្រីស្ទ។ ព្រះបានជ្រើសរើសសុល ហើយបានញែកគាត់ ដាច់ដោយឡែកមុនពេលដែលគាត់បានកើតមកម្ល៉េះ (កាឡាទី ១:១៥)។ ​ក្រោយមក ព្រះយេស៊ូវ បានត្រាស់ហៅសុលនៅតាមផ្លូវទៅទីក្រុងដាម៉ាស។ ​ដូច្នេះហើយ ទាំងការជ្រើសរើស ហើយនឹងការត្រាស់ហៅនោះសុទ្ធតែកើតមកពីព្រះជាម្ចាស់។ ​សុលមិនបានស្វែងរក ព្រះយេស៊ូវនោះឡើយ គាត់ក៏មិនបានធ្វើការសម្រេចចិត្តសម្រាប់ព្រះយេស៊ូវដែរ។ ​តាមការពិតទៅ គាត់បានធ្វើការសម្រេចចិត្តនៅ ក្នុងការព្យាយាមបំផ្លាញក្រុមជំនុំរបស់ព្រះអង្គវិញ។ ​ផ្ទុយពីនេះ ព្រះយេស៊ូវដែលបានសម្រេចព្រះទ័យ សម្រាប់សុល ហើយក្រោយមកបានចូលមកក្នុងជីវិតរបស់គាត់នៅតាមផ្លូវទៅទីក្រុងដាម៉ាស។ ​​

 

បេសកកម្មដែលព្រះយេស៊ូវមានសម្រាប់សុលនោះគឺ “ប្រកាស​ឈ្មោះ​ខ្ញុំ ដល់​ពួក​សាសន៍​ដទៃ នឹង​ពួក​ស្តេច ហើយ​នឹង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល” (២២:២១, ២៦:១៧; រ៉ូម ១:១៣-១៤)។ ក្នុងគ្រប់ទីក្រុង សុលចូលទៅក្នុងសាលាប្រជុំមុនគេបង្អស់ហើយប្រកាសដល់ពួកកូនចៅអ៊ីស្រាអែល ពីព្រោះដំណឹងល្អគឺដោយព្រោះ “គឺ ​ដល់​ទាំង​សាសន៍​យូដា​ជា​ដើម និង​សាសន៍​ក្រេក​ផង” ​(រ៉ូម ១:១៦)។ ក្រោយការនេះ គាត់បានទៅឯពួកសាសន៍ដទៃដើម្បីនឹងប្រកាសដំណឹល្អជាមួយនឹងពួកគេ។ ​គាត់នឹងប្រកាស់ដល់ ទាំងពួកស្តេច ដូចជា អ័គ្រីប៉ា (២៦:១) និងសេរសា (២៥:១០-១១)។ 

៩:១៦ ការដែលបានបម្រើព្រះគ្រីស្ទគឺជាអភ័យឯកសិទ្ធដែលនាំទៅរករង្វាន់ដ៏នៅអស់កល្បជានិច្ច ហើយនឹងជាព្រះពរនៅក្នុងនគររបស់ព្រះអង្គ ប៉ុន្តែការនោះមិនបាននាំទៅរកភាពស្តុកស្តម្ភ ភាពល្បីល្បាញ ឬមានភាពជោគជ័យនៅក្នុងភ្នែករបស់លោកិយនោះឡើយ។ ​ការតែងតាំងរបស់សុល ឲ្យបានធ្វើជាសាវ័ក នោះគឺដើម្បីប្រកាសពីព្រះគ្រីស្ទហើយឲ្យបានត្រូវរងទុក្ខដោយព្រោះព្រះនាមព្រះអង្គ។ ​ ២ កូរិនថូស ១១:៣០​ បានកត់ត្រាពីការរងទុក្ខដែលគាត់បានឆ្លងកាត់នៅក្នុងបេសកកម្ម​របស់គាត់។ ​

 

ដូច្នេះ អាន៉្នានាស​ក៏​ទៅ ហើយ​ចូល​ក្នុង​ផ្ទះ​នោះ ដាក់​ដៃ​លើ​គាត់ និយាយ​ថា អ្នក​សុល​អើយ ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេស៊ូវ ដែល​លេច​មក​ឲ្យ​អ្នក​ឃើញ​តាម​ផ្លូវ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​អ្នក​បាន​ភ្លឺ​ភ្នែក ហើយ​ឲ្យ​អ្នក​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ស្រាប់​តែ​មាន​ដូច​ជា​ស្រកា​ជ្រុះ​ចុះ​ពី​ភ្នែក​គាត់​មក ហើយ​គាត់​ក៏​បាន​ភ្លឺ​ជា​១​រំពេច រួច​ក្រោក​ឡើង​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ហើយ​ក្រោយ​ដែល​គាត់​បាន​បរិភោគ នោះ​ក៏​មាន​កំឡាំង​ឡើង​វិញ។  

 

៩:១៧-១៩ ​អាន៉្នានាសបានទៅឯសុលភ្លាមនោះហើយបានដាក់ដៃរបស់គាត់លើសុលតាមបង្គាប់របស់ ព្រះយេស៊ូវ។ អាន្ន៉ានាសនិយាយទៅកាន់សុលដូចជាមិត្តសម្លាញ់ម្នាក់ ហើយជាបងប្អូនទោះ ជា ពីមុនគាត់ជាសត្រូវម្នាក់ក៏ដោយ។ ​ព្រះយេស៊ូវបានជ្រើសរើសសុលឲ្យបានធ្វើជាសមា​ជិកនៅក្នុងគ្រួសារ របស់ព្រះអង្គ ដូច្នេះហើយអាន្ន៉ានាសត្រូវតែទទួលគាត់ដូចជាបងប្អូនម្នាក់។  ​ 

ព្រះយេស៊ូវបានប្រោសសុលពីសេចក្តីខ្វាក់ ហើយបានចាក់បំពេញគាត់ដោយព្រះវិញ្ញាណបរិសុទ្ធឲ្យបានគង់ នៅក្នុងគាត់អស់កល្បជានិច្ច ហើយដើម្បីចម្រើនកម្លាំងដល់គាត់ឲ្យបានធ្វើការបម្រើទ្រង់។ ​នេះគឺជា ការចាប់ផ្តើមនៅក្នុងជីវិតថ្មីរបស់គាត់នៅក្នុងព្រះគ្រីស្ទ (ទីតុស ៣:៥)។ សុលបានសម្រេចិត្តទទួ​ល​ បុណ្យជ្រមុជទឹកដើម្បីទទួលស្គាល់ថាចំពោះអ្វីដែលព្រះយេស៊ូវបានធ្វើនៅក្នុងជីវិតរបស់គាត់។  ​

 

សុល​ក៏​នៅ​ក្រុង​ដាម៉ាស ជា​មួយ​នឹង​ពួក​សិស្ស​ជា​យូរ​ថ្ងៃ នោះ​ស្រាប់​តែ​គាត់​ប្រកាស​ប្រាប់​ពី​ព្រះ‌យេស៊ូវ នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ 

 

៩:២០​ ជាទំនៀមទម្លាប់នៅក្នុងសាលាប្រជុំសម្រាប់បុរសសាសន៍យូដាណាមួយដែលអាចបង្ហាត់បង្រៀនពី ព្រះគម្ពីរបាននោះគួរតែបង្រៀននៅក្នុងការប្រជុំគ្នានៅក្នុងសាលាប្រជុំ។ ​ដោយព្រោះតែសុលគឺជា សិស្សម្នាក់របស់គ្រូដ៏ធំគឺលោកកាមេលៀល ហើយគាត់បានក្តោបយកឳកាសនេះភ្លាមនោះ គាត់បានចាប់ផ្តើមប្រកាសពីព្រះយេស៊ូវនៅក្នុងក្រុងដាម៉ាស។ ​ប៉ុលបានដឹងថា មនុស្ស​គ្រប់គ្នាត្រូវតែ​ដឹង​ថា ​ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ។ ​ដែលជា “ព្រះរាជបុត្រានៃព្រះ” នោះគឺត្រូវមានភាពជាព្រះ លក្ខណៈ និងអត្តចរិត ដូចជាព្រះ ដូច្នេះហើយគឺមានភាពស្មើជាមួយនឹងព្រមទាំងរួមតែមួយ ជាមួយនឹងព្រះ (យ៉ូហាន ១០:៣០-៣៨)។ ​

 

ឯ​អស់​អ្នក​ដែល​ឮ ក៏​មាន​សេចក្ដី​ងឿង‌ឆ្ងល់ ហើយ​គេ​និយាយ​ថា តើ​មិន​មែន​អ្នក​នេះ​ទេ​ឬ​អី ដែល​បំផ្លាញ​ពួក​អ្នក​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នោះ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​គាត់​បាន​មក​ទី​នេះ ដើម្បី​នឹង​ចាប់​ចង​គេ បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ​ដែរ 

 

៩:២១ គ្រប់គ្នានៅក្នុងទីក្រុងដាម៉ាសបានដឹងថាសុលត្រូវបានចាត់ឲ្យមកសាលាប្រជុំដើម្បីបង្ខំឲ្យគេនាំយក សិស្សរបស់ព្រះយេស៊ូវមកឲ្យគាត់ដើម្បីឲ្យបាននាំទៅឯក្រុងយេរូសាឡិម។ ​ប៉ុន្តែផ្ទុយពីការចាប់ខ្លួន  ពួកសិស្សរបស់ព្រះយេស៊ូវ គាត់បានយល់ស្របថាពួកគេត្រឹមត្រូវទៅវិញដែលថា: ព្រះយេស៊ូវពិតជា ព្រះរាជបុត្រានៃព្រះ។ ​ពួកអ្នកដែលបានស្តាប់គាត់ទាំងប៉ុន្មានមានការភ្ញាក់ផ្អើលដោយការផ្លាស់ប្តូរ ដែលបានកើតឡើងចំពោះគាត់។ ​

 

មនុស្សជាច្រើនមានការភ្ញាក់ផ្អើលចំពោះការផ្លាស់ប្រែរបស់សុល។ ​វាពិតជាពិបាកសម្រាប់ពួកគេនៅក្នុង ការទទួលជឿពីរបៀបដែលព្រះចេស្តានិងភាពឆាប់រហ័សដែលព្រះយេស៊ូវអាចផ្លាស់ប្តូរជីវិតរបស់មនុស្សម្នាក់បាននោះ។ ប៉ុន្មានឆ្នាំក្រោមក ប៉ុលបានកត់ត្រាថា “បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​ បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ” (២ កូរិនថូស ៥:១៧)។ ប៉ុលបានដឹងថានេះគឺជាការពិតដោយព្រោះតែគាត់បានឆ្លងកាត់នៅក្នុងជីវិតរបស់ គាត់ផ្ទាល់។ ​

 

តែ​សុល គាត់​មាន​កំឡាំង​កាន់​តែ​ខ្លាំង​ឡើង ក៏​ផ្ទុញ‌ផ្ទាល់​ដល់​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ដាម៉ាស​វិញ ដោយ​សំដែង​បញ្ជាក់​ពី​ព្រះ‌អង្គ​នេះ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​ពិត​មែន 

 

៩:២២ សុលជាអ្នកដែលចេះស្ទាត់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយពេលនេះគាត់មានព្រះវិញ្ញាណបរិសុទ្ធ ដែលគាត់អាចមើលឃើញថាព្រះយេស៊ូវគឺជាព្រះមែស្ស៊ី ដែលបានសន្យានៅក្នុងបទគម្ពីរ។ ​ដូចជាមួយនឹង លោកស្ទេផាន ការចាក់បំពេញនៃព្រះវិញ្ញាណបរិសុទ្ធក៏ត្រូវបាន ផ្តល់ឲ្យមានអំណាចនៅក្នុងពាក្យសំដីរបស់ គាត់ដែលមិនមានអ្នកណាអាចតតាំងបានឡើយ (៦:១០)។ 

នៅក្នុង កាឡាទី ១:១១-១៨  លោកប៉ុលពន្យល់បន្ថែមពីអ្វីដែលបានកើតមានឡើងនៅក្នុងពេលនេះ។ គាត់បានចំណាយពេលអស់រយៈពេលបីឆ្នាំនៅក្នុងទីក្រុងដាម៉ាសនិងស្រុកអារ៉ាប់ ហើយនៅក្នុងអំឡុង ពេលនេះគាត់បានទទួលការបើកសំដែងពីព្រះយេស៊ូវ។ ​សូមកត់សម្គាល់ថា រយៈពេលបីឆ្នាំនោះគឺចំនួនពេល វេលា ដូចគ្នាដែលពួកសាវ័កបានចំណាយពេលរៀនពីព្រះយេស៊ូវនៅក្នុងពេលដែលព្រះអង្គបំពេញព័ន្ធកិច្ច របស់ទ្រង់ដែរ (ចាប់ពីឆ្នាំ ២៨-៣០ គ,ស)។ 

 

លុះ​យូរ​ថ្ងៃ​ក្រោយ​មក ពួក​សាសន៍​យូដា គេ​ពិគ្រោះ​គ្នា​នឹង​សំឡាប់​គាត់​ចេញ គេ​ក៏​ចាំ​ទ្វារ​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​នឹង​សំឡាប់​គាត់ តែ​សុល​បាន​ដឹង​ពី​ឧបាយ‌កល​របស់​គេ​ដែរ ហើយ​ក្នុង​វេលា​យប់ ពួក​សិស្ស​យក​កញ្ជើ​មក​ដាក់​គាត់​សំរូត​ចុះ​តាម​កំផែង​ក្រុង​ទៅ។ 

៩:២៣-២៥​ សុលដែលជាអ្នកបៀតបៀនបានប្រែក្លាយជាប៉ុលដែលត្រូវគេបៀតបៀនវិញ ​ហើយពេលនេះ គាត់ត្រូវតែរត់ចេញពីក្រុងដាម៉ាស។ ​ទីក្រុងនោះត្រូវបានហ៊ុំព័ទ្ធដោយជញ្ជាំងដែលខ្ពស់សម្រាប់ការការពារ ហើយមានផ្លូវចេញតែមួយតាមរយៈទ្វារទីក្រុងតែប៉ុណ្ណោះ។  នៅពេលដែលពួកគ្រីស្ទានបានឃើញថា ពួកសាសន៍យូដាគេឃ្លាំចាំមើលនៅទ្វារក្រុងនោះ,ពួកគេបានដាក់ប៉ុលទៅក្នុងកន្ត្រកធំមួយហើយបានសម្រូតគាត់ទៅខាងក្រៅទីក្រុងតាមជញ្ជាំងដោយប្រើខ្សែដើម្បីឲ្យគាត់បានរត់ភៀសខ្លួន។​

 

នៅក្នុង ២ កូរិនថូស ១១:៣០-៣៣ ប៉ុលបានកត់ត្រាថានៅក្នុងហេតុការណ៏នេះកើតមានឡើង អំឡុងពេលដែលស្តេចអើរេតាសសោយរាជ្យ។ មានន័យថាការដែលរត់ភៀសខ្លួនពីក្រុងដាម៉ាសនេះគឺ កើតមានឡើងនៅថ្ងៃណាមួយចន្លោះពីឆ្នាំទី ៣៧-៣៩ គ,ស។ ​ដូច្នេះហើយយើងបានដឹងថា ប៉ុលបានផ្លាស់ប្រែនៅក្នុងទីក្រុងដាម៉ាស ក្រោយមកបានចំណាយពេលវេលា​អស់៣ឆ្នាំនៅក្នុង ក្រុងដាម៉ាសនិងស្រុកអារ៉ាប់ (កាឡាទី ១:១៨)  ហើយក្រោយមកបានរត់ភៀសខ្លួនពីក្រុងដាម៉ាស នៅថ្ងៃណាមួយចន្លោះឆ្នាំ ៣៧ និង៣៩ គ,ស។ ការនេះមានន័យថាការផ្លាស់ប្រែរបស់ប៉ូលកើតមានឡើង នៅថ្ងៃណាមួយចន្លោះឆ្នាំ៣៤ និងឆ្នាំទី៣៦ គ,ស។ ដែលមានរយៈពេលប្រហែលជា ៥ឆ្នាំក្រោយពេលការ សុគត រស់ពីសុគតឡើងវិញនិងការយាងត្រឡប់ទៅស្ថានសួគ៌វិញរបស់ព្រះយេស៊ូវ។ ​

កាល​សុល​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម នោះ​គាត់​ខំ​ចូល​ទៅ​ឯ​ពួក​សិស្ស តែ​គេ​ខ្លាច​គាត់​ទាំង​អស់​គ្នា គេ​មិន​ជឿ​ថា គាត់​ជា​សិស្ស​ទេ

 

៩:២៦ ពួកសិស្សនៅក្នុងក្រុងយេរូសាឡិមក៏មានប្រតិកម្មចំពោះប៉ុលដូចជាពួកសិស្សនៅក្នុងទីក្រុង ដាម៉ាសដែរ។ ​ពួកគេមានការភ័យខ្លាច ហើយមិនបានជឿថាគាត់ពិតជាបានផ្លាស់ប្រែនោះឡើយ។ ​តើអាចឲ្យអ្នកដែលធ្វើទុក្ខដ៏ឃោរឃៅទាស់ជាមួយនឹងក្រុមជំនុំម្នាក់នេះអាចប្រែក្លាយជាសិស្សម្នាក់របស់ព្រះយេស៊ូវមែនទេ?​តើគាត់ពិតជាបានផ្លាស់ប្តូរយ៉ាងច្រើនដល់ម្ល៉េះពិតមែនទេ?​

តែ​បាណា‌បាស​នាំ​គាត់​ទៅ​ឯ​ពួក​សាវក រ៉ាយ​រឿង​ប្រាប់​គេ ពី​ដំណើរ​ដែល​គាត់​បាន​ឃើញ​ព្រះ‌អម្ចាស់​តាម​ផ្លូវ ហើយ​ទ្រង់​បាន​មាន​បន្ទូល​នឹង​គាត់ ក៏​និយាយ​ពី​បែប​យ៉ាង​ណា ដែល​គាត់​មាន​ចិត្ត​ក្លាហាន​នឹង​អធិប្បាយ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ នៅ​ក្រុង​ដាម៉ាស​ផង

 

៩:២៧ យើងបានអានអំពីលោកបាណាបាសនៅក្នុង កិច្ចការ ៤:៣៦។  គាត់ជា “កូននៃ​ការ​លើក​ទឹក​ចិត្ត”  (គកស១៦) ជាអ្នកដែលបានលក់ដីរបស់គាត់ហើយបានប្រគល់ប្រាក់ទាំងអស់ទៅដល់ក្រុមជំនុំ។ ​ពេលនេះ គាត់បានក្លាយជាសម្លាញ់ជាមួយនឹងប៉ុល បានណែនាំគាត់ឲ្យជួបជាមួយនឹងពួកសាវ័ក ហើយបានប្រាប់ ពួកគេពីការផ្លាស់ប្រែរបស់គាត់នៅក្នុងទីក្រុងដាម៉ាស។ ដូច្នេះដោយជំនួយពីលោកបាណាបាស ប៉ុលហើយនឹងពួកសាវ័កបានកើតមានការ​ប្រកបនឹងគ្នា។ ​

 

គាត់​ក៏​នៅ​ជា​មួយ​នឹង​គេ​ក្នុង​ក្រុង​យេរូ‌សាឡិម ទាំង​ចេញ​ចូល ហើយ​បាន​អធិប្បាយ ដោយ​នូវ​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដោយ​ក្លាហាន គាត់​សំដែង ហើយ​ជជែក​ជា​មួយ​នឹង​ពួក​ហេលេន តែ​ពួក​នោះ​រក​រឿង​សំឡាប់​គាត់​វិញ

 

៩:២៨-២៩ ប៉ុលបានស្នាក់នៅក្នុងក្រុងយេរូសាឡិមអស់រយៈពេល​ដប់ប្រាំថ្ងៃ (កាឡាទី ១:១៨) ហើយជាមួយនឹងសេចក្តីក្លាហានដែលបានទទួលពីព្រះវិញ្ញាណបរិសុទ្ធគាត់បានប្រកាសពីព្រះយេស៊ូវក្នុងអំឡុងពេលនោះ។ ​ការនេះបានបង្ករឲ្យមានការទាស់ជាមួយនឹងពួកហេលេន ជាក្រុមដដែលដែ​ល​បានទាស់ ជាមួយនឹងលោកស្ទេផាន (៦:៩-១៥)។ ប៉ុលបានជួបជាមួយនឹងពួកហេលេនទាំងនេះ ហើយបានចាំថា ពួកគេជាអ្នកដែលបានសម្លាប់លោកស្ទេផាន (ដែលបានធ្វើកិច្ចការដូចគ្នាជាមួយនឹងអ្វីដែលគាត់កំពុងតែ ធ្វើដែរ ជាការប្រកាសអំពីព្រះគ្រីស្ទ)។ ​ដូច្នេះហើយ គាត់បានដឹងថាជីវិតរបស់គាត់កំពុងតែស្ថិតនៅក្នុង គ្រោះថ្នាក់ ក្នុងទីក្រុងយេរូសាឡិមហើយ។ ​

បាន​ជា​កាល​ពួក​បង​ប្អូន​បាន​ដឹង នោះ​គេ​ជូន​គាត់​ទៅ​ត្រឹម​សេសារា រួច​ឲ្យ​ទៅ​ឯ​តើ‌សុស

 

៩:៣០​ ជាថ្មីម្តងទៀត ​ប៉ុលត្រូវតែរត់ភៀសខ្លួនពីទីក្រុងដោយព្រោះតែមានឧបាយកលក្នុងការសម្លាប់គាត់ (ខ២៣)។ ​មិត្តភក្តិរបស់គាត់បានជួយសង្រ្គោះជីវិតរបស់គាត់ដោយការនាំគាត់ទៅកាន់សេសារា ជាកន្លែងដែលគាត់ដាក់ឲ្យគាត់ជិះទូកទៅកាន់ស្រុកកំណើតរបស់គាត់ តើសុស។ គាត់បានចំណាយពេលវេលា ១០ ឆ្នាំក្រោយក្នុងការបំរើនក្នុងគីលីគា (ជាខេត្តមួយដែលមានស្រុកតើសុស នៅក្នុងនោះ  កាឡាទី ១:២១) ​ហើយក្រោយមកបានចូលរួមជាមួយនឹង បាណាបាស នៅក្នុង អាន់ទីយ៉ូក (កិច្ចការ ១១:១៩-៣០)។ 

 

នៅ​គ្រា​នោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​គ្រប់​ក្នុង​ស្រុក​យូដា ស្រុក​កាលី‌ឡេ នឹង​ស្រុក​សាម៉ារី ក៏​មាន​សេចក្ដី​សុខ‌សាន្ត ហើយ​មាន​ចិត្ត​ស្អាង​ឡើង ក៏​បាន​ចំរើន​ជា​ច្រើន​ឡើង​ដែរ ដោយ​ជឿន​ទៅ​មុខ ក្នុង​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌អម្ចាស់ នឹង​ក្នុង​សេចក្ដី​កំសាន្ត​ចិត្ត​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ 

 

៩:៣១ សូមកត់សម្គាល់ថា ពួកជំនុំគឺជាក្រុមតែមួយ ទោះបីជាត្រូវបានខ្ចាត់ខ្ចាយទៅទីកន្លែងជាច្រើន ហើយក៏ដោយ។ ​ពួកជំនុំគឺមិនមែនជាសំណង់អាគារ ឬទីកន្លែងមួយនោះឡើយ ប៉ុន្តែគឺជាពួកមនុស្ស ទាំងអស់ ដែលមានសេចក្តីជំនឿលើព្រះយេស៊ូវ។ ​​ពួកអ្នកជឿទាំងអស់ មិនថាពួកគេរស់នៅទីកន្លែងណា លើពិភពលោកនេះឡើយ ជាពួកជំនុំតែមួយដែលជាកម្មសិទ្ធរបស់ព្រះយេស៊ូវគ្រីស្ទ។

 

លោកលូកាបានកត់ត្រាថា ពួកជំនុំមានសេចក្តីសុខ‌សាន្ត ហើយមាន​ចិត្ត​ស្អាង​ឡើងនៅក្នុងពេលនេះ (ចាប់តាំងពីឆ្នាំ ៣៦-៤៦ គ,ស)។ ព្រះយេស៊ូវបានចំរើន​ដល់ពួកជំនុំព្រះអង្គក្នុងពេល ដែលពួកគេដើរ ដោយការកោតខ្លាច ចំពោះព្រះអម្ចាស់ (សម្រាប់អត្ថន័យនៃប្រយោគនេះ សូមមើលការបកស្រាយ នៅចំនុច​កិច្ចការ ៥:១១) ហើយនិងការ “កំសាន្តចិត្ត” ​(παρακλήσει ​ដែលជាការ លើកទឹកចិត្ត និងការដឹកនាំ) ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទានដល់ពួកគេ។ ​

 

រីឯ​ពេត្រុស កំពុង​ដែល​គាត់​ដើរ​ចុះ​ឡើង​គ្រប់​កន្លែង នោះ​ក៏​ចុះ​ទៅ​ឯ​ពួក​បរិសុទ្ធ​នៅ​ភូមិ​លីដា​ដែរ

 

៩:៣២ នៅពេលដែលសុលបៀតបៀនដល់ពួកជំនុំនៅក្នុងក្រុងយេរូសាឡិម មានពួកអ្នកជឿភាគជច្រើន បានភៀសខ្លួនចេញពីទីក្រុង ប៉ុន្តែពួកសាវ័កបានជ្រើសរើសស្នាក់នៅទីនោះ។ ​ពេលនេះដែលមាន សេចក្តីសុខសាន្ត លោកពេត្រុសបានចាកចេញពីទីក្រុងយេរូសាឡិមហើយធ្វើដំណើរទៅគ្រប់ទីកន្លែង ក្នុងអ៊ីស្រាអែលដើម្បីនឹងទៅសួរសុខទុក្ខពួកគ្រីស្ទានហើយបង្រៀនព្រមទាំងលើកទឹកចិត្តពួកគេ។ ​គាត់បានធ្វើដំណើរទៅប៉ែកខាងលិចចំងាយ​៥០គីឡូម៉ែត្រពីទីក្រុងយេរូសាឡិមទៅភូមិលីដា។ ​

នៅ​ទី​នោះ​គាត់​ឃើញ​មនុស្ស​ម្នាក់​ឈ្មោះ អេនាស មាន​ជំងឺ​ឈឺ​ស្លាប់​ដៃ​ជើង ដេក​នៅ​តែ​លើ​គ្រែ អស់​៨​ឆ្នាំ​មក​ហើយ 34ក៏​និយាយ​ទៅ​គាត់​ថា អ្នក​អេនាស​អើយ ព្រះ‌យេស៊ូវ​ដ៏​ជា​ព្រះ‌គ្រីស្ទ ទ្រង់​ប្រោស​ឲ្យ​អ្នក​បាន​ជា​ហើយ ចូរ​ក្រោក​ឡើង​រៀប​គ្រែ​អ្នក​ទៅ ស្រាប់​តែ​គាត់​ក៏​ក្រោក​ឡើង​ភ្លាម

 

៩:៣៣-៣៤ នៅក្នុងភូមិលីដា ​លោកពេត្រុសបានជួបជាមួយនឹងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ហើយគាត់បានបង្គាប់ឲ្យអ្នកនោះឲ្យ “ក្រោក​ឡើង​រៀប​គ្រែ​អ្នក​ទៅ”។ ការនេះក្រើនរំលឹកយើងអំពី ការដែលព្រះយេស៊ូវបានប្រោសមនុស្សខ្វិនម្នាក់នៅក្នុង លូកា ៥:២៤-២៥។  ភា្លមនោះ មនុស្សនោះ ក៏ត្រូវបានប្រោសឲ្យជា។ ​

 

ឯ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ភូមិ​លីដា នឹង​ស្រុក​សារ៉ូន ក៏​ឃើញ​គាត់ ហើយ​គេ​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ‌អម្ចាស់។ 

 

៩:៣៥ ព័ន្ធកិច្ចរបស់លោកពេត្រុសបង្ហាញថាព្រះយេស៊ូវគឺនៅតែមានព្រះជន្មរស់នៅ ហើយទ្រង់កំពុងតែ ធ្វើការដោយព្រះចេស្តាព្រះអង្គនៅក្នុងការប្រោសឲ្យជា។ ​ការអស្ចារ្យបានធ្វើឲ្យមនុស្សជាច្រើនបានជឿលើ ព្រះយេស៊ូវ ហើយបែរមកឯព្រះអង្គ ដោយការនោះដែលពួកគេទទួលសេចក្តីសង្រ្គោះ។

នៅ​ក្រុង​យ៉ុបប៉េ​ក៏​ដែរ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ តេប៊ីថា (ស្រាយ​ថា នាង​ក្តាន់) នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន នៅ​គ្រា​នោះ នាង​មាន​ជំងឺ​ឈឺ ហើយ​ស្លាប់​ទៅ កាល​គេ​បាន​ផ្ងូត​ទឹក​រូប​នាង​ហើយ នោះ​ក៏​យក​ទៅ​ដាក់​នៅ​ឯ​បន្ទប់​ខាង​លើ 

 

៩:៣៦-៣៧ ទីក្រុងយ៉ុបប៉េស្ថិតនៅក្នុងស្រុកយូដាជាកំពង់ផែសំខាន់ ដែលមានទីតាំងប្រមាណ ១៦គីឡូម៉ែត្រភាគខាងជើងឈាងខាងលិចនៃភូមិលីដា (ហើយមានចំងាយ ៦១គីឡូម៉ែត្រពី ភាគខាងលិចនៃក្រុងយេរូសាឡិម)។ នៅក្នុងក្រុងយ៉ុបប៉េមានក្រុមពួកអ្នកជឿលើព្រះយេស៊ូវមួយក្រុម ហើយក្នុងចំណោមពួកគេមានម្នាក់ដែលមានជំងឺព្រមទាំងបានស្លាប់ហើយ។ ឈ្មោះរបស់នាងគឺ តេប៊ីថា (នៅក្នុងភាសាអារ៉ាប់) ហើយឈ្មោះថា ដ័កាស (ក្នុងភាសាក្រិច)។ ឈ្មោះទាំងពីរមានន័យថា “សត្វប្រើស” ឬ “សត្វក្តាន់” ។  ​

រួច​ដោយ​ព្រោះ​ភូមិ​លីដា​នៅ​ជិត​យ៉ុបប៉េ ហើយ​ពួក​សិស្ស​បាន​ឮ​ថា ពេត្រុស​នៅ​ទី​នោះ បាន​ជា​គេ​ប្រើ​២​នាក់​ឲ្យ​ទៅ​រក​គាត់ ដើម្បី​នឹង​សូម​អង្វរ​ឲ្យ​មក​ឯ​គេ​ដោយ​ឥត​បង្អង់

 

៩:៣៨ ពួកគ្រីស្ទាននៅយ៉ុបប៉េអាចបានឮអំពីការប្រោសឱ្យជារបស់​អេនាស។ ពួកគេបានសម្រេចចិត្ត ក្នុងការចាត់មនុស្សពីរនាក់ឲ្យទៅលីដាដើម្បីនឹងសូមឲ្យលោកពេត្រុសមកឯយ៉ុបប៉េ។ ​ ​

 

ពេត្រុស​ក៏​ក្រោក​ឡើង​ទៅ​ជា​មួយ កាល​បាន​ដល់​ហើយ នោះ​គេ​នាំ​គាត់​ទៅ​ឯ​បន្ទប់​ខាង​លើ​នោះ ហើយ​ពួក​ស្រី​មេម៉ាយ​ក៏​ឈរ​ជិត​គាត់​ទាំង​យំ ព្រម​ទាំង​បង្ហាញ​អាវ នឹង​សំលៀក‌បំពាក់​ទាំង​ប៉ុន្មាន ដែល​តេប៊ីថា​បាន​ធ្វើ​ឲ្យ ពី​កាល​នាង​នៅ​ជា​មួយ​នៅ​ឡើយ

 

៩:៣៩ ​ក្រោយពេលដែលពេត្រុសមកដល់ក្រុងយ៉ុបប៉េភ្លាម គាត់ត្រូវបាននាំទៅក្នុងបន្ទប់ដែលគេដំកល់ សពរបស់តេប៊ីថា។ ​មានមនុស្សជាច្រើនដែលបានយំសោកនៅក្នុងបន្ទប់នោះ រួមទាំងពួកស្រ្តីមេម៉ាយមួយ ក្រុមដែលបានបង្ហាញលោកពេត្រុសនូវសម្លៀកបំពាក់ដែលតេប៊ីថាបានធ្វើ។ ​ពួកគេចង់ឲ្យគាត់បានដឹងពី សេចក្តីសប្បុរសរបស់តេប៊ីថាដែលគាត់បានធ្វើទាំងប៉ុន្មាន (“ពេញដោយកិច្ចការល្អនិងជាអ្នកធ្វើទាន” ខ៣៧)។ ​

 

តែ​ពេត្រុស​បណ្តេញ​គេ​ទៅ​ក្រៅ​ទាំង​អស់ ក៏​លុត​ជង្គង់​អធិស្ឋាន រួច​គាត់​បែរ​ខ្លួន​ទៅ​ឯ​រូប​បុគ្គល​នោះ និយាយ​ថា តេប៊ីថា​អើយ ចូរ​នាង​ក្រោក​ឡើង នាង​ក៏​បើក​ភ្នែក​ឃើញ​ពេត្រុស រួច​ឡើង​អង្គុយ

 

៩:៤០​ លោកពេត្រុសបានឃើញព្រះយេស៊ូវធ្វើការអស្ចារ្យនៅក្នុងស្ថានភាពដែលស្រដៀងគ្នានេះនៅក្នុង (ម៉ាកុស ៥:៣៨-៤៣)ហើយមានសេចក្តីជំនឿថាព្រះយេស៊ូវនឹងធ្វើដូចគ្នាចំពោះតេប៊ីថា នូវអ្វីដែលព្រះអង្គ បានធ្វើចំពោះកូនស្រីរបស់យ៉ៃរ៉ុស (ម៉ាកុស ៥:៤០)​។ ដូច្នេះហើយគាត់បានប្រាប់ឲ្យមនុស្សទាំងអស់ ចេញទៅក្រៅបន្ទប់  ហើយក្រោយមកគាត់បានលុតជង្គង់ហើយអធិស្ឋាន។ ​បន្ទាប់មក គាត់បានហៅស្ត្រី ដែលស្លាប់នោះថា “តេប៊ីថាអើយ  ចូរនាងក្រោកឡើង”។  

 

នៅក្នុងភាសាអារ៉ាប់ដែលលោកពេត្រុស បាននិយាយនោះគឺជាប្រយោគដែលថា “តេប៊ីថា ខាំមី” ដែលមាន អក្សរតែមួយខុសពីអ្វីដែលព្រះយេស៊ូវ បានបង្គាប់ដល់កូនស្រីរបស់យ៉ៃរ៉ុសដែលថា “តាលីថា ខាំមី” ដែលមានន័យថា “កូនស្រីអើយ ចូរនាងក្រោកឡើង” (ម៉ាកុស ៥:៤១)។  នៅពេលដែលពេត្រុស និយាយថា “តេប៊ីថាអើយ  ចូរនាងក្រោកឡើង”  ស្រ្តីដែលស្លាប់នោះបានឆ្លើយតបជាមួយនឹងការបង្គាប់ ដោយបានបើកភ្លែក របស់នាងហើយក្រោកអង្គុយ។ ​

គាត់​ក៏​ហុច​ដៃ​ទៅ​ឲ្យ​នាង​តោង​ឡើង រួច​គាត់​ហៅ​ពួក​បរិសុទ្ធ នឹង​ពួក​ស្រី​មេម៉ាយ​មក ប្រគល់​នាង​ទៅ​គេ​ទាំង​រស់ 42មនុស្ស​ទាំង‌ឡាយ​បាន​ដឹង​ដំណឹង​ពី​ការ​នោះ នៅ​ពេញ‌ពាស​ក្នុង​ក្រុង​យ៉ុបប៉េ ហើយ​មាន​មនុស្ស​ជា​ច្រើន បាន​ជឿ​ដល់​ព្រះ‌អម្ចាស់ 

 

៩:៤១-៤២ លោកពេត្រុសបានហុចដៃឲ្យនាងហើយបានជួយឲ្យនាងក្រោកឈរឡើង។  បន្ទាប់មក គាត់បាននាំនាងទៅរកមិត្តសម្លាញ់របស់នាង។ សូមស្រមៃមើលពីសេចក្តីអំណរនៅពេលដែលពួកគេបាន ឃើញថាមិត្តសម្លាញ់របស់គេមានជីវិតរស់នៅម្តងទៀត! ដូចជាការប្រោសឲ្យ​ជា​របស់អេនាស ដំណឹងល្អពីការអស្ចារ្យល្បីសុសសាយពេញក្រុង ហើយមនុស្សជាច្រើនបានជឿលើព្រះយេស៊ូវ។ ​

 

នៅក្នុងការអស្ចារ្យទាំងពីរនេះ យើងបានឃើញថាលោកពេត្រុសកំពុងបន្តធ្វើកិច្ចការបស់ព្រះយេស៊ូវ។ ​

  • ការអស្ចារ្យទាំងពីរគឺធ្វើតាមគំរូរបស់ព្រះយេស៊ូវ (ម៉ាកុស ២:១១, ៥:៤១)។  

  • ការអស្ចារ្យទាំងពីរគឺដោយព្រះចេស្តារបស់ព្រះយេស៊ូវ (ខ៣៤,ខ៤០)។  

  • ការអស្ចារ្យទាំងពីរគឺសម្រាប់ថ្វាយសិរីល្អថ្វាយព្រះយេស៊ូវ (៣៥, ៤២)។ 

 

យើងបានឃើញថាពួកសិស្សរបស់ព្រះយេស៊ូវបន្តធ្វើកិច្ចការរបស់ព្រះយេស៊ូវ។ ពួកគេធ្វើកិច្ចការនេះដោយ ការធ្វើតាមគំរូរបស់ព្រះអង្គ ធ្វើកិច្ចការដែលព្រះអង្គបានធ្វើ ហើយបម្រើព្រះអង្គដោយព្រះចេស្តាទ្រង់ដើម្បី ថ្វាយសិរីល្អដល់ព្រះអង្គ។ 

រួច​គាត់​ក៏​អាស្រ័យ​នៅ​យ៉ុបប៉េ ក្នុង​ផ្ទះ​ជាង​សំឡាប់​ស្បែក ឈ្មោះ​ស៊ីម៉ូន ជា​យូរ​ថ្ងៃ។ 

 

៩:៤៣ អ្នកសំឡាប់ស្បែកគឺជាមុខរបរមួយដែលពួកសាសន៍យូដាស្អប់ខ្ពើមដោយព្រោះតែពួកគេធ្វើកិច្ចការ ជាមួយនឹងស្បែកសត្វដែលងាប់ជាការដែលធ្វើឲ្យគេទៅជាមិនស្អាតតាមទំនៀមទម្លាប់។ យោងតាម ក្រិត្យវិន័យរបស់ពួកគេនៅក្នុងពេលនោះ អ្នកសំឡាប់ស្បែកត្រូវរស់នៅយ៉ាងហោចណាស់ចំងាយ២៥ម៉ែត្រ ខាងក្រៅភូមិដោយព្រោះតែការដែលមិនស្អាតរបស់គាត់នោះ។ ​យើងបានឃើញថា ការដែលស្នាក់នៅ ជាមួយនឹងអ្នកសំឡាប់ស្បែក លោកបេត្រុសកំពុងប្រែជាមិនសូវខ្វល់ខ្វាយពីការកាន់តាមច្បាប់ទម្លាប់ ដែលមាននៅក្នុងវប្បធម៌របស់សាសន៍យូដា។ ​នេះគឺជាកិច្ចការរបស់ព្រះដែលមាននៅក្នុងចិត្តរបស់ លោកពេត្រុសសម្រាប់ជាការរៀបចំដើម្បីធ្វើកិច្ចការដែលព្រះហៀបនឹងធ្វើដោយសារគាត់នៅក្នុងជំពូកបន្ទាប់នេះ។ ​

 

ការណែនាំ
bottom of page