
រីឯនៅក្រុងសេសារា មានមនុស្សម្នាក់ឈ្មោះកូនេលាស ជាមេលើកងទ័ព ដែលហៅថា កងទ័ពអ៊ីតាលី 2ជាអ្នកគោរព ហើយកោតខ្លាចដល់ព្រះ ព្រមទាំងពួកគ្រួលោកទាំងអស់ផង លោកក៏ដាក់ទានជាច្រើនដល់ពួកជន ហើយអំពាវនាវដល់ព្រះជានិច្ច
១០:១-២ សេសារាគឺជាទីក្រុងរ៉ូមនៅក្នុងស្រុកយូដានៅផ្នែកខាងឈូងសមុទ្រមេឌីទែរីណេ។ ទីស្នាក់ការ របស់ចៅហ្វាយក្រុងរ៉ូមនៅក្នុងស្រុកយូដាគឺនៅក្នុងទីក្រុងនេះ ដូច្នេះហើយពួកទីហានរ៉ូម៉ាំងរស់នៅក្នុងទីនោះ រួមទាំងលោកកូនេលាសផងដែរ។
លោកកូនេលាសគឺជាមេទ័ពម្នាក់ដែលត្រួតត្រាកងទ័ពមួយរយនាក់នៅក្នុងទាហានរ៉ូមគាត់គឺ "ជាអ្នកគោរព ហើយកោតខ្លាចដល់ព្រះ"។ ការនេះមានន័យថា គាត់ជាសាសន៍ដទៃដែលថ្វាយបង្គំ ព្រះរបស់អ៊ីស្រាអែល ដែលជាព្រះដ៏ពិតតែមួយ ប៉ុន្តែមិនទាន់បានផ្លាស់ប្រែទៅជាសាសនាយូដា នៅឡើយទេ (ជាការតម្រូវឲ្យគាត់ ត្រូវកាត់ស្បែកហើយកាន់តាមក្រិត្យវិន័យសញ្ញាចាស់នៅក្នុងការបរិភោគអាហារ)។ ការគោរពដល់ព្រះ បានបង្ហាញដោយសេចក្តីសប្បុរសគាត់នៅក្នុងការធ្វើទានចំពោះអ្នកក្រ ហើយនឹងសេចក្តីអធិស្ឋានរបស់គាត់ ជាកិច្ចការពីរក្នុងចំណោមកិច្ចការបីសំខាន់ដែលមាន នៅក្នុង សាសនាសាសន៍ យូដា (ការតមអាហារជា កិច្ចការទីបី)។
លោកបានឃើញការជាក់ស្តែងយ៉ាងច្បាស់ ប្រហែលជាម៉ោង៣រសៀល គឺបានឃើញទេវតានៃព្រះ មកឯលោក ពោលថា កូនេលាសអើយ លោកក៏សំឡឹងមើលទៅទេវតាទាំងភ័យ ហើយឆ្លើយថា ព្រះអម្ចាស់អើយ តើមានការអ្វី ទេវតាប្រាប់ថា សេចក្ដីអធិស្ឋាន នឹងការដាក់ទានរបស់អ្នក បានឡើងទៅទុកជាសេចក្ដីរំឭក នៅចំពោះព្រះហើយ
១០:៣ ពេលនោះគឺអំឡុងម៉ោង ៣រសៀល ដែលជាពេលមួយនៅក្នុងថ្ងៃនិមួយៗដែលពួកសាសន៍ យូដាអធិស្ឋាន។ ហេតុផលដែលយើងអធិស្ឋាននោះគឺដើម្បីឲ្យបានចូលទៅគៀកនិងព្រះជាម្ចាស់ ដើម្បីឲ្យព្រះអង្គអាចមានព្រះបន្ទូលមកយើង ដឹកនាំយើង ហើយមានទំនាក់ទំនងជាមួយនឹងយើងរាល់គ្នា។ ពេលដែលកូនេលាសកំពុងតែអធិស្ឋាន (ខ៣០) គាត់បានទទួលការជាក់ស្តែងពីព្រះ។ ទេវតានៃព្រះ បានហៅលោកកូនេលាសតាមឈ្មោះគាត់ ការនោះបានធ្វើឲ្យគាត់ភ័យខ្លាច។ ការភ័យខ្លាចគឺជា ការឆ្លើយតបរបស់មនុស្សគ្រប់គ្នានៅពេលដែលទេវតាលេចមកឲ្យគេឃើញនោះ ដោយសារទេវតាមានមាឌធំ មានអំណាច និងរុងរឿង (លូកា ១:១២)។
១០:៤ ទេវតាបានប្រាប់ដល់លោកកូនេលាសថាព្រះបានស្តាប់ឮសេចក្តីអធិស្ឋាន ហើយបានឃើញការដាក់ទានរបស់គាត់ ហើយថាកិច្ចការទាំងនោះគឺជាកិច្ចការនៃការគោរពកោតខ្លាច ដល់ព្រះ ដេលបានឡើងទៅទុកជា “សេចក្ដីរំឭក” នៅចំពោះព្រះ។ ការនេះមានន័យថា សេចក្តីអធិស្ឋានរបស់គាត់ និងការធ្វើទាន របស់គាត់គឺប្រៀបដូចជាការថ្វាយយញ្ញបូជាដល់ព្រះ ហើយទ្រង់ទទួលដោយព្រោះតែការនោះគាប់ដល់ ព្រះអង្គ (លេវីវិន័យ ៦:១៥; ទំនុកដំកើង ១៤១:២; រ៉ូម ១២:១-២; ភីលីព ៤:១៨; ហេព្រើរ ១៣:១៥-១៦)។
ដូច្នេះ ចូរអ្នកប្រើគេឲ្យទៅឯយ៉ុបប៉េ ហៅស៊ីម៉ូន ដែលមានឈ្មោះថា ពេត្រុស ឲ្យមកឥឡូវ គាត់ស្នាក់នៅផ្ទះរបស់ជាងសំឡាប់ស្បែកម្នាក់ ឈ្មោះស៊ីម៉ូន ដែលនៅក្បែរមាត់សមុទ្រ អ្នកនោះនឹងប្រាប់ឲ្យអ្នកដឹង ពីការដែលអ្នកត្រូវធ្វើជាយ៉ាងណា កាលទេវតា ដែលនិយាយមកលោក បានចេញទៅបាត់ហើយ នោះលោកហៅអ្នកបំរើ២នាក់ នឹងទាហានម្នាក់ ដែលកោតខ្លាចដល់ព្រះ ពីពួកមនុស្សដែលតែងតែបំរើលោកឲ្យមក 8រួចប្រាប់រឿងរ៉ាវសព្វគ្រប់ ហើយប្រើឲ្យទៅឯយ៉ុបប៉េ។
១០:៥-៨ ទេវតាបានប្រាប់ដល់លោកកូនេលាសឲ្យចាត់គេឲ្យទៅចំងាយហាសិបគីឡូម៉ែត្រភាគ ខាងត្បូងទៅយ៉ុបប៉េដើម្បីនាំពេត្រុសទៅសេសារា។ នេះគឺជាការធ្វើដំណើរពេញមួយថ្ងៃដោយជិះសេះ។ គាត់បានស្តាប់តាមភ្លាមហើយបានជ្រើសរើសអ្នកបម្រើពីរនាក់និងទាហានម្នាក់ ដូចជាលោកកូនេលាសដែរ គាត់ជាអ្នកដែលកោតខ្លាចដល់ព្រះ។
ដល់ស្អែកឡើងកំពុងដែលពួកអ្នកទាំងនោះដើរទៅជិតដល់ទីក្រុងហើយ នោះពេត្រុសក៏ឡើងទៅលើដំបូលផ្ទះ ដើម្បីនឹងអធិស្ឋាន ក្នុងពេលប្រហែលជាថ្ងៃត្រង់ហើយ
១០:៩ នៅពេលដែលមនុស្សរបស់លោកកូនេលាសទៅដល់យ៉ុបប៉េ លោកពេត្រុសបានឡើងទៅលើ ដំបូលអធិស្ឋាននៅម៉ោង ១២ថ្ងៃត្រង់។ ដំបូលនោះ គឺរាបស្មើរហើយជាកន្លែងដែលស្ងាត់ជាកន្លែង ដែលល្អនៅក្នុងការអធិស្ឋាន។
គាត់ក៏នឹកឃ្លានជាខ្លាំង ចង់បរិភោគ តែកំពុងដែលគេចាត់ចែងឲ្យ នោះគាត់លង់ស្មារតីទៅ គាត់ឃើញមេឃចំហ ហើយមានប្រដាប់ ដូចជាសំពត់កំរាលយ៉ាងធំ បានចុះមក ចងទាំង៤ជ្រុង សំរូតមកដល់ដី នៅក្នុងសំពត់នោះ មានសត្វជើង៤ សត្វព្រៃ សត្វលូនវារគ្រប់មុខ ដែលនៅលើដី នឹងសត្វហើរលើអាកាសដែរ
១០:១០-១២ លោកពេត្រុសនិងកូនេលាសមានចំងាយហាសិបគីឡូម៉ែត្រឆ្ងាយពីគ្នាហើយព្រះទ្រង់ សព្វព្រះទ័យនៅក្នុងការនាំពួកគាត់ឲ្យបានជួបគ្នា។ ហេតុនោះបានជាព្រះអង្គបានប្រទាននូវការជាក់ស្តែង ដល់លោកកូនេលាសនៅសេសារា ហើយព្រះអង្គប្រទានការជាក់ស្តែងដល់លោកពេត្រុសនៅ ឯយ៉ុបប៉េផងដែរ។ លោកពេត្រុសបានឃើញក្រណាត់សំពត់ដែលមានជ្រុងបួនដែលចុះពីស្ថានសួគ៌មក។ នៅក្នុងសំពត់នោះមានសត្វដែល “មិនស្អាត” ហើយមិនត្រូវបរិភោគយោងតាមក្រិត្យវិន័យដែលបានប្រទាន មកចំពោះចំណីអាហារ នៅក្នុង លេវីវិន័យ ១១។
ក៏ឮសំឡេងមានបន្ទូលមកថា ពេត្រុសអើយ ចូរក្រោកឡើងសំឡាប់ ហើយបរិភោគទៅ តែពេត្រុសប្រកែកថា ទេ ព្រះអម្ចាស់ ដ្បិតទូលបង្គំមិនដែលទទួលទានអ្វី ដែលមិនស្អាតមិនបរិសុទ្ធនោះសោះ
១០:១៣-១៤ នៅក្នុងការជាក់ស្តែង មានសម្លេងមកប្រាប់ដល់ពេត្រុសថាចូរឲ្យសម្លាប់ ហើយបរិភោគ សត្វដែលមិនស្អាតទាំងនោះទៅ។ លោកពេត្រុសបានឆ្លើយតបដោយពីរពាក្យ ដែលជាភាពផ្ទុយគ្នា ថា “ទេ" និង “ព្រះអម្ចាស់”។ ប្រសិនបើទ្រង់គឺជាព្រះអម្ចាស់នៃយើងមែន នោះយើងត្រូវតែឆ្លើយតប ចំពោះការបង្គាប់ របស់ព្រះអង្គដោយពាក្យថា “ក្រាបទូល ព្រះអម្ចាស់”។ លោកពេត្រុសប្រហែលជាគិតថា នេះគឺជាកា រសាកល្បងចំពោះការស្តាប់បង្គាប់របស់គាត់ចំពោះក្រិត្យវិន័យ ដូច្នេះហើយគាត់បានបដិសេធ មិនព្រម បរិភោគ (លេវីវិន័យ ១០:១០, ២០:២៥; អេសេគាល ៤:១៤; ដានីយ៉ែល ១:៨-១២)។
រួចឮសំឡេងនោះមកម្តងទៀតថា របស់អ្វីដែលព្រះបានសំអាតហើយ នោះកុំឲ្យអ្នករាប់ថាជាមិនស្អាតឡើយ 16ការនោះមានមកគ្រប់៣ដង រួចបានលើកប្រដាប់នោះ ឡើងទៅលើមេឃវិញ។
១០:១៥-១៦ យ៉ាងណាម៉ិញ លោកពេត្រុសត្រូវបានប្រាប់ថា ព្រះបានសំអាតអាហារទាំងនោះ ហើយដូច្នេះហើយវាមិនមែនមិនស្អាតដូចធម្មតាទៀតឡើយ (រ៉ូម១៤:១៤; ១ ធីម៉ូថេ ៤:៣-៤)។ ការនេះនឹងបានច្បាស់សម្រាប់លោកពេត្រុសក្នុងពេលបន្តិចទៀតថា ការជាក់ស្តែងនោះគឺលើសជាង ចំណីអាហារទាំងនោះទៅទៀត។ ការនោះគឺចំពោះសាសន៍ដទៃដែលចិត្តរបស់គាត់ត្រូវបានសំអាត ដោយព្រះជាម្ចាស់ (១៥:៩)។ ព្រះទ្រង់បានរៀបចំលោកពេត្រុសនៅក្នុងការទទួលការអញ្ជើញ លោកកូនេលាសដែលបានអញ្ជើញគាត់ឲ្យទៅ។ មុននោះ ព្រះយេស៊ូវបានប្រាប់ដល់លោកពេត្រុសចំនួន បីដងឲ្យបានឲ្យចំណីហ្វូងចៀមរបស់ព្រះអង្គ (យ៉ូហាន ២១:១៥-១៧)។ ពេលនេះ ព្រះមានបន្ទូលប្រាប់ លោកលោកពេត្រុសចំនួនបីដងថាគាត់ត្រូវតែទទួលអស់ទាំងចៀមរបស់ព្រះអង្គថា ព្រះបានជ្រើសរើស ពួកគេហើយ រួមទាំងពួកសាសន៍ដទៃផងដែរ (យ៉ូហាន ១០:១៦)។
ព្រះយេស៊ូវបានបង្រៀនដល់សិស្សរបស់ព្រះអង្គអំពីការដែលស្អាតនិងមិនស្អាត ហើយបានមានបន្ទូលថា គ្មានអ្វីមួយដែលនៅខាងក្រៅមនុស្ស (ដូចជាអាហារ) អាចបង្អាប់មនុស្សឲ្យទៅជាមិនស្អាត ប៉ុន្តែគាត់ជា អ្វីដែលចេញពីចិត្តរបស់មនុស្សមកទៅវិញទេ ដែលធ្វើឲ្យមនុស្សទៅជាមិនស្អាត (ម៉ាកុស ៧:១៤-២៣)។ ដោយការបង្រៀនអំពីការនេះ ព្រះយេស៊ូវបានប្រកាសថាចំណីអាហារទាំងអស់គឺសុទ្ធតែស្អាត (ម៉ាកុស ៧:១៩)។ នេះគឺជាចំនុចដូចគ្នាដែលមាននៅក្នុងការជាក់ស្តែងដល់លោកពេត្រុស ព្រះបានប្រកាសពីរបស់ ដែលមិនស្អាតថាជាស្អាតហើយ។ នៅក្នុង ម៉ាកុស ៧ ការបន្ទាប់ដែលកើតឡើងបន្ទាប់ពីការបង្រៀន របស់ព្រះយេស៊ូវគឺព័ន្ធកិច្ចរបស់ព្រះអង្គចំពោះស្រ្តីសាសន៍ដទៃ (៧:២៤-៣០) ដូចដែលការបន្ទាប់ ដែលកើតឡើងបន្ទាប់ពីការជាក់ស្តែងរបស់លោកពេត្រុសអំពីអាហារ ដែលស្អាតនិងមិនស្អាត គឺជាព័ន្ធកិច្ចរបស់គាត់ចំពោះសាសន៍ដទៃ។
ព្រះជាម្ចាស់រៀបនឹងបើកទ្វារនៅក្នុងសេចក្តីជំនឿរបស់សាសន៍ដទៃ។ ក្នុងនាមជាសាសន៍យូដាម្នាក់ លោកពេត្រុស តែងតែរាប់ពួកសាសន៍ដទៃថាជាមនុស្សមិនស្អាត ជាពួកអ្នកដទៃ ឆ្ងាយដាច់ដោយឡែក ជាមនុស្សមិនកោតខ្លាចព្រះ និងគ្មានព្រះ។ ប៉ុន្តែពេលនេះព្រះកំពុងតែធ្វើអ្វីដែលថ្មីមួយ។ សាសន៍ដទៃ (ដែលត្រូវបានតំណាងដោយសត្វជើងបួននិងសត្វស្លាបដែលមិនស្អាត) នឹងត្រូវបានសំអាតដោយព្រះ និងទទួលបានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គដូចជាពួកសាសន៍យូដាបានទទួលនៅក្នុងថ្ងៃបុណ្យទី ៥០ ដែរ។
កំពុងដែលពេត្រុសនៅងោងក្នុងខ្លួន ពីន័យការជាក់ស្តែង ដែលបានឃើញនោះនៅឡើយ នោះមនុស្ស៣នាក់ ដែលកូនេលាសចាត់ឲ្យមក បានសួររកផ្ទះស៊ីម៉ូន ក៏ឈរនៅមាត់ទ្វារហើយ គេកំពុងតែហៅសួរ បើមានឈ្មោះស៊ីម៉ូន ដែលហៅថា ពេត្រុស នៅផ្ទះនោះឬទេ
១០:១៧-១៨ លោកពេត្រុសគឺមិនទាន់យល់ច្បាស់អំពីអត្ថន័យនៃការជាក់ស្តែងនោះនៅឡើយទេ ប៉ុន្តែព្រះទ្រង់គ្រប់គ្រងនៅក្នុងគ្រប់ទាំងកិច្ចការដែលកើតមានឡើងទាំងអស់។ ពេលដែលលោកពេត្រុស កំពុងតែមានអារម្មណ៍ច្របូកច្របល់នៅលើដំបូល មនុស្សដែលលោកកូនេលាសចាត់មកបានមក ដល់ផ្ទះដែលគាត់កំពុងតែស្នាក់នៅនោះ។
ដូច្នេះ កំពុងដែលពេត្រុសគិតរំពឹងពីការជាក់ស្តែង នោះព្រះវិញ្ញាណមានបន្ទូលមកគាត់ថា មើល មានមនុស្ស៣នាក់មករកអ្នក ចូរក្រោកឡើងចុះទៅ ហើយទៅជាមួយនឹងគេចុះ កុំប្រកាន់ឡើយ ពីព្រោះគឺខ្ញុំហើយ ដែលចាត់ឲ្យគេមក
១០:១៩-២០ មុននោះ មានសម្លេងមកដល់លោកពេត្រុស (ខ១៣, ខ១៥)។ ពេលនេះ យើងត្រូវបានប្រាប់ថានេះជាសម្លេងរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធប្រាប់ដល់លោកពេត្រុស អំពីមនុស្សបីនាក់ដែលកំពុងតែរកគាត់។ ជាធម្មតា ពួកសាសន៍យូដាមិនព្រមជួបជាមួយនឹងសាសន៍ដទៃ នោះឡើយ។ សូមកត់សម្គាល់ថា ព្រះវិញ្ញាណបរិសុទ្ធមិនបានប្រាប់លោកពេត្រុសថា ភ្ញៀវរបស់គាត់នោះ គឺជា សាសន៍ដទៃនោះឡើយ។ អ្វីដែលលោកពេត្រុសត្រូវដឹងនោះគឺពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានមាន ព្រះបន្ទូលថា “ គឺខ្ញុំហើយ ដែលចាត់គេឲ្យមក” ដូច្នេះហើយគាត់គួរតែទៅជាមួយនឹងពួកគេ។
ដូច្នេះ ពេត្រុសក៏ចុះទៅទទួលគេ ដោយពាក្យថា គឺខ្ញុំនេះហើយ ដែលអ្នករាល់គ្នារក តើមានការអ្វី
១០:២១ លោកពេត្រុសគួរតែមានការភ្ញាក់ផ្អើលនៅពេលដែលគាត់បើកទ្វារហើយបានឃើញ អ្នកបម្រើពីរនាក់និងទាហានរ៉ូម៉ាំងម្នាក់ (ខ៧)! គាត់បានដឹងថាពួកគេមិនមែនជាសាសន៍យូដាឡើយ ហើយអាចនឹងឆ្ងល់ថាហេតុអ្វីបានជាព្រះវិញ្ញាណបរិសុទ្ធចង់ឲ្យគាត់ទៅជាមួយនឹងពួកគេ។
គេឆ្លើយឡើងថា លោកមេទ័ពកូនេលាស ដែលជាមនុស្សសុចរិត ហើយកោតខ្លាចដល់ព្រះ មានសាសន៍យូដាទាំងអស់ធ្វើបន្ទាល់ល្អឲ្យ លោកបានទទួលបង្គាប់នៃព្រះ ដោយសារទេវតាបរិសុទ្ធ ឲ្យចាត់មកអញ្ជើញលោកគ្រូទៅឯផ្ទះលោក ដើម្បីនឹងបានស្តាប់លោកគ្រូអធិប្បាយខ្លះ
១០:២២ ភ្ញៀវទាំងនោះបានពន្យល់ប្រាប់លោកពេត្រុសពីហេតុដែលពួកគេមក។ ការពិតដ៏ថ្មីមួយនោះគឺថា ហេតុអ្វីបានជាពួកគេចង់នាំគាត់ទៅជួបលោកកូនេលាសដើម្បីឲ្យបានស្តាប់នូវអ្វីដែលលោកពេត្រុសនិងប្រាប់ដល់ពួកគេ។ ពួកសាសន៍យូដាស្អប់ពួករ៉ូម៉ាំងណាស់ (ជាពិសេសគឺទាហានរ៉ូម៉ាំង) ដោយព្រោះតែរ៉ូមបាន គ្រប់គ្រងពួកគេហើយពេលនេះបានត្រួតត្រាលើទឹកដីរបស់គេថែមទៀត។ ពេលនេះ សាសន៍ដទៃម្នាក់ ដែលជាមេទ័ពនៅក្នុងពួកទាហានរ៉ូមចង់ស្តាប់ឮដំណឹងល្អពីលោកពេត្រុស!សម្រាប់លោកពេត្រុសនៅក្នុងការចូលទៅក្នុងផ្ទះរបស់ពួកសាសន៍ដទៃនោះគឺត្រូវបានហាមឃាត់តាមទម្លាប់របស់សាសន៍យូដានិងទំនៀមទ ម្លាប់ (ទោះបីជាមិនមាននៅក្នុងក្រិត្យវិន័យលោកម៉ូសេក៏ដោយ) ហើយនឹងធ្វើឱ្យគាត់មិនស្អាតស្របតាម សាសនាយូដា។ គាត់មិនធ្លាប់បានធ្វើការដូចនេះពីមុនមកឡើយ។ តើគាត់នឹងឆ្លើយតបបែបណា?
ដូច្នេះ ពេត្រុសក៏អញ្ជើញគេចូលមកស្នាក់នៅសិន លុះដល់ស្អែក គាត់ក្រោកឡើង ទៅជាមួយនឹងគេ ហើយមានពួកបងប្អូនខ្លះ ដែលនៅយ៉ុបប៉េ ក៏ទៅជាមួយដែរ
១០:២៣ ជាធម្មតា ពួកសាសន៍យូដាមិនអញ្ជើញសាសន៍ដទៃឲ្យចូលទៅក្នុងផ្ទះរបស់ពួកគេនោះឡើយ ហើយជាពិសេសគឺជាទាហានដែលជាកងទ័ពរបស់រ៉ូម៉ាំងលើសទៅទៀត។ ប៉ុន្តែលោកពេត្រុសបានដឹងថា ព្រះវិញ្ញាណបរិសុទ្ធបានចាត់ពួកគេឲ្យមក ដូច្នេះហើយគាត់បានអញ្ជើញពួកគេឲ្យចូលទៅក្នុងផ្ទះ ដែលគាត់ស្នាក់។ យើងអាចមើលឃើញពីការផ្លាស់ប្តូរនៅក្នុងចិត្តរបស់លោកពេត្រុស ដោយសាររបៀប ដែលគាត់បានស្វាគមន៍អ្នកទាំងនោះក្នុងនាមជាភ្ញៀវរបស់គាត់។ ដូច្នេះហើយ ជាលើកដំបូងបំផុត ដែលមានការប្រកបរវាងពួកអ្នកជឿដែលជាសាសន៍យូដានិងសាសន៍ដទៃ ហើយដូចដែលយើងនឹងឃើញ ស្រាប់ នេះគឺគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះចំពោះអ្វីដែលព្រះបានរៀបចំទុកជាមុនសម្រាប់ពួកជំនុំរបស់ព្រះអង្គ។
ដល់ស្អែកឡើង គេចូលទៅក្នុងសេសារា ឯកូនេលាសក៏ទន្ទឹងមើលផ្លូវគេ បានទាំងប្រមូលញាតិសន្តាន នឹងសំឡាញ់ស្និទ្ធស្នាលរបស់លោកមកផង។
១០:២៤ ហេតុផលដែលព្រះប្រទានការជាក់ស្តែងដល់លោកពេត្រុសអំពីសត្វដែលមិនស្អាត ហើយបានបង្គាប់ថា “របស់អ្វីដែលព្រះបានសំអាតហើយ នោះកុំឲ្យអ្នករាប់ថាជាមិនស្អាតឡើយ” (ខ១៥) គឺដើម្បីឲ្យគាត់នឹងនាំយកដំណឹងល្អទៅប្រកាសដល់សាសន៍ដទៃ។ ដូច្នេះហើយ នៅពេលដែលលោក ពេត្រុសបានមកដល់ផ្ទះរបស់លោកកូនេលាស ពេលនេះគាត់បានយល់ពីបំណងព្រះហឫទ័យនៃព្រះ ក្នុងស្ថានភាពនេះ។ ព្រះយេស៊ូវបានប្រទានកូនសោរនៃនគរស្ថានសួគ៌ (ម៉ាថាយ ១៦:១៩) ហើយគាត់បានត្រៀមខ្លួននៅក្នុងការបើកទ្វារនគរស្ថានសួគ៌ដល់ពួកសាសន៍ដទៃ (ចាប់ផ្តើមជាមួយនឹង លោកកូនេលាសហើយងពួកគ្រួរបស់គាត់ មិត្តសម្លាញ់ និងពួកអ្នកផ្ទះគាត់ទាំងប៉ុន្មាន) ដោយការប្រកាស ដំណឹងល្អដល់ពួកគាត់ ដូចដែលគាត់បានធ្វើជាមួយនឹងពួកសាសន៍យូដា (កិច្ចការ ២) និងពួកសាសន៍ សាម៉ារី (កិច្ចការ ៨)។
កាលពេត្រុសកំពុងតែចូលទៅ កូនេលាសក៏មករាក់ទាក់ទទួល ដោយក្រាបថ្វាយបង្គំនៅទៀបជើងគាត់ តែពេត្រុសលើកលោកឡើងដោយពាក្យថា សូមក្រោកឡើង ខ្លួនខ្ញុំជាមនុស្សដូចគ្នាដែរ
១០:២៥-២៦ ពាក្យថា “ថ្វាយបង្គំ” (προσκυνέω) មានន័យថា “ឱនក្រាបចុះ”។ ប្រជារាស្រ្តរបស់ព្រះ គឺត្រូវថ្វាយបង្គំតែព្រះជាម្ចាស់តែមួយប៉ុណ្ណោះ (និក្ខមនំ ២០:៤-៦) ដូច្នេះហើយវាគឺជាការដែលមិនត្រឹមត្រូវ នោះឡើយសម្រាប់គ្រីស្ទានក្នុងការដែលឱនក្រាបថ្វាយបង្គំមនុស្សណាម្នាក់ឬរូបសំណាក់ណាមួយ ឬគឺរំពឹងថាមនុស្សនឹងឱនក្រាបថ្វាយបង្គំចំពោះយើងនោះឡើយ។
លោកកូនេលាសថ្វាយបង្គំលោកពេត្រុសក្នុងនាមជាអ្នកនាំសារមកពីព្រះ។ ប៉ុន្តែការប្រព្រឹត្តរបស់លោក កូនេលាសនោះបានផ្តល់ការគោរពដល់មនុស្សខ្លាំងពេក ដូច្នេះហើយលោកពេត្រុសបដិសេធមិនឲ្យ មានការថ្វាយបង្គំនេះហើយប្រាប់លោកកូនេលាសថាគាត់គ្រាន់តែជាមនុស្សធម្មតាម្នាក់តែប៉ុណ្ណោះ មិនខុសគ្នាពីលោកកូនេលាសនោះឡើយ។ ការស្រដៀងគ្នានេះក៏បានកើតឡើងដូចគ្នាដែរនៅក្នុង កិច្ចការ ១៤:១៣-១៥។
នោះក៏ចូលទៅទាំងចរចាគ្នា ហើយឃើញមានមនុស្សជាច្រើនប្រជុំចាំ រួចគាត់និយាយទៅគេថា អ្នករាល់គ្នាដឹងថា មនុស្សសាសន៍យូដាគ្មានច្បាប់នឹងសេពគប់នឹងសាសន៍ដទៃ ឬនឹងចូលទៅជិតគេឡើយ តែព្រះទ្រង់បានសំដែងឲ្យខ្ញុំដឹងថា មិនត្រូវរាប់អ្នកណាថាមិនស្អាត ឬមិនបរិសុទ្ធឡើយ ហេតុនោះបានជាកាលលោកចាត់គេឲ្យទៅហៅខ្ញុំ នោះខ្ញុំបានមកដោយឥតប្រកែកសោះ ដូច្នេះ ខ្ញុំសូមសួរលោក តើលោកឲ្យខ្ញុំមកមានការអ្វី
១០:២៧-២៩ មានមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅក្នុងផ្ទះរបស់លោកកូនេលាសដើម្បីស្តាប់ លោកពេត្រុសអធិប្បាយ។ គាត់បានចាប់ពីការដែលមិនមែនជារឿងទូទៅទេសម្រាប់ពួកសាសន៍យូដា នៅក្នុងការធ្វើការនេះ។ គ្រប់គ្នាបានដឹងថាជាទូទៅពួកសាសន៍យូដាមិនមានទំនាក់ទំនងជាមួយ ពួកសាសន៍ដទៃនោះឡើយ។ ការដែលធ្វើកិច្ចការនេះគឺ “គ្មានច្បាប់” (ἀθέμιτον) ដែលមានន័យថា ការនោះមិនត្រូវបានអនុញ្ញាតឲ្យធ្វើនោះឡើយយោងតាមសាសនាសាសន៍យូដា។ ការប្រស្រ័យទាក់ទង ជាមួយនឹងសាសន៍ដទៃត្រង់ចំនុចមួយចំនួនក៏ត្រូវបានអនុញ្ញាតដែរ ប៉ុន្តែការដែលបរិភោគអាហារជាមួយនឹង ពួកគេឬទៅជួបនឹងពួកគេនៅផ្ទះរបស់ពួកគេនោះត្រូវបានហាមឃាត់ដោយព្រោះសាសន៍យូដាម្នាក់អាចនឹង ប្រែក្លាយទៅជា “មិនស្អាត”។ ជាទូទៅ ការនេះអាចកើតមានឡើងដោយការបរិភោគអាហារជាមួយនឹង សាសន៍ដទៃដោយព្រោះតែពួកសាសន៍ដទៃមិនកាន់តាមច្បាប់ទម្លាប់របស់សាសន៍យូដាចំពោះទំនៀមទម្លាប់នៃការបរិភោគអាហារ។ ប៉ុន្តែដូចដែលលោកពេត្រុសពន្យល់នោះថា,ព្រះបានបង្ហាញឲ្យគាត់បានឃើញថា គាត់មិនគួរនឹងរាប់មនុស្សពីជាតិសាសន៍ផ្សេងថា មិនបរិសុទ្ធ ឬមិនស្អាតឡើយ ហើយការនេះជាហេតុ ដែលគាត់មកឯពួកគេ។
កូនេលាសឆ្លើយថា កន្លងមក៤ថ្ងៃហើយ ពេលថ្មើរណេះ កាលខ្ញុំកំពុងតែតម ហើយអធិស្ឋាននៅផ្ទះខ្ញុំ ក្នុងពេលម៉ោង៣រសៀល នោះឃើញមានម្នាក់ពាក់អាវដ៏ភ្លឺ ឈរនៅមុខខ្ញុំ ប្រាប់ថា កូនេលាសអើយ ព្រះបានទទួលសេចក្ដីអធិស្ឋានរបស់អ្នកហើយ ក៏នឹកចាំពីទានរបស់អ្នកដែរ ដូច្នេះ ចូរប្រើគេឲ្យទៅឯយ៉ុបប៉េ អញ្ជើញស៊ីម៉ូន ដែលហៅថា ពេត្រុសមក លោកនោះនៅក្នុងផ្ទះរបស់ជាងសំឡាប់ស្បែក ឈ្មោះស៊ីម៉ូន នៅក្បែរមាត់សមុទ្រ កាលណាលោកបានមកដល់ នោះនឹងអធិប្បាយឲ្យអ្នកស្តាប់
១០:៣០-៣២ លោកកូនេលាសប្រាប់លោកពេត្រុសថាហេតុអ្វីបានជាគាត់ចាត់គេឲ្យទៅឯសេសារា។ ច្បាស់ណាស់ថាព្រះជាម្ចាស់ទ្រង់ដឹកនាំនៅក្នុងគ្រប់ការទាំងនេះ។ លោកកូនេលាសគាត់ស្វែងរកព្រះ ដោយអស់ពីចិត្តរបស់គាត់ ហើយព្រះម្ចាស់ទ្រង់រៀបនឹងឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់គាត់ ដោយសារដំណឹងល្អដែលលោកពេត្រុសនឹងបាននាំមកឯគាត់ (យេរេមា ២៩:១៣)។
ដូច្នេះ ខ្ញុំបានចាត់គេឲ្យទៅឯលោកភ្លាម ដែលលោកអញ្ជើញមកនេះក៏ល្អហើយ ឥឡូវនេះ យើងទាំងអស់នៅចំពោះព្រះ ដើម្បីនឹងស្តាប់គ្រប់ទាំងសេចក្ដី ដែលព្រះបានបង្គាប់មកលោក។
១០:៣៣ លោកកូនេលាសដឹងថាព្រះបាននាំលោកពេត្រុសឲ្យមកឯគាត់ហើយថា ព្រះគង់នៅជាមួយនឹង ពួកគេ។ ដោយព្រោះតែការនេះ គ្រប់គ្នាបានត្រៀមខ្លួនជាស្រេចនៅក្នុងការស្តាប់នូវអ្វីដែលព្រះអម្ចាស់ បានបង្គាប់ដល់លោកពេត្រុសឲ្យប្រកាស។
ពេត្រុសក៏បើកមាត់និយាយថា ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ
១០:៣៤-៣៥ លោកពេត្រុសបានចាប់ផ្តើមជាមួយនឹងសេចក្តីពិតដ៏អស្ចារ្យពីលក្ខណៈរបស់ព្រះ។ ព្រះមិនរើសមុខអ្នកណាទេ ហើយមិនមែនជាព្រះដែលលំអៀងទេ (ចោទិយកថា ១០:១៧; ២ របាក្សត្រ ១៩:៧; យ៉ូប ៣៤:១៩; រ៉ូម ២:១១)។ ព្រះនឹងទទួលមនុស្សគ្រប់គ្នាគ្រប់ជាតិសាសន៍ដែលកោតខ្លាច ដល់ព្រះអង្គ (សុភាសិត ១:៧; ចោទិយកថា ១០:១២-១៣; រ៉ូម ១:២១) ហើយធ្វើអ្វីដែលត្រឹមត្រូវ (ទំនុកដំកើង ១៥:១-២; មីកា ៦:៨; រ៉ូម ២:១០, ១៣:១០; កាឡាទី ៦:១០; វិវរណៈ ២២:១២)។ លោកកូនេលាសមានលក្ខណៈសម្បត្តិទាំងពីរនេះ (ខ២, ខ៤, ខ២២) ដូច្នេះហើយព្រះបានប្រទាន ការបើកសំដែងឲ្យគាត់។
សូមកត់សម្គាល់ថា លោកពេត្រុសមិនបាននិយាយថា សេចក្តីសុចរិតរបស់លោកកូនេលាស គឺជាការ ដែលអាចទទួលយកបាន ដូច្នេះហើយគាត់មិនត្រូវការប្រែក្លាយជាគ្រីស្ទាននោះឡើយ។ ផ្ទុយទៅវិញ ចំនុចនោះគឺថា ព្រះទ្រង់បានទទួលពួកសាសន៍ដទៃទាំងនេះដោយព្រោះតែពួកគេបានកោតខ្លាចព្រះអង្គ ហើយហេតុនេះបានជាព្រះអង្គចាត់លោកពេត្រុសឲ្យបានប្រាប់ពួកគេពីដំណឹងល្អ ហើយបង្រៀនពួកគេពីភាពចាំបាច់នៃសេចក្តីជំនឿសម្រាប់សេចក្តីសង្រ្គោះ។
ព្រះប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ ហើយរង្វាន់នោះគឺព្រះអង្គប្រទានឲ្យនូវការបើកសំដែង។ សេចក្តីដែលប្រកាសអំពីព្រះយេស៊ូវគឺជាដំណឹងល្អដល់អស់អ្នកដែលស្វែងរកព្រះ ដោយព្រោះតែការនេះ ប្រាប់យើងពីរបៀបដែលយើងអាចស្គាល់ព្រះជាម្ចាស់ ហើយមានទំនាក់ទំនង ជាមួយព្រះអង្គបាន។
ឯព្រះបន្ទូល ដែលទ្រង់បានផ្សាយមកដល់ពួកជនជាតិអ៊ីស្រាអែល ដោយប្រកាសប្រាប់ដំណឹងល្អ ជាសេចក្ដីមេត្រី ដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះអម្ចាស់លើទាំងអស់
១០:៣៦ មនុស្សបះបោរនឹងព្រះដោយព្រោះតែអំពើបាបហើយនិងការមិនស្តាប់បង្គាប់ ប៉ុន្តែព្រះបានបញ្ជូន ព្រះរាជបុត្រាព្រះអង្គឲ្យមកក្នុងពិភពលោកដើម្បីនាំសេចក្តីសុខសាន្តរវាងមនុស្សជាមួយនឹងព្រះ។ ព្រះយេស៊ូវបង្កើតឲ្យមានសេចក្តីសុខសាន្តដោយការបង់ថ្លៃលោះសម្រាប់អំពើបាបរបស់យើង ដោយការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង (រ៉ូម ៥:១-១១)។ ពេលនេះ ព្រះយេស៊ូវមានសិទ្ធិអំណាច ព្រះចេស្តានៅក្នុងការប្រទានឲ្យមានសេចក្តីសុខសាន្តពីព្រះដល់មនុស្សគ្រប់ទាំងអស់។ ដំណឹងល្អនេះ ត្រូវបានប្រទានមកដំបូងដល់ប្រជារាស្រ្តអ៊ីស្រាអែល (រ៉ូម ១:១៦-១៧) ហើយពេលនេះដល់គ្រប់ជាតិ សាសន៍ទាំងអស់ (១:៨; លូកា ២:៣០-៣២, ២៤:៤៧; រ៉ូម ១០:១២; កិច្ចការ ២:៣៦)។ គឺដោយព្រោះតែព្រះយេស៊ូវគឺជាព្រះអម្ចាស់លើគ្រប់ទាំងអស់ ដែលដំណឹងល្អត្រូវប្រកាសដល់គ្រប់ជាតិ សាសន៍ទាំងអស់ (ម៉ាថាយ ២៤:១៤)។
នោះអ្នករាល់គ្នាដឹងស្រាប់ហើយ គឺជារឿងដែលបានថ្លែងប្រាប់ ចាប់តាំងពីស្រុកកាលីឡេ ក្នុងគ្រាក្រោយដែលលោកយ៉ូហានបានប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ក៏ផ្សាយមកគ្រប់ក្នុងស្រុកយូដាផង គឺពីព្រះយេស៊ូវ ពីស្រុកណាសារ៉ែត ដែលព្រះបានចាក់ព្រះវិញ្ញាណបរិសុទ្ធ នឹងព្រះចេស្តាឲ្យមកសណ្ឋិតលើទ្រង់ ហើយទ្រង់បានយាងចុះឡើងធ្វើការល្អ ព្រមទាំងប្រោសឲ្យអស់អ្នក ដែលត្រូវអារក្សសង្កត់សង្កិនបានជាផង ដ្បិតព្រះបានគង់ជាមួយនឹងទ្រង់
១០:៣៧-៣៨ លោកពេត្រុសសង្ខេបពីព័ន្ធកិច្ចរបស់ព្រះយេស៊ូវ។
(១) ព្រះបានចាក់ប្រេងតាំងព្រះយេស៊ូវដោយព្រះវិញ្ញាណបរិសុទ្ធ ហើយដោយព្រះចេស្តា។ ស្តេចរបស់ អ៊ីស្រាអែលត្រូវបានចាក់ប្រេងតាំងដោយប្រេងពីពួកហោរា ប៉ុន្តែព្រះបានចាក់ប្រេងតាំងព្រះយេស៊ូវ ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយដោយព្រះចេស្តានៅក្នុងពេលដែលព្រះអង្គទទួលបុណ្យជ្រមុជទឹក (ម៉ាថាយ ៣:១៣-១៧; លូកា ៣:២១-២២)។ ការចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធគឺដើម្បីធ្វើឲ្យ ព្រះអង្គអាចធ្វើកិច្ចការដែលព្រះបានចាត់ទ្រង់ឲ្យមកបាន។
(២) ព្រះយេស៊ូវបានធ្វើការល្អ និងបានប្រោសពួកអ្នកដែលត្រូវអារក្សសង្កត់សង្កិនឲ្យបានជា។ ការចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់បានប្រទានអំណាចព្រះចេស្តាដល់ព្រះយេស៊ូវនៅក្នុងការធ្វើការល្អ និងប្រោសមនុស្សដែលត្រូវបានអារក្សសង្កត់សង្កិន (អេសាយ៦១:១-២ និង លូកា ៤:១៦-១៩; លូកា៧:២២-២៣ និង អេសាយ ៣៥:៥-៦)។ ដូចដែលព្រះយេស៊ូវបានមានព្រះបន្ទូលថា “ ប៉ុន្តែបើសិនជាខ្ញុំដេញអារក្ស ដោយសារព្រះវិញ្ញាណនៃព្រះវិញ នោះឈ្មោះថា នគរព្រះបានមកដល់ អ្នករាល់គ្នាហើយ” (ម៉ាថាយ ១២:២៨)។ ការអស្ចារ្យរបស់ព្រះអង្គបានប្រោសមនុស្សឲ្យរួចពីអំណាច របស់អារក្ស ដែលបានបណ្តាលឱ្យពួកគេរងទុក្ខ (លូកា១១:១៧-២៣, ១៣:១៦) ហើយបង្ហាញថា នគររបស់ព្រះបានមកដល់ផែនដីហើយ។
ឯយើងរាល់គ្នា ជាទីបន្ទាល់ពីអស់ទាំងការដែលទ្រង់ធ្វើ នៅក្នុងស្រុករបស់ពួកសាសន៍យូដា ហើយនៅក្រុងយេរូសាឡិម
១០:៣៩ សិស្សរបស់ព្រះយេស៊ូវគឺនៅជាមួយនឹងព្រះអង្គនៅក្នុងអស់ទាំងព័ន្ធកិច្ចរបស់ព្រះអង្គ។ ពួកគេជាសាក្សីពីការអស្ចារ្យរបស់ព្រះអង្គ ហើយពួកគេបានស្តាប់ឮពីការប្រកាសរបស់ព្រះអង្គ នូវសេចក្តីទាំងប៉ុន្មានពីការមកដល់នៃនគររបស់ព្រះ (ម៉ាកុស ១:១៤-១៥)។
គេបានធ្វើគុតទ្រង់ ដោយព្យួរនៅលើឈើ តែព្រះបានប្រោសឲ្យទ្រង់រស់ឡើងវិញនៅថ្ងៃទី៣ ព្រមទាំងអនុញ្ញាតឲ្យទ្រង់សំដែងមកឲ្យឃើញផង មិនមែនឲ្យប្រជាជនទាំងអស់ឃើញទេ គឺឲ្យពួកស្មរបន្ទាល់ដែលព្រះបានរើសអំពីមុនមកវិញ គឺជាពួកយើងរាល់គ្នា ដែលបានទទួលទានជាមួយនឹងទ្រង់ ក្នុងពេលក្រោយដែលទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ
១០:៤០-៤១ (៣) ព្រះយេស៊ូវត្រូវបានគេសម្លាប់ដោយការព្យួរលើឈើ។ នៅលើឈើឆ្កាង ព្រះយេស៊ូវ បានទទួលនូវបណ្តាសាដែលយើងទាំងអស់គ្នាសក្តិសមដោយសារតែអំពើបាបរបស់យើង។
(៤) ព្រះបានប្រោសព្រះយេស៊ូវឲ្យរស់ពីសុគតឡើងវិញ។ ចំនុចសំខាន់នៅក្នុងបទគម្ពីរកិច្ចការគឺជា ភាពខុសគ្នារវាងការប្រព្រឹត្តរបស់មនុស្សចំពោះព្រះយេស៊ូវ ហើយនឹងការប្រព្រឹត្តរបស់ព្រះជាម្ចាស់ចមពោះ ព្រះអង្គ (កិច្ចការ ២:២៣-៤; ៣:១៥; ៤:១០; ១៣:២៩-៣០; ១៧:៣១)។ មនុស្សបានធ្វើគត់ព្រះយេស៊ូវ ប៉ុន្តែព្រះបានប្រោសព្រះអង្គឲ្យរស់ពីសុគតឡើងវិញនៅថ្ងៃទីបី។ ដោយសារការសុកតរបស់ព្រះយេស៊ូវ និងការរស់ពីសុគតឡើងវិញ ហើយព្រះទ្រង់បានសម្រេចបំណងព្រះហឫទ័យព្រះអង្គសម្រាប់សេចក្តីសង្រ្គោះ ដល់រាស្រ្តរបស់ព្រះអង្គ។
(៥) ព្រះយេស៊ូវបានលេចមកឲ្យពួកសាក្សីជាច្រើនបានឃើញ។ ក្រោយពេលរស់ពីសុគតឡើងវិញ ព្រះយេស៊ូវបានលេចមកឲ្យមនុស្សច្រើនជាងប្រាំរយនាក់បានឃើញនៅក្នុងរយៈពេលសែសិបថ្ងៃ (១ កូរិនថូស ១៥:៥-៨)។ ពួកគេបានបរិភោគហើយផឹកជាមួយនឹងព្រះអង្គដែលបង្ហាញថា ពួកគេមានការប្រកបយ៉ាងជិតស្និតជាមួយព្រះអង្គ។ ការពិតដែលថា ពួកគេបានឃើញព្រះអង្គបានបរិភោគ និងផឹក នោះពិតជាសំខាន់ខ្លាំងណាស់។ ការនេះបញ្ជាក់ថាព្រះយេស៊ូវពិតជាបានរស់ពីសុគតឡើង វិញពិតប្រាកដមែនជាមួយនឹងរូបកាយថ្មីមួយ ហើយមិនមែនដូចជាព្រលឹងឬជាខ្មោចនោះឡើយ (លូកា ២៤:៣៦-៤៣)។
ទ្រង់ក៏ផ្តាំមកយើងរាល់គ្នា ឲ្យប្រកាសប្រាប់ដល់បណ្តាជនទាំងឡាយ ហើយឲ្យធ្វើបន្ទាល់សព្វគ្រប់ថា គឺព្រះអង្គនេះហើយ ដែលព្រះបានតាំងឡើង ឲ្យជំនុំជំរះដល់ទាំងមនុស្សរស់ នឹងមនុស្សស្លាប់ផង
១០:៤២ (៦) ព្រះយេស៊ូវបានបញ្ជូនសាក្សីទាំងនោះឲ្យចេញទៅប្រកាសដំណឹងល្អ។ ពួកសាវ័កត្រូវបាន បង្គាប់ដោយព្រះយេស៊ូវឲ្យចេញទៅប្រកាសនិងធ្វើទីបន្ទាល់ពីព្រះអង្គ។ ការដែល “ប្រកាស” (κηρύξαι) គឺជាការប្រកាសប្រាប់ជាសាធារណៈពីដំណឹងដ៏សំខាន់ក្នុងនាមជាអ្នកនាំសារឬជាអ្នកប្រកាសនាំមុខនៅរបស់ស្តេច។ ការដែល “ធ្វើបន្ទាល់” (διαμαρτύρασθαι) គឺជាពាក្យដែលត្រូវបានប្រើនៅក្នុងសាលាកាត់ក្តី ផ្នែកច្បាប់នៅពេលដែលសាក្សីម្នាក់បានផ្តល់ឲ្យនូវភស្តុតាងហើយនិយាយពីអ្វីដែលគេបានឃើញហើយបានដឹងថាជាការពិត។
(៧) ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញដើម្បីជំនុំជំរះមនុស្សគ្រប់គ្នា។ សេចក្តីដែលពួកសាវ័កប្រកាស និងធ្វើបន្ទាល់គឺថា ព្រះយេស៊ូវបានតែងតាំងពីព្រះឲ្យបានជំនុំជំរះមនុស្សគ្រប់ទាំងអស់។ នៅថ្ងៃជំនុំជំរះ ព្រះយេស៊ូវនឹងជំនុំជំរះមនុស្សទាំងអស់មិនថាពួកគេជាអ្នកដែលមានជីវិតរស់នៅឬ បានស្លាប់នោះឡើយ (យ៉ូហាន ៥:២២, ៥:២៧, រ៉ូម ១៤:៩; ២ ធីម៉ូថេ ៤:១; ១ ពេត្រុស ៤:៥) ហើយនឹង សម្រេចថាអ្នកណា ទទួលបានជីវិតអស់កល្បជានិច្ចនៅក្នុងនគររបស់ព្រះអង្គ ហើយថាអ្នកណានឹងត្រូវប្រឈមមុខជាមួយនឹង ការបំផ្លាញដ៏អស់កល្បជានិច្ច។
ពួកហោរាសុទ្ធតែធ្វើបន្ទាល់ពីទ្រង់ថា អស់អ្នកណាដែលជឿដល់ទ្រង់ នោះបានរួចពីបាប ដោយសារព្រះនាមទ្រង់។
១០:៤៣ ពួកហោរានៅក្នុងព្រះគម្ពីរសញ្ញាចាស់បានប្រកាសអំពីការយាងមករបស់ព្រះគ្រីស្ទ ដែលទ្រង់នឹង នាំមកនូវការអត់ទោសចំពោះអំពើបាប (អេសាយ ៣៣:១៧-២៤, ៥៣:៤-៦, ៥៣:១១; យេរេមា ៣១: ៣៤; ដានីយ៉ែល ៩:២៤; យ៉ូអែល ២:៣២; លូកា ២៤:៤៤-៤៩)។ ពេលនេះ ពួកសាវ័ក (សាក្សីរបស់ ព្រះអង្គ) ប្រកាសថាព្រះអង្គបានយាងមកហើយព្រមទាំងបានសម្រេចនូវការអត់ទោសនេះផងដែរ។
លោកពេត្រុសប្រកាសថាមនុស្សគ្រប់គ្នាដែលជឿលើព្រះយេស៊ូវទទួលបានការអត់ទោសពីអំពើបាបរបស់ពួកគេ។ ព្រះអង្គជាព្រះអម្ចាស់លើទាំងអស់ ហើយព្រះអង្គតែមួយប៉ុណ្ណោះដែលអាចប្រទាននូវការអត់ទោសបាប ដែលយើងទាំងអស់គ្នាត្រូវការ។ ការនេះគឺដោយព្រោះតែចៅក្រមបានអត់ទោសដល់បាបរបស់យើង ថាយើងនឹងមាន សេរីភាពបានរួចយ៉ាងពិតប្រាកដនៅក្នុងថ្ងៃជំនុំជំរះ។
ព្រះយេស៊ូវគឺជាចៅក្រមដែលអាចអត់ទោសបាបរបស់យើងបានដោយព្រោះតែព្រះអង្គបានទទួលយកនូវការដាក់ទោសជំនួសយើងរួចទៅហើយ។ ដើម្បីឲ្យទទួលការអត់ទោសបានគឺយើងត្រូវតែទទួលជឿលើព្រះអង្គ។
កាលពេត្រុសកំពុងតែអធិប្បាយនៅឡើយ នោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមក សណ្ឋិតលើអស់អ្នកដែលកំពុងតែស្តាប់ព្រះបន្ទូល
១០:៤៤ ព្រះវិញ្ញាណបរិសុទ្ធបានយាងមកនៅពេលដែលដំណឹងល្អត្រូវបានប្រកាស។ សូមកត់សម្គាល់ថា ព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិត “លើអស់អ្នកដែលកំពុងតែស្តាប់ព្រះបន្ទូល”។ ក្នុងពេលដែល លោកកូនេលាសនិងគ្រួសារ មិនភក្តិព្រមទាំងអ្នកបម្រើរបស់គាត់ស្តាប់ពាក្យរបស់លោកពេត្រុសអំពី ការអត់ទោសសម្រាប់មនុស្សគ្រប់គ្នាដែលទទួលជឿលើព្រះយេស៊ូវគ្រីស្ទនោះ ចិត្តរបស់គេបានបើកចំហ ក្នុងការស្វែងយល់ហើយជឿលើដំណឹងល្អ ហើយព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេ ទាំងអស់គ្នា។ ការដែលចាត់ព្រះវិញ្ញាណបរិសុទ្ធព្រះអង្គឲ្យមកនោះ ព្រះជាម្ចាស់បញ្ជាក់ថា សេចក្តីប្រកាស របស់លោកពេត្រុសគឺជាសេចក្តីពិត ហើយថាព្រះអង្គក៏ទទួលពួកអ្នកជឿដែលជាសាសន៍ដទៃផងដែរ ហើយថាបេសកកម្មរបស់ពួកជំនុំដល់ពួកសាសន៍ដទៃបានចាប់ផ្តើម។
ព្រឹត្តិការណ៏នោះគឺជា“ថ្ងៃបុណ្យទី៥០របស់សាសន៍ដទៃ”។ ព្រះបានចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធ ព្រះអង្គលើអស់ទាំងមនុស្សខាងសាច់ឈាមដូចដែលព្រះអង្គបានសន្យាថាព្រះអង្គនឹងធ្វើការនោះ (យ៉ូអែល ២:២៨)។ ការយាងមកនៃព្រះវិញ្ញាណបរិសុទ្ធលើសាសន៍ដទៃបញ្ជាក់ថាមនុស្សពីគ្រប់ជាតិសាសន៍ទាំងអស់ អាចប្រែក្លាយជារាស្រ្តរបស់ព្រះជាម្ចាស់ ទទួលបានសេចក្តីសង្រ្គោះ ហើយមានជីវិតអស់កល្បជានិច្ចនៅក្នុង នគររបស់ព្រះអង្គបានគ្រប់ៗគ្នា។
ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើសាសន៍យូដានៅក្នុងថ្ងៃបុណ្យទី៥០ ពេលដែលពួកគេបានមក ប្រជុំគ្នាដើម្បីអធិស្ឋានហើយរង់ចាំងដូចដែលព្រះយេស៊ូវបានបង្គាប់មកពួកគេ។ ព្រះវិញ្ញាណបរិសុទ្ធបាន យាងមកសណ្ឋិតលើពួកសាសន៍ដទៃនៅពេលដែលពួកគេមកប្រជុំគ្នាដើម្បីស្តាប់ដំណឹងល្អដូចដែលព្រះបានរៀបចំជាមុនថានឹងកើតមានឡើងមែន។ ការពិតដែលថាលោកពេត្រុសមិនទាន់បានបញ្ចប់សេចក្តីប្រកាស នៅឡើនោះបង្ហាញថាមិនមែនជាផែនការរបស់គាត់នោះទេ សម្រាប់ការដែលព្រះវិញ្ញាណបរិសុទ្ធយាងមក នៅក្នុងពេលនោះ។ ការនោះគឺជាកិច្ចការរបស់ព្រះ មិនមែនជារបស់មនុស្សនោះឡើយ។ លោកពេត្រុស បានបញ្ជាក់ចំនុចនេះយ៉ាងច្បាស់ នៅក្នុង កិច្ចការ ១១:១៥-១៧។
ឯពួកអ្នកជឿ ក្នុងពួកកាត់ស្បែកទាំងប៉ុន្មាន ដែលមកជាមួយនឹងពេត្រុស គេក៏មានសេចក្ដីអស្ចារ្យជាខ្លាំង ពីដំណើរដែលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ បានចាក់មកលើពួកសាសន៍ដទៃដូច្នេះដែរ
១០:៤៥ ពួកសាសន៍យូដាដែលបានមកជាមួយនឹងលោកពេត្រុសពីយ៉ុប៉េមកមានសេចក្តីអស្ចារ្យដែល ព្រះបានប្រទានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធលើសាសន៍ដទៃដែរ។
ដ្បិតគេឮអ្នកទាំងនោះនិយាយភាសាដទៃ ហើយសរសើរដំកើងដល់ព្រះ នោះពេត្រុសសួរថា តើមានអ្នកណាអាចនឹងឃាត់ មិនឲ្យធ្វើបុណ្យជ្រមុជទឹកដល់អ្នកទាំងនេះបានឬទេ ដែលពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធដូចជាយើងដែរ
១០:៤៦-៤៧ ពួកអ្នកជឿសាសន៍ដទៃបាននិយាយភាសាដទៃហើយសរសើរដំកើងដល់ព្រះដូចជាពួកអ្នក ជឿសាសន៍យូដាបានធ្វើនៅក្នុងថ្ងៃបុណ្យទី៥០ដែរ។ ការនោះគឺជាទីសំគាល់ដែលព្រះវិញ្ញាណបរិសុទ្ធ បានយាងមកសណ្ឋិតលើពួកគេ។ ការនេះពិតជាមានសារៈសំខាន់នៅក្នុងការបង្ហាញដល់ពួកអ្នកជឿ សាសន៍យូដាថា ពួកសាសន៍ដទៃពិតជាបានទទួលនូវអំណោយទានដូចជាគេបានទទួលដែរ។
ដោយព្រោះតែព្រះទ្រង់បានជ្រើសរើស ហើយទទួលពួកសាសន៍ដទៃទាំងនេះយ៉ាងច្បាស់ប្រាកដនោះ ហេតុនេះពួកជំនុំក៏ត្រូវតែទទួលស្គាល់ពួកគេដូចគ្នាដែរ។ ដូច្នេះហើយលោកពេត្រុសបានប្រកាសពី អ្វីដែលគួរធ្វើក្រោយការនោះ។ គាត់បានបង្គាប់ឲ្យធ្វើបុណ្យជ្រមុជទឹកភ្លាមៗ (១១:១៥-១៧, ១៥:៨-១១)។ ព្រះបានធ្វើបុណ្យជ្រមុជដល់ពួកគេដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ តើមានអ្នកណាដែលអាចបង្ខាំង មិនឲ្យពួកគេទទួលបុណ្យជ្រមុជដោយទឹកបាន? ដូចជាសាសន៍អេធីយ៉ូពីនោះដែរ (៨:៣៦) គ្មានអ្វីមួយ ដែលអាចបង្ខាំងមិនឲ្យពួកគេទទួលបុណ្យជ្រមុជទឹកបានឡើយ។
គាត់ក៏បង្គាប់ឲ្យធ្វើបុណ្យជ្រមុជឲ្យគេដោយនូវព្រះនាមព្រះអម្ចាស់ រួចគេសូមអង្វរគាត់ ឲ្យនៅជាមួយពីរបី ថ្ងៃទៀត។
១០:៤៨ លោកពេត្រុសប្រាប់ដល់ពួកអ្នកជឿសាសន៍យូដាដែលមកពីយ៉ុបប៉េឲ្យធ្វើបុណ្យជ្រមុជទឹកដល់ ពួកសាសន៍ដទៃទាំងនេះ ដែលមានសេចក្តីជំនឿ ហើយបានទទួលការអត់ទោសពីបាប ជាបងប្អូនរួមជំនឿ នៅក្នុងព្រះយេស៊ូវគ្រីស្ទ។
ពួកគេបានទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា “នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ” ជាការបង្ហាញថាពួកគេ ពេលនេះរួមចំណែកនៅការរស់នៅ ការសុគត និងការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ។ គ្រប់ទាំង កិច្ចការដែលព្រះអង្គបានសម្រេចនោះគឺពេលនេះត្រឡប់ជាមានអំណាចនៅក្នុងជីវិតរបស់ពួកគេហើយ។ លោកពេត្រុសបាននៅជាមួយនឹងពួកគេជាច្រើនថ្ងៃ (បង្ហាញថាគាត់បានដឹងថាពួកសាសន៍ដទៃទាំងនេះ បាន “ស្អាត” ហើយ)ដើម្បីបង្រៀនពួកគេបន្ថែមអំពីជីវិតនៅក្នុងព្រះគ្រីស្ទ ហើយដើម្បីបង្ហាញដល់ពួកគេពី ការប្រកបថ្មីដែលពួកសាសន៍យូដា និងសាសន៍ដទៃពេលនេះមាននៅក្នុងព្រះអង្គ (អេភេសូ ២:១៤)។
សង្ខេបឲ្យខ្លី ព្រះបានចាត់លោកពេត្រុសឲ្យប្រាប់ដល់សាសន៍ដទៃពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយ ព្រះអង្គបានបញ្ជាក់ថាព្រះអង្គបានជ្រើសរើសពួកគេដោយការចាត់ព្រះវិញ្ញាណបរិសុទ្ធព្រះអង្គមកសណ្ឋិតលើពួកគេ។
ការដែលពួកសាសន៍ដទៃបានចូលទៅក្នុងពួកជំនុំមិនមែនជាគម្រោងការថ្មីមួយនោះឡើយ ប៉ុន្តែជា អ្វីដែលបានសន្យាតាំងពីយូរណាស់មកហើយ។ ព្រះបានសន្យាជាមួយនឹងលោកអ័ប្រាហាំ "គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង" (លោកុប្បត្តិ ២២:១៨)។ នៅក្នុង កាឡាទី ៣:១៥-២០ លោកប៉ុលបានពន្យល់ថា «ពូជពង្ស» សំដៅទៅលើឯកវចនៈ មិនមែនពហុវចនៈនោះទេ ដើម្បីប្រាប់ទៅកាន់អ្នកអានរបស់គាត់ថាពួកគេបានទទួលព្រះពរតាមរយៈអង្គបុគ្គលតែមួយប៉ុណ្ណោះ ហើយ អង្គបុគ្គលនោះគឺជាព្រះមែស្សុី។ ដូច្នេះហើយ សេចក្តីសន្យានៃការប្រទានពរទៅកាន់ មនុស្សនៃ គ្រប់ជាតិសាសន៍ត្រូវបានសម្រច នៅក្នុងព្រះយេស៊ូវ។
ហោរាអេសាយបានប្រកាសពីថ្ងៃដែលពន្លឺនឹងចែងចាំទៅក្នុងសេចក្តីងងឹតនៃពិភពរបស់ពួកសាសន៍ដទៃ។ "ចូរក្រោកឡើង ហើយភ្លឺមកចុះ ដ្បិតពន្លឺរបស់ឯងបានមកដល់ហើយ សិរីល្អនៃព្រះយេហូវ៉ាក៏បានរះឡើងដល់ឯងដែរ ដ្បិតមើល សេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ តែព្រះយេហូវ៉ាទ្រង់នឹងរះឡើងភ្លឺដល់ឯង ហើយគេនឹងឃើញសិរីល្អនៃទ្រង់ស្ថិតលើឯង អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់ឯង ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីឯង ក្នុងកាលដែលឯងរះឡើង" (អេសាយ ៦០:១-៣)
ក្រោយពេលដែលព្រះយេស៊ូវប្រោសបាវបម្រើរបស់មេទ័ពរ៉ូម៉ាំងម្នាក់ឲ្យបានជា ព្រះអង្គបានប្រកាសថា “ នឹងមានមនុស្សជាច្រើន ពីទិសខាងកើត និងទិសខាងលិច មកអង្គុយជាមួយនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប នៅក្នុងនគរស្ថានសួគ៌” (ម៉ាថាយ ៨:១១)។ ព្រះអង្គមានបន្ទូលសំដៅលើ ពួកសាសន៍ដទៃដែលនឹងចូលរួមជាមួយនឹងសាសន៍យូដាក្នុងនាមជាប្រជារាស្រ្តនៃព្រះ។
នៅក្នុង យ៉ូហាន ១០:១៦ ព្រះយេស៊ូវមានបន្ទូលថា “ ខ្ញុំក៏មានចៀមឯទៀត ដែលមិនទាន់ នៅក្នុងក្រោលនេះនៅឡើយ ត្រូវតែខ្ញុំនាំចៀមទាំងនោះមកដែរ វានឹងស្តាប់តាមសំឡេងខ្ញុំ នោះនឹង មានហ្វូងតែ១ និងអ្នកគង្វាលតែ១វិញ។ ” “ចៀមឯទៀត” គឺជាពួកសាសន៍ដទៃដែល “មិនទាន់នៅក្នុងក្រោល” (ដែលមិនមែនកើតចេញពីអ៊ីស្រាអែល)។ “ហ្វូងតែមួយ” គឺជាពួកជំនុំៈ ដែលអស់ទាំងពួកអ្នកជឿដែលជាសាសន៍យូដានិងសាសន៍ដទៃដើរតាមអ្នកគង្វាលតែមួយ គឺព្រះយេស៊ូវ។
ព្រះយេស៊ូវក៏មានបន្ទូលថា “ឯខ្ញុំ បើសិនជាខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ” (យ៉ូហាន ១២:៣២)។ ជារៀងរាល់ថ្ងៃ នៅជុំវិញពិភពលោក មនុស្សកំពុងតែចូលមកឯព្រះយេស៊ូវ ដោយព្រោះតែពួកគេត្រូវបានទាញមកដោយព្រះអង្គ (យ៉ូហាន ១០:១៦, ១១:៥១-៥២; លូកា ១៥:៦)។
ហេតុនេះហើយបានជានៅក្នុងការបើកសំដែងពីស្ថានសួគ៌ឲ្យលោកយ៉ូហានបានឃើញ “ ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក និងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ ១០ គេបន្លឺសំឡេងថា សេចក្តីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង” (វិវរណៈ ៧:៩-១០)។
សេចក្តីជំនឿគ្រីស្ទានគឺមិនមែនជាសាសនារបស់ជាតិសាសន៍ណាមួយដែលមកពីប្រទេស អ៊ឺរ៉ុបឬអាមេរិកដូចដែលមនុស្សមួយចំនួនគិតនោះឡើយ។ សេចក្តីជំនឿគ្រីស្ទានដ៏ពិតប្រាកដគឺ ជាសេចក្តីជំនឿនៅក្នុងព្រះជាម្ចាស់ដែលជាព្រះដ៏បង្ករបង្កើតពិភពលោកទាំងមូល រួមទាំងមនុស្សពីគ្រប់កុលសម្ព័ន្ធនិងជាតិសាសន៍ទាំងអស់។ នៅក្នុងព្រះគ្រីស្ទ ព្រះអង្គនាំឲ្យមានសិរីល្អ “មនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា” (វិវរណៈ ៧:៩)។ អស់អ្នកដែលបានដាក់សេចក្តីទុកចិត្តលើព្រះយេស៊ូវនឹងទទួលបានការអត់ទោសពីអំពើបាបហើយនិងជីវិតអស់កល្បជានិច្ចនៅក្នុងនគររបស់ព្រះអង្គ។ នេះគឺជាដំណឹងល្អ។ តើអ្នកជឿដែរឬទេ?




