top of page

ឯ​ពួក​សាវក នឹង​ពួក​បង​ប្អូន ដែល​នៅ​ស្រុក​យូដា គេ​ក៏​ឮ​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះ‌បន្ទូល​ដែរ រួច​កាល​ពេត្រុស​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​អស់​អ្នក​ខាង​ពួក​កាត់​ស្បែក​គេ​មាន​សេចក្ដី​ប្រកាន់​ចំពោះ​គាត់​ថា លោក​បាន​ចូល​ទៅ​ឯ​ពួក​មនុស្ស​ដែល​មិន​កាត់​ស្បែក ក៏​បាន​ពិសា​ជា​មួយ​នឹង​គេ​ផង

 

១១:១-៣ ​​​នៅក្នុងអំឡុងឆ្នាំ ៤២ គ.ស។ ដំណឹងពីការដែលពួកសាសន៍ដទៃបានទទួលដំណឹងល្អបានឮ សុសសាយដល់ពួកគ្រីស្ទាន នៅក្នុងស្រុកយូដា។ ​នៅពេលដែលលោកពេត្រុសវិលត្រឡប់ទៅក្រុង យេរូសាឡិមវិញ មានពួកគេខ្លះ ដែល ហៅថា “ពួកកាត់ស្បែក” មាន​សេចក្ដី​ប្រកាន់​ចំពោះ​គាត់ ដោយព្រោះតែអ្វីដែលគាត់បានធ្វើ។

“ពួកកាត់ស្បែក” គឺជាពួកគ្រីស្ទានដែលជាសាសន៍យូដាដែលបានគិតថាពួកសាសន៍ដទៃត្រូវតែរស់នៅ ដូចជាពួកសាសន៍យូដាប្រសិនបើពួកគេចង់ប្រែក្លាយជាប្រជារាស្រ្តរបស់ព្រះ។ ​ពួកគេបានគិតថា ពួកសាសន៍ដទៃត្រូវតែកាន់តាមក្រិត្យវិន័យ ចៀសចេញពីអាហារដែលមិនស្អាត ហើយត្រូវទទួលកាត់ ស្បែកដើម្បីបង្ហាញពីការរួមចំណែករបស់ពួកគេនៅក្នុងសេចក្តីសញ្ញារបស់ព្រះជាមួយនឹងអ៊ីស្រាអែល (លោកុប្បត្តិ ១៧:៩-១៤)។ 

ហេតុផលដែលពួកគេមានការប្រកាន់នៅពេលដែលពួកគេបានឮថាលោកពេត្រុសបានបរិភោគអាហារ ហើយបានប្រកបជាមួយនឹងពួកសាសន៍ដទៃ ដោយការប្រព្រឹត្តរបស់គាត់ទាំងនោះជាការ ដែលបង្ហាញគាត់ បានទទួលពួកគេជាបងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទ ទោះបីជាពួកគេមិនមែនជាសាសន៍យូដាក៏ដោយ។ ​អ្វីដែលជាបញ្ហានោះគឺថា ពួកកាត់ស្បែកបានដឹងពីអ្វីដែលលោកពេត្រុសបានធ្វើ ប៉ុន្តែពួកគេមិនបានដឹងពី អ្វីដែលព្រះជាម្ចាស់បានធ្វើចំពោះពួកសាសន៍ដទៃនោះឡើយ។ ​

 

តែ​ពេត្រុស​ចាប់​ផ្តើម​រ៉ាយ​រឿង​ប្រាប់​គេ ដោយ​លំដាប់​ថា កំពុង​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ក្រុង​យ៉ុបប៉េ នោះ​ខ្ញុំ​លង់​ស្មារតី​ទៅ ឃើញ​ការ​ជាក់​ស្តែង ជា​ប្រដាប់​ដូច​ជា​សំពត់​កំរាល​យ៉ាង​ធំ ចង​ទាំង​៤​ជ្រុង សំរូត​ចុះ​ពី​លើ​មេឃ​មក​ត្រឹម​ខ្ញុំ កាល​ខ្ញុំ​សំឡឹង​គិត​ពិចារណា​មើល នោះ​ក៏​ឃើញ​មាន​សត្វ​ជើង​៤ សត្វ​ព្រៃ នឹង​សត្វ​លូន​វារ​ដែល​នៅ​លើ​ដី ព្រម​ទាំង​សត្វ​ស្លាប​នៅ​លើ​អាកាស​ផង រួច​ខ្ញុំ​ឮ​សំឡេង​មាន​បន្ទូល​មក​ខ្ញុំ​ថា ពេត្រុស​អើយ ចូរ​ក្រោក​ឡើង​សំឡាប់ ហើយ​បរិភោគ​ទៅ តែ​ខ្ញុំ​ប្រកែក​ថា ទេ ព្រះ‌អម្ចាស់ ព្រោះ​មិន​ដែល​មាន​អ្វី​ដែល​មិន​ស្អាត មិន​បរិសុទ្ធ ចូល​មក​ក្នុង​មាត់​ទូលបង្គំ​ឡើយ ក៏​មាន​ឮ​សំឡេង​ពី​លើ​មេឃ​នោះ​ម្តង​ទៀត​ថា របស់​អ្វី​ដែល​ព្រះ​បាន​សំអាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​ថា​ជា​មិន​ស្អាត​ឡើយ ការ​នោះ​មាន​មក​គ្រប់​៣​ដង រួច​បាន​លើក​ទាំង​អស់​ទៅ​លើ​មេឃ​វិញ

 

១១: ៤-១០ លោកពេត្រុសធ្វើការពន្យល់ពីអ្វីដែលបានកើតមានឡើងនៅពេលដែលគាត់នៅឯយ៉ុបប៉េ។ ​ចំនុចសំខាន់នោះគឺថាព្រះបានបង្រៀនគាត់ថា “របស់​អ្វី​ដែល​ព្រះ​បាន​សំអាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​ថា​ជា ​មិន​ស្អាត​ឡើយ”។  ​ការនេះមានន័យថាលោកពេត្រុសហើយនឹងពួកជំនុំមិនអាចហៅអ្នកណាមួយ ដែលព្រះបានសំអាតឲ្យស្អាតហើយថាជាអ្នកមិនស្អាតបានឡើយ។ ព្រះបានដឹកនាំលោកពេត្រុស ឲ្យបានយល់ពីសេចក្តីពិតនេះជាបួនដំណាក់កាល។ ​ទីមួយ មានការ​ជាក់​ស្តែងពីព្រះជាម្ចាស់ ដែលលោកប៉ុលរៀបរាប់ចាប់ពីខទី១-១០ (សូមមើលការបកស្រាយនៅក្នុង កិច្ចការ ១០:៩-១៦)។   

ទី​បំផុត​នោះ ស្រាប់​តែ​មាន​មនុស្ស​៣​នាក់​ដែល​លោក​នោះ​ចាត់​ពី​សេសារា​មក​រក​ខ្ញុំ គេ​ឈរ​នៅ​មុខ​ផ្ទះ​តែ​ម្តង ហើយ​ព្រះ‌វិញ្ញាណ ទ្រង់​មាន​បន្ទូល​ប្រាប់​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​នឹង​គេ ឥត​ប្រកាន់​ឡើយ ក៏​មាន​បង​ប្អូន​ទាំង​៦​នាក់​នេះ បាន​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ យើង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក

 

១១:១១-១២ ទីពីរ  មានការបង្គាប់មកពីព្រះ។ ព្រះវិញ្ញាណបរិសុទ្ធបានប្រាប់លោកពេត្រុសឲ្យទៅជាមួយ នឹងពួកគេដែលត្រូវបានចាត់ឲ្យមកពីសេសារានោះ ទោះបីជាពួកគេជាសាសន៍ដទៃក៏ដោយ។ ​ដូច្នេះហើយ លោកពេត្រុសបានទៅសេសារាជាមួយនឹងពួកគេ ហើយបានចូលទៅក្នុងផ្ទះរបស់សាសន៍ដទៃម្នាក់។ ​ការដែលធ្វើដូច្នេះ លោកពេត្រុសបង្ហាញពីការស្តាប់បង្គាប់តាមព្រះវិញ្ញាណបរិសុទ្ធ។ ​លោកពេត្រុស បានបញ្ជាក់ថាមាន “បងប្អូនប្រាំមួយនាក់” បានទៅជាមួយគាត់ ដែលអាចធ្វើការបញ្ជាក់ពីរឿងគ្រប់យ៉ាង ថាអ្វីដែលគាត់និយាយនោះជាការពិត។ ​

 

ហើយ​លោក​រ៉ាយ​រឿង​ប្រាប់​យើង ពី​ដំណើរ​ដែល​ឃើញ​ទេវតា​ឈរ​ក្នុង​ផ្ទះ ប្រាប់​លោក​ថា ចូរ​ចាត់​គេ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ ហៅ​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស ឲ្យ​មក គាត់​នឹង​អធិប្បាយ ឲ្យ​លោក​ស្តាប់​សេចក្ដី ដែល​នឹង​ជួយ​សង្គ្រោះ​ដល់​លោក ព្រម​ទាំង​ពួក​គ្រួ​លោក​ទាំង​អស់​ផង

 

១១:១៣-១៤ ទីបី មានការរៀបចំពីព្រះជាម្ចាស់ដោយផ្ទាល់។ ​នៅពេលដែលលោកពេត្រុសទៅដល់ កូនេលាស​ប្រាប់​គាត់​ពី​របៀប​ដែល​ព្រះជាម្ចាស់បាន​រៀបចំ​គាត់ ហើយនិងពួកអ្នកផ្ទះរបស់គាត់ សម្រាប់ការមកដល់របស់លោកពេត្រុស។ ​មានទេវតាមួយបានលេចមកឯគាត់ហើយប្រាប់ឲ្យគាត់ នាំលោកពេត្រុសឲ្យមកឯផ្ទះរបស់គាត់។ ​សូមកត់សម្គាល់ថា ប្រសិនបើទេវតាបានរាប់ថាផ្ទះរបស់ លោកកូនេលាសជាកន្លែងសក្តិ សមសម្រាប់ទេវតាចូលទៅបាន នោះលោកពេត្រុសមិនអាចនឹងប ដិសេធមិនព្រមចូលទៅក្នុងផ្ទះនោះបានឡើយ។ 

​ទេវតាបានប្រាប់លោកកូនេលាសថា  លោកពេត្រុស "នឹង​អធិប្បាយ ឲ្យ​លោក​ស្តាប់​សេចក្ដី ដែល​នឹង​ជួយ​សង្គ្រោះ​ដល់​លោក ព្រម​ទាំង​ពួក​គ្រួ​លោក​ទាំង​អស់​ផង"។  ដូច្នេះហើយ ពេលដែលលោកពេត្រុសបានឮពីអ្វីដែលទេវតា បានប្រាប់ដល់លោកកូនេលាសនោះ គាត់បានដឹងថាគាត់ត្រូវធ្វើដូចម្តេចហើយ ការនោះគឺជា ការប្រកាសដំណឹងល្អ!​​ការនេះបង្ហាញដល់ យើងទាំងអស់គ្នាថាលោកកូនេលាសមិនទាន់ទទួលបានសេចក្តី សង្រ្គោះនៅឡើយទេ ទាល់តែគាត់បានស្តាប់ឮដំណឹងល្អ។ កិច្ចការសុចរិតរបស់គាត់ទាំងអស់ (១០:២) មិនអាចនឹងសង្រ្គោះគាត់បានឡើយ។ មានតែដំណឹងល្អតែប៉ុណ្ណោះដែលអាចសង្រ្គោះគាត់បាន។ ​

កាល​ខ្ញុំ​ចាប់​តាំង​និយាយ​ទៅ នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​គេ ដូច​ជា​បាន​សណ្ឋិត​លើ​យើង​រាល់​គ្នា​កាល​ពី​ដើម​ដែរ នោះ​ខ្ញុំ​បាន​នឹក​ឃើញ​ពី​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា «លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក តែ​អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ»

 

១១:១៥-១៦ ទីបួន ការទាំងនោះគឺជា កិច្ចការរបស់ព្រះ។ ​​ នៅពេលដែលលោកពេត្រុសចាប់ផ្តើម អធិប្បាយ ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើក្រុមពួកសាសន៍ដទៃទាំងអស់គ្នា។ លោកពេត្រុសបញ្ជាក់យ៉ាងច្បាស់ថាព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេ មុនពេល ​ដែលគាត់បញ្ចប់សេចក្តីអធិប្បាយ។ ការនេះបង្ហាញថាលោកពេត្រុសមិនមែនជាអ្នកគ្រប់គ្រងលើ ព្រះវិញ្ញាណបរិសុទ្ធនោះឡើយ ហើយវាមិនមែនជាផែនការណ៏របស់គាត់ ចំពោះការដែលព្រះវិញ្ញាណបរិសុទ្ធ យាងមកសណ្ឋិតលើពួកសាសន៍ដទៃនោះទេ។ ​ព្រះវិញ្ញាណបរិសុទ្ធយាងមកជាអំណោយទានមកពី ព្រះជាម្ចាស់ ។ ​

ព្រះវិញ្ញាណបរិសុទ្ធបានយាងមកលើក្រុមអស់គ្នា ដូចដែលបានយាងមកសណ្ឋិតលើពួកអ្នកជឿទាំងអស់នៅ ថ្ងៃបុណ្យទី៥០ដែរ។ ​នៅពេលដែលការនេះបានកើតឡើង លោកពេត្រុសបាននឹកចាំពីអ្វីដែលព្រះយេស៊ូវ មានព្រះបន្ទូលនៅក្នុង កិច្ចការ ១:៥។ ពួកអ្នកដើរតាមព្រះអង្គនឹងទទួលបុណ្យជ្រមុជ ដោយ ព្រះវិញ្ញាណបរិសុទ្ធ។ ​សេចក្តីសន្យារបស់ព្រះយេស៊ូវត្រូវបានសម្រេចសម្រាប់ពួកអ្នកជឿសាសន៍យូដា នៅក្នុងថ្ងៃបុណ្យទី៥០។ ​ពេលនេះ សេចក្តីសន្យានោះក៏បានសម្រេចសម្រាប់ពួកអ្នកជឿសាសន៍ដទៃ នៅឯផ្ទះរបស់លោកកូនេលាសដូចគ្នាដែរ។ ​

ដូច្នេះ បើ​សិន​ជា​ព្រះ​បាន​ប្រទាន​អំណោយ​ទាន​ទៅ​គេ ដូច​ជា​បាន​ប្រទាន​មក​យើង​ដែរ ដោយ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ចុះ​តើ​ខ្ញុំ​ជា​អ្វី​ដែល​អាច​នឹង​ឃាត់​ព្រះ​បាន

 

១១:១៧ ព្រះបាននាំពួកសាសន៍ដទៃឲ្យបានចូលទៅក្នុងពួកជំនុំរបស់ព្រះអង្គតាម​របៀប​ដែល ព្រះអង្គបាននាំ ពួកអ្នកជឿសាសន៍យូដាឲ្យបានចូលទៅក្នុងពួកជំនុំរបស់ព្រះអង្គនៅក្នុងថ្ងៃបុណ្យទី៥០ដែរ។ ​ការបញ្ជាក់ពីអ្វីដែលព្រះអង្គបានធ្វើនោះគឺដោយអំណោយទានរបស់ព្រះអង្គគឺជាព្រះវិញ្ញាណបរិសុទ្ធ។ ​

ចំនុចសំខាន់នៅក្នុងបទគម្ពីរកិច្ចការ ជាការរីកចំរើននៃដំណឹងល្អនោះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ ដែលមិនអាចបញ្ឈប់បានឡើយ។ ​​ព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ធដូចគ្នាដល់ ពួកសាសន៍ដទៃ ដូចដែលព្រះអង្គបានប្រទានដល់ពួកសាសន៍យូដាដែរ។ អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ បង្ហាញពីការយល់ព្រមរបស់ព្រះចំពោះបេសកកម្មនេះចំពោះសាសន៍ដទៃ។ ​ដូច្នេះហើយ លោកពេត្រុសបានបង្គាប់ឲ្យពួកគេទទួលបុណ្យជ្រមុជទៅក្នុងទឹកជាការបញ្ជាក់ពីសេចក្តីជំនឿរបស់ពួកគេហើយរួមទាំងការដែលពួកគេត្រូវបានបញ្ចូលទៅក្នុងពួកជំនុំរបស់ព្រះ។ 

ចំនុចដែលលោកពេត្រុសបានបង្ហាញដល់ពួកកាត់ស្បែកគឺពិតជាច្បាស់លាស់ខ្លាំងណាស់។ ពួកគេមិនអាច បដិសេធពួកសាសន៍ដទៃនៅពេលដែលព្រះជាម្ចាស់បានទទួលគេយ៉ាងជាក់ច្បាស់បាននោះឡើយ។ ​ព្រះបានធ្វើការជាច្រើនបែបច្រើនយ៉ាង (ដោយសារការ​ជាក់​ស្តែង ការបង្គាប់ ដោយពួកទេវតា ហើយនឹងចាត់ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ) នៅក្នុងការនាំយកដំណឹងល្អទៅដល់ពួកសាសន៍ដទៃ ទាំងនេះ។ ​ដោយមានភស្តុតាងយ៉ាងច្រើនដល់ម្ល៉េះពីកិច្ចការរបស់ព្រះជាម្ចាស់នោះ ​​ការដែលជំទាស់ ជាមួយនឹង កិច្ចការនេះគឺជាការដែលជំទាស់ជាមួយនឹងព្រះជាម្ចាស់ដែរ។ ​

 

កាល​បាន​ឮ​សេចក្ដី​នោះ​ហើយ នោះ​គេ​បាត់​មាត់ ក៏​ត្រឡប់​ជា​សរសើរ​ដល់​ព្រះ​វិញ​ថា ដូច្នេះ ព្រះ‌ទ្រង់​ក៏​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត​ដល់​ពួក​សាសន៍​ដទៃ ឲ្យ​គេ​មាន​ជីវិត​ដែរ​ហ្ន៎។ 

 

១១:១៨ ពេលដែលពួកអ្នកជឿសាសាន៍យូដាទាំងនេះបានស្តាប់ឮពីអ្វីដែលព្រះបានធ្វើ ការរិះគន់របស់ ពួកគេទាស់នឹងលោកពេត្រុសត្រូវបានចប់ហើយពួកគេចាប់ផ្តើមសរសើរដំកើងដល់ព្រះវិញ។ ​ពួកគេបានថ្វាយសិរីល្អដល់ព្រះ ដោយព្រោះតែពួកគេបានដឹងថា ពេលនេះព្រះអង្គធ្វើការនៅក្នុងចំណោម ពួកសាសន៍ដទៃដូចគ្នាដែរ។ ​ព្រះបានបង្ហាញថាពួកសាសន៍ដទៃជាផ្នែកមួយនៃគម្រោងការនៃ សេចក្តីសង្រ្គោះរបស់ព្រះអង្គ ដោយការប្រទានឲ្យពួកអ្នកជឿនៅផ្ទះលោកកូនេលាសបានធ្វើការ​ប្រែ​ចិត្ត​ ដែលនាំទៅឯជីវិត។ ​

ការប្រែចិត្តគឺជាកិច្ចការដែលពួកមនុស្សមានបាបទាំងអស់ត្រូវបានបង្គាប់ឲ្យធ្វើ (២:៣៨)។ ប៉ុន្តែក៏ជា អំណោយទានរបស់ព្រះដល់ពួកមនុស្សមានបាបដែរ។ ​មនុស្សជាតិធ្លាក់ចុះ មានចិត្តដែលរឹងរូស ហើយគំនិត​របស់​គេ​ត្រូវ​ងងឹត (អេភេសូរ ៤:១៨) ហើយត្រូវតម្រូវឲ្យមានកិច្ចការរបស់ព្រះ ដើម្បីអាចនាំមនុស្សម្នាក់ឲ្យបានធ្វើការប្រែចិត្តបាន។ ​ការនេះរួមទាំងការបើកចំហចិត្តរបស់មនុស្សម្នាក់ (កិច្ចការ ១៦:១៤)  ជួយគាត់ឲ្យបានឃើញថា គាត់ជាមនុស្សមានបាបម្នាក់ដែលត្រូវការ ការអត់ទោស ​(យ៉ូហាន ១៦:៨) ហើយទាញគាត់ឲ្យមកឯ ព្រះយេស៊ូវ (យ៉ូហាន ៦:៤៤)។ ​ព្រះជាម្ចាស់បានប្រទាន ការបើកសំដែងនេះដោយសារដំណឹងល្អ ហើយក្រោយមកបាននាំឲ្យមានការភ្ញាក់ដឹងខ្លួនពីអំពើបាប ដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ។ ​នេះជាអ្វីដែលបណ្តាលឲ្យមនុស្សម្នាក់ធ្វើការប្រែចិត្ត។ ​

 

ការនោះគឺជាកិច្ចការរបស់ព្រះនៅក្នុងការនេះពួកសាសន៍ដទៃទាំងនេះឲ្យបានធ្វើការប្រែចិត្ត ដែលនាំឲ្យមាន ជីវិត។  “ជីវិត” (ζωή) ដែលការប្រែចិត្តនាំមកនោះគឺឲ្យបានចូលទៅក្នុងសេចក្តីសង្រ្គោះ ​(លូកា ១០:២៥; កិច្ចការ ៥:២០, ១១:១៤, ១៣:៤៦-៤៨)។ ការនេះរួមមានទាំងការអត់ទោសពីអំពើបាប ​(១០:៤៣)  អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ (១០:៤៤-៤៧, ១១:១៥-១៧)  និងជីវិតជាមួយ ព្រះនោះគឺជាជីវិត អស់កល្បជានិច្ច។ ​នេះជាអ្វីដែលព្រះបានសម្រេចនៅក្នុងពួកសាសន៍ដទៃទាំងនេះ ហើយជាអ្វីដែល ពួកអ្នកជឿសាសន៍យូដាទាំងនេះពេលនេះបានយល់ហើយថ្វាយការសរសើរនិងសិរីល្អដល់ព្រះ។

 

រីឯ​ពួក​អ្នក​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ ដោយ​ព្រោះ​សេចក្ដី​បៀត‌បៀន ដែល​កើត​មក​ពី​ដំណើរ​ស្ទេផាន នោះ​ក៏​ដើរ​រៀង​រហូត​ទៅ​ដល់​ស្រុក​ភេនីស ស្រុក​គីប្រុស នឹង​ក្រុង​អាន់‌ទី‌យ៉ូក តែ​បាន​ផ្សាយ​ព្រះ‌បន្ទូល ដល់​ចំពោះ​តែ​ពួក​សាសន៍​យូដា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក្នុង​ពួក​អ្នក​នោះ មាន​អ្នក​ខ្លះ​ពី​កោះ​គីប្រុស នឹង​ស្រុក​គីរេន គេ​បាន​ទៅ​ដល់​ក្រុង​អាន់‌ទី‌យ៉ូក ក៏​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌អម្ចាស់​យេស៊ូវ ដល់​ពួក​សាសន៍​ក្រេក​ដែរ

 

១១:១៩ លោកលូកាបានកត់ត្រាពីរបៀបដែលលោកពេត្រុសបានបើកទ្វារនៃនគរព្រះដល់ពួកសាសន៍ដទៃ ដោយការប្រកាសដំណឹងល្អនៅផ្ទះរបស់លោកកូនេលាស។ ​ពេលនេះ ផ្នែកផ្សេងទៀតនៅក្នុងបទគម្គីរ កិច្ចការគាត់ផ្តោតសំខាន់លើការរីកចំរើននៃដំណឹងល្អនៅក្នុងចំណោមពួកសាសន៍ដទៃតាមរយៈលោកប៉ុល និងការធ្វើដំណើរនៅក្នុងបេសកកម្មរបស់គាត់។

 

លោកប៉ុលត្រូវបានបញ្ជូនឲ្យចេញទៅធ្វើដំណើរបេសកកម្មរបស់គាត់ដោយពួកជំនុំនៅក្រុងអាន់ទីយ៉ូក ដូច្នេះហើយលោកលូកាធ្វើការកត់ត្រាពីរបៀបដែលពួកជំនុំបានចាប់ផ្តើមនៅក្នុងក្រុងអាន់ទីយ៉ូក ហើយពីរបៀបដែលលោកប៉ុលមានទំនាក់ទំនងជាមួយនឹងពួកជំនុំនេះ។ ​នៅក្នុងជំពូកទី៨ យើងបានអាន ពីការបៀត បៀនទាស់នឹងពួកជំនុំនៅក្នុងក្រុងយេរូសាឡិមដែលជាហេតុដែលបង្ករឲ្យពួកគេត្រូវចាកចេញពី ទីក្រុងហើយបាននាំយកដំណឹងល្អទៅពាសពេញស្រុកយូដា។ ​អ្នកជឿខ្លះបានប្រកាសដំណឹងល្អនៅក្នុង ស្រុកភីនីស ស្រុកគីប្រុសនិងក្រុងអាន់ទីយ៉ូក​។ 

ស្រុកភីនីស គឺជាខេត្តមួយរបស់រ៉ូម៉ាំងខាងផ្នែកឆ្នេរសមុទ្រមេឌីទែរីនេនៅក្នុងស្រុកស៊ីរី (ជាមួយនឹងក្រុងទីរ៉េ និងក្រុងស៊ីដូនដែលទីក្រុងធំៗ)។ ​គីប្រុសគឺជាកោះមួយដែលនៅប៉ែកខាងត្បូងនៃប្រទេសទួគី ហើយមាន ចំងាយ១៦០គីឡូម៉ែត្រភាគខាងលិចជាមួយនិងប្រទេសស៊ីរី (១៣:៤-១២)។ អាន់ទីយ៉ូកមានចំងាយ ៤៨០ គីឡូម៉ែត្រនៃភាគខាងជើងក្រុងយេរូសាឡិមហើយជាទីក្រុងធំទីបីរបស់ចក្រភពរ៉ូមាំង (បន្ទាប់ពី ក្រុងរ៉ូម និងអេលិចក្សានទ្រា )ដែលមានចំនួនប្រជាជនរស់នៅប្រមាណជា​៥០០,០០០នាក់។ ​នៅក្នុងទីកន្លែង និមួយៗ ជាទីលំនៅរបស់ពួកសាសន៍ដទៃភាគច្រើន ប៉ុន្តែក៏មានចំនួនប្រជាជនសាសន៍យូដាជាច្រើន រស់នៅផងដែរ។ ​នៅក្នុងភីនីស និងគីប្រុស មានពួកអ្នកជឿមកពីក្រុងយេរូសាឡិមដែលនិយាយជាមួយតែ ពួកសាសន៍យូដា តែប៉ុណ្ណោះ។ ​

 

១១:២០ យ៉ាងណាម៉ិញ នៅក្រុងអាន់ទីយ៉ូកមានពួកអ្នកជឿសាសន៍យូដាមួយចំនួន (ប្រហែល ដោយព្រោះតែគេមកពីគីប្រុស និងស្រុកគីរេន ហុយពួកគេមាន​វ័យ​ចម្រើន​ឡើងនៅក្នុងចំណោម ពួកសាសន៍ដទៃ) បានប្រកាសដំណឹងល្អដល់ពួកសាសន៍ក្រិក។ ​ដោយព្រោះតែការនេះ ពួកជំនុំនៅអាន់ទីយ៉ូកបាន ប្រែក្លាយជាពួកជំនុំសកលដំបូងគេដែលមានពួកសាសន៍យូដា និងសាសន៍ដទៃថ្វាយបង្គំព្រះជាមួយនឹងគ្នា។ ​

 

ព្រះ‌ហស្ត​ព្រះ‌អម្ចាស់​ក៏​នៅ​ជា​មួយ​នឹង​គេ ហើយ​មាន​មនុស្ស​ជា​ច្រើន​បែរ​មក​ឯ​ព្រះ‌អម្ចាស់​វិញ ដោយ​មាន​សេចក្ដី​ជំនឿ

 

១១:២១ បេសកកម្មដល់ពួកសាសន៍ដទៃនៅក្នុងក្រុងអាន់ទីយ៉ូកទទួលបានភាពជោគជ័យដោយព្រោះតែ “ព្រះហស្តនៃព្រះអម្ចាស់នៅជាមួយនឹងពួកគេ។ ​”  “ព្រះហស្ត” ព្រះ មានន័យថាព្រះចេស្តាព្រះអង្គ (និក្ខមនំ ៩:៣; ១ សាំយ៉ូអែល ៥:៦; ៦:៩; ១ របាក្សត្រ ២៨:១៩;​អេសាយ ៥៩:១; ៦៦:២, ៦៦:១៤; អេសេគាល ១:៣; លូកា​១:៦៦; កិច្ចការ​៤:៣០; ១៣:១១)។ ដូច្នេះហើយដោយសារព្រះចេស្តានៃព្រះ កិច្ចការរបស់ព្រះទទួលបានជោគជ័យ ហើយមានចំនួនមនុស្សជាច្រើនដែលបានជឿ ហើយបានបែរមក ព្រះអម្ចាស់។ ​ដោយសារដំណឹងល្អ ព្រះទ្រង់បានទាញមនុស្សឲ្យមកឯព្រះអង្គ ហើយពួកគេបានឆ្លើយតប ដោយសេចក្តីជំនឿ (“ទទួលជឿ”) ហើយការប្រែចិត្ត (“បែរមកឯព្រះអម្ចាស់វិញ”)។ 

 

រឿង​នោះ​បាន​ឮ​ដល់​ត្រចៀក​ពួក​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម រួច​គេ​ចាត់​បា‌ណា‌បាស ឲ្យ​ទៅ​ត្រឹម​អាន់‌ទី‌យ៉ូក

 

១១:២២ នៅពេលដែលពួកជំនុំនៅក្នុងក្រុងយេរូសាឡិមបានឮអំពីអ្វីដែលព្រះបានធ្វើនៅក្នុងក្រុង អាន់ទីយ៉ូក ពួកគេបានចាត់ដំណាងម្នាក់មកដើម្បីឲ្យបានពិនិត្យមើល (ដូចដែលពួកគេបានធ្វើជាមួយនឹង ពួកអ្នកជឿសាសន៍សាម៉ារី នៅក្នុង ៨:១៤ ដែរ)។ ​ពួកគេបានចាត់បាណាបាសដោយព្រោះតែទេព្យកោសល របស់គាត់នៅក្នុងការទំនាក់ទំនងជាមួយនឹងមនុស្សជាច្រើន (៤:៣៦-៣៧, ៩:២៧, ១១:២៣-២៦, ​១១:៣០, ១៣:២, ១៥:៣៧)។  

 

កាល​គាត់​ទៅ​ដល់ ហើយ​បាន​ឃើញ​ព្រះ‌គុណ​នៃ​ព្រះ នោះ​គាត់​មាន​សេចក្ដី​អំណរ ក៏​ទូន្មាន​គេ​គ្រប់​គ្នា ឲ្យ​សំរេច​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ព្រះ‌អម្ចាស់ ដ្បិត​គាត់​ជា​មនុស្ស​ល្អ ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នឹង​សេចក្ដី​ជំនឿ ហើយ​មាន​មនុស្ស​សន្ធឹក​ណាស់ បាន​ចំរើន​ដល់​ព្រះ‌អម្ចាស់

១១:២៣-២៤  នៅពេលដែលលោកបាណាបាសបានទៅដល់អាន់ទីយ៉ូកហើយ គាត់ “បានឃើញ ព្រះគុណនៃព្រះ”។ ​ តើគាត់បានឃើញអ្វី?​ គាត់បានឃើញ “មាន​មនុស្ស​ជា​ច្រើន​បែរ​មក​ឯ​ព្រះ‌អម្ចាស់​វិញ ដោយ​មាន​សេចក្ដី​ជំនឿ”។ ​លោកបាណាបាសបានដឹងថាការនេះអាចកើតមានឡើងបាននោះគឺ ដោយសារតែព្រះគុណនៃព្រះតែប៉ុណ្ណោះ។ ​

 

​យើងបានឃើញព្រះគុណនៃព្រះដោយសារឥទ្ធិពលដែលព្រះគុណមាននៅក្នុងជីវិតរបស់មនុស្សណាម្នាក់។ ​ការដែលបែរមកឯព្រះអម្ចាស់ (ដែលជាការប្រែចិត្ត ១១:១៨; ២ ធីម៉ូថេ ២:២៥) ហើយជឿ និងមានជំនឿ លើព្រះ​ (១៦:១៣-១៥) គឺជាលទ្ធផលនៃព្រះគុណនៃព្រះដែលបានធ្វើការ នៅក្នុងជីវិតរបស់មនុស្ស ណាម្នាក់។ ​

ការប្រែចិត្ត និងសេចក្តីជំនឿរបស់ពួកគ្រីស្ទាននៅក្នុងក្រុងអាន់ទីយ៉ូកនេះគឺដោយសារព្រះគុណនៃព្រះ ហើយ លទ្ធផល ដែលកើតចេញពីការនេះគឺថា “មានមនុស្សសន្ធឹកណាស់ដែលបានចំរើនដល់ព្រះអម្ចាស់”។  ដូច្នេះហើយ  ព្រះអម្ចាស់ចម្រើនដល់ព្រះអម្ចាស់។ ​ព្រះអង្គគឺជាប្រភពហើយជាគោលដៅនៅក្នុង ការផ្សាយដំណឹងល្អដ៏ជោគជ័យ។ ​

 

ពួកជំនុំនៅអាន់ទីយ៉ូក គឺជាកិច្ចការរបស់ព្រះដោយព្រោះតែត្រូវបានតាំងឡើងដោយសារលទ្ធផលនៃ ព្រះគុណហើយនឹងព្រះហស្តរបស់ព្រះអង្គ។ ​នៅពេលដែលលោកបាណាបាសបានឃើញពីអ្វីដែល ព្រះបានធ្វើនៅក្នុងអាន់ទីយ៉ូកនោះ គាត់មានសេចក្តីអំណរ ហើយបានកំសាន្តចិត្តដល់ពួកជំនុំឲ្យនៅតែ មានសេចក្តីជំនឿស្មោះត្រង់ចំពោះព្រះ។ លោកបាណាបាសអាចធ្វើការ កំសាន្តចិត្តដល់ពួកជំនុំបាន ដោយព្រោះតែគាត់ជា​”មនុស្សល្អម្នាក់” (ខ២៤) ហើយការនេះមានន័យថាជាមនុស្សម្នាក់ដែលពេញ ដោយព្រះវិញ្ញាណបរិសុទ្ធនិងសេចក្តីជំនឿលើព្រះ (ដូចជាលោកស្ទេផានដែរ  ៦:៥)។ ​ការដែលពេញ ដោយព្រះវិញ្ញាណបរិសុទ្ធនិងសេចក្តីជំនឿនោះគឺជាកូនសោរនៅក្នុងជីវិតជាគ្រីស្ទានដែលបង្កើតផលផ្លែយ៉ាងបរិបូរ។ ​

នោះ​បា‌ណា‌បាស​ក៏​ទៅ​ឯ​ក្រុង​តើ‌សុស ដើម្បី​នឹង​រក​សុល

 

១១:២៥ ពួកជំនុំដែលមានការរីកចំរើនយ៉ាងឆាប់រហ័សនៅក្នុងអាន់ទីយ៉ូក ហើយលោកបាណាបាស បានដឹងថា គាត់​ត្រូវ​ការ​ជំនួយ​ដើម្បី​បង្រៀន​ពួកគេ។ ​ ​ដូច្នេះហើយ គាត់បានទៅឯក្រុងតើសុសដើម្បីស្វែងរក លោកប៉ុល។ ​លោកប៉ុលបានទៅក្រុងតើសុស (ស្រុកកំណើតគាត់) កាលពីប្រាំបីឆ្នាំមុន (៩:២៦-៣០)។ ​​ការដែល “រក” (ἀναζητῆσαι) មានន័យថា​ជាការស្វែងរកអស់រយៈពេលជាយូរយ៉ាងលំបាក។ មាន ការលំបាក នៅក្នុង ការស្វែងរកលោកប៉ុល ប៉ុន្តែគាត់ជាមនុស្សម្នាក់ដែលមានប្រយោជន៍ចំពោះបាណាបាស បានជាគាត់សម្រេចចាកចេញពីកិច្ចការនៅក្រុងអាន់ទីយ៉ូកដើម្បីខំប្រឹងស្វែងរកលោកប៉ុលឲ្យបានឃើញ។ ​

កាល​បាន​ឃើញ​ហើយ នោះ​ក៏​នាំ​គាត់​មក​ឯ​អាន់‌ទី‌យ៉ូក​វិញ រួច​អ្នក​ទាំង​២​នោះ បាន​ប្រជុំ​គ្នា​នឹង​ពួក​ជំនុំ ព្រម​ទាំង​បង្រៀន​ដល់​មនុស្ស​សន្ធឹក​ណាស់ ក្នុង​រវាង​១​ឆ្នាំ គឺ​នៅ​អាន់‌ទី‌យ៉ូក​នេះ​ឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា «ពួក​គ្រីស្ទាន» ជា​មុន​ដំបូង។ 

 

១១:២៦ លោកបាណាបាសបានរកប៉ុលឃើញហើយនាំគាត់មកឯក្រុងអាន់ទីយ៉ូកដែលពួកគាត់បាន ចំណាយពេលមួយឆ្នាំ (ឆ្នាំ​៤៦ គស) បង្រៀនដល់ពួកជំនុំ។ ​ដោយព្រោះតែពួកគេតែងតែនិយាយពី ព្រះគ្រីស្ទជានិច្ចដល់មនុស្សគ្រប់គ្នាដែលគេបានជួបនោះ មនុស្សនៅក្នុងក្រុងអាន់ទីយ៉ូក ហៅពួកអ្នកជឿថា ជា “ពួកគ្រីស្ទាន”។ ពាក្យថា “ ពួកគ្រីស្ទាន” ​(Χριστιανούς)​ មានន័ថាពួកគេគឺជាប្រជារាស្រ្ត ជាអ្នកដើរតាម និងជាអ្នកបម្រើព្រះគ្រីស្ទ។ ​ពាក្យនេះគឺត្រូវបានលើកឡើងពីរដងតែប៉ុណ្ណោះនៅក្នុងព្រះគម្ពីរ សញ្ញាថ្មី (កិច្ចការ ២៦:២៨;​ ១ ពេត្រុស ៤:១៦)។ សូមកត់សម្គាល់ថា ពាក្យនេះត្រូវបានប្រើដោយ ពួកអ្នកមិនជឿ នៅក្នុងការរៀបរាប់ពីពួកអ្នកជឿ។ ​ពួកអ្នកជឿប្រើពាក្យដូចជា “ផ្លូវនោះ”  “ពួកសិស្ស”  “ពួកបងប្អូន” “ពួកបរិសុទ្ធ” និង “ពួកជំនុំ” នៅក្នុងការរៀបរាប់ពីខ្លួនគេ។ ​

សូម​មើល​ព្រះហស្តនៃព្រះធ្វើការនៅក្នុងការតាំងពួកជំនុំនៅក្នុងក្រុងអាន់ទីយ៉ូក។ ​មានពួកសិស្សរបស់ ព្រះយេស៊ូវ (មិនមែនជាពួកសាវ័ក ឬអ្នកដឹកនាំ) បានភៀសខ្លួនពីក្រុងយេរូសាឡិម ដើម្បីគេចចេញពី ការបៀតបៀនពីលោកប៉ុលនោះ ពួកគេបានទៅដល់ក្រុងអាន់ទីយ៉ូកជាកន្លែងដែលពួកគេបានប្រកាស ដំណឹងល្អដល់ពួកសាសន៍ក្រិក។ ​បន្ទាប់មក នៅពេលដែលពួកសាសន៍ក្រិកបានទទួលជឿ ពួកគេបានប្រជុំគ្នាជាមួយនឹងពួកសាសន៍យូដាជាលើកដំបូងនៅក្នុងនាមជាពួកជំនុំ។ ​ជាច្រើនឆ្នាំក្រោយមក  ពួកគេត្រូវការគ្រូបង្រៀនម្នាក់ ហើយលោកបាណាបាសបានទៅនាំលោកប៉ុល ជាមនុស្ស ដែលបានបៀតបៀនដល់ពួកអ្នកជឿនៅក្នុងក្រុងយេរូសាឡិមដែលបានធ្វើឲ្យពួកគេភៀសខ្លួនមកអាន់ទីយ៉ូកនោះឯង។ ​លោកប៉ុលបានទៅឯពួកជំនុំនេះហើយបង្រៀនពួកគេអស់រយៈពេលមួយឆ្នាំ។ ក្រោយពេលនោះ ​​ពួកជំនុំនៅអាន់ទីយ៉ូក នឹងចាត់លោកប៉ុលឲ្យចេញទៅធ្វើដំណើរក្នុងបេសកកម្មដំបូងរបស់គាត់!

នៅ​គ្រា​នោះ មាន​ហោរា​ខ្លះ​ចុះ​ពី​ក្រុង​យេរូ‌សាឡិម មក​ដល់​អាន់‌ទី‌យ៉ូក ក្នុង​ពួក​ហោរា​នោះ មាន​ម្នាក់​ឈ្មោះ​អ័ក្កា‌បុស គាត់​ក្រោក​ឡើង​ទាយ ដោយ​ព្រះ‌វិញ្ញាណ​ថា នឹង​មាន​អំណត់​អត់​ជា​ខ្លាំង នៅ​គ្រប់​លើ​ផែនដី នោះ​ក៏​កើត​មក​ក្នុង​ប្រវត្តិ​នៃ​មហា​រាជ​ក្លូឌាស​មែន

 

១១:២៧-២៨ សេចក្តីទំនាយគឺជាសេចក្តីដែលត្រូវបានប្រទានមកពីព្រះដោយការបើកសំដែងនៃ ព្រះវិញ្ញាណបរិសុទ្ធ។ ​មានសេចក្តីទំនាយជាច្រើនប្រភេទ រួមមានទាំងការប្រកាសប្រាប់ពីហេតុការណ៏នៅ ក្នុងពេលអនាគត ហើយអ័ក្កាបុសបានប្រើអំណោយទាននេះដើម្បីជួយពួកអ្នកជឿឲ្យបានត្រៀមខ្លួន សម្រាប់ គ្រោះអំណត់ដែលនឹងកើតមកដល់។ ​

 

ដូច្នេះ ពួក​សិស្ស​ក៏​គិត​សំរេច នឹង​ផ្ញើ​ទៅ​ជួយ​ដល់​ពួក​បង​ប្អូន​ដែល​នៅ​ស្រុក​យូដា តាម​កំឡាំង​រៀង​ខ្លួន

 

១១:២៩ ពួកជំនុំមានការរួបរួមគ្នា ហើយពួកអ្នកជឿទាំងអស់គឺជាពួកជំនុំតែមួយទោះបីជាពួកគេនៅទីក ន្លែងផ្សេងពីគ្នាក៏ដោយ។ ដោយព្រោះតែពួកអ្នកជឿទាំងអស់គ្នាជាសមាជិកនៅក្នុងគ្រួសារនៃព្រះ ពួកអ្នកជឿ ទាំងអស់នៅក្នុងក្រុងអាន់ទីយ៉ូក (សាសន៍យូដានិងសាសន៍ក្រិក) ចង់ជួយដល់បងប្អូនប្រុសស្រីរបស់គេ នៅក្នុងស្រុកយូដា។ ​មនុស្សម្នាក់ៗបានផ្តល់ប្រាក់ “តាមកំឡាំងរៀងខ្លួន”។ ចំនុចសំខាន់ដែលយើងថ្វាយ ទៅតាមកំឡាំងរបស់យើងរៀងខ្លួន ហើយទទួលបានតាមសេចក្តីត្រូវការរបស់យើងរៀងខ្លួន (២:៤៥, ៤:៣៥)។ 

 

ហើយ​ក៏​បាន​ធ្វើ​ការ​នោះ​មែន ព្រម​ទាំង​ផ្ញើ​ទៅ​ដល់​ពួក​ចាស់‌ទុំ ដោយ‌សារ​បា‌ណា‌បាស នឹង​សុល។ 

 

១១:៣០​ លោកបាណាបានិងលោកប៉ុលបាននាំយកប្រាក់ទៅដល់ពួកជំនុំនៅក្រុងយេរូសាឡិម (កាឡាទី ២:១-១០) ដែលមានចំងាយក្នុងការធ្វើដំណើរ​៤៨០ គីឡូម៉ែត្រ។ ​

 

ការណែនាំ
bottom of page