top of page

នៅ​គ្រា​នោះ ស្តេច​ហេរ៉ូឌ ទ្រង់​លូក​ព្រះ‌ហស្ត​ទៅ ចាប់​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លះ

 

១២:១ “ស្តេចហេរ៉ូឌ” គឺជាស្តេចហេរ៉ូឌ អ័រគ្រីប៉ាដែលត្រូវបានតែងតាំងដោយពួករ៉ូមឲ្យបានសោយរាជ្យ លើស្រុកយូដា ស្រុកសាម៉ារី និងស្រុកកាលីឡេ ជាទឹកដីប៉ែកខាងកើតនៃទន្លេយ័រដាន់ និងដេកាប៉ូលីស។​ ទ្រង់គឺជាចៅស្តេចហេរ៉ូឌឌឹហ្គ្រេដ  (ដែលបានសម្លាប់ទារកនៅក្នុងភូមិបេថ្លេហិម) ហើយជាក្មួយរបស់ ហេរ៉ូឌអង់ទីផា (ដែលបានសម្លាប់លោកយ៉ូហានបាប់ទីស្ទ)។ ​ទ្រង់គឺជាសាសន៍អេដឹម (ដែលជាកូនចៅពី ពូជអំបូររបស់អេសាវ) ដែលបានបៀតបៀនដល់ពួកជំនុំ ដើម្បីមានការគាំទ្រនៅក្នុងចំណោមពួកអ្នកដឹកនាំ សាសសន៍យូដា ដើម្បីកុំឲ្យពួកគេជំទាស់ជាមួយនឹងទ្រង់ ឬបះបោរជាមួយនឹងទ្រង់ឡើយ។

 

ក៏​សំឡាប់​យ៉ាកុប ជា​បង​យ៉ូហាន ដោយ​ដាវ​ផង លុះ​ទ្រង់​យល់​ឃើញ​ថា ការ​នោះ​ជា​ទី​គាប់​ចិត្ត ​ដល់​ពួក​សាសន៍​យូដា នោះ​ក៏​ចាប់​ពេត្រុស​ថែម​ទៀត (រីឯ​វេលា​នោះ​ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ)

១២:២-៣ លោកយ៉ាកុបគឺជាសាវ័កដំបូងគេដែលត្រូវបានស្លាប់ដោយសារសេចក្តីជំនឿ។ ​គាត់ត្រូវបានគេ សម្លាប់នៅក្នុងឆ្នាំ ៤៣ គ,ស។ ​ព្រះយេស៊ូវបានមានបន្ទូលដល់សិស្សរបស់ព្រះអង្គថា នឹងមាន ការបៀតបៀនកើតមានឡើង ​(ម៉ាថាយ ១០:១៦-២៦) ហើយទ្រង់បានប្រាប់លោកយ៉ាកុបថាគាត់នឹងបាន “ផឹកពីពែង”​ នៃការរងទុក្ខដូចដែលព្រះអង្គបានសោយដែរ (ម៉ាថាយ ២០:២០-២៣; ​​ម៉ាកុស​ ១០: ៣៥-៤០)។ សម្រាប់លោកយ៉ាកុប "ពែង" នេះ ជាការដាក់ទោសប្រហារជីវិតពីពួករ៉ូម៉ាំង។ ​ការដែលត្រូវសម្លាប់ “ដោយដាវ”​​ មានន័យថាត្រូវបានគេកាត់ក្បាល។

ការពិតចំពោះការប្រហារជីវិតរបស់លោកយ៉ាកុបជាការដែល “គាប់​ចិត្ត ​ដល់​ពួក​សាសន៍​យូដា” មានន័យថា ពួកអ្នកដឹកនាំសាសន៍យូដា (ពួកគណៈសាន់ហេឌ្រីន)​​ គាប់ចិត្តគេ ដោយព្រោះតែពួកគេស្អប់ពួកសាវ័ក។ ហេតុផលដែលពួកសាន់ហេឌ្រីន បានស្អប់ដល់ពួកសាវ័កគឺដោយព្រោះតែពួកគេបានប្រកាសជា សាធារណៈពីដំណឹងល្អអំពី​ព្រះយេស៊ូវគ្រីស្ទ ដែលការសុគតរបស់ព្រះអង្គជាការរៀបចំដោយសាន់ហេឌ្រីន ប៉ុន្តែ ព្រះបានប្រោសទ្រង់មានព្រះជន្មរស់ឡើងវិញ។

 

នៅពេលដែលពួកអ្នកដឹកនាំសាសន៍យូដាឆ្លើយតបដោយសេចក្ដីសាទរនៅក្នុងការប្រហារជីវិតលោកយ៉ាកុប  ស្តេចហេរ៉ូឌ បានចាប់ខ្លួនលោកពេត្រុស ហើយគ្រោងនឹងសម្លាប់គាត់ដែរ។ ​លោកពេត្រុសត្រូវបានចាប់ខ្លួន នៅក្នុងអំឡុងពេលបុណ្យនំប៉័ងឥតដំបែ ដែលជាពិធីបុណ្យ ដែល​មាន​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ  ដែលត្រូវបានប្រារព្ធក្រោយពិធីបុណ្យរំលង (និក្ខមនំ ​២៣:១៤-១៩; ម៉ាថាយ ២៦:១៧)។ ពេលនេះគឺជាពេលដូចគ្នាដែលព្រះយេស៊ូវ ត្រូវបានគេធ្វើគត់កាលពី ១៣​ឆ្នាំមុន។ ​

កាល​ចាប់​បាន​ហើយ នោះ​ក៏​ដាក់​គុក ព្រម​ទាំង​ប្រគល់​ដល់​ទាហាន​៤​សង្កាត់​ឲ្យ​ឃុំ​រក្សា​ទុក ដោយ​ប្រាថ្នា​នឹង​នាំ​គាត់​មក​នៅ​មុខ​បណ្តាជន ក្រោយ​ថ្ងៃ​បុណ្យ​រំលង

១២:៤ លោកពេត្រុសត្រូវបានគេចាប់ដាក់គុក ហើយត្រូវបានយាមល្បាតដោយពួកទាហានរ៉ូម៉ាំង ៤ សង្កាត់។  ក្នុងមួយ “សង្កាត់”​ មានទាហានបួននាក់។ ​ក្នុងសង្កាត់និមួយត្រូវយាមអ្នកទោសក្នុងរយៈពេល បីម៉ោង ហើយក្រោយមកត្រូវជំនួសដោយមួយសង្កាត់ទៀត។ ​ការនេះគឺដើម្បីធានាថា តែងតែមានទាហាន ដែលប្រុងប្រយ័ត្ន នៅយាមល្បាតជាដរាប។ ​

 

ជាធម្មតាអ្នកទោសម្នាក់ត្រូវបានដាក់ច្រវាក់ជាប់ជាមួយនឹងទាហានម្នាក់ ប៉ុន្តែលោកពេត្រុសវិញត្រូវបាន ចាក់ច្រវាក់ជាប់ជាមួយនឹងទាហានទាំងសងខាងគាត់ គឺដៃរបស់គាត់ទាំងសងខាងត្រូវជាប់ច្រវាក់។ ​គ្រប់ពេលវេលាទាំងអស់តែងតែមានទាហានពីរនាក់ត្រូវដាក់ច្រវាក់ជាប់ជាមួយគាត់នៅក្នុងគុក ហើយ មានទាហានពីរនាក់ផ្សេងទៀតយាមនៅខាងក្រៅ។ ​ស្តេចហេរ៉ូឌ អ័គ្រីប៉ាប្រហែលជាធ្លាប់បានឮថា លោកពេត្រុស​បានរួចខ្លួនពីគុកកាលពីមុនមក ​(៥:១៧-២១) ​​ហើយទ្រង់ចង់ឲ្យប្រាកដថាការនោះ នឹងមិនកើតមានឡើងជាថ្មីទៀត។ ​

ដូច្នេះ គេ​ក៏​ឃុំ​ពេត្រុស​ទុក​នៅ​ក្នុង​គុក តែ​ចំណែក​ខាង​ពួក​ជំនុំ គេ​ខំ​ប្រឹង​អធិស្ឋាន​ដល់​ព្រះ​ឲ្យ​គាត់​អស់​ពី​ចិត្ត 

 

១២:៥ ស្តេចហេរ៉ូឌ អ័គ្រីប៉ា មានទាំងទាហាន ហើយនឹងគុក ប៉ុន្តែពួកជំនុំមានអំណាចនៅក្នុង សេចក្តីអធិស្ឋាន។ ​នៅពេលដែលទ្វារទាំងឡាយត្រូវបានបិទខ្ទប់ហើយចាក់សោរនោះ ទ្វារទៅស្ថានសួគ៌គឺបើកចំហ ជាធំវិញ។ ​យើងអាចចូលទៅតាមទ្វារនោះដោយសេចក្តីអធិស្ឋាន។ ​

ពួកជំនុំបាន “ខំប្រឹងអធិស្ឋាន”​​ទូលដល់ព្រះសម្រាប់លោកពេត្រុស។ ​ពាក្យថា “ខំប្រឹង” ​(ἐκτενῶς) មានន័យថា “លាតសន្ធឹង” ហើយមានគោលគំនិតពីការដែលមនុស្សខំប្រឹងលាតសន្ធឹងដើម្បីឲ្យ បានសម្រេចគោលដៅណាមួយ។ ​ជាសេចក្តីអធិស្ឋានដែលចេញអស់ពីចិត្ត ដោយស្មោះត្រង់ ជាញឹកញយ ហើយពេញដោយសេចក្តីជំនឿដោយព្រោះតែអ្នកខ្វល់ខ្វាយពីអ្វីដែលអ្នកអធិស្ឋាននោះ ហើយអ្នកដឹងថា ព្រះជាម្ចាស់ទ្រង់ស្តាប់ឮហើយឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់អ្នក។ ​លោកលូកាប្រើពាក្យនេះនៅក្នុង ការរៀបរាប់ពីសេចក្តីអធិស្ឋានរបស់ព្រះយេស៊ូវនៅក្នុងសួនច្បារគែតសេម៉ានី នៅយប់មុនពេល ដែលព្រះអង្គជាប់ឆ្កាង (លូកា​ ២២:៤៤)។ 

រីឯ​ក្នុង​កាល​ដែល​ស្តេច​ហេរ៉ូឌ​គិត​នាំ​ពេត្រុស​មក នៅ​វេលា​យប់​នោះ​ឯង គាត់​ដេក​នៅ​ជា​កណ្តាល​ទាហាន​២​នាក់ មាន​ទាំង​ច្រវាក់​២​ខ្សែ​ជាប់​នៅ​ខ្លួន ហើយ​មាន​ពួក​ទាហាន​ចាំ​យាម​នៅ​មាត់​ទ្វារ​រក្សា​គុក​ដែរ

 

១២:៦​ ការពិតដែលថាលោកពេត្រុសដេកលក់នោះគឺបង្ហាញថាគាត់ទុកចិត្តលើព្រះអម្ចាស់។ ​សូម្បីតែនៅយប់មុនពេលដែលគាត់ត្រូវគេកាត់ក្តី និងសម្លាប់ក៏ដោយ គាត់មិនមានការភ័យខ្លាចឡើយ ​(ទំនុកដំកើង ១២៧:២)។ គាត់ប្រហែលជាបានចងចាំពីសេចក្តីសន្យារបស់ព្រះយេស៊ូវដែលថា គាត់នឹងរស់នៅដល់វ័យចំណាស់ (យ៉ូហាន ២១:១៨) ​ដូច្នេះហើយ គាត់បានដឹងថា​ស្តេចហេរ៉ូឌ មិនអាចនឹងសម្លាប់គាត់បានឡើយ។ ​ 

នោះ​មើល មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​ឈរ​ខាង​គាត់ ក៏​មាន​ពន្លឺ​ផ្សាយ​មក​ក្នុង​គុក ទេវតា​នោះ​ក៏​គោះ​ពី​ ខាង​ចំហៀង ដាស់​គាត់​ឡើង​ថា ចូរ​ក្រោក​ឡើង​ជា​ប្រញាប់ នោះ​ច្រវាក់​ក៏​ជ្រុះ​ពី​ដៃ​គាត់​ចេញ

 

១២:៧ នៅក្នុងយប់នោះ  លោកពេត្រុសត្រូវបានដាស់ឲ្យក្រោកដោយទេវតាដែលប្រាប់ឲ្យគាត់ក្រោកឡើង យ៉ាងឆាប់រហ័ស។ ដោយព្រះចេស្តានៃព្រះ ច្រវាក់បានជ្រុះពីដៃរបស់គាត់ដែលបណ្តាលឲ្យគាត់អាចស្តាប់ តាមការបង្គាប់របស់ទេវតាបាន។ ​

រួច​ទេវតា​ប្រាប់​ថា ចូរ​ក្រវាត់​ខ្លួន ហើយ​ពាក់​ស្បែក​ជើង​ទៅ គាត់​ក៏​ធ្វើ​ដូច្នោះ ហើយ​ទេវតា​ប្រាប់​ទៀត​ថា ចូរ​ពាក់​អាវ​មក​តាម​ខ្ញុំ​ចុះ

១២:៨ ​​លោកពេត្រុសទើបតែរឭកពីដេក ហើយនៅមមីមមើ ហើយភាំងនៅឡើយ។ ដូច្នេះគាត់ត្រូវការ ឲ្យទេវតាប្រាប់គាត់ពីអ្វីដែលត្រូវធ្វើគ្រប់ចំនុចទាំងអស់។ ​នេះគឺជាការរំដោះដោយការអស្ចារ្យ ដោយទេវតានៃព្រះអម្ចាស់ មិនមែនជាការរត់ចេញពីគុកដោយលោកពេត្រុសនោះឡើយ។ ​

 

នោះ​គាត់​ចេញ​ទៅ​តាម​ទេវតា ឥត​មាន​ដឹង​ជា​ការ​ដែល​កើត​មក ដោយ‌សារ​ទេវតា​នោះ ជា​ពិត​ឬ​មិន​ពិត​ទេ គឺ​គាត់​ស្មាន​ថា​បាន​ឃើញ​ការ​ជាក់​ស្តែង​វិញ

 

១២:៩​ ​លោកពេត្រុសធ្លាប់បានឃើញការជាក់ស្តែងពីព្រះនៅក្នុង កិច្ចការ ជំពូក ១០ ហើយគាត់បានគិតថា ប្រហែលនេះជាការជាក់ស្តែងផ្សេងទៀត។ ​ប៉ុន្តែទេវតាមួយរបស់ព្រះអម្ចាស់បាននាំពេត្រុសចេញពីគុកម្តង ពីមុនរួចមកហើយ (៥:១៧-២៣) ហើយពេលនេះបានកើតមានឡើងជាលើកទីពីរ។ ​

កាល​បាន​ដើរ​ផុត​ពី​អ្នក​យាម​ទី​១ រួច​ទី​២ នោះ​ក៏​មក​ដល់​ទ្វារ​ដែក ដែល​នាំ​ចេញ​ទៅ​ខាង​ក្រៅ ទ្វារ​នោះ​ក៏​របើក​ឯង កាល​បាន​ចេញ​ទៅ​ផុត​ផ្លូវ​១​ហើយ នោះ​ស្រាប់​តែ​ទេវតា​ឃ្លាត​ចេញ​ពី​គាត់​បាត់​ទៅ

 

១២:១០ ពួកទាហាន ច្រវាក់ ពួកអ្នកយាម ហើយនឹងទ្វារដែកមិនអាចនឹងបង្ខាំងគម្រោងរបស់ព្រះ នៅក្នុង ការដោះលោកពេត្រុសឲ្យបានរួចនោះឡើយ។ ​ប្រហែលជាទេវតាបានធ្វើឲ្យពួកទាហាន ដេកលង់លក់ ហើយមើលទៅ​។ យើងបានដឹងថាទាហានសង្កាត់នេះគឺជាអ្នកដែលយាមល្បាតចុងក្រោយគេនៅពេល យប់នោះ (ចាប់ពីម៉ោង ៣ព្រឹក-៦ព្រឹក) ដោយព្រោះតែពួកគេមិនដឹងរហូតដល់ពេលព្រឹកថា លោកពេត្រុសមិននៅក្នុងគុកទេ (ខ១៨)។  “ទ្វារដែក” ​គឺជាទ្វារដែលមានទំហ៊ំធំនៅខាងក្រៅគុក ហើយទ្វារនោះ បានរបើកចេញដោយខ្លួនឯង ឲ្យលោកពេត្រុស និងទេវតាចេញទៅលើផ្លូវ។ ​

លុះ​ពេត្រុស​ដឹង​ខ្លួន​ឡើង ក៏​នឹក​ឃើញ​ថា ឥឡូវ​នេះ អញ​ដឹង​ប្រាកដ​ថា ព្រះ‌អម្ចាស់​បាន​ចាត់​ទេវតា​នៃ​ទ្រង់ ឲ្យ​មក​ដោះ​អញ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​ហេរ៉ូឌ ហើយ​ពី​គ្រប់​ទាំង​បំណង ដែល​សាសន៍​យូដា​បាន​រង់‌ចាំ​ដែរ

១២:១១​​ ពេលនេះលោកពត្រុសបានភ្ញាក់ដឹងខ្លួនហើយបានដឹងថាព្រះបានធ្វើការអស្ចារ្យនៅក្នុងការរំដោះ គាត់ឲ្យបានរួច។ ​ស្តេចហេរ៉ូឌនិងពួកសាសន៍យូដារំពឹងថាលោកពេត្រុសនឹងត្រូវបានសម្លាប់នៅថ្ងៃបន្ទាប់ ប៉ុន្តែព្រះបានប្រោសជីវិតគាត់ឲ្យបានរួចវិញ។ ​

 

លុះ​គាត់​ពិចារណា​ហើយ នោះ​ក៏​ទៅ​ឯ​ផ្ទះ​ម៉ារា ជា​ម្តាយ​យ៉ូហាន-ម៉ាកុស ជា​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​បាន​ប្រជុំ​គ្នា​អធិស្ឋាន

 

១២:១២ លោកពេត្រុសបានដឹងថាគ្រីស្ទាននៅក្នុងក្រុងយេរូសាឡិមតែងតែប្រជុំគ្នានៅក្នុងផ្ទះធំមួយ ដែលជារបស់ស្រ្តីម្នាក់ដែលមានឈ្មោះថា​ម៉ារា។ ដូច្នេះហើយគាត់បានទៅទីនោះដើម្បីប្រាប់ដល់ពួកគេពី ការអស្ចារ្យដែលព្រះយេស៊ូវបានធ្វើនៅក្នុងការរំដោះគាត់ឲ្យបានរួច។ ម៉ារានេះគឺជាម្តាយរបស់ យ៉ូហាន -ម៉ាកុស​។  ក្រោយមក យ៉ូហាន-ម៉ាកុស​ បានជួយលោកពេត្រុសនៅក្នុងព័ន្ធកិច្ចដែលគាត់ធ្វើនៅក្នុងរ៉ូម ហើយប្រៀបបានដូចជាកូនប្រុសខាងព្រលឹងវិញ្ញាណចំពោះគាត់ (១ ពេត្រុស ៥:១៣)។ យ៉ូហាន-ម៉ាកុស​បានកត់ត្រាដំណឹងល្អមួយ ក្នុងចំណោមដំណឹងល្អទាំងបួន។ ​

គាត់​ក៏​គោះ​ទ្វារ​មុខ នោះ​មាន​ស្រី​បំរើ​ម្នាក់ ឈ្មោះ​រ៉ូដា មក​ផ្ទៀង​ស្តាប់ លុះ​ស្គាល់​សំឡេង​ពេត្រុស​ហើយ នោះ​នាង​មាន​សេចក្ដី​អំណរ​ដ៏​ពន្លឹក ដល់​ម៉្លេះ​បាន​ជា​ភ្លេច​ទាំង​បើក​ទ្វារ រត់​ចូល​ទៅ​ប្រាប់​គេ​វិញ ថា លោក​ពេត្រុស​ឈរ​នៅ​មាត់​ទ្វារ

 

១២:១៣-១៤ លោកពេត្រុសធ្លាប់មកផ្ទះនេះពីមុនមករួចមកហើយដូច្នេះហើយអ្នកបំរើឈ្មោះរ៉ូដាស្គាល់     សម្លេងរបស់គាត់។ ​យ៉ាងណាម៉ិញ  រ៉ូដាមានសេចក្តីរំភើបជាខ្លាំងនៅពេលដែលនាងបានស្តាប់ឮសម្លេងរបស់ គាត់ហើយភ្លេចបើកទ្វារឲ្យគាត់!នាងបែរជារត់ទៅប្រាប់ដល់គ្រប់គ្នាដែលនៅក្នុងផ្ទះថាលោកពេត្រុសនៅខាងក្រៅវិញ។ ​

 

តែ​គេ​ស្តី​ថា ឯង​វង្វេង​ហើយ តែ​នាង​នៅ​តែ​ថា ប្រាកដ​មែនៗ រួច​គេ​ថា​ជា​ទេវតា​របស់​គាត់​ទេ

 

១២:១៥ នៅពេលដែលរ៉ូដាប្រាប់ដល់ពួកជំនុំថាពេត្រុសនៅខាងក្រៅនោះ ពួកគេមិនបានជឿនាងនោះ ឡើយ។ ​ពួកជំនុំខំប្រឹងអធិស្ឋានយ៉ាងអស់ពីចិត្តឲ្យលោកពេត្រុស ប៉ុន្តែពួកគេមិនបានជឿថា ព្រះពិតជាបានឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់ពួកគេ ហើយបានប្រោសគាត់ឲ្យបានរួចនោះឡើយ!

 

ពួកសាសន៍យូដាជឿថាមនុស្សម្នាក់ៗមានទេវតាការពាររបស់គេរៀងៗខ្លួន (ទំនុកដំកើង ៩១:១១; ​ម៉ាថាយ​១៨:១០; ហេព្រើរ ១:១៤) ហើយមើលទៅហាក់បីដូចជាពួកគេបានគិតថាទេវតារបស់លោក ពេត្រុសនៅឯទ្វារនោះហើយ។ ​ឬប្រហែលជាពួកគេបានគិតថាលោកពេត្រុសត្រូវបានគេប្រហារជីវិតបាត់ទៅ ហើយសម្លេងនោះគឺជាសម្លេងនៃវិញ្ញាណ ឬខ្មោចរបស់​គាត់ដែលរ៉ូដាបានឮនៅខាងក្រៅទ្វារនោះវិញ។ ​

ឯ​ពេត្រុស គាត់​ចេះ​តែ​គោះ​ទ្វារ​ថែម កាល​គេ​បាន​បើក​ទ្វារ​ឃើញ នោះ​គេ​មាន​សេចក្ដី​ស្រឡាំង‌កាំង 

១២:១៦ កំពុងដែលពេត្រុសឈរនោះគាត់ប្រហែលជាងឿងឆ្ងល់ថាហេតុអ្វីបានជាគ្មានអ្នកណាបើកទ្វារ ឲ្យគាត់ចូលដូច្នេះ។ ​កំពុងដែលគាត់ឈរនៅលើផ្លូវនៅឡើយនោះ គាត់នៅតែស្ថិតក្នុងគ្រោះថ្នាក់ ដែល នឹងត្រូវពួករ៉ូម៉ាំងចាប់ខ្លួននៅឡើយទេ ដូច្នេះហើយគាត់នៅតែបន្តគោះទ្វារ។ នៅពេលដែលពួកគេ បើកទ្វារនោះ គ្រប់គ្នាមានសេចក្តីស្រឡាំងកាំងដែលបានឃើញគាត់។ ​

 

តែ​គាត់​ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ ឲ្យ​គេ​ស្ងៀម​ទៅ រួច​ក៏​រ៉ាយ​រឿង​ប្រាប់​គេ ពី​ដំណើរ​ដែល​ព្រះ‌អម្ចាស់​បាន​នាំ​គាត់​ចេញ​ពី​គុក​ជា​យ៉ាង​ណា ហើយ​គាត់​ផ្តាំ​គេ​ថា សូម​ប្រាប់​រឿង​នេះ​ដល់​យ៉ាកុប នឹង​ពួក​បង​ប្អូន​ឲ្យ​ដឹង​ផង នោះ​គាត់​ចេញ​ទៅ​ឯ​កន្លែង​១​ទៀត​ទៅ។ 

 

១២:១៧ ពួកអ្នកជឿទាំងអស់មានសេចក្តីអំណរជាខ្លាំងនៅពេលដែលបានឃើញគាត់ពួកគេទាំងអស់គ្នា និយាយជាសម្លេងឮខ្លាំងព្រមគ្នា។ ​ដូច្នេះហើយពេត្រុសបានធ្វើសញ្ញាសំគាល់ដោយដៃរបស់គាត់ឲ្យគេ រក្សាភាពស្ងៀមស្ងាត់ហើយប្រាប់ពួកគេពីការអស្ចារ្យដែលព្រះយេស៊ូវបានធ្វើនៅក្នុងការរំដោះគាត់ឲ្យបានរួច។ ក្រោយការនោះ គាត់ផ្តាំឲ្យគេប្រាប់ការនោះដល់យ៉ាកុប (ជាប្អូនរបស់ព្រះយេស៊ូវ ហើយជាអ្នកដឹកនាំម្នាក់ នៅក្នុងពួកជំនុំនៅក្នុងក្រុងយេរូសាឡិម) ហើយអ្នកជឿផ្សេងទៀតអំពីការរំដោះនេះ។ ​​ក្រោយមកគាត់បាន ចាកចេញពីក្រុងយេរូសាឡិម បានទៅកន្លែងមួយឆ្ងាយពីស្តេចហេរ៉ូឌដែលមានសុវត្ថិភាព។ ​

លុះ​ភ្លឺ​ឡើង ក៏​កើត​មាន​វឹកវរ​ជា​ធំ នៅ​ក្នុង​ពួក​កង​ទាហាន ពី​ដំណើរ​ពេត្រុស ដែល​ទៅ​ឯ​ណា​បាត់

 

១២:១៨ ​​នៅពេលទាបភ្លឺ ​នៅពេលដែលកងទាហានថ្មីមួយទួយកងទៀតមកដល់ដើម្បីយាម លោកពេត្រុសនោះ ពួកទាហានបានដឹងថាគាត់បានបាត់ខ្លួនទៅហើយ!ពួកគេមានការភ័យខ្លាចយ៉ាងខ្លាំង ដោយព្រោះតែពួកគេបានដឹងពីទោសដែលត្រូវទទួល។ 

កាល​ស្តេច​ហេរ៉ូឌ​បាន​រក​គាត់​មិន​ឃើញ នោះ​ក៏​ពិចារណា​សួរ​ពួក​អ្នក​យាម​ល្បាត ហើយ​បង្គាប់​ឲ្យ​នាំ​គេ​ទៅ​សំឡាប់​បង់ រួច​ស្តេច​ក៏​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ឯ​សេសារា គង់​នៅ​ទី​នោះ។ 

 

១២:១៩ ស្តេចហេរ៉ូឌមានសេចក្តីក្រោធយ៉ាងខ្លាំងចំពោះចំនុចដែលអ្នកទោសរបស់ទ្រង់បានរត់គេ ចខ្លួនបាត់ហើយ។ ​យោងតាមច្បាប់របស់រ៉ូម៉ាំង ពួកអ្នកយាមដែលបណ្តោយឲ្យអ្នកទោសគេចខ្លួនបាន នឹងត្រូវទទួលទោសដែលអ្នកទោសនោះត្រូវទទួល។ ទោសដែលពេត្រុសត្រូវទទួលនោះគឺជាទោសស្លាប់។ ​ដូច្នេះ ស្តេចហេរ៉ូឌបានបង្គាប់ឲ្យយកពួកអ្នកយាមទៅសម្លាប់ហើយទ្រង់បានចាកចេញពីក្រុងយេរូសាឡិម ដើម្បីគេចចេញពីពួកអ្នកដឹកនាំសាសន៍យូដាដែលទ្រង់បានដឹងថាអាចនឹងមានសេចក្តីកំហឹងនៅពេលដែល ពួកគេបានឮថាពេត្រុសមិនត្រូវបានសម្លាប់ដូចដែលពួកគេរំពឹងថាគាត់ត្រូវស្លាប់នោះ (ខ២-៣, ១១)។   

រីឯ​ស្តេច​ហេរ៉ូឌ ទ្រង់​មាន​ព្រះ‌ទ័យ​ចង​គំនុំ​នឹង​ពួក​អ្នក​នៅ​ស្រុក​ទីរ៉ុស នឹង​ស៊ីដូន​ជា​ខ្លាំង តែ​គេ​ស្រុះ​ចិត្ត​គ្នា​នឹង​មក​គាល់​ស្តេច លុះ​បាន​បញ្ចុះ​បញ្ចូល​ប្លាសតុស ជា​មន្ត្រី​សេវកាមាត្យ​របស់​ស្តេច​ហើយ នោះ​ក៏​សូម​ចង​ជា​ស្ពាន​មេត្រី​វិញ ពី​ព្រោះ​គេ​តែង‌តែ​បាន​ស្បៀង​អាហារ ពី​ស្រុក​ស្តេច​មក

 

១២:២០ ស្រុកទីរ៉ុស និងស៊ីដូនជាស្រុកដែលនៅតាមឆ្នេរសមុទ្រភេនីសនៅក្នុងស្រុកស៊ីរី។ ​ទីក្រុងទាំងនេះ បានធ្វើកិច្ចការដែលធ្វើឲ្យហេរ៉ូឌអ័គ្រីប៉ាខឹងសម្បារបានជាទ្រង់ហាមឃាត់មិនឲ្យមានទូកដឹកស្រូវពីស្រុកកាលីឡេចូលមកស្រុកស៊ីរីនោះឡើយ។ ​ពួកគេត្រូវការស្បៀងអាហារទាំងនេះដូច្នេះហើយពួកគេបានចាត់ឲ្យមាន អ្នកផ្សះផ្សាទៅសេសារាដើម្បីនឹងចងមេត្រីជាមួយនឹងស្តេចហេរ៉ូឌ។ ​

លុះ​ដល់​ថ្ងៃ​កំណត់ ស្តេច​ហេរ៉ូឌ​ទ្រង់​ព្រះ‌ពស្ត្រា‌រាជ្យ កំពុង​តែ​គង់​នៅ​លើ​បល្ល័ង្ក អធិប្បាយ​ឲ្យ​គេ​ស្តាប់

 

១២:២១ ពេលនោះគឺនៅក្នុងខែមីនា ឆ្នាំ ៤៤ គ,ស។  យោងតាមលោក យ៉ូសែបហ្វឹស ជាអ្នកកត់ត្រាប្រវត្តិសាស្ត្រនៅក្នុងសតវត្សទីមួយ នៅក្នុងថ្ងៃនោះស្តេចហេរ៉ូឌអ័គ្រីប៉ាបានគ្រងព្រះពស្រ្ត ដែលធ្វើពីប្រាក់មានពន្លឺចែងចាំងពន្លឺថ្ងៃពេលថ្ងៃរះ។ ​

ហើយ​រាស្ត្រ​គ្រប់​គ្នា​ចេះ​តែ​បន្លឺ​វាចា​ថា នេះ​ជា​សំឡេង​ព្រះ​ទេ​វ៉ឺយ មិន​មែន​ជា​សំឡេង​មនុស្ស​ទេ

 

១២:២២ ដោយព្រោះតែមនុស្សត្រូវការអាហារដែលចេញពីស្រុករបស់ស្តេចហេរ៉ូឌ ពួកគេបានបញ្ជោរទ្រង់ ដោយហៅទ្រង់ថាជាព្រះ។ ​សូមនឹកចាំថាលោកនៅពេលដែលលោកកូនេលាសថ្វាយបង្គំលោកពេត្រុស គាត់បានបដិសេធមិនព្រមទទួលការថ្វាយបង្គំទេដោយព្រោះតែគាត់បានដឹងថាមានតែព្រះតែប៉ុណ្ណោះដែលសក្តិសមនៅក្នុងការទទួលការថ្វាយបង្គំ ​(១០:២៥-២៦)។  ​ប៉ុន្តែស្តេចហេរ៉ូឌបានទទួលការថ្វាយបង្គំពី មនុស្សដែលនៅស្រុកទីរ៉ុសនិងស្រុកស៊ីដូន។ ​

 

នោះ​ស្រាប់​តែ​ទេវតា​នៃ​ព្រះ‌អម្ចាស់​ប្រហារ​ស្តេច ឲ្យ​សុគត​ទៅ​ដោយ​ដង្កូវ​ចុះ ពី​ព្រោះ​ស្តេច​មិន​បាន​ផ្ទេរ​សេចក្ដី​សរសើរ​នោះ ថ្វាយ​ដល់​ព្រះ​វិញ។ 

 

១២:២៣ ការដែលទទួលការថ្វាយបង្គំរបស់គេនោះ  ស្តេចហេរ៉ូឌ អ័គ្រីប៉ា “មិនបានផ្ទេរការសរសើរដល់ ព្រះ​”  ហើយការជំនុំជម្រះ​ពីព្រះបានធ្លាក់មកលើទ្រង់ភ្លាមៗ។ ​ទេវតានៃព្រះអម្ចាស់ “បានប្រហារស្តេច”​​  គឺសំដៅលើជំងឺដែលកើតមានឡើងភ្លាមៗ។ ​យោងតាមលោកយ៉ូសែបហ្វឹស ​ស្តេចហេរ៉ូឌបានមាន អាការៈឈឺចុកចាប់យ៉ាងខ្លាំងនៅក្នុងពោះរបស់ទ្រង់ដែលមានរយៈពេលប្រាំថ្ងៃហើយបានសុគតទៅ។ ​លោកលូកាបានកត់ត្រាថា​ទ្រង់បានត្រូវ “ដង្កូវចុះស៊ី” មានន័យថា ជំងឺនោះអាចជាព្រូនដែលនៅក្នុង ពោះរបស់ទ្រង់ដែលធ្វើឲ្យមានការឈឺចាប់ ក្អួតហើយនឹងស្លាប់។ ​

 

សូមនឹកចាំថាគឺជាទេវតានៃព្រះអម្ចាស់ដែលបានរំដោះលោកពេត្រុសពីសេចក្តីស្លាប់ (ខ៦-១៧) ​ហើយជាទេវតានៃព្រះអម្ចាស់ដែលបានប្រហារស្តេចហេរ៉ូឌអ័គ្រីប៉ា (ខ២៣)។  ព្រះជាម្ចាស់មាន ព្រះចេស្តាដ៏ខ្ពស់បំផុតនៅក្នុងការសម្រេចគ្រប់ទាំងកិច្ចការដែលព្រះអង្គបានរៀបចំទុកជាមុនហើយនឹងទម្លាក់ដល់អស់អ្នកដែលទាស់ប្រឆាំងជាមួយនឹងផែនការណ៏របស់ព្រះអង្គ ​(យ៉ូប ៤២:២)។ ​

ឯ​ព្រះ‌បន្ទូល ក៏​ដុះ​ដាល​ចំរើន កាន់​តែ​ច្រើន​ឡើង

 

១២:២៤ ជំពូកនេះបានចាប់ផ្តើមជាមួយនឹងការដែលស្តេចហេរ៉ូឌបៀតបៀនដល់ពួកជំនុំ ការស្លាប់របស់ លោកយ៉ាកុប និងការដែលពេត្រុសត្រូវជាប់គុក។ ​ជំពូកនេះក៏បញ្ចប់ដោយការដែលស្តេចហេរ៉ូឌសុគត លោកពេត្រុសមានសេរីភាព ហើយព្រះបន្ទូលនៃព្រះបានរីករាលដាលហើយកាន់តែខ្លាំងឡើងថែមទៀត។ ​ជាថ្មីម្តងទៀត  ​លោកលូកាបានបញ្ជាក់ថាគ្មានអ្វីណាមួយដែលអាចបញ្ឈប់ការរីកចំរើននៃដំណឹងល្អ បានឡើយ។ ​

កាល​បា‌ណា‌បាស នឹង​សុល បាន​ធ្វើ​ការ‌ងារ​របស់​ខ្លួន​រួច​សព្វ​គ្រប់​ហើយ នោះ​ក៏​ត្រឡប់​ពី​ក្រុង​យេរូ‌សាឡិម​មក​វិញ នាំ​ទាំង​យ៉ូហាន-ម៉ាកុស​មក​ជា​មួយ​ផង។ 

 

១២:២៥ លោកប៉ុលនិងបាណាបាសបាននាំយកប្រាក់ពីពួកជំនុំនៅក្រុងអាន់ទីយ៉ូកទៅកាន់ពួកជំនុំនៅក្រុង យេរូសាឡិមដើម្បីជួយគេនៅក្នុងគ្រាដែលមានគ្រោះអំណត់ (១១:៣០)។ នៅក្នុងក្រុងយេរូសាឡិម ពួកគេត្រូវបានចូលរួមដោយលោកយ៉ូហានម៉ាកុស(ជាកូនប្រុសរបស់ម៉ារាដែលផ្ទះរបស់គាត់ជាកន្លែងដែលពួកជំនុំប្រជុំគ្នា ខ១២)។ លោកយ៉ូហានម៉ាកុសគឺជាប្អូនជីដូនមួយរបស់លោកបាណាបាស (កូល៉ុស ៤:១០)។ ​ពួកគេបានធ្វើដំណើរជាមួយគ្នាត្រឡប់មកអាន់ទីយ៉ូកវិញជាកន្លែងដែលព្រះវិញ្ញាណបរិសុទ្ធនឹងប្រទាន ភារកិច្ចបន្ទាប់ទៀតដល់ពួកគេ-គឺឲ្យបាននាំយកដំណឹងល្អទៅ “ចុងបំផុតផែនដី” (១:៨)។ ​

 

 

ការណែនាំ
bottom of page