top of page

រីឯ​ក្នុង​ពួក​ជំនុំ​នៅ​ក្រុង​អាន់‌ទី‌យ៉ូក នោះ​មាន​គ្រូ​អធិប្បាយ នឹង​គ្រូ​បង្រៀន​ខ្លះ គឺ​បា‌ណា‌បាស​១ ស៊ីម្មាន​ដែល​ហៅ​ថា នីគើរ​១ លូគាស ជា​សាសន៍​គីរេន​១ ម៉ាន៉ា‌អេន ជា​កូន​ចិញ្ចឹម​ជា​មួយ​នឹង​ហេរ៉ូឌ ស្តេច​អនុរាជ​១ នឹង​សុល​១ កំពុង​ដែល​អ្នក​ទាំង​នោះ​ធ្វើ​ការ‌ងារ ថ្វាយ​ព្រះ‌អម្ចាស់​ទាំង​តម នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ប្រាប់​ថា ចូរ​ញែក​បា‌ណា‌បាស នឹង​សុល​ចេញ​ឲ្យ​ខ្ញុំ សំរាប់​ការ‌ងារ​ដែល​ខ្ញុំ​ហៅ​គេ​ឲ្យ​ធ្វើ

 

១៣:១-២ ពេញក្នុងបទគម្ពីរកិច្ចការ​យើងបានឃើញថាភាពរីកចំរើននៃដំណឹងល្អ ហើយការលូតលាស់ នៃពួកជំនុំគឺជា កិច្ចការ​របស់ព្រះយេស៊ូវដោយសារព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ ដែលធ្វើការតាមរយៈ ពួកសាវករបស់ព្រះអង្គ។ ព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំ លោកពេត្រុសឲ្យបើកទ្វារនគរនៃព្រះដល់ ពួកសាសន៍ដទៃ ដោយការប្រកាសដំណឹងល្អនៅផ្ទះលោកកូនេលាស។ ពេលនេះ ព្រះវិញ្ញាណបរិសុទ្ធដឹកនាំ លោកប៉ុល និងលោកបាណាបាសឲ្យបានធ្វើដំណើរបេសកកម្មរបស់ពួកគាត់ជាលើកដំបូង។ ​

នៅក្នុងជំពូកទី១១ យើងបានអានពីការដែលពួកជំនុំបានចាប់ផ្តើមនៅក្នុងក្រុងអាន់ទីយ៉ូកហើយថា លោកបាណាបាស ហើយនឹងប៉ុលបង្រៀនពួកគេអស់រយៈពេលមួយឆ្នាំ។ ​ពេលនេះ ពួកជំនុំបានកំពុងតែ ថ្វាយបង្គំព្រះយេស៊ូវព្រមទាំងតមអត់ផងដែរ ព្រះវិញ្ញាណបរិសុទ្ធដឹកនាំបានពួកគេ (ប្រហែលជាដោយសារ ហោរាណាម្នាក់ដែលនៅក្នុងចំណោមពួកហោរានៅក្នុងពួកជំនុំ)ដើម្បីនឹងញែកលោកបាណាបាសហើយនឹង ប៉ុលដោយឡែក។ ​

 

ការដែល “ញែកដោយឡែក” ​ដោយព្រះជាម្ចាស់សម្រាប់បំណងព្រះហឫទ័យទ្រង់ការនេះដែលមានន័យថា “បរិសុទ្ធ”។ ​ព្រះបានរៀបចំកិច្ចការសម្រាប់លោកប៉ុលនិងបាណាបាសឲ្យបានធ្វើ ហើយព្រះអង្គត្រាស់ហៅ ពួកគេឲ្យបានត្រូវញែកដាច់ដោយឡែកសម្រាប់ធ្វើកិច្ចការទាំងអស់នោះ។ ​ព័ន្ធកិច្ចរបស់គ្រីស្ទានគឺជា កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គដែលបានធ្វើតាមរយៈ ប្រជារាស្រ្តដែលព្រះបានត្រាស់ហៅហើយញែកដាច់ដោយឡែក។ ​

 

ដូច្នេះ ក្រោយ​ដែល​បាន​តម ហើយ​អធិស្ឋាន ព្រម​ទាំង​ដាក់​ដៃ​លើ​អ្នក​ទាំង​២ នោះ​ក៏​បើក​ឲ្យ​គេ​ទៅ។ 

 

១៣:៣ មុនពេលដែលលោកប៉ុលនិងបាណាបាសត្រូវបានចាត់ឲ្យចេញទៅធ្វើបេសកកម្មរបស់ពួកគាត់ ពួកជំនុំបានដាក់ដៃលើអ្នកទាំងពីរដើម្បីបង្ហាញថាពួកគេយល់ស្របថាព្រះទ្រង់បានត្រាស់ហៅពួកគាត់ឲ្យ បានធ្វើកិច្ចការនេះ ហើយបង្ហាញពីការគាំទ្ររបស់ពួកគេព្រមទាំងការសហការជាមួយនឹងបេសកជន (៦:៦; ១៤:២៦; ១​ ធីម៉ូថេ ៥:២២; ២ ធីម៉ូថេ ១:៦; ហេព្រើរ ៦:២)។ 

 

ឯ​អ្នក​ទាំង​២​នោះ ក៏​ចុះ​ទៅ​ដល់​សេលើស៊ា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចាត់​ឲ្យ​ទៅ នៅ​ទី​នោះ​គេ​ចុះ​សំពៅ​ចេញ​ទៅ​ឯ​កោះ​គីប្រុស

 

១៣:៤ ​ទីកន្លែងដំបូងដែលបេសកជនចេញទៅនោះគឺកោះគីប្រុស ជាស្រុកកំណើតរបស់លោកបាណាបាស (៤:៣៦០។ ​ពួកគេបានដើរចំងាយ ២៥គីឡូម៉ែត្រពីអាន់ទីយ៉ូកទៅកំពង់ផែសេលើស៊ា ហើយក្រោយមក បានធ្វើដំណើរតាមសំពៅចំងាយ ២០៩ គីឡូម៉ែត្រទៅដល់សាឡាមីន​ដែលនៅភាគខាងកើតនេះ ឆ្នេរសមុទ្រ នៃដែនកោះគីប្រុស។ ការធ្វើដំណើរនោះមានរយៈពេលពីរថ្ងៃពីអាន់ទីយ៉ូកទៅសាឡាមីន។ 

 

ដល់​សាឡា‌មីន​ហើយ គេ​ក៏​ផ្សាយ​ព្រះ‌បន្ទូល នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​ពួក​សាសន៍​យូដា មាន​ទាំង​យ៉ូហាន​ជា​អ្នក​ជំនួយ​ដែរ

 

១៣:៥ គីប្រុសមានចំនួនសាសន៍យូដារស់នៅជាច្រើនហើយប៉ុលព្រមទាំងបាណាបាសចាប់ផ្តើមបេសកកម្ម នៅសាឡាមីនដោយការផ្សាយព្រះបន្ទូលនៅក្នុងសាលាប្រជុំ។ ​ការដែលចូលទៅក្នុងសាលាប្រជុំដើម្បី ផ្សាយដំណឹងល្អដល់ពួកសាសន៍យូដាដំបូងបំផុត នឹងប្រែជាទម្លាប់របស់ប៉ុលនៅក្នុងការធ្វើដំណើរបេសកកម្ម របស់គាត់ទាំងប៉ុន្មាន។ ​

សាលាប្រជុំគឺជាទីកន្លែងដែលពួកសាសន៍យូដាប្រជុំគ្នាដើម្បីបង្ហាត់បង្រៀន អធិស្ឋាន ថ្វាយបង្គំ និងអានបទ គម្ពីរ។ ​ហើយក៏ជាទម្លាប់នៅក្នុងសាលាប្រជុំនៅក្នុងការដែលអញ្ជើញអ្នកណាម្នាក់ ដែលមានលទ្ធភាពនៅក្នុង ការបង្រៀនបទគម្ពីរឲ្យឡើងប្រកាសនៅក្នុងការប្រជុំគ្នាក្នុងថ្ងៃសប្ប័ទ។ ​ទម្លាប់នេះបានផ្តល់ឳកាសឲ្យ លោកបាណាបាស និងសុលក្នុងការផ្សាយដំណឹងល្អនៅក្នុងសាលាប្រជុំ (៩:២, ៩:២០; ១៣:៥, ១៣:១៤, ១៣:៤៣; ១៤:១; ១៥:២១; ១៧:១, ១៧:១០, ១៧:១៧; ១៨:៤, ១៨:៧, ១៨:១៩, ១៨:២៦; ១៩:៨; ២២:១៩; ២៤:១២; ២៦:១១)។ ​​

លោកយ៉ូហាន ម៉ាកុស បានធ្វើដំណើរជាមួយនឹងបាណាបាស ហើយនឹងសុលនៅក្នុង ការធ្វើដំណើរ បេសកកម្មនេះ។ គាត់បានត្រៀមខ្លួនជាស្រេចនៅក្នុងការជួយដល់បេសកកម្ម ប៉ុន្តែសូមនឹកចាំថាមិនដូចជា លោកប៉ុលនិងបាណាបាសទេ (ខ២) គាត់មិនត្រូវបានត្រាស់ហៅឲ្យបាន ធ្វើកិច្ចការនេះនោះទេ។ 

 

កាល​បាន​ដើរ​កាត់​កោះ​ទៅ​ត្រឹម​ប៉ាផុស​ហើយ នោះ​ក៏​ប្រទះ​នឹង​សាសន៍​យូដា​ម្នាក់ ដែល​ធ្វើ​ជា​គ្រូ​អាប‌ធ្មប់ ជា​ហោរា​ក្លែង‌ក្លាយ ឈ្មោះ​បារ-យេស៊ូវ

 

១៣:៦ ការបំពេញបេសកកម្មគឺពាសពេញកោះគីប្រុស។ នៅក្នុងប៉ាផុស ពួកគេបានជួបជាមួយ សាសន៍យូដា ម្នាក់ដែលជាគ្រូអាបធ្មប់។ ពួកសាសន៍យូដាត្រូវបានហាមឃាត់ពីការដែលធ្វើអំពើអាបធ្មប់ (ចោទិយកថា ១៨:១០-១១) ហើយថាមនុស្សនេះគឺជាហោរាក្លែងក្លាយដែលប្រកាសថាខ្លួនបាននាំ ដំណឹងមកពីព្រះប៉ុន្តែគឺជាការបោកបញ្ឆោត។ មនុស្សម្នាក់នោះមានឈ្មោះថា​ “បារ-យេស៊ូវ” ដែលមានន័យថា “កូនប្រុសរបស់យេស៊ូវ”។  សូមកត់សម្គាល់ថា ឈ្មោះ “​យេស៊ូវ” ​មានប្រជាប្រិយភាព សម្រាប់ ពួកសាសន៍យូដាដោយព្រោះតែជាឈ្មោះនៅ ក្នុងភាសា ហេប្រឺ “យ៉ូស្វេ” នៅក្នុងព្រះគម្ពីរ សញ្ញាចាស់។ ​

 

គ្រូ​នោះ​នៅ​ជា​មួយ​នឹង​អ្នក​ដំណាង​ជាតិ​រ៉ូម​ម្នាក់ ឈ្មោះ​ស៊ើគាស-ប៉ូល៉ូស ជា​អ្នក​ឆ្លៀវ‌ឆ្លាត លោក​ក៏​ហៅ​បា‌ណា‌បាស នឹង​សុល​មក ដើម្បី​ចង់​ស្តាប់​ព្រះ‌បន្ទូល

 

១៣:៧​​ ​អ្នក​ដំណាង​ជាតិ​រ៉ូម​ គឺមានការទទួលខុសត្រូវក្នុងការត្រួតត្រានៅទីតាំងខេត្តតូចៗ ដែលមានសេចក្តីសុខសាន្តមិនត្រូវការឲ្យមានទាហានការពារ។ ​គ្រូអាបធ្មប់ហើយជាហោរាក្លែងក្លាយ បានទទួលការងារពីអ្នកតំណាងជាតិ​រ៉ូម​ ប្រហែលជាដោយការបោកបញ្ឆោតគាត់ ហើយឲ្យបានគិតថា គាត់ (អេលីម៉ាស) ពិតជាមានអំណាចខាងវិញ្ញាណមែន។ ​ប៉ុន្តែពេលនេះ លោក ស៊ើគាស-ប៉ូល៉ូស ចង់បានដឹងពីសេចក្តី ដែលបាណាបាសនិងសុលកំពុងតែប្រកាសនៅក្នុងសាលាប្រជុំនៅប៉ាផុស។ លោកលូការៀបរាប់ពី លោកនោះថា “ជា​អ្នក​ឆ្លៀវ‌ឆ្លាត” ដោយព្រោះតែគាត់ចង់ស្តាប់ឮដំណឹងល្អ។ ​ ​

តែ​អេលី‌ម៉ាស ជា​គ្រូ​អាប‌ធ្មប់​នោះ (ដ្បិត​ឈ្មោះ​នោះ​ប្រែ​មក​ដូច្នេះ) ក៏​តាំង​ខ្លួន​ទាស់​នឹង​គេ ដើម្បី​បង្វែរ​លោក​មិន​ឲ្យ​ជឿ

 

១៣:៨​​ អាបធ្មប់ និងហោរា​ក្លែង‌ក្លាយនេះបានដឹងថា បើអ្នកតំណាងជាតិបានឮការពិតនៃព្រះបន្ទូល របស់ព្រះ គាត់នឹងបាត់បង់តំណែងរបស់គាត់។ ដូច្នេះ គាត់​ប្រឆាំង​ប៉ូល​និង​បាណាបាស។

តែ​សុល​ដែល​ហៅ​ថា ប៉ុល​ដែរ គាត់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​សំឡឹង​មើល​ទៅ​គ្រូ​នោះ ដោយ​និយាយ​ថា 10នែ មនុស្ស​ដែល​ពេញ​ដោយ​កិច្ច‌កល នឹង​សេចក្ដី​ល្បិច​គ្រប់​យ៉ាង ជា​កូន​នៃ​អារក្ស ហើយ​ជា​ខ្មាំង​សត្រូវ ដល់​គ្រប់​ទាំង​សេចក្ដី​សុចរិត​អើយ តើ​មិន​ព្រម​ឈប់​បង្ខូច​ផ្លូវ​ត្រង់​របស់​ព្រះ‌អម្ចាស់​ទេ​ឬ​អី

 

១៣:៩-១០ ដូចជាស៊ីម៉ូនម៉ាហ្គាសនៅក្នុងស្រុកសាម៉ារីដែរ អេលីម៉ាសត្រូវបានទទួលនូវការស្តីបន្ទោស យ៉ាងខ្លាំងពីសាវ័ក (៨:១៨-២៣)។ លោកប៉ុលបានប្រឆាំងទាស់ជាមួយនឹងអេលីម៉ាសយ៉ាងខ្លាំង ដោយព្រោះកិច្ចការដែលគាត់ធ្វើទាស់នឹងដំណឹងល្អ។ ​

លោលប៉ុលគឺ “​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ” ។  អេលីម៉ាសគឺ “ពេញ​ដោយ​កិច្ច‌កល នឹង​សេចក្ដី​ល្បិច​ គ្រប់​យ៉ាង”។  ការទាស់របស់អេលីម៉ាសចំពោះបេសកជន ហើយនឹងសេចក្តីជំនឿគ្រីស្ទានគឺជា ការប្រឆាំង ជាមួយនឹងផែនការណ៏របស់ព្រះព្រមទាំងបង្ខូចសេចក្តីពិត។ ​ដូច្នេះហើយ គាត់ត្រូវតែ​ “បញ្ឈប់ការបង្ខូចផ្លូវ ត្រង់នៃព្រះអម្ចាស់”​ តទៅទៀត ដែលមានន័យថាគាត់ត្រូវតែឈប់បោកប្រាស់មនុស្ស ហើយឈប់ទាស់ ជាមួយនឹងដំណឹងល្អ។ 

សូមកត់សម្គាល់ថា ជាលើកដំបូងដែលលោកលូកាប្រាប់យើងទាំងអស់គ្នាថា​សុលក៏ត្រូវបានហៅថា​ “ប៉ុល”។ ទាំងឈ្មោះសាសន៍យូដា (សុល) និងឈ្មោះជាសាសន៍រ៉ូមរបស់គាត់ (ប៉ុល) តាំងពីកំណើតរបស់គាត់មក។ ​

ក្មេងប្រុសសាសន៍យូដាត្រូវបានដាក់ឈ្មោះដោយឪពុករបស់ពួកគេពេលដែលកើតមក។ ​សុលជា អ្នកដែលកើតពីអំបូរបេនយ៉ាមីន ដូច្នេះហើយឪពុករបស់គាត់បានដាក់ឈ្មោះគាត់តាមឈ្មោះស្តេចរបស់ អ៊ីស្រាអែល ដែលបានមកពីអំបូរបេនយ៉ាមីនដូចគ្នាដែរ  (ភីលីព ៣:៥)។ ប៉ុន្តែគាត់ក៏បានកើតមកជា សញ្ញាតិរ៉ូមាំងផងដែរគឺដោយព្រោះតែគាត់បានកើតនៅក្នុងស្រុកតើស៊ុស (កិច្ចការ ២២:២៨)។  មនុស្សគ្រប់គ្នាដែលកើតនៅក្នុងស្រុកតើសុសត្រូវបានផ្តល់អភ័យឯកសិទ្ធក្នុងការទទួលបានសញ្ជាតិរ៉ូម៉ាំងហើយគ្រប់គ្នាដែលមានសញ្ជាតិរ៉ូម៉ាំងត្រូវតែមានឈ្មោះសាសន៍រ៉ូម៉ាំង។ ​ដូច្នេះហើយ សុលក៏ត្រូវបានផ្តល់ឲ្យមានឈ្មោះរ៉ូមាំង គឺ ប៉ុល ដែលមានន័យថា​ “តូច”។  

 

ក្នុងនាមជាសាសន៍យូដាម្នាក់ និងជាពលរដ្ឋសញ្ជាតិរ៉ូម៉ាំងម្នាក់ពីកំណើត គាត់មានឈ្មោះទាំងពីរ ពីកំណើតមក។ យ៉ាងណាម៉ិញ វាសំខាន់ណាស់ដែលគាត់ទើបតែចាប់ផ្តើមប្រើឈ្មោះ ដែលជា សញ្ជាតិរ៉ូមាំងរបស់គាត់ (ប៉ុល) ពេលដែលព័ន្ធកិច្ចរបស់គាត់ទៅកាន់សាសន៍ដទៃបានចាប់ផ្តើម។ នេះជាហេតុផលដែលបង្ហាញថា ពេញក្នុងបទគម្ពីរកិច្ចការផ្សេងទៀតនោះ លោកលូកានឹងហៅគាត់ថា “ប៉ុល”។  

 

មើល ឥឡូវ​នេះ ព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់​បាន​មក​លើ​ឯង​ហើយ ឯង​នឹង​ត្រូវ​ខ្វាក់​ភ្នែក មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ជា​យូរ​បន្តិច នោះ​ស្រាប់​តែ​ភ្នែក​របស់​គ្រូ​នោះ​បាន​ទៅ​ជា​ព្រិលៗ ហើយ​ងងឹត​សូន្យ​ទៅ រួច​ក៏​ដើរ​វិល‌វល់​រក​អ្នក​ណា​ឲ្យ​ដឹក​ដៃ

 

១៣:១១ លោកប៉ុលប្រកាសថា ដោយព្រះហស្តនៃព្រះអម្ចាស់នោះអេលីម៉ាសនឹងត្រូវខ្វាក់ភ្នែក។ ​សេចក្តីខ្វាក់នេះគឺជាការជំនុំជម្រះ​ពីព្រះ។ ​យ៉ាងណាម៉ិញ ការខ្វាក់នេះគឺជាបណ្តោះអាសន្នតែប៉ុណ្ណោះ      (“ជាយូរបន្តិច”) ដែលមានន័យថាអេលីម៉ាសនៅតែមានឳកាសនៅក្នុងការធ្វើការប្រែចិត្ត។ ​

កាល​លោក​ដំណាង​ជាតិ​ឃើញ​ការ​ដែល​កើត​មក​ដូច្នោះ នោះ​ក៏​ជឿ ព្រម​ទាំង​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត អំពី​សេចក្ដី​បង្រៀន​របស់​ព្រះ‌អម្ចាស់​ផង។ 

 

១៣:១២ ​​ស៊ើគាស-ប៉ូល៉ូស ជាអ្នកតំណាងជាតិបានឃើញពីព្រះចេស្តារបស់ព្រះយេស៊ូវដែលបា​នធ្វើឲ្យ អេលីម៉ាសទៅជាខ្វាក់ ហើយគាត់បានស្តាប់ឮសេចក្តីបង្រៀន​របស់ព្រះយេស៊ូវពីលោកប៉ុល និង លោកបាណាបាស។ គាត់មានសេចក្តីអស្ចា​​រ្យ ហើយគាត់បានជឿលើព្រះយេស៊ូវ។ ​សាសន៍រ៉ូម៉ាំងម្នាក់នេះ បានឆ្លើយតបជាមួយនឹង សេចក្តីបង្រៀនពីព្រះយេស៊ូវ ប៉ុន្តែអេលីម៉ាស ជាសាសន៍យូដាបានតាំងខ្លួនថា ដូចជាមានអំណាចខាងវិញ្ញាណ ហើយបានទាស់ជាមួយនឹងសេចក្តីបង្រៀននោះវិញ។ ​ការនេះគឺជាអ្វីដែល តែងតែកើតមានឡើងនៅក្នុង ការធ្វើដំណើរបេសកកម្មរបស់លោកប៉ុល។ ​មានពួកសាសន៍យូដាជាច្រើន ដែលនឹងទាស់ប្រឆាំង ហើយបៀតបៀនគាត់ ប៉ុន្តែមានសាសន៍ដទៃជាច្រើននឹងបានចូលមកក្នុង សេចក្តីជំនឿលើព្រះយេស៊ូវវិញ។ 

ប៉ុល នឹង​ពួក​គូ‌កន​គាត់ ក៏​ចុះ​សំពៅ​ចេញ​ពី​ប៉ាផុស ទៅ​ដល់​ពើកា នៅ​ស្រុក​ប៉ាម‌ភីលា ឯ​យ៉ូហាន គាត់​បែក​ពី​គេ ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ

 

១៣:១៣ បេសកជនទាំងបីនាក់បានចាកចេញពីកោះគីប្រុសហើយបានជិះទូកទៅកាន់ពើកា។ ពីពើកាពួកគេបានធ្វើដំណើរ​ម្ភៃគីឡូម៉ែត្រតាមផ្លូវគោកនៅក្នុងដែនស្រុក ប៉ាមភីលា​ (ដែលជាប៉ែកខាងត្បូងនៃ ប្រទេសទួគីកណ្តាល)។ 

គ្រាដែលពួកបេសកជនធ្វើដំណើរនៅក្នុងស្រុកប៉ាមភីលា យ៉ូហាន ម៉ាកុស​បានបែកចេញពីពួកគាត់។ ​លោកលូកាមិនបានប្រាប់យើងថាហេតុអ្វីបានជាគាត់បែកចេញនោះឡើយ។ ​ប្រហែលជាដោយព្រោះតែ ការនឿយហត់ នឹកផ្ទះ កម្មវិធីនៅក្នុងក្រុងយេរូសាឡិមដែលគាត់ត្រូវចូលរួម,ឬភ័យខ្លាចចំពោះការលំបាក ឬ ការធ្វើដំណើរដ៏គ្រោះថ្នាក់ដែលនៅខាងមុខ (សូមមើលការបកស្រាយ​ ខ​១៤)។ មិនថាជាហេតុផលណាមួយ នោះឡើយ ​ក្រោយមកលោកប៉ុលគាត់បានបដិសេធមិនព្រមនាំយកម៉ាកុសឲ្យទៅជាមួយក្នុងការធ្វើដំណើរ បេសកកម្មបន្ទាប់ទៀតឡើយ ហើយការនេះបានធ្វើឲ្យមានការទាស់ទែងរវាងប៉ុលនិងបាណាបាស (១៥:៣៧-៣៨)។ ​​

តែ​គេ​ចេញ​ពី​ពើកា ដើរ​កាត់​ទៅ​ឯ​អាន់‌ទី‌យ៉ូក នៅ​ស្រុក​ពីស៊ីឌា ក៏​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ នៅ​ថ្ងៃ​ឈប់​សំរាក

 

១៣:១៤ ការធ្វើដំណើរពីពើកាទៅកាន់អាន់ទីយ៉ូកនេះនៅក្នុងស្រុកពីស៊ីឌាមានការនឿយហត់ និងគ្រោះថ្នាក់។ ការធ្វើដំណើរថ្មើរជើងមានចំងាយ ១៦០ គីឡូម៉ែត្រតាមដងភ្នំ ដែលអាចនឹងមាន ចោរប្លន់តែងតែវាយប្រហារដល់ពួកអ្នកដែលធ្វើដំណើរ។ ​ព្រះបានការពារដល់បេសកជនរបស់ព្រះអង្គ ហើយពួកគេបានទៅដល់អាន់ទីយ៉ូកដោយសុវត្ថិភាពនៅក្នុង ស្រុកពីស៊ីឌា។ ម្តងទៀត លោកប៉ុលចាប់ផ្តើម ដោយការចូលទៅក្នុងសាលាប្រជុំនៅក្នុងថ្ងៃឈប់សម្រាក។ សូមចំណាំថាអាន់ទីយ៉ូកនៅក្នុងស្រុក ពីស៊ីឌាមិនមែនដូចជាអាន់ទីយ៉ូក (នៅក្នុងស្រុកស៊ីរី) ​​ជាកន្លែងដែលពួកជំនុំដែលបានចាត់លោកប៉ុល និងបាណាបាសស្ថិតនៅនោះឡើយ។

ក្រោយ​ការ​ដែល​អាន​មើល​ក្រិត្យ‌វិន័យ នឹង​គម្ពីរ​ពួក​ហោរា​ហើយ នោះ​មេ​សាលា​ក៏​ប្រើ​មនុស្ស ឲ្យ​ទៅ​ប្រាប់​ថា បង​ប្អូន​អើយ បើ​មាន​សេចក្ដី​អ្វី​នឹង​ទូន្មាន​ដល់​ពួក​ជន នោះ​សូម​បង​ប្អូន​មាន​ប្រសាសន៍​ចុះ។ 

 

១៣:១៥ នៅក្នុងសាលាប្រជុំនៅសតវត្សទីមួយការប្រជុំតែងតែចាប់ផ្តើមដោយការប្រកាសពី שָׁמַע (ជាពាក្យនៅក្នុងភាសាហេប្រឺសម្រាប់ “ចូរស្តាប់) ដែលជាការអានពី ចោទិយកថា ៦:៤-៩, ១១:១៣-២១ និង​ជនគណនា ១៥:៣៧-៤១។ បន្ទាប់សេចក្តីអធិស្ឋាន ហើយក្រោយមកអានពីក្រិត្យវិន័យ (បទគម្ពីរទាំងប្រាំដំបូងនៅក្នុង ព្រះគម្ពីរសញ្ញាចាស់) និងសេចក្តីទំនាយ។ បន្ទាប់មក គ្រូម្នាក់ដែលទទួលបានការបង្ហាត់បង្រៀន នៅក្នុងបទគម្ពីរនឹងត្រូវបានហៅឲ្យនិយាយលើប្រធានបទ ដែលទាក់ទងជាមួយនឹងសេចក្តីដែលបានអាន ដែលនៅត្រង់នេះត្រូវបានហៅថា “សេចក្តីទូន្មាន” ។ ​

 

លោកប៉ុល និងបាណាបាសប្រហែលជាបានណែនាំពីខ្លួនពួកគេនៅក្នុងសាលាប្រជុំដល់ពួកអ្នកដឹកនាំ ដូច្នេះហើយបានជាពួកគេបានដឹងថាប៉ុលជាគ្រូម្នាក់ដែលទទួលបានការបង្ហាត់បង្រៀនក្រោមការបង្រៀនរបស់លោកកាម៉េលាល,ដូច្នេះហើយគេបានអញ្ជើញគាត់ឲ្យឡើងនិយាយ។ ​លោកប៉ុលបានត្រៀមខ្លួនជាស្រេច នៅក្នុងការប្រកាសដំណឹងល្អគ្រប់ទីកន្លែងដែលគាត់ត្រូវបានផ្តល់ឲ្យមានឳកាស។ ​

លំដាប់​នោះ ប៉ុល​ក៏​ក្រោក​ឡើង ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ និយាយ​ថា ពួក​សាសន៍​អ៊ីស្រាអែល នឹង​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ សូម​ស្តាប់​ចុះ

 

១៣:១៦ ​ជាលើកដំបូងបង្អស់ លោកលូកាបានកត់ត្រាពីសេចក្តីបង្រៀនដែលបង្រៀនដោយប៉ុល។ ​ថ្ងៃនោះគឺជាថ្ងៃសប្ប័ទ ទីកន្លែងគឺនៅក្នុងសាលាប្រជុំ ហើយពួកអ្នកដែលស្តាប់នោះគឺភាគច្រើនជាសាសន៍ យូដា (ហើយមានសាសន៍ដទៃខ្លះ “ដែលកោតខ្លាចដល់ព្រះ” សូមមើលការបក ស្រាយក្នុង ១០:២)។ ប្រធានបទនោះគឺថា “ព្រះបានបង្កើតឲ្យមានព្រះអង្គសង្រ្គោះមួយអង្គដល់ អ៊ីស្រាអែល គឺព្រះយេស៊ូវ ដូចដែលទ្រង់បានសន្យា (ខ២៣)។ លោកប៉ុលចង់ឲ្យពួកសាសន៍យូដា បានដឹងថា សេចក្តីជំនឿគ្រីស្ទានគឺមិនមែនជាសាសនាមួយថ្មីនោះឡើយ ប៉ុន្តែគឺជាកាសម្រេចពី សេចក្តីប្រកាស និងសេចក្តីសន្យារបស់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់វិញ។ ​

ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​យើង​នេះ ទ្រង់​បាន​រើស​ពួក​ឰយុកោ​យើង​រាល់​គ្នា ក៏​លើក​ដំកើង​សាសន៍​យើង ក្នុង​កាល​ដែល​គេ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ រួច​ទ្រង់​នាំ​គេ​ចេញ​ពី​ស្រុក​នោះ ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា

 

​១៣:១៧ លោកប៉ុលបានចាប់ផ្តើមសេចក្ដី​​ទូន្មានរបស់គាត់ ដោយការសង្ខេបនូវប្រវត្តិសាស្រ្ត របស់អ៊ីស្រាអែល។ ​​ចំនុចសំខាន់នោះគឺថា ​ព្រះទ្រង់មានផែនការណ៍មួយសម្រាប់អ៊ីស្រាអែលតាំងពីដើម ដំបូងមក ហើយថាព្រះអង្គកំពុង​សម្រេចគ្រប់សព្វគ្រប់ដែលទ្រង់បានគ្រោងទុកតាំងពីមុនមក។​

 

កាលពីដំបូងបំផុត ព្រះបានជ្រើសរើស “ពួកឰយុកោ” នៃ​សាសន៍​អ៊ីស្រាអែល ដូចជា លោកអ័ប្រាហាំ អ៊ីសាក់ និង យ៉ាកុប​ហើយនឹងកូនចៅទាំង១២នាក់របស់ពួកគាត់ ។ យើងអានអំពីការនេះនៅក្នុងបទគម្ពីរ លោកុប្បត្តិ។ ​ក្រោយមក ព្រះបាន “លើក​ដំកើង​សាស” ដោយការបណ្តាលឲ្យគេបានចម្រើនឡើងជាច្រើន កាលដែលពួកគេនៅក្នុងទឹកដីប្រទេសអេស៊ីព្ទឡើយ (និក្ខមនំ ១:៧)។ ​ក្រោយការនេះ ព្រះបានដឹកនាំពួកគេ ចេញពីភាពជាទាសករក្នុងប្រទេសអេស៊ីព្ទដោយព្រះចេស្តារបស់ព្រះអង្គ (“ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ ព្រះ‌ចេស្តា”)។ យើងអានអំពីព្រឹត្តិការណ៍នេះនៅក្នុងបទគម្ពីរនិក្ខមនំ។ ​

 

ហើយ​ទ្រង់​បាន​ទ្រាំ‌ទ្រ​នឹង​កិរិយា​របស់​គេ នៅ​ទី​រហោ‌ស្ថាន ក្នុង​រវាង​ប្រហែល​ជា​៤០​ឆ្នាំ

 

១៣:១៨ ការពិតដែលថា ព្រះ “បានទ្រាំទ្រនឹងកិរិយារបស់គេ” អស់រយៈពេលសែសិបឆ្នាំបង្ហាញថា ព្រះទ្រង់ស្មោះត្រង់ទោះបីជាអ៊ីស្រាអែលខ្វះសេចក្តីជំនឿក៏ដោយ។ ពួកគេមិនព្រមចូលទៅក្នុងទឹកដី សន្យាដោយព្រោះតែការភ័យខ្លាចនិងការដែលមិនជឿរបស់ពួកគេ។​ ប៉ុន្តែព្រះនៅតែបន្តដឹកនាំពួកគេ ការពារ ហើយផ្គត់ផ្គង់ឲ្យពួកគេនៅក្នុងទីរហោស្ថានដដែល។​

ក្រោយ​ដែល​ទ្រង់​បាន​បំផ្លាញ​សាសន៍​ទាំង​៧​នគរ​នៅ​ស្រុក​កាណាន នោះ​ក៏​ចែក​ស្រុក​របស់​គេ​ដល់​ពួក​ឰយុកោ​យើង​ដោយ​ចាប់​ឆ្នោត

 

១៣:១៩​ ព្រះបាននាំប្រជារាស្រ្តរបស់ព្រះអង្គឲ្យបានចូលទៅក្នុងទឹកដីសន្យា ហើយបានប្រានឲ្យពួកគេ មានជ័យជំនះលើជាតិសាសន៍ទាំងប្រាំពីរដែលរស់នៅលើទឹកដីនោះ (ចោទិយកថា ៧:១)។   ​ទោះបីជាជាតិសាសន៍ទាំងនេះមានគ្នាច្រើនជាងហើយមានកម្លាំងខ្លាំងជាងអ៊ីស្រាអែលក៏ដោយ ព្រះបានប្រទានទឹកដីដល់រាស្រ្តរបស់ព្រះអង្គដូចដែលទ្រង់បានសន្យាជាមួយនឹងពួកឰយុកោរបស់ពួកគេ។   ​

 

ក្រោយ​ការ​ទាំង​នោះ​មក ទ្រង់​ប្រទាន​ឲ្យ​មាន​ចៅហ្វាយ​ក្នុង​រវាង​ប្រហែល​ជា​៤៥០​ឆ្នាំ ដរាប​ដល់​គ្រា​ហោរា​សាំយូ‌អែល

 

១៣:២០ អស់រយៈពេល៤៥០ឆ្នាំចាប់តាំងពីពេលវេលាដែលលោកយ៉ាកុប ហើយនឹងគ្រួសាររបស់គាត់ បានចូលទៅក្នុងទឹកដីអេស៊ីព្ទ រហូតដល់ពេលដែលអ៊ីស្រាអែល កាន់កាប់ទឹកដីសន្យាក្រោមការដឹកនាំរបស់ លោកយ៉ូស្វេ។   រួមទាំងរយៈពេល ៤០០ ឆ្នាំនៅក្នុងប្រទេសអេស៊ីព្ទ រយៈពេល ៤០ ឆ្នាំនៅក្នុងទីរហោស្ថាន និងរយៈពេល ១០ ឆ្នាំនៅក្នុងការវាយកាន់កាប់ទឹកដីសន្យា។ ក្រោយពេលនោះមកព្រះបានប្រទានឲ្យមាន ពួកចៅហ្វាយនៅក្នុងការដឹកនាំពួកគេ។   ​

នោះ​គេ​សូម​ឲ្យ​មាន​ស្តេច រួច​ព្រះ​ទ្រង់​តាំង​សូល ជា​បុត្រ​គីស ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ នៅ​រវាង​៤០​ឆ្នាំ

 

១៣:២១ ព្រះបានប្រទានឲ្យមានពួកចៅហ្វាយលើអ៊ីស្រាអែល ប៉ុន្តែពួកគេចង់បានស្តេចមួយអង្គ ដូចជាជាតិសាសន៍ផ្សេងទៀតដែរ។ ដូច្នេះហើយ ព្រះបានប្រទានសូលឲ្យបានធ្វើជាស្តេចដំបូង របស់ពួកគេ។   ​

កាល​ដក​ស្តេច​នោះ​ចេញ​ហើយ នោះ​ទ្រង់​លើក​ដាវីឌ​តាំង​ឡើង​ជា​ស្តេច​វិញ ក៏​ធ្វើ​បន្ទាល់​ពី​ស្តេច​ដាវីឌ​ថា «អញ​រក​បាន​ដាវីឌ កូន​អ៊ីសាយ ជា​ទី​គាប់​ចិត្ត​ដល់​អញ ដែល​នឹង​ធ្វើ​តាម​ចិត្ត​អញ​គ្រប់​ជំពូក»

 

១៣:២២ ព្រះបានដកស្តេចសូលចេញដោយព្រោះតែការមិនស្តាប់បង្គាប់របស់គាត់ ហើយបានលើក ដាវីឌតាំង​ឡើង​ជា​ស្តេចទីពីររបស់អ៊ីស្រាអែល។ ព្រះបានរៀបរាប់ពីដាវីឌថា “ជា​ទី​គាប់​ចិត្ត​ដល់​អញ ដែល​នឹង​ធ្វើ​តាម​ចិត្ត​អញ​គ្រប់​ជំពូក” ​(១ សាំយ៉ូអែល ១៣:១៤)។ ស្តេចសូលមិនបានស្តាប់តាមព្រះ ប៉ុន្តែ ស្តេចដាវីឌជានិមិត្តរូបនៃស្តេចដ៏ល្អឥតខ្ចោះរបស់អ៊ីស្រាអែល ដែលព្រះទ្រង់នឹង​សម្រេចតាមបំណងព្រះទ័យ ព្រះអង្គ។    ​

 

នៅក្នុងផ្នែកទីមួយនៃសេចក្តីប្រកាសរបស់គាត់ លោកប៉ុលបានបញ្ជាក់ពីសេចក្ដី​សប្បុរស នឹង​សេចក្ដី​មេត្តា‌ករុណានៃព្រះចំពោះអ៊ីស្រាអែល។   ​

  • ទ្រង់​បាន​រើស​ពួក​ឰយុកោ​យើង​រាល់​គ្នា (ខ១៧)

  • ព្រះបានលើក​ដំកើង​សាសន៍​យើង ក្នុង​កាល​ដែល​គេ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ​ (ខ១៧) 

  • ព្រះបាននាំគេចេញពីប្រទេសអេស៊ីព្ទ (ខ១៧)​។   ​  ​

  • ទ្រង់​បាន​ទ្រាំ‌ទ្រ​នឹង​កិរិយា​របស់​គេ នៅ​ទី​រហោ‌ស្ថាន (ខ១៨)។    

  • ព្រះបានប្រទានទឹកដីសន្យាជាមរដកដល់គេ​ (ខ១៩)។   ​

  • ទ្រង់​ប្រទាន​ឲ្យ​មាន​ចៅហ្វាយ​ (ខ២០)។   ​

  • ​ទ្រង់​តាំង​សូលឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ ​(ខ២១)។    

  • ទ្រង់​លើក​ដាវីឌ​តាំង​ឡើង​ជា​ស្តេច (ខ២២)។   ​

 

ព្រះតែងតែមានផែនការណ៍ ដែលព្រះអង្គបានធ្វើការតាមរយៈប្រវត្តិសាស្រ្តរបស់អ៊ីស្រាអែល អស់រយៈជាច្រើនសតវត្សរ៍ ដែលបានកត់ត្រានៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ​ ផែនការណ៍ទាំងនោះ បានឈានដល់ចំណុចកំពូល នៅក្នុងការយាងមករបស់ព្រះគ្រីស្ទដែលជាព្រះអង្គសង្រ្គោះ។   ​

 

គឺ​ពី​ព្រះ‌វង្សា​ស្តេច​នោះ​ហើយ ដែល​ព្រះ​បាន​បង្កើត​ព្រះ‌អង្គ​សង្គ្រោះ​១​អង្គ ដល់​សាសន៍​អ៊ីស្រាអែល តាម​សេចក្ដី​សន្យា គឺ​ជា​ព្រះ‌យេស៊ូវ

 

១៣:២៣ វា​គឺ​​តាមរយៈវង្សានុវង្សរបស់ស្តេចដាវីឌដែលព្រះបានសម្រេចសេចក្តីសន្យារបស់ព្រះអង្គនៅក្នុង ការចាត់ព្រះអង្គសង្រ្គោះមួយអង្គឲ្យទៅ​អ៊ីស្រាអែល (អេសាយ ជំពូក ១១និង១២)។  ពូជពង្សមួយនោះគឺជា ព្រះយេស៊ូវ។   ​

 

តែ​មុន​ដែល​ទ្រង់​យាង​មក នោះ​លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជ‌ទឹក ខាង​ឯ​ការ​ប្រែ​ចិត្ត ដល់​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ជា​ស្រេច​ហើយ កាល​លោក​យ៉ូហាន​កំពុង​តែ​ធ្វើ​សំរេច​ការ‌ងារ នោះ​លោក​មាន​ប្រសាសន៍​ថា តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្ញុំ​ជា​អ្នក​ណា ខ្ញុំ​មិន​មែន​ជា​ព្រះ‌អង្គ​នោះ​ទេ តែ​មើល ព្រះ‌អង្គ​នោះ​យាង​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ផង។   

 

១៣:២៤ លោកយ៉ូហានបាប់ទីស្ទបានរៀបចំផ្លូវថ្វាយព្រះយេស៊ូវដោយការប្រកាសប្រាប់ដល់ប្រជារាស្រ្ត អ៊ីស្រាអែលទាំងអស់ឲ្យបានទទួលបុណ្យជ្រមុជទឹក ដើម្បីបង្ហាញថាពួកគេបានវិលត្រឡប់ពីអំពើបាបមករក ព្រះជាម្ចាស់វិញ។   ​

 

ឱ​បង​ប្អូន ជា​កូន​ចៅ​ពូជ​អ័ប្រា‌ហាំ នឹង​អស់​អ្នក​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ ទ្រង់​បាន​ផ្ញើ​ព្រះ‌បន្ទូល​ពី​សេចក្ដី​សង្គ្រោះ​នេះ មក​ដល់​អ្នក​រាល់​គ្នា

 

១៣:២៦ ព្រះបានចាត់ព្រះយេស៊ូវឲ្យមកក្នុងពិភពលោកឲ្យបានធ្វើជាព្រះអង្គសង្រ្គោះដល់អស់អ្នកដែលទុកចិត្តលើព្រះអង្គ។ ​ព្រះបានចាត់ដំណឹងពីសេចក្តីសង្រ្គោះដល់អ៊ីស្រាអែល (“កូនចៅពូជ អ័ប្រាហាំ”) ហើយអស់អ្នកដែលថ្វាយបង្គំដល់ព្រះដ៏ពិតតែមួយ (“ពួកអ្នករាល់គ្នាដែលកោតខ្លាច ដល់ព្រះ”)។   ​

បន្ទាប់មកលោកប៉ុល ផ្តោតសំខាន់លើព្រឹត្តិការណ៍ពីរសំខាន់ដែលនាំឲ្យមានសេចក្តីសង្រ្គោះ ការសុគតនិងការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ (ខ២៧-៣១)។  ​គាត់បានបង្ហាញថា ព្រឹត្តិការណ៍ទាំងពីរនោះគឺត្រូវបានបង្ហាញជាមុនដោយព្រះជាម្ចាស់នៅក្នុងបទគម្ពីរ ដូច្នេះហើយការនោះបានសម្រេចតាមសេចក្តីសន្យាដែលព្រះអង្គបានតាំងឡើង។   ​

ដ្បិត​ដោយ​ព្រោះ​ពួក​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ពួក​មេ​របស់​គេ​មិន​បាន​ស្គាល់​ទ្រង់​ទេ ក៏​មិន​បាន​យល់​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា ដែល​គេ​មើល​រាល់​តែ​ថ្ងៃ​ឈប់​សំរាក​ដែរ បាន​ជា​គេ​ធ្វើ​សំរេច​តាម​សេចក្ដី​ទំនាយ​នោះ​ឯង ដោយ​គេ​បាន​កាត់​ទោស​ដល់​ទ្រង់

 

១៣:២៧ លោកប៉ុលពន្យល់ពីការសុគតរបស់ព្រះយេស៊ូវកើតឡើងបែបជាយ៉ាងណា។ ពួកសាសន៍យូដា “មិនបានស្គាល់”​​ ព្រះយេស៊ូវទេ។ ​ពួកគេបានបរាជ័យនៅក្នុងការដែលបានយល់ថា ព្រះយេស៊ូវគឺជា ព្រះអង្គសង្រ្គោះដែលព្រះបានចាត់ឲ្យមកសម្រេចតាមសេចក្តីសន្យារបស់ព្រះអង្គជាមួយនឹងពួកឰយុកោរបស់ពួកគេ។ ​ជាជាងទទួលស្គាល់ព្រះអង្គ ពួកអ្នកដឹកនាំរបស់ពួកគេបានចោទប្រកាន់ព្រះអង្គ ហើយបានកាត់ទោសទ្រង់ឲ្យស្លាប់។ ​ពួកគេបានបរាជ័យនៅក្នុងការស្វែងយល់ពីសេចក្តីទំនាយអំពី ព្រះយេស៊ូវទោះបីជាសេចក្តីទំនាយរបស់ពួកហោរាត្រូវបានអាននៅក្នុងសាលាប្រជុំជារៀងរាល់ថ្ងៃសប្ប័ទ ក៏ដោយ ​(២:២២-២៤, ៣:១៧, ៤:២៦-២៨) ​​ដូច្នេះហើយបានជាពួកគេកាត់ទោសព្រះអង្គសង្រ្គោះ របស់ពួកគេ ដូចដែលបទគម្ពីរបានទាយថាពួកគេនឹងធ្វើយ៉ាងដូច្នោះមែន (អេសាយ ៥៣:៣; ទំនុកដំកើង ១១៨:២២)។   

 

ហើយ​ទោះ​បើ​គេ​រក​ហេតុ​អ្វី​នឹង​សំឡាប់​ទ្រង់​មិន​បាន​ក៏​ដោយ គង់​តែ​គេ​សូម​អង្វរ​ដល់​លោក​ពីឡាត់ ឲ្យ​បាន​សំឡាប់​ទ្រង់​ដែរ

 

១៣:២៨​ ពួកអ្នកដឹកនាំសាសន៍យូដាមិនបានរកឃើញថាព្រះយេស៊ូវមានកំហុសនោះឡើយ ដោយព្រោះតែព្រះអង្គគ្មានបាបសោះឡើយហើយជាព្រះដ៏សុចរិតយ៉ាងអស្ចារ្យ។ ​យ៉ាងណាម៉ិញ ពួកគេនៅតែសូមអង្វរដល់លោកពីឡាត់ឲ្យបានសម្លាប់ទ្រង់ដដែល។   

 

ក្រោយ​ដែល​គេ​ធ្វើ​សំរេច​គ្រប់​សេចក្ដី ដែល​ចែង​ទុក​ពី​ទ្រង់​រួច​ហើយ នោះ​គេ​ក៏​យក​ទ្រង់​ចុះ​ពី​ឈើ​ឆ្កាង​មក​បញ្ចុះ​ក្នុង​ផ្នូរ

 

១៣:២៩​ ​ការដាក់ទោសស្លាប់លើព្រះយេស៊ូវគឺជាការសម្រេចសេចក្តីដែលពួកហោរាបានកត់ត្រាទុកជា មុនអំពីព្រះអង្គ។ ​ពួកហោរាបានកត់ត្រាអំពីការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាងអស់រយៈពេលជាច្រើន សតវត្សរ៍មុនពេលដែលរបៀបនាំការប្រហារជីវិតនេះត្រូវបានបង្កើតឡើង (ទំនុកដំកើង ២២:១៤-១៨; ​ចោទិយកថា ២១:២២-២៣; អេសាយ ៥៣:៣-៥)។ ការបញ្ចុះសពព្រះយេស៊ូវនៅក្នុងផ្នូររបស់អ្នកមា នមួយនេះក៍មាននៅក្នុង សេចក្តីទំនាយដែរ ​(អេសាយ ៥៣:៩) ទោះបើយោងតាមទម្លាប់របស់សាសន៍រ៉ូម៉ាំង ថាអស់ទាំងខ្មោចរបស់អ្នកដែលត្រូវបានសម្លាប់ដោយការឆ្កាងត្រូវបោះទៅក្នុងរណ្តៅជាមួយគ្នាក៏ដោយ។ ​

 

តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ

 

១៣:៣០ ចំនុចកំពូលនៃសេចក្តីប្រកាសរបស់លោកប៉ុលនោះគឺជាការរស់ពីសុគតឡើងវិញរបស់ ព្រះយេស៊ូវ។ ការនោះគឺជាផែនការណ៍របស់ព្រះក្រោយពេលដែលព្រះយេស៊ូវសុគតសម្រាប់អំពើបាប របស់មនុស្សលោកដែលព្រះអង្គនឹងបានប្រោសព្រះអង្គឲ្យរស់ពីសុគតឡើងវិញ។ ​ដោយសារ ការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ ព្រះបានបង្ហាញថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ (ទំនុកដំកើង ១៦:១០) ជាព្រះរាជបុត្រានៃព្រះ​(រ៉ូម ១:៤);ជាស្តេចដែលមានព្រះជន្មរស់នៅអស់កល្បជានិច្ច (២ សាំយ៉ូអែល ៧:១៦; ១ ធីម៉ូថេ ១:១៧)។ ​

 

ហើយ​ទ្រង់​លេច​មក ឲ្យ​ពួក​អ្នក​ដែល​បាន​ឡើង​ពី​ស្រុក​កាលី‌ឡេ មក​ឯ​ក្រុង​យេរូ‌សាឡិម​ជា​មួយ​នឹង​ទ្រង់ បាន​ឃើញ​ជា​យូរ​ថ្ងៃ អ្នក​ទាំង​នោះ​ជា​ស្មរ​បន្ទាល់​ពី​ទ្រង់​ដល់​ពួក​ជន​ទាំង‌ឡាយ។ 

១៣:៣១ សេចក្តីជំនឿគ្រីស្ទានគឺជាការប្រកាសពីការពិតអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើ។ ​ក្រោយពេល ដែលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូវបានលេចមកឲ្យពួកសាវ័កបានឃើញជាពួកអ្នក ដែលបាននៅជាមួយនឹងព្រះអង្គនៅក្នុងស្រុកកាលីឡេនិងក្រុងយេរូសាឡិម ​(កិច្ចការ ១:៣)។  ​ដោយសារការនេះ ពួកគេបានប្រែជាស្មរបន្ទាល់ពីការពិតដែលថាព្រះយេស៊ូវបានរស់ពីសុគតឡើងវិញមែន។ ​

 

យើង​ខ្ញុំ​ក៏​ប្រាប់​ដំណឹង​ល្អ​នេះ ដល់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្ដី​សន្យា ដែល​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង​ថា ព្រះ​បាន​ធ្វើ​សំរេច​តាម​សេចក្ដី​សន្យា​ទ្រង់ ដល់​យើង​ជា​ពូជ​នៃ​ពួក​ឰយុកោ​នោះ​ហើយ ដោយ​ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​ទំនុក​ដំកើង​បទ​ទី​២​ថា «ឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ»

 

១៣:៣២-៣៣ ព្រះបានសន្យាជាមួយស្តេចដាវីឌថាមួយអង្គក្នុងវង្សហ្លួងរបស់ទ្រង់នឹងត្រូវបានតាំងឡើង ឲ្យបានធ្វើជាព្រះអង្គសង្រ្គោះ ដែលនឹងសោយរាជ្យអស់កល្បជានិច្ច។ ​ សេចក្តីសន្យានេះបានសម្រេច ដោយសារការសុគតនិងការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ។ ​លោកប៉ុលបាន​ដកស្រង់ចេញពី បទគម្ពីរសញ្ញាចាស់ចំនួន​បី (ទំនុកដំកើង ២:៧; អេសាយ ៥៥:៣; និងទំនុកដំកើង ១៦:១០) ដែលបានតាំងឡើងថា ដោយការប្រោសព្រះយេស៊ូវឲ្យបានរស់ឡើងវិញ ជាសេចក្តីសន្យារបស់ព្រះ ដែលបានសម្រេច។​

ទំនុកដំកើង​២ គឺនិយាយអំពីព្រះគ្រីស្ទ។  នៅក្នុងបទទំនុកដំកើងនេះ ព្រះទ្រង់មានព្រះបន្ទូលទៅកាន់ ព្រះគ្រីស្ទហើយបញ្ជាក់ថាព្រះអង្គគឺជាព្រះរាជបុត្រព្រះអង្គ (“ឯងជាកូនអញ”)។  ព្រះយេស៊ូវគឺជា ព្រះរាជបុត្រានៃព្រះតាំងពីអស់កល្បរៀងមក ប៉ុន្តែនៅក្នុងខនេះ ពាក្យថា “ថ្ងៃនេះ”​ ប្រាប់យើងទាំងអស់ គ្នាថា ព្រះរាជបុត្រាក៏ត្រូវបាន “បង្កើតមក” ​នៅក្នុងពេលវេលាមួយដែលបានកំណត់ជាស្រេច។ ​តើការនេះ កើតឡើងក្នុងពេលណា?​ ចម្លើយនោះគឺថា នៅក្នុងថ្ងៃដែលព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ វា​គឺ​ “ដោយ​ព្រះ‌អង្គ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ” ដែលព្រះបានប្រកាសពីព្រះយេស៊ូវថា ជាព្រះរាជបុត្រា ព្រះអង្គ (រ៉ូម ១:៤)។ ​​សូមកត់សម្គាល់ថា វា​គឺ​ជា​ការ “ដោយ​ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​មាន ​ព្រះ‌ជន្ម​រស់​ឡើង​វិញ” ដែលបទទំនុក ដំកើងនេះត្រូវបានសម្រេច។ ​ដូច្នេះហើយ ព្រះយេស៊ូវគឺជា ព្រះរាជបុត្រានៃព្រះតាំងអំពីដើមក ប៉ុន្តែព្រះអង្គ ត្រូវបាន “បង្កើតឡើង” ​នៅក្នុងថ្ងៃនៃការរស់ពី សុគតឡើងវិញរបស់ព្រះអង្គ “ដើម​ដំបូង ជា​កូន​ច្បង​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ” (កូឡូស ១:១៨ គកស១៦)។  

 

ហើយ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​មិន​ឲ្យ​ទ្រង់​ត្រឡប់​ទៅ​ឯ​សេចក្ដី​ពុក‌រលួយ​ទៀត​ឡើយ នោះ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា «អញ​នឹង​ផ្តល់​សេចក្ដី​មេត្តា‌ករុណា​ស្មោះ‌ត្រង់ ដែល​ឲ្យ​ដល់​ដាវីឌ ដល់​ឯង​រាល់​គ្នា​ដែរ»

 

១៣:៣៤ ព្រះបានសន្យានឹងស្តេចដាវីឌថាទ្រង់នឹងតាំងពូជមួយដែលចេញពីវង្សហ្លួងទ្រង់គឺជាព្រះគ្រីស្ទ ដែលនឹងសោរាជ្យអស់កល្បជានិច្ចលើបល្ល័ង្ករបស់ស្តេចដាវិឌ (២ សាំយ៉ូអែល ៧:១៦;​១ របាក្សត្រ ១៧: ១១-១៤)។  សេចក្តីសន្យានេះបានសម្រេចនៅក្នុងព្រះយេស៊ូវដែលទ្រង់បានទទួល “ព្រះពរដ៏ពិតប្រាកដ និងបរិសុទ្ធរបស់ដាវីឌ” ។ ​ដើម្បីឲ្យបានសោយរាជ្យជារៀងរហូត ទ្រង់ត្រូវតែមានព្រះជន្មរស់នៅជារៀង រហូតដែរ ហើយនេះជាហេតុផលដែលថាព្រះគ្រីស្ទនឹងមិនសុគតជារៀងរហូតទេ ប៉ុន្តែត្រូវបានប្រោសឲ្យរស់ ពីសុគតឡើងវិញឲ្យបានសោយរាជ្យជារៀងរហូត។ ​បទគម្ពីរនៅក្នុងព្រះគម្ពីរសញ្ញាចាស់បន្ទាប់ទៀតគឺ  ទំនុកដំកើង ១៦:១០  គឺជាការដកស្រង់នៅក្នុងការបញ្ជាក់ពីការនេះ។ ​

ហេតុ​ដូច្នេះ​បាន​ជា​ទ្រង់​មាន​បន្ទូល​ក្នុង​បទ​១​ទៀត​ថា «ទ្រង់​មិន​ទុក​ឲ្យ​អ្នក​បរិសុទ្ធ​នៃ​ទ្រង់ ឃើញ​សេចក្ដី​ពុក‌រលួយ​ឡើយ»

 

១៣:៣៥ ព្រះនឹងមិនទុកឲ្យព្រះរាជបុត្រាព្រះអង្គ (អ្នក “បរិសុទ្ធនៃទ្រង់”) ឃើញសេចក្តីពុករលួយ នៅក្នុងផ្នូរនោះឡើយ។ ​តែព្រះអង្គបានប្រោសទ្រង់ឲ្យមានព្រះជន្មឡើងវិញនៅថ្ងៃទីបី។ ​

 

រីឯ​ហ្លួង​ដាវីឌ កាល​ទ្រង់​បាន​ធ្វើ​ការ‌ងារ​ចំពោះ​មនុស្ស​ជំនាន់​ទ្រង់ តាម​ព្រះ‌ហឫទ័យ​ព្រះ រួច​ស្រេច​ហើយ នោះ​ក៏​ផ្ទំ​លក់​ទៅ ហើយ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ​ទ្រង់ ក៏​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ តែ​ព្រះ‌អង្គ​នោះ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ទ្រង់​មិន​បាន​ឃើញ​សេចក្ដី​ពុក‌រលួយ​ឡើយ

១៣:៣៦-៣៧ លោកប៉ុលបានបញ្ជាក់ចំនុចដូចគ្នាដែលមានចែងនៅក្នុងទំនុកដំកើង ១៦:១០ ដូចដែល លោកពេត្រុសបានធ្វើនៅក្នុងថ្ងៃបុណ្យទី៥០ ​(២:២២-៣២)។ ​ស្តេចដាវីឌមិនមែនប្រកាសពីសេចក្តីទំនាយ អំពីព្រះអង្គទ្រង់ផ្ទាល់ទេ ប៉ុន្តែគឺអំពីការរស់ពីសុគតឡើងវិញរបស់គ្រីស្ទវិញ។ ស្តេចដាវីឌមិនអាចប្រកាស អំពីខ្លួនលោកនៅក្នុងទំនុកដំកើងនេះបានទេ ដោយព្រោះតែទ្រង់សុគត ក៏ត្រូវបានកប់ ហើយរូបកាយ របស់ទ្រង់ក៏បានផុយរលួយទៅដែរ។ ប៉ុន្តែព្រះយេស៊ូវគឺជា “អ្នកបរិសុទ្ធ” របស់ព្រះ ដែលព្រះកាយព្រះអង្គ មិនបានឃើញសេចក្តីពុករលួយទេ ដោយព្រោះតែព្រះអង្គត្រូវបានប្រោសឲ្យរស់ពីសុគតឡើងវិញ។ ​ព្រះអង្គពិតជាបានទទួ​ល​នូវសេចក្តីសន្យាដ៏ពិតត្រង់និងបរិសុទ្ធដែលបានតាំងឡើងជាមួយដាវីឌមែន។ ​ព្រះអង្គគឺជាព្រះរាជបុត្រានៃព្រះដែលសោយរាជ្យអស់កល្បជានិច្ច!

 

ដូច្នេះ អ្នក​រាល់​គ្នា ជា​បង​ប្អូន​អើយ សូម​ជ្រាប​ថា ដែល​មាន​សេចក្ដី​ប្រោស​ឲ្យ​រួច​ពី​បាប បាន​ប្រកាស​ប្រាប់​ដល់​អ្នក​រាល់​គ្នា នោះ​គឺ​ដោយ‌សារ​ព្រះ‌អង្គ​នោះ​ឯង

 

១៣:៣៨​ ដោយសារតែអ្វីគ្រប់យ៉ាងដែលព្រះយេស៊ូវគឺជា និងអ្វីគ្រប់យ៉ាងដែលទ្រង់បានធ្វើសម្រាប់ យើងទាំងអស់គ្នា ការអត់ទោសបាបពេលនេះបានប្រទានមកដល់យើងទាំងអស់គ្នានៅក្នុងទ្រង់។ ​ការអត់ទោសដែលព្រះប្រទានឲ្យដោយសារព្រះយេស៊ូវគឺពេញខ្នាតនិងការអត់ទោសដ៏ល្អឥតខ្ចោះ ដែលមានន័យថាព្រះយេស៊ូវបានដកគ្រប់យ៉ាងដែលញែកមនុស្សបាបចេញពីព្រះជាម្ចាស់។ ​

ហេតុផលដែលព្រះជាម្ចាស់អាចអត់ទោសដោយឥតគិតថ្លៃ ហើយបានពេញខ្នាត ដល់មនុស្សមានបាបម្នាក់ ដែលបានធ្វើការប្រែចិត្ត នោះគឺដោយព្រោះតែព្រះយេស៊ូវបានបង់ថ្លៃលោះសម្រាប់អំពើបាបគ្រប់យ៉ាងរបស់ យើងរាល់គ្នារួចហើយ។ ព្រះអង្គបានលុបចោលអស់ទាំងបំណុលបាបរបស់យើងនៅលើឈើឆ្កាង (កូឡូស ១:១៣-១៤,​២:១៣-១៤)។ ព្រះបានសម្រេចការអត់ទោសដោយការផ្ទេរយកអំពើបាបរបស់យើងទៅលើ ព្រះគ្រីស្ទនៅលើឈើឆ្កាងហើយបានជំនុំជំរះអំពើបាបនៅលើឈើឆ្កាងនោះផង។ ​នៅពេលដែលមនុស្សម្នាក់ ទទួលយកព្រះគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់គាត់ គាត់នឹងទទួលបានការអត់ទោសដោយការដែលបានផ្ទេរ នោះ។ ​

មួយ​ទៀត ដោយ‌សារ​ទ្រង់ អស់​អ្នក​ណា​ដែល​ជឿ បាន​រាប់​ជា​សុចរិត រួច​ពី​គ្រប់​ការ​ទាំង​អស់ ដែល​ពុំ​អាច​នឹង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ​បាន​ឡើយ

 

១៣:៣៩ ព្រះយេស៊ូបានសម្រេចការអត់ទោសរបស់យើង និង​ការ​រាប់​ជា​សុចរិត​របស់​យើង​ផង​ដែរ។ ការអត់ទោសគឺជាការដែលបានដកយកអំពើបាបរបស់យើងចេញ ការដែលរាប់ជាសុចរិតគឺជា ដែលព្រះអង្គបានប្រទាននូវសេចក្តីសុចរិតរបស់ព្រះអង្គដល់យើងទាំងអស់គ្នា។ ​ព្រះយេស៊ូវដែលគ្មានបាប ណាសោះ ប៉ុន្តែព្រះអង្គបានទទួលយកអំពើបាបរបស់យើងដាក់លើព្រះអង្គទ្រង់។ ​យើងទាំងអស់គ្នា ដែលគ្មានសេចក្តីសុចរិត ប៉ុន្តែព្រះយេស៊ូវបានដាក់សេចក្តីសុចរិតរបស់ព្រះអង្គលើយើងទាំងអស់គ្នា។ ​

 

ព្រះជាម្ចាស់អាចនឹងរាប់យើងឲ្យបានសុចរិត ដោយព្រោះតែការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ជំនួសយើងទាំងអស់គ្នា ដែលយើងបានទទួលដោយសារសេចក្តីជំនឿ។ ​សេចក្តីជំនឿនៅលើព្រះគ្រីស្ទគឺជា ការទទួលដោយពេញលេញនូវ អ្វីគ្រប់យ៉ាងដែលព្រះអង្គជា ហើយអ្វីគ្រប់យ៉ាងដែលព្រះអង្គបានធ្វើសម្រាប់ យើងទាំងអស់គ្នា។ ​ 

ការ​រាប់​ជា​សុចរិតមិនមែនជាអ្វីដែលយើងអាចទទួលបានដូចជាកម្រៃឬបានសម្រេចដោយសារកិច្ចការដែលយើងបានធ្វើនោះឡើយ។ ដោយព្រោះតែអំពើបាបរបស់យើងទាំងអស់គ្នា គ្មានការណាមួយ ដែលយើង មានសមត្ថភាពនៅក្នុងការសម្រេចបានដោយការខំប្រឹងប្រែងរបស់យើងទាំងអស់គ្នានោះឡើយ។ ​​គ្មានការរាប់ជាសុចរិតសម្រាប់អ្នកណាម្នាក់តាមក្រិត្យវិន័យនោះឡើយ ដោយព្រោះតែយើងទាំងអស់គ្នា បានល្មើសនឹងក្រិត្យវិន័យ ហើយក្រិត្យវិន័យកាត់ទោសដល់អ្នកដែលល្មើស និងក្រិត្យវិន័យដែរ។ យ៉ាងណាម៉ិញ ដោយសារព្រះយេស៊ូវ ការដែលបានការរាប់ជាសុចរិតមានស ម្រាប់មនុស្សគ្រប់គ្នា ដែលជឿហើយទុកចិត្តលើព្រះអង្គ។ ​ ​

 

ដូច្នេះ ត្រូវ​ប្រយ័ត ក្រែង​អ្នក​រាល់​គ្នា​កើត​មាន​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​ថា «នែ អស់​អ្នក​ដែល​មើល‌ងាយ​អើយ ចូរ​ភាំង​ឆ្ងល់ ហើយ​វិនាស​ទៅ​ចុះ ដ្បិត​អញ​ធ្វើ​ការ​១​នៅ​ជំនាន់​ឯង​រាល់​គ្នា គឺ​ជា​ការ​ដែល​ឯង​រាល់​គ្នា​មិន​ព្រម​ជឿ​ឡើយ ទោះ​បើ​មាន​គេ​ប្រាប់​មក​ឯង​រាល់​គ្នា​ក៏​ដោយ»។ 

 

១៣:៤០-៤១ លោកប៉ុលបញ្ចប់សេចក្តីប្រកាសរបស់គាត់ជាមួយនឹងការដាស់តឿនចំពោះការដែល បដិសេធមិនព្រមទទួលកិច្ចការរបស់ព្រះ ដែលទ្រង់ប្រទានឲ្យមានការអត់ទោសសម្រាប់អំពើបាប និងការ​រាប់​ជា​សុចរិតដោយសារព្រះយេស៊ូវ។ 

 

លោកប៉ុលបានដកស្រង់ចេញពី ហាបាគុក ១:៥ ដែលបានលើកឡើងពីការដែលមិនបានទទួលស្គាល់ កិច្ចការដែលព្រះជាម្ចាស់ទ្រង់កំពុងធ្វើ។ ​នៅក្នុងជំនាន់របស់ហោរាហាបាគុក សេចក្តីទំនាយគឺសំដៅទៅកាន់ ភាពបរាជ័យរបស់​អ៊ីស្រាអែលនៅក្នុងការទទួលស្គាល់ថាការដែលត្រួតត្រារបស់សាសន៍ខាលដេសថាជាការដាក់ទោសរបស់ព្រះជាម្ចាស់។ ​លោកប៉ុលបានធ្វើការដកស្រង់ដើម្បីដាស់តឿនដល់ពួកអ្នក ដែលស្តាប់ របស់គាត់ទាំងប៉ុន្មាន ថាពួកគេមិនត្រូវប្រព្រឹត្តិកំហុសដូចគ្នាដោយការបដិសេធមិនព្រមទទួល អ្វីដែលព្រះបានធ្វើនៅក្នុងជំនាន់របស់ពួកគេនោះឡើយ។ ​ព្រះបានចាត់ព្រះយេស៊ូវឲ្យមកឯពួកគេ ឲ្យបានធ្វើជា ព្រះអង្គសង្រ្គោះ។ នៅក្នុងសេចក្តីប្រកាសពីសេចក្តីសង្រ្គោះគឺសម្រាប់ពួកគេ ហើយពួកគេត្រូវតែឆ្លើយតបដោយសេចក្តីជំនឿ។ 

 

កាល​ពួក​សាសន៍​យូដា បាន​ចេញ​ពី​សាលា​ប្រជុំ​ទៅ​ហើយ នោះ​ពួក​សាសន៍​ដទៃ ក៏​សូម​ឲ្យ​ប៉ុល​អធិប្បាយ តាម​សេចក្ដី​ទាំង​នោះ នៅ​ថ្ងៃ​ឈប់​សំរាក​មួយ​ក្រោយ​ទៀត កាល​ពួក​អ្នក​ប្រជុំ​នោះ​បាន​បែក​ចេញ​ពី​គ្នា​ទៅ នោះ​មាន​ពួក​សាសន៍​យូដា នឹង​ពួក​ចូល​សាសន៍​ជា​ច្រើន​ដែល​មក​ថ្វាយ‌បង្គំ គេ​ដើរ​តាម​ប៉ុល នឹង​បា‌ណា‌បាស ដែល​ទូន្មាន​ឲ្យ​គេ​កាន់​ខ្ជាប់​ក្នុង​ព្រះ‌គុណ​នៃ​ព្រះ។ 

 

១៣:៤២ ​កំពុងដែលលោកប៉ុល​និងបាណាបាសចាកចេញពីសាលាប្រជុំ មនុស្សជាច្រើនបានចាប់​អារម្មណ៍​ ​នឹង​សេចក្តីដែលលោកប៉ុលបានប្រកាស។ ដូច្នេះហើយ ពួកគេបានសូមឲ្យគាត់ប្រកាសពីសេចក្តីនេះ ម្តងទៀតនៅក្នុងថ្ងៃឈប់សំរាកពេលក្រោយទៀត។ ​

 

១៣:៤៣ មានមនុស្សជាច្រើនបានទៅជាមួយនឹងប៉ុល និងបាណាបាសទៅកន្លែងដែលពួកគាត់កំពុងស្នាក់ នៅដោយព្រោះតែពួកគេចង់ទទួលបានការបង្រៀនបន្ថែមអំពីព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ។ 

 

ដល់​ថ្ងៃ​ឈប់​សំរាក​ក្រោយ នោះ​ពួក​អ្នក​ក្រុង​ស្ទើរ​តែ​ទាំង​អស់ ក៏​មក​ប្រជុំ​គ្នា ដើម្បី​នឹង​ស្តាប់​ព្រះ‌បន្ទូល

 

១៣:៤៤​​ នៅក្នុងអាទិត្យនោះ មនុស្សដែលបានស្តាប់ឮសេចក្តីបង្រៀនរបស់លោកប៉ុលបានប្រកាស ដំណឹងទៅពាសពេញទីក្រុងដើម្បីឲ្យដល់ថ្ងៃឈប់សំរាកក្រោយមានហ្វូងមនុស្សសាសន៍ជាច្រើនដែលបានមកប្រជុំគ្នានៅក្នុងសាលាប្រជុំ។ ​ពេលនោះមានហ្វូងមនុស្សយ៉ាងធំបំផុតដែលធ្លាប់បានប្រជុំគ្នា នៅសាលាប្រជុំនោះ។ ​

 

តែ​កាល​ពួក​សាសន៍​យូដា​បាន​ឃើញ​មនុស្ស​ទាំង​ហ្វូង​ដូច្នេះ នោះ​កើត​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ច្រណែន ហើយ​ក៏​ឆ្លើយ​ទទឹង​ទាស់​នឹង​សេចក្ដី ដែល​ប៉ុល​អធិប្បាយ​នោះ ទាំង​ជំនះ ហើយ​ប្រមាថ​ផង

 

១៣:៤៥ ពួកសាសន៍យូដាបានច្រណែនជាមួយនឹងប៉ុលនៅពេលដែលគេបានឃើញមានហ្វូងមនុស្ស សាសន៍ដទៃជាច្រើនមកស្តាប់គាត់បង្រៀន។ ​ដូច្នេះហើយបានទាស់ទទឹងនឹងសេចក្តីបង្រៀនរបស់គាត់ ហើយបានប្រមាថគាត់។ 

 

ប៉ុន្តែ​ប៉ុល នឹង​បា‌ណា‌បាស​និយាយ​ដោយ​ក្លាហាន​ថា មុខ​គួរ​ឲ្យ​យើង​ខ្ញុំ​ថ្លែង​ប្រាប់​ព្រះ‌បន្ទូល ដល់​អ្នក​រាល់​គ្នា​ជា​មុន​ដំបូង ប៉ុន្តែ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌បន្ទូល​នោះ ហើយ​ជំនុំ‌ជំរះ​កាត់​ទោស​ដល់​ខ្លួន​ឯង​ថា មិន​គួរ​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​នោះ​ទេ ហេតុ​ដូច្នេះ​បាន​ជា​យើង​ខ្ញុំ​បែរ​ទៅ​ឯ​ពួក​សាសន៍​ដទៃ​វិញ

 

១៣:៤៦ នៅក្នុងទីក្រុងទាំងប៉ុន្មានដែលប៉ុលបានទៅ ក្នុងការធ្វើដំណើរបំពេញបេសកកម្មរបស់គាត់ គាត់បានចាប់ផ្តើមដោយការប្រកាសដំណឹងល្អនៅក្នុងសាលាប្រជុំដល់ពួកសាសន៍យូដាជាមុនដំបូង (១៤:១, ១៨:៤-៦, ១៨:១៩, ១៩:៨-៩; ២៨:២៨)។ គាត់បានធ្វើការនេះដោយព្រោះតែពួកគេជាប្រជា រាស្រ្តដែលព្រះបានតាំងសេចក្ដីសញ្ញាជាមួយ (រ៉ូម ១:១៦, ៩:១-៥, ១០:១-៣)។ ប៉ុន្តែ ប្រសិន​បើ​ ពួកសាសន៍យូដាបានបដិសេធសេចក្តីនោះហើយប៉ុលនិងបាណាបាសចាកចេញពីសាលាប្រជុំ ហើយបែរទៅពួកសាសន៍ដទៃវិញ ហើយបានសម្លឹងរកមើលទីកន្លែងផ្សេងទៀត ដែលពួកគាត់អាច ប្រកាសប្រាប់បាន។

 

ពួកសាសន៍យូដាទាំងនេះនៅក្នុងក្រុងអាន់ទីយ៉ូកស្រុកពីស៊ីដាបានបដិសេធព្រះបន្ទូលព្រះ។ លោកប៉ុល បាននិយាយថា ពួកគេបាន “បោះបង់ចោលព្រះបន្ទូល” (ἀπωθεῖσθε)។  ការនេះគឺសំដៅលើការរុញ ច្រានអ្វីមួយដោយកម្លាំងឲ្យចេញឆ្ងាយ។ ដោយការដែលបដិសេធដំណឹងល្អ ពួកគេបានជំនុំ‌ជំរះ​ខ្លួនគេថា មិនគួរ​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​ ដោយព្រោះតែដំណឹងល្អគឺជាការត្រាស់ហៅឲ្យបានចូល ទៅក្នុងជីវិតអស់កល្បជានិច្ច។ ​​

ដ្បិត​ព្រះ‌អម្ចាស់ ទ្រង់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ដូច្នេះ​ថា «អញ​បាន​តាំង​ឯង​សំរាប់​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ ដើម្បី​ឲ្យ​ឯង​បាន​សំរាប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ចុង​ផែនដី​បំផុត»។

 

១៣:៤៧ ព្រះជាម្ចាស់ទ្រង់មិនមែនមានគម្រោងឲ្យសេចក្តីសង្រ្គោះគឺសម្រាប់តែសាសន៍យូដាតែ ប៉ុណ្ណោះទេ (អេសាយ ៤២:១, ៤២:៦; ៤៩:៦)។ ​ផ្ទុយទៅវិញ ព្រះបានគ្រោងថា សេចក្តីសង្រ្គោះគឺ សម្រាប់មនុស្សនៅក្នុងគ្រប់ជាតិសាសន៍ទាំងអស់​។ លោកប៉ុលបានដកស្រង់ចេញពី អេសាយ ៤៩:៦។ ហោរាអេសាយប្រកាសអំពីអ្នកបម្រើនៃព្រះជាម្ចាស់ ដែលមានភារៈកិច្ចធ្វើជា “ជា​ពន្លឺ​ដល់​សាសន៍​ដទៃ” ដែលនឹងជា​ “សេចក្ដី​សង្គ្រោះ​ដល់​ចុង​ផែនដី​បំផុត”​។  លោកលូកាបានកត់ត្រាថាសេចក្តីទំនាយនេះគឺ អំពីព្រះយេស៊ូវនៅក្នុង លូកា ២:៣២។  

ព្រះយេស៊ូវបាននាំសេចក្តីសង្រ្គោះមកដល់ពិភពលោកហើយព្រះអង្គបានបង្គាប់ដល់សាវ័ករបស់ព្រះអង្គឲ្យបានប្រកាសពីដំណឹងល្អ “ដល់ចុងបំផុងផែនដី” (១:៨)។ ​លើសពីនេះទៅទៀត ព្រះយេស៊ូវបានមានបន្ទូល ថាលោកប៉ុលគឺជា “ជា​ប្រដាប់​រើស​តាំង​ដល់​ខ្ញុំ សំរាប់​នឹង​ប្រកាស​ឈ្មោះ​ខ្ញុំ ដល់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច ហើយ​និង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ផង “ (៩:១៥)។  នេះ​ជា​មូលហេតុ​ដែល លោកប៉ុល និងបាណាបាសបានដឹងថាដំណឹងល្អក៏សម្រាប់សាសន៍ដទៃដូចជាសម្រាប់សាសន៍យូដាដែរ។ ​ដូច្នេះហើយ បេសកកម្មរបស់លោកប៉ុលនៅក្នុងចំណោមសាសន៍ដទៃគឺដោយព្រោះតែគាត់ត្រូវបានត្រាស់ហៅ ហើយត្រូវបានបង្គាប់ដោយព្រះយេស៊ូវផ្ទាល់។ ​

 

កាល​ពួក​សាសន៍​ដទៃ​បាន​ឮ​ដូច្នេះ នោះ​គេ​មាន​សេចក្ដី​អំណរ ហើយ​ក៏​សរសើរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ចំណែក​អស់​អ្នក​ដែល​ត្រូវ​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច នោះ​ក៏​បាន​ជឿ

 

១៣:៤៨ ​នៅពេលដែលពួកសាសន៍ដទៃបានឮថាព្រះយេស៊ូវនាំមកនូវសេចក្តីសង្រ្គោះដល់ពួកគេ ពួកគេបានឆ្លើយតបដោយសេចក្តីអំណរ! ពួកគេរីករាយដោយព្រោះតែព្រះបានប្រទានការអត់ទោសបាប ដល់ពួកគេ ប្រទានឲ្យមានសេចក្តីសុចរិត ហើយនឹងជីវិតអស់កល្បជានិច្ច! គ្រាដែលពួកសាសន៍ដទៃ ទទួលជឿលើដំណឹងល្អ ផែនការណ៏របស់ព្រះចំពោះសេចក្តីសង្រ្គោះសម្រាប់ពិភពលោកកំពុង​ត្រូវ​បាន ​សម្រេច។ ​

 

សូមកត់សម្គាល់ថា អស់អ្នកដែលព្រះ​បាន​ត្រូវបាន​តម្រូវ​ឲ្យ​ទទួល​ជីវិតអស់កល្បជានិច្ច បានជឿ។ ការដែលបានតម្រូវឲ្យបានទទួលជីវិតអស់កល្បជានិច្ចបាន​កើត​ឡើងជាមុន ហើយការនេះបានបណ្តាល ឲ្យគាត់ទទួលជឿ។ ​​​ព្រះបានជ្រើសរើសដល់អស់អ្នកណាដែលនឹងចូលមកដើម្បីឲ្យ បានជីវិតអស់កល្បជានិច្ច (យ៉ូហាន ៦:៦៥; អេភេសូ ១:៤; កូឡូស ៣:១២; ២ ថែស្សាឡូនិច ២:១៣) ហើយប្រទានឲ្យពួកគេមាន សេចក្តីជំនឿដែលជាអំណោយទានរបស់ព្រះអង្គ (អេភេសូ ២:៨-៩)។

 

ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ បាន​ផ្សាយ​សុស​សាយ​ទួទៅ​ពេញ​ក្នុង​ស្រុក​នោះ

 

១៣:៤៩ សូមចំណាំពីអ្វីដែលលោកលូកាបានបញ្ជាក់ត្រង់ចំនុចថា “ឯព្រះបន្ទូលនៃព្រះអម្ចាស់” នៅក្នុង បទគម្ពីរនេះ។ ​អ្នកស្រុកទាំងមូលបានមកប្រជុំគ្នាដើម្បីឲ្យបានស្តាប់ឮព្រះបន្ទូលនៃព្រះអម្ចាស់ (ខ៤៤)។ ​លោកប៉ុលនិងបាណាបាសបានប្រកាសពីព្រះបន្ទូលព្រះដល់ពួកគេ (ខ៤៦)។  ពួកសាសន៍ដទៃ បានសរសើរដំកើងដល់ព្រះបន្ទូលនៃព្រះអម្ចាស់ (ខ៤៨) ហើយព្រះបន្ទូល នៃព្រះអម្ចាស់បានផ្សាយសាយ ភាយទាំងស្រុកនោះ (ខ៤៩)។ ការនេះបង្ហាញថាព្រះជាម្ចាស់ទ្រង់បានសម្រេចព្រះហឫទ័យព្រះអង្គ ដោយព្រះបន្ទូលទ្រង់ (អេសាយ ៥៥:៨-១១)។ ​

 

តែ​ពួក​សាសន៍​យូដា​គេ​ញុះ‌ញង់​ពួក​ស្ត្រី​អ្នក​មុខ​អ្នក​ការ ដែល​មក​ថ្វាយ‌បង្គំ នឹង​ពួក​អ្នក​ធំ​នៅ​ក្នុង​ទី​ក្រុង​នោះ បណ្តាល​ឲ្យ​មាន​សេចក្ដី​បៀត‌បៀន ដល់​ប៉ុល នឹង​បា‌ណា‌បាស ក៏​ដេញ​អ្នក​ទាំង​២​នោះ​ចេញ​ពី​ស្រុក​គេ​ទៅ

 

១៣:៥០ ការបៀតបៀននេះបង្ហាញថាការប្រកាសដំណឹងល្អរបស់លោកប៉ុលនិងបាណាបាសទទួល បានជោគជ័យ។ ​ហេតុផលដែលពួកសាសន៍យូដាទាស់ជាមួយនឹងពួកបេសកជនដោយព្រោះតែ មានពួកសាសន៍ដទៃជាច្រើនបានប្រែក្លាយជាអ្នកដែលមានជំនឿលើព្រះយេស៊ូវ (ខ៤៨)។ 

 

ដូច្នេះ អ្នក​ទាំង​២​ក៏​រលាស់​ធូលី​ដី ពី​ជើង​ចេញ​ទាស់​នឹង​គេ រួច​ចេញ​ទៅ​ឯ​ក្រុង​អ៊ីកូនាម

 

១៣:៥១ វាគឺជាទំនៀមទម្លាប់របស់របស់សាសន៍យូដានៅក្នុងការរលាស់ធូលីដីចេញពីជើងរបស់ពួកគេ នៅពេលដែលពួកគេចាកចេញពីស្រុករបស់ពួកសាសន៍ដទៃហើយវិលត្រឡប់ទៅស្រុករបស់ពួកគេវិញ។ ​ជានិមិត្តសញ្ញាដែលថាពួកគេលៀងសំអាតខ្លួនពួកគេពីភាពមិនបរិសុទ្ធនៃពួកមនុស្សមានបា បដែលមិនបានថ្វាយបង្គំព្រះ។ ពេលនេះដោយការស្តាប់បង្គាប់តាមសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ (លូកា ៩:៥, ១០:១១)  លោកប៉ុលនិងបាណាបាសធ្វើកិច្ចការនេះដើម្បីបង្ហាញដល់ពួកសាសន៍យូដាទាំងនេះ ដែលបានបដិសេធមិនព្រមស្តាប់តាមដំណឹងល្អ ហើយបានបៀតបៀនដល់ពួកបេសកជន ថាពួកគេមិនមែនជាផ្នែកមួយជាមួយនឹង ប្រជារាស្រ្តរបស់ព្រះជាម្ចាស់នោះឡើយ​​​​ ប៉ុន្តែគឺប្រៀបវបានដូចជាពួកអ្នកមិនជឿទៅវិញទេ។ ​

 

ឯ​ពួក​សិស្ស គេ​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​អំណរ ហើយ​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ 

 

១៣:៥២ ដោយមិនខ្វល់ពីការបៀតបៀន លោកប៉ុលនឹងបាណាបាសនៅតែមានអំណរជានិច្ច។ ​ការដែល “ពេញដោយសេចក្តីអំណរ” ហើយពេញដោយ “ព្រះវិញ្ញាណបរិសុទ្ធ”  ចូលរួមជាមួយគ្នានោះ ដោយ​សារ​សេចក្តីអំណរ​គឺជា​ផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធ។

ការណែនាំ
bottom of page