top of page

កាល​នៅ​ក្រុង​អ៊ីកូនាម ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា បាន​អធិប្បាយ​នាំ​ឲ្យ​ទាំង​ពួក​សាសន៍​យូដា នឹង​សាសន៍​ក្រេក​យ៉ាង​សន្ធឹក​បាន​ជឿ

 

១៤:១ ក្រុងអ៊ីកូនាមគឺជា​ក្រុង​មួយនៅក្នុងខេត្តកាឡាទី​ ចំងាយប្រមាណជាង ១៤៥គីឡូម៉ែត្រ នៅភាគខាងកើតឈាងខាងត្បូងនៃក្រុងអាន់ទីយ៉ូកក្នុងស្រុកពីស៊ីដា។ ​ដូចធម្មតា លោកប៉ុល នឹងបាណាបាស តែងតែចាប់ផ្តើមព័ន្ធកិច្ចរបស់ពួកគាត់នៅក្នុងក្រុងនិមួយៗដោយការចូលទៅក្នុង សាលាប្រជុំរបស់សាសន៍យូដាដើម្បីប្រកាសដំណឹងល្អ។ នៅពេលដែលពួកគាត់ធ្វើកិច្ចការនេះ មានពួកសាសន៍យូដា និងសាសន៍ក្រិច ជាច្រើនបានទទួលជឿលើព្រះយេស៊ូវ។ ​ពួកសាសន៍ក្រិចទាំងនេះ ដែលបានចូលរួមនៅក្នុងសាលាប្រជុំ បានជឿលើយ៉ាវេហ៍រួចទៅហើយ (ដូចជាលោកកូនេលាស​បានជឿដែរ សូមមើលការបកស្រាយក្នុង ១០:១-២)  ហើយនៅពេលដែលពួកគេបានស្តាប់ឮដំណឹងល្អពីអ្វីដែល ព្រះបានសម្រេចដោយសារព្រះយេស៊ូវ ពួកគេបានទទួលជឿលើព្រះអង្គជាព្រះអង្គសង្រ្គោះរបស់ ពួកគេ។ ​ 

ប៉ុន្តែ ឯ​ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ គេ​ញុះ‌ញង់ ហើយ​ចាក់‌រុក​ពួក​សាសន៍​ដទៃ ឲ្យ​គេ​ទាស់​នឹង​ពួក​ជំនុំ​វិញ

 

១៤:២ ​ជាថ្មីម្តងទៀត មានពួកសាសន៍យូដាមួយចំនួនដែលទាស់ជាមួយនឹងលោកប៉ុលនិងបាណាបាស នៅពេលដែលពួកគាត់ប្រកាសដំណឹងល្អ។ ពួកសាសន៍យូដាទាំងនេះបានប្រមាថដល់ពួកបេសកជន ហើយបានញុះញង់ពួកអ្នកស្រុកអ៊ីកូនាមឲ្យគិតអាក្រក់ចំពោះពួកអ្នកដែលជឿថ្មីនៅក្នុងព្រះគ្រីស្ទដែលរស់នៅក្នុងទីក្រុងរបស់ពួកគេ។ ​

 

ចំណែក​ប៉ុល នឹង​បា‌ណា‌បាស ក៏​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ គេ​អធិប្បាយ​យ៉ាង​ក្លៀវ‌ក្លា​ដោយ​នូវ​ព្រះ‌អម្ចាស់ ហើយ​ទ្រង់​ក៏​ធ្វើ​បន្ទាល់ អំពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​ទ្រង់ ដោយ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​មាន​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​កើត​មក ដោយ‌សារ​ដៃ​អ្នក​ទាំង​២​នោះ

 

១៤:៣ យ៉ាណាម៉ិញ ការទាស់ទទឹងនោះមិនបានធ្វើឲ្យលោកប៉ុលនិងបាណាបាសភៀសខ្លួនចេញពី ទីក្រុងនោះឡើយ។ ប៉ុន្តែ ដោយព្រោះតែការទាស់ទទឹងនោះហើយ ដែលធ្វើឲ្យពួកគាត់ជ្រើសរើស នៅក្នុងស្រុកអ៊ីកូនាមយ៉ាងយូរថ្ងៃដើម្បីនឹងស្អាងចិត្តដល់ពួកអ្នកជឿដែលនៅក្នុងស្រុកនោះវិញ។ ​ពួកគេបានដឹងថាពួកគ្រីស្ទានថ្មីៗទាំងនេះត្រូវការ ការណែនាំដើម្បីឲ្យបានឈររឹងមាំនៅក្នុង សេចក្តីជំនឿរបស់ពួកគេដែលកំពុងតែរស់នៅក្នុងទីក្រុងមួយពេញទៅដោយការទាស់ទទឹងនឹងពួកគេយ៉ាងដូច្នោះ។ 

 

លោកប៉ុលនិងបាណាបាសបានប្រកាសដំណឹងល្អដោយសេចក្តីក្លាហាន ហើយព្រះយេស៊ូវបានបញ្ជាក់ពី សេចក្តីពិតដែលមាននៅក្នុងសេចក្តីប្រកាសដោយការអនុញ្ញាតឲ្យពួកគាត់អាចធ្វើការអស្ចារ្យជាច្រើន។ ​សូមកត់សម្គាល់ថា ដំណឹងល្អគឺជា “ព្រះបន្ទូលនៃព្រះគុណទ្រង់”​  ដោយព្រោះតែសេចក្តីទាំងនោះគឺជា ការប្រកាសពីការប្រទានរបស់ព្រះជាម្ចាស់នៃការអត់ទោសបាប សេចក្តីសុចរិត និងជីវិតអស់កល្បជានិច្ច ហើយគ្រប់ទាំងអស់គឺដោយសារព្រះគុណនៃទ្រង់។ ​​ 

ឯ​មនុស្ស​ទាំង‌ឡាយ​នៅ​ទី​ក្រុង​នោះ គេ​បែក​បាក់​គ្នា អ្នក​ខ្លះ​កាន់​ខាង​សាសន៍​យូដា ខ្លះ​ខាង​ពួក​សាវក

 

១៤:៤ មនុស្សមួយចំនួននៅក្នុងក្រុងអ៊ីកូនាមបានជឿលើពួកសាសន៍យូដាដែលប្រមាថលោកប៉ុល និងបាណាបាស ប៉ុន្តែអ្នកផ្សេងទៀតបានជឿលើបេសកជនដោយព្រោះតែសេចក្តីដែលពួកគាត់បង្ហាត់ បង្រៀន និងធ្វើការអស្ចារ្យ។ ​

 

តែ​កាល​ពួក​សាសន៍​ដទៃ នឹង​ពួក​សាសន៍​យូដា ព្រម​ទាំង​ពួក​នាម៉ឺន​របស់​គេ បាន​លើក​ព្រួត​គ្នា​នឹង​ទៅ​ត្មះ‌តិះដៀល ហើយ​ចោល​នឹង​ថ្ម នោះ​អ្នក​ទាំង​២​បាន​ដឹង ហើយ​ក៏​រត់​ទៅ​ឯ​ទី​ក្រុង​នៅ​ស្រុក​លូកៅនា​វិញ គឺ​លីស្ត្រា នឹង​ឌើបេ ហើយ​នឹង​ស្រុក​នៅ​ជុំ‌វិញ ក៏​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នៅ​កន្លែង​ទាំង​នោះ។ 

 

១៤:៥-៧ សម្រាប់សាសន៍យូដា ការដែលចោលមនុស្សនឹងថ្មឲ្យស្លាប់គឺជាការដាក់ទោសសម្រាប់ ការប្រមាថ (លេវីវិន័យ ២៤:១៣-១៦)។ លោកប៉ុល និងបាណាបាសបានស្តាប់ឮពីផែនការណ៏របស់ សត្រូវរបស់ពួកគាត់នៅក្នុងការសម្លាប់ពួកគាត់ហើយបានសម្រេចចិត្តចាកចេញទៅឯស្រុកលីស្រ្តា ជាក្រុងតូចមួយ ដែលមានចំងាយ ៣២ គីឡូម៉ែត្រភាគខាងត្បូងក្រុងអ៊ីកូនាម។ ​

រីឯ​នៅ​ក្រុង​លីស្ត្រា មាន​មនុស្ស​ម្នាក់​មាន​ជើង​ពិការ គាត់​អង្គុយ​នៅ​ដោយ​ខ្វិន តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក មិន​ដែល​ដើរ​សោះ​ឡើយ

 

១៤:៨ នៅ​ក្រុង​លីស្ត្រាមានមនុស្សម្នាក់ខ្វិនតាំងពីកំណើតមកមិនធ្លាប់បានដើរទាល់តែសោះ។ ​ដូច្នេះហើយ អ្វីដែលគាត់ត្រូវការនោះគឺលើសជាងការដែលប្រោសឲ្យជាលើសទៅទៀត។ ​គាត់ត្រូវការសមត្ថភាព និងកម្លាំងដែលគាត់មិនធ្លាប់មានពីមុនមក។ ​

អ្នក​នោះ​បាន​ឮ​ប៉ុល​អធិប្បាយ ហើយ​ប៉ុល​ក៏​សំឡឹង​មើល​ទៅ​គាត់ ឃើញ​ថា គាត់​មាន​សេចក្ដី​ជំនឿ​ល្មម ដើម្បី​ឲ្យ​បាន​ជា នោះ​ក៏​បន្លឺ​ជា​សំឡេង​ខ្លាំង​ថា ចូរ​ក្រោក​ឈរ​ឲ្យ​ត្រង់​ឡើង រួច​អ្នក​នោះ​ក៏​ស្ទុះ​ឡើង​ដើរ

 

១៤:៩-១០ នៅពេលដែលមនុស្សខ្វិននោះបានស្តាប់ឮលោកប៉ុលនិយាយអំពីព្រះយេស៊ូវ គាត់មានសេចក្តីជំនឿថាព្រះយេស៊ូវអាចនឹងប្រោសគាត់ឲ្យបានជា។ ​លោកប៉ុលបានដឹងពីការនេះ ដូច្នេះហើយគាត់បានបង្គាប់ ហើយបានប្រោសឲ្យគាត់បានជាភ្លាម។ មនុស្សនេះមិនអាចប្រើជើង របស់គាត់បានទេហើយគាត់មិនធ្លាប់ដើរពីមុនមកឡើយពេលនេះគាត់អាចក្រោកឈរនិងដើរចុះឡើងបាន។ ​

 

កាល​ហ្វូង​មនុស្ស​បាន​ឃើញ​ការ​ដែល​ប៉ុល​ធ្វើ នោះ​គេ​បន្លឺ​ឡើង​ជា​ភាសា​លូកៅនា​ថា ពួក​ព្រះ​បាន​កាឡា​និម្មិត​ជា​មនុស្ស ចុះ​មក​ឯ​យើង​ហើយ គេ​ក៏​ហៅ​បា‌ណា‌បាស ជា​ព្រះ‌សេ‌យូស ហើយ​ប៉ុល ជា​ព្រះ‌ហ៊ើមេស ពី​ព្រោះ​គាត់​ជា​មេ​សំដែង

 

១៤:១១-១២ ​នៅពេលដែលហ្វូងមនុស្សបានឃើញការអស្ចារ្យពួកគេបានគិតថាលោកបាណាបាស និងប៉ុលជាព្រះដែលបានមកឯពួកគេ។ ​ 

 

នៅក្នុងទេវកថារបស់ពួកសាសន៍ក្រិច ពួកព្រះតែងតែមកលើផែនដីក្នុងភាពជាមនុស្ស។ មនុស្សដែលរស់នៅ ក្នុងស្រុកលីស្រ្តាបានដឹងអំពីរឿងព្រេងអំពីព្រះសាសន៍ក្រិចសេយូសនិងហ៊ើមេស ដែលបានក្លែងខ្លួនជា មនុស្សហើយមកដល់ស្រុកហ្រ្វីជា (ជាដំបន់ដែលនៅជិតនោះ)។ ពួកគេបានសូមអាហារនិងកន្លែងស្នាក់នៅ ប៉ុន្តែគ្មានអ្នកណាម្នាក់បានទទួលពួកគេនោះឡើយ។ ជាចុងក្រោយ នៅត្រង់ខ្ទមតូចមួយដែលធ្វើពីចំបើង ប្តីប្រពន្ធចាស់ជរាមួយគូរបានទទួលពួកគេដោយរៀបចំអាហារសម្រាប់ពួកគេ។ ​ដើម្បីបង្ហាញពីការដឹងគុណ សេយូស និងហ៊ើមេសបានប្រែខ្ទមតូចមួយនោះឲ្យប្រែទៅជាព្រះវិហារ ហើយបានតែងតាំងប្តីប្រពន្ធនោះ ឲ្យបានធ្វើជាសង្ឃ។ ក្រោយមកពួកគេបានធ្វើឲ្យមានទឹកជំនន់ពន្លិចអស់ទាំងផ្ទះសំបែងពួកអ្នក ដែលបាន បដិសេធមិនព្រមទទួលពួកគេ។ ​ហេតុនេះហើយបានជាមនុស្សនៅក្នុងស្រុកលីស្រ្តាប្រញាប់នៅក្នុង ការគោរពលោកប៉ុល និងបាណាបាស។ ពួកគេបានគិតថាសេយូសនិងហ៊ើមេសបានមកឯពួកគេ ហើយ ពួកគេភ័យខ្លាចចំពោះអ្វីដែលនឹងកើតមានឡើងចំពោះពួកគេប្រសិនបើគេមិនបានគោរពព្រះទាំងនេះ។ ​

 

ហើយ​សង្ឃ​របស់​ព្រះ‌សេយូស ដែល​នៅ​មុខ​ក្រុង​គេ ក៏​នាំ​យក​គោ​ឈ្មោល ហើយ​នឹង​ភួង​ទៅ​ដល់​ខ្លោង‌ទ្វារ​ក្រុង ចង់​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​នឹង​បណ្តា​មនុស្ស

 

១៤:១៣ ​លោកប៉ុល និងបាណាបាសមិនបានយល់ពីអ្វីដែលកំពុងតែកើតមានឡើងដោយព្រោះតែ មនុស្សទាំងនោះនិយាយភាសាលូកៅនា (ខ១១)។ ប៉ុន្តែនៅពេលដែលពួកគេបានឃើញសង្ឃរបស់ ព្រះសេយូស នាំយកគោឈ្មោលដើម្បីមកថ្វាយយញ្ញបូជាដល់គេ ពួកគេបានដឹងពីអ្វីដែលកំពុងតែកើតមាន ឡើងហើយពួកគេបានប្រតិកម្មភ្លាមក្នុងការបញ្ឈប់ការថ្វាយបង្គំរូបព្រះនោះ។ ​

 

កាល​បា‌ណា‌បាស នឹង​ប៉ុល ជា​សាវក​បាន​ដឹង នោះ​ក៏​ហែក​អាវ​ខ្លួន រត់​ចូល​ទៅ​កណ្តាល​ហ្វូង​មនុស្ស​ស្រែក​ឡើង​ថា អ្នក​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ យើង​ខ្ញុំ​ជា​មនុស្ស​វិស័យ​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ មួយ​ទៀត យើង​ក៏​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​បែរ​ចេញ​ពី​អស់​ទាំង​ការ ដែល​ឥត​ប្រយោជន៍​យ៉ាង​នេះ ទៅ​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​វិញ ដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ នឹង​របស់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង

 

១៤:១៤-១៥ វាគឺជាទំនៀមទម្លាប់របស់សាសន៍យូដានៅក្នុងការហែកអាវរបស់ពួកគេដើម្បីបង្ហាញពី ទុក្ខសោកដ៏ខ្លាំងដែលគេមាន (លោកុប្បត្តិ​៣៧:២៩, ៣៧:៣៤; ជនគណនា ១៤:៦; យ៉ូស្វេ ៧:៦; ពួកចៅហ្វាយ ១១:៣៥; ២ សាំយ៉ូអែល ១:២, ១:១១)។ ទុក្ខសោករបស់លោកប៉ុលនិងបាណាបាសគឺ ដោយព្រោះតែការថ្វាយបង្គំរូបព្រះរបស់ប្រជារាស្រ្តនៅក្នុងស្រុកលីស្រ្តាដែលជាការប្រមាថទាស់នឹងព្រះ។ ​មិនដូចជាស្តេចហេរ៉ូឌ អ័គ្រីប៉ា (កិច្ចការ ១២:២២-២៣)នោះទេ  លោកប៉ុលនិងបាណាបាសបដិសេធមិន ព្រមទទួលការថ្វាយបង្គំដូចជាព្រះនោះឡើយ។ ​ពួកគាត់បានបង្ហាញយ៉ាងច្បាស់ថាពួកគាត់មិនមែនជា ព្រះនោះឡើយ ហើយប្រាប់ដល់មនុស្សទាំងអស់ឲ្យបែរចេញពីការថ្វាយបង្គំរូបព្រះ ហើយថ្វាយបង្គំ ព្រះដ៏មានព្រះជន្មរស់ដ៏ពិតវិញ។ ​

 

លោកប៉ុលបានប្រាប់ដល់ពួកគេពីចំនុចបីយ៉ាងអំពីព្រះដ៏មានព្រះជន្មរស់នៅ។ ​ទីមួយ ព្រះអង្គគឺជា ព្រះដែលបានបង្ករបង្កើតសកលលោកទាំងមូល។ ​ព្រះជាព្រះដែលបង្ករបង្កើតជីវិតគ្រប់ទាំងអស់ រួមទាំងគ្រប់របស់ទាំងអស់ដែលមានជីវិតនៅលើផែនដី ក្នុងសមុទ្រនិងហើរលើមេឃ (ទំនុកដំកើង ១៤៦:៦)។  ព្រះអង្គគឺជាប្រភពនៃជីវិតនៃរបស់គ្រប់ទាំងអស់។ ​ការនេះគឺបង្ហាញពីភាពអស្ចារ្យនៃព្រះ។ ការបង្កើតទាំងប៉ុន្មានបង្ហាញពីព្រះចេស្តាដ៏អស្ចារ្យនៃព្រះហើយនឹងព្រះប្រាជ្ញាញ្ញាណដែលព្រះអង្គបានបង្កើតហើយប្រទានឲ្យមានជីវិតដល់របស់គ្រប់ទាំងអស់នៅក្នុងសកលលោក។ សកលលោកនេះមានភាពធំធេង ហើយស្មុគស្មាញណាស់ ហើយមានតែទ្រង់ទេ ដែលអាចបង្កើតចក្រវាឡនេះបាន ដោយព្រោះថា ទ្រង់គឺជាព្រះអាទិករ ដែលអាចធ្វើគ្រប់ការទាំងអស់បាន ជ្រាបគ្រប់ការទាំងអស់ ហើយមានព្រះវត្តមាន គ្រប់ទីកន្លែង។

 

ក្នុង​កាល​ជំនាន់​មនុស្ស​ពី​បុរាណ នោះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​គ្រប់​ទាំង​សាសន៍ ដើរ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន ប៉ុន្តែ ទ្រង់​មិន​ដែល​លែង​មាន​ទី​បន្ទាល់ ពី​ព្រះ‌អង្គ​ទ្រង់​ទេ ដោយ​ទ្រង់​តែង‌តែ​ផ្សាយ​ព្រះ‌គុណ​មក គឺ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​ដ៏​សំបូរ ដើម្បី​នឹង​បំពេញ​ចិត្ត​យើង ដោយ​អាហារ នឹង​សេចក្ដី​អំណរ

 

១៤:១៦-១៧ ទីពីរ នៅក្នុងជំនាន់មុនព្រះបានអនុញ្ញាតឲ្យពួកសាសន៍ដទៃ “ដើរតាមផ្លូវរបស់គេរៀងខ្លួន”  (នោះគឺជា ការថ្វាយបង្គំរូបព្រះដែលពួកគេបានធ្វើឡើង) ដោយព្រោះតែពួកគេមិនបានស្គាល់ព្រះ។ ​ប៉ុន្តែព្រះនឹងមិនអនុញ្ញាតឲ្យគេថ្វាយបង្គំរូបព្រះតទៅទៀតនោះឡើយ។ ​កាលពីមុន ពួកគេមិនបានស្គាល់ ព្រះដ៏ពិតនោះទេ។ ​ប៉ុន្តែពេលនេះ លោកប៉ុលបានបង្ហាញពីព្រះអង្គដល់ពួកគេ ហើយពួកគេត្រូវតែឆ្លើយត បដោយសេចក្តីជំនឿ។ ​

 

ទីបី នៅក្នុងជំនាន់មុន "ទ្រង់​មិន​ដែល​លែង​មាន​ទី​បន្ទាល់ ពី​ព្រះ‌អង្គ​ទ្រង់​ទេ"។ ព្រះអង្គ បានបង្ហាញពីព្រះអង្គទ្រង់នៅក្នុងកិច្ចការរបស់ព្រះអង្គក្នុងការប្រទាននូវសេចក្តីត្រូវការដល់ជីវិតទាំងអស់នៅលើផែនដី។ ​ព្រះបានចាត់ឲ្យមានភ្លៀងធ្លាក់មកដែលធ្វើឲ្យគ្រាប់ពូជដុះឡើង។ ការប្រមូលផលដ៏បរិបូរ ដែលនាំឲ្យមានអាហារដ៏ពេញបរិបូរដែលបំពេញចិត្តដល់មនុស្ស។ ​ការនេះបង្ហាញពីភាពដ៏ល្អរបស់ ព្រះដល់ទាំងមនុស្សដែលមិនបានស្គាល់ព្រះអង្គ។ ​​ព្រះជាអ្នកបង្កើតដ៏ល្អ និងសប្បុរស  ដែលប្រទានពរដល់គ្រប់ទាំងស្នាព្រះហស្តរបស់ទ្រង់។ យើងទាំងអស់គ្នាសុទ្ធតែទទួលបានព្រះពរមកពីព្រះជាមួយនឹងអំណោយទាននៃជីវិត។ ព្រះជាម្ចាស់បានបង្កើតផែនដីដ៏ស្រស់ស្អាតសម្រាប់យើង ហើយទ្រង់ផ្គត់ផ្គង់អ្វីៗទាំងឡាយដែលយើងត្រូវការដើម្បីរស់នៅ៖ ពន្លឺព្រះអាទិត្យ ភ្លៀង ខ្យល់ អាហារ ទឹក។ 

សូមកត់សម្គាល់ថា លោកប៉ុលមិនបានបង្រៀនដល់សាសន៍ដទៃទាំងនេះដូចដែលគាត់បានបង្ហាត់បង្រៀន ដល់សាសន៍យូដានៅក្នុងសាលាប្រជុំនោះឡើយ។ គាត់មិនបានដកស្រង់ចេញពីព្រះគម្ពីរសញ្ញាចាស់ បង្រៀនដល់គេនោះឡើយ ប៉ុន្តែគាត់បាននិយាយអំពីអ្វីដែលមនុស្សគ្រប់គ្នាអាចយល់បានដោយការសម្លឹងមើលទៅពិភពលោកដែលនៅជុំវិញគេ។ មនុស្សគ្រប់គ្នាអាចដឹងថាមានព្រះ តាមរយៈការសំលឹងមើលកិច្ចការស្នាព្រះហត្ថរបស់ទ្រង់។ កន្លែងណាក៏ដោយដែលយើងនៅ នៅក្នុងផែនដីនេះ យើងទាំងអស់គ្នាអាចមានបទពិសោធន៍ជាមួយនឹង សិរីល្អរបស់ព្រះ។ ​​អ្វីដែលលោកប៉ុលចង់ឲ្យពួកសាសន៍ដទៃទាំងនេះបានដឹងនោះ ភាព​ល្អ​ទាំង​អស់​នៃ​ធម្មជាតិ​គឺ​មក​ពី​ព្រះតែមួយដែលជាប្រភពនៃជីវិត និងជាព្រះដែលបានទ្រទ្រង់នៃរបស់ ទាំងអស់ដែលបានបង្កើតមក។

តែ​ដែល​គាត់​អធិប្បាយ​សេចក្ដី​ទាំង​នោះ​ដល់​គេ នោះ​ឃាត់​គេ មិន​ឲ្យ​ថ្វាយ​យញ្ញ‌បូជា​ដល់​ខ្លួន​សឹង​តែ​មិន​បាន​ផង។ 

 

១៤:១៨ ទោះបីជាលោកប៉ុលនិងបាណាបាសបានបង្ហាញយ៉ាងច្បាស់ថាពួកគាត់មិនមែនជាព្រះក៏ដោយ ហើយបានធ្វើបន្ទាល់ពីព្រះដ៏មានព្រះជន្មរស់ហើយក៏ដោយ មនុស្សទាំងនោះនៅតែមិនយល់ដដែល។ ​ចិត្តនិងគំនិតរបស់ពួកគេបានងងឹតដោយព្រោះតែការថ្វាយបង្គំរូបព្រះអស់រយៈពេលជាយូរឆ្នាំមកហើយ ដូច្នេះហើយពួកគេនៅតែចង់ថ្វាយយញ្ញបូជាដល់ប៉ុលនិងបាណាបាសដដែល។ ​

 

មាន​ពួក​សាសន៍​យូដា​ខ្លះ មក​ពី​អាន់‌ទី‌យ៉ូក នឹង​អ៊ីកូនាម គេ​បញ្ចុះ​បញ្ចូល​ហ្វូង​មនុស្ស ឲ្យ​ចោល​ប៉ុល​នឹង​ថ្ម រួច​គេ​អូស​គាត់​ចេញ​ទៅ​ក្រៅ​ទុក​ចោល ដោយ​ស្មាន​ថា បាន​ស្លាប់​ហើយ

 

១៤:១៩ ពួកសាសន៍យូដាដែលបានទាស់ទទឹងជាមួយនឹងប៉ុល និងបាណាបាសនៅអាន់ទីយ៉ូកក្នុងស្រុក ពីស៊ីដា(ចំងាយ ១៧៥ គីឡូម៉ែត្រ) និងស្រុកអ៊ីកូនាម (ចំងាយ ៣០គីឡូម៉ែត្រ) បាន​មក​ដល់​ក្រុង​លីស្ត្រា។ ការនេះបង្ហាញពីសេចក្តី សំអប់របស់ពួកគេទាស់នឹងដំណឹងល្អ ហើយនឹងបេសកជន ហើយពួកគេបានព្យាយាមបញ្ឈប់កិច្ចការនេះជាថ្មី។ ​

 

ការដែលចោលថ្មសម្លាប់ដែលពួកសាសន៍យូដាបានចង់ធ្វើនៅអ៊ីកូនាម (ខ៥) ពេលនេះបានកើតមានឡើង នៅក្នុងស្រុកលីស្រ្តា។ ​ពួកហ្វូងមនុស្សដែលមុននេះចង់ថ្វាយយញ្ញបូជាដល់លោកប៉ុលដូចជាព្រះនោះ ពេលនេះបានបណ្តោយឲ្យពួកសាសន៍យូដាចោលគាត់នឹងថ្មសម្រាប់ការប្រមាថទៅវិញ! មានអ្នកខ្លះ ដែលជាអ្នកស្រុកលីស្រ្តាអាចនឹងចោលថ្មខ្លះដែរ។ ​ប៉ុន្តែសត្រូវរបស់ដំណឹងល្អមិនបានសម្លាប់ប៉ុលនោះឡើយ ពួកគេគ្រាន់តែគិតថាគាត់បានស្លាប់ហើយ។ តាមការពិតទៅ លោកប៉ុលនៅមានជីវិតនៅឡើយទេ ប៉ុន្តែ ការដែលមានរបួសយ៉ាងធ្ងន់នោះអាចនឹងធ្វើឲ្យគាត់សន្លប់ ហើយគាត់ត្រូវបានគេអូសទៅខាងក្រៅទីក្រុង។ ​

ប៉ុន្តែ ពួក​សិស្ស​មក​ចោម​ព័ទ្ធ​គាត់ រួច​គាត់​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ ហើយ​ដល់​ថ្ងៃ​ស្អែក គាត់​នឹង​បា‌ណា‌បាស ក៏​ចេញ​ទៅ​ឯ​ឌើបេ

១៤:២០ ​ពួកអ្នកជឿនៅក្នុងក្រុងលីស្រ្តាបានចោមព័ទ្ធលោកប៉ុល ហើយបានដឹងថាគាត់នៅមានជីវិតនៅ ឡើយទេ។ ​សេចក្តីក្លាហានរបស់លោកប៉ុលបង្ហាញដោយសេចក្តីពិតថាគាត់បានចូលទៅក្នុងទីក្រុងវិញ ហើយបានស្នាក់នៅទីនោះមួយយប់។ ​គាត់មិនមានការភ័យខ្លាចដល់មនុស្សដែលបានចោលគាត់នឹងថ្មនោះ ឡើយ។ ​នៅថ្ងៃបន្ទាប់ គាត់នឹងបាណាបាសបានចាកចេញពីលីស្រ្តាហើយបានដើរចំងាយ ៩៧ គីឡូម៉ែត្រ ទៅភាគខាងត្បូងឈាងខាងកើតឌើបេ ដែលមានរយៈចំងាយនៃការធ្វើដំណើរបីបួនថ្ងៃ។ ​

ក្រោយ​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ហើយ​បាន​សិស្ស​ជា​ច្រើន​នៅ​ក្រុង​នោះ នោះ​ក៏​ត្រឡប់​ទៅ​ឯ​លីស្ត្រា អ៊ីកូនាម នឹង​អាន់‌ទី‌យ៉ូក​វិញ

 

១៤:២១​​ មិនខ្វល់ពីការបៀតបៀនដែលមានក្នុងក្រុងលីស្រ្តា ​លោកប៉ុលនិងបាណាបាសបានបន្តក្នុង ការធ្វើកិច្ចការប្រកាសដំណឹងល្អហើយបង្កើតសិស្សជាច្រើន។ ការឈឺចាប់និងរបួស ហើយនឹងការប្រមាថ   មិនបានបញ្ឈប់ពួកគាត់ពីការបំពេញបេសកកម្មដែលព្រះបានប្រទានឲ្យពួកគាត់បានធ្វើនោះឡើយ ហើយ ព្រះទ្រង់បានប្រទានពរដល់កិច្ចការ​របស់ពួកគាត់នៅក្នុងក្រុងឌើបេជាមួយនឹងសិស្សជាច្រើនផ្សេងទៀត។ ​  

ពីក្រុងឌើបេទៅកាន់អាន់ទីយ៉ូកក្នុងស្រុកស៊ីរី ​លោកប៉ុលនឹងបាណាបាសអាចនឹងធ្វើដំណើរតាមផ្លូវ ដែលជិតហើយងាយស្រួលជាងដោយកាត់តាមស្រុកគីលីគា និងស្រុកកំណើតរបស់ប៉ុលនៅតើសុស។ ​យ៉ាងណាម៉ិញ ពួកគាត់បានជ្រើសរើសក្នុងការទៅសួរសុខទុក្ខដល់ពួកជំនុំទាំងប៉ុន្មាន ដែលពួកគាត់ បានតាំងឡើងនៅក្នុងការធ្វើដំណើរបេសកម្មរបស់ពួកគាត់ ទោះបីជាការនោះមានន័យថាពួកគាត់ត្រូវដើរ ចំងាយ ៣៣០គីឡូម៉ែត្រក៏ដោយ។ ​ការនេះបង្ហាញយើងទាំងអស់គ្នាពីសារៈសំខាន់នេះការបន្តក្នុង ការបង្ហាត់បង្រៀន បំពាក់បំប៉ន និងលើកទឹកចិត្តដល់មនុស្សដែលយើងបាននាំគេមកឯព្រះយេស៊ូវ។ លោកប៉ុលក៏បានទៅជួបជាមួយនឹងពួកជំនុំទាំងនេះនៅក្នុងបេសកកម្មបន្ទាប់របស់គាត់ដែរ (១៦:១-៦)។  ស្រុកនេះត្រូវបានហៅថា ស្រុកកាឡាទី ហើយប៉ុលបានកត់សរសេរសំបុត្រទៅកាន់ពួកជំនុំទាំងនេះ ដែលត្រូវបានរួមបញ្ចូលទៅក្នុងព្រះគម្ពីរសញ្ញាថ្មីរបស់យើង។ 

 

ព្រម​ទាំង​ចំរើន​កំឡាំង​ដល់​ពួក​សិស្ស ឲ្យ​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង ហើយ​ទូន្មាន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ក្នុង​សេចក្ដី​ជំនឿ ដោយ​ពាក្យ​ថា ត្រូវ​តែ​ទ្រាំ​រង​ទុក្ខ​វេទនា​ជា​ច្រើន ទើប​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន

 

១៤:២២ លោកប៉ុលនិងបាណាបាសបានវិលត្រឡប់ទៅទីក្រុងលីស្រ្តា អ៊ីកូនាម និងក្រុងអាន់ទីយ៉ូកនៅក្នុង ស្រុកពីស៊ីឌាវិញ។ កាលពីមុន  ពួកគាត់ត្រូវបានគេបណ្តេញចេញពីក្រុងអាន់ទីយ៉ូកក្នុងស្រុក ពីស៊ីដា (១៣:៥០)  ​ពួកគេបានគេចចេញពីក្រុងអ៊ីកូនាម(ខ៦) ហើយលោកប៉ុលត្រូវបានគេចោលនឹងថ្មនៅក្រុង លីស្រ្តា(ខ១៩)។ ប៉ុន្តែពួកគាត់បានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីមនុស្សដែលពួកគាត់បាននាំឲ្យមកឯ ព្រះយេស៊ូវហើយចង់ទៅសួរសុខទុក្ខដល់ពួកអ្នកទាំងនោះ​។ នៅក្នុងពួកជំនុំនិមួយៗពួកគាត់បានធ្វើកិច្ចការពីរសំខាន់:

 

ទីមួយ ពួកគាត់ "ចំរើនកំឡាំងដល់ពួកសិស្ស" ដោយផ្តល់នូវការបង្ហាត់បង្រៀន បន្ថែមទៀតនៅក្នុងសេចក្តីជំនឿគ្រីស្ទានដើម្បីជួយពួកគេឲ្យបានរឹងមាំឡើងនៅក្នុងការប្តេជ្ញារបស់គេនៅក្នុង ព្រះយេស៊ូវ។ លោកប៉ុលនិងបាណាបាសធ្លាប់បានឆ្លងកាត់នូវការបៀតបៀនក្នុងការធ្វើដំណើរ បេសកកម្មរបស់ពួកគាត់ហើយពួកគាត់ក៏បានក្រើនរំលឹកដល់ពួកគ្រីស្ទានទាំងអស់គ្នាថាយើងក៏នឹងជួបប្រទះជាមួយនឹង “​ទុក្ខវេទនាជាច្រើ” នៅក្នុងពិភពលោកដោយព្រោះតែការប្តេជ្ញារបស់យើងចំពោះព្រះយេស៊ូវ។ ​លោកប៉ុលសរសេរពីការនេះនៅក្នុងសេចក្តីសំបុត្ររបស់គាត់។ ​យើងត្រូវតែបានត្រៀមខ្លួន នឹងស្ម័គ្រចិត្ត នៅក្នុងការរងទុក្ខជាមួយនឹងព្រះគ្រីស្ទពេលនេះមុនពេលដែលយើងអាចរួមចំណែកនៅក្នុងសិរីល្អរបស់ព្រះអង្គ (រ៉ូម ៨:១៧; ២ ថែស្សាឡូនិច ១:៤; ២ ធីម៉ូថេ ២:១២)។

 

កាល​បាន​រើស​ពួក​ចាស់‌ទុំ​តាំង​ឡើង​ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ ហើយ​អធិស្ឋាន​ទាំង​តម នោះ​ក៏​ប្រគល់​គេ​ទុក​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ​ដល់​ទ្រង់​ហើយ

 

១៤:២៣ ទីពីរ ពួកគាត់បានតាំងឲ្យមានពួកចាស់ទុំនៅក្នុងពួកជំនុំនិមួយៗ។ ​ ការដែលនៅក្រោមការដឹកនាំ របស់ក្រុមពួកអ្នកចាស់ទុំគឺជាការប្រព្រឹត្តទូទៅនៅក្នុងសាលាប្រជុំរបស់សាសន៍យូដា ដូច្នេះហើយ លោកប៉ុល និងបាណាបាសបានសម្រេចចិត្តក្នុងការរៀបចំឲ្យមានការដឹកនាំសម្រាប់ពួកជំនុំទាំងប៉ុន្មាន តាមបែបយ៉ាងដូច្នោះដែរ។ ​ម្តងទៀត អ្នកបម្រើត្រូវបានថ្វាយទៅចំពោះព្រះដោយការអធិស្ឋាន និងការតម (១:២៤-២៥, ៦:៦, ១០:៩-១៦, ១៣:២-៣)។  

រួច​នាំ​គ្នា​ដើរ​កាត់​ស្រុក​ពីស៊ីឌា​ទៅ រហូត​ដល់​ស្រុក​ប៉ាម‌ភីលា ក្រោយ​ដែល​អធិប្បាយ​តាម​ព្រះ‌បន្ទូល នៅ​ក្រុង​ពើកា​រួច​ហើយ នោះ​ក៏​ចុះ​ទៅ​ឯ​អាតាលា ក៏​ចុះ​សំពៅ​ពី​ទី​នោះ ត្រឡប់​ទៅ​ឯ​អាន់‌ទី‌យ៉ូក​វិញ ជា​កន្លែង​ដែល​គេ​បាន​ទុក​ដាក់​អ្នក​ទាំង​២ ក្នុង​ព្រះ‌គុណ​នៃ​ព្រះ សំរាប់​ការ​ដែល​ទើប​នឹង​ធ្វើ​សំរេច

 

១៤:២៤-២៦ ពួកបេសកជនបានដើរចំងាយ​២៨០ គីឡូម៉ែត្រ ពីស្រុកពីស៊ីឌាដល់ស្រុកអាតាលា ហើយបន្ទាប់មកក៏ចុះសំពៅទៅកាន់អាន់ទីយ៉ូក ជាការធ្វើដំណើរចំងាយប្រមាណជាង ៤៨០គីឡូម៉ែត្រ។ ពួកគាត់បានបំពេញបេសកកម្មរបស់ពួកគាត់ដោយស្មោះត្រង់។ ដូច្នេះហើយ ពួកគាត់បានវិលត្រឡប់ ទៅកាន់ពួកជំនុំដែលបានចាត់ពួកគាត់ឲ្យចេញទៅធ្វើកិច្ចការនេះ។ 

 

​ការប្រកាសដំណឹងល្អគឺជា “កិច្ចការ” ​ដោយព្រោះតែការនោះទាមទារការប្រព្រឹត្តដូចជាការដើរ ប្រកាសដំណឹងល្អ បង្រៀន ហើយទ្រាំទ្រចំពោះ ការទាស់ទទឹង។ ​ប៉ុន្តែកិច្ចការនោះគឺត្រូវបានធ្វើឡើង ដោយសារ “ព្រះគុណនៃព្រះជាម្ចាស់”​​​ ដោយព្រោះតែ កិច្ចការនេះគឺត្រូវបានដឹកនាំដោយសារព្រះវិញ្ញាណ នៃព្រះ។ ​នៅក្នុងការធ្វើដំណើរបេសកកម្មនេះ យើងបានឃើញថាព្រះវិញ្ញាណបរិសុទ្ធចាត់ឲ្យទៅ បំពាក់បំប៉ន ចំរើនកំឡាំងហើយការពារបេសកជន ដែលប្រកាសព្រះបន្ទូលនៃព្រះ។ ​គ្រាដែលពួកគេធ្វើដូច្នេះ ព្រះវិញ្ញាណបរិសុទ្ធដឹកនាំមនុស្សឲ្យបានធ្វើការប្រែចិត្ត និងមានសេចក្តីជំនឿលើព្រះយេស៊ូវ។ ​ដូច្នេះហើយ ការផ្លាស់ប្រែរបស់សាសន៍យូដា និងសាសន៍ដទៃ ហើយនឹងការតាំងឲ្យមានពួកជំនុំណាមួយ នៅក្នុងទីក្រុង និមួយៗនោះគឺជាលទ្ធផលនៃព្រះគុណនៃព្រះ។  

លុះ​ដល់​ហើយ ក៏​ប្រមូល​ពួក​ជំនុំ​មក ថ្លែង​ប្រាប់​ពី​ការ​ដែល​ព្រះ​បាន​ធ្វើ​ដោយ‌សារ​ខ្លួន ហើយ​ពី​ទ្រង់​បាន​បើក​ទ្វារ​នៃ​សេចក្ដី​ជំនឿ​ដល់​សាសន៍​ដទៃ​ដែរ រួច​ក៏​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​សិស្ស​ជា​យូរ​ក្រែល។ 

 

១៤:២៧-២៨ ​​ពួកជំនុំនៅអាន់ទីយ៉ូកបានទុក​ដាក់​លោកប៉ុល និងបាណាបាសក្នុងព្រះគុណនៃព្រះ សម្រាប់កិច្ចការនេះជិតពីរឆ្នាំមុន (១៣:២-៤, ខ២៦)។  ពេលនេះ បេសកចនបានវិលត្រឡប់មករាយរាប់ ពីអ្វីដែលព្រះបានធ្វើដោយសារដៃពួកគេដល់ពួកជំនុំវិញ។ ​គ្រប់ទាំងកិច្ចការដែលពួកគេបានសម្រេចគឺ ដោយសារតែព្រះជាម្ចាស់ទ្រង់ធ្វើការនៅក្នុងបេសកម្មរបស់ពួកគាត់។ ព្រះបានធ្វើការ​ “ជាមួយពួកគាត់” ប៉ុន្តែព្រះអង្គគឺជាព្រះដែលបានធ្វើការនេះ។ ​ព្រះគុណត្រូវបានប្រទានមកពីទ្រង់ ដូច្នេះហើយសិរីល្អត្រូវតែ ថ្វាយដល់ព្រះអង្គ។ ​ ​ 

 

  • ព្រះធ្វើឲ្យមនុស្សជឿលើដំណឹងល្អ រួមទាំងលោកស៊ើគាស-ប៉ូលូស (១៣:១២) ពួកសាសន៍ដទៃដែលនៅក្នុងសាលាប្រជុំនៅក្នុងក្រុងអាន់ទីយ៉ូក ស្រុកពីស៊ីឌា (១៣:៤៨)  ពួកសាសន៍យូដានិងសាសន៍ក្រិចដែលនៅក្នុងស្រុកអ៊ីកូនាម (១៤:១) ហើយនឹងសិស្សជាច្រើន ផ្សេងទៀតនៅក្នុងស្រុកឌើបេ (១៤:២១)។ 

  • ព្រះបានធ្វើឲ្យលោកប៉ុល និងបាណាបាសអាចធ្វើការអស្ចារ្យបាន រួមទាំងបានធ្វើឲ្យអេលីម៉ាស ខ្វាក់ភ្នែក (១៣:៨-១១) ធ្វើទីសំគាល់និងការអស្ចារ្យនៅក្នុងស្រុកអ៊ីកូនាម (១៤:៣) ហើយប្រោស មនុស្សម្នាក់ឲ្យបានជានៅក្នុងក្រុងលីស្រ្តា​ដែលមិនធ្លាប់បានដើរពីមុនមកសោះ (១៤:៨-១០)។ ​​

  • ព្រះបានការពារបេសកជននៅក្នុងស្ថានភាពដែលមានគ្រោះថ្នាក់ រួមទាំងការពារពួកគេពី ឧបាយកល “ការអាក្រក់និងការដែលចោលពួកគេនឹងថ្ម” នៅក្នុងស្រុកអ៊ីកូនាម (១៤:៥-៦) ហើយបានសង្រ្គោះជីវិតលោកប៉ុលពីការចោល នឹងថ្មនៅក្នុងក្រុងលីស្រ្តា (១៤:១៩)។ ​

 

នៅក្នុងការធ្វើដំណើរបេសកម្មនេះ ព្រះបាន​ “បើកចំហទ្វារនៃសេចក្តីជំនឿដល់សាសន៍ដទៃ”។  ពួកបេសកជនបាននាំយកដំណឹងល្អទៅក្នុងគីប្រុសនិងក្រុងកាឡាទី (១៣:១-១៤:២៧) ហើយពួកជំនុំ ជាច្រើនត្រូវបានតាំងឡើងនៅក្នុងទីក្រុងទាំងបួន (អាន់ទីយ៉ូកស្រុកពីស៊ីឌា អ៊ីកូនាម លីស្រ្តា និងក្រុងឌើបេ)។  ​ការធ្វើដំណើរបេសកម្មនេះជាជំហានដ៏សំខាន់សម្រាប់ការរីកចំរើននៃដំណឹងល្អដល់ជាតិសាសន៍ជាច្រើន។ 

 

ការណែនាំ
ជំពូក ១៤
bottom of page