top of page

មាន​មនុស្ស​ខ្លះ​ចុះ​ពី​ស្រុក​យូដា មក​បង្រៀន​ដល់​ពួក​ជំនុំ​ថា បើ​មិន​បាន​កាត់​ស្បែក តាម​ទំលាប់​របស់​លោក​ម៉ូសេ នោះ​ពុំ​អាច​នឹង​បាន​សង្គ្រោះ​ឡើយ

 

១៥:១ លោកប៉ុល និងបាណាបាសបានសម្រេចការធ្វើដំណើរបេសកម្មដំបូងរបស់ពួកគាត់ ដែលព្រះបាន “បើកចំហទ្វារនៃសេចក្តីជំនឿដល់ពួកសាសន៍ដទៃ” (១៤:២៧)។ ពួកគាត់បានតាំងពួកជំនុំជាច្រើនឡើង ដែលមានពួកអ្នកជឿភាគច្រើនជាសាសន៍ដទៃ។ យ៉ាងណាម៉ិញ នៅពេលដែលដំណឹងពីបេសកម្មរបស់ ពួកគាត់ត្រូវបានប្រាប់សុះសាយដល់ក្រុងយេរូសាឡិមនោះ មានពួកគ្រីស្ទានសាសន៍យូដាខ្លះព្រួយបារម្ភ អំពីការនោះ។ ​

 

មនុស្សទាំងនេះ ដែលបានមកដល់ក្រុងអាន់ទីយ៉ូកពីស្រុកយូដា ជាពួកគ្រីស្ទានជាសាសន៍យូដាដែលជឿថា គ្មានសេចក្តីសង្រ្គោះសម្រាប់អ្នកណាក្រៅពីមនុស្សដែលនៅក្នុងជាតិសាសន៍អ៊ីស្រាអែលនោះឡើយ។ ​ការដែលធ្វើជាផ្នែកមួយនៃសាសន៍អ៊ីស្រាអែលនោះ មនុស្សម្នាក់ត្រូវតែទទួលការកាត់ស្បែកដោយព្រោះតែ នេះជាទីសំគាល់ពីសេចក្តីសញ្ញារវាងព្រះជាមួយនឹងលោកអ័ប្រាហាំ (លោកុប្បត្តិ ១៧:១-១៤)។ ដូច្នេះហើយ ពួកគេបានគិតថាពួកគ្រីស្ទានសាសន៍ដទៃ ត្រូវតែប្រែក្លាយជាសាសន៍យូដាដោយការទទួល កាត់ស្បែកដើម្បីឲ្យបានសេចក្តីសង្រ្គោះ។ ​យ៉ាងណាម៉ិញ សូមចំណាំថាគ្រីស្ទានសាសន៍យូដាបានទៅ អាន់ទីយ៉ូកដោយមិនមានការណែននាំឬមិនបានទទួលអំណាចពីអ្នកដឹកនាំពួកជំនុំនៅក្នុងក្រុងយេរូសាឡិម (ខ២៤)។  

 

ដូច្នេះ កាល​ប៉ុល នឹង​បា‌ណា‌បាស​បាន​ជជែក​នឹង​គេ ហើយ​មាន​សេចក្ដី​ដេញ‌ដោល​គ្នា​ជា​ខ្លាំង​រួច​ហើយ នោះ​ពួក​ជំនុំ​បាន​ដំរូវ​ឲ្យ​ប៉ុល នឹង​បា‌ណា‌បាស ព្រម​ទាំង​អ្នក​ខ្លះ​ទៀត​ក្នុង​ពួក​គេ ឡើង​ទៅ​ឯ​ពួក​សាវក នឹង​ពួក​ចាស់‌ទុំ នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​សួរ​បញ្ជាក់​ពី​ដំណើរ​នោះ

 

១៥:២ លោកប៉ុលនិងបាណាបាសបានទាស់ជាមួយនឹងមនុស្សទាំងនេះដោយព្រោះតែពួកគេដឹងថា សេចក្តីសង្រ្គោះបានមកដោយសារព្រះគុណតាមរយៈសេចក្តីជំនឿលើព្រះយេស៊ូវ មិនមែនជាការប្រព្រឹត្ត របស់មនុស្សនោះឡើយ (រួមទាំងការកាត់ស្បែក)។ ​ពួកជំនុំនៅអាន់ទីយ៉ូកបានចាត់លោកប៉ុល និងបាណាបាស ហើយនឹងសមាជិកពួកជំនុំផ្សេងទៀតទៅក្រុងយេរូសាឡិមដើម្បីពិភាក្សាពីបញ្ហានេះ ជាមួយនឹងពួកសាវ័កនិងពួកចាស់ទុំ។ ​

 

ដូច្នេះ ពួក​ជំនុំ​ក៏​ចេញ​ជូន​ដំណើរ​អ្នក​ទាំង​នោះ​ទៅ រួច​គេ​ដើរ​កាត់​ស្រុក​ភេនីស នឹង​ស្រុក​សាម៉ារី ទាំង​ថ្លែង​ប្រាប់​ពី​រឿង​ដែល​សាសន៍​ដទៃ​បាន​ប្រែ​ចិត្ត​ជឿ គេ​ក៏​នាំ​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង

 

​១៥:៣ ការធ្វើដំណើរពីអាន់ទីយ៉ូកទៅកាន់ស្រុកស៊ីរីទៅកាន់ក្រុងយេរូសាឡិមមានចំងាយប្រមាណជាង ៤៨០ គីឡូម៉ែត្រ។ ​លោកប៉ុលនិងបាណាបាសបានប្រើការធ្វើដំណើរនេះជាឳកាសនៅក្នុងការសួរសុខទុក្ខ ដល់ពួកជំនុំជាច្រើនតាមផ្លូវធ្វើដំណើរហើយប្រាប់ពួកគេពីការដែលព្រះបាននាំឲ្យមានសាសន៍ដទៃជាច្រើន បានធ្វើការប្រែចិត្ត មានសេចក្តីជំនឿ និងទទួលបានសេចក្តីសង្រ្គោះ។ ​ពួកជំនុំទាំងនេះនៅក្នុងស្រុក សាម៉ារី និងស្រុកភីនិចដែលត្រូវបានតាំងឡើងដោយពួកសាសន៍យូដា ហេលេន ក្រោយការស្លាប់របស់លោក ស្ទេផាន (៨:៥-២៥, ១១:១៩) ​ហើយពួកគេមានសេចក្តីអំណរពីដំណឹងនៃការផ្លាស់ប្រែរបស់សាសន៍ដទៃ ជាច្រើន។  

 

លុះ​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​ពួក​ជំនុំ ពួក​សាវក នឹង​ពួក​ចាស់‌ទុំ​ក៏​រាក់‌ទាក់​ទទួល​គេ រួច​គេ​ថ្លែង​ប្រាប់​ពី​គ្រប់​ការ​ទាំង​អស់ ដែល​ព្រះ​បាន​ធ្វើ​ដោយ‌សារ​ខ្លួន

 

១៥:៤ ​នៅពេលដែលលោកប៉ុល និងបាណាបាសបានទៅដល់ក្រុងយេរូសាឡិម ពួកគាត់ត្រូវបានទទួល រាក់ទាក់ដោយពួកសាវ័កនិងពួកចាស់ទុំ។ ​ពួកគាត់បានរាយរាប់ពីគ្រប់យ៉ាងដែលព្រះបានធ្វើដោយសារ ពួកគាត់នៅក្នុងការធ្វើដំណើរបេសកម្មរបស់ពួកគាត់។ លោកប៉ុល និងបាណាបាសបានបញ្ជាក់យ៉ាងច្បាស់ ថា ការផ្លាស់ប្រែរបស់ពួកសាសន៍ដទៃ និងការតាំងឡើងនៃពួកជំនុំជាច្រើន ត្រូវបានសម្រេចដោយសារព្រះ ដែលទ្រង់បាន​ធ្វើ​ការនោះតាមរយៈពួកគាត់។ ព្រះបានធ្វើការនៅក្នុងការប្រកាសដំណឹងល្អ និងការបង្ហាត់ បង្រៀនរបស់ពួកគាត់ដើម្បីសម្រេចតាមបំណងព្រះទ័យទ្រង់ (១៤:២៧)។ ​

នោះ​មាន​អ្នក​ខ្លះ​ក្នុង​ពួក​ផារិស៊ី​ដែល​ជឿ គេ​ឈរ​ឡើង​និយាយ​ថា ត្រូវ​តែ​កាត់​ស្បែក​ឲ្យ​ពួក​សាសន៍​ដទៃ​នោះ ហើយ​បង្គាប់​ឲ្យ​កាន់​តាម​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ដែរ។ 

 

១៥:៥ នៅក្នុងដំណឹងល្អទាំងបួន យើងបានអានថាពួកផារិស៊ីទាស់ជាមួយនឹងព្រះយេស៊ូវ។ ​យ៉ាងណាម៉ិញ វាមិនមែនជាការភ្ញាក់ផ្អើលទេ សម្រាប់ពួកគាត់មួយចំនួន (ដូចជាលោកប៉ុល) បានប្រែក្លាយជាគ្រីស្ទាន។ ពួកផារិស៊ីបានស្គាល់ពីបទគម្ពីរយ៉ាងល្អ ហើយពួកគេបានជឿលើការរស់ពីស្លាប់ឡើងវិញ ហើយពួកគេ បានដឹងថាសេចក្តីទំនាយពីការយាងមករបស់ព្រះមែស្ស៊ីដែរ។ យ៉ាងណាម៉ិញ ពួកផារិស៊ីត្រូវបានបង្ហាត់ បង្រៀនឲ្យបានស្តាប់តាមក្រិត្យវិន័យលោកម៉ូសេក្នុងចំនុចលំអិតដ៏តូចៗបំផុត។ ​ហេតុនេះហើយបានជា ពួកគេបានគិតថា ពួកសាសន៍ដទៃត្រូវតែកាន់តាមក្រិត្យវិន័យដើម្បីឲ្យបានត្រឡប់ជា ផ្នែកនៃសេចក្តីសញ្ញា រវាងព្រះជាម្ចាស់ជាមួយនឹងអ៊ីស្រាអែល។ ​

 

ពួក​សាវក នឹង​ពួក​ចាស់‌ទុំ ក៏​ប្រជុំ​គ្នា​ប្រឹក្សា​ពី​ដំណើរ​នោះ

 

១៥:៦ តើមនុស្សម្នាក់អាចទទួលបានសេចក្តីសង្រ្គោះដោយរបៀបណា? តើដោយសារតែសេចក្តីជំនឿតែ    ម៉្យាង ឬក៏ដោយសារសេចក្តីជំនឿនិងការប្រព្រឹត្ត? តើកិច្ចការរបស់ព្រះយេស៊ូវ មានតម្លៃគ្រប់គ្រាន់នៅក្នុង ការសង្រ្គោះអ្នកដែលជឿម្នាក់បានឬត្រូវតែយើងបន្ថែមការប្រព្រឹត្តរបស់យើងទៅក្នុងកិច្ចការរបស់ព្រះយេស៊ូវដើម្បីឲ្យទទួលបានសេចក្តីសង្រ្គោះ? ចំនុចទាំងនេះសុទ្ធតែជាបញ្ហាដែលពួកសាវ័ក ហើយនឹងពួកចាស់ទុំ បានប្រជុំគ្នាប្រឹក្សា។ ​

 

លុះ​បាន​ជជែក​គ្នា​ជា​យូរ​ទៅ នោះ​ពេត្រុស​ក្រោក​ឡើង​និយាយ​ថា បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា កាល​ពី​ដើម ព្រះ​បាន​រើស​ក្នុង​ពួក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ឮ​ព្រះ‌បន្ទូល​នៃ​ដំណឹង​ល្អ ហើយ​ឲ្យ​បាន​ជឿ​ដោយ‌សារ​មាត់​ខ្ញុំ

 

១៥:៧ លុះ​បាន​ជជែក​គ្នា​ជា​យូរ​ទៅ លោកពេត្រុសបាននិយាយពីរបៀបដែលព្រះបានសង្រ្គោះ ពួកសាសន៍ដទៃ “កាល​ពី​ដើម”។  គាត់សំដៅលើសេចក្តីសង្រ្គោះរបស់លោកកូនេលាស ហើយនឹង ពួកអ្នកផ្ទះរបស់គាត់ដែលបានកើតមានឡើងកាលពីដប់ឆ្នាំមុន (១០:៤៤-៤៨,១១:១៧-១៨)។ ព្រះបានចាត់លោកពេត្រុសឲ្យទៅឯពួកសាសន៍​ដ​ទៃទាំ​ង​នេះ​ហើយពួកគាត់បានទទួលសេចក្តីសង្រ្គោះនៅ ពេលដែលឮដំណឹងល្អហើយបានទទួលជឿ នោះគឺជាការ​ដែ​ល​ពួក​គា​ត់​បា​ន​ទទួ​ល​​ស្គា​​ល់ថា​ដំ​ណឹង​ល្អ​គឺ​ជា​ សេច​ក្តី​ពិត ហើ​យពួកគាត់បានធ្វើ​កា​រ​ប្តេ​ជ្ញា​ខ្លួន​ឯងចំពោះព្រះយេស៊ូវថាទ្រង់ជា​ព្រះ​អ​ម្ចាស់ ​ហើយជា ព្រះអង្គសង្រ្គោះរបស់ពួកគាត់។ 

 

ការដែលទទួលជឿតាមដំណឹងល្អដែលបានបណ្តាលឲ្យសាសន៍ដទៃទាំងនេះបានទទួលសេចក្តីសង្រ្គោះ។ មិនមែនជាការដែលកាត់ស្បែកឬការកាន់តាមក្រឹត្យវិន័យនោះឡើយ (ដែលពួកគេមិនបានធ្វើ) ឬការដែល កាន់តាមទំនៀមទម្លាប់ ឬពិធីសាសនា ឬកិច្ចការរបស់មនុស្សណាមួយនោះឡើយ។ ដំណឹងល្អដែលលោក ពេត្រុសបាន ប្រកាសទៅកាន់លោកកូនេលាស និងអ្នកផ្ទះរបស់គាត់តាំងប៉ុន្មាន នោះគឺជាការអត់ទោសឲ្យ រួចពីបាប ដោយសារសេចក្តីជំនឿលើព្រះយេស៊ូវ (១០:៤៣) ហើយពេលដែលពួកគេទទួលជឿការនេះ ពួកគេបានទទួលអំណោយទានជា​ព្រះវិ​ញ្ញាណ​បរិសុទ្ធ (១១:១៥-១៧) ហើយនឹងជីវិតអស់កល្បជានិច្ច (១១:១៨)។ 

 

នោះ​ព្រះ​ដ៏​ជ្រាប​នូវ​ចិត្ត​មនុស្ស​ទាំង‌ឡាយ ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​គេ ដោយ​ទ្រង់​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ​ដល់​គេ ដូច​ជា​ដល់​យើង​រាល់​គ្នា​ដែរ 9ទ្រង់​មិន​បាន​រាប់​ពួក​យើង នឹង​ពួក​គេ​ខុស​ពី​គ្នា​ទេ គឺ​បាន​សំអាត​ចិត្ត​គេ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដែរ

 

១៥:៨-៩ “ព្រះ​ដ៏​ជ្រាបនូវចិត្តមនុស្សទាំងឡាយ” ហើយព្រះអង្គបានបញ្ជាក់ថាពួកសាសន៍ដទៃដែលនៅផ្ទះ លោកកូនេលាសពិតជាបានប្រែក្លាយជាប្រជារាស្រ្តរបស់ព្រះអង្គដោយការប្រទានព្រះវិញ្ញាណប​រិសុទ្ធដល់ពួកគេ ដូចដែលព្រះអង្គបានប្រទាន​ដល់ពួកសាសន៍​យូដានៅក្នុងថ្ងៃបុណ្យទី៥០ (១៥:៨) ដែរ។ ព្រះបានទទួលពួកសាសន៍ដទៃដោយគេមិនបានទទួលការកាត់ស្បែកឬកាន់តាមក្រឹត្យវិន័យលោកម៉ូសេនោះឡើយដោយព្រោះតែព្រះទ្រង់តែងតែសង្រ្គោះដល់មនុស្សទាំងអស់ដោយសារដំណឹងល្អ មិនមែនដោយ ការប្រព្រឹត្តរបស់មនុស្សនោះឡើយ។ ​

 

មនុស្សទទួលបានសេចក្តីសង្រ្គោះដោយសារសេចក្តីជំនឿលើព្រះជាម្ចាស់ ហើយពួកគេក៏ត្រូវបានសំអាត ដោយសារសេចក្តីជំនឿលើព្រះដែរ។ ព្រះ “សំអាតចិត្តគេ ដោយសារសេចក្តីជំនឿ​ជឿ​”​ មិនមែន ​ដោយ​ការកាន់តាមក្រឹត្យវិន័យនោះឡើយ។ ​នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គ្រប់ទាំងពិ​ធីបុ​ណ្យទាំ​ង​ប៉ុ​ន្មាន ​ដែល​មាន​នៅក្នុង ក្រឹត្យវិន័យលោកម៉ូសេ មិនអាចនឹងសំអាតចិត្តបា​នឡើ​យ។ ​​ប៉ុន្តែ​តាមសេចក្ដីសញ្ញាថ្មី ​ដែល​ព្រះ​យេស៊ូវ បានតាំងឡើងដោយសារព្រះលោហិតរបស់ព្រះអង្គនោះ ចិត្ត​មនុស្សត្រូវបានសំអាត ​ហើយ​បា​ន​ធ្វើឲ្យ​ថ្មីឡើងដោយព្រះ (អេសេគាល ៣៦:២៦)។ 

 

ចុះ​ហេតុ​អ្វី​បាន​ជា​ល្បង​ព្រះ ដោយ​បំពាក់​នឹម​នៅ​ក​ពួក​សិស្ស​ដូច្នេះ ដែល​ទោះ​ទាំង​ពួក​ឰយុកោ​យើង ឬ​យើង​រាល់​គ្នា​ក៏​ពុំ​អាច​នឹង​ទ្រ‌ទ្រាំ​បាន​ផង

 

១៥:១០ ព្រះបានបង្ហាញរួចហើយថាព្រះទ្រង់ទទួលយកពួកសាសន៍ដទៃគឺដោយអាងលើសេចក្តីជំនឿ ហើយថាព្រះអង្គបានសំអាតចិត្តគេដើម្បីឲ្យគេបានស្គាល់ទ្រង់ ហើយនឹងបានស្រឡាញ់ដែរ។ ដូច្នេះហើយ ពេលនេះការដែលពួកសាសន៍យូដាបន្ថែមនូវការទាមទារលើពួកសាសាន៍ដទៃនោះគឺប្រៀបបានដូចជា ការល្បងលព្រះជាម្ចាស់ឬជាការសង្ស័យចំពោះការសម្រេចព្រះទ័យរបស់ព្រះអង្គនៅក្នុងការទទួលយកពួកគេហើយ។ ​

 

ពួកសាសន៍យូដាបានប្រើពាក្យថា “នឹម” សំដៅទៅលើក្រឹត្យវិន័យលោកម៉ូសេ។ ក្រឹត្យវិន័យគឺល្អ ហើយ ​សុចរិត​ព្រម​ទាំ​ងបរិសុទ្ធ (រ៉ូម ៧:១២) ដោយព្រោះតែជាការឆ្លុះបញ្ចាំងពីលក្ខណៈរបស់ព្រះ ហើយប្រទានឲ្យ មនុស្សនូវកម្រិតដ៏ច្បាស់លាស់ពីការត្រូវហើយនឹងខុស។ យ៉ាងណាម៉ិញ ការនេះមិនមែនជារបៀប ដែលអាចនឹងសម្រេចសេចក្តីសង្រ្គោះ​នោះឡើយដោយព្រោះតែគ្មានអ្នកណាម្នាក់ (លើកតែព្រះយេស៊ូវ) ដែលបាន​កាន់​​តាមក្រឹត្យវិន័យបានទាំងអស់នោះឡើយ។

នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ​យើងបានឃើញ​ពីរបៀប​ដែល​អ៊ីស្រាអែលនៅតែបន្តក្នុងការប្រព្រឹត្តអំពើបាប ហើយតែងតែបរាជ័យក្នុងការកាន់តាមក្រឹត្យវិន័យ។ ពេលនេះ ពួកផារិស៊ីចង់ឲ្យពួកសាសន៍ដទៃទទួល នឹមមួយនេះដែលពួកសាសន៍យូដា មិនអាចនឹងទ្រាំទ្របានទាល់តែសោះ។ អ្វីដែលជាចំនុចសំខាន់នោះ គឺមិនមែនជាក្រឹត្យវិន័យដែលជាបន្ទុក​នោះឡើយ ប៉ុន្តែគឺជាថាពួកសាសន៍យូដាដែលមិនអាចទទួលបានសេចក្តីសង្រ្គោះដោយសារក្រឹត្យវិន័យនោះទៅវិញទេ។ ពួកគ្រីស្ទានសាសន៍យូដាបានដឹងថា ពួកគេទទួលបានសេចក្តីសង្រ្គោះដោយសារសេចក្តីជំនឿលើព្រះព្រះយេស៊ូវ មិនមែនដោយការកាន់ តាមក្រឹត្យវិន័យនោះឡើយ ដូច្នេះហើយបានជាពួកគេមិនគួររំពឹងថា ពួកសាសន៍ដទៃព្យាយាមទទួលបាន សេចក្តីសង្រ្គោះដោយការកាន់តាមក្រឹត្យវិន័យនោះឡើយ។

 

ក្រឹត្យវិន័យមិនត្រូវបានប្រទានមកដើម្បីបង្ហាញដល់មនុស្សពី​របៀប​គេអាចនឹងសង្រ្គោះខ្លួនគេបាននោះឡើយ ប៉ុន្តែ​ដើម្បី​បង្ហាញ​ពួកគេ​ថា​ពួកគេ​ត្រូវ​ការ​ការ​សង្គ្រោះ។ គោល​បំណង​នៃ​ក្រិត្យ​វិន័យ​គឺ​ដើម្បីបង្ហាញពី កម្រិតនៃសេចក្តីសុចរិតនៃព្រះទៅវិញទេ ដើម្បីឲ្យយើងអាចមើលឃើញថា យើងទាំងអស់គ្នាគឺខ្វះមិន ដល់កម្រិតនោះហើយក៏ជាមនុស្សមានបាប (សូមនឹកចាំថាការដែលធ្វើ “បាប” មានន័យថា ”ខ្វះមិនដល់”)។ នៅពេលដែលយើងទទួលស្គាល់ថាយើងជាមនុស្សមានបាប នោះយើងនឹង បានយល់ថាហេតុអ្វីបានជាយើងត្រូវការ ការអត់ទោសដែលព្រះយេស៊ូវបានទានឲ្យជាមិនបាន។ នេះជា របៀបដែលក្រឹត្យវិន័យដឹកនាំមនុស្សម្នាក់ឲ្យបានមកឯព្រះយេស៊ូវ ដើម្បីឲ្យបានទទួលសេចក្តីសង្រ្គោះពី ព្រះអង្គ (កាឡាទី ៣:២៤-២៥)។ 

 

ក្រឹត្យវិន័យបង្ហាញយើងទាំងអស់គ្នាថាយើងជាមនុស្សមានបាបដែលត្រូវការការអត់ទោសបាប។ ដំណឹងល្អប្រាប់យើងទាំងអស់គ្នាពីរបៀបដែលមនុស្សមានបាបអាចទទួលបានការអត់ទោស។ នៅពេលដែលមនុស្សម្នាក់ទទួលដំណឹងល្អដោយសេចក្តីជំនឿនោះ នឹងបានសង្រ្គោះជាមិនខាន ហើយ ក្រឹត្យវិន័យបានត្រូវសម្រេចគោលដៅនៅក្នុងជីវិតរបស់គាត់ហើយ។ ចាប់ពីពេលនោះទៅមុខ គ្រីស្ទានមិនមែនរស់នៅដោយអាងក្រឹត្យវិន័យនោះឡើយ ប៉ុន្តែដោយសារសេចក្តីជំនឿលើព្រះគ្រីស្ទវិញ។ 

 

យើង​ជឿ​ថា បាន​សង្គ្រោះ​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដូច​ជា​គេ​ដែរ

 

១៥:១១ មានផ្លូវតែមួយប៉ុណ្ណោះនៅក្នុងការទទួលបានសេចក្តីសង្រ្គោះ គឺ “ដោយសារព្រះគុណ​នៃ ព្រះ​យេ​ស៊ូវ​ជាព្រះអម្ចាស់នៃយើង”។  គ្មានការបែងចែកនោះឡើយមិនថាមនុស្សម្នាក់នោះ​ជាសាសន៍យូដា​ ឬជា​សាសន៍​ដទៃ។ ​លោកពេត្រុសបានបញ្ជាក់យ៉ាង​ច្បាស់ថា ពួកសាសន៍យូដាទទួលបានសេចក្តី​សង្រ្គោះ ​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដូចជាពួកសាសន៍ដទៃដែលទទួលបានដូចគ្នាដែរ។

 

តើមានន័យយ៉ាងដូចម្តេចនៅក្នុងការដែលថា “ទទួលបានសេចក្តីសង្រ្គោះដោយសារព្រះគុណ”?​​ ពាក្យថា “ព្រះគុណ” បង្ហាញថាសេចក្តីសង្រ្គោះគឺជាអំណោយទាននៃព្រះ មិនមែនជាការដែលមនុស្សអាចសម្រេច បាននោះឡើយ។  ​ការដែល “បានសង្រ្គោះដោយសារព្រះគុណ” មានន័យថា គឺដោយសារគុណរបស់ទ្រង់ (នោះគឺជា ​សេចក្តីសប្បុរសនៃទ្រង់ សេចក្តីយុត្តិធម៌នៃទ្រង់ សេចក្តីស្រឡាញ់នៃទ្រង់ ការអត់ទោសរបស់ ទ្រ់ង សេចក្តីល្អនៃទ្រង់ ហើយនឹងកិច្ចការរបស់ទ្រង់)   ដែលយើងទាំងអស់គ្នាទទួលបានសេចក្តីសង្រ្គោះ។  ដូច្នេះហើយ គឺជាលក្ខណៈហើយនឹងកិច្ចការនៃព្រះដែលជួយសង្រ្គោះយើង មិនមែនជាលក្ខណៈ និងកិច្ចការរបស់យើងនោះឡើយ។  ​ព្រះគុណនេះត្រូវបានបង្ហាញដោយសារការរស់នៅ ការសុគត និងការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ។  ​ព្រះអង្គបានទទួលរង ការដាក់ទោសនៃអំពើបាបរបស់យើង ហើយបានប្រទាននូវការអស់ទោស ការប្រោសលោះ សេចក្តីសង្រ្គោះ និងជីវិតអស់កល្បជានិច្ចដល់អស់អ្នកណាដែលទុកចិត្តលើព្រះអង្គ។    

 

ឯ​ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​នៅ​ស្ងៀម​ស្តាប់​បា‌ណា‌បាស នឹង​ប៉ុល ដែល​គេ​រ៉ាយ​រឿង​ប្រាប់​ពី​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ​បាន​ធ្វើ​ក្នុង​ពួក​សាសន៍​ដទៃ ដោយ‌សារ​ខ្លួន

 

១៥:១២ លោកប៉ុល នឹងបាណាបាសបានប្រាប់ដល់ពួកអ្នកដឹកនាំអំពីការធ្វើដំណើរបេសកកម្មរបស់ពួកគាត់រួចហើយ (ខ៤)។ ​ពេលនេះ ពួកគាត់ប្រាប់ដល់អង្គ​ប្រជុំ​ទាំងមូលម្តង។ ជាថ្មីម្តងទៀត ពួកគាត់បានបញ្ជាក់យ៉ាងច្បាស់ពីអ្វីដែលព្រះជាម្ចាស់បានធ្វើតាមរយៈពួកគាត់។ ទីសំគាល់ និងការអស្ចារ្យ ដែលព្រះបានធ្វើតាមរយៈពួកគាត់នៅក្នុងចំណោមពួកសាសន៍ដទៃបានបញ្ជាក់ពីការអនុញ្ញាត្តិ របស់ព្រះអង្គនៅក្នុងបេសកកម្ម របស់ពួកគាត់ចំពោះសាសន៍ដទៃ។ 

 

កាល​ឈប់​អធិប្បាយ​ហើយ នោះ​យ៉ាកុប​ឆ្លើយ​ឡើង​ថា អ្នក​រាល់​គ្នា​ជា​បង​ប្អូន​អើយ សូម​ស្តាប់​ខ្ញុំ​សិនកាល​ឈប់​អធិប្បាយ​ហើយ នោះ​យ៉ាកុប​ឆ្លើយ​ឡើង​ថា អ្នក​រាល់​គ្នា​ជា​បង​ប្អូន​អើយ សូម​ស្តាប់​ខ្ញុំ​សិន

 

១៥:១៣ ​សុន្ទរកថាសំខាន់ទាំងពីរនៅក្នុងការប្រជុំនេះគឺត្រូវបាន​ធ្វើ​ឡើង​ដោយលោកពេត្រុស និងយ៉ាកុប។ លោកពេត្រុសបានតំណាងឲ្យពួកសាវ័ក លោកយ៉ាកុប (ជាប្អូនរួមផ្ទៃរបស់ព្រះយេស៊ូវ) ជាតំណាងឲ្យពួកចាស់ទុំ។ ពួកសាវ័កនិងពួកចាស់ទុំគឺជាពួកអ្នកដឹកនាំនៅក្នុងពួកជំនុំ។ 

 

ស៊ីម៉ូន​បាន​ថ្លែង​ប្រាប់​ពី​បែប​យ៉ាង​ណា ដែល​ព្រះ‌ទ្រង់​ប្រោស​ដល់​ពួក​សាសន៍​ដទៃ​ជា​មុន​ដំបូង ដើម្បី​រើស​យក​រាស្ត្រ​១​ពួក​ពី​គេ ទុក​សំរាប់​ព្រះ‌នាម​ទ្រង់

 

១៥:១៤ នៅពេលដែលលោកកូនេលាសហើយនឹងអ្នកផ្ទះរបស់គាត់បានជឿលើដំណឹងល្អហើយទទួល ព្រះវិញ្ញាណបរិសុទ្ធនោះ ការនោះបង្ហាញថាព្រះទ្រង់បានរើស​យកមនុស្សទាំងនោះឲ្យបានប្រែក្លាយជា ”រាស្រ្ត” របស់​ព្រះ​អង្គ ​(λαός)។ ​នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ចំនុចដែលថា λαός សំដៅលើអ៊ីស្រាអែល (ដែលជា ប្រ​ជា​រាស្រ្ត​របស់ព្រះ)។ “ជាតិសាសន៍ជាច្រើន” ឬ “ពួកសាសន៍ដទៃ” (ἐθνῶν) ជាពាក្យ​ ដែលផ្ទុយពី ពាក្យថា “រាស្រ្ត” (λαός)។ ឧទាហរណ៏ដូចជា ​លោកម៉ូសេបាន​និយាយទៅកាន់ ពួកអ៊ីស្រាអែលនៅក្នុង ចោទិយកថា ១៤:២ 

 

“ដ្បិត​ឯង​ជា​សាសន៍​ (λαός) បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​ព្រះយេហូវ៉ា​ទ្រង់​បាន​រើស​ឯង ​ពី​អស់​ទាំង​សាសន៍​ (ἐθνῶν) ដែល​នៅ​ផែនដី ទុក​ជា​សាសន៍​ (λαός) របស់​ផង​ទ្រង់។” 

 

នៅក្នុងគម្ពីរសញ្ញាចាស់ យើងអានថា ប្រជាជនអ៊ីស្រាអែលគឺជាសាសន៍ដែលបានជ្រើសរើសពី ជាតិសាសន៍ជាច្រើនផ្សេងទៀតដើម្បីឲ្យបានធ្វើជាសាសន៍ (រាស្រ្ត) របស់ព្រះ។ ប៉ុន្តែពេលនេះ លោកយ៉ាកុបបានប្រកាសយ៉ាងច្បាស់ថា ព្រះបានរើសយករាស្រ្ត១​ពួក​ពីសាសន៍ជាច្រើន សម្រាប់ព្រះនាមព្រះអង្គ។ ការនេះមានន័យថាពួកសាសន៍ដទៃអាចធ្វើជា រាស្រ្តរបស់ផង ព្រះ (λαός) យ៉ាងពេញលក្ខណៈដូចជាពួកអ៊ីស្រាអែលដែរ។ ដូច្នេះហើយ ដើម្បីឲ្យបានធ្វើ ជា “រាស្រ្តរបស់ព្រះ” (λαός) មិនមែនដោយព្រោះតែបានកើតជាជាតិសាសន៍ណាមួយទេ ​ប៉ុន្តែគឺដោយសារតែសេចក្តីជំនឿលើ ​ព្រះយេស៊ូវគ្រីស្ទ ដែលបានសុគត រស់ពីសុគតឡើងវិញ ហើយត្រូវបានដំកើងឡើងជាព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះវិញ។

 

ហើយ​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា ក៏​ត្រូវ​នឹង​ដំណើរ​នោះ​ដែរ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ក្រោយ​នោះ អញ​នឹង​ត្រឡប់​មក លើក​ទី​លំនៅ​របស់​ហ្លួង​ដាវីឌ ដែល​រលំ​នោះ​ឡើង អញ​នឹង​សង់​ត្រង់​កន្លែង​បាក់​បែក ហើយ​ដំឡើង​ឲ្យ​ត្រង់​ឡើង​វិញ ដើម្បី​ឲ្យ​សំណល់​មនុស្ស បាន​ស្វះ‌ស្វែង​រក​ព្រះ‌អម្ចាស់ ព្រម​ទាំង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ​នោះ​ផង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​ធ្វើ​ការ​ទាំង​នោះ» គ្រប់​ការ​ដែល​ព្រះ‌ទ្រង់​ធ្វើ នោះ​ទ្រង់​បាន​ជ្រាប តាំង​ពី​អស់‌កល្ប​រៀង​មក

 

១៥:១៥-១៨ ការផ្លាស់ប្រែរបស់សាសន៍ដទៃហើយនឹងការដែលគេត្រូវបានរួមបញ្ចូលទៅក្នុងភាពជារាស្រ្ត របស់ព្រះជាម្ចាស់ត្រូវបានប្រកាសឲ្យបានដឹងនៅក្នុងសេចក្តីទំនាយដែលមាននៅក្នុងព្រះគម្ពីរអស់រយៈពេលជាយូរណាស់មកហើយ។ លោកយ៉ាកុប បានដកស្រង់ចេញពី អេម៉ុស ៩:១១-១២ ដើម្បីបង្ហាញថា ព្រះបានមានបន្ទូលថា​ព្រះ​អង្គ​នឹង​​រាប់បញ្ចូល​​ពួកសាសន៍ដទៃជារាស្រ្តរបស់ព្រះអង្គ។

នៅក្នុងសេចក្តីទំនាយនេះ ព្រះបានសន្យាថា ក្រោយពេលការ​និរទេស​ចេញ ព្រះអង្គបានដំឡើង ត្រសាលរបស់ស្តេចដាវីឌឡើងវិញ (ដែលជា នគររបស់ទ្រង់) ហើយបានសាងសង់ឡើង​វិញ​នូវ​ អ្វីដែលបានបាក់បែក។ ការតាំងឡើងវិញនៃនគរ របស់ដាវីឌបានកើតមានឡើងនៅពេលដែលព្រះគ្រីស្ទ (ដែលជាជំនួវង្សរបស់ដាវីឌ) បានតាំងនគររបស់ ព្រះអង្គឡើងដែលនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច (២ សាំយ៉ូអែល ៧:១២; កិច្ចការ ១៣:៣២-៣៤)។ ហោរាអេម៉ុសបានប្រាប់យើងទាំងអស់គ្នាថាគោលដៅ នៃការដែលតាំងរាជ្យនគររបស់ស្តេចដាវីឌឡើងវិញ (ដោយសារកិច្ចការរបស់ព្រះគ្រីស្ទ) គឺដើម្បីឲ្យពួកសាសន៍ដទៃអាចនឹងស្វែងរកព្រះយេហូវ៉ាបាន។ ​នេះជាអ្វី ដែលបានចាប់ផ្តើមកើតឡើងនៅក្នុងការធ្វើដំណើរបេសកកម្មរបស់លោកប៉ុលនិងបាណាបាស។

ចាប់តាំងពីដើមមក ពួកគ្រីស្ទានសាសន៍យូដាបានដឹងថាសេចក្តីសន្យាទាំងប៉ុន្មានដែលបានតាំងជាមួយ ស្តេចដាវីឌ ត្រូវបានម្រេចនៅក្នុងព្រះគ្រីស្ទ (២:២២-៣៦)។ អ្វីដែលពួកគេបានចាប់ផ្តើមមើលឃើញក្នុង ពេលនេះ ហើយជាអ្វីដែលយ៉ាកុបបានឃើញមានចែងប្រាប់ជាមុននៅក្នុងអេម៉ុស គឺថាសេចក្តីសន្យាទាំង នេះគឺរួមទាំងពួកសាសន៍ដទៃដែរ។ នៅក្នុងពួកសាសន៍ដទៃ ព្រះបានជ្រើសរើសរាស្រ្តមួយសម្រាប់ព្រះអង្គ ជារាស្រ្តជាថ្មីរបស់ព្រះដែលត្រូវបានតាំងឡើងដោយព្រះ ជាសាសន៍យូដានិងសាសន៍ដទៃនៅក្នុងព្រះគ្រីស្ទ ជាអ៊ីស្រាអែលពិតប្រាកដ។

 

ដូច្នេះ បើ​តាម​គំនិត​ខ្ញុំ នោះ​មិន​ត្រូវ​ធ្វើ​ឲ្យ​ពួក​សាសន៍​ដទៃ ដែល​ងាក​បែរ​មក​ឯ​ព្រះ​វិញ មាន​ចិត្ត​ខ្វល់​ឡើយ គឺ​ត្រូវ​សរសេរ​ផ្ញើ​ទៅ ឲ្យ​គេ​គ្រាន់​តែ​ចៀស​វាង​ចេញ​ពី​រូប​ព្រះ ដែល​នាំ​ឲ្យ​ស្មោក‌គ្រោក​១ ពី​សេចក្ដី​កំផិត​១ ពី​សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១ ហើយ​ពី​ឈាម​១​ប៉ុណ្ណោះ

 

១៥:១៩-២០ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពួកហោរាបានប្រកាសថា ព្រះទ្រង់នឹងរួមបញ្ចូល ពួកសាសន៍ដទៃ​​ឲ្យបានធ្វើជារាស្រ្តរបស់ព្រះអង្គ (ខ១៥-១៧) ព្រមទាំងលោកពេត្រុស (ខ៧-១១) លោកប៉ុល និងបាណាបាស (ខ១២) បាន​ឃើញ​ព្រះធ្វើការនេះ។ ដោយព្រោះតែព្រះ បានបង្ហាញថាព្រះអង្គបានទទួលសាសន៍ដទៃជារាស្រ្តរបស់ព្រះអង្គដោយអាងលើសេចក្តីជំនឿដោយគ្មានការកាត់ស្បែកនិងការស្តាប់តាមក្រឹត្យវិន័យលោកម៉ូសេនោះឡើយ លោកយ៉ាកុបបានសម្រេចថាពួកជំនុំ “មិនត្រូវធ្វើឲ្យពួកសាសន៍ដទៃដែលងាកបែរមកឯព្រះវិញ មានចិត្តខ្វល់ឡើយ” គាត់មានន័យថា ពួកជំនុំមិនគួររំពឹងថាពួកគ្រីស្ទានសាសន៍ដទៃរស់នៅដូចជាពួកសាសន៍យូដាឡើយ ដោយព្រោះតែ ការដែលកាន់តាមក្រឹត្យវិន័យនិងការកាត់ស្បែកមិនមែនជាការដែលតម្រូវដើម្បីឲ្យបានសេចក្តីសង្រ្គោះនោះឡើយ សេចក្តីសង្រ្គោះនោះគឺបានដោយសារព្រះគុណតាមរយៈសេចក្តីជំនឿលើព្រះគ្រីស្ទ (ខ៩, ១១, អេភេសូ ២:៨)។ 

 

យ៉ាងណាម៉ិញ លោកយ៉ាកុបបានដឹងថាប្រសិនបើពួកគ្រីស្ទានសាសន៍ដទៃមិនកាន់តាមក្រឹត្យវិន័យនោះ អាចនឹងបណ្តាលឲ្យមានផលលំបាកសម្រាប់ការប្រកបជិតស្និតរវាងគ្រីស្ទានសាសន៍យូដានិងគ្រីស្ទានសាសន៍ដទៃ។ ដូច្នេះហើយគាត់បានលើកឡើងពីចំនុចនៃការហាមឃាត់បួនយ៉ាងសម្រាប់គ្រីស្ទានសាសន៍ដទៃ ក្នុងការកាន់តាម។ ពួកគេមិនចាំបាច់កាន់តាមគ្រប់តាំងក្រឹត្យវិន័យ (ដើម្បីឲ្យទទួលបានសេចក្តីសង្រ្គោះនោះ ឡើយ) ប៉ុន្តែប្រសិនបើពួកគេកាន់តាមច្បាប់ទាំងបួននេះបាន ការនោះនឹងអនុញ្ញាតឲ្យពួកគេមាន ការ​ប្រកបជិតស្និតជាមួយ​នឹង​ពួក​​គ្រីស្ទានសាសន៍យូដាដោយមិនមានការបង្អាក់ដល់ពួកគេឡើយ។​

 

ការដែលបរិភោគជាមួយគ្នាពិតជាមានសារៈសំខាន់ខ្លាំងណាស់ជាផ្នែកមួយនៃការប្រកបជិតស្និតសម្រាប់ គ្រីស្ទាន។ ដូច្នេះហើយ ច្បាប់ចំនួនបីគឺទាក់ទងនឹងទម្លាប់នៃការបរិភោគរបស់គ្រីស្ទានសាសន៍ដទៃ ដែលខុសគ្នាពីសាសន៍យូដា (លេវីវិន័យ ១៧)។​​​ នៅក្នុងព្រះវិហាររបស់សាសនាសាសន៍ដទៃ អ្វីដែលតែងតែធ្វើឡើងទូទៅនៅក្នុង ការថ្វាយសាច់សត្វទៅចំពោះរូបសំណាក់ ហើយពួកសាសន៍ដទៃ តែងតែបរិភោគសាច់សត្វដែលត្រូវបាន ថ្វាយទៅព្រះក្លែងក្លាយទាំងនោះ។ ពួកគេក៏បរិភោគសាច់សត្វ ដែលបានងាប់ដោយច្របាច់កដែរ ហើយសាច់សត្វដែលនៅមានឈាមនៅក្នុងនោះផងដែរ។ លោកយ៉ាកុបបានដឹងថាការនេះគឺជាការបង្អាក់ដល់សាសន៍យូដា (លោកុប្បត្តិ ៩:៤)។ ដូច្នេះហើយ ដោយព្រោះតែសេចក្តីរួបរួមនៅក្នុងចំណោមគ្រីស្ទាន គាត់បានសូមឲ្យគ្រីស្ទានសាសន៍ដទៃ ចៀសវាងពីការទាំងបីនេះ។​

 

លោកយ៉ាកុបក៏បានប្រាប់ដល់សាសន៍ដទៃឲ្យបានចៀសផុតពី “សេចក្តីកំផិត”។ ពាក្យនៅក្នុងភាសាក្រិច (πορνείας) សំដៅទៅលើស្រីសំផឹង (ជាការមនុស្សទូទៅតែងប្រព្រឹត្តនៅក្នុងព្រះវិហារពួកសាសន៍ដទៃ) ប៉ុន្តែក៏រួមបញ្ចូលនូវ ទាំងការរួមសង្វាសទាំងអស់ នៅខាងក្រៅការរៀបការផងដែរ។ លោកយ៉ាកុបប្រហែល ជាចង់បង្ហាញថា ពួកគេត្រូវតែគួរ​គោរពការរៀបអាពាហ៍ពិពាហ៍រ ដែលមានចែងនៅក្នុង លេវីវិន័យ ១៨ ដែលជា ការហាមឃាត់មិនឲ្យរៀបការជាមួយនឹងបងប្អូននៅក្នុងគ្រួសារជាដើម។ ការនេះជា​អ្វី​ដែល​ធ្វើ​ឲ្យ ​សាសន៍​យូដា​អាក់អន់ចិត្ត ប៉ុន្តែមិនដែលរាប់ថាខុសឆ្គងក្នុងចំណោមពួកសាសន៍ដទៃនោះឡើយ។

 

ព្រោះ​តាំង​ពី​ចាស់​បុរាណ​មក មាន​គេ​ប្រកាស​ប្រាប់​ពី​លោក​ម៉ូសេ​នៅ​គ្រប់​ទី​ក្រុង​ទាំង​អស់ ហើយ​គេ​មើល​គម្ពីរ​លោក នៅ​អស់​ទាំង​សាលា​ប្រជុំ រាល់​តែ​ថ្ងៃ​ឈប់​សំរាក​ដែរ។

 

១៥:២១ ច្បាប់ទម្លាប់ដែលពួកអ្នកជឿសាសន៍ដទៃត្រូវកាន់តាមមិនមែនជាច្បាប់ថ្មី ដែលយ៉ាកុបបានបង្កើត ឡើងនោះឡើយ ប៉ុន្តែជាការដកស្រង់ចេញពីក្រឹត្យវិន័យលោកម៉ូសេដែលត្រូវបានបង្ហាត់បង្រៀននៅក្នុង សាលាប្រជុំអស់រយៈពេលជាង ១៥០០ ឆ្នាំមកហើយ។​

 

នោះ​ពួក​សាវក​នឹង​ពួក​ចាស់‌ទុំ ព្រម​ទាំង​ពួក​ជំនុំ​គ្រប់​គ្នា​ក៏​យល់​ព្រម​ថា គួរ​នឹង​រើស​យក​អ្នក​ខ្លះ​ក្នុង​ពួក​គេ គឺ​យូដាស ដែល​ហៅ​ថា បាសា‌បាស​១ នឹង​ស៊ីឡាស​១ ជា​ពួក​អ្នក​មុខ​ក្នុង​ពួក​ជំនុំ ដើម្បី​នឹង​ចាត់​ឲ្យ ​ទៅ​ឯ​អាន់‌ទី‌យ៉ូក ជា​មួយ​នឹង​ប៉ុល ហើយ​នឹង​បា‌ណា‌បាស គេ​ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ដោយ‌សារ​អ្នក​ទាំង​នោះ បែប​ដូច្នេះ​ថា សំបុត្រ​យើង​ខ្ញុំ ជា​ពួក​សាវក ពួក​ចាស់‌ទុំ នឹង​ពួក​បង​ប្អូន​ទាំង​អស់​គ្នា ផ្ញើ​មក​ជំរាប​សួរ ​ដល់​ពួក​បង​ប្អូន​សាសន៍​ដទៃ ដែល​នៅ​ក្រុង​អាន់‌ទី‌យ៉ូក ស្រុក​ស៊ីរី នឹង​ស្រុក​គីលីគា ឲ្យ​បាន​ជ្រាប

 

១៥:២២-២៣ ពេលនេះអង្គប្រជុំបានធ្វើការសម្រេចចិត្តមួយហើយ វា​ជា​ការសំខាន់ខ្លាំងណាស់ នៅក្នុងការប្រាប់ដល់ពួកជំនុំទាំងអស់គ្នាអំពីការនេះ។ មនុស្សពីរនាក់បានមកពីពួកជំនុំនៅក្រុងយេរូសាឡិម ត្រូវបានជ្រើសរើសឲ្យបានទៅអាន់ទីយ៉ូកជាមួយនឹងប៉ុល និងបាណាបាសរួម ជាមួយនឹងសំបុត្រមកពី ពួកសាវ័ក និងពួកចាស់ទុំ។ 

 

ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ថា មាន​អ្នក​ខ្លះ​ចេញ​ពី​ពួក​យើង​ខ្ញុំ​មក នាំ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វល់​ចិត្ត ហើយ​ឲ្យ​វល់​គំនិត ដោយ​ពាក្យ​សំដី​ដែល​គេ​ថា ត្រូវ​តែ​កាត់​ស្បែក ហើយ​កាន់​តាម​ក្រិត្យ‌វិន័យ​ផង តែ​យើង​ខ្ញុំ​មិន​បាន​បង្គាប់​គេ​ទេ

 

១៥:២៤ សេចក្តីសំបុត្រនោះបានប្រាប់យ៉ាងច្បាស់ថា ពួកជំនុំនៅក្រុងយេរូសាឡិមមិនបាន​ផ្ដល់ ​ការ​ណែនាំ​ដល់​មនុស្សទាំងនោះ ដែលបានបង្ករឲ្យមានបញ្ហាដល់ពួកជំនុំនៅក្នុងក្រុងអាន់ទីយ៉ូក (ខ១, កាឡាទី ១:៧, ៥:១០)។ អ្នកទាំងនោះគឺជាគ្រីស្ទានដែលមកពីពួកជំនុំក្រុងយេរូសាឡិម ប៉ុន្តែពួកគេមិនត្រូវបានចាត់មក ឲ្យធ្វើជាតំណាងរបស់ពួកជំនុំនោះឡើយ។  

 

ដូច្នេះ យើង​ខ្ញុំ​បាន​ព្រម​ព្រៀង​គ្នា​យល់​ឃើញ​ថា គួរ​នឹង​រើស​អ្នក​ខ្លះ ចាត់​មក​ឯ​អ្នក​រាល់​គ្នា ជា​មួយ​នឹង​បា‌ណា‌បាស ហើយ​នឹង​ប៉ុល ជា​សំឡាញ់​ស្ងួន‌ភ្ងា​នៃ​យើង​ខ្ញុំ ដែល​បាន​ប្រថុយ​ជីវិត ដោយ​យល់​ដល់​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង​រាល់​គ្នា ដូច្នេះ យើង​ខ្ញុំ​បាន​ចាត់​យូដាស នឹង​ស៊ីឡាស​មក ឲ្យ​ជំរាប​ដល់​អ្នក​រាល់​គ្នា​ផ្ទាល់​មាត់ ពី​សេចក្ដី​នោះ​ឯង

 

១៥:២៥-២៧ លោកយ៉ាកុបបានបញ្ជាក់យ៉ាងច្បាស់ថាមនុស្សទាំងនោះដែលបានបង្ករឲ្យមានភាពវឹកវរ នៅក្នុងពួកជំនុំអាន់ទីយ៉ូកមិនមានអំណាចដែលចេញពីពួកអ្នកដឹកនាំក្នុងពួកជំនុំដែលនៅក្រុងយេរូសាឡិមឡើយ។  ពេលនេះ គាត់បានបញ្ជាក់យ៉ាងច្បាស់ថាយូដាស និងស៊ីឡាសដែលមានអំណាចពីពួកអ្នកដឹកនាំ ពួកជំនុំនៅក្រុងយេរូសាឡិម។ អ្នកទាំងពីរនាក់ត្រូវបានចាត់ឲ្យមកជាមួយនឹងលោកបាណាបាស និងប៉ុល ដើម្បីបង្ហាញថាមានការយល់ស្របពីពួកអ្នកដឹកនាំនៅក្រុងយេរូសាឡិម ហើយនឹងបេសកជននៅក្រុងអាន់ ទីយ៉ូក។ យូដាសនិងស៊ីឡាសនឹងចំណាយពេលជាមួយនឹងពួកជំនុំនៅអាន់ទីយ៉ូក ហើយក្រោយមកប៉ុលនឹង នាំយកសេចក្តីសំបុត្រទៅកាន់ពួកជំនុំជាច្រើនទៀតនៅក្នុងស្រុកស៊ីរីនិងគីលីគា។  

អំឡុងពេលនេះ អ្នកដែលនាំយកសំបុត្រក៏មានតួនាទីក្នុងការបញ្ជាក់ថា សេចក្តីសំបុត្រនោះគឺ ពិតប្រាកដ  និងការបកស្រាយពីសេចក្តីលំអិតបន្ថែមនៅក្នុងសេចក្តីសំបុត្រនោះ ហើយជាចម្លើយសម្រាប់សំនួរ។ ដូច្នេះហើយ លក្ខណៈរបស់អ្នកដែលនាំយកសំបុត្រនោះគឺពិតជាមានសារៈខ្លាំងណាស់។ ដូច្នេះហើយ ពួកជំនុំក្រុងយេរូសាឡិមបានចាត់ប៉ុល និងបាណាបាស ជាមនុស្សដែលពួកជំនុំនៅអាន់ទីយ៉ូក ស្រុកស៊ីរី និងគីលីគាគ្រប់គ្នាស្គាល់ ឲ្យបាននាំយកសំបុត្រនោះទៅដល់ពួកគេ។ លោកយ៉ាកុបបញ្ជាក់ថា លក្ខណៈ ដ៏ល្អរបស់អ្នកទាំងពីរនេះត្រូវបានហៅថា “សំឡាញ់​ស្ងួន‌ភ្ងា​នៃ​យើង​ខ្ញុំ” ហើយថាពួកគាត់បានប្រថុយ ជីវិតរបស់ពួកគាត់ដើម្បីបុព្វហេតុនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ (១៣:៥០, ១៤:១៩-២០)។ ដូច្នេះហើយ ពួកជំនុំទាំងប៉ុន្មានអាចទុកចិត្តនូវសេចក្តីដែលពួកគាត់ប្រកាសបាន។ 

 

ពី​ព្រោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នឹង​យើង​ខ្ញុំ​រាល់​គ្នា បាន​យល់​ឃើញ​ថា មិន​គួរ​គប្បី​នឹង​ដាក់​បន្ទុក​អ្វី​ទៀត​លើ​ អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ទាំង​នេះ​ដែល​ត្រូវ​តែ​កាន់​នោះ​ឡើយ គឺ​ឲ្យ​ចៀស​វាង​ចំពោះ​របស់​ដែល​បាន​ថ្វាយ ​ដល់​រូប​ព្រះ​១ ឈាម​១ សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១ នឹង​សេចក្ដី​កំផិត​១ បើ​អ្នក​រាល់​គ្នា​ចៀស​វាង​ ពី​របស់​ទាំង​នេះ នោះ​បាន​ល្អ​ហើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ ​សេចក្ដី​សុខ​ចុះ។ 

 

១៥:២៨-២៩ លោកយ៉ាកុបបានទទួលស្គាល់ថាព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំពួកគាត់នៅក្នុងការធ្វើការ សម្រេចចិត្ត ដូចដែលព្រះវិញ្ញាណបរិសុទ្ធបានបញ្ជាក់ថាព្រះបានទទួលពួកសាសន៍ដទៃ (ខ៨)។ ក្រោយមក គាត់ប្រាប់ថាពួកសាសន៍ដទៃនូវការសម្រេចដែលបានធ្វើឡើង។ ​

 

កាល​ពួក​ជំនុំ​បាន​ឲ្យ​អ្នក​ទាំង​នោះ​ទៅ​ហើយ នោះ​គេ​ទៅ​ដល់​អាន់‌ទី‌យ៉ូក ក៏​ប្រជុំ​ពួក​សិស្ស​ទាំង​ប៉ុន្មាន ហើយ​ប្រគល់​សំបុត្រ​នោះ​ដល់​ពួក​ជំនុំ

 

១៥:៣០ លោកប៉ុល និងបាណាបាសបានវិលត្រឡប់ទៅអាន់ទីយ៉ូកជាមួយនឹងយូដាស និងស៊ីឡាស ដែលនាំយកសំបុត្រមកជាមួយផងដែរ។ 

 

លុះ​បាន​អាន​មើល​សំបុត្រ​ស្រេច​ហើយ ពួក​នោះ​ក៏​មាន​សេចក្ដី​រីក‌រាយ​ដោយ​ពាក្យ​កំសាន្ត​នោះ

 

១៥:៣១ ការពិតដែលថាពួកជំនុំនៅអាន់ទីយ៉ូកមានសេចក្តីរីករាយដែលបង្ហាញថាការហាមឃាត់ ទាំងបួនចំនុចគឺមិនមែនជាបន្ទុកសម្រាប់ពួកគ្រីស្ទានសាសន៍ដទៃនោះឡើយ។ 

 

សេចក្តីជំនឿគ្រីស្ទានមិនមែនជាសាសនាណាមួយនោះឡើយ គឺជាសេចក្តីជំនឿមួយទៅវិញទេ។ សាសនាគឺផ្តោតលើអ្វីដែលមនុស្សត្រូវធ្វើ ប៉ុន្តែសេចក្តីជំនឿគឺផ្តោលើអ្វីដែលព្រះបានធ្វើរួចទៅហើយ។ នៅពេលដែលគ្រីស្ទានបានយល់ថាព្រះយេស៊ូវបានសម្រេចអស់ទាំងសេចក្តីសុចរិតសម្រាប់យើងទាំងអស់គ្នារួចហើយ ហើយថាយើងទាំងអស់គ្នាបានទទួលសេចក្តីសង្រ្គោះដោយសេចក្តីជំនឿលើព្រះអង្គ (ហើយមិនមែនដោយការប្រព្រឹត្តរបស់យើង) ការនោះនឹងនាំឲ្យមានសេចក្តីអំណរ!

 

ឯ​យូដាស នឹង​ស៊ីឡាស ដែល​ជា​គ្រូ​អធិប្បាយ​ដែរ គេ​បាន​ប្រដៅ​ទូន្មាន​ជា​ច្រើន​ដល់​ពួក​ជំនុំ ព្រម​ទាំង​តាំង​ឲ្យ​គេ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន​ឡើង កាល​នៅ​ទី​នោះ​ជា​យូរ​បន្តិច នោះ​ពួក​ជំនុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ពួក​សាវក​វិញ​ដោយ​សុខ‌សាន្ត

 

១៥:៣២-៣៣​ យូដា និងស៊ីឡាសបានស្នាក់នៅដើម្បីនឹងលើកទឹកចិត្តដល់ពួកជំនុំនៅអាន់ទីយ៉ូកជាយូរ បន្តិចមុនពេលដែលពួកគេវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ។ 

 

ឯ​ប៉ុល នឹង​បា‌ណា‌បាស បាន​បង្អង់​នៅ​ឯ​ក្រុង​អាន់‌ទី‌យ៉ូក​នោះ​ដែរ ទាំង​បង្រៀន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ គឺ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ជា​មួយ​នឹង​មនុស្ស​ឯ​ទៀត​ជា​ច្រើន។ 

 

១៥:៣៥ លោកប៉ុល និងបាណាបាសបានបន្តកិច្ចការបម្រើរបស់ពួកគេនៅក្នុងពួកជំនុំអាន់ទីយ៉ូក (១១:២៥-២៦)។ 

 

កាល​ក្រោយ​បន្តិច​ថ្ងៃ​មក នោះ​ប៉ុល​និយាយ​នឹង​បា‌ណា‌បាស​ថា ចូរ​យើង​ត្រឡប់​ទៅ​សួរ​ពួក​បង​ប្អូន នៅ​ អស់​ទាំង​ក្រុង ជា​ទី​ដែល​យើង​បាន​ផ្សាយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ផង ដើម្បី​ឲ្យ​ដឹង​ពី​គេ​ថា​ជា​យ៉ាងដូច​ម្តេច

 

១៥:៣៦ លោកប៉ុលបានលើកពីយោបល់ទៅកាន់លោកបាណាបាសថាពួកគាត់គួរតែទៅសួរសុខទុក្ខ ពួកជំនុំដែលពួកគេបានតាំងឡើងនៅក្នុងការធ្វើដំណើរបេសកកម្មរបស់ពួកគាត់ទៅកោះគីប្រុស និងកាឡាទី ដែលពួកគាត់បានបញ្ចប់កាលពីបីឆ្នាំមុន។ 

ឯ​បា‌ណា‌បាស គាត់​គិត​ចង់​យក​យ៉ូហាន ដែល​ហៅ​ថា ម៉ាកុស ទៅ​ជា​មួយ​ផង

 

១៥:៣៧ លោកបាណាបាសនិងយល់ស្របហើយចង់នាំយកយ៉ូហានម៉ាកុសទៅជាមួយទៀត។ លោកបាណាបាសគឺជា “កូននៃការលើកទឹកចិត្ត” (៤:៣៦)  ដែលគាត់ចង់នាំយកប្អូនជីដូនមួយ របស់គាត់លោកម៉ាកុស ដើម្បីឲ្យមានឱកាសទីពីរក្នុងការធ្វើជាបេសកជនម្នាក់ (៩:២៦-២៧​, ១១:២២-២៥, ១១:៣០;​ កូឡូស ៤:១០)។ 

តែ​ប៉ុល​មិន​ចូល​ចិត្ត​នឹង​យក​គាត់​ទៅ​ទេ ពី​ព្រោះ​ជាន់​មុន គាត់​បាន​ចាក​ចោល​គេ ពី​កាល​នៅ​ស្រុក​ប៉ាម‌ភីលា​ម្តង​ហើយ មិន​បាន​ទៅ​ធ្វើ​ការ​ជា​មួយ​គ្នា​ត​ទៅ​ឡើយ

 

១៥:៣៨ លោកប៉ុលគិតថាប្រសិនបើមិននាំយកម៉ាកុសទៅជាមួយនោះប្រសើរជាជាង។ ប្រហែលជា គាត់មិនចង់មានក្តីរំពឹងចំពោះគាត់ ហើយអាចនឹងប្រឈមថាគាត់នឹងចាកចោលពួកគាត់មុនការម្រេច ដូចដែលការចាកចោលរបស់គាត់បានបង្ករបញ្ហាក្នុងការធ្វើដំណើរបេសកកម្មលើកទីមួយរបស់ពួកគាត់ហើយមើលទៅ (១៣:១៣)។ 

 

ដូច្នេះ គេ​មាន​ការណ៍​ទាស់‌ទែង​គ្នា​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​បែក​ចេញ​ពី​គ្នា ឯ​បា‌ណា‌បាស គាត់​យក​ម៉ាកុស​ចុះ​សំពៅ​ទៅ​ឯ​កោះ​គីប្រុស តែ​ប៉ុល គាត់​រើស​យក​ស៊ីឡាស​វិញ ហើយ​ចេញ​ដំណើរ​ទៅ ដោយ​មាន​ពួក​ជំនុំ​ផ្ទុក‌ផ្តាក់​ក្នុង​ព្រះ‌គុណ​នៃ​ព្រះ‌អម្ចាស់

 

១៥:៣៩ ទោះបីជាប៉ុលនិងបាណាបាសបែកផ្លូវគ្នាក៏ដោយ លទ្ធផលវិជ្ជមានគឺ​ថា ពេលនេះក្រុមបេសកកម្ម តែមួយក្រុម បាន​ក្លាយ​ជា​ក្រុមបេសកកម្មពីរក្រុម។ តំបន់នៃការធ្វើដំណើរបេសកកម្មលើកទីមួយ ត្រូវបានបែងចែកជាពីរ រវាងលោកប៉ុលនិងបាណាបាស។ លោកបាណាបាសទៅកោះគីប្រុស (ស្រុកកំណើតគាត់) ជាមួយនឹងម៉ាកុស (១៥:៣៩)។ លោកប៉ុលបាននាំយកស៊ីឡាសហើយធ្វើដំណើរកាត់ ស្រុកស៊ីរីនិងគីលីគា (ស្រុកកំណើតគាត់) ទៅកាន់កាឡាទី។ 

 

យើងមិនបានឮពីអ្វីផ្សេងទៀតអំពីលោកបាណាបាសនិងម៉ាកុសនៅក្នុងបទគម្ពីរកិច្ចការទៀតទេ ប៉ុន្តែ ច្បាស់ណាស់ថាម៉ាកុសពិតទទួលបានអត្ថប្រយោជន៍ពីការដែលបានចំណាយពេលជាមួយនឹង “កូននៃ​ការ​លើក​ទឹក​ចិត្ត”។  គាត់បានរីកចំរើនខាងព្រលឹងវិញ្ញាណកាន់តែខ្លាំងឡើង ហើយប្រមាណជា ១៥ ឆ្នាំក្រោយមកលោកប៉ុលបានសរសេរថា “ចូរ​ឲ្យ​អ្នក​នាំ​ម៉ាកុស​ទៅ​ជា​មួយ​ផង ដ្បិត​គាត់​ជា​អ្នក​មាន​ ប្រយោជន៍​ក្នុង​ការងារ​ខ្ញុំ” (២ ធីម៉ូថេ ៤:១១)។  

 

១៥:៤០ លោកស៊ីឡាសគឺជា​ជម្រើស​ដ៏ល្អ​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ថ្មី​សម្រាប់លោកប៉ុល ដោយព្រោះតែគាត់គឺជាអ្នកដឹកនាំម្នាក់ ដែលទទួលបានការគោរពនៅក្នុងពួកជំនុំក្រុងយេរូសាឡិម ជាហោរាម្នាក់ ហើយអាចប្រកាសនឹង បង្ហាត់បង្រៀនព្រះបន្ទូលនៃព្រះ។ ក្នុងនាមជាសាសន៍យូដាម្នាក់ គាត់អាចចូលទៅក្នុងសាលាប្រជុំ។ ក្នុងនាមជាបុរសដែលមាន​សញ្ជាតិរ៉ូម៉ាំង (១៦:៣៧-៣៨) គាត់បានរីករាយជាមួយនឹងអត្ថប្រយោជន៍ និងការការពារដូចដែលលោកប៉ុលបានទទួលដែរ។ លោកប៉ុលនិងស៊ីឡាសបានចាកចេញពីអាន់ទីយ៉ូក ជាមួយនឹងការផ្ទុកផ្តាក់របស់ពួកជំនុំ។ ជាថ្មីម្តងទៀត ពួកគេនឹងទុកចិត្តលើព្រះគុណនៃព្រះអម្ចាស់ពេញក្នុងបេសកកម្មរបស់ពួកគាត់។ 

នោះ​គាត់​ដើរ​កាត់​ស្រុក​ស៊ីរី នឹង​ស្រុក​គីលីគា ក៏​តាំង​ឲ្យ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​បាន​ខ្ជាប់‌ខ្ជួន​ឡើង។ 

 

១៥:៤១ នេះគឺជាការចាប់ផ្តើមនៃបេសកកម្មទីពីរបរស់លោកប៉ុលនៅក្នុងបទគម្ពីរកិច្ចការដែលមាន រយៈពេលបីឆ្នាំចាប់តាំងពីឆ្នាំ ៤៩​ដល់ ឆ្នាំ ៥២ គ,ស។  លោកប៉ុលបាននាំយកសំបុត្រពីយ៉ាកុបទៅកាន់ ពួកជំនុំនៅស្រុកស៊ីរីនិងគីលីគា (ខ២៣)។ ពួកជំនុំទាំងនេះប្រហែលជាត្រូវបានតាំងឡើងដោយលោកប៉ុល ពីឆ្នាំ ៣៤ដល់ ឆ្នាំ ៤៤ គ,ស (៩:៣០, កាឡាទី ១:២១) មុនពេលដែលគាត់បានចូលរួមជាមួយ នឹងពួកជំនុំអាន់ទីយ៉ូក។ លោកប៉ុលបានចម្រើន កម្លាំងដល់ពួកជំនុំទាំងនេះដោយការបង្ហាត់បង្រៀន ហើយដោយការលើកទឹកចិត្ត។ 

 

 

ការណែនាំ
bottom of page