top of page

រីឯ​ប៉ុល បាន​ទៅ​ដល់​ក្រុង​ឌើបេ នឹង​លីស្ត្រា ហើយ​នៅ​ទី​នោះ ក៏​ប្រទះ​ឃើញ​សិស្ស​ម្នាក់ ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់ ដែល​បាន​ជឿ តែ​ឪពុក​ជា​សាសន៍​ក្រេក

 

១៦:១ នេះគឺជាការចាប់ផ្តើមក្នុងការធ្វើដំណើរបេសកកម្មទីពីររបស់លោកប៉ុលដែលចាប់ផ្តើមពីឆ្នាំ ៤៩ ដល់ ឆ្នាំ ៥២ គ,ស។ លោកប៉ុលនិងស៊ីឡាសបានចាប់ផ្តើមដោយការវិលត្រឡប់ទៅពួកជំនុំទាំងប៉ុន្មាន ដែលលោកប៉ុល និងបាណាបាសបានតាំងឡើងក្នុងការធ្វើដំណើរបេសកកម្មរយៈពេលបួនឆ្នាំមុន។ 

 

លោកប៉ុលបានវិលត្រឡប់ទៅទីក្រុង ឌើបេ ជាកន្លែងដែលគាត់បានបង្កើតសិស្សជាច្រើននៅក្នុងការធ្វើ ដំណើរបេសកកម្មដំបូងរបស់គាត់ (កិច្ចការ ១៤:២០-២១) និងលីស្រ្តា ជាកន្លែងដែលហ្វូងមនុស្សបានព្យា យាមថ្វាយបង្គំគាត់ដូចជាព្រះណាមួយហើយក្រោយមកបានចោលគាត់នឹងថ្ម (កិច្ចការ ១៤:៨-២០)។  នៅក្រុងលីស្រ្តា មានសិស្សម្នាក់ដែលមានឈ្មោះថា ធីម៉ូថេ។ នៅក្នុង ១ កូរិនថូស ៤:១៧  លោកប៉ុល រៀបរាប់ពីធីម៉ូថេ ថា “ជា​កូន​ស្ងួនភ្ងា ហើយ​ស្មោះត្រង់​របស់​ខ្ញុំ ក្នុង​ព្រះអម្ចាស់” ។   ការនេះមានន័យថា លោកប៉ុលបានដឹកនាំធីម៉ូថេឲ្យមានសេចក្តីជំនឿរឹងមាំក្នុងព្រះគ្រីស្ទ (ប្រហែលជា ក្នុងការធ្វើដំណើរបេសកកម្មទីមួយរបស់គាត់  កិច្ចការ ១៤:២០; ក៏សូមមើល ភីលីព ២:២២)។  

គាត់​ជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ពួក​ជំនុំ​នៅ​លីស្ត្រា នឹង​អ៊ីកូនាម ឯ​ប៉ុល ចង់​ឲ្យ​អ្នក​នោះ​ទៅ​ជា​មួយ​ផង បាន​ជា​គាត់​នាំ​យក​ទៅ​កាត់​ស្បែក​ឲ្យ ដោយ​ព្រោះ​ពួក​សាសន៍​យូដា​ដែល​នៅ​ស្រុក​ទាំង​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា ឪពុក​គាត់​ជា​សាសន៍​ក្រេក

 

១៦:២-៣ គ្រីស្ទានដែលនៅក្នុងដំបន់បាននិយាយល្អពីធីម៉ូថេ ហើយប៉ុលពិតជាមានសេចក្តីស្ញើចសរសើរ ចំពោះគាត់ហើយចង់ឲ្យគាត់បានចូលរួមក្រុមបេសកកម្មជាមួយគាត់។ ធីម៉ូថេនឹងបានជាអ្នកជំនួយដល់ បេសកជនដូចជា លោកយ៉ូហានម៉ាកុស បានធ្វើក្នុងការធ្វើដំណើរបេសកកម្មលើទីមួយដែរ។  

ការពិតដែលថាម្តាយរបស់ធីម៉ូថេជាសាសន៍យូដាហើយឪពុកជាសាសន៍ក្រិកពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការដែលបានយល់ថាហេតុអ្វីបានជាលោកប៉ុលនាំធីម៉ូថេទៅធ្វើពិធីកាត់ស្បែក។  យោងតាម ច្បាប់សាសន៍យូដា លោកធីម៉ូថេត្រូវបានរាប់ថាជាសាសន៍យូដាម្នាក់ ដោយព្រោះតែគាត់គឺជា កូនប្រុសស្រ្តីសាសន៍យូដា ប៉ុន្តែដោយព្រោះតែគាត់មិនទាន់កាត់ស្បែកនោះ ពួកសាសន៍យូដារាប់ថា គាត់ជាសាសន៍យូដាដែលគ្មានច្បាប់ទម្លាប់ម្នាក់។  

 

លោកប៉ុលបានដឹងថាការកាត់ស្បែកមិនមានសារៈសំខាន់ចំពោះសេចក្តីសង្រ្គោះនោះឡើយ ប៉ុន្តែវាមាន ប្រយោជន៍សម្រាប់ធីម៉ូថេក្នុងការទទួលការកាត់ស្បែកដើម្បីឲ្យគាត់ត្រូវបានទទួលដោយពួកសាសន៍យូដា ហើយដែលគាត់មានឯកសិទ្ធពេញលេញក្នុងការចូលទៅក្នុងសាលាប្រជុំដែលគាត់នឹងត្រូវចូលរួមជាមួយនឹងប៉ុលហើយនឹងស៊ីឡាស។ សូមចំណាំថា ប្រសិនបើលោកធីម៉ូថេបាននៅជាមួយនឹងពួកសាសន៍ដទៃ ១០០% លោកប៉ុលនឹងមិនធ្វើពិធីកាត់ស្បែកឲ្យគាត់នោះឡើយ។ តាមការពិតទៅ លោកប៉ុលបានទទូច ដល់ទីតុស ដែលជាសាសន៍ក្រិកជាអ្នកធ្វើការជាមួយគាត់ ថាមិនត្រូវទទួលការកាត់ស្បែកនោះឡើយ (កាឡាទី ២:៣-៥; ១ កូរិនថូស ៧:១៧-២៤)។ 

 

កំពុង​ដែល​ដើរ​កាត់​អស់​ទាំង​ទី​ក្រុង នោះ​ក៏​ប្រគល់​សេចក្ដី​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដល់​គេ ជា​សេចក្ដី​ដែល​ពួក​សាវក នឹង​ពួក​ចាស់‌ទុំ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ជំនុំ​សំរេច​គេ​ឲ្យ​កាន់​តាម យ៉ាង​នោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​ជំនឿ រឹត‌តែ​ខ្លាំង ហើយ​ចំនួន​នៃ​ពួក​សិស្ស ចេះ​តែ​ចំរើន​កើន​ឡើង​ជា​រាល់​ថ្ងៃ។ 

 

១៦:៤ គ្រប់ទាំងទីក្រុងដែលពួកគាត់បានទៅ លោកប៉ុល និងស៊ីឡាសបាននាំយកសេចក្តីសំបុត្រពី លោកយ៉ាកុបទៅដល់ពួកជំនុំទាំងប៉ុន្មាន ហើយបានពន្យល់ពីការសម្រេចរបស់ពួកសាវ័ក និង ពួកចាស់ទុំនៅក្រុងយេរូសាឡិម។ 

១៦:៥ ការសម្រេចិត្តរបស់ពួកសាវ័កនិងពួកចាស់ទុំគឺដោយប្រាជ្ញា ហើយពេលដែលពួកជំនុំទាំងប៉ុន្មាន បានឮនោះពួកគេបានរីកចំរើន ទាំងក្នុងសេចក្តីជំនឿ ហើយនឹងទាំងចំនួនកាន់តែខ្លាំងឡើង។ ពួកអ្នកជឿ រីកចំរើនកាន់តែខ្លាំងឡើងក្នុងការប្តេជ្ញារបស់គេចំព្រោះព្រះយេស៊ូវ ហើយពួកជំនុំក៏រីកចំរើន កាន់តែខ្លាំងឡើង ហើយខ្លាំងឡើងដែលមានមនុស្សជាច្រើនបានផ្លាស់ប្រែ។ 

 

កាល​បាន​ដើរ​កាត់​ស្រុក​ព្រីគា នឹង​ដែន​ខេត្ត​កាឡាទី នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ទ្រង់​ឃាត់ មិន​ឲ្យ​ផ្សាយ​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី​ទេ

 

១៦:៦ លោកប៉ុល ស៊ីឡាសនិងធីម៉ូថេបានធ្វើដំណើរទៅភាគខាងលិចដើម្បីនាំយកដំណឹងល្អ ទៅប្រកាសនៅខេត្តរបស់រ៉ូម៉ាំងដែលនៅ “អាស៊ី”។ សូមចំណាំថា​ “អាស៊ី” មិនមែនសំដៅលើទ្វីប ដែលយើងរាល់គ្នាសព្វថ្ងៃនេះហៅថាអាស៊ីនោះឡើយ ប៉ុន្តែជាខេត្តរបស់រ៉ូម៉ាំងដែលនៅក្នុងដំបន់ អាស៊ីបូព៌ា(ដែលជាប្រទេសទួគីក្នុងសម័យនេះ)។ ​អេភេសូជាទីក្រុងរបស់ខេត្តនេះ។ ​លោកលូកាមិនបានប្រាប់ថាព្រះវិញ្ញាណហាមឃាត់ពួកបេសកជនមិនឲ្យទៅទីនោះដោយរបៀបណាទេ។ ​អាចតាមរយៈការជាក់ស្តែង ការយល់សប្តិ ជាសេចក្តីទំនាយ ឬតាមស្ថានភាពណាមួយ។ ​

 

បាន​ជា​នាំ​គ្នា​ចុះ​ទៅ​ឯ​ស្រុក​មីស៊ា​វិញ ហើយ​ខំ​ចូល​ទៅ​ក្នុង​ស្រុក​ប៊ីធូនា ប៉ុន្តែ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេស៊ូវ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ

 

១៦:៧ បេសកជនបានធ្វើដំណើរទៅប៉ែកខាងជើងឈាងខាងលិចទៅព្រំប្រទល់ស្រុកមីស៊ា ហើយបានព្យា​យា​មចូលទៅប៉ែកខាងជើងនៃស្រុកប៊ីធូនា ប៉ុន្តែជាថ្មីម្តងទៀតព្រះវិញ្ញាណបរិសុទ្ធ មិនអនុញ្ញាតឲ្យពួកគាត់ចូលទៅនោះឡើយ។ ​ព្រះវិញ្ញាណបរិសុទ្ធត្រូវបានហៅថា “ព្រះវិញ្ញាណ នៃព្រះយេស៊ូវ”  គឺជាឃ្លាដែលបញ្ជាក់ពីការដែលព្រះយេស៊ូវដឹកនាំនៅក្នុងការរីកចំរើននៃដំណឹងល្អ តាមរយៈកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។  

 

រួច​គេ​ដើរ​ហួស​ពី​ស្រុក​មីស៊ា ចុះ​ទៅ​ឯ​ទ្រអាស​វិញ

 

១៦:៨ លោកប៉ុល និងស៊ីឡាសបានធ្វើព័ន្ធកិច្ចនៅក្នុងស្រុកស៊ីរី គីលីគា និងកាឡាទីនៅប៉ែកខាងកើត; ហើយពេលនេះពួកគាត់នៅក្នុងស្រុកមីស៊ា។ ​ពួកគាត់មិនអាចទៅភាគខាងជើង (ចូលទៅក្នុងប៊ីធូនា) ឬទៅប៉ែកខាងត្បូង (ចូលទៅក្នុងអាស៊ី) បានឡើយ ដូច្នេះហើយពួកគាត់មានតែបន្តដំណើរទៅប៉ែក ខាងលិចហើយបានទៅដល់ទីក្រុងទ្រអាសវិញប៉ុណ្ណោះ។ ​​

នៅ​យប់​នោះ ប៉ុល​បាន​ឃើញ​ក្នុង​ការ​ជាក់​ស្តែង ជា​មនុស្ស​ពី​ស្រុក​ម៉ាសេដូន​ម្នាក់​ឈរ​អង្វរ​គាត់​ថា សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង

 

១៦:៩ ​លោកប៉ុលគឺនៅក្នុងក្រុងទ្រអាសហើយមិនដឹងច្បាស់ថានឹងត្រូវទៅកន្លែងទៀតឡើយ។ ​នៅក្នុងយប់នោះ គាត់បានទទួលនូវការជាក់ស្តែងពីព្រះជាម្ចាស់។ នៅក្នុងការជាក់ស្តែងនោះ មនុស្សម្នាក់នៅក្នុងស្រុកម៉ាសេដូនបានសូមឲ្យជួយ។ ​របៀបដែលលោកប៉ុលអាចជួយបាននោះគឺ ដោយការនាំយកដំណឹងល្អពីសេចក្តីសង្រ្គោះទៅកាន់ស្រុកម៉ាសេដូន។ 

 

លុះ​គាត់​បាន​ឃើញ​ការ​ជាក់​ស្តែង​នោះ​រួច​ហើយ នោះ​យើង​ក៏​រក​ឱកាស​នឹង​ទៅ​ឯ​ស្រុក​ម៉ាសេដូន​ភ្លាម ដោយ​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​ទ្រង់​ហៅ​យើង ឲ្យ​ទៅ​ផ្សាយ​ដំណឹង​ល្អ​ដល់​គេ

 

១៦:១០​ “មនុស្សពីស្រុកម៉ាសេដូន” អាចជាលោកលូកា ដោយព្រោះតែគាត់បានចូលរួមជាមួយនឹង ពួកបេសកជនក្នុងពេលនេះ។ ​ការនេះបង្ហាញពីការពិតដែលលោកលូកាបានកត់ត្រាថា “យើង”​ (ជំនួសឲ្យពាក្យថា “ពួក (គេ) គាត់” ​ខ៤, ៦-៨) ក្នុងជំពូកនេះ។ ​

 

ព្រះវិញ្ញាណប​រិសុទ្ធបានដឹកនាំ លោកប៉ុលហើយនឹងក្រុមរបស់គាត់ឲ្យបានទៅឯក្រុងទ្រអាស ដើម្បីឲ្យបានជួបជាមួយនឹងគ្រូពេទ្យសាសន៍ក្រិចម្នាក់ដែលមានឈ្មោះថា​លូកា។ ការនេះពិតជា មានសារៈសំខាន់ដោយព្រោះតែបានប្រទានដល់ លោកប៉ុល ឲ្យមានគ្រូពេទ្យម្នាក់ដែលអាចជួយ ដល់សុខភាពរបស់គាត់ ហើយបានជួយឲ្យលោកលូកាបានរួមចំណែកនៅក្នុងបេសកកម្មផងដែរ។ ​ព្រះបានធ្វើការនៅក្នុងជីវិតរបស់លោកលូកា (ដូចដែលព្រះអង្គបានធ្វើការនៅក្នុងជីវិតរបស់លោកយ៉ូហាន ម៉ាកុសដែរ ​សូមមើលការបកស្រាយនៅក្នុង ១:៣៩) ដើម្បីនឹងកែប្រែលក្ខណៈសម្បត្តិរបស់មនុស្ស ម្នាក់ដែលគាត់អាចធ្វើការកត់ត្រាដំណឹងល្អមួយក្នុងចំណោមដំណឹងល្អទាំងបួន ហើយនឹងបទគម្ពីរនេះ គឺជាបទគម្ពីរកិច្ចការ។ ​

 

កាល​បាន​ចុះ​សំពៅ​ចេញ​ពី​ទ្រអាស​ទៅ នោះ​ក៏​ដំរង់​ទៅ​ឯ​កោះ​សាម៉ូ‌ត្រាស ហើយ​ថ្ងៃ​ក្រោយ​បាន​ដល់​នាប៉ូល ពី​ទី​នោះ យើង​ក៏​ទៅ​ដល់​ក្រុង​ភីលីព ជា​ទី​ក្រុង​លេខ​១​ក្នុង​ដែន​ខេត្ត​ម៉ាសេដូន ដែល​ជា​ស្រុក​ចំណុះ ហើយ​យើង​សំចត​នៅ​ទី​នោះ​បាន​បួន​ដប់​ថ្ងៃ។ 

 

១៦:១១ ពួកបេសកជនបានស្តាប់តាមការបើកសំដែងមកពីព្រះជាម្ចាស់ ហើយបានចុះសំពៅទៅកាន់ ខេត្តម៉ាសេដូន។ ​

១៦:១២ ពួកគាត់បានមកដល់ក្រុងភីលីព ដែលជាទីក្រុងសំខាន់របស់ម៉ាសេដូន។ ​ទីក្រុងនោះគឺជាទីក្រុង ដែលរុងរឿង ហើយមានឋានៈ​ជា​អាណានិគម​រ៉ូម៉ាំង។ ​ការនេះមានន័យថាទីក្រុងនោះមានរដ្ឋាភិបាលរបស់ ខ្លួនគេ ប្រជាជនដែលរស់នៅទីក្រុងនោះមិនត្រូវការបង់ពន្ធឲ្យរ៉ូមនោះឡើយ ហើយពួកគេមានសិទ្ធក្នុង ការកាន់កាប់ដីធ្លីដូចជាពលរដ្ឋនៅទីក្រុងរ៉ូម។ ​

ដល់​ថ្ងៃ​ឈប់​សំរាក យើង​ដើរ​ចេញ​ពី​ទី​ក្រុង ទៅ​ឯ​មាត់​ទន្លេ ជា​កន្លែង​ដែល​គេ​ធ្លាប់​អធិស្ឋាន ក៏​អង្គុយ​និយាយ​នឹង​ពួក​ស្រីៗ​ដែល​ប្រជុំ​គ្នា

 

១៦:១៣ ជាធម្មតានៅពេលដែលប៉ុលទៅដល់ទីក្រុងណាមួយគាត់តែងតែទៅសាលាប្រជុំរបស់ សាសន៍យូដាក្នុងថ្ងៃសប្ប័ទដើម្បីស្វែងរកឳកាសក្នុងការប្រកាសដំណឹងល្អទៅកាន់សាសន៍យូដា។ យ៉ាងណាម៉ិញ ​មើលទៅហាក់បីដូចជានៅក្នុងទីក្រុងភីលីពមិនមានសាលាប្រជុំរបស់សាសន៍យូដា នោះឡើយ។ ដើម្បី​ប្រជុំគ្នាជាសាលាប្រជុំមួយ ត្រូវ​មាន​បុរសសាសន៍យូដា​យ៉ាង​ហោច​ដប់​នាក់ ដែលនាំគ្រួសាររបស់ពួកគាត់។ ដូច្នេះហើយការពិតដែលថានៅទីក្រុងភីលីពគ្មានសាលាប្រជុំបង្ហាញថា មិនមានសាសន៍យូដាច្រើន រស់នៅក្នុងទីក្រុងនោះឡើយ។ ​តែយ៉ាងណាម៉ិញមានទីកន្លែងមួយខាងក្រៅទី ក្រុងដែលពួកស្រីៗទៅអធិស្ឋាន ថ្វាយបង្គំ ហើយអានបទព្រះគម្ពីរសញ្ញាចាស់។ ពួកបេសកជនបានឃើញ ទីកន្លែងនេះហើយបានអង្គុយ ជាមួយនឹងពួកស្រីៗ ហើយបានប្រាប់ពួកគាត់អំពីព្រះយេស៊ូវ។ ​

នោះ​មាន​ស្ត្រី​ម្នាក់ ជា​អ្នក​ជំនួញ​ល័ខ​ពណ៌​ស្វាយ ឈ្មោះ​លីឌា ពី​ក្រុង​ធាទេរ៉ា ជា​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ នាង​ប្រុង​ស្តាប់ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​បើក​ចិត្ត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​តាម​សេចក្ដី ដែល​ប៉ុល​អធិប្បាយ

 

១៦:១៤​ មនុស្សដែលលោកប៉ុលបានផ្លាស់ប្រែដំបូងគេនៅក្នុងទីក្រុងភីលីពគឺជាលីឌា។ នាងជា “អ្នកដែលថ្វាយបង្គំព្រះ” (គឺថា ជាសាសន៍ដទៃដែលបានជឿលើព្រះប៉ុន្តែមិនទាន់បានផ្លាស់ប្រែទៅក្នុង សាសនាសាសន៍យូដា) ហើយជាអ្នកជំនួញដែលជួញល័ខពណ៌ស្វាយ។ ​ស្រុកកំណើតរបស់គាត់គឺ ក្រុងធាទេរ៉ា ជាក្រុងដែលល្បីល្បាញសម្រាប់ល័ខពណ៌ស្វាយនោះ (វិវរណៈ ២:១៨-២៩) ហើយមាន ទីតាំងនៅក្នុងផ្នែកមួយនៃអាស៊ីបូព៌ា ដែលមានឈ្មោះថា លីឌា។ ដូច្នេះហើយ គាត់ត្រូវបានដាក់ឈ្មោះ តាមតំបន់កំណើតរបស់គាត់។ 

 

លោកប៉ុលបានប្រកាស ហើយលីឌាបានស្តាប់តាម ប៉ុន្តែគឺជាព្រះអម្ចាស់ទេដែលបាន “បើកចំហចិត្តគាត់” ដែលបានបណ្តាលឲ្យគាត់យល់ហើយទទួលស្តាប់តាមដំណឹងល្អ។ ​ការនេះគឺជាកិច្ចការដែលព្រះបានធ្វើ នៅក្នុងពួកអ្នកជឿគ្រប់ៗគ្នា។ ​សេចក្តីសង្រ្គោះគឺជាអំណោយទានមកពីព្រះ។ ព្រះអង្គបានសម្រេចការនោះ សម្រាប់យើងទាំងអស់គ្នាដោយការរស់នៅ ការសុគតនិងការរស់ពីសុគតឡើងវិញរបស់ព្រះរាជបុត្រាព្រះអង្គ ហើយព្រះអង្គអនុញ្ញាតឲ្យយើងទាំងអស់គ្នាបានទទួលដោយការប្រទានឲ្យមានការបើកសំដែង និងការយល់ដឹងដល់យើងទាំងអស់គ្នាដោយសារកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះអង្គ។ ​

កាល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ព្រម​ទាំង​ពួក​គ្រួ​នាង​រួច​ហើយ នោះ​ក៏​អញ្ជើញ​យើង​ថា បើ​អស់​លោក​យល់​ឃើញ​ថា ខ្ញុំ​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អម្ចាស់​ពិត នោះ​សូម​លោក​អញ្ជើញ​ទៅ​នៅ​ឯ​ផ្ទះ​ខ្ញុំ​កុំ​ខាន នាង​ក៏​បង្ខំ​ដល់​យើង។ 

 

១៦:១៥ នៅក្នុងបទគម្ពីរកិច្ចការ  ពួកអ្នកជឿភាគច្រើនទទួលពិធីបុណ្យជ្រមុជទឹកភ្លាមៗក្រោយពេល ដែលពួកគាត់ទទួលស្តាប់តាមដំណឹងល្អដោយសេចក្តីជំនឿ។ លីឌា ហើយនឹងពួកគ្រួរបស់គាត់បានទទួល ពិធីបុណ្យជ្រមុជទឹកជាមួយគ្នា។ ​

ល័ខពណ៌ស្វាយគឺជារបស់ដែលមានតម្លៃខ្ពស់ ក្រណាត់ពណ៌ស្វាយត្រូវបានពាក់ដោយខ្សែរាជវង្ស ហើយនឹងអ្នកមានទ្រព្យសម្បត្តិ។ ដូច្នេះហើយ មុខជំនួញរបស់លីឌាបានធ្វើឲ្យគាត់មានទ្រព្យសម្បត្តិ គ្រប់គ្រាន់នៅក្នុងការដែលអាចសង់ផ្ទះធំបាន។ ការនេះបានអនុញ្ញាតឲ្យគាត់បានផ្តល់ទីស្នាក់នៅសម្រាប់ ពួកបេសកជនបាន (រ៉ូម ១២:១៣; ១​ ធីម៉ូថេ ៣:២; ហេព្រើរ ១៣:២; ១ ពេត្រុស ៤:៩; ៣ យ៉ុហាន ៥-៨)។ ផ្ទះរបស់លីឌាបានប្រែក្លាយជាទីកន្លែងដែលពួកជំនុំថ្មីនៅក្នុងទីក្រុងភីលីពប្រជុំគ្នា (ខ៤០)។

 

រួច​កាល​យើង​កំពុង​តែ​ទៅ​ឯ​ទី​អធិស្ឋាន នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ជួប​នឹង​យើង នាង​នោះ​មាន​អារក្ស​ភីថង់​ចូល ក៏​បាន​ចំរើន​ឲ្យ​ចៅហ្វាយ​នាង​ជា​ច្រើន ដោយ​ការ​ទាយ

 

១៦:១៦ បាវស្រីនេះគឺជាប្រភពចំណូលដល់ចៅហ្វាយរបស់នាងដោយការដែលនាងទាយដោយ ព្រោះតែវិញ្ញាណអាក្រក់ដែលសណ្ឋិតក្នុងខ្លួននាងដែលបានធ្វើឲ្យនាងអាចធ្វើការទាយបាន។ ​

 

នាង​ដើរ​តាម​ប៉ុល នឹង​យើង​ខ្ញុំ ទាំង​ស្រែក​ថា អ្នក​ទាំង​នេះ​ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ

 

១៦:១៧ វិញ្ញាណអាក្រក់នោះបានដឹងថាពួកបេសកជនគឺជា “អ្នកបំរើនៃព្រះដ៏ខ្ពស់បំផុត”​។  អែល អេលីយ៉ុង គឺជាឈ្មោះសម្រាប់ព្រះរបស់សាសន៍អ៊ីស្រាអែល (លោកុប្បត្តិ ១៤:១៨-២២; ទំនុកដំកើង ៧៨:៣៥; ដានីយ៉ែល ៥:១៨) ដែលមាននៃថា ព្រះដ៏មានព្រះចេស្តាដ៏ខ្ពស់បំផុត។ ​

នាង​ក៏​ធ្វើ​ដូច្នោះ​ជា​យូរ​ថ្ងៃ ទាល់​តែ​ប៉ុល​មាន​សេចក្ដី​រំខាន​ចិត្ត ហើយ​បែរ​ទៅ​និយាយ​នឹង​អារក្ស​នោះ​ថា អញ​បង្គាប់​ឯង​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ឲ្យ​ឯង​ចេញ​ពី​នាង​នេះ​ទៅ វា​ក៏​ចេញ​ទៅ​នៅ​វេលា​នោះ​ឯង

 

១៦:១៨ លោកប៉ុលបានបណ្តេញវិញ្ញាណអាក្រក់ចេញពីបាវស្រីនោះដោយព្រះចេស្តារបស់ព្រះយេស៊ូវ។ ​ វិញ្ញាណអាក្រក់នោះត្រូវតែស្តាប់តាមបង្គាប់របស់លោកប៉ុលនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ ព្រះយេស៊ូវពិតជាមានអស់ទាំងអំណាចនៅស្ថានសួគ៌និងនៅលើផែនដី (ម៉ាថាយ ២៨:១៨)! 

 

កាល​ពួក​ចៅហ្វាយ​របស់​នាង​ឃើញ​ថា ទី​សង្ឃឹម​ដែល​នឹង​បាន​កំរៃ បាន​បាត់​អស់​ទៅ​ហើយ នោះ​គេ​ក៏​ចាប់​ប៉ុល​នឹង​ស៊ីឡាស ដោយ​កន្ត្រាក់‌កន្ត្រែង​នាំ​ទៅ​ឯ​ទី​ផ្សារ នៅ​ចំពោះ​មុខ​មេ​នគរ‌បាល

 

១៦:១៩ ពួកចៅហ្វាយរបស់បាវស្រីនោះមិនខ្វល់ពីការរស់នៅរបស់នាងនោះឡើយប៉ុន្តែគេខ្វល់តែ ពីការដែលបាត់បង់ផ្លូវដែលគេអាចរកប្រាក់បានតែប៉ុណ្ណោះ។ ដោយព្រោះតែភាពលោភលន់របស់ពួកគេ ពួកគេបានខឹងសម្បារហើយបានចាប់កន្ត្រាក់ប៉ុល និងស៊ីឡាសទៅចំពោះមុខមេនគរបាល។ សូមកត់សម្គាល់ថា ពួកគេចាប់ប៉ុល និងស៊ីឡាសដែលជាសាសន៍យូដា មិនមែនលោកលូកា ដែលជាសាសន៍ដទៃ និងធីម៉ូថេដែលជាកូនកាត់សាសន៍ដទៃនោះឡើយ។ ​

 

រួច​កាល​នាំ​ទៅ​ដល់​នាយក​ដំរួត​នគរ‌បាល គេ​ជំរាប​ថា ពួក​សាសន៍​យូដា​ទាំង​នេះ​នាំ​ឲ្យ​ទី​ក្រុង​យើង កើត​វឹកវរ​ជា​ខ្លាំង​ណាស់

 

១៦:២០ ពួកចៅហ្វាយរបស់បាវស្រីបានចោទប្រកាន់ដល់ប៉ុលនិងស៊ីឡាសពីបទ “នាំឲ្យទីក្រុងរបស់យើង កើតវឹកវរជាខ្លាំង”។  ការនេះមិនពិតនោះឡើយ។ ​ពួកគាត់គ្រាន់តែបានរំខានដល់វិញ្ញាញអាក្រក់ និងផ្លូវរកលុយរបស់ចៅហ្វាយរបស់បាវស្រីនោះតែប៉ុណ្ណោះ។ ​

 

គេ​ប្រកាស​ប្រាប់​ពី​ទំនៀម‌ទំលាប់ ដែល​យើង​ខ្ញុំ​ជា​សាសន៍​រ៉ូម គ្មាន​ច្បាប់​ទទួល ឬ​កាន់​តាម​ឡើយ

 

១៦:២១ ពួកគេចោទប្រកាន់ពីការដែលបញ្ចូលនូវទំនៀមទម្លាប់ដែលខុសនឹងច្បាប់របស់រ៉ូម៉ាំង។ មនុស្សនៅក្នុងទីក្រុងភីលីពមានមោនទភាពចំពោះឋានៈ​របស់​ទីក្រុងជាអាណានិគម​រ៉ូម៉ាំង ដូច្នេះហើយ ពួកចៅហ្វាយរបស់បាវស្រីនោះចង់ឲ្យមេនគរបាលគិតថាពួកសាសន៍យូដាទាំងនេះប្រឆាំងជាមួយនឹងរ៉ូមដើម្បីឲ្យពួកគេត្រូវដាក់ទោស។ ​

ហ្វូង​មនុស្ស​ក៏​លើក​គ្នា​ទាស់​នឹង​ប៉ុល ហើយ​នឹង​ស៊ីឡាស​ដែរ រួច​មេ​នគរ‌បាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់

 

១៦:២២ មេនគរបានហែកអាវប៉ុលនិងស៊ីឡាសហើយបានវាយគាត់ដោយរំពាត់។ ការនេះបានកើតឡើង ជាសាធារណៈ។ ការប្រព្រឹត្តនេះគឺខុសច្បាប់ដោយព្រោះតែលោកប៉ុល និងស៊ីឡាសមិនទាន់បានទទួល ការជំនុំជំរះនិងឳកាសក្នុងការ ការពារខ្លួនពួកគាត់ពីការចោទប្រកាន់នោះឡើយ។ ​

 

ក្រោយ​ដែល​វាយ មាន​ស្នាម​ជា​ច្រើន​ហើយ នោះ​ក៏​យក​ទៅ​ដាក់​គុក បង្គាប់​មេភូ‌ឃុំ ឲ្យ​រក្សា​ដោយ​ប្រយ័ត‌ប្រយែង មេភូ‌ឃុំ​ទទួល​បង្គាប់​យ៉ាង​ដូច្នោះ​ហើយ ក៏​នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ព្រម​ទាំង​ដាក់​ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង

 

១៦:២៣-២៤ ក្រោយពីការដែលវាយដោយខុសច្បាប់ហើយនោះ ក៏មានការយកទៅដាក់គុក ដោយខុសច្បាប់ថែមទៀត។ ​មេភូឃុំបានដាក់ខ្នោះឈើជាប់នឹងជើងរបស់ប៉ុលនិងស៊ីឡាស។ ខ្នោះនោះ ចាក់ជាប់ជើងរបស់ពួកគាត់យ៉ាងណែន ហើយញែកជើងរបស់ពួកគាត់ចេញពីគ្នាអស់រយៈពេលជាច្រើន ម៉ោងហើយបានធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំង។ ​

 

លុះ​ពេល​ប្រហែល​ជា​កណ្តាល​អធ្រាត្រ ប៉ុល នឹង​ស៊ីឡាស កំពុង​តែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នក​ទោស​ក៏​ស្តាប់​ដែរ

 

១៦:២៥ លោកប៉ុល និងស៊ីឡាសបានជាប់ក្នុងគុកអស់រយៈពេលជាងដប់ពីរម៉ោង។ ពួកគាត់បានអង្គុយលើ កម្រាលដោយមិនបានអង្គុយស្រួលបួលនោះឡើយដោយសារតែជើងរបស់ពួកគាត់ត្រូវជាប់ខ្នោះ។ ​រូបរាង្គកាយរបស់ពួកគាត់បានរងការឈឺចាប់ដោយព្រោះតែពួកគាត់ត្រូវបានគេវាយនឹងរំពាត់ហើយមានស្នាមរបួសដែលដាច់រហែក។ ​ពួកគាត់ត្រូវគេដាក់នៅក្នុងផ្នែកខាងក្នុងគុកដែលពេញទៅដោយសេចក្តីងងឹត។ ពួកគាត់មិនអាចនឹងដេកបានឡើយហើយនៅរហូតដល់ពាក់កណ្តាលអាធ្រាត្រ។ ដូច្នេះហើយ ពួកគាត់ធ្វើអ្វី? ពួកគាត់អធិស្ឋានហើយច្រៀងសរសើរដំកើងព្រះ!

 

មិនខ្វល់ពីការឈឺចាប់ដែលពួកគាត់កំពុងតែមាននោះ ពួកគាត់នៅតែអធិស្ឋាន ហើយច្រៀងសរសើរ ដំកើងព្រះ ហើយការសរសើររបស់ពួកគាត់បានប្រែក្លាយជាការផ្សាយដំណឹងល្អនៅពេលដែល អ្នកទោសផ្សេងទៀតបានស្តាប់ឮពួកគាត់។ ឥរិយាបទរបស់លោកប៉ុលនិងស៊ីឡាសនៅក្នុងស្ថានភាព ដូចនេះគឺជាគំរូដ៏ល្អសម្រាប់គ្រីស្ទានទាំងអស់គ្នា។ មនុស្សទាំងអស់តែងតែសម្លឹងមើលពីការរស់នៅរបស់ យើង ហើយនៅពេលដែលយើងអធិស្ឋាន ហើយច្រៀងសរសើរដំកើងព្រះព្រមទាំងទុកចិត្តលើទ្រង់ នៅក្នុង ពេលវេលាដ៏លំបាកដែលមាននៅក្នុងជីវិតរបស់យើងនោះ ពួកគេបានឃើញពីសេចក្តីជំនឿរបស់យើង។ ​នៅក្នុងបទគម្ពីរកិច្ចការ ​គ្រីស្ទានតែងតែពេញដោយសេចក្តីជំនឿ និងសេចក្តីសង្ឃឹម។ ​លោកពេត្រុស បានដេកលង់លក់ដោយស្ងប់សុខនៅក្នុងគុកក្នុងយប់នោះមុនពេលដែលគាត់ត្រូវបានគេកាត់ក្តី (១២:៦) ហើយប៉ុលនិងស៊ីឡាសច្រៀងសរសើរដំកើងដល់ព្រះ។ ​

 

នោះ​ស្រាប់​តែ​កើត​មាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំង​អស់​ទៅ

 

១៦:២៦​ នៅពេលដែលលោកប៉ុលនិងស៊ីឡាសអធិស្ឋានហើយសរសើរដំកើងដល់ព្រះនោះ ព្រះអង្គបានធ្វើ​ ឲ្យមានកក្រើកដីហើយខ្នោះក៏ហើបចេញពីអ្នកទោសទាំងអស់!

 

កាល​មេភូ‌ឃុំ​ភ្ញាក់​ឡើង ឃើញ​ទ្វារ​គុក​នៅ​ចំហ​ដូច្នោះ ក៏​ហូត​ដាវ​បំរុង​នឹង​សំឡាប់​ខ្លួន​ចោល ដោយ​ស្មាន​ថា អ្នក​ទោស​បាន​រត់​រួច​អស់​ហើយ

 

១៦:២៧ ការដែលកក្រើកដីបានធ្វើឲ្យមេភូឃុំភ្ញាក់ឡើង។ ​គាត់បានឃើញថាទ្វារគុកបានរបើក ហើយបានគិតថាពួកអ្នកទោសបានរត់ចេញអស់ហើយ!គាត់បានដកដាវដើម្បីនឹងសម្លាប់ខ្លួន។ ​គាត់បានដឹងថាការដាក់ទោសដែលគាត់នឹងទទួលបានដោយមិនបានយាមអ្នកទោសឲ្យបានត្រឹមត្រូវនោះគឺជាទោសស្លាប់ ហើយគាត់បានសម្រេចចិត្តនៅក្នុងការសម្លាប់ខ្លួនវាគឺជាការស្លាប់ដែលងាយស្រួលជាង ការដែលត្រូវគេកាត់ក្បាល។ 

 

ប៉ុន្តែ ប៉ុល​ស្រែក​ឡើង​ឃាត់​ថា កុំ​ធ្វើ​បាប​ខ្លួន​ឡើយ ដ្បិត​យើង​នៅ​ឯ​ណេះ​ទាំង​អស់​គ្នា​ទេ

 

១៦:២៨ យ៉ាងណាម៉ិញ ពួកអ្នកទោសមិនបានរត់ចេញទេ!គោលដៅនៃការដែលមានកក្រើកដីនោះគឺ មិនមែនដើម្បីនឹងសង្គ្រោះ​លោកប៉ុលនិងស៊ីឡាសពីគុកនោះឡើយ ប៉ុន្តែគឺដើម្បីនឹងសង្គ្រោះ​មេភូឃុំឲ្យបាន ជីវិតអស់កល្បជានិច្ចវិញ!

មេភូ‌ឃុំ​ក៏​ឲ្យ​គេ​យក​ភ្លើង​មក រួច​ម្នីម្នា​ស្ទុះ​ចូល​ទៅ​ក្នុង​គុក ផ្តួល​ខ្លួន​នៅ​ទៀប​ជើង​ប៉ុល នឹង​ស៊ីឡាស ទាំង​ញាប់‌ញ័រ

 

១៦:២៩ មេភូឃុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានស្តាប់ឮសម្លេងលោកប៉ុលស្រែកឡើង។ គាត់បានប្រើឲ្យអ្នកបម្រើរបស់គាត់យកភ្លើងមកដោយព្រោះតែនៅក្នុងគុកនោះគឺងងឹតឈឹងនៅកណ្តាលពេលអា ធ្រាត្រ។ គាត់បានទៅឯលោកប៉ុលនិងស៊ីឡាស ហើយបានក្រាបចុះនៅចំពោះអ្នកទោសទាំងពី រនេះដែលបានសង្រ្គោះជីវិតរបស់គាត់ដោយការស្រែកឃាត់ ហើយមិនបានរត់ចេញ។ 

 

ការដែលកក្រើក ដីនោះបានបង្ហាញដល់គាត់ថាព្រះជាម្ចាស់គឺកំពុងតែធ្វើការដោយសារលោកប៉ុល និងស៊ីឡាស ហើយពួកគេជាមនុស្សបរិសុទ្ធ ហើយថាគាត់គឺជាមនុស្សមានបាប។ ​ប្រហែលជា មេភូឃុំធ្លាប់បានឮថា ពួកគាត់បានប្រកាសពីផ្លូវនៃសេចក្តីសង្រ្គោះហើយ (ខ១៧) ដូច្នេះហើយ បានជាគាត់សួរនូវសំនួរដ៏សំខាន់ បំផុត។ ​

 

គាត់​នាំ​គេ​ចេញ​ទៅ​ក្រៅ​សួរ​ថា លោក​ម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​សង្គ្រោះ​ផង

 

១៦:៣០​ មេភូឃុំចង់ដឹងថាតើគាត់ត្រូវធ្វើអ្វីដើម្បីឲ្យទទួលបានសេចក្តីសង្រ្គោះ ប៉ុន្តែតាមការពិតទៅគឺគ្មាន អ្វីដែលគាត់ត្រូវធ្វើនោះឡើយ ដោយព្រោះតែគ្រប់យ៉ាងបានធ្វើសម្រេចសម្រាប់គាត់រួចទៅ ហើយដោយសារ ព្រះយេស៊ូវគ្រីស្ទ។ ​ពេលនេះអ្វីដែលតម្រូវឲ្យគាត់ធ្វើនោះគឺត្រូវទទួលជឿលើព្រះយេស៊ូវតែប៉ុណ្ណោះ។ ​

 

គេ​ក៏​ប្រាប់​គាត់​ថា ចូរ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង

 

១៦:៣១ លោកប៉ុលបានបញ្ជាក់យ៉ាងច្បាស់ថា សេចក្តីសង្រ្គោះគឺអាចទទួលបានដោយសារតែសេចក្តី ជំនឿតែប៉ុណ្ណោះ មិនមែនដោយការប្រព្រឹត្តរបស់មនុស្សនោះឡើយ។ ​ជំនឿ​មិន​មែន​ជា​ការប្រព្រឹត្ត​ទេ វា​គឺ​ជា​ការ​ទុក​ចិត្ត​លើ​កិច្ចការ​របស់​ព្រះ​យេស៊ូវ។ មនុស្សគ្រប់គ្នាអាចទទួលបានសេចក្តីសង្រ្គោះ ប្រសិនបើគាត់ផ្លាស់ប្រែចេញពីអំពើបាបរបស់គាត់ ហើយជឿលើព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់គាត់។ 

ការប្រែចិត្តរបស់មេភូឃុំបានបង្ហាញជាការពិតនៅពេលដែលគាត់បានឳនក្រាបដោយញាប់ញ័រ ហើយបានដឹងខ្លួនថាគាត់ត្រូវការសេចក្តីសង្រ្គោះ។ គាត់បានដឹងថាគាត់គឺជាមនុស្សមានបាបម្នាក់ ហើយថាគាត់ត្រូវការសេចក្តីសង្រ្គោះ។ ពេលនេះ គាត់ត្រូវតែមានសេចក្តីជំនឿលើព្រះយេស៊ូវ។ គាត់ត្រូវតែជឿថា អ្វីដែលព្រះយេស៊ូវមានបន្ទូលពីព្រះអង្គទ្រង់ (យ៉ូហាន ២០:៣១) ហើយជឿលើអ្វី ដែលព្រះអង្គបានធ្វើសម្រាប់យើង ទាំងអស់គ្នា (១ កូរិនថូស ១៥:៣-៤; រ៉ូម ១:១៦)។ សូមចំណាំថា យើងត្រូវតែជឿលើ “ព្រះអម្ចាស់”​ យេស៊ូវ។ ​ព្រះយេស៊ូវសង្រ្គោះដល់មនុស្សគ្រប់គ្នាដែលដើរតាម ព្រះអង្គក្នុងនាមជាព្រះអម្ចាស់របស់គេ។ ​ដូច្នេះហើយ ប្រសិនបើព្រះអង្គជាព្រះអម្ចាស់របស់អ្នក ព្រះអង្គក៏ជាព្រះអង្គសង្រ្គោះរបស់អ្នកដែរ។ ​

លោកប៉ុលបានប្រកាសថា “ចូរ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង”។  លោកប៉ុលមិនបានថាសេចក្តីជំនឿរបស់មេភូឃុំអាចនឹង សង្រ្គោះគ្រួសារគាត់ទាំងអស់គ្នានោះទេ ប៉ុន្តែពួកគេក៏អាចទទួលបានសេចក្តីសង្រ្គោះដែរ ប្រសិនបើ គេជឿលើព្រះយេស៊ូវ។ ហេតុនេះហើយបានជាមេភូឃុំបាននាំគ្រួសារគាត់ទាំងអស់ ឲ្យបានជួប ជាមួយនឹងលោកប៉ុល និងស៊ីឡាសដើម្បីឲ្យពួកគេអាចស្តាប់ឮដំណឹងល្អដែរ (ខ៣២-៣៤)។ 

 

គេ​ក៏​ផ្សាយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ដល់​គាត់ នឹង​ពួក​គ្រួ​គាត់​ទាំង​អស់​ដែរ

 

១៦:៣២ ​លោកប៉ុល និងស៊ីឡាសបានប្រាប់ដល់ក្រុមគ្រួសាររបស់មេភូឃុំពីដំណឹងល្អសេចក្តីសង្រ្គោះ ដើម្បីឲ្យពួកគេអាចទទួលជឿផងដែរ។ ​

 

នៅ​វេលា​យប់​នោះ​ឯង គាត់​យក​គេ​ទៅ​លាង​ស្នាម​រំពាត់​ចេញ រួច​ខ្លួន​គាត់ នឹង​ពួក​គាត់​ទាំង​អស់ ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ភ្លាម

 

១៦:៣៣ មេភូឃុំបង្ហាញចិត្តថ្មីរបស់គាត់ និងជីវិតថ្មីនៅក្នុងព្រះគ្រីស្ទដោយការលាងសំអាតរបួស ដល់ពួកបេសកជន។ ក្រោយមក ការដែល “លាងសំអាត” ដែលមានសារៈសំខាន់ជាងបានកើតមានឡើង ពេលដែលមេភូឃុំ និងពួកគ្រួសាររបស់គាត់បានទទួលពិធីបុណ្យជ្រមុជទឹកដែលជាការបង្ហាញពីការដែលគេ ទទួលជឿលើព្រះបន្ទូលនៃព្រះអម្ចាស់។ ​

 

នោះ​គាត់​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​រៀប​តុ​ឲ្យ​បរិភោគ ដោយ​មាន​ចិត្ត​រីក‌រាយ​សាទរ ព្រម​ទាំង​ពួក​គ្រួ​គាត់​ផង ដោយ​ព្រោះ​បាន​ជឿ​ដល់​ព្រះ​ហើយ។ 

 

១៦:៣៤​ ​មេភូឃុំបាននាំយកលោកប៉ុលនិងស៊ីឡាសទៅក្នុងផ្ទះរបស់គាត់ហើយរៀបចំអាហារឲ្យពួកគាត់ បរិភោគ។ នៅក្នុងភ្នែករបស់គាត់អ្នកទាំងពីរមិនមែនជាអ្នកទោសទៀតឡើយ ពួកគាត់គឺជាបងប្អូនក្នុង ព្រះគ្រីស្ទវិញ។ 

 

ដល់​ភ្លឺ​ឡើង នោះ​មេ​នគរ‌បាល​ចាត់​ពួក​នាយ ឲ្យ​ទៅ​ប្រាប់​ថា ចូរ​លែង​អ្នក​ទាំង​២​នោះ​ទៅ មេភូ‌ឃុំ​ក៏​ប្រាប់​ដល់​ប៉ុល តាម​ពាក្យ​នោះ​ថា លោក​នគរ‌បាល​បាន​ចាត់​គេ​មក ប្រាប់​ឲ្យ​លែង​លោក​ចេញ​ទៅ​ហើយ ដូច្នេះ សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ

 

១៦:៣៥-៣៦​ លោកប៉ុលនិងស៊ីឡាសបានចេញពីគុកនៅក្នុងពេលយប់ហើយទៅផ្ទះរបស់មេភូឃុំ។ ប៉ុន្តែនៅព្រឹកបន្ទាប់ ជាជាងការដែលគេចចេញ ពួកគាត់បានវិលត្រឡប់ទៅក្នុងគុកមុនពេលថ្ងៃរះ ដើម្បីកុំឲ្យមេភូឃុំត្រូវជាប់ទោស។ នៅព្រឹកនោះ មេនគរបាលបានសម្រេចចិត្តដោះលែងលោកប៉ុល និងស៊ីឡាស។ 

 

តែ​ប៉ុល​ឆ្លើយ​ទៅ​គេ​ថា ពួក​មេ​នគរ‌បាល​វាយ​យើង​នឹង​រំពាត់ នៅ​កណ្តាល​ជំនុំ ឥត​មាន​កាត់​ទោស ហើយ​បាន​ដាក់​គុក​យើង​ផង ដែល​យើង​ជា​ជាតិ​រ៉ូម​ដូច្នេះ ឥឡូវ​នេះ លោក​ចង់​គេច‌កែ​ប្រែ​ជា​ដេញ​យើង​ទៅ​ដោយ​សំងាត់​វិញ​ឬ ធ្វើ​ដូច្នេះ​ពុំ​បាន​ទេ ត្រូវ​ឲ្យ​ខ្លួន​លោក​មក​នាំ​យើង​ចេញ​ទៅ​វិញ

 

១៦:៣៧ នៅក្នុង១ ថែស្សាឡូនិច ២:២ លោកប៉ុលបានប្រកាសថាគាត់និងលោកស៊ីឡាសត្រូវបាន “​​រង​ទុក្ខ និង​ត្រូវ​គេ​ជេរ​ប្រមាថ នៅ​ក្រុង​ភីលីព”។ ​ពួកគាត់មិនត្រូវបានគេកាត់ក្តីដ៏ត្រឹមត្រូវឡើយ ប៉ុន្តែត្រូវបានគេវាយដោយរំពាត់ ហើយត្រូវបានគេចាប់ដាក់គុក ហើយដាក់ខ្នោះថែមទៀត។ ការពិតដែលថាមិនមានការកាត់ក្តីមុនពេលដែលត្រូវវាយដំគឺជាការដែលសំខាន់ដោយព្រោះតែលោកប៉ុល និងស៊ីឡាសគឺជាមនុស្សដែលមានសញ្ជាតិរ៉ូម៉ាំង។ ​ច្បាប់របស់រ៉ូម៉ាំងការពារដល់ជាមនុស្សដែលមាន សញ្ជាតិរ៉ូម៉ាំងពីការវាយដំនិងដាក់គុក។ ​ដូច្នេះហើយ មេនគរបាលមានទោសដោយព្រោះតែបានវាយ និងដាក់គុកដោយខុសច្បាប់។ ​

 

ពួកគាត់ត្រូវបានវាយលោកប៉ុលនៅក្នុងទីសាធារណៈ ប៉ុន្តែពួកគេចង់ដោះលែងគាត់ដោយ “សំងាត់” (ដែលជាការ ដែលសាធារណៈជនមិនបានដឹង) ដើម្បីការពារមិនឲ្យគេមិនមានសេចក្តីអាម៉ាសក្នុង ការទទួលស្គាល់ពីការខុសច្បាប់របស់ពួកគេ។ ដូច្នេះហើយលោកប៉ុលបដិសេធក្នុងការចាកចេញលើកតែមេ នគរបាលមកនាំគាត់ និងលោកស៊ីឡាសចេញពីគុកដោយខ្លួនឯង។ ដូចដែលគេបានវាយពួកគាត់នៅទី សាធារណៈដែល គាត់ចង់ឲ្យការដោះលែងគាត់បានធ្វើឡើងហើយមេនគរបាលសុំទោសគាត់នៅក្នុង ទីសាធារណៈដែរ។ លោកប៉ុលមិនមែនទាមទារការនេះដើម្បីជាប្រយោជន៍របស់គាត់នោះឡើយ ប៉ុន្តែគឺសម្រាប់ជាប្រយោជន៍ ដល់ពួកគ្រីស្ទានថ្មីដែលជាពួកជំនុំនៅក្នុងក្រុងភីលីព។ ​វាពិតជាមាន សារៈសំខាន់ខ្លាំងណាស់ដែលថាមនុស្ស នៅក្នុងទីក្រុងភីលីពបានដឹងថាពួកជំនុំរបស់ពួកគ្រីស្ទានថ្មីត្រូវបាន តាំងឡើងដោយមនុស្សដែលមានសញ្ជាតិរ៉ូម៉ាំង ដែលមិនបានល្មើសនឹងច្បាប់ឡើយ (មិនមែនតាំងឡើង ដោយពួកអ្នកទោសសាសន៍យូដា ដែលត្រូវបានបណ្តេញពីទីក្រុងឡើយ)។ 

 

ពួក​នាយ​ក៏​ទៅ​ជំរាប​តាម​ពាក្យ​នោះ រួច​ពួក​មេ​នគរ‌បាល​មាន​សេចក្ដី​ភិត‌ភ័យ ដោយ​ឮ​ថា​ជា​ជាតិ​រ៉ូម

 

១៦:៣៨ នៅពេលដែលមេនគរបាលបានឮថាលោកប៉ុលនិងស៊ីឡាសគឺជា មនុស្សដែលមានសញ្ជាតិរ៉ូម៉ាំង ពួកគេមានការភ័យខ្លាចយ៉ាងខ្លាំង។ ការដែលវាយម្នាក់ដែលមានដែលមានសញ្ជាតិរ៉ូម៉ាំង នោះគឺពិតជា មានទោសខ្លាំងណាស់ ជាពិសេសដោយព្រោះតែលោកប៉ុល និងស៊ីឡាសមិនបានទទួលការកាត់ក្តីត្រឹមត្រូវ ណាមួយ។ ​មេនគរបាលដែល បានដាក់ទោសលោកប៉ុលនិងស៊ីឡាសបានដឹងខ្លួនថា ពួកបេសកជនគឺ គ្មានទោស សោះឡើយ ប៉ុន្តែពួកគេ (មេនគរបាល) មានទោសដោយព្រោះតែការដែលល្មើសនឹង ច្បាប់រ៉ូម៉ាំង។ ​ជាលទ្ធផលពួកគេអាចនឹង បាត់បង់តំណែងរបស់ពួកគេ ហើយក្រុងភីលីពអាចនឹងបាត់បង់ អភ័យឯកសិទ្ធ ជាទីក្រុងដែលជាអាណានិគម​រ៉ូម៉ាំង។ ដូច្នេះហើយ ពួកគេប្រញាប់ទៅគុក ហើយសូមទោស ដល់លោកប៉ុល និងស៊ីឡាស។ ជាអាណានិគម​រ៉ូម៉ាំង

ក៏​មក​សូម​អង្វរ​ដល់​គាត់​ទាំង​២​នាក់ រួច​នាំ​ចេញ​ពី​ក្នុង​គុក ហើយ​សូម​ឲ្យ​ចេញ​ពី​ទី​ក្រុង​គេ​ទៅ

 

១៦:៣៩​ ពួកគេបានមកដល់គុកហើយបានធ្វើគ្រប់យ៉ាងដែលលោកប៉ុលតម្រូវឲ្យពួកគេធ្វើ។ ​មេនគរបាល ត្រូវតែប្រាកដថាគ្មានអ្នកណាម្នាក់បង្ករបញ្ហាដល់ពួកជំនុំនៅក្នុងក្រុងភីលីព ដោយព្រោះតែពួកគេដឹងថា លោកប៉ុលអាចនឹងរាយការណ៍ពីការប្រព្រឹត្តល្មើសច្បាប់របស់ពួកគេចំពោះគាត់ និងលោកស៊ីឡាសទៅកាន់អាជ្ញាធរនៅក្រុងរ៉ូមបាន។ ​

ដូច្នេះហើយ យើងអាចឃើញថា ព្រះមានបំណងព្រះទ័យល្អសម្រាប់ការដែលអនុញ្ញាតឲ្យមានការដែល ប្រមាថចំពោះពួកបេសកជន។ ប្រសិនបើពួកគាត់មិនត្រូវបានគេវាយនឹងរំពាត់ទេ នោះពួកជំនុំនៅក្រុង ភីលីព មិនត្រូវបានការពារពីការបៀតបៀននៅក្នុងពេលខាងមុខនោះឡើយ។ ប្រសិនបើពួកគេមិនត្រូវបាន ជាប់ក្នុង គុកទេនោះ ​មេភូឃុំនិងពួកគ្រួរបស់គាត់មិនអាចទទួលបានសេចក្តីសង្រ្គោះនោះឡើយ។ មេរៀនដែលមានសម្រាប់យើងទាំងអស់គ្នានោះគឺថា ព្រះទ្រង់តែងតែរៀបចំឲ្យមានការល្អជានិច្ច ទោះបីជាក្នុងស្ថានភាពដែលមិនល្អក៏ដោយ។  

កាល​ចេញ​ពី​គុក​ហើយ ទើប​នាំ​គ្នា​ទៅ​ឯ​នាង​លីឌា លុះ​បាន​ឃើញ​ពួក​ជំនុំ នោះ​ក៏​ទូន្មាន​ដល់​គេ រួច​ចេញ​ដំណើរ​ទៅ។ 

 

១៦:៤០ មុនពេលដែលពួកគាត់ចាកចេញពីក្រុងភីលីព  លោកប៉ុលនិងស៊ីឡាសបានទៅផ្ទះលីឌា ដើម្បី កំសាន្តចិត្ត “បងប្អូន”។ ​ការនេះបង្ហាញថា លទ្ធផល​នៃ​ការងារ​របស់​ពួកបេសកជននៅក្នុងក្រុងភីលីព គឺ​ការតាំងឲ្យមានពួកជំនុំមួយដែលប្រជុំគ្នានៅក្នុងផ្ទះរបស់លីឌា។ ពួកជំនុំនៅក្នុងក្រុងភីលីពបាន “រួមចំណែកនៅក្នុងដំណឹងល្អ” ជាមួយនឹងលោកប៉ុលដោយការគាំទ្រដល់ កិច្ចការបេសកកម្មរបស់កាត់ ចាប់តាំងពីថ្ងៃទីមួយដែលពួកជំនុំបានចាប់ផ្តើម (ខ១៣-១៥) ដែលនៅតែបន្ត រហូតដល់ដប់ពីរឆ្នាំ ក្រោយមកពេលដែលប៉ុលបានសរសេរសំបុត្រផ្ញើទៅពួកគេ (ភីលីព ១:៥)។ ការពិតដែលថា​ លោកលូកាឈប់សរសេរថា “យើង” នៅពេលដែលប៉ុល និងស៊ីឡាសចាកចេញពីទីក្រុងភីលីព (ហើយបន្តសរសេរថា "យើង" នៅពេលប៉ូលត្រឡប់ទៅទីក្រុងភីលីពវិញ ប្រាំបីឆ្នាំក្រោយនោះ ដែលនៅ ក្នុងនិទាឃរដូវ ក្នុងឆ្នាំ ៥៧ គ,ស; កិច្ចការ ២០:៥-៦) បង្ហាញថា លោកលូកាបន្ត​នៅក្នុងទីក្រុងភីលីព ដើម្បីជាផ្នែកមួយរបស់ពួកជំនុំនៅទីនោះ។

 

ការណែនាំ
ជំពូក ១៧
bottom of page