top of page

នៅ​ថ្ងៃ​នោះ​ឯង ក៏​កើត​មាន​សេចក្ដី​បៀត‌បៀន​ជា​ខ្លាំង ទាស់​នឹង​ពួក​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ពួក​ជំនុំ​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​នៅ​តែ‌ពាស ក្នុង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី លើក​តែ​ពួក​សាវក​ចេញ 

 

៨:១ លោកសុលយល់ព្រមនៅការសម្លាប់លោកស្ទេផាន ហើយភ្លាមនោះគាត់បានចាប់ផ្តើមបៀតបៀន ដល់ក្រុមជំនុំ (ខ៣)។ ​ នេះគឺជាការបៀតបៀនលើកដំបូងទាស់នឹងក្រុមជំនុំទាំងអស់។ ​មុននោះ មានតែពួកសាវ័កប៉ុណ្ណោះដែលរងនូវការបៀតបៀន ប៉ុន្តែក្រោយការស្លាប់ របស់លោកស្ទេផានពួកអ្នកជឿ ទាំងអស់ត្រូវបានគំរាមកំហែងដោយហិង្សារ។ ដោយព្រោះតែការនេះ ពួកគេបាននាំគ្នាភៀសខ្លួនចេញពី ក្រុងយេរូសាឡិម។ ​

 

ការបៀតបៀនបានធ្វើឲ្យពួកអ្នកជឿខ្ចាត់ខ្ចាយពាសពេញស្រុកយូដានិងស្រុកសាម៉ារី ហេតុដូច្នេះហើយបាន បណ្តាលឲ្យក្រុមជំនុំបាននាំយកដំណឹងល្អទៅប្រកាសពាសពេញហួសពីទីក្រុងក្រុងយេរូសាឡិមផងដែរ។ ​ដូច្នេះហើយការបៀតបៀននេះតាមការពិតទៅគឺបានបណ្តាលឲ្យសម្រេចសេចក្តីបង្គាប់ផ្នែកទីពីររបស់ ព្រះយេស៊ូវនៅក្នុង កិច្ចការ ១:៨  ដែលត្រូវធ្វើជាទីបន្ទាល់ពីព្រះអង្គ “ពាសពេញស្រុកយូដានិងស្រុក សាម៉ារី” ។ ជាថ្មីម្តងទៀត  យើងបានឃើញពីចំនុចថា អ្វីដែលមនុស្សមាន​បំណង​អាក្រក់ ព្រះ​ធ្វើ​ឲ្យ​ការ​នោះ​ប្រែ​ទៅ​ជា​ល្អ (លោកុប្បត្តិ ៥០:២០; កិច្ចការ ២:២២-២៤)។ ​ 

 

នៅពេលដែលក្រុមជំនុំទាំងអស់ភៀសខ្លួននោះ ​ពួកសាវ័កនៅតែបន្តស្នាក់នៅក្នុងក្រុងយេរូសាឡិម។ ​មើលទៅហាក់បីដូចជាពួកគេជ្រើសរើសក្នុងការស្នាក់នៅក្នុងក្រុងយេរូសាឡិមដើម្បីបន្តប្រកាសដំណឹងល្អនៅក្នុងទីកន្លែងដែលមានគ្រោះថ្នាក់បំផុត។ ​

រីឯ​ខ្មោច​ស្ទេផាន នោះ​មាន​ពួក​មនុស្ស​ខ្លះ​ដែល​កោត‌ខ្លាច​ដល់​ព្រះ បាន​នាំ​យក​ទៅ​កប់ ព្រម​ទាំង​យំ​សោក​នឹង​គាត់​ជា​ខ្លាំង​ផង។ 

៨:២ ទោះបីជាមានគ្រោះថ្នាក់នៅក្នុងការដែលធ្វើកិច្ចការយ៉ាងដូច្នោះក៏ដោយ ពួក​ប្រុសៗ​ដែល​គោរព​ កោត​ខ្លាច​ព្រះមានការប្តេជ្ញាចិត្តបានធ្វើពិធីបញ្ចុះសពរបស់លោកស្ទេផានយ៉ាងត្រឹមត្រូវផងដែរ។ ​ពួកគេមានសេចក្តីក្លាហាន ហើយមិនបានធ្វើការនោះដោយសំងាត់សោះឡើយ។ ​ផ្ទុយទៅវិញ  ​ពួកគេ “បានយំសោកនឹងគាត់ជាខ្លាំងផង” ចំពោះគ្រីស្ទានដំបូងបំផុតដែលបានលះបង់ជីវិតសម្រាប់សេចក្តីជំនឿ។ ​នេះជារបៀប ដែលគេបង្ហាញការគោរពដល់លោកស្ទេផាន។ ​វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់នៅក្នុង ការដែលធ្វើដូច្នេះដោយព្រោះតែយោងតាមច្បាប់របស់សាសន៍យូដា មានការអនុញ្ញាតឲ្យកប់ខ្មោច របស់មនុស្សដែលត្រូវបានស្លាប់ដោយការចោលនឹងថ្មថាជាអ្នកល្មើសនឹងច្បាប់ ប៉ុន្តែមិនអនុញ្ញាតឲ្យមាន ការយំសោកចំពោះល្មើសនឹងច្បាប់យ៉ាងនោះឡើយ។ ​ដូច្នេះហើយការដែលយំសោករបស់ពួកគេគឺជា សេចក្តីក្លាហាននៃការប្រកាសថាលោកស្ទេផានគឺជាមនុស្សសុចរិត ហើយថាការដែលសម្លាប់គាត់នោះ គឺមិនយុត្តិធម៌នោះឡើយ។ ​ ​

 

ឯ​សុល​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លាំង​ណាស់ ដោយ​ចូល​គ្រប់​តែ​ផ្ទះ ចាប់​ទាញ​អូស​ទាំង​ប្រុស​ទាំង​ស្រី បញ្ជូន​ទៅ​ដាក់​គុក។ 

 

៨:៣ លោកសុលបានឈរមើលលោកស្ទេផានស្លាប់ (៧:៥៨) ហើយបានយល់ព្រមជាមួយនឹងការសម្លាប់ នោះដែរ (៨:១)។ ​ពេលនេះគាត់ចាប់ផ្តើមធ្វើការបៀតបៀនដល់ក្រុមជំនុំ។ ​ដូចជាសត្វព្រៃដ៏សាហាវ សុលមានការប្តេជ្ញានៅក្នុងការវាយប្រហាររបស់គាត់ទាស់ជាមួយនឹងក្រុមជំនុំ។ គាត់បានព្យាយាមបំផ្លាញ ក្រុមជំនុំដោយព្រោះតែក្នុងនាមជាគណៈផារិស៊ីម្នាក់គាត់បានរាប់ថាក្រុមជំនុំគឺជាការគំរាមកំហែងដល់សាសនាសាសន៍យូដា។ ​

 

ហេតុអ្វី? ដោយសារតែក្រុមជំនុំបានប្រកាសថា ព្រះមែស្សុីបាន យាងមកហើយ ហើយទ្រង់ត្រូវបាន គេឆ្កាង ដើម្បីសង្គ្រោះអ្នកជឿលើទ្រង់ នៅក្នុងគ្រប់អស់ទាំងសាសន៍។ នេះគឺជាអ្វីដែលផ្ទុយស្រលះ ពីការរំពឹងទុក របស់ពួកយូដាអំពីព្រះមែស្សុី។ ពួកគេបានគិតថាព្រះមែស្សុី នឹងមក ដើម្បីយកឈ្នះទៅកាន់អាណាចក្ររ៉ូម ហើយនាំឲ្យអ៊ីស្រាអែលមានអំណាច និងភាពចម្រុងចម្រើនឡើងវិញ។ ដូច្នេះហើយបានជា លោកប៉ុលបានធ្វើទុក្ខបៀតបៀនក្រុមជំនុំ ដោយសារតែគាត់គិតថា ដំណឹងល្អដែលក្រុមជំនុំប្រកាស គឺជាគ្រោះថ្នាក់ទៅកាន់ គោលជំនឿនៃវប្បធម៌របស់គាត់។  

 

ចំណែក​អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​ព្រះ‌បន្ទូល

 

៨:៤ គ្រីស្ទានជាច្រើនបានខ្ចាត់ខ្ចាយទៅដូចជាគ្រាប់ពូជដែលធ្លាក់ទៅគ្រប់ទីកន្លែងទាំងអស់។ ​ការខ្ចាត់ខ្ចាយ របស់គ្រីស្ទាននេះបានដឹកនាំឲ្យមានការផ្សាយដំណឹងល្អ។ ​មុននោះ នៅក្នុងក្រុងយេរូសាឡិម គឺជាភារកិច្ច របស់ពួកសាវ័កនៅក្នុងការប្រកាស។ ​ពេលនេះ គ្រីស្ទានគ្រប់ៗគ្នាចាប់ផ្តើមផ្សាយដំណឹងល្អគ្រប់ទីកន្លែង ដែលពួកគេបានទៅដល់ (ម៉ាកុស ១៣:១០)។ ​ដូច្នេះហើយ ការបៀតបៀនបានបង្ករឲ្យមានឥទ្ធិពលផ្ទុយពី អ្វីដែល ពួកអ្នកបៀតបៀនទាំងនោះបានប៉ង។ ​ការនោះមិនបានបញ្ឈប់ដំណឹងល្អនោះឡើយតែផ្ទុយទៅវិញ បាននាំឲ្យ មានការផ្សាយដំណឹងល្អ ហើយក្រុមជំនុំកាន់តែរីកចំរើនឡើងថែមទៀត។ 

 

ឯ​ភីលីព គាត់​ចុះ​ទៅ​ឯ​ទី​ក្រុង​១​នៅ​ស្រុក​សាម៉ារី ប្រាប់​គេ​ពី​ព្រះ‌គ្រីស្ទ 

 

៨:៥ លោកភីលីពកំពុងប្រកាសដំណឹងល្អ​​នៅក្នុងស្រុកសាម៉ារីគឺជាគំរូមួយរបស់​គ្រីស្ទា​ន​នៅ​ក្នុងការ​ប្រកាស ដំណឹងល្អពីព្រះគ្រីស្ទនៅខាងក្រៅទីក្រុងយេរូសាឡិម។​ លោក​ភីលីព​គឺជាម្នាក់​នៅក្នុង​ចំ​ណោម​ពួក​អ្នកបម្រើ ទាំងប្រាំពីរនាក់ ដែលទទួលខុសត្រូវនៅក្នុង​ការចែកចាយ ដើម្បីបំពេញ​សេចក្តី​ត្រូវការរបស់​ស្រ្តី​មេ​​ម៉ាយ ពួកហេលេន នៅក្នុងក្រុមជំនុំ (៦:៥)។​ នៅ​ពេល​ដែល​​ការ​បៀ​ត​​បៀន​ដឹក​​នាំ​ឲ្យគាត់ឃ្លាតឆ្ងាយពី​ការ​​បំរើនេះ ​ដែ​លនៅក្នុងក្រុងយេរូសាឡិម ​គាត់​​បាន​ទៅ​​ភាគ​​ខាងជើងនេះ​ស្រុក​​សាម៉ា​រី​ ហើយបាន​ប្រ​កា​ស​ដំណឹងល្អ នៅទីនោះ។​

 

សូមពិចារណាអំពីភាពក្លាហានដ៏អស្ចារ្យរបស់លោកភីលីពក្នុងពេលដែលគាត់ប្រកាសដំណឹងល្អទៅកាន់សាសន៍សាម៉ារី។ អស់ពេលជាងប្រាំពីររយឆ្នាំមកហើយ ដែលសេចក្តីសំអប់តែងតែមានរវាង​សាសន៍យូដា និងសាសន៍សាម៉ារី ប៉ុន្តែលោកភីលីព​បង្ហាញពីសេចក្តី​ស្រឡាញ់​ចំពោះខ្មាំងសត្រូ​វ​របស់គាត់ ដោយការនាំ យក ដំណឹងល្អអំពីព្រះយេស៊ូវទៅឯពួកគេដោយព្រោះតែគាត់បានដឹងថា ព្រះអង្គទ្រង់ជាព្រះអង្គសង្រ្គោះ របស់ពិភពលោក (យ៉ូហាន ៤:៤២)។​

 

សេចក្តីសំអប់ដែលមានរវាងសាសន៍យូដា និងសាសន៍សាម៉ារីបានចាប់ផ្តើមបន្ទាប់ពីអ៊ីស្រាអែល (ហើយនឹង ការគ្រប់គ្រងទីក្រុងនៃស្រុកសាម៉ារី) ទទួលបរាជ័យដោយពួកអាសស៊ើរនៅក្នុងឆ្នាំ ៧២២ មុន គ,ស។ ​សាសន៍អាសស៊ើរបាននិរទេសប្រជារាស្រ្តអ៊ីស្រាអែលភាគ​ច្រើន ហើយនាំពួកសាសន៍ដទៃអោយមក រស់នៅក្នុង ទឹកដីអ៊ីស្រាអែល (២ ពង្សាវតាក្សត្រ ១៧:២៤-៣១)។  ពួកសាសន៍ដទៃទាំងនេះបានរៀបការ ជាមួយនឹង ប្រជារាស្រ្តអ៊ីស្រាអែលដែលនៅសេសសល់ក្នុងប្រទេសអ៊ីស្រាអែល។ កូនចៅរបស់ពួកគេ ជាកូនកាត់ អ៊ីស្រាអែល និងសាសន៍ដទៃ ហើយត្រូវបានហៅថា “សាសន៍សាម៉ារី”។  ​ដោយព្រោះតែ សាសន៍សាម៉ារី កើតចេញពីអំបូរយ៉ាកុប ពួកគេបានរាប់ខ្លួនគេថាជាអ៊ីស្រាអែលពិតប្រាកដ  ប៉ុន្តែពួកសាសន៍យូដា បានបដិសេធពួកគេដោយព្រោះតែគេជាមានអំបូរលាយឡំ និងសាសនាលាយឡំ ជាមួយនឹងជំនឿរបស់សាសន៍ដទៃ។ 

 

ហើយ​បណ្តា​មនុស្ស​ក៏​ស្រុះ​ចិត្ត​គ្នា នឹង​ប្រុង​ស្តាប់​អស់​ទាំង​សេចក្ដី ដែល​ភីលីព​និយាយ ដោយ​គេ​ឮ ហើយ​ឃើញ​ទី​សំគាល់​ដែល​គាត់​ធ្វើ ព្រោះ​មាន​អារក្ស​អសោចិ៍ ដែល​បាន​ចូល​មនុស្ស​ជា​ច្រើន វា​ស្រែក​ឡើង​ជា​ខ្លាំង រួច​ចេញ​មក ក៏​មាន​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង នឹង​មនុស្ស​ខ្វិន​ជា​ច្រើន បាន​ជា​ដែរ

 

៨:៦-៧ ជាថ្មីម្តងទៀត យើង​បានឃើញ​ពួកសិស្ស​របស់ព្រះយេស៊ូវ​បន្តធ្វើកិច្ចការដែល​ព្រះអង្គ​បាន​ចាប់​ផ្តើម (១:១, ១:៨, ៦:៨)។ ​ការដែលបណ្តេញវិញ្ញាណអាក្រក់​ហើយបានប្រោសពួកអ្នកដែលឈឺ​ឲ្យបានជា ដែលលោកភីលីពបានធ្វើគឺដូចជាការអស្ចារ្យរបស់ព្រះយេស៊ូវដែរ។​ មូលហេតុដែល​ការ​អស្ចារ្យគឺជា “ទីសំគាល់” គឺដោយព្រោះតែការទាំងនោះបង្ហាញ​ពីវត្ត​មាន​និ​ងអំណាច​ចេស្តា​នៃ​រាជ​នគរនៃព្រះ (លូកា​ ១១:២០)។​

 

ហើយ​នៅ​ទី​ក្រុង​នោះ គេ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង។

 

៨:៨ ​វត្តមាននិងអំណាចេស្តានៃនគរនៃព្រះតែងតែបង្កើតឲ្យមានសេចក្តីអំណរ (លូកា ១:១៤, ២:១០, ៨:១៣, ១០:១៧, ១៥:៧,​ ១៥:១០,​ ២៤:៥២-៥៣)។ ជាសេចក្តី​អំណរ​ដែល​កើត​មាន​ឡើ​ង ​ដោ​យការ ដែលដឹងថាព្រះគង់នៅក្បែរ ហើយដែលថាទ្រង់យកព្រះទ័យទុកដាក់ ហើយព្រះ​អង្គ​មាន​អំណាច ព្រះចេស្តាដ៏ខ្ពស់បំផុតនៅក្នុងការប្រទានឲ្យមនុស្សមានសេរីភាពពីអំពើបាប ជំងឺ វិញ្ញាណអាក្រក់ និងសេចក្តីស្លាប់។​

 

រីឯ​នៅ​ក្រុង​នោះ មាន​មនុស្ស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​ដែល​ពី​ដើម​នាំ​ឲ្យ​សាសន៍​សាម៉ារី​ភាន់‌ភាំង ដោយ​វិធី​មន្ត‌អាគម​របស់​ខ្លួន ទាំង​ប្រកាស​ខ្លួន​ថា​ជា​អ្នក​ធំ​ណា​មួយ មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ ក៏​ប្រុង​ផ្ចង់​ស្តាប់​គាត់​ទាំង​អស់​គ្នា ដោយ​ថា អ្នក​នេះ​ពិត​ជា​តួ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដ៏​ធំ​ហើយ គេ​ប្រុង​ស្តាប់​គាត់ ពី​ព្រោះ​គាត់​នាំ​ឲ្យ​ភាន់​ជា​យូរ​មក​ហើយ ដោយ​មន្ត‌អាគម​របស់​គាត់ 

 

៨:៩-១១ ពួក​សាសន៍​សាម៉ារី​បាន​ជឿលើព្រះយ៉ាវេហ៍ ប៉ុន្តែដោយព្រោះតែការលាយឡំសាសនា​ជាច្រើន ​របស់​ពួកគេនោះ ពួកគេក៏មានសេចក្តីជំនឿក្លែងក្លាយជាច្រើនអំពីអាណាចក្រខាងព្រលឹងវិញ្ញាណផងដែរ។  ​ដូច្នេះហើយ  នៅពេលដែលស៊ីម៉ូនហៅខ្លួនគាត់ថាជាអ្នកធំណា​មួយ ហើយ​បាន​ធ្វើការ​មន្តអាគម ដែលមើលទៅ ហាក់បីដូចជាបានបញ្ចុះបញ្ចូលពួកសាសន៍សាម៉ារីថា គាត់ជាម្នាក់ដែលមានអំណាច ពីស្ថានសួគ៌ ហើយអាចជាព្រះមួយផង។​ពួកសាសន៍សាម៉ារីជឿថាស៊ីម៉ូនគឺជា “តួព្រះ​ចេ​ស្តា​នៃព្រះដ៏​ធំ” ដូច្នេះហើយការដែលគាត់ បានជួបជាមួយនឹងលោកភីលីព បានបង្កើតឲ្យមាន​សំនួ​រ​កើតមានឡើងថា តើអ្នកណាជាអ្នកដែលមាន អំណាច នៃព្រះចេស្តានៃព្រះពិតប្រាកដ តើ​ជាភី​លី​ព ឬស៊ីម៉ូន? 

 

តែ​កាល​មនុស្ស​ទាំង​អស់​បាន​ជឿ​តាម​ភីលីព ដែល​គាត់​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​នៃ​ព្រះ ហើយ​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ នោះ​គេ​ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ទាំង​ប្រុស​ទាំង​ស្រី 

 

៨:១២ ស៊ីម៉ូនបានធ្វើការមន្តអាគម ហើយប្រកាសខ្លួនគាត់ថាជាអ្នកធំមាន​អំណាចអស្ចារ្យ ប៉ុន្តែ​​​លោកភីលីពបានធ្វើទីសំគាល់ ដោយការដែលបណ្តេញវិញ្ញាណអាក្រក់ និងបានប្រោសពួកអ្នក ដែលឈឺ​ឲ្យបានជា ហើយប្រកាសពីព្រះគ្រីស្ទថាព្រះអង្គជាប្រភពនៃអំណាចរបស់គាត់វិញ។​​ ពួកសាសន៍សាម៉ារីបាន​ភ្ញាក់​ដឹង​ខ្លួន​ថាអ្នក​ប្រ​កា​ស​​ដំណឹងល្អមានអំណាចខ្លាំងជាង អ្នកសម្តែង ការមន្តអាគម។ ​ស៊ីម៉ូនបានបោកបញ្ឆោតមនុស្ស ប៉ុន្តែនៅពេលដែលគេបានស្តាប់ឮ លោកភីលីពប្រកាសពីសេចក្តីពិតអំពីនគរនៃព្រះហើយអំពីព្រះយេស៊ូវនោះ ពួកគេបានទទួលជឿ ហើយបានទទួលពិធីជ្រមុជទឹក។​

 

ហើយ​ស៊ីម៉ូន​នោះ​ក៏​ជឿ​ដែរ លុះ​គាត់​ទទួល​បុណ្យ​ជ្រមុជ​រួច​ហើយ នោះ​ក៏​នៅ​ជាប់​នឹង​ភីលីព​ជា​ដរាប​ទៅ ហើយ​គាត់​កើត​មាន​សេចក្ដី​អស្ចារ្យ ដោយ​បាន​ឃើញ​ទី​សំគាល់ នឹង​ការ​ឫទ្ធិ‌បារមី​ជា​ធំ​ដែល​កើត​មក។

 

៨:១៣ សូម្បនីតែស៊ីម៉ូនក៏បានទទួល​ជឿលើព្រះយេស៊ូវដែរ​ដោយព្រោះតែគាត់​បានឃើញ​លោក​ភីលីព មាន​ប្រភពអំណាចដែលលើសជាងអំណាចដែលគាត់មានទៅទៀត។​ យ៉ាងណាម៉ិញ ជំនឿ​របស់ស៊ីម៉ូន មានដោយព្រោះតែការអស្ចារ្យរបស់លោកភីលីព (មិនមែនដោយព្រោះតែសេចក្តីប្រកាសនៃដំណឹងល្អ ដែលគាត់បានប្រកាសនោះឡើយ) ហើយដូចដែលយើងនឹងបានឃើញនៅក្នុងខទី​១៩ គោលបំណង របស់គាត់នោះគឺដើម្បីទទួលបានអំណាចនេះ ដើម្បីជាប្រយោជន៍ខ្លួនគាត់វិញ។​

 

កាល​ពួក​សាវក នៅ​ក្រុង​យេរូ‌សាឡិម បាន​ឮ​ថា ស្រុក​សាម៉ារី​ទទួល​ព្រះ‌បន្ទូល​ហើយ នោះ​គេ​ចាត់​ពេត្រុស នឹង​យ៉ូហាន ឲ្យ​ទៅ​ឯ​ពួក​អ្នក​នោះ

 

៨:១៤ នៅពេលដែលព្រះយេស៊ូវប្រទានកូន​សោរនៃនគរស្ថាន​សួគ៌ដល់លោក​ពេត្រុស​ ហើយនឹង ​ពួកសាវ័ក​ផ្សេងទៀតគឺសម្រាប់គោលបំណងនេះ គឺជាដើម្បីពួកសាវ័ក​ស្វាគមន៍ក្រុម​មនុស្សថ្មី​ឲ្យ​បា​ន​ចូ​ល​ទៅ ​ក្នុ​ង​រា​ជន​គរ  (ម៉ាថាយ ១៦:១៩)។

លុះ​អ្នក​ទាំង​២​បាន​ចុះ​ទៅ​ដល់​ហើយ នោះ​ក៏​អធិស្ឋាន​ឲ្យ​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ 16ដ្បិត​ព្រះ‌វិញ្ញាណ​មិន​ទាន់​ចុះ​មក សណ្ឋិត​លើ​ពួក​គេ​ណា​មួយ​នៅ​ឡើយ គេ​គ្រាន់​តែ​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​ប៉ុណ្ណោះ 

 

៨:១៥-១៦ ​ព្រះបានពន្យារពេលនៅក្នុងការប្រទាន​ព្រះវិញ្ញាណបរិសុទ្ធ​ដល់ពួកសាសន៍​សាម៉ារី​ដើម្បីឲ្យ មានការរួបរួមនៅក្នុងចំណោមពួកគ្រីស្ទាន។​ ការដែលចាត់ពួកសាវ័កឲ្យចុះទៅ​ក្នុង​ស្រុ​​កសា​ម៉ា​​រី​មុនពេល ដែ​ល​ព្រះ​​អ​​ង្គ​ប្រ​ទានព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ ព្រះបានបញ្ជាក់:

 

  • ទៅកាន់ពួកសាសន៍សាម៉ារី ថាពួកគេបានរួបរួមជាមួយនឹងក្រុមជំនុំ ដែលបានចាប់ផ្តើមនៅក្នុង ក្រុងយេរូសាឡិម។ ការនេះក៏បង្ហាញថាពួកគេត្រូវការចុះចូលចំពោះអំណាចរបស់ពួកសាវ័កដែរ។ ចំនុចដូចគ្នាដែលបានកើតមានឡើងចំពោះសាសន៍ដទៃដែលត្រូវបានបញ្ចូលទៅក្នុងក្រុមជំនុំផងដែរ (១០:៤៤-៤៦, ១៥:៦-១២, ១៩:៦)។​

 

  • ទៅកាន់ក្រុមជំនុំនៅក្រុងយេរូសាឡិម ថាសាសន៍សាម៉ារីពិតជាទទួលសេចក្តី​សង្រ្គោះពិតប្រាកដ ហើយថាព្រះអម្ចាស់បានរួមបញ្ចូលពួកគេនៅក្នុងក្រុមជំនុំរបស់ព្រះអង្គ ដែលជារូបកាយតែមួយ របស់ព្រះគ្រីស្ទ។ ពួកគេមិនមែនជាក្រុមជំនុំដាច់ដោយឡែកពីគ្នានោះ​ឡើយ​ ប៉ុន្តែទាំង សាសន៍យូដានិងសាសន៍​សា​ម៉ារី​ទាំង​​អ​ស់​​គឺជាសមាជិក​នៃរូបកាយ​​តែ​​មួយ ទាំងអស់គឺតែមួយ នៅក្នុងព្រះគ្រីស្ទ។​

ដូច្នេះ អ្នក​ទាំង​២​ក៏​ដាក់​ដៃ​លើ​គេ ហើយ​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ

 

៨:១៧ គ្មានលំដាប់លំដោយឬបែបផែនណាមួយដែលត្រូវបានកំណត់​ដើម្បី​ឲ្យទទួលបាន​ព្រះ​វិញ្ញា​ណ ​​បរិសុទ្ធនៅក្នុងបទគម្ពីរកិច្ចការនោះឡើយ។ ​នៅក្នុងឳកាសនេះ ​ពួកសាវ័កបានដាក់​ដៃលើ​ពួក​សា​ស​ន៍ ​សាម៉ារីហើយពួកគេបានទទួលបាននូវព្រះវិញ្ញាណបរិសុទ្ធ។ ​ប៉ុន្តែកិច្ចការ ១០:៤៤ បង្ហាញថា ការ​ដែលទ​ទួ​ល​​ព្រះ​វិ​ញ្ញា​ណ​ប​រិ​សុទ្ធ​មិន​មែ​ន​ត​ម្រូវ​ឲ្យ​ពួកសាវ័​កដា​ក់​ដៃ​លើ​នោះ​ឡើយ។ ​ចំនុច​នោះ​គឺថា ព្រះវិញ្ញាណបរិសុទ្ធគឺជាអំណោយ​ទាន​មកពីព្រះ ដោយសារព្រះគុណ។ ​មិនមែនជាអំណាច ដែល​គ្រប់​​គ្រង ដោយពួកសាវ័កនោះឡើយ។​ ព្រះបានធ្វើការជាច្រើន​បែបច្រើនសារនៅក្នុងគោល​ដៅផ្សេ​ង​ៗ​ពីគ្នា ហើយព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់​ព្រះអង្គនៅពេល​ណា​ដែល​ព្រះអង្គ​សព្វ​ព្រះ​ទ័យ។​

កាល​ស៊ីម៉ូន​បាន​ឃើញ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​ដោយ​ពួក​សាវក​ដាក់​ដៃ​លើ​គេ​ដូច្នោះ នោះ​គាត់​យក​ប្រាក់​មក​ជូន ដោយ​ពាក្យ​ថា សូម​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា ឲ្យ​អ្នក​នោះ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ 

 

៨:១៨-១៩ ការអស្ចារ្យរបស់លោកភីលីពបានទាក់ទាញចំណាប់អារម្មណ៏របស់ស៊ីម៉ូនរួចទៅហើយ ពេលនេះ ការចាក់បង្ហូរ​នៃព្រះវិញ្ញាណបរិសុទ្ធ​នៃព្រះគឺពិតជាអស្ចារ្យណាស់សម្រាប់​គាត់ ហើយធ្វើឱ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ស៊ីម៉ូនបានសូមឲ្យមាន “អំណាចនេះ” ដែរ គឺ​ជាការ​ដែលមាន​សិទ្ធនៅក្នុងការ​ផ្តល់ឲ្យ​នូ​វ​ ព្រះ​វិញ្ញាណបរិសុទ្ធ ​ហើយគាត់បានយកប្រាក់​មកជូន​ ដើម្បី​ឲ្យអាច​ធ្វើការ​នោះ​បាន។ ​គាត់មិនបានយល់ថាការដែលទទួលបានព្រះ​វិញ្ញា​ណ​បរិសុទ្ធ​​គឺជាកិច្ចការ ហើយជាអំណោយទាននៃព្រះ ហើយមិនមែនជាមន្ត​អា​គម​ឬ​សមត្ថភាព​ដែល​ពួ​ក​សាវ័​កមាន​នោះឡើយ​។  គាត់ត្រូវ​បាន​ដឹក​នាំ ដោយ​សេចក្តីលោភលន់​ហើយចង់ធ្វើជាម្ចាស់ ​និងគ្រប់គ្រង​លើអំណាច​នេះ ដោយព្រោះតែគាត់​គិត​ថា​គាត់ អាចប្រើអំណាចនោះដើម្បីឲ្យគាត់ទទួលបានការសរសើរ និងប្រយោជន៍។​

 

តែ​ពេត្រុស​ឆ្លើយ​តប​ថា ចូរ​ឲ្យ​ប្រាក់​អ្នក​វិនាស​ទៅ​ជា​មួយ​នឹង​អ្នក​ចុះ ព្រោះ​អ្នក​ស្មាន​ថា នឹង​យក​ប្រាក់​មក​ទិញ​អំណោយ​ទាន​របស់​ព្រះ​បាន​ដូច្នេះ 

 

៨:២០ លោកពេត្រុសបានបដិសេធសំណូមពរ​របស់ស៊ីម៉ូនយ៉ាងដាច់អហង្ការ​ហើយបានរំលឹកគាត់​ថា គាត់អាច​នឹងត្រូវបំផ្លាញដោយព្រះ ព្រោះតែបំណងប្រាថ្នាដ៏ពេញ​ដោយអំពើ​បា​បរបស់គាត់​នៅក្នុង​ ការ​គ្រប់​គ្រង ហើយប្រើប្រាស់​ព្រះវិញ្ញាណបរិសុទ្ធ​ ដើម្បីតែសេចក្តី​ប៉ងប្រាថ្នាអាត្មា​និយម​របស់គាត់។ ​ព្រះវិញ្ញាណបរិសុទ្ធមិនមែនសម្រាប់លក់នោះឡើយ ឬដូចជាមន្តអាគមរបស់គាត់នោះឡើយ។    ព្រះវិញ្ញាណបរិសុទ្ធអាចទទួលបានដោយសារតែព្រះគុណនៃព្រះនៅពេលដែលមនុស្សម្នាក់ធ្វើការប្រែចិត្តពី អំពើបាបរបស់ពួកគេ ហើយទទួលជឿលើព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់គេតែប៉ុណ្ណោះ (២:៣៨-៣៩) ។

 

អ្នក​គ្មាន​ភាគ​គ្មាន​ចំណែក​ក្នុង​ការ​នេះ​ឡើយ ព្រោះ​ចិត្ត​អ្នក​មិន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ​ទេ 

 

៨:២១ លោកពេត្រុសបានស្តីបន្ទោសស៊ីម៉ូនដោយការប្រាប់គាត់ថាគាត់គ្មាន​ចំណែកជា​មួយនឹង​រាស្រ្ត​របស់ ព្រះនោះឡើយ។​ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ “ភាគ ឬចំណែក” សំដៅ​លើអភ័យ​ឯកសិទ្ធ​នៅក្នុងការ ដែល​បានធ្វើជាកម្មសិទ្ធក្នុងចំណោមរាស្រ្តរបស់ព្រះ (ហើយក៏បានរួម​ចំណែក​នៅ​ក្នុ​ងមរតក ​ដែល​ ព្រះអង្គប្រទានមកផងដែរ)។​ ឥរិយាបទ​របស់ស៊ីម៉ូនបង្ហាញថាគាត់គ្មាន​ចំណែក​ពិតប្រាក​ដ​នោះ​ឡើយ “នៅក្នុងការនេះ”។ ពាក្យបានបកប្រែមកថា “​ការនេះ” គឺ λόγῳ ជាពាក្យដែល​ត្រូវបាន​ប្រើពេញ​ក្នុង បទគម្ពីរកិច្ចការ សម្រាប់ដំណឹងល្អ  (៨:៤)។ ស៊ីម៉ូន ពិតជាមិន​បានឆ្លើយ​តប​ចំពោះ​​ដំ​ណឹង​ល្អនោះឡើយ គាត់បានឆ្លើយតបចំពោះសេចក្តីលោភលន់​របស់​គាត់​តែប៉ុណ្ណោះ។ ​ចិត្ត​គំនិតរបស់គាត់គឺ “មិនស្មោះត្រង់ នៅចំពោះព្រះនោះឡើយ”​ ហើយគាត់មិនមាន​ការ​ប្រែចិត្តនិង​សេចក្តី​ជំនឿ ដែលជាការឆ្លើយតបចំពោះ ដំណឹងល្អយ៉ាងត្រឹមត្រូវឡើយ។​

 

ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចេញ​ពី​សេចក្ដី​អាក្រក់​នេះ​ចុះ ហើយ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​វិញ ក្រែង​ទ្រង់​នឹង​អត់​ទោស​ដល់​គំនិត​ក្នុង​ចិត្ត​អ្នក​បាន ដ្បិត​ខ្ញុំ​យល់​ឃើញ​ថា អ្នក​នៅ​ក្នុង​សេចក្ដី​ជូរ​ល្វីង ហើយ​ក៏​ជាប់​ដោយ​ចំណង​នៃ​សេចក្ដី​ទុច្ចរិត​ផង

 

៨:២២-២៣ ​លោកពេត្រុសអាចមើលឃើញថាស៊ីម៉ូន ម៉ាហ្គាស ត្រូវបានគ្រប់​គ្រង​ដោយ​សេចក្តី ​លោភ​លន់ ការច្រណែន និងអំពើបាប។​ ដូច្នេះហើយ ​លោកពេត្រុស​បង្គាប់ឲ្យគាត់ធ្វើការ​ប្រែ​ចិត្ត ​ហើយ អធិស្ឋានទៅព្រះសូមអង្វរឲ្យមានការអត់​ទោសដោយព្រោះតែស៊ីម៉ូននៅក្នុងភាពគ្រោះ​ថ្នាក់ ដែលសេចក្តីលោភរបស់គាត់អាចនឹងបំផ្លាញគាត់បាន។​

ស៊ីម៉ូន​ឆ្លើយ​ឡើង​ថា សូម​លោក​ជួយ​អង្វរ​ដល់​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ការ​អ្វី​មួយ ដូច​លោក​មាន​ប្រសាសន៍​នោះ បាន​កើត​មក​ដល់​ខ្ញុំ​ឡើយ

 

៨:២៤ ប៉ុន្តែផ្ទុយពីការដែលប្រែចិត្ត ហើយអធិស្ឋានទៅព្រះ ​ស៊ីម៉ូនបានសូម​ឲ្យលោកពេត្រុស​អធិស្ឋាន ថាសូមកុំឲ្យគាត់ត្រូវប្រឈមមុខជាមួយនឹងលទ្ធផលនៃអំពើបាបរបស់គាត់វិញ។​ ម្តងទៀត ​យើង​បានឃើញ ថាគាត់ពិតជាមិនបានយកចិត្តទុកដាក់ចំពោះព្រះនោះឡើយ។​ ការនេះបង្ហាញ​ដល់​យើង​ថាការផ្លាស់ប្រែ របស់គាត់មិនមែនជាការពិតនោះឡើយ។​

 

ការផ្លាស់ប្រែដ៏ពិតប្រាកដផ្លាស់ចិត្តរបស់មនុស្សម្នាក់។ ការនេះកើតមានឡើងនៅពេល ដែលគាត់បានស្តាប់ ឮដំណឹងល្អ ហើយដឹងថាគាត់ជាមនុស្សមានបាបម្នាក់ ប៉ុន្តែចង់ធ្វើការផ្លាស់ប្តូរដើម្បីឲ្យគាត់អាចបានស្គាល់ និងស្រឡាញ់ព្រះបាន។​ ការផ្លាស់ប្រែក្លែងក្លាយគឺជាការដែលព្យាយាម​នៅក្នុង​ការ​ទទួលបានព្រះពរឬជៀស ចេញពីការដាក់ទោស ប៉ុន្តែអ្នក​ផ្លាស់ប្រែក្លែងក្លាយគឺមិន​ដែល​មាន​ចិត្តស្មោះត្រង់ចំពោះព្រះនោះឡើយ។  ស៊ីម៉ូនមិនមានការសោកស្តាយចំពោះអំពើបាបរបស់គាត់នោះឡើយ ប៉ុន្តែភ័យខ្លាចចំពោះ​លទ្ធផល ដែលអាចនឹង​កើត​មា​នឡើ​ង​ចំ​ពោះគាត់តែប៉ុណ្ណោះ។ គាត់​មិ​ន​ច​ង់​ធ្វើ​កា​រប្រែចិត្ត ហើយសូម​ព្រះសម្រាប់ ​ការអត់ទោសនោះឡើយ ហើយការ​នេះបង្ហាញ​ថា ចិត្តរបស់គាត់គឺមិនបានផ្លាស់ប្តូរនោះឡើយ។

 

កាល​អ្នក​ទាំង​២​បាន​ប្រឹង​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ហើយ​ប្រាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​រួច​ហើយ នោះ​ក៏​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ទាំង​ប្រកាស​ប្រាប់​ដំណឹង​ល្អ នៅ​ក្នុង​ភូមិ​របស់​សាសន៍​សាម៉ារី​ជា​ច្រើន​តាម​ផ្លូវ​រៀង​ទៅ។

 

៨:២៥ លោកភីលីពបានចាប់ផ្តើម​ព័​ន្ធ​កិ​​ច្ចទៅកាន់សាសន៍សាម៉ារី ហើ​យ​ក្រោ​យ​​ម​ក​លោ​ក​ពេ​ត្រុស ​និង​លោកយ៉ូហាន បន្តបេសកកម្មដោយការ​ប្រកា​ស​ដំ​ណឹង​ល្អ​នៅ​ក្នុ​ង​ភូ​មិរបស់សាស​ន៍​សា​ម៉ា​រី​ជា​ច្រើន ​នៅ​ក្នុង​កា​រធ្វើដំ​ណើ​រ​ត្រឡប់ទៅក្រុងយេរូសាឡិមរបស់ពួកគាត់។​ ដូចដែលយើងនឹង​ឃើញ​នៅ​​ផ្នែក​ផ្សេ​​ង​ទៀ​ត​ នៅក្នុងជំពូកនេះ  ព្រះមានបេសកកម្មផ្សេង​ទៀ​តស​ម្រា​ប់​លោ​កភី​លី​ព ​ហើ​យ​នឹ​ង​ឳ​កា​ស ផ្សេង​ទៀតសម្រាប់​ គាត់នៅក្នុងការប្រកាសដំណឹងល្អ។

 

នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់ មាន​បន្ទូល​ទៅ​ភីលីព​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​ខាង​ត្បូង តាម​ផ្លូវ​ដែល​ចុះ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ឯ​ក្រុង​កាសា ដែល​ជា​ទី​រហោ‌ស្ថាន​ទៅ 

 

៨:២៦ មានផ្លូវរពីរចេញពីក្រុងយេរូសាឡិមទៅកាន់កាសា ហើយទេវតានៃព្រះអម្ចាស់បានបង្គាប់ដល់ លោកលោកភីលីពឲ្យបានទៅតាមផ្លូវដែលគេមិនសូវប្រើ។ ផ្លូវនេះសំដៅទៅភាគខាងត្បូងនៃក្រុង យេរូសាឡិមទៅកាន់ហេប្រុនហើយក្រោយមកទៅភាគខាងលិចទៅកាន់កាសា។ ​“ដែល​ជា​ទី​រហោ‌ស្ថាន ​ទៅ”​​ គឺជាការអធិប្បាយរបស់លោកលូកានៅក្នុងការបង្ហាញពីការភាពចម្លែកនៃការបង្គាប់នេះ។  ​ហេតុអ្វីបានជាទេវតាបង្គាប់ឲ្យលោកភីលីពទៅកាន់ទីរហោស្ថានដែលដាច់ស្រយាលយ៉ាងដូច្នេះ? ​សេចក្តីជំនឿរបស់លោកភីលីពបង្ហាញនៅក្នុងការស្តាប់បង្គាប់របស់គាត់នៅពេលដែលគាត់ទុកព័ន្ធកិច្ច ដែលមានផលផ្លែនៅក្នុងស្រុកសាម៉ារីទៅកន្លែងទីរហោស្ថានដោយព្រោះតែព្រះបានបង្គាប់ឲ្យគាត់ទៅ។ ​

 

កំរៀវ ដែល​មាន​អំណាច​ក្រោម​ព្រះ‌នាង​កាន‌ដេស មហា‌ក្សត្រី​ដែល​សោយ‌រាជ្យ​ក្នុង​ស្រុក​អេធីយ៉ូពី លោក​ជា​អ្នក​ត្រួត‌ត្រា​លើ​អស់​ទាំង​ព្រះ‌រាជ‌ទ្រព្យ​របស់​ស្តេច ហើយ​បាន​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ថ្វាយ‌បង្គំ លោក​កំពុង​តែ​ជិះ​រថ​ត្រឡប់​ទៅ​វិញ ក៏​មើល​គម្ពីរ​ហោរា​អេសាយ

 

៨:២៧-២៨ លោកភីលីពបានស្តាប់តាមភ្លាម។ ​នៅតាមផ្លូវក្នុងទីរហោស្ថាន គាត់បានឃើញសាសន៍ អេធីយ៉ូពីម្នាក់ធ្វើត្រឡប់ទៅផ្ទះវិញពីក្រុងយេរូសាឡិម ហើយគាត់កំពុងតែអានបទគម្ពីរ!​សូមចំណាំថា (១) សាសន៍អេធីយ៉ូពីបានធ្វើដំណើរយ៉ាងឆ្ងាយមកកាន់ទីក្រុងយេរូសាឡិមដើម្បីថ្វាយបង្គំព្រះ ហើយ (២) បទគម្ពីរនៅក្នុងជំ​នាន់​នោះមានតម្លៃថ្លៃខ្លាំងណាស់នៅក្នុងការទិញ គាត់អាចនឹងត្រូវបានចំណាយប្រាក់ យ៉ាងច្រើន។ ​សេចក្តីពិតទាំងពីរនេះបង្ហាញថាគាត់ពិតជាចង់ស្គាល់ព្រះនិងព្រះបន្ទូលទ្រង់ខ្លាំងណាស់។ ​

 

ខណ​នោះ ព្រះ‌វិញ្ញាណ​ទ្រង់​មាន​បន្ទូល​ទៅ​ភីលីព​ថា ឲ្យ​ចូល​ទៅ​ប្រកៀក​នឹង​រថ​នោះ​ទៅ ភីលីព​ក៏​រត់​ទៅ​តាម ឮ​លោក​កំពុង​តែ​អាន​មើល​គម្ពីរ​ហោរា​អេសាយ រួច​សួរ​ថា លោក​មើល​យល់​ឬ​ទេ

 

៨:២៩-៣០ ព្រះវិញ្ញាណបរិសុទុ្ធដឹកនាំលោកភីលីពដែលជាថ្មីម្តងទៀតគាត់បានស្តាប់តាមភ្លាមៗ ដោយការរត់ទៅកៀកនឹងរថនោះ។ ​នៅពេលដែលគាត់ចូលកៀករថនោះហើយ លោកភីលីពបានស្តាប់ឮ សាសន៍អេធីយ៉ូពីកំពុងតែអាន ហើយក្រោយមកគាត់បានយល់ថាហេតុអ្វីបានជាព្រះវិញ្ញាណបរិសុទ្ធ បានដឹកនាំគាត់ឲ្យមកទីកន្លែងនេះហើយជួបមនុស្សម្នាក់នេះ។ ​វាជារឿងធម្មតានៅក្នុងជំនាន់នោះនៅក្នុងការ ដែលអានចេញជាសម្លេងឮៗ។ នៅពេលដែលលោកភីលីពបានស្តាប់ឮសាសន៍អេធីយ៉ូពីកំពុងតែអាន នៅបទគម្ពីររ​ហោរា​អេសាយ គាត់បានត្រៀមខ្លួនជាស្រេចនៅក្នុងការពន្យល់សេចក្តីដែលមាននៅក្នុងបទគម្ពីរ ហើយប្រញាប់នៅក្នុងការធ្វើកិច្ចការនោះ។ ​

 

ឯ​លោក​ក៏​ឆ្លើយ​ឡើង​ថា បើ​គ្មាន​អ្នក​ណា​ដឹក‌នាំ​ខ្ញុំ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​យល់​បាន រួច​លោក​ក៏​សូម​ឲ្យ​ភីលីព​ឡើង​ជិះ​រថ​ជា​មួយ​គ្នា

 

៨:៣១ សាសន៍អេធីយ៉ូពីកំពុងតែអានក្រាំងបទគម្ពីររបស់ហោរាអេសាយនៅក្នុងការធ្វើដំណើរយ៉ាង វែងឆ្ងាយ ហើយព្រះបានចាត់អ្នកផ្សាយដំណឹងល្អម្នាក់ឲ្យមកឯគាត់ ហើយពន្យល់ការនោះដល់គាត់។ ​គាត់បានបង្ហាញការត្រៀមខ្លួនរបស់គាត់ជាស្រេចនៅក្នុងការរៀនសូត្រពីព្រះបន្ទូលព្រះដោយការអញ្ជើញលោកភីលីពឲ្យបានឡើងទៅជិះជាមួយនឹងគាត់។ ​

 

ឯ​បទ​គម្ពីរ​ដែល​លោក​កំពុង​តែ​មើល​នោះ គឺ​ត្រង់​បទ​នេះ​ថា «ទ្រង់​ត្រូវ​គេ​ដឹក‌នាំ​ទៅ ដូច​ជា​ដឹក​ចៀម​ទៅ​សំឡាប់ ទ្រង់​មិន​បាន​ហើប​ព្រះ‌ឱស្ឋ​សោះ ដូច​ជា​កូន​ចៀម​ដែល​គ នៅ​មុខ​អ្នក​កាត់​រោម​វា នៅ​គ្រា​ដែល​ទ្រង់​ត្រូវ​បន្ទាប‌បន្ថោក នោះ​គេ​បាន​ដក​សេចក្ដី​យុត្តិ‌ធម៌​ចេញ​ពី​ទ្រង់​ទៅ តើ​អ្នក​ណា​នឹង​ថ្លែង​ពី​ព្រះ‌វង្សា​ទ្រង់​បាន ដ្បិត​គេ​បាន​ដក​ព្រះ‌ជន្ម​ទ្រង់​ពី​ផែនដី​ចេញ​ហើយ»

៨:៣២-៣៣ ​យើងបានឃើញយ៉ាងច្បាស់ថាព្រះហស្តនៃព្រះកំពុងតែធ្វើការ។ ​ព្រះបានដឹកនាំលោកភីលីព ឲ្យបានទៅកន្លែងដែលត្រឹមត្រូវចំពេលវេលាដែលត្រឹមត្រូវដើម្បីឲ្យបានជួបជាមួយនឹងសាសន៍អេធីយ៉ូពីនេះ។ ​ព្រះក៏បានរៀបចំសាសន៍អេធីយ៉ូពីសម្រាប់ឳកាសនេះដោយធ្វើឱ្យគាត់អាចទិញបទគម្ពីរបាន ដែលជាសេចក្តីទំនាយរបស់ហោរាអេសាយអំពីការដែលត្រូវកើតមានឡើងចំពោះព្រះយេស៊ូវ។ ការនោះ មិនមែនកើតមានឡើងដោយចៃដន្យនោះឡើយដែលលោកភីលីពបានស្តាប់ឮនៅពេលនោះទា​ល់តែសោះ គាត់កំពុងតែអាននូវបទគម្ពីរ ដែលជាការចាប់ផ្តើមដ៏ល្អឥតខ្ចោះនៅក្នុងការប្រកាសប្រាប់ពីដំណឹងល្អ។ ​ ​

 

បទដែលមាននៅក្នុងបទគម្ពីរដែលគាត់កំពុងតែអាននោះគឺមាននៅក្នុង អេសាយ ៥៣:៧-៨។  ខគម្ពីរទាំងនេះដកស្រង់ចេញពីសេចក្តីទំនាយអំពីអ្នកបម្រើរបស់ព្រះ ដែលត្រូវរងទុក្ខដោយការប្រមាថ ហើយត្រូវរងទ្រាំចំពោះលទ្ធផលនៃអំពើបាបរបស់អ្នកដទៃ (ហើយក៏បានធ្វើជាយញ្ញបូជាជំនួសបាបរបស់ ពួកគេ) ហើយក្រោយមកក៏ត្រូវបានដំកើងឡើងដោយព្រះជាម្ចាស់។ ​ខគម្ពីរដែលសាសន៍អេធីយ៉ូពី កំពុងតែអាននោះគឺរៀបរាប់ពីការដែលអ្នកបម្រើព្រះនៅតែមានភាពស្ងៀមស្ងាត់ដូចជាកូនចៀមដែលមិនបានស្រែកអ្វីទាំងអស់នៅពេលដែលត្រូវប្រឈមមុខជាមួយនឹងមុខកាំបិតរបស់អ្នកសម្លាប់ចៀម ឬអ្នកកាត់រោមនោះដែរ។ ​អ្នកបម្រើព្រះមិនបានធ្វើការតវ៉ាទោះបីជាទ្រង់ត្រូវបានគេប្រមាថ ហើយមិនបានទទួល សេចក្តីយុត្តិធម៌ណាសោះក៏ដោយ ប៉ុន្តែត្រូវបានគេសម្លាប់ទៅវិញ។ ​

 

អ្នក​កំរៀវ​នោះ​សួរ​ភីលីព​ថា ខ្ញុំ​សូម​សួរ​អ្នក តើ​ហោរា​និយាយ​ដូច្នេះ គឺ​និយាយ​ពី​អ្នក​ណា ពី​ខ្លួន​លោក ឬ​ពី​អ្នក​ដទៃ 

 

៨:៣៤ ​​សាសន៍អេធីយ៉ូពីមិនបានដឹងថាសេចក្តីទំនាយនោះនិយាយអំពីលោកហោរាអេសាយឬអ្នកណាមួយ នោះឡើយ។ ​

នោះ​ភីលីព​បើក​មាត់​សំដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ‌យេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ

 

៨:៣៥ សំនួរដែលចេញពីសាសន៍អេធីយ៉ូពីសួរទៅកាន់លោកភីលីពគឺជាឳកាសនៅក្នុងការចែករំលែក ដំណឹងល្អ ចាប់ផ្តើមពីសេចក្តីទំនាយរបស់ហោរាអេសាយ។ ​នៅក្នុងការដែលប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ ហើយពីអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើងទាំងអស់គ្នាគឺជាខ្លឹមសារនៅក្នុងការប្រកាសដំណឹងល្អ។ 

 

វាគឺជាការអស្ចារ្យមួយរបស់ព្រះដែលសាសន៍អេធីយ៉ូពីកំពុងតែអានបទគម្ពីរអេសាយ ជំពូក ៥៣។ នៅក្នុងពេលដែលគ្មានបទគម្ពីរសញ្ញាថ្មីណាមួយត្រូវបានកត់ត្រានៅឡើយ វាគឺជាបទគម្ពីរដ៏ល្អសម្រាប់ អ្នកប្រកាសដំណឹងល្អក្នុងការប្រើសម្រាប់ជាចំនុចចាប់ផ្តើមក្នុងការប្រាប់អ្នកណាម្នាក់អំពីព្រះយេស៊ូវ។  

 

អេសាយ ៥៣:៧ ប្រៀបធៀបការរងទុក្ខរបស់អ្នកបម្រើព្រះដែលឥតមានកំហុសជាមួយនឹងកូនចៀម ដែលត្រូវបានថ្វាយជាយញ្ញបូជា។ ​ហេតុអ្វីបានជាមនុស្សម្នាក់នេះ រះដែលឥតមានកំហុស ត្រូវរងទុក្ខ ហើយស្លាប់ជាយញ្ញបូជា នោះប្រហែលជាអ្វីដែលលោកភីលីពបានពន្យល់ទៅកាន់សាសន៍អេធីយ៉ូពី។ ដំណឹងល្អដែលថាព្រះយេស៊ូវគឺ ជាអ្នកបម្រើនៃប្រះដែលបានប្រទានព្រះជន្មព្រះអង្គជាយញ្ញបូជាជំនួស អំពើបាប ហើយធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​សុច្ចរិត ដែលទុកចិត្តលើព្រះអង្គ ដូចដែលលោកហោរាអេសាយ បានកត់ត្រាកាលពីប្រាំពីររយឆ្នាំមុន។ ​

 

កាល​កំពុង​តែ​ទៅ​តាម​ផ្លូវ នោះ​ឃើញ​មាន​ទី​ទឹក ហើយ​អ្នក​កំរៀវ​និយាយ​ថា មើល នុ៎ះ​ន៏​ទឹក តើ​មាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​បាន 

 

៨:៣៦ សាសន៍អេធីយ៉ូពីបានជឿ ហើយភ្លាមនោះគាត់សូមឲ្យបានជ្រមុជទឹកឲ្យគាត់។ ​ព្រះបានធ្វើការ នៅក្នុងចិត្តរបស់គាត់មួយរយៈពេលទៅហើយ ហើយពេលនេះព្រះអង្គបានដឹកនាំគាត់ឲ្យបានទទួល សេចក្តីសង្រ្គោះហើយ។ ​

ព្រះជាម្ចាស់បានដឹកនាំយ៉ាងអស្ចារ្យបំផុតនៅក្នុងព្រឹត្តិការណ៍ទាំងនេះ។ ​ទេវតាបានប្រាប់លោកភីលីពអោយ បានទៅតាមផ្លូវនៅទីរហោស្ថាន (ខ២៦) ព្រះវិញ្ញាណបរិសុទ្ធបានប្រាប់គាត់ឲ្យចូលទៅកៀកនឹងរថមួយនោះ (ខ២៩) សាសន៍អេធីយ៉ូពីដែលនៅក្នុងរថនោះកំពុងតែអានបទគម្ពីរមួយដែលមាននៅក្នុងព្រះគម្ពីរ សញ្ញាចាស់ ដែលជាសេចក្តីទំនាយអំពីព្រះយេស៊ូវ (ខ៣២) អ្នកប្រកាសដំណឹងល្អប្រាប់គាត់អំពីដំណឹងល្អ នៃព្រះយេស៊ូវ (ខ៣៥)  ហើយនៅពេលនោះគាត់បានជឿហើយអ្វីដែលវិសេសនោះគឺថែមទាំងមានទឹក សម្រាប់ពិធីជ្រមុជទឹកទៅទៀត!​

 

នោះ​លោក​បង្គាប់​ឲ្យ​បញ្ឈប់​រថ រួច​ភីលីព នឹង​អ្នក​កំរៀវ ក៏​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​២​នាក់ ហើយ​ភីលីព គាត់​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ឲ្យ 

៨:៣៨ នៅតាមផ្លូវក្នុងទីរហោស្ថាន អ្នក​ជឿ​ម្នាក់​បាន​ជ្រមុជ​ទឹក​អ្នក​ផ្លាស់ប្រែ​ថ្មី។ ​គ្មានក្រុមជំនុំឬពួកសាវ័ក នៅទីនោះឡើយ ប៉ុន្តែព្រះបានដឹកនាំក្នុងរាល់ទាំងការទាំងនេះ ហើយលោភីលីព ស្មោះត្រង់ចំពោះ សេចក្តីបង្គាប់របស់ព្រះយេស៊ូវនៅក្នុងការធ្វើបុណ្យជ្រមុជទឹកដល់សិស្សថ្មី (ម៉ាថាយ ២៨:១៩)។ ​

លុះ​ឡើង​ពី​ទឹក​មក នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ ទ្រង់​ឆក់​យក​ភីលីព​បាត់​ទៅ ហើយ​អ្នក​កំរៀវ​មិន​បាន​ឃើញ​គាត់​ទៀត​ទេ ក៏​ទៅ​តាម​ផ្លូវ​ទៅ ដោយ​អរ​សប្បាយ ឯ​ភីលីព គេ​បាន​ឃើញ​គាត់​នៅ​ក្រុង​អាសូត​វិញ គាត់​ក៏​ដើរ​ទៅ​ទាំង​ផ្សាយ​ដំណឹង​ល្អ​នៅ​គ្រប់​អស់​ទាំង​ទី​ក្រុង​រៀង​ទៅ រហូត​ទៅ​ដល់​ក្រុង​សេសារា។ 

 

៨:៣៩-៤០ ​ជាថ្មីម្តងទៀត ​សូមកត់សម្គាល់ថា ការឆ្លើយតបចំពោះការដែលបានទទួលដំណឹងល្អគឺជា សេចក្តីអំណរ ​(២:២៨, ៥:៤១, ៨:៨, ១៣:៥២)។ ពេលនេះដែលបេសកកម្មរបស់គាត់ចំពោះ សាសន៍អេធីយ៉ូពីបានសម្រេចហើយនោះ ព្រះវិញ្ញាណបរិសុទ្ធបានដកយកលោកភីលីពភ្លាមៗ ទៅឯក្រុងអាសូតាសវិញ (ហៅថាក្រុងអាសូតនៅក្នុងព្រះគម្ពីរសញ្ញាចាស់) ជាក្រុងមួយដែលមាន ចំងាយ​៣២ គីឡូម៉ែត្រពីកាសា។ 

លោកភីលីពមានភាពស្មោះត្រង់ចំពោះការត្រាស់ហៅរបស់គាត់ ដូច្នេះហើយគាត់បានបន្តនៅក្នុងការប្រកាស ដំណឹងល្អពេញអស់ទាំងក្រុងរហូតទាល់តែគាត់បានមកដល់សេសារា ដែលមានចំងាយ ៩៤គីឡូពីក្រុង អាសូតាស។ ​ លោកភីលីពប្រហែលជាបានស្នាក់នៅក្នុងក្រុងសេសារា ដោយព្រោះពេលក្រោយមកយើង បានអានអំពីគាត់នៅក្នុង កិច្ចការ ២១:៨ ដែលមានរយៈពេលម្ភៃឆ្នាំក្រោយមក ហើយគាត់រស់នៅទីនោះ។  ​រហូតដល់ពេលនោះ ព្រះ​បាន​ប្រទាន​ពរ​ដល់​គាត់​ដោយ​មានកូនស្រីបួននាក់ កូនស្រីរបស់គាត់ទាំងអស់ ជាហោរា ជាកូនដែលល្អសក្តិសម នឹង​បុរស​ដែល​គោរព​ប្រតិបត្តិ និង​ស្មោះ​ត្រង់​របស់​ព្រះ​នេះ។

 

ការណែនាំ
bottom of page