
នៅគ្រានោះ កាលពួកសិស្សបានចំរើនច្រើនឡើង នោះពួកហេលេនចាប់តាំងរទូរទាំទាស់នឹងពួកហេព្រើរ អំពីការចែកចាយរាល់តែថ្ងៃ ដោយព្រោះគេតែងធ្វេសការនឹងស្រីមេម៉ាយរបស់ពួកហេលេននោះ
៦:១ ការរីកចំរើនដ៏ច្រើនលើសលប់នៅក្នុងក្រុមជំនុំចាប់ពីមនុស្ស១២០នាក់ទៅចំនួនមនុស្ស ដែលច្រើន ជាង៥០០០នាក់ ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៏តែប៉ុណ្ណោះជាហេតុដែលបង្ករឲ្យមានស្ថានភាព លំបាកកើតមានឡើង។ ក្រុមជំនុំទាំងអស់សុទ្ធតែជាសាសន៍យូដាប៉ុន្តែមានអ្នកខ្លះជាសាសន៍ហេព្រើរ ហើយខ្លះទៀតជាពួកហេលេន។ ពួកហេលេនគឺជាពួកសាសន៍យូដាដែលបានកើតនៅខាងក្រៅ ប្រទេសអ៊ីស្រាអែលគឺនៅក្នុងសាសន៍ដទៃ។ ដោយព្រោះតែការនេះ ភាសាទីមួយរបស់ពួកគេគឺជា ភាសាក្រិចហើយពួកគេបានធ្វើតាមទំនៀមទម្លាប់ជាច្រើនរបស់ក្រិចដែលមានភាពខុសគ្នាពីពួកហេព្រើរដែលនិយាយភាសាអារ៉ាមិច ហើយរស់នៅតាមទំនៀមទម្លាប់របស់សាសន៍យូដា។
នៅក្នុងសាសនាសាសន៍យូដា ពួកហេព្រើរ និងពួកហេលេនចូលរួមនៅក្នុងសាលាប្រជុំផ្សេងពីគ្នា ប៉ុន្តែក្នុងនាមជាគ្រីស្ទានពួកគេបានប្រជុំគ្នាជាគ្រួសារតែមួយនៅក្នុងព្រះគ្រីស្ទ។ យ៉ាងណាម៉ិញ បញ្ហាដែលកើតមានឡើងនៅពេលដែលស្រ្តីមេម៉ាយពួកហេលេនដែលត្រូវបានគេមើលរំលងនៅក្នុងការចែកចាយជារៀងរាល់ថ្ងៃ។ ការដែល “ចែកចាយ” រួមមានជាមួយនឹងការចែកចាយអាហារ សម្លៀកបំពាក់ និងប្រាក់ សម្រាប់ពួកអ្នកក្រីក្រ ដែលរាប់បញ្ចូលទាំងពួកស្រ្តីមេម៉ាយ។
ព្រះបន្ទូលព្រះបង្រៀនពីសារៈសំខាន់នៃការយកចិត្តទុកដាក់ចំពោះពួកស្រ្តីមេម៉ាយ (ចោទិយកថា១៤:២៩, ២៤:១៧, ២៦:១២; អេសាយ ១:២៧, ១:២៣, ១០:២; យេរេមា ៧:៦, ២២:៣; អេសេគាល ២២:៧; ម៉ាឡាគី ៣:៥; យ៉ាកុប ១២៧)។ ដូច្នេះហើយ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលក្រុមជំនុំ យកចិត្តទុកដាក់ចំពោះស្រ្តីមេម៉ាយដើម្បីឲ្យបានស្តាប់តាមព្រះបន្ទូលព្រះ ហើយស្រឡាញ់គ្នាទៅវិញទៅមក ដោយការបម្រើគ្នាហើយបំពេញសេចក្តីត្រូវការឲ្យគ្នាទៅវិញទៅមក។
សូមនឹកចាំថា មនុស្សទាំងអស់នៅក្នុងក្រុមជំនុំគឺត្រូវបានហៅថា “ជាពួកសិស្ស”។ ព័ន្ធកិច្ចដែលព្រះយេស៊ូវ ប្រទានដល់ពួកសាវ័កនោះគឺឲ្យ “ចេញទៅបង្កើតសិស្ស” (ម៉ាថាយ ២៨:១៩) ហើយនេះជាអ្វីដែលពួកគេ បានធ្វើ។ មនុស្សទាំងអស់នៅក្នុងក្រុមជំនុំគឺជាសិស្សរបស់ព្រះយេស៊ូវ ជាអ្នកដែលដើរតាម ហើយរៀនពី ព្រះអង្គក្នុងនាមជាព្រះអម្ចាស់របស់ពួកគេ។
ពួកសាវក១២នាក់ក៏ហៅសិស្សទាំងអស់មកនិយាយថា មិនគួរគប្បីឲ្យយើងខ្ញុំទុកព្រះបន្ទូលចោល ដើម្បីនឹងទៅបំរើតុទេ
៦:២ ពួកសាវ័កបានដឹងច្បាស់ថាក្រុមជំនុំត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីអាចនឹងបំពេញសេចក្តីត្រូវការរបស់ គ្រប់គ្នាបាន។ ប៉ុន្តែពួកសាវ័កត្រូវតែផ្តោតសំខាន់លើអ្វីដែលព្រះយេស៊ូវបានត្រាស់ហៅពួកគេឲ្យបានធ្វើ នោះវិញ ដែលជាការប្រកាសដំណឹងល្អ។ ដូច្នេះហើយ ត្រូវតែមានអ្នកណាផ្សេងទៀតធ្វើកិច្ចការនេះ។
“តុ” (τραπέζαις) គឺជាកន្លែងដែលប្រាក់ត្រូវបានប្រមូលឬបានដូរ ឬជាកន្លែងដែលដាក់អាហារសម្រាប់ ពិធីជប់លៀង។ ដូច្នេះហើយ អ្វីដែលត្រូវការគឺអ្នកបម្រើសម្រាប់ទទួលខុសត្រូវសម្រាប់ប្រាក់ដង្វាយ និងអាហារសម្រាប់ពួកអ្នកដែលមានសេចក្តីត្រូវការនៅក្នុងក្រុមជំនុំ។
ដូច្នេះ បងប្អូនអើយ ចូររើសយក៧នាក់ក្នុងពួកអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ នឹងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេ ឲ្យត្រួតត្រាលើការងារនេះ
៦:៣ ពួកសាវ័កបានជ្រើសរើសមនុស្សប្រាំពីរនាក់ពីក្នុងក្រុមជំនុំសម្រាប់កិច្ចការនេះ។ ពួកអ្នកទាំងនោះមានលក្ខណៈដូចជា
-
“ពេញដោយព្រះវិញ្ញាណបរិសុទ្ធ” មានន័យថាជីវិតរបស់ពួកគេស្ថិតក្រោមការដឹកនាំរបស់ ព្រះវិញ្ញាណបរិសុទ្ធ។
-
មានពេញដោយ “ប្រាជ្ញា” មានន័យថាពួកគេអាចមានសមត្ថភាពនៅក្នុងការស្គាល់ និងធ្វើតាម បំណងព្រះទ័យព្រះ (១ កូរិនថូស ២:១៤-១៥; ហេព្រើរ ៥:១៤)។
-
“មានឈ្មោះល្អ” មានន័យថាពួកគេជាមនុស្សដែលសក្តិសមសម្រាប់ការទុកចិត្ត ដោយព្រោះតែ ពួកគេបានបញ្ជាក់ខ្លួនគេថាស្មោះត្រង់ យុត្តិធម៌ ហើយនឹងជឿជាក់បាន (ជនគណនា ២៧:១៦-២០; កិច្ចការ ៧:៥៥, ១១:២៤, ១៣:៥០)។
ឯយើងខ្ញុំ នឹងខំព្យាយាមក្នុងសេចក្ដីអធិស្ឋាន នឹងការផ្សាយព្រះបន្ទូលវិញ
៦:៤ នៅក្នុងខទី ២ យើងរៀនបានថាកិច្ចការនៃការប្រកាសព្រះបន្ទូលនៃព្រះគឺជាកិច្ចការដ៏សំខាន់មួយនៅ ក្នុងកាតព្វកិច្ចរបស់ពួកសាវ័ក។ នៅក្នុងខនេះ យើងបានឃើញពីសេចក្តីអធិស្ឋានក៏ជាកាតព្វកិច្ចដ៏សំខាន់ សម្រាប់ពួកសាវ័កផងដែរ។ ដោយសារសេចក្តីអធិស្ឋានពួកគេបានស្វែងរកបំណងព្រះហឫទ័យព្រះ ដើម្បីឲ្យពួកគេអាចដឹកនាំក្រុមជំនុំរបស់ព្រះអង្គក្នុងផ្លូវដែលគាប់តាមព្រះទ័យព្រះអង្គ។ សេចក្តីអធិស្ឋាន និងការប្រកាសព្រះបន្ទូលនៃព្រះត្រូវតែមានអភ័យឯកសិទ្ធខ្ពស់បំផុតសម្រាប់អ្នកដឹកនាំក្រុមជំនុំនៅក្នុងពេលសព្វថ្ងៃនេះផងដែរ។
សេចក្ដីនោះក៏ពេញចិត្តដល់ពួកជំនុំទាំងអស់គ្នា ហើយគេរើសយកស្ទេផាន១ ជាមនុស្សពេញដោយសេចក្ដីជំនឿ នឹងព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងភីលីព១ ប្រូខូរ៉ុស១ នីកាន័រ១ ទីម៉ូន១ ប៉ាមេណា១ នឹងនីកូឡាស ជាអ្នកស្រុកអាន់ទីយ៉ូក ដែលចូលសាសន៍១
៦:៥ មនុស្សទាំងប្រាំពីរនាក់ត្រូវបានជ្រើសរើសដើម្បីឲ្យបានទទួលខុសត្រូវសម្រាប់ការចែកចាយ។ មនុស្សទាំងប្រាំពីរនាក់នោះអាចជាពួកហេលេន (ដោយព្រោះតែឈ្មោះរបស់ពួកគេជាឈ្មោះក្នុង ភាសាក្រិច)។ ដោយសារតែបញ្ហានោះគឺជាការដែលមិនបានអើពើចំពោះស្រ្តី ដែលមេម៉ាយ ដែលជាពួកហេលេន ដូច្នេះហើយ ពួកហេលេនត្រូវបានផ្តល់ឲ្យមានការទទួលខុសត្រូវក្នុងការដោះស្រាយ ចំពោះបញ្ហានេះ។
ក៏នាំអ្នកទាំងនោះមកនៅចំពោះមុខពួកសាវក កាលពួកសាវកបានអធិស្ឋានរួចហើយ នោះក៏ដាក់ដៃលើអ្នកទាំង៧នាក់នោះ
៦:៦ ពួកអ្នកទាំងប្រាំពីរនាក់នេះត្រូវបានបើកឲ្យមានសិទ្ធិអំណាចនៅក្នុងការធ្វើកិច្ចការនេះដោយពួកសាវ័ក ជាមួយនឹងសេចក្តីអធិស្ឋានព្រមទាំងការដាក់ដៃលើ ជាការដែលទទួលស្គាល់ពីការត្រាស់ហៅរបស់ ព្រះជាម្ចាស់សម្រាប់ភារកិច្ចនេះ។
ព្រះបន្ទូលក៏បានផ្សាយទៅកាន់តែច្រើនឡើង ហើយចំនួនពួកសិស្ស បានចំរើនឡើងក្រៃលែង នៅក្រុងយេរូសាឡិម ឯពួកសង្ឃ ក៏មានសន្ធឹកចុះចូលជឿដែរ។
៦:៧ ខគម្ពីរនេះសង្ខេបពីការរីកចំរើនរបស់ក្រុមជំនុំនៅក្នុងក្រុងយេរូសាឡិម។ ព្រះជាម្ចាស់បានចាត់ ព្រះបន្ទូលព្រះអង្គដោយសារសេចក្តីប្រកាសរបស់ពួកសាវ័ក ហើយព្រះបន្ទូលព្រះអង្គគឺដូចជាគ្រាប់ពូជ ដែលបានរីកចំរើនទៅជាផលចម្រូតយ៉ាងធំ។ គ្រាដែលព្រះបន្ទូលរីកចំរើននៅក្នុងកន្លែងមួយ ដោយការប្រកាសដំណឹងល្អនោះ មានចំនួនសិស្សរបស់ព្រះយេស៊ូវជាច្រើនបានកើនឡើង។
មានពួកសង្ឃជាច្រើនបានទទួលជឿលើព្រះយេស៊ូវ។ ពួកសង្ឃគឺជាមនុស្សដែលមានអាយុចាប់ពី ២៥-៥០ ឆ្នាំដែលបានធ្វើការងារ (ឧទាហរណ៏ អ្នកសាងសង់ ជាងស្មូន អ្នកតម្បាញ ជាដើម។ ល។ ) ភាគច្រើនៅ ក្នុងឆ្នាំនីមួយៗលើកលែងតែរយៈពេលពីរសប្តាហ៏ដែលពួកគេត្រូវធ្វើការបម្រើនៅក្នុងព្រះវិហារ។ ពួកគេគឺជា មនុស្សដែលមានចំណេះដឹងជ្រៅជ្រះក្នុងបទគម្ពីរ ហើយនៅពេលដែលគេបានស្តាប់ឮដំណឹងល្អ មានពួកគេ ជាច្រើនគ្នាបានដឹងថាព្រះយេស៊ូវគឺជាព្រះមែស្ស៊ីពិតមែន។
ឯស្ទេផាន ដែលពេញដោយសេចក្ដីជំនឿ នឹងព្រះចេស្តា គាត់ក៏ធ្វើការអស្ចារ្យ នឹងទីសំគាល់យ៉ាងធំនៅក្នុងពួកជន
៦:៨ លោកស្ទេផានគឺជាម្នាក់នៅក្នុងចំណោមពួកអ្នកបម្រើទាំងប្រាំពីរនាក់ដែលទទួលខុសត្រូវ សម្រាប់ ការចែកចាយនៅក្នុងក្រុមជំនុំ។ គាត់ពេញដោយព្រះគុណនិងព្រះចេស្តានៃព្រះ ហើយព្រះបានធ្វើ ការអស្ចារ្យ និងទីសំគាល់ជាច្រើនដោយសារគាត់។ ការនេះបង្ហាញថាមិនមែនមានតែពួកសាវ័ក ដែលអាចធ្វើការអស្ចារ្យនិងទីសំគាល់តែប៉ុណ្ណោះទេ។ អំណាចនោះមិនមែនជាកម្មសិទ្ធរបស់ពួកសាវ័ក នោះឡើយ។ អំណាចនោះជាកម្មសិទ្ធរបស់ផង ព្រះយេស៊ូវ ហើយព្រះអង្គធ្វើការដោយសារសិស្សទាំងអស់ របស់ព្រះអង្គដែលពេញដោយព្រះវិញ្ញាណ ព្រះគុណ និងព្រះចេស្តារបស់ព្រះអង្គ។
គ្រានោះ មានអ្នកខ្លះក្នុងពួកដែលហៅថា ពួកអ្នកបំរោស នឹងពួកស្រុកគីរេន ពួកស្រុកអ័លេក្សានទ្រា ពួកអ្នកមកពីស្រុកគីលីគា ហើយស្រុកអាស៊ី គេលើកគ្នាមកជជែកនឹងស្ទេផាន
៦:៩ មានសាលាប្រជុំជាច្រើននៅក្នុងក្រុងយេរូសាឡិម ហើយមានសាលាប្រជុំខ្លះសម្រាប់ពួកសាសន៍យូដា ដែលជាពួកហេលេន រួមទាំងពួកអ្នកដែលមកស្រុកគីរេន (នៅប៉ែកខាងជើងប្រទេសអាហ្រ្វិក) អ័លេក្សានទ្រា (នៅអេស៊ីប) គីលីគា (ស្រុកកំណើតលោកប៉ុលនៅប៉ែកខាងត្បូងឈៀងខាងកើត ប្រទេសទួគី) ហើយនឹងអាស៊ី (ជាឈ្មោះខេត្តមួយរបស់រ៉ូម៉ាំងនៅប៉ែកខាងលិចនៃប្រទេសទួគី)។ “ពួកអ្នកបំរោស” ជាពួកទាសករ (ឬជាពួកកូនចៅរបស់ទាសករ) ដែលក្រោយមកត្រូវបានបើកឲ្យមាន សេរីភាព ពីចៅហ្វាយរបស់ពួកគេ។ មនុស្សដែលមកពីសាលាប្រជុំនេះប្រឆាំងទាស់ជាមួយនឹងស្ទេផាន។
តែគេពុំអាចដើម្បីទប់ទល់នឹងប្រាជ្ញា ហើយនឹងព្រះវិញ្ញាណ ដែលគាត់អាងនឹងនិយាយនោះបានទេ
៦:១០ ប៉ុន្តែពួកហេលេនទាំងនេះមិនអាចប្រឆាំងទាស់ជាមួយនឹងស្ទេផានបានឡើយ ដូចដែលព្រះយេស៊ូវ បានសន្យាហើយ។ ព្រះយេស៊ូវមានបន្ទូលថា អស់អ្នកដែលក្រោកឡើងទាស់នឹងសិស្សរបស់ព្រះអង្គនោះ មិនអាចនឹងតទល់យកឈ្នះគេបានឡើយ ដោយព្រោះតែព្រះអង្គទ្រង់នឹងប្រទានឲ្យពួកគេមានប្រាជ្ញា។ ព្រះអង្គមានព្រះបន្ទូលប្រាប់សិស្សរបស់ព្រះអង្គថា “ពួកអ្នកតតាំងពុំអាចនឹងឆ្លើយឆ្លង ឬទទឹងទាស់បាន ឡើយ” (លូកា ២១:១២-១៥) “ដ្បិតគឺព្រះវិញ្ញាណបរិសុទ្ធ ទ្រង់នឹងបង្រៀនសេចក្តីដែលអ្នករាល់គ្នា ត្រូវនិយាយ នៅវេលានោះឯង” (លូកា ១២:១១-១២)។
នោះគេសូកមនុស្សខ្លះឲ្យនិយាយបង្កាច់ថា យើងបានឮអ្នកនេះពោលពាក្យប្រមាថដល់លោកម៉ូសេ ហើយដល់ព្រះផង
៦:១១ ពួកហេលេនទាំងនេះជាពួកសាសន៍យូដាដែលមានការប្តេជ្ញាចិត្ត ដែលគេបានចាកចេញពីស្រុក កំណើតរបស់ពួកគេមករស់នៅអ៊ីស្រាអែល ធ្វើតាមក្រិត្យវិន័យ ហើយរស់នៅក្បែរព្រះវិហារ។ ដោយព្រោះតែពួកគេមិនអាចនឹងតតាំងទាស់ជាមួយនឹងស្ទេផានបាននោះ ពួកគេបានរកសាក្សីក្លែងក្លាយ ដើម្បីឲ្យកុហកទាស់នឹងគាត់។ ការនេះរំលឹកយើងរាល់គ្នាពីការកាត់ក្តីព្រះយេស៊ូវ ដែលពួកគេបានរក សាក្សីក្លែងក្លាយឲ្យធ្វើបន្ទាល់ក្លែងក្លាយទាស់នឹងព្រះអង្គ (ម៉ាថាយ ២៦:៥៩-៦១)។ ពួកគេបានចោទ ប្រកាន់លោកស្ទេផានដោយបានពោលពាក្យប្រមាថទាស់នឹងលោកម៉ូសេហើយនឹងព្រះ។ ពួកគេមិនយល់ ហើយបានបង្វែរពាក្យរបស់គាត់អំពីក្រិត្យវិន័យ (លោកម៉ូសេ) និងព្រះវិហារ (ព្រះ) ដូចដែលសត្រូវរបស់ ព្រះយេស៊ូវបានធ្វើដូចគ្នាដែរ (ម៉ាថាយ ២៦:៥៧-៦៨)។
អ្នកទាំងនោះក៏ញុះញង់ដល់បណ្តាជន ពួកចាស់ទុំ នឹងពួកអាចារ្យ រួចនាំគ្នាទៅចាប់គាត់ យកទៅដល់ពួកក្រុមជំនុំ គេតាំងឲ្យមានសាក្សីក្លែងនិយាយថា មនុស្សនេះចេះតែពោលពាក្យប្រមាថដល់ទីបរិសុទ្ធនឹងក្រិត្យវិន័យ ដ្បិតយើងខ្ញុំបានឮវាថា ឈ្មោះយេស៊ូវ ពីស្រុកណាសារ៉ែតនោះ នឹងបំផ្លាញទីនេះបង់ ព្រមទាំងបំផ្លាស់បំប្រែទំនៀមទំលាប់ ដែលលោកម៉ូសេបានទុកឲ្យយើងរាល់គ្នាចេញ
៦:១២ ពួកហេលេនបានបង្ករឲ្យមានភាពវឹកវរនៅក្នុងហ្វូងមនុស្ស ពួកចាស់ទុំនិងពួកអាចារ្យ។ នេះជាលើកទីមួយនៅក្នុងបទគម្ពីរកិច្ចការដែលហ្វូងមនុស្ស (មិនមែនគ្រាន់តែពួកអ្នកដឹកនាំសាសនា) ដែលទាស់នឹងក្រុមជំនុំ។
៦:១៣ ការដែលនិយាយទាស់នឹងដំណាក់នៃព្រះ (ព្រះវិហារនៅក្នុងក្រុងយេរូសាឡិម) ឬព្រះបន្ទូលព្រះ (ក្រិត្យវិន័យ )គឺជាការប្រមាថ ដូច្នេះហើយ ពួកហេលេនបានលើកឲ្យមានសាក្សីក្លែងក្លាយដើម្បីឲ្យ ធ្វើបន្ទាល់ក្លែងក្លាយហើយនិយាយថានេះជាអ្វីដែលស្ទេផានបានធ្វើ។ សូមកត់សម្គាល់ថា ការដែលធ្វើទីបន្ទាល់ ក្លែងក្លាយថាជាការដែលត្រូវបានហាមឃាត់នៅក្នុងក្រិត្យវិន័យ (និក្ខមនំ ២០:១៦; ចោទិយកថា ១៩:១៦-១៨)។
៦:១៤ ព្រះយេស៊ូវមិនបានមានព្រះបន្ទូលថាទ្រង់នឹងបំផ្លាញព្រះវិហារនោះឡើយ។ ព្រះអង្គមានបន្ទូលថា ប្រសិនបើព្រះវិហារត្រូវបំផ្លាញ ព្រះអង្គនឹងតាំងឡើងវិញនៅក្នុងរយៈពេលបីថ្ងៃ។ ព្រះអង្គមិនមែនមានបន្ទូល សំដៅព្រះវិហារនៅក្រុងយេរូសាឡិមនោះឡើយ ប៉ុន្តែមានបន្ទូលពីរូបអង្គទ្រង់វិញ (យ៉ូហាន ២:១៩-២១)។ ព្រះយេស៊ូវក៏មានព្រះបន្ទូលថា ព្រះអង្គមិនបានយាងមកដើម្បីនឹង លើកក្រិត្យវិន័យចោលឡើយ ប៉ុន្តែ ដើម្បីនឹងសម្រេចវិញ (ម៉ាថាយ ៥:១៧-១៨)។
ព្រះយេស៊ូវមិនបានបំផ្លាញព្រះវិហារឬក្រិត្យវិន័យឡើយ ប៉ុន្តែទ្រង់បានសម្រេចគោលបំណងសេចក្តី ទាំងនោះវិញ។ ព្រះវិហារជាកន្លែងដែលមនុស្សអាចនឹងចូលទៅជួបព្រះ ហើយក្រិត្យវិន័យជារបៀប ដែលមនុស្សអាចមានសេចក្តីសុចរិតនៅចំពោះព្រះ (រ៉ូម ២:១៣)។ ពេលនេះ គ្រីស្ទានអាចជួបជាមួយព្រះ ហើយមានសេចក្តីសុចរិតនៅចំពោះព្រះដោយសារព្រះយេស៊ូវគ្រីស្ទ។
តែអស់អ្នកដែលអង្គុយនៅក្នុងក្រុមជំនុំ ក៏ជាប់ភ្នែកមើលមុខគាត់ ឃើញដូចជាមុខទេវតា។
៦:១៥ យើងបានឃលើញថាលោកស្ទេផាន មានអនុគ្រោះពីព្រះដោយព្រះគុណ និងអំណាច ដែលគាត់បានទទួលពីព្រះ (ខ៨) ប្រាជ្ញារបស់គាត់ (ខ១០) ហើយនឹងមុខគាត់ដែលភ្លឺចាំង (ខ១៥)។ ការរៀបរាប់ពីមុខរបស់ស្ទេផានថាដែលមានមុខ “ដូចជាមុខទេវតា” បង្ហាញពីមនុស្សដែលគ្មានកំហុស នៅកៀកនឹងព្រះ ហើយឆ្លុះបញ្ចាំងសិរីល្អនៃព្រះជាលទ្ធផលដែលបានមកពីការ ដែលនៅក្នុង ព្រះវត្តមាន នៃទ្រង់ (និក្ខមនំ ៣៤:២៩-៣៥; លូកា ៩:២៩)។




