top of page

នោះ​សំដេច​សង្ឃ​សួរ​ថា សេចក្ដី​ទាំង​នេះ​ត្រូវ​ឬ​ទេ 

 

៧:១ លោកស្ទេផានទើបតែត្រូវបានគេចោទប្រកាន់ពីបទនិយាយប្រមាថទាស់នឹងព្រះហើយនឹងព្រះវិហារ ហើយទាស់នឹងលោកម៉ូសេព្រមទាំងក្រិត្យវិន័យ។ ដូច្នេះហើយលោកកៃផាស ដែលជាសម្តេចសង្ឃ បានសួរគាត់ថាតើនោះជាអ្វីដែលគាត់បានធ្វើមែនឬយ៉ាងណា។ ​

ស្ទេផាន​ឆ្លើយ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន ជា​ឪពុក​អើយ សូម​ស្តាប់​សិន ព្រះ​ដ៏​មាន​សិរី‌ល្អ ទ្រង់​លេច​មក​ឲ្យ​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង​រាល់​គ្នា​ឃើញ ក្នុង​កាល​ដែល​លោក​នៅ​ស្រុក​មេសូ‌ប៉ូតាមា មុន​ដែល​នៅ​ស្រុក​ខារ៉ាន ហើយ​មាន​បន្ទូល​ប្រាប់​លោក​ថា «ចូរ​ឯង​ចេញ​ពី​ស្រុក ហើយ​ពី​ញាតិ​សន្តាន​ឯង ទៅ​នៅ​ឯ​ស្រុក​១​ដែល​អញ​នឹង​បង្ហាញ​វិញ» 

 

៧:២-៣ លោកស្ទេផានចាប់ផ្តើមឆ្លើយទៅកាន់សំនួររបស់សម្តេចសង្ឃដោយក្រើនរំលឹកដល់ពួកយូដា ពីផែនការណ៏របស់ព្រះចំពោះជាតិសាសន៍របស់គេដែលបានចាប់ផ្តើមពីការដែលព្រះបានត្រាស់ហៅលោកអ័ប្រាហាំ។ ព្រះបានលេចមកឯលោកអ័ប្រាហាំនៅក្នុងស្រុកមេសូប៉ូតាមា។ ការនេះកើតឡើងជាច្រើនឆ្នាំយូរ មុនពេលដែលគាត់បានចូលទៅក្នុងទឹកដីសន្យា។ សូមកត់សម្គាល់ថាគ្មានព្រះវិហារចាំបាច់ ដើម្បីឲ្យ ព្រះជាម្ចាស់ធ្វើការបើកសំដែងនោះឡើយ។ 

 

នោះ​លោក​ក៏​ចេញ​ពី​ស្រុក​របស់​សាសន៍​ខាល់ដេ ទៅ​នៅ​ស្រុក​ខារ៉ាន​ទៅ លុះ​ក្រោយ​ដែល​ឪពុក​លោក​ស្លាប់​ហើយ នោះ​ទ្រង់​ផ្លាស់​លោក​ពី​ទី​នោះ ឲ្យ​មក​នៅ​ស្រុក ដែល​លោក​រាល់​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ​វិញ 

 

៧:៤ លោកអ័ប្រាហាំបានចាកចេញពីស្រុកកំណើតរបស់គាត់ដោយការស្តាប់បង្គាប់តាមការត្រាស់ហៅ របស់ព្រះ គាត់គ្រាន់តែដឹងថាព្រះជាម្ចាស់នឹងបង្ហាញកន្លែងដែលគាត់ត្រូវទៅតែប៉ុណ្ណោះ។ ការនេះបានធ្វើឲ្យគាត់ត្រឡប់ជាគំរូនៃការរស់នៅក្នុងសេចក្តីជំនឿលើព្រះជាម្ចាស់ (ហេព្រើរ ១១:៨)។ ព្រះបានលេចមកឯគាត់ បានមានបន្ទូលនឹងគាត់ ព្រះបានចាត់គាត់ឲ្យទៅ ព្រះបានសន្យាជាមួយគាត់ ដូច្នេះហើយលោកអ័ប្រាហាំបានចេញទៅ។ ​លោកអ័ប្រាហាំមិនមានព្រះវិហារឬសាសនាណាមួយ ឬក្រិត្យវិន័យនោះឡើយ។ ប៉ុន្តែគាត់បានស្គាល់ព្រះព្រមទាំង បានស្តាប់តាមព្រះអង្គផង។ ចាប់តាំងពីស្រុកអ៊ឺដល់ខារ៉ានដល់ស្រុកកាណានដល់អេស៊ីព្ទ ហើយត្រឡប់ទៅកាណានវិញ ព្រះបានដឹកនាំរាល់ទាំងការធ្វើដំណើររបស់គាត់។ ​ ​

ទ្រង់​មិន​បាន​ប្រទាន ឲ្យ​លោក​មាន​មរដក​អ្វី នៅ​ស្រុក​នេះ​ទេ សូម្បី​ឲ្យ​ល្មម​នឹង​ដាក់​ជើង​ចុះ​ក៏​គ្មាន​ដែរ តែ​ទ្រង់​សន្យា​នឹង​ប្រទាន​ស្រុក​នេះ ទុក​ជា​ស្រុក​កំណាន់​ដល់​លោក នឹង​ពូជ​លោក​ត​ទៅ​វិញ ថ្វី​បើ​លោក​មិន​ទាន់​មាន​កូន​នៅ​ឡើយ​ផង

 

៧:៥ នៅពេលដែលលោកអ័ប្រាហាំបានមកដល់ក្នុងស្រុកកាណានជាទឹកដីដែលក្រោយមក ពួកសាសន៍យូដារស់នៅនោះ គាត់គ្មានមរដកណាមួយប្រគល់ឲ្យគាត់ឡើយ សូម្បីតែដីសម្រាប់នឹងឈរជើង ក៏គ្មានផង។ តែផ្ទុយទៅវិញ លោកអ័ប្រាហាំបានទទួលសេចក្តីសន្យាពីព្រះដែលថាទ្រង់នឹងប្រទានទឹកដីនេះ ដល់ពូជពង្សរបស់លោកអ័ប្រាហាំវិញ (លោកុប្បត្តិ ១២:៧,  ១៣:១៥, ១៥:២, ១៥:១៨, ១៧:៨, ២៤:៧, ៤៨:៤)។ ការពិតដែលពួកសាសន៍យូដារស់នៅក្នុងទឹកដីនេះនៅក្នុងពេលដែលលោកស្ទេផាន កំពុងតែប្រកាសនេះបង្ហាញថាព្រះជាម្ចាស់បានសម្រេចសេចក្តីសន្យារបស់ទ្រង់។ ​

 

ហើយ​ព្រះ‌ទ្រង់​មាន​បន្ទូល​បែប​ដូច្នេះ គឺ​ពូជ​លោក​នឹង​ត្រូវ​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដទៃ អ្នក​ស្រុក​នោះ​នឹង​ចាប់​គេ​ធ្វើ​ជា​ខ្ញុំ​កំដរ ព្រម​ទាំង​ធ្វើ​ទុក្ខ​គេ​គ្រប់​៤០០​ឆ្នាំ ព្រះ‌ទ្រង់​មាន​បន្ទូល​ទៀត​ថា «អញ​នឹង​ជំនុំ‌ជំរះ​សាសន៍​នោះ ដែល​ចាប់​គេ​ទៅ​បំរើ ក្រោយ​នោះ គេ​នឹង​ចេញ​មក​គោរព​ប្រតិ‌បត្តិ​ដល់​អញ នៅ​ទី​នេះ​វិញ» 

 

៧:៦ ព្រះជាម្ចាស់បានប្រកាសជាមុនថាពូជពង្សរបស់លោកអ័ប្រាហាំនឹងត្រូវ​អាស្រ័យ នៅក្នុងស្រុកដទៃ (អេស៊ីព្ទ) ហើយបានក្លាយជាទាសករ។ 

 

៧:៧ យ៉ាងណាម៉ិញ ព្រះបានសន្យាថានៅពេលដែលការនេះកើតមានឡើងព្រះអង្គនឹងជំនុំជំរះអេស៊ីព្ទ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គឲ្យបានរួច។ ​ក្រោយមក ពួកគេនឹងបានចូលទៅក្នុងទឹកដីសន្យា ដែលព្រះបានសន្យាជាមួយលោកអ័ប្រាហាំហើយពួកគេនឹងបានថ្វាយបង្គំព្រះអង្គនៅទីនោះ។ 

ទ្រង់​ក៏​តាំង​សេចក្ដី​សញ្ញា ខាង​ឯ​ការ​កាត់​ស្បែក​ដល់​លោក ដូច្នេះ លោក​បង្កើត​បាន​អ៊ីសាក ហើយ​បាន​កាត់​ស្បែក​ឲ្យ នៅ​ថ្ងៃ​ទី​៨ ឯ​អ៊ីសាក​ក៏​បង្កើត​បាន​យ៉ាកុប ហើយ​យ៉ាកុប​បង្កើត​ពួក​ឰយុកោ​ទាំង​១២​នាក់។ 

 

៧:៨ ព្រះបានសន្យាជាមួយនឹងលោកអ័ប្រាហាំថាពូជពង្សរបស់គាត់នឹងបានគ្រងទឹកដីជាមរដក។ ក្រោយមក  ព្រះបានធ្វើការអស្ចារ្យដើម្បីឲ្យលោកអ័ប្រាហាំមានពូជពង្សបន្ត។ នៅពេលដែលលោកអ័ប្រាហាំ ហើយនឹងប្រពន្ធរបស់គាត់មានវ័យចាស់ណាស់ទៅហើយពួកគាត់គាត់មានកូនប្រុសមួយ អ៊ីសាក់ ហើយក៏ចាប់ផ្តើមពូជពង្សដែលនាំឲ្យមានពួកឰយុកោកើតមានឡើង កូនប្រុសទាំង១២នាក់របស់យ៉ាកុប ដែលកូនចៅរបស់អ្នកទាំងនោះបានត្រឡប់ទៅជាជាតិសាសន៍អ៊ីស្រាអែល។ 

ចំនុចដែលលោកស្ទេផានកំពុងលើកឡើងនោះគឺ​ថា ការចាប់ផ្តើមរបស់ជាតិសាសន៍អ៊ីស្រាអែល គឺ​អំពី​ សេចក្តីជំនឿនៅក្នុងសេចក្តីសន្យារបស់ព្រះជាម្ចាស់។  វាមិនមែនអំពីក្រិត្យវិន័យ ដែលត្រូវបានប្រទានមក ស្ទើតែ ៦០០ឆ្នាំក្រោយមកបន្ទាប់ពីព្រះបានលេចមកឯលោកអ័ប្រាហាំនោះឡើយ។ ក៏មិនមែនអំពីព្រះវិហារ ដែលត្រូវបានសង់ឡើង ៥០០ ឆ្នាំ ក្រោយមកបន្ទាប់ពីក្រិត្យវិន័យត្រូវបានប្រទានមកនោះដែរ។ ពួកឰយុកោមិនដែលមានក្រិត្យវិន័យឬព្រះវិហារនោះឡើយ ប៉ុន្តែពួកគាត់បានស្គាល់ព្រះ ដោយ ការបើកសំដែងរបស់ព្រះអង្គ ហើយដោយព្រះបន្ទូលដែលព្រះអង្គបានមានបន្ទូលនឹងពួកគាត់តែប៉ុណ្ណោះ។ ដោយព្រោះតែការនេះ ពួកគេបានបានដើរដោយសេចក្តីជំនឿនិងការស្តាប់បង្គាប់ចំពោះ ព្រះអង្គ។ នេះជាអ្វីដែលប្រជារាស្រ្តពិតនៃព្រះធ្វើ។ ​

ឯ​ពួក​ឰយុកោ​ទាំង​នោះ ក៏​លក់​យ៉ូសែប​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ ដោយ​មាន​ចិត្ត​ឈ្នានីស តែ​ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​លោក ហើយ​ក៏​ប្រោស​ឲ្យ​លោក​រួច ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ទាំង​អស់​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង‌វៃ ហើយ​ឲ្យ​ជា​ទី​គាប់​ព្រះ‌ទ័យ​ដល់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដែល​តាំង​ឲ្យ​លោក​ធ្វើ​ជា​ចៅហ្វាយ​លើ​ស្រុក​នោះ នឹង​លើ​ព្រះ‌រាជ‌វាំង​ទាំង​មូល​ផង 

 

៧:៩-១០ ផ្នែកទីពីរនៃសេចក្តីប្រកាសរបស់លោកស្ទេផាននោះអំពីលោកយ៉ូសែប។ សូមកត់សម្គាល់ថា លោកស្ទេផាននៅតែផ្តោតលើព្រះ ហើយនឹងបំណងព្រះហឫទ័យព្រះអង្គនៅក្នុងការប្រោសលោះរាស្រ្តរបស់ ព្រះអង្គដោយមិនខ្វល់ពីការរឹងទទឹងរបស់ពួកគេ។  “ពួកឰយុកោ” (ដែលជា កូនរបស់យ៉ាកុប) មានចិត្តច្រណែនជាមួយនឹងប្អូនរបស់ពួកគាត់លោកយ៉ូសែប។ ពួកគេបានលក់គាត់ទៅឯប្រ​ទេ​ស​អេស៊ីព្ទ ប៉ុន្តែព្រះបានគង់នៅជាមួយនឹងយ៉ូសែប។ ការដែលមានព្រះគង់នៅ “ជាមួយ” អ្នកណាម្នាក់មានន័យថា មានព្រះវត្តមាននៃព្រះហើយទ្រង់ធ្វើការដោយសារមនុស្សម្នាក់នោះយ៉ាងវិសេសបំផុត (យ៉ូហាន ៣:២)។ 

 

ព្រះបានគង់នៅជាមួយនឹងលោកយ៉ូសែបនៅក្នុងពេលដែលគាត់មានបញ្ហាហើយបានប្រោសគាត់ឲ្យបានរួចពីទុក្ខលំបាករបស់គាត់ (លោកុប្បត្តិ ៣៩:២, ៣៩:២១)។ ទោះបីជាគាត់ត្រូវបានលក់ឲ្យបានធ្វើជា ទាសករដោយសារបងៗរបស់គាត់ក៏ដោយ ត្រូវបានចោទប្រកាន់ដោយប្រពន្ធរបស់បូទីផា ហើយជាប់គុកក៏ដោយ;ព្រះបានថែរក្សាការពារគាត់។ ព្រះបានប្រទានប្រាជ្ញាឲ្យគាត់ ហើយអនុគ្រោះរបស់ស្តេចផារ៉ោន ដែលបានតាំងឲ្យគាត់បានធ្វើជាអ្នកត្រួតត្រាលើអេស៊ីព្ទ ហើយលើអស់ទាំងដំណាក់របស់គាត់ផង។ ​

លោកស្ទេផានបញ្ជាក់ពីព្រះវត្តមានរបស់ព្រះជាម្ចាស់ដែលគង់ជាមួយនឹងលោកយ៉ូសែបគ្រប់ពេលវេលាទាំងអស់។ ព្រះបានគង់នៅជាមួយនឹងកូនប្រុស (យ៉ូសែប) ដែលពួកកូនប្រុសរបស់យ៉ាកុប​ភាគច្រើន (“អ៊ីស្រាអែល”) បានបដិសេធ។ នេះជាឧទាហរណ៍​ដំបូងនៃការបរាជ័យរបស់​អ៊ីស្រាអែលក្នុង ការទទួលស្គាល់ម្នាក់ ដែលព្រះបានជ្រើសរើសដើម្បីឲ្យបានសង្រ្គោះពួកគេ។  មូលហេតុដែលពួកគេបានបដិសេធយ៉ូសែបគឺដោយ ព្រោះតែសេចក្តីច្រណែន នេះក៏ជាមូលហេតុដូចគ្នាដែលពួកអ្នកដឹកនាំសាសនាបានបដិសេធព្រះយេស៊ូវដែរ (ម៉ាថាយ ២៧:១៨)។ ពួកបងៗរបស់យ៉ូសែបបានបដិសេធគាត់ ប៉ុន្តែព្រះបានដំកើងគាត់ឡើងឲ្យបានធ្វើជា អ្នកត្រួតត្រាលើអេស៊ីព្ទ។ ដូចគ្នានេះដែរ  បងប្អូនរបស់ព្រះយេស៊ូវ(ពួកយូដា)បានបដិសេធព្រះអង្គ ប៉ុន្តែ ព្រះបានដំកើងទ្រង់ឡើងឲ្យបានធ្វើជាព្រះ‌អម្ចាស់ (៥:៣១) ហើយឲ្យបានគ្រងរាជ្យនៅខាងស្តាំនៃទ្រង់ នៅឯស្ថានសួគ៌។ 

 

រីឯ​នៅ​ស្រុក​អេស៊ីព្ទ នឹង​ស្រុក​កា‌ណាន ក៏​កើត​មាន​អំណត់​អត់​បាយ​គ្រប់​កន្លែង មាន​សេចក្ដី​វេទនា​ជា​ខ្លាំង ហើយ​ពួក​ឰយុកោ​នៃ​យើង​រាល់​គ្នា គេ​រក​អ្វី​នឹង​ចិញ្ចឹម​ជីវិត​មិន​បាន នោះ​លោក​យ៉ាកុប​ឮ​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ ក៏​ចាត់​ប្រើ​ពួក​ឰយុកោ​យើង ឲ្យ​ទៅ​ជា​ជាន់​មុន​ដំបូង 

 

៧:១១-១២ ពួកបងៗបានបដិសេធលោកយ៉ូសែបដោយព្រោះតែពួកគេចង់បំបាត់គាត់ចេញ ប៉ុន្តែព្រះមាន បំណងព្រះទ័យផ្សេងសម្រាប់ការបដិសេធរបស់ពួកគេទាស់នឹងគាត់។ ព្រះមានបំណងព្រះទ័យពីការនេះ ដើម្បីឲ្យយ៉ូសែបអាចសង្រ្គោះដល់ពួកគ្រួសារ របស់គាត់ពីអំណត់ដែលនឹងកើតមានឡើងប៉ុន្មានឆ្នាំក្រោយមក (លោកុប្បត្តិ ៥០:២០)។ ការនេះបង្ហាញពីការយកព្រះទ័យទុកដាក់ ហើយស្មោះត្រង់ចំពោះរាស្រ្តរបស់ ព្រះអង្គ។ ការពិតដែលថាលោកយ៉ូសែបត្រូវបានលក់ឲ្យធ្វើជាទាសករនៅក្នុងប្រទេសអេស៊ីព្ទបានត្រឡប់ ទៅជាការរៀបចំសម្រាប់គ្រួសាររបស់យ៉ូសែបជាមុន ដោយព្រោះតែនៅពេលដែលមានគ្រោះអំណត់ កើតមានឡើងនៅក្នុងស្រុកកាណាន កូនប្រុសយ៉ាកុបបានទៅទិញអាហារនៅក្នុងប្រទេសអេស៊ីព្ទ ដែលយ៉ូសែបានប្រមូលស្រូវទុកយ៉ាងច្រើន។ ​

លុះ​ដល់​លើក​ទី​២ ទើប​លោក​យ៉ូសែប​បាន​ឲ្យ​បង​ប្អូន​ស្គាល់​ខ្លួន ហើយ​ផារ៉ោន​ក៏​បាន​ស្គាល់​គ្រួសារ​នៃ​លោក​យ៉ូសែប​ដែរ 

៧:១៣​ នៅពេលដែលពួកបងប្អូនរបស់គាត់បានមកអេស៊ីព្ទជាលើកទីពីរដើម្បីទិញអាហារ លោកយ៉ូសែបបានបើកសំដែងខ្លួនឲ្យពួកគេបានស្គាល់ថានោះគឺជាប្អូនដែលពួកគេបានក្បត់កាលពីជាងពីរទសវត្សរ៍មុន។ ប្អូនប្រុសដែលគេបានក្បត់គឺជាអ្នកប្រោសលោះរបស់ពួកគេ!នេះជាបំណងព្រះទ័យនៃព្រះ។ កូនប្រុសរបស់អ៊ីស្រាអែលបានទទួលសេចក្តីសង្រ្គោះដោយព្រះហស្តនៃព្រះប៉ុន្តែនៅក្នុងផ្លូវមួយដែលពួកគេមិនដែលនឹកស្មានដល់។ សេចក្តីសង្រ្គោះរបស់ពួកគេត្រូវបានសម្រេចដោយប្អូនប្រុសម្នាក់ ដែលពួកគេ បានបដិសេធ ក្បត់ ត្រូវបានលក់ហើយចង់សម្លាប់នោះវិញ។ 

 

ដូចគ្នានេះដែរ នៅក្នុងការយាងមកវិញជាលើកទីពីររបស់ព្រះយេស៊ូវ នឹងបានច្បាស់សម្រាប់អ៊ីស្រាអែល ពីរបៀបដែលព្រះទ្រង់បានសម្រេចសេចក្តីសង្រ្គោះរបស់ពួកគេ។ អ៊ីស្រាអែលនឹងបានទទួលស្គាល់ថា ព្រះយេស៊ូវគឺជាព្រះអម្ចាស់ហើយជាព្រះមែស្ស៊ី។ បងប្អូនដែលគេបានបដិសេធ ក្បត់ លក់ ហើយចង់សម្លាប់នោះ ពិតជាព្រះអង្គសង្រ្គោះរបស់គេ។ លោកស្ទេផាន ហើយនឹងក្រុមជំនុំនៅក្នុង ក្រុងយេរូសាឡិមបានទទួលស្គាល់ការនេះ ប៉ុន្តែពួកសាសន៍យូដា ភាគច្រើននឹងមិនបានស្គាល់ការនេះ ទាល់តែពេលដែលព្រះយេស៊ូវយាងមកវិញជាលើកទីពីរនៅក្នុងការបង្ហាញឲ្យពួកគេបានឃើញពីសិរីល្អរបស់ព្រះអង្គ។ ​

រួច​លោក​យ៉ូសែប​ប្រើ​ពួក​បង​ប្អូន ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក នឹង​ញាតិ​សន្តាន​ទាំង​ប៉ុន្មាន មាន​ចំនួន​៧៥​នាក់​ឲ្យ​មក 

 

៧:១៤ ពួកអ៊ីស្រាអែលទាំងអស់ត្រូវបានសង្រ្គោះដោយព្រោះតែកិច្ចការដែលព្រះធ្វើដោយសារ លោកយ៉ូសែប។ ពួកគេបានមកឯគាត់ ហើយគាត់បានផ្គត់ផ្គង់ឲ្យពួកគេនូវជីវិតថ្មីនៅក្នុងនគររបស់គាត់។ ជាថ្មីម្តងទៀត យើងឃើញថានេះជាអ្វីដែលព្រះយេស៊ូវធ្វើសម្រាប់រាស្រ្តរបស់ព្រះអង្គ។ 

ដូច្នេះ លោក​យ៉ាកុប​ក៏​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​បាន​ស្លាប់​នៅ​ទី​នោះ ព្រម​ទាំង​ពួក​ឰយុកោ​យើង​ដែរ គេ​ដង្ហែ​សព​លោក​ទៅ​ឯ​ស្រុក​ស៊ីគែម​បញ្ចុះ​ក្នុង​ផ្នូរ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ ពី​ពួក​កូន​ចៅ​ហេម័រ ជា​អ្នក​ស្រុក​ស៊ីគែម​នោះ។

 

៧:១៥-១៦ លោកស្ទេផានបានសង្ខេបផ្នែកនេះនៃសេចក្តីប្រកាសរបស់គាត់ជាមួយនឹងចំនុច ដែលថា លោកយ៉ាកុបត្រូវបានកប់នៅក្នុងទឹកដីសន្យា។ នេះគឺជាកិច្ចការនៃសេចក្តីជំនឿដោយកូនៗប្រុសរបស់ យ៉ាកុបដោយព្រោះតែពួកគេបានដឹងថាព្រះទ្រង់នឹងរក្សាសេចក្តីសន្យារបស់ព្រះអង្គ ហើយថាថ្ងៃណាមួយ ពូជពង្សរបស់ពួកគេនឹងទទួលគ្រងទឹកដីសន្យាជាមរដក។ 

 

កាល​ជិត​ដល់​កំណត់​នៃ​សេចក្ដី​សន្យា ដែល​ព្រះ​បាន​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ​ហើយ នោះ​សាសន៍​យើង​ក៏​ចំរើន​ជា​ច្រើន​ឡើង នៅ​ស្រុក​អេស៊ីព្ទ ដរាប​ដល់​មាន​ស្តេច​១​ទៀត​សោយ‌រាជ្យ​ឡើង ដែល​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ 19ស្តេច​នោះ​ប្រព្រឹត្ត​នឹង​សាសន៍​យើង​ដោយ​ឆ្លៀវ‌ឆ្លាត ទាំង​ធ្វើ​ទុក្ខ​ដល់​ពួក​ឰយុកោ​យើង ដោយ​បង្ខំ​ឲ្យ​គេ​ចោល​អស់​ទាំង​កូន‌ង៉ែត​របស់​គេ​ចេញ មិន​ឲ្យ​មាន​នៅ​រស់​ឡើយ 

 

៧:១៧-១៩ ​​ផ្នែកទីបីដែលវែងជាងគេនៅក្នុងចំណោមសេចក្តីប្រកាសរបស់លោកស្ទេផាននោះគឺអំពី ព្រះរំដោះអ៊ីស្រាអែលឲ្យបានរួចពីភាពជាទាសករនៅក្នុងប្រទេសអេស៊ីព្ទ ហើយនិងពេលវេលានៅក្នុង ទីរហោស្ថានក្រោយមកទៀត។ ​យើងអាចអានអំពីព្រឹត្តិការណ៏ទាំងនេះនៅក្នុងបទគម្ពីរនិក្ខមនំ និងជនគណនា។ ​ព្រះបានប្រទាន​ពរដល់រាស្រ្តរបស់ព្រះអង្គនៅក្នុងប្រទេសអេស៊ីព្ទហើយពួកគេ “បានចំរើនឡើង ជាច្រើន” ។ ​ ​ការនេះបានធ្វើឲ្យសាសន៍អេស៊ីព្ទមានការភ័យខ្លាចចំពោះពួកគេ។ ស្តេចរបស់សាសន៍អេស៊ីព្ទ បានធ្វើទុក្ខដល់ពួកគេបានបង្ខំឲ្យគេក្លាយជាទាសករ (ដូចដែលព្រះបានមានបន្ទូលប្រាប់លោកអ័ប្រាហាំថា នឹងកើតមានឡើង ខ៦) ហើយបានសម្លាប់កូនង៉ែតប្រុសៗរបស់ពួកគេ។ ​

 

នៅ​គ្រា​នោះ លោក​ម៉ូសេ​បាន​កើត​មក ជា​កូន​យ៉ាង​ស្រស់​ល្អ​ដល់​ព្រះ គេ​ក៏​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ឪពុក​អស់​៣​ខែ កាល​គេ​ត្រូវ​ដាក់​នៅ​ខាង​ក្រៅ​វិញ នោះ​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​ក៏​យក​ទៅ​ចិញ្ចឹម ទុក​ជា​កូន​បង្កើត លោក​បាន​រៀន‌សូត្រ​គ្រប់​អស់​ទាំង​ចំណេះ​វិជ្ជា នៃ​សាសន៍​អេស៊ីព្ទ ហើយ​ក៏​មាន​ពាក្យ​សំដី នឹង​ការ​ធ្វើ​យ៉ាង​ចំណាន

 

៧:២០-២២ ព្រះបានការពារ និងប្រោសលោកម៉ូសេឲ្យបានរួច ដូចដែលព្រះអង្គបានការពារលោកយ៉ូសែប ហើយព្រះបានសង្រ្គោះអ៊ីស្រាអែលដោយការធ្វើការតាមរយៈលោកម៉ូសេ ដូចដែលព្រះអង្គបានធ្វើជាមួយនឹង លោកយ៉ូសែប។ ​

សូមនឹកចាំថាទោះបីជាលោកស្ទេផានត្រូវបានគេចោទប្រកាន់ពីការប្រមាថទាស់នឹងលោកម៉ូសេក៏ដោយ ក៏នៅក្នុងសេចក្តីប្រកាសរបស់គាត់ គាត់បានបង្ហាញថាគាត់មានការគោរពចំពោះលោកម៉ូសេ។ ​លោកស្ទេផានបានយល់ស្របថាការកើតរបស់លោកម៉ូសេ ចំណេះដឹង ការត្រាស់ហៅ ហើយការតែងតាំង ឲ្យបានធ្វើជាអ្នកដឹកនាំនិងដែលទទួលក្រិត្យវិន័យសុទ្ធតែមកពីព្រះជាម្ចាស់ទាំងអស់។ 

កាល​លោក​បាន​អាយុ​៤០​ឆ្នាំ​ហើយ នោះ​មាន​ចិត្ត​ភ្នក​នឹក​រឭក ចង់​ទៅ​សួរ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ជា​បង​ប្អូន​ខ្លួន លុះ​បាន​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ កំពុង​តែ​ធ្វើ​ទុក្ខ​ដល់​បង​ប្អូន​ខ្លួន​ម្នាក់ នោះ​ក៏​ជួយ​ការ‌ពារ ហើយ​សង‌សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ដោយ​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​បង់ ដ្បិត​លោក​ស្មាន​ថា​បង​ប្អូន​លោក​នឹង​យល់​ថា ព្រះ‌ទ្រង់​ប្រទាន​សេចក្ដី​សង្គ្រោះ​មក ដោយ‌សារ​ដៃ​លោក តែ​គេ​មិន​បាន​យល់​ទេ

 

៧:២៣-២៤ ​នៅក្នុងជំនាន់លោកស្ទេផាន ពួកសាសន៍យូដាគោរពលោកម៉ូសេយ៉ាងខ្លាំង ប៉ុន្តែព្រឹត្តិការណ៏ អំពីលោកម៉ូសេហើយនឹងពួកសាសន៍អេស៊ីព្ទនេះបង្ហាញថាពួកអ៊ីស្រាអែលនៅក្នុងជំនាន់លោកម៉ូសេបានបដិសេធភាពជាអ្នកដឹកនាំរបស់គាត់ (ខ២៧, ៣៥)។ សេចក្តីសង្ឃឹមរបស់លោកម៉ូសេនោះគឺថាពួកអ៊ីស្រាអែល នឹងបានដឹងថាពួកគេមានមិត្តសម្លាញ់ម្នាក់ហើយជាសម្ព័ន្ធមិត្តដែលស្ថិតនៅក្នុងដំណែងដែលមានអំណាច (ដូចជារាជបុត្រារបស់អេស៊ីព្ទ) ដែលដោយសារគាត់ព្រះនឹងនាំមកនូវសេចក្តីប្រោសលោះពីភាពជាទាស កររបស់ពួកគេចេញ។ ​

 

៧:២៥ ​​លោកម៉ូសេបានគិតថាបងប្អូនរបស់គាត់អាចនឹងបានយល់ថា ព្រះកំពុង​តែប្រទានសេចក្តីសង្រ្គោះ ដល់ពួកគេដោយដៃរបស់គាត់ ប៉ុន្តែពួកគេមិនបានយល់ទេ ដូច្នេះហើយពួកគេបានបដិសេធគាត់។ អ៊ីស្រាអែលមិនបានទទួលព្រមថាគាត់មានសិទ្ធនៅក្នុងការធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​ចៅ‌ក្រម​លើ​គេនោះឡើយ។ ​នេះជាអ្វីដែលសាសន៍យូដាបានធ្វើចំពោះព្រះយេស៊ូវដូចគ្នាដែរ។ ​ពួកគេបានបដិសេធព្រះយេស៊ូវពេល ដែលព្រះអង្គយាងមកសង្រ្គោះពួកគេ ហើយបដិសេធថាព្រះអង្គមានសិទ្ធនៅក្នុងការធ្វើជាអ្នកចៅហ្វាយ ហើយជាចៅក្រមលើពួកគេវិញ។ ​​

 

លុះ​ថ្ងៃ​ក្រោយ​មក កំពុង​ដែល​មាន​គេ​ប្រឈ្លោះ​គ្នា នោះ​លោក​មក​ដល់ ក៏​ទូន្មាន​ឲ្យ​ស្រុះ​ស្រួល​នឹង​គ្នា​វិញ ដោយ​ថា អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា ហេតុ​អ្វី​បាន​ជា​ធ្វើ​បាប​គ្នា​ដូច្នេះ តែ​អ្នក​១​ដែល​កំពុង​តែ​ធ្វើ​បាប​ដល់​អ្នក​ជិត​ខាង ក៏​ច្រាន​លោក​ចេញ​ដោយ​ពាក្យ​ថា តើ​អ្នក​ណា​បាន​តាំង​ឲ្យ​ឯង​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​ចៅ‌ក្រម​លើ​យើង តើ​ចង់​សំឡាប់​អញ ដូច​ជា​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ ពី​ថ្ងៃ​ម្សិល‌មិញ​ឬ​អី កាល​ឮ​ពាក្យ​នោះ លោក​ម៉ូសេ​ក៏​រត់​ភៀស​ទៅ​ស្នាក់​នៅ​ស្រុក​ម៉ាឌាន​ទៅ ហើយ​បង្កើត​បាន​កូន​ប្រុស​២​នៅ​ស្រុក​នោះ​ឯង។ 

 

៧:២៥-២៩ លោកម៉ូសេស្ថិតនៅក្នុងគ្រោះថ្នាក់ដោយព្រោះតែគាត់បានសម្លាប់សាសន៍អេស៊ីព្ទម្នាក់ ដូច្នេះហើយគាត់ត្រូវរត់ចេញពីប្រទេសអេស៊ីព្ទ។ ការនេះមានន័យថាគាត់ដូចជាឰយុកោរបស់គាត់ កាលពីមុនដែរ លោកម៉ូសេជាអ្នកស្នាក់នៅ ហើយរត់ចេញ នៅក្នុងពេលមួយ ហើយរស់នៅក្នុង ទីរហោស្ថាន។ ​

 

លុះ​ក្រោយ​មក​៤០​ឆ្នាំ នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់​លេច​មក ឲ្យ​លោក​ម៉ូសេ​ឃើញ​ក្នុង​អណ្តាត​ភ្លើង ដែល​ឆេះ​នៅ​គុម្ព​បន្លា​ត្រង់​ទី​រហោ‌ស្ថាន​ភ្នំ​ស៊ី‌ណាយ កាល​លោក​ឃើញ នោះ​ក៏​ឆ្ងល់​នឹង​ការ​ជាក់​ស្តែង​នោះ រួច​លោក​ចូល​ទៅ​ជិត ដើម្បី​នឹង​ពិនិត្យ​មើល ស្រាប់​តែ​ឮ​សំឡេង​ព្រះ‌អម្ចាស់​មាន​បន្ទូល​មក​ថា «អញ​ជា​ព្រះ​នៃ​ពួក​ឰយុកោ​ឯង គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប» ម៉ូសេ​ក៏​ញ័រ‌រន្ធត់ មិន​ហ៊ាន​មើល​ឡើយ 

 

៧:៣០-៣២ ​លោកស្ទេផានបញ្ជាក់សារជាថ្មីពីចំនុចសំខាន់មួយនៅក្នុងសេចក្តីប្រកាសរបស់គាត់ ដែលជាព្រះ សិរីល្អរបស់ព្រះអង្គ ហើយនឹងកិច្ចការរបស់ព្រះអង្គ ដែលឥតកំណត់ឲ្យមានព្រះវិហារ នោះឡើយ។ ​ព្រះបានលេចមកឲ្យលោកម៉ូសេនៅក្នុងទីរហោស្ថាននៅភ្នំស៊ីណៃ។ ពួកគ្រុសាសន៍យូដា បានបង្រៀនថាការនេះបង្ហាញថា គ្មានកន្លែងណាមួយដែលនៅឆ្ងាយ ឬស្ងាត់​ជ្រងំ​ពេកសម្រាប់ព្រះ នោះឡើយ។

 

រួច​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​លោក​ថា «ចូរ​ដោះ​ស្បែក​ជើង​ឯង​ចេញ ដ្បិត​កន្លែង​ដែល​ឯង​ឈរ​នោះ​ជា​ដី​បរិសុទ្ធ 

 

៧:៣៣ ​ការនេះបញ្ជាក់ថាមានដី​បរិសុទ្ធ ដែលស្ថិតនៅខាងក្រៅទឹកដីបរិសុទ្ធនៃអ៊ីស្រាអែល ហើយថាមិនត្រូវការឲ្យមានព្រះវិហារដើម្បីឲ្យបានជួបជាមួយនឹងព្រះនោះឡើយ។ ​តាមការពិតទៅ នៅកន្លែងណាដែលមានព្រះវត្តមាននៃព្រះនោះគឺបរិសុទ្ធហើយ ដោយព្រោះតែជា​ព្រះវត្តមានរបស់ព្រះអង្គ ដែលធ្វើឲ្យទីកន្លែងនោះបានបរិសុទ្ធ។ ​​

អញ​បាន​ឃើញ​សេចក្ដី​ទុក្ខ​លំបាក ដែល​គេ​ធ្វើ​ដល់​រាស្ត្រ​អញ​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​ឮ​សូរ​ដំងូរ​របស់​គេ​ដែរ ហេតុ​នោះ​បាន​ជា​អញ​ចុះ​មក ដើម្បី​ប្រោស​ឲ្យ​គេ​រួច ចូរ​មក​ឥឡូវ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ» 

 

៧:៣៤​​ ព្រះមិនបានភ្លេចសេចក្តីសញ្ញារបស់ព្រះអង្គជាមួយនឹងពួកឰយុកោនោះឡើយ។ ​ព្រះអង្គនៅតែ ជាព្រះរបស់លោកអ័ប្រាហាំ អ៊ីសាក់ និងយ៉ាកុប ទោះបីជាពួកគាត់បានស្លាប់ទៅហើយកាលពីរាប់ស តវត្សរ៍មុនក៏ដោយ។ ព្រះអង្គជ្រាបពីទុក្ខលំបាករបស់ពួកកូនចៅរបស់ពួកគាត់នៅក្នុងប្រទេសអេស៊ីព្ទ ហើយទ្រង់នឹងប្រោសពួកគេឲ្យបានរួច។ ​កាលពីមុន ​លោកម៉ូសេបានព្យាយាមរំដោះអ៊ីស្រាអែល ដោយខ្លួនគាត់ហើយបានបរាជ័យ ប៉ុន្តែពេលនេះព្រះបានចាត់ម៉ូសេឲ្យត្រឡប់មកអេស៊ីព្ទវិញដោយព្រោះតែ ទ្រង់នឹងសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គដោយសារលោកម៉ូសេ។ ​

 

ឯ​លោក​ម៉ូសេ​នេះ ដែល​គេ​មិន​ព្រម​ទទួល ដោយ​ថា «តើ​អ្នក​ណា​បាន​តាំង​ឲ្យ​ឯង​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​ចៅ‌ក្រម»​ដូច្នេះ គឺ​លោក​នេះ​ហើយ ដែល​ព្រះ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​អ្នក​ជួយ​ឲ្យ​រួច ដោយ‌សារ​ព្រះ‌ហស្ត​នៃ​ទេវតា ដែល​លេច​មក​ឲ្យ​លោក​ឃើញ ក្នុង​គុម្ព​បន្លា​នោះ 36លោក​នេះ​បាន​នាំ​គេ​ចេញ ដោយ​ធ្វើ​ការ​អស្ចារ្យ នឹង​ទី​សំគាល់​នៅ​ស្រុក​អេស៊ីព្ទ នៅ​សមុទ្រ​ក្រហម ហើយ​នៅ​ទី​រហោ‌ស្ថាន​ក្នុង​រវាង​៤០​ឆ្នាំ 

 

៧:៣៥-៣៦  មនុស្សដែលអ៊ីស្រាអែលបានបដិសេធជាបុរសម្នាក់ដែលត្រូវបានជ្រើសរើសដោយព្រះ ដើម្បីឲ្យបានធ្វើជាចៅហ្វាយរបស់គេ (ជាអ្នកដែលដឹកនាំហើយត្រួតត្រាលើគេ) ហើយជា​អ្នក​ជួយ​ឲ្យ​រួច (ដែលបានផ្តល់សេរីភាពឲ្យពួកគេបានរួចពីចំណង)។ ពួកគេបានបដិសេធគាត់កាលពីដើម (ដូចដែលបងៗ របស់យ៉ូសែបបានបដិសេធយ៉ូសែបយ៉ាងដូច្នោះដែរ)  ប៉ុន្តែលើកទីពីរដែលគាត់មកឯ ពួកគេពួក គេបានទទួលគាត់ (ដូចជាបងប្អូនរបស់យ៉ូសែបបានដឹងថាយ៉ូសែបជាអ្នកសង្រ្គោះពួកគេនៅពេលដែល ពួកគេចូលទៅក្នុងប្រទេសអេស៊ីព្ទជាលើកទីពីរដែរ)។ ជាថ្មីម្តងទៀត ការនេះបង្រៀនយើងអំពីព្រះយេស៊ូវ ដែលទ្រង់នឹងយាងមកវិញជាលើកទីពីរមកឯអ៊ីស្រាអែល ហើយក្រោយមកពួកគេនឹងទទួលស្គាល់ព្រះអង្គ ថា ជាចៅហ្វាយ ហើយជាអ្នក​ជួយ​ឲ្យ​រួច។  

គឺ​លោក​ម៉ូសេ​នេះ​ហើយ ដែល​មាន​ប្រសាសន៍​ដល់​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ថា «ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​បង្កើត​ហោរា​ម្នាក់ ពី​ពួក​បង​ប្អូន​អ្នក​រាល់​គ្នា​មក ឲ្យ​ដូច​ជា​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ហោរា​នោះ​ចុះ»

 

៧:៣៧​ ​នៅគ្រាចុងក្រោយនៃជីវិតរបស់គាត់ លោកម៉ូសេបានប្រាប់ដល់ប្រជាជនអ៊ីស្រាអែលថាថ្ងៃមួយ ព្រះទ្រង់នឹងចាត់ហោរាម្នាក់ដូចជាគាត់ (ដែលជាហោរាហើយក៏ជាចៅហ្វាយ ហើយជាអ្នក​ជួយ​ឲ្យ​រួច)។ លោកម៉ូសេដាស់តឿនដល់ប្រជាជនអ៊ីស្រាអែលថាពួកគេត្រូវតែស្តាប់តាមហោរាម្នាក់នោះ (ចោទិយកថា ១៨:១៥)។ ប៉ុន្តែអ៊ីស្រាអែលបានបដិសេធព្រះយេស៊ូវ  ដែលទ្រង់ជាហោរាដែលលោកម៉ូសេបានទាយ នោះ។ ​

 

តើព្រះយេស៊ូវជាហោរាម្នាក់ដូចជាលោកម៉ូសេយ៉ាងដូចម្តេច?

  • ព្រះយេស៊ូវដូចជាម៉ូសេដោយព្រោះតែទាំងព្រះយេស៊ូវនិងលោកម៉ូសេជាទីគាប់ដល់ព្រះទ័យនៃព្រះចាប់តាំងពីការចាប់កំណើតហើយបានរក្សាឲ្យបានរួចពីគ្រោះថ្នាក់។ ស្តេចផារ៉ោនបានព្យាយាម សម្លាប់អស់ទាំងកូនង៉ែតប្រុសៗសាសន៍ហេព្រើរនៅក្នុងប្រទេសអេស៊ីព្ទហើយស្តេចហេរ៉ូឌបានព្យាយាមសម្លាប់កូនង៉ែតប្រុសៗនៅក្នុងភូមិបេថ្លេហិម។ 

  • លោកម៉ូសេបានចាកចេញពីរាជវង្សានុវង្សនៃប្រទេសអេហ្ស៊ីប ដោយព្រោះតែសេចក្តីខ្វល់ខ្វាយ របស់គាត់ចំពោះរាស្រ្តរបស់គាត់ដែលនៅក្នុងទាសករភាព។ ដូចគ្នានេះដែរ ព្រះយេស៊ូវបានចាក ចេញពីបល្ល័ង្កនៃទ្រង់នៅឯ ស្ថានសួគ៌ដើម្បីយាងមកសង្រ្គោះរាស្រ្តរបស់ព្រះអង្គ ពីភាពជាទាសករនៃអំពើបាប។

  • លោកម៉ូសេត្រូវបានបដិសេធដោយអ៊ីស្រាអែលកាលពីដំបូងប៉ុន្តែក្រោយមកបានត្រឡប់ជា ចៅហ្វាយ ហើយជាអ្នក​ជួយ​ឲ្យ​រួចរបស់ពួកគេ។ ​ការនេះក៏ដូចគ្នាដែរចំពោះព្រះយេស៊ូវ។ ​

  • លោកម៉ូសេ “មានពេញដោយអំណាចទាំងក្នុងពាក្យសម្តីនិងការប្រព្រឹត្តរបស់គាត់” (ខ៣២)។ ​​លោកម៉ូសេ “បានធ្វើការអស្ចារ្យនិងទីសំគាល់” (ខ៣៦) ​ដូចជាការអស្ចារ្យរបស់ព្រះយេស៊ូវដែរ (២:២២) ហើយការអស្ចារ្យនិងទីសំគាល់ទាំងនេះគឺដើម្បីបញ្ចាក់ថាគាត់គឺជាអ្នកនាំសាររបស់ ព្រះជាម្ចាស់។ ​

  • លោកម៉ូសេជាអ្នកដែលនៅកណ្តាលរវាងព្រះជាម្ចាស់ ហើយនឹងប្រជាជន។ គាត់បានផ្តល់ ក្រិត្យវិន័យ របស់ព្រះដល់ប្រជាជនរបស់គាត់ដែលបានតាំងឲ្យមានសេចក្តីសញ្ញាចាស់។ ដូចគ្នានេះដែរនេះក៏ជាការពិតចំពោះព្រះយេស៊ូវ ដែលជាអ្នកដែលនៅកណ្តាលរវាងព្រះ ហើយនឹងប្រជាជនដែលទ្រង់បានផ្តល់ឲ្យយើងនូវដំណឹងល្អដែលបានតាំងឲ្យមានសេចក្តីសញ្ញាថ្មី។ ​

 

គឺ​លោក​នេះ​ឯង ដែល​បាន​នៅ​ក្នុង​ពួក​ជំនុំ​នៅ​ទី​រហោ‌ស្ថាន​ជា​មួយ​នឹង​ទេវតា ដែល​មាន​បន្ទូល​នឹង​លោក នៅ​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​ជា​មួយ​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា ដែល​បាន​ទទួល​ព្រះ‌បន្ទូល​រស់ សំរាប់​នឹង​បន្ត​មក​ដល់​យើង​រាល់​គ្នា​ដែរ 

 

៧:៣៨ លោកស្ទេផានត្រូវបានចោទប្រកាន់ពីការដែលនិយាយប្រមាថទាស់នឹងក្រិត្យវិន័យ (៦:១៣) ប៉ុន្តែគាត់បានបង្ហាញការគោរពរបស់គាត់ចំពោះក្រិត្យវិន័យដោយការរៀបរាប់ពីក្រិត្យវិន័យថា “​ព្រះបន្ទូលរស់” ។  ក្រិត្យវិន័យត្រូវបានប្រទានមកលោកម៉ូសេពីព្រះជាម្ចាស់តាមរយៈពួកទេវតា​ (ហេព្រើរ ៤:១២; ១ ពេត្រុស ១:២៣)។ ​

 

សូមកត់សម្គាល់ថា កន្លែងដែលសំខាន់បំផុតចំពោះការបើកសំដែងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺភ្នំស៊ីណៃ មិនមែននៅក្នុងទឹកដីសន្យារបស់អ៊ីស្រាអែលឡើយប៉ុន្តែនៅក្នុងទឹកដីនៃសាសន៍ដទៃដែលលោកម៉ូសេបានរត់ភៀសខ្លួនកាលពីជាង៤០ឆ្នាំមុន។ ​នេះជាកន្លែងដដែល ដែលព្រះបានលេចមកឯលោកម៉ូសេកាលពី ដំបូង។ ​ការនេះបង្ហាញយើងថាព្រះទ្រង់អធិបតេយ្យ ពេញដោយព្រះចេស្តា ហើយគ្រប់យ៉ាងទាំងអស់ដើរ តាមផែនការណ៏របស់ព្រះអង្គ។ ​

 

តែ​ពួក​ឰយុកោ​យើង​មិន​ព្រម​ចុះ​ចូល​នឹង​លោក​ទេ គេ​ផាត់​លោក​ចោល ហើយ​នឹក​រឭក​ដល់​ស្រុក​អេស៊ីព្ទ​វិញ ដោយ​និយាយ​នឹង​អើរ៉ុន​ថា «ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង​រាល់​គ្នា ដែល​នឹង​នាំ​មុខ​យើង​ផង ដ្បិត​ឯ​លោក​ម៉ូសេ​នោះ ដែល​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យើង​មិន​ដឹង​ជា​មាន​កើត​គ្រោះ​ថ្នាក់​អ្វី​ដល់​លោក​ទេ» នៅ​គ្រា​នោះ គេ​ក៏​ធ្វើ​រូប​កូន​គោ​១ រួច​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​នោះ ហើយ​នាំ​គ្នា​អរ​សប្បាយ ចំពោះ​របស់​ដែល​ដៃ​ខ្លួន​គេ​បាន​ធ្វើ

 

៧:៣៩-៤១ ​ចំនុចសំខាន់របស់លោកស្ទេផាននៅក្នុងផ្នែកនេះគឺថាអ៊ីស្រាអែលបានបដិសេធលោកម៉ូសេ ដែលព្រះបានជ្រើសរើសឲ្យបានធ្វើជាអ្នកដឹកនាំរបស់គេ (ខ២៣-២៨, ៣៥, ៣៩-៤៣)។ អ៊ីស្រាអែលចង់ ត្រឡប់ទៅជាទាសករនៅក្នុងប្រទេសអេស៊ីព្ទវិញ (ជនគណនា ១១:៥) ជាជាងស្តាប់តាមអ្នកដឹកនាំ ដែលព្រះបានប្រទានដល់គេ។ ​​សូម្បីតែពេលដែលលោកម៉ូសេនៅលើកំពូលភ្នំស៊ីណៃកំពុងទទួលក្រិត្យវិន័យ ទាំងដប់ប្រការពីព្រះក៏ដោយ ប្រជារាស្រ្តអ៊ីស្រាអែលនៅឯជើងភ្នំ កំពុងតែល្មើស​បញ្ញត្តិ​ពីរ​ដំបូង ដោយការដែលសូន្យធ្វើរូបហើយថ្វាយបង្គំរូបនោះ ​(និក្ខមនំ ២០:៤, ៣២:១-៥)។ ​ ​ចាប់តាំងពីពេលនោះ ដែលក្រិត្យវិន័យត្រូវបានប្រទានមកដល់រាស្រ្តរបស់ព្រះ ពួកគេបានល្មើសនឹងសេចក្តីនោះភ្លាម ដោយបានបះបោរ ហើយបែរទៅរកការថ្វាយបង្គំរូបព្រះ។ ​

ពួកអ្នកដឹកនាំសាសនានៅក្នុងជំនាន់លោកស្ទេផានបានប្រកាសថាគេស្មោះត្រង់ចំពោះក្រិត្យវិន័យ ហើយ ចំពោះព្រះ ប៉ុន្តែពួកគេជាជាតិសាសន៍ដែលបានបដិសេធក្រិត្យវិន័យ និងការថ្វាយបង្គំព្រះដ៏ពិតត្រង់។ ​លោកស្ទេផានត្រូវបានចោទប្រកាន់ពីការដែលពោលពាក្យប្រមាថទាស់នឹងក្រិត្យវិន័យ។ ​ប៉ុន្តែគាត់បានបង្ហាញពីការគោរពរបស់គាត់ចំពោះក្រិត្យវិន័យវិញ (ខ៣៨)។ ផ្ទុយទៅវិញ វាគឺជាអ៊ីស្រាអែល​ ដែល​មាន​ទោស​ចំពោះ​ការ​ប្រមាថ​ដល់ក្រិត្យវិន័យដោយព្រោះតែពួកគេមិនបានស្តាប់តាមក្រិត្យវិន័យចាប់ តាំងពីពេលដែលក្រិត្យវិន័យត្រូវបានផ្តល់មកដំបូងម្ល៉េះ។ ​

អ៊ីស្រាអែលបានបះបោរទាស់នឹងព្រះជាច្រើនដងច្រើនសារពេលដែលពួកគេនៅក្នុងទីរហោស្ថាន។  ប៉ុន្តែ ការដែលសូន្យរូបកូនគោមាសគឺជាការដែលអាក្រក់បំផុតនៅក្នុងចំណោមការបះបោរទាំងប៉ុន្មានរបស់អ៊ីស្រាអែល ដោយព្រោះតែការនោះជាការថ្វាយបង្គំរូបព្រះ ហើយជាការបដិសេធព្រះដែលបានប្រោសលោះ ពួកគេឲ្យបានរួច។ ​សូមចំណាំថាកូនគោមាសនោះត្រូវបានសាងឡើងដោយលោកអ៊ឺរ៉ុន ដែលជាសម្តេចសង្ឃ។ សម្តេចសង្ឃដឹកនាំប្រជាជននៃព្រះដែលបានដឹកនាំពួកគេឲ្យចូលទៅក្នុង ការបដិសេធព្រះនៅឯភ្នំស៊ីណៃ ដូចដែលលោកកៃផាសដែលជាសម្តេចសង្ឃដែលបានដឹកនាំប្រជាជន ឲ្យបានបដិសេធព្រះយេស៊ូវ។   

 

នោះ​ព្រះ‌ទ្រង់​ផ្លាស់​ប្រែ​ទៅ​ជា​បញ្ជូន​គេ ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ពួក​បរិវារ​ដែល​នៅ​លើ​មេឃ​វិញ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​គម្ពីរ​ពួក​ហោរា​ថា «ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ដែល​ឯង​រាល់​គ្នា​បាន​សំឡាប់​សត្វ​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ទី​រហោ‌ស្ថាន ក្នុង​រវាង​៤០​ឆ្នាំ​នោះ ព្រម​ទាំង​រើស​យក​បារាំ​របស់​ព្រះ‌ម៉ូឡុក នឹង​ផ្កាយ​របស់​ព្រះ‌រេម‌ផាន់ ជា​រូប​ដែល​ឯង​បាន​ធ្វើ សំរាប់​នឹង​ថ្វាយ‌បង្គំ​ផង នោះ​តើ​បាន​ថ្វាយ​ដល់​អញ​ឬ ដូច្នេះ អញ​នឹង​និរទេស​ឯង​រាល់​គ្នា ឲ្យ​ទៅ​នៅ​ខាង​នាយ​ស្រុក​បាប៊ីឡូន​វិញ»។   

 

៧:៤២-៤៣ ដោយព្រោះតែការថ្វាយបង្គំរូបព្រះរបស់ពួកគេ  ព្រះបានបែរចេញពីអ៊ីស្រាអែល  ដូច​ដែលពួកគេបានបែរចេញព្រះអង្គផងដែរ (ខ៣៩)។   ព្រះបានប្រគល់គេទៅក្នុងការថ្វាយបង្គំ “ពួកបរិវារដែលនៅលើមេឃ” ដែលជាថ្ងៃ  ខែហើយនឹងផ្កាយ (ចោទិយកថា ៤:១៩)។   ចំពោះព្រះនៅក្នុង ការដែល “ប្រគល់គេ” មានន័យថា (ផ្ទុយពីការវាយផ្ចាល  កែតម្រូវឬប្រៀនប្រដៅពួកគេនោះ) ព្រះអង្គបណ្តោយឲ្យគ្រប់គ្នាដែលងាយនឹងធ្លាក់ទៅក្នុងការបះបោរទាស់នឹងព្រះអង្គឲ្យបានដើរនៅក្នុងផ្លូវខុសដែលពួកគេបានជ្រើសរើសដើរទៅនោះវិញ (រ៉ូម ១:២៤, ១:២៦, ១:២៨)។     

ទោះបីជាមានការដាស់តឿនថាព្រះជាម្ចាស់បានប្រទានដល់អ៊ីស្រាអែលអំពីធ្លាក់ទៅក្នុងការថ្វាយបង្គំថ្ងៃ  ខែ ហើយនឹង ផ្កាយនោះ  ពួកគេបានជ្រើសរើសធ្វើការនេះម្តងហើយម្តងទៀត ចាប់តាំងពីពេលដែលនៅក្នុង ទីរហោស្ថាន ហើយបន្តរហូតដល់ការដែលត្រូវបាននាំយកទៅក្រុងបាប៊ីឡូនថែមទៀត។  ការថ្វាយបង្គំរូបព្រះ របស់អ៊ីស្រាអែលគឺ ត្រូវបានសង្ខេបនៅក្នុងពាក្យរបស់ហោរាអេម៉ុស ៥:២៥-២៧ ដែលលោកស្ទេផានបាន លើកឡើង។   ចំនុចដែលថា អ៊ីស្រាអែលនៅតែបន្តក្នុងការថ្វាយបង្គំព្រះក្លែងក្លាយ ហើយជាលទ្ធផលត្រូវជាប់នៅក្នុង សេចក្តីជំនុំជំរះរបស់ព្រះដែលត្រូវបាននាំទៅឯក្រុងបាប៊ីឡូន។   ​

រីឯ​រោង​ឧបោសថ​នៃ​សេចក្ដី​បន្ទាល់ នោះ​បាន​នៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា នៅ​ទី​រហោ‌ស្ថាន ដូច​ជា​ព្រះ​បាន​បង្គាប់​មក ឲ្យ​លោក​ម៉ូសេ​ធ្វើ​តាម​គំរូ ដែល​លោក​បាន​ឃើញ 

 

៧:៤៤ សេចក្តីចោទប្រកាន់មួយទាស់នឹងលោកស្ទេផាននោះគឺជាការដែលពោលពាក្យប្រមាថទាស់នឹង ព្រះវិហារ។ ដូច្នេះហើយ នៅក្នុងផ្នែកទីបួននិងផ្នែកចុងក្រោយនៃសេចក្តីប្រកាសរបស់គាត់ គាត់បានផ្តោត សំខាន់លើរោងឧបោសថ (“រោងនៃហឹបសញ្ញា” និក្ខនំ ២៧:២១) និងព្រះវិហាររបស់ស្តេចសាឡូម៉ូន។    

 

ក្រោយពេលដែលព្រះប្រទានក្រិត្យវិន័យដល់លោកម៉ូសេ ព្រះអង្គបានបង្គាប់ដល់លោកម៉ូសេឲ្យសាងសង់ រោងឧបោសថជាកន្លែងសម្រាប់ប្រជាជនថ្វាយបង្គំព្រះអង្គ។ សូមកត់សម្គាល់ថា ព្រះបានប្រទាននូវគំរូ ដោយសម្រាប់រោងឧបោសថ។ គ្រប់យ៉ាងត្រូវតែបានសង់ឡើងឲ្យបានត្រឹមត្រូវតាមអ្វីដែលព្រះបានមាន បន្ទូល។   ការនេះបង្រៀនដល់យើងទាំងអស់គ្នាថាយើងមិនអាចនឹងចូលទៅគាល់ព្រះ ហើយថ្វាយបង្គំ ព្រះអង្គតាមការកំណត់របស់យើងបាននោះឡើយ។ ប្រសិនបើយើងចង់ចូលទៅឯព្រះ ហើយថ្វាយបង្គំ ព្រះអង្គនោះ យើងត្រូវតែធ្វើតាមរបៀបរបស់ទ្រង់។    

 

ពួក​ឰយុកោ​យើង​ក៏​ទទួល​រោង​នោះ​តៗ​មក ហើយ​បាន​នាំ​ចូល​មក​ក្នុង​ស្រុក ជា​មួយ​នឹង​លោក​យ៉ូស្វេ ក្នុង​កាល​ដែល​គេ​ចាប់​យក​អស់​ទាំង​នគរ​របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ​បាន​បណ្តេញ ពី​មុខ​ពួក​ឰយុកោ​យើង​ចេញ ដរាប​ដល់​រាជ្យ​ហ្លួង​ដាវីឌ។   រីឯ​ហ្លួង​ដាវីឌ​នេះ ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ទ្រង់ ហើយ​ស្តេច​ទ្រង់​មាន​ព្រះ‌ទ័យ​ប្រាថ្នា​ចង់​រក​ទី​លំនៅ​សំរាប់​ព្រះ​នៃ​យ៉ាកុប តែ​គឺ​ហ្លួង​សាឡូម៉ូន​វិញ ដែល​ស្អាង​ដំណាក់​១​ថ្វាយ​ដល់​ព្រះ 

 

៧:២៥-២៧ ព្រះបានគង់នៅជាមួយនឹងរាស្រ្តរបស់ព្រះអង្គនៅក្នុងទីរហោស្ថាន  ដឹកនាំពួកគេហើយពួកគេ បានដើរតាមព្រះអង្គ។ ការនេះបង្ហាញថាដំណាក់របស់ព្រះអង្គនៅលើផែនដីគឺនៅជាមួយនឹងរាស្រ្តរបស់ ព្រះអង្គ។ ព្រះអង្គបានស្បថជាមួយនឹងសេចក្តីសញ្ញាថានឹងធ្វើជាព្រះដល់យើង ដូច្នេះហើយមិនថា យើងនៅ កន្លែងណានោះឡើយ ព្រះអង្គក៏គង់នៅទីនោះដែរ។   

 

រោងឧបោសថគឺជានិមិត្តសញ្ញានៃព្រះវត្តមាននៃព្រះគង់នៅជាមួយនឹងរាស្រ្តរបស់ព្រះអង្គដូច្នេះហើយ  ពួកគេនាំយកទៅគ្រប់ទីកន្លែងដែលពួកគេទៅ  ហើយបានតាំងទីជម្រកនៅជុំវិញរោងឧបោសថរាល់ពេល ដែលពួកគេឈប់សម្រាកពីការធ្វើដំណើរ។   ក្រោយពេលដែលលោកម៉ូសេស្លាប់ទៅ  លោកយ៉ូស្វេបាននាំ ប្រជាជនចូលទៅក្នុងទឹកដីដែលព្រះបានសន្យាថាទ្រង់នឹងប្រទានដល់ពូជពង្សលោកអ័ប្រាហាំ។   ប្រជារាស្រ្តអ៊ីស្រាអែលបានតាំងរោងឧហោសថនៅស៊ីឡោមអស់រយៈពេល៣៦៩ឆ្នាំរហូតដល់ស្តេចដាវីឌបានសម្រេចព្រះទ័យនៅក្នុងការសាងសង់ព្រះវិហារថ្វាយព្រះនៅក្រុងយេរូសាឡិម។ យ៉ាងណាម៉ិញ  ព្រះបានសម្រេចថាបុត្រារបស់ដាវីឌគឺហ្លួងសាឡូមូននឹងបានសង់ព្រះវិហានោះវិញ។   

 

ប៉ុន្តែ ឯ​ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​មិន​គង់​នៅ​ក្នុង​ព្រះ‌វិហារ ដែល​ដៃ​មនុស្ស​ធ្វើ​នោះ​ឡើយ​ដូច​ជា​ហោរា​បាន​ទាយ​ថា «ស្ថាន‌សួគ៌​ជា​បល្ល័ង្ក​អញ ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​អញ ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា តើ​ឯង​រាល់​គ្នា​នឹង​ស្អាង​ដំណាក់​ណា​ឲ្យ​អញ ឬ​កន្លែង​ណា​ឲ្យ​អញ​ឈប់​សំរាក​បាន តើ​មិន​មែន​ដៃ​អញ ដែល​បង្កើត​របស់​ទាំង​នេះ​ទេ​ឬ​អី» 

 

៧:៤៨-៥០ លោកស្ទេផាបានដកស្រង់ចេញពី អេសាយ ៦៦:១-២​ ដើម្បីបង្ហាញថាព្រះទ្រង់មិនត្រូវការឲ្យ មនុស្សសង់ព្រះវិហារថ្វាយទ្រង់ឡើយ ដោយព្រោះតែស្ថានសួគ៌ ហើយនឹងផែនដីជាដំណាក់របស់ព្រះអង្គ (អេសាយ ៤០:២២)។ ស្ថានសួគ៌ ហើយនឹងផែនដីមានន័យថាសកលលោកទាំងមូល។ ព្រះបានបង្កើត សកលលោកទាំងមូល ហើយព្រះអង្គបានចាក់បំពេញសកលលោកដោយព្រះវត្តមានរបស់ព្រះអង្គ (យេរេមា ២៣:២៤)។   

 

ព្រះបានបំពេញស្ថានសួគ៌ហើយនឹងផែនដី ដូច្នេះហើយយើងទាំងអស់គ្នាតែងតែនៅក្នុងព្រះវត្តមាន របស់ព្រះជានិច្ច។ ​សកលលោកទាំងមូលគឺជាព្រះវិហាររបស់ព្រះអង្គ។ ដូច្នេះហើយ  តើមនុស្សអាចគិតថា គេអាចនឹង សង់សំណង់អាគារមួយដែលអាចឲ្យព្រះគង់នៅដោយរបៀបណាបាន? ហ្លួងសាឡូមូនបានលើកឡើងពីចំនុចនេះនៅពេលដែលគាត់បានឧទ្ទិសថ្វាយព្រះវិហារ (១ ពង្សាវតាក្សត្រ ៨:២៧)។ ហ្លួងសាឡូមូនបានដឹងថា ព្រះទ្រង់មិនអាចនឹងគង់នៅកន្លែងតែមួយនៅលើផែនដីបានឡើយ (ដូចជាព្រះវិហារនៅក្រុងយេរូសាឡិមជាដើម) ដោយព្រោះតែព្រះមិនគង់នៅទីកន្លែងដែលសង់ឡើង ដោយដៃមនុស្សនោះឡើយ។ 

 

ផ្ទុយទៅវិញ  ព្រះមានព្រះបន្ទូលនៅក្នុងសេចក្តីទំនាយរបស់ហោរាអែសាយដែលថា ព្រះអង្គទ្រង់នឹង យក​ចិត្ត​ទុក​ដាក់ “ចំពោះ​អ្នក​ណា​ដែល​ក្រ​លំបាក ហើយ​មាន​ចិត្ត​ខ្ទេចខ្ទាំ ជា​អ្នក​ដែល​ញ័រញាក់ ដោយ​ឮ​ពាក្យ​របស់​អញ” (អេសាយ ៦៦:២)។ ព្រះមានព្រះវត្តមានជាមួយនឹងមនុស្ស ដែលមានការគោរព ប្រតិបត្តិដោយស្ងែងខ្លាចចំពោះព្រះអង្គ ហើយនឹងព្រះបន្ទូលទ្រង់។ ប្រសិនបើយើងចង់ស្គាល់ព្រះវត្តមាន របស់ព្រះ  យើងមិនត្រូវការទៅកន្លែងបរិសុទ្ធវិសេសណាមួយនោះឡើយ; ផ្ទុយទៅវិញយើងត្រូវតែជាមនុស្ស ដែលបរិសុទ្ធ។ គឺថា យើងត្រូវតែជាមនុស្សដែលមានជីវិតដែលញែកដាច់ដោយឡែកថ្វាយព្រះជាម្ចាស់ យ៉ាងពិតប្រាកដ។

 

លោកកៃផាសហើយនឹងពួកសង្ឃបានគ្រប់គ្រងលើព្រះវិហារនៅក្នុងក្រុងយេរូសាឡិម  ប៉ុន្តែចិត្តរបស់ពួកគេ នៅឆ្ងាយពីព្រះជាម្ចាស់។ លោកស្ទេផាន ហើយនឹងពួកសាវ័កមិនមានព្រះវិហារនោះឡើយ ប៉ុន្តែរូបកាយ របស់ពួកគេជាព្រះវិហារដែលពេញដោយព្រះវិញ្ញាណនៃព្រះ ហើយនេះជាការដែលធ្វើឲ្យពួកគេអាចពិតជា ស្គាល់ព្រះបាន ហើយស្រឡាញ់ព្រះយ៉ាងពិតប្រាកដ។ ព្រះបានគង់នៅជាមួយនឹងពួកគេ ហើយធ្វើការ ដោយសារពួកគេ។ លោកកៃផាសមានសាសនាមួយនៅលើផែនដីដែលពឹងអាងលើទំនៀមទម្លាប់ របស់មនុស្ស ប៉ុន្តែលោកស្ទេផានមានសេចក្តីជំនឿនៅក្នុងព្រះវរបិតារបស់គាត់ដែលគង់នៅស្ថានសួគ៌ ដោយពឹងអាងលើការបើកសំដែងរបស់ព្រះជាម្ចាស់ នោះហើយជាភាពខុសគ្នាដែលមានរវាងអ្នកទាំងពីរ។  

 

ព្រះយេស៊ូវបានសុគដើម្បីដកយកអំពើបាបរបស់យើងចេញ។ អំពើបាបរបស់មនុស្សជាអ្វីដែលបានញែក យើងចេញពីព្រះជាម្ចាស់ហើយបង្ខាំងយើងមិនឲ្យបានចូលទៅឯព្រះវត្តមាននៃព្រះ។ ប៉ុន្តែនៅពេលដែល យើងទទួលព្រះយេស៊ូវជាព្រះអម្ចាស់របស់យើង ព្រះអង្គដកយកអំពើបាបរបស់យើងចេញ ហើយមិនមាន អ្វី ដែលបង្ខាំងយើងមិនឲ្យបានចូលទៅក្នុងព្រះវត្តមាននៃព្រះបានឡើយ។ ព្រះយេស៊ូវគឺជាផ្លូវទៅឯព្រះវរបិតា (យ៉ូហាន ១៤:៦)។ មានតែព្រះអង្គប៉ុណ្ណោះដែលអាចធ្វើឲ្យយើងមានលក្ខណៈសម្បត្តិនៅក្នុងការចូលទៅក្នុង ព្រះវត្តមាននៃព្រះ។ ប៉ុន្តែព្រះយេស៊ូវបានធ្វើលើសពីនោះទៅទៀតសម្រាប់យើងទាំងអស់គ្នា។ យើងមិនមែន គ្រាន់តែអាចចូលទៅក្នុងព្រះវត្តមាននៃព្រះតែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលយើងទុកចិត្តលើព្រះយេស៊ូវ  ព្រះវត្តមានរបស់ព្រះនឹងចូលមកក្នុងយើង។ ឥលូវនេះដែលព្រះវិញ្ញាណបរិសុទ្ធបានយាងមកហើយនោះ ដែលត្រូវបានចាក់បង្ហូរនៅក្នុងថ្ងៃបុណ្យទី៥០ ព្រះគង់នៅក្នុងគ្រប់អស់ទាំងពួកអ្នកជឿ។ រូបកាយរបស់យើង គឺជាព្រះវិហារនៃព្រះវិញ្ញាណបរិសុទ្ធ (១ កូរិនថូស ៣:១៦-១៧)។ 

 

ឱ​ពួក​មនុស្ស​ក្បាល​រឹង ដែល​មាន​ចិត្ត​មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ អ្នក​រាល់​គ្នា​ចេះ​តែ​ទាស់​ទទឹង​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ជា​ដរាប ពួក​ឰយុកោ​អ្នក​រាល់​គ្នា​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​យ៉ាង​នោះ​ដែរ 

 

៧:៥២ ចំណុច​កំពូល​នៃសេចក្តីប្រកាសរបស់លោកស្ទេផានដែលថាពួកអ្នកដឹកនាំសាសនាសាសន៍យូដា កំពុង​បដិសេធព្រះដូចដែលពួកឰយុកោរបស់ពួកគេបានបដិសេធព្រះអង្គនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ។ ពាក្យថា “ក្បាលរឹង” ហើយនឹង “មានចិត្តនិងត្រចៀនដែលមិនកាត់ស្បែក” ត្រូវបានប្រើនៅក្នុង ព្រះគម្ពីរសញ្ញាចាស់នៅក្នុង ការរៀបរាប់ពីការដែលអ៊ីស្រាអែលមានក្បាលរឹងទទឹងមិនស្តាប់តាមព្រះ។ 

ការដែលមាន “ក្បាលរឹង” មានន័យថាការដែលរឹងទទឹង ហើយនឹងរឹងចចេស។ អ៊ីស្រាអែលមិនបានស្តាប់ តាមព្រះដែលទ្រង់បានដឹកនាំពួកគេ ប៉ុន្តែផ្ទុយទៅវិញពួកគេបានធ្វើឲ្យក្បាលរបស់គេបានរឹងទទឹងដូចជា គោឈ្មោលដែលមិនព្រមឲ្យម្ចាស់វាដឹកយកវាទៅនោះដែរ។ 

 

ពួកគេជាមនុស្សដែលមាន “ចិត្តនិងត្រចៀកមិនកាត់ស្បែក”។  ការកាត់ស្បែកគឺជាទីសំគាល់ ដែលព្រះបានតាំងសញ្ញាជាមួយនឹងរាស្រ្តរបស់ព្រះអង្គ។ ប៉ុន្តែទោះបីជាក្មេងប្រុសៗរបស់អ៊ីស្រាអែល ទាំងអស់ត្រូវបានទទួលកាត់ស្បែកនៅថ្ងៃទីប្រាំបីក្រោយពេលកើតមកក៏ដោយ មានពួកគេជាច្រើន បានធំឡើងរស់នៅក្នុងភាពជាមនុស្សដែល “មានចិត្តនិងត្រចៀនដែលមិនកាត់ស្បែក”។ ការនេះមានន័យថា ពួកគេបដិសេធ មិនព្រមធ្វើជារាស្រ្តរបស់ព្រះ ហើយមិនបានស្រឡាញ់ព្រះអង្គចេញពីចិត្តឬស្តាប់តាម ព្រះបន្ទូលរបស់ព្រះអង្គដោយត្រចៀករបស់គេឡើយ។ 

 

ដូចគ្នានេះដែរ ពួកអ្នកដឹកនាំសាសនាសាសន៍យូដានៅក្នុងជំនាន់លោកស្ទេផានគឺជាពួក “ក្បាលរឹង” ហើយជា “មានចិត្តនិងត្រចៀកដែលមិនកាត់ស្បែក” ដូចជាឰយុកោរបស់គេដែរ។ ​ពួកគេ “ទាស់នឹង ព្រះវិញ្ញាណបរិសុទ្ធ” ដោយការដែលបដិសេធអ្នកនាំសាររបស់ព្រះអង្គ (គឺជា ក្រុមជំនុំ ដែលជាមនុស្ស ដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ)  ហើយនឹងមិនបានទទួលសេចក្តីប្រកាសដំណឹងល្អ ដែលពួកគេ កំពុងតែប្រកាសនោះឯង។ 
 

តើ​មាន​ហោរា​ណា​មួយ ដែល​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន ហើយ​គេ​បាន​សំឡាប់​ពួក​អ្នក ដែល​ទាយ​ពី​ដំណើរ​ព្រះ​ដ៏​សុចរិត​ត្រូវ​យាង​មក​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ក៏​បាន​ក្បត់ ហើយ​សំឡាប់​ព្រះ‌អង្គ​នោះ អ្នក​រាល់​គ្នា​ជា​អ្នក​ដែល​បាន​ទទួល​ក្រិត្យ‌វិន័យ ដោយ​ព្រះ​ចាត់‌ចែង​ពួក​ទេវតា​មក តែ​មិន​បាន​កាន់​តាម​សោះ។ 

 

៧:៥២-៥៣ ព្រះគម្ពីរសញ្ញាចាស់បានកត់ត្រាពីរបៀបដែលអ៊ីស្រាអែលបដិសេធបំណងព្រះទ័យនៃព្រះ ហើយមិនព្រមទទួលពួកអ្នកដឹកនាំដែលព្រះអង្គបានជ្រើសរើស។ ​ពួកឰយុកោ (របស់ពួកសាសន៍យូដា ទាំងនេះដែលលោកស្ទេផានកំពុងតែនិយាយ) បានបដិសេធពួកហោរាដែលព្រះបានចាត់ឲ្យមកប្រកាស ពីការយាងមកនៃ “ព្រះដ៏សុចរិត” (ព្រះមែស្ស៊ី ព្រះយេស៊ូវ)។ ​ហើយពេលឥលូវនេះពួកបានក្បត់ ហើយបានធ្វើគត់ព្រះអង្គ។  

 

ចាប់តាំងពីដើមមក ពួកអ៊ីស្រាអែលមិនបានស្តាប់តាមក្រិតវិន័យនោះឡើយ ទោះបីជាត្រូវបានប្រគល់មកឲ្យ ពួកគេដោយទេវតានៃព្រះជាម្ចាស់ក៏ដោយ។ ​ហើយពេលនេះនៅក្នុងជំនាន់លោកស្ទេផាន ពេលដែលព្រះបានមានព្រះបន្ទូលដោយសារព្រះមែស្ស៊ី ពួកអ្នកដឹកនាំអ៊ីស្រាអែលបានបដិសេធ ក្បត់ហើយបានធ្វើគត់ព្រះអង្គ។ ដូច្នេះហើយ មិនមែនជាលោកស្ទេផានដែលបានប្រមាថដល់ក្រិត្យវិន័យ ហើយនឹងព្រះជាម្ចាស់ ដូចដែលពួកសាសន៍យូដាបានចោទប្រកាន់គាត់នោះឡើយ។ តែផ្ទុយទៅវិញ គឺជាពួកគេទៅវិញទេដែលបានប្រមាថដល់ក្រិត្យវិន័យដោយការបដិសេធរបស់ពួកគេដែលមិនបានកាន់តាមក្រិត្យវិន័យ ហើយបានប្រមាថដល់ព្រះដោយការធ្វើគត់ព្រះមែស្ស៊ីដែលព្រះអង្គបានចាត់ឲ្យមកឯពួកគេ។ ​

 

កាល​បាន​ឮ​សេចក្ដី​ទាំង​នោះ​ហើយ គេ​កើត​មាន​ចិត្ត​ក្តៅ​ក្រហាយ​ណាស់ ទាំង​សង្កៀត​ធ្មេញ​ដាក់​គាត់​ផង 

 

៧:៥៤ ការចោទប្រកាន់របស់លោកស្ទេផានបានធ្វើឲ្យសមាជិកនៅក្នុងអង្គប្រជុំមានការខឹងឆួលឡើងហើយ “ពួកគេបានសង្កៀតធ្មេញដាក់គាត់”។  ការនេះរំលឹកដល់យើងទាំងអស់គ្នាអំពីការរៀបរាប់របស់ព្រះយេស៊ូវ ពីស្ថាននរកថាជាកន្លែងមួយដែល “មានការទួញសោកហើយនឹងសង្កៀតធ្មេញ” (ម៉ាថាយ ៨:១១-១២, ១៣:៤១-៤២, ១៣:៤៩-៥០, ២២:១២-១៣, ២៤:៥០-៥១, ២៥:២៩-៣០,​លូកា​ ១៣:២៧-២៨)។ មនុស្សទាំងនេះគឺជាពួកអ្នកដែលបានទទួលការគោរព មានអំណាច ជាអ្នកមានជំនឿសាសនា ប៉ុន្តែគេបានបដិសេធព្រះហើយនឹងកំពុងតែដើរនៅក្នុងផ្លូវដែលដឹកនាំតំរង់ទៅឯក្នុងស្ថាននរក។ ​

 

តែ​ដែល​គាត់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​ក៏​សំឡឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរី‌ល្អ​នៃ​ព្រះ នឹង​ព្រះ‌យេស៊ូវ​ឈរ​នៅ​ខាង​ព្រះ‌ហស្ត​ស្តាំ 

 

៧:៥៥ ជាធម្មតា ព្រះគម្ពីរប្រាប់យើងទាំងអស់គ្នាថា ព្រះយេស៊ូវអង្គុយ​នៅ​ខាង​ស្តាំ​នៃព្រះហស្តនៃព្រះ (២:៣៤; ទំនុកដំកើង ១១០:១; លូកា ​២០:៤២, ២២:៦៩; អេភេសូ ១:២០; កូឡូស ៣:១; ហេព្រើរ ១:៣, ៨:១)។ ប៉ុន្តែនេះជាពេលតែមួយគត់នៅក្នុងព្រះគម្ពីរដែលប្រាប់យើងទាំងអស់គ្នាថាព្រះអង្គទ្រង់ឈរ។ ​

សូមនឹកចាំពីអ្វីដែលព្រះយេស៊ូវមានព្រះបន្ទូលថា “ដូច្នេះ អស់​អ្នក​ណា​ដែល​ទទួល​ថ្លែង​ប្រាប់​ពី​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​អ្នក​នោះ នៅ​ចំពោះ​ព្រះវរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌ ​ដែរ” (ម៉ាថាយ ១០:៣២)។ ​លោកស្ទេផានបានទទួល​ថ្លែង​ប្រាប់ពីព្រះយេស៊ូវនៅចំពោះមនុស្ស ដូច្នេះហើយព្រះយេស៊ូវទ្រង់ឈរដើម្បីទទួល​ថ្លែង​ប្រាប់ពីលោកស្ទេផាននៅចំពោះព្រះវរបិតាដ៏ជាព្រះដែរ។ ព្រះយេស៊ូវត្រៀមព្រះកាយនៅក្នុងការស្វាគមន៍លោកស្ទេផានឲ្យបានចូលទៅក្នុងស្ថានសួគ៌។ ទោះបីជា លោកស្ទេផានត្រូវបានប្រកាសថាមានទោសដោយមនុស្សមានបាបហើយត្រូវបានដាក់ទោសនៅលើផែនដីក៏ដោយ គាត់ត្រូវបានប្រកាសថាសុចរិតដោយព្រះជាម្ចាស់ហើយទទួលរង្វាន់នៅក្នុងស្ថានសួគ៌វិញ ហើយសម្រាប់ភាពអស់កល្បជានិច្ចនេះគឺជាអ្វីដែលពិតជាសំខាន់។ 

រួច​គាត់​មាន​វាចា​ថា មើល ខ្ញុំ​ឃើញ​មេឃ​ចំហ នឹង​កូន​មនុស្ស​ឈរ​នៅ​ខាង​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ នោះ​គេ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ទាំង​ចុក​ត្រចៀក ហើយ​ស្ទុះ​ចូល​ព្រម​គ្នា​ទៅ​លើ​គាត់ 

៧:៥៦-៥៧ នៅពេលដែលលោកស្ទេផានស្រែកថាបានឃើញព្រះយេស៊ូវឈរនៅខាងព្រះហស្តស្តាំ នៃព្រះនោះ ពួកសាសន៍យូដាបានគិតថានោះគឺជាការប្រមាថដោយព្រោះតែ នៅក្នុងការយល់ឃើញ របស់ពួកគេ គ្មាននរណាម្នាក់មានសិទ្ធនៅ​ខាង​ស្តាំ​នៃព្រះហស្តនៃព្រះ នៅឯស្ថានសួគ៌នោះឡើយ (ហើយជាពិសេស មិនមែនជាមនុស្សម្នាក់ដែលពួកគេបានសម្លាប់នោះដែរ ជាមនុស្សដែលត្រូវបាន ព្យួរនៅលើឈើជាការដែលស្លាប់ដោយត្រូវបណ្តាសានៃព្រះនោះឡើយ)។  

 

គេ​កញ្ឆក់​នាំ​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​ចោល​នឹង​ថ្ម ឯ​ពួក​ស្មរ​បន្ទាល់ គេ​ក៏​ផ្ញើ​អាវ​គេ​ដាក់​នៅ​ទៀប​ជើង​មនុស្ស​កំឡោះ​ម្នាក់ ឈ្មោះ​សុល

 

៧:៥៨ លោកស្ទេផានគឺជាសិស្សរបស់ព្រះយេស៊ូវដំបូងគេដែលត្រូវបានសម្លាប់ដោយព្រោះសេចក្តីជំនឿ របស់គាត់។ ​លោកស្ទេផានត្រូវបានគេចោលនឹងថ្មជាការដាក់ទោសស្លាប់ចំពោះទោសកំហុសនៃ សេចក្តីប្រមាថ។ ​ប៉ុន្តែការនេះគឺល្មើសនឹងច្បាប់របស់រ៉ូម៉ាំងដោយព្រោះតែសាសន៍យូដាមិនត្រូវបាន អនុញ្ញាតឲ្យដាក់ទោសមនុស្សណាម្នាក់ដល់ស្លាប់នោះឡើយ។ ​

 

នេះគឺជាលើកទីមួយដែលបទគម្ពីរកិច្ចការបានលើកឡើងពីលោកសុល (ប៉ុល)។ លោកសុលគឺជា សាសន៍យូដាម្នាក់ គាត់បានរៀននៅក្នុងក្រុងយេរូសាឡិមក្រោមការបង្ហាត់បង្រៀនពីលោកកាម៉ាលាល (២២:៣) បានប្រែក្លាយជាពួកផារិស៊ីម្នាក់ (២៣:៦)។  នៅក្នុងជំពូកបន្ទាប់ព្រះគម្ពីរប្រាប់យើងថា សុលបានយល់ព្រមចំពោះការសម្លាប់ លោកស្ទេផាន (៨:១)។ ​

 

គេ​ចោល​ស្ទេផាន​នឹង​ថ្ម កំពុង​ដែល​គាត់​ទូល​អង្វរ​ដល់​ព្រះ​ថា ឱ​ព្រះ‌អម្ចាស់​យេស៊ូវ​អើយ សូម​ទទួល​វិញ្ញាណ​ទូលបង្គំ​ផង

 

៧:៥៩ លោកស្ទេផានបានស្លាប់ដូចជារបៀបដែលគាត់បានរស់នៅដែរ នោះគឺថា ជាមួយនឹងការទុកចិត្ត ទាំងស្រុង ហើយនឹងសេចក្តីជំនឿថាព្រះយេស៊ូវនឹងថែរក្សាគាត់។ ដូចដែលព្រះយេស៊ូវបានអធិស្ឋានទៅកាន់ ព្រះវរបិតាដើម្បីឲ្យបានទទួលវិញ្ញាណរបស់ព្រះអង្គ (លូកា ២៣:៤៦)នោះ  ដូចគ្នាដែរ លោកស្ទេផាន បានអធិស្ឋានទៅកាន់ព្រះយេស៊ូវដែលជាព្រះអម្ចាស់របស់គាត់ ឲ្យបានទទួលវិញ្ញាណរបស់គាត់ផងដែរ។ ​

 

នោះ​គាត់​លុត​ជង្គង់​ចុះ រួច​ស្រែក​ឡើង​ជា​សំឡេង​ខ្លាំង​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​រាប់​បាប​នេះ​ដល់​គេ​ឡើយ កាល​គាត់​បាន​ពោល​ដូច្នោះ​ហើយ នោះ​ក៏​ដេក​លក់​ទៅ ឯ​សុល​ក៏​យល់​ព្រម​ក្នុង​ការ​សំឡាប់​គាត់​ដែរ។ 

 

៧:៦០ នៅក្នុងជីវិត (៦:៨)  ហើយពេលនេះនៅក្នុងសេចក្តីស្លាប់ លោកស្ទេផានបានធ្វើតាមគំរូនៃ ព្រះអម្ចាស់របស់គាត់។ ​ដូចជាព្រះយេស៊ូវ (លូកា ២៣:៣៤)  លោកស្ទេផានបានសូមអង្វរសូមឲ្យ បានអត់ទោសដល់ពួកអ្នកដែលសម្លាប់គាត់។ ​ក្រោយមក “គាត់ដេកលក់ទៅ” ដែលជាឃ្លាមួយនៅក្នុង ព្រះគម្ពីរសញ្ញាថ្មី ដែលបង្ហាញថា សេចក្តីស្លាប់សម្រាប់ពួកអ្នកជឿគឺមិនមែនជាចុងបញ្ចប់នៃជីវិតរបស់យើង នោះឡើយ (១៣:៣៦; លូកា ៨:៥២; យ៉ូហាន ១១:១១; ១ កូរិនថូស ១៥:៦, ១៥:១៨-២០; ១ ថែស្សាឡូនិច ៤:១៤-១៥; ៥:១០)។  នៅក្នុងសេចក្តីស្លាប់ យើងដេកលក់ ប៉ុន្តែព្រះយេស៊ូវដាស់យើង ឡើងឲ្យបានទទួលជីវិតអស់កល្បជានិច្ចនៅក្នុងរាជ្យនគររបស់ព្រះអង្គ។ ​

ការណែនាំ
ជំពូក ៨
bottom of page