
កាលអ្នកទាំង២ កំពុងតែនិយាយនឹងបណ្តាជននៅឡើយ នោះពួកសង្ឃ នឹងពួកសាឌូស៊ី ព្រមទាំងមេទ័ពរក្សាព្រះវិហារ ក៏មកដល់ គេមានសេចក្ដីអាក់អន់ចិត្តពីដំណើរដែលគាត់បង្រៀន ដល់ពួកជន ហើយក៏សំដែងប្រាប់ដល់បណ្តាជន ពីសេចក្ដីរស់ពីស្លាប់ឡើងវិញ ដោយសារព្រះយេស៊ូវ
៤:១-២ ហ្វូងមនុស្សដែលបានមកជុំវិញលោកពេត្រុសនិងលោកយ៉ូហានពេលដែលពួកគាត់កំពុងតែ បង្រៀននៅក្នុងទីលានព្រះវិហារជាច្រើនខ្លាំងពេកបានជាពួករក្សាព្រះវិហារសម្រេចបញ្ឈប់ពួកគាត់មិនឲ្យ បង្រៀនទៀត។ ពួកគណៈសាឌូស៊ីមានការ “អាក់អន់ចិត្តជាខ្លាំង” ដោយព្រោះតែពួកគេបានធ្វើគត់ ព្រះយេស៊ូវកាលពី ពីរខែមុន ហើយពេលនេះលោកពេត្រុស និងលោកយ៉ូហានកំពុងតែប្រកាសពីការរស់ពី សុគតឡើងវិញរបស់ព្រះអង្គ (ហើយពួកសាឌូស៊ីមិនជឿលើការរស់ពីស្លាប់ឡើងវិញនោះឡើយ)។
គេក៏ចាប់អ្នកទាំង២ នាំទៅឃុំទុកដរាបដល់ស្អែក ដ្បិតពេលនោះល្ងាចហើយ
៤:៣ ការចាប់ខ្លួនលោកពេត្រុសនិងលោកយ៉ូហាននៅក្នុងទីធ្លារព្រះវិហារគឺជាការចាប់ផ្តើមនៃ ការបៀតបៀនទាស់និងក្រុមជំនុំ។
ប៉ុន្តែ ឯពួកអ្នកដែលឮព្រះបន្ទូល នោះមានគ្នាជាច្រើនបានជឿ ហើយពួកដែលជឿ ក៏បានកើនឡើង មានប្រុសៗ ប្រហែលជា៥ពាន់នាក់។
៤:៤ នៅពេលដែលលោកពេត្រុសបង្រៀននៅក្នុងថ្ងៃបុណ្យទី៥០មានមនុស្សប្រមាណជាងបីពាន់នាក់ បានមានសេចក្តីជំនឿលើព្រះយេស៊ូវ (២:៤១)។ បន្ទាប់ពីការបង្រៀនលើកទីពីររបស់គាត់ មានមនុស្សពីរពាន់នាក់បន្ថែមទៀតដែលបានស្តាប់ឮដំណឹងល្អហើយទទួលជឿ ហើយក្រុមជំនុំបានរីកចំរើន ធំឡើងដល់ប្រាំពាន់នាក់។
ដល់ស្អែកឡើង ពួកនាម៉ឺន ពួកចាស់ទុំ នឹងពួកអាចារ្យ ក៏ប្រជុំគ្នានៅក្រុងយេរូសាឡិម ព្រមទាំងលោកអាណ ជាសំដេចសង្ឃ លោកកៃផា លោកយ៉ូហាន នឹងលោកអ័លេក្សានត្រុស ហើយអស់អ្នកដែលជាគ្រួសារនៃសំដេចសង្ឃដែរ
៤:៥-៦ “ពួកនាម៉ឺន ពួកចាស់ទុំនិងពួកអាចារ្យ” គឺជាពួកសាន់ហេឌ្រីន ដែលបានសួរចម្លើយ និងដាក់ទោសព្រះយេស៊ូវ។
កាលបាននាំអ្នកទាំង២មក ដាក់នៅកណ្តាលចំណោមហើយ នោះក៏ពិចារណាសួរថា ឯងបានធ្វើការនោះដោយអាងអំណាចអ្វី ឬដោយអាងឈ្មោះណា
៤:៧ លោកពេត្រុសបានប្រោសមនុស្សម្នាក់ឲ្យបានជាដែលគាត់បានខ្វិនពីកំណើតមកនៅក្នុងទីធ្លា ព្រះវិហារ។ ពួកសមាជិកនៃគណៈសាន់ហេឌ្រីនបានស្តាប់ឮពីការនេះហើយចង់ដឹងពីការនោះកើតឡើង ដោយយ៉ាងណា។ ពួកគេបានដឹងថាលោកពេត្រុសមានអំណាចនៅក្នុងការប្រោសជំងឺ ប៉ុន្តែពួកគេមិនបាន ដឹងថា គាត់មានអំណាចនោះដោយរបៀបណាទេ។
នោះពេត្រុស ដែលពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏ជំរាបថា ឱលោកដ៏ធំលើបណ្តាជន នឹងពួកលោកចាស់ទុំទាំងឡាយ នៃសាសន៍អ៊ីស្រាអែលអើយ
៤:៨ ព្រះយេស៊ូវបានសន្យាជាមួយនឹងសិស្សរបស់ព្រះអង្គថាព្រះវិញ្ញាណបរិសុទ្ធនឹងប្រទានឲ្យគេត្រូវ និយាយបែបយ៉ាងណានៅក្នុងស្ថានភាពដូច្នេះ (លូកា ១២:១១-១២)។ វាគឺដោយសារតែលោកពេត្រុស មានពេញដោយព្រះវិញ្ញាណបរិសុទ្ធដែលគាត់អាចនឹងប្រឈមមុខចំពោះការបៀតបៀនដោយសេចក្តីក្លាហានហើយប្រកាសដំណឹងល្អដោយមានអំណាច។
នៅថ្ងៃនេះ បើសិនជាលោកអ្នករាល់គ្នា គិតពិចារណាសួរយើងខ្ញុំ ពីដំណើរការល្អ ដែលបានធ្វើដល់មនុស្សពិការនោះថា គាត់បានជាដោយសារអ្វី នោះសូមឲ្យលោករាល់គ្នាជ្រាបដូច្នេះ ហើយឲ្យសាសន៍អ៊ីស្រាអែលទាំងអស់ដឹងផង ថា ដែលមនុស្សនេះបានជាស្រឡះ ហើយឈរនៅមុខលោករាល់គ្នាដូច្នេះ គឺដោយសារព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ដែលលោករាល់គ្នាបានឆ្កាងទ្រង់ តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ
៤:៩-១០ លោកពេត្រុសឆ្លើយសំនួររបស់ពួកគេ (ខ៧) ដោយការប្រាប់ពួកគេពីអំណាចអ្វី និងឈ្មោះអ្វីដែលគាត់បានធ្វើការអស្ចារ្យនេះ។ វាគឺដោយសារអំណាច និងព្រះនាមព្រះយេស៊ូវគ្រីស្ទពី ស្រុកណាសារ៉ែត។
បន្ទាប់មក លោកពេត្រុសប្រកាសដំណឹងល្អដល់មនុស្សទាំងនេះដែលបានកាត់ទោសព្រះយេស៊ូវ។ ពួកគេបានកាត់ទោស និងឆ្កាងព្រះអង្គ ប៉ុន្តែព្រះបានប្រកាសពីព្រះអង្គថាសុចរិតដោយការប្រោសទ្រង់ ឲ្យបានរស់ពីសុគតឡើងវិញ (២:២៣-២៤, ៣:១៥)។ មនុស្សខ្វិននោះត្រូវបានប្រោសឲ្យបានជា ដោយព្រោះតែព្រះយេស៊ូវមានព្រះជន្មរស់នៅ ហើយត្រូវបានដំកើងឡើយពីព្រះ ហើយជាពួកនាម៉ឺន ពួកចាស់ទុំ និងពួកអាចារ្យមានទោសដោយព្រោះតែបានបដិសេធ និងធ្វើគត់ព្រះមែស្ស៊ីដែលព្រះបានចាត់ឲ្យ មកឯពួកគេ (យ៉ូហាន ១៩:១១)។
ព្រះអង្គនោះ ជាថ្មដែលលោករាល់គ្នា ជាជាងសង់ផ្ទះ បានមើលងាយ ប៉ុន្តែទ្រង់បានត្រឡប់ជាថ្មជ្រុង យ៉ាងឯកវិញ
៤:១១ ព្រះយេស៊ូវបានដកស្រង់ពីបទគម្ពីរដដែល ដែលចែងនៅក្នុង ទំនុកដំកើង ១១៨:២២ បន្ទាប់ពី ព្រះអង្គបានបង្រៀនពីការប្រៀបប្រដូចពីអ្នកជួលចំការដ៏អាក្រក់ (លូកា ២០:១៧; អេសាយ ២៨:១៦; ១ ពេត្រុស ២:៧)។ ការប្រៀបប្រដូចនេះគឺអំពីពួកអ្នកដឹកនាំសាសនារបស់អ៊ីស្រាអែលទាំងនេះ។
ព្រះយេស៊ូវគឺជា ថ្មជ្រុងយ៉ាងឯក (អេសាយ២៨:១៦;កិច្ចការ ៤:១១-១២) ពួកអ្នកដឹកនាំសាសន៍យូដាគឺជា ពួកជាងសង់ផ្ទះ។ ពួកគេបានគិតថាថ្មនោះគ្មានតម្លៃនោះឡើយ ដូច្នេះហើយពួកគេបានចោលទៅ។ ប៉ុន្តែដោយ ថ្មនោះបានក្លាយជាថ្ម ដែលសំខាន់បំផុតនៅក្នុងសំណង់។ ថ្មជ្រុងគឺជាថ្មយ៉ាងបំផុតបំផុតនៅក្នុងអគារ ព្រោះ វាគឺជាថ្មទីមួយដែលត្រូវដាក់សម្រាប់ធ្វើជាគ្រឹះ ហើយថ្មផ្សេងៗទៀតត្រូវដាក់ឱ្យស្របនឹងថ្មជ្រុងនេះ។ ជាថ្មដែលសំណង់ទាំងមូល ពឹងផ្អែក។ រព្រះយេស៊ូវដែលពួកមេដឹកនាំសាសនាយូដាបដិសេធត្រូវបានព្រះជាម្ចាស់តម្កើងឡើងឱ្យត្រឡប់ជាថ្មជ្រុងយ៉ាងឯករបស់ក្រុមជំនុំ (ដែលជា ប្រជារាស្រ្តនៃព្រះ)។
ហើយគ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ។
៤:១២ នៅក្នុងព្រះគម្ពីរ សេចក្តីសង្រ្គោះមានន័យថាមនុស្សម្នាក់ត្រូវបានរំដោះឲ្យរួចពីការដាក់ទោស ពីអំណាច និងពីវត្តមាននៃអំពើបាប។ ការសង្គ្រោះរបស់យើងចេញពីទណ្ឌកម្មនៃអំពើបាប បានសម្រេចតាមរយៈការរងទុក្ខរបស់ ព្រះគ្រីស្ទនៅលើឈើឆ្កាង ជាកន្លែងដែលទ្រង់បានស៊ូទ្រាំនឹងការដាក់ទណ្ឌកម្មសម្រាប់ អំពើបាបរបស់យើង។ ការសង្គ្រោះរបស់យើងចេញពីអំណាចនៃអំពើបាប កំពុងត្រូវបានសម្រេចឥឡូវនេះតាមរយៈ កិច្ចការនៃការញែកជាបរិសុទ្ធដោយព្រះវិញ្ញាណដ៏បរិសុទ្ធ គង់នៅក្នុងយើង។ ការសង្គ្រោះរបស់យើងចេញពីវត្តមាននៃអំពើបាប នឹងសម្រេចបាននៅពេលដែលព្រះគ្រីស្ទ យាងត្រឡប់មកវិញជាលើកទីពីរ នៅពេលដែលទ្រង់នឹងនាំយើងចូលទៅកាន់ព្រះរាជ្យរបស់ទ្រង់ ជាកន្លែងដែលយើងនឹងមានសេរីភាពចេញពីអំពើបាបជារៀងរហូត។
ដោយព្រោះមនុស្សទាំងអស់បានធ្វើបាប មនុស្សទាំងអស់ត្រូវការ ព្រះអង្គសង្រ្គោះមួយអង្គដើម្បីឲ្យបានរួចពីបាប។ ព្រះបានប្រទានព្រះអង្គសង្រ្គោះនេះសម្រាប់យើង ទាំងអស់គ្នាគឺនៅក្នុងព្រះរាជបុត្រាព្រះអង្គ ព្រះយេស៊ូវគ្រីស្ទ។ គ្មានផ្លូវណាផ្សេងទៀតដែលអាចទទួលបានសេចក្តីសង្រ្គោះក្រៅពីព្រះយេស៊ូវនោះឡើយ (ម៉ាថាយ ១១:២៧; យ៉ូហាន ៣:១៨; ១៤:៦; ១ ធីម៉ូថេ ២:៥; ១ យ៉ូហាន ៥:១២)។ ព្រះជន្មរបស់ព្រះអង្គ ដែលគ្មានបាបទាល់តែសោះនៅក្នុងការស្តាប់តាមព្រះយ៉ាងល្អឥតខ្ចោះ ហើយនឹងការសុគតដើម្បី លោះបាបរបស់ព្រះអង្គ ការរស់ពីសុគតឡើងវិញរបស់ព្រះអង្គពីព្រះ ហើយនឹងការដំកើងព្រះអង្គឲ្យបានគង់ នៅខាងព្រះហស្តស្តាំនៃព្រះមានន័យថាមានតែព្រះអង្គតែមួយប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិនៅក្នុង ការសង្រ្គោះមនុស្ស។ ប្រសិនបើយើងចង់បានសេចក្តីសង្រ្គោះ យើងត្រូវតែទុកចិត្តលើព្រះយេស៊ូវដើម្បីឲ្យ បានសេចក្តីសង្រ្គោះ។
កាលបានឃើញថា ពេត្រុស នឹងយ៉ូហានមានចិត្តក្លាហាន នោះពួកលោកទាំងនោះក៏មានសេចក្ដីអស្ចារ្យដោយដឹងថា គេជាមនុស្សមិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង បានជាលោកយល់ឃើញថា គេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ
៤:១៣ លោកពេត្រុសនិងលោកយ៉ូហានគឺជាមនុស្សដែល “មិនសូវចេះជ្រៅជ្រះ” ដែលមានន័យថា ពួកគាត់មិនទទួលបានការបង្ហាត់បង្រៀនពីបទគម្ពីរនៅក្នុងសាលាសាសនារបស់សាសន៍យូដានោះឡើយ។ ពួកគេ “ឥតបានរៀនសូត្រប៉ុន្មានផង” មានន័យថា ពួកគេមិនមែនជាអ្នកកាន់សាសនាអាជីពទេ។ ប៉ុន្តែ ពួកគេបាននិយាយដោយប្រាជ្ញា និងសិទ្ធិអំណាចយ៉ាងអស្ចារ្យដោយព្រោះតែ គ្រូរបស់ពួកគេគឺជា ព្រះយេស៊ូវ។ ពួកគេបានដើរតាមគ្រូដ៏អស្ចារ្យបំផុតអស់រយៈពេលបីឆ្នាំ ហើយពេលនេះ ពួកគេមានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គដែលដឹកនាំពួកគេហើយប្រទានឲ្យគេអាចនិយាយសេចក្តីដែល ត្រឹមត្រូវនៅក្នុងការនិយាយ។
ពួកអ្នកដឹកនាំសាសនាបានដឹងថាពួកគេបាននៅជាមួយនឹងព្រះយេស៊ូវដោយព្រោះតែពួកអាចឆ្លើយតបជាមួយនឹងសំនួររបស់ពួកគេដោយប្រាជ្ញាដូចដែលព្រះអង្គបានធ្វើដែរ។
វាគឺជាការកោតសរសើរដ៏វិសេស ចំពោះសិស្សរបស់ព្រះយេស៊ូវ នៅពេលដែលសូម្បីតែសត្រូវរបស់យើង ក៏អាចមើលឃើញលក្ខណៈសម្បតិ្តដូចជា ព្រះគ្រីស្ទនៅក្នុងខ្លួនយើង ហើយបានដឹងថាយើងបាននៅជាមួយ នឹង ព្រះយេស៊ូវ! សូមឲ្យយើងរាល់គ្នាក៏ អាចចំណាយពេលជាមួយព្រះអង្គ ហើយបានប្រែដូចជាព្រះអង្គ ដើម្បីឲ្យអ្នកដទៃបានដឹងថាយើងក៏បាន នៅជាមួយនឹងព្រះយេស៊ូវដែរ។
តែលោកគ្មានពាក្យណានឹងឆ្លើយតបមកវិញសោះ ដោយឃើញមនុស្សដែលបានជា គាត់ឈរជាមួយនឹងគេ
៤:១៤ ដោយមានសក្ខីភាពដែលមនុស្សដែលត្រូវបានប្រោសឲ្យជាឈរនៅចំពោះមុខពួកគេនោះ ពួកអ្នកដឹកនាំសាសនាមិនអាចនឹងច្រានចោលការអស្ចារ្យនោះបានឡើយ។ ដោយព្រោះតែ គាត់បានអង្គុយ សូមទាននៅខាងមុនទីធ្លារព្រះវិហារជារៀងរាល់ថ្ងៃអស់រយៈពេលជាច្រើនឆ្នាំហើយក៏ត្រូវបានមនុស្សជាច្រើននៅក្នុងក្រុងយេរូសាឡិមបានស្គាល់គាត់ដែរ។ គ្រប់គ្នាបានដឹងថាគាត់ជាមនុស្សខ្វិន ហើយពេលនេះគាត់ បានប្រោសឲ្យជា ដែលនៅឈរក្បែរពួកសាវ័កជាភស្តុតាងនៃអំណាចព្រះចេស្តានៃព្រះយេស៊ូវ ដែលត្រូវបានប្រោសឲ្យរស់ឡើងវិញនិងបានដំកើងឡើង។
ដូច្នេះ កាលបានបង្គាប់ឲ្យគេចេញពីពួកក្រុមជំនុំទៅបន្តិច នោះក៏ពិគ្រោះគ្នាថា តើត្រូវឲ្យយើងធ្វើអ្វីដល់មនុស្សទាំង២នេះ ដ្បិតដែលគេបានធ្វើទីសំគាល់យ៉ាងអស្ចារ្យ នោះក៏ច្បាស់ដល់គ្រប់មនុស្សនៅក្រុងយេរូសាឡិមហើយ យើងក៏ប្រកែកមិនបានផង
៤:១៥-១៦ ពួកអ្នកដឹកនាំសាសនាបានទទួលស្គាល់ថាការអស្ចារ្យដ៏វិសេសពិតជាមានហើយបានកើតឡើង មែន ប៉ុន្តែពួកគេបដិសេធមិនទទួលស្គាល់ថាជាព្រះយេស៊ូវដែលបានធ្វើការអស្ចារ្យនោះទេ។ ការនេះបង្ហាញពីចិត្តដែលរឹងទទឹងដែលពួកគេមានចំពោះព្រះ។
ពួកសាវ័កទាំងពីរនាក់មិនបានធ្វើខុសនឹងក្រឹត្យវិន័យណាមួយ ហើយបានធ្វើការអស្ចារ្យដែលមនុស្ស ទូរទាំងក្រុងបានដឹង។ ដូច្នេះហើយ ពួកអ្នកដឹកនាំសាសនាដឹងថាពួកគេមិនអាចប្រថុយនៅក្នុង ការដាក់ទោសអ្នកទាំងពីរបានឡើយ។ ប៉ុន្តែពួកគេចង់បញ្ឈប់ពួកសាវ័កពីការបង្រៀនសេចក្តីពិតអំពី ការដែលពួកគេ បានឆ្កាងព្រះមែស្ស៊ី។
ប៉ុន្តែ ចូរយើងកំហែងហាមគេ មិនឲ្យនិយាយនឹងអ្នកណាទៀត ដោយឈ្មោះនោះទៀតឡើយ ដើម្បីកុំឲ្យរឿងនេះផ្សាយទៅក្នុងពួកជនទៀត រួចលោកហៅមកវិញ ហាមផ្តាច់មិនឲ្យនិយាយ ឬបង្រៀន ដោយនូវព្រះនាមព្រះយេស៊ូវទៀតឡើយ
៤:១៧-១៨ ជាជាងការឆ្លើយតបចំពោះដំណឹងល្អ (ដែលការប្រោសឲ្យបានជានោះចង្អុលទៅ) ពួកអ្នកដឹកនាំ សាសនាសាសន៍យូដាបានព្យាយាមបញ្ឈប់ពួកសាវ័កពីការប្រកាសដំណឹងល្អ។ ពួកគេមិនចង់ឲ្យព្រះនាម ព្រះយេស៊ូវត្រូវបានប្រកាសនោះឡើយ។ ការព្រមានរបស់ពួកគេគឺពិតជា ការគំរាមកំហែងនៅពេលដែលពួកគេចង់បំភិតបំភ័យពួកសាវ័ក នឹងបញ្ឈប់ពួកគេមិនឲ្យនិយាយ និងបង្រៀនពីព្រះយេស៊ូវ។ ពួកអ្នកដឹកនាំព្យាយាម ឃាត់ឃាំងប្រជាជនសាសន៍យូដាពីការទទួលព្រះមែស្ស៊ីរបស់ពួកគេ។
តែពេត្រុស នឹងយ៉ូហាន ឆ្លើយតបថា បើគួរគប្បីនៅចំពោះព្រះ ឲ្យយើងខ្ញុំស្តាប់តាមលោករាល់គ្នា ជាជាងស្តាប់តាមព្រះ នោះសូមពិចារណាចុះ ដ្បិតយើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮ ពុំបានទេ
៤:១៩-២០ ព្រះវិញ្ញាណបរិសុទ្ធបានប្រទានសេចក្តីក្លាហានដល់ពួកសាវ័ក។ មិនខ្វល់ពីការហាមប្រាម និងការគំរាមកំហែងពីក្រុមប្រឹក្សាកំពូលដែលមានអំណាចបំផុតនៅក្នុងអ៊ីស្រាអែល ពួកសាវ័កបាននិយាយថា ពួកគេនឹងមិនអាចឈប់និយាយហើយបង្រៀនអំពីព្រះយេស៊ូវបានឡើយ។ ព្រះបានត្រាស់ហៅពួកគេឲ្យបានធ្វើជា ទីបន្ទាល់អំពី ព្រះយេស៊ូវគ្រីស្ទ ហើយពួកគេបានដឹងថាពួកគេត្រូវតែធ្វើតាមការត្រាស់ហៅនោះ (កិច្ចការ ១:៨-២២)។ ដូច្នេះហើយ ពួកគេត្រូវស្តាប់តាមព្រះជាជាងស្តាប់តាមមនុស្ស ទោះបីជាអ្នកទាំងនោះមានមុខដំណែង ជាអ្នកដឹកនាំ សាសនាលើប្រជារាស្រ្តរបស់ព្រះក៏ដោយ តែជាមនុស្សដែលព្យាយាមនៅក្នុងការប្រឆាំងទាស់ ជាមួយនឹង បំណងព្រះទ័យព្រះវិញ។
តែលោកកំហែងទៀត រួចលែងឲ្យទៅ ដោយមិនឃើញជាមានហេតុអ្វីនឹងធ្វើទោសសោះ ដោយព្រោះបណ្តាជន ដ្បិតទាំងអស់គ្នាកំពុងតែសរសើរដំកើងដល់ព្រះ ពីការនោះដែលទើបនឹងកើតមក
៤:២១ មនុស្សនៅក្នុងក្រុងយេរូសាឡិមសរសើរដំកើងដល់ព្រះចំពោះការប្រោសមនុស្សខ្វិនឲ្យបានជា សះស្បើយ។ ទោះបីជាពួកអ្នកដឹកនាំសាសនាចង់ដាក់ទោសពួកសាវ័កក៏ដោយ ពួកគេបានដឹងថា ពួកគេមិនអាចដាក់ទោសពួកអ្នកទាំងនោះចំពោះកិច្ចការដែលគ្រប់គ្នាបានដឹងថាជាការអស្ចារ្យរបស់ព្រះបានឡើយ។
ពីព្រោះមនុស្សដែលបានជា ដោយសារទីសំគាល់នោះ គាត់មានអាយុជាង៤០ឆ្នាំហើយ។
៤:២២ មនុស្សនោះបានខ្វិនពេញមួយជីវិតរបស់គាត់ ហើយពេលនេះគាត់មានអាយុច្រើនជាងសែសិបឆ្នាំទៅហើយ។ ការនេះបង្ហាញពីការអស្ចារ្យនៃការប្រោសឲ្យជា។ អស់រយៈពេលជាងបួនទសវត្សរ៍មកហើយ គ្មានគ្រូពេទ្យណា ថ្នាំណាមួយ ឬការព្យាបាលណាមួយដែលអាចនឹងជួយដល់គាត់បានឡើយ ក៏ប៉ុន្តែព្រះយេស៊ូវ (បានធ្វើការតាមរយៈ លោកពេត្រុស) បានប្រោសគាត់ឲ្យបានជាភ្លាមៗ ហើយបានស្អាតទាំងស្រុង។
លុះបានលែងស្រេចហើយ នោះក៏នាំគ្នាទៅឯពួករបស់ខ្លួនវិញ ទាំងរ៉ាយរឿងប្រាប់ពីសេចក្ដីទាំងប៉ុន្មានដែលពួកសង្គ្រាជ នឹងពួកចាស់ទុំបានហាមប្រាម កាលពួកជំនុំបានឮដូច្នោះ នោះក៏បន្លឺឧទានព្រមគ្នា ទូលដល់ព្រះថា ឱព្រះដ៏ជាម្ចាស់ធំបំផុតអើយ គឺទ្រង់ជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី នឹងសមុទ្រ ហើយរបស់ទាំងអស់ ដែលនៅស្ថានទាំងនោះផង
៤:២៣ នៅពេលដែលលោកពេត្រុនិងលោកយ៉ូហានវិលត្រឡប់មកឯពួកសម្លាញ់របស់ពួកគាត់ ហើយបានប្រាប់ពួកគេពីអ្វីដែលបានកើតឡើង ភ្លាមនោះពួកគេបានដឹងយ៉ាងច្បាស់ថាត្រូវចូលទៅឯ ព្រះដោយសេចក្តីអធិស្ឋាន។ ការឆ្លើយតបរបស់ពួកគេចំពោះការបៀតបៀនដោយគ្មានការភ័យខ្លាច ឬកំហឹងឬព្រួយបារម្ភឡើយ ប៉ុន្តែដោយការទុកចិត្តលើព្រះជាម្ចាស់ដ៏ធំបំផុត។
៤:២៤ ទោះបីជាពួកគេគ្មានអំណាចខាងនយោបាយក៏ដោយ ពួកគេបានដឹងថាពួកគេមានប្រភពអំណាចដ៏ អស្ចារ្យបំផុតនៅក្នុងសកលលោកទាំងមូល:ព្រះជាម្ចាស់ដ៏ធំបំផុត!
-
សិទ្ធអធិភាពរបស់ព្រះជាម្ចាស់ត្រូវបានសំដែងឲ្យឃើញនៅក្នុងកិច្ចការរបស់ព្រះអង្គនៃបង្កើតសកលលោក។ ព្រះអង្គ “ដែលបង្កើតផ្ទៃមេឃ ផែនដី នឹងសមុទ្រ ហើយរបស់ទាំងអស់ ដែលនៅស្ថានទាំងនោះផង
-
សិទ្ធអធិភាពរបស់ព្រះជាម្ចាស់មានន័យថាទ្រង់គ្រប់គ្រង់លើទាំងអស់ ទាំងនៅស្ថានសួគ៍ និងផែនដី។ ព្រះអង្គសោយរាជ្យលើចក្រវាឡទាំងមូល ហើយទៅលើគ្រប់យ៉ាងដែលកើតឡើង ដែលកើតឡើងនៅក្នុងចក្រវាឡ។
-
សិទ្ធអធិភាពរបស់ព្រះជាម្ចាស់មានន័យថា គ្មានអ្វីអាចរារាំងមិនឲ្យទ្រង់អាចសម្រេច ទៅតាមបំណង ព្រះហឫទ័យរបស់ទ្រង់បានឡើយ។ គ្មានអំណាចណាមួយនៅក្នុងចក្រវាឡនេះអាច បញ្ឈប់បំណង ព្រះហឫទ័យរបស់ព្រះបានឡើយ។ គ្មាននរណាម្នាក់ គ្មានអ្វីមួយ អាចរារាំងព្រះអង្គបានឡើយ។ នៅពេលដែលព្រះអង្គមានបំណងព្រះហឫទ័យ ក្នុងការធ្វើអ្វីមួយ គ្មានអ្វីអាចទប់ស្កាត់ ការដែលព្រះអង្គ សម្រេចព្រះហឫទ័យក្នុងការធ្វើបានឡើយ។
សិទ្ធអធិភាពរបស់ព្រះជាម្ចាស់បង្រៀនយើងថា មានគោលបំណងទៅលើគ្រប់ទាំង ព្រឹត្តិការណ៍ទាំង អស់ដែលបានកើតឡើងនៅក្នុងជីវិតរបស់យើង។ ព្រះអង្គតែងតែរគ្រប់គ្រង លើគ្រប់ការទាំងអស់ជានិច្ច ហើយ ទ្រង់កំពុងធ្វើការទាំងអស់ផ្សំគ្នា សម្រាប់សេចក្តីល្អទៅដល់រាស្ត្ររបស់ទ្រង់។ គ្មានអ្វីដែលកើតឡើងនៅក្រៅការគ្រប់គ្រងរបស់ព្រះ ឬ គ្មានអ្វីអាចទប់ស្កាត់ផែនការរបស់ទ្រង់មិនឲ្យកើតឡើងឡើយ។ ជាការពិតជាក់ស្តែង ជាញឹកញាប់ពួកយើង ជួបជាមួយនឹងស្ថានភាពលំបាកផ្សេងៗ ដោយសារតែ ការទាំងនោះគឺជាជំហានប្រុងប្រៀបយ៉ាងចាំបាច់ត្រូវកើតឡើង ដើម្បីសម្រេចគោលបំណងរបស់ព្រះនៅក្នុង ជីវិតរបស់ពួកយើង។
ទ្រង់បានមានបន្ទូល ដោយសារព្រះឱស្ឋហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ថា «ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងប៉ុន្មានមានគំនិតជាអសារឥតការដូច្នេះ ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះអម្ចាស់ ហើយទាស់នឹងព្រះគ្រីស្ទនៃទ្រង់»
៤:២៥-២៦ ហេតុផលដែលក្រុមជំនុំអាចអធិស្ឋានដោយទំនុកចិត្តគឺដោយព្រោះតែគេបានដឹងថា ព្រះទ្រង់ គ្រប់គ្រងលើគ្រប់ទាំងរបស់ដែលបានបង្កើតមកទាំងអស់ ហើយអស់ទាំងព្រឹត្តិការណ៏ទាំងអស់ សូម្បីតែការបៀតបៀន ដែលពួកគេជួបប្រទះ។ លើសពីនេះទៅទៀត ពួកគេទទួលបានការកំសាន្តចិត្តពីការពិតចំពោះអ្វីដែលពួកគេ កំពុងតែជួបប្រទះ ជាការដែលត្រូវបានបើកសំដែងឲ្យឃើញមុននៅក្នុងព្រះគម្ពីរសញ្ញចាស់ជា ផ្នែកមួយដែលមនុស្ស ការប្រឆាំងទាស់ជាមួយនឹងព្រះហើយនឹងព្រះមែស្ស៊ី។
នៅក្នុងទំនុកដំកើង ២ ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលតាមរយៈសេចក្តីដែលស្តេចដាវីឌបានទាយអំពីការខំប្រឹង របស់ពួកមហាក្សត្រនៅលើពិភពលោកនៅក្នុងការបះបោរប្រឆាំងទាស់និងព្រះអម្ចាស់ ហើយទាស់និង “ព្រះគ្រីស្ទ នៃទ្រង់” (ដែលជា ព្រះមែស្ស៊ី ព្រះយេស៊ូវ)។ ប៉ុន្តែពួកគេ “មានគំនិតជាអសារឥតការ” ព្រោះតែការនោះ ឥតប្រយោជន៍ ហើយមិនបានការ នៅក្នុងការដែលមានគំនិតទាស់ជាមួយនឹងព្រះដែលបានបង្កើតសកលលោក ដែលទ្រង់គ្រប់គ្រងលើអស់ទាំងផ្ទៃមេឃហើយនឹងផែនដី ដែលទ្រង់ជ្រាបអស់ទាំងគំនិតរបស់គេមុន ដែលកើត ចេញមកទៅទៀត។
ប្រាកដមែនហើយ ដ្បិតនៅក្រុងនេះ ស្តេចហេរ៉ូឌ នឹងលោកប៉ុនទាស-ពីឡាត់ បានប្រជុំគ្នា ព្រមទាំងពួកសាសន៍ដទៃ នឹងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ
៤:២៧ ក្រុមជំនុំបានដឹងថាសេចក្តីទំនាយនៅក្នុងទំនុកដំកើង ២ត្រូវបានសម្រេចនៅក្នុងគំនិតនៃការទាស់ ជាមួយនឹងព្រះយេស៊ូវដោយស្តេចហេរ៉ូដ លោកប៉ុនទាស ពីឡាត់ហើយនឹងទាហានរ៉ូម៉ាំង (“ពួកសាសន៍ដទៃ”) ហើយ “ប្រជារាស្រ្តអ៊ីស្រាអែល” (ជាពិសេសគឺពួកអ្នកដឹកនាំរបស់គេ)។
ដើម្បីនឹងធ្វើអស់ទាំងការដែលព្រះហស្តទ្រង់ នឹងព្រះដំរិះទ្រង់ បានគិតសំរេចជាមុន
៤:២៨ ដោយព្រោះតែក្រុមជំនុំបានយល់ច្បាស់ពីស្ថានភាពដែលមាននៅក្នុងពន្លឺនៃព្រះបន្ទូលនៃព្រះ ពួកគេបានដឹង ច្បាស់ថាព្រះទ្រង់ជាម្ចាស់ដ៏ធំបំផុតលើអស់ទាំងរបស់ដែលបានកើតមក ដូច្នេះហើយសូម្បីតែសត្រូវរបស់ព្រះអង្គ បានត្រឹមតែធ្វើអ្វីដែលទ្រង់អនុញ្ញាតតែប៉ុណ្ណោះ។ ការបដិសេធរបស់ពួកគេចំពោះព្រះយេស៊ូវនៅក្នុងក្រុងយេរូសាឡិម ជាផ្នែកមួយនៃផែនការណ៏របស់ព្រះចំពោះសេចក្តីសង្រ្គោះរបស់យើងទាំងអស់គ្នា (លូកា ១:៦៦, ២៣:៤៦; កិច្ចការ ៤:៣០, ៧:២៥, ៧:៥០, ១១:២១, ១៣:១១)។ ព្រះមិនបានបង្គាប់ឲ្យការអាក្រក់របស់ស្តេចហេរ៉ូដ លោកពីឡាត់ និងលោកកៃផាស ឬបង្ខំពួកគេឲ្យបានធ្វើខុសឡើយ ប៉ុន្តែព្រះអង្គជ្រាបពីចិត្តហើយនឹងគំនិតរបស់មនុស្សគ្រប់ទាំងអស់ ហើយផែនការណ៏របស់ព្រះអង្គគឺប្រើគំនិតអាក្រក់របស់ពួកគេដើម្បីសម្រេចបំណងព្រះទ័យល្អរបស់ព្រះអង្គ។ យើងបានឃើញគោលការណ៍ដូចគ្នានេះនៅក្នុង លោកុប្បត្តិ ៥០:២០។
ដូច្នេះហើយ ព្រះដែលបានបង្កើតរបស់គ្រប់ទាំងអស់ (ខ២៤) ហើយក៏ជាព្រះនៃការបើកសំដែងឲ្យបានឃើញច្បាស់ (ខ២៥-២៦) ដែលទ្រង់បានទាយទុកជាមុនអំពីការប្រឆាំងរបស់ពិភពលោកចំពោះព្រះគ្រីស្ទ (ខ២៧)។ ព្រះអង្គទ្រង់ក៏ជា ព្រះនៃប្រវត្តិសាស្រ្ត ដែលទ្រង់សម្រេចបំណងព្រះទ័យព្រះអង្គដល់ពិភពលោក (ខ២៨)។
ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលសេចក្ដីកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកអ្នកបំរើទ្រង់ បានផ្សាយព្រះបន្ទូល ដោយសេចក្ដីក្លាហានដ៏ពេញលេញ ដោយទ្រង់លូកព្រះហស្តមក សំរាប់នឹងប្រោសមនុស្សឲ្យបានជា ហើយនឹងធ្វើទីសំគាល់ នឹងការអស្ចារ្យ ដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់
៤:២៩-៣០ ក្រុមជំនុំមានសេចក្តីជំនឿលើព្រះ ដូច្នេះហើយបានទុកការជំនុំជំរះរបស់សត្រូវ របស់ព្រះដែល ទាស់នឹងព្រះ។ ពួកគេមិនបានអធិស្ឋានសូមឲ្យសត្រូវរបស់ពួកគេត្រូវបានបំផ្លាញនោះឡើយ ក៏មិនបានអធិស្ឋាន ថាកុំឲ្យពួកគេមានការបៀតបៀនទៅទៀតដែរ។ តែពួកគេបានសូមឲ្យមានសេចក្តីក្លាហាន នៅក្នុងការប្រឈម មុខជាមួយនឹងការបៀតបៀនដោយសេចក្តីជំនឿដ៏រឹងមាំវិញ។
ពួកសាវ័កបានអធិស្ឋានថា “សូមឲ្យបានផ្សាយព្រះបន្ទូល ដោយសេចក្ដីក្លាហានដ៏ពេញលេញ”។ នេះគឺជាការទូលសូមដែលផ្តោតសំខាន់លើសិរីល្អនៃព្រះ មិនមែនជាការកំសាន្តចិត្តឬសុវត្ថិភាពរបស់ ពួកសាវ័កនោះឡើយ។ ពួកគេសូមឲ្យមានសេចក្តីក្លាហាននៅក្នុងការប្រកាសដំណឹងល្អ ហើយពួកគេដឹងថា ការនេះនឹងនាំឲ្យមានការបៀតបៀនកាន់តែច្រើនឡើងថែមទៀត មិនមែនថមថយនោះឡើយ។ បន្ទាប់មក ពួកគេអធិស្ឋានសូមឲ្យព្រះនៅតែបន្តក្នុងការធ្វើការដោយព្រះចេស្តាតាមរយៈពួកគេដោយការប្រោសជំងឺ និងធ្វើការអស្ចារ្យនិងការឫទ្ធិបារមីក្នុងពេលដែលពួកគេបំរើព្រះដោយនូវព្រះនាមព្រះយេស៊ូវ។
កាលបានអធិស្ឋានរួចហើយ នោះកន្លែងដែលគេប្រជុំគ្នាក៏រញ្ជួយ ហើយគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា រួចក៏ផ្សាយព្រះបន្ទូលដោយចិត្តក្លាហាន។
៤:៣១ ព្រះបានស្តាប់តាមសេចក្តីអធិស្ឋានរបស់ពួកគេហើយបានបញ្ជាក់ថាព្រះអង្គនឹងយល់ព្រមតាមអ្វីដែល ពួកគេបានសូមដោយការធ្វើឲ្យមានរញ្ជួយដី។ ក្រោយមកព្រះអង្គបានចាក់បំពេញពួកគេដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យធ្វើឲ្យពួកគេអាចប្រកាសព្រះបន្ទូលព្រះអង្គបាន ដោយក្លាហាន។
ឯមនុស្សទាំងហ្វូងដែលបានជឿ គេក៏មានចិត្តមានគំនិតតែ១ គ្មានអ្នកណាប្រកាន់ថា អ្វីៗដែលខ្លួនមានជារបស់ផងខ្លួននោះទេ គឺគ្រប់របស់ទាំងប៉ុន្មាន ជារបស់សំរាប់ប្រើជាមួយគ្នាទាំងអស់ ពួកសាវកក៏ធ្វើបន្ទាល់ ដោយព្រះចេស្តាដ៏ធំ ពីដំណើរដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយមានព្រះគុណជាធំ សណ្ឋិតលើគេទាំងអស់គ្នាដែរ
៤:៣២-៣៣ ការរួបរួមចិត្តគំនិតហើយនឹងក្នុងព្រលឹងវិញ្ញាណដែលមាននៅក្នុងក្រុមជំនុំគឺត្រូវបានបង្ហាញដោយ សេចក្តីពិតដែលពួកគេចែករំលែកទ្រព្យសម្បត្តិដែលពួកគេមានរួមគ្នា។ ការរួបរួមនេះជាភ័ស្តុតាងនៃកិច្ចការរបស់ ព្រះវិញ្ញាណនៃព្រះនៅក្នុងពួកគេ។ ពួកអ្នកជឿទាំងអស់យល់ច្បាស់ថាអ្វីដែលពួកគេមានទាំងប៉ុន្មានជារបស់ផងព្រះ ដូច្នេះហើយនៅពេលដែលមានបងប្អូនប្រុសស្រីណាមានសេចក្តីត្រូវការ អ្នកណាដែលអាចបំពេញ សេចក្តីត្រូវការនោះបានគេមានចិត្តរីករាយនៅក្នុងធ្វើការយ៉ាងនោះ (យ៉ាកុប ២:១៥-១៦; ១ យ៉ូហាន ៣:១៧)។
យើងបានឃើញថាក្រុមជំនុំមានទាំងបេសកកម្មដែលត្រូវប្រកាសដល់មនុស្សបាត់បង់នៅក្នុងពិភពលោករួមជាមួយ និងសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកនៅក្នុងគ្រួសារនៃព្រះ។ ក្រុមជំនុំបានប្រកាសពី ព្រះបន្ទូលនៃព្រះដោយមានឥទ្ធិពល;ហើយពួកគេក៏បានប្រាកដថាសេចក្តីត្រូវការរបស់មនុស្សម្នាក់ៗដែលនៅក្នុងក្រុមជំនុំត្រូវបានយកចិត្តទុកដាក់និងបំពេញឲ្យផងដែរ។ ការទាំងអស់នេះក៏ដោយព្រោះតែព្រះគុណនៃព្រះដែលមាន លើរាស្រ្តរបស់ព្រះអង្គដែលបានធ្វើឲ្យយើងអាចរស់នៅក្នុងជីវិតជាគ្រីស្ទានបាន ដោយព្រះវិញ្ញាណបរិសុទ្ធព្រះអង្គ។
នៅក្នុងពួកគេ គ្មានអ្នកណាខ្វះខាតអ្វីសោះ ដ្បិតអស់អ្នកណាដែលមានដីមានផ្ទះ នោះក៏លក់ យកប្រាក់ដែលជាថ្លៃរបស់ទាំងនោះមក ដាក់នៅទៀបជើងពួកសាវក ហើយគេក៏ចែកដល់គ្រប់គ្នាតាមត្រូវការ។
៤:៣៤-៣៥ ដូចជាគ្រួសារតែមួយ ក្រុមជំនុំសុខចិត្តលះបង់ទ្រព្យសម្បត្តិរបស់ពួកគេដើម្បីបំពេញសេចក្តីត្រូវការ របស់អ្នកផ្សេងទៀតដើម្បីប្រាកដថាគ្មានអ្នកណាម្នាក់ត្រូវខ្វះអ្វីឡើយនៅក្នុងចំណោមរាស្រ្តរបស់ព្រះ (ចោទិយកថា ១៥:៤)។ ការដែលចែករំលែកនេះគឺដោយស្ម័គ្រពីចិត្ត។ គំរូនៃភាពវិជ្ជមានអំពីលោកបាណាបាស (ខ៣៦-៣៧) ហើយនិងគំរូពីភាពអវិជ្ជមានរបស់ អាន្ន៉ានាសនិងសាភីរ៉ាដែលមាននៅក្នុងជំពូកបន្ទាប់បង្ហាញពីការនេះ។
រីឯយ៉ូសេ ដែលពួកសាវកហៅថា បាណាបាស (ប្រែថាជាអ្នកជំនួយ) ជាពួកលេវី ដែលកើតនៅកោះគីប្រុស គាត់មានដីដែរ ហើយក៏លក់យកប្រាក់មក ដាក់នៅទៀបជើងពួកសាវក។
៤:៣៦-៣៧ លោកបាណាបាសជាសមាជិកម្នាក់នៅក្នុងអំបូរសង្ឃនៃពូជអំបូរលេវីដែលត្រូវបានចិញ្ចឹមធំឡើងនៅ លើកោះគីប្រុស។ គាត់ជាគ្រីស្ទានម្នាក់ដែលមានលក្ខណៈសម្បត្តិល្អ ជាអ្នកដែលមានចិត្តសប្បុរសជាគំរូដ៏ល្អ នៅក្នុងការចែករំលែកនៃ ទ្រព្យសម្បត្តិដែលជាលក្ខណៈសម្បត្តិនៃក្រុមជំនុំដំបូង។ ការដែលយកប្រាក់មកដាក់ នៅទាបជើងពួកសាវ័កគឺគាត់ បានផ្តល់ឲ្យដើម្បីប្រើប្រាស់សម្រាប់ជាប្រយោជន៍ដល់ក្រុមជំនុំទាំងអស់។




