top of page

តែ​មាន​មនុស្ស​ម្នាក់​ទៀត​ឈ្មោះ​អាន៉្នានាស ប្រពន្ធ​ឈ្មោះ​សាភីរ៉ា បាន​នាំ​គ្នា​លក់​របស់​ទ្រព្យ​ខ្លួន​ដែរ ហើយ​បាន​គៃ​ដំឡៃ​នោះ​ទុក​ខ្លះ ដោយ​ប្រពន្ធ​យល់​ព្រម​ដែរ រួច​នាំ​យក​១​ចំណែក​មក ដាក់​នៅ​ទៀប​ជើង​ពួក​សាវក 

៥:១-២ ​លោកអាន្ន៉ានាសនិងសាភីរ៉ា​​បានឃើញថាមនុស្សបានគោរពស្រឡាញ់ដល់លោកបាណាបាស ដោយព្រោះតែសេចក្តីសប្បុរសរបស់គាត់ (៤:៣៦-៣៧)។ ពួកគេបានសម្រេចគ្នាថាពួកគេចង់ទទួលបាន ការគោរពស្រឡាញ់ដូចគ្នានោះដែរ។ ​ពួកគេបានលក់ដីមួយកន្លែងហើយអាន្ន៉ានាសបានយកប្រាក់ខ្លះ ទៅដាក់នៅ និងជើងពួកសាវ័ក (ដូចដែលបាណាបាសបានធ្វើដែរ)​ ដើម្បីបង្ហាញថា គាត់ចង់ឲ្យបានយកប្រាក់នោះទៅចែករំលែក សម្រាប់ជាប្រយោជន៍របស់ក្រុមជំនុំ។ 


យ៉ាងណាម៉ិញ គាត់ “ទុក” (ἐνοσφίσατο) ប្រាក់ខ្លះសម្រាប់ខ្លួនគាត់។ ពាក្យនៅក្នុងភាសាក្រិចមានន័យថា ដកយកប្រាក់ដោយមិនស្មោះត្រង់និងមិនស្របច្បាប់។ ​ដូច្នេះហើយ ទោះបីជាយើងមិនបានដឹងច្បាស់ចំពោះ អ្វីដែលអាន្ន៉ានាសបានធ្វើនោះឡើយ ការនេះបង្ហាញច្បាស់ណាស់ថាមានអ្វីមួយដែលមិនស្មោះត្រង់ហើយ។ ​ពាក្យដូចគ្នានេះត្រូវបានប្រើនៅក្នុងការរៀបរាប់ពីការលួចរបស់អេកាន (យ៉ូស្វេ ៧:១  ៧:២១) នៅក្នុងការបកប្រែ ព្រះគម្ពីរសញ្ញាចាស់ជាភាសាក្រិច។ ​ពេលមួយទៀតដែលត្រូវបានប្រើនៅក្នុងព្រះគម្ពីរសញ្ញាថ្មី នោះគឺមាននៅក្នុង ទីតុស ២:១០​ ដែលមានន័យថា “លួច”។ ​ដូច្នេះហើយការដែលទុកប្រាក់ខ្លះនោះពួកគេបានធ្វើអ្វីមួយ ដែលមិនស្របច្បាប់ ដូចជាការលួច ឬជាការបោកប្រាស់ទ្រព្យសម្បត្តិផងដែរ។ ​


តែ​ពេត្រុស​សួរ​ថា អាន៉្នានាស​អើយ ហេតុ​អ្វី​បាន​ជា​អារក្ស​សាតាំង​មក​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក ឲ្យ​អ្នក​ហ៊ាន​កុហក​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​គៃ​ទុក​ដំឡៃ​ដី​១​ចំណែក​ដូច្នេះ


៥:៣ លោកពេត្រុសមានការ​យល់​ដឹង​ខាង​វិញ្ញាណ ដែលបានដឹងថាគាត់ត្រូវបានកុហក។ គាត់បានដឹងថា ការប្រព្រឹត្តរបស់អាន្ន៉ានាសគឺនៅក្រោមឥទ្ធិពលរបស់សាតាំង ដែលជាមេបញ្ឆោតដំបូងរបស់មនុស្ស ហើយ ជាមេកុហកតាំងពីដើមមក (លោកុប្បត្តិ ៣:៤; យ៉ូហាន ៨:៤៤;​ វិវរណៈ ១២:៩)។ ​ 


កាល​នៅៗ​ឡើយ តើ​មិន​មែន​ជា​របស់​ផង​អ្នក​ទេ​ឬ​អី ហើយ​ដែល​លក់​ទៅ តើ​ប្រាក់​មិន​នៅ​ក្នុង​អំណាច​អ្នក​ដែរ​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​អ្នក​កាត់​ចិត្ត​ធ្វើ​ដូច្នេះ នេះ​មិន​មែន​កុហក​ដល់​មនុស្ស​ទេ គឺ​ឈ្មោះ​ថា​កុហក​ដល់​ព្រះ​វិញ 


៥:៤ ការចែករំលែកទ្រព្យសម្បត្តិនៅក្នុងក្រុមជំនុំនៅក្រុងយេរូសាឡិមគឺជាការស្ម័គ្រពីចិត្ត។ ​គ្មានអ្នកណាម្នាក់ ដែលត្រូវបង្ខំឲ្យផ្តល់ប្រាក់ឬលក់ដើម្បីនឹងចែករំលែកទ្រព្យសម្បត្តិរបស់គេនោះឡើយ។ ​វាគឺជាការសម្រេចចិត្តរបស់ មនុស្សម្នាក់ៗរៀងខ្លួនដែលចេញពីចិត្តរបស់ពួកគេ។ 


​ដីមួយដុំនោះជាកម្មសិទ្ធរបស់អាន្ន៉ានាស។ គាត់អាចនឹង រក្សាវាទុកឬលក់តាមដែលគាត់ចង់។ ​ក្រោយពេលដែលគាត់លក់ទៅនោះ លុយដែលបានពីការលក់ នោះគឺជា របស់គាត់នៅក្នុងការប្រើប្រាស់ តាមដែលគាត់ចង់។ ដូច្នេះហើយបញ្ហានោះមិនមែនដោយព្រោះតែគាត់មិនបាន ឲ្យនូវតម្លៃពេញពីការដែលលក់នោះឡើយ។ ​បញ្ហានោះគឺថាគាត់បានសំដែងដោយលាក់កំបាំងពីអ្វីដែលគាត់បានធ្វើ។ ​


ពាក្យរបស់លោកពេត្រុសបានបង្ហាញយ៉ាងច្បាស់ថា អាន្ន៉ានាសមានសិទ្ធពេញលេញនៅក្នុង ការរក្សាទុក ឬលក់ទ្រព្យសម្បត្តិរបស់គាត់តាមដែលគាត់សម្រេច។ ​បាបរបស់គាត់នោះគឺជាការកុហកដល់ព្រះ ហើយព្យាយាមបោកបញ្ឆោតដល់ក្រុមជំនុំ។ ​សូមចំណាំថាការដែលកុហកដល់ព្រះវិញ្ញាណបរិសុទ្ធ (ខ៣) គឺដូចជាការដែលកុហកដល់ព្រះ (ខ៤) ​ជាការដែលបង្ហាញថាព្រះវិញ្ញាណបរិសុទ្ធក៏ជាព្រះដែរ។ សូមចំណាំថាការដែលកុហកដល់ក្រុមជំនុំគឺជាការកុហកដល់ព្រះវិញ្ញាណបរិសុទ្ធ ដោយព្រោះតែវា​ជា​ព្រះចេស្តារបស់ព្រះអង្គ ដែលបានប្រទានឲ្យមានជីវិតដែលបានតាំងក្រុមជំនុំឡើង ហើយ​រក្សាក្រុមជំនុំ។ ​


កាល​អាន៉្នានាស​បាន​ឮ​ពាក្យ​នោះ គាត់​ក៏​ដួល​ដាច់​ខ្យល់​ទៅ ហើយ​អស់​អ្នក​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច


៥:៥ អាន្ន៉ានាបានដួលស្លាប់មួយរំពេច។ ​ការស្លាប់របស់គាត់គឺជាការជំនុំជម្រះ​​ពីព្រះចំពោះអំពើបាបរបស់គាត់។ មនុស្សគ្រប់គ្នាដែលបានឮពីការនេះមានការភ័យខ្លាចពីការដាក់ទោសនៃការកុហក បោកបញ្ឆោត ពុតត្បុត និងអំពើបាបនៅក្នុងក្រុមជំនុំ។ ​តាមរយៈហេតុការណ៏នេះ មនុស្សបានរៀនថាព្រះទ្រង់ទតឃើញ ហើយជ្រាបគ្រប់ទាំងអស់ដែលកើតមានឡើង ហើយថាសព្វព្រះទ័យឲ្យក្រុមជំនុំរបស់ព្រះអង្គបានបរិសុទ្ធ ដូចដែលទ្រង់ក៏បរិសុទ្ធ (១ កូរិនថូស ១១:៣០-៣២; ១​ យ៉ូហាន ៥:១៦)។ ​


នោះ​ពួក​កំឡោះៗ​ក្រោក​ឡើង រុំ​ខ្មោច​យក​ទៅ​កប់


៥:៦ ​ពួកសាសន៍យូដាតែងតែកប់សពនៅថ្ងៃដែលគេស្លាប់នោះ។ ​


នៅ​គ្រា​ប្រហែល​ជា​៣​ម៉ោង​ក្រោយ​មក ប្រពន្ធ​គាត់​ក៏​ចូល​មក ឥត​ដឹង​ការ​ដែល​កើត​មក​នោះ​សោះ ពេត្រុស​សួរ​ថា សូម​ប្រាប់​ខ្ញុំ តើ​បាន​លក់​ដី​ថ្លៃ​ប៉ុណ្ណោះ​មែន​ឬ នាង​ឆ្លើយ​តប​ថា ចាស ពិត​មែន​ហើយ 


៥:៧-៨ សាភីរ៉ា ដែលជាប្រពន្ធរបស់អាន្ន៉ានាស មានឳកាសនៅក្នុងការប្រាប់ពីសេចក្តីពិត  ប៉ុន្តែនាងបានកុហកដូចដែលប្តីនាងកុហកដែរ។ ​


រួច​ពេត្រុស​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ព្រម​ព្រៀង​គ្នា នឹង​ល្បង​ដល់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​ដូច្នេះ មើល ពួក​អ្នក​ដែល​កប់​ខ្មោច​ប្ដី​អ្នក គេ​មក​ដល់​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​អ្នក​យក​ទៅ​ដែរ


៥:៩ ​អាន្ន៉ានាស និងសាភីរ៉ាបានល្បងលព្រះវិញ្ញាណបរិសុទ្ធដើម្បីឲ្យដឹងថាតើគេអាចនឹងបញ្ឆោតដល់ ក្រុមជំនុំបានឬអត់។ ​នេះជាអំពើបាបខ្លាំងណាស់ដោយព្រោះតែវាគឺជាសេចក្តីពុតត្បុត និងការបោកបញ្ឆោតនៅ ក្នុងមនុស្សថ្មីរបស់ព្រះ ដូចដែលអេកានបានធ្វើនៅក្នុងជំនាន់លោកយ៉ូស្វេដែរ។ ​យើងបានឃើញថា ព្រះវិញ្ញាណបរិសុទ្ធជ្រាបគ្រប់ទាំងអស់ ហើយទ្រង់សព្វព្រះទ័យឲ្យក្រុមជំនុំបានបរិសុទ្ធ ហើយថាមនុស្ស នឹងត្រូវប្រឈមមុខជាមួយនឹងលទ្ធផលពីការប្រព្រឹត្តដែលខុសឆ្គងរបស់ពួកគេ។ ​


នោះ​ស្រាប់​តែ​នាង​ដួល​ដាច់​ខ្យល់​១​រំពេច នៅ​ទៀប​ជើង​ពេត្រុស​ទៀត កាល​ពួក​កំឡោះៗ​បាន​ចូល​មក ឃើញ​នាង​ស្លាប់ នោះ​គេ​ក៏​សែង​យក​ទៅ​កប់ នៅ​ជិត​ខ្មោច​ប្ដី​ទៅ


៥:១០​​ ដូចជាប្តីរបស់នាងដែរ ការស្លាប់របស់សាភីរ៉ាគឺជាការជំនុំជម្រះ​​ភ្លាមៗពីព្រះ។ ​អំបើបាបជាច្រើនគឺមិនត្រូវ ទទួលបានការដាក់ទោសភ្លាមៗនោះឡើយដោយព្រោះតែព្រះទ្រង់អត់ធ្មត់ហើយមានសេចក្តីមេត្តាកុរណា ប៉ុន្តែនៅក្នុងជំនាន់ដំបូងនៃជំនាន់ក្រុមជំនុំនេះ  ការជំនុំជម្រះ​គឺជាការបង្ហាញដល់ក្រុមជំនុំពីសារៈសំខាន់នៃ ការត្រាស់ហៅឲ្យបានបរិសុទ្ធ។ ​


រួច​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នឹង​អស់​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា។  
៥:១១ “សេចក្តីស្ងែងខ្លាច” គឺជាការដែលបានដឹងថា កំពុងនៅក្នុងព្រះវត្តមាននៃព្រះ ដែលទ្រង់មាន ព្រះចេស្តាដ៏ខ្ពស់បំផុត ព្រះអង្គទ្រង់ទតឃើញគ្រប់ទាំងអស់ជ្រាបគ្រប់ទាំងអស់ ហើយព្រះអង្គទ្រង់ ដាក់ទោសចំពោះអំពើបាប ឬធ្វើការអស្ចារ្យនៅពេលណាដែលទ្រង់សព្វព្រះទ័យ (លូកា​ ១:១២, ១:៦៥, ​២:៩, ៧:១៦, ៨:៣៧; កិច្ចការ ២:៤៣, ១៩:១៧)។  ​ 


តើអ្វីជា “ជាសេចក្តីស្ងែងខ្លាចចំពោះព្រះយេហូវ៉ា”?​ សេចក្តីស្ងែងខ្លាចនៃព្រះរួមបញ្ចូលទាំងការ ដែលបានស្គាល់ថាព្រះអង្គទ្រង់ បរិសុទ្ធ ល្អ សុចរិត ហើយពេញគ្រប់ទាំងព្រះចេស្តា ដូច្នេះហើយជាការ ដែលចង់រស់នៅតាមរបៀបដែលគាប់ព្រះទ័យព្រះអង្គ។  ​សេចក្តីស្ងែងខ្លាចចំពោះព្រះគឺជាព្រះពរនៃសេ ចក្តីសញ្ញាថ្មី  និងគឺដើម្បីប្រយោជន៍ដល់យើងទាំងអស់គ្នា​ដោយព្រោះតែការនេះជួយយើងឲ្យបានស្តាប់ តាមព្រះ ដើម្បីជួយឲ្យបានស្គាល់ព្រះពរនៃទ្រង់ ​(យេរេមា ៣២:៣៩-៤០, ៣៣:៨-៩)។  ​សេចក្តីស្ងែងខ្លាចនៃព្រះមិនមែនជាការដែលធ្វើឲ្យរាស្រ្តព្រះអង្គរត់ចេញពីទ្រង់នោះឡើយ ផ្ទុយទៅវិញ ​ជាការបញ្ឈប់យើងពីការឃ្លាត​ចេញ​ពី​ព្រះឡើយ (យេរេមាន ៣២:៤០)។  ​ ​


សេចក្តីស្ងែងខ្លាចនេះរួមបញ្ចូលទាំងការដែលបានយល់ច្បាស់ថា ព្រះទ្រង់ស្អប់អំពើបាប។  ​ដូច្នេះហើយ ជាការដែលខ្លាចថានឹងធ្វើឲ្យទាស់បំព្រះហឫទ័យទ្រង់ ហើយនិងការទទួលការជំនុំជម្រះ​របស់ទ្រង់ ដែលសម្រាប់អ្នកជឿជាការបង្ហាត់បង្រៀនរបស់ទ្រង់ មិនមែនជាទោសនោះឡើយ (រ៉ូម ៨:១; ១ យ៉ូហាន ៤:១៧-១៨)។ ​សេចក្តីស្ងែងខ្លាចនៃព្រះបណ្តាលឲ្យមនុស្សគោរពប្រតិបត្តិដល់ទ្រង់ ស្តាប់តាមព្រះអង្គ ចុះចូលចំពោះព្រះអង្គ ហើយថ្វាយបង្គំព្រះអង្គដោយកោតខ្លាច។ ដូច្នេះហើយ វាជាការដែលទទួលស្គាល់ ភាពដ៏ធំឧត្តមនៃព្រះ ហើយរស់នៅដោយសេចក្តីស្ងែងខ្លាចនោះឯង។  ​នេះជា ​របៀបដែលការកោតខ្លាច នៃព្រះយេហូវ៉ា “​នោះ​ជា​ដើម​ចម​នៃ​ដំរិះ” (សុភាសិត ១:៧)  ហើយជា “​ប្រភពនៃជីវិត” (សុភាសិត ១៤:២)។  
 

មាន​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​ជា​ច្រើន​ទៀត ដែល​កើត​មក​ក្នុង​ពួក​ជន ដោយ‌សារ​ដៃ​ពួក​សាវក (គេ​បាន​ស្រុះ​ចិត្ត​ទាំង​អស់​គ្នា នឹង​នៅ​ក្នុង​បាំង‌សាច​សាឡូម៉ូន 


៥:១២ កាលពីមុន ក្រុមជំនុំបានអធិស្ឋានសូមឲ្យព្រះនៅតែបន្តធ្វើទីសំគាល់និងការអស្ចារ្យដោយព្រះនាម ព្រះយេស៊ូវ (៤:៣០)។ យើងបានឃើញថាសេចក្តីអធិស្ឋាននេះត្រូវបានឆ្លើយតបគ្រាដែលទីសំគាល់ និង ការអស្ចារ្យទាំងនេះត្រូវបានធ្វើឡើងជាច្រើននៅក្នុងចំណោមមនុស្សដោយពួកសាវ័ក។  ​យើងបានឃើញថា ព្រះបានសំអាតក្រុមជំនុំរបស់ព្រះអង្គដោយការជំនុំជម្រះ​ចំពោះអំពើបាបរបស់ពួកគេ ​​(ខ១-១០) ហើយ ថាព្រះអង្គបានប្រទានពរដល់ក្រុមជំនុំបរិសុទ្ធដោយអំណាចព្រះចេស្តានៃព្រះវិញ្ញាណ។  ​


ឯ​អ្នក​ឯ​ទៀត មិន​ហ៊ាន​ចូល​ក្នុង​ពួក​គេ​ឡើយ តែ​ប្រជា‌ជន​សរសើរ​ដល់​គេ  


៥:១៣ មនុស្សភាគច្រើននៅក្នុងក្រុងយេរូសាឡិមមានការភ័យខ្លាចនៅក្នុងការចូលរួមជាមួយនឹងក្រុមជំនុំ បន្ទាប់ពីពួកគេបានឮពីការជំនុំជម្រះ​លើអាន្ន៉ានាសនិងសាភីរ៉ា។ ​ប៉ុន្តែទោះពីជាសេចក្តីភ័យខ្លាចបានបង្ខាំង ពួកគេឲ្យនៅឆ្ងាយក៏ដោយ ពួកគេនៅតែគោរពដល់ក្រុមជំនុំដោយព្រោះតែពួកគេស្ញើចសរសើរ ចំពោះការ រស់នៅនៅក្នុងសហគមន៍របស់ពួកគ្រីស្ទានហើយនឹងការអស្ចារ្យជាច្រើនដែលពួកគេបានធ្វើ។  ​


ហើយ​ពួក​អ្នក​ដែល​ជឿ​ដល់​ព្រះ‌អម្ចាស់ ក៏​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង មាន​មនុស្ស​សន្ធឹក ទាំង​ប្រុស​ទាំង​ស្រី)


៥:១៤ មិនខ្វល់ពីការភ័យខ្លាចដែលបង្ខាំងមនុស្សមិនឲ្យចូលរួមជាមួយនឹងពួកគ្រីស្ទានពេល ដែលពួកគេ ប្រជុំគ្នាក៏ដោយ ក៏នៅតែមានការរីកចំរើនជាច្រើនសន្ធឹកនៅក្នុងពួកអ្នកដែលជឿដែលត្រូវបានបញ្ចូលទៅក្នុង ព្រះអម្ចាស់ (១១:២៤)។ អំណាចព្រះចេស្តាហើយនឹងព្រះវត្តមាននៃព្រះ ត្រូវបានឃើញនៅក្នុងទីសំគាល់ និងការអស្ចារ្យជាច្រើន។ ជាការស្ញែងខ្លាចដល់មនុស្សមួយចំនួន ហើយទាក់ទាញចិត្តដល់មនុស្សផ្សេងទៀត ហើយក៏ធ្វើឲ្យមនុស្សដែលភ័យខ្លាចរត់ចេញ អ្នកខ្លះក៏មានសេចក្តីជំនឿលើព្រះជាម្ចាស់។  ​មនុស្សត្រូវបាន បញ្ចូលទៅក្នុងព្រះអម្ចាស់ច្រើនសន្ធឹកណាស់។

សូមចំណាំថាមានពួកអ្នកជឿថ្មីដែលត្រូវបានបញ្ចូលទៅក្នុងព្រះអម្ចាស់ មិនមែនបញ្ចូលទៅក្នុងក្រុមនិកាយ ឬអង្គការណាមួយឡើយ ប៉ុន្តែទៅក្នុងព្រះជាម្ចាស់ផ្ទាល់។  ​ការដែលប្រែក្លាយជាគ្រីស្ទានម្នាក់មិនមែនជា ការផ្លាស់ប្តូរសាសនារបស់អ្នក ឬចូលរួមនៅក្នុងក្រុមសាសនាណាមួយឡើយ ​វាគឺជាការចូលមកឯព្រះ ហើយទទួលបានជីវិតថ្មីពីព្រះអង្គ។  ​


ដល់​ម៉្លេះ​បាន​ជា​គេ​យក​មនុស្ស ដែល​មាន​ជំងឺ​ផ្សេងៗ ចេញ​មក​នៅ​ផ្លូវ ផ្តេក​លើ​គ្រែ​នឹង​ពូក ដើម្បី​កាល​ណា​ពេត្រុស​ដើរ​មក នោះ​សូម្បី​ហោច​ណាស់ ឲ្យ​គ្រាន់​តែ​ស្រមោល​គាត់ ចោល​ទៅ​លើ​ពួក​នោះ​ខ្លះ​ប៉ុណ្ណោះ


៥:១៥ ជាលទ្ធផលនៃការរីកចំរើនរបស់ក្រុមជំនុំនិងកេរ្តិ៍ឈ្មោះល្អរបស់ពួកគ្រីស្ទាន មានមនុស្សកាន់តែ ច្រើនឡើងតែងតែចង់បានការប្រោសជំងឺខាងសាច់ឈាមពីលោកពេត្រុស។  ​ស្រមោលលោកពេត្រុស មិនមានអំណាចនៅក្នុងការប្រោសជំងឺនោះឡើយ ប៉ុន្តែដូចជាស្ថានភាពពីស្រ្តីដែលបានពាល់ជាយអាវរបស់ ព្រះយេស៊ូវនោះដែរ (ម៉ាកុស ៥:២៨; លូកា ៨:៤៤) វាគឺជាការបង្ហាញពីសេចក្តីជំនឿរបស់ពួកគេនៅក្នុង ព្រះហើយនឹងបំណងប្រាថ្នាចំពោះការដែលត្រូវប្រោសឲ្យបានជា។  ​


ឯ​បណ្តា​មនុស្ស ដែល​នៅ​អស់​ទាំង​ស្រុក​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម គេ​ក៏​មូល​គ្នា នាំ​ទាំង​មនុស្ស​មាន​ជំងឺ​មក ព្រម​ទាំង​មនុស្ស​អារក្ស‌អសោចិ៍​ចូល​ផង ហើយ​គេ​បាន​ជា​ទាំង​អស់​គ្នា។  


៥:១៦ កេរ្តិ៍ឈ្មោះល្អរបស់ពួកក្រុមជំនុំបានសាយភាយទៅសព្វទីក្រុងនៅជុំវិញក្រុងយេរូសាឡិម។  ​នៅក្នុង ពេលនោះ ​​ពួកសាវ័កគ្រាន់តែប្រកាសនៅក្នុងក្រុងយេរូសាឡិមតែប៉ុណ្ណោះ  ដូច្នេះហើយពួកអ្នកដែលឈឺត្រូវ តែមានគេនាំយកមកឯពួកសាវ័ក។  ​ 


ខនេះគឺជាការសង្ខេបពីព្រះចេស្តានៃព្រះដែលធ្វើការដោយសារពួកសាវ័ក។  មនុស្សត្រូវបានប្រោសឲ្យជា។  ​ពួកអ្នកក្រៅមានការអស្ចារ្យយ៉ាងខ្លាំង។  ​មនុស្សជាច្រើនបានទទួលជឿ។  ​ពួកសាវ័កត្រូវបានប្រទានអំណាច​ ឲ្យបម្រើនៅក្នុងព័ន្ធកិច្ចដែលបង្ហាញសេចក្តីពិតពីសេចក្តីប្រកាស​របស់ពួកគេ ដោយកិច្ចការនៃព្រះចេស្តា របស់ព្រះ។


រីឯ​សំដេច​សង្ឃ នឹង​អស់​អ្នក​នៅ​ជា​មួយ​នឹង​លោក ដែល​នៅ​ខាង​ពួក​សាឌូស៊ី គេ​លើក​គ្នា​ឡើង ដោយ​មាន​សេចក្ដី​កំហឹង​ដ៏​ពោរ‌ពេញ ក៏​ចាប់​ពួក​សាវក​យក​ទៅ​ឃុំ​ទុក 


៥:១៧ ដោយសារឥទ្ធិពលនៃក្រុមជំនុំកំពុងរីកចំរើន ពួកអ្នកដឹកនាំសាសន៍យូដាវបានចាប់ខ្លួនពួកសាវ័ក។  ពួកសាឌូស៊ីមានការច្រណែនពីភាពជោគជ័យរបស់ក្រុមជំនុំ (១៣:៤៥) ជាពិសេស​ព្រះចេស្តាខាងវិញ្ញាណ ហើយមានការរីកចំរើនជាខ្លាំងនៃចំនួនជាច្រើនរបស់ពួកអ្នកជឿ ហើយនឹងការគោរពដែលពួកគេ ទទួលបានពីមនុស្ស។  ​​


៥:១៨ ជាថ្មីម្តងទៀត  ពួកសាវ័កត្រូវបានគេចាប់ឃុំឃាំង (៤:៣)។ ពួកសាឌូស៊ីសង្ឃឹមថាការដែលចាប់ ពួកសាវ័កដាក់គុក ពួកគេនឹងបញ្ឈប់ដំណឹងល្អមិនឲ្យត្រូវប្រកាស។  ​​


ប៉ុន្តែ នៅ​វេលា​យប់​នោះ មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​បើក​ទ្វារ​គុក​នាំ​ចេញ​មក ប្រាប់​ថា ចូរ​ទៅ​ឈរ​អធិប្បាយ​នៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​បណ្តាជន​ស្តាប់​អស់​ទាំង​ព្រះ‌បន្ទូល ពី​ជីវិត​ថ្មី​នេះ​ទៅ


៥:១៩ ភាពរីកចំរើនរបស់ដំណឹងល្អគឺជាមូលដ្ឋានសំខាន់នៃបទគម្ពីរកិច្ចការ។  ព្រះ​ធ្វើ​ការ​ដោយព្រះចេស្តា ដ៏អស្ចារ្យបានរំដោះពួកសាវ័កឲ្យបានរួចដោយការចាត់ទេវតាឲ្យមកបើកទ្វារគុក។  ​


៥:២០ ទេវតាបានប្រាប់ពួកគេកុំឲ្យស្តាប់តាមពួគណៈសាន់ហេឌ្រីនដែលហាមមិនឲ្យប្រកាសពីព្រះយេស៊ូវ (៤:១៧-១៨)។   ទេវតាបានបង្គាប់ដល់ពួកគេនូវបញ្ញត្តិរបស់ព្រះដែលបង្គាប់ថា “ចូរ​ទៅ​ឈរ​អធិប្បាយ​ នៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​បណ្តាជន​ស្តាប់​អស់​ទាំង​ព្រះ‌បន្ទូល ពី​ជីវិត​ថ្មី​នេះ​ទៅ”។  ​ ​សេចក្តីប្រកាសនៃដំណឹងល្អ គឺជា “ព្រះបន្ទូលពីជីវិតថ្មីនេះ” ដោយព្រោះតែសេចក្តីនេះគឺប្រកាសអំពីជីវិតថ្មីខាងព្រលឹងវិញ្ញាណ ដែលព្រះប្រទានឲ្យដោយសារព្រះយេស៊ូវ (១៣:២៦)។  ​


កាល​គេ​បាន​ឮ​ហើយ នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​បង្រៀន ក្នុង​ព្រះ‌វិហារ​ពី​ព្រលឹម ឯ​សំដេច​សង្ឃ នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​មក​ហៅ​ពួក​ក្រុម‌ជំនុំ នឹង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​ប្រជុំ​គ្នា រួច​ចាត់​ពួក​អាជ្ញា​ទៅ​ឯ​គុក ដើម្បី​នឹង​នាំ​យក​ពួក​សាវក​មក

 
៥:២១ នេះជាការស្តាប់បង្គាប់ដ៏អស្ចារ្យ ហើយនឹងសេចក្តីក្លាហានរបស់ពួកសាវ័ក។  ​សេចក្តីដែល ទេវតាបាននាំមកនោះបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេត្រូវបន្តនៅក្នុងការធ្វើកិច្ចការនៃការប្រកាស ដូច្នេះហើយពួកគេបានធ្វើកិច្ចការនេះភ្លាមទោះបីជាពួកគេដឹងថាពួកគណៈសាន់ហេឌ្រីននឹងទាស់ប្រឆាំងជាមួយពួកគេក៏ដោយ។  ​


សំដេចសង្ឃមិនបានដឹងពីអ្វីដែលបានកើតមានឡើងនៅក្នុងគុកនៅពេលយប់នោះឡើយ។  ​គាត់បានហៅ គណៈសាន់ហេឌ្រីន មកប្រជុំគ្នាម្តងទៀត (៤:៥) ដើម្បីឲ្យពួកគេអាចនឹងចោទសួរពួកសាវ័កដែលពួកគេគិត ថានៅជាប់នៅក្នុងគុកនៅឡើយ។  ​


គេ​ក៏​បាន​ទៅ​ដល់​គុក តែ​មិន​ឃើញ​ពួក​សាវក​នៅ​ក្នុង​គុក​ទេ រួច​ត្រឡប់​មក​វិញ​ជំរាប​ថា យើង​ខ្ញុំ​បាន​ឃើញ​គុក ​នៅ​បិទ​ទ្វារ​ជាប់ ទាំង​ប្រយ័ត​គ្រប់​ជំពូក ព្រម​ទាំង​មាន​ពួក​យាម​ល្បាត​ឈរ​នៅ​មាត់​ទ្វារ​ផង តែ​កាល​បាន​បើក​ទៅ នោះ​មិន​ឃើញ​មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ទី​នោះ​សោះ  


៥:២២-២៣ នៅពេលដែលពួកអាជ្ញា​ទៅរកមើលពួកសាវ័កនៅក្នុងគុកនោះ ពួកសាវ័កមិននៅក្នុងគុកទេ! ពួកអ្នកយាមល្បាតនៅទីនោះ ប៉ុន្តែពួកគេមិនបានឃើញអ្វីដែលបានកើតមានឡើងនោះឡើយ។  ​ការដែលគេចខ្លួននោះជាការអស្ចារ្យ។ គុកនោះនៅជាប់ចាក់សោរយ៉ាងមានសុវត្ថិភាព (κεκλεισμένον  ជាឃ្លាដែលមានន័យថា “​ត្រូវបានបិទជិតមានសុវត្ថិភាពគ្រប់ទាំងអស់” ក៏សូមមើល​នៅក្នុង កិច្ចការ ១៦: ២៣-២៤)។ ដូច្នេះហើយពួកគេបានទៅប្រាប់ដល់គណៈសាន់ហេឌ្រីន​ថាពួកសាវ័កមិននៅក្នុងគុកទេ។  ​


កាល​មេ​ទ័ព​រក្សា​ព្រះ‌វិហារ នឹង​ពួក​សង្គ្រាជ​បាន​ឮ​ដូច្នោះ នោះ​ក៏​វល់​ក្នុង​ចិត្ត​ពី​ដំណើរ​ពួក​នោះ ដែល​កើត​ជា​យ៉ាង​ណា 


៥:២៤ គ្មានអ្នកណាម្នាក់បានដឹងថាការដែលគេចខ្លួននោះកើតឡើងជាយ៉ាងណាទេ ហើយថា ការនេះមានន័យយ៉ាងដូចម្តេចឡើយ។  ​ពួកគេគួរតែបានដឹងថា​នោះជាការអស្ចារ្យនៃព្រះ ដែលបញ្ជាក់ថាព្រះអង្គការពារពួកសាវ័ក។  ​ដូច្នេះហើយ  ការដែលទាស់ជាមួយនឹងពួកសាវ័ក ពួកសាន់ហេឌ្រីនពិតជា ព្យាយាមទាស់ជាមួយនឹងព្រះច្បាស់ណាស់។ ប៉ុន្តែពួកគេមិនបានយល់ពីការនេះឡើយ។  ​  ​


តែ​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា មើល ពួក​មនុស្ស​ដែល​លោក​បាន​ដាក់​គុក​នោះ ឥឡូវ​នេះ គេ​កំពុង​តែ​ឈរ​បង្រៀន​ដល់​ពួក​ជន នៅ​ក្នុង​ព្រះ‌វិហារ​វិញ 


៥:២៥ បន្ទាប់មក មានអ្នកនាំដំណឹងមកប្រាប់ពួកគេថា​ពួកសាវ័កកំពុងតែប្រកាសនៅក្នុងទីធ្លាព្រះវិហារ! ​ពាក្យថា “កំពុងឈរ” “បង្រៀន” ហើយ “ពួកជន” ​គឺដូចជាអ្វីដែលទេវតាបានបង្គាប់នៅក្នុងទី ២០។  ​ដូច្នេះហើយពួកសាវ័កកំពុងតែធ្វើតាមអ្វីដែលព្រះបង្គាប់ប្រាប់ពួកគេឲ្យបានធ្វើនោះ ហើយធ្វើការនោះ ដោយសេចក្តីក្លាហានដោយព្រោះតែពួកគេបានដឹងថានេះជាបំណងព្រះហឫទ័យព្រះ។  ​ 


ពួកគណៈសាឌូស៊ីព្យាយាម បញ្ឈប់ពួកសាវ័កពីការប្រកាសតែត្រូវបរាជ័យ។  ពួកគេគ្មានអំណាចនៅក្នុង ការបញ្ឈប់ការប្រកាសដំណឹងល្អបានឡើយ។  ​រយៈពេលពីរពាន់ឆ្នាំក្រោយមក គ្មានគណៈសាឌូស៊ី ផារិស៊ី គណៈសាន់ហេឌ្រីន ឬព្រះវិហារនៅក្រុងយេរូសាឡិមទៀតឡើយ ប៉ុន្តែដំណឹងល្អនៅតែមាន ហើយនៅតែ មានអំណាចយ៉ាងខ្លាំងព្រមទាំងនៅតែអាចផ្លាស់ប្រែជីវិតមនុស្សនៅជុំវិញពិភពលោក!​


នោះ​មេ​ទ័ព នឹង​ពួក​អាជ្ញា ក៏​ទៅ​នាំ​គេ​មក ដោយ​ឥត​មាន​គំហក‌កំហែង​សោះ ដ្បិត​ខ្លាច​ក្រែង​បណ្តាជន​ចោល​ខ្លួន​នឹង​ថ្ម 


៥:២​៦ ​ហ្វូងមនុស្សជាច្រើនដែលបានស្តាប់ឮសេចក្តីបង្រៀនរបស់ពួកសាវ័កកោតសរសើរ ហើយឲ្យតម្លៃ លើកិច្ចការរបស់ពួកគេ។ ​ការនេះបញ្ជាក់ច្បាស់ដោយព្រោះតែមេទ័ពនិងពួកអាជ្ញាមានការភ័យខ្លាចចំពោះ ការប្រើប្រាស់កម្លាំងទាស់ជាមួយនឹងពួកសាវ័ក។ ​ពួកគេបានដឹងច្បាស់ថាប្រសិនបើពួកគេប្រើកម្លាំងនោះ ហ្វូងមនុស្សនឹងការពារពួកសាវ័កហើយអាចនឹងឈានទៅដល់ការចោលថ្មលើមេទ័ពនិងពួកអាជ្ញាថែមទៀតផង។ ​


កាល​បាន​នាំ​មក​ដាក់​នៅ​មុខ​ក្រុម‌ជំនុំ​ហើយ នោះ​សំដេច​សង្ឃ​ស្តី​ថា តើ​យើង​មិន​បាន​ហាម​ផ្តាច់​មិន​ឲ្យ​ឯង​ រាល់​គ្នា​បង្រៀន​ពី​ឈ្មោះ​នោះ​ទៀត​ទេ​ឬ​អី តែ​មើល ឯង​រាល់​គ្នា​បាន​បង្រៀន​សេចក្ដី​នោះ នៅ​ពេញ​ក្រុង​យេរូ‌សាឡិម​ទាំង​មូល​វិញ ព្រម​ទាំង​គិត​ទំលាក់​ទោស​ពី​ឈាម​មនុស្ស​នោះ​មក​លើ​យើង​ផង


៥:២៧-២៨ កាលពីមុន ពួកគណៈសាន់ហេឌ្រីនបានបង្គាប់ដល់លោកពេត្រុសនិងលោកយ៉ូហានឲ្យឈប់ បង្រៀនពីព្រះនាមព្រះយេស៊ូវទៀត (៤:១៧-១៨)។  ​ប៉ុន្តែលោកពេត្រុសនិងលោកយ៉ូហានបានប្រកាស ប្រាប់ពួកគេដោយចំហថាពួកគេនឹងធ្វើបន្តធ្វើកិច្ចការនេះដោយការស្តាប់តាមព្រះ (៤:១៩-២០)។ ​តាមការពិតទៅ ពួកគេ “​បាន​បង្រៀន​សេចក្ដី​នោះ នៅ​ពេញ​ក្រុង​យេរូ‌សាឡិម​ទាំង​មូល” ជាការបង្ហាញថា ពួកបានធ្វើការដោយសកម្មនៅក្នុងការដែលគេស្តាប់តាមព្រះដើម្បីឲ្យមនុស្សនៅក្នុងទីក្រុងទាំងមូល បានស្តាប់ឮដំណឹងល្អ។ ​


នៅពេលដែលពួកសាវ័កប្រកាសដំណឹងល្អ ពួកគេបានបញ្ជាក់យ៉ាងច្បាស់ពីការដែលពួកអ្នកដឹកនាំ សាសនាសាសន៍យូដាជាអ្នកដែលទទួលខុសត្រូវនៅក្នុងការរៀបចំការធ្វើគត់ព្រះយេស៊ូវ ហើយដូច្នេះហើយ ពួកគេជាប់មានទោសដោយព្រោះតែបានធ្វើគត់ព្រះមែស្ស៊ី។ ​ដូចដែលសំដេចសង្ឃបាននិយាយថា “ព្រម​ទាំង​គិត​ទំលាក់​ទោស​ពី​ឈាម​មនុស្ស​នោះ​មក​លើ​យើង​ផង”។  ការនេះគឺជាបង្ហាញពីការទទួលខុស ត្រូវចំពោះការស្លាប់របស់អ្នកណាម្នាក់​​ (ម៉ាថាយ​ ២៣:៣៥; ២៧:២៥)។ ផ្ទុយពីការដែលត្រូវដឹកនាំប្រជាជន អ៊ីស្រាអែលឲ្យបានចូលទៅក្នុងសេចក្តីសុចរិតជាមួយនឹងព្រះនោះ ពួកអ្នកទាំងនេះមានទោសនៅចំពោះ ព្រះដោយព្រោះបានធ្វើគត់ព្រះរាជបុត្រាព្រះអង្គវិញ!​


តែ​ពេត្រុស នឹង​ពួក​សាវក​ឯ​ទៀត ឆ្លើយ​ឡើង​ថា ត្រូវ​តែ​ស្តាប់​បង្គាប់​របស់​ព្រះ​ជា​ជាង​មនុស្ស 


៥:​២៩ ​បង្គាប់របស់ព្រះ (ដូចជាការប្រទាននៅក្នុង ៥:២០)  មានអាទិភាពលើសជាការបង្គាប់របស់ មនុស្ស។ ​គ្រីស្ទានម្នាក់ត្រូវតែស្តាប់តាមបង្គាប់របស់ព្រះជាជាងមនុស្ស ហើយទទួលយកនូវការលះ​​បង់​សំ​រាប់ ការធ្វើការនោះ។ ​


រីឯ​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រោស​ព្រះ‌យេស៊ូវ ដែល​លោក​រាល់​គ្នា​បាន​សំឡាប់​ដោយ​ព្យួរ​នៅ​ជាប់​លើ​ឈើ ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ព្រះ​បាន​ដំកើង​ទ្រង់​ឡើង ដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ ឲ្យ​ធ្វើ​ជា​ព្រះ‌អម្ចាស់ នឹង​ជា​ព្រះ‌អង្គ​សង្គ្រោះ ដើម្បី​នឹង​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត ដល់​សាសន៍​អ៊ីស្រាអែល ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប


៥:៣០ ​ពួកអ្នកដឹកនាំសាសនាសាសន៍យូដាបានធ្វើគត់ព្រះយេស៊ូវ “ដោយ​ព្យួរទ្រង់​នៅ​ជាប់​លើ​ឈើ”។ ​ ចោទិយកថា ២១:២២-២៣ បានចែងថា​អស់អ្នកណាដែលត្រូវដាក់ទោសដោយរបៀប នេះគឺជា អ្នកដែលត្រូវបណ្តាសានៃព្រះ។ ​ដូច្នេះហើយការដែលធ្វើគត់ព្រះយេស៊ូវតាមរបៀបនេះ ពួកអ្នកដឹកនាំ សាសនាសាសន៍យូដាបានដាក់ទោសស្លាប់ដ៏អាម៉ាស់បំផុតដល់ព្រះយេស៊ូវ​ (កាឡាទី ៣:១៣; កិច្ចការ​១០:៣៩, ១៣:២៩; ១ ពេត្រុស​ ២:២៤)។ ​


៥:៣១ ប៉ុន្តែព្រះបានដំកើងព្រះយេស៊ូវដោយការរស់ពីសុគតឡើងវិញនិងការលើកដំកើងព្រះអង្គឲ្យ បានគង់នៅខាងស្តាំនៃទ្រង់នៅឯស្ថានសួគ៌ ជាតំណែងនៃការដែលបានរួមចំណែកនៅក្នុងអំណាច ជាមួយនឹងព្រះ។ ​ព្រះបានប្រទាននូវការលើកដំកើងដ៏វិសេសបំផុតដល់ព្រះអង្គ ដែលបានធ្វើឲ្យព្រះយេស៊ូវ បានធ្វើជា​ “ព្រះអម្ចាស់ និងជាព្រះអង្គសង្រ្គោះ”។ ​


ព្រះយេស៊ូវគឺជា “ព្រះអម្ចាស់” ដោយព្រោះតែការ​ឡើង​គ្រង​រាជ្យ​របស់​ទ្រង់​នៅ​ស្ថានសួគ៌​ ជាព្រះអង្គដែលមានគ្រប់ទាំងអំណាចព្រះចេស្តានៅលើស្ថានសួគ៌ ហើយនៅលើផែនដី (ម៉ាថាយ ២៨:១៨)។ ទ្រង់ជា “ព្រះអង្គសង្រ្គោះ” ដោយសារតែការសុគតរបស់ព្រះអង្គជំនួសយើងទាំងអស់គ្នា  ព្រះអង្គសង្រ្គោះយើង ឲ្យបានរួចពីការដាក់ទោសចំពោះអំពើបាប រួមទាំងការកាត់ទោស ហើយនឹងការបំផ្លាញ ដ៏នៅអស់កល្បជានិច្ច។ ព្រះបានប្រទានសិទ្ធិអំណាចព្រះចេស្តា ដល់ព្រះយេស៊ូវនៅក្នុងការប្រទានពរ ដល់រាស្រ្តរបស់ព្រះអង្គដោយព្រះគុណនៃការផ្លាស់ប្រែចិត្ត ហើយទទួលបានអំណោយទាននៃការអត់ទោសបាប។ 


សេ​ចក្តីដែលថាព្រះប្រទានឲ្យនូវការផ្លាស់ប្រែចិត្តគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ​តាមរយៈការរើស តាំងនៃព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ ព្រះទ្រង់ធ្វើឲ្យមនុស្សមានបាបអាចធ្វើការប្រែចិត្តបាន និងដូច្នេះហើយទទួលបានការអត់ទោសបាប (២:៣៨)។ ​​ដូច្នេះហើយ លោកពេត្រុសកំពុងតែប្រកាសថា មិនមែន សេចក្តីប្រកាសអំពីព្រះយេស៊ូវគឺជាការគំរាមកំហែងចំពោះអ៊ីស្រាអែល  ដូចដែលពួកអ្នកដឹកនាំបានគិតនោះឡើយ តែគឺជាឱកាសដើម្បីទទួលព្រះពរសម្រាប់សាសន៍នេះ ទៅវិញទេ(១:៦; ២:៣៦; ៤:១០, ៤:២៧; ៥:២១)។ ​ការដំកើងរបស់ព្រះយេស៊ូវមានន័យថា ព្រះលោហិតរបស់ព្រះយេស៊ូវ មិនត្រូវការ​ធ្លាក់ជាប់លើដៃរបស់ពួកអ្នកដឹកនាំទៀតឡើយ។ ដោយការផ្លាស់ប្រែចិត្តនិងការអត់ទោសបាប ដែលព្រះទ្រង់ប្រទានតាមរយៈព្រះយេស៊ូវ រាល់ទាំងកំហុសទាំងអស់អាចត្រូវបានអត់ទោសឲ្យ។ ​


យើង​ខ្ញុំ​នេះ ព្រម​ទាំង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ស្តាប់​បង្គាប់​ទ្រង់​ដែរ ជា​ស្មរ​បន្ទាល់​របស់​ទ្រង់​ពី​ការ​ទាំង​នោះ។ 


៥:៣២ ​សារ​ដំណឹងល្អគឺជាការបញ្ជាក់ដោយសក្ខីភាពនៃពួកសាវ័កដែលបានឃើញព្រះយេស៊ូវ ដែលមានព្រះជន្មរស់ឡើងវិញ។  ​ព្រះវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ជាសាក្សីចំពោះការលើក ដំកើងរបស់ព្រះយេស៊ូវ ដោយព្រោះតែព្រះវិញ្ញាណជាអំណោយទាននៃព្រះមែស្ស៊ីដ៏ដំកើងឡើង (សូមមើល​ការបកស្រាយនៅ ២:៣៣)។ លោកពេត្រុសបន្ថែមថាគឺជាអស់អ្នកដែលស្តាប់​បង្គាប់ព្រះ ជាអ្នកដែលទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ​ការស្តាប់បង្គាប់ការត្រាស់ហៅនៃដំណឹងល្អឲ្យបានធ្វើការប្រែចិត្ត ហើយទទួលជឿលើព្រះយេស៊ូវ ដឹកនាំទៅរកការទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ (សូមមើល ការបកស្រាយនៅ ២:៣៨)។ 


លុះ​កាល​ពួក​ក្រុម‌ជំនុំ​បាន​ឮ នោះ​គេ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជា​ខ្លាំង ក៏​ពិគ្រោះ​គ្នា​នឹង​សំឡាប់​ពួក​សាវក​ចេញ 


​៥:៣៣​ ប៉ុន្តែជំនួស​ឲ្យការដែលឆ្លើយតបដោយការផ្លាស់ប្រែចិត្តហើយទទួលបានការអត់ទោសបាប និងព្រះពរនោះ ពួកអ្នកដឹកនាំសាសនាសាសន៍យូដាបានបដិសេធដំណឹងល្អដែលបានប្រកាសដល់ពួកគេ។ ពួកគេមានសេចក្តីកំហឹងដែលពួកគេចង់សម្លាប់ពួកសាវ័ក។ ​


ប៉ុន្តែ មាន​ពួក​ផារិស៊ី​ម្នាក់ ឈ្មោះ​កាម៉ា‌លាល ជា​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​មនុស្ស​ទាំង​អស់​រាប់​អាន លោក​ឈរ​ឡើង​ក្នុង​ក្រុម‌ជំនុំ បង្គាប់​ឲ្យ​បញ្ចេញ​ពួក​សាវក​ទៅ​ខាង​ក្រៅ​បន្តិច​សិន 


៥:៣៤ លោកាម៉ាលាលគឺជាអ្នកដឹកនាំម្នាក់នៅក្នុងពួកផារិស៊ី។ សិស្សដែលល្បីជាងគេរបស់គាត់ គឺជាលោកសុល (ដែលបានប្រែជាសាវ័កប៉ុល  កិច្ចការ ២២:៣)។ ​​


រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​ក្រុម‌ជំនុំ​ថា ពួក​សាសន៍​អ៊ីស្រាអែល​អើយ ចូរ​ប្រយ័ត​ខ្លួន ពី​ដំណើរ​មនុស្ស​ទាំង​នេះ ដែល​អ្នក​រាល់​គ្នា​គិត​ធ្វើ​អ្វី​ដល់​គេ ដ្បិត​ពី​ដើម​មាន​ឈ្មោះ​ធើដាស លើក​ខ្លួន​ឡើង​ថា​ជា​អ្វីៗ ក៏​មាន​មនុស្ស​ចំនួន​ជា​៤​រយ​នាក់​បាន​ចូល​ពួក​វា តែ​វា​ត្រូវ​គេ​សំឡាប់​ទៅ ហើយ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​ចុះ​ចូល​ចំពោះ​វា ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​សូន្យ​អស់​ទៅ​ដែរ ក្រោយ​នោះ​មក នៅ​វេលា​ធ្វើ​បញ្ជី​កត់‌ត្រា​រាស្ត្រ នោះ​មាន​ឈ្មោះ​យូដាស ជា​អ្នក​ស្រុក​កាលី‌ឡេ​ទៀត បាន​លើក​ខ្លួន​ឡើង បញ្ចុះ​បញ្ចូល​មនុស្ស​ជា​ច្រើន​ឲ្យ​ទៅ​តាម​ខ្លួន វា​ក៏​វិនាស​បាត់​ទៅ​ដែរ ហើយ​ពួក​អ្នក​ដែល​ចុះ​ចូល​តាម ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​ទាំង​អស់​គ្នា​ទៅ 


៥:៣៥-៣៧ លោកកាម៉ាលាលផ្តល់នូវឧទាហរណ៏ពីការបះបោរចំនួនពីរដែលបង្ហាញថាក្រុមជំនុំ នឹងត្រូវធ្លាក់ចុះយ៉ាងពិតប្រាកដប្រសិនបើមិនមែនជាកិច្ចការរបស់ព្រះនៅក្នុងការទ្រទ្រង់ក្រុមជំនុំ។ ​មនុស្សទាំងពីរ (ធើដាស​ហើយនឹងយូដាសអ្នកស្រុកកាលីឡេ) បានលេចឡើងមក ហើយមានអ្នកដើរតាម ជាច្រើន ប៉ុន្តែត្រូវបានសម្លាប់។ ​ក្រោយពីនោះមក ពួកអ្នកដើរតាមទាំងនោះត្រូវខ្ចាត់ខ្ចាយ ហើយគ្រោងការរបស់គេមិនមានប្រយោជន៍អ្វីឡើយ។ 


ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​ដក​ខ្លួន​ពី​មនុស្ស​ទាំង​នេះ​ចេញ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​គេ​ឡើយ ដ្បិត​បើ​សិន​ជា​គំនិត​គេ ឬ​ការ​គេ​ធ្វើ​នេះ​កើត​ឡើង​ពី​មនុស្ស នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា​មិន​ខាន តែ​បើ​កើត​មក​ពី​ព្រះ​វិញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​វិនាស​បាន​ទេ ក្រែង​អ្នក​រាល់​គ្នា​ជាប់​ទោស​ជា​ពួក​អ្នក​ត‌យុទ្ធ​នឹង​ព្រះ​ដែរ


៥:៣៨​ អ្នកដឹកនាំដែលគួរឲ្យគោរពមួយនេះបានដឹងថាព្រះអាចកំពុងតែធ្វើការដោយសារក្រុមជំនុំ។ ​ដូច្នេះហើយ គាត់បានដាស់តឿនដល់ក្រុមថា គម្រោងការដែលមាន​តែ​អំណាចរបស់មនុស្ស នឹងត្រូវបញ្ចប់ជាមិនខានឡើយ ប៉ុន្តែប្រសិនបើជាកិច្ចការរបស់ព្រះវិញនោះ ពួកគេនឹងមិនអាចបញ្ឈប់ ពីអ្វីដែលកំពុងតែ កើតមានឡើងបានឡើយ។  


៥:៣៩ ការប្រកាសដំណឹងល្អហើយនឹងការរីកចំរើនទូទាំងពិភពលោកបញ្ជាក់ពីពាក្យរបស់ លោកកាម៉ាលាលដែលថានេះគឺជាផែនកាណ៏និងការការពាររបស់ព្រះ មិនមែនជារបស់មនុស្សឡើយ។ ​ការរីកចំរើនរបស់នគរនៃព្រះនៅលើផែនដីនេះជាអ្វីដែលព្រះយេស៊ូវបានមានព្រះបន្ទូលអំពីការប្រៀបប្រ​ដូច​នៃគ្រាប់ពូជដ៏តូច ហើយនឹងដំបែរ (ម៉ាថាយ ១៣:៣១-៣៣)។ ​


នៅក្នុងការប្រៀបប្រ​ដូច​នៃគ្រាប់ពូជដ៏តូច ហើយនឹងដំបែរ ព្រះយេស៊ូវបានទាយទំនាយថា ថ្ងៃមួយមនុស្សនឹងមានការភ្ញាក់ផ្អើលពីការ ដែលក្រុមដ៏តូចដែលមានសិស្សត្រឹមតែ ១២នាក់ ហើយនឹងដំណឹងល្អរបស់គេរីកចំរើនហើយនឹងជះឥទ្ធិពល ដល់ពិភពលោកបែបយ៉ាងណា។ នៅក្នុងពិភពលោកសព្វថ្ងៃនេះ មានមនុស្សប្រមាណជាង​២ កោដលាននាក់ដែលប្រកាសថា ជាអ្នកដើរតាម ព្រះយេស៊ូវ! នេះបង្ហាញថា ការលូតលាស់នោះគឺជាកិច្ចការដ៏អស្ចារ្យ របស់ព្រះជាម្ចាស់។ វាកើតឡើងដោយសារព្រះចេស្តានៃព្រះ ដែលរាជ្យនគរនៃព្រះបានរីកដុះដាលទៅ គ្រប់ជាតិសាសន៍ នៅក្នុងពិភពលោក​។ 

ពួក​ក្រុម‌ជំនុំ​ក៏​យល់​ព្រម​តាម​គំនិត​លោក រួច​កាល​បាន​ហៅ​ពួក​សាវក​មក​វិញ នោះ​ក៏​វាយ​នឹង​រំពាត់ ព្រម​ទាំង​ហាម​ឃាត់ មិន​ឲ្យ​និយាយ​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ទៀត រួច​លែង​ឲ្យ​ទៅ 


៥:៤០ គណៈសាន់ហេឌ្រីនបានយល់ស្របតាមប្រាជ្ញាលោកកាម៉ាលាល ប៉ុន្តែនៅតែសម្រេចដាក់ទោស លើពួកសាវ័ក។  ការដែលវាយនឹងរំពាត់គឺជាការដាក់ទោសរបស់សាសន៍យូដាដែលជាការ “វាយនឹងរំពាត់៤០ខ្វះមួយ” (២ កូរិនថូស ១១:២៤) ដែលអាចត្រូវបានបញ្ជាដោយពួកសាន់ហេឌ្រីន ឬពួកអាជ្ញានៅក្នុងសាលាប្រជុំចំពោះការប្រឆាំងជាមួយនឹងច្បាប់របស់សាសន៍យូដា (២២:១៩;​ម៉ាកុស ១៣:៩)។ 


ពួក​សាវក​ក៏​ចេញ​ពី​ពួក​ក្រុម‌ជំនុំ​ទៅ ដោយ​អរ​សប្បាយ ពី​ព្រោះ​ព្រះ​បាន​រាប់​ជា​អ្នក​គួរ​នឹង​ទ្រាំ​សេចក្ដី​ដំនៀល ដោយ​ព្រោះ​ព្រះ‌នាម​ទ្រង់ 


៥:៤១ ពួកសាវ័កត្រូវបានដោះលែងក្រោយពេលដែលត្រូវគេវាយនឹងរំពាត់ មានអំណរដែលពួកគេ ត្រូវបានថាជាអ្នកគួរនិងការរងទុក្ខសម្រាប់ព្រះនាមព្រះយេស៊ូវ (២១:១៣; ៣ យ៉ូហាន ៧)។ ​ត្រង់ចំនុច នេះគឺជាឧទាហរណ៍សម្រាប់ក្រុមជំនុំនៅគ្រប់ជំនាន់ទាំងអស់នៃការដែលមានអំណរនៅក្នុងការរងទុក្ខ។ ​យើងគួរតែបានតាំងចិត្តនៅក្នុងការប្រកាសពីព្រះយេស៊ូវហើយរងទុក្ខសម្រាប់ជាកិត្តិយសនេះ (១ ពេត្រុស ៤:១៣;  ម៉ាថាយ ៥:១០-១២; រ៉ូម ៥:៣-៥; ២ កូរិនថូ ស ៦:១០; ១ ពេត្រុស ១:៦-៩)។ ​


ជំនួសឱ្យការគិតពីការល្បងលថាជាអ្វីម្យ៉ាងចម្លែកដែលកើតឡើងចំពោះយើង យើងគួរតែមើលឃើញវាថាជារបៀបមួយសម្រាប់ចែករំលែកពីទុក្ខលំបាករបស់ព្រះគ្រីស្ទវិញ។ ព្រះយេស៊ូវបានរងទុក្ខជំនួសយើង ហើយតាមរយៈការរងទុក្ខរបស់ទ្រង់ព្រះអង្គបានសង្គ្រោះយើង។ ប្រសិនបើយើងពិតជាដើរតាមជំហានរបស់ទ្រង់ប្រាកដមែន (១ ពេត្រុស ២:២១) យើងក៏នឹងរងទុក្ខនៅក្នុងពិភពលោកនេះដែរ។ 


ហេតុដូច្នេះជំនួសឱ្យការភ្ញាក់ផ្អើលចំពោះការរងទុក្ខរបស់យើង យើងគួរតែ “រីករាយ”។ ហេតុអ្វី? ពីព្រោះការរងទុក្ខសម្រាប់ព្រះគ្រីស្ទបង្ហាញប្រាប់ថាយើងពិតជាអ្នកដើរតាមទ្រង់ប្រាកដមែន។ វាគឺដោយសារទ្រង់បានធ្វើឱ្យយើងបានសុចរិតថាយើងរងទុក្ខជាមួយព្រះអង្គដោយ​សារ​ការ​សុចរិត​។ ការសន្យាដែលយើងមានគឺថាប្រសិនបើយើងចូលរួមការរងទុក្ខជាមួយព្រះគ្រីស្ទ នោះយើងក៏នឹងចូលរួមនៅក្នុងសិរីរុងរឿងរបស់ទ្រង់ និងអំណរនៅពេលទ្រង់យាងត្រឡប់មកវិញដែរ (១ ពេត្រុស ៤:១៣; រ៉ូម ៨:១៧-១៨, ៥:៣)។ សេចក្តីសន្យាដែលយើងទាំងអស់គ្នាមាន នោះគឺថា ការរងទុក្ខដែលយើង ជួបប្រទះនៅក្នុងពេលនេះគឺមិនសក្តិសមនៅក្នុង ការប្រៀបប្រដូចជាមួយនឹងសិរីល្អ ដែលនឹងត្រូវបើកសំដែង នោះឡើយ (រ៉ូម ៨:១៨)។


ហើយ​អ្នក​ទាំង​នោះ​ចេះ​តែ​បង្រៀន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ នៅ​ក្នុង​ព្រះ‌វិហារ ហើយ​នៅ​អស់​ទាំង​ផ្ទះ​រាល់​តែ​ថ្ងៃ​ជានិច្ច។ 


៥:៤២ ​ការដាក់ទោសមិនបានបង្អាក់ដល់ពួកសាវ័ក ឬបញ្ឈប់ពួកគេមិនឲ្យប្រកាសនោះឡើយ។ ​ពួកគេនៅតែបន្តដោយសេចក្តីក្លាហាននៅក្នុងការប្រកាសដំណឹង។ ការដែលធ្លាប់បានត្រូវគេចាប់ខ្លួន ជាប់គុក ហើយការគំរាមកំហែងមិនបានបន្ថយការប្តេជ្ញារបស់ពួកសាវ័កនៅក្នុងការធ្វើជាសក្ខីភាពអំពី ព្រះយេស៊ូវ ជាព្រះមេស្ស៊ីនោះទេ។ ​ក្រុមជំនុំនឹង​ផ្សាយ​អំពី​ព្រះយេស៊ូវ  មិនថានឹងត្រូវលះបង់អ្វីខ្លះ នោះឡើយ។ ​

ការណែនាំ
ជំពូក ៦
bottom of page