top of page

អ្នកសូមទានខ្វិនត្រូវបានប្រោសឲ្យជា

នៅ​ពេល​អធិស្ឋាន ជា​ពេល​ម៉ោង​៣​រសៀល នោះ​ពេត្រុស នឹង​យ៉ូហាន ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ ជា​មួយ​គ្នា

 

៣:១ លោកពេត្រុសនិងលោកយ៉ូហានកំពុងតែទៅឯព្រះវិហារនៅក្នុងក្រុងយេរូសាឡិមដើម្បីអធិស្ឋាន។ ពួកសាសន៍យូដាមានទម្លាប់អធិស្ឋានពីរដងជារៀងរាល់ថ្ងៃ;ម៉ោង ៩ព្រឹក និង ម៉ោង ៣រសៀល។ ​ជាចំនុចមួយដែលគួរឲ្យចាប់អារម្មណ៍គឺថានៅក្នុងចន្លោះពេលនេះគឺជាពេលដែលព្រះយេស៊ូវត្រូវជាប់នៅលើឈើឆ្កាង-ចាប់ពីម៉ោង ៩ពឹ្រកដល់ម៉ោង ៣រសៀល (ម៉ាកុស ១៥:២៥; លូកា​ ២៣:៤៤-៤៦)។ 

 

រីឯ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ ដែល​ហៅ​ថា​ទ្វារ​លំអ នោះ​មាន​មនុស្ស​ម្នាក់ ដែល​ខ្វិន​ពី​កំណើត គេ​តែង​សែង​គាត់​យក​មក ដាក់​នៅ​ទី​នោះ​រាល់​តែ​ថ្ងៃ ដើម្បី​ឲ្យ​បាន​សូម​ទាន​ចំពោះ​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ 

 

៣:២ ​មនុស្សនោះបានខ្វិនតាំងពីកំណើតមកហើយទល់ពេលនេះគាត់មានអាយុលើស៤០ឆ្នាំហើយ (៤:២២)។ ​ការនេះបានបង្ហាញពីភាពធ្ងន់ធ្ងរនៃបញ្ហារបស់គាត់ ហើយនឹងសេចក្តីត្រូវការដ៏ចាំបាច់របស់ គាត់នោះ ហើយពីភាពអស្ចារ្យនៃការអស្ចារ្យនេះ។ ​ ​ពិការភាពរបស់គាត់ពិតជាធ្ងន់ធ្ងរខ្លាំងណស់ ដែល វិធីតែមួយ ដែលគាត់អាចទៅឯព្រះវិហារបាននោះដោយការដែលមានគេសែងគាត់យកទៅដាក់ទីនោះតែ ប៉ុណ្ណោះ។ ​

 

កាល​គាត់​ឃើញ​ពេត្រុស នឹង​យ៉ូហាន កំពុង​តែ​ដើរ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ នោះ​គាត់​សូម​ទាន តែ​ពេត្រុស ព្រម​ទាំង​យ៉ូហាន ក៏​សំឡឹង​មើល​ទៅ​គាត់ ប្រាប់​ថា ចូរ​មើល​មក​យើង​ឯ​ណេះ គាត់​ក៏​ស្តាប់​តាម ដោយ​សង្ឃឹម​ថា​នឹង​បាន​អ្វី​ខ្លះ

 

៣:៣-៥ ពួកអ្នកសូមទានតែងតែអង្គុយនៅត្រង់ផ្លូវចូលទៅក្នុងព្រះវិហារ។ ​នៅពេលដែលលោកពេត្រុស ​និយាយទៅកាន់គាត់ គាត់សង្ឃឹមថាគាត់នឹងបានលុយខ្លះ​។

តែ​ពេត្រុស​និយាយ​ថា ឯ​ប្រាក់ ហើយ​នឹង​មាស ខ្ញុំ​គ្មាន​ទេ តែ​របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក គឺ​ដោយ‌សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ពី​ស្រុក​ណា‌សារ៉ែត ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ​ចុះ

 

៣:៦ លោកពេត្រុសមិនមានប្រាក់ឬមាសឡើយ ប៉ុន្តែអ្វីដែលគាត់អាចឲ្យដល់មនុស្សខ្វិននោះជាអ្វីដែល ប្រសើរលើសទៅទៀត។ ​អ្វីដែលលោកពេត្រុសអាចឲ្យគាត់បាននោះគឺជាការប្រោសឲ្យជាស្រឡះ ដោយ ព្រះចេស្តារបស់ព្រះយេស៊ូវ! ដូច្នេះហើយ គាត់បានបង្គាប់ដល់មនុស្សនោះដែលមិនធ្លាប់បានឈរពីមុន មកទាល់តែសោះនៅក្នុងជីវិតរបស់គាត់ថា “ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ​ចុះ!”។  

ពួកសាវ័កមិនបានប្រោសជំងឺដោយអំណាចរបស់ខ្លួនគេនោះនោះឡើយ ប៉ុន្តែ “ដោយនូវព្រះនាម ព្រះយេស៊ូវ”​ នោះគឺជាដោយសារសិទ្ធិអំណាចរបស់ព្រះយេស៊ូវ ដែលព្រះអង្គបានប្រទានដល់ពួកគេ។ បទគម្ពីរកិច្ចការគឺជាការកត់ត្រាពីកិច្ចការរបស់ព្រះយេស៊ូវ ដែលត្រូវបានបន្តធ្វើ ដោយពួកសាវ័ករបស់ព្រះអង្គ ដែលពេញដោយព្រះវិញ្ញាណរបស់ព្រះអង្គទ្រង់ (១:១)។ ព្រះយេស៊ូវបានប្រោសមនុស្សជាច្រើន នៅក្នុងការបំពេញព័ន្ធកិច្ចរបស់ព្រះអង្គ ហើយព្រះចេស្តារបស់ព្រះអង្គនៅតែមាន ហើយនៅតែធ្វើការ ដោយសារពួកសាវ័ករបស់ព្រះអង្គ។

 

រួច​ក៏​ចាប់​ដៃ​ស្តាំ​លើក​គាត់​ឡើង ស្រាប់​តែ​ប្រអប់​ជើង នឹង​ភ្នែក​គោរ​របស់​គាត់ មាន​កំឡាំង​ឡើង​ភ្លាម 

 

៣:៧ នៅពេលដែលលោកពេត្រុសបង្គាប់ឲ្យដើរទៅនៅក្នុងព្រះនាមព្រះយេស៊ូវនោះ ព្រះយេស៊ូវបានប្រទាន កម្លាំងឲ្យបានដើរទៅ។ ​នៅក្នុងពេលនោះ មនុស្សម្នាក់នេះដែលមិនធ្លាប់បានឈរឡើងពីមុនមកទាល់ តែសោះ មានកម្លាំងថ្មីនៅត្រង់ជើងហើយនិងសន្លាក់របស់គាត់។ 

 

គាត់​ក៏​ស្ទុះ​ឈរ​ឡើង​ដើរ​ទៅ​មក ហើយ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ជា​មួយ​នឹង​អ្នក​ទាំង​២​នោះ ទាំង​ដើរ ទាំង​លោត ទាំង​សរសើរ​ដល់​ព្រះ​ផង

៣:៨ ​មនុស្សនោះអាចក្រោកឈរបាន ​ដើរហើយលោតដោយសេចក្តីអំណរ (អេសាយ​ ៣៥:៦)។ ​គាត់ត្រូវបានប្រោសឲ្យជាស្រឡះ! ​កិច្ចការរបស់គាត់ដំបូងបំផុតនោះគឺត្រូវចូលទៅក្នុងព្រះវិហារ ហើយសរសើរដំកើងដល់ព្រះចំពោះអ្វីដែលព្រះអង្គបានធ្វើចំពោះគាត់។ ​

 

បណ្តាជន​ទាំង​អស់​គ្នា​ក៏​ឃើញ​គាត់​ដើរ ទាំង​សរសើរ​ព្រះ​ដូច្នោះ ហើយ​គេ​ស្គាល់​គាត់ ថា​ជា​អ្នក​ដែល​តែង‌តែ​អង្គុយ​សូម​ទាន​គេ នៅ​ត្រង់​មាត់​ទ្វារ​លំអរ​របស់​ព្រះ‌វិហារ នោះ​គេ​ក៏​មាន​ពេញ​ជា​សេចក្ដី​អស្ចារ្យ ហើយ​មមិង‌មមាំង​ពី​ការ​ដែល​កើត​មក​នោះ

 

៣:៩-១០ ជីវិតដែលផ្លាស់ប្តូរដោយព្រះយេស៊ូវ គឺជាការអស្ចារ្យ ដែលតែងតែធ្វើឲ្យមានការអស្ចារ្យ និងការភ្ញាក់ផ្អើល។ ​នេះគឺជាទីបន្ទាល់ពីព្រះចេស្តាព្រះអង្គដែលធ្វើការ។ ​

ដូច្នេះ កំពុង​ដែល​គាត់​ចាប់​តោង​ឃាត់​ពេត្រុស នឹង​យ៉ូហាន នោះ​បណ្តាជន​ទាំង​អស់​ក៏​រត់​មូល​មក​ឯ​គេ នៅ​ត្រង់​បាំង‌សាច​ដែល​ហៅ​ថា បាំង‌សាច​សាឡូម៉ូន ហើយ​គេ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​ណាស់។ 

៣:១១​​ បាំងសាចសាឡូម៉ូនជាកន្លែងដែលព្រះយេស៊ូវបានបង្រៀនថាព្រះអង្គគឺជាអ្នកគង្វាលល្អ (យ៉ូហាន ១០:២៣)។ ​ការអស្ចារ្យនៃការប្រោសមនុស្សខ្វិនឲ្យបានជាសះស្បើយបានទាក់ទាញចំណាប់អារម្មណ៍ របស់ហ្វូងមនុស្សហើយបានផ្តល់ឳកាសឲ្យលោកពេត្រុសនៅក្នុងការប្រកាសដំណឹងល្អ;ដូចជាការអស្ចារ្យនៃការដែលនិយាយភាសាដទៃនៅក្នុងថ្ងៃបុណ្យទី៥០ដែរ។ ​

 

កាល​ពេត្រុស​បាន​ឃើញ​ដូច្នោះ នោះ​គាត់​និយាយ​ទៅ​ប្រជា‌ជន​ថា ឱ​សាសន៍​អ៊ីស្រាអែល​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​មាន​សេចក្ដី​ប្លែក​ក្នុង​ចិត្ត​ពី​ការ​នេះ ហើយ​សំឡឹង​មើល​មក​យើង​ខ្ញុំ ហាក់​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​នេះ​ដើរ​រួច ដោយ​អាង​អំណាច ឬ​គុណា‌នុភាព​របស់​ខ្លួន​យើង​ខ្ញុំ​ដូច្នេះ

 

៣:១២ លោកពេត្រុសចង់ឲ្យហ្វូងមនុស្សបានដឹងថាព្រះយេស៊ូវគឺជាប្រភពនៃធ្វើការអស្ចារ្យ។ ​ព្រះយេស៊ូវត្រូវតែបានទទួលសិរីល្អ មិនមែនជាមនុស្សដែលព្រះអង្គបានធ្វើការតាមរយៈគេនោះឡើយ។ 

ព្រះ​នៃ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក នឹង​លោក​យ៉ាកុប ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់​គ្នា​ទ្រង់​បាន​ដំកើង​អ្នក​បំរើ​ទ្រង់​នោះ គឺ​ព្រះ‌យេស៊ូវ ដែល​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ទៅ ហើយ​ក្នុង​កាល​ដែល​លោក​ពីឡាត់​សំរេច​សេចក្ដី​ថា​នឹង​លែង​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ប្រកែក​បដិសេធ​នៅ​មុខ​លោក មិន​ព្រម​ទទួល​ទ្រង់​ទេ 

 

៣:១៣ ​លោកពេត្រុសបានដឹងថាហ្វូងមនុស្សត្រូវការស្តាប់បំផុតនោះមិនមែនជាការដែលមនុស្សនោះត្រូវ បានប្រោសឲ្យជានោះឡើយ។ អ្វីដែលពួកគេត្រូវការស្តាប់ឮខ្លាំងបំផុតនោះគឺជាដំណឹងល្អនៃ ព្រះយេស៊ូវគ្រីស្ទវិញ។ ​គាត់ពន្យល់ថាការអស្ចារ្យនោះកើតមានឡើងដោយព្រោះតែព្រះបានដំកើង ព្រះយេស៊ូវឡើង។ ​នេះជាចំនុចដូចគ្នាដែលបានលើកឡើងនៅក្នុង កិច្ចការ ២:៣៣-៣៦។  វាគឺ ដោយព្រោះតែព្រះយេស៊ូវមាន ព្រះជន្មរស់ឡើងវិញហើយត្រូវបានដំកើងឡើង ដោយត្រូវបានប្រទានឲ្យ នូវគ្រប់ទាំងអំណាច ទាំងនៅលើស្ថានសួគ៌និងលើផែនដីផង​ដែលទ្រង់នៅតែធ្វើការដោយព្រោះអំណាច ព្រះចេស្តានៅក្នុងពិភពលោកសព្វថ្ងៃនេះ។ ​

ព្រះយេស៊ូវគឺជាអ្នកបំរើព្រះដែលហោរាអេសាយបានទាយ  (អេសាយ ៥២:១៣-៥៣:១២)។ ព្រះអង្គគឺជា អ្នក “អ្នកបម្រើ” ដោយព្រោះតែព្រះអង្គធ្វើតាមបំណងព្រះហឫទ័យនៃព្រះវរបិតាយ៉ាងល្អឥតខ្ចោះ ហើយបានសម្រេចសេចក្តីសង្រ្គោះដែលព្រះវរបិតាបានគ្រោងទុក។ ​ហេតុនេះហើយបានជាព្រះវរបិតាលើ កដំកើងព្រះអង្គដោយការប្រោសទ្រង់ឲ្យរស់ពីសុគតឡើងវិញ ហើយលើកទ្រង់ឡើងទៅស្ថានសួគ៌ ឲ្យបានគ្រងរាជ្យជាព្រះអម្ចាស់លើគ្រប់ទាំងអស់។ 

 

ពួកសាសន៍យូដាបានបដិសេធអ្នកបម្រើដូចដែលហោរាអេសាយបានទាយថាគេនឹងបដិសេធទ្រង់។ ​ពួកគេបានបញ្ជូនទ្រង់ទៅលោកពីឡាត់ហើយបានបដិសេធមិព្រមទទួលទ្រង់ជាស្តេចរបស់គេឡើយ (លូកា ២៣:១-២៥)។ 

 

គឺ​ជា​មិន​ព្រម​ទទួល​ព្រះ​ដ៏​បរិសុទ្ធ ហើយ​សុចរិត​នោះ​ឯង បែរ​ជា​សូម​ឲ្យ​លោក​លែង​មនុស្ស​ដែល​សំឡាប់​គេ ដល់​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បាន​សំឡាប់​ព្រះ‌អម្ចាស់​ជីវិត​នោះ​ទៅ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ យើង​ខ្ញុំ​នេះ​ជា​ទី​បន្ទាល់​ពី​ការ​នោះ​ឯង

 

៣:១៤-១៥ ​នៅពេលដែលលោកពីឡាត់បើកឲ្យមានការជ្រើសរើសក្នុងការដោះលែងអ្នកទោសណាមួយ  ពួកគេបានជ្រើសយកឃាតករម្នាក់ដែលឈ្មោះថាបារ៉ាបាសជាជាងរើសយកព្រះយេស៊ូវ ​(លូកា ២៣:១៣-២៥, យ៉ូហាន ១៨:៣៩-៤០)។  ការសម្រេចចិត្តរបស់ពួកគេបានធ្វើឲ្យព្រះអង្គត្រូវសុគត។ ​ព្រះយេស៊ូវជា “ព្រះអម្ចាស់ជីវិត”  ​ដោយព្រោះតែព្រះអង្គបានបង្កើតគ្រប់ទាំងអស់ដែលមានជីវិត ព្រះអង្គប្រទានឲ្យមានជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលជឿលើព្រះអង្គ។ ​ពួកគេបានធ្វើគត់ព្រះយេស៊ូវ ដែលប្រទានជីវិតដល់អស់ទាំងរបស់ដែលបានបង្កើតមកទាំងអស់ ប៉ុន្តែសេចក្តីស្លាប់មិនអាច ឃុំព្រះអង្គទុក បានឡើយ។ ព្រះអង្គមិនបានផ្ទុំនៅក្នុងផ្នូរជារហូតនោះឡើយ។ ព្រះបានប្រោសព្រះអង្គឲ្យបានរស់ពី សុគតឡើងវិញ ហើយពួកសាវ័កគឺជាសាក្សីពីសេចក្តីពិតដែលព្រះអង្គបានរស់ពីសុគតឡើងវិញ។ 

 

ហើយ​គឺ​ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ព្រះ‌នាម​ទ្រង់​បាន​ប្រោស​មនុស្ស​នេះ ដែល​អ្នក​រាល់​គ្នា​ឃើញ ហើយ​ស្គាល់ ឲ្យ​មាន​កំឡាំង​ឡើង គឺ​ជា​សេចក្ដី​ជំនឿ​ដែល​កើត​មក ដោយ‌សារ​ព្រះ‌អង្គ​នោះ​ឯង បាន​ធ្វើ​ឲ្យ​គាត់​ជា​ស្រឡះ នៅ​មុខ​អ្នក​រាល់​គ្នា​ដូច្នេះ

 

៣:១៦ មនុស្សខ្វិនត្រូវបានប្រោសឲ្យជាដោយព្រោះតែព្រះយេស៊ូវត្រូវបានដំកើងឡើង ហើយត្រូវបាន ប្រទានឲ្យមានសិទ្ធិអំណាចគ្រប់ទាំងអស់។ ​ដោយសារ “ព្រះនាមទ្រង់” (ដែលជា លក្ខណៈ សិទ្ធិអំណាច និងព្រះចេស្តាព្រះអង្គ)​ ដែលបានធ្វើឲ្យមនុស្សខ្វិនបានមាន កម្លាំងហើយបានប្រទានឲ្យគាត់មានសុខ ភាពល្អប្រពៃ។ ​ព្រះយេស៊ូវបានប្រទានសិទ្ធិអំណាចដល់ពួកសាវ័ក របស់ព្រះអង្គដើម្បីធ្វើការនៅក្នុង ព្រះនាមព្រះអង្គ ហើយដើម្បីឲ្យបានធ្វើការអស្ចារ្យដូចដែលព្រះអង្គ បានធ្វើពេលដែលព្រះអង្គគង់នៅ ជាមួយនឹងពួកគេនៅឡើយ។ ​

 

សូមកត់សម្គាល់ថា នៅ​ក្នុងការ​អធិប្បាយរបស់គាត់  លោកពេត្រុសតែងតែផ្តោតសំខាន់លើព្រះយេស៊ូវ (មិនមែនលើការអស្ចារ្យ ឬខ្លួនគាត់ ឬលើសាវ័កណាផ្សេងទៀតនោះឡើយ)។ លោកពេត្រុស ហៅព្រះអង្គថា “ព្រះយេស៊ូវគ្រីស្ទពីអ្នកស្រុកណាសារ៉ែត” (ខ៦) “អ្នកបម្រើ”​ របស់ព្រះ​(ខ១៣)  “ព្រះដ៏បរិសុទ្ធ និងសុចរិត” (ខ១៤)  ហើយនឹងជា “ព្រះអម្ចាស់នៃជីវិត” (ខ១៥០។ ​ព្រះនាមទាំងនេះប្រាប់យើង អំពីភាពដ៏វិសេសតែមួយរបស់ព្រះយេស៊ូវ ពីលក្ខណៈ និងព័ន្ធកិច្ចរបស់ព្រះអង្គ  ការរងទុក្ខ និងសិរីល្អ របស់ព្រះអង្គ។ ​វា​គឺដោយសារតែព្រះអង្គគឺជាព្រះគ្រីស្ទ ជាអ្នកបម្រើនៃព្រះ ព្រះដ៏បរិសុទ្ធនិងសុចរិត ហើយជាព្រះអម្ចាស់នៃជីវិតនោះ ហើយបានជាមានអំណាចព្រះចេស្តានៅក្នុងព្រះនាមព្រះអង្គ។ ​

 

មនុស្សនោះបានទទួលអំណាចរបស់ព្រះយេស៊ូវហើយត្រូវបានប្រោសឲ្យជាដោយសារសេចក្តីជំនឿលើព្រះយេស៊ូវ។ សេចក្តីជំនឿលើព្រះយេស៊ូវនេះរួមទាំង៖

 

  • សេចក្តីជំនឿរបស់លោកពេត្រុសដែលគាត់បានបង្ហាញ នៅពេលដែលគាត់បង្គាប់ ទៅកាន់មនុស្សនោះថា​ “ចូរឲ្យក្រោកឡើងហើយដើរទៅ” ហើយបានជឿថាដោយសារព្រះចេស្តានៃ ព្រះយេស៊ូវដែលមនុស្សនេះពិតជាអាចធ្វើការនេះបាន

 

  • សេចក្តីជំនឿរបស់មនុស្សនោះ ដែលបង្ហាញដោយការស្តាប់តាមការបង្គា ប់ហើយជឿលើព្រះនាម ព្រះយេស៊ូវថា គាត់ពិតជាអាចក្រោកឡើង ហើយដើរបាន។ ​

 

ឥឡូវ​នេះ បង​ប្អូន​អើយ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​នាម៉ឺន​នៃ​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ការ​នោះ ដោយ​មិន​បាន​យល់​ទេ 

 

៣:១៧ ពួកសាសន៍យូដាបានធ្វើឲ្យព្រះយេស៊ូវរង​ទុក្ខ  ដោយព្រោះតែគេមិនបានស្គាល់ថា ព្រះអង្គគឺជាព្រះមែស្ស៊ី (១៣:២៦-២៨)។ នេះជាហេតុផលដែលលោកពេត្រុសប្រកាសថាពួកគេ “បានប្រព្រឹត្តការនោះដោយ មិនបានយល់ទេ”។  យ៉ាងណាម៉ិញ ពួកគេនៅតែទទួលខុសត្រូវចំពោះ ការប្រព្រឹត្តរបស់ពួកគេដដែល  ដូច្នេះលោកពេត្រុសទទូចដល់ពួកគេឲ្យធ្វើការផ្លាស់ប្រែចិត្តពីអំពើបាប របស់ពួកគេដើម្បីឲ្យទទួលបានការអត់ទោស​ (ខ១៩)។ 

ប៉ុន្តែ សេចក្ដី​ដែល​ព្រះ​បាន​ប្រកាស​ប្រាប់​ជា​មុន ដោយ‌សារ​មាត់​នៃ​អស់​ទាំង​ហោរា​របស់​ទ្រង់ ពី​ដំណើរ​ព្រះ‌គ្រីស្ទ​ថា ទ្រង់​ត្រូវ​រង​ទុក្ខ​លំបាក នោះ​ព្រះ‌ទ្រង់​ក៏​បាន​សំរេច​តាម​យ៉ាង​ដូច្នោះ​ឯង

 

៣:១៨ បទគម្ពីរបានចែងថាព្រះមែស្ស៊ីនឹងត្រូវរងទុក្ខ រួមទាំង អេសាយ ៥៣ (សូមមើល កិច្ចការ ៨:៣២-៣៣)  ទំនុកដំកើង ២:១-២ (សូមមើល កិច្ចការ ៤:២៥-២៦); ទំនុកដំកើង ១៦:៨-១១ (សូមមើល កិច្ចការ ២:២៥-២៨; កិច្ចការ ១៣:៣៥); និងទំនុកដំកើង ១១៨:២២ (សូមមើល កិច្ចការ​៤:១១)។ ដូច្នេះហើយ ការរងទុក្ខរបស់ព្រះយេស៊ូវមានច្រើនក្នុងការបញ្ជាក់ថាព្រះអង្គគឺជា ព្រះមែស្ស៊ី។ 

ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មក​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ ប្រយោជន៍​ឲ្យ​មាន​ពេល​លំហើយ​មក​ពី​ចំពោះ​ព្រះ‌អម្ចាស់

 

៣:១៩ លោកពេត្រុសបានប្រកាសដំណឹងល្អ ហើយបានលើកដំកើងព្រះនាមព្រះយេស៊ូវ ដូច្នេះហើយ គាត់បានបញ្ចប់សេចក្តីប្រកាសរបស់គាត់ដោយការប្រាប់ដល់ពួកអ្នកស្តាប់ឮឲ្យធ្វើការប្រែចិត្ត ដោយស្មោះត្រង់ (ដូចជាគាត់បានធ្វើនៅក្នុង ២:៣៨) ហើយនឹងបានព្រះពរប្រសិនបើពួកគេបានធ្វើការនោះ។ ​

 

អំពើបាបគឺជាការចាកចេញពីព្រះ ការប្រែចិត្តគឺជាការវិលត្រឡប់មកវិញ។ ​ការប្រែចិត្តគឺជា ការបែរចេញពី ឥរិយាបទដែលមិនត្រឹមត្រូវដែលយើងទាំងអស់គ្នាមាន ហើយវិលត្រឡប់មករកព្រះវិញ ដើម្បីនិងសូម ការអត់ទោស។ ​

អត្ថប្រយោជន៍ដំបូងនៃការប្រែចិត្តនោះគឺថាអំពើបាបរបស់អ្នកត្រូវបាន “លុបចេញ” (ἐξαλειφθῆναι)។ ពាក្យនៅក្នុងភាសាក្រិចមានន័យថា “ជូតចេញ ត្រូវបានលុប”។  នៅក្នុងជំនាន់មុន មនុស្សសរសេរនៅ លើវត្ថុមួយដែលត្រូវបានហៅថាបន្ទះស្មាច់ដែលអាចនឹងត្រូវជូតសំអាតហើយធ្វើឲ្យបានស្អាតឡើងវិញ (ដូចជាបន្ទះខៀន)។ ឃ្លាដែលបកប្រែថា “លុបចេញ”​ ត្រូវបានប្រើសម្រាប់ការជូនទឹកប៊ិច ចេញដើម្បីឲ្យបន្ទះស្មាច់នោះអាចប្រើដើម្បីនិងសរសេរអ្វីផ្សេងទៀត។ ដូច្នេះហើយ ការនេះមានន័យថា​ លុបចោលនូវស្មាមប្រឡាក់ដើម្បីនឹងអាចបង្កើតអ្វីដែលថ្មីហើយស្អាតម្តងទៀត។ ​លោកពេត្រុសប្រកាសថា នៅពេលដែលយើងផ្លាស់ប្រែចិត្ត ព្រះទ្រង់នឹងលុបចោលអំពើបាបរបស់យើងបែបយ៉ាងដូច្នោះដែរ។ ការអត់ទោសដែលព្រះយេស៊ូវប្រទានឲ្យយើងរួមជាមួយនឹងការលុបចោលនូវអំពើបាបយើងទាំងស្រុង។ ​

 

ហើយ​ឲ្យ​ទ្រង់​បាន​ចាត់​ព្រះ‌អង្គ​នោះ ដែល​បាន​ដំរូវ​ទុក​ជា​មុន មក​ឯ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ

 

៣:២០ ​អត្ថប្រយោជន៍ទីពីរនៃការប្រែចិត្តនិងការវិលត្រឡប់មកព្រះវិញនោះគឺថា “​ប្រយោជន៍​ឲ្យ​មាន ​ពេល​លំហើយ​មក​ពី​ចំពោះ​ព្រះ‌អម្ចាស់”។  តើលោកពេត្រុសមានន័យយ៉ាងដូចម្តេច?​

 

នៅក្នុងសេចក្តីប្រកាសរបស់គាត់ទីមួយ លោកពេត្រុសនិយាយថា​ “​ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះវិញ្ញាណ​បរិសុទ្ធ”​ (កិច្ចការ ២:៣៨)។ 

នៅក្នុង សេចក្តីប្រកាសទីពីរនេះ លោកពេត្រុសលើកឡើងថា  “ចូរ​ប្រែ​ចិត្ត ហើយ​វិល​មក​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ ប្រយោជន៍​ឲ្យ​មាន​ពេល​លំហើយ​មក​ពី​ចំពោះ​ព្រះ‌អម្ចាស់”  

ដូច្នេះហើយ មើលទៅហាក់ដូចជាលោកពេត្រុសមានន័យថាដោយ “ដោយព្រះវត្តមាននៃព្រះអម្ចាស់” គឺជាព្រះវិញ្ញាណបរិសុទ្ធដែលនឹងលំហើយយើងដោយការគង់នៅជាមួយនឹងយើង។ ​

 

បន្ទាប់មក លោកពេត្រុសបន្ថែមថាប្រសិនបើសាសន៍យូដានឹង ប្រែចិត្តនោះព្រះនឹងចាត់ព្រះគ្រីស្ទឲ្យមកឯ គេ។ ​គាត់សំដៅលើការយាងមកវិញជាលើកទីពីររបស់ព្រះយេស៊ូវុះនៅពេលដែលព្រះអង្គយាងត្រឡប់មក វិញ ដើម្បីនិងគ្រងរាជ្យលើផែនដីដោយសេចក្តីសុចរិត។ លោកពេត្រុសលើកឡើងថា ប្រសិនបើ សាសន៍យូដា ក្នុងនាមជាជាតិសាសន៍មួយបានធ្វើការប្រែចិត្ត ព្រះវរបិតាដ៏ជាព្រះនឹងចាត់ ព្រះយេស៊ូវឲ្យយាងមកវិញដោយសិរីរុងរឿង។ ​

 

ដែល​ស្ថាន‌សួគ៌​ត្រូវ​ទទួល ដរាប​ដល់​គ្រា​តាំង​របស់​ទាំង​អស់​ឡើង​វិញ ដែល​ព្រះ​បាន​មាន​បន្ទូល ​ប្រាប់​ពី​គ្រា​នោះ ដោយ‌សារ​មាត់​នៃ​ពួក​ហោរា​បរិសុទ្ធ​របស់​ទ្រង់ តាំង​ពី​បុរាណ​មក

 

៣:២១ ព្រះយេស៊ូវនឹងយាងត្រឡប់មកផែនដីវិញបន្ទាប់ពីដំណឹងល្អត្រូវបានប្រកាសនៅគ្រប់ ជាតិសាសន៍ទាំងអស់ (ម៉ាថាយ ២៤:១៤) ហើយអ៊ីស្រាអែលប្រែចិត្តហើយទទួលបានសេចក្តីសង្រ្គោះ (រ៉ូម ១១:២៥-២៦)។ រហូតដល់ពេលនោះ ព្រះអង្គនឹងគង់នៅស្ថានសួគ៌ "ដរាប​ដល់​គ្រា​តាំង​របស់​ទាំង​អស់​ឡើង​វិញ"។ ​ការតាំងរបស់​ទាំង​អស់​​ឡើងវិញនេះ នឹងកើតមានឡើងនៅក្នុងពេលដែលព្រះអង្គយាង ត្រឡប់មកវិញជាលើកទីពីរ នៅពេលដែលព្រះអង្គនឹងរំដោះអស់ទាំងរបស់ដែលទ្រង់បានបង្កើតមក ឲ្យរួចពីចំណងនិងសេចក្តីពុករលួយ ហើយតាំងឲ្យមានស្ថានសួគ៌ហើយផែនដីថ្មីដែលគ្រប់ល័ក្ខណ៍ (ម៉ាថាយ​១៩:២៨; រ៉ូម ៨:១៨-២៣; ហេព្រើរ ២:៥-៨)។ 

 

ដ្បិត​លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍​ដល់​ពួក​ឰយុកោ​ថា «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​បង្កើត​ហោរា​ម្នាក់ ពី​បង​ប្អូន​អ្នក​រាល់​គ្នា​មក ឲ្យ​ដូច​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ហោរា​នោះ ក្នុង​គ្រប់​ការ​ទាំង​អស់ ដែល​លោក​នឹង​ប្រាប់​មក​ចុះ 

 

៣:២២​​ លោកពេត្រុសទើបតែបាននិយាយថាព្រះយេស៊ូវនឹងគង់នៅឯស្ថានសួគ៌រហូតដល់ពេល ដែលគ្រប់យ៉ាងដែលព្រះបានមានបន្ទូលដោយសារពួកហោរាព្រះអង្គកើតមានឡើង។ ​ពេលនេះ លោកពេត្រុសដកស្រង់សេចក្តីប្រកាសរបស់លោកម៉ូសេដែលជាហោរារបស់អ៊ីស្រាអែលដំបូងគេបង្អស់។លោកម៉ូសេបានប្រាប់ដល់ប្រជាជនអ៊ីស្រាអែលថាថ្ងៃមួយព្រះនឹងបង្កើតឲ្យមានហោរាម្នាក់ឲ្យបានដូចជាគាត់ដែលពួកគេត្រូវតែស្តាប់តាមហោរានោះ (ចោទិយកថា ១៨:១៥)។ ពួកសាសន៍យូដាបានដឹងថា ការនេះគឺសំដៅលើព្រះមែស្ស៊ី។​

ឯ​អស់​អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​តាម​វិញ នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​សាសន៍​ខ្លួន​ចេញ» 

 

៣:២៣ លោកពេត្រុសដាស់តឿនពួកសាសន៍យូដាអំពីការជំនុំជំរះប្រសិនបើគេមិនព្រមស្តាប់តាម ព្រះយេស៊ូវនោះ ដែលជាហោរាមួយនោះដែលលោកម៉ូសេបានលើកឡើង។​ ប្រសិនបើមានអ្នកណាម្នាក់ មិនបានស្តាប់តាមព្រះយេស៊ូវនឹងត្រូវកាត់ចេញពីរាស្រ្តរបស់ព្រះ (លេវីវិន័យ ២៣:២៩)។ ការនេះបង្ហាញដល់យើងទាំងអស់គ្នាថាដើម្បីឲ្យបានធ្វើជារាស្រ្តរបស់ព្រះមិនមែនមានន័យជាការដែលធ្វើជាសាសន៍យូដានោះឡើយ ប៉ុន្តែផ្ទុយទៅវិញប្រជារាស្រ្តនៃព្រះគឺជាអស់អ្នកដែលមានសេចក្តីជំនឿលើ ព្រះយេស៊ូវ។​

 

ពួកសាសន៍យូដាទាំងនេះមិនបានស្តាប់តាមព្រះយេស៊ូវនៅពេលដែលព្រះចាត់ទ្រង់ឲ្យមកឯពួកគេ។ ​ពួកគេត្រូវតែស្តាប់តាមនៅពេលនេះនៅពេលដែលព្រះជាម្ចាស់ប្រទានឲ្យពួកគេមានឳកាសទីពីរ។ ​ប្រសិនបើពួកគេមិនស្តាប់ទេនោះ ពួកគេនឹងត្រូវកាត់ចេញពីរាស្រ្តរបស់ព្រះជាម្ចាស់មិនខានឡើយ ដូចជា  មែកដែលត្រូវកាត់ចេញពីដើមយ៉ាងដូច្នោះដែរ (រ៉ូម ១១:១៧-២៤)។​

 

ហើយ​អស់​ទាំង​ហោរា ចាប់​តាំង​ពី​លោក​សាំយូ‌អែល គឺ​អស់​អ្នក​ដែល​បាន​ទាយ​ត​មក ក៏​បាន​ប្រាប់​ជា​មុន​ពី​គ្រា​នេះ​ដែរ 

 

៣:២៤ ក្រោយលោកម៉ូសេ ពួកហោរានៅក្នុងព្រះគម្ពីរសញ្ញាចាស់ទាំងអស់ប្រកាសពីថ្ងៃនៃព្រះមែស្ស៊ី​។ លោកសាំយូអែល គឺជាហោរាដែលបានចាក់ប្រេងតាំងដាវីឌជាស្តេចហើយបានប្រកាសអំពីការតាំងរាជ្យ របស់ទ្រង់ ​(២ សាំយូអែល​ ៧:១០-១៦; ១ សាំយូអែល ១៣:១៤; ១៦:១៣)។ សេចក្តីសន្យាចំពោះដាវីឌទាំងនេះត្រូវបានសម្រេចនៅក្នុងព្រះយេស៊ូវ​ ​(កិច្ចការ ១៣:៣៣-៣៤)។​ 

 

អ្នក​រាល់​គ្នា​ជា​ដំណ​វង្ស​នៃ​ពួក​ហោរា នឹង​សេចក្ដី​សញ្ញា ដែល​ព្រះ​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា ដោយ​មាន​បន្ទូល​នឹង​លោក​អ័ប្រា‌ហាំ​ថា «អស់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ពូជ​ឯង»

៣:២៥ ​ពួកសាសន៍យូដាគឺជា “ដំណ​វង្ស​នៃ​ពួក​ហោរា នឹង​សេចក្ដី​សញ្ញា ដែល​ព្រះ​បាន​តាំង​នឹង​ពួក​ឰយុកោ​ យើង​រាល់​គ្នា”។  ព្រះបានតាំងសេចក្តីសញ្ញាជាមួយនឹងឰយុកោរបស់ពួកគេ លោកអ័ប្រាហាំ។ ព្រះបានសន្យាថាដោយសារ​ “ពូជ” របស់គាត់ គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរ។​ពាក្យថា “ពូជ”​ ជាឯកវចនៈ មិនមែនជាពហុវចនៈនោះឡើយ ហើយជាការចង្អុលសំដៅទៅកាន់មនុស្សម្នាក់។ វាគឺដោយសារតែពូជពិសេសម្នាក់របស់លោកអ័ប្រាហាំ ដែលព្រះបានសន្យាថានឹងប្រទានពរដល់អស់ទាំងគ្រួសារនៅលើផែនដីនឹងត្រូវបានសម្រេច។ ពូជនោះគឺព្រះយេស៊ូវ,​ជាចំនុចដែលោកប៉ុលបានលើកឡើងនៅក្នុង កាឡាទី​ ៣:១៦។​

 

ព្រះយេស៊ូវ នៅក្នុងភាពជាមនុស្សរបស់ទ្រង់ ទ្រង់គឺជាពូជពង្សរបស់លោក អ័ប្រាហាំ (ម៉ាថាយ ១:២-១៦)។ នៅពេលដែលព្រះរាជបុត្រារបស់ព្រះដ៏គង់នៅអស់កល្បជានិច្ច បានក្លាយ ជាមនុស្ស ទ្រង់បានចូលមកក្នុងខ្សែស្រឡាយពូជពង្សរបស់លោកអ័ប្រាហាំ។ អស់អ្នកណា ដែល ទុកចិត្តទៅលើទ្រង់ ជីវិតរបស់ពួកគេត្រូវបានរក្សាទុក “នៅក្នុងព្រះគ្រីស្ទ”។ ដោយសារការនេះ ពួកគេត្រូវបានរាប់បញ្ចូល ទៅក្នុងខ្សែស្រឡាយរបស់លោកអ័ប្រាហាំដែរ ហើយទទួលមរតកនៃ សេចក្តីសន្យា ដែល បានសន្យានឹងលោកអ័ប្រាហាំ។ ដូច្នេះ សេចក្តីសន្យានៃការប្រទានពរទៅកាន់ មនុស្សនៃគ្រប់ជាតិសាសន៍ត្រូវបានសម្រចនៅក្នុងព្រះយេស៊ូវ។ 

រីឯ​ដែល​ព្រះ​បាន​តាំង​ព្រះ‌យេស៊ូវ ជា​អ្នក​បំរើ​ទ្រង់​ឡើង នោះ​គឺ​សំរាប់​អ្នក​រាល់​គ្នា​ជា​ដើម ហើយ​ក៏​ចាត់​ទ្រង់​មក ដើម្បី​នឹង​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដោយ​បង្វែរ​អ្នក​រាល់​គ្នា​ពី​សេចក្ដី​អាក្រក់​របស់​ខ្លួន​ចេញ។

 

៣:២៦​​ ពូជរបស់លោកអ័ប្រាហាំគឺជាអ្នកបំរើនៃព្រះ។ ព្រះអង្គត្រូវបានចាត់ឲ្យមកដល់ពួកសាសន៍យូដាជា ដំបូងដើម្បីឲ្យពួកគេបានពរ។ ​ដូច្នេះហើយលោកពេត្រុសបានសង្ខេបសេចក្តីប្រកាសរបស់គាត់ថាប្រសិនបើ ពួកសាសន៍យូដានឹងបានធ្វើការប្រែចិត្ត ហើយស្តាប់តាមព្រះយេស៊ូវពួកគេនឹងទទួលមរដកព្រះពរ ដែលបានសន្យាជាមួយលោកអ័ប្រាហាំជាមិនខាន (លោកុប្បត្តិ ​១២:៣, ២២:១៨)។ 

តើព្រះពរនោះជាអ្វី?​ ចម្លើយនោះគឺជាសេចក្តីសុចរិត ជាការដែលពួកគេនឹងមានទំនាក់ទំនងត្រឹមត្រូវជាមួយ នឹងព្រះ។​ សេចក្តីសុចរិតគឺជាព្រះពរដែលព្រះប្រទានដល់លោកអ័ប្រាហាំពេលដែលគាត់ជឿលើទ្រង់ ​(លោកុប្បត្តិ ១៥:៦)។​​ សេចក្តីសុចរិតគឺជាព្រះពរដែលព្រះយេស៊ូវប្រទានដល់អស់អ្នកដែលមានសេចក្តីជំនឿ លើព្រះអង្គ ។ ព្រះពរដែលព្រះអង្គប្រទានឲ្យនោះគឺជាការដែលបង្វែរយើងចេញពីសេចក្តីអាក្រក់ ហើយនាំយើងឲ្យបានវិលត្រឡប់មករកព្រះនៅក្នុងជីវិតថ្មីដែលសុចរិត។​

ព្រះយេស៊ូវគឺជាអ្នកបំរើនៃព្រះដែលហោរាអេសាយបានទាយទុក ជាហោរាដែលលោកម៉ូសេបានប្រកាស ជាវង្សហ្លួងដាវីឌដែលហោរាសាំយូអែលបានប្រកាស និងជាពូជរបស់លោកអ័ប្រាហាំដែលដោយសារ ព្រះអង្គ អស់ទាំងគ្រួសារនៅលើផែនដីមានពរ។​ ព្រះអង្គគឺជាមួយអង្គដែលបង្វែរអស់អ្នកដែលទុកចិត្តលើ ទ្រង់ចេញពីអំពើបាប ហើយដឹកនាំគេឲ្យបានដើរតាមផ្លូវដែលសុចរិត។​

មនុស្សខ្វិនដែលនៅខាងមុខខ្លោងទ្វារស្អាតចង់បានអ្វីម៉្យាង (លុយ) ប៉ុន្តែព្រះសព្វព្រះទ័យក្នុងការប្រទានឲ្យ គាត់នូវអ្វីដែលល្អប្រើសលើងជាងទៅទៀត (ជាការប្រោសឲ្យជាស្រឡះ)។ សេចក្តីពិតសម្រាប់ពួកសាសន៍ យូដាក៏ដូចគ្នាដែរចំពោះអ្វីដែលលោកពេត្រុសបានប្រកាសប្រាប់ដល់គេ។​ ពួកគេចង់បានព្រះមែស្ស៊ី ដែល ដឹកនាំនយោបាយនិងទាហានដើម្បីនឹងរំដោះគេឲ្យមានសេរីភាព ហើយជាប្រទេសដែលមានភាពរុងរឿង។​ ប៉ុន្តែព្រះសព្វព្រះទ័យនៅក្នុងការប្រទានដល់ពួកគេដែលវិសេសខ្ពស់លើសអស់ទៅទៀត គឺជាព្រះមែស្ស៊ី ដែលសង្រ្គោះពួកគេចេញពីអំពើបាបហើយប្រទានឲ្យពួកគេមានសេចក្តីសុចរិត។​ ការនេះបង្ហាញយើងទាំង អស់គ្នាពីសារៈសំខាន់នៃការដែលទន្ទឹងរង់ចាំអ្វីដែលត្រឹមត្រូវពីព្រះជាម្ចាស់។​

ការណែនាំ
bottom of page