
កាលបានសំរេចឲ្យយើងខ្ញុំចុះសំពៅចេញទៅឯស្រុកអ៊ីតាលី នោះគេក៏ប្រគល់ប៉ុល នឹងអ្នកទោសខ្លះទៀត ដល់មេទ័ពរងម្នាក់ ឈ្មោះយូលាស ក្នុងកងទ័ពអូគូស្ទ
២៧:១ យើងបានឃើញពាក្យថា “យើងខ្ញុំ” ចាប់ផ្តើមនៅក្នុងផ្នែកនេះ (សូមមើលចំនុច ១៦:១០) ដែលបង្ហាញថា លោកលូកានៅជាមួយនឹងលោកប៉ុល។ លោកលូកាបានវិលត្រឡប់មកពីក្រុង ភីលីព មកឯក្រុងយេរូសាឡិមជាមួយនឹងលោកប៉ុលវិញ (២០:៦-២១:១៧) ហើយបាននៅជាមួយគាត់នៅក្នុង រយៈពេលជាប់គុកពីរឆ្នាំនៅក្រុងសេសារានេះ។ លោកលូកាប្រហែលជាបានចំណាយពេលពីរឆ្នាំនេះ ដើម្បី នឹងប្រមូលពត៌មានពីពួកគ្រីស្ទានដំបូងនៅក្នុងការកត់ត្រាដំណឹងល្អរបស់គាត់ហើយបទគម្ពីរកិច្ចការនេះ។
លោកប៉ុលបានស្នើររើក្តីទៅចំពោះសេសារ ដូច្នេះហើយ លោកភេស្ទុសជាចៅហ្វាយក្រុងរបស់រ៉ូម បានរៀបចំគាត់នៅក្នុងការបញ្ជូនគាត់ទៅក្រុងរ៉ូម។ លោកប៉ុលត្រូវបានបញ្ជូនទៅក្រោមការឃុំគ្រងរបស់ កងទាហានរ៉ូមដែលត្រូវបានហៅថាកងទ័ព អូគូស្ទ ហើយក្រោមការដឹកនាំរបស់លោកមេទ័ពរង យូលាស។ក្រុមកងទ័ពនេះនាំយកអ្នកទោសដែលជាពួកអ្នកទោសជាប់មានទោសស្លាប់ឲ្យទៅស្លាប់នៅក្នុង កីឡាប្រយុទ្ធនៅក្នុងក្រុងរ៉ូម ដើម្បីនឹងជាទស្សនីយភាពដល់ហ្វូងមនុស្ស។
យើងចុះសំពៅ១ពីស្រុកអាត្រាមីត ដែលរៀបនឹងបើកទៅតាមឆ្នេរសមុទ្រស្រុកអាស៊ី ហើយក៏បើកទៅមានទាំងអើរីស្តាក ជាសាសន៍ម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច ទៅជាមួយផង
២៧:២ ដោយព្រោះតែគ្មានសំពៅដែលចុះទៅក្រុងរ៉ូមដោយផ្ទាល់ពីក្រុងសេសារានោះ លោកយូលាស ហើយនឹងពួកអ្នកទោសរបស់គាត់បានចុះសំពៅពីស្រុកអាត្រាមីត ដែលកំពុងតែវិលត្រឡប់ ទៅកំពុងតែនៅក្នុងស្រុកវិញ។ ចាប់ពីទីនោះ ពួកគេអាចប្តូរទៅសំពៅធំជាងនោះដើម្បីឲ្យបាននាំយក ពួកគេទៅស្រុកអ៊ីតាលី។ ការរំពឹងសម្រាប់ការធ្វើដំណើរនោះគឺរយៈពេលប្រាំអាទិត្យ។
លោកលូកាបានបញ្ជាក់ថាអើរីស្តាក ដែលជាអ្នកស្រុកម៉ាសេដូន ពីក្រុងថែស្សាឡូនីច បានចូលរួមជាមួយ នឹងគាត់ ហើយនឹង លោកប៉ុល ក្នុងការធ្វើដំណើរដែរ។ អើរីស្តាកត្រូវបានចាប់ខ្លួនដោយហ្វូងមនុស្ស ក្នុងពេលដែលមាន ភាពវឹកវរនៅក្នុងក្រុងអេភេសូរ (១៩:២៩) ,កំពុងតែរួមដំណើរជាមួយលោកប៉ុលទៅ កាន់ក្រុងយេរូសាឡិម ដែលមានទាំងប្រាក់ដែលប្រមូលបានសម្រាប់ពួកជំនុំនៅទីនោះ (២០:៤)។ គាត់នឹងធ្វើដំណើរ រហូតដល់ក្រុងរ៉ូមជាមួយនឹងលោកប៉ុលហើយនឹងនៅជាមួយគាត់ក្នុងរយៈពេល ដែលជាប់ឃុំឃាំងនៅទីនោះ (កូឡូស ៤:១០; ភីលេម៉ូន ២៤)។
ដល់ថ្ងៃស្អែក យើងបានចូលទៅចតនៅក្រុងស៊ីដូន នោះយូលាសបានប្រព្រឹត្តនឹងប៉ុលដោយសប្បុរស បានបើកឲ្យគាត់ទៅសួរពួកសំឡាញ់ នឹងទទួលរបស់អ្វីដែលគេជូនដល់គាត់ដែរ
២៧:៣ សំពៅបានចេញទៅក្រុងស៊ីដូនដែលមានចំងាយប្រមាណជា ១១៣ គីឡូម៉ែត្រពីភាគជើងក្រុង សេសារា។ មេកងទាហានរ៉ូមបានប្រព្រឹត្តនឹងលោកប៉ុលដោយសេចក្តីសប្បុរស ហើយបានបើកឲ្យគាត់ មានសេរីភាពខ្លះដោយព្រោះតែលោកប៉ុលមិនជាប់មានទោសណាមួយនោះឡើយ ប៉ុន្តែ គ្រាន់តែ ជាសាសន៍រ៉ូមម្នាក់ដែលរង់ចាំការជំនុំជំរះក្តីនៅចំពោះសេសារតែប៉ុណ្ណោះ។ លោកប៉ុលត្រូវបានអនុញ្ញាតឲ្យ បានទៅសួរសុខទុក្ខដល់ពួកគ្រីស្ទាននៅក្នុងក្រុងស៊ីដូនដែលបានផ្តល់អាហារនិងរបស់របរសម្រាប់ការធ្វើដំណើរ។
យើងបើកពីទីនោះ សសៀរតាមកោះគីប្រុសទៅ ដោយព្រោះច្រាសខ្យល់ ក្រោយដែលបានឆ្លងកាត់ សមុទ្រក្បែរស្រុកគីលីគា នឹងស្រុកប៉ាមភីលាផុតហើយ ក៏មកដល់មីរ៉ា នៅក្នុងស្រុកលូគា
២៧:៤-៥ ចាប់ពីក្រុងស៊ីដូន(បច្ចុប្បន្នប្រទេស លេបាណន់) ទៅកាន់ មីរ៉ា (បច្ចុប្បន្នប្រទេសទួគី) គឺមាន ចំងាយ ៨០០ គីឡូម៉ែត្រ ហើយមានរយៈពេលប្រមាណជា ១៥ថ្ងៃនៃការជិះទូក។
នៅទីនោះ មេទ័ពរកបានសំពៅ១ មកពីក្រុងអ័លេក្សានទ្រា ដែលទៅស្រុកអ៊ីតាលី ក៏ឲ្យយើងជិះទៅ
២៧:៦ នៅក្នុងស្រុកមីរ៉ា មានសំពៅធំមួយដែលកំពុងតែដឹកស្រូវពីក្រុងអ័លេក្សានទ្រានៅក្នុងប្រទេស អេស៊ីព្ទទៅកាន់ស្រុកអ៊ីតាលី។ ប្រទេសអេស៊ីព្ទគឺជាប្រភពដ៏ធំនៃការផ្គត់ផ្គង់ស្រូវអង្ករដល់ចក្រភពរ៉ូម ហើយរ៉ូមតែងតែប្រើប្រាស់សំពៅ ដើម្បីដឹកជញ្ជូនស្រូវអង្ករទៅក្រុងរ៉ូម។ ដូច្នេះហើយ លោកមេទ័ពរង យូលាសបានរៀបចំឲ្យម្ចាស់សំពៅនាំយកពួកទាហាននិងអ្នកទោសចុះសំពៅសម្រាប់ការធ្វើដំណើរទៅក្រុងអ៊ីតាលី។
កាលបើកបន្តិចៗទៅជាយូរថ្ងៃ ក៏មកទន្ទឹមនឹងគ្នីដុស ដោយពិបាកណាស់ ពីព្រោះខ្យល់មិនស្រួលសោះ នោះយើងបើកសសៀរចូលទៅ តាមកោះក្រេត ទល់មុខនឹងជ្រោយសាលម៉ូន
២៧:៧ សំពៅធំដឹកស្រូវចេញយឺតៗពីស្រុកមីរ៉ាទៅកាន់គ្នីដុស ដោយសារតែខ្យល់បានធ្វើឱ្យការធ្វើដំណើ រពិបាក។ បន្ទាប់ពីទៅដល់គ្នីដុស សំពៅអាចនឹងមិនបានទៅឆ្ងាយឆ្ពោះ ទៅភាគខាងលិចឡើយ ដោយព្រោះតែមានខ្យល់ខ្លាំង។ ដូច្នេះហើយ ពួកគេបែរទៅភាគខាងត្បូង ហើយចេញសំពៅទៅ កោះក្រេតវិញ។
បើកទៅតាមកោះនោះ ដោយពិបាកណាស់ ក៏ដល់កន្លែង១ហៅថា ទ្វារសមុទ្រលំអ ដែលនៅជិតក្រុងឡាសេ។
២៧:៨ សំពៅបានបន្តក្នុងការធ្វើដំណើរដោយពិបាក ហើយបានទៅដល់ដែនជំរកនៅឆ្នេរតូចមួយ ដែលត្រូវបានហៅថាហ្វែរ ហាវេនស៍ នៅភាគខាងត្បូងនៃឆ្នេរកោះក្រេត។
លុះបានកន្លងមកជាយូរថ្ងៃ កាលសំពៅណាបើកទៅនឹងមានអន្តរាយ ពីព្រោះបុណ្យតមបានកន្លងហើយ នោះប៉ុលទូន្មានគេថា អ្នករាល់គ្នាអើយ បើបើកទៅឥឡូវ ខ្ញុំយល់ឃើញថា នឹងមានអន្តរាយ ហើយខូចខាតជាច្រើន មិនត្រឹមតែទំនិញ នឹងសំពៅប៉ុណ្ណោះទេ គឺដល់ទាំងជីវិតយើងរាល់គ្នាផង
២៧:៩-១០ “បុណ្យតម” គឺជា ថ្ងៃឲ្យបានធួននឹងបាប។ នៅក្នុងឆ្នាំ ៥៩ គ,ស ថ្ងៃឲ្យបានធួននឹងបាប បានកើតឡើង ក្នុងថ្ងៃទី ៥ ខែតុលា។ ដោយព្រោះតែមានខ្យល់ខ្លាំងហើយព្យុះផងនោះ ការដែលចុះសំពៅទៅក្នុងសមុទ្រមេឌីទែរីណេ ត្រូវបានរាប់ថាជាការប្រថុយអំឡុងក្រោយពាក់កណ្តាលខែ កញ្ញា។ ចាប់តាំងពីពាក់កណ្តាលខែ វិច្ឆការ រាល់ការចុះទូកទៅក្នុងសមុទ្រត្រូវចូលចតរហូតផុតរដូវរងា (ដែលរាប់ចាប់ពីដើមខែមីនា)។
នៅក្នុងបទគម្ពីរកិច្ចការ លោកប៉ុលបានធ្វើដំណើរអស់រយៈចំងាយ ៥,៨០០គីឡូម៉ែត្រនៅក្នុង សមុទ្ររួចទៅហើយ។ គាត់បានចុះទូកនៅក្នុងសមុទ្រមេឌីទែរីណេជាច្រើនដងច្រើនសារ ហើយបានដឹងពីគ្រោះថ្នាក់នៃការបន្តការធ្វើដំណើរ។ យើងបានដឹងពី ២ កូរិនថូស ១១:២៥-២៦ ថាលោកប៉ុលបានជួបប្រទះនឹងការលិចទូកបីដង។ ដូច្នេះហើយគាត់ដាស់តឿនគេពីគ្រោះថ្នាក់នៃ ការចេញសំពៅនៅក្នុងពេលនេះនៅក្នុងឆ្នាំនេះហើយ ផ្តល់យោបល់ដល់ពួកគេថាគួរតែរង់ចាំ ហើយស្នាក់នៅហ្វែរ ហាវេនស៍ ក្នុងរដូវរងានេះសិន។
ប៉ុន្តែ មេទ័ពបានទុកចិត្តនឹងអ្នកកាន់ចង្កូត ហើយនឹងម្ចាស់សំពៅ ជាជាងពាក្យដែលប៉ុលថានោះវិញ
២៧:១១ ដោយព្រោះតែសំពៅគឺជាផ្នែកមួយនៃលំហូរស្រូវអង្កររបស់រ៉ូមនោះ លោកយូលាសគាត់ជា អ្នកគ្រប់គ្រង ហើយគាត់ពិបាកនៅក្នុងការធ្វើការសម្រេចចិត្ត។ គ្រាដែលរដូវរងាឈានចូលមក អាកាសធាតុ កាន់តែមានគ្រោះថ្នាក់នៅក្នុងការធ្វើដំណើរ។ ប៉ុន្តែហ្វែរ ហាវេនស៍គឺជាឆ្នេរ ដែលបើកចំហល្វឹងល្វើយ ហើយមិនអាចនឹងផ្តល់ការ ការពារពីអាកាសធាតុអាក្រក់ ចំពោះសំពៅដែលអាចនឹងសំចត នៅក្នុងកំពង់ផែ រយៈពេលបីខែបាននោះឡើយ។ លើសពីនេះ ក្រុងនោះតូច ហើយមានមនុស្ស២៧៦ នាក់ដែលនៅលើទូក ដែលត្រូវការទីជម្រក។ ដូច្នេះហើយ លោកយូលាសបានសូមយោបល់ពីអ្នកកាន់ចង្កូត ហើយនឹងម្ចាស់ទូក។
ហើយដោយព្រោះទ្វារសមុទ្រនោះមិនស្រួលនឹងសំណាក់នៅក្នុងរដូវរងាផង បានជាច្រើនគ្នាគេទូន្មានឲ្យ បើកចេញពីទីនោះទៅ ដើម្បីនឹងស្រូតទៅឯភេនីច ហើយឲ្យស្នាក់នៅក្នុងរដូវរងាវិញ បើសិនជាបាន នោះជាទ្វារសមុទ្រនៅកោះក្រេត ដែលបែរទៅទិសនិរតីនឹងទិសពាយព្យ
២៧:១២ អ្នកកាន់ចង្កូត និងម្ចាស់ទូកបានយល់ស្របថាការដែលធ្វើដំណើរទៅស្រុកអ៊ីតាលីនោះពិតជា គ្រោះថ្នាក់ណាស់ ប៉ុន្តែពួកគេបានដឹងថាមានកំពង់ផែមួយទៀតដែលនៅកោះក្រេតឈ្នោះថាភេនីច ដែលមានចំងាយត្រឹមតែ ៦០គីឡូម៉ែត្រប៉ុណ្ណោះ។ ការធ្វើដំណើរនេះជាធម្មតាចំណាយពេលត្រឹមតែមួយ ថ្ងៃប៉ុណ្ណោះ។ ដោយព្រោះតែកំពង់ផែ ហ្វែរ ហាវេនស៍ មិនអាចផ្តល់ការ ការពារបាននោះ ពួកគេបានគិតថាភេនីចគឺជាកន្លែងដែលប្រសើរជាងសម្រាប់ការស្នាក់នៅក្នុងរដូចរងា។ ដូច្នេះហើយលោកមេទ័ពរងបានបដិសេធយោបល់របស់លោកប៉ុលចំពោះការស្នាក់នៅ ហ្វែរ ហាវេនស័ ហើយសម្រេចចិត្តនៅក្នុងការធ្វើដំណើរខ្លីទៅកាន់ភេនីច។
ដូច្នេះ កាលមានខ្យល់បក់រំភើយៗមកពីទិសខាងត្បូង នោះគេស្មានថាបានដូចចិត្តហើយ ក៏ស្រាវយុថ្កាឡើង បើកទៅតាមក្បែរកោះក្រេត
២៧:១៣ នៅពេលដែលខ្យល់បក់រំភើយៗពីទិសខាងត្បូង ពួកគេបានគិតថាជាស្ថានភាពល្អនៅក្នុង ការធ្វើដំណើរទៅកាន់ ភេនីច ដូច្នេះហើយពួកគេបានចេញដំណើរទៅ។
តែក្រោយមកបន្តិច នោះមានធ្លាក់ខ្យល់ព្យុះកំណាច ដែលហៅថា ខ្យល់អ៊ើរ៉ាគ្លីដូន មកប៉ះនឹងសំពៅ
២៧:១៤ ប៉ុន្តែភ្លាមនោះស្រាប់តែមានការផ្លាស់ប្តូរអាកាសធាតុភ្លាមៗ។ ខ្យល់ដែលបក់មករំភើយៗមកពី ទិសខាងត្បូងបានប្រែទៅជាបក់គំហុកខ្យល់ខ្លាំងពីទិសខាងជើង ដែលបោកបក់សំពៅចេញពីទិដៅ របស់គេដែលទៅភេនីច។
ហើយយើងបំបែរក្បាលសំពៅទៅចំខ្យល់ពុំបាន នោះក៏ទុកឲ្យបណ្តោយតាមខ្យល់ទៅ
២៧:១៥ ពួកគេបានដឹងថាពួកគេមិនអាចនឹងធ្វើដំណើរបញ្ច្រាសខ្យល់បានឡើយ ដូច្នេះហើយ ពួកគេបានឈប់ព្យាយាមបំបែរក្បាលសំពៅ ហើយបណ្តោយតាមខ្យល់ឲ្យបក់សំពៅទៅតាម ខ្យល់ដែលចេញឆ្ងាយពីភេនីច។
បានសសៀរទៅតាមកោះ១តូច ឈ្មោះក្លូដេ ហើយលើកទូកចងដោយពិបាកណាស់
២៧:១៦ ក្លូដេគឺជាកោះតូចមួយដែលមានចំងាយ ៣៧ គីឡូម៉ែត្រពី ហ្វែរ ហាវេនស៍។ ក្នុងរយៈពេលខ្លី ពួកគេមានជំរកពីខ្យល់ដោយកោះនេះ ហើយការនេះបានបណ្តាលឲ្យពួកគេចងទូក សង្រ្គោះតូចបាន (ដែលអាចនឹងលេចទឹកពេញ) ដោយត្រូវបានបក់បោកនៅពីក្រោយសំពៅ។
កាលលើកចងស្រេចហើយ គេក៏យកខ្សែពួរចងព័ទ្ធសំពៅ រួចទំលាក់ក្តោងឲ្យរសាត់ទៅតាមខ្យល់ ខ្លាចក្រែងកឿងនឹងផ្នូកខ្សាច់
២៧:១៧ ពួកនាវិកបានចងខ្សែយ៉ាងតឹងនៅជុំវិញគ្រោង ដើម្បីការពារសំពៅពីការដាច់ជាបំណែក ដោយសារខ្យល់និងរលក។ បន្ទាប់មក គ្រាដែលពួកគេកំពុងតែអណ្តែតទៅតាមកម្លាំងខ្យល់ដ៏ខ្លាំងនោះ ពួកគេបានប្រឈមមុខជាមួយនឹងគ្រោះថ្នាក់ថ្មីមួយទៀត នោះគឺ ផ្នូកខ្សាច់ នៅតាមឆ្នេរសមុទ្រនៃអាហ្រ្វិក ខាងត្បូងដែលហៅថា “សឺទិស”។ មានសំពៅជាច្រើនបានត្រូវលិចនៅក្នុង ឆ្នេរសឺទិស ហើយពួកនាវិកមានការភ័យខ្លាច ដូច្នេះហើយពួកគេបានទម្លាក់យុថ្កាដោយព្យាយាម បន្ថយល្បើនរបស់សំពៅ។
ដល់ថ្ងៃស្អែកឡើង យើងទំលាក់ទំនិញចោលចេញ ព្រោះខ្យល់ព្យុះសង្ឃរាបោកប៉ះយើងជាខ្លាំង
២៧:២៨ ថ្ងៃបន្ទាប់ ពួកគេបានបោះទំនិញចោលដើម្បីសម្រាលទំងន់សំពៅ ដែលអាចនឹងជួយ ដល់ការធ្វើដំណើរកាន់តែងាយស្រួលនៅលើរលកសមុទ្រដែលអាចនឹងកាត់បន្ថយការប៉ះទង្គិចសំពៅ។ ដោយព្រោះតែការដឹកជញ្ជូនស្រូវគឺជាគោលបំណងនៃការធ្វើដំណើរ របស់សំពៅនោះ (ហើយជាប្រភពប្រាក់ ចំណូលរបស់ម្ចាស់សំពៅ) ការដែលបោះទំនិញចោលបង្ហាញថាស្ថានភាពនោះគឺពិតជាលំបាកខ្លាំងណាស់។
ហើយដល់ថ្ងៃទី៣ ក៏ចោលគ្រឿងប្រដាប់សំពៅ ដោយដៃខ្លួនយើងទៀត
២៧:១៩ ពីរថ្ងៃក្រោយមក ពួកគេបានបោះចោលគ្រឿងដែលមិនសំខាន់របស់សំពៅដើម្បីសម្រាល ទំងន់សំពៅបន្ថែមទៀត។ សំពៅបានលិចទឹកចូលជាច្រើន ដូច្នេះហើយវាគឺជារឿងចាំបាច់នៅក្នុង ការសម្រាលទំងន់ដើម្បីការពារពីការលិចលង់។
រួចដោយព្រោះមិនឃើញថ្ងៃ ឬផ្កាយជាយូរថ្ងៃ ហើយព្យុះសង្ឃរាមិនចេះអន់ស្រាកសោះ បានជាយើងលែងសង្ឃឹមនឹងរួចជីវិតបាន។
២៧:២០ នៅក្នុងពេលទាំងនេះ ពួកនាវិកបានកំណត់ទិសដៅដោយពន្លឺថ្លៃនៅពេលថ្ងៃឬដោយផ្កាយ នៅពេលយប់។ ប៉ុន្តែពពកខ្មៅដែលកើតឡើងដោយព្យុះបានបាំងពន្លឺថ្ងៃ ហើយនឹងផ្កាយទាំងនោះ ដូច្នេះហើយពួកគេមិនអាចដឹងពីទីតាំងរបស់ពួកគេនោះឡើយ។ ពេលដែលខ្យល់ព្យុះបក់បោកជាច្រើន ថ្ងៃនោះ ពួកនាវិកនិងអ្នកដំណើរលែងមានសង្ឃឹមថា នឹងមានជីវិតរស់នៅហើយ។
កាលគេបានតមអាហារជាយូរថ្ងៃ នោះប៉ុលឈរឡើងនៅកណ្តាលគេនិយាយថា អ្នករាល់គ្នាអើយ គួរតែបានស្តាប់តាមខ្ញុំ ហើយមិនចេញពីកោះក្រេតមក នោះយើងមិនត្រូវអន្តរាយ ហើយខូចខាតដូច្នេះទេ
២៧:២១ នៅក្នុងស្ថានភាពដែលគ្មានសង្ឃឹមយ៉ាងនេះ លោកប៉ុលបានពោលពាក្យកំសាន្តចិត្តដល់ពួកគេ ដោយព្រោះតែគាត់ទទួលបានការកំសាន្តចិត្តពីព្រះដោយការជាក់ស្តែង។ លោកប៉ុលបានក្រើនរំលឹកពួកគេ តែគេមិនបានស្តាប់តាមគាត់ពីមុនឡើយ ហើយជាលទ្ធផលនោះគឺពួកគេស្ថិតនៅក្នុងគ្រោះថ្នាក់បែបនេះ។ មនុស្សត្រូវរបួសដោយសារព្យុះហើយពួកគេបានបាត់បង់ស្រូវទាំងអស់ ដែលធ្វើឲ្យគេខាតបង់ប្រាក់ ជាច្រើន។ ប៉ុន្តែពេលនេះគាត់មានដំណឹងល្អសម្រាប់ពួកគេ។
តែឥឡូវនេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យសង្ឃឹមឡើង ដ្បិតគ្មានពួកអ្នករាល់គ្នាណា១នឹងបាត់ជីវិតទេ ខូចខាតតែសំពៅប៉ុណ្ណោះ
២៧:២២ កាលពីមុន លោកប៉ុលបានទទូចដល់ពួកគេកុំឲ្យចាកចេញពីហ្វែរហាវេនស៍ ហើយរំលឹកគេថា អាចមានការបាត់បង់ជីវិត (ខ១០)។ ការនេះមិនមែនជាសេចក្តីទំនាយនោះឡើយ ប៉ុន្តែវាគឺជា ការក្រើនរំលឹកពីអ្វីដែលអាចនឹងកើតមានឡើងប្រសិនបើពួកគេចេញដំណើរនៅក្នុងអាកាសធាតុអាក្រក់។ ប៉ុន្តែពេលនេះព្រះបានបើកសំដែងដល់លោកប៉ុលពីអ្វីដែលនឹងកើតមានឡើងថា: គ្មានអ្នកណាម្នាក់នៅក្នុង សំពៅដែលនឹងត្រូវស្លាប់ដោយសារព្យុះនោះឡើយ។
ព្រោះយប់មិញ មានទេវតានៃព្រះ ដែលខ្ញុំជាអ្នកបំរើរបស់ទ្រង់ បានមកឈរជិតខ្ញុំប្រាប់ថា ប៉ុលអើយ កុំខ្លាចអ្វីឡើយ ត្រូវឲ្យអ្នកឈរនៅមុខសេសារ ហើយមើល ព្រះទ្រង់បានអនុញ្ញាតឲ្យអស់អ្នក ដែលដើរដំណើរជាមួយនឹងអ្នកដែរ
២៧:២៣-២៤ មូលហេតុដែលលោកប៉ុលដឹងថានឹងមិនមានអ្នកណាម្នាក់បាត់បង់ជីវិតនោះគឺដោយព្រោះតែ ព្រះបានប្រទានការបើកសំដែងដែលមាន ទេវតាមួយបានលេចមកឯគាត់។ ការនេះគឺជា ការជាក់ស្តែង ចុងក្រោយក្នុងចំណោមការជាក់ស្តែងទាំងប្រាំមួយដែលលោកប៉ុលបានទទួលនៅក្នុងបទគម្ពីរកិច្ចការ (៩:៣-៦, ១៦:៩-១០, ១៨:៩-១០, ២២:១៧-១៨, ២៣:១១)។
នៅក្នុងការជាក់ស្តែង ទេវតាបានបញ្ជាក់ថាលោកប៉ុលនឹងបានទៅដល់រ៉ូមដោយសុវត្ថិភាពដោយព្រោះ តែនេះគឺជាផែនការណ៍របស់ព្រះដែលគាត់អាចនឹងឈរនៅចំពោះមុខសេសារហើយធ្វើបន្ទាល់ពីព្រះយេស៊ូវ។ ដូច្នេះហើយ លោកប៉ុលអាចមានទំនុកចិត្តថាគាត់នឹងមានជីវិតរស់រួចពីខ្យល់ព្យុះនៅក្នុងសមុទ្រ។ ប៉ុន្តែលើសពីនេះ គាត់ក៏ត្រូវបានប្រាប់ថាព្រះទ្រង់បានប្រទានពួកអ្នកទាំងឡាយដែលធ្វើដំណើរជាមួយគាត់ ដល់គាត់ហើយ។ ការនេះបញ្ជាក់ថាលោកប៉ុលបានអធិស្ឋានឲ្យពួកអ្នកធ្វើដំណើរ ជាមួយគាត់ទាំងប៉ុន្មាន ហើយថាព្រះបានស្តាប់ឮសេចក្តីអធិស្ឋានរបស់គាត់ហើយបានឆ្លើយតបជាមួយ សេចក្តីអធិស្ឋានរបស់គាត់។
ដូច្នេះ អ្នករាល់គ្នាអើយ ចូរសង្ឃឹមឡើង ព្រោះខ្ញុំជឿព្រះថា ការដែលទ្រង់មានបន្ទូលមកខ្ញុំ នឹងកើតមកដូច្នោះមែន
២៧:២៥ ដោយព្រោះតែទំនុកចិត្តដែលមិនរង្គោះរង្គើនៅលើព្រះជាម្ចាស់បានធ្វើឲ្យគាត់ប្រែក្លាយជា អ្នកដឹកនាំនៅក្នុងស្ថានភាពនេះ ទោះបីជាគាត់ជាអ្នកទោសម្នាក់របស់រ៉ូមក៏ដោយ។ គាត់គឺជាមនុស្ស ដែលមានប្រយោជន៍បំផុតម្នាក់នៅលើសំពៅដោយព្រោះតែគាត់ចេះអធិស្ឋាន ហើយមានសេចក្តីជំនឿលើព្រះ គាត់បានស្តាប់ឮពីព្រះ ហើយគាត់បានប្រកាសពីអ្វីដែលគាត់បានឮដល់មនុស្សទាំងអស់។
ប៉ុន្តែ យើងត្រូវធ្លាក់ទៅលើកោះណាមួយ។
២៧:២៦ ការពិតដែលថាលោកប៉ុលនិយាយថាពួកគេនឹងបានដល់ដីគោក “កោះណាមួយ” បង្ហាញថា គាត់មិនបានដឹងថាកោះណាមួយនោះឡើយ។ ព្រះមិនបានប្រាប់លោកប៉ុលអ្វីគ្រប់យ៉ាង ដែលនឹងកើតមាន ឡើងនោះឡើយ។ លោកប៉ុលត្រូវតែទុកចិត្តថាព្រះទ្រង់ជ្រាបថាកោះណាមួយដែលពួកគេនឹងបានទៅដល់ ទោះបីជាគាត់មិនបានដឹងក៏ដោយ។
ដល់គំរប់១៤យប់ កំពុងដែលយើងរសាត់ទៅមក ក្នុងសមុទ្រអាឌ្រា នោះប្រហែលជាកណ្តាលអធ្រាត្រពួកសំពៅស្មានថា យើងជិតដល់ទីគោកណាមួយហើយ
២៧:២៧ មកទល់ពេលនេះមានរយៈពេលដប់បួនថ្ងៃហើយចាប់តាំងពីថ្ងៃដែលពួកគេបានចាកចេញពី ហ្វែរ ហាវេនស៍ (ខ១៣) ហើយសំពៅត្រូវបានបក់បោកចំងាយ៧៦០គីឡូម៉ែត្រនៅក្នុងសមុទ្រ។ លោកលូកានិយាយថា ពេលនេះពួកគេនៅក្នុង “សមុទ្រអាឌ្រា” ដែលជាឈ្មោះទីកន្លែងកណ្តាល នៃសមុទ្រមេឌីទែរីណេ ដែលនៅចន្លោះកោះក្រេត និងកោះស៊ីស៊ីលី។
លុះបានបោះសំណស្ទង់ទឹកចុះទៅ ក៏ឃើញមានជំរៅ២០ព្យាម រួចទៅបន្តិចទៀតក៏ស្ទង់មើល ឃើញមានតែ១៥ព្យាម
២៧:២៨ ដោយមានទំងន់ដែលជាប់ជាមួយនឹងប្រវែងរបស់ខ្សែដែលគេស្ទង់ជំរៅទឹកសមុទ្រ។ មួយ “ព្យាម” (ὀργυιά) គឺជាការវាស់ប្រវែងដោយរង្វាស់មួយផុតដៃត្រង់របស់មនុស្ស ជាធម្មតារង្វាស់មានប្រវែង ១,៨៥ ម៉ែត្រ។ ការពិតដែលថាជំរៅរបស់ទឹកនោះមានការថយចុះបញ្ជាក់ថាសំពៅកំពុងតែទៅក្បែដីគោក ដូចដែល លោកប៉ុលថានឹងបានធ្លាក់ទៅមែន។
នោះគេទំលាក់យុថ្កា៤ពីខាងកន្សៃ ក្រែងសំពៅទង្គិចប៉ះនឹងថ្ម រួចគេទន្ទឹងចាំភ្លឺឡើង
២៧:២៩ ពួកនាវិកបានដឹងថាពួកគេបានដល់ដីគោកហើយ ប៉ុន្តែពេលនោះពាក់កណ្តាលអាធ្រាត្រហើយ ពួកគេមិនអាចនឹងមើលឃើញនៅពេលងងឹតបានឡើយ ហើយពួកគេមានការភ័យខ្លាចថាទូកនឹងប៉ះទង្គិច ជាមួយនឹងថ្ម។ ដូច្នេះហើយ ពួកគេបានទំលាក់យុថ្កាដើម្បីបញ្ឈប់សំពៅពីការបក់បោក ហើយរង់ចាំរ ហូតដល់ភ្លឺពេលដែលពួកគេអាចមើលឃើញថាពួកគេនៅកន្លែងណា។ សូមកត់សម្គាល់ថា ការគម្រាមកំហែងពីការលិចសំពៅបានធ្វើឲ្យមនុស្សទាំងអស់នេះអធិស្ឋាន។ ពួកគេបានដឹងថាពួកគេត្រូវការ ការអស្ចារ្យពីព្រះ ដើម្បីឲ្យពួកគេបានទៅដល់ដីគោកដោយសុវត្ថិភាព។
ពួកសំពៅក៏សំរូតទូកទំលាក់ទឹក ធ្វើដូចជាចង់ទំលាក់យុថ្កាពីខាងក្បាលដែរ តែគេចង់រត់ចោលសំពៅទេ
២៧:៣០ ពួកនាវិកគិតថាទូកនឹងត្រូវបំផ្លាញជាមិនខានឡើយ ដូច្នេះហើយពួកគេបានធ្វើការសម្រេចចិត្ត ដោយអាត្មានិយមថាឳកាសនៅក្នុងការរស់នៅរបស់ពួកគេនោះគឺជាការបោះបង់ចោលសំពៅនិងពួកអ្នកធ្វើដំណើរចោល ហើយជិះទូកសង្រ្គោះដោយការអុំទូកទៅតែខ្លួនគេទៅកាន់ឆ្នេរ។ ពួកគេសំដែងធ្វើជា ទម្លាក់យុថ្កាពីក្បាលទូក ប៉ុន្តែតាមការពិតពួកគេសំរូតធូកសង្រ្គោះទៅក្នុងសមុទ្រទៅវិញទេ។
នោះប៉ុលនិយាយទៅមេទ័ព នឹងទាហានថា បើពួកនោះមិននៅក្នុងសំពៅ នោះអ្នករាល់គ្នាមិនបានរួចទេ
២៧:៣១ លោកប៉ុលបានដឹងពីអ្វីដែលពួកនាវិកគ្រោងនឹងធ្វើ ហើយបានរារាំងការនោះមិនឲ្យកើត មានឡើង។ គាត់បានប្រាប់ដល់លោកមេទ័ពរងថាប្រសិនបើពួកនាវិកទៅចោលសំពៅនោះ ពួកអ្នកដំណើរ ទាំងអស់នឹងស្ថិតនៅក្នុងគ្រោះថ្នាក់ធំជាមិនខាន ហើយគ្មានអ្នកណាម្នាក់បានរួចជីវិតនោះឡើយ។
ពួកទាហានក៏កាត់ខ្សែឲ្យទូកធ្លាក់ទៅ
២៧:៣២ លោកមេទ័ពរងបានដឹងរួចមកហើយថាការដែលមិនស្តាប់តាមយោបល់របស់លោកប៉ុល គឺជា រឿងល្ងង់ខ្លៅ ដូច្នេះហើយពេលនេះគាត់បានធ្វើតាមអ្វីដែលលោកប៉ុលបានផ្តល់យោបល់ឲ្យ។
លុះដល់ថ្ងៃជិតរះ ប៉ុលក៏ទូន្មានឲ្យគេបរិភោគទាំងអស់គ្នា ដោយពាក្យថា នេះគំរប់១៤ថ្ងៃហើយ ដែលអ្នករាល់គ្នានៅចាំយាម ទាំងតមអាហារ ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យពិសាទៅ ដ្បិតនេះមានប្រយោជន៍ឲ្យអ្នករាល់គ្នាបានរួចជីវិត ព្រោះសក់១សរសៃនៅក្បាលអ្នករាល់គ្នាក៏មិនត្រូវបាត់ផង
២៧:៣៣-៣៤ នៅពេលដែលការធ្វើដំណើរមានភាពងាយស្រួល គ្មាននរណាម្នាក់ស្តាប់តាម លោកប៉ុលនោះឡើយ ប៉ុន្តែពេលនេះ នៅក្នុងពេលដែលមានព្យុះ (ទោះបីជាលោកប៉ុលជាអ្នកទោសម្នាក់ ក៏ដោយ) តែបានទទួលការរ៉ាប់រងបង្គាប់បញ្ជាទូក ហើយធ្វើការសម្រេចចិត្ត ហើយប្រាប់គេពីអ្វីដែលត្រូវធ្វើ។ គាត់បានទូន្មានដល់មនុស្សគ្រប់គ្នាឲ្យបរិភោគអាហារដើម្បីឲ្យគេមានកម្លាំងគ្រប់គ្រាន់សម្រាប់កិច្ចការដែលត្រូវធ្វើដើម្បីឲ្យបានទៅដល់ឆ្នេរ។
ជាថ្មីម្តងទៀត លោកប៉ុលបានបញ្ជាក់ប្រាប់ពួកគេថាពួកគេនឹងបានរួចជីវិត។ គាត់បានប្រាប់ពួកគេថា “សក់១សរសៃនៅក្បាលអ្នករាល់គ្នាក៏មិនត្រូវបាត់ផង” ដែលជាបង្ហាញរបស់សាសន៍ហេព្រើ ដែលមានន័យថា “អ្នកនឹងមិនត្រូវរងទុក្ខអ្វីឡើយ” (១ សាំយ៉ូអែល ១៤:៤៥;២ សាំយ៉ូអែល ១៤:១១; ១ ពង្សាវតាក្សត្រ ១:៥២; ម៉ាថាយ ១០:៣៦; លូកា ២១:១៨)។
កាលនិយាយដូច្នេះហើយ គាត់យកនំបុ័ងមកអរព្រះគុណដល់ព្រះ នៅមុខគេទាំងអស់គ្នា រួចកាច់បរិភោគទៅ
២៧:៣៥ ការដែលកាច់នំប៉័ង ហើយអរព្រះគុណព្រះគឺជាទំនៀមទម្លាប់របស់សាសន៍យូដានៅក្នុង ការសូមពរ មុនពេលដែលបរិភោគអាហារ (លូកា ៩:១៦, ២៤:៣០)។ ដោយសារពាក្យ ហើយនឹង ការប្រព្រឹត្តរបស់គាត់នោះ លោកប៉ុលបានបង្ហាញសេចក្តីជំនឿរបស់គាត់លើព្រះជាម្ចាស់ ដោយការអរព្រះគុណទោះបីជាស្ថិតនៅក្នុងកណ្តាលខ្យល់ព្យុះដ៏មានគ្រោះថ្នាក់ក៏ដោយ។ គាត់ធ្វើយ៉ាង ដូច្នោះនៅចំពោះមុខមនុស្សគ្រប់គ្នាដែលជិះទូកដើម្បីឲ្យគេបានឃើញពីសេចក្តីជំនឿរបស់គាត់លើព្រះ។
គេមានសង្ឃឹមឡើង ហើយក៏បរិភោគទាំងអស់គ្នាដែរ រីឯយើងទាំងអស់ដែលនៅក្នុងសំពៅ នោះមាន២៧៦នាក់
២៧:៣៦-៣៧ ទំនុកចិត្តរបស់លោកប៉ុលចំពោះការរួចជីវិតរបស់ពួកគេហើយនឹងគំរូនៃសេចក្តីជំនឿរបស់ គាត់លើព្រះបានកំសាន្តចិត្តដល់មនុស្សទាំងអស់ឲ្យបានបរិភោគដូចជាគាត់ដែរ។ សេចក្តីជំនឿលោកប៉ុល បានបន្តធ្វើជាប្រភពនៃការកំសាន្តចិត្តដល់ពួកគេ (ដូចដែលនៅក្នុង ខ២២, ខ២៥)។
កាលបរិភោគឆ្អែតហើយ ក៏សំរាលសំពៅចេញ ដោយទំលាក់ស្រូវចុះទៅក្នុងសមុទ្រ។
២៧:៣៨ ពេលដែលគ្រប់គ្នាបានបរិភោគអាហារជាច្រើនបានឆ្អែតហើយនោះពួកគេបានបោះចោលនូវ ស្រូវអង្ករចុងក្រោយដែលមាននៅលើសំពៅ។ គោលបំណងនៃការធ្វើដូច្នេះគឺដើម្បីសម្រាលទំងន់ សំពៅ (ដែលអាចនឹងធ្វើឲ្យសំពៅស្រាលហើយអណ្តែតបានខ្ពស់ជាងមុនពីលើទឹក) ដើម្បីឲ្យពួកគេអាច ចូលទៅកៀកនឹងឆ្នេរកាន់ជិតតាមដែលអាចធ្វើទៅបាន។ ការនេះបង្ហាញថាពួកគេបានទុកចិត្តចំពោះអ្វីដែល លោកប៉ុលបាននិយាយ។ ពួកគេបានទំលាក់ចោលស្រូវអង្គទាំងប៉ុន្មានដែលនៅចុងក្រោយដោយព្រោះតែ ពាក្យដែលគាត់បាននិយាយថាសំពៅនឹងធ្លាក់ដល់ដីគោកយ៉ាងឆាប់ហើយគឺនៅធ្លាក់ទៅលើកោះណាមួយ។ ដូច្នេះហើយ ពួកគេមានទំនុកចិត្តថាពួកគេនឹងទទួលបានអាហារថ្មីទៀតក្នុងពេលឆាប់ៗ។
លុះភ្លឺច្បាស់ហើយ នោះគេមិនបានស្គាល់ស្រុកនោះទេ តែគេឃើញញោច១មានជំរាល រួចគេគិតដំរង់សំពៅឲ្យទៅកឿងនៅទីនោះ បើសិនជាបាន
២៧:៣៩ ដំបូងឡើយពួកគេមិនស្គាល់ស្រុកនោះទេ ប៉ុន្តែពួកគេបានមកដល់កោះម៉ាតា។ ពួកវានាវិកមិនស្គាល់ដំបន់នេះដែលនៅលើកោះម៉ាតានោះឡើយដោយព្រោះតែស្ថិតនៅប៉ែកខាងជើងឈាងខាងកើតដែលមិនមែនជាផ្លូវធ្វើដំណើរតាមសមុទ្រជាទូទៅនោះឡើយ។ ប្រសិនបើគេទៅហួសពីម៉ាតា មិនមានដីគោកណានៅក្នុងចំងាយ ៣២០ គីឡូម៉ែត្ររហូតដល់ឆ្នេរ ទូនេសៀ ហើយគ្មានអ្នកណារំពឹងថា សំពៅនោះអាចនឹងទ្រាំទ្រយូរយ៉ាងនោះឡើយ។ ពួកគេបានឃើញឆ្នេរមួយ ដែលពួកគេចង់ឲ្យសំពៅ ទៅកឿងនៅទីនោះប្រសិនបើអាច។
គេក៏កាត់ពួរយុថ្កាចោលនៅសមុទ្រ រួចស្រាយចង្កូត ហើយលើកក្តោងខាងមុខឲ្យត្រូវខ្យល់ ដំរង់សំពៅទៅឯទីជំរាលនោះ
២៧:៤០ ពួកគេបានសម្រេចចិត្តបន្តដំណើទៅកាន់ដីគោក ហើយកឿងសំពៅទៅលើដីដែលនៅក្បែឆ្នេរ។ ពួកគេកាត់ខ្សែដែលចងយុថ្កាទាំងបួនដែលបានទំលាក់ពីកន្សែង (ខ២៩) ហើយឲ្យយុថ្កាធ្លាក់ទៅក្នុង សមុទ្រ។ ពួកនាវិកបានរៀបចំឲ្យសំពៅរំកិលទៅមុខ ដោយការប្រើក្តោងនិងចង្កូតដើម្បីបង្វែរទិស ហើយពួកគេក៏បន្តទៅកាន់ឆ្នេរ។
សំពៅក៏ចូលទៅកឿងនៅកន្លែងដែលទឹកហូរប្រសព្វគ្នា ហើយក្បាលជ្រមុជជាប់នៅនឹងថ្កល់ តែកន្សៃត្រូវបាក់បែកទៅដោយអំណាចរលក
២៧:៤១ ប៉ុន្តែសំពៅបានកឿងលើដីភក់និងដីឥដ្ឋដែលក្បែនោះហើយក៏ជាប់នៅនឹងថ្កល់។ ទឹករលកខ្លាំងណាស់ដែលបានធ្វើឲ្យសំពៅចាប់ផ្តើមបែកជាបំណែក។ សេចក្តីទំនាយរបស់លោកប៉ុល បានប្រែក្លាយជាការពិត:គឺថា ខូចខាតតែសំពៅរតែប៉ុណ្ណោះ (ខ២២)។ ការដែលខូចខាតសំពៅបង្ហាញពី កម្លាំងទឹករលក។ វាគឺជាស្ថានភាពដ៏មានគ្រោះថ្នាក់និងគួរឲ្យខ្លាច។ មនុស្សទាំងអស់មិនមានសុវត្ថិភាព នៅលើសំពៅទៀតនោះឡើយហើយត្រូវតែចាកចេញភ្លាមៗ។
ឯពួកទាហាន គេចង់សំឡាប់អ្នកទោសទាំងប៉ុន្មានចោលចេញ ដោយខ្លាចក្រែងហែលរត់រួចខ្លះ
២៧:៤២ យោងតាមឆ្បាប់របស់រ៉ូម អ្នកយាមដែលបណ្តោយឲ្យអ្នកទោសរបស់ខ្លួនរត់គេចបាន នឹងទទួលទោសដូចជាទោសដែលអ្នកទោសបានគេចខ្លួននោះត្រូវទទួល ដែលទោសរបស់អ្នកទោស ទាំងនេះភាគច្រើនគឺជាទោសស្លាប់។ ពួកទាហានមានការភ័យខ្លាចថាពួកអ្នកទោសអាចនឹងរត់គេចខ្លួន ប្រសិន បើពួកនាវិកហើយនឹងពួកអ្នកដំណើរហែលទៅកាន់ឆ្នេរ។ ដូច្នេះហើយគេចង់សម្លាប់អ្នកទោស ទាំងអស់ ចោល រួមទាំងលោកប៉ុលដែរ។
តែមេទ័ពចង់ជួយប៉ុលឲ្យរួច បានជាឃាត់គេ មិនឲ្យធ្វើតាមគំនិតនោះឡើយ ក៏បង្គាប់អ្នកណាដែលចេះហែល ឲ្យលោតហែលទៅដល់គោកជាមុន ហើយឲ្យអ្នកដែលនៅសល់ទាំងប៉ុន្មាន តោងបន្ទះក្តារ ឬបំណែកសំពៅបណ្តែតទៅ ដូច្នេះ អ្នកទាំងអស់គ្នាក៏បានដល់គោកដោយសុខសាន្តត្រាណ។
២៧:៤៣ លោកមេទ័ពរងឃាត់ពួកទាហានមិនឲ្យសម្លាប់ពួកអ្នកទោសដោយព្រោះតែគាត់ចង់ជួយជីវិត លោកប៉ុល។ ជាថ្មីម្តងទៀត គឺជាមន្ត្រីរ៉ូមដែលបានសង្រ្គោះដល់ជីវិតសាវក (២១:៣០-៣៣, ២២:១៦- ២៤)។ ហើយជាថ្មីម្តងទៀត ជីវិតរបស់មនុស្សទាំងនេះត្រូវបានសង្រ្គោះដោយព្រោះតែវត្តមាន របស់លោកប៉ុលនៅលើសំពៅ (ខ២១-២៥)។
ព្រះបានធ្វើឲ្យលោកប៉ុលជាទីគាប់ចិត្តនៅក្នុងភ្នែករបស់ លោកមេទ័ពរងរ៉ូម ហើយសេចក្តីគាប់ចិត្តនោះបាន រក្សាជីវិតលោកប៉ុល និងពួកអ្នកទោសទាំងអស់ តាមពាក្យរបស់លោកប៉ុល (ខ២៤)។ ព្រះបន្ទូលព្រះគឺមិន ដែលកន្លងទៅនោះឡើយ។
២៧:៤៤ ការដែលជំលៀសចេញពីសំពៅបានជោគជ័យ។ មនុស្សមួយចំនួនបានហែលទៅកាន់ឆ្នេរ ហើយអ្នកខ្លះទៀតបណ្តែតខ្លួនទៅលើដីដោយតោងជាប់បន្ទះឈើដែលបានដាច់ចេញពីបំណែកសំពៅ។ ដូចដែលលោកប៉ុលបានប្រាប់ជាមុន “មនុស្សទាំងអស់នឹងបានរួចជីវិតទៅដល់ដីគោក”។ ទីកន្លែងដែលទូកបានកឿងនោះសព្វថ្ងៃនេះត្រូវបានហៅថា សេន្តប៉ុល បេរ (ឆ្នេ រសន្តប៉ុល)។
បើទោះបីជាមានខ្យល់ព្យុះដ៏ខ្លាំង ផែនការរត់គេចខ្លួនរបស់នាវិក និងចេតនារបស់ទាហានក្នុងការសម្លាប់ អ្នកទោសក៏ដោយ មនុស្សទាំងអស់បានរួចជីវិត។ ពួកគេបានអស់ក្តីសង្ឃឹមទៅហើយ ប៉ុន្តែនៅក្នុង ចំនុចនិមួយៗ ដែលស្ថានភាពមើលទៅហាក់បីដូចជាលំបាកបំផុតនោះ មានពាក្យកំសាន្តចិត្តចេញពី លោកប៉ុលមក។ យើងបានឃើញពីសារៈសំខាន់ចំពោះការដែលមានមនុស្សបរិសុទ្ធនៅក្នុង ចំណោម យើងទាំងអស់គ្នា ដោយព្រោះតែពួកគេដឹកនាំយើងទៅរកសុវត្ថិភាពយោងតាមបំណងព្រះហឫទ័យព្រះ។ មនុស្សទាំង២៧៦ នាក់ បានរួចជីវិតពីខ្យល់ព្យុះក្នុងសមុទ្រ ហើយគ្មានអ្នកណាម្នាក់ត្រូវរងទុក្ខនោះឡើយ។ គ្រប់គ្នាត្រូវបានសង្រ្គោះ។
មួយភាគបីនៃបទគម្ពីរកិច្ចការ រៀបរាប់ពីការធ្វើដំណើររបស់លោកប៉ុលពីក្រុងយេរូសាឡិមទៅកាន់ក្រុងរ៉ូម (ជំពូក ១៩:២១-២៨)។ ការលំបាកនៃការធ្វើដំណើរបង្ហាញពីចំងាយនៃក្រុងរ៉ូមដែលនៅឆ្ងាយ ហើយព្រះបានការពារលោកប៉ុលនៅក្នុងគ្រប់ទាំងផ្លូវដើម្បីឲ្យបានប្រាកដថាគាត់មានសុវត្ថិភាព។ ក្នុងដំណើរទៅកាន់ទីក្រុងរ៉ូមដោយសារសំពៅនោះ ជីវិតរបស់គាត់មានគ្រោះថ្នាក់នៅក្នុងសមុទ្រ (ខ១៤-២០) ពីពួកនាវិក (ខ៣០-៣១) ពីពួកទាហាន (ខ៤២-៤៣) ដោយលិចសំពៅ (ខ៤១, ៤៤) ហើយក្រោយមកដោយពស់ចឹក (២៨:៣-៦)។ ប៉ុន្តែគ្រប់ពេលទាំងនោះព្រះបានសង្រ្គោះគាត់។ តាមរយៈលោកប៉ុល ព្រះបានបង្ហាញថាមនុស្សរបស់ព្រះអង្គ ធ្វើតាមបំណងព្រះទ័យព្រះអង្គ មិនអាច នឹងត្រូវបញ្ឈប់បានឡើយទោះបីជាឆ្លងកាត់គ្រប់ទាំងការលំបាកដែលនឹងកើតមានឡើងតាមផ្លូវក៏ដោយ។




