top of page

លោកប៉ុលបានរងទ្រាំចំពោះខ្យល់ព្យុះនៅក្នុងសមុទ្រដែលមានភាពខ្លាំងក្លាដែលបានធ្វើឲ្យគ្រប់គ្នាដែលនៅលើសំពៅបោះបង់ក្តីសង្ឃឹមថាពួកគេនឹងរួចជីវិត។ ​នៅចុងបំផុតនៃការធ្វើដំណើរ  លោកប៉ុលបានស្ថិត នៅក្នុងគ្រោះថ្នាក់ពីសំណាក់ទាហានរ៉ូមដែលចង់សម្លាប់ពួកអ្នកទោសទាំងអស់។ ក្រោយមក  ​គាត់បានរួចជីវិតពីការលិចសំពៅ ហើយបានហែលទៅកាន់ឆ្នេរសមុទ្រ។ ​គ្រប់ទាំងការលំបាកទាំងនេះ បានធ្វើឲ្យការធ្វើដំណើរទៅកាន់ក្រុងរ៉ូមសឹងតែមិនអាចនឹងកើតឡើងបាន ប៉ុន្តែការនោះជាបំណងព្រះទ័យ ព្រះចំពោះលោកប៉ុលនៅក្នុងការធ្វើបន្ទាល់ពីព្រះយេស៊ូវនៅក្រុងរ៉ូម ហើយផែនការណ៍របស់ព្រះអង្គមិនអាច នឹងរារាំងបានឡើយ។ ពេលនេះ នៅក្នុងជំពូកចុងក្រោយនៃបទគម្ពីរកិច្ចការ យើងបានអានអំពីរបៀប ដែលព្រះទ្រង់បាននាំលោកប៉ុលឲ្យបានទៅដល់ក្រុងរ៉ូម ដោយសុវត្ថិភាពដូចដែលព្រះអង្គបានសន្យាថា ព្រះអង្គនឹងនាំគាត់ទៅដល់ទីនោះ។ ​

កាល​គេ​បាន​រួច​ជីវិត​ហើយ នោះ​ទើប​ស្គាល់​កោះ​នោះ ថា​ជា​កោះ​មេលីត

២៨:១ នៅពេលដែលសំពៅបែកបាក់ មនុស្ស ២៧៦ នាក់បានហែលទឹក និងបណ្តែតខ្លួនដោយតោង បំណែកសំពៅទៅកាន់ឆ្នេរសមុទ្រ។ ​​ទាល់តែពេលដែលពួកគេបានទៅដល់ឆ្នេរសមុទ្រ ហើយនោះទើប ពួកគេបានដឹងថាពួកគេនៅលើកោះណាមួយ។ ​កោះមេលីត(ម៉ាលតា) មានចំងាយ  ៩៣ គីឡូម៉ែត្រ ភាគខាងត្បូងពីស្រុកស៊ីស៊ីលី។ ​ពួកនាវិកភាគច្រើនស្គាល់ កោះមេលីត (ម៉ាលតា) ប៉ុន្តែជាធម្មតាសំពៅតែងទេចេញពីកំពុងផែធំទៅកាន់ផ្នែកមួយចំហៀងទៀតរបស់កោះនោះ។ 

មនុស្ស​ស្រុក​នោះ​ក៏​ប្រព្រឹត្ត​នឹង​យើង ដោយ​ចិត្ត​សប្បុរស​លើស​ជាង​ធម្មតា គេ​បង្កាត់​ភ្លើង​ទទួល​យើង​ទាំង​អស់​គ្នា ពី​ព្រោះ​ធ្លាក់​ភ្លៀង ហើយ​រងា​ផង

២៨:២ ព្រឹកនោះជាពេលដែលត្រជាក់ ហើយមានភ្លៀង ហើយមនុស្សទាំងអស់ដែលរួចខ្លួនពីសំពៅទទឹក ហើយរងាក្រោយពេលដែលពួកគេបានទៅដល់លើឆ្នេរ។ ​ពួកអ្នកកោះមេលីត (ម៉ាលតា) បានទទួលពួកគេ ហើយបានបង្កាត់ភ្លើងឲ្យពួកគេសម្ងួតនិងកំដៅខ្លួន។ ​

ឯ​ប៉ុល ក៏​ប្រមូល​រំកាច់​មែក​ឈើ​១​កង យក​មក​ដាក់​លើ​ភ្លើង នោះ​មាន​ពស់‌វែក​១​ត្រូវ​កំដៅ​ភ្លើង បាន​ចេញ​មក​ចឹក​ជាប់​នៅ​ដៃ​គាត់

២៨:៣ ​​យើងបានឃើញពីចិត្តជាអ្នកបំរើ របស់លោកប៉ុលដែលគាត់ប្រមូលមែកឈើមកដុតភ្លើង។ ​ប៉ុន្តែពេលដែលគាត់ប្រមូលនោះ មានពស់‌មួយក្បាលដែលមានពឹសបានខាំដៃគាត់។ 

លុះ​ពួក​អ្នក​ស្រុក​នោះ​ឃើញ​ពស់​សំយុង​ចុះ​ពី​ដៃ​គាត់​មក​ដូច្នោះ នោះ​ក៏​និយាយ​គ្នា​ថា ប្រាកដ​ជា​មនុស្ស​នេះ​បាន​សំឡាប់​គេ​ហើយ បាន​ជា​ទោះ​បើ​រួច​ពី​សមុទ្រ​ក៏​ដោយ គង់​តែ​សេចក្ដី​យុត្តិ‌ធម៌​មិន​ព្រម​ឲ្យ​នៅ​រស់​ដែរ

២៨:៤ នៅក្នុងសាសនាក្រិក  Δίκη (អានថា “ឌី-ខេ”) ​ជាព្រះដែលរាយការណ៍អស់ទាំង ការប្រព្រឹត្តអាក្រក់របស់មនុស្សទៅកាន់សេយូស ដើម្បីឲ្យប្រាកដថាគ្មានអ្នកណាម្នាក់អាចគេចផុតពី សេចក្តីយុត្តិធម៌បានហើយនឹងទទួលការដាក់ទោសដ៏ត្រឹមត្រូវ។ ​ពួកអ្នកកោះមេលីត (ម៉ាលតា) បានគិតថា ​ទោះបីជាលោកប៉ុលបានរួចជីវិតពីការលិចសំពៅក៏ដោយ  “យុត្តិធម៌” មិនអនុញ្ញាតឲ្យគាត់បានរួចពី សេចក្តីស្លាប់ដែរ។ ​នៅពេលដែលពស់ចឹកគាត់នោះ ពួកគេបានសន្និដ្ឋានថាគាត់បានប្រព្រឹត្តទោស កំហុសធ្ងន់ណាមួយដូចជា ឃាតករជាដើម ហើយ​ Δίκη កំពុងតែដាក់ទោសគាត់ហើយ។ ​

តែ​គាត់​រលាស់​ពស់​នោះ​ទៅ​ក្នុង​ភ្លើង​វិញ ឥត​មាន​ឈឺ‌ចាប់​អ្វី​ឡើយ

២៨:៥ ​សេចក្តីសន្យារបស់ព្រះយេស៊ូវ​ចំពោះការការពារពីពស់ចឹកចំពោះសិស្សរបស់ព្រះអង្គនៅក្នុង​លូកា ១០:១៩ គឺត្រូវបានសម្រេចសម្រាប់លោកប៉ុល។ ​

គេ​រង់​ចាំ​មើល​គាត់​ជា​ហើម ឬ​ដួល​ស្លាប់​ភ្លាម​ទៅ តែ​កាល​គេ​បាន​ចាំ​ជា​យូរ ហើយ​ឥត​ឃើញ​មាន​ឈឺ​អ្វី​សោះ នោះ​គេ​ប្រែ​គំនិត​ទៅ​ជា​ថា គាត់​ជា​ព្រះ​វិញ។ 

២៨:៦ ពួកអ្នកកោះមេលីត​បានដឹងថាពស់នោះគឺជាពស់ដែលមានពឹស ដូច្នេះហើយនៅពេល ដែលលោកប៉ុលមិនបានស្លាប់ដោយសារពស់ចឹកនោះ ពួកគេបានគិតថាគាត់គឺជាព្រះណាមួយហើយ (ដូចដែលនៅក្នុង ១៤:១១-១៨)។ ​

នៅ​ព័ទ្ធ​ជុំ‌វិញ​ទី​នោះ មាន​ដី​របស់​អ្នក​មេ​កោះ ឈ្មោះ​ពូញ្លស ដែល​ទទួល​យើង​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គាត់ ​៣​ថ្ងៃ​ដោយ​សប្បុរស

២៨:៧ ​​លោកពូព្លាសគឺជាមេនៅលើកោះមេលីត។ ​គាត់ប្រហែលជាធ្លាប់បានឮអំពីលោកប៉ុល ដែលបានរួច ពីពស់ចឹក ហើយចង់ជួបជាមួយនឹងមនុស្សម្នាក់នេះដែលមនុស្សលើកោះរបស់គាត់បានគិតថា គឺជាព្រះណាមួយនោះ។ ​ដូច្នេះហើយគាត់បានទទួលលោកប៉ុលនិងមិត្តភក្តិរបស់គាត់ឲ្យបានស្នាក់នៅ។ ការនេះគឺជាព្រះពរដ៏អស្ចារ្យក្រោយសេចក្តីលំបាកអស់រយៈពេលពីសប្តាហ៍នៅក្នុងសមុទ្រ។ ​

គាប់​ចួន​ជា​ឪពុក​ពូញ្លស​ដេក​គ្រុន ហើយ​មួល​ផង ប៉ុល​ក៏​ចូល​ទៅ​អធិស្ឋាន ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ជា

២៨:៨ ឪពុករបស់លោកពូព្លាសបានឈឺដោយជំងឺគ្រុននិងរាគមួល។ ប៉ុន្តែព្រះបានប្រោសគាត់ឲ្យបានជា នៅពេលដែលលោកប៉ុលបានដាក់ដៃលើគាត់ហើយបានអធិស្ឋានឲ្យគាត់។ 

ដូច្នេះ អស់​អ្នក​ឯ​ទៀត ដែល​ឈឺ​នៅ​កោះ​នោះ ក៏​មក ហើយ​បាន​ជា​ដែរ

២៨:៩ ​​នៅពេលដែលដំណឹងនៃការប្រោសឲ្យជានេះបានសាយភាយពេញកោះមេលីត ភ្លាមនោះមនុស្ស ដែលបានរងទុក្ខដោយសារជំងឺជាច្រើនបានមកពីគ្រប់ទីកន្លែងលើកោះដើម្បីទទួលការប្រោសឲ្យបានជា។ មនុស្សទាំងអស់ក៏បានជា។ 

គេ​ក៏​រាប់​អាន​យើង​ជា​ខ្លាំង ហើយ​ដល់​វេលា​ដែល​យើង​ចេញ​ទៅ នោះ​គេ​បាន​ឲ្យ​គ្រប់​ទាំង​របស់​ដែល​យើង​ត្រូវ​ការ​ដែរ។ 

 

២៨:១០ ការធ្វើដំណើរតាមសមុទ្រគឺមិនអាចនឹងធ្វើទៅបានឡើយនៅក្នុងអំឡុងខែរងា (សូមមើល ការបកស្រាយចំនុច ២៧:៩)។ ដូច្នេះហើយ ពួកគេបានស្នាក់នៅកោះមេលីតអស់រយៈពេល បីខែ។ ពេលដែលត្រូវចាកចេញពីកោះមេលីតបានមកដល់  មនុស្សទាំងអស់បានបង្ហាញពីការដឹងគុណចំពោះ លោកប៉ុលហើយនឹងមិត្តភក្តរបស់គាត់ដោយការផ្ទុកផ្ដាក់របស់របរនៅលើទូកសម្រាប់ជាសេចក្តីត្រូវការនៅ ក្នុងការធ្វើដំណើរទៅកាន់រ៉ូម។ ​

លុះ​៣​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​១​ទៅ ជា​សំពៅ​ដែល​មក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ឈ្មោះ​ឌីអូស្គួរ ដែល​នៅ​នឹង​កោះ​នោះ​ក្នុង​រដូវ​រងា

២៨:១១ ​នៅក្នុងខែកុម្ភៈ  ឆ្នាំ ៦០ គ,ស​, ការធ្វើដំណើររបស់លោកប៉ុលទៅក្រុងរ៉ូមបន្តដំណើរនៅក្នុង សំពៅថ្មីមួយទៀតមកពីអ័លេក្សានទ្រា ​ប្រហែលជាសំពៅដែលដឹកស្រូវអង្កររបស់រ៉ូមមួយផ្សេងទៀត (សូមមើលចំនុច ២៧:៥-៦)

កាល​បាន​ចូល​ចត​នៅ​ស៊ីរ៉ា‌គូស ក៏​នៅ​ក្រុង​នោះ​៣​ថ្ងៃ 

២៨:១២ ​​ស៊ីរ៉ាគូសគឺជាកំពុងផែសំខាន់មួយហើយជាទីក្រុងសំខាន់នៅក្នុងស្រុក ស៊ីស៊ីលី មានចំងាយ​១៤៥ គីឡូម៉ែត្រ ពីកោះមេលីត។ ​

ពី​ទី​នោះ​យើង​បើក​វាង​ទៅ​ដល់​រេគាម ហើយ​១​ថ្ងៃ​ក្រោយ​មក កើត​មាន​ខ្យល់​ពី​ខាង​ត្បូង ដល់​ថ្ងៃ​ទី​២​យើង​ទៅ​ដល់​ពូទី‌យ៉ូលី

២៨:១៣ ​រេគាមគឺជាកំពុងផែមួយនៅក្នុងភាគខាងត្បូងនៃស្រុកអ៊ីតាលី ចំងាយ ១១៣ គីឡូម៉ែត្រពីស៊ីរ៉ាស គូស។ ​សំពៅបានរង់ចាំនៅទីនោះអស់រយៈពេលមួយថ្ងៃ ដោយរង់ចាំឲ្យមានខ្យល់ដើម្បីឲ្យបានធ្វើដំណើរ ឆ្លងផុតច្រកសមុទ្រមេស៊ីណា​(ដែលបែងចែកស្រុក ស៊ីស៊ីលីពីដែនដីគោករបស់ស្រុកអ៊ីតាលី) ទៅកាន់​ពូទីយ៉ូលី។ ​

ពូទីយ៉ូលីស្ថិតនៅដំបន់ឆ្នេរភាគខាងលិចនៃស្រុកអ៊ីតាលីមានចំងាយប្រមាណជា ​២១០ គីឡូម៉ែត្រ នៃភាគខាងត្បូងឈាងខាងកើតក្រុងរ៉ូម។ ​ទីនេះគឺជាកំពុងផែសំខាន់របស់រ៉ូមហើយជាកំពុង ផែដ៏សំខាន់នៅស្រុកអ៊ីតាលី។ ការធ្វើដំណើរពីកោះមេលីតបានចំណាយពេលអស់បីសប្តាហ៍។ សរុបពេលវេលានៃការធ្វើដំណើរពីសេសារាទៅកាន់ស្រុកអ៊ីតាលីបានចំណាយពេលច្រើនជាងបួនខែ។ ​

នៅ​ទី​នោះ យើង​រក​ឃើញ​ពួក​ជំនុំ​ខ្លះ គេ​ក៏​សូម​ឲ្យ​យើង​នៅ​ជា​មួយ​អស់​៧​ថ្ងៃ គឺ​ដូច្នោះ​ឯង ដែល​យើង​បាន​ទៅ​ឯ​ក្រុង​រ៉ូម

 

២៨:១៤ ​ការពិតដែលថាមានគ្រីស្ទាននៅពូទីយ៉ូលីបង្ហាញថាដំណឹងល្អបានសាយភាយទៅដល់ដំបន់ ដែលនៅជុំវិញក្រុងរ៉ូម។ ​លោកប៉ុល លោកលូកា និងអារីស្តាកបានស្នាក់នៅជាមួយនឹងពួកគេមួយអាទិត្យ ហើយក្រោយមកបានចាប់ផ្តើមការធ្វើដំណើរប្រាំថ្ងៃដោយថ្មើរជើងទៅក្រុងរ៉ូម។ 

រីឯ​ពួក​ជំនុំ​នៅ​ក្រុង​រ៉ូម កាល​បាន​ឮ​និយាយ​ពី​យើង នោះ​គេ​ក៏​ចេញ​មក​ជួប​នឹង​យើង​ត្រឹម​ផ្សារ​អាប់‌ភាស នឹង​ផ្ទះ​សំណាក់​បី លុះ​ប៉ុល​ឃើញ​គេ នោះ​ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​មាន​ចិត្ត​សង្ឃឹម​ឡើង។ 

២៨:១៥​​​ ចំងាយប្រមាណជា​៧០គីឡូម៉ែត្រភាគខាងត្បូងនៃក្រុងរ៉ូមមានទីប្រជុំជននៅអាប់ភាស។ មានគ្រីស្ទានមួយចំនួនបានដើរពីក្រុងរ៉ូមមកជួបជាមួយលោកប៉ុលនិងមិត្តភក្តិរបស់គាត់នៅទីនោះ ហើយពួកគេបានចូលរួមជាមួយនឹងលោកប៉ុលដើរទៅក្រុងរ៉ូម។ ​ក្រោយមក មានគ្រីស្ទានបន្ថែមទៀត ដែលបានចូលរួមជាមួយនឹងពួកគេនៅផ្ទះសំណាក់បីដែលមានចំងាយប្រមាណជា​៥៥គីឡូម៉ែត្រភាគខាងត្បូងនៃក្រុងរ៉ូម។ ​ការពិតដែលថាពួកគ្រីស្ទានមកពីក្រុងរ៉ូមទាំងនេះបានដើរចំងាយឆ្ងាយយ៉ាងនេះ ដើម្បីនឹងមកជួបលោកប៉ុលបង្ហាញថាគាត់ បានទទួលការរាប់អានហើយស្រឡាញ់ពីពួកជំនុំ នៅក្រុងរ៉ូម។ ​

ទោះបីជាលោកប៉ុលមិនធ្លាប់បានទៅក្រុងរ៉ូមក៏ដោយ  វាមិនមែនជាការភ្ញាក់ផ្អើលដែលពួកគ្រីស្ទានចេញមក ទទួលគាត់នោះឡើយ។ ​គាត់បានសរសេរសំបុត្រទៅកាន់ពួកជំនុំនៅក្រុងរ៉ូមកាលពីបីឆ្នាំមុន ហើយនៅក្នុង សេចក្តីសំបុត្រនោះលោកប៉ុលបានជំរាបសួរដល់មិត្តសម្លាញ់ជាច្រើន ហើយមានភាពស្និតស្នាលនៅក្នុង ពួកជំនុំ ​(រ៉ូម ១៦:៣-១៦)។ ពេលនេះ គាត់បានឃើញមនុស្សទាំងនេះដែលគាត់នឹក ហើយមានបំណងចង់ ឃើញ។ ​ការដែលជួបពួកគេបានកំសាន្តចិត្តលោកប៉ុល ហើយគាត់បានអរព្រះគុណដល់ព្រះ សម្រាប់សុវត្ថិភាពដែលគាត់បានមកដល់ក្រុងរ៉ូម ​(១៩:២១, ២៣:១១, ២៧:២៤)។ 

គ្រា​ដល់​ក្រុង​រ៉ូម​ហើយ នោះ​មេ​ទ័ព​ក៏​ប្រគល់​ពួក​អ្នក​ទោស​ទៅ​លោក​មេ​បន្ទាយ ប៉ុន្តែ​គេ​បើក​ឲ្យ​ប៉ុល​នៅ​ដោយ​ខ្លួន មាន​តែ​ទាហាន​១​ដែល​រក្សា​ប៉ុណ្ណោះ

២៨:១៦​​ ចាប់តាំងពីបទគម្ពីរ កិច្ចការ ១៩:២១ មក  ការយកចិត្តទុកដាក់របស់លោកប៉ុលនោះគឺជា ការទៅដល់ក្រុងរ៉ូម ហើយពេលនេះ នៅទីបំផុតគាត់បានមកដល់ហើយ។ ​នៅក្រុងរ៉ូម គាត់ត្រូវបាន “បើកឲ្យនៅដោយខ្លួន” ដែលមានន័យថាគាត់បានជួលផ្ទះមួយ ជាជាងការដែលជាប់នៅក្នុងគុក​។ គាត់នៅតែមានទាហានដែលចាំយាមគាត់ ហើយត្រូវដាក់ច្រវ៉ាក់ជាប់ជាមួយគាត់នៅត្រង់កដៃ។ ទាហាននឹងត្រូវផ្លាស់ប្តូររាល់បួនម៉ោងម្តង។ ប៉ុន្តែលោកប៉ុលមិនបានរាប់ថាការនេះជាការលំបាកនោះឡើយ ប៉ុន្តែជាឳកាសសម្រាប់ការប្រកាសដំណឹងល្អទៅវិញ! នៅអំឡុងពេលនេះ  ​លោកប៉ុល ហើយនឹងដំណឹងល្អ ត្រូវបានគេស្គាល់ "នៅ​ពេញ​ក្នុង​ផ្ទៃ​វាំង (ចំណោមពួកអ្នកយាមដំណាក់ស្តេច) នឹង​គ្រប់​កន្លែង​ឯ​ទៀត" (ភីលីព ១:១៣)។

ក្រោយ​៣​ថ្ងៃ​មក ប៉ុល​អញ្ជើញ​ពួក​មេ​សាសន៍​យូដា ឲ្យ​មក​ប្រជុំ​គ្នា កាល​គេ​មូល​គ្នា​ហើយ នោះ​គាត់​ពោល​ពាក្យ​ទៅ​គេ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន​ខ្ញុំ​អើយ ខ្ញុំ​គ្មាន​ធ្វើ​ខុស​អ្វី​នឹង​សាសន៍​យើង ឬ​នឹង​ទំលាប់​ពួក​ឰយុកោ​ទេ តែ​គេ​ចាប់​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម បញ្ជូន​មក​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​រ៉ូម

២៨:១៧ តាមទម្លាប់របស់គាត់នៅក្នុងគ្រប់ទីកន្លែងដែលគាត់បានទៅដល់ លោកប៉ុលតែងតែបង្រៀន ដល់ពួកសាសន៍យូដាជាមុន (៩:១៥, ៩:២០, ១៣:១៤, ១៣:៤៦-៤៧, ១៤:១, ១៧:១-៣, ១៧:១០, ១៧:១៧, ១៨:៤, ១៩:៨; រ៉ូម ១:១៦)។ លក្ខខណ្ឌនៃការជាប់ឃុំឃុំាំងរបស់លោកប៉ុលមិនអនុញ្ញាតឲ្យ គាត់ចាកចេញពីផ្ទះនោះឡើយ ប៉ុន្តែអ្នកណាក៏អាចមកហើយជួបនឹងគាត់បានដែរ។ ដូច្នេះហើយ លោក បានអញ្ជើញអ្នកដឹកនាំរបស់សហគមន៍សាសន៍យូដានៅក្នុងក្រុងរ៉ូមមក (ប្រហែលជាពួកចាស់ទុំ ជាងគេ នៅក្នុងសាលាប្រជុំរបស់សាសន៍យូដាមានគ្នាប្រមាណជា​ ១០-២០នាក់) ឲ្យមកផ្ទះរបស់គាត់។

នេះគឺជាការដោះសារការពារខ្លួនទីប្រាំមួយនិងលើកចុងក្រោយរបស់លោកប៉ុលដែលបានកត់ត្រានៅក្នុងបទគម្ពីរកិច្ចការ (២២:១-២១, ២២:៣០-២៣:១០, ២៤:១០-២១, ២៥:១-១២, ២៦:១-២៩)។ គាត់ចង់ឲ្យពួកសាសន៍យូដានៅក្រុងរ៉ូមបានដឹងថា គាត់ជាមនុស្សសុចរិតមិនជាប់មានទោសណាមួយទាស់ នឹងមនុស្សសាសន៍យូដា ហើយនឹងទំនៀមទម្លាប់របស់គេឡើយ (២២:៣, ២៤:១៤, ២៦:៤-៥)។

ដែល​ពិចារណា​សួរ​ខ្ញុំ រួច​ចង់​លែង​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​គួរ​នឹង​ស្លាប់​ទេ

២៨:១៨ លោកប៉ុលក៏ចង់ឲ្យពួកគេបានដឹងថាមន្រ្តីរបស់រ៉ូមដែលនៅស្រុកសេសារាដែលបានស៊ើបសួរ ពីរឿងនេះបានទទួលស្គាល់ថាគាត់ឥតមានទោស ហើយចង់ដោះលែងគាត់ដែរ។

ប៉ុន្តែ ពួក​សាសន៍​យូដា​ប្រកែក​មិន​ព្រម បាន​ជា​បង្ខំ​ឲ្យ​ខ្ញុំ​សូម​រើ​ក្តី​ដល់​សេ‌សារ​វិញ មិន​មែន​ជា​ខ្ញុំ​មាន​ការណ៍​អ្វី នឹង​ចោទ​ប្រកាន់​ពី​សាសន៍​ខ្ញុំ​ទេ

២៨:១៩ ​លោកប៉ុលពន្យល់ថាហេតុផលដែលគាត់បានសូមរើក្តីដល់សេសារគឺដោយព្រោះតែការជំទាស់ របស់ពួកសាសន៍យូដាចំពោះបំណងចិត្តរបស់រ៉ូមនៅក្នុងការដោះលែងឲ្យគាត់មានសេរីភាព (២៥:២, ២៥:៧)។ ប៉ុន្តែលោកប៉ុលគឺជាសាសន៍យូដាស្មោះត្រង់ម្នាក់។ ​គាត់ត្រូវបានគេចោទប្រកាន់ដោយអយុត្តិធម៌ ប៉ុន្តែគាត់មិនបានលើកឡើងពីបទចោទណាមួយទាស់នឹងគេនោះឡើយ។ ​

 

ហេតុ​នោះ​បាន​ជា​ខ្ញុំ​អញ្ជើញ​អ្នក​រាល់​គ្នា​មក ដើម្បី​ឲ្យ​បាន​ឃើញ​មុខ ហើយ​នឹង​ពិគ្រោះ​គ្នា ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​របស់​សាសន៍​អ៊ីស្រាអែល​ហើយ បាន​ជា​ខ្ញុំ​ជាប់​ច្រវាក់​ដូច្នេះ 

២៨:២០​ ដូច្នេះហើយ លោកប៉ុលមិនបានធ្វើអ្វីខុសទាស់នឹងសាសន៍យូដានោះឡើយ រ៉ូមក៏គ្មានអ្វីទាស់ នឹងលោកប៉ុលដែរ ហើយលោកប៉ុលគ្មានបទចោទអ្វីទាស់នឹងសាសន៍យូដាដែរ។ ដូច្នេះ ចុះតើហេតុអ្វីបានជាគាត់មកដល់ទីនេះ? 

ចម្លើយនោះគឺថា គាត់បានប្រែក្លាយជាអ្នកទោសដោយព្រោះតែសេចក្តីជំនឿរបស់គាត់ចំពោះ “សេចក្តីសង្ឃឹមរបស់សាសន៍អ៊ីស្រាអែល”  ដែលបានសម្រេចនៅក្នុងព្រះយេស៊ូវ។ ​ “សេចក្តីសង្ឃឹមរបស់សាសន៍អ៊ីស្រាអែល” គឺជាការយាងមកដល់របស់ព្រះមែស្ស៊ីដើម្បីសង្រ្គោះ រាស្រ្តរបស់ព្រះអង្គ ហើយជាពិសេសគឺជាការរស់ពីសុគតឡើងវិញ ហើយពីសេចក្តីសង្រ្គោះ ដែលព្រះអង្គបាននាំមក (២៣:៦, ២៤:១៥, ២៦:៦-៨, ២៦:២២-២៣)។  គឺ​ជា​ទីបន្ទាល់របស់លោកប៉ុល អំពីការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ (ដែលបង្ហាញថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ) ដែលជាបញ្ហាដ៏ពិតប្រាកដ ដែលបង្ករឲ្យមានការមិនយល់ស្របគ្នារវាងគាត់នឹងសាសន៍យូដា។ លោកប៉ុលតែងតែយកចិត្តទុកដាក់ ចំពោះការពិតមួយនេះចំពោះការដោះសារការពារខ្លួនរបស់គាត់ (២៣:៦, ២៤:១៥, ២៦:៨, ២៦:២៣)។  ពេលនេះ គាត់បានបញ្ជាក់យ៉ាងច្បាស់សារជាថ្មីថា ការរស់ពីសុគតឡើងវិញគឺជាសេចក្តី ដែលគាត់បានប្រកាស មិនមែនជាការទាស់ប្រឆាំងនឹងសាសនារបស់សាសន៍អ៊ីស្រាអែលឡើយ ប៉ុន្តែគឺជាសេចក្តីសម្រេចនៃសេចក្តីសង្ឃឹមរបស់សាសន៍អ៊ីស្រាអែល ដែលបានតាំងឡើងដោយព្រះជាម្ចាស់ទៅវិញទេ។ ​​

​ដូច្នេះហើយ  ហេតុផលដែលលោកប៉ុលត្រូវបានជាប់ច្រវ៉ាក់ដោយរ៉ូមគឺដោយព្រោះតែគាត់ជាសាសន៍យូដា ដែលស្មោះត្រង់ម្នាក់ ដែលបានជឿលើសេចក្តីសង្ឃឹមរបស់សាសន៍អ៊ីស្រាអែល។ ការនេះគឺជាអ្វីមួយ ដែលតម្រូវឲ្យសាសន៍យូដាទាំងនេះយកចិត្តទុកដាក់យ៉ាងពិតប្រាកដ ដោយព្រោះតែសាសនារបស់ពួកគេ គឺជាអ្វីដែលត្រូវបានអនុញ្ញាតយ៉ាងស្របច្បាប់ដោយរ៉ូម ដូច្នេះហើយ មិនត្រូវឲ្យមានសាសន៍យូដាណាមួយ ដែលត្រូវជាប់ការសួរចម្លើយចំពោះការដែលបានជឿលើសេចក្តីសន្យារបស់ព្រះនោះឡើយ។ ​អ្វីដែលមានភាពខុសគ្នារវាងលោកប៉ុលនិងសាសន៍យូដាទាំងនេះគឺថា គាត់បានយល់ពី ការដែលព្រះបានសម្រេចសេចក្តីសន្យារបស់ព្រះអង្គដែលមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ដោយសារព្រះយេស៊ូវ គ្រាដែលពួកគេមិនបានដឹងថាព្រះយេស៊ូវគឺជាព្រះមែស្ស៊ី (ដូច្នេះហើយ ពួកគេមិនបានដឹងថា ព្រះមែស្ស៊ីបានយាងមករួចហើយនោះទេ)។ 

គេ​ឆ្លើយ​ឡើង​ថា យើង​មិន​បាន​ទទួល​សំបុត្រ​ណា​ពី​ស្រុក​យូដា ពី​រឿង​អ្នក​សោះ ក៏​គ្មាន​បង​ប្អូន​ណា​មក​ប្រាប់​យើង ឬ​និយាយ​សេចក្ដី​អ្វី​អាក្រក់​ពី​អ្នក​ដែរ

២៨:២១ ​ក្រោយពេលដែលលោកប៉ុលស្នើរើក្តីដល់សេសារនោះ មើលទៅហាក់បីដូចជាពួកសាន់ហេឌ្រីន បានបោះបង់ចោលបទទាស់នឹងគាត់ហើយ។ ​ពួកគេបានដឹងថាលោកប៉ុលមិនមានទោសណាមួយ ទាស់នឹងច្បាប់រ៉ូមនោះឡើយ ហើយពួកគេអាចនឹងមានឳកាសតិចតួចបំផុតនៅក្នុងការទទួលបានជ័យជំនះ ទាស់នឹងលោកប៉ុលនៅក្រុងរ៉ូម។ ​ចំពោះការដែលសាសន៍យូដាចោទប្រកាន់សាសន៍រ៉ូមណាម្នាក់ចំពោះ បទចោទទាក់ទងទៅនឹងសាសនានិងទំនៀមទម្លាប់សាសន៍យូដាអាចនឹងមិនគាប់ព្រះទ័យសេសារនោះ ឡើយ។ ​លើសពីនេះទៅទៀត ច្បាប់រ៉ូមដាក់ទោសដល់ដើមចោទដែលមិនទទួលបានជោគជ័យ ហើយនេះអាចជាហេតុផលដែលពួកគេបានសម្រេចចិត្តមិនផ្ញើពាក្យបណ្តឹងទៅកាន់ក្រុងរ៉ូមពីបទទាស់នឹងលោកប៉ុល។ ​

តែ​យើង​ចូល​ចិត្ត​ចង់​ដឹង​គំនិត​របស់​អ្នក ដែល​អ្នក​គិត​ដូច​ម្តេច ព្រោះ​យើង​ដឹង​ថា នៅ​គ្រប់​ទី​កន្លែង គេ​តែង‌តែ​និយាយ​អាក្រក់​ពី​ពួក​អ្នក​កាន់​សាសនា​នេះ​ណាស់។ 

២៨:២២ ពួកជំនុំនៅក្រុងរ៉ូមភាគច្រើនជាសាសន៍ដទៃ ហើយពួកសាសន៍យូដា នៅក្រុងរ៉ូមមិនមានទំនាក់ ទំនងណាមួយនឹងពួកគេនេះឡើយ។ ដូច្នេះហើយ ពួកគេមិនបានដឹងច្រើនពីអ្វីដែលពួកគ្រីស្ទានជឿ ហើយពួកគេចង់ដឹងបន្ថែមអំពីការនេះពីលោកប៉ុល។ ​

គេ​ក៏​ណាត់​ថ្ងៃ​កំណត់ រួច​មាន​គ្នា​ជា​ច្រើន​មក​ឯ​គាត់ ក្នុង​ទី​លំនៅ​របស់​គាត់ ហើយ​គាត់​អធិប្បាយ ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់ តាំង​ពី​ព្រឹក​ដល់​ល្ងាច ពី​នគរ​ព្រះ​ឲ្យ​គេ​ស្តាប់ ក៏​បញ្ចុះ‌បញ្ចូល​ឲ្យ​គេ​ជឿ​អស់​ទាំង ​សេចក្ដី ដែល​ដំរូវ​ពី​ព្រះ‌យេស៊ូវ​ក្នុង​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ ហើយ​ក្នុង​គម្ពីរ​ពួក​ហោរា

២៨:២៣ ​ការដែលមកជួបគ្នាជាលើកទីពីរ ​មានចំនួនសាសន៍យូដាកាន់តែច្រើនមកជួបនឹងលោកប៉ុល ដើម្បីស្តាប់អំពីព្រះយេស៊ូវ។ ​ពេញក្នុងបទគម្ពីរកិច្ចការ ​របៀបនៃការប្រកាសដំណឹងល្អរបស់លោកប៉ុល ទៅកាន់សាសន៍យូដាគឺជាការបញ្ជាក់ពីបទគម្ពីរដែលមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែលបង្ហាញថាព្រះយេស៊ូវគឺជាព្រះមែស្ស៊ី (១៣:១៦-៤១)។ ពេលនេះគាត់ចំណាយពេលពេញមួយថ្ងៃនៅក្នុងការបកស្រាយ ព្រះគម្ពីរ ដល់ពួកគេ ធ្វើបន្ទាល់ពីព្រះយេស៊ូវ ហើយព្យាយាមពន្យល់ដល់គេថាព្រះយេស៊ូវគឺជា ព្រះមែស្ស៊ី ដែលព្រះបានសន្យា។ ​

អ្នក​ខ្លះ​ក៏​ទទួល​ជឿ​សេចក្ដី​ដែល​គាត់​អធិប្បាយ តែ​អ្នក​ខ្លះ​មិន​ព្រម​ជឿ​ទេ

២៨:២៤ ដូចដែលមានចែងនៅក្នុងបទគម្ពីរកិច្ចការ  សាសន៍យូដាបានបែកបាក់គ្នា (២:៤១,​២:៤៧, ៥:១៤-១៧, ៦:៧, ៨:១, ១៣:៤៣-៤៥, ១៤:១-៤, ១៧:៤-៥, ១៩:៨-១០)។  មនុស្សមួយចំនួនបានព្រមជឿថាព្រះយេស៊ូវគឺជាព្រះមែស្ស៊ី ប៉ុន្តែអ្នកផ្សេងទៀតមិនបានជឿទេ។ 

នោះ​គេ​ចេញ​ទៅ​ទាំង​ទាស់‌ទែង​គ្នា ក្រោយ​ដែល​ប៉ុល​បាន​និយាយ​១​ម៉ាត់​នេះ​ទៅ​គេ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​នឹង​ពួក​ព្ធយុ‌កោ​យើង ដោយ‌សារ​ហោរា​អេសាយ​ត្រូវ​ណាស់​ថា «ចូរ​ទៅ​ឯ​សាសន៍​នេះ​ប្រាប់​គេ​ថា ដែល​ឯង​រាល់​គ្នា​ឮ នោះ​នឹង​ឮ​មែន តែ​ស្តាប់​មិន​បាន ហើយ​ដែល​ឯង​រាល់​គ្នា​ឃើញ នោះ​នឹង​ឃើញ​មែន តែ​មិន​យល់​សោះ ព្រោះ​ចិត្ត​សាសន៍​នេះ​បាន​ត្រឡប់​ជា​ស្ពឹក គេ​បាន​ឮ​ដោយ​ត្រចៀក​ធ្ងន់ ហើយ​បាន​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក ហើយ​ចិត្ត​បាន​យល់ រួច​គេ​វិល​មក ដើម្បី​ឲ្យ​អញ​បាន​ប្រោស​ឲ្យ​គេ​ជា»

២៨:២៥-២៧ លោកប៉ុលបានបញ្ចប់ការជួបជុំគ្នាដោយការលើកឡើងពីបទគម្ពីរ អេសាយ ៦:៩-១០ ​ជាការពន្យល់បកស្រាយពីពួកសាសន៍យូដាដែលមិនជឿ។ ពួកសាសន៍យូដានៅក្នុងជំនាន់ លោកអេសាយ ​គេមានចិត្តដែលរឹងទទឹង ត្រចៀកធ្ងន់ ហើយមានភ្នែកដែលងងឹតដែលបង្ខាំងគេពីការឆ្លើយតប ហើយ បែរមករកព្រះសម្រាប់ការប្រោសលោះ។ ​ការដែលបែរមកឯព្រះ (ការផ្ប្រែចិត្ត) គឺជាការឆ្លើយតប ដែលកំពុងតែខ្វះ (សូមមើលចំនុច ៣:១៩)។  ប្រសិនបើគេបានបែរមកឯព្រះនោះ ព្រះអង្គនឹងប្រោសគេ ឲ្យបានជា ប៉ុន្តែគេបានបដិសេធមិនព្រមធ្វើការនេះទេ។ ​

បទគម្ពីរអេសាយ ៦:៩-១០​ គឺជាគន្លឹះនៅក្នុងព្រះគម្ពីរសញ្ញាចាស់សម្រាប់ពួកគ្រីស្ទានដំបូងគ្រា ដែលពួកគេកំពុងតែស្វែងយល់ថាហេតុអ្វីបានជាពួកបងប្អូនសាសន៍យូដារបស់ពួកគេទាំងប្រុសទាំងស្រីប ដិសេធដំណឹងល្អ។ ​ព្រះយេស៊ូវបានប្រើបទគម្ពីរទាំងនេះក្នុងការពន្យល់ពីភាពបរាជ័យ របស់ពួកសាសន៍យូដានៅក្នុងការយល់ពីសេចក្តីនៃការប្រៀបប្រដូចរបស់ព្រះអង្គ (ម៉ាថាយ ១៣:១៣-១៥; ម៉ាកុស ៤:១២; លូកា ៨:១០)។ ​លោកប៉ុលបានប្រើពាក្យដូចគ្នានេះនៅក្នុងការពន្យល់ពីហេតុ ដែលពួកសាសន៍យូដាជាច្រើនបដិសេធដំណឹងល្អ (រ៉ូម ១១:៨; ២ កូរិនថូស ៣:១៤, ៤:៤)។  ​លោកយ៉ូហានបានប្រើបទគម្ពីរទាំងនេះក្នុង ការពន្យល់ថាហេតុអ្វីបានជាពួកសាសន៍យូដាមិនជឿលើ ព្រះយេស៊ូវ (យ៉ូហាន ១២:៣៩-៤០)។  ពួកអ្នកដែលបានបដិសេធដំណឹងល្អបានធ្វើឲ្យចិត្ត គេទៅជារឹងទទឹងដែលមិនចង់ជឿ ហើយភ្នែករបស់ពួកគេដែលងងឹតហើយត្រចៀក ដែលធ្ងន់បានរារាំង ពួកគេមិនឲ្យមើលឃើញហើយស្តាប់ឮសេចក្តីពិតរបស់ព្រះ។ 

ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌ទ្រង់​ផ្សាយ​សេចក្ដី​សង្គ្រោះ​នេះ ទៅ​ដល់​សាសន៍​ដទៃ​វិញ ហើយ​គេ​នឹង​ស្តាប់​ជា​ពិត លុះ​កាល​គាត់​បាន​និយាយ​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​ពួក​សាសន៍​យូដា​ក៏​ចេញ​ទៅ​ទាំង​ជជែក​គ្នា​ជា​ខ្លាំង។ 

២៨:២៨-២៩ ​ពួកសាសន៍យូដាបានបង្ហាញពីបំណងរបស់ពួកគេក្នុងការស្តាប់លោកប៉ុល ប៉ុន្តែពួកគេ មានចិត្តរឹង (ដូចជាពួកឰយុកោរបស់ពួកគេនៅក្នុងជំនាន់ហោរាអេសាយ) ហើយមិនបានស្តាប់ឮ ពីសេចក្តីប្រកាសរបស់គាត់អំពីសេចក្តីសង្រ្គោះនោះឡើយ។ ប៉ុន្តែពួកសាសន៍ដទៃនឹង “ស្តាប់” វិញ មានន័យថា ពួកគេនឹងស្តាប់ឮ ហើយឆ្លើយតបដោយការទទួលដំណឹងល្អដោយសេចក្តីជំនឿ។ ដូច្នេះហើយ នៅក្រុងរ៉ូម លោកប៉ុលនឹងបែរទៅឯពួកសាសន៍ដទៃដូចដែលគាត់បានធ្វើនៅ អាន់ទីយ៉ូកនៅក្នុង ស្រុកពីស៊ីឌា (១៣:៤៦) ក្រុងកូរិនថូស ១៨:៦) និងអេភេសូរ (១៩:៨-៩)។ ​

សូមកត់សម្គាល់ថា លោកប៉ុលមិនដែលបោះបង់ចោលពួកសាសន៍យូដានោះឡើយ។ នៅពេលដែល គាត់ទទួល បានការបដិសេធពីពួកសាសន៍យូដាក្នុងទីកន្លែងមួយ គាត់នៅតែចាប់ផ្តើមទីបន្ទាល់របស់គាត់ នៅកន្លែងថ្មី មួយទៀតនៅក្នុងសាលាប្រជុំដដែល។ ​ដូចដែលលោកហោរាអេសាយនៅតែប្រកាសពីសេចក្តីទំនាយ ដល់ពួកសាសន៍យូដា ដូច្នេះហើយ លោកប៉ុលនៅតែបន្តក្នុងការប្រកាសដំណឹងល្អ ដល់ពួកសាសន៍យូដា ដែរ។ ​ដោយហេតុនេះ ការគឺមិនមែនជាការរាប់ពួកសាសន៍យូដាចេញនោះឡើយ ប៉ុន្តែគឺជា ការរាប់បញ្ចូលពួកសាសន៍ដទៃ ទៅជារាស្រ្តរបស់ព្រះជាម្ចាស់វិញ។ ​នៅក្នុងបទគម្ពីរកិច្ចការ ​យើងបានឃើញថាដំណឹងល្អពីសេចក្តីសង្រ្គោះ នៃព្រះត្រូវបានប្រកាសដល់មនុស្សគ្រប់ទាំងអស់។ ​

រីឯ​ប៉ុល គាត់​នៅ​ក្នុង​ផ្ទះ​ដែល​គាត់​ជួល ពេញ​២​ឆ្នាំ គាត់​បាន​ទទួល​អស់​អ្នក​ណា​ដែល​មក​ឯ​គាត់ ទាំង​ប្រកាស​ប្រាប់​ពី​នគរ​ព្រះ ហើយ​បង្រៀន​គ្រប់​ទាំង​សេចក្ដី ពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​តាម​ចិត្ត ឥត​មាន​អ្នក​ណា​ឃាត់‌ឃាំង​ឡើយ។:៚

២៨:៣០ លោកប៉ុលបានប្រាប់ជាមុនថាមនុស្សនឹងស្តាប់តាម ហើយគេពិតជាបានស្តាប់តាមមែន។  ​អស់រយៈពេលពីរឆ្នាំពេញដែលពួកគេបានមកឯគាត់ ហើយគាត់ “បាន​ទទួល​អស់​អ្នក​ណា​ដែល​មក​ឯ​គាត់” -ទាំងសាសន៍យូដានិងសាសន៍ដទៃ ទាំងប្រុសនិងស្រី ទាំងបាវបំរើនិងអ្នកជា ដោយព្រោះតែដំណឹងល្អគឺ សម្រាប់ដល់អស់អ្នកណាដែលព្រមស្តាប់។ 

លោកប៉ុលបានចំណាយពេលពីរឆ្នាំនៅក្នុងក្រុងរ៉ូម ដើម្បីរង់ចាំសេសារជំនុំជំរះរឿងក្តីរបស់គាត់។  ​អំឡុងពេលនេះ គាត់បានសរសេរសំបុត្រទៅកាន់ពួកអ្នកក្រុងអេភេសូ អ្នកក្រុងភីលីព ហើយនឹងអ្នកក្រុង កូឡូស។ ​គាត់ក៏បានដឹកនាំបាវបម្រើដែលបានរត់ចេញពីចៅហ្វាយឈ្មោះថា អូនេស៊ីមឲ្យមាន សេចក្តីជំនឿលើ ព្រះយេស៊ូវហើយបានសរសេរសំបុត្រមួយទៅកាន់ចៅហ្វាយរបស់គាត់ ឈ្មោះភីលេម៉ូន។ ​គាត់បានប្រកាសដំណឹងល្អដល់ពួកអ្នកយាមវាំងទាំងអស់ “ដល់​ម៉្លេះ​បាន​ជា​នៅ​ពេញ​ក្នុង​ ផ្ទៃ​វាំង និង​គ្រប់​កន្លែង​ឯ​ទៀត គេ​បាន​ដឹង​ច្បាស់​ថា ខ្ញុំ​ជាប់​ចំណង​នេះ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ” (ភីលីព ១:១៣) ​ហើយជាលទ្ធផល ​មានពួកអ្នកដំណាក់សេសារមួយចំនួនបានប្រែក្លាយជាគ្រីស្ទាន (ភីលីព  ៤:២២)។ ​

ប្រកាស​ប្រាប់​ពី​នគរ​ព្រះ ហើយ​បង្រៀន​គ្រប់​ទាំង​សេចក្ដី ពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​តាម​ចិត្ត ឥត​មាន​អ្នក​ណា​ឃាត់‌ឃាំង​ឡើយ។ 

២៨:៣១ បទគម្ពីរកិច្ចការ​ បានបញ្ចប់ជាមួយនឹងចំនុចសំខាន់យ៉ាងវិសេសគឺ ភាពរីកចម្រើននៃដំណឹងល្អ គ្មានអ្វីអាចបញ្ឈប់បានឡើយ។ ទោះបីជាលោកប៉ុលជាប់ច្រវាក់ក៏ដោយ ក៏ដំណឹងល្អមិនអាចនឹងជាប់ច្រវាក់ បានដែរ ហើយមិនខ្វល់ថាគាត់ជាប់ឃុំឃាំងនៅក្នុងផ្ទះក៏ដោយ លោកប៉ុលនៅតែបន្តក្នុងការប្រកាស ដំណឹងល្អ “​តាម​ចិត្ត ឥត​មាន​អ្នក​ណា​ឃាត់‌ឃាំង​ឡើយ”។  

​ការដែលប្រកាស “តាមចិត្ត” គឺជាការប្រកាសដោយគ្មានលាក់បាំងពីសេចក្តីពិតហើយគ្មានការភ័យខ្លាច ចំពោះលទ្ធផលដែលនឹងកើតមានឡើងនោះឡើយ។ ​ការដែលប្រកាសដោយ “ឥតមានអ្នកណាឃាត់ ឃាំង”  មានន័យថារ៉ូមមិនបានដាក់កំហិតចំពោះការប្រកាសដំណឹងល្អរបស់លោកប៉ុល ហើយថា គ្មានអ្នកណាម្នាក់ប្រឆាំងទាស់នឹងគាត់នោះឡើយ។ ​ការនេះបញ្ជាក់ថា រ៉ូមមិនបានឃើញថាមានអ្វី ដែលខុសចំពោះសេចក្តីប្រកាសរបស់គាត់នោះឡើយ។ ​

តើលោកប៉ុលប្រកាសអំពីអ្វី? 

(១) ​គាត់បានប្រកាសពី “រាជនគរនៃព្រះជាម្ចាស់” ​​ គឺជាដំណឹងល្អពីការសោយរាជ្យរបស់ព្រះ ដោយសារព្រះគ្រីស្ទដែលអ៊ីស្រាអែលបានឆ្កាង​ហើយពីព្រះមែស្ស៊ីដែលបានរស់ពីសុគតឡើងវិញ ហើយពីស្តេចដែលត្រូវបានដំកើងឡើង ហើយជាព្រះអង្គសង្រ្គោះរបស់ មនុស្សទាំងអស់ ដោយសារទ្រង់ ដែលទាំងសាសន៍យូដា និងសាសន៍ដទៃទទួលបានសេចក្តីសង្រ្គោះ ហើយត្រូវដាក់ទៅក្នុងសហគមន៍ នៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់។ ​

(២) គាត់បានបង្រៀនអំពី “ព្រះអម្ចាស់យេស៊ូវគ្រីស្ទ” ​ដែលជា ការពិតអំពីការប្រសូត ព្រះជន្ម សេចក្តីបង្រៀននិងកិច្ចការ ការសុគតនិងការរស់ពីសុគតឡើងវិញ ការដែលបានលើកដំកើងឡើង ទៅស្ថានសួគ៌ជាព្រះអម្ចាស់លើទាំងអស់ ហើយនឹងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ។ ​ដោយសារតែព្រឹត្តិការណ៍ទាំងនេះដែលរាជនគរនៃព្រះបានមកដល់ផែនដី។ 

បទគម្ពីរកិច្ចការ បានចប់នៅក្នុងឆ្នាំ ៦២ គ,ស, ក្រោយពេលដែលលោកប៉ុលជាប់ឃុំឃាំងអស់រយៈពេល ពីរឆ្នាំនៅក្រុងរ៉ូម។ ​តើមានរឿងអ្វីកើតឡើងក្រោយពេលនេះ? តាមមើលទៅដូចជាគាត់ត្រូវបានជំនុំជំរះ ក្តីដោយស្តេចសេសារ នឺរ៉ូ ហើយវាជាការសមហេតុផលក្នុងការជឿថាគាត់បានប្រកាសដំណឹងល្អ ដោយសេចក្តីក្លាហានទៅកាន់ស្តេចដូចដែលព្រះបានសន្យាថាគាត់នឹងបានធ្វើការនោះ (៩:១៥, ២៣:១១)។ នៅក្នុងការជំនុំជំរះក្តីនេះ តាមមើលទៅលោកប៉ុលត្រូវបានដោះលែងឲ្យរួចទោសពីបទចោទ ទាំងនេះដោយព្រោះតែយើងបានដឹងថាគាត់ត្រូវបានដោះលែងហើយបានបន្តនៅក្នុងព័ន្ធកិច្ចរបស់គាត់ អស់រយៈពេលប្រាំឆ្នាំទៀត រហូតដល់ពេលដែលគាត់ត្រូវបានចាប់ខ្លួនជាថ្មី ដាក់គុក ត្រូវបានដាក់ទោស ហើយត្រូវបានប្រហារជីវិតនៅក្រុងរ៉ូមក្នុង​ឆ្នាំ ៦៧ គ,ស។ ​

គ្មានការបញ្ចប់ចំពោះរឿងរ៉ាវនេះឡើយ ដោយព្រោះតែគ្រប់ជំនាន់ទាំងអស់ ពួកជំនុំនៅតែបន្តក្នុងបេសកកម្ម នេះ។ ​ដោយសារការទុកចិត្តរបស់ពួកគ្រីស្ទានលើព្រះយេស៊ូវ ហើយពឹងអាងលើព្រះចេស្តានៃព្រះវិញ្ញាណ បរិសុទ្ធ ដំណឹងល្អនឹងនៅតែបន្តរីកចម្រើន ហើយផ្លាស់ប្រែជីវិតជាច្រើនសម្រាប់ថ្វាយសិរីល្អដល់ព្រះ។  កិច្ចការរបស់ពួកសាវកបានបញ្ចប់ជាយូរណាស់មកហើយ ប៉ុន្តែកិច្ចការរបស់ពួកអ្នកដើរតាមព្រះយេស៊ូវ នៅតែបន្តរហូតដល់ចុងបញ្ចប់នៃពិភពលោក ហើយពាក្យរបស់ពួកគេនឹងបានប្រកាសរហូតដល់ចុងបំផុត ផែនដី។ ​

ការណែនាំ
ជំពូក ២៨
bottom of page