
ព្រះរាជាអ័គ្រីប៉ាមានបន្ទូលទៅប៉ុលថា ឯងមានច្បាប់និយាយដោយខ្លួនឯងបាន រួចប៉ុលក៏លើកដៃទៅមុខដោះសាខ្លួនថា
២៦:១ លោកប៉ុល (ដូចជាព្រះយេស៊ូវនៅចំពោះស្តេច ហេរ៉ូឌ អង់ទីផាស ដែរ លូកា ២៣:៦-១២) គឺត្រូវបាននាំមកនៅចំពោះស្តេចរបស់សាសន៍យូដាដែលចង់ជួបគាត់ជាខ្លាំង។ ស្តេចអ័គ្រីប៉ា ទី២ គឺជាវង្សានុវង្សរបស់ស្តេចហេរ៉ូឌ។ ព្រះឰយុកោទួតរបស់ទ្រង់ (ស្តេចហេរ៉ូឌ ឌឹហ្រ្គែដ) បានព្យាយាមសម្លាប់ ព្រះយេស៊ូវកាលដែលទ្រង់នៅជាទារកនៅឡើយ (ម៉ាថាយ ២)។ ព្រះឰយុកោទ្រង់ (ស្តេចហេរ៉ូឌ អង់ទីផាស) បានបញ្ជារឲ្យគេសម្លាប់លោកយ៉ូហានបាប់ទីស្ទ ដោយការកាត់ក្បាល (ម៉ាថាយ ១៤)។ ព្រះបិតាទ្រង់ (ស្តេចហេរ៉ូឌ អ័គ្រីប៉ាទី១) បានសម្លាប់លោកសាវ័កយ៉ាកុបហើយចាប់ លោកពេត្រុសដាក់ គុក (កិច្ចការ ១២)។ ពេលនេះ លោកប៉ុលបានឈរនៅចំពោះជំនួវង្សបន្ទាប់ របស់ស្តេចហេរ៉ូឌ គឺស្តេចហេរ៉ូឌ អ័គ្រីប៉ា ទី២។
លោកប៉ុលបានស្នើសុំរើក្តីទៅចំពោះសេសារដើម្បីឲ្យទ្រង់សម្រេចក្តីរួចហើយ ដូច្នេះហើយការនេះមិនមែនជា ការជំនុំជំរះក្តីនោះទេ។ តែផ្ទុយទៅវិញ លោកភេស្ទុសចង់ឲ្យស្តេចអ័គ្រីប៉ាបបានស្តាប់ការបកស្រាយ របស់លោកប៉ុល ដើម្បីឲ្យស្តេចអ័គ្រីប៉ាអាចជួយផ្តល់យោបល់ឲ្យគាត់នៅក្នុងការកត់ត្រាក្នុងរបាយការណ៍ ដែលគាត់ត្រូវថ្វាយដល់សេសារ។ យ៉ាងណាម៉ិញ សម្រាប់លោកប៉ុល នេះគឺជាឳកាសនៅក្នុង ការធ្វើទីបន្ទាល់របស់គាត់ ហើយនឹងការប្រកាសដំណឹងល្អទៅវិញ។
បពិត្រព្រះករុណាអ័គ្រីប៉ាអើយ នៅថ្ងៃនេះ ទូលបង្គំមានចិត្តអំណរណាស់ ដោយមានច្បាប់នឹងដោះសាខ្លួននៅចំពោះទ្រង់ ពីអស់ទាំងសេចក្ដីដែលសាសន៍យូដាចោទប្រកាន់ទូលបង្គំ គឺពីព្រោះទ្រង់ជ្រាបគ្រប់ទាំងទំលាប់ នឹងសេចក្ដីជជែករបស់ពួកសាសន៍យូដាជាដើម ដូច្នេះ ទូលបង្គំសូមអង្វរ ឲ្យព្រះករុណាទ្រង់ព្រះសណ្តាប់ទូលបង្គំ ដោយអំណត់សិន
២៦:២-៣ នេះជាលើកទីប្រាំក្នុងចំណោមការដោះសាការពារខ្លួននៅក្នុងបទគម្ពីរកិច្ចការ (២២:១-២១; ២២:៣០-២៣:១០; ២៤:១០-២១; ២៥:១-១២; ២៨:១៧-១៩)។ ដូចនៅក្នុងការ ការពារខ្លួនរបស់ គាត់នៅចំពោះមុខលោកភេលីច (២៤:១០) លោកប៉ុលមិនបានសរសើរបញ្ជោរ ស្តេចអ័គ្រីប៉ានោះឡើយ ប៉ុន្តែគ្រាន់តែលើកឡើងថាគាត់មានអំណរដោយព្រោះតែមានឳកាសនៅក្នុងការបកស្រាយការពារខ្លួននៅចំពោះមុខស្តេចដែលទ្រង់ជ្រាបពីទំនៀមទម្លាប់របស់សាសន៍យូដា។
ដ្បិតពួកសាសន៍យូដាទាំងអស់បានស្គាល់ចរិតដែលទូលបង្គំប្រព្រឹត្ត តាំងពីក្មេងមកហើយ ថាពីដើមទូលបង្គំនៅកណ្តាលសាសន៍នៃទូលបង្គំនៅក្រុងយេរូសាឡិម ហើយបើគេព្រមធ្វើបន្ទាល់ នោះមុខជាគេបានស្គាល់ទូលបង្គំពីដើមមកជាពិតថា ទូលបង្គំបានប្រព្រឹត្តតាមបក្សពួកតឹងរ៉ឹងជាងគេ ក្នុងសាសន៍នៃទូលបង្គំ គឺជាពួកផារិស៊ី
២៦:៤-៥ ពួកសាសន៍យូដាបានចោទប្រកាន់ទាស់នឹងលោកប៉ុលបួនករណី ប៉ុន្តែលោកភេស្ទុសបានឃើញ ថាលោកប៉ុលមិនមានកំហុសអ្វីនោះឡើយចំពោះបទចោទទាំងប៉ុន្មានដែលជាការបះបោរទាស់នឹងរ៉ូមនោះឡើយ (២៥:១៨)។ ការចោទប្រកាន់ដែលថាលោកប៉ុលបានប្រមាថព្រះវិហារក៏ត្រូវបានច្រានចោល ដោយព្រោះតែគ្មានសាក្សីបញ្ជាក់នោះឡើយ ( ២៤:១៨-១៩)។ ពេលនេះ មានតែការចោទប្រកាន់មួយ ប៉ុណ្ណោះគឺថាលោកប៉ុលបានបង្រៀនទាស់នឹងច្បាប់របស់សាសន៍យូដា (២១:២៨)។ ដូច្នេះហើយ លោកប៉ុលបានចាប់ផ្តើមការពារខ្លួនដោយការបញ្ជាក់ថាគាត់ជាស្មោះត្រង់ចំពោះមរដកនៃសាសន៍យូដា របស់គាត់ (២២:៣-៥; ២៤:១៤-១៦)។ គាត់បានបញ្ជាក់ច្បាស់ថាគាត់ត្រូវបានចិញ្ចឹមធំធាត់ឡើង នៅក្នុងក្រុងយេរូសាឡិមហើយបានរស់នៅជាពួកផារិស៊ីម្នាក់។
ហើយឥឡូវ ទូលបង្គំជាប់ជំនុំជំរះនេះ នោះគឺដោយព្រោះតែមានចិត្តសង្ឃឹមដល់សេចក្ដីសន្យា ដែលព្រះទ្រង់បានតាំងនឹងពួកឰយុកោទូលបង្គំ ដែលពូជអំបូរទាំង១២ខំប្រឹងប្រតិបត្តិតាមព្រះទាំងយប់ ទាំងថ្ងៃ ដោយសង្ឃឹមនឹងបានសេចក្ដីសន្យានោះដែរ បពិត្រព្រះរាជាអ័គ្រីប៉ាអើយ គឺដោយព្រោះសេចក្ដីសង្ឃឹមនោះឯង បានជាពួកសាសន៍យូដា គេចោទប្រកាន់ដល់ទូលបង្គំ
២៦:៦-៧ លោកប៉ុលបានបញ្ជាក់យ៉ាងច្បាស់ថាមូលហេតុពិតប្រាកដចំពោះការចោទប្រកាន់ទាស់នឹង គាត់នោះគឺជាសេចក្តីសង្ឃឹមចំពោះការរស់ពីស្លាប់ឡើងវិញទៅវិញទេ។ ក្នុងនាមជាពួកផារិស៊ីម្នាក់ លោកប៉ុលបានជឿថានឹងមានការរស់ពីស្លាប់ឡើងវិញ ហើយថាការនេះនឹងសម្រេចសេចក្តីសង្ឃឹម របស់អ៊ីស្រាអែលនៃសេចក្តីសង្រ្គោះហើយនឹងជីវិតរស់នៅជាមួយព្រះជាម្ចាស់។ សេចក្តីសង្ឃឹមនោះគឺ នៅក្នុងអស់ទាំង “ពូជអំបូរទាំងដប់ពីរ”- គឺពេញក្នុងអ៊ីស្រាអែលទាំងមូល។ នៅក្នុងការថ្វាយបង្គំ របស់ពួកគេ ពួកគេតែងតែអធិស្ឋានសូមឲ្យការនេះបានសម្រេចទាំងយប់ទាំងថ្ងៃ។ អ្វីដែលលំបាក សម្រាប់លោកប៉ុលនៅក្នុងការទទួលព្រមនោះគឺជាពួកសាសន៍យូដា ដែលអធិស្ឋានទាំងយប់ទាំងថ្ងៃ សូមឲ្យព្រះបានសម្រេចនូវសេចក្តីសន្យារបស់ទ្រង់ចំពោះការរស់ពីស្លាប់ឡើងវិញ ដែលបានចោទប្រកាន់ គាត់ដោយព្រោះតែគាត់បានធ្វើបន្ទាល់ពីព្រះយេស៊ូវដែលបានសម្រេចសេចក្តីសង្ឃឹមនេះដោយការដែលត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ដោយសារព្រះជាម្ចាស់ទៅវិញ (២៤:១៥)។
ហេតុអ្វីបានជាអស់លោកទាំងឡាយរាប់សេចក្ដី ដែលព្រះទ្រង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ថាជាសេចក្ដីមិនគួរជឿ
២៦:៨ ព្រះមានគ្រប់ទាំងព្រះចេស្តាហើយគ្មានអ្វីណាមួយដែលលំបាកពេកសម្រាប់ព្រះអង្គនោះឡើយ។ ដូច្នេះហើយ មិនគួរឲ្យមនុស្សណាម្នាក់សង្ស័យចំពោះការដែលព្រះអង្គអាចប្រោសមនុស្សស្លាប់ ឲ្យរស់ឡើងវិញបាននោះឡើយ។ តាមការពិតទៅ ព្រះអង្គបានប្រោសមនុស្សស្លាប់រួចហើយ (ព្រះយេស៊ូវ) ហើយថ្ងៃមួយទ្រង់នឹងប្រោសមនុស្សស្លាប់ទាំងអស់ (១ កូរិនថូស ១៥)!
សូម្បីទូលបង្គំក៏បានគិតស្មានថា គួរឲ្យទូលបង្គំធ្វើទាស់ទទឹងជាច្រើន ដល់ព្រះនាមព្រះយេស៊ូវ ពីស្រុកណាសារ៉ែតដែរ
២៦:៩ ដូចជាពួកសាសន៍យូដាទាំងនោះដែលចោទប្រកាន់គាត់នោះ លោកប៉ុលក៏ធ្លាប់បានគិតថា ក្នុងនាម ជាសាសន៍យូដាដែលមានការប្តេជ្ញាម្នាក់ត្រូវតែទាស់ជាមួយនឹងព្រះនាមព្រះយេស៊ូវដោយការបៀតបៀនដល់ពួកគ្រីស្ទាន។
គឺទូលបង្គំបានធ្វើការទាំងនោះនៅក្រុងយេរូសាឡិម បានទាំងចាប់ពួកអ្នកបរិសុទ្ធជាច្រើនយកទៅដាក់គុក ដោយទទួលអំណាចពីពួកសង្គ្រាជមក ហើយកាលគេសំឡាប់អ្នកទាំងនោះ ទូលបង្គំក៏យល់ព្រមដែរ ទូលបង្គំបានធ្វើទោសគេជាញឹកញយ នៅគ្រប់ទាំងសាលាប្រជុំ ទាំងបង្ខំឲ្យគេពោលពាក្យប្រមាថដល់ព្រះផង ហើយដោយព្រោះទូលបង្គំមានចិត្តក្តៅក្រហាយជ្រុលពេក ទាស់នឹងគេដូច្នេះ បានជាទូលបង្គំធ្វើទុក្ខបៀតបៀនដល់គេ រហូតដល់ក្រុងនៃសាសន៍ដទៃផង
២៦:១០-១១ លោកប៉ុលរៀបរាប់ពីការបៀតបៀនដ៏ឃោរឃៅរបស់គាត់ទាស់នឹងពួកជំនុំ។ យើងបានអានអំពីការនេះនៅក្នុងបទគម្ពីរកិច្ចការជំពូកទី ៨ និង ៩។
នៅគ្រានោះ ទូលបង្គំបានទទួលអំណាច នឹងសេចក្ដីបង្គាប់មកពីពួកសង្គ្រាជ ហើយកំពុងតែដើរដំណើរទៅឯក្រុងដាម៉ាស នោះបពិត្រព្រះករុណាអើយ នៅពេលថ្ងៃត្រង់ហើយ ដែលទូលបង្គំកំពុងដើរ នោះស្រាប់តែមានពន្លឺពីលើមេឃ ភ្លឺមកជុំវិញទូលបង្គំ នឹងពួកអ្នកដើរជាមួយ ជាពន្លឺភ្លឺជាងថ្ងៃ
២៦:១២-១៣ លោកប៉ុលរៀបរាប់ពីការដែលគាត់បានជួបជាមួយនឹងព្រះយេស៊ូវដែលបានរស់ពីស្លាប់ ឡើងវិញ។ ការរស់ពីសុគតឡើងវិញរបស់ព្រហយេស៊ូវ ជាការបញ្ជាក់ថាព្រះអង្គគឺជាព្រះគ្រីស្ទ (ហើយ ព្គឺជាសេចក្តីធានាចំពោះការរស់ពីស្លាប់របស់យើងរាល់គ្នា ១ កូរិនថូស ១៥:២០-២២)។ ដូច្នេះហើយ នៅពេលដែលលោកប៉ុលបានឃើញព្រះយេស៊ូវនៅតាមផ្លូវទៅកាន់ក្រុងដាម៉ាស់ ការនោះបានផ្លាស់ប្តូរ ជីវិតរបស់គាត់។ ហេតុការណ៍នេះបានពន្យល់ពីសេចក្តីជំនឿរបស់គាត់នៅក្នុងការរស់ពីស្លាប់ឡើងវិញ ហើយការផ្លាស់ប្តូរដ៏វិសេសនៅក្នុងជីវិតរបស់គាត់ពីអ្នកដែលបៀតបៀនដល់ពួកអ្នកដើរតាមព្រះយេស៊ូវ ទៅជាអ្នកប្រកាសពីព្រះយេស៊ូវ ថាជាព្រះគ្រីស្ទដែលបានរស់ពីសុគតឡើងវិញ ហើយជាព្រះអង្គសង្រ្គោះ។
ទូលបង្គំទាំងអស់គ្នាក៏ដួលដល់ដី រួចទូលបង្គំឮសំឡេងមានបន្ទូលមក ជាភាសាហេព្រើរថា សុល នែសុល ហេតុអ្វីបានជាធ្វើទុក្ខដល់ខ្ញុំ ដែលធាក់ជល់នឹងជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់
២៦:១៤ សូមចំណាំថាមនុស្សទាំងអស់បានដួលដល់ដី ប៉ុន្តែមានតែលោកសុលតែប៉ុណ្ណោះ ដែលបានឮស ម្លេង។ គ្រប់គ្នាបានឃើញពន្លឺ ប៉ុន្តែមានតែលោកប៉ុលតែប៉ុណ្ណោះដែលបានឃើញព្រះយេស៊ូវ។ ព្រះយេស៊ូវ បានលេចមកដើម្បីត្រាស់ហៅលោកប៉ុលឲ្យបានធ្វើកិច្ចការដែលព្រះអង្គបានជ្រើសរើសគាត់ឲ្យបានធ្វើ។
“ជន្លួញ” គឺជាឈើមួយដែលត្រូវបានប្រើដើម្បីនឹងចាក់សត្វណាមួយដើម្បីបង្ហាញផ្លូវថាត្រូវដើរតាមផ្លូវណា។ ពាក្យសុភាសិតនោះមានន័យថា “ការដែលទាស់នឹងបំណងព្រះទ័យព្រះសម្រាប់ជីវិតអ្នក នោះពិបាកដល់ អ្នក[ប៉ុល]ណាស់”។ ទិសដៅនិងគោលដៅនៃជីវិតរបស់លោកប៉ុលបានផ្លាស់ប្រែជាលទ្ធផលរបស់ បេសកកម្ម ដែលត្រូវបានប្រទានមកគាត់ដោយព្រះយេស៊ូវ។
ទូលបង្គំក៏ឆ្លើយថា ឱព្រះអម្ចាស់អើយ តើព្រះអង្គណានុ៎ះ រួចទ្រង់មានបន្ទូលថា ខ្ញុំនេះជាព្រះយេស៊ូវ ដែលអ្នកធ្វើទុក្ខ
២៦:១៥ ព្រះបន្ទូលទាំងនេះដែលបានផ្លាស់ប្តូរជីវិតរបស់លោកប៉ុល។ គាត់បានយល់ភ្លាមថាព្រះយេស៊ូវគឺ មានព្រះជន្មរស់នៅ គឺមិនមែនសុគតនោះឡើយ។ គាត់បានយល់ច្បាស់ថាព្រះយេស៊ូវបានសោយរាជ្យ នៅក្នុងសិរីរុងរឿង។ គាត់បានដឹងថាការដែលបៀតបៀនដល់ពួកអ្នកដែលដើរតាមព្រះយេស៊ូវនោះ គាត់កំពុងបៀតបៀនព្រះយេស៊ូវ។ ការដែលបៀតបៀនព្រះយេស៊ូវនោះ គាត់កំពុតតែប្រឆាំងទាស់នឹង ផែនការណ៍របស់ព្រះ។
ចូរក្រោកឈរឡើង ដ្បិតខ្ញុំបានលេចមកឲ្យអ្នកឃើញ ដើម្បីនឹងតាំងអ្នក ឲ្យធ្វើជាអ្នកបំរើ ហើយជាទីបន្ទាល់ ពីអស់ទាំងការដែលអ្នកបានឃើញហើយ ព្រមទាំងការ ដែលខ្ញុំនឹងលេចមក ឲ្យអ្នកឃើញទៅមុខទៀត
២៦:១៦ ព្រះយេស៊ូវបានតែងតាំងលោកប៉ុលឲ្យបានធ្វើជាអ្នកបំរើនិងជាទីបន្ទាល់ម្នាក់។ ពាក្យថា “អ្នកបំរើ” ជាការបញ្ជាក់ពីទំនាក់ទំនងរបស់គាត់ជាមួយនឹងព្រះយេស៊ូវ។ លោកប៉ុលត្រូវបានត្រាស់ហៅ ឲ្យបានបំរើព្រះយេស៊ូវ ជាម្ចាស់របស់គាត់ ហើយឲ្យមានសេចក្តីស្មោះត្រង់ចំពោះកិច្ចការដែលម្ចាស់ គាត់បានផ្តល់មកឲ្យគាត់ធ្វើ។ របៀបដែលលោកប៉ុលបានបំរើព្រះយេស៊ូវនោះគឺជាការដែលធ្វើជា “ទីបន្ទាល់” ម្នាក់។ ទីបន្ទាល់ម្នាក់គឺជាអ្នកដែលធ្វើបន្ទាល់ពីអ្វីដែលគាត់បានឃើញហើយនឹងស្តាប់ឮ។ លោកប៉ុលបានឃើញព្រះអម្ចាស់ដែលមានព្រះជន្មរស់ហើយ (ដូចជាពួកសាវ័កផ្សេងទៀតដែរ) ត្រូវធ្វើជាសក្ខីភាពអំពី “ទីបន្ទាល់ពីការរស់ពីសុគតឡើងវិញរបស់ព្រះអង្គ” (១:២២)។ នៅក្នុងបទគម្ពីរ កិច្ចការ យើងបានអានថាលោកប៉ុលគឺជាទីបន្ទាល់ដែលស្មោះត្រង់ម្នាក់ ចំពោះសាសន៍យូដា និងសាសន៍ដទៃ សាសន៍ក្រិកនិងសាសន៍រ៉ូម ទាំងពួកអ្នកដែលខ្សោយ ពួកអ្នកប្រាជ្ញ និងពួកស្តេច។
ខ្ញុំបានញែកអ្នកចេញពីបណ្តាជន នឹងពីពួកសាសន៍ដទៃ ដើម្បីនឹងចាត់អ្នកឲ្យទៅឯគេវិញ ប្រយោជន៍នឹងបំភ្លឺភ្នែកគេ ឲ្យបានបែរចេញពីសេចក្ដីងងឹត មកឯពន្លឺ ហើយពីអំណាចអារក្សសាតាំង មកឯព្រះវិញ ដើម្បីឲ្យគេបានរួចពីបាប ហើយបានទទួលមរដក ជាមួយនឹងពួកអ្នកដែលបានញែកជាបរិសុទ្ធ ដោយសារសេចក្ដីជំនឿជឿដល់ខ្ញុំ
២៦:១៧-១៨ លោកប៉ុលរៀបរាប់ពីបេសកកម្មដែលព្រះយេស៊ូវបានប្រទានដល់គាត់ ហើយនឹង សេចក្តីប្រកាសដែលគាត់បានប្រកាសនៅក្នុងចំណោមពួកសាសន៍ដទៃ។
បេសកកម្មរបស់លោកប៉ុល: ព្រះយេស៊ូវបានចាត់លោកប៉ុលឲ្យបានធ្វើជាបន្ទាល់អំពីព្រះអង្គដើម្បីឲ្យ បានបំភ្លឺភ្នែករបស់ពួកសាសន៍ដទៃដើម្បីឲ្យគេបានឃើញពីសេចក្តីពិតអំពីព្រះយេស៊ូវថា ទ្រង់ជាព្រះគ្រីស្ទដែលបានជាប់ឆ្កាង ជាព្រះអង្គសង្រ្គោះដែលរស់ឡើងវិញ ហើយជាព្រះអម្ចាស់ ដែលត្រូវបានដំកើងឡើង ដែលសម្រេចអស់ទាំងសេចក្តីសន្យារបស់ព្រះជាម្ចាស់ចំពោះសេចក្តីសង្រ្គោះ ការរស់ពីស្លាប់ឡើងវិញ និងជីវិតអស់កល្បជានិច្ចសម្រាប់រាស្រ្តរបស់ព្រះអង្គ។
ព្រះយេស៊ូវបានមានបន្ទូលប្រាប់លោកប៉ុលពីលទ្ធផលពីរដែលនឹងកើតមានឡើងពីការដែលគាត់បំភ្លឺភ្នែក របស់មនុស្សថា:
(១) មនុស្ស “អាចនឹងបែរចេញពីសេចក្តីងងឹតមកក្នុងពន្លឺ”។ “សេចក្តីងងឹត” សំដៅទៅការអាក្រក់ ភាពរឹងទទឹង និងសេចក្តីបញ្ឆោត។ “ពន្លឺ”សំដៅទៅសេចក្តីល្អ សេចក្តីពិត និងជីវិត។ មនុស្សកំពុងតែដើរនៅក្នុងសេចក្តីងងឹតនៃអំពើបាប ការមិនដឹង និងភាពរឹងទទឹង ដោយព្រោះតែយើងបានបះបោរទាស់នឹងព្រះ ដោយហេតុនោះបានជាយើងត្រូវបានញែកដាច់ចេញពីប្រភពនៃពន្លឺ។ ប៉ុន្តែព្រះយេស៊ូវគឺជា “ពន្លឺរបស់លោកីយ” ដែលនាំសេចក្តីពិត និងជីវិតឲ្យបានមកក្នុងពិភពលោកវិញ។ ដូចដែលព្រះយេស៊ូវ មានបន្ទូលថា “ខ្ញុំបានមកក្នុងលោកីយជាពន្លឺភ្លឺ ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ ត្រូវនៅក្នុងសេចក្តីងងឹត ឡើយ” (យ៉ូហាន ១២:៤៦)។
(២) ការដែលបែរចេញពីសេចក្តីងងឹតមកក្នុងពន្លឺ គឺជាការដែលបែរចេញ “ពីអំណាចរបស់អារក្សសាតាំង មកឯព្រះ”។ មនុស្សបានខ្វាក់មិនឃើញសេចក្តីពិតខាងព្រលឹងវិញ្ញាណ ដោយសារសាតាំង (២ កូរិនថូស ៤:៤; ៦:១៤; ម៉ាថាយ ១៥:១៤) ប៉ុន្តែសាតាំង ហើយនឹងអំណាចរបស់វាត្រូវបានបំបាក់ក្នុងពេលដែល ដំណឹងល្អត្រូវបានប្រកាស។ មនុស្សបានជាប់ចំណងដោយសាតាំង ប៉ុន្តែពួកគេអាចហើយនឹងត្រូវបានដោះ ឲ្យរួចប្រសិនបើពួកគេទទួលយកដំណឹងល្អនៃព្រះយេស៊ូវ។ នេះគឺជាផ្លូវមួយសម្រាប់ឲ្យមនុស្សក្នុង ការវិលត្រឡប់មករកព្រះវិញ។ នៅពេលដែលយើងទទួលជឿ ព្រះនឹងប្រោសឲ្យយើងបានរួច “ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់” (កូឡូស ១:១៣-១៤)។
ប្រយោជន៍នឹងបំភ្លឺភ្នែកគេ ឲ្យបានបែរចេញពីសេចក្ដីងងឹត មកឯពន្លឺ ហើយពីអំណាចអារក្សសាតាំង មកឯព្រះវិញ ដើម្បីឲ្យគេបានរួចពីបាប ហើយបានទទួលមរដក ជាមួយនឹងពួកអ្នកដែលបានញែកជាបរិសុទ្ធ ដោយសារសេចក្ដីជំនឿជឿដល់ខ្ញុំ
នៅពេលដែលមនុស្សបែរចេញពីសេចក្តីងងឹតមកឯពន្លឺហើយពីអំណាចអារក្សសាតាំងមកឯព្រះនោះគឺមានលទ្ធផលយ៉ាងអស្ចារ្យចំនួនពីរកើតមានឡើង។
(១) ពួកគេ “បានទទួលការអត់ទោសរួចពីបាប”។ អំពើបាបរបស់យើងញែកយើងដាច់ចេញពីព្រះ ប៉ុន្តែ នៅពេលដែលយើងទុកចិត្តលើព្រះយេស៊ូវ ព្រះអង្គដកយកអំពើបាបរបស់យើងចេញ (នេះជា អត្ថន័យនៃពាក្យ "ការអត់ទោស") ដើម្បីឲ្យយើងបានត្រូវផ្សះផ្សាទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ ឡើងវិញ។
(២) ពួកគេបានទទួល “ចំណែកមួយជាមួយនឹងពួកអ្នកដែលត្រូវបានញែកជាបរិសុទ្ធ” ។ “ពួកអ្នកដែលត្រូវ បានញែកជាបរិសុទ្ធ” គឺជារាស្រ្តរបស់ព្រះ។ នៅពេលដែលយើងទុកចិត្តលើព្រះយេស៊ូវ យើងនឹងត្រូវបាន រាប់បញ្ចូលទៅក្នុងគ្រួសារនៃព្រះក្នុងនាមជារាស្រ្តរបស់ព្រះអង្គ (យ៉ូហាន ១:១២)។ យើងទទួលបាន ចំណែក (κλῆρος) នៅក្នុងសហគមន៍របស់ប្រជារាស្រ្តនៃព្រះដែលមានអំណរនៅក្នុង ទំនាក់ទំនង ជាមួយនឹងព្រះក្នុងពេលបច្ចុប្បន្ននិងអស់កល្បជានិច្ច (២០:៣២;អេភេសូ ១:១១, ១:១៤, ១:១៨; កូឡូស ១:១២, ៣:២៤; ហេព្រើរ ៩:១៥)។
ទាំងការអត់ទោសឲ្យបានរួចពីបាបនិងការដែលមានចំណែកមរដកជាមួយនឹងរាស្រ្តរបស់ព្រះគឺដោយសារសេចក្តីជំនឿលើព្រះយេស៊ូវ។
ដូច្នេះ បពិត្រព្រះរាជាអ័គ្រីប៉ាអើយ ទូលបង្គំមិនបានចចេសនឹងការជាក់ស្តែងពីស្ថានសួគ៌នោះទេ គឺទូលបង្គំបានប្រាប់ឲ្យមនុស្សទាំងអស់ប្រែចិត្ត ហើយងាកបែរមកឯព្រះវិញ ទាំងប្រព្រឹត្តបែបសំណំនឹងការប្រែចិត្តផង គឺប្រាប់ដល់ពួកអ្នកដែលនៅក្រុងដាម៉ាសជាមុនដំបូង រួចនៅក្រុងយេរូសាឡិម នឹងគ្រប់ក្នុងខេត្តយូដា ហើយដល់អស់ទាំងសាសន៍ដទៃផង
២៦:១៩-២០ លោកប៉ុលបានឆ្លើយតបជាមួយនឹងការត្រាស់ហៅរបស់គាត់ដោយការស្តាប់បង្គាប់ ហើយចាប់ផ្តើមប្រកាសនៅក្នុងចំណោមពួកសាសន៍យូដានិងសាសន៍ដទៃ។ ដូចជាលោកយ៉ូហាន បាប់ទីស្ទ (ម៉ាថាយ ៣:១-២) ព្រះយេស៊ូវ (ម៉ាថាយ ៤:១៧) ហើយនឹងលោកពេត្រុសដែរ (កិច្ចការ ២:៣៧-៣៨) លោកប៉ុលបានប្រកាសថាមនុស្សគ្រប់គ្នាត្រូវតែ “ប្រែចិត្ត”។ ការប្រែចិត្តគឺជាការផ្លាស់ប្តូរគំនិតទាំងស្រុង មានន័យថា មនុស្សម្នាក់បែរចេញពី អំពើបាបមកឯព្រះ។ ការបញ្ជាក់ពីការផ្លាស់ប្តូរដ៏ពិតប្រាកដគឺជា ជីវិតថ្មីដែលមានការល្អ (អេភេសូ ២:៨-១០; ភីលីព ២:១២; ម៉ាថាយ ៣:៨; យ៉ាកុប ២:១៨)។
ដោយហេតុនោះបានជាពួកសាសន៍យូដា ចាប់ទូលបង្គំនៅក្នុងព្រះវិហារ ហើយព្យាយាមនឹងសំឡាប់ទូលបង្គំចោល
២៦:២១ លោកប៉ុលត្រូវចាប់ខ្លួននៅក្នុងព្រះវិហារ បានកើតឡើងដោយព្រោះតែគាត់ស្តាប់បង្គាប់នៅក្នុង ការបំពេញព័ន្ធកិច្ចដែលព្រះបានប្រទានមកដល់គាត់ (ខ១៦-១៨)។ មិនមែនដោយព្រោះតែគាត់ជា អ្នកបះបោរខាងនយោបាយឬដោយព្រោះតែគាត់ ប្រមាថដល់ព្រះវិហារនោះឡើយ។ តែគឺដោយព្រោះតែ គាត់បានប្រកាសដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទដល់ពួកសាសន៍ដទៃដែលពួកសាសន៍យូដាបានចាប់ខ្លួននិងចង់សម្លាប់គាត់ទៅវិញទេ។
តែព្រះទ្រង់បានជួយទូលបង្គំ ដរាបមកដល់ថ្ងៃនេះ បានជាទូលបង្គំឈរធ្វើបន្ទាល់ដល់អ្នកតូចធំ ដោយគ្មាននិយាយអ្វី ឲ្យលើសពីសេចក្ដីដែលពួកហោរា នឹងលោកម៉ូសេបានទាយថាត្រូវមកនោះឡើយ គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខ ហើយថា ដោយសារទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញមុនគេទាំងអស់ នោះទ្រង់បានប្រកាសប្រាប់ពីពន្លឺ ដល់សាសន៍នេះ ហើយដល់សាសន៍ដទៃផង។
២៦:២២-២៣ ព្រះបានជួយនិងការពារលោកប៉ុលអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងការបំពេញព័ន្ធកិច្ច ដើម្បីឲ្យគាត់ (មិនខ្វល់ពីការបៀតបៀនដែលគាត់បានជួបប្រទះ) នៅតែអាចរស់នៅហើយនៅតែអាច ប្រកាសដំណឹងល្អបានដដែល។ ចំនុចសំខាន់នៃសេចក្តីប្រកាសរបស់លោកប៉ុលនោះគឺជាការសុគត និងការរស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទ ចំនុចទាំងពីរនេះគឺជាសេចក្តីបង្រៀន ដែលមាននៅក្នុង ព្រះគម្ពីរសញ្ញាចាស់ (នៅក្នុងបទគម្ពីរដូចជា ទំនុកដំកើង ២២; អេសាយ ៥៣; ទំនុកដំកើង ១៦:៨-១១និង ១១០:១)។
ព្រះយេស៊ូវគឺអ្នកទីមួយដែលបានរស់ពីសុគតឡើងវិញហើយការរស់ពីសុគតរបស់ព្រះអង្គគឺជាការអះអាងដែលពួកអ្នកជឿទាំងអស់នឹងរស់ឡើងវិញដូចគ្នាដែរ (១ កូរិនថូស ១៥:២០-២៣;កូឡូស ១:១៨; ១ យ៉ូហាន ៣:២)។ សេចក្តីប្រកាសពីសេចក្តីសង្រ្គោះដែលលោកប៉ុលប្រកាសនេះគឺសម្រាប់មនុស្សទាំងអស់ មិនខ្វល់ថាគេមានឋានៈអ្វីនៅក្នុងសង្គមនោះឡើយ (“អ្នកតូចធំ”) ឬជាសាសន៍អ្វី (“ទាំងសាសន៍យើងនិងដល់ពួកសាសន៍ដទៃផង”)។
កំពុងដែលគាត់និយាយសេចក្ដីទាំងនោះ ដើម្បីដោះសាខ្លួន នោះលោកភេស្ទុសឡើងសំឡេងកាត់ថា ប៉ុលអើយ ឯងឆ្កួតទេ ឯងរៀនសូត្រជាច្រើន ដល់ម៉្លេះបានជាឆ្កួតហើយ
២៦:២៤ សាសន៍រ៉ូមមិនជឿលើការរស់ពីស្លាប់ឡើងវិញនោះឡើយ ហើយលោកភេស្ទុសទើបតែ បានមកដល់ស្រុកយូដាត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ,ដូច្នេះហើយប្រហែលជាគាត់មិនធ្លាប់បានឮអ្នកណាម្នាក់និយាយអំពីការរស់ពីស្លាប់ឡើងវិញពីមុនមកឡើយ។គាត់បានកាត់សំដីលោកប៉ុលហើយនិយាយថាគាត់គិតថាអ្វីដែលលោកប៉ុលបាននិយាយនោះគឺជារឿងចម្កួតទៅវិញ។
តែគាត់ប្រកែកថា ព្រះតេជព្រះគុណភេស្ទុសអើយ ខ្ញុំប្របាទមិនមែនឆ្កួតទេ ខ្ញុំប្របាទនិយាយចំពោះពាក្យពិត ហើយជានាទេតើ
២៦:២៥ លោកប៉ុលបានបញ្ជាក់លោកភេស្ទុសថាគាត់មិនមែនឆ្កួតទេ។ ពាក្យសំដីរបស់គាត់គឺជាការពិត ហើយមានហេតុផលត្រឹមត្រូវ។អ្វីដែលជាបញ្ហានោះគឺថាលោកភេស្ទុសទើបតែបានមកពីក្រុងរ៉ូមថ្មីៗ ហើយ គាត់មិនបានដឹងពីព្រឹត្តិការណ៍ដ៏ធំដែលបានកើតមានឡើងនៅក្នុងខេត្តនៃស្រុកយូដាមួយនេះនោះឡើយ។
ដ្បិតព្រះករុណាទ្រង់បានជ្រាបការទាំងនេះហើយ ខ្ញុំប្របាទក៏ទូលដល់ទ្រង់ដោយក្លាហានដែរ ព្រោះខ្ញុំប្របាទជឿប្រាកដថា ក្នុងការទាំងនេះគ្មានអ្វីលាក់កំបាំងនឹងទ្រង់ទេ ដ្បិតមិនមែនធ្វើនៅទីកៀនកោះឯណាឡើយ
២៦:២៦ ប៉ុន្តែលោកប៉ុលបានដឹងថាស្តេចអ័គ្រីប៉ាបានជ្រាប “ពីការទាំងនេះ” គឺអំពី កិច្ចការ ការសុគត និងការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ ហើយការរីកចំរើនរបស់ពួកជំនុំ និងពីការសាយភាយនៃ ដំណឹងល្អ។ ការទាំងនេះមិនមែនកើតមានឡើង “នៅកៀនកោះឯណាឡើយ” គឺមានន័យថា ការទាំងនេះ មិនមែនកើតមានឡើងដោយសំងាត់ ឬដោយលាក់កំបាំងនោះឡើយ។ ការពិតទៅការសុគតរបស់ ព្រះយេស៊ូវ ហើយនឹងសេចក្តីប្រកាសរបស់គ្រីស្ទានដែលប្រកាសថាព្រះអង្គបានរស់ពីសុគតឡើងវិញគឺជា អ្វីដែលគ្រប់គ្នានៅអ៊ីស្រាអែលបានដឹង។ ដូច្នេះហើយ ស្តេចអ័គ្រីប៉ាគួរតែបានជ្រាបពីការនេះដែរ។
បពិត្រព្រះរាជាអ័គ្រីប៉ាអើយ តើទ្រង់ជឿសេចក្ដីទំនាយរបស់ពួកហោរាឬទេ ទូលបង្គំដឹងថាទ្រង់ជឿហើយ
២៦:២៧ ដូច្នេះហើយ លោកប៉ុលបានបែរទៅស្តេចហើយសួរថា “តើទ្រង់ជឿសេចក្តីទំនាយរបស់ ពួកហោរាឬទេ?” ប្រសិនបើស្តេចអ័គ្រីប៉ាជឿលើសេចក្តីទំនាយរបស់ពួកហោរានោះ ហើយពួកហោរាចង្អុ របង្ហាញទៅកាន់ព្រះគ្រីស្ទនោះ នោះស្តេចអ័គ្រីប៉ាគួរតែបានឃើញថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទហើយ។
ស្តេចអ័គ្រីប៉ាក៏មានបន្ទូលទៅប៉ុលថា បន្តិចទៀត ឯងនឹងនាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ
២៦:២៨ ស្តេចអ័គ្រីប៉ា មិនចង់ឆ្លើយនឹងសំនួររបស់លោកប៉ុលនោះឡើយ។ ទ្រង់មិនចង់ឆ្លើយថា “ទេ” ហើយបដិសេធសេចក្តីទំនាយរបស់ពួកហោរាឡើយ។ ប៉ុន្តែទ្រង់ក៏មិនបានត្រៀមខ្លួននៅក្នុងការឆ្លើយថា “មែន” ហើយបន្ទាប់មកលោកប៉ុលនឹងនាំឲ្យទ្រង់បានប្រែក្លាយទៅជាគ្រីស្ទានម្នាក់នោះដែរ។
រួចប៉ុលទូលថា ទូលបង្គំសូមដល់ព្រះ មិនមែនឲ្យត្រឹមតែព្រះករុណាប៉ុណ្ណោះ គឺឲ្យអស់អ្នកដែលស្តាប់ទូលបង្គំនៅថ្ងៃនេះថែមទៀតផង ទោះបើនៅបន្តិចទៀត ឬយូរទៅទៀតក្តី ឲ្យតែគ្រប់គ្នាបានដូចទូលបង្គំ លើកតែចំណងនេះចេញ។
២៦:២៩ លោកប៉ុលចង់ឲ្យមនុស្សទាំងអស់មានសេចក្តីជំនឿលើព្រះយេស៊ូវ។សេចក្តីអធិស្ឋានរបស់គាត់ មិនមែនសម្រាប់តែស្តេចអ័គ្រីប៉ាតែប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សគ្រប់គ្នាដែលបានស្តាប់ឮហើយអាចនឹង ទុកចិត្តលើព្រះយេស៊ូវថាជាព្រះអម្ចាស់និងជាព្រះអង្គសង្រ្គោះរបស់គេ។
នោះស្តេច ព្រមទាំងចៅហ្វាយស្រុក នឹងព្រះនាងបេរេនីស ហើយនឹងអស់អ្នកដែលអង្គុយជាមួយ ក៏ក្រោកឡើង
២៦:៣០ ស្តេចអ័គ្រីប៉ាបានបញ្ចប់ការស្តាប់ចំពោះការបកស្រាយ។ទ្រង់បានស្តាប់ឮគ្រប់គ្រាន់នៅក្នុងការ ដែលបានដឹងថាលោកប៉ុលគ្មានកំហុសចំពោះបទល្មើសណាមួយយោងតាមច្បាប់របស់រ៉ូមឡើយ។ទ្រង់ក៏បានចាកចេញដោយព្រោះតែទ្រង់ចង់បញ្ឈប់លោកប៉ុលពីការប្រកាសដោយព្រោះតែទ្រង់មិនទាន់បានត្រៀមខ្លួននៅក្នុងការប្រែក្លាយជាគ្រីស្ទានម្នាក់នោះឡើយ។
កាលបានថយចេញផុតហើយ នោះក៏ពិភាក្សាគ្នាថា មនុស្សនេះមិនបានធ្វើអ្វីគួរនឹងស្លាប់ ឬនឹងជាប់ចំណងសោះ
២៦:៣១ មនុស្សគ្រប់គ្នាដែលបានស្តាប់លោកប៉ុលនិយាយបានយល់ស្របថាគាត់គ្មានបានធ្វើអ្វីខុស ដែលគួរនឹងទទួលទោសស្លាប់ឬជាប់គុកនោះឡើយ។ការនេះជាលើកទីបួនដែលលោកប៉ុលត្រូវបានប្រកាសថាគ្មានទោស:ទីមួយដោយពួកផារិស៊ី (២៣:៩) បន្ទាប់មកដោយមេទ័ពរ៉ូម លោកលីស៊ា (២៣:២៩), ក្រោយមកដោយចៅហ្វាយក្រុងលោកភេស្ទុស (២៥:២៥)។
ហើយស្តេចអ័គ្រីប៉ាមានបន្ទូលទៅលោកភេស្ទុសថា មនុស្សនេះ បើមិនបានសូមរើក្តីដល់សេសារទេ នោះនឹងលែងបាន។
២៦:៣២ ស្តេចអ័គ្រីប៉ាបញ្ជាក់ថាលោកប៉ុលគ្មានទោសកំហុសចំពោះបទណាមួយឡើយ។ ដូច្នេះហើយ លោកភេលីចគួរតែបានដោះលែងឲ្យគាត់មានសេរីភាព តាំងពីពីរឆ្នាំមុនមកម្ល៉េះ។ ប៉ុន្តែ គាត់មិនបាន ដោះលែងនោះឡើយ។លោកភេស្ទុសក៏គួរតែបានដោះលែងគាត់ដែរ ប៉ុន្តែគាត់មិនបានដោះលែងទេ ដោយព្រោះតែគាត់ចង់ផ្គាប់ចិត្តដល់ពួកសាសន៍យូដា (២៥:៩-១១)។ ដូច្នេះហើយ លោកប៉ុលត្រូវបាន បង្ខំឲ្យសុំរើក្តីទៅចំពោះស្តេចសេសារ។ ពេលនេះ បំណងព្រះហឫទ័យព្រះនោះដែលលោកប៉ុលត្រូវទៅ ក្រុងរ៉ូម (១៩:២១, ២៣:១១) ហើយបំណងចិត្តរបស់លោកប៉ុលចង់ទៅជួបជាមួយនឹង សហគមន៍គ្រីស្ទានដែលនៅទីនោះ (រ៉ូម ១:៩-១៣) នឹងត្រូវសម្រេចនៅក្នុងពេលឆាប់ៗនេះ។




