top of page

លុះ​កាល​លោក​ភេស្ទុស​បាន​ចូល​មក​ក្នុង​ខេត្ត នោះ​ក្រោយ​៣​ថ្ងៃ លោក​ក៏​ឡើង​ពី​សេសារា ទៅ​ឯ​ក្រុង​យេរូ‌សាឡិម

 

២៥:១ ពេលដែលោកភេស្ទុសមកជំនួសកន្លែងលោកភេលីចជាចៅហ្វាយក្រុង ស្រុកយូដានោះគឺនៅក្នុង ឆ្នាំ៥៩ គ,ស។ ​​ស្តេចសេរសា ណឺរ៉ូបានដកលោកភេលីចពីដំណែងក្រោយពេល ដែលពួកសាសន៍យូដា បានប្តឹងគាត់។ ដូច្នេះហើយ  លោកភេស្ទុសដឹងថា ការដែលមានទំនាក់ទំនងល្អ ជាមួយនឹងពួកអ្នកដឹកនាំ សាសន៍យូដាគឺជាចំនុចសំខាន់ប្រសិនបើគាត់ចង់គ្រប់គ្រងដំបន់នេះដោយជោគជ័យ។ ដូច្នេះហើយ ​បីថ្ងៃក្រោយដែលគាត់បានមកដល់ស្រុកយូដាហើយ គាត់បានចាកចេញពីដំណាក់របស់គាត់នៅក្នុង ស្រុកសេសារាទៅក្រុងយេរូសាឡិមដើម្បីទៅជួបជាមួយនឹងពួកអ្នកដឹកនាំសាសន៍យូដា។ ​

 

ឯ​ពួក​សង្គ្រាជ នឹង​ពួក​មេ​សាសន៍​យូដា គេ​ចូល​ទៅ​ជំរាប​លោក​ពី​ដំណើរ​ប៉ុល ហើយ​សូម​អង្វរ​ឲ្យ​លោក​អនុញ្ញាត ចាត់​គេ​ឲ្យ​ទៅ​នាំ​គាត់​មក​ក្រុង​យេរូ‌សាឡិម​វិញ ពី​ព្រោះ​គេ​មត់​គ្នា​នឹង​សំឡាប់​គាត់​តាម​ផ្លូវ

 

២៥:២-៣ នៅពេលដែលចៅហ្វាយក្រុងថ្មីមកដល់ហើយនោះ  ពួកអ្នកដឹកនាំសាសន៍យូដាបានសម្រេចថា វាគឺជាឳកាសល្អនៅក្នុងការព្យាយាមសម្លាប់លោកប៉ុលជាថ្មីទៀត។ ទោះបីជាអស់រយៈពេលពីរឆ្នាំ ចាប់តាំងពីលោកប៉ុលនៅក្នុងក្រុងយេរូសាឡិមហើយក៏ដោយ ពួកគេនៅតែគិតពីលោកប៉ុលជានិច្ច ហើយគេបានសូមអង្វរលោកភេស្ទុសឲ្យចាត់លោកប៉ុលមកក្រុង យេរូសាឡិមវិញដើម្បីនឹងសួរចម្លើយ។ 

ប៉ុន្តែគេពិតជាមិនមែនចង់សួរចម្លើយលោកប៉ុលទៀតនោះទេ។ ​ឧបាយកលរបស់ពួកគេនោះគឺពេល ដែលលោកប៉ុលចាកចេញពីទីកន្លែងសុវត្ថិភាពនៅក្នុងដំណាក់របស់រ៉ូមនៅក្នុងស្រុកសេសារាហើយនោះពួកគេនឹងលបឆ្មក់ហើយសម្លាប់គាត់នៅតាមផ្លូវទៅក្រុងយេរូសាឡិមវិញ។ ​

លោកប៉ុលត្រូវបានជាប់គុកអស់រយៈពេល ពីរឆ្នាំហើយ (២៤:២៧)  ហើយគូបដិបក្ខសាសន៍យូដា របស់គាត់នៅតែចង់សម្លាប់គាត់។ ​កាលពីមុន មានសាសន៍យូដាសែសិបនាក់ដែលរៀបគម្រោងក្នុង ការឆ្មក់លបសម្លាប់លោកប៉ុលដោយមានជំនួយពីសំដេចសង្ឃនិងពួកសាឌូស៊ី (២៣:១៥)។ ពេលនេះសំដេចសង្ឃនិងពួកអ្នកដឹកនាំសាស​​ន៍​យូដារៀបគម្រោងសម្លាប់លោកប៉ុលវិញម្តង។ ​

តែ​លោក​ភេស្ទុស​ឆ្លើយ​ថា ត្រូវ​តែ​ឃុំ​ប៉ុល​ទុក​នៅ​ក្រុង​សេសារា​នោះ ចាំ​បន្តិច​ទៀត ខ្លួន​ខ្ញុំ​នឹង​ទៅ​ឯ​ណោះ​ដែរ ដូច្នេះ លោក​ប្រាប់​ថា ចូរ​អស់​អ្នក​ដែល​មាន​អំណាច​ក្នុង​ពួក​អ្នក​រាល់​គ្នា ចុះ​ទៅ​ជា​មួយ​គ្នា បើ​មនុស្ស​នោះ​មាន​ទោស​អ្វី នោះ​ត្រូវ​ឲ្យ​ចោទ​ប្រកាន់​វា​ចុះ

 

២៥:៤-៥ លោកភេស្ទុសបានបដិសេធសំណើរនៅក្នុងផ្ទេរលោកប៉ុលទៅកាន់ក្រុងយេរូសាឡិម។

គាត់សុខចិត្តនៅក្នុងការសួរចម្លើយលោកប៉ុលសារជាថ្មី ប៉ុន្តែគាត់បានតម្រូវថាការនោះ ត្រូវតែបានធ្វើឡើងនៅក្នុងស្រុកសេសារា។ ​លោកភេស្ទុសមិនបានដឹងពីឧបាយកលនៅក្នុងការសម្លាប់ លោកប៉ុលនោះឡើយ  ​ប៉ុន្តែវាគឺជាអ្វីដែលសមស្របនៅក្នុងការដែលគាត់អាចនឹងស្តាប់ពីការសួរចម្លើយ នៅក្នុងស្រុកសេសារា ជាកន្លែងដែលគាត់រស់នៅវិញ  ជាពិសេនោះការសួរចម្លើយអាចនឹងចំណាយពេល ជាយូរ។ ​ដូច្នេះហើយ  ដោយមិនបានដឹងខ្លួនថា  គាត់បានការពារលោកប៉ុលពីឧបាយកល ដែលទាស់នឹងជីវិតរបស់គាត់។ យើងបានឃើញថាព្រះការពារលោកប៉ុលជាថ្មីទៀត (២៣:១២-៣៥)  ហើយនៅក្នុងពេលនេះ ព្រះអង្គប្រើចៅហ្វាយក្រុងរ៉ូមម្នាក់ដែលមិនទាំងបានដឹងពីឧបាយកលទាស់ នឹងលោកប៉ុលសោះ។ ​

កាល​បាន​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​គេ​ជាង​១០​ថ្ងៃ នោះ​ក៏​ចុះ​ទៅ​ឯ​សេសារា​វិញ ដល់​ថ្ងៃ​ស្អែក​ឡើង លោក​អង្គុយ​នៅ​ទី​ជំនុំ‌ជំរះ​ក្តី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​ប៉ុល​មក

 

២៥:៦​ ក្នុងនាមជាចៅហ្វាយ​ក្រុងថ្មី  លោកភេស្ទុសបានទស្សនាក្រុងយេរូសាឡិមក្នុងរយៈពេលចាប់ពី ប្រាំបីទៅដប់ថ្ងៃមុនពេលវិលត្រឡប់ទៅដំណាក់របស់គាត់វិញនៅក្នុងស្រុកសេសារា។ ​ថ្ងៃទីមួយក្រោយពេលដែលគាត់វិលត្រឡប់ទៅសេសារាវិញ  ពួកអ្នកដឹកនាំសាសាន៍យូដាបានទៅដល់ហើយលោកភេស្ទុសបានចាប់ផ្តើមសួរចម្លើយលោកប៉ុល។ 

 

លុះ​គាត់​ចូល​មក​ដល់ នោះ​ពួក​សាសន៍​យូដា ដែល​ចុះ​ពី​ក្រុង​យេរូ‌សាឡិម​មក គេ​ឈរ​នៅ​ជុំ‌វិញ ក៏​ចោទ​គាត់​ពី​រឿង​ធ្ងន់ៗ​ជា​ច្រើន ដែល​គេ​មិន​អាច​នឹង​រក​ភស្តុ‌តាង​បាន

 

២៥:៧ ដូចជាការសួរចម្លើយនៅចំពោះមុខលោកភេលីចដែរ ពួកសាសន៍យូដាបានចោទប្រកាន់ ទោសធ្ងន់ៗទាស់នឹងលោកប៉ុល  ដែលពួកគេនៅមិនអាចនឹងរកភស្តុតាងបានដដែល។ ​ទោះបីជា ពួកគេមានរយៈពេលពីរឆ្នាំនៅក្នុងការត្រៀមខ្លួនសម្រាប់ការកាត់ក្តីនេះក៏ដោយ  ពួកគេនៅតែមិនអាចស្វែងរកសាក្សីឬភស្តុតាងណាមួយដែលបញ្ជាក់ថាលោកប៉ុលបានធ្វើខុសនោះឡើយ។ ​

តែ​គាត់​ដោះ‌សា​ខ្លួន​ថា ខ្ញុំ​ប្របាទ​មិន​បាន​ធ្វើ​បាប​អ្វី​សោះ ទោះ​នឹង​ក្រិត្យ‌វិន័យ​របស់​សាសន៍​យូដា ឬ​នឹង​ព្រះ‌វិហារ ឬ​នឹង​សេ‌សារ​ក្តី

 

២៥:៨ ជាថ្មីទៀង លោប៉ុលបានប្រកាសពីសេចក្តីសុចរិតរបស់គាត់។ ​នេះគឺជាលើកទីបួន នៅក្នុងចំណោមការដោះសារការពារ ទាំងប្រាំមួយនៅក្នុងបទគម្ពីរ កិច្ចការ (២២:១-២១; ​២២:៣០-២៣:១០; ​២៤:១០-២១;​ ២៦:១-២៩; ២៨:១៧-២៩)។ ​​គាត់បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនបានធ្វើអ្វីដែលល្មើសនឹងច្បាប់សាសន៍យូដា ព្រះវិហារ ឬសេរសានោះឡើយ (២៣:១, ២៤:១៦)។  ​​ដូច្នេះហើយគាត់គួរតែត្រូវបានដោះលែងតាំងពី ពីរឆ្នាំមុនមកម្ល៉េះ។ 

 

តែ​លោក​ភេស្ទុស​ចង់​បាន​បំណាច់​ចំពោះ​ពួក​សាសន៍​យូដា ក៏​សួរ​ទៅ​ប៉ុល​ថា ឯង​សុខ​ចិត្ត​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ឲ្យ​អញ​ជំនុំ‌ជំរះ​ឯង​ពី​ដំណើរ​នេះ​ឬ​ទេ

 

២៥:៩ ​លោកភេស្ទុសបានដឹងថាលោកប៉ុលមិនបានប្រព្រឹត្តបទល្មើសណាមួយទាស់នឹងសេសារឬច្បាប់ របស់រ៉ូមនោះឡើយ។ ​ប៉ុន្តែគាត់មិនបានយល់ពីការចោទប្រកាន់ផ្សេងទៀតដែលពួកសាសន៍ យូដាបានលើកឡើងទាស់នឹងលោកប៉ុលដែលទាក់ទងជាមួយនឹងសាសនាសាសន៍យូដា ដោយព្រោះតែគាត់ទើបតែបានមកនៅក្នុងស្រុកយូដាត្រឹមរយៈពេលពីរសប្តាហ៍តែប៉ុណ្ណោះ (ខ១៧-២០)។ 

ដោយព្រោះតែលោកភេស្ទុសមិនយល់ថាត្រូវកាត់ក្តីបែបយ៉ាងណាចំពោះរឿងក្តីមួយនេះ  ហើយដោយព្រោះ តែគាត់ចង់ផ្គាប់ចិត្តដល់ពួកសាសន៍យូដាដោយការទទួលព្រមតាមការស្នើសុំរបស់ពួកគេដោយការជំនុំជំរះក្តីនៅក្រុងយេរូសាឡិម គាត់សួរលោកប៉ុលថាតើគាត់ព្រមឡើងទៅក្រុងយេរូសាឡិមដើម្បីនឹងទទួល ការជំនុំជំរះក្តីនៅទីនោះដែរទេ។ ​ការនេះអាចនឹងមានន័យថាត្រូវទទួលជំនុំជំរះក្តីដោយពួកសាន់ហេឌ្រីន ជាថ្មីទៀត។ ​យ៉ាងណាម៉ិញ យោងតាមច្បាប់រ៉ូម  គាត់មិនអាចបង្ខំលោកប៉ុល (ក្នុងនាមជាសាសន៍រ៉ូមម្នាក់) ឲ្យទទួលការកាត់ក្តីដោយសាលាជំនុំរបស់សាសន៍យូដានៅក្នុងក្រុងយេរូសាឡិមនោះឡើយ។ 

នោះ​ប៉ុល​ឆ្លើយ​ថា ខ្ញុំ​ប្របាទ​ឈរ​នៅ​មុខ​ទី​ជំនុំ​ជំរះ​ក្តី​នៃ​សេ‌សារ ជា​កន្លែង​ដែល​គួរ​ជំនុំ‌ជំរះ​ខ្ញុំ​ប្របាទ ខ្ញុំ​ប្របាទ​គ្មាន​ធ្វើ​ខុស​អ្វី​នឹង​ពួក​សាសន៍​យូដា​ទេ ដូច​ជា​ព្រះ‌តេជ‌ព្រះ‌គុណ​ក៏​ជ្រាប​ច្បាស់​ហើយ

 

២៥:១០​ លោកប៉ុលបានដឹងថាពីហេតុផលដែលលោកភេស្ទុសលើកឡើងពីការនេះដោយព្រោះតែ គាត់ចង់ផ្គាប់ចិត្តដល់ពួកសាសន៍យូដា។ ​ដូច្នេះហើយលោកប៉ុលគាត់បដិសេធ ហើយរំលឹកដល់ចៅហ្វាយ ក្រុងថា គាត់ “ឈរនៅមុខតីជំនុំជំរះក្តីនៃសេសារ”​ ជាកន្លែងដែល ក្នុងនាមគាត់ជាសាសន៍រ៉ូមម្នាក់ ​មានសិទ្ធគ្រប់យ៉ាងនៅក្នុងការទទួលបានក្នុងការជំនុំជំរះក្តី។ ​​ចំនុចរបស់លោកប៉ុលគឺ​ថា​ ចៅហ្វាយក្រុងរ៉ូមមានការទទួលខុសត្រូវនៅក្នុងការធ្វើជាតំណាងរបស់សេសារ និងភាពយុត្តិធម៌របស់រ៉ូម ​ដោយមិនមែនព្យាយាមចង់តម្រូវចិត្តដល់ពួកសាសន៍យូដាទាំងនេះដែលបានធ្វើការចោទប្រកាន់មិនពិតប្រាកដហើយមិនបានផ្តល់ភស្តុតាងអ្វីសោះនោះឡើយ។ ​

បើ​សិន​ជា​ខ្ញុំ​ប្របាទ​បាន​ធ្វើ​អ្វី​ខុស ឬ​ដែល​គួរ​នឹង​ស្លាប់ នោះ​ខ្ញុំ​ប្របាទ​ក៏​យល់​ព្រម​នឹង​ស្លាប់​ឥត​ប្រកែក តែ​បើ​រឿង​ដែល​គេ​ចោទ​ខ្ញុំ​ប្របាទ​មិន​ពិត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​បញ្ជូន​ទៅ​ឲ្យ​គេ​បាន​ឡើយ ខ្ញុំ​ប្របាទ​សូម​រើ​ក្តី​នេះ​ដល់​សេ‌សារ​វិញ

 

២៥:១១ ​លោកប៉ុលបាននិយាយថាគាត់សុខចិត្តស្លាប់ប្រសិនបើគាត់មានទោសកំហុសណាមួយ ដែលពួកអ្នកដឹកនាំសាសន៍យូដាបានចោទប្រកាន់គាត់នោះ។ ប៉ុន្តែគាត់សុចរិត ហើយគ្មានភស្តុតាងចំពោះ កំហុសណាមួយដែលលើកទាស់នឹងគាត់នោះឡើយ។ ​ដូច្នេះហើយ ចៅហ្វាយក្រុងរ៉ូម មិនអាចបញ្ជូនគាត់ ទៅក្នុងអំណាចនៃពួកសាសន៍យូដាបានឡើយ។ ​

 

លោកប៉ុលបានដឹងថា​លោកភេស្ទុសបានគិតនឹងបញ្ជូនគាត់ទៅឲ្យពួកសាសន៍យូដា ហើយថា ប្រសិនបើការនោះពិតជាកើតមានឡើងមែននោះគាត់អាចនឹងត្រូវគេសម្លាប់ជាមិនខាន។ ពួកសាសន៍យូដាអាចនឹងរកកំហុសចំពោះការប្រមាថព្រះវិហារ ហើយនឹងដាក់ទោសស្លាប់ដល់គាត់ ជាមិនខាន (សូមមើលចំនុច ២៤:៦)។ ​យ៉ាងណាម៉ិញ ប្រសិនបើមានសាសន៍រ៉ូមណាម្នាក់គិតថាគាត់ មិនបានទទួល នូវសេចក្តីយុត្តិធម៌នៅក្នុងសាលាជំនុំជំរះក្តីនៅក្នុងខេត្តរបស់រ៉ូមនោះ គាត់អាចនឹងស្នើសុំ ការជំនុំជំរះ ក្តីដោយសេសារបាន។ ដូច្នេះហើយ លោកប៉ុលគាត់បានប្រកាសពីសិទ្ធរបស់គាត់ក្នុងនាមជា សាសន៍រ៉ូមម្នាក់ក្នុងការទទួលបានការជំនុំជំរះក្តីនៅចំពោះសេសារនៅក្រុងរ៉ូម។ ​

ការដែលរើក្តីដល់សេសារនោះ ​​លោកប៉ុលបានបញ្ចប់ការជំនុំជំរះនេះជាមួយនឹងលោកភេស្ទុស ហើយបានជំរុញឲ្យរ៉ូមបញ្ជូនគាន់ទៅក្រុងរ៉ូមក្រោមការ ការពាររបស់ពួកគេ។ ​ពួកអ្នកដឹកនាំសាសន៍យូដាអាចនឹងមានកំហឹងយ៉ាងខ្លាំងនៅពេលដែលលោកប៉ុល គ្រាន់តែលើកឡើងពីចំនុចមួយដែលធ្វើឲ្យរឿងក្តីនេះកន្លងផុតពីអំណាចនិងឥទ្ធិពលរបស់ពួកគេ។ ​

ក្រោយ​ដែល​ភេស្ទុស​បាន​ពិគ្រោះ​នឹង​ក្រុម‌ជំនុំ នោះ​ក៏​ឆ្លើយ​ថា ឯង​បាន​សូម​រើ​ក្តី​នេះ​ដល់​សេ‌សារ​វិញ បើ​ដូច្នេះ ឯង​ត្រូវ​ទៅ​ដល់​សេ‌សារ​ចុះ។ 

 

២៥:១២ លោកភេស្ទុសមានការភ្ញាក់ផ្អើលនៅពេលដែលលោកប៉ុលគាត់ស្នើរើក្តីទៅដល់សេសារ ហើយមិនដឹងថាត្រូវធ្វើយ៉ាងណាឲ្យប្រាកដ។ ប៉ុន្តែក្រោយដែលបានពិគ្រោះជាមួយនឹងពួកទីព្រឹក្សា របស់គាត់ហើយនោះ គាត់បានដឹងថាវាគឺជាសិទ្ធរបស់លោកប៉ុលនៅក្នុងការស្នើរើក្តីនេះ ឲ្យបានជំនុំជំរះនៅចំពោះសេសារ ​ដូច្នេះហើយគាត់បានប្រកាសថាលោលប៉ុលនឹងបញ្ជូនទៅក្រុងរ៉ូម។ 

 

នេះគឺជាលទ្ធផលល្អសម្រាប់លោកភេស្ទុសដោយព្រោះតែការនេះដោះស្រាយបញ្ហារបស់គាត់ចំពោះការព្យាយាមការផ្តល់យុត្តិធម៌សម្រាប់សាសន៍រ៉ូមម្នាក់ហើយព្យាយាមក្នុងការផ្គាប់ចិត្តដល់ពួកអ្នកដឹកនាំសាសន៍យូដាដែលចង់ឲ្យដាក់ទោសលោកប៉ុល។ លោកភេស្ទុស (ដូចលោកភេលីច) មិនត្រូវធ្វើការសម្រេចចិត្ត នោះឡើយ។ ពេលនេះគាត់អាចប្រាប់ដល់សាសន៍យូដាថាគាត់ត្រូវតែបញ្ជូន លោកប៉ុលទៅ ក្រុងរ៉ូមហើយថាពួកគេអាចនឹងទៅទីនោះប្រសិនបើគេចង់តទល់ជាមួយនឹងលោកប៉ុល។ 

ការនេះក៏ជាលទ្ធផលល្អសម្រាប់លោកប៉ុលដោយព្រោះតែបានផ្តល់ឳកាសឲ្យគាត់នៅក្នុងការប្រកាសដំណឹងល្អនៅក្រុងរ៉ូមដែលគាត់តែងតែចង់ធ្វើអស់រយៈពេលជាច្រើនឆ្នាំមកហើយ (រ៉ូម ១:៩-១១)។  អ្វីដែលសំខាន់ជាងនោះ ការដែលទៅរ៉ូមដើម្បីធ្វើបន្ទាល់ពីដំណឹងល្អពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំ ឲ្យគាត់បានធ្វើ (១៩:២១)  ហើយពីអ្វីដែលព្រះយេស៊ូវបានសន្យាថាគាត់នឹងបានធ្វើវិញ (២៣:១១)។ ប្រសិនបើលោកប៉ុលធ្លាប់បានទៅរ៉ូមនៅក្នុងការធ្វើដំណើរបេសកម្មរបស់គាត់ប្រហែលជាគាត់មិនមានឳកាសនៅក្នុងការនិយាយនៅចំពោះមុខសេសារហើយនឹងពួកអ្នកដឹកនាំនៅក្នុងក្រុងរ៉ូមនោះឡើយ។ ​ប៉ុន្តែពេលនេះច្បាប់របស់រ៉ូមនិងសេចក្តីយុត្តិធម៌នឹងនាំឲ្យគាត់បានទៅដល់ទីនោះដើម្បីឲ្យគាត់អាចនិយាយទៅកាន់អ្នកដែលមានអំណាចបំផុតនៅក្នុងសង្គមរបស់រ៉ូម។ 

 

ក្រោយ​បួន​ដប់​ថ្ងៃ​មក​ទៀត ព្រះ‌រាជា​អ័គ្រីប៉ា នឹង​ព្រះ‌នាង​បេរេនីស ស្តេច​យាង​ចុះ​មក​ឯ​សេសារា ក៏​ចូល​ទៅ​សួរ​លោក​ភេស្ទុស

 

២៥:១៣ នៅពេលដែលស្តេចអ័គ្រីប៉ាសុគតនៅក្នុងឆ្នាំ​ ៤៤ គ,ស (១២:២០-២៣) បុត្រារបស់ទ្រង់ ស្តេច អ័គ្រីប៉ា ទី២ មានព្រះជន្មត្រឹម​១៧ ព្រះវស្សា។  ​សេសារគិតថាទ្រង់មានវ័យក្មេងនៅក្នុងការសោយរាជ្យ  ដូច្នេះហើយបានជាត្រង់បានតែងតាំងចៅហ្វាយក្រុងស្រុកយូដាម្នាក់។ ស្តេចអ័គ្រីប៉ាទី២ ឲ្យមាន ដែនដីគ្រប់គ្រងនៅភាគខាងជើងនៃស្រុកផាឡេស្ទីន (ស្រុក ឡេបាណន់សព្វថ្ងៃ)។ ​ ក្រោយមក  ស្តេចអ័គ្រីប៉ាទី២ ក៏ត្រូវបាន ផ្តល់ឲ្យមានដែនដីគ្រប់គ្រងនៅក្នុងស្រុកកាលីឡេ  ហើយក៏មានអំណាច លើព្រះវិហារនៅក្រុងយេរូសាឡិម (រួមទាំងសិទ្ធក្នុងការតែងតាំងសំដេចសង្ឃផងដែរ)។  ដូច្នេះហើយ  ទ្រង់មានឥទ្ធិពលខ្លះដែរនៅក្នុងដំបន់ស្រុកយូដា។ 

ព្រះនាងបេរេនីសជាប្អូនស្រីរបស់ អ័គ្រីប៉ា។ ​​ព្រះនាងគឺជាបងស្រីរបស់ទ្រូស៊ីល ដែលជាប្រពន្ធរបស់ លោកភេលីច (២៤:២៤)។ ពេលនោះគឺជារដូវក្តៅក្នុងឆ្នាំ ៥៩ គ,ស នៅពេលដែលស្តេច អ័គ្រីប៉ាទី២ ហើយនឹងបងស្រីរបស់ទ្រង់យាងមកសេសារាដើម្បីជួបជាមួយនឹងលោកភេស្ទុស  ជាចៅហ្វាយក្រុងថ្មីនៅស្រុកយូដា។ ​ស្តេចអ័គ្រីប៉ាមានព្រះជន្ម សាមសិបពីរវស្សា ប្អូនស្រីរបស់ទ្រង់មានព្រះជន្ម សាមសិបមួយវស្សា ហើយលោកប៉ុលមានអាយុជិត ហុកសិបឆ្នាំហើយ។ 

 

កាល​ទ្រង់​គង់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ នោះ​លោក​ភេស្ទុស​ក៏​ទូល​ពី​រឿង​ប៉ុល ថ្វាយ​ស្តេច​ថា លោក​ភេលីច​បាន​ទុក​អ្នក​ទោស​ម្នាក់ ឲ្យ​ជាប់​គុក​នៅ​ទី​នេះ ហើយ​កាល​ដែល​ទូលបង្គំ​នៅ​ក្រុង​យេរូ‌សាឡិម នោះ​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​យូដា បាន​ប្តឹង​ទូលបង្គំ ទាំង​សូម​ឲ្យ​ទូលបង្គំ​កាត់​ទោស​ឲ្យ 

 

២៥:១៤-១៥ ​​ស្តេចសេសារពេលនេះគឺជា ណឺរ៉ូ​(ឆ្នាំ ៥៤-៦៨ គ,ស)។ ​​លោកភេស្ទុសត្រូវសរសេររបាយការណ៍អំពីលោកប៉ុលថ្វាយទៅស្តេចចំពោះករណីរឿងក្តីពីហេតុដែលគាត់បញ្ជូនលោកប៉ុលទៅក្រុងរ៉ូមឲ្យបានសាកសួរដោយស្តេចសេសារ។ ដោយព្រោះតែលោកភេស្ទុសបានទើបតែបានទៅដល់ស្រុកយូដាថ្មីៗ គាត់មិនបានដឹងពីទំនៀមទម្លាប់និងសាសនារបស់សាសន៍យូដានោះឡើយ  ហើយគាត់មិនបានយល់ពីជម្លោះរបស់ប៉ុលនិងពួកអ្នកមានអំណាចរបស់សាសន៍យូដា។ ដូច្នេះហើយ  គាត់មិនបានដឹងថាត្រូវសរសេរយ៉ាងណាថ្វាយសេសារនោះឡើយ។ 

 

ការដែលមកដល់របស់ស្តេច អ័គ្រីប៉ាទី២ បានផ្តល់ឳកាសនៅក្នុងការទទួលបានយោ​បល់​អំពីរឿងក្តីនេះ។ ​លោកភេស្ទុសចាប់ផ្តើមពន្យល់ពីពេលដែលគាត់បានទៅក្រុងយេរូសាឡិម ពួកអ្នកដឹកនាំសាសន៍យូដាប្រាប់គាត់អំពីអ្នកទោសម្នាក់ដែលចៅហ្វាយក្រុងមុនមិនទាន់បានធ្វើការកាត់ក្តី ដែលពួកគេចង់ឲ្យដាក់ទោសគាត់ភ្លាមៗ។ 

តែ​ទូលបង្គំ​ឆ្លើយ​ប្រាប់​គេ​ថា សាសន៍​រ៉ូម​មិន​ដែល​បញ្ជូន​មនុស្ស​ណា​ឲ្យ​ត្រូវ​ស្លាប់ មុន​ដែល​ចុង​ចំឡើយ​មាន​ពួក​ដើម​ចោទ​នៅ​មុខ​ខ្លួន ហើយ​មាន​ឱកាស​នឹង​ដោះ‌សា​ពី​រឿង​គេ​ចោទ​នោះ​ឡើយ

 

២៥:១៦ ​លោកភេស្ទុសធ្វើតាមច្បាប់របស់រ៉ូមដោយការប្រកាន់ខ្ជាប់ក្នុងការដែលជនជាប់ចោទមានសិទ្ធ នៅក្នុងការប្រឈមមុខជាមួយនឹងដើមបណ្តឹងដើម្បីឲ្យគាត់អាច តតាំងការពារខ្លួនជាមួយនឹងក្តីដែលប្ដឹងទាស់នឹងគាត់។ ​

ដូច្នេះ កាល​គេ​បាន​មក​ទី​នេះ នោះ​ដល់​ថ្ងៃ​ស្អែក​ឡើង ទូលបង្គំ​បាន​អង្គុយ​នៅ​ទី​ជំនុំ‌ជំរះ​ក្តី​ដោយ​ឥត​បង្អង់ ហើយ​ក៏​បង្គាប់​ឲ្យ​នាំ​មនុស្ស​នោះ​មក

 

២៥:១៧ លោកភេស្ទុស បានបញ្ជាក់ថាគាត់បានយកចិត្តទុកដាក់ចំពោះករណីនេះភ្លាមៗ។ នៅថ្ងៃបន្ទាប់ក្រោយពេលដែលគាត់បានវិលត្រឡប់មកសេសារាវិញនោះ គាត់បានចាប់ផ្តើមដំណើរការជំនុំជំរះ។ 

 

តែ​កាល​ពួក​ដើម​ចោទ​បាន​ឈរ​ឡើង គេ​មិន​បាន​ចោទ​ប្រកាន់​វា​អំពី​រឿង​អ្វី ឲ្យ​ដូច​ដែល​ទូលបង្គំ​បាន​ស្មាន​នោះ​ទេ

 

២៥:១៨ ​ដោយព្រោះតែការប្តេជ្ញារបស់ពួកអ្នកដឹកនាំសាសន៍យូដា លោកភេស្ទុសបានសន្មតិថា លោកប៉ុលគួរតែបានប្រព្រឹត្តល្មើសនឹងបទឧក្រិដ្ឋធ្ងន់ធ្ងរណាមួយជាមិនខាន។ ​ប៉ុន្តែគាត់មាន ការភ្ញាក់ផ្អើលនៅពេលដែលគាត់បានស្តាប់ឮពីការចោទប្រកាន់ទាស់នឹងលោកប៉ុល។ គាត់បានគិតថា ពួកអ្នកដឹកនាំសាសន៍យូដាអាចនឹងចោទប្រកាន់លោកប៉ុលពីការប្រព្រឹត្តអាក្រក់ណាមួយ ប៉ុន្តែវាមិនមែន ដូចជាអ្វីដែលគាត់បានគិតនោះឡើយ។ ពួកគេមិនបានចោទប្រកាន់គាត់ចំពោះបទឧក្រិដ្ឋណាមួយ ដែលចៅហ្វាយក្រុងរ៉ូមអាចនឹងធ្វើការកាត់ក្តីបានឡើយ។ 

 

គេ​គ្រាន់​តែ​ប្រកាន់​ពី​របៀប​សាសនា​គេ ហើយ​ពី​ដំណើរ​ម្នាក់​ឈ្មោះ​យេស៊ូវ ដែល​ស្លាប់​ទៅ​ហើយ តែ​ប៉ុល​ប្រកាន់​ថា នៅ​រស់​ទេ​ប៉ុណ្ណោះ

 

២៥:១៩ ពួកសាសន៍យូដាមិនបានចោទប្រកាន់លោកប៉ុលជាមួយនឹងបទឧក្រិដ្ឋណាមួយដែលមានចែង នៅក្នុងច្បាប់របស់រ៉ូមនោះឡើយ។ តែផ្ទុយទៅវិញ មានការជំទាស់ដែលទាក់ទងទៅនឹងសាសនា សាសន៍យូដាដែលលោកភេស្ទុសមិនយល់ ជាពិសេសពីការរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវ ហើយសាសន៍រ៉ូមមិនជឿលើការរស់ពីស្លាប់ឡើងវិញនោះឡើយដែរ។ 
 

ហើយ​ដែល​ទូលបង្គំ​ទ័ល​គំនិត​នឹង​ពិចារណា​ពី​សេចក្ដី​នោះ ក៏​សួរ​វា បើ​វា​សុខ​ចិត្ត​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ឲ្យ​បាន​ជំនុំ‌ជំរះ​ពី​រឿង​នោះ​ឬ​ទេ

 

២៥:២០​​ ដោយព្រោះតែលោកភេស្ទុសពិចារណាពីទំនាស់ថាមានទាក់ទងតែអំពីសាសនាសាសន៍យូដា ដែលជាប្រធានបទដែលគាត់មិនបានយល់នោះ គាត់បានសួរលោកប៉ុលថាតើគាត់ព្រមឡើង ទៅក្រុងយេរូសាឡិមដើម្បីធ្វើការជំនុំជំរះក្តីនៅទីនោះដែរទេ។ ​​

 

តែ​វា​បាន​សូម​រើ​ក្តី​ដល់​មហា‌រាជ​អូគូស្ទ ឲ្យ​បាន​ជ្រាប​វិញ បាន​ជា​ទូលបង្គំ​បង្គាប់​ឲ្យ​ឃុំ​ទុក​សិន ទំរាំ​តែ​ទូលបង្គំ​មាន​ឱកាស​នឹង​បញ្ជូន​នៅ​ឯ​សេ‌សារ

 

២៥:២១ ចៅហ្វាយក្រុងរ៉ូមទាំងពីរនាក់ (លោកភេស្ទុសនិងលោកភេលីច)  គួរតែបានដោះលែងលោកប៉ុលដោយព្រោះតែគាត់មិនមានទោសកំហុសណាមួយយោងតាមច្បាប់របស់រ៉ូមនោះឡើយ។ ប៉ុន្តែពេលនេះ ​​ទោះ​បីជាលោកភេស្ទុសដឹងថាលោកប៉ុលគ្មានកំហុសក៏ដោយ (ខ១៨, ២៥)  គាត់មិនអាចនឹងដោះលែងបានដែរដោយព្រោះតែលោកប៉ុលបានសុំរើក្តីដល់សេសារហើយ។ 

ព្រះ‌រាជា​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ភេស្ទុស​ថា ខ្ញុំ​ក៏​ចង់​ស្តាប់​អ្នក​នោះ​ដែរ លោក​ទូល​ឆ្លើយ​ថា ស្អែក​នេះ​ទ្រង់​នឹង​បាន​ស្តាប់​វា​ហើយ។ 

 

២៥:២២ ស្តេចអ័គ្រីប៉ាជាផ្នែកមួយនៃពួកសាសន៍យូដា ហើយជាអ្នកដែលមានចំណេះដឹងជ្រៅជ្រះ លើវប្បធម៌របស់សាសន៍យូដា (២៦:៣)។ ទ្រង់បានឮពីលោកប៉ុលហើយតែងតែចង់ស្តាប់គាត់បកស្រាយ ជាយូរណាស់មកហើយ។ ​ដូច្នេះហើយលោកភេស្ទុសបានយល់ព្រមក្នុងការរៀបចំគាត់ លោកប៉ុលបានបកស្រាយនៅថ្ងៃបន្ទាប់។ ​ការដែលបានបកស្រាយនៅចំពោះមុខស្តេចអ័គ្រីប៉ាទី២ មិនបានផ្លាស់ប្តូរការពិតដែលលោកប៉ុលត្រូវទៅទីក្រុងរ៉ូមហើយសួរចម្លើយដោយស្តេចសេសារនោះឡើយ។ ​ការដែលស្តាប់ការបកស្រាយគ្រាន់តែដើម្បីនឹងយកពត៌មានឲ្យលោកភេស្ទុសបញ្ចូលទៅក្នុងរបាយការណ៍របស់គាត់ថ្វាយសេសារតែប៉ុណ្ណោះ (ខ២៦)។ 

 

ដូច្នេះ លុះ​ថ្ងៃ​ស្អែក​ឡើង នោះ​ព្រះ‌រាជា​អ័គ្រីប៉ា នឹង​ព្រះ‌នាង​បេរេនីស ក៏​យាង​មក ដោយ​ដំណើរ​ដ៏​រុងរឿង ចូល​ក្នុង​សាលា​ក្តី មាន​ទាំង​មេ​ទ័ព​ធំ នឹង​ពួក​អ្នក​ធំ​ក្នុង​ទី​ក្រុង​ផង រួច​កាល​លោក​ភេស្ទុស​បាន​បង្គាប់​ហើយ នោះ​គេ​នាំ​ប៉ុល​ចូល​មក

 

២៥:២៣ ​ការដែលស្តាប់រឿងក្តីនោះគឺជាព្រឹត្តិការណ៍ធំមួយ។ ដែលត្រូវបានប្រព្រឹត្តឡើងនៅក្នុងសាល ដ៏ធំមួយនៅក្នុងដំណាក់ហើយមានពួកមេទ័ពធំនិងពួកអ្នកធំនៅក្នុងទីក្រុងចូលរួមផងដែរ។ នេះគឺជា ឳកាសដ៏ល្អសម្រាប់លោកប៉ុលនៅក្នុងការប្រកាសដំណឹងល្អ។ ព្រះយេស៊ូវបានសន្យាថាគាត់ នឹងបាន “​ប្រកាស​ឈ្មោះ​ខ្ញុំ ដល់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច” (៩:១៥) ​ហើយសេចក្តីសន្យានោះកំពុងតែនឹង បានសម្រេចហើយ។ ​

លោក​ភេស្ទុស​ក៏​ទូល​ថា ឱ​ព្រះ‌ករុណា​អ័គ្រីប៉ា នឹង​អស់​លោក​ដែល​ទៅ​ទី​នេះ ជា​មួយ​នឹង​យើង​ខ្ញុំ​អើយ សូម​ទត​មើល​មនុស្ស​នេះ ដែល​បណ្តាជន​សាសន៍​យូដា​ទាំង​ប៉ុន្មាន បាន​ប្តឹង​ដល់​ទូលបង្គំ កាល​នៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​នៅ​ទី​នេះ​ដែរ ដោយ​សំរែក​ថា មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ

 

២៥:២៤ លោកភេស្ទុសបានចាប់ផ្តើមសង្ខេបពីរឿងក្តី ហើយពន្យល់ពីគោលបំណងនៃការស្តាប់រឿងក្តីនេះ។ 

តែ​ទូលបង្គំ​មិន​ឃើញ​ថា មាន​ទោស​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់​សោះ ហើយ​ដែល​ខ្លួន​វា​បាន​សូម​រើ​ក្តី​ដល់​មហា‌រាជ​អូគូស្ទ​វិញ នោះ​បាន​ជា​ទូលបង្គំ​សំរេច​ថា នឹង​បញ្ជូន​វា​ឲ្យ​ទៅ​ចុះ

 

២៥:២៥ លោកភេស្ទុសបានបញ្ជាក់យ៉ាងច្បាស់ថាលោកប៉ុលជាមនុស្សឥតមានទោស។ នៅក្នុងការពិចារណារបស់គាត់ចំពោះការចោទប្រកាន់ទាស់នឹងលោកប៉ុលនោះ គាត់បានឃើញថា លោកប៉ុលមិនគួរនឹងមានទោសដល់ស្លាប់ ដូចដែលពួកសាសន៍យូដាចង់ឲ្យគាត់ត្រូវទទួលទោសនោះឡើយ (ខ២៤)។ 

តែ​ទូលបង្គំ​គ្មាន​រឿង​អ្វី​ជា​ប្រាកដ នឹង​សរសេរ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ ពី​ដំណើរ​វា​ទេ ហេតុ​នោះ​បាន​ជា​ទូលបង្គំ​នាំ​វា​មក​នៅ​ទី​ចំពោះ​មុខ​នៃ​អស់​លោក​ទាំង‌ឡាយ មាន​ព្រះ‌រាជា​ជា​ដើម ឱ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ ដើម្បី​កាល​ណា​បាន​ពិចារណា​សួរ​វា​រួច​ហើយ នោះ​ទូលបង្គំ​នឹង​បាន​រឿង​អ្វី​ខ្លះ ឲ្យ​ដាក់​ចុះ​ក្នុង​សំបុត្រ ដ្បិត​បើ​តាម​ទូលបង្គំ មើល​ទៅ​ដូច​ជា​គ្មាន​ទំនង​នឹង​បញ្ជូន​អ្នក​ទោស​ទៅ ឥត​មាន​បង្ហាញ​ទោស​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ដល់​វា​នោះ​ទេ។ 

 

២៥:២៦-២៧ ដោយព្រោះតែលោកប៉ុលគ្មានកំហុស លោកភេស្ទុសមិនដឹងថាត្រូវសរសេរបែបយ៉ាងណា ដែលគាត់អាចនឹងសរសេរក្នុងរបាយការណ៍ថ្វាយសេសារនោះឡើយ។ វាអាចនឹងមើលទៅគ្មានហេតុ​ផល ហើយជារឿងចំកួតនិងមានគ្រោះថ្នាក់សម្រាប់ចៅហ្វាយក្រុងរ៉ូមនៅក្នុងការបញ្ជូនអ្នកទោសម្នាក់ទៅដល់សេសារដោយមិនបានលើកឡើងពីបទចោទទាស់នឹងគាត់។ ដូច្នេះហើយ លោកភេស្ទុសសង្ឃឹមថាស្តេចអ័គ្រីប៉ាដែលជាអ្នកមានចំណេះដឹងជ្រៅជ្រះពីទំនៀមទម្លាប់សាសន៍យូដា(២៦:៣) ដែលអាចនឹងជួយឲ្យគាត់បានយល់ពីករណីចោទរបស់ពួកសាសន៍យូដាទាស់នឹងលោកប៉ុល  ហើយអាចផ្តល់យោបល់ដល់លោកភេស្ទុសត្រូវសរសេរបែបយ៉ាងណានៅក្នុងរបាយការណ៍របស់គាត់ថ្វាយដល់សេសារ។ ​

 

ការណែនាំ
bottom of page