top of page

ប៉ុល​ក៏​សំឡឹង​មើល​ទៅ​ពួក​ក្រុម‌ជំនុំ និយាយ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន​អើយ ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​បញ្ញា​ចិត្ត​ជ្រះ​ស្អាត​នៅ​ចំពោះ​ព្រះ ដរាប​មក​ដល់​ថ្ងៃ​នេះ

 

២៣:១ លោកប៉ុលចាប់ផ្តើមឆ្លើយការពារខ្លួនគាត់ដោយការប្រកាសថា “ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​បញ្ញា​ចិត្ត ​ជ្រះ​ស្អាត​នៅ​ចំពោះ​ព្រះ”។  ​ការលើកឡើងនេះគឺជាការឆ្លើយតបចំពោះការចោទប្រកាន់ ដែលពួកសាសន៍យូដាបានចោទទាស់នឹងគាត់ (២១:២៨)។   ​លោកប៉ុលកំពុងតែនិយាយថាការប្រព្រឹត្ត របស់គាត់តែងតែបានធ្វើឡើងដោយការដែលស្តាប់តាមក្រឹត្យវិន័យដ៏ត្រឹមត្រូវរបស់ព្រះ។  ​​ដូច្នេះហើយ ​គាត់មិនដែលបានបង្រៀនអ្វីដែលទាស់នឹងប្រជារាស្រ្តរបស់ព្រះ ក្រឹត្យវិន័យរបស់ព្រះ ឬព្រះវិហារ របស់ព្រះនោះឡើយ។  ​​​

 

តែ​អាន៉្នានាស ជា​សំដេច​សង្ឃ លោក​បង្គាប់​ដល់​ពួក​អ្នក​ដែល​ឈរ​ជិត ឲ្យ​ទះ​មាត់​គាត់

 

២៣:២ លោកអាន្ន៉ានាសត្រូវបានគេស្គាល់ថាជាមនុស្សឃោរឃៅ លោភលន់ និងពុករលួយនៅក្នុង ពេលដែលគាត់ធ្វើជាសំដេចសង្ឃ (ឆ្នាំ ៤៧-៥៩ គ,ស)។ ​​គាត់បានសម្រេចថាលោកប៉ុលមានទោស ចំពោះការដែលបង្រៀនទាស់នឹងសាសន៍យូដា ក្រឹត្យវិន័យ ហើយនឹងព្រះវិហារតាំងពីមុនពេលដែល គាត់បានស្តាប់ឮការ ការពារខ្លួនម្ល៉េះ។ ដូច្នេះហើយ គាត់មានកំហឹងនៅពេលដែលគាត់បានឮលោប៉ុលថា គាត់ជាសាសន៍យូដាសុចរិតម្នាក់ដែលបានរស់នៅចំពោះព្រះដោយបញ្ញាចិត្តជ្រះស្អាត។ គាត់​បង្គាប់​ដល់ ​ពួក​អ្នក​ដែល​ឈរ​ជិត ឲ្យ​ទះ​មាត់លោក​ប៉ូល ដោយ​សារ​តែគាត់​និយាយ​ពាក្យ​ទាំង​នេះ។ ការដែលវាយ មនុស្សណាម្នាក់ដែលមិនទាន់បានរកឃើញថាមានកំហុសចំពោះបទឧក្រិដ្ឋណាមួយនោះ គឺជាការល្មើសនឹង ច្បាប់យោងតាមច្បាប់របស់សាសន៍យូដា។  ​​

នោះ​ប៉ុល​និយាយ​ទៅ​លោក​ថា ឱ​កំផែង​លាប​ស​អើយ ព្រះ‌ទ្រង់​នឹង​វាយ​លោក​វិញ លោក​អង្គុយ​ជំនុំ‌ជំរះ​ខ្ញុំ​តាម​ក្រិត្យ‌វិន័យ ចុះ​ដូច​ម្តេច​បាន​ជា​ហ៊ាន​បង្គាប់​ឲ្យ​គេ​វាយ​ខ្ញុំ ខុស​នឹង​ក្រិត្យ‌វិន័យ​ដូច្នេះ

 

២៣:៣ ​លោកប៉ុលខឹងជាមួយនឹងសំដេចសង្ឃដែលបានល្មើសនឹងច្បាប់របស់សាសន៍យូដា។  ​គាត់បាន​ឆ្លើយតបដោយការនិយាយថា “​ព្រះទ្រង់នឹងវាយលោកវិញ” ។   ​លោកប៉ុលបានដឹងថាមនុស្សគ្រប់គ្នាដែលមានឥរិយាបទដូចជាលោកអាន្ន៉ានាសនឹងជាប់ក្នុងសេចក្តីជំនុំជំរះរបស់ព្រះ។  ​ ប្រាំបួនឆ្នាំក្រោយមក  នៅពេលពួកសាសន៍យូដាបះបោរទាស់នឹងរ៉ូមនៅក្នុងឆ្នាំ ៦៦ គ,ស។  ​​លោកអាន្ន៉ានាបានភៀសខ្លួនឲ្យរួចជីវិតដោយព្រោះតែគ្រប់គ្នាដឹងថាគាត់គឺជាសម្ព័ន្ធមិត្តរបស់រ៉ូម។  ពួកទាហានសាសន៍យូដាបានចាប់ខ្លួនគាត់បានដែលពុងតែលាក់ខ្លួននៅក្នុងដំណាក់របស់ស្តេចហេរ៉ូឌ ហើយពួកគេបានសម្លាប់គាត់ទៅ។  ​

លោកប៉ុលបានហៅលោកអាន្ន៉ានាសថា “កំផែងលាបស” ​ជាកំផែងដែលត្រូវបានលាបពណ៌ស ដើម្បីនឹងគ្របបាំងការពិតដែលកំពុងតែផុយស្រួយ ​(អេសេគាល ១៣:១០-១១)។   កំផែងដែលត្រូវបាន លាបពណ៌មើលទៅដូចជាល្អហើយស្រស់ស្អាតពីខាងក្រៅ ប៉ុន្តែវានៅតែផុយស្រួយនៅខាងក្នុងដដែល​ (ម៉ាថាយ ២៣:២៧)។   ​ដូច្នេះហើយ “កំផែងលាបស”  មានន័យថាជាមនុស្សពុតត្បុត; ជាមនុស្សចង់ឲ្យគេសម្លឹងមើលមកថាខ្លួនជាមនុស្សល្អ ប៉ុន្តែតាមការពិតទៅជាមនុស្សអាក្រក់ពីខាងក្នុងវិញ។  ​លោកអាន្ន៉ានាសគឺជាមនុស្សពុតត្បុតគឺ​ (ក្នុងនាមជាសំដេចសង្ឃ) គាត់គួរតែអ្នកជំនុំជំរះដែលយុត្តិធម៌ ហើយជាអ្នកដឹកនាំម្នាក់ដែលកាន់តាមច្បាប់ ប៉ុន្តែគាត់បានល្មើសនឹងច្បាប់ដោយការបង្គាប់របស់គាត់ ឲ្យវាយមនុស្សដែលគ្មានកំហុសម្នាក់ទៅវិញ (លេវីវិន័យ ១៩:១៥)។  

ឯ​ពួក​អ្នក​ដែល​ឈរ​ជិត​ក៏​ស្តី​ឲ្យ​គាត់​ថា តើ​ឯង​ហ៊ាន​ដៀល​ដល់​សំដេច​សង្ឃ​នៃ​ព្រះ​ដែរ​ឬ ប៉ុល​ឆ្លើយ​ថា បង​ប្អូន​អើយ ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​សំដេច​សង្ឃ​ទេ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មិន​ត្រូវ​និយាយ​អាក្រក់ ពី​ចៅហ្វាយ​របស់​សាសន៍​ឯង​ឡើយ»

 

២៣:៤-៦ លោកប៉ុលមិនបានមកឯក្រុងយេរូសាឡិមចាប់តាំងពីឆ្នាំ ៥២ គ,ស, គឺតាំងពីប្រាំឆ្នាំមុន។  នៅក្នុងពេលនោះ ​​ចៅហ្វាយក្រុងនៅក្នុងស្រុកស៊ីរីបានបញ្ជូនលោកអាន្ន៉ានាសទាំងជាប់ច្រវ៉ាក់ទៅក្រុងរ៉ូម។  ​ដូច្នេះហើយ លោកប៉ុលមិនបានដឹងថា លោកអាន្ន៉ានាសនៅតែជាសំដេចសង្ឃនោះឡើយ។  ​ការនេះក៏ជា ការប្រមូលផ្តុំ្កក្រៅផ្លូវការរស់គណៈសាន់ហេឌ្រីនផងដែរ (សូមមើលចំនុច ២២:៣០) ដូច្នេះហើយ ​សំដេចសង្ឃអាចនឹងមិនបានគ្រងអាវវែងតាមមុខដំណែងរបស់គាត់ដែរ។  ​លោកប៉ុលបានដកស្រង់ចេញពី និក្ខមនំ ​២២:២៨ ដើម្បីបង្ហាញថាគាត់ក៏បានស្គាល់ក្រឹត្យវិន័យផងដែរ ដូច្នេះហើយ គាត់មិនបាននិយាយអ្វីគាត់បានិយាយនោះឡើយប្រសិនបើគាត់បានដឹងថាលោកអាន្ន៉ានាសគឺជាសំដេច សង្ឃនោះ។  ​

 

កាល​ប៉ុល​បាន​ដឹង​ថា ពួក​គេ​១​ចំណែក​ជា​ពួក​សាឌូស៊ី ហើយ​១​ចំណែក​ទៀត​ជា​ពួក​ផារិស៊ី នោះ​គាត់​បន្លឺ​សំឡេង​ឡើង​ក្នុង​ពួក​ក្រុម‌ជំនុំ​ថា បង​ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​ជា​ពួក​ផារិស៊ី ហើយ​ជា​កូន​នៃ​ពួក​ផារិស៊ី ខ្ញុំ​ជាប់​ជំនុំ‌ជំរះ គឺ​ដោយ​ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នេះ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ

 

២៣:៦ លោកប៉ុលបានដឹងខ្លួនថាគាត់នឹងមិនទទួលបានភាពយុត្តិធម៌ចំពោះការស្តាប់បន្ទាល់ ដោយពួកសាន់ហេឌ្រីននោះឡើយ (ក្រោយដែលលោកអាន្ន៉ានាសបានបញ្ជាឲ្យគេទះមាត់គាត់ ក្រោយពេល ដែលគាត់បានចាប់ផ្តើមធ្វើបន្ទាល់ការពារខ្លួននោះ)។ ​ដូច្នេះហើយ គាត់បានសម្រេចចិត្តបោះ ជំហានដ៏ក្លាហានមួយដែលអាចនឹងធ្វើឲ្យមានការបែងខ្ញែកនៅក្នុងពួកសាន់ហេឌ្រីន ហើយបានធ្វើអ្នកខ្លះក្នុងពួកគេឈរនៅខាងគាត់វិញ។ ​

សមាជិកនៅក្នុងគណៈសាន់ហេឌ្រីនប្រមូលផ្តុំដោយពីរក្រុមរួមគ្នា អ្នកខ្លះគឺជាពួកសាឌូស៊ី ហើយអ្នកខ្លះជា ពួកផារិស៊ី។ លោកប៉ុលបានដឹងថាក្រុមទាំងពីរនេះតែងតែឈ្មោះប្រកែកគ្នាអំពីការយល់ផ្សេងៗពីគ្នា នៅចំនុចសំខាន់ៗជាច្រើន រួមទាំងការរស់ពីស្លាប់ឡើងវិញផងដែរ។ ​ការរស់ពីស្លាប់ឡើងវិញគឺជា ចំនុចសំខាន់នៃដំណឹងល្អហើយជាសេចក្តីសង្ឃឹមរបស់គ្រីស្ទាន ​(២៦:៨, ២៦:២៣, ១ កូរិនថូស ១៥:១៦-២៨) ដូច្នេះហើយ លោក ប៉ុលបានប្រកាសពីហេតុដែលគាត់ត្រូវជាប់ក្នុងចោទសួរនេះ គឺដោយព្រោះតែគាត់ជឿលើការរ់ពីស្លាប់ឡើងវិញ។ ​

កាល​គាត់​និយាយ​ដូច្នោះ​ហើយ នោះ​ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី គេ​កើត​ទាស់‌ទែង​គ្នា បណ្តា​ជំនុំ​ក៏​បែក‌ខ្ញែក​ដែរ

 

២៣:៧ ​ការដែលជឿផ្សេងពីគ្នាអំពីសេចក្តីសង្ឃឹមនៃការរស់ពីស្លាប់ឡើងវិញបានធ្វើឲ្យមានការបែក ខ្ញែកនៅក្នុងគណៈសាន់ហេឌ្រីន ហើយបានធ្វើឲ្យមានការឈ្លោះប្រកែក រវាងពួកសាឌូស៊ី និងពួកផារិស៊ី។ ​

 

ដ្បិត​ពួក​សាឌូស៊ី​ប្រកាន់​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ ក៏​គ្មាន​ទេវតា ឬ​វិញ្ញាណ​ណា​ផង តែ​ពួក​ផារិស៊ី​ជឿ​ថា មាន​វិញ

 

២៣:៨ ​ពួកសាឌូស៊ីប្រកាន់ថានៅក្នុងព្រះគម្ពីរសញ្ញាចាស់មានតែប្រាំបទគម្ពីរតែប៉ុណ្ណោះ(រាប់ពីលោកុប្បត្តិ ដល់ចោទិយកថា)ដែលជាព្រះបន្ទូលនៃព្រះ។ ​ដោយព្រោះតែពួកគេបានគិតថាបទគម្ពីរទាំងនេះមិនបាន បង្រៀនពីការរស់ពីស្លាប់ឡើងវិញនោះឡើយ ពួកគេបាននិយាយថា គ្មានការរស់ពីស្លាប់ឡើងវិញនោះ ឡើយ។ ​​ប៉ុន្តែ សូមនឹកចាំថា ព្រះយេស៊ូវបានបង្រៀនថាពួកគេបានយល់ច្រឡំអំពីការនេះ (សូមមើលក្នុង ម៉ាថាយ​ ២២:២៣-៣៣)។  

 

យ៉ាងណាម៉ិញ ពួកផារិស៊ី បានទទួលថាបទគម្ពីរទាំងអស់ដែលមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាព្រះបន្ទូលនៃព្រះទាំងអស់ រួមតាំងបទគម្ពីរសេចក្តីទំនាយដែលមានបទគម្ពីរ ដែលនិយាយអំពី ការរស់ពីស្លាប់ឡើងវិញ (ដូចជា អេសេគាល ៣៧:១-១៤ និង ដានីយ៉ែល ១២:១-៣)​​​។ ​ដូច្នេះហើយ ពួកគេជឿលើសេចក្តីទាំងនេះ។

 ​

នោះ​កើត​មាន​សូរ​ទ្រហឹង​អឺង‌អាប់​ជា​ខ្លាំង ហើយ​ពួក​អាចារ្យ​ខ្លះ​ខាង​ពួក​ផារិស៊ី ក៏​ឈរ​ឡើង​ជជែក​ថា យើង​មិន​ឃើញ​ជា​មនុស្ស​នេះ​មាន​ទោស​ខុស​អ្វី​សោះ តែ​បើ​មាន​វិញ្ញាណ ឬ​ទេវតា​បាន​និយាយ​នឹង​គាត់ នោះ​ធ្វើ​ដូច​ម្តេច​វិញ

 

២៣:៩ ​ពួកផារិស៊ីជឿគ្រប់ទាំងសេចក្តីដែលមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដូច្នេះហើយសេចក្តីជំនឿ របស់ពួកគឺនៅកៀកនឹងសេចក្តីជំនឿរបស់គ្រីស្ទាន (បើប្រៀបធៀបទៅនឹងពួកសាឌូស៊ី)។ អ្វីដែលសំខាន់បំផុនោះ ព្រះគម្ពីរសញ្ញថ្មីបានកត់ត្រាថាមានពួកផារិស៊ីមួយចំនួនបានប្រែក្លាយជាគ្រីស្ទាន (១៥:៥; យ៉ូហាន ៣:១) ប៉ុន្តែមិនមានការកត់ត្រាណាដែលនិយាយពីការផ្លាស់ប្រែរបស់ពួកសាឌូស៊ី នោះឡើយ។ ​

ពួកផារិស៊ីបានប្រកាសថា លោកប៉ុលគ្មានទោសចំពោះបទឧក្រិដ្ឋណាមួយនឹងការវែកញែក ដែលគាត់បានទទួលការបើកសំដែងពីការរស់ពីស្លាប់ឡើងវិញដោយសារទេវតាឬវិញ្ញាណណាមួយនោះឡើយ។ ប៉ុន្តែសំដេចសង្ឃហើយនឹងមនុស្សភាគច្រើននៃគណៈសាន់ហេឌ្រីនគឺជាពួកសាឌូស៊ី ហើយពួកគេមិនជឿលើទេវតាឬវិញ្ញាណនោះឡើយ។ ​ដូច្នេះហើយពួកគេនៅតែប្រឆាំងនឹងលោកប៉ុលដដែល។ ​

 

លុះ​កើត​ទាស់​គ្នា​ជា​ខ្លាំង​ដូច្នោះ នោះ​មេ​ទ័ព​ធំ​ក៏​បង្គាប់​ឲ្យ​ពួក​ទាហាន​ចុះ​ទៅ យក​គាត់​ពី​កណ្តាល​គេ​មក ដោយ​អំណាច ហើយ​នាំ​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ ក្រែង​លោ​គេ​ប្រញាយ​ហែក​គាត់​ខ្ទេច‌ខ្ទី​ទៅ។ 

 

២៣:១០​​ ពួកអ្នកដឹកនាំសាសនារបស់ប្រជាជនអ៊ីស្រាអែលមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ ​លោកលីស៊ា ​ដែលជាមេទ័ពធំរបស់រ៉ូម បានបង្គាប់គណៈសាន់ហេឌ្រីនមកប្រជុំគ្នាដើ​ម្បីនឹងស្វែងរកថា តើលោកប៉ុលត្រូវចោទប្រកាន់ពីអ្វី។ យ៉ាងណាម៉ិញ ជាជាងការដែលមានការពិភាក្សាដោយសន្តិវិធី ជាមួយនឹងលោកប៉ុល ​​គណៈសាន់ហេឌ្រីនចាប់ផ្តើមមានជម្លោះ ហើយកាន់តែខ្លាំងឡើងថែមទៀត ​ដូចជាពួកសាសន៍យូដាដែលបានធ្វើកាលពីមួយថ្ងៃមុននៅក្នុងទីធ្លាព្រះវិហារ (២១:២៧-៣៦)។ ដូច្នេះហើយជាថ្មីទៀត ​​លោកលីស៊ាត្រូវតែលូកដៃដើម្បីការពារលោកប៉ុល។ ​​

 

លោកលូស៊ាមិនអាចបណ្តោយឲ្យម្នាក់ដែលមានសញ្ជាតិរ៉ូម៉ាំងត្រូវគេសម្លាប់នៅក្នុងការសួរចម្លើយនោះ ឡើយ (ជាពិសេស ការសួរចម្លើយដែលគាត់ជាអ្នករៀបចំ) ​ ដូច្នេះហើយគាត់បានបញ្ជាឲ្យបញ្ចប់ អង្គជំនុំរបស់ គណៈសាន់ហេឌ្រីន។ ​កាលពីមួយថ្ងៃមុន គាត់បានចាប់ខ្លួនលោកប៉ុល ដោយសារតែមានភាពវឹកវរនៅក្នុងទីធ្លាព្រះវិហារ​ (២១:៣៣)  ពេលនេះ គាត់ចាប់យកលោកប៉ុលចេញដើម្បីនឹងការពារគាត់ពីគណៈសាន់ហេឌ្រីនវិញ។ ​ក្រោយការប្រជុំហើយ គាត់នៅតែមិនបានដឹងពីហេតុដែលពួកសាសន៍យូដាទាស់នឹងអ្នកទោសរបស់គាត់នោះឡើយ។ ​

 

នៅ​វេលា​យប់​នោះ ព្រះ‌អម្ចាស់​ទ្រង់​ឈរ​ជិត​គាត់​មាន​បន្ទូល​ថា ចូរ​សង្ឃឹម​ឡើង ប៉ុល​អើយ ដ្បិត​អ្នក​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម ដូច​ជា​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម​ដែរ

 

២៣:១១​ នេះគឺជាការជាក់ស្តែងទីប្រាំក្នុងចំណោមការជាក់ស្តែងទាំងប្រាំមួយដែលលោកប៉ុល បានទទួលនៅក្នុង បទគម្ពីរកិច្ចការ ​​(៩:៣-៦, ​១៦:៩-១០,​ ១៨:៩-១០, ២២:១៧-១៨, ២៣:១១, ២៧:២៣-២៤)។ ការជាក់ស្តែងនិមួយៗកើតឡើងនៅចំនុចសំខាន់នៃព័ន្ធកិច្ចរបស់គាត់។ ​នៅក្នុងការជាក់ស្តែងនេះ ​ ​ព្រះយេស៊ូវបានកំសាន្តចិត្តដល់លោកប៉ុលដោយការមានបន្ទូលប្រាប់គាត់ថា សេចក្តីប៉ងប្រាថ្នារបស់គាត់នៅក្នុងការធ្វើបន្ទាល់ពីព្រះយេស៊ូវនៅក្រុងរ៉ូមនឹងត្រូវបានបើកឲ្យ (រ៉ូម ១:៩-១១, ១៥:២៣)។ 

 

សេចក្តីសន្យាចំពោះកិច្ចការបន្ថែមទៀតដែលត្រូវធ្វើក៏ជាសេចក្តីសន្យាចំពោះការ ការពាររហូតដល់កិច្ច ការនោះត្រូវបានសម្រេចផងដែរ។ ​លោកប៉ុលបានដឹងថាគាត់នឹងមានជីវិតរស់នៅរហូតទាល់តែគាត់បាន សម្រេចកិច្ចការដែលព្រះបានហៅឲ្យគាត់ធ្វើនោះ។ ​គាត់បានដឹងថាគាត់នឹងមិនស្លាប់នៅក្រុងយេរូសាឡិម នោះឡើយ ប៉ុន្តែគាត់នឹងបានទៅដល់ទីក្រុងរ៉ូមវិញ។ ​សេចក្តីសន្យានេះគឺបានមកពីព្រះយេស៊ូវមានអត្ថន័យ យ៉ាងវិសេសបំផុតសម្រាប់លោកប៉ុលនៅក្នុងការដែលគាត់ត្រូវរង់ចាំនិងសេចក្តីលំបាកក្នុងរយៈពេលពីរឆ្នាំ បន្ទាប់។ ​នេះជាហេតុដែលគាត់នៅតែអាចមានសេចក្តីសុខសាន្តទោះបីជាស្ថិតក្នុងការលំបាកដែលគាត់នឹង ប្រឈមមុខនៅក្នុងប៉ុន្មានជំពូកបន្ទាប់ទៀត រួមទាំងការជាប់គុក សួរចម្លើយ និងលិចសំពៅជាដើម។ ​

 

ពេលនោះគឺជាពេលដែលងងឹតខ្លាំងនៅក្នុងពេលយប់នៅក្រុងយេរូសាឡិមពេលដែលលោកប៉ុលជា អ្នកទោសដែលព្រះយេស៊ូវបានលេចមកឯគាត់ហើយបានឈរនៅជិតគាត់។ ព្រះវត្តមានរបស់ព្រះយេស៊ូវ ជាមួយនឹងលោកប៉ុលគឺជាការបើកសំដែងដ៏វិសេសនៅក្នុងការកំសាន្តចិត្តគាត់នៅក្នុងពេលដ៏សំខាន់ហើយលំបាកនេះ។ ព្រះយេស៊ូវក៏បានសន្យាថាពួកអ្នកជឿទាំងអស់ថាព្រះអង្គនឹងគង់នៅជាមួយនឹង យើងទាំងអស់គ្នាគ្រប់ពេលវេលាផងដែរ (ម៉ាថាយ ២៨:២០)។ ​ដូច្នេះហើយ ព្រះអង្គក៏គង់នៅ ដើម្បីនឹងកំសាន្តចិត្តយើងនៅក្នុងគ្រាដែលំបាកផងដែរ។ ​

ដល់​ភ្លឺ​ឡើង មាន​ពួក​សាសន៍​យូដា​ខ្លះ រួម​គំនិត​គ្នា​ស្បថ​ឡាក់‌ឡាំង​ថា មិន​ស៊ី​មិន​ផឹក​ទាល់​តែ​បាន​សំឡាប់​ប៉ុល​ហើយ 13ឯ​មនុស្ស​ដែល​បង្កើត​ឧបាយ​យ៉ាង​នេះ មាន​ជាង​៤០​នាក់

 

២៣:១២-១៣ ​​ពួកសាសន៍យូដាពីស្រុកអាស៊ីបានព្យាយាមវាយសម្លាប់លោកប៉ុលខាងក្រៅព្រះវិហារ ប៉ុន្តែ​​ទាហានរ៉ូមបានបញ្ឈប់ពួកគេ។ ​ពេលនេះមានសាសន៍យូដាមួយក្រុមមានគ្នាជាងសែសិបនាក់ ដែលបានរៀបឧបាយកលក្នុងការសម្លាប់លោកប៉ុល។ ការប្តេជ្ញារបស់ពួកគេបានបង្ហាញយ៉ាងច្បាស់ តាមសេចក្តីពិតដែលពួកគេបានស្បថថានឹងមិនបរិភោគឬផឹកអ្វីសោះទាល់តែបានសម្លាប់លោកប៉ុល។ ​

 

គេ​ក៏​ទៅ​ជំរាប​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​ថា យើង​ខ្ញុំ​បាន​ស្បថ​ថា មិន​ភ្លក់​អ្វី​សោះ ទាល់​តែ​បាន​សំឡាប់​ប៉ុល​ចេញ ដូច្នេះ សូម​ឲ្យ​លោក​ទាំង‌ឡាយ នឹង​ពួក​ក្រុម‌ជំនុំ ចាត់​ឲ្យ​ទៅ​សូម​វា​ពី​លោក​មេ​ទ័ព​ធំ​មក​ឥឡូវ ដើម្បី​ឲ្យ​លោក​នាំ​វា​ចុះ​មក ធ្វើ​ដូច​ជា​លោក​ចង់​ពិចារណា​សួរ ពី​ដំណើរ​វា ឲ្យ​ច្បាស់‌លាស់​ឡើង ឯ​ពួក​យើង​ខ្ញុំ ក៏​ប្រុង​ប្រៀប​ជា​ស្រេច​នឹង​សំឡាប់​វា មុន​ដែល​វា​ចូល​មក​ដល់​ផង។ 

 

២៣:១៤-១៥ ​ពួកសាសន៍យូដាបានដឹងថាពួកសង្រ្គាជ ហើយនឹងពួកចាស់ទុំគឺជាពួកសាឌូស៊ីដែលទាស់ ជាមួយនឹងលោកប៉ុល។ ដូច្នេះហើយ គេបានប្រាប់ដល់ពួកអ្នកទាំងនោះពីផែនការណ៍របស់គេ នៅក្នុង ការសម្លាប់លោកប៉ុល។ ​ឧបាយកល របស់ពួកគេនោះគឺថាពួកសង្រ្គាជនិងពួកចាស់ទុំនឹងស្នើសុំលោក លីស៊ាឲ្យបាននាំយកលោកប៉ុលមកក្នុងសាលាប្រជុំដើម្បីឲ្យបានស្តាប់ពីការដោះសារជាថ្មីម្តងទៀតជាមួយ នឹងពួកសាន់ហេឌ្រីន។ បន្ទាប់មក នៅពេលដែលពួករ៉ូមនាំយកលោកប៉ុលតាមផ្លូវមកកាន់យេរូសាឡិម ពួកគេទាំង​សែសិបនាក់នឹងលបប្រហារហើយនឹងសម្លាប់គាត់។ ​

 

ឯ​កូន​របស់​ប្អូន​ស្រី​ប៉ុល កាល​បាន​ដឹង​ពី​ការ​ដែល​ឈ្លប​លប​នោះ​ហើយ ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ប្រាប់​ដល់​ប៉ុល

 

២៣:១៦​ ​កាលពីបីលើកមុន លោកប៉ុលបានស្តាប់ឮពីផែនការណ៍របស់ពួកសាសន៍យូដានៅក្នុង ការសម្លាប់គាត់ហើយបានគេចផុតពីការប៉ុនប៉ងធ្វើបាបនោះ (៩:២៣-២៥, ​៩:២៩-៣០, ២០:៣)។  ​ពេលនេះ  វាបានកើតឡើងជាថ្មីពេលដែលក្មួយប្រុសរបស់គាត់បានឮអំពីឧបាយកល ដែលគេចង់សម្លាប់គាត់។ វាមិនមែនជារឿង​ចៃដន្យដែលការនេះកើតមានឡើងនោះឡើយ។ ​ព្រះយេស៊ូវបានសន្យានឹងលោកប៉ុលថាគាត់នឹងបានទៅដល់រ៉ូមដើម្បីធ្វើបន្ទាល់ពីព្រះអង្គនៅទីនោះ ​(ខ១១)  ហើយទ្រង់នឹងការពារលោកប៉ុលដើម្បីឲ្យបានប្រាកដថាការនោះអាចនឹងកើតមានឡើងពិតប្រាកដមែន។ ​

 

នោះ​ប៉ុល គាត់​ហៅ​មេ​ទ័ព​រង​ម្នាក់​មក​ជំរាប​ថា សូម​នាំ​អ្នក​កំឡោះ​នេះ​ទៅ​ឯ​លោក​មេ​ទ័ព​ធំ​ទៅ ដ្បិត​វា​មាន​រឿង​ខ្លះ​ចង់​ជំរាប​លោក

 

២៣:១៧ ​​ក្មួយប្រុសរបស់លោកប៉ុលគឺជា “អ្នក​កំឡោះ” (νεανίας)។  ​ពាក្យនៅក្នុងភាសក្រិករៀបរាប់ ពីមនុស្សម្នាក់ដែលមានវ័យចាប់ពីក្មេងរហូតដល់អាយុ សាមសិបឆ្នាំ (២:១៧, ៧:៥៨)។ តាមមើលទៅ គាត់ប្រហែលជាស្ថិតនៅក្នុងវ័យជំទង់ឬអាចនឹងមានអាយុប្រមាណជា ម្ភៃឆ្នាំស្ដើង។ 

ក្នុងនាមជាសាសន៍រ៉ូមម្នាក់  លោកប៉ុលអាចទទួលអ្នកមកសួរសុខទុក្ខនៅក្នុងពេលដែលគាត់ស្ថិតក្រោម ការឃុំខ្លួននៅក្នុងបន្ទាយទាហានរបស់រ៉ូម។ នៅពេលដែលក្មួយរបស់គាត់បានប្រាប់គាត់ពីឧបាយកលរ បស់ពួកសាសន៍យូដានៅក្នុងការសម្លាប់គាត់នោះ ​​​គាត់បានប្រាប់ដល់មេទ័ពរងម្នាក់ឲ្យនាំយកក្មួយ របស់គាត់ទៅជួបលោក​លីស៊ា។ ​

 

អ្នក​នោះ​ក៏​នាំ​វា​ទៅ​ឯ​លោក​មេ​ទ័ព​ធំ​ជំរាប​ថា ប៉ុល ជា​អ្នក​ទោស​បាន​ហៅ​ខ្ញុំ ហើយ​សូម​ខ្ញុំ​ឲ្យ​នាំ​អ្នក​កំឡោះ​នេះ​មក​ឯ​លោក វា​មាន​រឿង​ខ្លះ​ចង់​ជំរាប​ដល់​លោក មេ​ទ័ព​ធំ​ក៏​ចាប់​ដៃ​វា នាំ​ទៅ​ដោយ‌ឡែក សួរ​ថា ឯង​មាន​រឿង​អ្វី​នឹង​ប្រាប់​ដល់​អញ​ខ្លះ

 

២៣:១៨ ​មេទ័ពរងបាននាំយកក្មួយលោកប៉ុលទៅឯលោកលីស៊ាដើម្បីឲ្យបានប្រាប់គាត់អំពីឧបាយក របស់ពួកសាសន៍យូដាក្នុងការសម្លាប់លោកប៉ុល។ ​

 

២៣:១៩ លោកលីស៊ាយកចិត្តទុកដាក់ចំពោះករណីលោកប៉ុល ហើយចង់ដឹងពីអ្វីដែលកំពុងតែកើតមាន  ឡើង។ ​

វា​ជំរាប​ថា ពួក​សាសន៍​យូដា​បាន​ស្រុះ​ចិត្ត​គ្នា​នឹង​សូម​លោក ឲ្យ​នាំ​ប៉ុល​ចុះ​ទៅ​ឯ​ពួក​ក្រុម‌ជំនុំ នៅ​វេលា​ថ្ងៃ​ស្អែក ធ្វើ​ដូច​ជា​ចង់​ពិចារណា​សួរ​ពី​ដំណើរ​គាត់ ឲ្យ​ច្បាស់​ឡើង ដូច្នេះ សូម​លោក​កុំ​ព្រម​តាម​គេ​ឡើយ ដ្បិត​មាន​ពួក​គេ​ចំនួន​ជាង​៤០​នាក់ បាន​លប​ចាំ​គាត់​តាម​ផ្លូវ គេ​បាន​ស្បថ​ថា មិន​ស៊ី​មិន​ផឹក​អ្វី​ឡើយ ទាល់​តែ​បាន​សំឡាប់​គាត់​ចេញ ឥឡូវ​នេះ គេ​ប្រុង​ប្រៀប​ជា​ស្រេច​ហើយ ចាំ​តែ​លោក​អនុញ្ញាត​ឲ្យ​ប៉ុណ្ណោះ​ទេ

 

​២៣:២០-២១ ​​ក្មួយរបស់លោកប៉ុលបានប្រាប់លោកលីស៊ាអំពីឧបាយកលរបស់ពួកសាសន៍យូដាក្នុង ការសម្លាប់លោកប៉ុល។ ​មនុស្សកំឡោះនោះមានសេចក្តីក្លាហាននៅក្នុងការទទូចអង្វរដល់លោកមេទ័ព  (សូមនឹកចាំថា លោកលីស៊ា គឺជាសាសន៍រ៉ូម ដែលមានអំណាចបំផុតនៅក្នុងក្រុងយេរូសាឡិម)។  គាត់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពូរបស់គាត់ បានជាគាត់ប្រាប់លោកលីស៊ាថាកុំឲ្យព្រមតាម ការស្នើសុំរបស់ពួកសាសន៍យូដា ដែលគេសុំឲ្យនាំយកលោកប៉ុលទៅក្នុងការប្រជុំរបស់ពួកសាន់ ហេឌ្រីនោះឡើយ។ ​

 

នោះ​មេ​ទ័ព​ធំ​ឲ្យ​អ្នក​កំឡោះ​នោះ​ទៅ​វិញ ទាំង​ហាម​មិន​ឲ្យ​ប្រាប់​ដល់​អ្នក​ណា ពី​ដំណើរ​ដែល​វា​ជំរាប​លោក​នោះ​ឡើយ។ 

 

២៣:២២ លោកលីស៊ាចង់ការពារលោកប៉ុលពីពួកសាសន៍យូដាដោយព្រោះតែលោកប៉ុលគឺជា សាសន៍រ៉ូមម្នាក់។ ​គាត់មិនអាចនឹងបណ្តោយឲ្យសាសន៍រ៉ូមណាម្នាក់ត្រូវគេសម្លាប់នៅក្រោមការឃុំគ្រង របស់គាត់នោះឡើយ ដោយព្រោះតែទោសពីការនោះអាចនឹងត្រូវធ្វើឲ្យគាត់ស្លាប់បាន។  ​ដូច្នេះហើយគាត់បានប្រាប់ក្មួយរបស់លោក​ប៉ុលឲ្យរក្សាការសំងាត់ចំពោះការដែលពួកគាត់បានជួបគ្នាហើយភ្លាមនោះគាត់បានរៀបចំក្នុងការនាំយកលោកប៉ុលចេញពីក្រុងយេរូសាឡិម។ ​

លោក​ក៏​ហៅ​មេ​ទ័ព​រង​២​នាក់​មក​ប្រាប់​ថា ចូរ​រៀប​ទាហាន​ថ្មើរ​ជើង​២០០​នាក់ ពល​សេះ​៧០ នឹង​ពល​កាន់​លំពែង​២០០ ឲ្យ​ទាន់​ក្នុង​វេលា​ម៉ោង​៩​យប់​នេះ ដើម្បី​នឹង​ទៅ​ឯ​សេសារា ហើយ​ឲ្យ​មាន​ជំនិះ​សំរាប់​ប៉ុល​ជិះ​ដែរ ដើម្បី​នឹង​នាំ​ទៅ​ឯ​លោក​ភេលីច ជា​ចៅហ្វាយ​ខេត្ត ដោយ​សុខ‌សាន្ត 

 

២៣:២៣-២៤ លោកលីស៊ាបានដឹងថាគាត់ត្រូវតែនាំយកលោកប៉ុលចេញពីក្រុងយេរូសាឡិមដើម្បី ការពារមិនឲ្យពួកសាសន៍យូដាសម្លាប់គាត់។ ​ដូច្នេះហើយគាត់បានរៀបចំឲ្យនាំយកលោកប៉ុលទៅកាន់ ចៅហ្វាយក្រុងរ៉ូមនៅក្នុងស្រុកសេសារា ដែលអាចនឹងសម្រេចពីអ្វីដែលត្រូវធ្វើអំពីការចោទប្រកាន់ទាស់ នឹងលោកប៉ុលបាន។ ​គាត់បានធ្វើការនេះយ៉ាងប្រញាប់ ដោយសំងាត់នៅពេលយប់ (ម៉ោង ៩យប់) ហើយមានកងទាហានយ៉ាងធំដើម្បីការពារលោកប៉ុល។ ​គាត់បានចាត់ទាហាន ចំនួន ៤៧០នាក់ (សឹងតែចំនួនពាក់កណ្តាលបន្ទាយដែលមាន​១០០០នាក់ នៅក្នុងក្រុងយេរូសាឡិម)។ ការនេះបង្ហាញពី ការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឧបាយកលក្នុងការសម្លាប់លោកប៉ុល។ គាត់បានដឹងលោកប៉ុល កំពុងតែជួបប្រទះគ្រោះថ្នាក់យ៉ាងខ្លាំងហើយគាត់ត្រូវតែការពារគាត់ពីការលបឆ្មក់នោះ។ ​

 

លោក​ក៏​ធ្វើ​សំបុត្រ​១​ច្បាប់ មាន​សេចក្ដី​បែប​ដូច្នេះ​ថាសំបុត្រ​ក្លូឌាស-លូស៊ា សូម​ក្រាប​ប្រណិប័តន៍ ចូល​មក​ដល់​លោក​ចៅហ្វាយ​ភេលីច ដ៏​ជា​ធំ សូម​ទាន​ជ្រាប

 

២៣:២៥-២៦ ច្បាប់របស់រ៉ូម តម្រូវឲ្យមន្រ្តីប្រគល់សេចក្តីសំបុត្រជាការបញ្ជាក់ពីបទល្មើសនៅក្នុងការបញ្ជូន អ្នកទោសណាម្នាក់ទៅថ្នាក់លើរបស់គាត់។ ដូច្នេះហើយលោកលីស៊ា​បានធ្វើសំបុត្ររាយការណ៍ទៅកាន់ លោកភេលីច (ជាចៅហ្វាយក្រុងរ៉ូម នៅក្នុងស្រុកយូដា) អំពីលោកប៉ុល។ 

 

មនុស្ស​នេះ ពួក​សាសន៍​យូដា​បាន​ចាប់ ហើយ​គេ​រៀប​នឹង​សំឡាប់​បង់ ប៉ុន្តែ​ខ្ញុំ​នាំ​ទាហាន​ទៅ​ទាន់ ដោះ​រួច​ពី​ពួក​គេ​ចេញ ដោយ​បាន​ឮ​ថា​ជា​សាសន៍​រ៉ូម​ដូច្នេះ ហើយ​ដែល​ខ្ញុំ​ចង់​ដឹង ពី​ហេតុ​អ្វី​បាន​ជា​គេ​ចោទ​ប្រកាន់​វា នោះ​ខ្ញុំ​បាន​នាំ​ចុះ​ទៅ​នៅ​មុខ​ក្រុម‌ជំនុំ​របស់​គេ

 

២៣:២៧-២៨ លោកលីស៊ាបានសង្ខេបពីហេតុការណ៍ចំពោះអ្វីដែលបានកើតមានឡើង។ ​ប៉ុន្តែសូមចំណាំថា គាត់មិនបានលើកឡើងពីហេតុការណ៍មុនការនេះ ដែលគាត់បានដាក់ច្រវ៉ាក់ហើយបានបង្គាប់ឲ្យវាយលោកប៉ុលដែលជារឿងល្មើសច្បាប់នោះឡើយ។ ​

 

ក៏​ឃើញ​ថា គេ​ចោទ​ប្រកាន់​ពី​រឿង​ជជែក​គ្នា ខាង​ឯ​ក្រិត្យ‌វិន័យ​របស់​គេ​ទេ តែ​គ្មាន​ហេតុ​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់ ឬ​ជាប់​ចំណង​សោះ​ឡើយ កាល​មាន​គេ​មក​ប្រាប់​ខ្ញុំ​ពី​ឧបាយ‌កល ដែល​ពួក​សាសន៍​យូដា​គិត​ធ្វើ​ដល់​វា នោះ​ខ្ញុំ​ក៏​បញ្ជូន​មក​ឯ​លោក​ភ្លាម ទាំង​ប្រាប់​ពួក​អ្នក​ដើម​ចោទ ឲ្យ​គេ​មក​ចោទ​ប្រកាន់​នៅ​ចំពោះ​លោក​ចុះ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត សេចក្ដី​គួរ​ពុំ​គួរ សូម​ទាន​អភ័យ‌ទោស។

 

២៣:២៩-៣០ ​ចំនុចសំខាន់នៅក្នុងសេចក្តីសំបុត្រនោះគឺថាលោកប៉ុលត្រូវបានចោទប្រកាន់ “ចំពោះទោសដែលមិនគួរនឹងស្លាប់ឬមិនគួរនឹងជាប់គុកនោឡើយ”។  ការនេះគឺជាការលើកឡើងដ៏មាន សារៈសំខាន់ដែលប្រកាសថាលោកប៉ុលជាមនុស្សគ្មានទោសនៅក្នុងការល្មើសច្បាប់រ៉ូមទេ។ ​ មេទ័ពធំរបស់រ៉ូមនៅក្នុងក្រុងយេរូសាឡិម បានលើកឡើងថាលោកប៉ុល​ (ហើយនឹងសេចក្តីជំនឿគ្រីស្ទាន)​ មិនមែនជាការគំរាមកំហែងដល់រ៉ូមនោះឡើយ។ ​​ការពិតដែលថាលោកប៉ុលគ្មានកំហុសគឺជា ការសង្ខេបបញ្ចប់ដោយមន្រ្តីរ៉ូមទាំងអស់ នៅក្នុងបទគម្ពីរកិច្ចការ។ ​

 

ភាពគ្មានកំហុសរបស់លោកប៉ុលគឺជាចំនុចសំខាន់នៅក្នុងប៉ុន្មានជំពូកចុងក្រោយនេះ ​(ខ៩; ២៤:១២-១៣, ២៤:២០, ២៥:១០, ​២៥:២៥, ២៦:៣១)។ ការនេះ អាចទៅរួចដែលថាលោកលូកាបានកត់ត្រាបទគម្ពីរ   កិច្ចការ គឺជាឯកសារចំពោះការសួរចម្លើយរបស់លោកប៉ុលដោយសេរសា នៅក្រុងរ៉ូម។ ​ដូច្នេះហើយ គាត់​កត់​ត្រា​ថាលោក​ប៉ូល​ត្រូវ​បាន​ប្រកាស​ថា "​គ្មាន​ទោស" ដោយមន្ត្រី​រ៉ូម៉ាំង​ ជា​ច្រើន​ដង​រួច​ហើយ​។

នៅក្នុងក្រុងភីលីព ពួកចៅហ្វាយបានសូមទោសលោកប៉ុលចំពោះការដែលបានល្មើសចំពោះគាត់ (១៦:៣៥-៤០)។ នៅក្នុងក្រុងកូរិនថូស  លោកកាលីយ៉ូជាអ្នកតំណាងរ៉ូមនៅក្នុងស្រុកអាខៃ បានបដិសេធមិនព្រមកាត់ទោសលោកប៉ុលដោយព្រោះតែ​ “គ្មានកំហុសចំពោះបទឧក្រិដ្ឋណាមួយ”​ (១៨:១២-១៥)។  ​នៅក្រុងអេភេសូ​រ លោកភូឈួយបានប្រាប់ដល់ហ្វូងមនុស្សរាប់ពាន់នាក់ ដែលមានកំហឹងថាពួកគ្រីស្ទានគ្មានកំហុសចំពោះទោសណាមួយនោះឡើយ  (១៩:៤០)។ ពេលនេះ មេទ័ពរ៉ូមដែលកាន់បន្ទាយនៅក្រុងយេរូសាឡិមបានប្រកាសថាលោកប៉ុលមិនបានធ្វើអ្វី “ដែលមានទោសដល់ស្លាប់ឬត្រូវជាប់ចំណងនោះឡើយ”។  

 

នៅក្នុងពេលដែលលោកលូកាធ្វើការកត់ត្រានោះ ​ពួកសាសន៍យូដាកំពុងតែបៀតបៀនដល់ពួកគ្រីស្ទាន ប៉ុន្តែ  រ៉ូមយកចិត្តទុកដាក់ចំពោះការរក្សាឲ្យមានសេចក្តីសុខសាន្ត ច្បាប់ហើយនឹងសណ្តាប់ធ្នាប់។ ​ពួកគេមិនបានខ្វល់​ពីបញ្ហាជំនឿសាសនារបស់សាសន៍យូដានោះឡើយ។ ​ចំនួនបួនដងដែលពួកគេ បានជួយរំដោះលោកប៉ុលពីការសម្លាប់ដោយពួកសាសន៍យូដា (២១:៣២-៣៣, ២២:២៣-២៤, ២៣:១០, ២៣:២៣-២៤) ហើយបាននាំយកគាត់ទៅក្រោមការឃុំគ្រងរហូតដល់ការចោទប្រកាន់របស់គាត់ ត្រូវបានធ្វើឡើងយ៉ាងច្បាស់លាស់សម្រាប់ការកាត់ក្តីនៅតុលាការរ៉ូម៉ាំង។ ​សូមនឹកចាំថា ការបៀតបៀន របស់រ៉ូម ទាស់នឹងពួកគ្រីស្ទបានកើតមានឡើងនៅក្នុងឆ្នាំ ៦៤ គ,ស ដែលមានរយៈពេល២ ឆ្នាំក្រោយពេល ដែលលោកលូកាបានកត់ត្រាបទគម្ពីរកិច្ចការ​។ 

 

ដូច្នេះ ពួក​ពល​ក៏​នាំ​យក​ប៉ុល​ទាំង​យប់ ទៅ​ឯ​ក្រុង​អាន់‌ទី‌ប៉ា‌ទ្រីស តាម​បង្គាប់

 

២៣:៣១ ​ក្រុងងអាន់ទីប៉ាទ្រីស គឺជាមូលដ្ឋានទ័ពរបស់រ៉ូមដែលមានចំងាយ​​៥៦ គីឡូម៉ែត្រ ពីក្រុងយេរូសាឡិម ហើយមានចំងាយប្រមាណជាពាក់កណ្តាលទៅកាន់ក្រុងសេសារា។ ​

 

ស្អែក​ឡើង គេ​ទុក​ពល​សេះ​ឲ្យ​ទៅ​ជា​មួយ​នឹង​គាត់ រួច​គេ​ត្រឡប់​មក​ឯ​បន្ទាយ​វិញ 

 

២៣:៣២ ​ក្រោយពេលដែលបាននាំលោកប៉ុលចេញពីក្រុងយេរូសាឡិមដោយសុវត្ថិភាពហើយនោះ ទាហានទាំងបួនរយនាក់និងពលកាន់លំពែងបានវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ។ ​ពលទ័ពសេះទាំង ចិតសិបនាក់បាននាំលោកទៅក្រុងសេសារា។ ​

 

កាល​ចូល​ក្រុង​សេសារា ហើយ​ជូន​សំបុត្រ​ដល់​លោក​ចៅហ្វាយ នោះ​ក៏​ប្រគល់​ប៉ុល​ទៅ​លោក​ដែរ

 

២៣:៣៣ លោកភេលិចគឺជាចៅហ្វាយក្រុងនៅស្រុកយូដាចាប់ពីឆ្នាំ ៥២-៥៩ គ,ស។ ​​គាត់បានកើតមកជាទាសករប៉ុន្តែបានទទួលដំណែងជាចៅហ្វាយក្រុងស្រុកយូដាដោយមានជំនួយពីបងប្រុសរបស់គាត់ជាមិត្តសម្លាញ់របស់សេរសា ក្លូឌាស។ គាត់គឺជាអតីតទាសករដំបូងគេដែលបានប្រែក្លាយជា ចៅហ្វាយក្រុងរបស់​អណាខេត្តរបស់រ៉ូម  ​ប៉ុន្តែគាត់មិនទទួលបានការគោរពខ្ពស់ពីពួកអ្នក ដែលមានដំណែងខ្ពង់ខ្ពស់របស់រ៉ូមនោះឡើយ  ហើយគាត់មិនបានសម្រេចការធំច្រើននៅក្នុងពេលដែល គាត់ធ្វើជាចៅហ្វាយក្រុងនោះឡើយ។ ​

កាល​លោក​បាន​មើល​សំបុត្រ​រួច​ជា​ស្រេច​ហើយ នោះ​លោក​សួរ​ពី​គាត់​នៅ​ខេត្ត​ណា លុះ​ជ្រាប​ថា នៅ​ស្រុក​គីលីគា ក៏​មាន​ប្រសាសន៍​ថា ចាំ​កាល​ណា​ពួក​ដើម​ចោទ​បាន​ចុះ​មក​ដល់ នោះ​អញ​នឹង​ស្តាប់​រឿង​ឯង​សព្វ​គ្រប់ រួច​លោក​បង្គាប់​ឲ្យ​ឃុំ​គាត់ ទុក​ក្នុង​សាលា​ជំនុំ​របស់​ស្តេច​ហេរ៉ូឌ។ 

 

២៣:៣៤-៣៥ ក្រោយដែលបានអានសំបុត្រដែលលោកលីស៊ា លោកភេលីចបានសួរលោកប៉ុលថា មកពីខេត្តណា ហើយបានដឹងថា​គាត់គឺជាអ្នកស្រុកគីលីគា។ ​ស្រុកយូដានិងស្រុកគីលីគាគឺជាអណាខេត្តក្រោមការគ្រប់គ្រងរបស់រ៉ូម  ដូច្នេះហើយលោកភេលីចមានអំណាចនៅក្នុងការស្តាប់រឿងក្តីនេះ។ ​លោកប៉ុលបាននិយាយជាមួយនឹង អ្នកតំណាងរ៉ូម លោកភូឈួយរបស់រ៉ូម និងមេទ័ពធំរបស់រ៉ូមរួចហើយ ប៉ុន្តែពេលនេះគឺជាឳកាសទីមួយ សម្រាប់គាត់នៅក្នុងការនិយាយជាមួយនឹងអ្នកណាម្នាក់ដែលមានតួនាទីនិងអំណាចកាន់តែខ្ពស់ថែមទៀត។ ​

 

ចៅហ្វាយក្រុងរបស់ស្រុកយូដា លោកភេលីចរស់នៅក្នុងដំណាក់របស់​ស្តេចហេរ៉ូដ ដែលជាដំណាក់​ ហើយ​ជា​បន្ទាយដែលត្រូវបានសង់ឡើងដោយស្តេចហេរ៉ូឌ ដឺហ្គ្រេដ។ លោកភេលីចបានបង្គាប់ឲ្យគេ យកលោកប៉ុលទៅដាក់នៅក្នុងគុកនៅទៅនោះ។ ​​​ពេលនេះគឺជាការចាប់ផ្តើមនៃការជាប់ឃុំឃាំង រយៈពេលពីររបស់លោកប៉ូលនៅក្នុងស្រុកសេសារា។ ក្រោយនោះមកគាត់នឹងត្រូវចំណាយពេលយ៉ាង ហោចណាស់ពីរឆ្នាំនៅក្រុងរ៉ូម។ ​ដូច្នេះ​ហើយ រួមទាំងការធ្វើដំណើរតាមសមុទ្រទៅក្រុងរ៉ូម ​ប្រាំឆ្នាំបន្ទាប់ទៀត នៃការ​រស់នៅ​របស់​លោក​ប៉ុល​ស្ថិត​ក្រោម​ការឃុំឃាំងរបស់រ៉ូម។​

 

លោកប៉ុលបានចំណាយពេលជាច្រើនឆ្នាំនៅក្នុងការធ្វើដំណើរដោយសេរីភាពពាសពេញចក្រភពរ៉ូម​ក្នុងនាមជាបេសកជនម្នាក់។ ​នៅក្នុងចន្លោះពេលប៉ុន្មានឆ្នាំនោះ គាត់បានទុកចិត្តព្រះយេស៊ូវនៅក្នុងការដឹកនាំ ការពារ និងផ្គត់ផ្គង់ដល់គាត់។ ​ពេលនេះ គាត់ត្រូវតែទុកចិត្តលើសេចក្តីសន្យារបស់ព្រះយេស៊ូវ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះដែលគាត់មានសេរីភាពតែបន្តិចប៉ុណ្ណោះ ​ហើយដឹងថា ព្រះអង្គអាចនឹងធ្វើការបានពេញដោយព្រះចេស្តាដោយសារដៃប៉ុល (និងសម្រាប់លោកប៉ុល) នៅក្នុងស្ថានភាពដ៏លំបាកនេះ។ ​

 

ការណែនាំ
bottom of page