
ឱអ្នករាល់គ្នា ជាបងប្អូន ហើយជាឪពុកអើយសូមស្តាប់សេចក្ដីដោះសារបស់ខ្ញុំសិន
២២:១ លោកប៉ុលបានដោះសារការពារខ្លួនគាត់ចំពោះហ្វូងមនុស្សដែលទើបតែបានព្យាយាម វាយសម្លាប់គាត់ (២១:៣០-៣២)។ ពួកគេបានចោទប្រកាន់គាត់ចំពោះការដែលបង្រៀនទាស់នឹង ប្រជាជនសាសន៍យូដា ប៉ុន្តែលោកប៉ុលបានហៅពួកគេថា “បងប្អូនហើយជាឪពុក” ហើយនិយាយ កាន់ពួកគេជាភាសារបស់ពួកគេ (ខ២) ក្នុងការបង្ហាញថាគាត់គឺជាសាសន៍យូដាដ៏ស្មោះត្រង់ម្នាក់ ដូចជាពួកគេដែរ។
(កាលគេឮគាត់និយាយជាភាសាហេព្រើរ នោះគេរឹតតែនៅស្ងៀមទៅទៀត) រួចគាត់និយាយថា
២២:២ ភាសារួមដែលប្រើពាសពេញក្នុងចក្រភពរ៉ូមគឺជាភាសាក្រេក។ មានសាសន៍យូដាជាច្រើន ដែលរស់នៅខាងក្រៅទឹកដីប៉ាឡេស្ទីនមិនអាចនិយាយភាសាហេប្រឺបានឡើយ (ប្រហែលជារួមទាំងពួកសាសន៍យូដាដែលមកពីក្រុងអេភេសូរដែលបានចោទប្រកាន់លោកប៉ុលផងដែរ)។ ដូច្នេះហើយនៅពេលដែលលោកប៉ុលនិយាយទៅកាន់ហ្វូងមនុស្សនៅក្នុងក្រុងយេរូសាឡិមជាភាសាកំណើតរបស់ពួកគេនោះវាគឺជាការមួយដែលមានប្រសិទ្ធភាពនៅក្នុងការចាប់យកចំណាប់អារម្មណ៍របស់ពួកគេ។
ខ្ញុំជាសាសន៍យូដា កើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា តែបានរៀននៅទីក្រុងនេះ ទៀបជើងលោកកាម៉ាលាល ដែលលោកបង្រៀនខ្ញុំ តាមន័យត្រឹមត្រូវ ក្នុងក្រិត្យវិន័យរបស់ពួកឰយុកោយើង ហើយខ្ញុំមានសេចក្ដីឧស្សាហ៍ដល់ព្រះ ដូចជាអ្នករាល់គ្នាសព្វថ្ងៃនេះដែរ
២២:៣ លោកប៉ុលត្រូវបានគេចោទថាបង្រៀនទាស់នឹងក្រិត្យវិន័យ ទាស់នឹងពួកសាសន៍យូដា ហើយទាស់នឹងព្រះវិហារ។ ដូច្នេះហើយគាត់បានសង្ខេបពីជីវិតរបស់គាត់ដើម្បីបង្ហាញដល់ពួកគេថា គាត់គឺជាសាសន៍យូដាស្មោះត្រង់ម្នាក់ (ភីលីព ៣:៥)។ លោកប៉ុលត្រូវបានចិញ្ចឹមឲ្យធំឡើងនៅក្រុង យេរូសាឡិម។ គាត់ទទួលបានការបង្ហាត់បង្រៀនយ៉ាងត្រឹមត្រូវក្នុងនាមជាគណៈផារិស៊ីម្នាក់ (ដែលជាក្រុមនៃពួកអ្នកដែលកាន់ច្បាប់តឹងរឹងបំផុតនៅក្នុងចំណោមសាសន៍យូដា) ក្រោមការបង្រៀនរបស់លោកកាម៉ាលាលដែលជា “ជាអ្នកប្រាជ្ញច្បាប់ ដែលមនុស្សទាំងអស់រាប់អាន” (៥:៣៤)។ ក្នុងនាមជាសិស្សម្នាក់របស់លោកកាម៉ាលាល លោកប៉ុលទទួលបានការបង្ហាត់បង្រៀន យ៉ាងវិសេសខាងផ្នែកច្បាប់និងក្នុងទំនៀមទម្លាប់របស់សាសន៍យូដា។ ដូច្នេះហើយលោកប៉ុលបានបញ្ជាក់ យ៉ាងច្បាស់ដល់ពួកសាសន៍យូដាថាគាត់មិនមែនជាអ្នកដែលបំពានច្បាប់នោះឡើយ (២១:២១, ២១:២៨)។ តាមការពិតទៅ គាត់មានការប្តេជ្ញាចំពោះព្រះហើយនឹងក្រិត្យវិន័យដូចដែលពួកគេក៏មាន យ៉ាងដូច្នោះដែរ។
ពីដើមខ្ញុំជាអ្នកធ្វើទុក្ខបៀតបៀនដល់មនុស្ស ដែលកាន់តាមផ្លូវនេះ ឲ្យដល់ស្លាប់ក៏មាន ព្រមទាំងចាប់ចងគេទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុកដែរ 5ដូចជាសំដេចសង្ឃ នឹងពួកចាស់ទុំទាំងអស់ ជាទីបន្ទាល់ពីខ្ញុំស្រាប់ ហើយខ្ញុំបានទទួលយកសំបុត្រពីលោក ទៅឲ្យពួកសាសន៍យើងនៅក្រុងដាម៉ាស រួចខ្ញុំក៏ចេញទៅ ដើម្បីនឹងនាំយកអស់អ្នកក្នុងពួកនេះទាំងប៉ុន្មាន ដែលនៅស្រុកនោះទាំងជាប់ចំណង មកឯក្រុងយេរូសាឡិមវិញ ឲ្យគេជាប់ទោស
២២:៤-៥ លោកប៉ុលយល់ច្បាស់ពីការប្តេជ្ញារបស់ហ្វូងមនុស្សដែលកំពុងតែបៀតបៀនគាត់ដោយ ព្រោះតែសេចក្តីប្តេជ្ញារបស់គាត់ចំពោះមរដកសាសន៍យូដាក៏បានធ្វើគាត់បៀតបៀនដល់ពួកគ្រីស្ទានដែរ (កាឡាទី ១:១៣)។ តាមការពិតទៅ លោកប៉ុលក៏មានការប្តេជ្ញាយ៉ាងខ្លាំងដែលគាត់បានបៀតបៀន ដល់ពួកគ្រីស្ទានលើសពីស្រុកយូដាទៅទៀត គឺដល់ទាំងស្រុកស៊ីរីនិងដល់ទីក្រុងដាម៉ាសទៀតផង។ គាត់បានធ្វើការនេះដោយមានការគាំទ្រពីសំដេចសង្ឃ (លោកកៃផា) ហើយនឹងអង្គជំនុំទាំងមូលរបស់ ពួកចាស់ទុំ (៤:៥)។ លោកប៉ុលកំពុងតែបង្ហាញដល់ហ្វូងមនុស្សថាគាត់ទទួលបានការគោរព និងទុកចិត្តដោយពួកអ្នកដឹកនាំជាន់ខ្ពស់របស់សាសន៍យូដា។
លុះកាលខ្ញុំកំពុងតែដើរដំណើរទៅជិតដល់ក្រុងដាម៉ាស ក្នុងពេលប្រហែលជាថ្ងៃត្រង់ហើយ នោះស្រាប់តែមានពន្លឺយ៉ាងខ្លាំងពីលើមេឃ បានភ្លឺមកនៅជុំវិញខ្ញុំ
២២:៦ លោកប៉ុលគឺជាអ្នកបៀបបៀនម្នាក់ចំពោះគ្រីស្ទានរហូតដល់ពេលដែលពន្លឺពីស្ថានសួគ៌នេះ បានជះពន្លឺមកលើគាត់។ ពន្លឺនោះគឺភ្លឺជាងពន្លឺថ្ងៃត្រង់ទៅទៀត មានន័យថាពន្លឺនោះគឺជារស្មីដ៏ភ្លឺ ខ្លាំងបំផុត។
ខ្ញុំក៏ដួលដល់ដី ហើយឮសំឡេងមានបន្ទូលមកខ្ញុំថា សុល នែសុល ហេតុអ្វីបានជាធ្វើទុក្ខដល់ខ្ញុំ ខ្ញុំបានឆ្លើយថា ឱព្រះអម្ចាស់អើយ តើព្រះអង្គណានុ៎ះ រួចទ្រង់មានបន្ទូលមកខ្ញុំថា ខ្ញុំជាព្រះយេស៊ូវ ពីភូមិណាសារ៉ែត ដែលអ្នកបៀតបៀន
២២:៧-៨ លោកប៉ុលធ្វើបន្ទាល់ថាគាត់បានជួបជាមួយនឹងព្រះយេស៊ូវពីភូមិណាសារ៉ែតនៅតាមផ្លូវ ទៅទីក្រុងដាម៉ាស។ ការនេះកើតមានឡើង ប្រហែលប្រាំឆ្នាំក្រោយពេលដែលព្រះអង្គត្រូវបានគេឆ្កាង ហើយការរស់ពីសុគតឡើងវិញ។ មកទល់ពេលនេះ ដែលលោកប៉ុលបៀតបៀនដល់សិស្សរបស់ព្រះអង្គ ដែលប្រកាស ពីការរស់ពីសុគតឡើងវិញរបស់ព្រះអង្គ។ ភ្លាមនោះ លោកប៉ុលបានស្តាប់ឮព្រះយេស៊ូវ ដែលបានរស់ពីសុគតឡើងវិញ ហើយបានដំកើងឡើងមានបន្ទូលមកគាត់ពីស្ថានសួគ៌មក ហើយការនោះបានផ្លាស់ប្តូរជីវិតរបស់គាត់ជារៀងរហូត។
ឯពួកអ្នកដែលនៅជាមួយនឹងខ្ញុំ គេក៏ឃើញពន្លឺនោះដែរ ហើយមានសេចក្ដីភ័យខ្លាច តែមិនឮសំឡេងព្រះអង្គដែលមានបន្ទូលមកខ្ញុំនោះទេ
២២:៩ ការនេះមិនមែនជាការយល់សប្តិឬការជាក់ស្តែងនោះឡើយ។ មានសាក្សីជាច្រើនដែលបានឃើញ ពន្លឺដូចគ្នាដែរ។ ប៉ុន្តែព្រះយេស៊ូវមានបន្ទូលទៅកាន់លោកប៉ុលតែម្នាក់ប៉ុណ្ណោះ។ អ្នករួមដំណើរជាមួយ គាត់បានស្តាប់ឮសម្លេង ប៉ុន្តែមិនបានយល់ពីអ្វីដែលបានមានបន្ទូលនោះឡើយ (ដូចដែលនៅក្នុង យ៉ូហាន ១២:២៩)។
ខ្ញុំក៏ទូលសួរថា ព្រះអម្ចាស់អើយ តើត្រូវឲ្យទូលបង្គំធ្វើដូចម្តេច រួចព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា ចូរក្រោកឡើងចូលទៅក្នុងក្រុងដាម៉ាស នៅទីនោះនឹងមានគេប្រាប់អ្នក ពីអស់ទាំងការ ដែលបានដំរូវឲ្យអ្នកត្រូវធ្វើ នោះពួកអ្នកដែលនៅជាមួយនឹងខ្ញុំបានដឹកដៃនាំខ្ញុំចូលទៅក្នុងក្រុងដាម៉ាស ពីព្រោះខ្ញុំមើលអ្វីមិនឃើញសោះ ដោយព្រោះរស្មីដ៏ឧត្តមនៃពន្លឺនោះ
២២:១០-១១ លោកប៉ុលបានហៅព្រះយេស៊ូវថា “ព្រះអម្ចាស់” ជាការបង្ហាញពីការគោរព។ ក្នុងនាមជាព្រះ អម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញ លោកប៉ុលបានដឹងថាព្រះយេស៊ូវមានព្រះចេស្តា នៅក្នុងការបង្គាប់ដល់គាត់ ដូច្នេះហើយបានជាគាត់សួរថា “ព្រះអម្ចាស់អើយ តើត្រូវឲ្យទូលបង្គំធ្វើ ដូចម្តេច?”។ ព្រះយេស៊ូវមានបន្ទូលបង្គាប់ដល់លោកប៉ុលឲ្យចូលទៅក្នុងទីក្រុងដាម៉ាស នៅទីនោះគាត់នឹងត្រូវគេប្រាប់ពីអ្វីដែលបានរៀបចំឲ្យគាត់បានធ្វើ។ លោកប៉ុលបានខ្វាក់ភ្នែក ដែលការនោះ គឺដោយសារតែពន្លឺដ៏ភ្លឺរបស់រស្មីនៃសិរីល្អ។
រួចមានមនុស្សម្នាក់ឈ្មោះអាន៉្នានាស គឺជាអ្នកកោតខ្លាចដល់ព្រះ តាមក្រិត្យវិន័យ ដែលមានកេរ្តិ៍ឈ្មោះល្អក្នុងពួកសាសន៍យូដាទាំងអស់ដែលនៅទីនោះ អ្នកនោះក៏មកឈរជិតខ្ញុំនិយាយថា អ្នកសុលអើយ សូមឲ្យភ្នែកអ្នកបានភ្លឺឡើង នៅវេលានោះឯង ខ្ញុំក៏ងើបភ្នែកឡើងឃើញគាត់
២២:១២ នៅក្នុងទីក្រុងដាម៉ាស លោកប៉ុលបានជួបជាមួយលោកអាន៉្នានាស។ លោកអាន្ន៉ានាសគឺជា “អ្នកកោតខ្លាចដល់ព្រះតាមក្រិត្យវិន័យ”។ ការពិតនេះអាចបញ្ជាក់បានដោយពួកសាសន៍យូដា នៅក្រុងដាម៉ាស។ ដូច្នេះហើយ ក្នុងនាមជាមនុស្សដែលកោតខ្លាចដល់ព្រះ ទាំងប៉ុលនិងអាន្ន៉ានាស បានធ្វើនោះគឺជាអ្វីដែលសាសន៍យូដាល្អទាំងអស់ត្រូវតែធ្វើ។ ពួកគាត់មិនបានទាស់ជាមួយនឹងព្រះ ឬបដិសេធមរដកសាសន៍យូដារបស់គេនោះឡើយ។ ពួកគាត់បានស្តាប់តាមអ្វីដែលព្រះមានបន្ទូលប្រាប់ ឲ្យពួកគាត់ធ្វើ។
២២:១៣ ការពិតដែលថា លោកប៉ុលបានភ្លឺឡើងវិញដោយសារលោកអាន្ន៉ានាសគឺជាការបញ្ជាក់ពី ព្រះជាម្ចាស់ដល់លោកប៉ុលថាអ្វីដែលលោកអាន្ន៉ានាសនឹងយាយទៅគាត់នោះគឺពិតជាសេចក្តីដែលទទួលបានពីព្រះអម្ចាស់មកមែន។
រួចគាត់និយាយមកខ្ញុំថា ព្រះនៃពួកឰយុកោយើងបានដំរូវឲ្យអ្នកស្គាល់ចំណង់នៃព្រះហឫទ័យទ្រង់ ហើយឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮសំឡេងពីព្រះឱស្ឋទ្រង់
២២:១៤ លោកអាន្ន៉ានាសបានផ្តល់ឲ្យលោកប៉ុលនូវកិច្ចការដែលប្រទានមកពី “ព្រះនៃពួកឰយុកោយើង” (៣:១៣; ៥:៣០; ៧:៣២; និក្ខមនំ ៣:១៣-១៦; ចោទិយកថា ១:១១, ១:២១)។ លោកប៉ុលចង់ឲ្យហ្វូងមនុស្សសាសន៍យូដាបានយល់ថាគាត់នៅតែបំរើព្រះជាម្ចាស់ដដែល។ ព្រះដដែល ដែលបានតាំងឲ្យលោកម៉ូសេបានកត់ត្រាក្រិត្យវិន័យ ដែលបានតាំងឲ្យស្តេចសាឡូម៉ូនសាងសង់ ព្រះវិហារមួយ ហើយក៏បានតាំងឲ្យលោកប៉ុលបានធ្វើជាសក្ខីភាពពីព្រះយេស៊ូវគ្រីស្ទដែរ។ ជាព្រះនៃពួកឰយុកោយើងដែលបានត្រាស់ហៅលោកប៉ុលឲ្យបានប្រកាសដំណឹងល្អដោយព្រោះតែដំណឹងល្អគឺជាសេចក្តីសម្រេចនៃសេចក្តីសន្យាដែលព្រះអង្គ បានតាំងឡើងនៅក្នុងបទគម្ពីរសញ្ញាចាស់។
ព្រះបានតាំង (προεχειρίσατο) លោកប៉ុលសម្រាប់កិច្ចការនេះ។ ពាក្យនៅក្នុង ភាសាក្រេកបានបញ្ជាក់ យ៉ាងច្បាស់ថា ជាការរើសតាំងរបស់ព្រះ និងការត្រាស់ហៅ គឺមុនពេលមានការឆ្លើយតប ឬកិច្ចការរបស់ លោកប៉ុល។ ការរើសតាំងគឺដោយសារព្រះគុណរបស់ព្រះអង្គ មិនមែនជាការប្រព្រឹត្តល្អរបស់លោកប៉ុល នោះឡើយ។ ព្រះបានតាំងលោកប៉ុល “ឲ្យបានស្គាល់ចំណង់នៃព្រះហឫទ័យទ្រង់” គឺឲ្យបានស្គាល់ ផែនការណ៍នៃសេចក្តីសង្រ្គោះរបស់ព្រះអង្គដែលបានសម្រេចដោយការសុគត ការរស់ពីសុគតឡើងវិញ និងការដំកើងឡើងរបស់ព្រះយេស៊ូវ។
ដើម្បីជួយឲ្យលោកប៉ុលបានស្គាល់ការនេះ ព្រះបានតាំងលោកប៉ុល “ឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮសំឡេងពីព្រះឱស្ឋទ្រង់” នោះគឺជាការតាំងឲ្យលោកប៉ុលបានឃើញ និងបានស្តាប់ឮ ព្រះយេស៊ូវនៅតាមផ្លូវទៅទីក្រុងដាម៉ាស។ សូមកត់សំគាល់ត្រង់ចំនុច “ព្រះដ៏សុចរិត” (τὸν δίκαιον, ៣:១៤; ៧:៥២) ជា ព្រះនាមរបស់ព្រះគ្រីស្ទដែលជាព្រះដ៏សុចរិត ដោយព្រោះតែព្រះអង្គតែងតែ ធ្វើតាមបំណងព្រះហឫទ័យនៃព្រះជានិច្ច (សូមមើល កិច្ចការ ៣:១៤; យេរេមា ២៣:៥-៦, ៣៣:១៥; សាការី ៩:៩)។
លោកប៉ុលចង់ឲ្យពួកសាសន៍យូដាបានយល់ថាការដែលជឿលើព្រះយេស៊ូវមិនមែនមានន័យថាជាការបោះបង់ចោលក្រិត្យវិន័យឬសេចក្តីទំនាយពួកហោរា ឬសេចក្តីសង្ឃឹមរបស់អ៊ីស្រាអែលនោះឡើយ ដោយព្រោះតែព្រះយេស៊ូវ គឺជា សេចក្តីសម្រេចនៃក្រិត្យវិន័យ ព្រមទាំងសេចក្តីទំនាយពួកហោរា ហើយសេចក្តីសង្ឃឹមរបស់អ៊ីស្រាអែល។ ផែនការណ៍អស្ចារ្យនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ បានសម្រេចដោយសារព្រះយេស៊ូវ។
ដ្បិតអ្នកត្រូវធ្វើជាស្មរបន្ទាល់ពីទ្រង់ ដល់មនុស្សទាំងអស់ ពីគ្រប់ការដែលអ្នកបានឃើញបានឮ
២២:១៥ លោកប៉ុលបានឃើញហើយបានស្តាប់ឮព្រះគ្រីស្ទដែលមានព្រះជន្មរស់ ហើយពេលនេះ គាត់ត្រូវបានចាត់ឲ្យបានធ្វើជាសក្ខីភាព ធ្វើបន្ទាល់ពីអ្វីដែលគាត់បានឃើញ និងបានឮ ដោយប្រកាសប្រាប់ពីគ្រប់យ៉ាងទាំងអស់ ថាព្រះយេស៊ូវពីភូមិណាសារ៉ែត ត្រូវបានឆ្កាងដោយមនុស្ស ត្រូវបានដំកើងឡើងដោយព្រះ ហើយជាព្រះអម្ចាស់លើគ្រប់ទាំងអស់!
ព្រះបានប្រទានការបើកសំដែងនេះដើម្បីឲ្យគាត់អាចប្រែក្លាយជាសាក្សីម្នាក់អំពីព្រះយេស៊ូវដល់ “មនុស្សទាំងអស់” គឺទាំង សាសន៍យូដានិងសាសន៍ដទៃ (៩:១៥, ២២:២១, ២៦:១៦-១៧; កាឡាទី ១:១៦; អេភេសូ ៣:៧-៩)។ នេះជាផែនការណ៍របស់ព្រះ មិនមែនជាគំនិតរបស់លោកប៉ុលនោះឡើយ។ ការដែលប្រកាសពីព្រះយេស៊ូវ លោកប៉ុលកំពុងតែស្តាប់តាមការត្រាស់ហៅរបស់ព្រះជាម្ចាស់។ លោកប៉ុលត្រូវតែធ្វើបន្ទាល់ពីអ្វីដែលគាត់បានឃើញហើយបានឮ ដែលជាអ្វីដែលគាត់កំពុងតែធ្វើនេះនៅ ក្នុងការប្រកាសប្រាប់ដល់ពួកសាសន៍យូដាទាំងនេះ។
ឥឡូវនេះ តើអ្នកបង្អង់ចាំអ្វីទៀត ចូរក្រោកឡើង ទទួលបុណ្យជ្រមុជទឹក ហើយលាងបាបអ្នកចេញចុះ ដោយការអំពាវនាវដល់ព្រះនាមព្រះអម្ចាស់
២២:១៦ ដើម្បីឲ្យបានធ្វើកិច្ចការដែលព្រះបានតាំងឲ្យគាត់បានធ្វើ លោកប៉ុលត្រូវតែបានផ្លាស់ប្រែជាមុនដំ បូង។ គាត់បានឃើញហើយបានឮព្រះបន្ទូលព្រះយេស៊ូវ ពេលនេះគាត់ត្រូវតែអំពាវនាវដល់ព្រះនាម ព្រះយេស៊ូវ។ ការដែល ”អំពាវនាវដល់ព្រះនាមព្រះអម្ចាស់” គឺជាការប្រែចិត្តពីអំពើបាប ទទួលជឿលើព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់អ្នក ហើយដើរតាមទ្រង់ជាព្រះអម្ចាស់របស់អ្នក។ នៅពេលដែលមនុស្សម្នាក់ធ្វើយ៉ាងដូច្នេះ ព្រះទ្រង់លាងសំអាតអំពើបាបរបស់គាត់ចេញ។ ការដែលលាងសំអាត គឺជានិមិត្តសញ្ញាដោយការដែលទទួលបុណ្យជ្រមុជទៅក្នុងទឹក (រ៉ូម ៦:៣-១១;១ កូរិនថូស ៦:១១;កាឡាទី ៣:២៧)។
សេចក្តីសង្រ្គោះបានមកពីការដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់ (រ៉ូម ១០:៩-១៣) មិនមែនដោយ ការជ្រមុជក្នុងទឹកនោះឡើយ។ ប៉ុន្តែការដែលទទួលបុណ្យជមុជទឹកគឺជាការបង្ហាញពីសេចក្តីជំនឿ ដែលមានលើព្រះយេស៊ូវ ហើយជានិមិត្តសញ្ញានៃការទទួលបានការអត់ទោសបាប (សូមមើលការ បកស្រាយ ២:៣៨) ដូច្នេះហើយ លោកប៉ុលត្រូវតែទទួលបុណ្យជ្រមុជទឹក ជានិមិត្តសញ្ញាខាងក្រៅ ដែលបញ្ជាក់ឲ្យការសំអាត ខាងព្រលឹងវិញ្ញាណដែលនៅខាងក្នុងពីអំពើបាបដែលព្រះយេស៊ូវបានសម្រេច នៅក្នុងជីវិតរបស់គាត់។
កាលខ្ញុំបានត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ កំពុងដែលខ្ញុំអធិស្ឋាននៅក្នុងព្រះវិហារ នោះខ្ញុំលង់ស្មារតីទៅ ហើយក៏ឃើញទ្រង់មានបន្ទូលមកខ្ញុំថា ចូរប្រញាប់ចេញពីក្រុងយេរូសាឡិមទៅជាឆាប់ ពីព្រោះគេមិនទទួលពាក្យដែលអ្នកធ្វើបន្ទាល់ពីខ្ញុំទេ
២២:១៧ លោកប៉ុលត្រូវបានគេចោទប្រកាន់ចំពោះការប្រមាថហើយបង្រៀនទាស់នឹងព្រះវិហារ ប៉ុន្តែគាត់ចង់ឲ្យហ្វូងមនុស្សបានដឹងថាគាត់គោរពឲ្យតម្លៃទីបរិសុទ្ធនេះ។ ក្រោយពេលដែលគាត់បានប្រែក្លាយជាគ្រីស្ទានម្នាក់នោះ គាត់នៅតែបន្តអធិស្ឋាននៅក្នុងព្រះវិហារពេលដែលគាត់មកដល់ក្រុងយេរូសាឡិម។ តាមការពិតទៅ លោកប៉ុលបានទទួលការជាក់ស្តែងពីព្រះយេស៊ូវនៅក្នុងព្រះវិហារ។
២២:១៨ នៅក្នុងការជាក់ស្តែងនេះ ព្រះយេស៊ូវបានបង្គាប់ដល់លោកប៉ុលឲ្យចាកចេញពីក្រុងយេរូសាឡិម ភ្លាមដោយព្រោះតែពួកសាសន៍យូដាដែលមិនជឿនៅទីនោះ (៩:២៦-៣០; កាឡាទី ១:១៨)។ នៅក្នុង បទគម្ពីរ កិច្ចការ ៩:២៩ យើងបានអានថាលោកប៉ុលបានចាកចេញពីក្រុងយេរូសាឡិមក្រោយពេល ដែលពួកជំនុំបានដឹងថាពួកហេលេន (ដែលជា ពួកសាសន៍យូដានិយាយភាសាក្រិក) នៅក្នុងទីក្រុង ដែលបានរៀបគម្រោងចង់សម្លាប់គាត់។
ខ្ញុំក៏ទូលថា ព្រះអម្ចាស់អើយ អ្នកទាំងនោះដឹងថា ទូលបង្គំបានចាប់ពួកអ្នកដែលជឿដល់ទ្រង់ដាក់គុកហើយ ព្រមទាំងវាយគេនៅក្នុងគ្រប់ទាំងសាលាប្រជុំផង 20កាលដែលឈាមស្ទេផាន ជាស្មរបន្ទាល់របស់ទ្រង់ បានត្រូវខ្ចាយ នោះទូលបង្គំក៏ឈរនៅទីនោះដែរ បានទាំងយល់ព្រមឲ្យសំឡាប់គាត់ ហើយនៅចាំអាវនៃពួកអ្នក ដែលសំឡាប់គាត់ផង
២២:១៩-២០ នៅពេលដែលព្រះយេស៊ូវបង្គាប់ឲ្យលោកប៉ុលចាកចេញពីក្រុងយេរូសាឡិមដោយព្រោះតែ ពួកសាសន៍យូដាដែលមិនជឿនោះ គាត់បានឆ្លើយតបថា គាត់បានគិតថាគាត់អាចធ្វើជាសាក្សីដ៏មាន ឥទ្ធិពលម្នាក់នៅទីនេះ។ ពួកសាសន៍យូដាបានដឹងថាគាត់បានធ្វើការបៀតបៀន ចាប់ដាក់គុក ហើយនឹងវាយដំដល់ពួកអ្នកដែលជឿលើព្រះយេស៊ូវ។ ការផ្លាស់ប្តូរជីវិតរបស់គាត់គឺជាភ័ស្តុតាងនៃកិច្ចការ និងព្រះចេស្តារបស់ព្រះយេស៊ូវ។
នោះទ្រង់មានបន្ទូលមកខ្ញុំថា ចូរទៅចុះ ដ្បិតខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយ។
២២:២១ ប៉ុន្តែការនោះជាបំណងព្រះហឫទ័យនៃព្រះដែលលោកប៉ុលត្រូវធ្វើជាទីបន្ទាល់ដល់ សាសន៍ដទៃវិញ។
ដូច្នេះហើយ ការដែលនិយាយការពារខ្លួនរបស់លោកប៉ុលទាស់នឹងការចោទប្រកាន់ថាគាត់បានបង្រៀន ទាស់នឹងសាសន៍យូដាដែលគាត់ធ្លាប់បានធ្វើដូចជាហ្វូងមនុស្សក្នុងពេលនេះ (គឺជាអ្នកបៀតបៀនដល់ពួក គ្រីស្ទានម្នាក់) ប៉ុន្តែគាត់ត្រូវបានត្រាស់ហៅដោយព្រះជាម្ចាស់ (ខ៦-១៤) ឲ្យបានធ្វើបន្ទាល់ពីព្រះយេស៊ូវ ដល់ពួកសាសន៍ដទៃវិញ (ខ១៥-២១) ហើយគាត់បានស្តាប់តាមព្រះដោយការដែលធ្វើយ៉ាងដូច្នេះ។
គេក៏ស្តាប់គាត់ដរាបដល់ពាក្យនោះ រួចគេស្រែកកាត់ឡើងថា ចូរដកមនុស្សយ៉ាងនេះពីផែនដីចេញ ដ្បិតមិនគួរឲ្យវានៅរស់ទៀតទេ
២២:២២ ហ្វូងមនុស្សបានស្តាប់រហូតដល់ចំនុចនេះ។ ប៉ុន្តែពេលដែលលោកប៉ុលបាននិយាយថា ព្រះយេស៊ូវបានចាត់គាត់ឲ្យចេញឆ្ងាយពីក្រុងយេរូសាឡិមដើម្បីប្រកាសដំណឹងដល់ពួកសាសន៍ដទៃនោះ ពួកគេបាន មានកំហឹងយ៉ាងខ្លាំង។ ពួកគេមិនអាចទទួលថាព្រះនៃពួកឰយុកោ របស់ពួកគេអាចនឹង ជ្រើសតាំងលោកប៉ុល ឲ្យបានធ្វើជាទីបន្ទាល់ម្នាក់ដល់ពួកសាសន៍ដទៃ ដែលអាចនឹងប្រមូលមនុស្ស ទាំងអស់ឲ្យបានចូលមកឯព្រះនោះឡើយ។
ការពិតដែលថា សាសន៍ដទៃណាម្នាក់ក៏អាចប្រែក្លាយជារាស្រ្តរបស់ព្រះដោយមិនចាំបាច់ប្រែក្លាយជា សាសន៍យូដានោះគឺបានធ្វើឲ្យសាសន៍យូដាទាំងនេះមានការអាក់អន់ចិត្ត។ ប្រសិនបើព្រះទ្រង់សង្រ្គោះទាំង សាសន៍យូដា និងសាសន៍ដទៃនោះ ហើយព្រះអង្គគឺបានសង្រ្គោះពួកគេតាមផ្លូវតែមួយ (គឺដោយសារ ព្រះយេស៊ូវគ្រីស្ទ) នោះគឺមានន័យថាទាំងសាសន៍យូដា និងសាសន៍ដទៃគឺមានភាពស្មើគ្នានៅក្នុង ព្រះនេត្រនៃព្រះ។ នេះជា ចំនុចដែលធ្វើឲ្យគេអាក់អន់ចិត្ត។
នៅពេលដែលលោកប៉ុលប្រាប់ហ្វូងមនុស្សថាព្រះយេស៊ូវបានចាត់គាត់ឲ្យទៅឯសាសន៍ដទៃនោះ(ខ២១) ពួកគេបានឈប់ស្តាប់គាត់ហើយចាប់ផ្តើមស្រែកជាខ្លះថា “ចូរដកមនុស្សយ៉ាងនេះពីផែនដីចេញ ដ្បិតមិនគួរឲ្យវានៅរស់ទៀតទេ”។ ដូចជានៅក្នុង កិច្ចការ ២១:៣៦ដែរ ហ្វូងមនុស្សបានទាមទារឲ្យ គេសម្លាប់លោកប៉ុល។
ហើយដោយព្រោះគេចេះតែស្រែកឡើង ទាំងកន្ត្រាក់ដោះអាវគេចេញ ហើយបាចធូលីដីទៅលើ នោះបានជាមេទ័ពធំបង្គាប់ឲ្យនាំគាត់ចូលទៅក្នុងបន្ទាយ រួចប្រាប់ឲ្យវាយសួរចំឡើយ ដើម្បីឲ្យដឹងពីហេតុអ្វី បានជាគេស្រែកទាស់នឹងគាត់ជាខ្លាំងម៉្លេះ
២២:២៣ ពួកសាសន៍យូដាបានដោះអាវវែងរបស់គេចេញហើយបានបាចធូលីដីទៅលើជាការបង្ហាញថា ពួកគេរាប់លោកប៉ុលថាបានប្រមាថហើយមិនមែនជាសាសន៍យូដាពិតប្រាកដនោះឡើយ។
២២:២៤ លោកមេទ័ពរ៉ូម លោកក្លូឌាស លីស៊ា ប្រហែលជាមិនបានយល់ពីអ្វីដែលលោកប៉ុលបាននិយាយ នោះឡើយដោយព្រោះតែគាត់បាននិយាយជាភាសាហេប្រឺ។ ប៉ុន្តែគាត់បានឃើញហ្វូងមនុស្សមានកំហឹង ឆួលឡើងម្តងទៀតនោះបានជាគាត់បង្គាប់ឲ្យនាំយកលោកប៉ុលទៅវាយ។
ការដែលវាយនឹងរំពាត់គឺជាវិធីសាស្រ្តដ៏ឃោរឃៅរបស់រ៉ូមនៅក្នុងការដាក់ទោសចំពោះកំហុសដែលបានប្រព្រឹត្តដើម្បីនឹងសួរចម្លើយពីអ្នកទោស។ មានអំបែងកែវ ឆ្អឹងហើយនឹងដែកងៀងដែលបានចងភ្ជាប់ជាមួយនឹង ខ្សែរំពាត់ស្បែកដែលត្រូវបានប្រើនៅក្នុងការវាត់ពីលើខ្នងរបស់ជនរងគ្រោះ។ មានមនុស្សជាច្រើនបានស្លាប់ ដោយសារត្រូវបានវាយនឹងរំពាត់ហើយមានអ្នកខ្លះបានពិការអស់មួយជីវិត។
ប៉ុន្តែ កំពុងដែលគេយកខ្សែមកចងប៉ុលឲ្យចំកោង នោះគាត់និយាយទៅមេទ័ពរងដែលឈរនៅទីនោះថា តើមានច្បាប់នឹងវាយសាសន៍រ៉ូមនឹងរំពាត់ មុនដែលកាត់ទោសដែរឬអី
២២:២៥ សាសន៍រ៉ូមមិនអាចត្រូវវាយនឹងរំពាត់នោះឡើយប្រសិនបើគេមិនទាន់ទទួលបានការ កាត់ក្តី និងដាក់ទោសថាមានទោសពីបទឧក្រិដ្ឋណាមួយនោះ។ ដូច្នេះហើយ ដូចដែលគាត់បានធ្វើនៅក្រុងភីលីព (១៦:៣៧) លោកប៉ុលបានប្រាប់ដល់គេថាគាត់គឺជាសាសន៍រ៉ូមម្នាក់ដូច្នេះការដែលវាយគាត់នឹងរំពាត់ នោះគឺជាដែលល្មើសនឹងច្បាប់ហើយ។
លុះមេទ័ពរងឮដូច្នេះ នោះក៏ទៅជំរាបដល់មេទ័ពធំថា លោកគិតធ្វើអ្វីដូច្នេះ ដ្បិតមនុស្សនោះជាសាសន៍រ៉ូម
២២:២៦ មេទ័ពរងបានដឹងថាគាត់មិនអាចនឹងវាយលោកប៉ុលតាមបង្គាប់របស់មេទ័ពធំនោះឡើយ។ ដូច្នេះហើយ គាត់បានទៅប្រាប់មេទ័ពធំថាលោកប៉ុលគឺជាសាសន៍រ៉ូមម្នាក់។
នោះមេទ័ពធំចូលមកសួរប៉ុលថា ចូរប្រាប់អញ ឯងជាសាសន៍រ៉ូមឬ គាត់ឆ្លើយថា បាទ លោកក៏និយាយថា អញបានបង់ប្រាក់ច្រើនណាស់ ដើម្បីឲ្យបានចូលជាតិរ៉ូមនេះ តែប៉ុលនិយាយថា ខ្ញុំនេះកើតមកជាសាសន៍រ៉ូមតែម្តង
២២:២៧-២៨ ការដែលមានសញ្ជាតិជាសាសន៍រ៉ូមគឺមានកិត្តិយសខ្ពង់ខ្ពស់មួយ។ មនុស្សអាចទទួលបានសញ្ជាតិនេះលើកតែ ដោយកំណើត ឬការបំរើក្នុងភារកិច្ចសំខាន់ណាមួយជូនច ក្រភពរ៉ូម ឬពេលខ្លះអាចទិញដោយទិញដែលជាការកសូកប៉ាន់។ សញ្ជាតិដែលទទួលបានពីកំណើតគឺ ត្រូវបានរាប់ថា ជាមានឋានៈខ្ពស់បំផុត។ ការពិតដែលថាលោកលីស៊ាត្រូវទិញសញ្ជាតិរ៉ូម ហើយលោកប៉ុល គឺជាសាសន៍រ៉ូមពីកំណើត មានន័យថាកិត្តិយសលោកលីស៊ាគឺនៅទាបជាងកិត្តិយសរបស់លោកប៉ុល។ ការពិតនេះគឺជារឿងដ៏ស្មុគស្មាញ ចំពោះលោកមេទ័ពធំ។ គាត់បានប្រមាថដល់សាសន៍រ៉ូមម្នាក់ ដែលមានកិត្តិយសខ្ពស់ជាងគាត់ ហើយបានល្មើសច្បាប់រ៉ូមដែលហាមឃាត់មិនឲ្យចាប់ចងសាសន៍រ៉ូម ណាម្នាក់នោះឡើយ។
ដូច្នេះ ពួកអ្នកដែលត្រូវសួរចំឡើយ ក៏ថយចេញជា១រំពេច ហើយមេទ័ពធំមានសេចក្ដីភិតភ័យ ដោយដឹងថា គាត់ជាសាសន៍រ៉ូម ពីព្រោះបានជ្រុលជាចងគាត់ហើយ
២២:២៩ ពួកទាហានមានការភ័យខ្លាចពីការដែលគេបានធ្វើចំពោះលោកប៉ុល (ដូចក្នុង កិច្ចការ ១៦:៣៨) ហើយបានថយចេញពីគាត់។ លោកលីស៊ា មានការភ័យខ្លាចដោយព្រោះតែគាត់បានចាប់ចង (២១:៣៣) ហើយបង្គាប់ឲ្យវាយ (ខ២៤) សាសន៍រ៉ូមម្នាក់។ ពេលនេះលោកប៉ុលត្រូវបានការពារដោយប្រព័ន្ធច្បាប់ របស់រ៉ូម។ លោកប៉ុលនៅតែស្ថិតក្រោមការឃុំខ្លួននៅឡើយ ប៉ុន្តែគាត់មិនត្រូវទទួលការធ្វើបាប ដល់រាងកាយឡើយ។
ដល់ថ្ងៃស្អែកឡើង លោកក៏ស្រាយចំណង ហើយប្រាប់ដល់ពួកសង្គ្រាជ នឹងពួកក្រុមជំនុំទាំងអស់ ឲ្យប្រជុំគ្នា រួចលោកនាំប៉ុលចុះមក ដាក់នៅកណ្តាលពួកគេ ដោយចង់ដឹងច្បាស់ ពីហេតុអ្វីបានជាពួកសាសន៍យូដាចោទប្រកាន់គាត់ដូច្នោះ។
២២:៣០ ដោយព្រោះតែសញ្ជាតិរ៉ូមរបស់គាត់ ពេលនេះលោកប៉ុលមិនត្រូវគេចងដោយច្រវ៉ាក់ទៀតឡើយ ប៉ុន្តែលោកលីស៊ាមិនអាចដោះលែងគាត់បានឡើយរហូតទាល់តែបានស្វែងរកហេតុដែលនាំឲ្យមានភាពវឹកវរបាន។ គាត់នៅតែមិនដឹងពីហេតុដែលពួកសាសន៍យូដាចោទប្រកាន់ទោសទាស់នឹងលោកប៉ុលនៅឡើយ ហើយភារកិច្ចរបស់គាត់គឺទទួលខុសត្រូវនៅក្នុងការសម្រេចថាអ្វីជាការចោទប្រកាន់ទាស់អ្នកទោសដែលគាត់បានចាប់ខ្លួន។ គាត់បានសួរហ្វូងមនុស្ស ប៉ុន្តែពួកគេបានស្រែកសេចក្តីផ្សេងៗពីគ្នា (២១:៣៣-៣៤)។
យ៉ាងណាម៉ិញ គាត់បានដឹងថាការដែលចោទប្រកាន់ទាស់នឹងលោកប៉ុលគឺមានទាក់ទងជាមួយនឹងសាសនា សាសន៍យូដា ដូច្នេះហើយថ្ងៃបន្ទាប់គាត់បានបង្គាប់ឲ្យពួកសាន់ហេឌ្រីន (ពួកជំនុំរបស់សាសន៍យូដា ដែលទទួលខុសត្រូវរាល់បញ្ហាដែលទាក់ទងនឹងសាសនាសាសន៍យូដា) ឲ្យមកជួបដើម្បីនឹងចោទសួរ លោកប៉ុល។ គោលដៅនៅក្នុងការដែលជួបនេះគឺមិនមែនអនុញ្ញាតឲ្យគណៈសាន់ហេឌ្រីនធ្វើការថ្កោល ទោសចំពោះលោកប៉ុលនោះឡើយ ប៉ុន្តែដើម្បីឲ្យលោកលីស៊ាអាចសម្រេចថាអ្វីជាការចោទប្រកាន់ទាស់ នឹងលោកប៉ុលវិញ។ ដូច្នេះហើយ គាត់មិនបានបញ្ជូនលោកប៉ុលឲ្យពួកសាន់ហេឌ្រីនកាត់ក្តីនោះឡើយ (ដែលការនោះអាចជាការបំពានដល់កិត្តិយសរបស់លោកប៉ុលដែលជាសាសន៍រ៉ូមម្នាក់) ប៉ុន្តែ បានបណ្តោយឲ្យគេសួរចម្លើយជាមួយនឹងលោកប៉ុល។




