top of page

កាល​យើង​បាន​ឃ្លាត​ចេញ​ផុត​ពី​គេ​ទៅ​ហើយ នោះ​ក៏​បើក​ក្តោង​ដំរង់​ទៅ​ឯ​កោះ​កូស ហើយ​ថ្ងៃ​ក្រោយ​បាន​ដល់​កោះ​រ៉ូដូស រួច​ពី​នោះ​ទៅ​ដល់​ក្រុង​ប៉ាតារ៉ា

 

 ២១:១ លោកប៉ុលហើយនឹងពួកអ្នកដំណាងពួកជំនុំបានធ្វើដំណើរទៅក្រុងយេរូសាឡិមដើម្បីនឹងនាំយក ​ប្រាក់ដែលពួកគាត់ប្រមូលបានទៅសម្រាប់ពួកជំនុំក្រុងយេរូសាឡិម។ ​ពួកគាត់ជិះទូកតូចមួយនៅពេល ថ្ងៃ​ហើយ​ឈប់​សម្រាកនៅតាមកំពុងផែនិមួយៗនៅពេលយប់។ ​

 

កាល​ឃើញ​សំពៅ​១ មាន​ដំណើរ​ទៅ​ឯ​ស្រុក​ភេនីស នោះ​យើង​ក៏​ចុះ​តាម​សំពៅ​នោះ​ចេញ​ទៅ​ទៀត ដល់​បាន​ឃើញ​កោះ​គីប្រុស​ហើយ នោះ​បាន​បើក​បង្ហួស​ទៅ​ខាង​ឆ្វេង រួច​ទៅ​ដល់​ស្រុក​ស៊ីរី ចូល​ចត​នៅ​ត្រង់​ក្រុង​ទីរ៉ុស ដ្បិត​សំពៅ​ត្រូវ​រើ​ទំនិញ​នៅ​ទី​នោះ

 

២១:២-៣ លោកប៉ុលបានដឹងថាគាត់នឹងមិនបានទៅដល់ក្រុងយេរូសាឡិមសម្រាប់ថ្ងៃបុណ្យទី៥០ ​នោះឡើ​​យប្រសិនបើពួកគាត់នៅតែបន្តធ្វើដំណើរបែបនេះ ដូច្នេះហើយគាត់បានសម្រេចចិត្តចុះសំពៅ ធំមួយដែលធ្វើដំណើរឆ្ពោះទៅក្រុងភេនីសទៅក្នុងដែនសមុទ្រធំវិញ (ជាជាងធ្វើដំណើរតាមឆ្នេរ) ហើយបានធ្វើដំណើរចំងាយ ៦៥០គីឡូម៉ែត្រ ត្រង់ពីប៉ាតារ៉ាទៅក្រុងទីរ៉ុស។ ក្រុងទីរ៉ុសគឺជាទីក្រុង ដែលស្ថិតនៅក្នុងដែនសមុទ្រងមេឌីទែរី​នេ​ភា​គខាងកើត  ចំងាយ ១៦០ គីឡូម៉ែត្រ ពីភាគខាងជើងនៃក្រុងយេរូសាឡិម។ ​នៅក្រុងទីរ៉ុស សំពៅបានចត អស់ប្រាំពីរថ្ងៃដើម្បីរើទំនិញ។ ​

លុះ​កាល​រក​ឃើញ​ពួក​សិស្ស​ហើយ នោះ​ក៏​ស្នាក់​នៅ​ទី​នោះ​៧​ថ្ងៃ ហើយ​គេ​ឃាត់​ប៉ុល​ដោយ​នូវ​ព្រះ‌វិញ្ញាណ មិន​ឲ្យ​គាត់​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ឡើយ

 

២១:៤ លោកប៉ុល ហើយនឹងមិត្តិភក្តិរបស់គាត់បានទៅសួរសុខទុក្ខពួកគ្រីស្ទាននៅក្នុងក្រុងទីរ៉ុស។ ​ព្រះ​វិញ្ញាណបរិសុទ្ធបានបើកសំដែងដល់ពួកគ្រី​ស្ទាន​ទាំ​ង​នេះថា​លោ​ក​ប៉ុ​លនឹងត្រូវរង​ទុ​ក្ខនៅ​ក្រុង​យេ​រូសា​ឡិម ​ហើយពួកគេបានអង្វរគាត់មិនឲ្យឡើងទៅទីនោះឡើយ។ ការបើកសំដែងអំពីការរងទុក្ខនោះគឺមក ពីព្រះជាម្ចាស់ ប៉ុន្តែការឆ្លើយតបចំពោះការបើកសំដែងនោះគឺមកពីមនុស្សវិញ។ ការនេះគឺដូចជា ពេលដែលព្រះយេស៊ូវមានបន្ទូលប្រាប់ដល់សិស្សរបស់ព្រះអង្គថាព្រះអង្គនឹងត្រូវរងទុក្ខនៅក្រុងយេរូសាឡិម ហើយលោកពេត្រុស​បាន​ទូល​ព្រះអង្គថាមិនត្រូវឲ្យការនោះកើតមានឡើយ (ម៉ាថាយ ១៦:២១-២៣)។  ប៉ុន្តែព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​តែ​ដឹកនាំលោកប៉ុលទៅកាន់ក្រុងយេរូសាឡិម (១៩:២១, ២០:២២)  ហើយគាត់​កំ​ពុង​តែ​ស្តាប់​តាម​បំណង​ព្រះហឫ​ទ័យនៃព្រះដែលបង្គាប់ឲ្យគាត់ទៅកាន់ទីនោះ។ ​ 

 

ប៉ុន្តែ ដល់​ផុត​ថ្ងៃ​ទាំង​នោះ​ទៅ យើង​ក៏​ចេញ​ធ្វើ​ដំណើរ​ដើរ​ទៀត ឯ​ពួក​គេ​ទាំង​អស់ ព្រម​ទាំង​ប្រពន្ធ​កូន បាន​ជូន​យើង​ខ្ញុំ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​យើង​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​ច្រាំង 6កាល​បាន​លា​គ្នា​រួច​ជា​ស្រេច នោះ​យើង​ក៏​ចុះ​សំពៅ​ទៅ ហើយ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ

 

២១:៥-៦ ជាទម្លាប់មួយនៅក្នុងការដែលដើរជាមួយនឹងពួកអ្នកធ្វើដំណើរដើម្បីនឹងជូនដំណើរគេចេញ ពីទីក្រុង ប៉ុន្តែការដែលលុតជង្គង់នៅមាត់ច្រាំងដើម្បីអធិស្ឋាននោះមិនមែនជាទូទៅនោះឡើយ។ ​ការនេះបង្ហាញពីសេចក្តីស្រឡាញ់របស់ពួកគ្រីស្ទានដែលពួកសិស្សទាំងនេះមានចំពោះលោកប៉ុល។ 

 

លុះ​សំរេច​ដំណើរ​ពី​ក្រុង​ទីរ៉ុស ទៅ​ដល់​ផ្ទលេមេ​ហើយ នោះ​ក៏​ទៅ​ជំរាប​សួរ​ដល់​ពួក​ជំនុំ ហើយ​បាន​សំចត​នៅ​ជា​មួយ​នឹង​គេ​អស់​១​ថ្ងៃ

 

២១:៧ ទីសំចតបន្ទាប់នោះគឺ ផ្ទលេមេ ចំងាយ ៤០​គីឡូម៉ែត្រនៃភាគខាងត្បួងទីក្រុងទីរ៉ុស។ ​ជាថ្មីម្តងទៀត មានគ្រីស្ទានមួយក្រុមនៅទីនោះ។ លោកប៉ុលហើយនឹងមិត្តភក្តិរបស់គាត់អាចនឹងមាន សេចក្តីអំណរនៅក្នុង​ការដែលបានដឹងថាមានគ្រីស្ទាននៅក្នុងគ្រប់ទាំងក្រុងដែលសំពៅបានចូលចត ដោយព្រោះតែការនេះបង្ហាញថាដំណឹងល្អត្រូវបានប្រកាសពាសពេញអាណាចក្ររ៉ូម។ ​

ដល់​ថ្ងៃ​ស្អែក​ឡើង ប៉ុល នឹង​ពួក​គាត់​បាន​ចេញ​ទៅ​ឯ​សេសារា ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ភីលីព ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ម្នាក់​ក្នុង​ពួក​ទាំង​៧​នាក់​នោះ ហើយ​ស្នាក់​នៅ​នឹង​គាត់

 

២១:៨  ទីសំចតបន្ទាប់ទៀតនោះគឺជាក្រុងសេសារា ចំងាយ ៥០ គីឡូម៉ែត្រភាគខាងត្បូងផ្ទលេមេ។ ​លោកប៉ុលបានទៅសួរសុខទុក្ខពួកគ្រីស្ទាននៅសេសារាកាលពីមុន (១៨:២២)  ហើយពេលនេះគាត់ស្នាក់ នៅផ្ទះរបស់លោកភីលីព។ ​​

 

បទគម្ពីរ កិច្ចការ ៨:៤០ ប្រាប់យើងទាំងអស់គ្នាថា ក្រោយពេលដែលលោកភីលីពបានដឹកនាំមនុស្ស កំរៀវសា​ស​ន៍អេធីយ៉ូពីឲ្យមានសេចក្តីជំនឿនោះ  “គាត់​ក៏​ដើរ​ទៅ​ទាំង​ផ្សាយ​ដំណឹង​ល្អ​នៅ​គ្រប់​អស់​ទាំង ​ទី​ក្រុង​រៀង​ទៅ រហូត​ទៅ​ដល់​ក្រុង​សេសារា។”  ពេលនេះ ប្រមាណជា ម្ភៃប្រាំឆ្នាំក្រោយមក  គាត់នៅតែ បន្តរស់នៅទីនោះ។ ​លោកភីលីពត្រូវបានគេហៅថា “ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​”។  ការនេះបង្ហាញថា គាត់ត្រូវបានគេស្គាល់ថាជាមនុស្សដែលស្រឡាញ់ចំពោះកិច្ចការប្រកាសដំណឹងល្អអំពីព្រះយេស៊ូវទៅកាន់មនុស្សគ្រប់គ្នា។ ​យើងបានអានអំពីកិច្ចការប្រកាសដំណឹងល្អរបស់គាត់នៅក្នុងស្រុកសាម៉ារី (៨:៤-៩) ហើយនឹងតាមផ្លូវទៅកាសា (៨:២៥-៤០)។ គាត់ក៏ជាម្នាក់នៅក្នុងចំណោមអ្នកទាំងប្រាំពីរ ដែល ត្រូវបានតែងតាំងដោយពួកជំនុំនៅក្នុងក្រុងយេរូសាឡិមដើម្បីឲ្យបានធ្វើការបំរើដល់ពួកស្រ្តីមេម៉ាយផងដែរ។ ​

 

អ្នក​នោះ​មាន​កូន​ក្រមុំ​៤​នាក់​ដែល​ចេះ​ទាយ​ទំនាយ

 

២១:៩ លោកភីលីពមានកូនស្រីបួននាក់ហើយពួកគេគ្រប់គ្នាសុទ្ធតែមាន អំណោយទាននៃសេចក្តីទំនាយ (យ៉ូអែល ២:២៨)។ 

លុះ​យើង​បាន​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ នោះ​មាន​ហោរា​ម្នាក់ ឈ្មោះ​អ័ក្កា‌បុស គាត់​ចុះ​ពី​ស្រុក​យូដា​មក

 

២១:១០ នៅក្នុងកិច្ចការ ១១:២៧-២៨  យើងបានអានអំពីអ័ក្កាបុសដែលមកពីក្រុងយេរូសាឡិមទៅកាន់ អាន់ទីយ៉ូកហើយនឹងបានទាយអំពីគ្រោះអំណត់នៅក្នុងសម័យរាជ្យព្រះបាទក្លូឌាស។ ពេលនេះ គាត់បានមកដល់សេសារាហើយបានទាយពីការចាប់ខ្លួនរបស់លោកប៉ុលនិងការដាក់គុកនៅក្នុងក្រុងយេរូសាឡិម។ 

 

លុះ​មក​ដល់​យើង​ហើយ គាត់​ក៏​យក​ខ្សែ​ក្រវាត់​របស់​ប៉ុល​មក ចង​ជើង​ចង​ដៃ​ខ្លួន ប្រាប់​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ដូច្នេះ​ថា ពួក​សាសន៍​យូដា​នឹង​ចាប់​ចង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​បែប​យ៉ាង​នេះ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ

 

២១:១១ ពួកហោរានៅក្នុងព្រះគម្ពីរសញ្ញាចាស់ពេលខ្លះសំដែងបង្ហាញពីសេចក្តីទំនាយរបស់ពួកគេ (១ ពង្សាវតារក្សត្រ ១១:២៩-៣៩, អេសាយ ២០:២-៦; យេរេមា ១៣:១-១១; អេសេគាល ៤, ៥) ដូចជា ហោរាអ័ក្កាបុសធ្វើត្រង់នេះដែរ។ ដោយសារកាយវិការ និងពាក្យរបស់គាត់ គាត់បានទាយប្រាប់លោកប៉ុល ជាមុនថាពួកសាសន៍យូដានឹងទាស់ជាមួយគាត់នៅក្នុងក្រុងយេរូសាឡិម ហើយពួករ៉ូម៉ាំងនឹងចាប់ខ្លួនគាត់ ព្រមទាំងដាក់គាត់នៅក្នុងគុក (ខ៣១-៣៣)។

 

កាល​ឮ​ដូច្នោះ នោះ​យើង នឹង​ពួក​អ្នក​នៅ​ទី​នោះ ក៏​អង្វរ​ប៉ុល មិន​ឲ្យ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ឡើយ

២១:១២ ពួកគ្រីស្ទាននៅសេសារាបានឆ្លើយតបចំពោះសេចក្តីទំនាយដោយការអង្វរលោកប៉ុលមិនឲ្យឡើង ទៅក្រុងយេរូសាឡិម។ ការដែលអង្វរនេះរួមមានទាំងការយំសោកផងដែរ (ខ១៣)។ ដូចជាពួកគ្រីស្ទាននៅ ក្រុងទីរ៉ុសដែរ(ខ៤) ពួកអ្នករួមដំណើរជាមួយលោកប៉ុលនិងពួកគ្រីស្ទាននៅក្រុងសេសារាគិតថា គាត់មិនគួរឡើងទៅក្រុងយេរូសាឡិមនោះឡើយ។ ​

តែ​គាត់​ឆ្លើយ​ថា ហេតុ​អ្វី​បាន​ជា​យំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​យ៉ាង​ដូច្នេះ ពី​ព្រោះ​ខ្ញុំ​ព្រម​ស្រេច​ហើយ នឹង​ឲ្យ​គេ​ចាប់​ចង​ខ្ញុំ​ចុះ មិន​តែ​ប៉ុណ្ណោះ​សោត ថែម​ទាំង​សុខ​ចិត្ត​ស្លាប់​ផង នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ទៀត គឺ​ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ

 

២១:១៣ ហោរាអ័ក្កាបុស មិនបានប្រាប់មិនឲ្យលោកប៉ុលទៅក្រុងយេរូសាឡិមឡើយ។ ​ការដាស់តឿនពី ព្រះវិញ្ញាណបរិសុទ្ធគឺដើម្បីរំលឹកលោកប៉ុលពីអ្វីដែលនឹងកើតមានឡើងនៅក្នុងក្រុងយេរូសាឡិមហើយដើម្បីបញ្ជាក់ប្រាប់គាត់ថាព្រះគង់នៅជាមួយគាត់។ ពេលនេះ គាត់បានត្រៀមខ្លួនជា ស្រេចសម្រាប់អ្វីដែល នឹងត្រូវកើតមានឡើងហើយ។ ​លោកប៉ុលនឹងមិនគេចវេះឬរត់ពួននោះឡើយ។ ​គាត់នឹងបន្តបម្រើ ហើយធ្វើបន្ទាល់អំពីព្រះយេស៊ូវ ហើយទទួលរាល់ទាំងលទ្ធផលដែលនឹងកើតមានឡើង ពីការនោះ។ ​ 

 

ការពិតដែលថាពួកសាវ័ករបស់ព្រះយេស៊ូវគ្រប់គ្នាបានស្ម័គ្រចិត្តនៅក្នុងការស្លាប់ចំពោះទីបន្ទាល់របស់ពួកគាត់បង្ហាញពីកម្លាំងនៅក្នុងសេចក្តីជំនឿនិងការប្តេជ្ញាចំពោះសេចក្តីដែលពួកគាត់បានប្រកាស។ ​ពួកគាត់ទាំងអស់គ្នាដឹងថាសេចក្តីសង្ឃឹមសម្រាប់ពិភពលោកនោះគឺអាចសម្រេចបានដោយសារព្រះយេស៊ូវតែមួយប៉ុណ្ណោះ ដែលជាព្រះអង្គសង្រ្គោះរបស់លោកិយ (២៣:៦, ២៤:១៥, ២៦:៦-៧,​ ២៨:២០) ហើយពួកគាត់បានលះបង់ជីវិតរបស់ពួកគាត់ដើម្បីប្រកាសសេចក្តីពិត។ ​

 

នោះ​យើង​ក៏​ឈប់​និយាយ ដោយ​ថា សូម​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ចុះ ពី​ព្រោះ​គាត់​មិន​យល់​ព្រម​តាម​យើង​ទេ។ 

២១:១៤ ពួកគ្រីស្ទានមិនចង់បាត់បង់សាវ័កជាទីស្រឡាញ់របស់ពួកគេនោះឡើយ  ប៉ុន្តែពួកគេគោរពតាម ការសម្រេចចិត្តរបស់គាត់នៅក្នុងការធ្វើដំណើរទៅកាន់ក្រុងយេរូសាឡិមដែលជាបំណងព្រះទ័យនៃព្រះ។ ​ដូច្នេះហើយពួកគេបានអធិស្ឋានថា “សូមតាមព្រះហឫទ័យព្រះអម្ចាស់ចុះ” (ដូចដែលព្រះយេស៊ូវ បានអធិស្ឋាននៅក្នុងសួនច្បារកេតសេម៉ានី នៅក្នុង លូកា ២២:៤២ ដែរ)។ នេះគឺជាចំនុចសំខាន់នៅក្នុង បទគម្ពីរកិច្ចការគឺ មិនថាមានការលំបាកយ៉ាងណាដែលពួកអ្នកបម្រើព្រះអង្គត្រូវប្រឈមមុខនោះឡើយ ព្រះតែងតែគ្រប់គ្រង ហើយដឹកនាំការទាំងនោះឲ្យបានសម្រេចតាមបំណងព្រះទ័យព្រះអង្គ (២:២៣-២៤, ៣:១៣-១៥, ៤:១០, ៥:៣០-៣១)។  

លុះ​ផុត​ថ្ងៃ​ទាំង​នោះ​មក កាល​យើង​បាន​រៀប​អីវ៉ាន់​ស្រេច​ហើយ នោះ​ក៏​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ក៏​មាន​សិស្ស​ខ្លះ​ពី​សេសារា​ទៅ​ជា​មួយ​នឹង​យើង​ដែរ បាន​នាំ​ទាំង​មនុស្ស​ម្នាក់ ឈ្មោះ​ម៉្នាសុន ជា​សិស្ស​ចាស់ ពី​កោះ​គីប្រុស ដែល​យើង​រាល់​គ្នា​ត្រូវ​ស្នាក់​នៅ​ក្នុង​ផ្ទះ​គាត់​ទៅ​ផង

 

២១:១៥-១៦ ​លោកប៉ុលបានមកដល់ក្រុងយេរូសាឡិមគឺជាចុងបញ្ចប់​នៃការធ្វើដំណើរបេសកកម្មទីបីរបស់​ គាត់​​ដែល​បាន​​ចា​ប់ផ្តើមពីក្រុងអាន់ទីយ៉ូកកាលបួនឆ្នាំមុន (១៨:២២)។ គាត់បានស្នាក់នៅជាមួយនឹង ម្ន៉ាសុន  ​ដែល ជាអ្នកស្រុក គីប្រុស(ដូចបាណាបាសដែរ)។ ម្ន៉ាសុន គឺជា “សិស្សដំបូង” មានន័យថា គាត់បានប្រែក្លាយ​ ជា​គ្រីស្ទានម្នាក់នៅពេលដែលពួកជំនុំដំបូងបានចាប់ផ្តើមប្រមាណជាង២៧ ឆ្នាំមុននៅ ក្រុងយេរូសាឡិម។  ​ 

 

គ្រា​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​ពួក​ជំនុំ​ក៏​ទទួល​យើង​ដោយ​អំណរ

 

២១:១៧ ពួកគ្រីស្ទាននៅក្រុងយេរូសាឡិម (“ពួកបងប្អូន”)បានទទួលលោកប៉ុលនិងពួកអ្នកតំណាង របស់ពួក ជំនុំដែលនៅ ម៉ាសេដូន  ស្រុកអាខៃ  និងស្រុកអាស៊ី។ ​យើងបានដឹងដោយសារសេចក្តីសំបុត្រ របស់លោកប៉ុល​ថា គោលដៅសំខាន់របស់គាត់នៅក្នុងការមកឯក្រុងយេរូសាឡិមនោះគឺ ដើម្បីនាំយកប្រាក់ដែលគាត់បាន​ប្រ​មូ​ល​ពីពួកជំនុំជាច្រើន​ដូចដែលគាត់បានតាំងឡើង។  

 

ថ្ងៃ​ស្អែក​ឡើង​ប៉ុល​ក៏​ចូល​ទៅ​សួរ​យ៉ាកុប​ជា​មួយ​នឹង​យើង ក្នុង​កាល​ដែល​ពួក​ចាស់‌ទុំ​ទាំង​អស់​ប្រជុំ​គ្នា​នៅ ​ទី​នោះ 

 

២១:១៨ ពួកសាវ័កបានចាកចេញពីក្រុងយេរូសាឡិមដោយការស្តាប់បង្គាប់របស់ព្រះយេស៊ូវឲ្យ បានធ្វើ​ជាទីបន្ទាល់របស់ព្រះអង្គរហូតដល់ចុងបំផុតផែនដី (១:៨)។ ពេលនេះ ពួកជំនុំកំពុងតែ ត្រូវបានដឹកនាំដោយ​ក្រុម​ពួកចាស់​ទុំ​រួមជាមួយលោកយ៉ាកុប  ដែលជាប្អូនរបស់ព្រះយេស៊ូវ  ដែលជាអ្នកដឹកនាំនៅក្នុងចំណោម​ពួក​អ្នកដឹកនាំ។ មកទល់ពេលនេះមានគ្រីស្ទានរាប់ពាន់នាក់នៅក្នុង ស្រុកយូដាដែលមានជំនួននៃក្រុមពួកអ្នកដឹកនាំជាច្រើនដែលត្រូវការឃ្វាលពួកគេ។ ​​ 

កាល​គាត់​បាន​ជំរាប​សួរ​ដល់​គេ​រួច​ហើយ នោះ​គាត់​ថ្លែង​ប្រាប់ ពី​អស់​ទាំង​ការ​និមួយៗ ដែល​ព្រះ‌ទ្រង់​បាន​ធ្វើ​ក្នុង​ពួក​សាសន៍​ដទៃ ដោយ‌សារ​គាត់ គេ​ឮ​ដូច្នោះ ក៏​សរសើរ​ដំកើង​ដល់​ព្រះ

 

២១:១៩ កាលពីពេលមុនដែលលោកប៉ុលនៅក្នុងក្រុងយេរូសាឡិមគឺកាលពីប្រាំឆ្នាំមុននៅពេលដែល គាត់វិល​ត្រឡប់មកវិញពីការធ្វើដំណើរទីពីរគាត់ (១៨:១៨-២២)។ ពេលនេះ  ​គាត់បានជួបជាមួយ ពួក​អ្នកដឹកនាំនៅក្រុងយេរូសាឡិមជាថ្មីម្តងទៀត ហើយបានធ្វើការរាយការណ៍អំពីបេសកកម្មរបស់គាត់ ទៅកាន់អ្នកទាំងនោះក្នុងរយៈពេលប្រាំឆ្នាំកន្លងទៅ។ ​ 

លោកប៉ុលបានចំណាយពេលនេះ(ឆ្នាំ ៥២-៥៧ គ,ស) ប្រកាស​ដំណឹង​ល្អហើ​យ​បង្រៀន​នៅក្នុងទី​ក្រុង ​អេភេ​សូ​រ (១៩:១-២០:២១) ហើយក៏មានឥទ្ធិពលដល់ទីក្រុងផ្សេងទៀតនៅក្នុងបណ្តាខេត្តអាស៊ីផងដែរ (១៩:១០, ១៩:២២, ១៩:២៦)។ ក្រោយនោះមក គាត់បានទៅសួរសុខទុក្ខនិងចម្រើនកម្លាំងដល់ពួកជំនុំ ទាំងប៉ុន្មានដែគាត់បានតាំងឡើងក្នុងការធ្វើដំណើរបេសកកម្មទីពីររបស់គាត់នៅក្នុងស្រុកអាខៃនិងម៉ាសេដូន។ ​ជាទូទៅនៅក្នុងបទគម្ពីរកិច្ចការ  លោកប៉ុលបានបញ្ជាក់យ៉ាងច្បាស់ថាព្រះទ្រង់ធ្វើការដោយសារព័ន្ធកិច្ច របស់គាត់ (១៥:១២-១៤, ១៤:២៧, ២០:២៤)។ លោកប៉ុលដឹងយ៉ាងច្បាស់ព័ន្ធកិច្ចរបស់គាត់ នោះមិនមែនជាអ្វីដែលគាត់បានធ្វើហើយព្រះទ្រង់ជួយនោះឡើយ  ប៉ុន្តែជាអ្វីដែល “ព្រះបានធ្វើ” ទៅវិញទេ។ គ្រប់យ៉ាងត្រូវបានសម្រេចដោយព្រះគុណនៃទ្រង់ ដូច្នេះហើយព្រះអង្គសក្តិសមក្នុងការទទួល គ្រប់ទាំងសិរីរុងរឿង។  

 

២១:២០ ពួកចាស់ទុំនៅក្រុងយេរូសាឡិម “បានសរសើរដំកើងព្រះ”។  ពួកគ្រីស្ទានសាសន៍យូដាទាំង នេះបានអរព្រះគុណដល់ព្រោះចំពោះអ្វីដែលព្រះអង្គបានធ្វើក្នុងចំណោមពួកសាសន៍ដទៃ។ ពួកគាត់បាន ដឹងយ៉ាងច្បាស់ថា ព្រះវត្តមានរបស់ព្រះមាននៅក្នុងព័ន្ធកិច្ចរបស់លោកប៉ុល ហើយវាគឺព្រះ ដែលបាន បណ្តាលឲ្យមនុស្សជាច្រើនមានសេចក្តីជំនឿ និងការអស្ចារ្យជាច្រើនកើតមានឡើង (១៩:៩-១៧, ១៩:២០)។ ដូច្នេះហើយ គេសរសើរដំកើងព្រះអង្គ។ ​ 

 

រួច​និយាយ​ទៅ​ប៉ុល​ថា បង​អើយ បង​ដឹង​ថា មាន​សាសន៍​យូដា​ប៉ុន្មាន​ម៉ឺន​បាន​ជឿ​ហើយ គេ​សុទ្ធ​តែ​មាន​សេចក្ដី​ឧស្សាហ៍​ខ្មី‌ឃ្មាត​កាន់​តាម​ក្រិត្យ‌វិន័យ​ទាំង​អស់​គ្នា

 

២១:២០ ព្រះបានធ្វើការយ៉ាងអស្ចារ្យដោយសារលោកប៉ុលនៅក្នុងការប្រកាសដំណឹងល្អនៅក្នុងទឹកដី របស់ពួកសាសន៍ដទៃ  ជាមួយគ្នានោះដែរព្រះក៏បានធ្វើការយ៉ាងអស្ចារ្យដោយសារពួកគ្រីស្ទាននៅក្នុង ក្រុងយេរូសាឡិមនៅក្នុងការប្រកាសដំណឹងល្អដល់សាសន៍យូដារបស់ពួកគេផងដែរ។ ពួកចាស់ទុំក្នុង ពួកជំនុំនៅក្រុងយេរូសាឡិមប្រាប់លោកប៉ុលថាមានសាសន៍យូដារាប់ពាន់នាក់ដែលបានទទួលជឿលើព្រះយេស៊ូវថាជាព្រះមែស្ស៊ីរបស់អ៊ីស្រាអែល។  

ពួកអ្នកជឿថ្មីទាំងនេះគឺសុទ្ធតែជាពួកអ្នកដែល “ខ្មីឃ្មាតកាន់តាមក្រិត្យវិន័យ” ដែលមានន័យថាពួកគេជា ពួកអ្នកដែលគោរពឲ្យតម្លៃលើក្រិត្យវិន័យ និងទំនៀមទម្លាប់សាសន៍យូដាយ៉ាងខ្ជាប់ខ្ជួន។ ​ពួកគេមិនបានសម្លឹងមើលថាក្រិត្យវិន័យជាផ្លូវ ដែលនាំឲ្យបានសេចក្តីសង្រ្គោះនោះឡើយ (មិនដូចជា ពួកគេមិនបានសម្លឹងមើលថាក្រិត្យវិន័យជាផ្លូវ ដែលនាំឲ្យបានសេចក្តីសង្រ្គោះនោះឡើយ (មិនដូចជា ពួកគ្រីស្ទានសាសន៍យូដា នៅក្នុង ១៥:១) ប៉ុន្តែពួកគេបានយកចិត្តទុកដាក់និងគោរពឲ្យតម្លៃ ចំពោះក្រិត្យវិន័យដោយព្រោះតែជាខ្នាតដ៏អស់កល្បជានិច្ចរបស់ព្រះនៃសេចក្តីសុចរិត។ ដូច្នេះហើយក្រិត្យវិន័យគឺមានប្រយោជន៍សម្រាប់ការបង្ហាត់បង្រៀនសិស្ស។

 

ក៏​បាន​ឮ​និយាយ​ពី​បង​ថា បង​បង្រៀន​ដល់​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ជា​មួយ​នឹង​សាសន៍​ដទៃ ឲ្យ​គេ​លះ​ចោល​លោក​ម៉ូសេ​ចេញ ព្រម​ទាំង​ហាម‌ប្រាម​គេ កុំ​ឲ្យ​កាត់​ស្បែក​កូន ឬ​ប្រតិ‌បត្តិ​តាម​ទំលាប់​ពី​បុរាណ​ផង

 

២១:២១ ពួកគ្រីស្ទាននៅក្រុងយេរូសាឡិមបានស្តាប់ឮពីការនិយាយអាក្រក់អំពីលោកប៉ុល។ ​សត្រូវរបស់ លោកប៉ុលបានផ្សព្វផ្សាយការកុហកថាលោកប៉ុលបង្រៀនដល់ពួកអ្នកជឿសាសន៍យូដាឲ្យលះចោលក្រិត្យវិន័យលោកម៉ូសេ  ការកាត់ស្បែក  និងទំនៀមទម្លាប់របស់សាសន៍យូដាចេញ។ ការនោះមិនមែនជាការពិតនោះឡើយ។ លោកប៉ុលបានបង្រៀនដល់ពួកសាសន៍ដទៃថាក្រិត្យវិន័យមិន មែនជាផ្លូវដែលនាំឲ្យបានសេចក្តីសង្រ្គោះនោះឡើយ  ហើយថាការកាត់ស្បែកមិនមានសារៈសំខាន់ ឲ្យបានសេចក្តីសង្រ្គោះនោះឡើយ។ ប៉ុន្តែគាត់មិនដែលបានបង្រៀនថាពួកសាសន៍យូដា ត្រូវតែលះចោលក្រិត្យវិន័យឬការកាត់ស្បែកឬទំនៀមទម្លាប់សាសន៍យូដានោះឡើយ។ ការពិតដែលថាលោកប៉ុលមិនបានលះចោលទំនៀមទម្លាប់សាសន៍យូដានោះគឺត្រូវបានបង្ហាញនៅក្នុងការកាត់ស្បែករបស់ធីម៉ូថេ (១៦:១-៣) ហើយនឹងការដែលគាត់បានធ្វើសេចក្តីសម្បថណាសារ៉ែត (១៨:១៨)។ 

 

ដូច្នេះ តើ​ដូច​ម្តេច មុខ​ជា​នឹង​មាន​គេ​ប្រជុំ​គ្នា​ទាំង​ហ្វូង​ជា​មិន​ខាន ដ្បិត​គេ​នឹង​ឮ​ថា បង​មក​ដល់​ហើយ

 

២១:២២ ពួកចាស់ទុំដឹងថាពួកអ្នកជឿសាសន៍យូដាដែលខ្មីឃ្មាតកាន់តាមក្រិត្យវិន័យនឹងបានស្តាប់ឮថាលោកប៉ុលបានមកដល់ក្រុងយេរូសាឡិមហើយ ដូច្នេះហើយការដែលចំបាច់បន្ទាន់ នោះគឺជាការដែលត្រូវបកស្រាយប្រាប់គេថាលោកប៉ុលមិនបានបង្រៀនដល់ពួកគ្រីស្ទានសាសន៍យូដាឲ្យបោះបង់ចោលក្រិត្យវិន័យនិងទំនៀមទម្លាប់សាសន៍យូដានោះឡើយ។ ​

 

ដូច្នេះ ចូរ​បង​ធ្វើ​តាម​ពាក្យ​យើង​វិញ ដ្បិត​មាន​មនុស្ស​៤​នាក់​ក្នុង​ពួក​យើង នៅ​ជាប់​ក្នុង​បំណន់​នៅ​ឡើយ ចូរ​បង​នាំ​យក​គេ​ទៅ​លា​បំណន់​ជា​មួយ​គ្នា ហើយ​ចេញ​សោហ៊ុយ​ឲ្យ​គេ​ផង ដើម្បី​ឲ្យ​គេ​បាន​កោរ​សក់​ចេញ នោះ​មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា សេចក្ដី​ដែល​គេ​ឮ​និយាយ​ពី​បង នោះ​មិន​ពិត​ទេ គឺ​ខ្លួន​បង​តែង​ប្រព្រឹត្ត​ទៀង​ត្រង់ ហើយ​កាន់​តាម​ក្រិត្យ‌វិន័យ​ដែរ

 

២១:២៣-២៤ ពួកចាស់ទុំបានប្រាប់ពីរបៀបដែលលោកប៉ុលអាចបង្ហាញពីការគោរពឲ្យតម្លៃរបស់គាត់ និងការកាន់តាមក្រិត្យវិន័យព្រមទាំងការរក្សាតាមទំនៀមទម្លាប់សាសន៍យូដារបស់គាត់។ ពួកគាត់បានសុំឲ្យលោកប៉ុលទៅធ្វើតាមទម្លាប់នៃការលាងសំអាតនៅព្រះវិហារ  ហើយជួយចេញសោហ៊ុយ ឲ្យសាសន៍យូដាបួននាក់ដែលបានធ្វើសម្បថណាសារ៉ែតឲ្យបានលាបំណន់ផងដែរ។  

 

កិច្ចការរដំបូងរបស់លោកប៉ុលនោះគឺជាការធ្វើពិធីលាងសំអាតខ្លួន។ ​ដោយព្រោះតែគាត់ទើបតែមកដល់ ក្រុងយេរូសាឡិមវិញគឺត្រឡប់មកពីទឹកដីរបស់សាសន៍ដទៃ គាត់ត្រូវបានរាប់ថាជាមិនស្អាតតាមទម្លាប់។ ​ដូច្នេះហើយ  គាត់ត្រូវប្រារព្ធពិធីលាងសំអាតដើម្បីឲ្យគាត់អាចចូលរួមពិធីសម្រាប់គ្រីស្ទានសាសន៍ យូដាបួននាក់ទៀតនៅក្នុងព្រះវិហារបាន។ ​ពិធីលាងសំអាតនេះរួមមានទាំងការសំដែងនៅចំពោះមុខសង្ឃ នៅក្នុងព្រះវិហារហើយទទួលការប្រោសទឹកនៅថ្ងៃទីបីនិងថ្ងៃទីប្រាំពីរ (ជនគណនា ១៩:២)។ 

 

កិច្ចការរបស់លោកប៉ុលទីពីរនោះគឺចេញថ្លៃសោហ៊ុយឲ្យមនុស្សដែលបានបន់សម្បថណាសារ៉ែត។ យោងតាម បទគម្ពីរ ជនគណនា ៦:១៤-១៥   ​នៅចុងបញ្ចប់នៃសេចក្តីសម្បថ  ពួកគេម្នាក់ៗត្រូវថ្វាយយញ្ញបូជា “គឺ​កូន​ចៀម​ឈ្មោល​១​ឥត​ខ្ចោះ​អាយុ​១​ខួប​សំរាប់​ជា​ដង្វាយ​ដុត និង​កូន​ចៀម​ញី​១​ឥត​ខ្ចោះ​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​ចៀម​ឈ្មោល​១​ឥត​ខ្ចោះ សំរាប់​ជា​ដង្វាយ​មេត្រី ១៥ និង​កញ្ច្រែង​១​ផ្ទុក​ដោយ​នំបុ័ង​ឥត​ដំបែ នំ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​លាយ​ដោយ​ប្រេង នំ​ក្រៀប​ឥត​ដំបែរ​ប្រោះ​ដោយ​ប្រេង ហើយ​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​នោះ​ផង។ ” ដូច្នេះហើយ  ​ការដែលចេញថ្លៃសោហ៊ុយទាំងនេះអាចនឹងត្រូវចំណាយប្រាប់របស់លោកប៉ុលជាច្រើន។  

ឯ​ពួក​សាសន៍​ដទៃ​ដែល​ជឿ នោះ​យើង​បាន​ផ្ញើ​សំបុត្រ​ទៅ​ហើយ ដោយ​សំរេច​ថា មិន​ចាំ​បាច់​ឲ្យ​គេ​កាន់​តាម​សេចក្ដី​ទាំង​នោះ​ទេ ត្រូវ​ប្រយ័ត​តែ​នឹង​របស់​អ្វី ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឈាម នឹង​សត្វ​សំឡាប់​ដោយ​ច្របាច់​ក ហើយ​នឹង​សេចក្ដី​កំផិត​ប៉ុណ្ណោះ

 

២១:២៥ ពួកចាស់ទុំនៅក្នុងពួកជំនុំបានបញ្ជាក់យ៉ាងច្បាស់ថាអ្វីដែលពួកគាត់បានសុំឲ្យលោកប៉ុល ធ្វើនោះមិនមែនជាការផ្លាស់ប្តូរអ្វីដែលអង្គប្រជុំនក្នុងក្រុងយេរូសាឡិមបានសម្រេចំពោះគ្រីស្ទានសាសន៍ដទៃនោះឡើយ (១៥:១៩-២០)។ 

នោះ​ប៉ុល​ក៏​នាំ​យក​អ្នក​ទាំង​នោះ​ទៅ លុះ​ស្អែក​ឡើង កាល​បាន​ញែក​ជា​បរិសុទ្ធ​ជា​មួយ​នឹង​គេ​ហើយ ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ដើម្បី​ប្រាប់​ពី​កំណត់​ដែល​ត្រូវ​បាន​បរិសុទ្ធ ចាំ​ទំរាំ​ដល់​បាន​ថ្វាយ​ដង្វាយ​សំរាប់​គេ​គ្រប់​គ្នា។ 

 

២១:២៦ លោកប៉ុលបានទទួលតាមការស្នើសុំដោយស្រប (កូរិនថូស ៩:២០)។ ថ្ងៃបន្ទាប់គាត់បានទៅព្រះវិហារដើម្បីចាប់ផ្តើមពិធីលាងសំអាត ដែលអាចនឹងចប់ក្នុងរយៈពេលប្រាំពីរថ្ងៃ។

កាល​ជិត​គ្រប់​៧​ថ្ងៃ​នោះ​ហើយ នោះ​ពួក​សាសន៍​យូដា​ពី​ស្រុក​អាស៊ី គេ​ឃើញ​ប៉ុល​ក្នុង​ព្រះ‌វិហារ ក៏​ញុះ‌ញង់​ដល់​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន រួច​លូក​ដៃ​ទៅ​ចាប់​យក​គាត់ ហើយ​ស្រែក​ថា

 

២១:២៧ នៅពេលដែលរយៈនៃការលាងសំអាតប្រាំពីរថ្ងៃជិតដល់ពេលបញ្ចប់ហើយនោះ  លោកប៉ុលបានទៅព្រះវិហារដើម្បីនឹងលាងសំអាតខ្លួនគាត់  ដែលអាចនឹងអនុញ្ញាតឲ្យគាត់ ចូលរួមក្នុងពិធីប្រារព្ធរបស់មនុស្សទាំងបួននាក់ដែលបានស្បថសម្បថណាសារ៉ែត។ 

នៅពេលដែលលោកប៉ុលនៅក្នុងព្រះវិហារនៅឡើយ  មានពួកសត្រូវរបស់គាត់ដែលជាសាសន៍យូដា មកពីក្រុងអេភេសូរ (១៩:៩) បានឃើញគាត់។ យើងស្គាល់មនុស្សទាំងនេះបានមកពីក្រុងអេភេសូរ  ដោយព្រោះតែគេស្គាល់ទ្រភីមអ្នកស្រុកអេភេសូរ (ខ២៩)។ មនុស្សទាំងនោះបាននៅក្នុងក្រុងយេរូសាឡឹម ដើម្បីនឹងប្រារព្ធពិធីបុណ្យថ្ងៃទី ៥០  ហើយភ្លាមនោះពួកគេបានចាប់ផ្តើមបង្ករភាពវឹកវរនៅក្នុងចំណោម ហ្វូងមនុស្សឲ្យទាស់នឹងលោកប៉ុល។

នែ អ្នក​រាល់​គ្នា ជា​សាសន៍​អ៊ីស្រាអែល​អើយ មក​វ៉ឺយ​ជួយ​គ្នា នេះ​ហើយ​ជា​មនុស្ស​ដែល​បង្រៀន​ ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទី​តំបន់ ឲ្យ​ទាស់​នឹង​សាសន៍​យើង នឹង​ក្រិត្យ‌វិន័យ ហើយ​ទី​នេះ​ដែរ ឥឡូវ​នេះ បាន​នាំ​ទាំង​សាសន៍​ក្រេក​ចូល​មក​ក្នុង​ព្រះ‌វិហារ ធ្វើ​បង្អាប់​ទី​បរិសុទ្ធ​នេះ​ថែម​ទៀត​ផង

 

២១:២៨ ពួកសាសន៍យូដាពីក្រុងអេភេសូបានចោទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រកាន់លោកប៉ុលថាបានបង្រៀនទាស់នឹង (១) ពួកសាសន៍យូដា; (២) ក្រិត្យវិន័យ  (៣) ព្រះវិហារ (“ទីនេះ”) ហើយ (៤) បង្អាប់ដល់ព្រះវិហារ។  ​

 

ការចោទប្រកាន់ទី១ និងទីពីរគឺជាសេចក្តីកុហកដដែលដែលពួកអ្នកស្រុកយូដាបានចោទប្រកាន់លោកប៉ុល (ខ២១)។ ​ការចោទប្រកាន់ទីពីរ (បង្រៀនទាស់នឹងក្រិត្យវិន័យ)  គឺជាចំនុចដ៏គ្រោះថ្នាក់បំផុតសម្រាប់ លោកប៉ុលនៅក្នុងពេលនេះ។ ពីដើមមក ថ្ងៃបុណ្យទី៥០គឺជាការប្រារព្ធពិធីបុណ្យផលដំបូងនៃការប្រមូល ផលចម្រូត។ ​ប៉ុន្តែរហូតមកទល់ពេលនេះ វាបានប្រែក្លាយទៅជាការប្រារព្ធពិធីបុណ្យអំពីការ ដែលលោក ម៉ូសេទទួលក្រិត្យវិន័យលើភ្នំស៊ីណៃវិញ។ ​ដោយព្រោះហេតុនេះ ប្រជាជនសាសន៍យូដាជាច្រើនមាន សេចក្តីខ្ជាប់ខ្ជួនចំពោះក្រិត្យវិន័យនៅក្នុងការប្រារព្ធពិធីនេះ។ ​ការចោទប្រកាន់ទីបី (ប្រមាថដល់ ព្រះវិហារ) ដែលបានបង្ករឲ្យព្រះយេស៊ូវត្រូវសុគត (ម៉ាកុស ១៤:៥៧-៥៨) និងលោកស្ទេផានត្រូវស្លាប់ (កិច្ចការ ៦:១៣)។ ការចោទប្រកាន់ទីបួន ​​(បង្អាប់ដល់ព្រះវិហារ) ដោយព្រោះតែសត្រូវលោកប៉ុលបានគិតថា លោកប៉ុលបាននាំទ្រភីម ដែលជាសាសន៍ដទៃពីក្រុងអេភេសូរ ចូលទៅទីលានខាងក្នុងនៃព្រះវិហារ ​​(ខ២៩)។ 

 

ការចោទប្រកាន់ទាំងបួនគឺសុទ្ធតែក្លែងក្លាយទាំងអស់។ ​លោកប៉ុលមិនដែលបានបង្រៀនទាស់ជា​មួយនឹង សាសន៍យូដា ក្រិត្យវិន័យឬព្រះវិហារនោះឡើយ។ អ្វីដែលលោកប៉ុលបានបង្រៀនគឺថាសេចក្តីសុចរិត បានមកដោយសារសេចក្តីជំនឿលើព្រះគ្រីស្ទ (រ៉ូម ៣:២២; ​ភីលីព ៣:៩) មិនមែនដោយ ការកាត់ស្បែក ការប្រតិបត្តិតាមក្រិត្យវិន័យ ឬថ្វាយដង្វាយនៅក្នុងព្រះវិហារនោះឡើយ។ ការនេះបានធ្វើឲ្យពួកសាសន៍យូដាមានការអាក់អន់ចិត្ត ដោយសារតែពួកគេ​ គិតថា ជាតិសាសន៍ ក្រិត្យវិន័យ និងព្រះវិហារ របស់ពួកគេជាអ្វីដែលបាន​ធ្វើ​ឲ្យ​ពួកគេ​ត្រឹមត្រូវនៅចំពោះព្រះ។

ដោយ​ព្រោះ​ពី​ថ្ងៃ​មុន គេ​ឃើញ​ទ្រភីម ជា​អ្នក​ស្រុក​អេភេសូរ នៅ​ជា​មួយ​នឹង​គាត់​ក្នុង​ទី​ក្រុង

 

២១:២៩ លោកលូកាពន្យល់អំពីការចោទប្រកាន់ទីបួនទាស់ជាមួយនឹងលោកប៉ុល។ ពួកសាសន៍ដទៃ ត្រូវបានហាមឃាត់មិនឲ្យចូលទៅទីលានខាងក្នុងនៃព្រះវិហារនោះឡើយ ហើយពួកសាសន៍​រ៉ូម បានផ្តល់សិទ្ធដល់ពួកសាសន៍យូដានៅក្នុងការសម្លាប់អ្នកណាមួយដែលល្មើសនិងច្បាប់នេះ។ ​ប៉ុន្តែសូមចំណាំថាពួកសាសន៍យូដាបានឃើញទ្រភីមនៅជាមួយនឹងប៉ុល “នៅក្នុងក្រុង”  មិនមែនជាទីលាននៃព្រះវិហារនោះឡើយ។ ​ក្នុងនាមជាគណៈផារិស៊ីម្នាក់ដែលបានរស់នៅក្នុងក្រុង យេរូសាឡិមជាច្រើនឆ្នាំនោះ លោកប៉ុលបានស្គាល់ច្បាប់នេះច្បាស់ ដូច្នេះហើយគាត់មិនបាននាំ លោកទ្រភីមចូលទៅក្នុងទីលានដែលហាមឃាត់នៅក្នុងព្រះវិហារនោះឡើយ។ ​

នោះ​ក្រុង​ទាំង​មូល​ក៏​កើត​ជ្រួល‌ជ្រើម បណ្តាជន​ទាំង‌ឡាយ គេ​រត់​មក​មូល​គ្នា កាល​ចាប់​ប៉ុល​បាន​ហើយ នោះ​គេ​ទាញ​កន្ត្រាក់​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ព្រះ‌វិហារ រួច​បិទ​ទ្វារ​ភ្លាម

 

២១:៣០​​ ហ្វូងមនុស្សមានកំហឹងយ៉ាងខ្លាំងដោយព្រោះតែគេបានគិតថាលោកប៉ុលបានបង្អាប់ដល់ ព្រះវិហារដោយការដែលបាននាំសាសន៍ដទៃម្នាក់ចូលទៅក្នុងទីលានខាងក្នុង។ ​ពួកគេចង់វាយសម្លាប់ លោកប៉ុល ប៉ុន្តែមិនមែននៅក្នុងទីធ្លាព្រះវិហារនោះឡើយដោយព្រោះតែអាចនឹងបង្អាប់ដល់ព្រះវិហារ (២ ពង្សាវតារក្សត្រ ១១:១៥)។ ដូច្នេះហើយ ពួកគេបានចាប់កន្ត្រាក់គាត់ទៅខាងក្រៅព្រះវិហារ បន្ទាប់មកពួកអ្នកយាមទា្វរក៏បានបិទទ្វារភ្លាម។ ​

តែ​កំពុង​ដែល​គេ​រក​ចន្លោះ​សំឡាប់​គាត់ នោះ​ដំណឹង​ក៏​ឮ​ផ្សាយ​ទៅ​ដល់​មេ​ទ័ព​ធំ​ថា មាន​កើត​វឹកវរ​ពេញ​ក្នុង​ក្រុង​យេរូ‌សាឡិម

 

២១:៣១ មេទ័ពធំដែលគ្រប់គ្រងលើកងពលទាហានរ៉ូមនៅក្នុងក្រុងយេរូឡិមគឺជាលោកក្លូឌាស -លូស៊ា (២៣:២៦)។  គាត់គឺជាមន្ត្រីរ៉ូម៉ាំងដែលមានដំណែងធំបំផុតនៅក្នុងក្រុងយេរូសាឡិម (សូមចំណាំថា ចៅហ្វាយក្រុងរ៉ូមនៅក្នុងស្រុកយូដាគឺស្ថិតនៅក្នុងក្រុងសេសារា ៨:៤០)។ ​មួយ “កងពល” ​មាន ចំនួនទាហានរ៉ូមចំនួន មួយពាន់នាក់ហើយបន្ទាយរបស់ពួកគេគឺស្ថិតនៅភាគខាងជើងឈាងខាងលិច នៃទីធ្លាព្រះវិហារ។ ​មើលពីប៉មយាមពីចំងាយមក ពួកទាហានរ៉ូមបានឃើញពួកសាសន៍យូដាចាប់ទាញ  កន្រ្តាក់ហើយវាយលោកដំលោកប៉ុល ពួកគេបានរាយការណ៍ជាប្រញាប់ដល់មេទ័ពធំរបស់ពួកគេ។ ​

 

លោក​ក៏​យក​ទាហាន នឹង​មេ​ទ័ព​រង នាំ​រត់​ចុះ​ទៅ​ឯ​គេ​ភ្លាម កាល​ឃើញ​លោក នឹង​ទាហាន​មក​ដល់ គេ​ក៏​ឈប់​លែង​វាយ​ប៉ុល

 

២១:៣២ ​ ហ្វូងមនុស្សបានចាប់ផ្តើមវាយដំលោកប៉ុលដល់ស្លាប់។ ​មេទ័ពធំរ៉ូមហើយនឹងទាហានរបស់ គាត់មួយចំនួនបានរត់ចូលទៅឃាត់មិនឲ្យការនោះកើតមានឡើង។ ​

លោក​ចូល​ទៅ​ចាប់​គាត់ ហើយ​បង្គាប់​ឲ្យ​ដាក់​ច្រវាក់​២​ខ្សែ រួច​ស៊ើប​សួរ​ពី​គាត់​ជា​អ្នក​ណា ហើយ​បាន​ធ្វើ​អ្វី​ខ្លះ

 

២១:៣៣ ​ទាហានរ៉ូមចង់រក្សាឲ្យមានសេចក្តីសុខសាន្តនិងសណ្តាប់ធ្នាប់នៅក្នុងទីក្រុង ដូច្នេះហើយ ពួកគេបានចាប់ខ្លួនលោកប៉ុលដើម្បីបញ្ឈប់មិនឲ្យមានភាពវឹកវរកើតមានឡើង។ ​ពួកគេមិនបានចាប់ខ្លួន គាត់ដោយព្រោះតែពួកគេ​គិត​ថា​គាត់មានទោសពីបទឧក្រិដ្ឋណាមួយនោះឡើយ ប៉ុន្តែដើម្បីឲ្យគាត់ អាចទទួលបានការកាត់ ក្តីដ៏ត្រឹមត្រូវមួយ(ជាជាងត្រូវគេសម្លាប់ដោយហ្វូងមនុស្សដែលមានកំហឹង)។ ​ការដែលធ្វើដូច្នេះពួកគេពិតជា បានជួយសង្រ្គោះជីវិតលោកប៉ុល។ ​នៅពេលដែលលោកប៉ុលត្រូវបានជាប់ ចំណង ដោយច្រវាក់ពីរខ្សែជាប់ ជាមួយនឹងទាហានទាំងសងខាងនោះ គាត់ប្រហែលបាននឹកចាំពីសេចក្តីទំនាយរបស់អ័ក្កាបុស (ខ១១)។ 

តែ​ក្នុង​ហ្វូង​មនុស្ស ខ្លះ​ស្រែក​យ៉ាង​នេះ ខ្លះ​ស្រែក​យ៉ាង​នោះ ដូច្នេះ លោក​ពុំ​អាច​នឹង​ដឹង​អ្វី​ជា​ប្រាកដ​បាន ដោយ​ព្រោះ​មាន​សូរ‌ស៊ាន‌អឺង‌កង​ជា​ខ្លាំង បាន​ជា​លោក​បង្គាប់​ឲ្យ​នាំ​គាត់​ចូល​ទៅ​ក្នុង​បន្ទាយ 

 

២១:៣៤​ ​លោកក្លូឌាស-លូស៊ាបានព្យាយាមស្វែងយល់ពីហេតុផលដែលហ្វូងមនុស្សវាយដំលោកប៉ុល។ ​ប៉ុន្តែពួកគេបានស្រែកផ្សេងៗពីគ្នាហេតុនេះហើយ​ បានជាគាត់សម្រេចិត្តនាំយកលោកប៉ុលទៅសួរនាំ។ ចាប់ពីពេលនេះរហូតដល់ចប់បទគម្ពីរកិច្ចការ  ​លោកប៉ុលស្ថិតក្រោមការឃុំឃាំងរបស់ទាហាន និងរដ្ឋអំណាចរ៉ូម។

លុះ​បាន​ដល់​ទៅ​ជណ្តើរ​បន្ទាយ​ហើយ នោះ​ពួក​ទាហាន​ត្រូវ​លើក​សែង​គាត់​ឡើង ដោយ​ព្រោះ​ ហ្វូង​មនុស្ស​ច្រឡោត​ឡើង​ជា​ខ្លាំង ដ្បិត​មាន​បណ្តាជន​សន្ធឹក​ណាស់​ដែល​ដើរ​តាម​មក ទាំង​ស្រែក​ថា ឲ្យ​សំឡាប់​វា​ទៅ។ 

 

២១:៣៥-៣៦ ដោយព្រោះតែកំហឹងនិងភាពច្រឡោតរបស់ហ្វូងមនុស្ស លោកប៉ុលត្រូវបានពួកទាហានចាប់លើកសែង។ ហ្វូងមនុស្សនៅតែបន្តស្រែកថា “យកវាចេញទៅ”​។  ​ពួកគេមិនបានចង់ឲ្យយកលោក ប៉ុលចេញឲ្យឆ្ងាយពីទីធ្លាព្រះវិហារនោះឡើយ”។ ​ពាក្យរបស់ពួកគេមានន័យថា “យកវាចេញពីផែនដីនេះទៅ”។  ពួកគេចង់ឲ្យគាត់ស្លាប់។ ​ម្ភៃប្រាំពីរឆ្នាំមុន ហ្វូងមនុស្សផ្សេងទៀតក៏បានស្រែកថា  “សំឡាប់វាទៅ!” នៅទីកន្លែងដែលស្ថិតក្បែរនោះដែរ ​(យ៉ូហាន ១៩:១៥)។ 

 

កាល​គេ​រៀប​នឹង​នាំ​ប៉ុល​ចូល​ទៅ​ក្នុង​បន្ទាយ នោះ​គាត់​និយាយ​ទៅ​មេ​ទ័ព​ធំ​ថា តើ​លោក​បើក​ឲ្យ​ខ្ញុំ​ជំរាប​បន្តិច​បាន​ឬ​ទេ លោក​សួរ​ថា ឯង​ចេះ​និយាយ​ភាសា​ក្រេក​ដែរ​ឬ ដូច្នេះ តើ​ឯង​មិន​មែន​ជា​សាសន៍​អេស៊ីព្ទ​នោះ ដែល​នាំ​ឲ្យ​បះ‌បោរ​អំពី​មុន ព្រម​ទាំង​នាំ​ពួក​មនុស្ស​កាប់​ចាក់​គ្នា​៤​ពាន់​នាក់ ឲ្យ​ទៅ​នៅ​ទី​ហោរ‌ស្ថាន​ទេ​ឬ​អី

 

២១:៣៧-៣៨ ​លោកក្លូឌាស-លូស៊ាបានគិតថាលោកប៉ុលគឺជាសាសន៍អេស៊ីព្ទម្នាក់ដែលបាននាំឲ្យមាន ការបះបោរទាស់ជាមួយរ៉ូមកាលពីបីឆ្នាំមុន។ ​សាសន៍អេស៊ីព្ទនេះគឺជាហោរាក្លែងក្លាយដែលបានដឹកនាំ មនុស្ស៤,០០០នាក់ទៅភ្នំដើមអូលីវហើយហើយបានប្រកាសថាជញ្ជាំងក្រុងយេរូសាឡិមនិងរលំចុះដោយការបង្គាប់របស់គាត់ ហើយពួកគេនឹងអាចផ្តួលរំលំរ៉ូមបាន។ ​យ៉ាណាម៉ិញ លោកភីលីចដែលជាចៅហ្វាយ ក្រុងរ៉ូម បានបញ្ជារឲ្យទាហានរ៉ូមវាយប្រហារលើពួកបះបោរនោះ។ ​ពួករ៉ូមបានសម្លាប់ពួកគេយ៉ាងច្រើននាក់ ប៉ុន្តែសាសន៍អេស៊ីព្ទហើយនឹងពួកអ្នកដើរតាមគេមួយចំនួនបានរត់ភៀសខ្លួនទៅក្នុងទីរហោស្ថានបាត់ទៅ។ ​

 

តែ​ប៉ុល​ឆ្លើយ​តប​ថា ខ្ញុំ​ជា​សាសន៍​យូដា មក​ពី​ក្រុង​តើ‌សុស ដែល​នៅ​ស្រុក​គីលីគា ឯ​ស្រុក​កំណើត​របស់​ខ្ញុំ មិន​មែន​ជា​ក្រុង​ឥត​មាន​កេរ្តិ៍​ឈ្មោះ​នោះ​ទេ ដូច្នេះ សូម​លោក​បើក​ឲ្យ​ខ្ញុំ​និយាយ​ទៅ​ជន​ទាំង‌ឡាយ​បន្តិច​សិន

 

២១:៣៩​​ នៅក្នុងពេលនេះ នៅពេលដែលជីវិតរបស់គាត់ស្ថិតនៅក្នុងគ្រោះថ្នាក់ដោយសារហ្វូងមនុស្ស ដែលមានកំហឹងហើយគាត់ត្រូវបានជាប់សង្ស័យថាជាឧក្រិដ្ឋជនដ៏មានគ្រោះថ្នាក់នោះ លោកប៉ុលមាន គំនិតមួយ:គឺប្រកាសដំណឹងល្អ! 

 

ទោះបីជាគាត់ទើបតែត្រូវបានវាយប្រហារដោយហ្វូងមនុស្សទាំងនោះក៏ដោយ លោកប៉ុលនៅតែក្លាហាន។ គាត់មានព្រះចេស្តានៃព្រះបន្ទូលនៃព្រះ ហើយនឹងព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះគាត់បានត្រៀមខ្លួននៅក្នុង ការធ្វើទីបន្ទាល់ដល់ពួកគេជាស្រេច។ ​គាត់បានដឹងថាការចោទប្រកាន់ទាស់នឹងគាត់គឺក្លែងក្លាយទេ ហើយថាគាត់មិនបានប្រព្រឹត្តិបទល្មើសណាមួយនោះឡើយ។ ​គាត់គឺជាសាសន៍យូដាដ៏ស្មោះត្រង់ម្នាក់។ ​សេចក្តីជំនឿរបស់គាត់នោះគឺដូចជាសេចក្តីជំនឿរបស់ពួកឰយុកោរបស់គាត់ដែរ ហើយគាត់បានដឹងថាដំណឹងល្អគឺជាការសម្រេចនៃក្រិត្យវិន័យ។ ​គាត់បានដឹងថាព្រះអម្ចាស់ ហើយជាព្រះអង្គសង្រ្គោះរបស់គាត់ គឺជាព្រះគ្រីស្ទដែលបានសម្រេចអស់ទាំងសេចក្តីសន្យារបស់ព្រះដោយសារពួកហោរា។ ​នេះជាអ្វីដែលគាត់ចង់ប្រាប់ទៅដល់ពួកសាសន៍យូដាទាំងអស់ឲ្យបានដឹង។ ​

 

លោក​ក៏​បើក​ឱកាស​ឲ្យ រួច​ប៉ុល​ឈរ​លើ​ជណ្តើរ ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ​ដល់​បណ្តាជន លុះ​បាន​ស្ងប់​ស្ងាត់​ហើយ នោះ​គាត់​និយាយ​ទៅ​គេ​ជា​ភាសា​ហេព្រើរ​ថា

 

២១:៤០ កាលពីមុន ​លោកប៉ុលចង់និយាយទៅកាន់ហ្វូងមនុស្សដែលបានបង្ករឲ្យមានភាពវឹកវរ នៅក្នុង ក្រុងអេភេសូរ (១៩:៣០)  ប៉ុន្តែពួកអ្នកដែលនៅជាមួយគាត់បានសូមអង្វរកុំឲ្យគាត់ធ្វើដូច្នោះ។ ​យ៉ាងណាម៉ិញ ពេលនេះលោកប៉ុលត្រូវបានអនុញ្ញាតឲ្យនិយាយវិញ។ ​គាត់បានធ្វើសញ្ញាដោយដៃរ បស់គាត់ដើម្បីឲ្យមនុស្សទាំងអស់ស្តាប់គាត់ហើយហ្វូងមនុស្សបានស្ងាត់ទៅ។ លោកប៉ុលបាននិយាយ ទៅកាន់ពួកគេជាភាសាអារ៉ាប់ (ជាជាងភាសាក្រិក) ដើម្បីបង្ហាញថាគាត់ក៏ជាសាសន៍យូដាម្នាក់ដូចជា ពួកគេដែរ។ ​

 

ការណែនាំ
bottom of page