
លុះក្រោយដែលការចលាចលនោះ បានស្ងប់ស្ងាត់ហើយ នោះប៉ុលហៅពួកសិស្សមក រួចលាគេ ចេញទៅឯស្រុកម៉ាសេដូនវិញ
២០:១ ការ “ចលាចល” គឺជាភាពវឹកវរដែលលោកលូកាបានរៀបរាប់នៅក្នុងជំពូកមុន។ ភាពវឹកវរមិនមែនជា ហេតុផលដែលធ្វើឲ្យលោកប៉ុលចាកចេញពីក្រុងអេភេសូរនោះឡើយ។ គាត់បានគ្រោងជាមុននៅក្នុងការទៅ ស្រុកម៉ាសេដូនមុនពេលដែលភាពវឹកវរកើតមានឡើងទៅហើយ (១៩:២១)។ លោកប៉ុលបានធ្វើព័ន្ធកិច្ច ដែលមានផលផ្លែយ៉ាងច្រើននៅក្នុងក្រុងអេភេសូរ ហើយពេលនេះគឺជាពេលដែលគាត់ត្រូវទៅសួរសុខទុក្ខ ដល់ពួកជំនុំទាំងប៉ុន្មានដែលគាត់បានតាំងឡើងនៅក្នុងស្រុកម៉ាសេដូន។
កាលគាត់បានដើរកាត់ដែនស្រុកទាំងនោះ ហើយអធិប្បាយទូន្មានជាច្រើន ដល់ពួកសិស្ស នោះគាត់បានដល់ទៅស្រុកក្រេក
២០:២ លោកប៉ុលបានចំណាយពេល ១ ឆ្នាំកន្លះនៅក្នុងស្រុកម៉ាសេដូនចាប់តាំងពី រដូវក្តៅក្នុងឆ្នាំ៥៥ គ,ស, ដល់ចុងឆ្នាំ ៥៦គ,ស។ អំឡុងពេលនេះ គាត់បានទៅសួរសុខទុក្ខពួកជំនុំទាំងប៉ុន្មានដែលគាត់បានតាំងឡើង នៅក្រុងភីលីព (១៦:១១-៤០) ថែស្សាឡូនីច (១៧:១-៩) និងក្រុងបេរា (១៧:១០-១៥)។ កាលពីមុន លោកប៉ុលត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុងទាំងបីនេះយ៉ាងប្រញាប់ដោយព្រោះតែការបៀតបៀន។ ប៉ុន្តែ ពេលនេះគាត់មានឳកាសនៅក្នុងការចំណាយពេលកាន់តែច្រើនថែមទៀតនៅក្នុងការបង្រៀននិងលើកទឹកចិត្តដល់ពួកគេ។ ក្រោយមក គាត់បានធ្វើដំណើរទៅ “ស្រុកក្រេក” (ដែលជាបណ្តាខេត្តរបស់រ៉ូម៉ាំងដែលនៅស្រុកអាខៃ) ទៅទីក្រុងធំដែលនៅកូរិនថូស។
ក៏នៅស្រុកនោះអស់៣ខែ តែកាលគាត់រៀបនឹងចុះសំពៅទៅឯស្រុកស៊ីរី នោះពួកសាសន៍យូដា គេគិតល្បិចទាស់នឹងគាត់ បានជាគាត់សំរេចនឹងទៅតាមស្រុកម៉ាសេដូនវិញ
២០:៣ លោកប៉ុលបានចំណាយពេលបីខែនៅក្រុងកូរិនថូសនៅរដូវរងា ក្នុងឆ្នាំ ៥៦-៥៧ គ,ស រង់ចាំឲ្យរដូវ រងាបានថយបន្តិចដើម្បីឲ្យគាត់អាចចុះទូកទៅកាន់ស្រុកស៊ីរីពីក្រុងកូរិនថូសវិញ។ គោលបំណងរបស់គាត់គឺ ឲ្យបានទៅដល់ក្រុងយេរូសាឡិមក្នុងពេលបុណ្យរំលង។ ប៉ុន្តែក្រោយមកគាត់បានដឹងថាពួកសាសន៍យូដាគ្រោង នឹងវាយប្រហារគាត់នៅកំពុងផែឬនៅលើទូកនោះ ដូច្នេះហើយបានជាគាត់សម្រេចចិត្តដើរតាមផ្លូវគោកតាម ផ្លូវវាងកាត់ស្រុកម៉ាសេដូនវិញ។ ដំណើរនេះឆ្ងាយជាងតាមសមុទ្រ។ ដូច្នេះ ពេលនេះគាត់សង្ឃឹមថា នឹងបានទៅទីក្រុងយេរូសាឡិមឲ្យបានទាន់ ពិធីបុណ្យថ្ងៃទី៥០។
មានសូប៉ាត្រុស ដែលនៅក្រុងបេរា អើរីស្តាក នឹងសេគុនដុស ពីពួកថែស្សាឡូនីច កៃយុស នឹងធីម៉ូថេ ពីក្រុងឌើបេ ហើយទីឃីកុស នឹងទ្រភីម ពីស្រុកអាស៊ី គេជូនដំណើរទៅត្រឹមស្រុកអាស៊ី
២០:៤ លោកប៉ុលបានតាំងឲ្យមានពួកជំនុំនៅស្រុកអាស៊ី ម៉ាសេដូន និងក្រេក ហើយពេលនេះគាត់ចង់នាំយក ដង្វាយពីពួកជំនុំទាំងនេះទៅកាន់ពួកជំនុំនៅក្នុងក្រុងយេរូសាឡិម។ ដង្វាយទាំងនេះគឺដើម្បីនឹងជួយ ដល់សេចក្តីត្រូវការរបស់ពួកគ្រីស្ទាននៅក្រុងយេរូសាឡិម ជាពួកអ្នកដែលក្រីក្រ (រ៉ូម ១៥:២៦) ហើយដើម្បីបង្ហាញពីការរួបរួមនៅក្នុងព្រះគ្រីស្ទរវាងពួកសាសន៍ដទៃដែលគាត់បាននាំឲ្យផ្លាស់ប្រែចិត្តនិងពួកបងប្អូនគ្រីស្ទានសាសន៍យូដាទាំងប្រុសទាំងស្រី នៅក្រុងយេរូសាឡិម (រ៉ូម ១៥:២៥-៣២; ១ កូរិនថូស ១៦:១-៤; ២ កូរិនថូស ៨-៩)។
មនុស្សទាំងនេះគឺជាតំណាងរបស់ពួកជំនុំផ្សេងៗដែលរួមចំណែកនៅក្នុងដង្វាយទាំងនេះ។ ពួកគាត់នឹងជួយដល់ លោកប៉ុលក្នុងការនាំយកប្រាក់នោះទៅទីក្រុងយេរូសាឡិម (១ កូរិនថូស១៦:១-៤; ២ កូរិនថូស ៨:១៨-២៤)។
-
ពួកជំនុំទាំងប៉ុន្មាននៅស្រុកកាឡាទី ត្រូវបានតំណាងដោយ លោក កៃយុសពីស្រុកឌើបេ និងធីម៉ូថេ ពីក្រុងលីស្រ្តា។
-
ពួកជំនុំទាំងប៉ុន្មាននៅស្រុកម៉ាសេដូន ត្រូវបានតំណាងដោយ សូប៉ាត្រុស(បេរា)និងអើរីស្តាក និងសេគុនដុស (ក្រុងថែស្សាឡូនីច)។
-
ពួកជំនុំទាំងប៉ុន្មាននៅអាស៊ី ត្រូវបានតំណាងដោយ ទ្រីឃីកុស និងទ្រភីម (ក្រុងអេភេសូរ)។
មើលទៅហាក់បីដូចជាលោកប៉ុលជាតំណាងឲ្យពួកជំនុំនៅក្រុងកូរិនថូស ហើយលោកលូកាជាតំណាងឲ្យពួកជំនុំ នៅក្រុងភីលីព។ យើងបានដឹងថាលោកលូកាបានចូលរួមជាមួយពួកគាត់ដោយព្រោះតែពាក្យថា “យើង” ត្រូវបានបញ្ចប់ក្រោយពេលដែលលោកប៉ុលចាកចេញពីទីក្រុងភីលីព (១៦:៤០) ហើយចាប់ផ្តើមជាថ្មីទៀតនៅក្នុង ខ៦។
អ្នកទាំងនោះចេញទៅមុន ក៏ចាំយើងរាល់គ្នានៅត្រង់ក្រុងទ្រអាស ក្រោយថ្ងៃបុណ្យនំបុ័ងឥតដំបែ នោះយើងក៏ចុះសំពៅ ចេញពីក្រុងភីលីពទៅ៥ថ្ងៃ ទើបបានដល់ទៅគេនៅទ្រអាស រួចយើងស្នាក់នៅទីនោះអស់៧ថ្ងៃ
២០:៥-៦ ពួកអ្នកតំណាងនៃពួកជំនុំទាំងប៉ុន្មានទៅត្រឹមក្រុងទ្រអាស ប៉ុន្តែលោកប៉ុលនិងលូកានៅក្រុងភីលីពដើម្បីនឹង ប្រារព្ធពិធីបុណ្យរំលងជាមួយនឹងពួកជំនុំនៅទីនោះ។ នៅក្នុងឆ្នាំ ៥៧ គ,ស, ពិធីបុណ្យរំលងត្រូវបានប្រារព្ធនៅថ្ងៃទី៧ ខែមេសា។
ពេលនេះ លោកប៉ុលសង្ឃឹមថានឹងបានទៅក្រុងយេរូសាឡិមដើម្បីប្រារព្ធពិធីបុណ្យបន្ទាប់ ដែលជាបុណ្យថ្ងៃទី៥០ (ខ១៦)។ គាត់មានរយៈពេលហាសិបថ្ងៃសម្រាប់ការធ្វើដំណើរពីក្រុងភីលីពទៅកាន់ក្រុងយេរូសាឡិម ដើម្បីឲ្យបានទាន់ពេលក្នុងការប្រារព្ធពិធីបុណ្យថ្ងៃទី៥០ ដែលត្រូវនឹងថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ៥៧ គ,ស។ លោកប៉ុលនិងលោកលូកាបានមករួមជាមួយនឹងពួកតំណាងពួកជំនុំនៅក្រុងទ្រអាសវិញ ហើយរង់ចាំប្រាំពីរថ្ងៃមុនពេលចុះសំពៅទៅ។
លុះថ្ងៃដំបូងក្នុងអាទិត្យនោះ កាលពួកសិស្សបានប្រជុំគ្នា ដើម្បីកាច់នំបុ័ង នោះប៉ុលក៏អធិប្បាយឲ្យគេស្តាប់ ដោយព្រោះគាត់រៀបនឹងចេញដំណើរទៅ នៅថ្ងៃស្អែក ក៏សំដែងដរាបដល់ពេលកណ្តាលអធ្រាត្រ
២០:៧ នៅថ្ងៃចុងក្រោយរបស់ពួកគាត់នៅក្នុងក្រុងទ្រអាស ដែលត្រូវជាថ្ងៃអាទិត្យ លោកប៉ុលបានប្រជុំជាមួយនឹង ពួកគ្រីស្ទានដើម្បី “កាច់នំប៉័ង”។ ការនេះគឺសំដៅលើការដែលពួកគេប្រកបអាហារជាមួយគ្នា។ នៅក្នុង ការបរិភោគអាហារនេះ ពួកគេក៏បានប្រារព្ធពិធីរំលឹកព្រះអម្ចាស់ដូចដែលព្រះអង្គបានបង្គាប់ដល់សិស្សរបស់ ព្រះអង្គឲ្យធ្វើផងដែរ (២:៤២, លូកា ២២:១៩)។ ថ្ងៃអាទិត្យនេះ (ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ៥៧ គ,ស) ពួកជំនុំប្រជុំគ្នានៅពេលល្ងាច។ លោកប៉ុលរៀបនឹងចេញពីក្រុងទ្រអាសនៅថ្ងៃបន្ទាប់ គាត់ដឹងថាគាត់មិនអាច នឹងជួបពួកគ្រីស្ទានទាំងនេះទៀតឡើយ។ ដូច្នេះហើយគាត់និយាយនឹងពួកគេជាច្រើនម៉ោងរហូតដល់កណ្តាល អាធ្រាត្រ។
រីឯនៅបន្ទប់ខាងលើ ជាកន្លែងដែលគេប្រជុំ នោះមានចង្កៀងជាច្រើន គ្រានោះ មានក្មេងជំទង់ម្នាក់ ឈ្មោះអើទីកុស វាអង្គុយនៅបង្អួច ក៏យន់ជាខ្លាំងពេក ក្នុងពេលដែលប៉ុលអធិប្បាយជាយូរទៅទៀត រួចងោកធ្លាក់ចុះពីជាន់ទី៣ទៅខាងក្រោម នោះគេលើកវាឡើងបានស្លាប់ហើយ
២០:៨-៩ អើទីកុស មានអាយុចន្លោះពី ៨ និង ១៤ឆ្នាំ (παῖδα ខ១២)។ ពេលដែលគាត់កំពុងស្តាប់នោះ គាត់បានទៅជាល្វើយហើយឃ្លិនដែលចេញពីចង្កៀងនោះបានធ្វើគាត់ងោកងុយ ហើយគាត់បានដេកលក់។ គាត់បានធ្លាក់ពីបង្អួចដែលនៅ លើផ្ទះជាន់ទីបី។ ពួកជំនុំបានប្រញាប់រត់ទៅខាងក្រោមដើម្បីមើលថា នឹងជួយគាត់យ៉ាងណា ប៉ុន្តែលោកលូកា (ជាគ្រូពេទ្យ)បានបញ្ជាក់ថាគាត់បានស្លាប់ហើយ។
តែប៉ុលចុះទៅទ្រោបពីលើវាឱបត្រកង រួចនិយាយថា កុំយំស្រែកអ្វីឡើយ ដ្បិតវាមានជីវិតទេ
២០:១០ លោកប៉ុលមានសេចក្តីជំនឿលើព្រះថាព្រះអង្គអាចនឹងប្រោសក្មេងប្រុសនេះឲ្យរស់ពីស្លាប់ឡើងវិញ ទ្រង់ពិតជាបានប្រោសគាត់មែន! នៅពេលដែលលោកប៉ុលឳបត្រកងក្មេងនោះ គាត់បានមានជីវិតរស់ឡើងវិញ។
កាលបានឡើងទៅលើវិញ ហើយបានកាច់នំបុ័ងបរិភោគទៅ នោះក៏និយាយគ្នាជាយូរទៅទៀត ដរាបដល់ភ្លឺ ទើបគាត់ចេញដំណើរទៅ
២០:១១ ដល់ភ្លឺឡើង សំពៅរៀបចេញដំណើរហើយ ហើយគ្រប់គ្នាក៏បានចុះសំពៅរួចហើយ លើកលែងតែ លោកប៉ុល ដែលកាត់បានបន្តនៅជាមួយនឹងពួកជំនុំនៅទ្រអាសឲ្យបានយូរតាមដែលគាត់អាចធ្វើបាន។ ក្រោយមក គាត់បានដើរតាមផ្លូវកាត់ទៅជិះសំពៅនៅអាសុស។
គេក៏នាំក្មេងជំទង់នោះមកវិញទាំងរស់ ហើយគេបានក្សាន្តចិត្តជាខ្លាំង។
២០:១២ អើទីកុស បានជាសះស្បើយពីការធ្លាក់ហើយបានសម្លាប់គាត់នោះ។ ពួកជំនុំទាំងប៉ុន្មានបានទទួល ការស្អាងចិត្ត និងចម្រើនកម្លាំងក្នុងសេចក្តីជំនឿរបស់ពួកគេដោយការអស្ចារ្យដែលពួកគេបានឃើញ។
ឯយើងរាល់គ្នា ក៏ចុះសំពៅជាមុន បើកទៅដល់អាសុស ចាំទទួលប៉ុលនៅទីនោះ ដ្បិតគាត់បានផ្តាំដូច្នោះ ព្រោះគាត់ចង់ដើរវិញ កាលគាត់មកដល់យើងនៅត្រង់អាសុស នោះយើងទទួលគាត់ចុះសំពៅទៅឯមីទូលេន
២០:១៣ អាសុសមានចំងាយ ៣២ គីឡូម៉ែត្រនៅភាគខាងត្បូងឆៀងខាងកើតនៃទីក្រុងទ្រអាស។ លោកលូកា ហើយនឹងពួកអ្នកតំណាងពួកជំនុំទាំងប៉ុន្មានទៅទីនោះតាមសំពៅ ប៉ុន្តែលោកប៉ុលបានទៅទីនោះផ្លូវកាត់ តាមដីគោកវិញ។
២០:១៤ នៅអាសុសបានចុះសំពៅជាពួកគេហើយបានធ្វើដំណើរទៅចំងាយ ៧១ គីឡូម៉ែត្រទៅទិសខាង ត្បូងទៅមីទូលេន។
ក៏ចេញពីទីនោះ រួចស្អែកឡើងបានទៅដល់ទន្ទឹមនឹងកោះឃីយ៉ូស ហើយដល់ថ្ងៃក្រោយទៀត យើងបានដល់ទៅសាម៉ុស រួចចូលចតនៅក្រុងទ្រគីលាម លុះថ្ងៃក្រោយទៀត ទើបបានដល់ទៅក្រុងមីលេត
២០:១៥ ការធ្វើដំណើរពីក្រុងទ្រអាសទៅកាន់មីលេតចំណាយពេលប្រាំថ្ងៃ។ ទូកបានធ្វើដំណើរនៅក្នុងពេលថ្ងៃ ហើយឈប់នៅកំពុងផែផ្សេងៗនៅពេលយប់។
ដ្បិតប៉ុលបានសំរេចនឹងទៅបង្ហួសក្រុងអេភេសូរ ដើម្បីមិនឲ្យខាតពេលនៅស្រុកអាស៊ី ដោយគាត់ប្រញាប់នឹងទៅឯក្រុងយេរូសាឡិម ឲ្យទាន់ពេលបុណ្យថ្ងៃ៥០ បើសិនជាបាន។ ប៉ុលក៏ចាត់គេ ពីមីលេតទៅឯក្រុងអេភេសូរ ដើម្បីនឹងហៅពួកចាស់ទុំក្នុងពួកជំនុំនោះមក
២០:១៦-១៧ លោកប៉ុលព្យាយាមទៅដល់ក្រុងយេរូសាឡិមឲ្យបានទាន់ពេលបុណ្យថ្ងៃទី៥០។ ដូច្នេះហើយ គាត់មិនមានទៅក្រុងអេភេសូរទេ។ ប៉ុន្តែចាប់តាំងពីពេលដែលគាត់បានជួបនឹងពួកគេនោះមានរយៈពេល ពីរឆ្នាំមកហើយ (ខ១) ហើយគាត់ដឹងថាគាត់មិនអាចនឹងវិលត្រឡប់មកស្រុកអាស៊ីបានទៀតឡើយ ហើយគាត់ចង់និយាយជាមួយនឹងពួកអ្នកដឹកនាំនៅក្នុងពួកជំនុំ។ ដូច្នេះហើយ គាត់បានសូមឲ្យពួកគេមកជួបនឹង គាត់នៅក្រុងមីលេតដែលមានចំងាយ ៤៨ គីឡូម៉ែត្រភាគខាងត្បូងនៃក្រុងអេភេសូរ។
លុះមកដល់ហើយ គាត់និយាយទៅគេថា ឯកិរិយារបស់ខ្ញុំ គ្រប់ពេលគ្រប់វេលា ដែលនៅជាមួយនឹងអ្នករាល់គ្នា តាំងពីថ្ងៃដែលខ្ញុំចូលទៅស្រុកអាស៊ីមុនដំបូង គឺដែលខ្ញុំបានបំរើព្រះអម្ចាស់ ដោយចិត្តសុភាពគ្រប់ជំពូក ហើយស្រក់ទឹកភ្នែកជាច្រើន ទាំងត្រូវសេចក្ដីល្បង ដោយកិច្ចកលរបស់ពួកសាសន៍យូដាបែបយ៉ាងណា នោះអ្នករាល់គ្នាដឹងស្រាប់ហើយ
២០:១៨-១៩ សូមកត់សម្គាល់ថា ពួកជំនុំគឺត្រូវបានដឹកនាំដោយក្រុមពួកចាស់ទុំមួយក្រុម គឺមិនមែដោយមនុស្សតែម្នាក់ដែលមានការទទួលខុសត្រូវនៅក្នុងការឃ្វាលពួកជំនុំនោះឡើយ។
លោកប៉ុលបានចាប់ផ្តើមដោយការក្រើនរំលឹកដល់ពួកចាស់ទុំនៅក្នុងពួកជំនុំអំពីរបៀបដែលគាត់រស់នៅពេញក្នុងបេកសកម្មរបស់គាត់នៅក្នុងក្រុងអេភេសូរ។ គាត់បានធ្វើជាគំរូដល់ពួកអ្នកទាំងនោះ (និងយើងទាំងអស់គ្នា) ក្នុងការធ្វើត្រាប់តាម។
ដំបូង គាត់បានបំរើព្រះអម្ចាស់ដោយចិត្តសុភាពគ្រប់ជំពូក។ លោកប៉ុលបានទៅស្រុកអាស៊ីដោយដឹងថា គាត់គឺជារបស់ផងព្រះយេស៊ូវដែលជាចៅហ្វាយរបស់គាត់។ ដូច្នេះហើយ គោលបំណងរបស់គាត់នោះ គឺដើម្បីស្មោះត្រង់ និងឲ្យបានស្តាប់តាមចំពោះព្រះយេស៊ូវក្នុងនាមជាបាវបំរើរបស់ទ្រង់។ ឥរិយាបទដ៏ត្រឹមត្រូវរបស់អ្នកបម្រើម្នាក់នោះគឺ “ចិត្តសុភាព” (ταπεινοφροσύνης)។ នៅក្នុងបទគម្ពីរពាក្យថា “ចិត្តសុភាព” មានន័យថាពឹងអាងលើព្រះអម្ចាស់ទាំងស្រុង ជាជាងការដែលព្យាយាមពឹងផ្អែកលើខ្លួនឯង។ វាគឺជាគុណសម្បត្តិមួយដែលត្រូវបានបង្កើតឡើង ដោយដោយការប្រៀបធៀបខ្លួនយើងទៅនឹងព្រះអម្ចាស់។ នៅពេលដែលយើងបានឃើញពីភាព ដ៏ឧត្តុង្គឧត្តមអស្ចារ្យរបស់ព្រះអង្គ ហើយនឹងភាពតូចទាបរបស់យើងនោះ ការនោះនឹងជួយបញ្ឈប់យើង ពីការអួតអាង លើកដំកើងខ្លួនឯង ហើយមានសេចក្តីទំនុកចិត្តលើសាច់ឈាមរបស់យើង ហើយជួយឲ្យយើងអួតអំពីព្រះយេស៊ូវ និងសរសើរដំកើងព្រមទាំងទុកចិត្តព្រះអង្គវិញ។
លោកប៉ុលក៏បានបំរើ “ដោយស្រក់ទឹកភ្នែកនិងការល្បងជាច្រើន” ដែលបង្ហាញថាគាត់បានប្រឈមមុខ ជាមួយនឹងការលំបាកនិងការបៀតបៀនជាច្រើននៅក្រុងអេភេសូរ។ លោកប៉ុលបានយកចិត្តទុកដាក់ចំពោះ មនុស្សគ្រប់គ្នាដែលគាត់បាននាំឲ្យចូលទៅក្នុងព្រះគ្រីស្ទយ៉ាងជ្រាលជ្រៅបំផុត ហើយគាត់បានស្រក់ទឹកភ្នែក ដោយព្រោះតែអ្នកជឿដែលមិនរឹងមាំ (២ កូរិនថូស ២:៤) ដោយព្រោះតែពួកគ្រូក្លែងក្លាយដែលដឹកនាំពួកអ្នកជឿឲ្យដើរផ្លូវខុស (ខ២៩-៣០) ដោយព្រោះតែពួកអ្នកដែលមិនស្គាល់ព្រះគ្រីស្ទ (រ៉ូម ៩:២-៣) ហើយដោយព្រោះតែអស់អ្នក ដែលជាសត្រូវរបស់ព្រះដែលតែងតែប្រឆាំងទាស់ជាមួយនឹងបេសកកម្មរបស់គាត់ (ភីលីព ៣:១៨)។
ក៏ដឹងថា ខ្ញុំមិនបានខាននឹងប្រាប់សេចក្ដីអ្វី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ គឺបានបង្រៀនដល់អ្នករាល់គ្នានៅកណ្តាលជំនុំវិញ ហើយពីផ្ទះ១ទៅផ្ទះ១ផង ក៏ធ្វើបន្ទាល់អស់ពីចិត្ត ដល់ទាំងពួកសាសន៍យូដា នឹងពួកសាសន៍ក្រេកផង គឺពីការប្រែចិត្តទៅឯព្រះ ហើយពីសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា
២០:២០ លក្ខណៈសម្បត្តិទីពីរនៅក្នុងបេសកកម្មរបស់លោកប៉ុលនោះគឺជាសេចក្តីស្មោះត្រង់ និងការបើកសំដែងយ៉ាងទូលាយនៃសេចក្តីប្រកាសរបស់គាត់។ ពួកគ្រូបង្រៀនគ្រីស្ទានត្រូវតែបង្រៀន សេចក្តីពិតដែលអាចនឹងមានការលំបាកសម្រាប់មនុស្សនៅក្នុងការទទួលយកសេចក្តីទាំងនោះ ប៉ុន្តែសេចក្តីពិតទាំងនេះគឺ “មានប្រយោជន៍” (συμφέρω ជាអ្វីដែលមានអត្ថប្រយោជន៍) ដល់មនុស្សណាដែលទទួលសេចក្តីពិតនោះ។ ដូច្នេះហើយ គឺទាមទារឲ្យមានសេចក្តីក្លាហាននៅក្នុង ការបង្រៀនសេចក្តីពិតដែលលំបាក ដូចជាភាពចាំបាច់ក្នុងការផ្លាស់ប្រែចិត្តចេញពីអំពើបាប និងសេចក្តីជំនឿលើព្រះយេស៊ូវជាផ្លូវតែមួយដែលនៅទៅសេចក្តីសង្រ្គោះ។
នៅពេលដែលលោកប៉ុលមកដល់ក្រុងអេភេសូរ គាត់បានប្រកាសយ៉ាងក្លាហានពីដំណឹងល្អទាំងស្រុង ដោយគ្មានការភ័យខ្លាចចំពោះមនុស្សណាម្នាក់ឬការបៀតបៀននោះឡើយ។ គាត់បានបង្រៀននៅ ទីសាធារណៈនៅក្នុងសាលាប្រជុំ និងនៅក្នុងសាលារៀនទីរ៉ានុស ហើយ “ពីផ្ទះ១ទៅផ្ទះ១” ដែលសំដៅលើផ្ទះដែលពួកជំនុំប្រជុំគ្នារបស់ពួកគ្រីស្ទាន។
២០:២១ នៅពេលដែលលោកប៉ុលបង្រៀន “ធ្វើបន្ទាល់” (διαμαρτυρόμενος); គឺថា គាត់កំពុងធ្វើការប្រកាសយ៉ាងម៉ឺងម៉ាត់អំពីការពិតនៃដំណឹង ដែលគាត់បានប្រកាសនោះ (ដូចជាសាក្សីនៅក្នុងតុលាការ)។ តើលោកប៉ុលបានធ្វើបន្ទាល់ពីអ្វី?ចម្លើយនោះគឺ សេចក្តីត្រូវការឳ្យមាន “ការប្រែចិត្តទៅឯព្រះ ហើយពីសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា”។
សក្ខីភាពគ្រីស្ទានដ៏ពិត ប្រកាសថាការផ្លាស់ប្រែចិត្តទៅឯព្រះដែលជាចំនុចដ៏សំខាន់ដោយព្រោះតែ មនុស្សទាំងអស់បានធ្វើបាប ហើយអំពីបាបនោះគឺជាការដែលមិនស្តាប់បង្គាប់ ហើយបះបោរទាស់នឹងព្រះ។ ហេតុនេះហើយបានជាយើងត្រូវតែធ្វើការផ្លាស់ប្រែចិត្ត គឺថា យើងត្រូវតែបែរចេញពីអំពើបាប ហើយបែរមកឯព្រះវិញ។ សក្ខីភាពគ្រីស្ទានដ៏ពិតប្រាកដក៏ប្រកាសថាសេចក្តីជំនឿលើព្រះយេស៊ូវជា ព្រះអម្ចាស់នោះមានសារៈសំខាន់ផងដែរ។ ការដែលមានសេចក្តីជំនឿលើព្រះយេស៊ូវនោះគឺជា ការទទួលស្គាល់ថាព្រះអង្គ គឺជាព្រះអង្គសង្រ្គោះតែមួយឲ្យបានរួចពីបាបនិងការជំនុំជំរះ ហើយទុកចិត្តលើ ព្រះអង្គក្នុងនាមជាព្រះអម្ចាស់របស់អ្នក។
លក្ខណៈសម្បត្តិទីបី នៃព័ន្ធកិច្ចរបស់លោកប៉ុលគឺថាគាត់បានប្រកាសដំណឹងល្អដល់មនុស្សគ្រប់គ្នា ដែលគាត់បានជួប។ ដំណឹងល្អគឺសម្រាប់មនុស្សគ្រប់គ្នា ដូច្នេះហើយ លោកប៉ុលបានប្រកាស ហើយបង្រៀនដល់មនុស្សគ្រប់គ្នានៅក្នុងដំបន់អាស៊ី ទាំងសាសន៍យូដាទាំងសាសន៍ក្រេក អ្នកមានទាំងអ្នកក្រ ទាំងក្មេងទាំងចាស់ ទាំងប្រុសទាំងស្រី ទាំងបាវបម្រើទាំងអ្នកជា ទាំងអ្នកជឿទាំងអ្នកមិនជឿ។
ព័ន្ធកិច្ចរបស់លោកប៉ុលគឺជាគំរូសម្រាប់អ្នកបម្រើរបស់ព្រះអម្ចាស់គ្រប់ៗគ្នាក្នុងការយកតម្រាប់តាម។ ការនោះគឺជាព័ន្ធកិច្ចក្នុងការបំរើព្រះអម្ចាស់ដោយចិត្តសុភាព បើកចំហហើយស្មោះត្រង់នៅក្នុង ការប្រកាសដំណឹងល្អទាំងស្រុងហើយមានបំណងប្រាថ្នានៅក្នុងការឈោងចាប់ដល់មនុស្សគ្រប់ទាំងអស់។
ឥឡូវនេះ មើល ខ្ញុំមានសេចក្ដីបណ្តាលក្នុងចិត្ត ចង់ទៅឯក្រុងយេរូសាឡិម ឥតដឹងការអ្វី ដែលនឹងកើតដល់ខ្ញុំនៅទីនោះទេ ដឹងតែប៉ុណ្ណេះថា ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ដល់ខ្ញុំ នៅគ្រប់ទីក្រុងថា មានចំណង នឹងសេចក្ដីវេទនា នៅរង់ចាំខ្ញុំ
២០:២២-២៣ យើងបានឃើញរួចមកហើយថាព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំនៅក្នុងបេសកកម្ម របស់លោកប៉ុល (១៣:២-៤, ១៦:៦-៧, ១៩:២១)។ ពេលនេះ លោកប៉ុលគាត់យល់យ៉ាងច្បាស់ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែដឹកនាំគាត់ទៅក្រុងយេរូសាឡិម ហើយព្រះវិញ្ញាណបរិសុទ្ធក៏ដឹកបានក្រើនរំលឹក ពីការរងទុក្ខដែលគាត់នឹងត្រូវប្រឈមមុខផងដែរ។
សេចក្តីទាំងនេះមិនមែនជាការទាស់នឹងគ្នានោះឡើយ។ ការដាស់តឿនមិនមែនជាការបញ្ឈប់ លោកប៉ុលមិនឲ្យទៅនោះឡើយ។ ការដាស់តឿនគឺដើម្បីឲ្យគាត់បានត្រៀមខ្លួនជាស្រេចចំពោះអ្វីដែលនឹង កើតមានឡើងនៅក្នុងក្រុងយេរូសាឡិមនៅពេលដែលគាត់ទៅដល់ទីនោះ។ លោកប៉ុលនឹងប្រឈមមុខ ជាមួយនឹងការរងទុក្ខ ប៉ុន្តែនៅពេលដែលការនេះកើតមានឡើង គាត់នឹងមិនមានការភ្ញាក់ផ្អើល ឬភ័យខ្លាចដោយព្រោះតែគាត់បានដឹងហើយថាព្រះគង់នៅជាមួយគាត់ហើយធ្វើការតាមបំណងព្រះទ័យដ៏ល្អរបស់ព្រះអង្គនៅក្នុងជីវិតរបស់គាត់គ្រប់យ៉ាង។ ការរងទុក្ខដែលគាត់នឹងត្រូវប្រឈមមុខនោះគឺជា ការអនុញ្ញាតមកពីព្រះ ហើយដោយសារពួកអ្នកទាំងនោះ ដែលគាត់នឹងបានធ្វើបន្ទាល់នៅចំពោះពួករ៉ូម ដែលជាសេចក្តីប៉ងប្រាថ្នាដ៏ធំរបស់គាត់ (១៩:២១; រ៉ូម ១:៩-១៦)។
ប៉ុន្តែនោះមិនអំពល់អ្វីដល់ខ្ញុំទេ ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរចុះ ព្រមទាំងការងារ ដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ
២០:២៤ លោកប៉ុលបានស្ម័គ្រចិត្តនៅក្នុងការប្រឈមមុខជាមួយនឹងគ្រោះថ្នាក់នៅក្នុងក្រុងយេរូសាឡិម ជាស្រេចហើយដោយព្រោះតែគាត់ឲ្យតម្លៃលើដំណឹងល្អលើសជាងតម្លៃនៃជីវិតរបស់គាត់ (ភីលីព ១:២០-២៤)។ គោលដៅតែមួយរបស់គាត់នោះគឺដើម្បីឲ្យបានសម្រេចភារកិច្ចដែលព្រះយេស៊ូវបាន ប្រទានឲ្យគាត់ធ្វើនោះគឺជាការធ្វើបន្ទាល់ពីដំណឹងល្អនៃព្រះគុណព្រះ (៩:១៥; ២ ធីម៉ូថេ ៤:៧)។
ឥឡូវនេះ មើល ខ្ញុំដឹងហើយថា ក្នុងពួកអ្នករាល់គ្នា ដែលខ្ញុំបានដើរទៅមកជាមួយ ដោយភប់ប្រសព្វគ្នា ទាំងប្រកាសប្រាប់ពីនគរនៃព្រះ នោះគ្មានអ្នកណាមួយនឹងឃើញមុខខ្ញុំទៀតឡើយ ដូច្នេះ ខ្ញុំធ្វើបន្ទាល់ដល់អ្នករាល់គ្នានៅថ្ងៃនេះថា ខ្លួនខ្ញុំបរិសុទ្ធពីឈាមអ្នករាល់គ្នាទាំងអស់ ព្រោះខ្ញុំមិនបានខាននឹងប្រាប់អ្នករាល់គ្នា ពីគ្រប់ទាំងគំនិតរបស់ព្រះទេ
២០:២៥-២៧ លោកប៉ុលស្គាល់មនុស្សទាំងនេះច្បាស់ណាស់។ គាត់បានបង្រៀននៅក្រុងអេភេសូរ ជាច្រើនម៉ោងក្នុងថ្ងៃនិមួយៗ ប្រាំមួយថ្ងៃក្នុងមួយអាទិត្យ អស់រយៈពេលបីឆ្នាំ។ ការនេះគាត់បានបង្រៀន អស់រយៈពេលរាប់ពាន់ម៉ោង។ ដូច្នេះហើយ គាត់អាចនឹងមានពេលគ្រប់គ្រាន់នៅក្នុងការប្រកាស ដល់ពួកអ្នកទាំងនោះ “ពីគ្រប់ទាំងគំនិតរបស់ព្រះ” នោះគឺជា ផែនការទាំងស្រុង និងបំណងព្រះទ័យព្រះ សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស រួមទាំងការបង្កើត ការជ្រើសរើស ការប្រោសលោះ ការរាប់ជាសុចរិត ការញែកជាបរិសុទ្ធ និងការប្រទានសិរីរុងរឿង។
នៅពេលដែលលោកប៉ុលប្រាប់ពួកគាត់អំពីផែនការរបស់ព្រះនៃសេចក្តីសង្រ្គោះ គាត់រួមបញ្ចូល ទាំង ការក្រើនរំលឹកអំពីសេចក្តីជំនុំជំរះ ហើយនឹងភាពចាំបាច់សម្រាប់ឲ្យមនុស្សទាំងអស់ធ្វើការប្រែចិត្ត។ ដូច្នេះហើយ ប្រសិនបើពួកគេមិនឆ្លើយតបដោយការផ្លាស់ប្រែចិត្តនិងសេចក្តីជំនឿទេនោះ ការដាក់ទោសដែលពួកគេនឹងទទួលនោះគឺដោយព្រោះតែជាកំហុសរបស់ពួកគេវិញ។ លោកប៉ុលគាត់គ្មានទោសដោយព្រោះឈាមគេទាំងអស់គ្នានោះឡើយ (អេសេគាល ៣៣:១-៦) ដោយព្រោះតែគាត់គឺជាស្មរបន្ទាល់ដ៏ស្មោះត្រង់នៃសេចក្តីពិតទាំងស្រុងនៃព្រះដល់មនុស្សទាំងអស់។
ដូច្នេះ ចូរអ្នករាល់គ្នាប្រយ័តខ្លួន ហើយខំថែរក្សាហ្វូងសិស្ស ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យធ្វើជាអ្នកគង្វាលដល់គេ ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ
២០:២៨ ពួកចាស់ទុំត្រូវតែឃ្វាលហ្វូងចៀម (១ ពេត្រុស ៥:២-៣)។ ការដែលឃ្វាលរួមបញ្ចូលទាំង ការមើលថែ ផ្តល់ចំណីអាហារ ដឹកនាំ ហើយនឹងការពារ “ហ្វូងចៀមទាំងអស់” (គឺជា ពួកជំនុំ)។ សារៈសំខាន់នៃកិច្ចការនេះគឺត្រូវបានបង្ហាញដោយសេចក្តីពិតដែលថាព្រះយេស៊ូវបានទិញពួកជំនុំដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះយេស៊ូវបានទិញពួកចំនុំដោយការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង។ ប្រសិនបើពួកជំនុំមានគុណតម្លៃយ៉ាងវិសេសចំពោះព្រះយេស៊ូវនោះ ពួកអ្នកបម្រើរបស់ព្រះអង្គក៏គួរតែបានឲ្យតម្លៃដល់ពួកជំនុំបែបយ៉ាងដូច្នោះដែរ។
ព្រះយេស៊ូវគឺជាអ្នកគង្វាលល្អដែលបានលះបង់ជីវិតរបស់ព្រះអង្គសម្រាប់ហ្វូងចៀម (យ៉ូហាន ១០:១១-១៦)។ ពួកចាស់ទៅនៅក្នុងពួកជំនុំក៏គួរតែបានធ្វើជាអ្នកគង្វាលល្អផងដែរដោយព្រោះតែ តម្លៃដែលព្រះអង្គបានបង់ថ្លៃលោះសម្រាប់ហ្វូងចៀមរបស់ព្រះអង្គ។ ការដែលថែរក្សាហ្វូងចៀមអាចជា កិច្ចការដែលលំបាកហើយហត់នឿយ។ ដូច្នេះហើយ ដើម្បីឲ្យបានទ្រាំទ្រនៅក្នុងកិច្ចការនេះ ពួកចាស់ទុំត្រូវតែចងចាំថាចៀមមានតម្លៃខ្លាំងយ៉ាងណានៅក្នុងព្រះនេត្រព្រះ។
ដ្បិតខ្ញុំដឹងថា ក្រោយដែលខ្ញុំទៅបាត់ នោះនឹងមានឆ្កែព្រៃដ៏សាហាវ ដែលមិនចេះប្រណីដល់ហ្វូង វានឹងចូលមកក្នុងពួកអ្នករាល់គ្នា ហើយក្នុងចំណោមអ្នករាល់គ្នា ក៏នឹងកើតមានមនុស្ស ដែលនឹងអធិប្បាយសេចក្ដីទំនាស់ខុសដែរ ដើម្បីនឹងទាញនាំពួកសិស្សទៅតាមគេវិញ
២០:២៩-៣០ ការដែលការពារហ្វូងចៀម អ្នកគង្វាលត្រូវតែចាំយាមជានិច្ចចំពោះ “ឆ្កែព្រៃដ៏សាហាវ” ដែលជា ពួកគ្រូក្លែងក្លាយ (ម៉ាថាយ ៧:១៥; ១០:១៦)។ ឆ្កែព្រៃគឺជាសត្រូវរបស់ចៀម។ ពួកវាមិនដែលចង់ឲ្យចំណីដល់ហ្វូងចៀមនោះឡើយ គឺពួកវាចង់ស៊ីចៀមជាចំណីវិញ។ ពួកគ្រូក្លែងក្លាយទាំងនេះនឹងនិយាយ “បង្វែរសេចក្តី” (διεστραμμένα)។ ពាក្យនៅក្នុងភាសាក្រេកមានន័យថា បង្វែរសេចក្តីដើម្បីកុំឲ្យត្រង់ឬមិនពិតទៀតនោះឡើយ (១៣:១០; ភីលីព ២:១៥; សុភាសិត ១០:៩,១១:២០)។ ពួកគ្រូបង្រៀនក្លែងក្លាយទាំងនោះនឹងព្យាយាមដឹកនាំ ពួកសិស្សចេញពីផ្លូវត្រង់របស់សេចក្តីពិតនៃព្រះបន្ទូលព្រះ។ ពួកគេបង្វែរព្រះបន្ទូលព្រះដើម្បីឲ្យ បានកេរ្តិ៍ឈ្មោះ ឥទ្ធិពល និងទ្រព្យសម្បត្តិពី អស់អ្នកដែលគេបោកបញ្ឆោតនោះវិញ (២ ពេត្រុស ៣:១៦)។
ដូច្នេះ ឲ្យចាំយាមចុះ ចូរនឹកចាំថា ក្នុងរវាង៣ឆ្នាំ ខ្ញុំចេះតែប្រដៅទូន្មានដល់អ្នករាល់គ្នានិមួយៗ ដោយទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ
២០:៣១ លោកប៉ុលចង់ឲ្យពួកចាស់ទុំបានត្រៀមខ្លួនចំពោះគ្រោះថ្នាក់អំពីពួកគ្រូក្លែងក្លាយ ហើយឲ្យបានមើលថែពួកជំនុំដូចដែលគាត់បានធ្វើដាក់ពួកគេពេលដែលគាត់នៅជាមួយនឹងពួកគេនៅឡើយដែរ។ ការយកចិត្តទុកដាក់របស់លោកប៉ុលសម្រាប់ពួកជំនុំជាការយកចិត្តទុកដាក់រយៈពេលជាយូរ (អស់រយៈពេល បីឆ្នាំ) ជាការយកចិត្តទុកដាក់ដ៏ទៀងទាត់ (មិនដែលខានមួយថ្ងៃឬយប់នោះឡើយ) ជាការយកចិត្តទុកដាក់ដែលអស់ពីចិត្ត (ទាំងស្រក់ទឹកភ្នែក) សម្រាប់គ្រប់គ្នា។ ការនេះជាអ្វីដែលពួកចាស់ទុំត្រូវយកចិត្តទុកដាក់សម្រាប់ពួកជំនុំផងដែរ។
ឥឡូវនេះ ខ្ញុំផ្ញើអ្នករាល់គ្នាទុកនឹងព្រះ ហើយនឹងព្រះបន្ទូលនៃព្រះគុណទ្រង់ ដែលអាចនឹងស្អាងចិត្ត ហើយនឹងឲ្យអ្នករាល់គ្នាមានកេរ្ដិ៍អាករនៅក្នុងពួកនៃអស់អ្នកដែលបានញែកជាបរិសុទ្ធ
២០:៣២ លោកប៉ុលកំពុងតែចាកចេញទៅហើយ ប៉ុន្តែគាត់ដឹងថាព្រះទ្រង់តែងតែធ្វើការជានិច្ចនៅ ក្នុងហើយកណ្តាលចំណោមរាស្រ្តរបស់ព្រះអង្គ ហើយគាត់ក៏បានថ្វាយពួកគេទៅព្រះហើយក្នុង “ព្រះបន្ទូលនៃព្រះគុណទ្រង់” ដែលជាដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ។
ដោយសារដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ព្រះជាម្ចាស់ស្អាងពួកជំនុំឡើង។ ការនេះមានន័យថា នៅពេលដែលដំណឹងល្អត្រូវបានប្រកាស ព្រះទ្រង់ធ្វើឲ្យមានការរីកចំរើននៃចំនួនមនុស្ស នៅក្នុងពួកជំនុំដោយការនាំឲ្យមានអ្នកជឿថ្មី នៅក្នុងសេចក្តីជំនឿជាច្រើនឡើង (២:៤១, ៥:១៤); និងនៅពេលដែលសមាជិកនៅក្នុងពួកជំនុំស្គាល់ ហើយរស់នៅដោយសារដំណឹងល្អ ព្រះជួយយើងឲ្យបានរីកចំរើនក្នុងភាពរឹងមាំខាងព្រលឹងវិញ្ញាណ (រ៉ូម ១៦:២៥; អេភេសូរ ៤:១២–១៦; ១ ថែស្សាឡូនីច ២:១៣; ២ ធីម៉ូថេ ៣:១៦-១៧; ១ ពេត្រុស ២:២)។
ដោយសារដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ព្រះក៏នឹងប្រទានឲ្យគ្រីស្ទានគ្រប់គ្នានូវមរដក(កេរ្តិ៍អាករ)មួយ។ មរដករបស់យើងគឺជាព្រះពរដ៏ពេញលេញនៃសេចក្តីសង្រ្គោះនៅក្នុងជំនាន់ដែលត្រូវមកដល់ រួមទាំងជីវិតអស់កល្បជានិច្ច សេចក្តីសុចរិត អំណរអរ សេចក្តីសុខសាន្ត ព្រះវត្តមាននៃព្រះ ទីលំនៅនៅក្នុងនគរព្រះ ហើយនឹងគ្រប់យ៉ាងដែលព្រះបានរៀបចំសម្រាប់ពួកបរិសុទ្ធរបស់ព្រះអង្គ (១ ពេត្រុស ១:៤; ម៉ាថាយ ២៥:៣៤; កិច្ចការ ២៦:១៨; អេភេសូរ ១:១១; កូល៉ុស ១:១២; ហេព្រើរ ៩:១៥)។
ខ្ញុំមិនដែលលោភចង់បានប្រាក់ មាស ឬសំលៀកបំពាក់របស់អ្នកណាឡើយ អ្នករាល់គ្នាដឹងហើយថា ដៃខ្ញុំនេះបានផ្គត់ផ្គង់គ្រប់របស់ ដែលខ្ញុំត្រូវការ ព្រមទាំងពួកអ្នកដែលនៅជាមួយផង
២០:៣៣-៣៤ សេចក្តីស្រឡាញ់ចំពោះប្រាក់គឺជាលក្ខណៈសម្បត្តិរបស់របស់ពួកគ្រូក្លែងក្លាយ (ទីតុស ១:១១;២ ពេត្រុស ២:៣) ប៉ុន្តែលោកប៉ុលមិនដែលសុំឲ្យមនុស្សដែលគាត់បម្រើនោះផ្តល់ប្រាក់មក ឲ្យគាត់នោះឡើយ។ ទោះបីជាគាត់មានសិទ្ធនៅក្នុងការទទួលបាននូវការផ្គត់ផ្គង់សម្រាប់ការរស់នៅ ដោយសារដំណឹងល្អក៏ដោយ (១ កូរិនថូស ៩:៣-១៤) លោកប៉ុលបានធ្វើការដើម្បីផ្គត់ផ្គង់ការរស់នៅ របស់គាត់គឺដើម្បីឲ្យគាត់អាច “ផ្សាយដំណឹងល្អពីព្រះគ្រីស្ទ ដោយឥតយកថ្លៃប៉ុណ្ណោះ” (១ កូរិនថូស ៩:១៨; ១ កូរិនថូស ៤:១២, ៩:១១-១៥; ២ កូរិនថូស ១១:៧; ១ ថែស្សាឡូនីច ២:៩; ២ ថែស្សាឡូនីច ៣:៧–៨)។
ខ្ញុំបានបង្ហាញអ្នករាល់គ្នាដោយគ្រប់ការទាំងអស់ថា គួរឲ្យខំធ្វើការដូច្នោះ ដើម្បីឲ្យបានជួយដល់ពួកអ្នកខ្សោយ ហើយនឹងនឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានបន្ទូលថា ដែលឲ្យ នោះបានពរជាជាងទទួល
២០:៣៥ លោកប៉ុលបានបង្ហាញដល់ពួកចាស់ទុំពី របៀបបំរើព្រះអម្ចាស់ឲ្យបានត្រឹមត្រូវ។ គាត់មិនបានសុំលុយនោះឡើយ គាត់បានធ្វើការយ៉ាងខ្លាំងហើយគាត់បានជួយដល់ពួកអ្នក ដែលទន់ខ្សោយវិញ។ ការដែលធ្វើយ៉ាងដូច្នេះ គាត់បានធ្វើតាមការបង្គាប់របស់ព្រះអម្ចាស់ថា ដែលឲ្យនោះបានពរជាជាងទទួល។
អ្នកដែលឃ្វាលហ្វូងចៀមនៃព្រះគួរតែបានយកចិត្តទុកដាក់លើសេចក្តីត្រូវការរបស់អ្នកដទៃ ហើយខ្វល់ខ្វាយពីអ្វីដែលគេអាចផ្តល់ឲ្យហ្វូងចៀមជាជាងអំពីអ្វីដែលហ្វូងចៀមអាចផ្តល់មកឲ្យគេវិញ។ ពួកអ្នកដឹកនាំគឺជាអ្នកបំរើ ហើយជាអ្នកដែលផ្តល់ឲ្យមិនមែនជាអ្នកចាំទទួលនោះឡើយ។ នៅពេលដែលគាត់ធ្វើដូច្នេះ គាត់នឹងបាន ព្រះពរជាមិនខានឡើយ។
លុះបាននិយាយសេចក្ដីទាំងនោះរួចហើយ នោះប៉ុលក៏លុតជង្គង់អធិស្ឋានជាមួយនឹងគេទាំងអស់គ្នា ហើយគ្រប់គ្នាក៏យំជាច្រើន រួចគេឱបកគាត់ថើបដោយថ្និតថ្នម ទាំងមានសេចក្ដីព្រួយពីពាក្យនេះជាដើម គឺដែលគាត់ថា គេមិនឃើញមុខគាត់ទៀតឡើយ រួចក៏ជូនគាត់ទៅដល់សំពៅ។
២០:៣៦-៣៨ ពួកអ្នកដឹកនាំយំដោយព្រោះតែលោកប៉ុលបានថាពួកគេនឹងមិនបានឃើញគាត់ ទៀតឡើយ។ ពួកគេបានដើរជាមួយគាត់ទៅកាន់សំពៅ ហើយគាត់បានបន្តដំណើររបស់គាត់ទៅកាន់ ក្រុងយេរូសាឡិម ដូចដែលចៅហ្វាយរបស់គាត់ក៏បានទៅក្រុងយេរូសាឡិមដែរ ទាំងបានជ្រាបថាទ្រង់ នឹងត្រូវរងទុក្ខនៅទៅនោះក៏ដោយ។
សូមចំណាំថា:
-
ដូចជាព្រះយេស៊ូវដែរ លោកប៉ុលបានធ្វើដំណើរទៅក្រុងយេរូសាឡិមជាមួយនឹងសិស្ស របស់គាត់មួយក្រុម។
-
ដូចជាព្រះយេស៊ូវដែរ លោកប៉ុលបានដឹងថាគាត់នឹងត្រូវរងទុក្ខនៅក្រុងយេរូសាឡិម។
-
ដូចជាព្រះយេស៊ូវដែរ លោកប៉ុលទទួលបានការទាស់ប្រឆាំងពីពួកសាសន៍យូដាហើយគេរៀបគម្រោងនៅក្នុងការសម្លាប់គាត់ហើយត្រូវបានបញ្ជូនទៅឲ្យពួករ៉ូម៉ាំង។
-
ដូចជាព្រះយេស៊ូវដែរ លោកប៉ុលបានប្រកាសថាគាត់បានត្រៀមខ្លួននៅក្នុងការលះបង់ ជីវិតរបស់គាត់ហើយ។
-
ដូចជាព្រះយេស៊ូវដែរ គាត់បានតាំងចិត្តសម្រេចបេសកកម្មរបស់គាត់ ហើយបានត្រៀមខ្លួននៅក្នុងការធ្វើតាមបំណងព្រះហឫទ័យនៃព្រះជាស្រេច។
ដូចដែលព្រះយេស៊ូវបានមានបន្ទូលថា “បើសិស្សបានស្មើនឹងគ្រូ ហើយបាវស្មើនឹងចៅហ្វាយ នោះល្មមហើយ” (ម៉ាថាយ ១០:២៥)។ ដូចដែលលោកប៉ូលបានដើរតាមព្រះយេស៊ូវ ហើយបំរើព្រះអង្គនោះ គាត់បានរួមចំណែកនៅក្នុងការរងទុក្ខរបស់ព្រះអង្គ ហើយការដែលបានធ្វើដូច្នោះគាត់បានដូចជាចៅហ្វាយរបស់គាត់ (ភីលីព ៣:១០)។ នេះគឺជាគំរូរបស់គាត់សម្រាប់គ្រីស្ទានគ្រប់គ្នា។




