
កាលបុណ្យថ្ងៃទី៥០បានមកដល់ នោះគេមានចិត្តព្រមព្រៀងប្រជុំទាំងអស់គ្នា នៅកន្លែងតែ១
២:១ រយៈពេលដប់ថ្ងៃក្រោយពេលដែលព្រះយេស៊ូវយាងត្រឡប់ទៅស្ថានសួគ៌វិញ (១:៣) មានពួកអ្នកជឿ១២០នាក់ ហើយពួកគេទាំងអស់គ្នាបានប្រជុំគ្នាដើម្បីរង់ចាំព្រះវិញ្ញាណបរិសុទ្ធ ដូចដែលព្រះយេស៊ូវបានបង្គាប់ពួកគេ។
ពេលនេះជាព្រឹកថ្ងៃអាទិត្យហើយជាថ្ងៃបុណ្យទី៥០។ ថ្ងៃបុណ្យទី៥០គឺជាពិធីបុណ្យមួយដែលប្រារព្ធឡើង ហាសិបថ្ងៃក្រោយថ្ងៃឈប់សំរាកនៅក្នុងពិធីបុណ្យរំលង (និក្ខមនំ ២៣:១៥-១៧; លេវីវិន័យ ២៣:១៥-២១; ជនគណនា ២៨:២៦; ចោទិយកថា ១៦:៩-១២)។ នៅក្នុងថ្ងៃនេះ ពួកប្រជាជនអ៊ីស្រាអែលនាំយកនូវផលផ្លែដំបូងនៃ ការប្រមូលផលស្រូវសាឡីថ្វាយដល់ព្រះ (និក្ខមនំ ៣៤:២២) ដើម្បីថ្វាយការអរព្រះគុណចំពោះ អ្វីដែលព្រះអង្គបានប្រទានមករួចហើយ ហើយដើម្បីបង្ហាញ ពីសេចក្តីជំនឿរបស់ពួកគេ ដើម្បីសូមឲ្យព្រះប្រទានឲ្យ គេនូវផលចម្រូតដ៏បរិបូរក្នុងរដូវនោះ ជាព្រះពរមកពី ព្រះអង្គ។
វាគឺជាការដ៏ត្រឹមត្រូវដែលព្រះវិញ្ញាណបរិសុទ្ធយាងមកនៅក្នុងការប្រារព្ធពិធីបុណ្យចម្រូតនេះ។ ថ្ងៃនៃពិធីបុណ្យថ្ងៃទី៥០នេះគឺនៅក្នុងឆ្នាំង ៣០ គ,ស ជាការចាប់ផ្តើមនៃការប្រមូលផលដ៏អស្ចារ្យនៃមនុស្ស ដែលបានជឿលើព្រះយេស៊ូវ ដែលត្រូវបានបំពេញដោយព្រះវិញ្ញាណរបស់ព្រះអង្គ ហើយចូលទៅក្នុង នគរនៃព្រះ។
ស្រាប់តែមានឮសូរពីលើមេឃ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេអង្គុយនៅ
២:២ ក្រុមជំនុំបានដឹងថាព្រះវិញ្ញាណបរិសុទ្ធយាងមកនៅពេលដែលគេបានឮសម្លេង "ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង"។ ទាំងនៅក្នុងភាសាហេប្រឺនិងភាសាក្រិច ពាក្យដែលប្រើសម្រាប់ វិញ្ញាណ ក៏មានន័យថា ខ្យល់ ឬ ខ្យល់ដង្ហើម ផងដែរ។ ដោយព្រោះតែការនេះ ពាក្យថាខ្យល់ញឹកញាប់ ត្រូវបានប្រើសនៅក្នុង ព្រះគម្ពីរក្នុងការសំដៅលើព្រះវិញ្ញាណបរិសុទ្ធ (អេសេគាល ៣៧:៩-១៤; យ៉ូហាន ៣:៨)។ សម្លេងនោះមានពេញទាំងក្នុងផ្ទះ ហើយឆាប់ៗនេះ ព្រះវិញ្ញាណបរិសុទ្ធនឹងបំពេញមនុស្សគ្រប់គ្នា ដែលនៅក្នុងផ្ទះ។
ក៏មានអណ្តាត ដូចជាអណ្តាតភ្លើង ដែលបែកចេញពីគ្នា លេចមកឲ្យគេឃើញ ហើយមកសណ្ឋិតលើគេគ្រប់គ្នា
២:៣ បន្ទាប់មក ក្រុមជំនុំបានឃើញពីអណ្តាតជាច្រើន។ នេះជាទីសំគាល់ពីអំណោយទាន ដែលពួកគេរៀបនឹងទទួល។ អណ្តាតជាច្រើនមានសណ្ឋានដូចជាភ្លើង។ នៅក្នុងព្រះគម្ពីរ ភ្លើងញឹកញាប់ សំដៅលើព្រះវត្តមាននៃព្រះ (និក្ខមនំ ៣:២-៦, ១៣:២១, ២៤:១៧, ៤០:៣៨; ១ ពង្សាវតាក្សត្រ ១៨:៣៨; អេសេគាល ១:១៣-១៤, ១:២៧)។
នៅក្នុងសេចក្តីសញ្ញាចាស់ ព្រះវិញ្ញាណបរិសុទ្ធនៃព្រះគង់ជាមួយនឹងអ្នកដឹកនាំ អ៊ីស្រាអែលមួយចំនួន ដូចជាពួកហោរា និងពួកចៅហ្វាយ។ ប៉ុន្តែនៅក្នុងសេចក្តីសញ្ញាថ្មី ព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយនឹង ពួកអ្នកជឿនិមួយៗ។ ដោយព្រោះតែការនេះ ព្រះជាម្ចាស់មានទំនាក់ទំនងដ៏ជានិច្ច និងដោយផ្ទាល់ជាមួយនឹងពួកអ្នកដែលជឿនិមួយៗតាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ។ នេះជាការចាប់ផ្តើមនៃជីវិតអស់កល្បជានិច្ចដែលព្រះយេស៊ូវបានសុគតដើម្បីអាចប្រទានជីវិតនោះឲ្យយើងរាល់គ្នាបាន (យ៉ូហាន ១៧:៣)។
រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ។
២:៤ ការយាងមករបស់ព្រះវិញ្ញាណបរិសុទ្ធគឺជាការចាប់ផ្តើមរបស់ក្រុមជំនុំ។ ក្រុមជំនុំគឺជាមនុស្សរបស់ព្រះ ហើយព្រះយេស៊ូវចាក់បំពេញមនុស្សរបស់ព្រះទាំងអស់ដោយព្រះវិញ្ញាណនៃព្រះ។ អស់អ្នកដែលមាន ព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយគឺជារបស់ព្រះយេស៊ូវ (រ៉ូម ៨:៩)។
ពាក្យដែលបកប្រែថា “អណ្តាត” ត្រង់នេះជាពាក្យនៅក្នុងភាសាក្រិចសម្រាប់ភាសា។ ព្រះវិញ្ញាណបរិសុទ្ធ បានប្រទានដល់ពួកជឿដំបូងទាំងនេះនូវសមត្ថភាពនៅក្នុងការនិយាយភាសាជាច្រើនដែលពួកគេមិនចេះ ពីមុនមក។ វាគឺជាទីសំគាល់ដែលបង្ហាញថាមនុស្សគ្រប់ជាតិសាសន៍ទាំងអស់ពេលនេះអាចប្រែក្លាយទៅជា ប្រជារាស្រ្តរបស់ព្រះជាម្ចាស់បានទាំងអស់គ្នា។
រីឯនៅក្រុងយេរូសាឡិម មានពួកសាសន៍យូដា ជាអ្នកកោតខ្លាចដល់ព្រះ ដែលមកពីគ្រប់នគរនៅក្រោមមេឃ
២:៥ ពិធីបុណ្យថ្ងៃទី៥០ គឺជាពិធីបុណ្យមួយនៅក្នុងចំណោមពីបុណ្យទាំងបីដែលពួកប្រុសៗ សាសន៍យូដាត្រូវតែមកឯក្រុងយេរូសាឡិមដើម្បីប្រារព្ធពិធីបុណ្យ។ ហេតុនេះហើយបានជាមានមនុស្សមកពី នគរជាច្រើន (ខ៩-១១)។
កាលសូរសព្ទពីការនោះបានឮសុសសាយទៅ នោះបណ្តាមនុស្សក៏ប្រជុំគ្នា ហើយគេមានសេចក្ដីស្រឡាំងកាំង ដោយគ្រប់គ្នាឮភាសាជាតិរបស់ខ្លួន ដែលពួកសាវកកំពុងតែអធិប្បាយ គេមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នាទៅវិញទៅមក ដោយឆ្ងល់ថា អ្នកទាំងនេះដែលអធិប្បាយ តើមិនមែនជាពួកអ្នកស្រុកកាលីឡេទាំងអស់គ្នាទេឬអី ចុះដូចម្តេចបានជាយើងឮគេនិយាយតាមភាសាកំណើតរបស់យើងរៀងខ្លួនដូច្នេះ
២:៦ គោលបំណងសម្រាប់សមត្ថភាពនៅក្នុងការនិយាយភាសាដទៃជាច្រើនគឺការផ្សាយដំណឹងល្អ។ មនុស្សម្នាក់ៗប្រកាសពីកិច្ចការនៃព្រះចេស្តាដ៏វិសេសរបស់ព្រះនៅក្នុងភាសាផ្សេងៗគ្នា។ ក្នុងពេលដែលពួកអ្នកជឿប្រកាសនោះ មនុស្សដែលនៅក្នុងហ្វូងបានទទួលស្គាល់ភាសាជាតិនៃ ប្រទេសរបស់គេរៀងខ្លួន។
២:៧-៨ មនុស្សដែលបានស្តាប់ឮមានការងឿងឆ្ងល់ដោយព្រោះតែពួកគេដឹងថាពួកអ្នកទាំងនេះ រស់នៅក្នុងស្រុកកាលីឡេជាអ្នក ហើយមិនបានរៀនភាសាជាច្រើនយ៉ាងនេះទេ។
គឺជាសាសន៍ផារថុស មេឌី អេឡាំ នឹងពួកអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី ព្រមទាំងស្រុកព្រីគា ស្រុកប៉ាមភីលា ស្រុកអេស៊ីព្ទ នឹងដែនស្រុកលីប៊ី ដែលនៅជុំវិញស្រុកគីរេន ហើយពួកអ្នកស្រុករ៉ូម ដែលស្នាក់នៅទីនេះ ទោះទាំងសាសន៍យូដា នឹងអ្នកចូលសាសន៍ផង ហើយសាសន៍ក្រេត នឹងសាសន៍អារ៉ាប់ដែរ យើងទាំងអស់គ្នាឮគេនិយាយ ពីអស់ទាំងការអស្ចារ្យរបស់ព្រះ តាមភាសារបស់យើងរៀងខ្លួន
២:៩-១១ លោកលូកាបានផ្តល់ឲ្យនូវការរៀបរាប់ពីជាតិសាសន៍ដែលមានវត្តមាន។ មានចំនួនប្រជាជនសាសន៍យូដាជាច្រើនដែលរស់នៅក្នុងនគរទាំងនេះ។
អ្នកទាំងនោះមានសេចក្ដីអស្ចារ្យ ព្រមទាំងវល់ក្នុងចិត្ត ក៏សួរគ្នាទៅវិញទៅមកថា តើការនេះដូចម្តេចហ្ន៎ តែមានអ្នកខ្លះចំអកឲ្យថា ពួកនេះស្រវឹងស្រាថ្មីទេ។
២:១២-១៣ ហ្វូងមនុស្សមិនយល់ថាកំពុងតែមានរឿងអ្វីកើតមានឡើងនោះឡើយ។ អ្នកខ្លះបានទទួលថាគេមិនយល់ឡើយ ហើយចង់ដឹងពីការអស្ចារ្យនេះមានន័យយ៉ាងដូចម្តេច។ ប៉ុន្តែមានអ្នកខ្លះបានចំអកដល់ក្រុមជំនុំ ហើយបាននិយាយថា ពួកគេបានស្រវឹងទៅវិញ។
នោះពេត្រុសក៏ឈរឡើង ជាមួយនឹងពួក១១នាក់ ក៏បន្លឺសំឡេងនិយាយទៅគេថា ឱពួកសាសន៍យូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាអើយ សូមឲ្យអ្នករាល់គ្នាដឹងសេចក្ដីនេះ ហើយប្រុងស្តាប់ពាក្យខ្ញុំចុះ
២:១៤ មានការផ្លាស់ប្តូរយ៉ាងអស្ចារ្យនៅក្នុងលោកពេត្រុសពេលដែលគាត់ត្រូវបានពេញដោយ ព្រះវិញ្ញាណបរិសុទ្ធ។ គាត់មានសេចក្តីក្លាហានជាអ្វីដែលគាត់មិនមានពីមុន។ កាលពីមុន គាត់បានបដិសេធថាមិនស្គាល់ព្រះយេស៊ូវដោយព្រោះតែគាត់ភ័យខ្លាចចំពោះមនុស្សពីរបីនាក់ ប៉ុន្តែពេលនេះ គាត់បានប្រកាសពីសេចក្តីពិតទៅកាន់ហ្វូងមនុស្សរាប់ពាន់នាក់វិញ។
សេចក្តីប្រកាសទាំងនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ជាផ្នែកមួយនៅក្នុងបទគម្ពីរកិច្ចការ។ មាន៨ ការប្រកាសដែលប្រកាសដោយលោកពេត្រុស ៩ ការប្រកាសដោយលោកប៉ុល ហើយនឹងមួយ ការប្រកាសដោយលោកស្ទេផាន និងយ៉ាងកុប។ ការទាំងនេះគ្របដណ្តប់ប្រមាណ ២៥% នៃបទគម្ពីរនេះ។
ដ្បិតអ្នកទាំងនេះមិនមែនស្រវឹង ដូចជាអ្នករាល់គ្នាគិតស្មាននោះទេ ព្រោះទើបនឹងម៉ោង៩ព្រឹកនៅឡើយ
២:១៥ ម៉ោង៩ព្រឹកជាពេលសម្រាប់ការធិស្ឋាននៅពេលព្រឹក ក្រោយនោះគឺជាការបរិភោគអាហារ ពេលព្រឹក។ ពួកសាសន៍យូដាមានការសាទរចំពោះពិធីបុណ្យនៅពេលល្ងាច មិនមែនពេលព្រឹកនោះឡើយ។
នេះគឺជាសេចក្ដីទំនាយរបស់ហោរាយ៉ូអែលវិញ ដែលលោកទាយទុកមកថា «ព្រះទ្រង់មានបន្ទូលថា ដល់ថ្ងៃជាន់ក្រោយបង្អស់ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសកូនស្រីឯងរាល់គ្នានឹងទាយទំនាយ ពួកកំឡោះឯងរាល់គ្នា នឹងឃើញការជាក់ស្តែង ហើយពួកចាស់ៗរបស់ឯងរាល់គ្នានឹងយល់សប្តិ នៅគ្រានោះ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើទាំងពួកអ្នកបំរើប្រុសស្រីផង ហើយគេនឹងទាយទំនាយដែរ
២:១៦-១៨ លោកពេត្រុសពន្យល់ពីអ្វីដែលកើតមានឡើង គឺជាការសម្រេចតាមបទគម្ពីរយ៉ូអែល ២:២៨-៣២។ ខ្យល់បក់គំហុកយ៉ាងខ្លាំង អណ្តាតដូចជាភ្លើង ហើយនឹងការនិយាយភាសាដទៃគឺជា ទីសំគាល់ទាំងប៉ុន្មានពីការដែលព្រះចាក់បង្ហូរព្រះវិញ្ញាណរបស់ព្រះអង្គ ដូចដែលព្រះអង្គបានមានបន្ទូល រួចហើយ។
នៅក្នុងជំនាន់ព្រះគម្ពីរសញ្ញាចាស់ ព្រះវិញ្ញាណបរិសុទ្ធត្រូវបានចាក់បង្ហូរចំពោះតែ ពួកហោរា ពួកចៅហ្វាយ ពួកស្តេច ហើយនឹងពួកសង្ឃសាសន៍យូដាតែប៉ុណ្ណោះ។ ប៉ុន្តែហោរាយ៉ូអែលបានទាយថា នៅក្នុងថ្ងៃ ចុងក្រោយព្រះវិញ្ញាណបរិសុទ្ធនឹងចាក់បង្ហូរលើ “គ្រប់ទាំងមនុស្ស” ដែលជាមនុស្សគ្រប់ប្រភេទទាំងអស់ ព្រះវិញ្ញាណបរិសុទ្ធយាងមកគង់ជាមួយនឹងពួកអ្នកជឿទាំងអស់ មិនខ្វល់ថាជាភេទណានោះឡើយ (“កូនប្រុសកូនស្រីឯងរាល់គ្នា”) គ្រប់វ័យ (“ពួកកំឡោះឯងរាល់គ្នា …ហើយពួកចាស់ៗរបស់ឯងរាល់”) ឬឋានៈសង្គម (“ទាំងពួកអ្នកបំរើប្រុសស្រី”)។ ក្នុងពេលដែលគេទទួលបានព្រះវិញ្ញាណ ពួកគេនឹងទទួលបានការបើកសំដែងពីព្រះ ("ឃើញការជាក់ស្តែង …យល់សប្តិ ”)ហើយនឹងប្រកាសព្រះបន្ទូលនៃព្រះ (“គេនឹងទាយទំនាយ”)។
អញនឹងសំដែងការអស្ចារ្យ នៅលើមេឃ នឹងទីសំគាល់នៅផែនដី គឺជាឈាម ភ្លើង ហើយនឹងកំសួលផ្សែង ថ្ងៃនឹងប្រែទៅជាងងឹត ហើយខែនឹងទៅជាឈាម មុនដែលថ្ងៃធំឧត្តមរបស់ព្រះអម្ចាស់មកដល់
២:១៩-២០ ការអស្ចារ្យនិងទីសំគាល់នៅលើមេឃនិងផែនដីកើតមានឡើងនៅមុន “ថ្ងៃនៃព្រះអម្ចាស់” ជាការយាងមកទីពីររសប់ព្រះយេស៊ូវ។ យើងអានអំពីការនេះនៅក្នុងបទគម្ពីរវិវរណៈ ដែលប្រាប់យើង ទាំងអស់គ្នាអំពីឈាម(វិវរណៈ ៦:៨, ៨:៧-៨, ៩:១៥, ១៤:២០, ១៦:៣); ភ្លើង (វិវរណៈ ៨:៥-១០); ហើយនិងផ្សែង (វិវរណៈ ៩:២-៣, ៩:១៧-១៨, ១៨:៩, ១៨:១៨)។
នោះអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ គេនឹងបានសង្គ្រោះ»
២:២១ ការដែល ”អំពាវនាវដល់ព្រះនាមព្រះអម្ចាស់” គឺជាការប្រែចិត្តពីអំពើបាប ទទួលជឿលើព្រះយេស៊ូវ ហើយទូលសូមឲ្យព្រះអង្គអត់ទោសបាបរបស់អ្នកហើយទទួលអ្នកជាសិស្សរបស់ព្រះអង្គ។ នេះជាអ្វីដែលមនុស្សត្រូវធ្វើដើម្បីឲ្យទទួលសេចក្តីសង្រ្គោះ។
ការសង្គ្រោះគឺជាប្រធានបទដ៏អស្ចារ្យបំផុតនៅក្នុងព្រះគម្ពីរ។ ព្រះគម្ពីរប្រាប់យើងពីរបៀបដែលព្រះជាម្ចាស់ សង្គ្រោះមនុស្ស និងនាំពួកគេចូលទៅកាន់គ្រប់ទាំងព្រះពរខាងឯវិញ្ញាណ ដែលទ្រង់បានរៀបចំទុកសម្រាប់ ពួកគេ។
តើបានសង្គ្រោះមានន័យយ៉ាងណា? ការសង្គ្រោះគឺជាការជួយឲ្យរួចផុតពីគ្រោះថ្នាក់។ ហេតុការណ៍ដែលព្រះយេស៊ូវយាងមក “ដើម្បីនឹងរក ហើយជួយសង្គ្រោះ ដល់មនុស្សបាត់បង់” បង្ហាញថាមនុស្សស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដែលយើង ត្រូវជួយសង្គ្រោះឲ្យរួចពី។ ហេតុដូច្នេះ សំណួរដំបូងបំផុតដែលយើងគួរសួរគឺ៖ តើព្រះយេស៊ូវសង្គ្រោះយើងពីអ្វី? ចម្លើយគឺ ព្រះយេស៊ូវសង្គ្រោះរាស្ត្រទ្រង់ចេញពីអំពើបាបរបស់ពួកគេ (ម៉ាថាយ ១:២០-២១)។
ដើម្បីបានសង្គ្រោះឲ្យរួចពីបាបមានន័យថាយើងត្រូវបានសង្គ្រោះចេញពី ការដាក់ទោសចំពោះអំពើបាប អំណាចនៃអំពើបាប ហើយវត្តមាននៃអំពើបាប។ ដើម្បីបានសង្គ្រោះឲ្យរួចពីបាបមានន័យថាយើងត្រូវបានសង្គ្រោះចេញពី ការដាក់ទោសចំពោះអំពើបាប អំណាចនៃអំពើបាប ហើយវត្តមាននៃអំពើបាប។ ការសង្គ្រោះរបស់យើងចេញពីទណ្ឌកម្មនៃអំពើបាប បានសម្រេចតាមរយៈការរងទុក្ខរបស់ ព្រះគ្រីស្ទនៅលើឈើឆ្កាង ជាកន្លែងដែលទ្រង់បានស៊ូទ្រាំនឹងការដាក់ទណ្ឌកម្មសម្រាប់ អំពើបាបរបស់យើង។ ការសង្គ្រោះរបស់យើងចេញពីអំណាចនៃអំពើបាប កំពុងត្រូវបានសម្រេចឥឡូវនេះតាមរយៈ កិច្ចការដែលព្រះវិញ្ញាណដ៏បរិសុទ្ធគង់នៅក្នុងយើង ដែលធ្វើអោយយើងអាចយកឈ្នះអំពើបាបបាន។ ការសង្គ្រោះរបស់យើងចេញពីវត្តមាននៃអំពើបាប នឹងសម្រេចបាននៅពេលដែលព្រះគ្រីស្ទ យាងត្រឡប់មកវិញជាលើកទីពីរ។ ទ្រង់នឹងនាំយើងចូលទៅកាន់ព្រះរាជ្យរបស់ទ្រង់ ជាកន្លែងដែលមិនមានអំពើបាប ហើយយើងនឹងមានសេរីភាពចេញពីអំពើបាបជារៀងរហូត។
ឱពួកសាសន៍អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ ព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដែលព្រះបានសំដែងបង្ហាញមកអ្នករាល់គ្នា ដោយការឫទ្ធិបារមី ការអស្ចារ្យ នឹងទីសំគាល់ ដែលព្រះទ្រង់បានធ្វើ នៅកណ្តាលអ្នករាល់គ្នា ដោយសារទ្រង់ ដូចជាអ្នករាល់គ្នាដឹងស្រាប់ហើយ
២:២២ ពេលនេះ លោកពេត្រុសចាប់ផ្តើមព័ន្ធកិច្ចរបស់គាត់:ក្នុងការប្រកាសដំណឹងល្អ។ ព្រះបានបញ្ជាក់ថាព្រះយេស៊ូវថាជាព្រះមែស្ស៊ីដោយកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើដោយសារទ្រង់ (ម៉ាថាយ ១១:១-៦; លូកា ៧:២០-២៣; យ៉ូហាន ៣:២; ៥:១៧-២០; ៨:២៨; ភីលីព ២:៩)។ ការអស្ចារ្យរបស់ព្រះយេស៊ូវគឺ “ការឫទ្ធិបារមី” (δυνάμεσι) ជាភ័ស្តុតាងនៃព្រះចេស្តានៃព្រះដែលធ្វើការ ហើយ “ការអស្ចារ្យ” (τέρασι) ហើយ “ទីសំគាល់” ដែលបង្ហាញថានគរព្រះបានមកដល់ផែនដីហើយ (លូកា ១១:២០)។
ព្រះអង្គនោះទ្រង់ត្រូវបញ្ជូនទៅ តាមការសំរេច នឹងបព្វញាណនៃព្រះ ហើយអ្នករាល់គ្នាបានចាប់ទ្រង់ ដោយសារដៃមនុស្សទទឹងច្បាប់ ព្រមទាំងឆ្កាងសំឡាប់ទ្រង់ផង
២:២៣ ប៉ុន្តែផ្ទុយពីការដែលទទួលស្គាល់ព្រះយេស៊ូវជាព្រះមែស្ស៊ីនោះ ពួកសាសន៍យូដាបានរៀបចំ គំរោងឲ្យព្រះអង្គត្រូវជាប់ឆ្កាងដោយសារ “មនុស្សទទឹងច្បាប់” (ពួករ៉ូម៉ាំង)។ ពួកគេមានបំណងអាក្រក់ ប៉ុន្តែព្រះមានផែនការណ៍ល្អចំពោះកិច្ចការដែលគេធ្វើនោះ (ដូចជាមានក្នុង លោកុប្បត្តិ ៥០:២០)។ ការឆ្កាងរប្រះយេស៊ូវក៏ជាអ្វីដែល “ស្របតាមការសំរេច នឹងបព្វញាណនៃព្រះ”។ តាំងពីកំណើតលោកីយ មក ព្រះបានសម្រេចកំណត់ថាព្រះយេស៊ូវនឹងត្រូវបានសុគតនៅលើឈើឆ្កាង ដើម្បីនឹងសម្រេចសេចក្តី សង្រ្គោះសម្រាប់រាស្រ្តរបស់ព្រះអង្គឲ្យបានរួចពីបាប (៤:២៧-២៨, ១៣:២៧-២៩; ២ ធីម៉ូថេ ១:៩; វិវរណៈ ១៣:៨)។
ប៉ុន្តែ ព្រះបានប្រោសទ្រង់ ឲ្យមានព្រះជន្មរស់ឡើងវិញ ដោយបានស្រាយចំណងនៃសេចក្ដីស្លាប់ចេញ ពីព្រោះសេចក្ដីស្លាប់ គ្មានអំណាចនឹងឃុំឃាំងទ្រង់ទុកបានឡើយ
២:២៤ ព្រះបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីសុគតឡើងវិញ។ នេះគឺជាចំនុចសំខាន់និងជា សេចក្តីពិតនៅក្នុងការប្រកាសរបស់ពួកសាវ័ក។ ដោយព្រោះតែព្រះចេស្តាដ៏ខ្ពស់បំផុតរបស់ព្រះយេស៊ូវ ហើយនិងសេចក្តីសន្យានិងបំណងព្រះហឫទ័យនៃព្រះ សេចក្តីស្លាប់មិនអាចបង្ខាំងព្រះយេស៊ូវ នៅក្នុង ផ្នូរបានឡើយ (លូកា ២៤:៤៦; យ៉ូហាន ២:១៨-២២; ១ កូរិនថូស ១៥:២០-២៦; ហេព្រើរ ២:១៤)។
ដ្បិតហ្លួងដាវីឌមានបន្ទូលពីទ្រង់ថា «ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ពីព្រោះទ្រង់សណ្ឋិតនៅខាងដៃស្តាំទូលបង្គំ ដើម្បីមិនឲ្យទូលបង្គំត្រូវរង្គើឡើយ ហេតុនោះបានជាចិត្តទូលបង្គំមានសេចក្ដីអំណរ ហើយអណ្តាតទូលបង្គំក៏ថ្លែង ដោយសេចក្ដីត្រេកអរ ១ទៀត រូបសាច់ទូលបង្គំនឹងស្នាក់នៅ ដោយសេចក្ដីសង្ឃឹមដែរ ដ្បិតទ្រង់នឹងមិនទុកព្រលឹងទូលបង្គំ ឲ្យជាប់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្ដីពុករលួយដែរ ទ្រង់បានឲ្យទូលបង្គំស្គាល់អស់ទាំងផ្លូវនៃជីវិត ក៏នឹងឲ្យទូលបង្គំបានពេញជាសេចក្ដីអំណរ ដោយភាពនៃព្រះភក្ត្រទ្រង់»
២:២៥-២៨ លោកពេត្រុសបានដកស្រង់ចេញពី ទំនុកដំកើង ១៦:៨-១១ ដើម្បីគាទ្រចំពោះ អ្វីដែលគាត់ទើបតែបានលើកឡើងអំពីការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ។
ទំនុកដំកើង ១៦ គឺជាបទទំនុកដំកើងដែលស្តេចដាវីឌបានកត់ត្រាអំពីជីវិតរបស់គាត់នៅក្នុងគ្រោះថ្នាក់។ គាត់បានដឹងថាព្រោះតែព្រះអម្ចាស់គង់នៅជាមួយគាត់ នោះគាត់នឹងមិនទទួលបរាជ័យដោយសេចក្ដីស្លាប់ ឡើយ (ដែលគាត់បានរៀបរាប់ពីការដែល “ទុកព្រលឹងទូលបង្គំ ឲ្យជាប់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់" ឬ “ឃើញ សេចក្តីពុករលួយ” នៃរូបកាយរបស់គាត់។ ផ្ទុយទៅវិញ គាត់នឹងមានអំណរនៅក្នុងព្រះវត្តមាននៃព្រះ។
ឱបងប្អូនរាល់គ្នាអើយ ខ្ញុំមានច្បាប់នឹងថ្លែងប្រាប់ដល់អ្នករាល់គ្នាយ៉ាងច្បាស់ ពីហ្លួងដាវីឌ ជាឰយុកោថា លោកបានទាំងសុគត ហើយគេបានបញ្ចុះសពលោកដែរ ផ្នូរលោកក៏នៅជាមួយនឹងយើងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ
២:២៩ ព្រះអម្ចាស់ពិតជាបានសង្រ្គោះស្តេចដាវីឌពីអស់អ្នកដែលគំរាមកំហែងដល់ជីវិតរបស់គាត់មែន ប៉ុន្តែនៅទីបំផុតដាវីឌបានស្លាប់ដោយវ័យចំណាស់ ហើយត្រូវបានកប់ ហើយរូបកាយរបស់គាត់ បានពុកផុយទៅ។ ដូច្នេះហើយ នៅក្នុង ទំនុកដំកើង ១៦ ស្តេចដាវីឌបានកត់ត្រាអំពីមួយអង្គទៀត ដែលមិនមែនជាខ្លួនគាត់នោះឡើយ។
ដូច្នេះ ដោយព្រោះលោកជាហោរា ហើយក៏ជ្រាបថា ព្រះបានស្បថសន្យានឹងលោកថា ទ្រង់នឹងបង្កើតព្រះគ្រីស្ទ ពីពូជរបស់លោកខាងសាច់ឈាម ឲ្យបានគង់លើបល្ល័ង្ករបស់លោក គឺដោយព្រោះលោកបានឃើញការនោះជាមុន បានជាលោកសំដែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រលឹងទ្រង់មិនត្រូវទុកចោល នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ហើយរូបសាច់ទ្រង់មិនត្រូវឃើញសេចក្ដីពុករលួយឡើយ
២:៣០-៣១ នៅក្នុងទំនុកដំកើង ១៦ ស្តេចដាវីឌបានកត់ត្រាក្នុងនាមជាហោរាម្នាក់ អំពីការរស់ពីសុគត ឡើងវិញរបស់ព្រះគ្រីស្ទ (“វង្សហ្លួងដាវីឌ”)។ ដែលជាព្រះគ្រីស្ទដែលមិនត្រូវបានទុកចោលនៅក្នុងទីកន្លែង សេចក្តីស្លាប់ ហើយព្រះកាយព្រះអង្គក៏មិនបានឃើញសេចក្តីពុករលួយដែរ។
ព្រះបានសន្យាជាមួយនឹងស្តេចដាវីឌថា ព្រះគ្រីស្ទនឹងបានជាវង្សហ្លួងដាវីឌ ដែលកើតចេញពីវង្សរបស់ទ្រង់ ដែលព្រះអង្គនោះនឹងតាំងរាជ្យនគរដ៏នៅអស់កល្បជានិច្ច (២ សាំយ៉ូអែល ៧:១១-១៦)។ ទោះបីជាព្រះយេស៊ូវបានសុគត ព្រះអង្គមិនត្រូវបានទុកឲ្យនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ។ ព្រះអង្គទ្រង់បានប្រោសឲ្យរស់ពីសុគតឡើងវិញមុនពេលដែលព្រះកាយខាងសាច់ឈាមព្រះអង្គត្រូវស្អុយរលួយ។ ដូច្នេះហើយ ការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវបញ្ជាក់ថាព្រះអង្គទ្រង់ជាព្រះគ្រីស្ទ។
ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា
២:៣២ ពួកសាវ័កបានឃើញព្រះយេស៊ូវបន្ទាប់ពីព្រះអង្គបានរស់ពីសុគតឡើងវិញ ដូច្នេះហើយ ពួកគេអាចធ្វើទីបន្ទាល់ពីការនេះ។ លោកពេត្រុសធ្វើបន្ទាល់ថា (១) ស្តេចដាវីឌបានទាយថាព្រះគ្រីស្ទ នឹងត្រូវរស់ពីសុគតឡើងវិញ (២) ពួកសាវ័កជាសក្ខីភាពពីសេចក្តីពិតដែលព្រះបានប្រោសព្រះយេស៊ូវ ឲ្យបានរស់ពីសុគតឡើងវិញ ដូច្នេះហើយ (៣) ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ។
ដូច្នេះ ដែលទ្រង់បានដំកើងឡើង ដោយសារព្រះហស្តស្តាំនៃព្រះ ហើយបានទទួលសេចក្ដីសន្យា គឺជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះទ្រង់បានចាក់សេចក្ដីនេះមក ដែលអ្នករាល់គ្នាកំពុងតែមើលហើយស្តាប់
២:៣៣ ក្រោយពេលដែលព្រះយេស៊ូវយាងត្រឡប់ទៅស្ថានសួគ៌វិញ ព្រះអង្គគង់នៅខាងស្តាំនៃព្រះ។ ក្រោយមក សេចក្តីសន្យារបស់ព្រះនៅក្នុងការចាត់ព្រះវិញ្ញាណបរិសុទ្ធត្រូវបានសម្រេច (យ៉ូហាន ៧:៣៩; កាឡាទី ៣:១៤)។ ព្រះយេស៊ូវបានទទួលពីព្រះវរបិតាព្រះអង្គនូវអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ហើយព្រះអង្គបានចាក់បំពេញព្រះវិញ្ញាណលើក្រុមជំនុំរបស់ព្រះអង្គ។ នេះជាអ្វីដែលបានកើតមានឡើង នៅពេលព្រឹកនោះ នៅម៉ោង៩ នៅក្នុងក្រុងយេរូសាឡិម។
លោកពេត្រុសពន្យល់ពីអ្វីដែលហ្វូងមនុស្សបានឃើញហើយបានស្តាប់ឮនៅពេលព្រឹកគឺជាកិច្ចការរបស់ព្រះយេស៊ូវ (ដែលត្រូវបានរស់ពីសុគតឡើងវិញ ហើយត្រូវបានដំកើងឡើងនៅស្ថានសួគ៌) ដែលទ្រង់បានចាត់ព្រះវិញ្ញាណរបស់ព្រះអង្គមកលើក្រុមជំនុំរបស់ ព្រះអង្គដូចដែលព្រះអង្គបានមានបន្ទូលថានឹងកើតមានឡើង។ ហោរាយ៉ូអែលបានទាយថា ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមក ហើយព្រះយេស៊ូវបានសម្រេចសេចក្តីទំនាយនោះនៅ ពេលដែល ព្រះអង្គចាត់ព្រះវិញ្ញាណបរិសុទ្ធ (យ៉ូហាន ១៤:១៦)។ ប្រសិនបើព្រះយេស៊ូវនៅតែសុគតនៅក្នុង ផ្នូរនៅក្នុងក្រុងយេរូសាឡិមនៅឡើយ នោះព្រះអង្គមិនអាចចាត់ព្រះវិញ្ញាណបរិសុទ្ធមកនោះឡើយ។ ដូច្នេះហើយ ព្រះអង្គត្រូវតែមានព្រះជន្មរស់។
លើសពីនេះទៅទៀត ព្រះយេស៊ូវមិនអាចនឹងចាត់ព្រះវិញ្ញាណមកពីស្ថានសួគ៌នោះឡើយលើកលែងតែ ព្រះអង្គបានយាងទៅស្ថានសួគ៌សោយរាជ្យជាព្រះអម្ចាស់តែប៉ុណ្ណោះ។ ការយាងមករបស់ព្រះវិញ្ញាណបរិសុទ្ធ (នៅក្នុងការសម្រេចសេចក្តីទំនាយហើយនឹងសេចក្តីសន្យារបស់ព្រះយេស៊ូវ) គឺជាការបញ្ជាក់ថាព្រះយេស៊ូវ ត្រូវបានដំកើងឡើងនៅស្ថានសួគ៌ជាព្រះអម្ចាស់។ វត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធនៅលើផែនដី គឺជាសញ្ញាមួយដែលបង្ហាញថា ព្រះយេស៊ូវកំពុងសោយរាជ្យនៅស្ថានសួគ៌។ ពេលនេះ របៀបដែលព្រះអង្គ នឹងសោយរាជ្យលើ ប្រជារាស្រ្តរបស់ព្រះអង្គគឺជាការដាក់ព្រះវិញ្ញាណព្រះអង្គនៅក្នុងពួកគេនីមួយៗ ដើម្បីឲ្យពួកគេបានក្លាយជា របស់ទ្រង់ (រ៉ូម ៨:៥-១៦)។
ព្រះវិញ្ញាណបរិសុទ្ធដឹកនាំហើយនឹងប្រទានព្រះចេស្តាដល់ព្រះយេស៊ូវនៅក្នុងព័ន្ធកិច្ចព្រះអង្គនៅលើផែនដីនេះ (លូកា ៣:២១-២២, ៤:១, ៤:១៤, ៤:១៨) ហើយពេលនេះព្រះយេស៊ូវដឹកនាំរាស្រ្តរបស់ព្រះអង្គ នៅលើផែនដីនេះពីស្ថានសួគ៌មកដោយសារព្រះវិញ្ញាណព្រះអង្គ។ ទ្រង់បានចាត់ព្រះវិញ្ញាណរបស់ព្រះអង្គ មកឲ្យក្រុមជំនុំរបស់ព្រះអង្គ ដើម្បីឲ្យយើងអាចនឹងបន្ត ហើយរួមចំណែក នៅក្នុងកិច្ចការដែលព្រះអង្គ បានចាប់ផ្តើម។ នេះគឺជាចំនុចសំខាន់ដែលមាននៅក្នុងបទគម្ពីរកិច្ចការ។ វាគឺដោយសារតែព្រះយេស៊ូវនៅតែ មានព្រះជន្មរស់នៅ ហើយធ្វើការតាមរយៈសាវ័ករបស់ព្រះអង្គដោយសារព្រះវិញ្ញាណរបស់ព្រះអង្គ ពួកគេអាចធ្វើការយ៉ាងអស្ចារ្យដែលព្រះអង្គបានធ្វើ។
ដ្បិតហ្លួងដាវីឌមិនបានឡើងទៅស្ថានសួគ៌ទេ ប៉ុន្តែលោកបាននិយាយថា «ព្រះអម្ចាស់ទ្រង់មានបន្ទូលនឹងព្រះអម្ចាស់នៃទូលបង្គំថា ចូរឯងអង្គុយខាងស្តាំអញ ដរាបដល់អញយកពួកខ្មាំងសត្រូវឯង ដាក់ធ្វើជាកំណល់កល់ជើងឯង»
២:៣៤-៣៥ លោកពេត្រុសបានបង្ហាញថាបទគម្ពីរទំនុកដំកើង ១៦ បានយទាយពីការរស់ពីសុគតឡើង វិញរបស់ព្រះគ្រីស្ទ (ខ២៩-៣១)។ ពេលនេះ គាត់ដកស្រង់ចេញពីបទមួយទៀតដែលមាននៅក្នុង ទំនុកដំកើងរបស់ដាវីឌ (ទំនុកដំកើង ១១០) ដែលនិយាយអំពីការលើកដំកើងព្រះគ្រីស្ទ។ ជាថ្មីម្តងទៀត គាត់បង្ហាញថាអ្វីដែលស្តេចដាវីឌបានកត់ត្រាមិនមែនអំពីខ្លួនលោកនោះឡើយ ដោយព្រោះតែ “ហ្លួងដាវីឌមិនបានឡើងទៅស្ថានសួគ៌ទេ”។
ឃ្លាដែលថា “ព្រះអម្ចាស់ទ្រង់មានបន្ទូលនឹងព្រះអម្ចាស់នៃទូលបង្គំ” ពិតជាសំខាន់ខ្លាំងណាស់។ ពាក្យដែលបាន បកប្រែថា “ព្រះយេហូវ៉ា”គឺ יהוה (អានថា យ៉ាវេហ៍) ដែលជាព្រះនាមនៃព្រះ។ ពាក្យដែលបកប្រែថា “ព្រះអម្ចាស់នៃទូលបង្គំ” គឺ אדוני (អានថា អាដូណាយ)ដែលជាឋានៈដែលមាន័យថា “លោកម្ចាស់នៃខ្ញុំ” ឬ “ចៅហ្វាយរបស់ខ្ញុំ”។ ដូច្នេះហើយ ព្រះជាម្ចាស់កំពុងតែមានបន្ទូលទៅព្រះអម្ចាស់របស់ស្តេចដាវីឌ។ នៅក្នុងទំនុកដំកើង ១១០:១ ការដែលហៅឲ្យបានអង្គុយនៅខាងស្តាំនៃព្រះនោះ មិនមែនជាការហៅ ស្តេចដាវីឌនោះឡើយ ប៉ុន្តែជាការត្រាស់ហៅដល់ “ព្រះអម្ចាស់” របស់ដាវីឌដែលជាព្រះគ្រីស្ទ។ ការដែលហៅនោះជាការសំដៅទៅកាន់វង្សហ្លួងដាវីឌ ហើយការនេះបានសម្រេចដោយព្រះយេស៊ូវ។ ទំនុកដំកើង ១១០:១ ប្រាប់យើងទាំងអស់គ្នាថាពេលនេះព្រះយេស៊ូវគង់នៅកន្លែងណា។ ព្រះអង្គគឺ កំពុងតែគង់ នៅខាងស្តាំនៃព្រះ ជាឋានៈដ៏ខ្ពស់បំផុតនៅក្នុងអំណាចចេស្តាដែលគ្រប់គ្រងលើសកល លោកទាំងមូល (លូកា ២២:៦៩)។
ដាវីឌបានទាយអំពីការរស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទនៅក្នុងទំនុកដំកើង ១៦:១០ និងអំពីការដំកើង ព្រះអង្គនៅក្នុង ទំនុកដំកើង ១១០:១។ ដោយព្រោះតែការរស់ពីសុគតឡើងវិញនិងការលើកដំកើងព្រះអង្គ ទៅស្ថានសួគ៌(ដែលព្រឹត្តិការណ៍ទាំងពីរនេះពួកសាវ័កជាសាក្សីផ្ទាល់) ដែលបានសម្រេចសេចក្តីទំនាយ ទាំងពីររបស់ស្តេចដាវីឌ ហើយពន្យល់ពីការចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធនៅក្នុងក្រុងយេរូសាឡិមនាព្រឹក នោះ។
ដូច្នេះ ចូរឲ្យពួកវង្សអ៊ីស្រាអែលទាំងអស់ដឹងជាប្រាកដថា ព្រះទ្រង់បានលើកព្រះយេស៊ូវនេះ ដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទ្រង់ធ្វើជាព្រះអម្ចាស់ ហើយជាព្រះគ្រីស្ទផង។
២:៣៦ ការសន្និដ្ឋានរបស់លោកពេត្រុសគឺច្បាស់ថា ព្រះយេស៊ូវគឺជាព្រះអម្ចាស់ ហើយជាព្រះគ្រីស្ទ។ ព្រះយេស៊ូវបានប្រសូត្រមកជាព្រះគ្រីស្ទ (លូកា ២:១១) ហើយត្រូវ “បានចាក់ប្រេងតាំង” ជាព្រះគ្រីស្ទ ពេលដែលព្រះអង្គជ្រមុជទឹក (លូកា ៣:២១-២២, ៤:១៨)។ ព្រះវរបិតាបានលើកព្រះយេស៊ូវឡើង ឲ្យបានសោយរាជ្យជាព្រះអម្ចាស់ (“ជាព្រះនាមលើអស់ទាំងនាម” ភីលីព ២:៩) នៅពេលដែលទ្រង់បានដំកើងព្រះអង្គឡើងឲ្យបានគង់នៅខាងស្តាំរបស់ទ្រង់។
សូមចំណាំពីសេចក្តីប្រកាសរបស់លោកពេត្រុសដែលបានបញ្ជាក់ថាគឺព្រះដែលទ្រង់ធ្វើការដោយសារព្រះយេស៊ូវ។ ព្រះបានធ្វើការអស្ចារ្យដោយសារព្រះយេស៊ូវ (ខ២២) ព្រះបានប្រោស ហើយបានដំកើងព្រះអង្គ (ខ២៤,៣២-៣៣) ហើយព្រះបានតាំងឲ្យព្រះអង្គឲ្យបានធ្វើព្រះអម្ចាស់ហើយជាព្រះគ្រីស្ទ (ខ៣៦)។
កាលគេបានឮ នោះគេមានសេចក្ដីចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស នឹងពួកសាវកឯទៀតថា បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច
២:៣៧ លោកពេត្រុសធ្លាប់បានកាត់រួចមកហើយ។ កាលពីមុន គាត់បានប្រើដាវដើម្បីកាត់ស្លឹកត្រចៀក មនុស្សម្នាក់ដែលបានមកចាប់ខ្លួនព្រះយេស៊ូវ (យ៉ូហាន ១៨:១០)។ ប៉ុន្តែនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធ យាងមកសណ្ឋិតលើលោកពេត្រុស គាត់បានធ្វើការកាត់យ៉ាងមានប្រសិទ្ធភាពជាង។ នោះគឺគាតកាត់ចូល ទៅក្នុងចិត្តរបស់មនុស្ស។ នេះជាអ្វីដែលលោកពេត្រុសអាចធ្វើបានដោយព្រះចេស្តា នៃព្រះវិញ្ញាណបរិសុទ្ធ ដោយដាវនៃព្រះវិញ្ញាណដែលជាព្រះបន្ទូលនៃព្រះ។
ពាក្យនៅក្នុងភាសាក្រិចសម្រាប់ពាក្យថា “កាត់” មានន័យថា “ទម្លុះ” ឬ “ចាក់” ហើយសំដៅទៅលើ អ្វីមួយដែលកើតមានឡើងភ្លាមៗនិងមិនបានដឹងមុន។ ដោយទុក្ខសោក វិប្បដិសារី ជំនឿស៊ប់ ហើយនឹង ការភ្ញាក់ខ្លួន មនុស្សទាំងនោះភាំងដោយសេចក្តីប្រកាសរបស់លោកពេត្រុសដែលថាពួកគេជាអ្នកធ្វើគត់ ព្រះមែស្ស៊ី។ ពួកគេបានឆ្កាងព្រះយេស៊ូវហាក់បីដូចជាអ្នកទោសម្នាក់ ប៉ុន្តែដោយការរស់ពីសុគតឡើងវិញ ព្រះបានបញ្ជាក់ថាព្រះអង្គជាព្រះអម្ចាស់ហើយជាព្រះមែស្ស៊ី។
ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ
២:៣៨ លោកពេត្រុសប្រាប់យើងទាំងអស់គ្នាពីអ្វីដែលយើងត្រូវធ្វើនៅក្នុងការឆ្លើយតបចំពោះការ ដែលបានស្តាប់ឮដំណឹងល្អ។
ដំបូងបំផុត យើងត្រូវតែប្រែចិត្ត។ ការប្រែចិត្ត (μετανοέω) មានន័យថាត្រូវ “ផ្លាស់ប្តូរគំនិត” ឬ “គិតរបៀបផ្សេងទៀតបន្ទាប់ពីនោះ”។ វាគឺជាការសម្រេចិត្តមួយដែលបែរចេញពីអំពើបាប ហើយនឹងការ ដែលមិនជឿ មកឯព្រះជាម្ចាស់។ កាលពីមុនពួកសាសន៍យូដាទាំងនេះបានគិតថា ព្រះយេស៊ូវសក្តិសម ចំពោះការដាក់ទោសឆ្កាង ពេលនេះ ពួកគេត្រូវតែផ្លាស់ប្តូរការគិតរបស់ពួក គេហើយជឿលើព្រះយេស៊ូវថា ទ្រង់គឺជាព្រះអម្ចាស់ ហើយជាព្រះគ្រីស្ទ។
ទីពីរ លោកពេត្រុសប្រាប់ពួកគេឲ្យ “ទទួឡបុណ្យជ្រមុជទឹក” នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ មនុស្សទទួលពិធីជ្រមុជទឹកជាសញ្ញាបង្ហាញពីសេចក្តីជំនឿចំពោះអ្វីដែលព្រះយេស៊ូវបានធ្វើ សម្រាប់គេ។ ពិធីជ្រមុជទឹកគឺជានិមិត្តសញ្ញានៃការស្លាប់នៅក្នុងជីវិតចាស់ដែលបដិសេធព្រះ ហើយរស់ឡើងវិញនៅក្នុងជីវិតថ្មី ក្នុងព្រះគ្រីស្ទ។ តាមរយៈពិធីជ្រមុជទឹក សិស្សថ្មីបង្ហាញថា ពួកគេបានរួបរួមជាមួយនឹងព្រះយេស៊ូវ នៅក្នុង ការសុគតរបស់ព្រះអង្គ ត្រូវបានកប់របស់ព្រះអង្គ និងការរស់ពីសុគតឡើងរបស់ព្រះអង្គវិញ ហើយប្រកាសជាសាធារណៈថា ពេលនេះគាត់បានប្រែ ជាសិស្សរបស់ព្រះយេស៊ូវពេញមួយជីវិតហើយ។
ទោះបីជាពួកគេបានបដិសេធហើយបានធ្វើគត់ព្រះមែស្ស៊ីរបស់ពួកគេក៏ដោយ លោកពេត្រុសបានប្រាប់ ពួកគេថាពួកគេនៅតែអាចទទួលព្រះអង្គសូម្បីតែនៅក្នុងពេលឥលូវនេះ។ ប្រសិនបើពួកគេប្រែចិត្ត ពីអំពើបាបរបស់ពួកគេហើយទទួលបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមព្រះយេស៊ូវ ពួកគេនឹងទទួល អំណោយទានពីរ។ គឺការអត់ទោសបាបហើយនឹងព្រះវិញ្ញាណបរិសុទ្ធ ជាអ្វីដែលត្រូវបានប្រទាន ដល់ក្រុមជំនុំត្រឹមតែប៉ុន្មាននាទីមុននេះតែប៉ុណ្ណោះ។
ដ្បិតសេចក្ដីសន្យានោះ គឺសន្យាដល់អ្នករាល់គ្នា នឹងកូនចៅអ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងហៅ
២:៣៩ សេចក្តីសន្យានៃការដែលបានទទួលនូវការអត់ទោសហើយនឹងព្រះវិញ្ញាណបរិសុទ្ធគឺមិនមែន គ្រាន់តែមនុស្សដែលនៅក្នុងក្រុងយេរូសាឡិមតែប៉ុណ្ណោះទេ ប៉ុន្តែដល់មនុស្សដែលនៅជំនាន់ខាងមុខ ហើយនិងអ្នកដែលនៅឆ្ងាយ រួមទាំងយើងទាំងអស់គ្នាក្នុងពេលបច្ចុប្បន្នេះផងដែរ។ ព្រះគុណនៃព្រះ គឺសម្រាប់មនុស្សគ្រប់ជាតិសាសន៍ ហើយព្រះអង្គទ្រង់ត្រាស់ហៅមនុស្សពីគ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ប្រទេសទាំងអស់ឲ្យបានចូលមកឯទ្រង់។
គាត់ក៏ធ្វើបន្ទាល់អស់ពីចិត្ត ហើយទូន្មានដោយពាក្យជាច្រើនទៀតថា ចូរឲ្យអ្នករាល់គ្នាបានសង្គ្រោះ រួចពីពូជដំណវៀចនេះ នោះពួកអ្នកដែលទទួលពាក្យរបស់គាត់ដោយអំណរ ក៏បានទទួលបុណ្យជ្រមុជទឹក ហើយនៅថ្ងៃដដែលនោះ មានប្រហែលជា៣ពាន់នាក់ថែមកើនឡើងទៀត។
២:៤០-៤១ បុណ្យថ្ងៃទី៥០ គឺជាពិធីបុណ្យនៃការប្រារព្ធផលផ្លែដំបូងនៃរដូវចម្រូត។ ពួកអ្នកជឿដំបូងទាំង នេះ ត្រូវបានប្រមូលមកក្នុងក្រុមជំនុំជាផលផ្លែដំបូងនៃការប្រមូលផលនៃពួកអ្នកដែលជឿលើព្រះយេស៊ូវ។
សង្ខេបឲ្យខ្លី នៅក្នុងសេចក្តីអធិប្បាយដំបូងរបស់គាត់ លោកពេត្រុសបានប្រកាសថា ដោយព្រោះតែមានព្រឹត្តិការណ៍ចំនួនពីរ (ការសុគតរបស់ព្រះគ្រីស្ទហើយនឹងការរស់ពីសុគតឡើងវិញ) ជាការបញ្ជាក់របស់សាក្សីចំនួនពីរ (ពួកហោរាដែលបានទាយពីការនោះ ហើយនឹងពួកសាវ័កដែលជាសាក្សី ពីការនោះ) ព្រះបានតាំងសេចក្តីសន្យាចំនួនពីរ (ការអត់ទោស ហើយនឹងព្រះវិញ្ញាណបរិសុទ្ធ) ដោយមានលក្ខខណ្ឌពីរ គឺ (ការប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក)។
អ្នកទាំងនោះក៏នៅតែព្យាយាមក្នុងសេចក្ដីបង្រៀនរបស់ពួកសាវក ហើយក្នុងសេចក្ដីប្រកបគ្នា ព្រមទាំងការកាច់នំបុ័ង នឹងសេចក្ដីអធិស្ឋានផង
២:៤២ តើសហគមនៃមនុស្សដែលពេញដោយព្រះវិញ្ញាណនៃព្រះធ្វើអ្វីខ្លះ? ខគម្ពីរនេះប្រាប់យើងពីចំនុច សំខាន់ចំនួនបួនដែលក្រុមជំនុំដំបូងធ្វើ។ ការប្រព្រឹត្តទាំងនេះក៏គួរតែជាអាទិភាពចម្បងនៅក្នុងក្រុមជំនុំរបស់ យើងនៅក្នុងពេលបច្ចុប្បន្នេះផងដែរ។ សកម្មភាពទាំងនេះក៏ត្រូវតែជាអាទិភាពរបស់យើងនៅក្នុងក្រុមជំនុំ របស់យើងសព្វថ្ងៃនេះដែរ។ ពួកអ្នកជឿទាំងអស់ “នៅតែព្យាយាម” ចំពោះកិច្ចការ ទាំងបួននេះ។ ការដែលបង្ហាញពីការតាំងចិត្ត ក្នុងការព្យាយាមជាគំនិតមួយនៃការ ដែលមានស្មោះត្រង់និងការកាន់តាម កិច្ចការទាំងនេះជារៀងរាល់ថ្ងៃ។
ក្រុមជំនុំមានការស្រេកឃ្លានចង់ដឹងអំពីព្រះយេស៊ូវតាមរយៈព្រះបន្ទូលព្រះអង្គ។ ពួកគេបានព្យាយាមចំពោះ ការរៀនតាម “សេចក្តីបង្រៀនរបស់ពួកសាវ័ក” ជាទីបន្ទាល់របស់ពួកគេអំពីអ្វីដែលពួកគេបានឃើញ ហើយបានឮព្រះអង្គបង្រៀន (ម៉ាថាយ ២៨:២០)។ សេចក្តីបង្រៀននេះត្រូវបានប្រកាសទៅកាន់ក្រុមជំនុំ ហើយក្រោយមកត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរសញ្ញាថ្មីដោយពួកសាវ័ក។ ដូច្នេះហើយ យើងទាំងអស់គ្នា ក៏អាចព្យាយាមនៅក្នុងសេចក្តីបង្រៀនរបស់ពួកសាវ័កនៅក្នុងពេលសព្វថ្ងៃនេះជារៀងរាល់ថ្ងៃដោយព្រះគម្ពីរសញ្ញាថ្មី។ ក្រុមជំនុំដែលពេញដោយព្រះវិញ្ញាណ គឺជាក្រុមជំនុំដែលសិក្សា និងចុះចូលចំពោះការណែនាំនៃ ព្រះគម្ពីរសញ្ញាថ្មី។ ព្រះវិញ្ញាណនៃព្រះដឹកនាំប្រជារាស្រ្តនៃព្រះឲ្យមានសេចក្តីស្រឡាញ់ និងចុះចូលចំពោះ ព្រះបន្ទូលនៃព្រះ។
“សេចក្តីប្រកបគ្នា” (κοινωνία) មានន័យថា ចែករំលែក ចូលរួម មានការប្រកបជិតស្និត ឬសហការជាមួយនឹងអ្នកណាម្នាក់។ សម្រាប់ក្រុមជំនុំនៅក្នុងក្រុយេរូសាឡិម ការនេះមានន័យថា ចំណាយពេលជាមួយគ្នាទៅវិញទៅមក បរិភោគអាហារហើយនឹងអធិស្ឋានជាមួយគ្នា (ខ៤២) ហើយនិងការចែករំលែកទ្រព្យសម្បត្តិរបស់ពួកគេជាមួយនឹងគ្នា (ខ៤៤-៤៥)។ ការប្រកបគ្នារបស់ គ្រីស្ទានមានន័យថាយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ហើយក៏ចែករំលែកនូវអ្វីដែលយើងមាន ដើម្បីនឹងជួយដល់អ្នកដែលមានសេចក្តីត្រូវការ។ នៅក្នុងសហគមបែបយ៉ាងដូច្នេះគ្មានការច្រណែន ឬអំណួតដោយព្រោះតែគ្រប់គ្នាធ្វើការជាមួយគ្នាដើម្បីជាប្រយោជន៍ដល់គ្រប់គ្នាទាំងអស់។
“ការកាច់នំប៉័ង” មានន័យថាពួកអ្នកជឿទាំងអស់បរិភោគអាហារជាមួយនឹងគ្នា ដែលរួមទាំងពិធីរំលឹកព្រះ អម្ចាស់ដែលជាចំនុចសំខាន់នៃអាហារនោះ (ម៉ាកុស ១៤:២២-២៥; ១ កូរិនថូស ១១:១៧-៣៤)។ នៅក្នុងប្រទេសមជ្ឈិមបូព៌ា ការដែលបរិភោគអាហារជាមួយគ្នាគឺជានិមិត្តសញ្ញានៃមិត្តភាពនិងការរួបរួម ដូច្នេះហើយពេលដែលពួកអ្នកជឿដែលមានប្រវត្តិផ្សេងៗគ្នាចែករំលែកអាហារជាមួយគ្នា វាគឺជាការបង្ហាញដ៏មានឥទ្ធិពលនៃសេចក្តីស្រឡាញ់ហើយនឹងការរួបរួមដែលពួកគេមាននៅក្នុងព្រះគ្រីស្ទ។
“សេចក្តីអធិស្ឋាន” គឺជារបៀបមួយដែលក្រុមជំនុំស្វែងយល់ដើម្បីឲ្យបានស្គាល់ព្រះ និងបំណងព្រះហឫទ័យព្រះអង្គ ហើយទទួលស្គាល់ថាយើងទាំងអស់គ្នាពឹងអាងលើព្រះអង្គ។ សេចក្តីអធិស្ឋានរបស់យើងប្រៀបបាន ដូចជាឃ្លិនឈ្ងុយ នៃដង្វាយគ្រឿងក្រអូបថ្វាយដល់ព្រះ (វិវរណៈ៥:៨) ដែលគាប់ព្រះទ័យ ព្រះអង្គដោយព្រោះតែ ការធិស្ឋានគឺជាសញ្ញាមួយអំពីសេចក្តីជំនឿរបស់យើងដែលមានលើព្រះអង្គ។
ព្រះយេស៊ូវបានបង្រៀនសិស្សរបស់ព្រះអង្គឲ្យចេះអធិស្ឋានទៅកាន់ព្រះ ជា “ព្រះវរបិតា” (ម៉ាកុស ១៤:៣៦; ម៉ាថាយ ៦:៦-១៣)។ ទំនាក់ទំនងថ្មីជាមួយនឹងព្រះមួយនេះបានប្រែជាការពិតនៅក្នុងជីវិត របស់ពួកគេដោយសារការយាងមកនៃព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណនៃព្រះដឹកនាំប្រជារាស្រ្តរបស់ ព្រះឲ្យមានសេចក្តីស្រឡាញ់ និងអធិស្ឋានដល់ព្រះ ស្រែករកព្រះអង្គថា “ឱអ័ប្បា ព្រះវរបិតាអើយ” (រ៉ូម ៨:១៥; កាឡាទី ៤:៦)។
ពួកសិស្សចង់ដឹងថាហេតុអ្វីបានជាពួកគាត់មិនអាចបណ្តេញវិញ្ញាណអាក្រក់។ ព្រះយេស៊ូវបាន ប្រទានឲ្យពួកគេមានអំណាចនៅក្នុងការបណ្តេញវិញ្ញាណអាក្រក់ពីមុន (៦:៧) ហើយពួកគាត់ពិតជាបានបណ្តេញ ចេញមែន (៦:១៣, ៦:៣០)។ ភាពបរាជ័យរបស់ពួកគាត់ក្នុងពេលនេះបណ្តាលមកពីការខ្វះសេចក្តីអធិស្ឋាន។
សេចក្តីអធិស្ឋានគឺជាអ្វីដែលសំខាន់ប្រសិនបើយើងចង់សូមឲ្យព្រះធ្វើការនៅក្នុងស្ថានភាពណាមួយ។ ព្រះយេស៊ូវ បានអធិស្ឋាននៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើព្រះអង្គ ពេលដែលព្រះអង្គបានជ្រមុជទឹក (លូកា ៣:២១-២២)។ ព្រះអង្គបានអធិស្ឋានពេញមួយយប់មុនពេលដែលព្រះអង្គជ្រើសរើសសិស្សទាំងដប់ពី រនាក់ (លូកា ៦:១២)។ ព្រះអង្គបានអធិស្ឋាននៅពេលដែលព្រះអង្គមានការផ្លាស់ប្រែ (លូកា ៩:២៩)។ ព្រះអង្គទទួលបានជ័យជំនះនៅក្នុងសួនច្បារគែតសេម៉ានីដោយសេចក្តីអធិស្ឋាន (១៤:៣២-៤២)។ ប្រសិនបើ ព្រះរាជបុត្រានៃព្រះត្រូវការអធិស្ឋានដើម្បីទទួលបានភាពជោគជ័យ នោះយើងទាំងអស់ត្រូវការអធិស្ឋានដើម្បី ទទួលបានភាពជោគជ័យផងដែរ។
គ្រប់គ្នាកើតមានចិត្តកោតខ្លាច ហើយមានការអស្ចារ្យ នឹងទីសំគាល់ជាច្រើនកើតមក ដោយសារពួកសាវកដែរ
២:៤៣ ការអស្ចារ្យនិងទីសំគាល់បញ្ជាក់ថាពួកសាវ័កបន្តកិច្ចការរបស់ព្រះយេស៊ូវ (១:១, ៣:៦)។ ការអស្ចារ្យទាំងនោះជាការដែលបញ្ជាក់ថានគរនៃព្រះបានមកដល់ផែនដីហើយ (លូកា ៩:២, ៩:១១; ១០:៩; ១១:២០)។
ពួកអ្នកដែលជឿទាំងប៉ុន្មាន ក៏នៅជាមួយគ្នា ហើយមានរបស់ទាំងអស់នៅមូលព្រមគ្នា គេក៏លក់ទ្រព្យសម្បត្តិ នឹងរបស់គេទាំងប៉ុន្មាន ចែកដល់គ្នាតាមដែលគ្រប់គ្នាត្រូវការ
២:៤៤ ក្រុមជំនុំនៅក្រុងយេរូសាឡិម ជាសហគមមួយដែលពេញដោយសេចក្តីស្រឡាញ់ដែល មនុស្សជាច្រើនយកចិត្តទុកដាក់និងផ្គត់ផ្គង់ឲ្យគ្នាទៅវិញទៅមក។ មនុស្សដែលនៅក្នុងសហគមថ្មីនេះ មិនមានអ្វីដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនឡើយហើយចែករំលែកអស់ទាំងទ្រព្យសម្បត្តិដែលពួកគេមាន។
២:៤៥ ក្រុមជំនុំគឺជាគ្រួសារមួយ ហើយគ្រួសារដ៏ល្អយកចិត្តទុកដាក់ចំពោះសមាជិកគ្រួសាររបស់គេផ្ទាល់ (៤:៣២-៣៥)។
រាល់តែថ្ងៃ គេនៅតែព្យាយាមក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀងគ្នា ឯកាលនៅផ្ទះ ក៏កាច់នំបុ័ង ហើយបរិភោគអាហារ ដោយអំណរ នឹងចិត្តស្មោះត្រង់ ព្រមទាំងសរសើរដល់ព្រះ ហើយបណ្តាជនទាំងអស់គ្នាក៏រាប់អានគេ ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃទៅ ក្នុងពួកជំនុំថែមទៀត។
២:៤៦-៤៧ ក្រុមជំនុំមានសេចក្តីអំណរ និងបានសរសរដំកើងព្រះមិនដាច់ (២:៤៧, ៣:៨–៩, ៤:២១, ១១:១៨, ១៣:៤៨, ១៦:២៥, ២១:២០; លូកា ២:២០, ៥:២៥–២៦, ៧:១៦, ១៣:១៣, ព. ១៧:១៥, ១៧:១៨, ១៨:៤៣, ១៩:៣៧, ២៤:៥៣) ហើយពួកគេមានការគោរព ចំពោះមនុស្សទាំងអស់ដោយព្រោះតែជីវិតនៃការរស់នៅដែលកោតខ្លាចដល់ព្រះរបស់ពួកគេ។
ចំនួនរបស់ពួកគេចេះតែកើនឡើងគ្រាដែលព្រះបន្ថែមពួកអ្នកជឿទៅក្នុងក្រុមជំនុំថែមទៀត។ តើយើងអាចឃើញការរីកចំរើនបែបយ៉ាងដូច្នេះនៅក្នុងក្រុមជំនុំរបស់យើងដែរទេ? សេចក្តីសង្រ្គោះគឺជាកិច្ចការរបស់ព្រះ(ខ៣៩)។ បើយើងធ្វើតាមគំរូនៃការធ្វើជាសហគមន៍ ដែលបានពិពណ៌នាក្នុងកិច្ចការ ២:៤២-៤៧ ព្រះនឹងធ្វើកិច្ចការនៃការរីកចំរើនក្រុមជំនុំរបស់ព្រះអង្គ។




