top of page

កំពុង​ដែល​អ័ប៉ុឡូស​នៅ​ក្រុង​កូរិន‌ថូស នោះ​ប៉ុល​បាន​ដើរ​កាត់​អស់​ទាំង​ស្រុក​ខាង​លើ រហូត​ដល់​ក្រុង​អេភេសូរ កាល​គាត់​រក​ឃើញ​សិស្ស​ខ្លះ នោះ​ក៏​សួរ​ថា

 

១៩:១ នេះគឺជាការធ្វើដំណើរបេសកកម្មទីបីរបស់លោកប៉ុល​។ ​គាត់បានមកដល់ក្រុងអេភេសូរនៅក្នុង រដូវក្តៅ ក្នុងឆ្នាំ ៥២ គ,ស ហើយបានស្នាក់នៅអស់រយៈពេល​បីឆ្នាំ។ ​នេះគឺជារយៈពេលយូរបំផុត ដែលគាត់បានចំណាយពេលនៅទីកន្លែងណាមួយក្នុងការធ្វើដំណើរបេសកកម្មរបស់គាត់។ ​​

 

ចាប់​តាំង​ពី​អ្នក​រាល់​គ្នា​ជឿ​មក តើ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ហើយ​ឬ​នៅ គេ​ឆ្លើយ​ថា យើង​ខ្ញុំ​មិន​បាន​ទាំង​ឮ​និយាយ​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង

 

១៩:២ នៅក្នុងក្រុងអេភេសូរ លោកប៉ុលបានជួបជាមួយនឹងអុ្នកជឿ ដប់ពីរនាក់។ ​ប្រហែលជា គាត់កត់សំគាល់ថាពួកគេខ្វះការយល់ដឹងហើយនឹងព្រះចេស្តានៃព្រះវិញ្ញាណ ដូច្នេះហើយគាត់បានសួរ ពួកគេថាតើពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ  ពួកគេបានឆ្លើយថាមិនទាន់ទេ។ ​ការពិតដែលពួកគេមិនបានទទួលព្រះវិញ្ញាណបរិសុទ្ធបង្ហាញថាពួកគេមិនទាន់បានប្រែក្លាយជារបស់ផងព្រះយេស៊ូវនៅឡើយទេ ​(រ៉ូម ៨:៩)។ 

 

នៅក្នុងជំពូកមុន យើងបានអានអំពីអ័ប៉ុឡុសដែលបានបង្ហាញបង្រៀនពីផ្លូវព្រះយ៉ាងត្រឹមត្រូវប៉ុន្តែថា ការយល់ដឹងរបស់គាត់គឺមិនទាន់ពេញលេញ។ ស្រដៀងគ្នានេះដែរ ​មនុស្សទាំងនេះជឿលើការបង្ហាត់ បង្រៀនដែលពួកគាត់បានទទួល ប៉ុន្តែការបង្ហាត់បង្រៀនរបស់ពួកគាត់នោះគឺមិនពេញលេញទេ។ ​ពួកគាត់មិនទាំងបានឮនិយាយពីព្រះវិញ្ញាណបរិសុទ្ធផង។ ​សូមនឹកចាំថាការនេះគឺនៅក្នុងអំឡុងឆ្នាំ ៥២ គ,ស ហើយព្រះគម្ពីរសញ្ញាថ្មីភាគច្រើនមិនទាន់ត្រូវបានកត់ត្រានៅឡើយទេ។ ​ដូច្នេះហើយ នៅក្នុង ពេលនោះ ពួកអ្នកជឿមិនទាន់មានការយល់ដឹងពីកិច្ចការរបស់ព្រះទាំងស្រុងអំពីសេចក្តីសង្រ្គោះ ដែល យើងទាំងអស់គ្នាអាចមាននៅក្នុងពេលសព្វថ្ងៃនេះដោយការរៀនអាននៅក្នុងព្រះគម្ពីរសញ្ញាថ្មីនោះឡើយ។ ​

 

គាត់​សួរ​គេ​ទៀត​ថា ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ដោយ​នូវ​អ្វី គេ​ឆ្លើយ​ថា គឺ​ដោយ​នូវ​បុណ្យ​ជ្រមុជ​របស់​លោក​យ៉ូហាន​ទេ

 

១៩:៣ ​នៅក្នុងបទគម្ពីរកិច្ចការ  យើងបានឃើញថា មានទំនាក់ទំនងយ៉ាងជិតស្និតរវាងការទទួល ព្រះវិញ្ញាណបរិសុទ្ធ និងបុណ្យជ្រមុជទឹក ​(២:៣៨, ៨:១៤-១៧, ១០:៤៤-៤៨)។ ដូច្នេះហើយនៅពេល ដែលលោកប៉ុល បានឮថាមនុស្សទាំងនេះមិនបានទទួលព្រះវិញ្ញាណបរិសុទ្ធនោះ គាត់បានសួរពី បុណ្យជ្រមុជទឹករបស់ ពួកគេភ្លាម។ ​ពួកគេបានទទួល “បុណ្យជ្រមុជរបស់លោកយ៉ូហាន” ​ដែលមានន័យថាពួកគេបានធ្វើដំណើរ ទៅស្រុកយូដាប្រមាណជា ម្ភៃឆ្នាំមុនហើយទទួលបុណ្យជ្រមុជ នៅទន្លេយ័រដាន់។ បុណ្យជ្រមុជរបស់ លោកយ៉ូហានបង្ហាញថាមនុស្សម្នាក់បានប្រែចិត្តពីអំពើបាបរបស់គាត់ ​​(ម៉ាកុស ១:៤; លូកា ៣:៣, ៣:៨;​ កិច្ចការ ១០:៣៧; ១៣:២៤-២៥)។ ​

រួច​ប៉ុល​និយាយ​ថា លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក ពី​ដំណើរ​ការ​ប្រែ​ចិត្ត ទាំង​ប្រាប់​ពួក​ជន​ឲ្យ​ជឿ​ដល់​ព្រះ‌អង្គ ដែល​យាង​មក​ក្រោយ​លោក​វិញ គឺ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ

 

១៩:៤ លោកប៉ុលបានប្រាប់ដល់មនុស្សទាំងអ្វីដែលលោកយ៉ូហានបាប់ទីស្ទបានប្រកាស។ ​លោកយ៉ូហានប្រាប់មនុស្សថា​មួយអង្គដែលមកក្រោយគាត់ ទ្រង់នឹងធ្វើបុណ្យជ្រមុជឲ្យគេ ដោយ ព្រះវិញ្ញាណវិញ ​ហើយព្រះអង្គគឺជាព្រះគ្រីស្ទដែលពួកគេត្រូវជឿតាម (លូកា ៣:១៥-១៧; ៧:១៨-២៣; យ៉ូហាន ១:២៦-៣៤; ៣:២៥-៣០)។ ហេតុនេះហើយមើលទៅ ដូចជាមនុស្សទាំងនេះ បានធ្វើការប្រែចិត្ត ពីអំពើបាបរបស់ពួកគាត់យ៉ាងពិតប្រាកដ ប៉ុន្តែពួកគាត់មិនដែលបានដឹងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ និងជាព្រះអម្ចាស់នោះឡើយ ដូច្នេះហើយពួកគាត់មិនបានទទួលបុណ្យជ្រមុជទឹក នៅក្នុងព្រះនាមព្រះអង្គ ហើយបានទទួលព្រះវិញ្ញាណបរិសុទ្ធនៅឡើយទេ។ ​

កាល​បាន​ឮ​ដូច្នោះ​ហើយ នោះ​គេ​ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​វិញ

 

១៩:៥​​ បន្ទាប់ពីមនុស្សទាំងនេះបានស្តាប់ឮពីអ្វីដែលលោកប៉ុលប្រាប់ថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ និងជាព្រះអម្ចាស់ ពួកគេបានឆ្លើយតបដោយសេចក្តីជំនឿ និងការស្តាប់បង្គាប់ ដោយការទទួលបុណ្យជ្រមុជ នៅក្នុងព្រះនាមព្រះយេស៊ូវវិញ។ ​

រួច​ប៉ុល​ដាក់​ដៃ​លើ​គេ ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​គេ នោះ​គេ​ចាប់​តាំង​និយាយ​ភាសា​ដទៃ ហើយ​អធិប្បាយ​ផង ពួក​អ្នក​ទាំង​នោះ​មាន​គ្នា​ប្រហែល​ជា​១២​នាក់។ 

 

១៩:៦-៧ ក្រោយពេលដែលគេបានទទួលបុណ្យជ្រមុជទឹក លោកប៉ុលបានដាក់ដៃលើពួកគេ ហើយព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេហើយគេបានចាប់ផ្តើមទាយនិងនិយាយភាសា ដទៃ​​( ២:៤; ​៨:១៧; ១០:៤៥-៤៦)។ ​​ការនេះបង្ហាញថាការផ្លាស់ប្រែរបស់ពួកគេបានពេញលេញហើយ ក្នុងពេលនេះ។ ​

នៅក្នុងបទគម្ពីរកិច្ចការ យើងបានឃើញថាការផ្លាស់ប្រែមានរួមផ្សំនឹងកិច្ចការ​បួនយ៉ាង។ ​តែងតែមានការផ្លាស់ប្រែចិត្តចេញពីបាប ជំនឿលើព្រះយេស៊ូវ  បុណ្យជ្រមុជទឹក និងអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ។ ​ព្រះវិញ្ញាណបរិសុទ្ធបានយាងមកមុនពេលទទួលបុញ្យជ្រមុទឹកនៅក្នុង ១០:៤៤-៤៨ (នៅផ្ទះរបស់លោកកូនេលាស); ហើយក្រោយពេលបុណ្យជ្រមុជទឹក នៅក្នុង ៩:១៤-១៧ (នៅស្រុកសាម៉ារី)។ ដូច្នេះហើយមិនមានលំដាប់លំដោយនៃការដែលថា កិច្ចការណាមួយ ត្រូវកើតឡើងមុនក្រោយឡើយ ប៉ុន្តែចំនុចទាំងបួននេះគឺមានសារៈសំខាន់នៅក្នុងការផ្លាស់ប្រែ។ ​
 

ប៉ុល​ក៏​ចូល​ទៅ​អធិប្បាយ ក្នុង​សាលា​ប្រជុំ ដោយ​ក្លាហាន ហើយ​ក្នុង​រវាង​៣​ខែ គាត់​ចេះ​តែ​ជជែក​ពន្យល់ ព្រម​ទាំង​បញ្ចុះ​បញ្ចូល​គេ ឲ្យ​ជឿ​តាម​អស់​ទាំង​សេចក្ដី​ពី​នគរ​ព្រះ

 

១៩:៨ តាមទម្លាប់របស់គាត់ លោកប៉ុលចាប់ផ្តើមបេសកកម្មរបស់គាត់ទៅទីក្រុងថ្មីណាមួយ ដោយការចូលទៅបង្រៀននៅក្នុងសាលាប្រជុំសាសន៍យូដា។ កាលពីមុន គាត់បានមកសាលាប្រជុំនេះ ម្តងហើយនៅក្នុងការបញ្ចប់ការធ្វើដំណើរបេសកកម្មទីពីររបស់គាត់​ហើយពួកគេបានសុំឲ្យគាត់ស្នាក់នៅ ប៉ុន្តែគាត់ត្រូវចេញទៅក្រុងយេរូសាឡិម (១៨:១៩-២១)។ ​ពេលនេះ គាត់ត្រឡប់មកឯគេវិញ ហើយជជែកអំពី “រាជនគរនៃព្រះ” (ដែលជា  ការប្រកាសអំពីព្រះយេស៊ូវ  ជាព្រះគ្រីស្ទ ដែលបានសម្រេចតាមសេចក្តីសន្យារបស់ព្រះអំពីស្តេចមួយអង្គដែលសោយរាជ្យអស់កល្បជានិច្ច (១៨:៥, ១៨:១៩)។ 

 

លោកប៉ុលនិយាយដោយ “ក្លាហាន” ដោយព្រោះតែគាត់បានដឹងថាអាចនឹងមានការទាស់ទទឹងពី ពួកសាសន៍យូដាមួយចំនួនជាមួយនឹងសេចក្តីដែលគាត់បានប្រកាស (ដូចដែលលោកអ័ប៉ូឡូសបាននិយាយដោយក្លាហានទៅកាន់ពួកអ្នកក្រុងអេភេសូរពីមុនដែរ ១៨:២៦)។ យ៉ាងណាម៉ិញ  ពេលដែល លោកប៉ុលកំពុងតែជជែកជាមួយគេនោះ ​ មានសាសន៍យូដាជាច្រើននៅក្នុងក្រុងអេភេសូរ ដែលជា អ្នកបើកចិត្តគំនិតពីសេចក្តីដែលគាត់បានប្រកាស ហើយគាត់បានជជែកជាមួយពួកគេអស់រយៈពេលបីខែ។ ​

 

លុះ​កាល​អ្នក​ខ្លះ​កើត​មាន​ចិត្ត​រឹង‌ទទឹង ហើយ​ចចេស ព្រម​ទាំង​និយាយ​អាក្រក់​ពី​ផ្លូវ​នោះ នៅ​មុខ​ប្រជា‌ជន នោះ​គាត់​ក៏​ថយ​ចេញ​ពី​គេ​ទៅ ញែក​យក​ទាំង​ពួក​សិស្ស​ទៅ​ផង រួច​គាត់​ជជែក​ពន្យល់​ក្នុង​សាលា​បង្រៀន​របស់​ទីរ៉ា‌នុស​ជា​រាល់​ថ្ងៃ

 

១៩:៩ នៅទីបំផុត មានសាសន៍យូដាមួយចំនួនដែលបដិសេធហើយនិយាយបង្ខូចពីសេចក្តីជំនឿរបស់ គ្រីស្ទាននោះបានជាលោកប៉ុលចាកចេញពីសាលាប្រជុំ “ហើយបាននាំយកពួកសិស្សទៅជាមួយគាត់”។  ​ការពិតដែលថាលោកប៉ុលបានបង្កើតសិស្សនៅក្នុងសាលាប្រជុំបង្ហាញថាមានពួកសាសន៍យូដាមួយចំនួនបានទទួលដំណឹងល្អដោយសេចក្តីជំនឿដែរ។ 

ក្រោយពេលចាកចេញពីសាលាប្រជុំហើយ លោកប៉ុលបានជួលសាលាបង្រៀនមួយពីបុរសម្នាក់ដែលមាន ឈ្មោះថា ទីរ៉ានុស។ ​លោកប៉ុលបានបង្រៀននៅទីនោះជារៀងរាល់ថ្ងៃក្នុងពេលថ្ងៃ (ចាប់ពីម៉ោង ១១ ព្រឹកដល់​៤​ល្ងា) នៅពេលដែលមនុស្សភាគច្រើនសម្រាកពីការងាររបស់គេ ហើយមានពេលទំនេរអាច មកស្តាប់គាត់បង្រៀន។ ​

គាត់​ធ្វើ​ដូច្នោះ អស់​២​ឆ្នាំ ដល់​ម៉្លេះ​បាន​ជា​អស់​អ្នក ដែល​នៅ​ស្រុក​អាស៊ី បាន​ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ទាំង​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ផង

 

១៩:១០ រយៈពេលពីរឆ្នាំនេះគឺជាពេលវេលាដែលមានផលផ្លែខ្លាំងបំផុតនៅក្នុងបេសកកម្មរបស់ លោកប៉ុល។  លោកបានសរសេរសំបុត្រទៅកាន់គ្រីស្ទាននៅក្រុងកូរិនថូសណោក្នុងពេលនេះ ហើយប្រាប់ពួកគេថា “​ដ្បិត​មាន​ទ្វារ​យ៉ាង​ធំ ហើយ​ស្រួល​បាន​បើក​ចំហរ​ឲ្យ​ខ្ញុំ” ​(១ កូរិនថូស ១៦:៨-៩)។  នៅក្នុងពេលនេះ  លោកប៉ុលបានប្រកាសដំណឹងល្អដោយគ្មានការបៀតបៀន ហើយលទ្ធផលពីការនេះ គឺថាទាំងពួកសាសន៍យូដានិងសាសន៍ក្រេកទាំងអស់ដែលរស់នៅក្នុងខេត្តអាស៊ីបានស្តាប់ឮ “ព្រះបន្ទូលនៃព្រះអម្ចាស់”  គឺជា  ដំណឹងល្អនៃព្រះយេស៊ូវ  ព្រះមែស្ស៊ីរបស់អ៊ីស្រាអែល និងជាព្រះអង្គសង្រ្គោះរបស់ពិភពលោក។ ​

 

ព្រះបន្ទូលនៃព្រះអម្ចាស់នេះត្រូវបានប្រកាសពាសពេញខេត្តអាស៊ីដោយព្រោះតែមនុស្សបានចូលមកក្រុង អេភេសូរពីកន្លែងផ្សេងៗទៀតនៅក្នុងខេត្ត ហើយបានស្តាប់ឮលោកប៉ុលប្រកាសដំណឹងល្អ ហើយពួកគេបាននាំយកដំណឹងនោះទៅស្រុកកំណើតរបស់គេវិញ។ ហើយក៏ មានអ្នករួមការងារជាមួយនឹង ប៉ុល បាននាំយកដំណឹងល្អទៅប្រកាសនៅក្នុងក្រុងផ្សេងទៀតនៅខេត្តអាស៊ីដែរ។ ​ឧទាហរណ៍  អេប៉ាប្រាសបាននាំយកដំណឹងល្អទៅទីក្រុង កូឡូស ឡៅឌឺសេ ហេរ៉ាប៉ូលហើយបានតាំងពួកជំនុំជាច្រើន នៅទីនោះ ​(កូឡូស ១:៧-៨;​២:១; ៤:១២-១៣)។  ​ពួកជំនុំទាំងប្រាំពីរ នៅក្នុងវិវរណៈ (អេភេសូរ ស្មឺណា ពើការម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា ឡៅឌីសេ)ក៏ជាពួកជំនុំដែលត្រូងបានតាំងឡើងនៅក្នុង ពេលនេះផងដែរ។

 

ហើយ​ព្រះ‌ទ្រង់​ធ្វើ​ការ​ឫទ្ធិ‌បារមី​យ៉ាង​ប្លែកៗ ដោយ‌សារ​ដៃ​ប៉ុល ដល់​ម៉្លេះ​បាន​ជា​គេ​គ្រាន់​តែ​យក​កន្សែង ឬ​ក្រមា ពី​ខ្លួន​គាត់ ទៅ​ដាក់​លើ​មនុស្ស​មាន​ជំងឺ នោះ​គេ​ក៏​បាន​ជា ហើយ​មាន​អារក្ស‌អសោចិ៍​ចេញ​ពី​មនុស្ស​ដែរ។ 

 

១៩:១១-១២ នៅក្នុងពេលនេះ ​ព្រះបានធ្វើការអស្ចារ្យយ៉ាងវិសេសដោយសារលោកប៉ុល។  នៅពេលដែលលោកប៉ុលធ្វើត្រសាល គាត់បានពាក់ក្រមាហើយប្រើកន្សែងដើម្បីជូតញើសរបស់គាត់ចេញ។ ​មនុស្សជាច្រើនបានយកកន្សែងនិងក្រមាទាំងនេះទៅដាក់លើពួកអ្នកឈឺហើយពួកគេក៏បានជា ហើយអស់អ្នកដែលមានអារក្សអាសោចិ៍ត្រូវបានប្រោសឲ្យរួចដែរ។ ​

 

ការនេះរំលឹកដល់យើងទាំងអស់គ្នាពីស្រ្តីដែលមានជំងឺធ្លាក់ឈាមជាយព្រះពស្ត្រព្រះយេស៊ូវ ហើយត្រូវបានជាពីជំងឺមួយរំពេច (លូកា​ ៨:៤៤)។ 

 

ការអស្ចារ្យទាំងនេះគឺមិនមែនដោយព្រោះតែសម្លៀក​បំពាក់​របស់លោកប៉ុលមាន​អំណាច​នោះឡើយ ប៉ុន្តែដោយព្រោះតែព្រះបានទតឃើញថាមនុស្សមានជំនឿ ហើយព្រះអង្គបានប្រោសគេឲ្យបានជា។ ​ព្រះបានធ្វើការដោយសារលោកប៉ុលដើម្បីបញ្ជាក់ដល់មនុស្ស ទាំងនោះថាគាត់គឺជាសាវ័ក ហើយបង្ហាញពីការអនុញ្ញាតរបស់ព្រះអង្គចំពោះអំណាចក្នុងព័ន្ធកិច្ច និងសេចក្តីប្រកាសរបស់លោកប៉ុល (២ កូរិនថូស​ ១២:១២)។

រីឯ​មាន​មនុស្ស​សាសន៍​យូដា​ខ្លះ ជា​គ្រូ​មន្ត‌អាគម ដែល​ដើរ​ចុះ​ឡើង គេ​ក៏​ចាប់​តាំង​អំពាវ‌នាវ ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ ពី​លើ​មនុស្ស​ដែល​មាន​អារក្ស‌អសោចិ៍​ចូល​ថា អញ​បង្គាប់​ឯង ដោយ​នូវ​ព្រះ‌យេស៊ូវ ដែល​ប៉ុល​ប្រកាស​ប្រាប់​នោះ 14ក្នុង​ពួក​មនុស្ស​ដែល​ធ្វើ​ដូច្នោះ មាន​៧​នាក់ ជា​កូន​នៃ​សាសន៍​យូដា​ម្នាក់ ដែល​ធ្វើ​ជា​សង្គ្រាជ​ឈ្មោះ​ស្កេវ៉ា

 

១៩:១៣-១៤ ស្កេវ៉ាគឺជា សាសន៍យូដាម្នាក់ ហើយជាមេលើពួកសង្ឃម្នាក់នៅក្រុងអេភេសូ។ ​គាត់មានកូនប្រុសប្រាំពីរនាក់ដែលមិនបានជឿលើដំណឹងល្អដែលលោកប៉ុលប្រកាសនោះឡើយ ប៉ុន្តែនៅពេលដែលពួកគេបានឃើញពីព្រះចេស្តានៃព្រះដែលបានធ្វើការដោយសារដៃប៉ុលនោះ ពួកគេបានព្យាយាមប្រើព្រះនាមព្រះយេស៊ូវនៅក្នុងការបណ្តេញវិញ្ញាណអាក្រក់ដែរ។ ​

តែ​អារក្ស‌អសោចិ៍​ឆ្លើយ​ទៅ​គេ​ថា យើង​ស្គាល់​ព្រះ‌យេស៊ូវ​ហើយ ក៏​ស្គាល់​ប៉ុល​បន្តិច‌បន្តួច​ដែរ តែ​ឯ​ឯង​រាល់​គ្នា តើ​ជា​អ្នក​ណា​វិញ

 

១៩:១៥ នៅពេលដែលកូនទាំងប្រាំពីរនាក់របស់ស្កេវ៉ាព្យាយាមបណ្តេញវិញ្ញាណអាក្រក់នោះ វាបានសួរថា “តើឯងជាអ្នកណា?” ការនេះបង្ហាញដល់យើងទាំងអស់គ្នាពីអត្តសញ្ញាណរបស់ពួកគ្រូបណ្តេញខ្មោច គឺសំខាន់ណាស់នៅក្នុងពិភពខាងព្រលឹងវិញ្ញាណ។ ​នៅក្នុងដំណឹងល្អទាំងបួន យើងអានពីរបៀបដែលព្រះយេស៊ូវមានអំណាចក្នុងការបណ្តេញវិញ្ញាណអាក្រក់ ដោយព្រោះតែព្រះអង្គគឺជាព្រះរាជបុត្រានៃព្រះ (ម៉ាថាយ ៨:២៨-២៩; ម៉ាកុស ១:២៤)។  លោកប៉ុលមានអំណាចនៅក្នុងការបណ្តេញវិញ្ញាណអាក្រក់ដោយព្រោះតែព្រះកំពុងតែធ្វើការដោយសារដៃគាត់ (ខ១១)។  ប៉ុន្តែវិញ្ញាណអាក្រក់មិនស្គាល់កូនៗរបស់ស្កេវ៉ាវនោះឡើយ។ ​​ពួកគេមិនមែនជាដំណាងរបស់ព្រះយេស៊ូវដូច្នេះហើយពួកគេគ្មានអំណាចខាងព្រលឹងវិញ្ញាណនោះឡើយ។ ​

អំណាចខាងព្រលឹងវិញ្ញាណពិតប្រាកដមិនមែនបានមកដោយសារតែគ្រឿងមន្តអាគមឬដោយមន្តអាគមណាមួយឡើយ។ ​អំណាចខាងព្រលឹងវិញ្ញាណពិតប្រាកដគឺបានមកពីព្រះយេស៊ូវ។ ​ហេតុផលដែលលោកប៉ុល អាចបណ្តេញវិញ្ញាណអាក្រក់បានគឺដោយព្រោះតែព្រះយេស៊ូវគឺជាព្រះអម្ចាស់របស់លោកប៉ុល  ហើយក្នុងនាមជាបាវបម្រើរបស់ព្រះយេស៊ូវគាត់បណ្តេញវិញ្ញាណអាក្រក់នៅក្នុងព្រះនាមព្រះយេស៊ូវ។ វិញ្ញាណអាក្រក់ស្តាប់តាមដោយព្រោះតែពួកវាស្គាល់ព្រះចេស្តារបស់ព្រះយេស៊ូវ។ ​ការនេះនៅតែជា ការពិតក្នុងពេលសព្វថ្ងៃនេះ។ ​ព្រះចេស្តានៃព្រះយេស៊ូវអាចបណ្តេញវិញ្ញាណអាក្រក់ ចេញក្នុងគ្រប់ ពេលវេលាទាំងអស់។ ​

 

រួច​មនុស្ស​ដែល​មាន​អារក្ស‌អសោចិ៍​ចូល​ក៏​ស្ទុះ​ទៅ​លើ​គេ ទាំង​បង្គ្រប ហើយ​ឈ្នះ​គេ ដល់​ម៉្លេះ​បាន​ជា​គេ​រត់​ចេញ​ពី​ផ្ទះ​នោះ​ទាំង​អាក្រាត ហើយ​មាន​របួស​ផង

 

១៩:១៦ វិញ្ញាណអាក្រក់ដែលនៅក្នុងមនុស្សនោះគឺមានកម្លាំងជាងកូនរបស់ស្កេវ៉ាទាំងប្រាំពីរនាក់។ ​ដោយអំណាចរបស់វិញ្ញាណអាក្រក់នោះ  មនុស្សនោះបានយកឈ្នះពួកគេហើយពួកគេបានមានរបួស ហើយរត់ចេញពីផ្ទះទាំងប្រញាប់  ដែលបានធ្វើរបូតសំលៀកបំពាក់របស់គេដែលបានរហែកនោះ ថែមទៀត។ ​

 

ឯ​អស់​មនុស្ស​នៅ​ក្រុង​អេភេសូរ ទាំង​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ផង បាន​ដឹង​រឿង​នោះ ក៏​កើត​មាន​ចិត្ត​ភ័យ​ខ្លាច​ទាំង​អស់​គ្នា ហើយ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​ក៏​បាន​ថ្កើង​ឡើង 

 

១៩:១៧ ​នៅពេលដែលពួកសាសន៍យូដានិងសាសន៍ក្រេកដែលរស់នៅក្នុងក្រុងអេភេសូបានឮពីការ ដែលកើតមានឡើងនោះពួកគេមានការភ័យខ្លាច។ ​ពួកគេបានដឹងថាវិញ្ញាណអាក្រក់មានអំណាច ហើយអាចនឹងវាយប្រហារពួកគេដូចគ្នាដែរ។ ​ប៉ុន្តែពួកគេក៏បានដឹងថាព្រះយេស៊ូវមានព្រះចេស្តា លើសជាងវិញ្ញាណអាក្រក់ទៅទៀត។ ​ដូច្នេះហើយ ពួកគេបានសរសើរដំកើងព្រះនាមព្រះអម្ចាស់យេស៊ូវ ដោយព្រោះតែពួកគេបានដឹងថាព្រះអង្គមានអំណាចព្រះចេស្តាដ៏វិសេស។ ការពិតដែលថា ព្រះនាមព្រះយេស៊ូវបាន “ថ្កើងឡើង” បង្ហាញថាមានការផ្លាស់ប្រែជាច្រើន ដែលកើតមានឡើង ក្នុងចំណោមពួកសាសន៍យូដានិងសាសន៍ក្រេកដែលនៅក្នុងទីក្រុងនោះ។ ​ 

មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ជឿ គេ​មក​លន់‌តួ ព្រម​ទាំង​សំដែង​ប្រាប់​ពី​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ផង

១៩:១៨ ដោយសារព័ន្ធកិច្ចររបស់ព្រះយេស៊ូវ យើងបានរៀនថាការឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះការ ដែលបានឃើញព្រះចេស្តានៃព្រះដែលធ្វើការនោះគឺជា ការផ្ប្រែចិត្ត ​(លូកា ១០:១៣)។  ការផ្ប្រែចិត្តគេជាការផ្លាស់ប្តូរគំនិត និងចិត្តដែលដឹកនាំទៅកាន់ការផ្លាស់ប្រែគោលដៅនៅក្នុងជីវិត។ ​វាគឺជាការផ្លាស់ប្រែចេញពីអំពើបាប ហើយបែរមករកព្រះ។ ​

 

ព្រះចេស្តានៃព្រះត្រូវបានប​ង្ហាញដោយការអស្ចារ្យដែលបានកើតមានឡើងនៅក្នុងក្រុងអេភេសូហើយការនេះបានធ្វើឲ្យមនុស្សជាច្រើនបានទទួលជឿលើព្រះយេស៊ូវហើយឲ្យមានការផ្លាស់ប្រែចិត្តពីអំពើបាបរបស់គេដែលទុកចិត្តលើមន្តអាគមនិងជំនឿផ្សេងៗ (ខ១៧-២០)។  កាលពីមុន ពួកគេមិនបានស្គាល់ព្រះយេស៊ូវទេ ហើយបានទុកចិត្តលើមន្តអាគម។ ​ប៉ុន្តែពេលនេះ ​ពួកគេបានដឹងថាការទុកចិត្តរបស់ពួកគេលើមន្តអាគមនោះមិនមែនជាការល្អទេ ដូច្នេះហើយជំហានដំបូងនោះគឺជាការផ្លាស់ប្រែចិត្តរបស់ពួកគេនោះគឺជាសារភាពនិងប្រកាសប្រាប់ពីការមន្តអាគមរបស់ពួកគេ។ ​ការប្រកាសប្រាប់ពីមន្តអាគមរបស់គេនោះគឺសំខាន់ណាស់  នៅពេលដែលមនុស្សជាច្រើនជឿថាគន្លឹះសំខាន់នៃមន្តអាគមស័ក្តិសិទ្ធគឺជាការអាថ៌កំបាំងនៃវិជ្ជាអាថ៌កំបាំង។ ​នៅពេលដែលវិជ្ជាទាំងនោះត្រូវបានប្រកាសជាសាធារណៈនោះ គឺត្រូវបានរាប់ថាគ្មានអំណាចតទៅទៀតឡើយ។ ​​

 

ឯ​មនុស្ស​ដែល​ប្រព្រឹត្ត​វិជ្ជា​ប្លែកៗ​នោះ ក៏​មាន​ច្រើន​នាក់​បាន​យក​ក្បួន​ដំរា​របស់​ខ្លួន មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​គ្នា គេ​បាន​គិត​ថ្លៃ​ក្បួន​ទាំង​នោះ​មើល ឃើញ​មាន​ដំឡៃ​អស់​៥​ម៉ឺន​រៀល

 

១៩:១៩ ជំហានទីពីរនៃការប្រែចិត្តនោះគឺជានាំយកក្បួនដំរាមន្តអាគមរបស់ពួកគេ ហើយដុតបំផ្លាញ ចោល។ ​ពួកគេបានធ្វើការនេះជាសាធារណៈដើម្បីឲ្យគ្រប់គ្នាបានដឹងថា ពួកគេបានប្រែចិត្តចេញពី អំពើបាបរបស់គេ ដែលបានទុកចិត្តលើមន្តអាគមហើយបានចាប់ផ្តើមជីវិតថ្មីនៅក្នុងសេចក្តីជំនឿលើ ព្រះយេស៊ូវហើយ។ ​ការដែលដុតក្បួនដំរា បញ្ចាក់ថាការប្រែរបស់ពួកគេគឺធ្វើឡើងដោយភាពស្មោះត្រង់ (សូមមើលការបកស្រាយ ២:៣៨)។ ពួកគេអាចលក់ក្បួនដំរាទាំងនោះហើយទទួលបានប្រាក់ជាច្រើន ប៉ុន្តែពួកគេបានដុតក្បួនទាំងនោះវិញដើម្បីប្រាកដថាគ្មានអ្នកណាផ្សេងទៀតប្រើប្រាស់ហើយទទួលការឈឺចាប់ឬត្រូវបញ្ឆោតដោយការទាំងនោះឡើយ។ ​

តម្លៃនៃក្បួនដំរាទាំងនោះមានតម្លៃ ប្រាំម៉ឺន ប្រាក់ ដែលជាចំនួនប្រាក់ឈ្នួលចំនួនប្រាំម៉ឺនថ្ងៃ (១៣៧ឆ្នាំ) នៃថ្លៃឈ្នួលធ្វើការរបស់មនុស្សម្នាក់។ ​តម្លៃដ៏ថ្លៃនៃក្បួនដំរាទាំងនេះបង្ហាញថាមន្តអាគមគឺមាន ភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងក្រុងអេភេសូ ហើយថាមានមនុស្សរាប់ពាន់នាក់បានប្រែចិត្ត ហើយបានមានសេចក្តីជំនឿលើព្រះយេស៊ូវ។ ​

គឺ​យ៉ាង​ដូច្នោះ​ឯង ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​ចំរើន​កើន​ឡើង ហើយ​បាន​ឈ្នះ​ដោយ​អំណាច។ 

 

១៩:២០ ខនេះសង្ខេបពីចំនុចសសំខាន់នៅក្នុងបទគម្ពីរកិច្ចការ: ការរីករំរើននៃដំណឹងល្អដែលមិនអាច បញ្ឈប់បាន។ ព្រះបន្ទូលនៃព្រះអម្ចាស់បានបង្កើតផលផ្លែគ្រាដែលមនុស្សឆ្លើយតបដោយសេចក្តីជំនឿ លើព្រះយេស៊ូវនៅពេលដែលពួកគេបានស្តាប់ឮដំណឹងល្អពីការប្រកាសរបស់ប៉ុល។ ​

ក្រោយ​ការ​ទាំង​នោះ​មក ប៉ុល​គិត​សំរេច​ក្នុង​ចិត្ត​ថា​កាល​ណា​បាន​ដើរ​កាត់​ស្រុក​ម៉ាសេដូន នឹង​ស្រុក​អាខៃ​ហើយ នោះ​គាត់​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ក៏​និយាយ​ថា ក្រោយ​ដែល​ខ្ញុំ​បាន​ទៅ​ឯ​ណោះ​ហើយ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ

 

១៩:២១ ព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំលោកប៉ុលឲ្យវិលត្រឡប់ទៅស្រុកម៉ាសេដូននិងស្រុកអាខៃ ដើម្បីឲ្យបានទៅសួរសុខទុក្ខពួកជំនុំដែលគាត់បានតាំងឡើងនៅក្នុងក្រុងភីលីព ថែស្សាឡូនីច បេរា អាថែន និងក្រុងកូរិនថូស។ ​ក្រោយនោះមក លោកប៉ុលនឹងទៅទីក្រុងយេរូសាឡិមដើម្បីនាំយកប្រាក់ ដែលគាត់បានប្រមូលបានសម្រាប់ពួកគ្រីស្ទានក្រីក្រនៅទីនោះ​​(២៤:១៧;  រ៉ូម ១៥:២៥-៣១; ១ កូរិនថូស ១៦:១-៣; ២ កូរិនថូស ៨-៩)។  ប៉ុលក៏បានដឹងថាបំណងព្រះទ័យព្រះនោះគឺឲ្យគាត់ត្រូវទៅទីក្រុងរ៉ូម ហើយការនោះគឺជាចំនុចសំខាន់នៅ ក្នុងប៉ុន្មានជំពូកចុងក្រោយក្នុងបទគម្ពីរកិច្ចការ (២០:២៣, ២១:១១-១៣, ២៣:១១, ២៧:២៣-២៥)។  

គាត់​ចាត់​អ្នក​ជំនួយ​គាត់​២​នាក់ គឺ​ធីម៉ូថេ នឹង​អេរ៉ា‌ស្ទុស ឲ្យ​ទៅ​ស្រុក​ម៉ាសេដូន តែ​ខ្លួន​គាត់​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​បន្តិច​ទៀត។ 

 

១៩:២២ នៅក្នុងបទគម្ពីរកិច្ចការ  យើងបានឃើញថាជាទូទៅតែងតែចាត់ឲ្យមានគ្រីស្ទានជាគូ ឲ្យចេញទៅធ្វើបេសកកម្មដើម្បីឲ្យពួកគេអាចជួយគ្នាបាន (៩:៣៨, ១១:៣០, ១៥:២៧, ១៥:៣៩-៤០)។  ដូច្នេះហើយលោកប៉ុលចាត់ធីម៉ូថេ (១៦:១-៥) និង អេរ៉ាស្ទុស​ (រ៉ូម ១៦:២៣; ២ ធីម៉ូថេ ៤:២០) ឲ្យទៅស្រុកម៉ាសេដូនជាមុនដើម្បីឲ្យបានរៀបចំពួកជំនុំសម្រាប់ការមកដល់របស់លោកប៉ុល។ 

នៅ​គ្រា​នោះ កើត​មាន​វឹកវរ​ជា​ធំ ពី​ដំណើរ​ផ្លូវ​នោះ

 

១៩:២៣ ពេលនោះគឺជានិទាឃរដូវនៅក្នុងឆ្នាំ ៥៤ គ,ស,  លោកប៉ុលបានគ្រោងនឹងចាកចេញពីក្រុងអេភេសូរ ក្រោយ ការបំពេញបេសកកម្មដែលមានផលផ្លែជាច្រើនក្នុងរយៈពេលបីឆ្នាំនៅទីនោះ (២០:១)។ ក្រោយមកការវឹកវរបានកើតមានឡើង ដែលបង្ករឡើងដោយមនុស្សម្នាក់ដែលមានឈ្មោះថា ដេមេទ្រាស ដែលទាស់ជាមួយនឹងសេចក្តីជំនឿគ្រីស្ទាន (“ដំណើរ​ផ្លូវ”)។ 

 

ដ្បិត​មាន​មនុស្ស​ម្នាក់​ឈ្មោះ​ដេមេ‌ទ្រាស ជា​ជាង​ប្រាក់ ដែល​ធ្វើ​អាស្រម​ព្រះ‌ឌីអាន​ពី​ប្រាក់ គាត់​ជួយ​ដល់​ពួក​ជាង​ទាំង​ប៉ុន្មាន ឲ្យ​បាន​កំរៃ​ជា​ច្រើន

 

១៩:២៤ ​ការថ្វាយបង្គំព្រះក្លែងក្លាយរបស់រ៉ូម៉ាំងឌីអាន​គឺមានពាសពេញចក្រភពរ៉ូម៉ាំង ហើយជា​រៀង​រាល់​ឆ្នាំទីក្រុង អេភេសូរ​មានពិធីបុណ្យមួយដែលជាការគោរពដល់ព្រះនោះ។ ​ពិធីបុណ្យនេះគឺត្រូវបានប្រារព្ធឡើងនៅក្នុងវិហារដ៍ធំ នៅក្នុងក្រុងអេភេសូរ។ ​​នៅកណ្តាលវិហារនោះគឺជារូបសំណាករបស់ព្រះឌីអាន (ខ៣៥) ដែលមនុស្សជាច្រើនគិតថា នោះជាការចាត់មកពីសេយូស (ព្រះក្លែងក្លាយរបស់ក្រេក)។ ពួកជាងប្រាក់បានធ្វើអាស្រមតូចៗ ដែលជាដំណាងឲ្យវិហាររបស់ឌីអាន ហើយបានលក់នៅទីនោះ ដល់ពួកអ្នកដែលថ្វាយបង្គំព្រះនោះ។ ​

 

កាល​គាត់​បាន​ប្រមូល​គេ ព្រម​ទាំង​ពួក​អ្នក​ដែល​មាន​របរ​ដូច​គ្នា​ទាំង​ប៉ុន្មាន​មក នោះ​គាត់​និយាយ​ថា អ្នក​រាល់​គ្នា​អើយ អ្នក​ដឹង​ថា យើង​បាន​ផល​ចំណេញ​ពី​របរ​នេះ​មក

 

១៩:២៥ ​​ហេតុដែលដេមេទ្រាសទាស់ជាមួយនឹងលោកប៉ុលនោះគឺដោយភាពលោភលន់។ ​ដេមេទ្រាស និងពួកជាងប្រាក់ផ្សេងទៀតទទួលបានប្រាក់កម្រៃពីការថ្វាយបង្គំរូបព្រះ។ ​ប៉ុន្តែពេលដែកលោកប៉ុលប្រកាស ដំណឹងល្អនោះ មនុស្សជាច្រើនបានជឿលើព្រះយេស៊ូវ ហើយឈប់ថ្វាយបង្គំព្រះឌីអាន និងឈប់ទិញរូបសំណាក ​វិហារទាំងនោះ។ ​ដូច្នេះហើយ ហេតុដែលដេមេទ្រាសចង់បញ្ឈប់លោកប៉ុលពីការប្រកាសដំណឹងល្អដោយព្រោះតែ ផលកម្រៃរបស់គាត់កំពុងតែត្រូវបានថមថយចុះ។ សូមចំណាំពីការដែលលោកលូកាតែងតែកត់ត្រាពីសេចក្តីស្រឡាញ់ ចំពោះទ្រព្យសម្បត្តិតែងតែបង្ខាំងមនុស្សមិនឲ្យឆ្លើយតបបានត្រឹមត្រូវចំពោះព្រះ និងអ្នកប្រកាសដំណឹងរបស់ព្រះអង្គ (លូកា ១៦:១-១៤; កិច្ចការ ១:១៧-២០,​៥:១-១, ៨:២០-២២, ​១៦:១៦-១៨)។ 

 

អ្នក​ក៏​ឃើញ ហើយ​ឮ​ថា ឈ្មោះ​ប៉ុល​នេះ​បាន​បញ្ចុះ‌បញ្ចូល ព្រម​ទាំង​បង្វែរ​មនុស្ស​សន្ធឹក​ទៅ​ហើយ មិន​ត្រឹម​តែ​នៅ​អេភេសូរ​ប៉ុណ្ណេះ គឺ​ស្ទើរ​តែ​នឹង​គ្រប់​សព្វ​នៅ​ស្រុក​អាស៊ី​ផង ដោយ​ពាក្យ​ថា​អស់​ទាំង​ព្រះ​ដែល​ដៃ​មនុស្ស​ធ្វើ នោះ​មិន​មែន​ជា​ព្រះ​ទេ

 

១៩:២៦ លោកប៉ុលបានបង្រៀនថា​ “ព្រះដែលមនុស្សធ្វើដោយដៃនោះមិនមែនជាព្រះទេ” ហើយការនេះបានធ្វើឲ្យ “មនុស្សជាច្រើនសន្ធឹក” ​ប្រែចេញពីការថ្វាយបង្គំរូបព្រះ។ ​ការនេះបង្ហាញពីឥទ្ធិពលនៃកិច្ចការរបស់លោកប៉ុល ដែលធ្វើនៅក្នុងដំបន់នោះ។ ​លោកប៉ុលមិនមានទ្រព្យសម្បត្តិឬអំណាចខាងនយោបាយឡើយ ប៉ុន្តែគាត់បានមាន ឥទ្ធិពល “ស្ទើរតែពេញស្រុកអាស៊ី” ដោយការប្រកាសដំណឹងល្អរបស់គាត់។ ​ដោយសារបេសកកម្មរបស់លោកប៉ុល នៅក្រុងអេភេសូ ដំណឹងល្អត្រូវបានប្រកាសពាសពេញខេត្តអាស៊ី ហើយមានមនុស្សជាច្រើនបានជឿលើព្រះយេស៊ូវ ហើយក៏មានពួកជំនុំជាច្រើនត្រូវបានតាំងឡើងផងដែរ។ ​

ដូច្នេះ មាន​អន្តរាយ​កើត​ដល់​យើង មិន​ត្រឹម​តែ​សមាគម​នេះ ដោយ​គេ​លែង​រាប់​អាន​ប៉ុណ្ណោះ គឺ​ក្រែង​គេ​លែង​ទាំង​គោរព​ប្រតិ‌បត្តិ ដល់​ព្រះ‌វិហារ​របស់​ព្រះ‌ឌីអាន​ដ៏​ធំ​ថែម​ទៀត​ផង រួច​សិរី‌ល្អ​នៃ​ព្រះ​របស់​យើង ដែល​គ្រប់​ស្រុក​អាស៊ី នឹង​លោកីយ​ទាំង​មូល​ក៏​ថ្វាយ‌បង្គំ នឹង​ត្រូវ​សាប‌សូន្យ​ទៅ

 

១៩:២៧ ហេតុដែលដេមេទ្រាសទាស់ជាមួយនឹងសេចក្តីជំនឿគ្រីស្ទានគឺដោយព្រោះតែភាពលោភលន់របស់គាត់។ ​ប៉ុន្តែដើម្បីឲ្យបានមនុស្សជាច្រើនទាស់ប្រឆាំងជាមួយប៉ុលនោះ គាត់បាននិយាយថាការប្រកាសរបស់លោកប៉ុល នឹងបំផ្លាញកិត្តិនាម និងប្រជាប្រិយភាពនៃព្រះវិហាររបស់ពួកគេ ហើយនិងព្រះរបស់ពួកគេផងដែរ។ ​គាត់បានព្យាយាមធ្វើឲ្យមានភាពវឹកវរដោយនាំមនុស្សជាច្រើនឲ្យមានការប្តេជ្ញាចំពោះព្រះឌីអាន ដោយព្រោះតែ ការនេះនឹងនាំឲ្យមានកម្រៃជាច្រើនសម្រាប់គាត់ ហើយនឹងមានការទាស់ជាខ្លាំងចំពោះលោកប៉ុល។ ​

 

កាល​គេ​ឮ​សេចក្ដី​នោះ​ហើយ គេ​ក៏​មាន​ពេញ​ដោយ​សេចក្ដី​កំហឹង ហើយ​ស្រែក​ប្រកាស​ថា ព្រះ‌ឌីអាន​នៃ​ពួក​ក្រុង​អេភេសូរ​យើង ទ្រង់​ធំ​វិសេស នោះ​ក៏​កើត​មាន​វឹកវរ​ពេញ​ក្នុង​ក្រុង គេ​ស្រុះ​ចិត្ត​គ្នា​ចាប់​កន្ត្រាក់​កៃយុស នឹង​អើរី‌ស្តាក ជា​អ្នក​ស្រុក​ម៉ាសេដូន ដែល​ដើរ​ដំណើរ​ជា​មួយ​នឹង​ប៉ុល នាំ​ម្នីម្នា​ចូល​ទៅ​ក្នុង​រោង​ជំនុំ

 

១៩:២៨-២៩ ​ពួកជាងប្រាក់ចាប់ផ្តើមស្រែកជាខ្លាំងថា “ព្រះឌីអានរបស់ពួកក្រុងអេភេសូរយើង ទ្រង់ធំវិសេស!”។  ពួកគេបានចាប់បង្ខាំងមនុស្សពីរនាក់ដែលបានដើរជាមួយនឹងលោកប៉ុល ​(២០:៤, ២៧:២)។ ការនេះបង្ហាញថា ការទាស់ប្រឆាំងនោះមិនមែនត្រឹមតែជាមួយលោកប៉ុលតែប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការគំរាមកំហែងដល់ពួកជំនុំ នៅក្រុងអេភេសូរទាំងមូលហើយជាការព្យាយាមបញ្ឈប់ការប្រកាសដំណឹងល្អនៅក្នុងដំបន់នោះផងដែរ។ ពួកគេបានប្រញាប់ចូលទៅក្នុងរោងជំនុំ គឺជាអគារសាធារណៈដ៏ធំនៅក្នុងក្រុងអេភេសូរ ហើយហ្វូងមនុស្សបានដើរតាម និងប្រជុំគ្នានៅទីនោះ។ ​

 

ឯ​ប៉ុល គាត់​គិត​ចូល​ទៅ​ឯ​បណ្តាជន​ដែរ តែ​ពួក​សិស្ស​មិន​ព្រម​ឲ្យ​ទៅ​ទេ

 

១៩:៣០ ​​យើងបានឃើញពីភាពក្លាហានរបស់លោកប៉ុលដែលថានៅពេលដែលគាត់បានឮពីអ្វីដែល កើតមានឡើងនោះ គាត់ចង់ចូលទៅរោងជំនុំដើម្បីនឹងនិយាយជាមួយហ្វូងមនុស្ស។ គាត់មិនមានការភ័យខ្លាច ចំពោះការទាស់ប្រឆាំងនោះឡើយ ប៉ុន្តែគាត់បានឃើញថានោះគឺជាឳកាសនៅក្នុងការប្រកាសដំណឹងល្អវិញ។ យ៉ាងណាម៉ិញ ពួកគ្រីស្ទាននៅក្រុងអេភេសូបានឃើញពីគ្រោះថ្នាក់ចំពោះលោកប៉ុលក្នុងការដែលព្យាយាម និយាយជាមួយនឹងហ្វូងមនុស្សដែលមានកំហឹងហើយបានបញ្ចុះបញ្ចូលគាត់មិនឲ្យធ្វើការនោះឡើយ។ ​

ហើយ​មាន​ពួក​ចៅហ្វាយ​នៅ​ស្រុក​អាស៊ី​ខ្លះ​ដែល​ស្រឡាញ់​គាត់ ក៏​ចាត់​គេ​មក​អង្វរ​ថា សូម​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​រោង​ជំនុំ​នោះ​ឡើយ

 

១៩:៣១ ពួក “ចៅហ្វាយនៅស្រុកអាស៊ី” គឺជាសាសន៍រ៉ូម៉ាំងដែលមកពីគ្រួសារដែលមានទ្រព្យសម្បត្តិបំផុត នៅក្នុងខេត្តអាស៊ី។ ​តួរនាទីរបស់ពួកគេគឺជាតំណាងហើយបង្ហាញពីការយកចិត្តទុកដាក់ចំពោះផលប្រ​យោ​ជន៍ ​និងគុណតម្លៃរបស់រ៉ូមហើយនឹងជាតិសាសន៍រ៉ូមនៅក្នុងដំបន់។ ​​ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលពួកគេបានរាប់លោកប៉ុលថាជា មិត្តសម្លាញ់។  ការនេះបង្ហាញថាលោកប៉ុលត្រូវ​បាន​គេ​គោរពដោយមនុស្ស ដែលមានអំណាច និងឥទ្ធិពលទាំងនេះដែលពួកគេមិនបានរាប់ថាសេចក្តីប្រកាសរបស់លោកប៉ុលនោះ គឺជាទោសឧក្រិដ្ឋនោះឡើយ។ ​

 

ពួកចៅហ្វាយនៅស្រុកអាស៊ីបានចាត់គេឲ្យទៅប្រាប់លោកប៉ុលកុំឲ្យគាត់ចូលទៅរោងជំនុំឡើយ។ ​ពួកគេចង់ ការពារលោកប៉ុល ហើយពួកគេដឹងថាប្រសិនបើគាត់ (ជាសាសន៍រ៉ូម) ត្រូវបានសម្លាប់ដោយហ្វូងមនុស្សនោះ ទីក្រុងអេភេសូរ ហើយនឹងពួកចៅហ្វាយទាំងអស់នឹងត្រូវដាក់ទោសដោយដំណាងជាតិរ៉ូមជាមិនខាន។ ​

 

ឯ​បណ្តាជន ខ្លះ​ស្រែក​យ៉ាង​នេះ ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​មនុស្ស​ក្នុង​ចំណោម​នោះ កំពុង​ជ្រួល‌ជ្រើម​ជា​ខ្លាំង ច្រើន​មិន​ដឹង​ជា​គេ​ប្រជុំ​គ្នា​ដោយ​ហេតុ​អ្វី​ផង

 

​១៩:៣២ នៅក្នុងរោងជំនុំ មានការភាន់ច្រឡំយ៉ាងខ្លាំង។ ​មានមនុស្សជាច្រើននាំគ្នាស្រែកពីនេះពីនោះ ហើយមនុស្ស ភាគច្រើននៅក្នុងហ្វូងមនុស្សមិនដឹងថាមានរឿងអ្វីនោះឡើយ។ ​

 

ពួក​សាសន៍​យូដា​ក៏​ច្រាន​អ័លេ‌ក្សាន‌ត្រុស​ចេញ​ពី​ហ្វូង​មនុស្ស​ទៅ​ខាង​មុខ គាត់​ក៏​ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ ចង់​ដោះ‌សា​នឹង​បណ្តា​មនុស្ស

 

១៩:៣៣ នៅទីបំផុត ពួកសាសន៍យូដាបានសូមឲ្យមនុស្សម្នាក់ឈ្មោះអ័លេក្សានត្រុសនិយាយទៅកាន់ហ្វូងមនុស្ស។ ​អេលេក្សានត្រុសគឺជាដំណាងសាសន៍យូដាម្នាក់ ដែលចង់បញ្ជាក់ថា ពួកសាសន៍យូដាមិនមានទាក់ទងជាមួយ​នឹង គ្រីស្ទានបេសកចននោះឡើយ ដើម្បីកុំឲ្យពួកសាសន៍យូដានៅក្នុងក្រុងអេភេសូត្រូវបៀតបៀន។

 

កាល​គេ​បាន​ដឹង​ថា គាត់​ជា​សាសន៍​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា​ចំនួន​ប្រហែល​ជា​២​ម៉ោង​ថា ព្រះ‌ឌីអាន​នៃ​ពួក​ក្រុង​អេភេសូរ​យើង ទ្រង់​ធំ​វិសេស

 

១៩:៣៤ ប៉ុន្តែហ្វូងមនុស្សមិនព្រមស្តាប់គាត់នោះឡើយដោយព្រោះតែគេបានដឹងថាសាសន៍យូដាមិនថ្វាយ បង្គំព្រះឌីអាន។ តែពួកហ្វូងមនុស្សបានស្រែកសរសើរដល់ព្រះឌីអានអស់ប្រហែលជាពីរម៉ោងទៅវិញ។ ​

កាល​លោក​ភូឈួយ​បាន​ធ្វើ​បង្អន់​ដល់​ហ្វូង​មនុស្ស នោះ​ក៏​និយាយ​ថា នែ ពួក​ក្រុង​អេភេសូរ​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ដឹង​ថា ពួក​អ្នក​នៅ​ក្រុង​នេះ ជា​អ្នក​ថែ​រក្សា​ព្រះ‌វិហារ​នៃ​ព្រះ‌ឌីអាន​ដ៏​ធំ ដែល​ធ្លាក់​មក​ពី​ព្រះ‌សេយូស​នោះ ដូច្នេះ ដែល​សេចក្ដី​នោះ​ជា​ពិត​ហើយ នោះ​គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដោយ​ស្រួល​ទៅ​ចុះ មិន​ត្រូវ​ឲ្យ​ធ្វើ​ដោយ​រលះ‌រលាំង​ដូច្នេះ​ឡើយ

 

១៩:៣៥-៣៥ “លោកភូឈួយ” គឺជាអ្នកធំដែលមិនមែនជាមន្ត្រីរបស់រ៉ូម៉ាំងនៅក្នុងទីក្រុង។ គាត់ត្រូវបានជ្រើសរើស ដោយប្រជាជន ប៉ុន្តែគាត់ក៏នៅក្រោមអំណាចរបស់ដំណាងជាតិរ៉ូមហើយក៏មានភារកិច្ចនៅក្នុងការថែរក្សា សេចក្តីសុខសាន្តនៅក្នុងទីក្រុងដែរ។ ​គាត់បានធ្វើឲ្យពួកជំនុំទាំងអស់បានស្ងប់ស្ងាត់ដោយការប្រាប់ពួកគេថា អ្នករាល់គ្នាដឹងហើយថាក្រុងអេភេសូរ គឺជាទីតាំងនៃការថ្វាយបង្គំព្រះឌីអានដ៏ធំ ដូច្នេះហើយ គ្មានហេតុផលដែលពួកគេត្រូវបង្ករឲ្យមានភាពចលាចលនោះឡើយ។ ​

 

អ្នក​រាល់​គ្នា​បាន​នាំ​មនុស្ស​ទាំង​នេះ​មក ដែល​មិន​មែន​ជា​ចោរ​លួច​វិហារ ឬ​ប្រមាថ​ដល់​ព្រះ​នៃ​អ្នក​រាល់​គ្នា​ទេ

 

១៩:៣៧ លោកភូឈួយបានបញ្ជាក់ថា កៃយុសនិង អើរីស្តាកជាមនុស្សឥតកំហុសហើយមិនបានល្មើស នឹងច្បាប់ណាមួយឡើយ។ ជាថ្មីម្តងទៀត ​លោកលូកាកត់ត្រាថារដ្ឋអំណាចនៅក្នុងទីក្រុងទទួលស្គាល់ថា ពួកគ្រីស្ទានគឺជាប្រជារាស្រ្តល្អដែលមិនបានល្មើសនឹងច្បាប់ណាមួយហើយមិនមែនជាសត្រូវរបស់រ៉ូមនោះឡើយ។ សូមនឹកចាំថា​ លោកប៉ុលបានទទួល​ការ​យល់​ព្រម​ពីពួកចៅហ្វាយក្រុងនៅក្នុងក្រុងភីលីព (១៦:៣៥-៤០) និងនៅក្រុងកូរិនថូស (១៨:១២-១៧)  ហើយគាត់នឹងទទួលការ​យល់​ព្រម​ម្តងទៀតក្រោយពេលដែល គាត់ត្រូវចាប់ខ្លួននៅក្រុងយេរូសាឡិមដែរ។ ​

 

ដូច្នេះ បើ​សិន​ជា​ដេមេ‌ទ្រាស នឹង​ពួក​ជាង​ដែល​មក​ជា​មួយ​គ្នា​នេះ មាន​រឿង​អ្វី​នឹង​អ្នក​ណា នោះ​មាន​ទី​សំរាប់​ជំនុំ‌ជំរះ​ក្តី​ស្រាប់ ហើយ​មាន​ទាំង​ពួក​ចៅ‌ក្រម​ផង ត្រូវ​ឲ្យ​គេ​ប្តឹង‌ប្តល់​គ្នា​ទៅ​ចុះ តែ​បើ​អ្នក​រាល់​គ្នា​ចង់​សួរ​ពី​ដំណើរ​ណា​ទៀត នោះ​ត្រូវ​តែ​បាន​សំរេច​ក្នុង​ជំនុំ ដែល​ប្រជុំ​តាម​ច្បាប់​វិញ

 

១៩:៣៨-៣៩ លោកភូឈួយប្រាប់ដល់ហ្វូងមនុស្សថាប្រសិនបើគេចង់ប្តឹងប្តល់ទាស់នឹងពួកគ្រីស្ទាន ឲ្យបានស្របច្បាប់នោះ សាលាកាត់ក្តីគឺបើកទ្វារស្រាប់ ហើយមានពួកចៅក្រមរ៉ូម៉ាំងដែលអាចនឹងស្តាប់រឿងក្តី ថែមទៀត។ ​ក៏មានច្បាប់ទម្លាប់របស់អង្គជំនុំរបស់ទីក្រុងដែលតែងតែប្រជុំគ្នាបីដងជារៀងរាល់ខែដើម្បីនឹងដោះស្រាយ ជម្លោះផងដែរ។ ​ដូច្នេះហើយ បណ្តឹងរបស់ដេមេទ្រាសគួរតែបានដោះស្រាយតាមផ្លូវច្បាប់នៅទីនោះ មិនមែនដោយការធ្វើឲ្យមានភាពវឹកវរយ៉ាងធំនៅក្នុងទីក្រុងនោះឡើយ។ ​

ដ្បិត​ខ្លាច​ក្រែង​យើង​ត្រូវ​ទោស​ជា​ពួក​បះ‌បោរ ដោយ​ព្រោះ​រឿង​ដែល​កើត​មក​នៅ​ថ្ងៃ​នេះ ដ្បិត​គ្មាន​ហេតុ​ណា​មួយ ដែល​យើង​អាច​នឹង​ដោះសា​ពី​ការ​ប្រជុំ​នេះ​បាន​ទេ

 

១៩:៤០ ​លោកភូឈួយបានស្តីបន្ទោសដល់ហ្វូងមនុស្សយ៉ាងត្រឹមត្រូវនៅក្នុងការបង្ករឲ្យមានភាពចលាចល និងគំរាមពួកគេថាពួកគេអាចនឹងត្រូវទទួលទោសពីរ៉ូមដោយព្រោះតែទង្វើរ របស់ពួកគេ។ ជាថ្មីទៀត ​លោកលូកាបានកត់ត្រាពីទង្វើរល្មើសច្បាប់ដែលមិនមែនជាទង្វើររបស់ពួកគ្រីស្ទាននោះឡើយ ប៉ុន្តែដោយពួកមនុស្សដែលទាស់នឹងពួកគ្រីស្ទានទៅវិញទេ។ ​

 

កាល​មាន​ប្រសាសន៍​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​លោក​ឲ្យ​គេ​ទៅ​វិញ​ទៅ។ 

 

១៩:៤១ ព្រះបានប្រើលោកភូឈួយនេះដើម្បីនឹងធ្វើឲ្យហ្វូងមនុស្សស្ងប់ស្ងាត់ហើយបញ្ចប់នូវការគំរាមកំហែង ដល់លោកប៉ុលនិងគ្រីស្ទានផ្សេងទៀតនៅក្រុងអេភេសូរ។  ​ព្រះបានថែរក្សារាស្រ្តរបស់ព្រះអង្គជាថ្មីថែមទៀត។ ​

 

ការណែនាំ
bottom of page