top of page

មេរៀនទី ៤៖ ហេតុអ្វីបានជាព្រះយេស៊ូវធ្វើការអស្ចារ្យ?

យើងបានឃើញហើយថា ព្រះយេស៊ូវធ្វើការអស្ចារ្យជាច្រើន ដោយសារព្រះចេស្ដារបស់ព្រះ សម្រាប់ មនុស្សគ្រប់ប្រភេទទាំងអស់។ នៅក្នុងមេរៀនចុងក្រោយនេះ យើងនឹងគិតអំពី សំនួរថា តើហេតុអ្វី ព្រះយេស៊ូវធ្វើការអស្ចារ្យ?

(១) សេចក្ដីមេត្តាករុណារបស់ព្រះអង្គ
៩ ដង នៅក្នុងព្រះគម្ពីរថា ព្រះយេស៊ូវ "មាន​ព្រះហឫទ័យ​ក្តួល​អាណិតអាសូរ" ដើម្បីជួយមនុស្ស។ ពាក្យជាភាសាក្រិក (σπλαγχνίζομαι) គឺជាពាក្យដ៏ធ្ងន់ មានន័យថា ធ្វើការពីខាងក្នុងដោយសេច ក្ដីស្រឡាញ់ និងអាណិតមេត្តា។

សេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូវគឺជាមូលហេតុដែលព្រះអង្គប្រោស​អ្នកជម្ងឺ
[ម៉ាថាយ 14:14] លុះ​ទ្រង់​យាង​ឡើង​ពី​ទូក​វិញ ស្រាប់​តែ​ឃើញ​មាន​មនុស្ស​មីរ​ដេរដាស ទ្រង់​ក៏​មាន​ ព្រះហឫទ័យ​ក្តួល​អាណិត​ដល់​គេ ហើយ​ទ្រង់​ប្រោស​មនុស្ស​ជំងឺ​ទាំង​ប៉ុន្មាន ​ក្នុង​ពួក​គេ​ឲ្យ​បាន​ជា។

សេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូវគឺជា មូលហេតុដែលព្រះអង្គប្រទានពរអាហារ ដល់បណ្ដាជន សាសន៏ដទៃជាច្រើន
[ម៉ាថាយ 15:32] ព្រះយេស៊ូវ ទ្រង់​ហៅ​ពួក​សិស្ស​មក មាន​ព្រះបន្ទូល​ថា ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត ដល់​ហ្វូង ​មនុស្ស​នោះ​ណាស់ ដ្បិត​គេ​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​អស់​៣​ថ្ងៃ​មក​ហើយ គេ​គ្មាន​អ្វី​នឹង​បរិភោគ​សោះ ហើយ​ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ទៅ​វិញ​ទាំង​អត់ឃ្លាន​ទេ ក្រែង​ហេវ​តាម​ផ្លូវ។

សេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូគឺជា មូលហេតុដែលព្រះអង្គប្រោសកូនប្រុសរបស់ស្ត្រីម៉េម៉ាយពីសេចក្ដីស្លាប់
[លូកា 7:12-15] កាល​ចូល​ទៅ​ជិត​ដល់​ទ្វារ​កំផែង​ក្រុង នោះ​ឃើញ​គេ​សែង​ខ្មោច​ចេញ​មក ជា​ខ្មោច ​កូន​តែ​១ ដែល​ម្តាយ​នៅ​មេម៉ាយ ហើយ​មាន​មនុស្ស​ក្រុង​នោះ​ជា​ច្រើន​ហែ​មក​ជា​មួយ​នឹង​គាត់។ កាល​ ព្រះអម្ចាស់​បាន​ឃើញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ក្តួល​អាណិតអាសូរ​ដល់​គាត់​ណាស់ ក៏​មាន​ព្រះបន្ទូល ​ថា កុំ​យំ​អី រួច​ទ្រង់​យាង​ចូល​ទៅ​ពាល់​ក្តារ​មឈូស ឯ​ពួក​អ្នក​សែង​ក៏​ឈប់ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ថា អ្នក​កំឡោះ​អើយ ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង អ្នក​ដែល​ស្លាប់​នោះ ក៏​ក្រោក​ឡើង​អង្គុយ ហើយ​ចាប់ ​តាំង​និយាយ រួច​ទ្រង់​ប្រគល់​ដល់​ម្តាយ​វិញ។

សេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូវគឺជា មូលហេតុដែលព្រះអង្គសម្អាតមនុស្សឃ្លង់
[ម៉ាកុស 1:40-42] គ្រា​នោះ មាន​បុរស​ឃ្លង់​ម្នាក់ មក​ឯ​ព្រះយេស៊ូវ លុត​ជង្គង់​ទូល​អង្វរ​ថា បើ​ទ្រង់​សព្វ​ព្រះ ហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន។ដូច្នេះ ទ្រង់​មាន​ព្រះហឫទ័យ​ក្តួល​អាណិត ក៏​ លូក​ព្រះហស្ត​ទៅ​ពាល់​គាត់ ដោយ​ព្រះបន្ទូល​ថា ខ្ញុំ​ចង់​ដែរ ឲ្យ​ជា​ស្អាត​ទៅ។ លុះ​ទ្រង់​មាន​ព្រះបន្ទូល ​ហើយ ស្រាប់​តែ​រោគ​ឃ្លង់​ចេញ​ពី​គាត់​បាត់​ទៅ ហើយ​គាត់​បាន​ជា​ស្អាត

សេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូវគឺជា មូលហេតុដែលព្រះអង្គប្រោសបុរសពិការភ្នែក ២ នាក់
[ម៉ាថាយ 20:32-34] នោះ​ព្រះយេស៊ូវ​ទ្រង់​ឈប់ ក៏​ហៅ​អ្នក​ទាំង​២​នោះ​មក មាន​ព្រះបន្ទូល​សួរ​ថា តើ​ចង់​ ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក។ គេ​ទូល​ទ្រង់​ថា ឱ​ព្រះអម្ចាស់​អើយ សូមប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ឡើង​ផង។ ទ្រង់​ មាន​សេចក្តី​ក្តួល​ក្នុង​ព្រះហឫទ័យ ក៏​ពាល់​ភ្នែក​គេ ស្រាប់​តែ​ភ្នែក​បាន​ភ្លឺ​ឡើង រួច​គេ​ដើរ​តាម​ទ្រង់​ទៅ។

ពេលព្រះយេស៊ូវទតឃើញមនុស្សរងទុក្ខវេទនា កំសោយ និងបាត់បង់ ព្រះអង្គឆ្លើយតបដោយសេចក្ដីមេត្តាករុណា។ ពាក្យ "សេចក្ដីមេត្តាករុណា" បកប្រែជាភាសាក្រិក (σπλαγχνίζομαι) សម្ដៅលើអារម្មណ៍ ជ្រាលជ្រៅ ដែលមកពីជម្រៅចិត្ត។ វាគឺជាពាក្យដ៏ធ្ងន់នៅក្នុងភាសាក្រិក សម្រាប់អារម្មណ៍ នៃសេចក្ដី មេត្តាករុណា។ ព្រះយេស៊ូវប្រើពាក្យពេចន៍នៅក្នុងប្រស្នារបស់ព្រះអង្គ ដើម្បីពិពណ៌នាអារម្មណ៍ថា (១) ធ្វើឱ្យចៅហ្វាយនាយលើកលែងបំណុលដ៏ច្រើន ដែលគាត់ជំពាក់គាត់ (២) ធ្វើឱ្យឪពុកស្វាគមន៍កូនពៅ ដែលត្រឡប់មកផ្ទះវិញ និង (៣) ធ្វើឱ្យបុរសសាសន៍សាម៉ារីជួយបុរសរងរបួស។ នេះគឺ σπλαγχνίζομαι។ វាគឺជា សេចក្ដីមេត្តាករុណាដែល ព្រះយេស៊ូវមានសម្រាប់មនុស្ស។ 

ពិភាក្សា៖ តើប្រស្នាទាំងនេះ បង្រៀនយើងអ្វីខ្លះអំពីសេចក្ដីមេត្តាករុណា ដែលព្រះយេស៊ូវមាន សម្រាប់មនុស្ស?

 

Σπλαγχνίζομαι ជួយមនុស្សដែលកំសត់ទុគត៌ សូម្បីតែអ្នកជួយត្រូវលះបង់ធំយ៉ាងណាក៏ដោយ។ ព្រះយេស៊ូវយកចិត្តទុកដាក់អំពីមនុស្សបាត់បង់ខាងព្រលឹងវិញ្ញាណ ភាពអត់ឃ្លានរបស់ពួកគេ និងភាពឈឺចាប់របស់មនុស្សដែលមានជម្ងឺ និងទុក្ខវេទនានៃមនុស្សដែលឈឺចាប់ដោយសារ ការបាត់បង់មនុស្សជាទីស្រឡាញ់។ ភាពអស្ចារ្យរបស់ ព្រះយេស៊ូវ យើងអាចឃើញបានតាមរយៈ ការពិតដែលព្រះអង្គមានព្រះហឬទ័យ ចូលទៅកាន់ អ្នក ដែលរងទុក្ខវេទនា និងមានសេចក្ដីមេត្តាករុណាសម្រាប់ពួកគេ រួចព្រះអង្គជួយ និងព្យាបាលពួកគេ។

(២) បញ្ជាក់អំពី សិទិ្ធអំណាចរបស់ព្រះអង្គ
ការអស្ចារ្យរបស់ព្រះយេស៊ូវ បង្ហាញអំពី សិទិ្ធអំណាចរបស់ព្រះអង្គនៅលើជីវិត សេចក្ដីស្លាប់ ធម្មជាតិ ជម្ងឺ និងផ្នែកព្រលឹងវិញ្ញាណ។ មូលហេតុដ៏មានសារៈសំខាន់ ៣ យ៉ាង ដែលព្រះអង្គក្នុងការបង្ហាញអំពី សិទិ្ធអំណាចរបស់ទ្រង់៖

 

  • ដើម្បីបញ្ជាក់អំពី អត្តសញ្ញាណ និងសាររបស់ព្រះអង្គ


នៅក្នុង យ៉ូហាន 10:25 ព្រះយេស៊ូវមានបន្ទូលថា៖  "ឯ​ការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ ដោយ​នូវ​នាម​ព្រះវរបិតា​ខ្ញុំ ការ​ទាំង​នោះ​ឯង​ ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ហើយ"។  កិច្ចការរបស់ព្រះយេស៊ូវធ្វើ​បន្ទាល់​ពីព្រះអង្គ ហើយប្រាប់យើងថា ព្រះយេស៊ូវមានសិទ្ធិអំណាចពីព្រះជាម្ចាស់។

ពេលពេត្រុសអធិប្បាយ នៅក្នុង កិច្ចការ 2:22 ថា "ឱ​ពួក​សាសន៍​អ៊ីស្រាអែល​អើយ សូម​ស្តាប់​ពាក្យនេះ ​ចុះ ព្រះយេស៊ូវ ជា​អ្នក​ស្រុក​ណាសារ៉ែត ដែល​ព្រះ​បាន​សំដែង​បង្ហាញ​មក​អ្នក​រាល់​គ្នា​ដោយ​ការ​ឫទ្ធិបារមី ការ​អស្ចារ្យ និង​ទី​សំគាល់ ដែល​ព្រះ​ទ្រង់​បាន​ធ្វើ នៅ​កណ្តាល​អ្នក​រាល់​គ្នា ដោយសារ​ទ្រង់ ដូច​ជា​អ្នក​រាល់​ គ្នា ​ដឹង​ស្រាប់​ហើយ"

 

ព្រះជាម្ចាស់បញ្ជាក់អំពី សិទិ្ធអំណាចដារបស់ព្រះយេស៊ូវ ដោយការអស្ចារ្យដែលទ្រង់ធ្វើតាមរយៈព្រះយេស៊ូវ។

ការអស្ចារ្យគឺជា ទីសម្គាល់មកពីព្រះជាម្ចាស់ថាបញ្ជាក់ថា ព្រះយេស៊ូវគឺជាគ្រប់ទាំងអស់ ដែលទ្រង់អះអាង និងថាសាររបស់ព្រះអង្គគឺជាក់ពិត។

ព្រះជាម្ចាស់បានសន្យាតាមរយៈព្យាការីថានឹងបញ្ជូន អ្នកដឹកនាំមួយដែលទទួលការចាក់ប្រេងតាំង មកកាន់ អ៊ីស្រាអែល។ ការអស្ចារ្យដែលព្រះយេស៊ូវបានធ្វើបញ្ជាក់ថា ព្រះយេស៊ូវគឺជាអ្នកដែលព្រះជាម្ចាស់បាន សន្យា។ ពេលគេសួរព្រះយេស៊ូវថា៖ "តើលោកគឺជាម្នាក់ដែលនឹងមក ឬយើងត្រូវចាំម្នាក់ទៀត?" ព្រះអង្គមានបន្ទូលថា៖ "គឺ​ថា​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​បាន​ដើរ​រួច មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​បាន​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មនុស្ស​ទាល់​ក្របាន​ឮ​ដំណឹង​ល្អ​ផង មាន ​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ។" (ម៉ាថាយ 11:5-6)

នៅក្នុងខ្លឹមសារនេះ ព្រះយេស៊ូវមានបន្ទូលថា បើយើងមើលអំពីកិច្ចការដែលព្រះអង្គបានធ្វើ គឺច្បាស់ ណាស់ថា ព្រះអង្គគឺជាអ្នកដែលព្រះជាម្ចាស់សន្យា។ ការអស្ចារ្យទាំងនេះ គឺជាភស្ដុតាងថាព្រះយេស៊ូវ គឺជា ម្នាក់ដែលទទួលការចាក់ប្រេងតាំង ដែលព្រះជាម្ចាស់សន្យាថាបញ្ជូនមក។ ការអស្ចារ្យបញ្ជាក់អំពី សិទិ្ធអំណាច អត្តសញ្ញាណ និងសាររបស់ព្រះអង្គ។

នៅក្ក្នុង​ម៉ាកុស ២:១០ ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​ហ្វូងមនុស្ស​ថា ទ្រង់​នឹង​ប្រោស​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​​ឲ្យ​ជា

«ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផែនដី​នេះ កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​បាន»។ ជា​ថ្មី​ម្តង​ទៀត យើង​ឃើញ​ថា​មូលហេតុ​មួយ​ដែល​ព្រះ​យេស៊ូវ​ធ្វើ​ការអស្ចារ្យ​គឺ​ដើម្បី​បញ្ជាក់​ពី​អំណាច​របស់​ទ្រង់​ពី​ព្រះ។

  •  នាំមនុស្សឱ្យមានការប្រែចិត្ត

គោលដៅនៃការអស្ចារ្យរបស់ព្រះយេស៊ូវ គឺដើម្បីនាំឱ្យមានការប្រែចិត្ត។ ការប្រែចិត្ត គឺជាការត្រឡប់ចេញ ពីអំពើបាប និងបែរត្រឡប់ទៅរកព្រះ។ ពេលមនុស្សឃើញអំណាច និងសេចក្ដីល្អរបស់ព្រះបង្ហាញចេញ តាមរយៈការអស្ចារ្យ ពួកគេគួរតែស្ញប់ស្ញែង និងដឹងខ្លួនអំពីតម្រូវការរបស់ពួកគេ ក្នុងការបែរត្រឡប់ទៅ រកព្រះ។ ពេលការអស្ចារ្យកើតមាន តែការប្រែចិត្តមិនកើតមាន នោះការកាត់ទោសនឹងកើតមាន។

[ម៉ាថាយ 11:20-21] នោះ​ទ្រង់​ចាប់​តាំង​បន្ទោស​ដល់​អស់​ទាំង​ក្រុង ជា​កន្លែង​ដែល​ទ្រង់​បាន​ធ្វើ​ការ​ឫទ្ធិ បារមី​ជា​ច្រើន ពី​ព្រោះ​គេ​មិន​បាន​ប្រែ​ចិត្ត​សោះ គឺ​ទ្រង់​មាន​ព្រះបន្ទូល​ថា វេទនា​ដល់​ឯង ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង បេតសៃដា​អើយ ពី​ព្រោះ​ឯ​ការ​ឫទ្ធិបារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ ​កណ្តាល​ក្រុង​ទីរ៉ុស និង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត​ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់ ធ្មៃ ហើយ ​ព្រលាំង​ដោយ​ផែះ​ផង។

យើងមិនគួរចង់បានការអស្ចារ្យទេ បើសិនជាយើងមិនចង់បានព្រះជាម្ចាស់ ដេលធ្វើការអស្ចារ្យទេ នោះ។ ការទទួលព្រះពរពីព្រះ តែមិនបែរត្រឡប់មកអរព្រះគុណព្រះវិញទេនោះ គឺយើងដាក់ខ្លួនឯងនៅក្នុងកន្លែងដ៏អាក្រក់ខាងវិញ្ញាណហើយ។

[លូកា 17:11-19] កាល​ទ្រង់​កំពុង​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម នោះ​ក៏​យាង​តាម​ព្រំដែន​ស្រុក​សាម៉ារី ហើយ​និង​ស្រុក​កាលីឡេ។ លុះ​យាង​ចូល​ទៅ​ក្នុង​ភូមិ​១ ក៏​មាន​មនុស្ស​ឃ្លង់​១០​នាក់​មក​ជួបនឹង​ទ្រង់ ឈរ ​នៅ​ពី​ចំងាយ ស្រែក​ទូល​ថា ឱ​ព្រះយេស៊ូវ ជា​ម្ចាស់​អើយ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង។ ទ្រង់​ទត​ឃើញ​ គេ ហើយ​ក៏​មាន​ព្រះបន្ទូល​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន ឲ្យ​ពួក​សង្ឃ​ពិនិត្យ​មើល​ចុះ លុះ​គេ​កំពុង ​តែ​ដើរ ទៅ នោះ​ក៏​បាន​ជា​ស្អាត​ទាំង​អស់​គ្នា មាន​ម្នាក់ កាល​ឃើញ​ថា ខ្លួន​បាន​ជា​ហើយ ក៏​វិល​មក​វិញ ទាំង​សរសើរដំកើង​ព្រះ ដោយ​សំឡេង​ជា​ខ្លាំង។ គាត់​ទំលាក់​ខ្លួន​ផ្កាប់​មុខ នៅ​ទៀប​ព្រះបាទ​ព្រះយេស៊ូវ ទាំង​អរ​ព្រះគុណ​ដល់​ទ្រង់​ផង អ្នក​នោះ​ជា​សាសន៍​សាម៉ារី។ ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា តើ​អ្នក​ទាំង​១០ ​នោះ​មិន​បាន​ជា​ស្អាត​ទេ​ឬ​អី ចុះ​៩​នាក់​ឯ​ទៀត​នៅ​ឯ​ណា តើ​ឃើញ​មាន​តែ​សាសន៍​ដទៃ​១​នេះវិល​មក ​សរ សើរ​ ដល់​ព្រះ​ទេ​ឬ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​នោះ​ថា ចូរ​ក្រោក​ឡើង​ទៅ​ចុះ សេចក្តី​ជំនឿ​អ្នក​បាន ​សង្គ្រោះ​អ្នក​ហើយ។

មនុស្សឃ្លង់ ១០ នាក់ទទួលការព្យាបាលពីព្រះយេស៊ូវ។ មានតែម្នាក់ទេ ដែលត្រឡប់មកសរសើរតម្កើង និងអរព្រះគុណព្រះយេស៊ូវ។ មានតែគាត់ទេ ដែលទទួលព្រះពរនៃការអស្ចារ្យពេញលេញ ហើយនេះគឺជា ដួងចិត្តដែលទទួលការផ្លាស់ប្ដូរ និងជាសេចក្ដីស្រឡាញ់ថ្មី សម្រាប់ព្រះជាម្ចាស់។

  • នាំមនុស្សទៅកាន់សេចក្ដីជំនឿអស្ចារ្យជាងមុន

ក្រោយពីព្រះយេស៊ូវធ្វើឱ្យទឹកក្លាយជាស្រាទំពាំងបាយជូរ យ៉ូហាន 2:11 ចែងថា "ព្រះ‌យេស៊ូវ ទ្រង់​ធ្វើ​ទី​សំគាល់​មុន​ដំបូង​នេះ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ទាំង​សំដែង​សិរី‌ល្អ​របស់​ទ្រង់ ហើយ​ពួក​សិស្ស​ក៏​ជឿ​ដល់​ទ្រង់"។

 

ការអស្ចារ្យនេះ “សំដែង​សិរី‌ល្អ​របស់​ទ្រង់” ដែលធ្វើឱ្យមនុស្សជឿព្រះអង្គ។ យើងឃើញការពិតដូចគ្នានៅក្នុងការអស្ចារ្យសម្រាប់ឡាសារ។ ពេលឡាសារឈឺធ្ងន់ បងស្រី របស់គាត់ (ម៉ាថា និងម៉ារី) ផ្ញើរសារទៅប្រាប់ព្រះយេស៊ូវអំពី ការនេះ។ ពេលព្រះយេស៊ូវយាងមកដល់ ឡាសារបានស្លាប់ និងកប់នៅក្នុងផ្នូរបាត់ទៅហើយ។ តើព្រះយេស៊ូវយាងមកដល់យឺតពេក ក្នុងការជួយ គាត់ឬយ៉ាងណា?

[យ៉ូហាន 11:21-22] ម៉ាថា​ទូល​ព្រះយេស៊ូវ​ថា ព្រះអម្ចាស់​អើយ បើ​សិន​ជា​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្ អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ។ ប៉ុន្តែ ខ្ញុំ​ម្ចាស់​ដឹង​ថា ទោះ​ទាំង​នៅ​គ្រា​ឥឡូវ​នេះ នោះ​ការ​អ្វី​ដែល​ទ្រង់ នឹង ​សូមពី​ព្រះ គង់​តែ​ព្រះ​នឹង​ប្រទាន​មក​ទ្រង់​ជា​មិន​ខាន។ 

ម៉ាថាមានជំនឿ។ ប៉ុន្តែ មនុស្សម្នាជាច្រើនដែលកំពុងមើល មិនមានជំនឿទេ។ ពួកគេខ្លះនិយាយថា "លោក​នេះ​ដែល​បាន​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺ តើ​ពុំ​អាច​នឹង​ឃាត់​មិន​ឲ្យ ​មនុស្ស ​នេះ​ស្លាប់​បាន​ដែរ​ឬ"។ ជាការពិត ព្រះយេស៊ូវអាចជួយឡាសារកុំឱ្យស្លាប់ តែព្រះអង្គកំពុងធ្វើការដែល អស្ចារ្យជាងនោះ។ ព្រះយេស៊ូវយាងទៅកាន់ផ្នូរ និងអធិស្ឋានថា "ឱ​ព្រះវរបិតា​អើយ ទូលបង្គំ​អរ​ព្រះគុណ ​ដល់​ព្រះអង្គ ដោយ​ព្រោះ​ទ្រង់​បាន​អនុញ្ញាត​តាម​ទូលបង្គំ។ ទូលបង្គំ​ដឹង​ថា ទ្រង់​អនុញ្ញាត​តាម​ទូលបង្គំជា​ ដរាប តែ​ដែល​ទូលបង្គំ​ទូល​ដូច្នេះ គឺ​ដោយ​ព្រោះ​តែ​បណ្តា​មនុស្ស​ដែល​ឈរ​នៅ​ជុំវិញ​ទេ ដើម្បី​ឲ្យ​គេ​ជឿ ​ថា ទ្រង់​បាន​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន" (យ៉ូហាន 11:41-43)

បន្ទាប់មក ឡាសារក៏បានប្រោសឱ្យរស់ពីស្លាប់ឡើងវិញ។ ការអស្ចារ្យនេះ កើតមានឡើងដើម្បីឱ្យមនុស្ស ជឿថា ព្រះជាម្ចាស់បានបញ្ជូនព្រះយេស៊ូវមក។

ការពិភាក្សា៖ តើការអស្ចារ្យទាំងឡាយរបស់ព្រះយេស៊ូវ បញ្ជាក់អំពី សិទិ្ធអំណាចរបស់ទ្រង់ និងនាំឱ្យមានការប្រែចិត្ត និងជំនឿទៅកាន់ទ្រង់ បៀបណាខ្លះ?

(៣) ទីសម្គាល់នៃការមកដល់នៃនគរព្រះ
ការអស្ចារ្យរបស់ព្រះយេស៊ូវ គឺជាទីសម្គាល់ថានគរព្រះបានមកដល់ផែនដីហើយ។ ព្រះយេស៊ូវមានបន្ទូល ថា៖ “ប៉ុន្តែ​ បើ​សិន​ជា​ខ្ញុំ​ដេញ​អារក្ស ដោយសារ​ព្រះវិញ្ញាណ​នៃ​ព្រះ​វិញ នោះ​ឈ្មោះ​ថាន គរ​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ” (ម៉ាថាយ 12:28)។ នគរព្រះគឺជា សោយរាជ្យរបស់ព្រះជាម្ចាស់។  ការអស្ចារ្យគឺជាទីសម្គាល់ថា នគរព្រះបានមកដល់ផែនដី និងថាមនុស្សអាចចូលទៅក្នុងនគរព្រះបានហើយ។ ការអស្ចារ្យរបស់ព្រះយេស៊ូវ បង្ហាញថាព្រះជាម្ចាស់កំពុងលុបចោលលទ្ធផលនៃអំពើបាបរបស់មនុស្ស (ដែលជាការ ដាច់ចេញពីព្រះ) និងស្ដារមនុស្ស ឱ្យមករកទ្រង់វិញ ក្នុងនាមជាសេ្ដចនៃជីវិតរបស់ពួកគេ។

ការអស្ចារ្យដើម្បីបង្ហាញអំណាចរបស់ព្រះ។ នគរព្រះយាងមកជាមួយអំណាចរបស់ព្រះ។ អ្នកសរសេរ សៀវភៅដំណឹងល្អ ជាញឹកញាប់ កត់ទុកអំពី ការឆ្លើយតបរបស់បណ្ដាជន ទៅកាន់ការអស្ចារ្យរបស់ ព្រះយេស៊ូវ។
ហើយ កាល​មនុស្ស​ទាំង​អស់ កំពុង​តែ​នឹក​ប្លែក​ក្នុង​ចិត្ត ពី​អស់​ទាំង​ការ​ដែល​ព្រះយេស៊ូវ​ទ្រង់​ធ្វើ (លូកា 9:43)

  • កាល​ហ្វូង​មនុស្ស​បាន​ឃើញ​ការ​នោះ គេ​កើត​មាន​សេចក្តី​អស្ចារ្យ ក៏​សរសើរដំកើង​ដល់ ​ព្រះ​ដែល​ទ្រង់​ បាន​ប្រទាន​អំណាច​យ៉ាង​នេះ មក​មនុស្ស​លោក។ (ម៉ាថាយ 9:8)

  • ដល់ម៉្លេះ​បាន​ជា​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន​មាន​សេចក្តី​អស្ចារ្យ ដោយ​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​បាន​មាំមួន មនុស្ស​ខ្វិន​ដើរ​រួច និង​មនុស្ស​ខ្វាក់​មើល​ឃើញ ហើយ​គេ​ក៏​សរសើរដំកើង​ ដល់​ព្រះ​នៃ សាសន៍​អ៊ីស្រាអែល​គ្រប់ៗ​គ្នា។ (ម៉ាថាយ 15:31)

  • មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​ស្ញែង​ខ្លាច ក៏​សរសើរដំកើង​ដល់​ព្រះ ដោយ​ពាក្យ​ថា មាន​ហោរា​ ១​ធំ​បាន​កើត​ឡើង​ក្នុង​ពួក​យើង ហើយ​ថា ព្រះ​បាន​ប្រោស​រាស្ត្រ​ទ្រង់​ហើយ។ (លូកា 7:16)

  •  គាត់​ក៏​ក្រោក​ឡើង​ភ្លាម យក​គ្រែ​ចេញ​ទៅ នៅ​មុខ​អ្នក​ទាំង​អស់​គ្នា បាន​ជា​គ្រប់​គ្នា​មាន​សេចក្តី​អស្ចារ្យ ហើយ​ពណ៌នា​សរសើរដំកើង​ដល់​ព្រះ ដោយ​ពាក្យ​ថា យើង​មិន​ដែល​ឃើញ​យ៉ាង​ដូច្នេះ​ឡើយ។ (ម៉ាកុស 2:12)

 

សាក្សីនៃការអស្ចារ្យទាំងនេះ ដឹងខ្លួនថា ទាំងនេះគឺជាទីសម្គាល់នៃអំណាចរបស់ព្រះ ធ្វើការតាមរយៈ ព្រះយេស៊ូវ។ សូមកត់សម្គាល់ថា លទ្ធផលនៃការអស្ចារ្យគឺមិនមែនជាការដែលគេថ្វាយបង្គំព្រះយេស៊ូវ នោះទេ តែ គឺជាការថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់វិញ។ ព្រះយេស៊ូវធ្វើការអស្ចារ្យ ដើម្បីនាំសិរីល្អដល់ ព្រះជាម្ចាស់។

ការអស្ចារ្យបង្ហាញថាអំណាចរបស់ព្រះជាម្ចាស់អស្ចារ្យជាងអារក្ស។ សាវ័កយ៉ូហានប្រាប់យើង "ដោយ​ ហេតុ​នោះ​បាន​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​បាន​លេច​មក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ" (1 យ៉ូហាន 3:8)។ ការដេញអារក្ស គឺជាទីសម្គាល់ថា អំណាចរបស់ព្រះយេស៊ូវ អស្ចារ្យជាងអំណាចរបស់អារក្ស។ ការអស្ចារ្យរបស់ព្រះយេស៊ូវចងអារក្ស និងប្លន់ផ្ទះរបស់វា (ម៉ាកុស 3:27)។ ព្រះយេស៊ូវបានឱ្យអំណាច នេះ ទៅមនុស្ស ១ ក្រុមមានគ្នា ៧២ នាក់ ហើយបន្ទាប់មកបញ្ជូនពួកគេចេញទៅ។ លូកា 10:17-19 ចែងអំពី អ្វីដែលកើតឡើងពេលពួកគេត្រឡប់មកវិញ។

អ្នកទាំង ៧២ នាក់ត្រឡប់មកវិញដោយអំណរ ទាំងនិយាយថា៖ "ពួក​៧០​នាក់​នោះ​ក៏​មក​វិញ​ដោយ​អំណរ ហើយ​ទូល​ថា ព្រះអម្ចាស់​អើយ ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះ​ចូល​ចំពោះ​យើង​រាល់​គ្នាដោយ​ព្រះនាម​ទ្រង់​ដែរ។ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ខ្ញុំ​បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ មក​ដូច​ជា​ផ្លេក បន្ទោរ។ មើល ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច នឹង​ដើរ​ជាន់​ទាំង​ពស់ និង​ខ្យាដំរី ហើយ​លើ​គ្រប់​ទាំង​ឥទ្ធិឫទ្ធិ ​របស់​ខ្មាំងសត្រូវ​ផង គ្មាន​អ្វី​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ឡើយ។

អំណាចរបស់ព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូវ បានឱ្យទៅកាន់ពួកសិស្ស។ នេះមានន័យថា ពួកគេអាច បំផ្លាញកិច្ចការរបស់អារក្សនៅលើផែនដីនេះ ដូចជាព្រះយេស៊ូវដែរ។ នេះគឺជាទីសម្គាល់ថា នគររបស់ ព្រះនៅលើផែនដីនេះចាប់ផ្ដើមហើយ។ ឥឡូវនេះ មនុស្សអាចមានជ័យជំនះនៅលើអារក្ស និងវិញ្ញាណ អាក្រក់ទាំងឡាយ។

 

សង្ខេប៖ ហេតុអ្វីបានជាព្រះយេស៊ូវធ្វើការអស្ចារ្យ?

  • ព្រោះតែសេចក្ដីមេត្តាករុណារបស់ព្រះអង្គចំពោះមនុស្ស

  • ដើម្បីបង្ហាញអំពី សិទិ្ធអំណាចរបស់ព្រះអង្គក្នុងការបញ្ជាក់អំពី អត្តសញ្ញាណ និងសាររបស់ព្រះអង្គ ដែលនាំឱ្យមនុស្សប្រែចិត្ត និងជឿទៅកាន់ព្រះអង្គ។

  • ដើម្បីបង្ហាញថា នគរព្រះបានមកដល់ផែនដី ជាមួយនឹងអំណាចរបស់ព្រះ ក្នុងការបំផ្លាញកិច្ចការរបស់អារក្ស។

 

 

ពិភាក្សា

ពិភាក្សាគ្នា ជាមួយដៃគូ

  • តើអ្វីដែលមានតម្លៃខ្លះ ដែលអ្នករៀនបានអំពី ព្រះយេស៊ូវនៅក្នុងវគ្គនេះ?

អធិស្ឋានបញ្ចប់

bottom of page