top of page

មេរៀនទី ៣៖ តើព្រះយេស៊ូវធ្វើការអស្ចារ្យសម្រាប់អ្នកណា?

យើងបានដឹងហើយថា ព្រះយេស៊ូវបានធ្វើការអស្ចារ្យជាច្រើន ដោយសារព្រះចេស្ដារបស់ព្រះ។ នៅក្នុង មេរៀននេះ យើងនឹងពិចារណាអំពី ព្រះយេស៊ូវធ្វើការអស្ចារ្យនោះសម្រាប់អ្នកណាវិញ។ ជាថ្មីម្ដងទៀត គោលដៅរបស់យើង គឺដើម្បីយល់ដឹងបន្ថែមទៀតអំពី ព្រះយេស៊ូវ។

(១) ពួកសិស្ស និងមិត្តភក្តិរបស់ទ្រង់

ព្រះយេស៊ូវហៅបុរស ១២ នាក់ឱ្យធ្វើជាសិស្សរបស់ព្រះអង្គ។ ពេលពួកគេដើរតាមព្រះអង្គ ពួកគេបាន ឃើញ ព្រះចេស្ដារបស់ទ្រង់ ធ្វើការនៅក្នុងជីវិតរបស់ពួកគេ។

 

មាន ២ ដងដែលព្រះយេស៊ូវធ្វើការអស្ចារ្យ ដើម្បីការពារពួកសិស្សរបស់ព្រះអង្គ ពេលពួកគេជាប់នៅក្នុង ខ្យល់ព្យុះ នៅសមុទ្រកាលីឡេ។ ពេលដំបូងដែលខ្យល់ព្យុះបក់បោកខ្លាំង ពួកសិស្សគិតថា ទូកនឹងលិច ហើយពួកគេនឹងស្លាប់។ ប៉ុន្តែ ព្រះយេស៊ូវបានបង្គាប់ព្យុះ  ហើយភ្លាមនោះ ខ្យល់ព្យុះបាន ឈប់ និង សមុទ្រក៏ចាប់ផ្ដើមស្ងប់វិញ (ម៉ាថាយ 8:23-26; ម៉ាកុស 4:35-4; លូកា 8:22-25)។ លើកទី ២ ពួកសិស្សបានជួបខ្យល់ព្យុះ នៅកណ្ដាលសមុទ្រ។ ព្រះយេស៊ូវ យាងមកកាន់ពួកគេ ដោយយាងដើរ​លើទឹក ហើយព្យុះក៏ឈប់ ពេលព្រះអង្គយាងមកដល់ទូក (ម៉ាថាយ 14:22-27; ម៉ាកុស 6:45-52; យ៉ូហាន 6:16-21)។

២ ដងដែលព្រះយេស៊ូវធ្វើការអស្ចារ្យ ដើម្បីផ្គត់ផ្គង់ដល់ពួកសិស្សព្រះអង្គ ដោយការនេសាទបានត្រីជាច្រើន (លូកា 5:4-11; យ៉ូហាន 21:1-8)។ ទាំង ២ លើក ពួកសិស្សបានព្យាយាមនេសាទត្រី ពេញ ១ យប់ តែពួកគេ​ចាប់​មិន​បាន​អ្វី​សោះ។ បន្ទាប់មក ព្រះយេស៊ូវបានប្រាប់កន្លែងដែលពួកគេឱ្យបោះសំណាញ់ ហើយភ្លាមនោះ សំណាញ់របស់ ពួកគេជាប់បានត្រីជាច្រើន។ ជាមួយគ្នា ក៏មានការអស្ចារ្យ ២ សម្រាប់ពេត្រុសដែរ។ ព្រះយេស៊ូវផ្គត់ផ្គង់ប្រាក់ ឱ្យពេត្រុសសម្រាប់បង់ពន្ធ នៅក្នុងមាត់ត្រី (ម៉ាថាយ 17:24-27) ហើយទ្រង់បានប្រោសម្ដាយ ក្មេករបស់ ពេត្រុសឲ្យជា​ដែលគ្រុនក្ដៅទៀតផង (ម៉ាថាយ 8:14-15; ម៉ាកុស 1:30-31; លូកា 4:38-39)។ យើងឃើញថា ព្រះយេស៊ូវការពារ និងផ្គត់ផ្គង់សម្រាប់អ្នកណាដែល ព្រះអ​ង្គត្រាស់ហៅឱ្យដើរតាមទ្រង់។

ឡាសារមិនមែនជាម្នាក់ នៅក្នុងចំណោមពួកសិស្សដប់ពីរនាក់ទេ តែគ្រួសាររបស់គាត់ជិតស្និទ្ធិ ជាមួយព្រះយេស៊ូវ។ នៅពេលគាត់ឈឺ បង​ប្អូន​ស្រី​២​នាក់របស់គាត់បានផ្ញើរសារទៅព្រះយេស៊ូវ៖ "ព្រះអម្ចាស់​អើយ មើល អ្នក​ដែល​ទ្រង់​ស្រឡាញ់​នោះ​គាត់​ឈឺ" (យ៉ូហាន 11:3)។ ព្រះយេស៊ូវក៏ធ្វើដំណើរទៅផ្ទះពួកគេ ហើយព្រះអង្គទៅដល់ ឡាសារបានស្លាប់ ៤ ថ្ងៃរួចទៅហើយ។ ប៉ុន្តែ ភ្លាមនោះ ព្រះយេស៊ូវបានប្រោសគាត់ឱ្យមានជីវិត រស់ឡើង វិញ។

ពិភាក្សា៖ តើអ្វីជាសារៈសំខាន់នៃសេចក្ដីពិត ដែលព្រះយេស៊ូវធ្វើការអស្ចារ្យសម្រាប់ពួកសិស្ស និងមិត្ត ភក្តិរបស់ព្រះអង្គ?

(២) មនុស្សកំសត់ឯកា និងគ្មានមិត្ត
ការអស្ចារ្យរបស់ព្រះយេស៊ូវ  ភាគច្រើនសម្រាប់មនុស្សកំសត់ៗនៅក្នុងសង្គម។ អ្នកដែលមករក ព្រះយេស៊ូវ សុំការព្យាបាល រងទុក្ខវេទនាដោយជម្ងឺយ៉ាងធ្ងន់ធ្ងរជាច្រើនឆ្នាំមកហើយ ហើយក្នុងករណីខ្លះ គឺពេញមួយជីវិតរបស់ពួកគេតែម្ដង។ នេះមានន័យថា ពួកគេមិនអាចធ្វើការអ្វីបានឡើយ ហើយជាលទ្ធ ផល ពួកគេក្រីក្រមែនទែន។

មានមនុស្សខ្លះ រងទុក្ខមិនគ្រាន់តែរូបរាងកាយប៉ុណ្ណោះ។ ជម្ងឺរបស់ពួកគេ ក៏ធ្វើឱ្យពួកគេដាច់ឆ្ងាយពី សង្គមមនុស្សដែរ។ ពួកគេត្រូវសង្គមបដិសេធ និងហាមឃាត់មិនឱ្យរស់នៅក្នុងសហគមន៍របស់គាត់ទេ។ ពួកគេគឺជាមនុស្សដែលគេបានបោះបង់ចោលហើយ គេស្ដីបន្ទោសដោយសារមានជម្ងឺ និងគេគេចចេញឆ្ងាយ។

ឧទាហរណ៍៖ មានបុរសម្នាក់មានកងទ័ពវិញ្ញាណអាក្រក់ សណ្ឋិតនៅក្នុងគាត់។ យើងពិបាកគិតថា នឹង មានអ្នកណាដែលអស់សង្ឃឹមជាងគាត់ទៀតណាស់។ ព្រះគម្ពីរម៉ាកុសប្រាប់យើងថា៖ "វា​នៅ​តែ​ក្នុង​ផ្នូរ​ ខ្មោច ឥត​មាន​អ្នក​ណា​អាច​នឹង​ចង​វា​ជាប់​ទៀត​បាន​ទេ ទោះ​បើ​យក​ច្រវាក់​ទៅ​ដាក់ ក៏​ពុំ​បាន​ផង។ ដ្បិត​គេ​ បាន​ដាក់​ខ្នោះ​ដាក់​ច្រវាក់​វា​ជា​ច្រើន​ដង​ហើយ ប៉ុន្តែ​វា​ចេះ​តែ​កាច់​ច្រវាក់​បំបាក់​ខ្នោះ​ចោល​អស់ ហើយ​គ្មាន​ អ្នក​ណាអាច​នឹង​កំរាប​វា​បាន​ដែរ។ វា​នៅ​ក្នុង​ផ្នូរ​នៅ​លើ​ភ្នំ ទាំង​ស្រែក ហើយ​យក​ថ្ម​មក​អារ​សាច់​ខ្លួន ទាំង​ យប់​ទាំង​ថ្ងៃ​ជានិច្ច" (ម៉ាកុស 5:3-5)

ជាយូរណាស់មកហើយ គាត់គ្មានស្លៀកពាក់អ្វីឡើយ ហើយគាត់ជារឿយៗ អារក្សនាំគាត់ឱ្យទៅនៅតាម វាលរហោស្ថាន (លូកា 8:27-29)។ ក្រោយពេលព្រះយេស៊ូវដោះគាត់ឱ្យមានសេរីភាពពីអារក្ស ព្រះគម្ពីរ ប្រាប់យើងថា៖ "រួច​មនុស្ស​ទាំងឡាយ​ក៏​ចេញ​មក​មើល​ការ​ដែល​កើត​មក​នោះ គេ​មក​ដល់​ព្រះយេស៊ូវវ ឃើញ​មនុស្ស​ដែល​អារក្ស​ទាំង​នោះ​បាន​ចេញ កំពុង​តែ​អង្គុយ​ទៀប​ព្រះបាទ​ទ្រង់ ទាំង​ស្លៀកពាក់ ហើយ ​ដឹ​ងខ្លួន នោះ​គេ​មាន​សេចក្តី​ភ័យ​ខ្លាច​គ្រប់​គ្នា"បុរសនោះ អង្គុយនៅទៀបព្រះបាទារបស់ព្រះយេស៊ូវ ដូចជា សិស្សអង្គុយនៅមុខគ្រូយ៉ាងនោះដែរ។ ឥឡូវនេះ "គាត់ស្លៀកពាក់ ហើយដឹងខ្លួន"។ នេះគឺជាការពិពណ៌ នាដ៏អស្ចារ្យអំពី អ្វីដែលព្រះចេស្ដារបស់ព្រះយេស៊ូវអាចធ្វើ នៅក្នុងជីវិតមនុស្ស។

ពួកគ្រូសាសន៍យូដា បង្រៀនថា អ្នកកើតជម្ងឺឃ្លង់មិនសាកសមនឹងការអាណិតអាសូរ ឬសេចក្ដីមេត្តាទេ ព្រោះពួកគេគិតថា ជម្ងឺឃ្លង់គឺមកព្រះដើម្បីដាក់ទោសអ្នកណាដែលបានធ្វើបាប។ អ្នកកើតជម្ងឺឃ្លង់ម្នាក់ លន់ជង្គង់នៅមុខព្រះយេស៊ូវ រួចនិយាយថា៖ "បើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន”។ គាត់មានជំនឿថា ព្រះយេស៊ូវមានអំណាចព្យាបាលគាត់ ប៉ុន្តែគាត់មិនប្រាកដចិត្តថា ព្រះយេស៊ូវ ចង់ព្យាបាលគាត់នោះទេ។ តើព្រះយេស៊ូវនឹងដូចជាពួកគ្រូសាសន៍យូដា ដែលមិនមានមេត្តាទៅកាន់គាត់ ដែរមែនទេ? តើជម្ងឺរបស់គាត់ពិតជាការដាក់ទោសមកព្រះមែន? ព្រះយេស៊ូវឆ្លើយតបសំនួរទាំងនេះ ដោយសារ ទង្វើរបស់ព្រះអង្គ។ ព្រះយេស៊ូវធ្វើការ ដែលមិនធ្លាប់មានអ្នកធ្វើពីមុនមក។ ព្រះអង្គលូកព្រះ ហស្ថ ទៅប៉ះបុរសកើតឃ្លង់ ហើយភ្លាមនោះជម្ងឺឃ្លង់ក៏បានជម្រះស្អាត។ ព្រះយេស៊ូវជួយមនុស្ស ដែលគ្មា ននរណាអាចជួយ ឬចង់ជួយ។

ឧទាហរណ៍មួយទៀត គឺអំពីបុរសម្នាក់ពិការភ្នែកពីកំណើត។ ពេលពួកសិស្សរបស់ព្រះ យេស៊ូឃើញ បុរសនេះ ពួកគាត់សួរសំនួរមួយ។

[យ៉ូហាន 9:1-2] លុះ​ទ្រង់​យាង​ហួស​ទៅ ក៏​ទត​ឃើញ​មនុស្ស​ម្នាក់​ដែល​ខ្វាក់​ពី​កំណើត។ ពួក​សិស្សទូល ​សួរ​ទ្រង់​ថា លោក​គ្រូ តើ​អ្នក​ណា​បាន​ធ្វើ​បាប មនុស្ស​នេះ ឬ​ឪពុក​ម្តាយ​របស់​គាត់ បាន​ជា​គាត់​កើត​ម ក​ខ្វាក់​ដូច្នេះ?

ពួកសិស្សមានទស្សនៈអំពីជម្ងឺ ដូចជនជាតិយូដាទូទៅដែរ។ ពួកគេគិតស្មានថា គ្រប់ជម្ងឺទាំងអស់ គឺកើត មកពីអំពើបាបទាំងស្រុង។ ដូច្នេះហើយ ពួកគេគិតថាអ្នកជម្ងឺ គឺត្រូវបានស្ដីបន្ទោស ដោយសារជម្ងឺរបស់ គាត់។ ក្នុងករណីនេះ ព្រោះបុរសនេះពិការភ្នែកពីកំណើត ពួកសិស្សក៏មានការភ័ន្តច្រឡំ តើអ្វីដែលបង្ក ឱ្យគាត់កើតជម្ងឺ? តើគាត់ជាអ្នកប្រព្រឹត្តិអំពើបាប (តាំងពីមុនគាត់កើតមក) ឬក៏ឪពុកម្ដាយគាត់បាន ប្រព្រឹត្តិអំពើបាប ទើបគាត់ពិការភ្នែកបែបនេះ? ព្រះយេស៊ូវបង្រៀនថា ទស្សនៈទាំង ២ នេះ មិនត្រឹមត្រូវ ទាំង​២។

[យ៉ូហាន 9:3-7] ព្រះយេស៊ូវវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា មិន​មែន​ដោយ​ព្រោះ​អ្នក​នេះ ឬ​ឪពុក​ម្តាយ​គាត់​បាន​ ធ្វើ​បាប​ទេ គឺ​ដើម្បី​ឲ្យ​ការ​របស់​ព្រះ បាន​សំដែង​មក ក្នុង​ខ្លួន​គាត់​វិញ កំពុង​ដែល​ថ្ងៃ​នៅ​ភ្លឺ​នៅ​ឡើយនោះ ​ត្រូវតែ​ខ្ញុំ​ធ្វើ​ការ​របស់​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ដ្បិត​យប់​ដល់​មក នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​បាន​ទេ។ កាល​ខ្ញុំ​កំពុង​តែ​នៅ​ក្នុង​លោកីយ៍​នៅ​ឡើយ នោះ​ខ្ញុំ​ជា​ពន្លឺ​នៃ​លោកីយ៍។ លុះ​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​ នោះ​រួច​ហើយ ទ្រង់​ក៏​ស្តោះ​ដាក់​នៅ​ដី ហើយ​យក​ទឹក​ព្រះឱស្ឋ​ទ្រង់​ធ្វើ​ជា​ភក់ទៅ​លាប​ភ្នែក​នៃ​មនុស្សខ្វាក់ ​នោះ រួច​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ីឡោមទៅ (ស៊ីឡោម គឺ​ស្រាយ​ថា ចាត់​ឲ្យ​ទៅ) ដូច្នេះ គាត់​ក៏​ទៅ​លាង ហើយ​ត្រឡប់​មក​វិញ ទាំង​មើល​ឃើញ។

ពិការភាពរបស់បុរសម្នាក់នោះ មិនមែនជាការដាក់ទោសមកពីព្រះទេ។ ជាការពិត វាជាកិច្ចការរបស់ព្រះ ដើម្បីដោះគាត់ឱ្យមានសេរីភាពពីពិការភាពរបស់គាត់វិញ។ ព្រះយេស៊ូវ ក្នុងនាមជាពន្លឺនៃលោកីយ៍ បាន យាងមកដើម្បីធ្វើការរបស់ព្រះ ហើយជួយសង្គ្រោះមនុស្សដែលរស់នៅក្នុងភាពងងឹត។

ពិភាក្សា៖ តើអ្វីទៅជាសារៈសំខាន់នៃសេចក្ដីពិត ដែលថាព្រះយេស៊ូវធ្វើការអស្ចារ្យសម្រាប់ មនុស្សឯការ និងគ្មានមិត្ត?

 

(៣) សត្រូវ និងមនុស្សគ្រប់ជាតិសាសន៍ទាំងអស់

ព្រះយេស៊ូវគឺជាជនជាតិយូដា តែព្រះអង្គបានធ្វើការអស្ចារ្យសម្រាប់មនុស្ស ដែលពួកយូដាចាត់ទុកថាជា សត្រូវរបស់ពួកគេ។ នៅក្នុងពេលនោះ ពួកយូដាស្ថិតក្រោមការគ្រប់គ្រងរបស់រ៉ូម។ ពួកយូដាស្អប់ពួករ៉ូម ដែលបានច្បាំងដណ្ដើមកាន់កាប់ទឹកដីពួកគេ ធ្វើឱ្យពួកគេបង់ពន្ធយ៉ាងច្រើន និងគ្រប់គ្រងពួកគេដោយកង ទ័ពដ៏ខ្លាំងក្លាទៀត។ យ៉ាងណាមិញនៅពេលទាហ៊ានរ៉ូម៉ាំងសុំ ឱ្យព្រះយេស៊ូវព្យាបាលអ្នកបម្រើរបស់គាត់ ព្រះអង្គមិនត្រឹមតែព្យាបាលគាត់ទេ តែព្រះអង្គបានប្រកាស ដែរថា៖ "ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ដែល​ឃើញ​សេចក្តី​ជំនឿ​ជា ​ខ្លាំង​ដល់​ម៉្លេះ​ទេ ទោះ​ទាំង​នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល​ផង" (ម៉ាថាយ 8:10)

ឧទាហរណ៍មួយទៀត គឺអំពីស្ត្រីសាសន៍ដ៏ទៃម្នាក់។ ពួកយូដាចាត់ទុក ពួកសាសន៍ដទៃថាជាសត្រូវ របស់គេ (ពាក្យ "សាសន៍ដទៃ" សម្ដីលើអ្នកណាដែលមិនមែនជាសាសន៍យូដា)។ គ្មាននរណាម្នាក់រំពឹង គិតថា គ្រូសាសន៍យូដានឹងធ្វើអ្វីសម្រាប់មនុស្សសាសន៍ដទៃនោះទេ។ ពេលស្ត្រីម្នាក់នោះទៅរកព្រះយេស៊ូវ ព្រះអង្គពន្យល់ថា៖ "ខ្ញុំ​បាន​ទទួល​បង្គាប់ នឹង​មក​ឯ​ពួក​កូន​ចៀម​ដែល​បាត់‌បង់ របស់​ពូជ‌ពង្ស​សាសន៍​អ៊ីស្រាអែល​តែ​ប៉ុណ្ណោះ​ទេ" (ម៉ាថាយ 15:24) ប៉ុន្តែពេលស្រ្តីម្នាក់នោះទ្រាំទ្រដោយសារសេចក្ដីជំនឿ ព្រះយេស៊ូវបានធ្វើការអស្ចារ្យសម្រាប់គាត់ គឺព្យាបាលកូនស្រីរបស់គាត់។  ការអស្ចារ្យនេះ បង្ហាញថា ព្រះចេស្ដា របស់ព្រះនៅក្នុងព្រះយេស៊ូវ មិនសម្រាប់តែជនជាតិអ៊ីស្រាអែលប៉ុណ្ណោះទេ។ ព្រះចេស្ដារបស់ព្រះអង្គ គឺ ចេញទៅសម្រាប់លោកីយ៍ទាំងមូល!

យើងឃើញសេចក្ដីពិតនេះបានច្បាស់ នៅក្នុងការអស្ចារ្យធំៗ ២ ដែលព្រះយេស៊ូវបានធ្វើ។ មាន ២ ដង ដែលព្រះយេស៊ូវបានឱ្យអាហារសម្រាប់បណ្ដាជន។ អាន លូកា 9:10-17 ពេលព្រះអង្គប្រទានពរអាហារ សម្រាប់មនុស្ស ៥០០០ នាក់ និង ម៉ាកុស 8:1-9 ពេលព្រះអង្គប្រទានពរអាហារសម្រាប់មនុស្ស ៤០០០ នាក់។

ទាំងនេះគឺជា ភាពខុសគ្នាសំខាន់ៗ រវាងការអស្ចារ្យទាំង ២ នេះ៖

  • ដំបូង យើងកត់សម្គាល់អំពី ទីកន្លែង។ ការអស្ចារ្យដំបូង កើតឡើងនៅបេតសៃដា ជាទីក្រុងតូចមួយរបស់យូដា។ ការអស្ចារ្យទី ២ កើតឡើងនៅដេកា‌ប៉ូល ជាទឹកដី សាសន៍ដ៏ធំមានជាតិសាសន៍ចម្រុះ។

  • ទី២ យើងកត់សម្គាល់អំពី កន្រ្កដែលគេយកមកប្រមូលអាហារ។ ពាក្យថា "កន្ត្រក" ដែលបកប្រែនៅ ក្នុងការអស្ចារ្យទី ១ គឺ κόφινοι ដែលកន្ត្រកយួរដៃដែលជនជាតិយូដាប្រើសម្រាប់ដាក់ម្ហូបអាហារ។ ពាក្យ "កំប្រោង" ដែលបកប្រែនៅក្នុងការអស្ចារ្យទី ២ គឺ σπυρίδας គឺជាកន្ត្រកដ៏ធំដែលពួកសាសន៍ដទៃប្រើ ប្រាស់។

  • ទី ៣ យើងកត់សម្គាល់អំពី ចំនួនដែលនៅសល់។ ក្រោយពីការអស្ចារ្យទី ១ គឺនៅមានសល់ ១២ កន្ត្រក។ ១២ គឺជាលេខដែលតំណាងឱ្យអ៊ីស្រាអែល។ ក្រោយការអស្ចារ្យទី ២ គឺនៅមានសល់ ៧​ កំប្រោង។ ៧ គឺជាលេខតំណាងឱ្យគម្រោងផែនការណ៍ដ៏ពេញលេញ និងឥតខ្ចោះរបស់ព្រះ។ 

 

ការអស្ចារ្យទាំងនេះ ពិតជាគួរឱ្យអារម្មណ៍ណាស់ ក្នុងការដែលឱ្យមនុស្សជាច្រើន បានបរិភោគគ្រប់គ្រាន់ តែសារៈសំខាន់ពិត គឺព្រះយេស៊ូវបានធ្វើការអស្ចារ្យសម្រាប់ពួកយូដា ហើយបន្ទាប់មក ទ្រង់ក៏បានធ្វើការ អស្ចារ្យដូចគ្នា សម្រាប់សាសន៍ដទៃដែរ។ សារនៅត្រង់នេះ គឺព្រះពររបស់ព្រះ (នៅក្រោមសម្ព័ន្ធមេត្រី ចាស់ គឺសម្រាប់តែជនជាតិអ៊ីស្រាអែលទេ) ដែលឥឡូវនេះ គឺសម្រាប់មនុស្សគ្រប់ជាតិសាសន៍ ដែល ចូលមករកព្រះ តាមរយៈព្រះយេស៊ូវវិញ។ ព្រះយេស៊ូវជួយអស់អ្នកណា ដែលចូលមករកទ្រង់ដោយជំនឿ មិនគិតអំពីជាតិពន្ធ ភេទ ឬមុខតំណែងនៅក្នុងសង្គមនោះទេ។

ពិភាក្សា៖ តើអ្វីទៅជាសារៈសំខាន់នៃសេចក្ដីពិត ដែលព្រះយេស៊ូវធ្វើការអស្ចារ្យ សម្រាប់មនុស្សគ្រប់ ជាតិសាសន៍ទាំងអស់?

កត្តារួម
ព្រះយេស៊ូវបានធ្វើការអស្ចារ្យសម្រាប់ មនុស្សគ្រប់ប្រភេទទាំងអស់ តែពួកគេទាំងអស់នោះ មានចរិត លក្ខណៈរួមខ្លះៗ ដូចជា ន្ទាបខ្លួន ជំនឿ និងការស្ដាប់បង្គាប់។

អស់សង្ឃឹមចំពោះក្ដីមេត្តាករុណាព្រះយេស៊ូវបានជួយអស់អ្នកដែលអស់សង្ឃឹម។ បាទីមេពិការភ្នែក បានស្រែកហៅព្រះយេស៊ូវសុំក្ដីមេត្តាករុណាពីព្រះអង្គ តែមនុស្សម្នាព្យាយាមបង្គាប់គាត់ឱ្យស្ងាត់។ គាត់ ស៊ូទ្រាំ ព្រោះគាត់អស់សង្ឃឹមថា នឹងបានទទួលការព្យាបាល ហើយគាត់ដឹងថា ព្រះយេស៊ូវគ្រិស្ទគឺជាម្នាក់ ដែលអាចព្យាបាលគាត់បាន។

យ៉ៃរ៉ុស គឺជាមេសាលាប្រជុំ តែគាត់បន្ទាបខ្លួនគាត់ ចូលមកក្រាបអង្វរព្រះយេស៊ូវ សុំជំនួយពីព្រះអង្គ។ គាត់អស់សង្ឃឹម ព្រោះកូនស្រីតែ ១ របស់គាត់កំពុងឈឺធ្ងន់។ ពេលព្រះយេស៊ូវយាងទៅប្រោសកូនស្រីឲ្យជា​របស់គាត់ មានស្ត្រីម្នាក់ព្យាយាមដេញតាមព្រះយេស៊ូវ កាត់ហ្វូងមនុស្ស។ គេមិនអនុញ្ញាត ឱ្យនាងនៅក្នុង ចំណោមមនុស្សនោះទេ ព្រោះគាត់ធ្លាក់ឈាម ដែលធ្វើឱ្យគាត់ "មិនស្អាត"។ បើមានគេស្គាល់គាត់ គាត់ នឹងត្រូវគេទោស។ ប៉ុន្តែ គាត់អស់សង្ឃឹម និងព្យាយាមចូលទៅរកព្រះយេស៊ូវ ដើម្បីប៉ះជាយព្រះពស្ត្រ ព្រះអង្គ ហើយគាត់ក៏ទទួលបានការប្រោសឲ្យជា​។


មនុស្សដែលអស់សង្ឃឹម ហើយស្រែករកព្រះយេស៊ូវ សុំក្ដីមេត្តា៖

  • ស្ត្រីសាសន៍កាណាន ត្រូវការឱ្យព្រះយេស៊ូវប្រោសកូនឲ្យជា​របស់គាត់។ តើអ្វីដែលគាត់បានសុំ នៅក្នុង ម៉ាថាយ 15:42?

  • បុរសម្នាក់មានកូនប្រុស ដែលមានអារក្សចូល។ តើអ្វីដែលគាត់បានសុំព្រះយេស៊ូវ នៅក្នុង ម៉ាថាយ 17:15?

  • ប៉ាទីមេ ជាអ្នកសុំទានពិការភ្នែក។ តើអ្វីដែលគាត់បានស្រែកយំ សុំព្រះយេស៊ូវឱ្យជួយនៅក្នុង ម៉ាកុស 10:46-52?

  • មនុស្សឃ្លង់ ១០ នាក់មករកព្រះអង្គ។ តើអ្វីដែលពួកគេបានសុំព្រះអង្គ នៅក្នុង លូកា 17:13?

  • តើអ្វីដែលអ្នកយកពន្ធបានអធិស្ឋានសុំ នៅក្នុង លូកា 18:9-14?

 

ក្ដីមេត្តាគឺជាអ្វីដែលគ្រប់គ្នាទូលសុំ ហើយក្ដីមេត្តា គឺជាអ្វីដែលពួកគេគ្រប់គ្នាទទួលដែរ។ ក្ដីមេត្តារបស់ព្រះ ប្រទានពរគ្រួសារពួកគេ និងសម្អាតពួកគេពីជម្ងឺ ហើយបានន័យថា ពួកគេបានទៅផ្ទះ ដោយក្ដីសុចរិត។ ក្ដីមេត្តា គឺជាអ្វីដែលយើងគ្រប់គ្នាត្រូវការ ហើយអ្វីដែលព្រះអង្គប្រទានឱ្យអស់អ្នក ដែលចូលមករកព្រះ អង្គដោយក្ដីជំនឿ ដោយការប្រែចិត្ត​ និងការបន្ទាបខ្លួន។

អ្នកមានជំនឿ (កធំ ឬតូចក្ដី)

ព្រះយេស៊ូវប្រោសឲ្យជា​ អ្នកណាដែលមានជំនឿនៅក្នុងព្រះអង្គ។ ព្រះអង្គប្រាប់មនុស្សខ្លះថា "ក្ដីជំនឿរបស់អ្នកបានរំដោះអ្នកហើយ" រួមទាំងស្រ្តីធ្លាក់ឈាម (ម៉ាថាយ 9:22; ម៉ាកុស 5:34) និងបុរសសាសន៍សាម៉ារីកើតឃ្លង់ (លូកា 17:19) និងអ្នកសុំទានពិការភ្នែកដែរ (ម៉ាកុស 10:52; លូកា 18:42)។

 

ព្រះយេស៊ូវ "ទតឃើញជំនឿ" របស់មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ និងមិត្តភក្តិទាំង ៤ របស់គាត់ (ម៉ាថាយ 9:2)។ ជំនឿរបស់ពួកគេត្រូវគេមើលឃើញ ដោយសារទង្វើរបស់ពួកគេ។ ពួកគេឡើងតាមជណ្ដើរទៅលើដំបូល ហើយហែកដំបូល និងសំរូតមិត្តភក្តិរបស់គាត់ ទៅក្នុងបន្ទប់ពេញដោយហ្វូងមនុស្ស។ ពួកគេធ្វើការនេះ ព្រោះពួកគេដឹងថា ព្រះយេស៊ូវអាចប្រោសគាត់ឲ្យជា​ ដូចព្រះអង្គបានធ្វើ។


នៅពេលកូនស្រីរបស់យ៉ៃរ៉ុសស្លាប់ មនុស្សម្នាប្រាប់គាត់ កុំឱ្យទៅរំខានព្រះយេស៊ូវ ព្រោះពួកគេគិតថា វាយឺតពេលហើយ ដែលឱ្យព្រះអង្គជួយនាង។ ប៉ុន្តែ ព្រះយេស៊ូវបានព្រះបន្ទូលថា៖ "កុំ​ខ្លាច​ឡើយ ឲ្យ ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ នោះ​នាង​នឹង​បាន​រស់​វិញ" (លូកា 8:50)។ បន្ទាប់មក យ៉ៃរ៉ុស ក៏បង្ហាញក្ដីជំនឿ ដោយយាងព្រះយេស៊ូវទៅផ្ទះរបស់គាត់ ដើម្បីឱ្យព្រះអង្គទតឃើញកូនស្រីរបស់គាត់។ បន្ទាប់មក ព្រះយេស៊ូវក៏ប្រោសនាងឱ្យរស់ឡើងវិញ។

មនុស្សសាសន៍ដទៃ ២ នាក់ ស្ត្រីសាសន៍កាណាន និងទាហ៊ានរ៉ូម៉ាំង ត្រូវបានគេកោតសរសើរចំពោះជំ នឿដ៏អស្ចារ្យរបស់ពួកគេ មុនពេលពួកគេទទួលបានការអស្ចារ្យ។ យ៉ាងណាមិញ ទំហំនៃក្ដីជំនឿរបស់ គឺមិនមែនជាអ្វីដែលសំខាន់បំផុតនោះទេ។ សូម្បីតែជំនឿតូចមួយក្ដី ក៏គ្រប់គ្រាន់ដែរ ឱ្យតែវាជាជំនឿទៅ កាន់ព្រះយេស៊ូវ។ យើងឃើញការនេះ នៅពេលឪពុករបស់ក្មេងប្រុស ដែលមានអារក្សសណ្ឋិត ចូលមក រកព្រះយេស៊ូវ។អាន ម៉ាកុស 9:20-24

“ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្ដី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង" គឺជាការអធិស្ឋាន ដែលយើងអាច អធិស្ឋានបានគ្រប់គ្នា។ ក្ដីជំនឿរបស់គាត់ តូចមួយតែប៉ុណ្ណោះ តែក្ដីជំនឿតូចមួយនេះ បានដាក់ទៅកាន់មនុស្សត្រឹមត្រូវហើយនេះវាប្រសើរជាងក្ដីជំនឿអស្ចារ្យដែលដាក់ទៅកាន់មនុស្សខុស។ 


ព្រះយេស៊ូវធ្វើការ យ៉ាងអត់ធ្មត់ ចំពោះភាពសង្ស័យរបស់បុរសនោះ ហើយធ្វើការអស្ចារ្យដែលគាត់សង្ឃឹមចង់បាន។

 

វាមានសារៈសំខាន់ ដែលមនុស្សយកតម្រូវការរបស់ខ្លួ​ន​ ទៅកាន់ព្រះយេស៊ូវ តែពួកគេមិនបានប្រាប់ព្រះអង្គឱ្យធ្វើអ្វីនោះទេ។ នៅក្នុងពិធីមង្គលការនៅ​ភូមិ​កាណា ម៉ារីប្រាប់ព្រះយេស៊ូវអំពីបញ្ហា ("គេ​អស់​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ" (យ៉ូហាន 2:3) ប៉ុន្តែសូមកត់ចំណាំថា គាត់មិនបានប្រាប់ព្រះយេស៊ូវថា "សូមធ្វើ ស្រានោះទេ"។ ផ្ទុយទៅវិញ ម៉ារីបានប្រាប់បាវបម្រើថា "ការ​អ្វី​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ នោះ​ត្រូវ​ធ្វើ​ចុះ" (យ៉ូហាន 2:5)។ យើងគួរនាំយកតម្រូវការរបស់យើងទៅកាន់ព្រះយេស៊ូវ តែយើងមិនចាំបាច់ប្រាប់ព្រះអង្គអំពី អ្វី ដែលទ្រង់ត្រូវធ្វើនោះទេ។ ព្រះអង្គចង់បានក្ដីជំនឿយើង មិនមែនចង់បានការណែនាំរបស់យើងនោះទេ។

ពេលឡាសារស្លាប់ ម៉ាថាប្រាប់ទៅព្រះយេស៊ូវថា៖ "ព្រះ‌អម្ចាស់​អើយ បើ​សិន​ជា​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ ប៉ុន្តែ ខ្ញុំ​ម្ចាស់​ដឹង​ថា ទោះ​ទាំង​នៅ​គ្រា​ឥឡូវ​នេះ នោះ​ការ​អ្វី​ដែល​ទ្រង់​នឹង​សូម​ពី​ព្រះ គង់​តែ​ព្រះ​នឹង​ប្រទាន​មក​ទ្រង់​ជា​មិន​ខាន"។ ម៉ាថាមិនបានទូលសុំព្រះអង្គឱ្យប្រោសឡាសារឱ្យរស់ឡើងវិញនោះទេ។ ផ្ទុយទៅវិញ គាត់បានបង្ហាញជំនឿរបស់គាត់ថា ព្រះជាម្ចាស់នឹងធ្វើអ្វីដែលព្រះយេស៊ូវទូលសុំ។ គាត់ជឿថា បំណងព្រះហឬទ័យរបស់ព្រះអង្គល្អជាងគេបំផុត នៅក្នុងស្ថានការណ៍នេះ។ នេះគឺជាក្ដីជំនឿ គឺជាទុកចិត្តចំពោះបំណងព្រះហឬទ័របស់ព្រះ។


ការស្ដាប់បង្គាប់
ព្រះយេស៊ូវជារឿយៗបានប្រាប់មនុស្សឱ្យធ្វើអ្វីមួយ ដើម្បីទទួលការអស្ចារ្យ។ គន្លឹះទៅកាន់ការ អស្ចារ្យនៅក្នុងករណីនីមួយៗគឺ ធ្វើតាមអ្វីដែលព្រះយេស៊ូវមានបន្ទូលយ៉ាងសាមញ្ញ។ តើអ្វីជាទង្វើនៃការស្ដាប់បង្គាប់នៅក្នុងការអស្ចារ្យនីមួយៗ?

លូកា 5:4-6           ឲ្យ​ចេញ​ទូក​ទៅ​ឯ​កន្លែង​ទឹក​ជ្រៅ​ទំលាក់​អួន​ចាប់​ត្រី​ចុះ
យ៉ូហាន 2:6-10      ចូរ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ 
យ៉ូហាន 9:6-7        ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ី‌ឡោម​ទៅ 

ព្រះយេស៊ូវបានប្រាប់បុរសម្នាក់ ស្វិតដៃម្នាក់ឱ្យក្រោកឈរនៅចំពោះមុខមនុស្សម្នាគ្រប់គ្នា ហើយបោះ ដៃទៅមុខ ជាអ្វីដែលមិនអាចទៅរួច តាមរូបកាយរបស់គាត់នោះទេ។ ប៉ុន្តែ ពេលព្រះយេស៊ូវបង្គាប់ ព្រះ អង្គក៏បានប្រទានអំណាចឱ្យវាអាចកើតឡើងដែរ។ ការអស្ចារ្យកើតឡើង នៅពេលមនុស្សស្ដាប់បង្គាប់ព្រះយេស៊ូវ។

 

ការពិភាក្សា

ពិភាក្សាគ្នា ជាមួយដៃគូ៖

  • បើមាននរណាម្នាក់សួរអ្នកថា តើព្រះយេស៊ូវធ្វើការអស្ចារ្យសម្រាប់អ្នកណានោះ តើអ្នកនឹងឆ្លើយ ដូចម្ដេច?

  • តើការនេះប្រាប់យើងអ្វីខ្លះអំពី ព្រះយេស៊ូវ?

អធិស្ឋានបញ្ចប់

bottom of page