
មេរៀនទី ៦: ចៅហ្វាយ ២
សេចក្តីពិតដ៏សំខាន់មួយ : អ្នកដើរតាមព្រះយេស៊ូ បម្រើព្រះ (មិនមែនលុយកាក់ទេ) តែមានទ្រព្យសម្បត្តិ នៅឯស្ថានសួគ៌ (មិនមែននៅផែនដីទេ)
សកម្មភាព : ចៅហ្វាយ ២
សម្ភារ៖ កម្រាលជើង និងរបាំងភ្នែក
របៀបលេង :
១) បែងចែកយុវជនជាក្រុម គ្នា ៦ ទៅ ៧ នាក់។ និយាយ៖ "មនុស្ស ២ នាក់នៅក្នុងក្រុមត្រូវលើកដៃ"។ ពេលពួកគេលើកដៃ និយាយថា៖ "ប្អូនជាចៅហ្វាយ។ អ្នកផ្សេងទៀត នៅក្នុងក្រុមជាអ្នកបម្រើរបស់ប្អូន។ ប្អូននឹងបញ្ជាពួកគេ"។
២) រើសក្រុម ១ ឱ្យចាប់ផ្ដើមលេងមុន។ ប្រាប់ឱ្យចៅហ្វាយទាំង ២ ឈរនៅម្ខាង ហើយអ្នកបម្រើឈរនៅ ម្ខាងនៃកន្លែងលេង។ អ្នកបម្រើត្រូវពាក់របាំងភ្នែក (ឬបិទភ្នែក)។
៣) និយាយ៖ "គ្រូនឹងដាក់កម្រាលជើងខ្លះ នៅក្នុងកន្លែងលេង ហើយកម្រាលទាំងនេះ គឺជាភក់។ បើអ្នក បម្រើដើរជាន់ភក់ គ្រប់គ្នាត្រូវស្រែកឈ្មោះគាត់ ហើយគាត់នឹងស្អុយ ហើយអង្គុយចុះ"។
៤) "ចៅហ្វាយម្នាក់ គឺជាចៅហ្វាយល្អ។ គាត់នឹងព្យាយាមនាំអ្នកបម្រើទៅផ្នែកម្ខាងទៀតនៃកន្លែង ហើយ គេចពីកម្រាលជើង។ ចៅហ្វាយម្នាក់ទៀត គឺជាចៅហ្វាយអាក្រក់។ គាត់នឹងព្យាយាមធ្វើឱ្យ អ្នកបម្រើដើរ ជាន់កម្រាលជើង។
៥) ឱ្អ្នកបម្រើ ប្អូនៗត្រូវសម្រេចចិត្តថា ចៅហ្វាយណាដែលប្អូននឹងស្ដាប់តាម។ ប្អូនអាចប្ដូរចៅហ្វាយ ក្នុង ពេលលេងហ្គេម។ ប៉ុន្តែប្អូនត្រូវតែមានចៅហ្វាយប្អូនមិនអាចបដិសេធចៅហ្វាយទាំង ២ បានទេ។ ដូច្នេះ ប្អូនត្រូវរើសចៅហ្វាយម្នាក់ និងស្ដាប់តាមបញ្ជារបស់គាត់ ហើយបដិសេធចៅហ្វាយម្នាក់ទៀត។"
៦) (គ្រូ ត្រូវប្រាប់ចៅហ្វាយថា ម្នាក់ណាត្រូវធ្វើជាចៅហ្វាយល្អ ហើយម្នាក់ណាត្រូវធ្វើជាចៅហ្វាយអាក្រក់ ដោយសម្ងាត់)។ បន្ទាប់មក ចៅហ្វាយទាំង ២ នឹងចាប់ផ្ដើមហៅ "អ្នកបម្រើអើយ! មកនេះ"។ អ្នកបម្រើទាំងអស់ត្រូវ ដើរមករកគាត់យឺតៗ។ ពេលពួកគេកំពុងដើរទៅ ចៅហ្វាយត្រូវបង្គាប់ដូចជា៖ "តារា ដើរ ២ ជំហ៊ានមកស្ដាំ" ឬ "សុភាព ដើរ ១ ជំហ៊ានទៅឆ្វេង" ជាដើម។
៧) ក្រុមទី ១ នឹងបញ្ចប់វេនខ្លួន ពេលអ្នកបម្រើទាំងអស់ដើរធ្លាក់ភក់ ឬដើរទៅម្ខាងទៀតដោយ ជោគជ័យ ។ ទុកឱ្យក្រុមនីមួយៗ មានឱកាសលេង។
ក្រោយបញ្ចប់ហ្គេម
សួរ៖ "តើវាពិបាក ឬងាយស្រួល ក្នុងការសម្គាល់ថា ចៅហ្វាយណាល្អ ចៅហ្វាយណាអាក្រក់?"
តើវាធ្វើឱ្យមានការផ្លាស់ប្ដូរអ្វី?
ព្រះយេស៊ូវមានបន្ទូលអំពី លទ្ធផលនៃការដើរតាមចៅហ្វាយ ២ នៅក្នុងការបង្រៀននៅលើភ្នំ។ ចូរមើលអ្វិដែលព្រះអង្គ មានបន្ទូល។
ការរៀនព្រះគម្ពីរ
អាន [ម៉ថាយ 6:19-24]
សំនួរបង្កប់ន័យ
តើកន្លែងណាខ្លះ ដែលមនុស្សអាចទុកទ្រព្យសម្បត្តិបាន?
នៅផែនដី និងនៅស្ថានសួគ៌។
តាមព្រះយេស៊ូវ តើយើងគួរទុកទ្រព្យសម្បតិ្តយើង នៅឯណា?
នៅស្ថានសួគ៌។
តើព្រះយេស៊ូវមានបន្ទូលថា មានអ្វីកើតឡើងចំពោះទ្រព្យសម្បត្តិនៅផែនដី?
កន្លាត និងច្រែះស៊ីបំផ្លាញ ឬចោរលួច។ វាមិនគង់វង្សនោះទេ។
ចុះមានអ្វីកើតឡើង ចំពោះទ្រព្យសម្បត្តិនៅស្ថានសួគ៌វិញ?
គ្មានកន្លាត ឬច្រែះស៊ីបំផ្លាញទេ ហើយក៏គ្មានចោរលួចដែរ។ វានៅគង់វង្ស ជារៀងរហូត។
នៅក្នុង ខរ 24 ព្រះយេស៊ូវនិយាយអំពី ចៅហ្វាយ ២ នាក់។ តើពួកគេជានរណា?
ព្រះជាម្ចាស់ និងលុយ។
តើយើងអាចបម្រើទាំង ២ បានដែរទេ?
ទេ យើងមិនអាចទេ។
សំនួរមានន័យ
តើប្អូនគិតថា ព្រះយេស៊ូវមានន័យយ៉ាងម៉េច ពេលព្រះអង្គមានបន្ទូលថា យើងមិនអាចបម្រើចៅហ្វាយ២?
ទុកឱ្យពួកគេបញ្ចេញគំនិត។
នៅក្នុងហ្គេមយើង ប្អូនៗមានចៅហ្វាយ ២ ដែលចាំបង្គាប់បញ្ជាប្អូន។ ប្អូនមិនអាចគោរពម្ដងទាំង ២ បានទេ ព្រោះពួកគេបង្គាប់បញ្ជាអ្វីផ្សេងគ្នា។ ប្អូនត្រូវសម្រេចចិត្តថា នរណាដែលប្អូនស្ដាប់តាម។ ដូចគ្នានៅក្នុងជីវិតប្អូនដែរ។ យើងគ្រប់គ្នាត្រូវតែជ្រើសរើសថា ត្រូវស្ដាប់តាមនរណាគេ ព្រះ ឬ ចៅហ្វាយ ផ្សេងទៀត។
តើប្អូនគិតថា វាមានន័យដូចម្ដេច ដែល "បម្រើលុយ"?
វាមានន័យថា លុយគឺជាចៅហ្វាយរបស់ប្អូន។
បើលុយគឺជា ចៅហ្វាយរបស់ប្អូន នោះវានឹងគ្រប់គ្រងជីវិតរបស់ប្អូន។ ប្អូននឹងចំនាយពេលវេលា កម្លាំង និងសមត្ថភាពរបស់ប្អូនភាគច្រើន ដើម្បីបានលុយ ហើយលុយនឹងក្លាយជារបស់ដ៏សំខាន់ ជាងគេបំផុត ក្នុងជីវិតប្អូន។
តើប្អូនគិតថា វាមានន័យដូចម្ដេច ដែល "បម្រើព្រះ"?
យើងស្ដាប់បង្គាប់ព្រះអង្គ និងធ្វើតាមព្រះហឬទ័យព្រះអង្គសម្រាប់ជីវិតយើង។
មនុស្សគ្រប់គ្នា មានចៅហ្វាយ។ បើចៅហ្វាយរបស់យើងមិនមែនជាព្រះទេ នោះអ្វីទាបជាងព្រះ នឹង ក្លាយជាចៅហ្វាយរបស់យើង ព្រោះថា គ្មានអ្វីដែលអស្ចារ្យជាងព្រះនោះទេ។ ប្អូនៗនឹងប្រគល់ជីវិតរបស់ប្អូន នៅក្នុងការធ្វើអ្វី១។ ការប្រគល់ជីវិតរបស់ប្អូនដើម្បីបម្រើព្រះ គឺជាការប្រគល់យើងខ្លួនឯង សម្រាប់អ្នកដែលអស្ចារ្យ មានអំណាច មានភាពសុចរិត និងល្អឥតខ្ចោះ ជាងគេទាំងអស់នៅក្នុងសកល លោកនេះ។
តើមនុស្សអាចមានទ្រព្យសម្បតិ្តនៅផែនដីដោយរបៀបណា?
ដោយបម្រើលុយ។ ពួកគេចំនាយជីវិតរបស់ពួកគេ ដេញតាមលុយ ដើម្បីទៅទិញរបស់ផ្សេងៗ។
តើមនុស្សអាចមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ដូចម្ដេច?
ដោយបម្រើព្រះ។ ព្រះអង្គបានសន្យាថា ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកណា ដែលធ្វើដូចនេះ។
ដូច្នេះ យើងអាចបម្រើព្រះ ឬបម្រើលុយ។ បើយើងបម្រើលុយ យើងនឹងមានទ្រព្យសម្បត្តិនៅផែនដី។ បើយើងបម្រើព្រះ យើងនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌។
ចូរប្រាប់ខ្ញុំអំពី ទ្រព្យសម្បត្តិនៅផែនដីខ្លះ ដែលមនុស្សមាន។
ទុកឱ្យពួកគេឱ្យឧទាហរណ៍។
តើនឹងមានអ្វីកើតឡើង ចំពោះទ្រព្យសម្បត្តិទាំងនោះ ពេលពេលវេលាកន្លងផុតទៅ?
ទ្រព្យសម្បត្តិនៅផែនដីនឹងបាក់បែង លែងដំណើរការ ឬត្រូវគេលួច ឬបាត់បង់ ជាដើម។
តើប្អូនគិតថា ទ្រព្យសម្បត្តិបែបណា ដែលមនុស្សនឹងមាននៅនគរស្ថានសួគ៌?
ទុកឱ្យពួកគេបញ្ចេញយោបល់។
ក្នុងព្រះគម្ពីរប្រាប់យើងអំពី ទ្រព្យសម្បត្តិដែលព្រះនឹងប្រទានឱ្យ អស់អ្នកណាដែលបម្រើព្រះអង្គ។ យើងនឹងមានកន្លែង នៅក្នុងដំណាក់របស់ទ្រង់(យ៉ូហាន 14:2)។ យើងនឹងរស់នៅក្នុងទីក្រុង ដែលមាន ផ្លូវក្រាលដោយមាសសុទ្ធ និងទ្វារក្រុងធ្វើពីកែវមុក្តា (វីវរណៈ 21:21)។ ព្រះយេស៊ូវនឹងប្រទាន "មរកតជីវិត" (យ៉ាកុប 1:12) ផ្កាយព្រឹក (វីវរណៈ 2:28) និង "ភួងជ័យមិនចេះស្រពោន" (1 ពេត្រុស 5:4)។ យើងនឹងមានជីវិតអស់កល្បជានិច្ច ជាមួយព្រះ។ យើងនឹងមានរាងកាយដែលមានសិរីល្អ ព្រះចេស្ដា និង មិនចេះពុករលួយ (1កូរិនថូស 15:42-43)។ យើងនឹងជា "ចំនែកជានិស្ស័យនៃព្រះ" (2 ពេត្រុស 1:4)។
វ៉ាវ! ស្ដាប់ទៅ ដូចយើងនឹងក្លាយទៅជា វីរៈបុរសអ៊ីចឹង។ សរសើរព្រះអង្គ។ យើងមិនអាចយល់បាន ទាំងស្រុងទេ ថានេះមានន័យដូចម្ដេច តែយើងអាចឃើញថា វាល្អប្រសើរជាង ឡាន ឬផ្ទះ នៅផែនដី នេះ។ អ្វីដែលព្រះអង្គបានសន្យាចំពោះយើងនៅស្ថានសួគ៌ អស្ចារ្យជាងអ្វីទាំងអស់ ដែលយើងអាចរក បាននៅផែនដីនេះ ក្នុងពេលឥឡូវនេះ។ ព្រះបានរៀបចំអ្វី ដែលល្អអស្ចារ្យសម្រាប់យើង លើសពីអ្វីដែល យើងអាចគិតដល់ទៅទៀត។ (1កូរិនថូស 2:9)
ពេលវេលាក្រុមតូច
ចូរពិភាក្សាគ្នា នៅក្នុងក្រុមតូច
-
តើអ្នកចង់បានព្រះ ឬលុយ ជាចៅហ្វាយរបស់អ្នក? ហេតុអ្វី?
-
តើអ្នកចង់មានទ្រព្យសម្បត្តិនៅផែនដី ឬនៅស្ថានសួគ៌? ហេតុអ្វី?
អធិស្ឋានបញ្ចប់




