top of page

មេរៀន ទី៦: និយាយជាមួយព្រះ

សេចក្តីពិតដ៏សំខាន់មួយ :  ការអធិស្ឋាន គឺជាការដែលយើងនិយាយជាមួយព្រះ និងដឹងថាព្រះអង្គស្ដាប់យើង

សកម្មភាព : កាយវិការស្ងៀមស្ងាត់

 

សម្ភារៈ : ក្រដាសមួយសន្លឹក ដែលមានកាយវិការដែលត្រូវធ្វើ ១។ ឧទាហរណ៍៖ លេងបាល់ ងូតទឹកឱ្យឆ្កែ ជិះកង់ និងជិះទូកស្ទូចត្រី ជាដើម។

 

របៀបលេង :
១) ឱ្យសិស្សចូលជាក្រុម មានគ្នា ៥ នាក់។ 


២) សួររកអ្នកស្ម័គ្រចិត្តម្នាក់ ពីក្រុមនីមួយៗ ឱ្យឡើងមកខាងមុខ។ និយាយ៖ "ប្អូនៗនឹងត្រូវធ្វើកាយវិការ តាម ក្រដាសដែលខ្ញុំឱ្យ។ ប្អូនៗមិនអាចនិយាយបានទេ ហើយទុកឱ្យក្រុមរបស់ប្អូនទាយ។"


៣) អ្នកទី១ ដែលទាយត្រូវ ត្រូវឡើងទៅខាងមុខជាមួយមិត្តរួមក្រុម ដើម្បីការធ្វើកាយវិការ សម្រាប់ជុំទី២។ លេងម្ដងទៀត ដោយឱ្យកាយវិការថ្មី សម្រាប់ក្រុមទាំងអស់។


៤) បន្តលេងបែបនេះទៀត។ ក្រុមដែលមានសមាជិកទាំងអស់ឡើងទៅខាងមុខមុនគេ ជាក្រុមឈ្នះ។

ក្រោយបញ្ចប់ហ្គេម: 

សួរ : ពេលធ្វើកាយវិការ តើវាពិបាក ឬស្រួលក្នុងការប្រាស្រ័យទាក់ទងមកកាន់ក្រុមរបស់ប្អូន? តើអ្វីដែល ធ្វើឱ្យវាពិបាក? តើអ្វីនឹងធ្វើឱ្យកាន់តែងាយស្រួល? ទុកឱ្យសិស្សឆ្លើយ។

 

វាងាយស្រួលជាង នៅពេលដែលយើងអាចនិយាយជាមួយគ្នាបាន ត្រូវទេ? ហ្គេមនេះ ប្រាប់យើងអំពី ការលំបាកពេលយើងមិននិយាយ។ និយាយទៅកាន់នរណាម្នាក់ អាចជាជំនួយដ៏ល្អ!

ការរៀនព្រះគម្ពីរ

តើប្អូនៗធ្លាប់ចង់និយាយជាមួយមិត្តភក្តិអំពីរឿងអ្វីមួយ តែពួកគេមិនលើកទូរស័ព្ទ ឬឆ្លើយតបសាររបស់ ប្អូនដែរទេ?

តើប្អូនមានអារម្មណ៍ដូចម្ដេច ពេលវាកើតឡើង? ទុកឱ្យសិស្សឆ្លើយ។

វាអាចធ្វើឱ្យយើងមួម៉ៅ ព្រោះពេលយើងចង់និយាយរកនរណាម្នាក់ យើងតែងរំពឹងទុកឱ្យគេត្រៀម និយាយមកកាន់យើងវិញភ្លាមៗ ទោះបីជានេះ ជាការរំពឹងទុកដែលខុសក៏ដោយ។ ប៉ុន្តែ មានម្នាក់ ដែលយើងអាចនិយាយរកគ្រប់ទីកន្លែង និងគ្រប់ពេលវេលាបាន គឺ ព្រះ!

[ទំនុកតម្កើង 145:18] ព្រះយេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក ដែល​អំពាវនាវ​ដល់​ទ្រង់ គឺ​អស់​អ្នក ដែល​អំពាវនាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់។

ពេលយើងនិយាយជាមួយព្រះ ហៅថា "ការអធិស្ឋាន"។ ចូរស្ដាប់អ្វីដែលព្រះយេស៊ូមានបន្ទូលអំពី ការអធិស្ឋាន។

[ម៉ាថាយ 6:6]  តែ​ឯ​អ្នក កាល​ណា​អធិស្ឋាន នោះ​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ រួច​អធិ ស្ឋាន​ដល់​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ទី​លាក់​កំបាំង​ចុះ នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​ទត​ឃើញ​ក្នុង ​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់។

ការអធិស្ឋាន គឺជាឱកាសដែលយើងនិយាយជាមួយឪពុករបស់យើង ដែលជាព្រះអាទិករ អ្នកគ្រប់គ្រង និងជាសេ្ដចនៃចក្រវាលនេះ! ព្រះអង្គអញ្ជើញយើងឱ្យអធិស្ឋានទៅកាន់ព្រះអង្គ ហើយទ្រង់នឹងប្រទាន រង្វាន់ដល់យើង។

ព្រះអង្គឱ្យតម្លៃការអធិស្ឋានរបស់យើងណាស់។ ព្រះគម្ពីរបានប្រាប់យើងថា ការអធិស្ឋានរបស់យើង ប្រៀបបីដូចជា ពាន​មាស ដែល​ពេញ​ដោយ​គ្រឿង​ក្រអូប​រៀង​ខ្លួន សម្រាប់ព្រះអង្គ។ នេះមានន័យថា ការអធិស្ឋានរបស់យើងគាប់ព្រះហឬទ័យព្រះ។

[វីវរណៈ 5:8] លុះ​បាន​យក​ក្រាំង​ទៅ​ហើយ នោះ​តួ​មាន​ជីវិត​ទាំង​៤ និង​ពួក​ចាស់ទុំ​២៤​នាក់ ក៏​ទំលាក់ ​ខ្លួន​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ទាំង​កាន់​ស៊ុង និង​ពាន​មាស ដែល​ពេញ​ដោយ​គ្រឿង​ក្រអូប​រៀង​ខ្លួន ឯ​ គ្រឿង​ក្រអូប នោះ​ជា​សេចក្តី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ។

វាជាការដ៏ល្អ ដែលយើងអធិស្ឋាន។ ប៉ុន្តែ តើអ្វីទៅដែលយើងគួរនិយាយ នៅពេលយើងអធិស្ឋាន? ក្នុង មេរៀនថ្ងៃនេះ យើងនឹងរៀនពីអ្វីដែលយើងគួរនិយាយ នៅពេលយើងអធិស្ឋាន។ ថ្ងៃនេះ យើងនឹងមិន មានពេលវេលាក្រុមតូចទេ។ សូមរកកន្លែងផ្ទាល់ខ្លួន ដែលប្អូនៗអាចឃើញ និងឮខ្ញុំច្បាស់ ហើយយើង នឹងអធិស្ឋានជាមួយគ្នា ដោយធ្វើតាមរបៀបខាងក្រោម។

១) លន់តួ

ព្រះអង្គគឺជាព្រះដ៏វិសុទ្ធ និងល្អឥតខ្ចោះ ហើយបើយើងស្មោះត្រង់ យើងនឹងទទួលស្គាល់ថា យើងមិន មានលក្ខណៈដូច្នេះទេ។ អំពើបាបបានបំបែកយើងចេញពីព្រះអង្គ។

[អេសាយ 59:2] គឺ​ជា​អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា ដែល​បាន​ខណ្ឌ​ជា​កណ្តាល​ឯង ហើយ​នឹង​ព្រះ​នៃ​ឯង ​ទេ​តើ ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា​បាន​បាំង​ព្រះភក្ត្រ​ទ្រង់​មិន​ឲ្យ​ឯង​ឃើញ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​មិន​ ព្រម​ស្តាប់​ទេ។

ប៉ុន្តែយើងលន់តួបាបរបស់យើង ព្រះអង្គនឹងលើកលែងទោសឱ្យយើង។

[1 យ៉ូហាន 1:9] បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិតប្រយោជន៍ ​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។

ដូច្នេះ ពេលប្អូនអធិស្ឋាន ត្រូវចាប់ផ្ដើមដោយការបន្ទាបខ្លួន និងសូមឱ្យព្រះអង្គអត់ទោសអំពើបាបប្អូន។ សូមទ្រង់ឱ្យជួយប្អូនឱ្យបានប្រសើរឡើង និងអរព្រះគុណព្រះអង្គដែលបានអត់ទោសឱ្យយើង។ ទុក ពេលឱ្យពួកគេអនុវត្តន៍។

២) អរព្រះគុណ

បន្ទាប់ យើងអាចអរព្រះគុណព្រះអង្គ សម្រាប់គ្រប់ទាំងការល្អៗ ដែលមាននៅក្នុងជីវិតយើង។

[1 ថែស្សាឡូនីច 5:16-18]  ចូរ​អរ​សប្បាយ​ជានិច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ ​ទាំង​អស់ ពី​ព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើយ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះគ្រីស្ទយេស៊ូវ។

[កូឡូស 4:2] ចូរ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះគុណ ។

គ្រប់ទាំងការល្អទាំងអស់ដែលយើងមាន សុទ្ធតែមកពីព្រះ។ គ្រប់ទាំងព្រះពរ ទាំងសមត្ថភាព ខ្យល់ ដង្ហើមដែលយើងដក គឺសុទ្ធតែមកពីព្រះ។ បើគ្មានទ្រង់ទេ យើងគ្មានជីវិតនោះឡើយ! ពេលយើងទទួល បានអ្វីដែលល្អ យើងគួរតែអរគុណអ្នកដែលឱ្យវាមកកាន់យើង។ ដូច្នេះ យើងគួរតែមានពេលអរព្រះ គុណព្រះអង្គ សម្រាប់គ្រប់ការល្អទាំងអស់ នៅក្នុងជីវិតយើង។ ចូរអនុវត្តន៍ឥឡូវនេះ។ ទុកពេលឱ្យសិស្ស អនុវត្តន៍។

 

៣) សរសើរតម្កើង

ក្រោយពីអរព្រះគុណសម្រាប់អំណោយទាន យើងក៏ត្រូវសរសើរតម្កើងអ្នកឱ្យដែរ។ សរសើរតម្កើង គឺ ដើម្បីទទួលស្គាល់ថា អ្វីដែលយើងមាននោះ អស្ចារ្យប៉ុណ្ណា ហើយនិយាយសេចក្ដីពិតនោះ ចេញមក ក្រៅឱ្យឮនោះឯង។ វាជួយឱ្យយើងមើលឃើញអំពី ភាពល្អ ស្រស់ស្អាត មានប្រាជ្ញា រឹងមាំនៃរបស់ខ្លះ ឬ មនុស្សណាម្នាក់ រួចប្រកាសចេញមក។

វាសំខាន់ដែលយើងត្រូវដឹងថា ព្រះជាម្ចាស់មិនត្រូវការការសរសើរតម្កើងរបស់យើងទេ។ ព្រះអង្គដឹងថា ទ្រង់អស្ចារ្យប៉ុណ្ណារួចមកហើយ! ប៉ុន្តែ ការសរសើរតម្កើងនេះ បង្ហាញថាយើងខ្លួនឯងក៏ដឹងដែរ។ ការ សរសើរតម្កើងរបស់យើង បង្ហាញថាយើងស្គាល់ព្រះ ដែលយើងនិយាយជាមួយ។ យើងស្គាល់ថាទ្រង់ល្អ ស្មោះត្រង់ គួរឱ្យស្រឡាញ់ សុចរិត ហើយយើងប្រកាសវា។ ពេលយើងកាន់តែស្គាល់ព្រះ ការសរសើរតម្កើងព្រះអង្គនឹងកាន់តែសមសម្រាប់យើង។ ប៉ុន្តែ ពេលយើងចាប់ផ្ដើមធ្វើវា យើងគួរអាន ព្រះគម្ពីរទំនុកតម្កើង ឬច្រៀងចម្រៀងសរសើរតម្កើងអាចជួយយើងបាន។


ទុកពេលឱ្យពួកគេអនុវត្តន៍។ ចាក់បទចម្រៀងសរសើរតម្កើង បើអ្នកគិតថាវាជួយសិស្ស។

 

៤) ទូលអង្វរ

បន្ទាប់ យើងអាចទូលសុំអ្វីពីព្រះ។

[ភីលីព 4:6-7] កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូមរបស់​អ្នក​រាល់គ្នា ​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុណ​ផង។ យ៉ាង​នោះ សេចក្តី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត និង​ជួយ​ការពារ​ចិត្ត ហើយ​និង​ គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះគ្រីស្ទយេស៊ូវ។

ចាប់ផ្ដើមដោយទូលសូមព្រះអង្គ ឱ្យជួយប្អូនអំពីអ្វីដែលប្អូនព្រួយបារម្ភ ឬបញ្ហានៅក្នុងជីវិត និងតម្រូវការ ដែលចាំបាច់សម្រាប់ប្អូន ជាដើម។ ទុកពេលឱ្យសិស្សអនុវត្តន៍។

[យេរេមា 33:3] ចូរ​អំពាវនាវ​ដល់​អញ នោះ​អញ​នឹង​ឆ្លើយ​តប ហើយ​នឹង​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ​យ៉ាង​ធំ ហើយ​មុតមាំ ដែល​ឯង​មិន​ដឹង។

បន្ទាប់មក ប្អូនអាចទូលសូមប្រាជ្ញាថា អ្វីដែលប្អូនគួរធ្វើ ក្នុងស្ថានភាពជាក់លាក់ណាមួយ។ រង់ចាំ និង ស្ដាប់ព្រះ។ ព្រះអង្គនឹងមានព្រះបន្ទូលមកកាន់ប្អូន អំឡុងពេលប្អូនអធិស្ឋាន ឬមួយក៏ប្រាជ្ញានោះ នឹង ចូលមកនៅពេលបន្ទាប់។ ចូរចំនាយពេលបន្តិចដើម្បីទូលសូមប្រាជ្ញា និងការដឹកនាំពីព្រះ អំពីស្ថានភាព នៅក្នុងជីវិតរបស់យើងនាពេលឥឡូវនេះ។ បន្ទាប់មកស្ដាប់ និងរង់ចាំព្រះ។

បន្ទាប់មកទៀត អធិស្ឋានសម្រាប់អ្នកដទៃ។ ចាប់ផ្ដើមពីក្រុមគ្រួសារ រួចបងប្អូនប្រុសស្រី នៅក្នុងព្រះគ្រីស្ទ។

ទុកពេលឱ្យសិស្សអនុវត្តន៍។

ឥឡូវនេះ អធិស្ឋានសម្រាប់អ្នកដឹកនាំសហគមន៍ និងប្រទេសម្ដង។

ទុកពេលឱ្យសិស្សអនុវត្តន៍។

អបអរសាទរ! ប្អូនៗបានអធិស្ឋានរួចហើយ! ប្អូនៗអធិស្ឋានកាន់តែច្រើន ប្អូនៗកាន់តែសមជាមួយវា។ យើងចូលកាន់តែជិតសិ្នទ្ធិជាមួយព្រះ ពេលយើងចំនាយពេលជាមួយទ្រង់ដោយការអធិស្ឋាន។

ព្រះគម្ពីរបានប្រាប់យើងថា ការអធិស្ឋានមានអំណាច និងប្រសិទ្ធិភាពណាស់ (យ៉ាកុប 5:16)។ ហេតុអ្វី? ព្រោះព្រះចាំស្ដាប់ការអធិស្ឋានរបស់យើង ហើយព្រះអង្គជាព្រះដ៏មានអំណាចចេស្ដា!

បញ្ចប់ដោយការចែកចាយរឿងរ៉ាវផ្ទាល់ខ្លួន ទាក់ទងនឹងពេល ដែលព្រះអង្គឆ្លើយតបការអធិស្ឋានអ្វីមួយ ដែលអ្នកបានទូលសូម។

bottom of page