
មេរៀន ទី៣៖ សិស្សរបស់ព្រះយេស៊ូវ
អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក ២៩ ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង ៣០ ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល។ (ម៉ាថាយ ១១:២៨-៣០)
ពេលយើងរៀនអំពី ការបង្រៀនរបស់ព្រះយេស៊ូវ វាជារឿងធម្មតា ដែលយើងគិតថាមេរៀនទាំងនោះ ពិបាកណាស់។ តើយើងអាចស្រឡាញ់មនុស្សគ្រប់គ្នា (រួមទាំងខ្មាំងសត្រូវយើង) អត់ទោសដល់អ្នកដទៃ (មិនថាគេធ្វើអ្វីក៏ដោយ) ស្ដាប់បង្គាប់ព្រះគ្រប់ពេលវេលា និងឲ្យដល់អ្នកណាដែលសុំពីយើង? តើនេះទៅរួចដែរឬទេ? មុននឹងយើងនិយាយថា នេះមិនអាចទៅរួចទេនោះ យើងត្រូវតែដឹងថា មានម្នាក់ដែលបានធ្វើការនេះហើយយ៉ាងឥតខ្ចោះ។ គឺព្រះយេស៊ូវ។ ព្រះយេស៊ូវបានជួយអស់អ្នក ដែលមករកព្រះអង្គ។ ព្រះអង្គបានអត់ទោសដល់មនុស្សដែលឆ្កាងទ្រង់ និងព្រះអង្គតែងតែធ្វើតាម បំណងព្រះហឬទ័យព្រះ។
ព្រះយេស៊ូវមានបន្ទូលមកកាន់យើងថា៖ "ចូរមកឯងខ្ញុំ" និង"រៀននឹងខ្ញុំចុះ"។ ព្រះអង្គមិនបានប្រាប់យើងឱ្យព្យាយាមធ្វើការទាំងអស់នេះ ដោយឡែកពីព្រះអង្គនោះឡើយ។ ព្រះអង្គត្រាស់ហៅយើងឱ្យធ្វើការទាំងអស់នេះ ជាមួយព្រះអង្គ ក្នុងនាមជាសិស្សរបស់ទ្រង់។ ហើយព្រះអង្គមានបន្ទូលថា នឹមរបស់ព្រះអង្គងាយទេ ហើយបន្ទុករបស់ទ្រង់ក៏ស្រាលដែរ។ ព្រះអង្គមិនបានប្រទានឱ្យយើងមានសាសនា ដែលយើងត្រូវតែព្យាយាមធ្វើ ដោយកម្លាំងរបស់យើងនោះទេ ផ្ទុយទៅវិញ ព្រះអង្គបានត្រាស់ហៅយើងឱ្យមានទំនាក់ទំនងជាមួយទ្រង់។ ព្រះយេស៊ូវត្រាស់ហៅមនុស្សឱ្យដើរតាមព្រះអង្គ ឱ្យទៅកន្លែងណាដែលទ្រង់យាងទៅ ធ្វើអ្វីដែលទ្រង់ធ្វើ និងរស់នៅក្នុងរបៀបដែលទ្រង់បានរស់នៅ។ គោលបំណងអំពី ការធ្វើជាសិស្សរបស់ព្រះយេស៊ូវ គឺដើម្បីក្លាយជាដូចព្រះអង្គ។ ពួកសិស្សដើរតាមព្រះអង្គ មិនមែនគ្រាន់តែដើម្បីរៀនអ្វីដែលព្រះអង្គបង្រៀននោះទេ តែដើម្បីក្លាយជាដូចព្រះអង្គ នៅក្នុងចរិតលក្ខណៈ។ ដូច្នេះ តើអ្វីទៅជាចរិតលក្ខណៈរបស់សិស្ស របស់ព្រះយេស៊ូវ?
(១) សេចក្ដីស្រឡាញ់
ព្រះយេស៊ូវស្រឡាញ់ព្រះជាម្ចាស់ និងស្រឡាញ់មនុស្ស ហើយព្រះអង្គត្រាស់ហៅ អ្នកដើរតាមព្រះអង្គ ឱ្យធ្វើដូចគ្នា។ ព្រះយេស៊ូវស្រឡាញ់ព្រះវរបិតា។ ចូរស្ដាប់អំពី អ្វីដែលព្រះអង្គបានមានបន្ទូល៖
[យ៉ូហាន 14:31] គឺខ្ញុំធ្វើបង្គាប់ព្រះវរបិតាវិញ ដើម្បីឲ្យលោកីយ៍បានដឹងថា ខ្ញុំស្រឡាញ់ដល់ទ្រង់...។
[យ៉ូហាន 8:28-29] ...ខ្ញុំមិនធ្វើការអ្វីដោយអាងខ្លួនខ្ញុំ គឺខ្ញុំនិយាយសេចក្តីទាំងនេះ តាមដែលព្រះវរបិតាបានបង្រៀនខ្ញុំវិញ ២៩ ព្រះអង្គនោះ ដែលចាត់ឲ្យខ្ញុំមក
ក៏គង់ជាមួយនឹងខ្ញុំ ទ្រង់មិនទុកឲ្យខ្ញុំនៅតែឯងទេ ពីព្រោះខ្ញុំចេះតែធ្វើការ ដែលគាប់ដល់ព្រះហឫទ័យទ្រង់ជាដរាប។
ព្រោះព្រះយេស៊ូវស្រឡាញ់ព្រះវរបិតា ព្រះអង្គតែងតែធ្វើអ្វីដែលគាប់ព្រះហឬទ័យព្រះវរបិតា។ ព្រះយេស៊ូវស្រឡាញ់ព្រះវរបិតា ដោយអស់ពីចិត្ត ព្រលឹង គំនិត និងកម្លាំង។ ដូច្នេះ ព្រះអង្គតែងតែ ធ្វើអ្វីតាមបំណងព្រះហឬទ័យរបស់ព្រះវរបិតា។
[យ៉ូហាន 6:38] ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក។
យើងឃើញ នេះគឺនៅយប់មុននឹងគេឆ្កាងព្រះយេស៊ូវ ពេលព្រះអង្គអធិស្ឋានថា៖ " ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូល បង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ" (ម៉ាថាយ 26:39)
ព្រះយេស៊ូវបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះអង្គ សម្រាប់ព្រះវរបិតាដោយការស្ដាប់បង្គាប់ ហើយទ្រង់ត្រាស់ហៅអ្នកដើរតាមព្រះអង្គ ឱ្យមានសេចក្ដីស្រឡាញ់ និងការស្ដាប់បង្គាប់ដូចគ្នា។ នៅក្នុងយប់ដដែលនោះ មុនពេលព្រះអង្គសុគត ព្រះយេស៊ូវមានបន្ទូលប្រាប់ពពួកសិស្សថា៖
[យ៉ូហាន 14:15] បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ។
ស្ដាប់បង្គាប់ព្រះយេស៊ូវ បណ្ដាលចិត្តដោយសេចក្ដីស្រឡាញ់ (មិនមែនដោយសារភារកិច្ច ឬកាតព្វកិច្ចទេ) នាំឱ្យមានការប្រកបគ្នាជិតស្និទ្ធិជាមួយព្រះអង្គ និងព្រះវរបិតា។
[យ៉ូហាន 14:23] ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមកឯអ្នកនោះ ក៏នឹងតាំងទីលំនៅ នៅជាមួយដែរ។
ពិភាក្សាជាមួយមិត្តភក្តិ
-
ហេតុអ្វីបានជាការស្ដាប់បង្គាប់ ជារង្វាស់នៃសេចក្ដីស្រឡាញ់?
-
តើអ្នកស្រឡាញ់ព្រះយេស៊ូវប៉ុណ្ណា? តើការស្ដាប់បង្គាប់របស់អ្នក ឆ្លុះបញ្ចាំងការនេះដែរទេ?
ព្រះយេស៊ូវស្រឡាញ់ពួកសិស្សរបស់ព្រះអង្គ។ ពួកសិស្សរបស់ព្រះអង្គ មានការត្រាស់ហៅឱ្យដើរតាម និងត្រាប់តាមព្រះអង្គ។ ដូច្នេះហើយ ពួកគេត្រូវតែបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ ទៅកាន់គ្នាទៅវិញទៅមក។ ចូរស្ដាប់អ្វីដែលព្រះយេស៊ូវមានបន្ទូលអំពីការនេះ៖
[យ៉ូហាន 13:34-35] ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ ៣៥ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក។
[យ៉ូហាន 15:12-13] នេះជាសេចក្តីបញ្ញត្តរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ ១៣ គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ។
(២) លះកាត់ចិត្តខ្លួនឯង
ដើម្បីស្រឡាញ់អ្នកដទៃ និងស្ដាប់បង្គាប់ព្រះ និងបំណងព្រះហឬទ័យរបស់ទ្រង់ សម្រាប់ជីវិតរបស់យើង យើងត្រូវតែយកឈ្នះបំណងចិត្តអាត្មានិយមរបស់យើងសិន។ យើងអាចចំនាយពេលពេញមួយជីវិតយើង ដេញតាមមហ្ឆិចតាអាត្មានិយមរបស់យើង ឬយើងអាចស្រឡាញ់ព្រះ និងអ្នកដទៃ តែយើងមិនអាចធ្វើទាំង ២ បាននោះទេ។ ជីវិតដែលមិនខ្ជះខ្ជាយទៅលើភាពអាត្មានិយម គឺមានសេរីភាពក្នុងការស្រឡាញ់អ្នកដទៃ ហើយបម្រើព្រះ។
[លូកា 9:23-25] រួចទ្រង់មានព្រះបន្ទូលទៅមនុស្សទាំងអស់ថា បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ២៤ ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត
នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ ២៥ ដ្បិតបើសិនជាមនុស្សណានឹងបានលោកីយ៍ទាំងមូល ប៉ុន្តែធ្វើឲ្យខ្លួនឯងវិនាស ឬឲ្យបាត់បង់ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ។
ព្រះយេស៊ូវមិនបានបង្រៀនពីការបំពេញដោយខ្លួនឯង ឬការកែលំអខ្លួនឯងនោះទេ។ ព្រះអង្គបង្រៀនអំពីការលះកាត់ចិត្តខ្លួនឯង។ ព្រះយេស៊ូវហៅសិស្សរបស់ព្រះអង្គឱ្យ "លះកាត់ចិត្តខ្លួន (ដូចព្រះអង្គបានធ្វើ) ទាំងផ្ទុកឈើឆ្កាងខ្លួន (ដូចទ្រង់បានធ្វើ) ហើយមកតាមខ្ញុំ"
សេចក្ដីស្រឡាញ់ គឺការលះកាត់ចិត្តខ្លួនឯង និងដាក់ចុះជីវិតរបស់យើងដើម្បីអ្នកដទៃ។ ពិភាក្សារបៀបដែលអ្នកបានឃើញមនុស្ស ធ្វើដូចនេះ។
(៣) បម្រើ
មានពេលមួយ សិស្សរបស់ព្រះយេស៊ូវ ២ នាក់ បានសុំទ្រង់ឱ្យប្រទានតំណែងសំខាន់ជាងគេឱ្យពួកគេ។ ពេលពួកសិស្សដទៃទៀតឮការនេះ ពួកគេក៏ខឹង។
[ម៉ាថាយ 20:25-28] តែព្រះយេស៊ូវទ្រង់ហៅអ្នកទាំងនោះមក មានព្រះបន្ទូលថា អ្នករាល់គ្នាដឹងថា ពួក ចៅហ្វាយនៃសាសន៍ដទៃតែងគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ ២៦ ប៉ុន្តែមិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ គឺអ្នកណាក្នុងពួកអ្នករាល់គ្នា ដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ២៧ ហើយអ្នកណាក្នុងពួកអ្នកដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ ២៨ ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនិងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង។
ព្រះយេស៊ូវប្រាប់ពួកសិស្សថា ព្រះអង្គ បានមក "មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ"។ ព័ន្ធកិច្ចរបស់ព្រះអង្គ ទាំងមូល គឺជាឧទាហរណ៍នៃការបម្រើខណៈដែល ព្រះអង្គបំពេញតម្រូវការ របស់មនុស្សគ្រប់គ្នា ដែលនៅជុំវិញទ្រង់ តាមរយៈការប្រោសឲ្យជា ការបង្រៀន ការឱ្យអាហារ និងការលះបង់ជីវិតរបស់ព្រះអង្គសម្រាប់ពួកគេ។ ព្រះយេស៊ូមិនបានបង្រៀន ត្រឹមតែពាក្យសម្ដី ប៉ុណ្ណោះទេ តែទ្រង់បង្រៀនដោយទង្វើរបស់ទ្រង់ ដែលជា គម្រូមកកាន់យើងទៀតផង។ អាន យ៉ូហាន 13:1-5
ហេតុអ្វីទើបព្រះយេស៊ូលាងជើងឱ្យពួកសិស្ស? សូមស្ដាប់អ្វីដែលព្រះអង្គបានប្រាប់ពួកសិស្សរបស់ទ្រង់ បន្ទាប់ពីនោះ។ អាន យ៉ូហាន 13:12-17
ព្រះយេស៊ូលាងជើងឱ្យពួកសិស្ស ជាគម្រូអំពីអ្វីដែលពួកគេគួរធ្វើទៅកាន់គ្នាទៅវិញទៅមក។ នៅអ៊ីស្រា អែល ដីមានលក្ខណៈស្ងួត និងហុយ ហើយប្រជាជននាំគ្នាពាក់ស្បែកជើងសន្រែក។ ពេលពួកគេ ដើរទៅចូលរួមពិធីណាមួយ ជើងរបស់ពួកគេនឹងប្រឡាក់ដីពេលគេទៅដល់។ ជាធម្មតា ការលាងជើង គឺជាការងាររបស់ពួកទាសករថ្នាក់ទាបដែលត្រូវលាងជើងឱ្យគេ ពេលគេមកដល់ តែព្រះយេស៊ូធ្វើតួនាទី នេះ ហើយធ្វើវាទៅកាន់ពួកសិស្សរបស់ព្រះអង្គ។ ព្រះអង្គចង់បង្រៀនពួកគេអំពី សារៈសំខាន់នៃការ បម្រើគ្នាទៅវិញទៅមក ដោយបន្ទាបខ្លួន។
ក្នុងនាមជាគ្រូ និងជាព្រះអម្ចាស់របស់ពួកគេ ព្រះយេស៊ូបានបង្គាប់ពួកគេឱ្យបង្ហាញ សេចក្ដីស្រឡាញ់ដ៏បន្ទាបខ្លួន ក្នុងរបៀប តែមួយទៅកាន់គ្នាទៅវិញទៅមក។ បើព្រះយេស៊ូបានបម្រើយ៉ាង ដូច្នេះហើយ នោះអ្នកបម្រើរបស់ទ្រង់ ក៏គួរតែធ្វើដូចគ្នាដែរ។ ជំនួសឱ្យការមានមហ្ឆិចតាចង់បានតំណែង និងកត្តិយស យើងគួរតែមានចិត្តចង់បម្រើ។ ព្រះយេស៊ូមានបន្ទូលថាអ្នកណាដែលយកតួនាទីជាអ្នកបម្រើគេ នោះមានពរហើយ។
(៤) បន្ទាបខ្លួន
ព្រះយេស៊ូវបានមក "មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ"។ ដូច្នេះហើយទើប អ្នកដើរតាមព្រះយេស៊ូវ មិនគួររំពឹងឱ្យគេបម្រើខ្លួន និងកោតសរសើរនៅក្នុងលោកីយ៍នេះទេ។ ជាការពិត បើយើងចង់ក្លាយជាអស្ចារ្យនៅក្នុងនគរព្រះ អ៊ីចឹងគោលដៅរបស់យើងគឺ បន្ទាបខ្លួនដូចជា ក្មេងតូចម្នាក់វិញ។
[ម៉ាថាយ 18:1-4] នៅវេលានោះឯង ពួកសិស្សមកឯព្រះយេស៊ូវវទូលសួរថា តើអ្នកណាធំជាង គេក្នុង នគរស្ថានសួគ៌ ២ តែទ្រង់ហៅកូនក្មេងតូច១មក ដាក់នៅកណ្តាលពួកគេ ៣ រួចមានព្រះបន្ទូលថា ខ្ញុំប្រាប់ អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូល ទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ ៤ ដូច្នេះ អ្នកណាដែលបន្ទាបខ្លួន ឲ្យបានដូចកូនតូចនេះ អ្នកនោះ ឯងឈ្មោះថា ធំជាងគេក្នុងនគរស្ថានសួគ៌ហើយ។
ដើម្បីក្លាយខ្លួនដូចជាក្មេងតូចម្នាក់ គឺត្រូវតែស្លូតត្រង់ មានជំនឿ ទទួលការបង្រៀន និងស្ដាប់បង្គាប់។
ព្រះយេស៊ូវបង្រៀនប្រស្នា ២ ដើម្បីសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបន្ទាបខ្លួន។ អាន លូកា 14:7-11
និង លូកា 18:9-14
ប្រស្នាទាំង ២ នោះ បង្រៀនមេរៀនដូចគ្នាថា អ្នកណាដែលតម្កើងខ្លួននឹងត្រូវបន្ទាបចុះ ហើយអ្នកណា ដែលបន្ទាបខ្លួននឹងត្រូវតម្កើងឡើង។
ពិភាក្សា៖ ហេតុអ្វីបានជាការបន្ទាបខ្លួន និងភាពដូចជាក្មេង មានសារៈសំខាន់សម្រាប់ អ្នកដើរតាមព្រះ យេស៊ូវ?
(៥) ជឿទុកចិត្តព្រះ មិនមែនលុយកាក់
របៀប ១ ដែលមនុស្សព្យាយាមតម្កើងខ្លួនឯងនៅផែនដីនេះ គឺដោយប្រមូលលុយកាក់ និងទ្រង់ទ្រព្យ សម្បត្តិទុក។ ប៉ុន្តែ តើអ្វីដែលព្រះយេស៊ូវបានបង្រៀនអំពីការនេះ? អាន ម៉ាថាយ 6:19-24
ពិភាក្សា៖ ព្រះយេស៊ូវបានបង្រៀនថា ព្រះជាម្ចាស់ និងលុយកាក់ ប្រៀបដូចជាចៅហ្វាយ។ តើប្អូនៗគិតថា នេះមានន័យដូចម្ដេច?
ព្រះយេស៊ូវបានពិពណ៌នាថា ព្រះជាម្ចាស់ និងលុយកាក់ គឺជាចៅហា្វយ (ម្ចាស់)។ ម្ចាស់ត្រូវការការបម្រើពេញពេល។ ដូច្នេះហើយ មនុស្សម្នាក់មិនអាច បម្រើម្ចាស់ ២ បានទេ។ យើងត្រូវតែជ្រើសរើសថា មួយណាដែលយើងបម្រើ ព្រះជាម្ចាស់ ឬ លុយកាក់។ ឃ្លាបកប្រែថា "ស្មោះត្រង់នឹង" (ἀνθέξεται) មានន័យថា "ប្រកាន់យ៉ាងខ្ជាប់ខ្ជួន" ហើយ "មើលងាយ" បកប្រែពី καταφρονήσει មានន័យថា ឱ្យតម្លៃតិចជាង។ យើងនឹងប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅ នឹងព្រះជា ម្ចាស់ ឬលុយកាក់ តែមិនអាចទាំង ២ នោះទេ។ តើមួយណា ដែលប្អូនប្រកាន់ខ្ជាប់ខ្ជួន? មួយណា ដែលយើងមិនបានជ្រើសរើស គឺមួយនឹងហើយដែលយើងមិនសូវឱ្យតម្លៃ។
ហេតុផល ១ ទៀតដែលមនុស្សចង់ប្រមូលទ្រព្យសម្បត្តិទុក គឺព្រោះពួកគេព្រួយបារម្ភពីអនាគត។ ព្រះ យេស៊ូបានបញ្ជាក់ច្បាស់ហើយថា នេះមកពីខ្វះការទុកចិត្តព្រះអង្គដូចជាក្មេងតូច។ អាន ម៉ាថាយ 6:25-33
ការព្រួយបារម្ភអំពី ជីវិតខាងរាងកាយ (ឧទា៖ អាហារ សម្លៀកបំពាក់) បង្ហាញអំពី កង្វះជំនឿ ទុកចិត្តព្រះ។ ពេលយើងផ្ដោតទៅលើរបស់ទាំងនេះខ្លាំងពេក យើងនឹងព្រងើយកន្ដើយពីអ្វីដែល សំខាន់ពិតប្រាកដ ជាពិសេសគឺ ជីវិតខាងព្រលឹងវិញ្ញាណរបស់យើង។
[លូកា 12:15] រួចទ្រង់មានព្រះបន្ទូលទៅគ្រប់គ្នាថា ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ។
ព្រះយេស៊ូវមិនបានបង្រៀនយើងថា ទ្រព្យសម្បត្តិគឺជាអំណោយទានមកពីព្រះនោះទេ។ ផ្ទុយទៅវិញ ព្រះអង្គព្រមានយើងអំពី គ្រោះថ្នាក់នៃការសេចក្ដីទ្រព្យសម្បត្តិ។ ទ្រព្យសម្បត្តិ មិនមែនជាសញ្ញានៃព្រះ ពររបស់ព្រះនោះទេ។ ជាការពិត ព្រះយេស៊ូវបានបង្រៀនថា ការឱ្យទៅកាន់អ្នកដទៃនោះមានពរជាង។
[កិច្ចការ 20:35] ខ្ញុំបានបង្ហាញអ្នករាល់គ្នាដោយគ្រប់ការទាំងអស់ថា គួរឲ្យខំធ្វើការដូច្នោះ ដើម្បីឲ្យបាន ជួយដល់ពួកអ្នកខ្សោយ ហើយនិងនឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានព្រះបន្ទូលថា ដែលឲ្យ នោះបានពរជាជាងទទួល។
នេះហើយគឺជា មូលហេតុដែលនៅក្នុងអំណោយទានខាងព្រលឹងវិញ្ញាណ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី មិនដែលមានសរសេរអំពី ទ្រព្យសម្បនោះទេ តែការឱ្យដល់អ្នកដទៃគឺជា អំណោយទានខាងព្រលឹងវិញ្ញាណ។ (រ៉ូម 12:6-8)
(6) ស្វែងរកភាពបរិសុទ្ធ
ដើម្បីរស់នៅក្នុងរបៀបមួយដែលព្រះសព្វព្រះទ័យព្រះជាម្ចាស់ តម្រូវឱ្យយើងញែកខ្លួនឯងចេញពីអំពើ បាប។ ចូរស្ដាប់អ្វីដែលព្រះយេស៊ូវមានបន្ទូល៖
[ម៉ាថាយ 18:7-9] វេទនាដល់លោកីយ៍ ដោយព្រោះអស់ទាំងហេតុដែលនាំឲ្យរវាតចិត្ត ដ្បិតសេចក្តីនោះ ត្រូវតែមាន តែវេទនាដល់មនុស្សណាដែលបង្កើតហេតុឲ្យរវាតចិត្តនោះ ៨ បើសិនជាដៃ ឬជើងអ្នក នាំឲ្យគេរវាតចិត្ត នោះចូរកាត់ចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតដៃជើងវិញ ជាជាងមាន ដៃជើង ទាំង២ នឹងត្រូវបោះទៅក្នុងភ្លើង ដែលឆេះនៅអស់កល្បជានិច្ច ៩ ហើយបើភ្នែកអ្នកនាំឲ្យគេរវាតចិត្ត ចូរខ្វែះវាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិត មានភ្នែកតែ១វិញ ជាជាងមានភ្នែកទាំង២ នឹងត្រូវបោះ ទៅក្នុងភ្លើងនរក។
ព្រះយេស៊ូវមិនបានមានន័យថា យើងគួរតែកាត់ផ្នែកនៃរាងកាយយើងនោះទេ។ ព្រះអង្គបានបញ្ជាក់ ច្បាស់ហើយថា អំពើបាបកើតមកពីចិត្ត (ម៉ាកុស 7:20-23)។ ដៃតំណាងឱ្យអ្វីដែលយើងធ្វើ ហើយជើង តំណាងឱ្យកន្លែងដែលយើងទៅ ហើយភ្នែកនោះតំណាងឱ្យ អ្វីដែលយើងមើល។ អ្វីដែលព្រះយេស៊ូវចង់ លើកឡើងនោះ គឺអ្វីក៏ដោយដែលនាំឱ្យយើងប្រព្រឹត្តិអំពើបាប យើងគួរតែកាត់វាចេញពីជីវិតរបស់យើង ជ បន្ទាន់។
មូលហេតុដែលយើងជ្រើសរើសភាពបរិសុទ្ធ គឺព្រោះតែយើងចង់បាន និងរីករាយជាមួយព្រះជាម្ចាស់ ជាជាងអំពើបាប។ បំណងចិត្តរបស់យើងដែលចង់ស្គាល់ព្រះឱ្យបានជ្រាលជ្រៅជាងនេះ នាំឱ្យយើងមាន ភាពបរិសុទ្ធ។ ចូរស្ដាប់អ្វីដែលព្រះយេស៊ូវមានបន្ទូល៖
[ម៉ាថាយ 5:8] មានពរហើយ អស់អ្នកណាដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកនោះនឹងបានឃើញព្រះ។
ភាពបរិសុទ្ធមិនមែនអំពីថាតើ អ្នកល្អបានប៉ុណ្ណា ដោយឡែកពីព្រះនោះទេ តែអំពីថាតើ អ្នកអាចញែក ខ្លួនឯងសម្រាប់ព្រះ បានល្អប៉ុណ្ណាវិញ។ អ្នកដែលមាន "ចិត្តបរិសុទ្ធ" គឺមនុស្សដែលប្ដេជ្ញាជាមួយព្រះ យ៉ាងពេញលេញ ហើយស្រឡាញ់ព្រះអស់ពីពួកគេផងដែរ។ ហើយអ្នកមានចិត្តបរិសុទ្ធមាន សេចក្ដីសន្យាដ៏អស្ចារ្យបំផុត នោះគឺ ពួកគេនឹងបានឃើញព្រះ!
ពិភាក្សា៖ តើអ្វីទៅជាកត្តាជំរុញចិត្តអ្នក ឱ្យរស់នៅក្នុងជីវិតដ៏បរិសុទ្ធ?
(៧) នៅជាប់នឹងព្រះយេស៊ូវ
ភាពបរិសុទ្ធមិនមែនអំពី ការព្យាយាមធ្វើឱ្យខ្លួនឯងល្អ ដោយគ្មានព្រះនោះទេ តែវាអំពី ការរស់នៅជាមួយ ព្រះ។ បើយើងចំនាយពេលជីវិត ដោយរក្សាក្បួនច្បាប់ យើងនឹងក្លាយជាសាសនាជន ប៉ុន្តែប្រសិនបើ យើងចំនាយពេលជីវិតរបស់យើងដោយត្រេកអរនឹងព្រះ ហើយធ្វើតាមបំណងព្រះហឬទ័យព្រះអង្គ នោះយើងនឹងបានបរិសុទ្ធ។ ព្រះយេស៊ូវបានបង្រៀនយើងថា ផលផ្លែខាងវិញ្ញាណ គឺមិនមែនជាលទ្ធផលនៃការខិតខំ របស់មនុស្សនោះទេ តែជាលទ្ធផលពីការនៅជាប់នឹងព្រះអង្គ។
[យ៉ូហាន 15:4-5] ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ ប្រៀបដូចជាខ្នែង បើមិននៅ ជាប់នឹង គល់ នោះពុំអាចនឹងបង្កើតផលដោយឯកឯងបានទេ ដូច្នេះ អ្នករាល់គ្នាក៏ពុំបានដែរ លើកតែនៅ ជាប់នឹង ខ្ញុំ ៥ ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើប នឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ។
នេះគឺជា សេចក្ដីសន្យាដ៏អស្ចារ្យ។ បើយើងចង់មានជីវិតដែលមានផលផ្លែ នោះអ្វីដែលយើងត្រូវតែធ្វើ នោះគឺ នៅជាប់នឹងព្រះគ្រិស្ត។ ដូចជាមែកនៅជាប់នឹងដើម ហើយទទួលជីវិត និងជីវជាតិពីដើម ចូរយើងនៅជាប់នឹងព្រះគ្រិស្ត ហើយទទួលជីវិតខាងវិញ្ញាណ និងជីវជាតិមកពីព្រះអង្គដែរ។ ពេល យើងបន្តមានទំនាក់ទំនងជាប់លាប់ជាមួយទ្រង់ (ដោយការអធិស្ឋាន អានព្រះបន្ទូល និងស្ដាប់បង្គាប់) ព្រះអង្គនឹងគង់នៅក្នុងយើង ហើយផ្ដល់ឱ្យយើងមានអំណាចខាងវិញ្ញាណ ដែលនឹងបង្កើតផល ផ្លែខាងវិញ្ញាណនៅក្នុងជីវិតយើង។
សង្ខេប
ពួកសិស្សរបស់ព្រះយេស៊ូវ ស្រឡាញ់ព្រះ ស្រឡាញ់មនុស្ស លះកាត់ចិត្តខ្លួនឯង បម្រើ ហើយបន្ទាបខ្លួនដូចជាក្មេងតូចជាមួយឪពុក ជឿទុកចិត្តព្រះអង្គជាជាងលុយកាក់ ស្វែងរកភាពបរិសុទ្ធ និងនៅជាប់នឹងព្រះយេស៊ូវ។
ពិភាក្សា៖ តើអ្វីដែលអ្នកបានរៀនអំពី ព្រះយេស៊ូវ ក្នុងមេរៀនថ្ងៃនេះ?
អធិស្ឋានបញ្ចប់