top of page

មេរៀនទី ៧: យកព្រះជាទី ១

សេចក្តីពិតដ៏សំខាន់មួយ :    ពេលយើងស្វែងរកនគរព្រះ និងសេចក្ដីសុចរិតរបស់ទ្រង់ ព្រះអង្គនឹងប្រទាន អ្វីដែលយើងត្រូវការ។

សកម្មភាព : ដាក់គរលើគ្នា

សម្ភារ៖ តុ របស់រាបដែលមានទំហំផ្សេងៗគ្នា ដូចជា សៀវភៅ ចានសំប៉ែត និងគម្រប ជាដើម

របៀបលេង :

១) បែងចែកយុវជនជាក្រុម គ្នា ៦ នាក់។ ក្រុមទាំងអស់ត្រូវឈរនៅម្ខាងនៃកន្លែងលេង។ ដាក់វត្ថុទាំងអស់ នៅលើតុ នៅម្ខាងទៀតនៃកន្លែងលេង។

២) និយាយ៖ "នេះគឺជា ការប្រកួត។ ពេលគ្រូនិយាយថា "ទៅ" អ្នកទី ១ នៅក្នុងក្រុមនឹងរត់ទៅយករបស់១ នៅលើតុ រួចរត់ត្រឡប់ហើយប៉ះដៃអ្នកទី ២ នៅក្នុងក្រុម។ បន្ទាប់មក អ្នកទី ២ នឹងរត់ទៅយករបស់ ១ ទៀត ហើយត្រឡប់មកប៉ះដៃអ្នកទី ៣។ បន្តធ្វើដូច្នេះ រហូតដល់មនុស្សនៅក្នុងក្រុមគ្រប់គ្នាមានរបស់ ម្នាក់១ៗ។"

៣) ពេលគ្រប់គ្នាមានរបស់ម្នាក់១ៗហើយ ប្អូនត្រូវចាប់ផ្ដើមដាក់របស់គរលើគ្នា តាមលំដាប់លំដោយ ដែលប្អូនយករបស់នោះ។ របស់ទី ១ ត្រូវនៅខាងក្រោម រួចរបស់ទី ២ នៅពីលើនោះ ហើយរបស់ទី ៣ ជាដើម។

៤) បន្ទាប់មក ម្នាក់នៅក្នុងក្រុមត្រូវលើកកាន់គំនរនោះ ដោយប្រើដៃតែម្ខាងនៅពីខាងក្រោម យកវាទៅដាក់នៅលើតុ។ បើមានរបស់ណាជ្រុះ ក្រុមនឹងត្រូវតម្រៀបម្ដងទៀត។

៥) ក្រុមដែលដាក់គំនររបស់នៅលើតុមុនគេ គឺជាអ្នកឈ្នះ។

ក្រោយបញ្ចប់ហ្គេម

សួរ៖ តើវាពិបាក ឬស្រួលក្នុងការទប់លំនឹងគំនររបស់របរ?
តើអ្វីដែលធ្វើឱ្យវាស្រួល? ហើយអ្វីដែលធ្វើឱ្យវាពិបាក?

 

វាប្រសើរជាងបើរបស់ណាធំនៅក្រោម ហើយរបស់ណាតូចនៅពីលើនោះ មែនទេ? វាជាគោលការណ៍ មកកាន់ជីវិតយើងដែរ។ ជីវិតរបស់យើងនឹងប្រសើរឡើង ពេលយើងដាក់របស់ណាធំជាមុន។ បើយើង ដាក់របស់ណាតូចមុន របស់ទាំងនោះនឹងគ្មានលំនឹងទេ ដូចអ្វីដែលយើងលេងក្នុងហ្គេមចឹង។ ហើយ មេរៀនរបស់យើងថ្ងៃនេះគឺទាក់ទងនឹង អាទិភាព។

ចូរមើលអ្វីដែលព្រះយេស៊ូវមានបន្ទូលអំពី ការនេះ។

ការរៀនព្រះគម្ពីរ

បរិបទ៖ ព្រះយេស៊ូវមានបន្ទូលថា យើងគួរយកព្រះ ជាចៅហ្វាយនៃជីវិតរបស់យើង មិនមែនលុយកាក់ ទេ។ អ្នកខ្លះ ពេលស្ដាប់ហើយ ប្រហែលគិតថា៖ ខ្ញុំចង់បម្រើព្រះ តែខ្ញុំក៏ត្រូវការលុយ ដើម្បីរស់ដែរ ចឹងខ្ញុំនឹងផ្ដោតលើការរកលុយជាមុនសិន។ ព្រះយេស៊ូវបន្តការបង្រៀនរបស់ព្រះអង្គ ដើម្បីឱ្យ​មេរៀនមួយ​សម្រាប់​មនុស្ស​ដែល​គិត​បែប​នេះ។

អាន [ម៉ាថាយ 6:25-33]

សំនួរបង្កប់ន័យ

ព្រះយេស៊ូវមានបន្ទូលថា៖ "កុំឱ្យព្រួយបារម្ភអ្វីឡើយ ពីជីវិតរបស់អ្នក"។ បន្ទាប់មក ទ្រង់បានឱ្យ ឧទាហរណ៍ពីអ្វី ដែលមនុស្សតែងតែព្រួយបារម្ភនៅក្នុង ខរ 25។ តើឧទាហរណ៍នោះ មានអ្វីខ្លះ?
ម្ហូបអាហារ និងសម្លៀកបំពាក់។

យើងដឹងហើយថា ម្ហូប និងសម្លៀកបំពាក់ សំខាន់។ ព្រះយេស៊ូវមិនបានមានបន្ទូលថា យើងមិន ត្រូវការ​ចំនីអាហារ និងសម្លៀកបំពាក់នោះទេ។ ប៉ុន្តែព្រះអង្គមានបន្ទូលថា យើងមិនគួរព្រួយបារម្ភអំពី វាទេ។ ហេតុអ្វី? ព្រោះថា (ដូចព្រះបន្ទូលរបស់ព្រះយេស៊ូវ) ជីវិត មានអ្វីដែលច្រើនជាង ... ម្ហូបអាហារ និង ហើយ រាងកាយ ​មានអ្វីដែលច្រើនជាង ... សម្លៀកបំពាក់។ ព្រះអង្គបានផ្គត់ផ្គង់យើង ដោយជីវិត និងរាង កាយហើយ។​ ច្បាស់ណាស់ថា ព្រះអង្គអាចផ្គត់ផ្គង់ម្ហូបអាហារ និងសម្លៀកបំពាក់មកកាន់យើង! ដូច្នេះ មូលហេតុដែលយើងមិនចាំបាច់បារម្ភគឺ ព្រោះ ព្រះអង្គផ្គត់ផ្គង់យើង។

បន្ទាប់មក ព្រះយេស៊ូវលើកឧទាហរណ៍អំពី ម្ហូបអាហារនៅក្នុងខរ 26។ តើឧទាហរណ៍អ្វី?
សត្វស្លាប។

តើប្អូនៗធ្លាប់ឃើញ សត្វស្លាប ច្រូតកាត់ ឬសាបព្រោះទេ? ឬប្រមូលផលដាក់ជង្រុកទេ? ទេ! ពួកវា មិនចាំបាច់ទេ។ ព្រះអង្គផ្គត់ផ្គង់អាហារសម្រាប់ពួកវា។ អ្នកវិទ្យាសាស្ត្របានប្រមើមើលថា ប្រហែល មានសត្វស្លាប ២០ ម៉ឺនលានក្បាល នៅលើពិភពលោកនេះ។ ព្រះអង្គផ្គត់ផ្គង់អាហារសម្រាប់ ពួកវា ទាំងអស់។

ហើយ តើព្រះយេស៊ូវលើកឧទាហរណ៍អ្វី ទាក់ទងនឹងសម្លៀកបំពាក់ នៅក្នុងខរ 28 និង29?
ផ្កា។

តើប្អូនៗធ្លាប់ឃើញផ្កាធ្វើការដែរទេ? ឬរកលុយ? ឬទៅទិញខោអាវថ្មីដែរទេ? ពួកវាមិនត្រូវការទេ។ ព្រះអង្គបានតុបតែងពួកវា ឱ្យបានស្អាតជាងនរណាៗទាំងអស់។ សូម្បីតែស្ដេចស្លៀកសម្លៀកបំពាក់ ស្អាតយ៉ាងណា ក៏មិនស្មើនឹងផ្កាដែរ។ ម្ដងទៀត មេរៀនក្នុងចំនុចនេះគឺ ព្រះអង្គអាចផ្គត់ផ្គង់គ្រប់ទាំងអស់ ដែលយើងត្រូវការ។

 

សំនួរមានន័យ

តើការព្រួយបារម្ភ មានប្រយោជន៍ដែរទេ? តើវាជួយឱ្យសម្រេចអ្វីដែលល្អទេ? តើព្រះយេស៊ូវមានបន្ទូល ដូចម្ដេច ក្នុងខរ 27?
អត់ទេ! ការព្រួយបារម្ភមិនបានជួយអ្វីសោះ មកកាន់ជីវិតយើង។

មានមនុស្សជាច្រើនដែលព្រួយបារម្ភអំពី ជីវិត តម្រូវការ និងអនាគតរបស់ពួកគេ។ របៀបដែលអាចជួយ យើង ឱ្យឈប់ព្រួយបារម្ភគឺ ការចាប់ផ្ដើមជឿទុកចិត្តព្រះ។ ពេលយើងជឿទុក ចិត្តព្រះ យើងអាចរស់នៅ ដោយមានសេរីភាព ពីការព្រួយបារម្ភទាំងអស់។

ការព្រួយបារម្ភ បង្ហាញពីការខ្វះជំនឿទុកចិត្តមកកាន់ព្រះ។ ហេតុអ្វី? (មើលខរ 30-32)
ព្រោះ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ជ្រាបអំពីតម្រូវការរបស់យើង ហើយផ្គត់ផ្គង់យើង។

ដូច្នេះ តើយើងគួរធ្វើដូចម្ដេចតាមព្រះបន្ទូលរបស់ព្រះយេស៊ូវ នៅក្នុងខរ 33 ជំនួសការព្រួយបារម្ភអំពី ជីវិត?
ស្វែងរកនគរព្រះ និងសេចក្ដីសុចរិត របស់ព្រះអង្គជាមុនសិន។

ប៉ុន្តែ ព្រះយេស៊ូវមិនបានបង្រៀនយើងថា ឱ្យយើងខ្ជិល និងអង្គុយចាំព្រះអង្គផ្គត់ផ្គង់ម្ហូបអាហារ និងសម្លៀកបំពាក់មកកាន់យើងដែរ។ ជំនួសមកវិញ ព្រះអង្គបង្រៀនយើងថា កុំឱ្យការបារម្ភអំពី តម្រូវ ការយើង រារាំងយើងអំពី ការធ្វើការធំ និងសំខាន់បំផុតនៅក្នុងជីវិតរបស់យើង គឺការស្វែងរកនគរ ព្រះ និងសេចក្ដីសុចរិតរបស់ព្រះអង្គ។

តើប្អូនគិតថា "ការស្វែងរកនគរព្រះ និងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុន" មានន័យដូចម្ដេច?
យកព្រះជាទី ១ ស្ដាប់បង្គាប់ព្រះអង្គចំពោះអ្វី ដែលជាអាទិភាពរបស់យើង និងធ្វើតាមអ្វីដែលព្រះអង្គ មានបន្ទូលឱ្យយើងធ្វើ និងក្លាយជាអ្វីដែលព្រះអង្គត្រាស់ហៅឱ្យយើងក្លាយជា។

តើមានអ្វីកើតឡើង ពេលយើងធ្វើដូចនេះ?
គ្រប់របស់ទាំងនេះ នឹងបានឱ្យមកកាន់យើង។

ពេលយើងធ្វើដូចនេះ យើងនឹងទទួលនគរព្រះ និងសេចក្ដីសុចរិត ដែលជារបស់សំខាន់ បំផុតនៅក្នុង ជីវិតយើង។ ប៉ុន្តែ ពេលយើងស្វែងរកនគរព្រះ និងសេចក្ដីសុចរិតរបស់ព្រះអង្គ ព្រះអង្គក៏បានសន្យាថា ទ្រង់នឹងផ្គត់ផ្គង់រាល់តម្រូវដែលយើងត្រូវការផងដែរ។ គ្រប់របស់ដែលយើងយកជាទី ២ (ដូចជា សម្លៀកបំពាក់ ម្ហូបអាហារ និងលុយកាក់ ជាដើម) ព្រះអង្គនឹងប្រទានដល់យើង។

តើប្អូនៗ ចាំហ្គេមរបស់យើងដែរទេ? នគរ និងសេចក្ដីសុចរិតរបស់ព្រះ គឺប្រៀបដូចជារបស់ដែលធំ នៅ ក្រោមគំនរនៃជីវិតរបស់យើងអ៊ីចឹង (ដូច​ជា​គ្រឹះ​ដ៏​រឹងមាំ​មួយ​ដែល​យើង​កសាង​ជីវិត​របស់​យើង)។ បើយើងយកព្រះអង្គជាទី ១ ព្រះអង្គនឹងដាក់គ្រប់យ៉ាងដែល យើង ត្រូវការ នៅពីខាងលើ។
 

ពេលវេលាក្រុមតូច

ពិភាក្សាគ្នា នៅក្នុងក្រុមតូច៖

  • តើអ្វីជាអាទិភាពនៅក្នុងជីវិតខ្ញុំ?

  • តើនគរ និងសេចក្ដីសុចរិតរបស់ព្រះ មានសារៈសំខាន់ដូចម្ដេច មកកាន់ខ្ញុំ?

  • តើអ្វីដែលខ្ញុំព្រួយបារម្ភ? តើវារំខានមិនឱ្យខ្ញុំ យកព្រះជាទី ១ ដូចម្ដេច?

អធិស្ឋានបញ្ចប់

bottom of page