top of page
Wooden Frame Window

ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ពី​កំណើត​ម្នាក់​ឲ្យ​ជា

លុះ​ទ្រង់​យាង​ហួស​ទៅ ក៏​ទត​ឃើញ​មនុស្ស​ម្នាក់​ដែល​ខ្វាក់​ពី​កំណើត

៩:១​ នៅក្នុងជំពូកមុន ព្រះយេស៊ូវបានមានបន្ទូលថាព្រះអង្គគឺជា “ពន្លឺលោកីយ” (៨:១២)។ ពេលនេះ ព្រះអង្គបង្ហាញសេចក្តីពិតនេះ ដោយការប្រោសមនុស្សខ្វាក់ម្នាក់ឲ្យបានភ្លឺ។

ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ តើ​អ្នក​ណា​បាន​ធ្វើ​បាប មនុស្ស​នេះ ឬ​ឪពុក​ម្តាយ​របស់​គាត់ បាន​ជា​គាត់​កើត​មក​ខ្វាក់​ដូច្នេះ

៩:២​ ដូចជាពួកសាសន៍យូដាភាគច្រើនដែលនៅក្នុងជំនាន់នោះដែរ ពួកសិស្សបានគិតថា ពិការភាពសុទ្ធតែបង្ករ ឡើងដោយអំពើបាប។ ដូច្នេះហើយ ពួកគេគិតថាអ្នកជម្ងឺ គឺត្រូវបានស្ដីបន្ទោស ដោយសារជម្ងឺរបស់គាត់។ ក្នុងករណីនេះ ព្រោះបុរសនេះពិការភ្នែកពីកំណើត ពួកសិស្សក៏មានការភ័ន្តច្រឡំ តើអ្វីដែលបង្ក ឱ្យគាត់កើតជម្ងឺ? តើគាត់ជាអ្នកប្រព្រឹត្តិអំពើបាប (តាំងពីមុនគាត់កើតមក) ឬក៏ឪពុកម្ដាយគាត់បាន ប្រព្រឹត្តិអំពើបាប ទើបគាត់ពិការភ្នែកបែបនេះ? ព្រះយេស៊ូវបង្រៀនថា ទស្សនៈទាំង ២ នេះ មិនត្រឹមត្រូវ ទាំង​២។ ពិការភាព ឬជំងឺរោគាអាចបណ្តាលមកពីអំពើបាបនោះ យ៉ាងណាម៉ិញ អំពើបាបមិនមែនសុទ្ធតែជាមូលហេតុនោះឡើយ (លូកា ១៣:២-៣ក; ២ កូរិនថូស ១២:៧)។ ដូច្នេះហើយ ការដែលសន្និដ្ឋានថា មនុស្សពិការម្នាក់​មាន​បាប​ច្រើនោះគឺជាការគិតខុសហើយ។

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា មិន​មែន​ដោយ​ព្រោះ​អ្នក​នេះ ឬ​ឪពុក​ម្តាយ​គាត់​បាន​ធ្វើ​បាប​ទេ គឺ​ដើម្បី​ឲ្យ​ការ​របស់​ព្រះ បាន​សំដែង​មក ក្នុង​ខ្លួន​គាត់​វិញ កំពុង​ដែល​ថ្ងៃ​នៅ​ភ្លឺ​នៅ​ឡើយ នោះ​ត្រូវ​តែ​យើង​ (គកស១៦) ​ធ្វើ​ការ​របស់​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ដ្បិត​យប់​ដល់​មក នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​បាន​ទេ កាល​ខ្ញុំ​កំពុង​តែ​នៅ​ក្នុង​លោកីយ​នៅ​ឡើយ នោះ​ខ្ញុំ​ជា​ពន្លឺ​នៃ​លោកីយ 

៩:៣ ព្រះ‌យេស៊ូវ​បានបញ្ជាក់យ៉ាងច្បាស់ថា អំពើបាបមិនបានធ្វើឲ្យមនុស្សម្នាក់នវខ្វាក់នោះឡើយ។ បន្ទាប់មកព្រះអង្គព្យល់ថាព្រះអង្គត្រូវតែធ្វើការក្នុងពេលឥលូវនេះ ដើម្បី ឲ្យកិច្ចការរបស់ព្រះ ត្រូវបានបើកសំដែងនៅក្នុងជីវិតរបស់មនុស្សម្នាក់នេះ។​

៩:៤-៥ ​ខគម្ពីរទាំងនេះជួយយើងឲ្យបានយល់ពីអត្ថន័យនៃការប្រោសមនុស្សខ្វាក់ម្នាក់នេះឲ្យបានភ្លឺ។  ​ការប្រោសជំងឺឲ្យជាមិនមែនគ្រាន់តែជាការអស្ចារ្យនោះឡើយ តែគឺជាទីសំគាល់។ ការប្រោសជំងឺឲ្យជា គឺជាកិច្ចការរបស់ព្រះវរបិតា តាមរយៈព្រះរាជបុត្រាព្រះអង្គដែលទ្រង់បានចាត់ឲ្យមកក្នុង លោកីយឲ្យបានធ្វើជាពន្លឺដល់អស់អ្នកដែលរស់នៅក្នុងសេចក្តីងងឹត។​
 

ពិការភាពរបស់បុរសម្នាក់នោះ មិនមែនជាការដាក់ទោសមកពីព្រះទេ។ ជាការពិត វាជាកិច្ចការរបស់ព្រះ ដើម្បីដោះគាត់ឱ្យមានសេរីភាពពីពិការភាពរបស់គាត់វិញ។ ព្រះយេស៊ូវ ក្នុងនាមជាពន្លឺនៃលោកីយ៍ បាន យាងមកដើម្បីធ្វើការរបស់ព្រះ ហើយជួយសង្គ្រោះមនុស្សដែលរស់នៅក្នុងភាពងងឹត។

សូមកត់សម្គាល់ថា នៅក្នុងអត្ថបទភាសាក្រិក ព្រះយេស៊ូវមានបន្ទូលថា “យើង (ἡμᾶς) ​ត្រូវ​តែ​ធ្វើ​ការ​របស់​ព្រះ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក”។​​ ការនេះបង្ហា​ញ​ថា កិច្ចការនោះមិនមែនស្រាប់តែព្រះយេស៊ូវធ្វើតែអង្គទ្រង់នោះឡើយ។​ សិស្សរបស់ព្រះអង្គ ក៏ចែករំលែកនូវការទទួលខុសត្រូវចំពោះកិច្ចការដែលព្រះសព្វព្រះទ័យឲ្យបាន សម្រេចផងដែរ។ ​នៅពេល ដែលយើងឃើញមនុស្សណាម្នាក់រងទុក្ខ យើងគួរតែបានដឹងថា នោះគឺជាឳកាសសម្រាប់ធ្វើកិច្ចការរបស់ ព្រះដែលអាចបង្ហាញនៅក្នុងជីវិតរបស់គេបាន។ ​ការនេះអាចជា ឳកាសសម្រាប់ការប្រោសឲ្យជា ឬជាសេចក្តីសង្រ្គោះ (ដែលជាការអស្ចារ្យដ៏ប្រសើរលើសទៅទៀត) ឬក៏បង្ហញសេចក្តីស្រលាញ់ និងសេចក្តីអាណិតអាសូរនៃព្រះដល់គេ។​ ដូច្នេះ (១) កុំថ្កោល​ទោសមនុស្សដែលរងទុក្ខ (២) ដឹងថាព្រះមាន ព្រះ​ចេស្ដា​ដើម្បីធ្វើការក្នុងជីវិតរបស់ពួកគេ (៣) សុំឱ្យព្រះធ្វើការតាមរយៈអ្នកដើម្បីជួយពួកគេ។

លើសពីនេះទៀត មានភាពចាំបាច់បន្ទាន់នៅក្នុងការធ្វើកិច្ចការទាំងនេះ ដោយព្រោះតែ ឳ​កា​សនោះមិនតែងតែមាននោះឡើយ។​ ​ព្រះយេស៊ូវគង់នៅលើលោកីយនេះមានពេលខ្លីណាស់។​ ដូច្នេះហើយ ព្រះអង្គត្រូវតែប្រ​ញា​ប់ក្នុងការបំពេញកិច្ចការនេះ។ ​ការរស់នៅរបស់យើងនៅលើផែនដីនេះក៏ ខ្លីណាស់ដែរ។​ ចូរយើងធ្វើអ្វី ដែលយើងអាចធ្វើបាន គ្រាដែលយើងអាចធ្វើបាននៅឡើយ។​

លុះ​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ហើយ ទ្រង់​ក៏​ស្តោះ​ដាក់​នៅ​ដី ហើយ​យក​ទឹក​ព្រះ‌ឱស្ឋ​ទ្រង់​ធ្វើ​ជា​ភក់ ទៅ​លាប​ភ្នែក​នៃ​មនុស្ស​ខ្វាក់​នោះ រួច​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ី‌ឡោម​ទៅ (ស៊ី‌ឡោម គឺ​ស្រាយ​ថា ចាត់​ឲ្យ​ទៅ) ដូច្នេះ គាត់​ក៏​ទៅ​លាង ហើយ​ត្រឡប់​មក​វិញ ទាំង​មើល​ឃើញ 

៩:៦ ព្រះជាម្ចាស់បានប្រើធូលីពីដីមកដើម្បីបង្កើតមនុស្សនៅក្នុង លោកុប្បត្តិ ជំពូក២។​ ពេលនេះ ព្រះយេស៊ូវធ្វើកិច្ចការមួយនៃការបង្កើតពីដីសម្រាប់មនុស្សនេះ។  គាត់​ខ្វាក់​ពី​កំណើត ដូច្នេះគាត់មិនដែលមើលឃើញសោះឡើយ។ ដូច្នេះហើយ ការអស្ចារ្យនេះ គឺដើម្បីប្រទាននូវសមត្ថភាព ​​ដែលគាត់មិនធ្លាប់មានពីមុនមក។ ព្រះយេស៊ូវបង្កើតភ្នែកដែលភ្លឺនៅក្នុងភ្នែក របស់មនុស្សខ្វាក់នេះ។​

ព្រះយេស៊ូវប្រើទឹកព្រះឳស្ឋ ហើយនឹងដីភក់ដើម្បីលើកទឹកចិត្តដល់សេចក្តីជំនឿរបស់មនុស្សនេះ។ ពួកគ្រូពេទ្យសាសន៍យូដាតែងតែប្រើទឹកមាត់ដើម្បីព្យាបាល ហើយការដែលលាបភក់ទៅលើ ត្របកភ្នែកគាត់ ជាការបញ្ជាក់ថាមានអ្វីមួយដែលបានសម្រេចដល់គាត់ហើយ។ ​ការនេះអាចជាការលើកទឹកចិត្តដល់ សេចក្តីជំនឿរបស់គាត់ ដែលគាត់អាចបង្ហាញដោយការស្តាប់បង្គាប់ព្រះយេស៊ូវនៅក្នុងការទៅ ហើយលាងសំអាតនៅក្នុងស្រះស៊ីឡោម។​​ 

 

​ស្រះនេះមានលក្ខណៈសំខាន់ចំពោះហេតុផលពីរយ៉ាង។ ​ទីមួយ ​ស្រះនេះជាប្រភពទឹកនៅក្នុងពិធីបុណ្យបារាំ ដែលជានិមិត្តសញ្ញានៃការប្រទានរបស់ព្រះជាម្ចាស់ នៃទឹកដែលប្រទានជីវិត ដោយសារព្រះយេស៊ូវ (សូមមើលចំនុច ៧:៣៧-៥២)។ ទីពីរ ឈ្មោះរបស់ស្រះនោះ មានន័យថា “ចាត់ឲ្យទៅ” ហើយនៅក្នុងដំណឹងល្អយ៉ូហានទាំងមូល ព្រះយេស៊ូវត្រូវរាប់រៀបរាប់ថាត្រូវបាន “ចាត់ឲ្យមក” ពីព្រះ (៤:៣៤; ៥:២៣, ៥:​៣៧; ៧:២៨; ៨:២៦; ១២:៤៤; ១៤:២៤)។ ហេតុនេះហើយ មនុស្សខ្វាក់ត្រូវបានប្រាប់ឲ្យទៅលាងសំអាតនៅក្នុងកន្លែងដែលត្រូវបានហៅថា “ចាត់ឲ្យទៅ” ដោយមួយអង្គដែលត្រូវបាន “ចាត់ឲ្យមក” ពីព្រះ​។ ការនេះបង្ហាញថា ព្រះជាប្រភពនៃការប្រោសលោះ តាមរយៈព្រះយេស៊ូវ មិនមែនជាស្រះទឹកនោះឡើយ។​


៩:៧ ​មនុស្សនេះស្តាប់បង្គាប់ហើយត្រូវបានប្រោសឲ្យភ្លឺ។​គាត់បានទៅហើយលាងសំអាតនៅស្រះ ហើយភ្លា​ម​នោះគាត់អាចមើលឃើញ។

នោះ​ពួក​អ្នក​ជិត​ខាង នឹង​ពួក​អ្នក​ដែល​ពី​ដើម​បាន​ឃើញ​ថា គាត់​ជា​អ្នក​សុំ​ទាន គេ​និយាយ​ថា អ្នក​នេះ​ទេ​តើ ដែល​ធ្លាប់​តែ​អង្គុយ​សុំ​ទាន​គេ ខ្លះ​ថា គឺ​អ្នក​ហ្នឹង​ហើយ ខ្លះ​ទៀត​ថា គាត់​ដូច​ជា​អ្នក​នោះ​ទេ តែ​គាត់​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ឯង

៩:៨-៩ ​ការអស្ចារ្យនោះពិតជាអស្ចារ្យខ្លាំងណាស់ដែលមនុស្សមួយចំនួនមិនអាចនឹងជឿថា គាត់ជាមួយតែមួ​យ​​នោះឡើយ។​ ប៉ុន្តែគាត់ ហើយនិងឪពុកម្តាយ (ខ២០) បញ្ជាក់ថាគឺជាគាត់នោះហើយ។

គេ​សួរ​ថា ធ្វើ​ដូច​ម្តេច​បាន​ជា​ភ្នែក​ឯង​បាន​ភ្លឺ​ដូច្នេះ គាត់​ឆ្លើយ​ថា មាន​ម្នាក់​ឈ្មោះ យេស៊ូវ បាន​ធ្វើ​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ប្រាប់​ឲ្យ​ទៅ​លាង​នៅ​ស្រះ​ស៊ីឡោម ខ្ញុំ​ក៏​ទៅ​លាង ហើយ​បាន​ភ្លឺ​ឡើង 

៩:១០-១១ ​មនុស្សខ្វាក់នោះបានធ្វើបន្ទាល់ពីការដែលព្រះយេស៊ូវបានប្រោសគាត់ឲ្យបានភ្លឺ។​

គេ​សួរ​ទៀត​ថា អ្នក​នោះ​នៅ​ឯ​ណា គាត់​ឆ្លើយ​ថា ខ្ញុំ​មិន​ដឹង​ទេ។

៩:១២ មនុស្សនោះមិនបានដឹងឡើយ ដោយព្រោះតែគាត់មិនបានឃើញព្រះយេស៊ូវនៅឡើយ។​

គេ​ក៏​នាំ​មនុស្ស​ដែល​ពី​ដើម​ខ្វាក់​នោះ ទៅ​ឯ​ពួក​ផារិស៊ី 

៩:១៣ ការអស្ចារ្យនេះវិសេសខ្លាំងណាស់ដែលធ្វើឲ្យអ្នកជិតខាងនាំយកមនុស្សនោះទៅឯពួកអ្នក ត្រួតត្រាសាស​នា  ពួកផារិស៊ី ដើម្បីឲ្យបានបកស្រាយពីអ្វីដែលបានកើតឡើង។​

 

រីឯ​ថ្ងៃ​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ធ្វើ​ភក់ ប្រោស​ឲ្យ​គាត់​ភ្លឺ​ភ្នែក​នោះ គឺ​ជា​ថ្ងៃ​ឈប់​សំរាក ដូច្នេះ ពួក​ផារិស៊ី​ក៏​សួរ​គាត់ ពី​ដំណើរ​ដែល​បាន​ភ្លឺ​ភ្នែក ជា​យ៉ាង​ដូច​ម្តេច​ដែរ នោះ​គាត់​ជំរាប​ថា លោក​យក​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ខ្ញុំ​ទៅ​លាង ហើយ​ក៏​មើល​ឃើញ

 

៩:១៤-១៥ ពួកគេសួរមនុស្សនោះ ពីរបៀបដែលគាត់បានភ្លឺភ្នែក ហើយគាត់ក៏ធ្វើបន្ទាល់នោះឡើងវិញ។​

ដូច្នេះ ពួក​ផារិស៊ី​ខ្លះ​និយាយ​ថា មនុស្ស​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ព្រោះ​មិន​កាន់​ថ្ងៃ​ឈប់​សំរាក​សោះ ខ្លះ​ទៀត​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​មាន​បាប​អាច​ធ្វើ​ទី​សំគាល់​យ៉ាង​នេះ​បាន នោះ​ក៏​កើត​បាក់​បែក​គ្នា

៩:១៦ ពួកអ្នកត្រួតត្រាសាសនាបានបាក់បែកគ្នានៅក្នុងគំនិតរបស់គេដែលមានចំពោះព្រះយេស៊ូវ។ ​អ្នកខ្លះផ្តោតលើការយល់ឃើញរបស់គេចំពោះក្រិត្យវិន័យនៃថ្ងៃឈប់សម្រាកហើយបានគិតថាដោយព្រោះតែព្រះយេស៊ូវល្មើសច្បាប់នោះដោយការធ្វើភក់ (ដែលជាការធ្វើការនៅក្នុងថ្ងៃឈប់សម្រាកដោយយោងតាម ការយល់ឃើញរបសស់ពួកគេលើក្រិត្យវិន័យ) នោះគឺទ្រង់ជាមនុស្សមានបាប។ ​ហេតុនេះហើយ ព្រះអង្គមិនអាច​មកពីព្រះបានទេ (ចោទិយកថា​១៣:១-៥)។​​ ប៉ុ​ន្តែអ្នកផ្សេងទៀតផ្តោតលើទីសំគាល់នៃ ការអស្ចារ្យហើយបានដឹងថាព្រះចេស្តារបស់ព្រះយេស៊ូវនៅក្នុងការប្រោសឲ្យជាបញ្ជាក់ថា ព្រះអង្គមិនមែនជា មនុស្សបាបឡើយ។​

មនុស្សមួយចំនួនផ្តោតលើទំនៀមទម្លាប់របស់គេហើយបានបដិសេធព្រះយេស៊ូវ អ្នកផ្សេងទៀតផ្តោតលើ ការអស្ចារ្យនៃកិច្ចការបស់ព្រះយេស៊ូវហើយបានទទួលយកព្រះអង្គ។ ​តើយើងផ្តោតសំខាន់លើអ្វី? សម្រាប់អស់​អ្នក​ដែលមានភ្នែកខាងព្រលឹងវិញ្ញាណដែលបានមើលឃើញពីសេចក្តីពិតខាងព្រលឹងវិញ្ញាណ ការអស្ចារ្យនេះបង្ហាញពីអត្តសញ្ញាណរបស់ព្រះយេស៊ូវ ដោយព្រោះ​ការប្រោស មនុស្សខ្វាក់ឲ្យបានភ្លឺ (ទាំងខាងសាច់ឈាម (អេសាយ ៣៥:៥) និងខាងព្រលឹងវិញ្ញាណ (អេសាយ ៤២:១៨-១៩)) គឺជាទីសំគាល់របស់ព្រះមែស្ស៊ីជា។

 
រួច​គេ​សួរ​មនុស្ស​ខ្វាក់​ម្តង​ទៀត​ថា តើ​ឯង​ថា​ដូច​ម្តេច ពី​ដំណើរ​អ្នក​ដែល​ធ្វើ​ឲ្យ​ភ្នែក​ឯង​ភ្លឺ​នោះ គាត់​ឆ្លើយ​ថា លោក​ជា​ហោរា 

៩:១៧ ​​មនុស្សនោះបានដឹងថា កិច្ចការរបស់ព្រះបានសម្រេចនៅក្នុងជីវិតរបស់គាត់ ហេតុ​ដូច្នេះ​ហើយ​ ព្រះយេស៊ូវជាហោរាម្នាក់។ ហោរាត្រូវបានចាត់មកពីព្រះនៅក្នុងការប្រកាសដំណឹងរបស់ព្រះអង្គ ហើយពេលខ្លះពួកហោរាធ្វើការអស្ចារ្យ (២ ពង្សាវតាក្សត្រ ២:១៩-២២; ៤:១៨-៤៤; ៥:១-១៤)។

តែ​ពួក​សាសន៍​យូដា​មិន​ជឿ​ថា គាត់​ខ្វាក់​ភ្នែក ហើយ​បាន​ភ្លឺ​ឡើង​វិញ​ទេ ទាល់​តែ​បាន​ហៅ​ឪពុក​ម្តាយ​របស់​អ្នក ដែល​បាន​ភ្លឺ​ភ្នែក​នោះ​មក សួរ​ថា តើ​អ្នក​នេះ​ជា​កូន​របស់​អ្នក ដែល​អ្នក​ថា បាន​កើត​មក​ខ្វាក់​នោះ​ឬ​អី ចុះ​ឥឡូវ​នេះ ធ្វើ​ដូច​ម្តេច​បាន​ជា​វា​ភ្លឺ​ឡើង​វិញ

៩:១៨-២៩ ផ្ទុយពីការដែលរៀនពីទីសំគាល់នេះ ពួកអ្នកដឹកនាំសាសនាបានព្យាយាមបដិសេធ ការអស្ចារ្យទៅវិញ។​​ ពួកគេបានចោទសួរឪពុកម្តាយរបស់គាត់ដើម្បីឲ្យដឹងថាតើគាត់ពិតជាបានកើតមក ខ្វាក់ឬយ៉ាងណា។​

ឪពុក​ម្តាយ​គាត់​ឆ្លើយ​ថា យើង​ខ្ញុំ​ដឹង​ថា នេះ​ជា​កូន​យើង​ខ្ញុំ​ពិត ហើយ​ថា វា​កើត​មក​ខ្វាក់​មែន តែ​ឥឡូវ​នេះ ដែល​វា​ភ្លឺ​ជា​យ៉ាង​ដូច​ម្តេច នោះ​យើង​ខ្ញុំ​មិន​ដឹង​ទេ ក៏​មិន​ដឹង​ជា​អ្នក​ណា​បាន​ធ្វើ​ឲ្យ​ភ្លឺ​ផង​ដែរ វា​ពេញ​អាយុ​ហើយ សូម​សួរ​វា​ចុះ វា​នឹង​ជំរាប​ពី​ដំណើរ​ខ្លួន​វា

៩:២០-២១ ​ឪពុកម្តាយរបស់គាត់បានបញ្ជាក់ថាគាត់ពិតជាកូនប្រុសរបស់ពួកគាត់មែនហើយថា គាត់ពិតជាកើតមកខ្វាក់មែន។ ការនេះបញ្ជាក់ថាមានការអស្ចារ្យដ៏វិសេសមួយបានកើតឡើងមែន។​ ពួកគាត់បានគេចចេញពីការឆ្លើយសំនួរពីរបៀបនៃការប្រោសឲ្យបានភ្លឺរបស់គាត់បានកើតឡើងជាយ៉ាងណា ដោយការលើកឡើងថា កូនប្រុសរបស់គាត់ជាមនុស្សពេញវ័យដែលមានវ័យគ្រប់គ្រាន់នៅក្នុង ការធ្វើបន្ទាល់ដ៏ត្រឹមត្រូវហើយ (តាមច្បាប់ យ៉ាងហោចណាស់ អាយុ១៣ ឆ្នាំ)។  ពួកគាត់ធ្វើដូច្នេះ ដោយព្រោះតែ ការភ័យខ្លាចចំពោះពួកអ្នកដឹកនាំសាសនាដែលអាចនឹងបណ្តេញពួកគាត់ចេញពី សាលាប្រជុំ។​

ឪពុក​ម្តាយ​គាត់​និយាយ​ដូច្នេះ ព្រោះ​ខ្លាច​សាសន៍​យូដា ដ្បិត​ពួក​សាសន៍​យូដា​បាន​ព្រម​ព្រៀង​គ្នា​ហើយ ថា​បើ​អ្នក​ណា​នឹង​ទទួល​ទ្រង់​ទុក​ជា​ព្រះ‌គ្រីស្ទ នោះ​ត្រូវ​កាត់​ពី​ពួក​ជំនុំ​គេ​ចេញ ហេតុ​នោះ​បាន​ជា​ឪពុក​ម្តាយ​គាត់​និយាយ​ថា វា​ពេញ​អាយុ​ហើយ សូម​សួរ​វា​ចុះ។

៩:២២-២៣ ​សាលាប្រជុំគឺជាមជ្ឈមណ្ឌលដ៏សំខាន់នៃការរស់នៅក្នុងសហគមន៍របស់សាសាន៍យូដា ដូច្នេះហើយការដែលត្រូវកាត់ចេញពីសាលាប្រជុំនោះដូចជាការដែលត្រូវបានកាត់ចេញពីទំនាក់ទំនងសង្គមនិងសិទ្ធស្របច្បាប់ជាច្រើនផ្សេងទៀត។​

គេ​ក៏​ហៅ​មនុស្ស​ដែល​ពី​ដើម​ខ្វាក់​នោះ មក​ម្តង​ទៀត ប្រាប់​ថា ចូរ​សរសើរ​ដំកើង​ដល់​ព្រះ​វិញ ឯ​មនុស្ស​នោះ យើង​ដឹង​ថា​ជា​អ្នក​មាន​បាប​ទេ

៩:២៤ ឃ្លាដែលថា “ចូរសរសើរដំកើងដល់ព្រះ”​ ជាបង្គាប់មួយនៅក្នុងការប្រាប់ ដល់មនុស្សនោះ ឲ្យប្រាប់ការពិត (យ៉ូស្វេ ៧:១៩)។ ដោយព្រោះតែមានភ័ស្តុតាង ពួកផារិស៊ីត្រូវបានបង្ខំឲ្យទទួលថា មនុស្សនោះពិតជាកើតមកខ្វាក់ហើយពេលនេះគាត់បានភ្លឺមែន។​ ដូច្នេះហើយ ពេលនេះពួកគេព្យាយាម ធ្វើឲ្យមនុស្សនោះផ្លាស់ប្រែសេចក្តីបន្ទាល់របស់គាត់ហើយឲ្យធ្វើបន្ទាល់មួយផ្សេងទៀតពីរបៀប​ ដែលការអស្ចារ្យនោះបានកើតឡើង។​

គាត់​ឆ្លើយ​ទៅ​ថា បើ​លោក​ជា​មនុស្ស​មាន​បាប នោះ​ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​ដឹង​តែ​ប៉ុណ្ណេះ​ថា ពី​ដើម​ខ្ញុំ​ខ្វាក់ តែ​ឥឡូវ​នេះ​ខ្ញុំ​មើល​ឃើញ

 

៩:២៥ ​យ៉ាងណាម៉ិញ មនុស្សនោះនៅតែបន្តស្មោះត្រង់នៅក្នុងការធ្វើបន្ទាល់របស់គាត់។​

នោះ​គេ​សួរ​គាត់​ម្តង​ទៀត​ថា អ្នក​នោះ​បាន​ធ្វើ​អ្វី​ដល់​ឯង តើ​បាន​ធ្វើ​ដូច​ម្តេច​ខ្លះ ឲ្យ​ភ្នែក​ឯង​ភ្លឺ​ឡើង គាត់​ឆ្លើយ​ថា ខ្ញុំ​បាន​ជំរាប​ហើយ តែ​លោក​មិន​ស្តាប់ ហេតុ​អ្វី​បាន​ជា​ចង់​ស្តាប់​ម្តង​ទៀត តើ​លោក​ចង់​ធ្វើ​ជា​សិស្ស​របស់​លោក​នោះ​ដែរ​ឬ​អី 


៩:២៦-២៧ បន្ទាប់ពីឆ្លើយសំនួររបស់ពួកគេម្តងហើយម្តងទៀត មនុស្សនោះបានដឹងថាពួកផារិស៊ីទាំងនេះ ចាប់អារម្មណ៏ចំពោះព្រះយេស៊ូវជាខ្លាំង។ ​គាត់ចង់ធ្វើជាសិស្សម្នាក់របស់ព្រះយេស៊ូវ ហើយពេលនេះគាត់ ហៅគេឲ្យធ្វើដូចគ្នាដែរ។​ គាត់ប្រហែលជាចំអកដល់ពួកគេចំពោះការលើកឡើងពីការនេះ ដោយព្រោះតែ គាត់ដឹងថាពួកគេទាស់ជាមួយនឹងព្រះយេស៊ូវហើយមិនចង់ដើរតាមព្រះអង្គនោះឡើយ។​

នោះ​គេ​ដៀល‌ត្មះ​គាត់​ថា គឺ​ឯង​ជា​សិស្ស​អ្នក​នោះ​ហើយ ឯ​យើង ជា​សិស្ស​របស់​លោក​ម៉ូសេ​វិញ

៩:២៨ ​​ពួកផារិស៊ីបានគិតថាពួកគេជាសិស្សរបស់លោកម៉ូសេ ប៉ុន្តែពួកគេបានបរាជ័យនៅក្នុង ការស្វែងយល់ ហើយអនុវត្តក្រិត្យវិន័យឲ្យបានត្រឹមត្រូវវិញ។​ ពួកគេមិនយល់ថា ព្រះមិនដែលមាន ព្រះទ័យចំពោះថ្ងៃសប្ប័ទ ជាថ្ងៃដែលហាមឃាត់ការដែលប្រព្រឹត្តិសេចក្តីសប្បុរស ឬសេចក្តីមេត្តានោះឡើយ។​

យើង​ដឹង​ថា ព្រះ​បាន​មាន​បន្ទូល​នឹង​លោក​ម៉ូសេ​ពិត តែ​អ្នក​នោះ យើង​មិន​ដឹង​ជា​មក​ពី​ណា​ទេ

៩:២៩ ​​ជាថ្មីម្តងទៀតយើងបានឃើញពីបញ្ហារបស់ពួកផារិស៊ីគឺជាការដែលគេមិនជឿចំពោះព្រះយេស៊ូវ។​ ព្រះអង្គបានប្រាប់ពួកគេរួចមកហើយថាព្រះអង្គមកពីណា ប៉ុន្តែពួកគេមិនព្រមជឿឡើយ។​

មនុស្ស​នោះ​ឆ្លើយ​ថា នេះ​ចំឡែក​ណាស់​មែន លោក​រាល់​គ្នា​មិន​ដឹង​ជា​លោក​នោះ​មក​ពី​ណា ដែល​លោក​បាន​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ភ្លឺ​ផង យើង​ខ្ញុំ​ដឹង​ថា ព្រះ​មិន​ស្តាប់​តាម​មនុស្ស​មាន​បាប​ទេ ប៉ុន្តែ បើ​អ្នក​ណា​កោត‌ខ្លាច​ដល់​ព្រះ ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​ទ្រង់ ទើប​ទ្រង់​នឹង​ស្តាប់​តាម​អ្នក​នោះ​ឯង

៩:៣០-៣១ មនុស្សនោះជំទាស់​នឹង​ពួកផារិស៊ីយ៉ាង​ក្លាហាន។ ​ព្រះយេស៊ូវបានបង្ហាញព្រះចេស្តា ដ៏អស្ចារ្យច្រើនជាងអំណាចដែលពួកអ្នកដឹកនាំសាសនាមានទៅទៀត។ ប៉ុន្តែពួកគេនៅតែមិនអាចទទួលថា ព្រះអង្គមកពីព្រះនោះឡើយ។​ តើពួកផារិស៊ីទាំងនេះ បានស្តាប់ឮអំពីការអស្ចារ្យដ៏វិសេសមួយនេះ ហើយហៅអ្នក ដែលបានធ្វើការនេះថាជា “មនុស្សមានបាប” ​ដោយរបៀបណា?

ចាប់​តាំង​ពី​អស់‌កល្ប​រៀង​មក មិន​ដែល​ឮ​និយាយ​ពី​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​ពី​កំណើត​បាន​ភ្លឺ​ទេ 33បើ​លោក​នោះ​មិន​មក​ពី​ព្រះ​ទេ នោះ​លោក​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ឡើយ

៩:៣២-៣៣ ​មនុស្សនោះបានដឹងថា គាត់ជាមនុស្សទីមួយដែលកើតមកខ្វាក់ ហើយក្រោយមកបានភ្លឺឡើង។ លើសពីនេះទៅទៀត គាត់បានដឹងថាភាពអស្ចារ្យនៃការអស្ចារ្យនេះ បញ្ជាក់ថាព្រះយេស៊ូវពិតជាមកពីព្រះមែន។​

គេ​ឆ្លើយ​តប​ទៅ​គាត់​ថា ឯង​ជា​មនុស្ស​កើត​មក​ក្នុង​អំពើ​បាប​សុទ្ធ ហើយ​ឯង​បង្រៀន​យើង​ឬ រួច​គេ​បណ្តេញ​គាត់​ទៅ។

៩:៣៤ ​ពួកផារិស៊ីទាំងនេះបរាជ័យនៅក្នុងការបដិសេធចំពោះការអស្ចារ្យនោះ ដូច្នេះហើយពួកគេព្យាយាម បន្ទោសបង្អាប់ដល់មនុស្សដែលបានទទួលការអស្ចារ្យនោះវិញ។​ ពួកគេបានសម្រេចថា គាត់ត្រូវតែបានកើត នៅក្នុងអំពើបាបដោយព្រោះតែគាត់បានកើតមកខ្វាក់ (ខ២)។ ពួកគេបានបង្ហាញនូវការមើលងាយចំពោះ ភាពខ្វាក់របស់គាត់ជាជាងមានអំណរចំពោះការដែលត្រូវបានប្រោសឲ្យជារបស់គាត់។​ ពួកគេ “បណ្តេញ គាត់ចេញ” ពីការប្រជុំនោះ (ហើយអាចនឹងកាត់គាត់ចេញពីសមាជិកភាពនៃសាលាប្រជុំផងដែរ ខ២២)។​

ព្រះ‌យេស៊ូវ​ទ្រង់​ឮ​ថា គេ​បាន​បណ្តេញ​គាត់​ហើយ រួច​កាល​ទ្រង់​បាន​ឃើញ​គាត់ នោះ​ក៏​មាន​បន្ទូល​ទៅ​ថា តើ​អ្នក​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ឬ​ទេ 

៩:៣៥ ​គង្វាលល្អតែងតែយកព្រះទ័យទុកដាក់ចំពោះចៀមរបស់ទ្រង់។ ព្រះយេស៊ូវជ្រាបថា មនុស្សនោះត្រូវបានគេបណ្តេញចេញ ហេតុនេះហើយព្រះអង្គបានតាមរកគាត់ ហើយបានឃើញគាត់។

គាត់​ទូល​ឆ្លើយ​ថា លោក​ម្ចាស់​អើយ តើ​អ្នក​ណា​ជា​ព្រះ‌រាជ‌បុត្រា​នោះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ជឿ​ដល់​ទ្រង់​ផង 

៩:៣៦ មនុស្សនោះបានត្រៀមខ្លួនជឿរួចទៅហើយ ប៉ុន្តែគាត់មិនបានដឹងថា ព្រះយេស៊ូវគឺជាកូនមនុស្សនោះឡើយ។​


ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា អ្នក​បាន​ឃើញ​ទ្រង់​ហើយ គឺ​ជា​ខ្ញុំ​ដែល​និយាយ​នឹង​អ្នក​នេះ​ឯង 

៩:៣៧ ដោយសារតែការប្រោស​ឲ្យ​បាន​ជា​បានកើតឡើងមកបន្ទាប់ពីគាត់បានចាកចេញពីព្រះយេស៊ូវ ដើម្បីទៅឯ​ស្រះ​ស៊ីឡោម មនុស្សនោះមិនដែលបានឃើញព្រះយេស៊ូវមុនហេតុការណ៏នេះឡើយ។​

គាត់​ទូល​ថា ខ្ញុំ​ជឿ​ហើយ ព្រះ‌អម្ចាស់​អើយ រួច​គាត់​ក៏​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់។

៩:៣៨ ពេលដែលព្រះយេស៊ូវមានបន្ទូលថាព្រះអង្គគឺជា “កូនមនុស្ស”​ ​ភ្លាមនោះមនុស្សនោះបានឆ្លើយតប ដោ​យ​​ការថ្វាយបង្គំព្រះអង្គ។ គាត់បានត្រៀមខ្លួននៅក្នុងការទទួលជឿលើព្រះយេស៊ូវ ដែលបានប្រោសគាត់ រួចហើយ។​


គ្រាដែលដំណើររឿងបានបន្តទៅមុខ មនុស្សដែលត្រូវបានប្រោសឲ្យ​​ជា​នោះបាន បន្តពីចំនុចនោះ ហើយដើរ​ទៅមុខនៅក្នុងសេចក្តីជំនឿរបស់គាត់។ ​ដំណើរការនៃការរីកចំរើនចំពោះការយល់ដឹងខាង ព្រលឹងវិញ្ញាណ របស់គាត់ត្រូវបានឃើញនៅក្នុងការដែលគាត់ហៅព្រះយេស៊ូវ​ 

 

  • “មាន​ម្នាក់​ឈ្មោះ យេស៊ូវ” (ខ១១)

  • “លោក​ជា​ហោរា” (ខ១៧)

  • លោក​នោះ​មក​ពី​ព្រះ (ខ៣៣)

  • “ព្រះ‌អម្ចាស់​អើយ” (ខ៣៨)។

ដំណើរ​របស់​បុរស​នេះ​ទៅ​កាន់​សេចក្ដី​ជំនឿ​គឺ​ជា​ចំណុច​សំខាន់​នៃរឿង​នេះ។ ពាក្យ នៃសេចក្តីជំនឿរបស់គាត់​ (“​ខ្ញុំជឿហើយ ព្រះអម្ចាស់អើយ”) ហើយការថ្វាយបង្គំរបស់គាត់បង្ហាញថាគាត់មិនរស់នៅក្នុង “សេចក្តីងងឹត”​ ​ទៀតឡើយ។ ពន្លឺទទួលបានជ័យជំនះលើសេចក្តីងងឹតទាំងនៅក្នុងភ្នែករបស់មនុស្សខ្វាក់ ហើយនៅក្នុងចិត្តរប​ស់​គាត់។ ​ការប្រោសឲ្យភ្លឺរបស់គាត់គឺជាការអស្ចារ្យដ៏វិសេសនៃ ក្នុងការបង្កើតភ្នែកថ្មី ដែលអាចមើលឃើញ។ ប៉ុន្តែការប្រោសឲ្យ​ជា​ខាងព្រលឹងវិញ្ញាណនោះកាន់តែវិសេសជាងលើសទៅទៀត។ គឺជាការបង្កើតជីវិតថ្មី។​

មនុស្សត្រូវបានបង្កើតមកដើម្បីឲ្យបានស្គាល់ព្រះ ប៉ុន្តែជីវិតខាងព្រលឹងវិញ្ញាណនោះត្រូវបានបាត់បង់ នៅក្នុងការធ្លាក់ចុះនៅក្នុងសួនច្បារអេដែន។ ពេលនេះ តាមរយៈការថ្វាយបង្គំព្រះយេស៊ូវ មនុស្សម្នាក់នេះ ត្រឡប់មកក្នុងទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយនឹងព្រះ ដូចដែលគាត់បានចូលទៅក្នុងជីវិតអស់កល្បជានិច្ច (១៧:៣)។ រឿង​រ៉ាវ​របស់យើងអាចនឹងដូចជារឿងរ៉ាវរបស់មនុស្សម្នាក់នេះដែរ។​

 

  • យើងទាំងអស់គ្នាកើតមកខ្វាក់ខាងព្រលឹងវិញ្ញាណ។

  • ព្រះយេស៊ូវប្រោសយើងឲ្យជាពីការខ្វាក់នេះ។​

  • ព្រះយេស៊ូវធ្វើកិច្ចការនៃការបង្កើតថ្មីនៅក្នុងយើង។

  • ដើម្បីឲ្យទទួលបានកិច្ចការនេះ យើងត្រូវតែស្តាប់តាមអ្វីដែលព្រះយេស៊ូវបង្គាប់។

  • ព្រះយេស៊ូវបង្គាប់យើងឲ្យលាងសំអាតនៅក្នុងទឹកនៃពិធីជ្រមុជទឹក។​

  • យើងត្រូវបានផ្លាស់ប្តូរដើម្បីឲ្យអ្នកជិតខាងរបស់យើងបានសំគាល់ថាយើងដូចជាមនុស្សថ្មីហើយខុសពីមុន។​

  • យើងបង្ហាញសេចក្តីស្មោះត្រង់ចំពោះព្រះយេស៊ូវ នៅពេលដែលយើងត្រូវរងការបៀតបៀន ហើយ ប្រ​កា​សអំពីព្រះអង្គដោយក្លាហាន ហើយអំពីកិច្ចការដែលព្រះអង្គបានធ្វើនៅក្នុងជីវិតរបស់យើង។​

  • យើងរីកចំរើននៅក្នុងចំណេះដឹងបន្តិចម្តងៗ រហូតដល់ចំណេះបន្ថែមអំពីព្រះយេស៊ូវ ហើយការនេះនាំឲ្យយើងបានថ្វាយបង្គំ ហើយសរសើរដំកើងព្រះអង្គថែមទៀត។​

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ខ្ញុំ​បាន​មក​ក្នុង​លោកីយ​នេះ ដើម្បី​នឹង​ជំនុំ‌ជំរះ ឲ្យ​ពួក​អ្នក​ដែល​មើល​មិន​ឃើញ​បាន​ភ្លឺ​ឡើង ហើយ​ឲ្យ​ពួក​អ្នក​ដែល​មើល​ឃើញ បាន​ទៅ​ជា​ខ្វាក់​វិញ

 

៩:៣៩​​ ការជំនុំជំរះដែលបានលើកឡើងនៅក្នុងខនេះគឺជាការញែកមនុស្សទៅជាក្រុមអ្នកដែលជឿ និងអ្នកដែ​ល​មិនជឿ ដែលជាលទ្ធផលនៃការដែលព្រះយេស៊ូវយាងមកក្នុងលោកីយនេះ។​

មនុស្សគ្រប់ទាំងអស់សុទ្ធតែខ្វាក់។​ លទ្ធផលនៃការយាងមករបស់ព្រះយេស៊ូវគឺដើម្បីធ្វើឲ្យមនុស្ស ដែលបានដឹងថាខ្លួនគេខ្វាក់ខាង​វិញ្ញាណ អាចទទួលបានការប្រោសឲ្យភ្លឺដោយព្រះយេស៊ូវ។​ ប៉ុន្តែអស់អ្នកដែលគិតថា ខ្លួនមើលឃើញ (ប៉ុន្តែតាមការពិតពួកគេនៅក្នុងសេចក្តីងងឹតខាងព្រលឹងវិញ្ញាណ)​ បដិសេធពន្លឺដ៏ពិតប្រាកដ ហើយកាន់តែខ្វាក់​ថែមទៀត។​

ពួក​ផារិស៊ី ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ បាន​ឮ​ពាក្យ​នោះ ក៏​ទូល​សួរ​ថា តើ​យើង​ខ្ញុំ​ខ្វាក់​ដែរ​ឬ​អី 

៩:៤០ ​ពួកផារិស៊ីជាពួកមនុស្សខ្វាក់ខាងព្រលឹងវិញ្ញាណ (ម៉ាថាយ ២៣:១៦, ១៥:១៤, ២៣:២៦)។​ ពួកគេប្រកាសថាគេជាមនុស្សភ្លឺ ប៉ុន្តែការប្រព្រឹត្តរបស់ពួកគេបញ្ជាក់ពីភាពខ្វាក់របស់គេវិញ។ ​ដោយព្រោះតែ សេចក្តីអំនួតរបស់គេ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលអ្នកណាម្នាក់រាប់ថា គេជាមនុស្សខ្វាក់ខាងព្រលឹងវិញ្ញាណ។ ​

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ខ្វាក់​មែន នោះ​អ្នក​រាល់​គ្នា​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​អាង​ថា​ភ្លឺ បាន​ជា​ជាប់​មាន​បាប​នៅ​ឡើយ។

៩:៤១  អ្នកសុំទាននោះជាមនុស្សខ្វាក់ខាងសាច់ឈាម និងខាងព្រលឹងវិញ្ញាណ។ ប៉ុន្តែទាំងភ្នែក និងចិត្តរបស់គាត់ បានបើកចំហវិញ។ ហេតុអ្វី? ​ដោយព្រោះតែគាត់បានស្តាប់ព្រះបន្ទូល ទទួលជឿ ស្តាប់តាម ហើយបានទទួលព្រះគុណនៃព្រះ។​

ពួកផារិស៊ីមានភ្នែកខាងសាច់ឈាមល្អប្រសើរ ប៉ុន្តែពួកគេជាមនុស្សខ្វាក់ខាងព្រលឹងវិញ្ញាណ។ ប្រសិនបើ គេបានទទួលស្គាល់ថាគេជាមនុស្សខ្វាក់ខាងព្រលឹងវិញ្ញាណនោះ គេនឹងទទួលបានការអត់ទោស។ ប៉ុន្តែដោយព្រោះតែគេអាងថាភ្លឺ ​អំពើបាបរបស់គេនៅដដែល។ ដូច្នេះហើយត្រង់ចំនុចចុងបញ្ចប់នៃរឿងនេះ យើងបានឃើញថាសេចក្តីខ្វាក់ខាងព្រលឹងវិញ្ញាណ (ការមិនជឿ) គឺជាអំពើបាបពិតប្រាកដ មិនមែនជាសេចក្តីខ្វាក់ខាងសាច់ឈាម ដូចដែលពួកសិស្ស និងពួកផារិស៊ីបានគិតនោះឡើយ ​(ខ២, ៣៤)។

bottom of page