

ព្រះយេស៊ូវគង់នៅស្រុកសាម៉ារី
ដូច្នេះ កាលព្រះអម្ចាស់ទ្រង់ជ្រាបពីពួកផារិស៊ី ដែលគេបានឮនិយាយថា ទ្រង់បានសិស្ស ហើយក៏ធ្វើបុណ្យជ្រមុជទឹកឲ្យ ជាច្រើនលើសជាងយ៉ូហានទៅទៀត (តែមិនមែនព្រះយេស៊ូវដែលធ្វើបុណ្យជ្រមុជព្រះអង្គទ្រង់ទេ គឺជាពួកសិស្សទ្រង់វិញ) នោះទ្រង់ក៏យាងចេញពីស្រុកយូដា ត្រឡប់ទៅឯស្រុកកាលីឡេវិញ
៤:១-៣ កាលពីមុន ពួកផារិស៊ីបានចាត់មនុស្សឲ្យទៅស៊ើបពីលោកយ៉ូហានបាប់ទីស្ទដើម្បីឲ្យដឹងថា គាត់ជាព្រះគ្រីស្ទឬយ៉ាងណា (១:១៩-២៨)។ លោកយ៉ូហានបាប់ទីស្ទបានប្រាប់ពួកគេថា «ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ ប៉ុន្តែ នៅកណ្តាលពួកអ្នករាល់គ្នា នោះមានព្រះ១អង្គ ដែលអ្នករាល់គ្នាមិនស្គាល់ គឺព្រះអង្គនោះហើយ ដែលមកក្រោយខ្ញុំ តែបានគង់នៅមុនខ្ញុំ ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ទេ»។ ពេលនេះ ព្រះយេស៊ូវជ្រាបថាដោយព្រោះតែហ្វូងមនុស្ស យ៉ាងធំមកឯព្រះអង្គនោះ ពួកផារិស៊ីនឹងស៊ើបសួរពីព្រះអង្គដូចគ្នាដែរ។ ពេលនេះមិនមែនជាពេលត្រឹមត្រូវ នៅក្នុងការប្រឈមមុខជាមួយនឹងពួកគេនោះឡើយទេ ដូច្នេះហើយព្រះអង្គបានវិលត្រឡប់មកកាលីឡេវិញ ។
ហើយទ្រង់ត្រូវតែយាងកាត់ស្រុកសាម៉ារី
៤:៤ ស្រុកសាម៉ារីគឺនៅតាមផ្លូវពីស្រុកយូដាកាត់ក្រុងកាលីឡេ។ ដោយព្រោះតែពួកសាសន៍យូដាស្អប់ សាសន៍សាម៉ារីពួកគេបានបានធ្វើដំណើរដោយប្រញាប់ ឬដើរវាងស្រុកសាម៉ារីដោយការធ្វើដំណើរតាមផ្លូវ ដែលមានចំងាយឆ្ងាយជាងផ្លូវនេះ ប៉ុន្តែព្រះយេស៊ូវមានបំណងក្នុងការយាងកាត់ស្រុកសាម៉ារី។
សេចក្តីសំអប់ដែលមានរវាងសាសន៍យូដានិងសាសន៍សាម៉ារីបានចាប់ផ្តើមបន្ទាប់ពីអ៊ីស្រាអែល (ហើយនឹង ការគ្រប់គ្រងទីក្រុងនៃស្រុកសាម៉ារី) ទទួលបរាជ័យដោយពួកអាសស៊ើរនៅក្នុងឆ្នាំ ៧២២ មុន គ,ស។ សាសន៍អាសស៊ើរបាននិរទេសប្រជារាស្រ្តអ៊ីស្រាអែលភាគច្រើន ហើយនាំពួកសាសន៍ដទៃអោយមករស់នៅក្នុង ទឹកដីអ៊ីស្រាអែល (២ ពង្សាវតាក្សត្រ ១៧:២៤ -៣១)។ ពួកសាសន៍ដទៃទាំងនេះបានរៀបការជាមួយនឹង ប្រជារាស្រ្តអ៊ីស្រាអែលដែលនៅសេសសល់ក្នុងប្រទេសអ៊ីស្រាអែល។ កូនចៅរបស់ពួកគេ ជាកូនកាត់ អ៊ីស្រាអែល និងសាសន៍ដទៃ ហើយត្រូវបានហៅថា “សាសន៍សាម៉ារី”។ ដោយព្រោះតែសាសន៍សាម៉ារី កើតចេញពីអំបូរយ៉ាកុប ពួកគេបានរាប់ខ្លួនគេថាជាអ៊ីស្រាអែលពិតប្រាកដ ប៉ុន្តែពួកសាសន៍យូដា បានបដិសេធពួកគេដោយព្រោះតែគេជាមានអំបូរលាយឡំនិងសាសនាលាយឡំជាមួយនឹងជំនឿរបស់សាសន៍ដទៃ។
ដូច្នេះ ទ្រង់យាងទៅដល់ក្រុង១ នៅស្រុកសាម៉ារី ហៅថា ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានឲ្យដល់យ៉ូសែប ជាកូន 6នៅទីនោះ ក៏មានអណ្តូងយ៉ាកុប ដូច្នេះ ព្រះយេស៊ូវទ្រង់អស់កំឡាំងដោយយាងមក ក៏គង់នៅមាត់អណ្តូងនោះ ពេលនោះប្រហែលជាថ្ងៃត្រង់ហើយ
៤:៥-៦ មានដីមួយចំនួន ដែលនៅក្បែទីក្រុងស៊ូខារ ដែលយ៉ាកុបបានជីកអណ្តូងមួយ (លោកុប្បត្តិ ៤៨:២២)។ ពេលនេះម៉ោងប្រហែលជា ១២ថ្ងៃត្រង់ពេលដែលព្រះយេស៊ូវយាងទៅដល់អណ្តូងទឹកនោះ។
មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានបន្ទូលទៅនាងថា សូមឲ្យខ្ញុំផឹកផង ព្រោះពួកសិស្សទ្រង់បានទៅផ្សារអស់ ដើម្បីនឹងរកទិញស្បៀងអាហារ
៤:៧-៨ ជាធម្មតាពួកស្រីៗ ទៅអណ្តូងទឹកជាក្រុមនៅពេលព្រឹកព្រលឹមហើយនឹងនៅពេលល្ងាច។ ប៉ុន្តែ ស្ត្រីម្នាក់នេះមកតែម្នាក់ឯងនៅពេលថ្ងៃត្រង់។ ពេលថ្ងៃត្រង់មិនមែនជាពេលធម្មតាសម្រាប់ស្រ្តីនេះទៅអណ្តូងទឹកនោះឡើយ ដោយព្រោះតែវាជា ពេលដែលមាន កំដៅក្តៅបំផុត។ ប៉ុន្តែសម្រាប់ស្រ្តីម្នាក់នេះគាត់មានកេរ្តិ៍ឈ្មោះមិនល្អ ដោយព្រោះតែ បានរៀបការជាច្រើន ដងរួចមកហើយ ហើយនាងអាចនឹងជ្រើសយកពេលនេះដោយព្រោះតែ បានគិតនឹងមិនមានអ្នកណា ផ្សេងទៀតនៅឯអណ្តូងនោះឡើយ។
ស្ត្រីសាសន៍សាម៉ារីនោះក៏ទូលថា លោកជាសាសន៍យូដា ម្តេចឡើយក៏លោកសូមទឹកខ្ញុំពិសា ដែលខ្ញុំជាស្រីសាសន៍សាម៉ារីដូច្នេះ (នេះដ្បិតសាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ)
៤:៩ ស្រ្តីនោះបានស្គាល់ថាព្រះយេស៊ូវជាសាសន៍យូដា ហើយវាជាការដែលភ្ញាក់ផ្អើល ដែលព្រះអង្គបានមានបន្ទូលជាមួយនឹងនាងហើយសូមទឹកពីនាងថែមទៀត។ តាមទំនៀមទម្លាប់ គ្រូសាសន៍យូដាម្នាក់នឹងមិននិយាយ រកស្រ្តីណាម្នាក់នៅទីសាធារណៈនោះឡើយ។ ហើយ សាសន៍យូដាក៏មិនផឹកពីពែងតែមួយឬ ប្រើធុងទឹកតែមួយជាមួយនឹងសាសន៍សាម៉ារីដែរ។
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើសិនជានាងបានស្គាល់អំណោយទាននៃព្រះ នឹងអ្នកដែលនិយាយនឹងនាងថា សូមឲ្យខ្ញុំផឹកផង នោះនាងនឹងបានសូមពីអ្នកនោះវិញ រួចអ្នកនោះនឹងឲ្យទឹករស់ដល់នាង
៤:១០ ស្រ្តីនោះមិនបានស្គាល់អំណោយទាននៃព្រះឬ បានស្គាល់ពីអត្តសញ្ញាណរបស់ព្រះយេស៊ូវឡើយ។ “អំណោយទាននៃព្រះ” គឺជាជីវិតថ្មីដែលព្រះយេស៊ូវនាំមក: ដែលជា ជីវិតអស់កល្បជានិច្ច ដែលនឹងចាប់ផ្តើមនៅពេលដែលមនុស្សម្នាក់បានទទួលព្រះវិញ្ញាណបរិសុទ្ធនិងបានកើតជាថ្មី។ នៅក្នុង យ៉ូហាន ៧:៣៨-៣៩ និង កិច្ចការ ២:៣៨; ៨:២០; ១០:៤៥; ១១:១៧ និង ហេព្រើរ ៦:៤ ឃ្លាដែលថា “អំណោយទាននៃព្រះ” មានន័យថា ការប្រទានឲ្យនូវព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើស្រ្តីនោះបានស្គាល់ អំពីអំណោយទាននេះ ហើយថាព្រះយេស៊ូវគឺជាមួយអង្គដែលប្រទានព្រះវិញ្ញាណបរិសុទ្ធនោះ នាងនឹងសូម “ទឹករស់” ពីព្រះអង្គវិញ។
នៅក្នុងជំនាន់នោះ “ទឹករស់” មានន័យថា ទឹកដែលស្អាតហូរចេញពីក្បាលទឹក។ យ៉ាងណាម៉ិញ នៅក្នុង ព្រះគម្ពីរសញ្ញាចាស់ ឃ្លាដែលថា “ទឹករស់” ត្រូវបានប្រើនៅក្នុងការរៀបរាប់ពីកិច្ចការរបស់ព្រះជាម្ចាស់ ក្នុងការប្រទានជីវិតខាងព្រលឹងវិញ្ញាណដល់មនុស្ស (យេរេមា ២:១៣; ១៧:១៣; សាការី ១៤:៨; ទំនុកតម្កើង ៣៦:៩; អេសាយ ១២:៣, ៤៤:៣)។ ពួកហោរាបានប្រកាសអំពីថ្ងៃមួយពេលដែល “នឹងមានទឹករស់ហូរចេញពីក្រុងយេរូសាឡិមទៅ” (សាការី ១៤:៨)។ ការនេះរៀបរាប់ពីប្រាជ្ញានៃព្រះ និងព្រះគុណទ្រង់ដែលធ្វើឲ្យមានការលាងសំអាត សេចក្តីសង្រ្គោះ និងព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ (អេសាយ ១:១៦–១៨, ១២:៣, ៤៤:៣)។
ដូច្នេះ ព្រះយេស៊ូវកំពុងតែមានបន្ទូលអំពីជីវិតថ្មីដោយសារព្រះវិញ្ញាណនៃព្រះ។ ទឹកគឺជានិមិត្តសញ្ញា នៃជីវិតថ្មី (១:៣១; ២:៧; ៣:៥) ហើយក្រោយមកនឹងត្រូវបានហៅថា ព្រះវិញ្ញាណបរិសុទ្ធ (៧:៣៧-៣៩)។ ដូចដែលព្រះយេស៊ូវ មានបន្ទូលទៅកាន់លោកនីកូដេមអំពីសេចក្តីត្រូវការរបស់គាត់ក្នុងការដែល “កើតអំពីព្រះវិញ្ញាណ និងអំពីទឹក” ព្រះអង្គនឹងបង្ហាញស្រ្តីសាសន៍សាម៉ារី ពីសេចក្តីត្រូវការរបស់នាងចំពោះ “ទឹករស់” ផងដែរ។ ឃ្លានោះគឺមានភាពខុសគ្នា ប៉ុន្តែគំនិតសំខាន់គឺដូចគ្នា។ ព្រះអង្គជាអ្នកប្រទាន ព្រះវិញ្ញាណបរិសុទ្ធ ព្រះយេស៊ូវគឺជាប្រភពនៃទឹករស់ ដែលអាចបំផ្លាស់បំប្រែមនុស្សបាន។
ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់ លោកគ្មានអ្វីនឹងដងទេ ហើយអណ្តូងក៏ជ្រៅផង ដូច្នេះ លោកបានទឹករស់នោះពីណាមក តើលោកធំជាងយ៉ាកុប ជាឰយុកោយើងខ្ញុំ ដែលឲ្យអណ្តូងនេះមកយើងខ្ញុំ ហើយទាំងខ្លួនលោក កូនចៅ នឹងហ្វូងសត្វរបស់លោក ក៏បានផឹកផងឬអី
៤:១១ ព្រះយេស៊ូវបានប្រើពាក្យថា “ទឹករស់” ដើម្បីបង្ហាញពីជីវិតថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ។ ស្រ្តីនោះបានស្តាប់ឮព្រះបន្ទូលរបស់ព្រះអង្គប៉ុន្តែមិនបានយល់ពីអត្ថន័យរបស់ព្រះអង្គឡើយ។ គាត់បាន គិតថា “ទឹករស់” គឺជាទឹកស្អាតដែលហូរដូចជាទឹកដែលអណ្តូងនោះបានផ្តល់ឲ្យ។ គាត់មិនយល់ពីរបៀប ដែលព្រះអង្គអាចនឹងប្រទានទឹកនេះឲ្យដោយមិនមានធុងទឹកដើម្បីនឹងដងទឹកពីអណ្តូងមកនោះឡើយ។
៤:១២ អ្វីដែលនាងអាចមើលឃើញនោះគ្រាន់តែជាអ្នកដំណើរដែលហត់នឿយម្នាក់ដែលសូមទឹកពីអណ្តូង ទឹកយ៉ាកុបតែប៉ុណ្ណោះ។ នាងមិនបានដឹងថានាងកំពុងតែនិយាយជាមួយនឹងព្រះដែលបង្កើតនាងនោះឡើយ ហើយមិនបានដឹងថាព្រះអង្គទ្រង់វិសេសជាងយ៉ាកុបហើយថាព្រះអង្គអាចប្រទានអ្វីមួយដែលប្រសើរជាងអ្វីដែលអណ្តូងរបស់យ៉ាកុបអាចផ្តល់ឲ្យនោះឡើយ។
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា អស់អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច
៤:១៣ ព្រះយេស៊ូវពន្យល់ពីភាពខុសគ្នារវាងទឹកដែលចេញពីអណ្តូងរបស់យ៉ាកុបនិងទឹកដែលព្រះអង្គអាច ប្រទានឲ្យ។ អស់អ្នកណាដែលផឹកទឹកដែលនៅក្នុងអណ្តូងយ៉ាកុបអាចនឹងស្រេកទៀត។ នេះជាការពិត ចំពោះអណ្តូងទឹកទាំងអស់ក្នុងពិភពលោកនេះ។ អណ្តូងទាំងនោះមិនអាចធ្វើឲ្យមនុស្សស្កប់ស្កល់បានឡើយ ។
៤:១៤ ប៉ុន្តែ ទឹកដែលព្រះយេស៊ូវនឹងប្រទានឲ្យដល់ស្រ្តីនេះ និងដល់អស់អ្នកដែលនឹងបានផឹក នឹងបានស្កប់ស្កល់ជារៀងរហូត ដោយព្រោះតែទឹកនេះ "នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច" (១:៤; ៣:១៥)។
ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យទឹកនោះមកខ្ញុំផង ដើម្បីកុំឲ្យខ្ញុំស្រេក ឬមកដងនៅទីនេះទៀត
៤:១៥ ស្រ្តីនោះបានសូមទឹកដែលព្រះយេស៊ូវមានព្រះបន្ទូលនោះ ប៉ុន្តែនាងមិនបានយល់ពីអំណោយទាន នោះឡើយ។ នាងមិនបានដឹងថាទឹកដែលព្រះយេស៊ូវមានបន្ទូលនោះត្រូវខាងព្រលឹងវិញ្ញាណនោះឡើយ។ នាងបាននិយាយថានាងចង់បានទឹកនោះដើម្បីកុំឲ្យនាងត្រូវមកឯអណ្តូងទឹកយ៉ាកុបជារៀងរាល់ថ្ងៃទៀត។ ការនេះបង្ហាញថានាងនៅតែគិតអំពីទឹកដែលនៅក្នុងក្អមរបស់នាងនៅឡើយ មិនមែនជាទឹករស់សម្រាប់ ព្រលឹងរបស់នាងនោះទេ។ ប៉ុន្តែនាងបានសូមពីព្រះយេស៊ូវសម្រាប់ទឹកនេះ ដូច្នេះហើយព្រះយេស៊ូវនៅតែ បន្តព្យាយាមជួយនាងឲ្យបានទទួលទឹករស់នោះ។
ព្រះយេស៊ូវមានបន្ទូលថា ចូរទៅហៅប្ដីនាងមកឯណេះ
៤:១៦ ព្រះយេស៊ូវមានគោលដៅមួយនៅក្នុងការដែលលើកឡើងអំពីប្តីរបស់ស្ត្រីនោះ។ ស្ត្រីនោះ មិនបានយល់ពីទឹករស់ដែលព្រះអង្គអាចប្រទានឲ្យបានទេ និងពីអ្វីដែលនាងត្រូវការពិតប្រាកដនោះឡើយ។ ដូច្នេះហើយ ព្រះយេស៊ូវបានបង្វែរការសន្ទនាដើម្បីផ្តោតសំខាន់ចំពោះអ្វីដែលនាងត្រូវការពិតប្រាកដ ដែលជាការដែលត្រូវលាងសំអាតពីអំពើបាប។ ហេតុនេះហើយ ការដែលបង្គាប់ឲ្យនាងទៅហើយហៅប្តីនាង មកនោះ គឺជាចំនុចទីមួយនៅក្នុងការប្រទានតាមសេចក្តីសំណូមរបស់នាងដែលថា “សូមឲ្យទឹកនោះមកខ្ញុំផង”។
ស្ត្រីនោះទូលឆ្លើយថា ខ្ញុំគ្មានប្ដីទេ រួចព្រះយេស៊ូវមានបន្ទូលថា ដែលនាងថា គ្មានប្ដី នោះថាត្រូវហើយ ដ្បិតនាងបានមានប្ដី៥មកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃនេះ មិនមែនជាប្ដីនាងទេ ពាក្យនោះនាងនិយាយត្រូវប្រាកដ
៤:១៧-១៨ ព្រះយេស៊ូវបានប្រើព្រះប្រាជ្ញាញាណរបស់ព្រះអង្គដ៏វិសេសនៅក្នុងការប្រាប់ដល់ស្រ្តីនោះ ពីជីវិតរបស់នាង។ ព្រះអង្គកំពុងជួយនាងដោយព្រះហឫទ័យសុភាព ដើម្បីឲ្យនាងបានឃើញពីរបៀប ដែលអំពើបាបបានប៉ះពាល់ដល់ជីវិតរបស់នាង ដើម្បីដឹកនាំនាងទៅដល់ការប្រែចិត្ត។ ហេតុអ្វី? ដោយព្រោះតែ ការប្រែចិត្ត និងសេចក្តីជំនឿមានសារៈសំខាន់ ដើម្បីឲ្យមនុស្សម្នាក់ទទួលសេចក្តីសង្រ្គោះ ហើយនិងទទួលទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធ។
ស្ត្រីនោះទូលទ្រង់ថា លោកម្ចាស់អើយ ខ្ញុំយល់ឃើញថា លោកជាហោរា ឯពួកឰយុកោយើងខ្ញុំ បានថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា ក្រុងយេរូសាឡិមជាកន្លែងដែលត្រូវថ្វាយបង្គំវិញ
៤:១៩-២០ នៅពេលដែលព្រះយេស៊ូវបង្ហាញពីព្រះប្រាជ្ញាដ៏អស្ចារ្យរបស់ព្រះអង្គស្រ្តីនោះបានដឹងថា ព្រះអង្គច្បាស់គួរតែជាហោរាណាមួយហើយ។ នាងចាប់ផ្តើមមានសេចក្តីជំនឿខ្លះចំពោះព្រះអង្គ។ ដូច្នេះហើយនាងបានសួរសំនួរដែលពួកសាសន៍សាម៉ារីតែងតែគិត។ សំនួរនោះគឺថាតើមនុស្សត្រូវថ្វាយបង្គំ ព្រះនៅកន្លែងណា។
សាសន៍សាម៉ារីបានរាប់ថាលោកអ័ប្រាហាំនិងលោកយ៉ាកុបជាឰយុកោរបស់ពួកគេ។ ពួកគេបានដឹងថា កន្លែងដំបូងបំផុតដែលលោកអ័ប្រាហាំបានសាងអាសនាថ្វាយដល់ព្រះគឺនៅស៊ីគែម (លោកុប្បត្តិ ១២:៦-៧) ដែលស្ថិតនៅក្បែរភ្នំគីរីសីម។ នៅពេលដែលពួកអ៊ីស្រាអែលបានចូលទៅក្នុងទឹកដីសន្យា ពួកគេបានស្រែកប្រកាសពីសេចក្តីសន្យានៃព្រះពរនៃព្រះនៅលើភ្នំនេះ (ចោទិយកថា ១១:២៩-៣០, ២៧:១២)។ ជាច្រើនសតវត្សកន្លងផុតទៅ ពួកសាសន៍សាម៉ារីបានជ្រើសរើស យកភ្នំគីរីសីមធ្វើជាកន្លែង សម្រាប់ពួកគេថ្វាយបង្គំ។ ពួកគេបានសង់ព្រះវិហារមួយនៅលើភ្នំគីរីសីម ប៉ុន្តែពួកសម្តេចសង្ឃសាសន៍យូដា បានដុតកម្ទេចព្រះវិហារនោះនៅក្នុងឆ្នាំ ១២៨ មុន គ,ស, ដោយព្រោះតែពួកសាសន៍យូដាជឿថា ព្រះវិហារ នៅក្នុងក្រុងយេរូសាឡិមជាកន្លែងតែមួយគត់ដែលជាព្រះវិហារដ៏ពិតប្រាកដរបស់ព្រះ។ ពេលនេះ ស្រ្តីម្នាក់ នេះចង់ដឹងថាតើពួកគេគួរតែថ្វាយបង្គំព្រះនៅលើភ្នំគីរីសីម ឬនៅលើភ្នំស៊ីយ៉ូននៅក្នុងក្រុងយេរូសាឡិម។
ព្រះយេស៊ូវមានបន្ទូលថា នាងស្រីអើយ ចូរជឿខ្ញុំថា នឹងមានពេលវេលាមក ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតា នៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទេ
៤:២១ ព្រះយេស៊ូវបានឆ្លើយចំពោះសំនួររបស់នាងដោយប្រាប់នាងថា នឹងមានពេលមកដល់នៅពេលដែល ការថ្វាយបង្គំមិនត្រូវកំណត់ទីកន្លែងវិសេសណាមួយនោះឡើយ (មិនថានៅក្នុងក្រុងយេរូសាឡិម ឬ ភ្នំគីរីសីម)។ តែផ្ទុយទៅវិញ ព្រះនឹងត្រូវបានថ្វាយបង្គំដោយវិញ្ញាណនិងសេចក្តីពិតដោយមនុស្សបរិសុទ្ធគ្រប់ ទីកន្លែងនៅក្នុងពិភពលោក (ម៉ាឡាគី ១:១១)។
ការថ្វាយបង្គំព្រះដ៏ពិតគឺមិនអាស្រ័យលើទីកន្លែងនោះឡើយ ប៉ុន្តែលើព្រះយេស៊ូវវិញ។ ការថ្វាយបង្គំ ពិតប្រាកដគឺមានតែតាមរយៈព្រះអង្គតែប៉ុន្តែប៉ុណ្ណោះដោយព្រោះតែព្រះអង្គគឺជាព្រះវិហារដ៏ពិតប្រាកដ (២:១៩-២២; វិវរណៈ ២១:២២) ព្រះអង្គប្រទាន ការបើកសំដែងដ៏ពិតប្រាកដនៃព្រះដល់យើងទាំងអស់គ្នា (១:១-១៨,១៤:៦) ព្រះអង្គប្រទានទឹករស់នៃព្រះវិញ្ញាណបរិសុទ្ធ (១:៣៣) និងព្រះអង្គជាផ្លូវទៅឯព្រះវរបិតា (១៤:៦)។
អ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ ឯយើងវិញ យើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតសេចក្ដីសង្គ្រោះកើតមកពីសាសន៍យូដា
៤:២២ ការថ្វាយបង្គំដ៏ពិតប្រាកដតម្រូវឲ្យមានចំណេះដឹងយ៉ាងត្រឹមត្រូវអំពីព្រះ។ បើគ្មានការនេះទេ ការប៉ុនប៉ងរបស់មនុស្សក្នុងការថ្វាយបង្គំនោះគឺការថ្វាយបង្គំរូបព្រះ។ សាសន៍សាម៉ារីគ្រាន់តែបានទទួលស្គាល់នូវបទគម្ពីរប្រាំដំបូងនៃព្រះគម្ពីរសញ្ញាចាស់តែប៉ុណ្ណោះ។ ដោយព្រោះតែគេមិនបានទទួលស្គាល់នូវ ការបើកសំដែងពេញលេញពីព្រះ ពួកគេមិនបានស្គាល់ព្រះពិតប្រាកដនោះឡើយ។ ពួកគេមានសាសនាមួយ ដែលពឹងអាងលើគំនិតរបស់មនុស្ស ជាជាងសេចក្តីជំនឿមួយ ដែលពឹងអាងលើការបើកសំដែងរបស់ព្រះ នៅក្នុងព្រះបន្ទូលព្រះអង្គ។ សេចក្តីសង្រ្គោះកើតមកពីសាសន៍យូដាដោយព្រោះតែ តាមរយៈប្រជាជាតិ សាសន៍យូដា ដែលព្រះមែស្ស៊ីត្រូវបានប្រទានមក។
តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតា ដោយវិញ្ញាណ នឹងសេចក្ដីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់
៤:២៣ ព្រះយេស៊ូវប្រកាសថា ឆាប់ៗនេះ ព្រះនឹងត្រូវបានថ្វាយបង្គំ “ដោយវិញ្ញាណ និងសេចក្តីពិត”។ កិច្ចការរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងអាចផ្សះផ្សាមនុស្សជាមួយនឹងព្រះ ដែលពួកគេនឹងស្គាល់ជា ព្រះវរបិតារបស់គេ។ បន្ទាប់មក ព្រះអង្គនឹងបំពេញពួកគេដោយព្រះវិញ្ញាណបរិសុទ្ធ ហើយធ្វើឲ្យពួកគេអាច ថ្វាយការថ្វាយបង្គំដោយវិញ្ញាណដ៏ពិតត្រង់ដល់ព្រះបាន។
“វិញ្ញាណ នឹងសេចក្តីពិត” មិនមែនជាគំនិតដែលដាច់ឡែកចេញពីគ្នានោះឡើយ ប៉ុន្តែជាគំនិតដែលរួមគ្នា តែមួយនៅក្នុងអត្ថបទភាសាក្រិច។ ការដែលថ្វាយបង្គំដោយ “វិញ្ញាណ នឹងសេចក្តីពិត” មានន័យថា ការថ្វាយបង្គំត្រូវបានបណ្តាលដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានប្រទានដល់យើងនូវចំណេះដឹង ដ៏ពិតប្រាកដអំពីព្រះជាម្ចាស់។ ដើម្បីឲ្យបានយល់ចំនុចនេះ សូមគិតពីអ្វីដែលមាននៅក្នុងបរិបទ។ ព្រះយេស៊ូវមានបន្ទូលប្រាប់ដល់ស្រ្តីសាសន៍សាម៉ារីអំពីសេចក្តីត្រូវការរបស់នាងចំពោះទឹករស់នៃព្រះវិញ្ញាណបរិសុទ្ធ,ហើយទើបតែមានបន្ទូលថាពួកសាសន៍សាម៉ារី “មិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ”។ បន្ទាប់មក ព្រះអង្គមានបន្ទូលប្រាប់នាងពីថ្វាយបង្គំដោយ “វិញ្ញាណ នឹងសេចក្តីពិត”។ ច្បាស់ណាស់ថា ការថ្វាយបង្គំដោយ “វិញ្ញាណ នឹងសេចក្តីពិត” គឺជាការថ្វាយបង្គំដែលបណ្តាលដោយព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់ដឹកនាំក្នុងគ្រប់ទាំងសេចក្តីពិត ដើម្បីឱ្យយើងអាចស្គាល់ព្រះដ៏ពិតប្រាកដដែលត្រូវបានបើកសំដែង ដល់យើងនៅក្នុងព្រះគម្ពីរ (១៦:១៣)។ ព្រះវរបិតាស្វែងរកអស់អ្នកដែលថ្វាយបង្គំព្រះអង្គ បែបយ៉ាងដូច្នេះ។ យើងគួរតែសួរខ្លួនយើងថា តើព្រះអង្គបានទទួលការថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិតពីខ្ញុំដែរឬទេ?
ឯព្រះ ទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ
៤:២៤ ព្រះទ្រង់ជាវិញ្ញាណ។ ព្រះអង្គមិនមែនជាសាច់ឈាមដូចមនុស្សនោះឡើយ។ ដោយព្រោះតែព្រះអង្គ មិនមែនជាសាច់ឈាម ព្រះអង្គមិនមែនគង់នៅមួយកន្លែងក្នុងពេលតែមួយនោះឡើយ។ ព្រះអង្គគង់នៅគ្រប់ ទីកន្លែងទាំងអស់។ ដូច្នេះហើយ ការដែលមានទំនាក់ទំនងជាមួយនឹងព្រះអង្គ គឺមិនមែនគ្រាន់តែជា ការដែលបានទៅកន្លែងវិសេសណាមួយនៅក្នុងពេលវេលាវិសេសណាមួយនោះឡើយ។ ផ្ទុយទៅវិញ គឺជាការដែលបានទទួលព្រះវិញ្ញាណដ៏បរិសុទ្ធរបស់ព្រះអង្គ។ បន្ទាប់មក អ្នកនឹងអាចថ្វាយបង្គំព្រះអង្គ ដោយវិញ្ញាណនិងសេចក្តីពិត គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ វាគឺជាមិនមែនអំពីការទៅកន្លែងបរិសុទ្ធ ដែលព្រះជាម្ចាស់គង់នៅនោះទេ។ វាគឺអំពីការធ្វើជាមនុស្សបរិសុទ្ធដែលមានវត្តមានចំពោះព្រះ។ មនុស្សបរិសុទ្ធអាចជួបជាមួយនឹងព្រះគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ស្ត្រីនោះទូលទ្រង់ថា ខ្ញុំដឹងហើយថា ព្រះមែស្ស៊ី ដែលហៅជាព្រះគ្រីស្ទ ទ្រង់នឹងយាងមក កាលណាមកហើយ នោះទ្រង់នឹងប្រាប់ឲ្យយើងខ្ញុំដឹងគ្រប់ទាំងអស់
៤:២៥ ពួកសាសន៍យូដារំពឹងថាព្រះមែស្ស៊ីនឹងយាងមកក្នុងនាមជាស្តេចក្នុងវង្សរបស់ស្តេចដាវីឌ។ ប៉ុន្តែពួកសាសន៍សាសន៍សាម៉ារីរំពឹងថាព្រះមែស្ស៊ីនឹងមកក្នុងនាមជាម្នាក់ដែលនាំមកនូវក្រឹត្យវិន័យហើយជាគ្រូដូចជាលោកម៉ូសេ។ ការនេះគឺដោយសារតែ សាសន៍សាម៉ារីគ្រាន់តែបានទទួលស្គាល់នូវបទគម្ពីរប្រាំ ដំបូងនៃព្រះគម្ពីរសញ្ញាចាស់តែប៉ុណ្ណោះ ដូច្នេះ ពួកគេបានដឹងនូវអ្វីដែលលោកម៉ូសេបាននិយាយអំពី ព្រះមេស្ស៊ី (ចោទិយកថា ១៨:១៥) ប៉ុន្តែ ពួកគេមិនបានដឹងអំពីការសន្យារបស់ព្រះចំពោះដាវីឌទេ (២ សាំយូអែល ៧:៨-១៦)។
ព្រះយេស៊ូវមានបន្ទូលថា នោះគឺខ្ញុំនេះហើយ ដែលនិយាយនឹងនាង។
៤:២៦ ព្រះយេស៊ូវបានបើកសំដែងដល់ស្រ្តីសាសន៍សាម៉ារីថាព្រះអង្គគឺជាព្រះមែស្ស៊ី។
ខណនោះ ពួកសិស្សទ្រង់មកដល់ ក៏នឹកប្លែកពីទ្រង់មានបន្ទូលនឹងស្ត្រីនោះ ប៉ុន្តែគ្មានអ្នកណាទូលសួរថា ទ្រង់សួររកអ្វី ឬថា ទ្រង់មានបន្ទូលនឹងស្ត្រីនេះធ្វើអីនោះទេ
៤:២៧ ពួកសិស្សមានការងឿងឆ្ងល់ដោយព្រោះតែជាទូទៅពួកគ្រូបង្រៀនសាសន៍យូដាមិននិយាយ ជាមួយនឹងស្រ្តីនៅទីសាធារណៈនោះទេ។ ប៉ុន្តែព្រះយេស៊ូវមានគោលដៅនៅក្នុងស្ថានភាពមួយនេះ (ខ៤០-៤២) ហើយមិនយូរប៉ុន្មាន ស្រ្តីនោះនឹងគឺជាគំរូដល់ពួកគេនៅក្នុងការចែករំលែកពីសេចក្តីជំនឿ របស់ពួកគេ។
ឯស្ត្រីនោះ នាងទុកក្អមចោល ក៏ចូលក្នុងក្រុងដំណាលប្រាប់គេថា ចូរមកមើល មានមនុស្សម្នាក់ ដែលប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ ដែលខ្ញុំបានប្រព្រឹត្ត តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬអី គេក៏ចេញពីទីក្រុងទៅឯទ្រង់។
៤:២៨-៣០ ស្ត្រីនោះស្ងើចសរសើរចំពោះព្រះយេស៊ូវយ៉ាងខ្លាំង រហូតនាងស្រេកឃ្លានក្នុងការប្រកាសប្រាប់ ដល់មនុស្សអំពីព្រះយេស៊ូវ។ នាងបានប្រាប់ដល់ពួកគេថា “ចូរមកមើល” ដូចដែលលោកភីលីពប្រាប់ ដល់ណាថាណែល (១:៤៦) ដែរ។ សក្ខីភាពរបស់នាងគឺសាមញ្ញ ប៉ុន្តែមានឥទ្ធិពល ហើយពួកគេបានមក មើលព្រះយេស៊ូវ។
ក្នុងរវាងនោះ ពួកសិស្សទូលទ្រង់ថា លោកគ្រូ អញ្ជើញពិសា តែទ្រង់មានបន្ទូលថា ខ្ញុំមានអាហារសំរាប់ទទួលទានហើយ គឺជាអាហារដែលអ្នករាល់គ្នាមិនស្គាល់ ដូច្នេះ ពួកសិស្សសួរគ្នាទៅវិញទៅមកថា មានអ្នកណាយកអ្វីមកជូនលោកពិសាដែរឬអី
៤:៣១-៣៣ ព្រះយេស៊ូវមានបន្ទូលពីសេចក្តីពិតខាងព្រលឹងវិញ្ញាណ ប៉ុន្តែពួកសិស្សបានគិតតែអំពី សាច់ឈាមដូចជាស្រ្តីសាសន៍សាម៉ារី (ខ១៥) លោកនីកូដេម (៣:៤) ហើយនឹងពួកសាសន៍យូដា (២:២០)។
នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ឯអាហារខ្ញុំ គឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យខ្ញុំមក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង
៤:៣៤ ពេលដែលព្រះយេស៊ូវមានបន្ទូលជាមួយនឹងស្រ្តីសាសន៍សាម៉ារី ព្រះអង្គកំពុងតែធ្វើតាមបំណង ព្រះហឫទ័យនៃព្រះវរបិតា។ សម្រាប់ព្រះយេស៊ូវ,ភាពស្កប់ស្កល់ដែលបានធ្វើកិច្ចការនៃព្រះវរបិតា ដែលបាន ប្រទានឲ្យព្រះអង្គនោះប្រសើរជាងអាហារណាលើសទាំងអស់ (ចោទិយកថា ៨:៣; ម៉ាថាយ ៤:៤) ដូច្នេះហើយការនោះប្រានប្រទានកម្លាំងដល់ព្រះអង្គជាជាងម្ហូបអាហារណាទាំងអស់អាចផ្តល់ឲ្យព្រះអង្គ។
ព្រះយេស៊ូវយាងមកសម្រេចតាមកិច្ចការនៃព្រះវរបិតាព្រះអង្គ (៥:៣៦, ៦:៣៨, ៩:៣-៤, ១០:២៥, ១០:៣៧-៣៨, ១៤:១០, ១៧:៤, ១៩:៣០)។ តើអ្វីជាកិច្ចការដែលព្រះយេស៊ូវបានបំពេញ? ចម្លើយនោះគឺជាសេចក្តីសង្រ្គោះរបស់ព្រះសម្រាប់ពិភពលោកទាំងមូល ហើយនេះជាការសម្រេច ដែល នឹងត្រូវមកដល់ ជាការដែលចាប់ផ្តើមជាមួយនឹងសាសន៍សាម៉ារីទាំងនេះ។
តើអ្នករាល់គ្នាមិនថា នៅ៤ខែទៀត ទើបដល់រដូវចំរូតទេឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរងើបឡើងមើលទៅស្រែមើល ដ្បិតបានក្រហមល្មមច្រូតហើយ
៤:៣៥ ព្រះយេស៊ូវបានប្រៀបប្រដូចពីរដូវចំរូត ដែលនៅបួនខែទៀត ជាមួយនឹងចំរូតនៃការប្រមូលផល ខាងព្រលឹងវិញ្ញាណដែលដល់ពេលត្រូវច្រូតហើយ។ កាលទ្រង់កំពុងតែមានព្រះបន្ទូល ជនជាតិសាម៉ារី កំពុងតែឆ្លងកាត់វាលមករកទ្រង់ (ខ៣០) ដូចជាស្រូវត្រៀមច្រូតកាត់។ មេរៀនសម្រាប់យើងទាំងអស់គ្នានោះ គឺថា តែងតែមានការប្រមូលផលខាងព្រលឹងវិញ្ញាណគ្រប់ពេលវេលាជានិច្ច។
អ្នកណាដែលច្រូត នោះបានរង្វាន់ ក៏ប្រមូលផលសំរាប់ជីវិតដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអ្នកដែលព្រោះ នឹងអ្នកដែលច្រូត បានអរសប្បាយផងគ្នា ដ្បិតចំពោះដំណើរនេះ នោះពាក្យទំនៀមនេះត្រូវណាស់ថា ម្នាក់ព្រោះ ម្នាក់ទៀតច្រូត ខ្ញុំបានចាត់អ្នករាល់គ្នាទៅច្រូតចំរូត ដែលមិនបាននឿយនឹងធ្វើសោះ មានអ្នកឯទៀតបាននឿយហត់ ហើយអ្នករាល់គ្នាបានចូលទៅក្នុងការរបស់គេ។
៤:៣៦-៣៨ ព្រះយេស៊ូវមានបន្ទូលប្រាប់ដល់សិស្សរបស់ព្រះអង្គអំពីកិច្ចការដែលព្រះអង្គត្រាស់ហៅឲ្យពួកគេបានធ្វើ។ មានមនុស្សជាច្រើនដែលបានត្រៀមខ្លួននៅក្នុងការចូលទៅក្នុងរាជ្យនគរនៃព្រះ ហើយពួកសិស្សរបស់ព្រះយេស៊ូវ អាចមើលឃើញដោយខ្លួនគេថាជាអ្នកប្រមូលផលដែលប្រមូលមនុស្ស ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច ដូចជាអ្នកចំការប្រមូលផលចំរូតយ៉ាងដូច្នោះដែរ។
ការដែល “សាបព្រោះ” គឺជាការដែលដាក់ដាំគ្រាប់ពូជនៃព្រះបន្ទូលនៅក្នុងចិត្តគំនិតមនុស្សម្នាក់តាមរយៈ ការប្រកាសដំណឹងល្អ សេចក្តីអធិប្បាយនិងសេចក្តីបង្រៀន។ យើង “ច្រូត” នៅពេលដែលមនុស្សម្នាក់ ឆ្លើយតបចំពោះដំណឹងល្អ ដោយសេចក្តីជំនឿ ហើយដោយហេតុនោះដែលបានចូលទៅក្នុងរាជ្យនគរ នៃព្រះ។ “អ្នកណាដែលច្រូត នោះបានរង្វាន់” មានន័យថារដូវចំរូតបានមកដល់ហើយ! ដូច្នេះហើយ យើងគួរតែប្រមូលផលចំរូត (ដែលជា ពួកអ្នកជឿថ្មី) សម្រាប់ជីវិតអស់កល្បជានិច្ចក្នុងពេលឥលូវនេះ! គ្រប់គ្នាដែលប្រកាសពី ព្រះគ្រីស្ទគឺកំពុងតែធ្វើការដែលនឹងទទួលបាននូវលទ្ធផលដែលស្ថិតស្ថេរ នៅអស់កល្បជានិច្ច!
ព្រះយេស៊ូវបញ្ជាក់ដល់សិស្សរបស់ព្រះអង្គថា:
-
កិច្ចការរបស់ពួកគេនៅក្នុងការប្រមូលផលចំរូតនឹងទទួលបានរង្វាន់ (“អ្នកណាដែលច្រូត នោះបានរង្វាន់”)។
-
ផលកម្រៃនៃកិច្ចការរបស់ពួកគេនឹងបានស្ថិតស្ថេរនៅជារៀងរហូត (“ប្រមូលផលសំរាប់ជីវិតដ៏នៅអស់កល្បជានិច្ច”)។
-
អស់អ្នកដែលច្រូតនៅក្នុងការប្រមូលផលចំរូតនឹងបានអរសប្បាយជាមួយគ្នានៅក្នុងកិច្ចការនោះ។
នៅក្រុងនោះ ក៏មានសាសន៍សាម៉ារីជាច្រើន បានជឿដល់ទ្រង់ ដោយព្រោះពាក្យដែលស្ត្រីនោះធ្វើបន្ទាល់ថា លោកប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត
៤:៣៩ ទីបន្ទាល់របស់មនុស្សម្នាក់អាចជា មធ្យោបាយដ៏មានឥទ្ធិពលមួយនៅក្នុងការប្រកាសដំណឹងល្អ។ ព្រះបានប្រើប្រាស់ទីបន្ទាល់របស់ស្រ្តីនេះ ហើយមានមនុស្សជាច្រើនបានមកឯអណ្តូងទឹក ដើម្បីនឹងបានជួបជាមួយនឹងព្រះយេស៊ូវ។ ប្រសិនបើព្រះបានប្រើទីបន្ទាល់របស់ស្រ្តីនេះ ព្រះអង្គក៏នឹងអាចប្រើទីបន្ទាល់របស់អ្នកដែរ!
ដូច្នេះ កាលពួកសាសន៍សាម៉ារីបានមកដល់ទ្រង់ហើយ នោះគេសូមទ្រង់ ឲ្យនៅជាមួយនឹងគេ ទ្រង់ក៏គង់នៅទីនោះអស់២ថ្ងៃ ហើយមានមនុស្សជាច្រើនទៀតបានជឿ ដោយសារព្រះបន្ទូលទ្រង់ រួចគេនិយាយទៅស្ត្រីនោះថា ឥឡូវនេះ យើងជឿ មិនមែនដោយព្រោះពាក្យសំដីរបស់អ្នកទៀតទេ គឺជឿដោយព្រោះបានឮទ្រង់ផ្ទាល់ខ្លួនយើងវិញ ហើយយើងដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះដ៏ជួយសង្គ្រោះមនុស្សលោកពិតប្រាកដមែន។
១៤:៤០-៤២ ពួកសាសន៍សាម៉ារីបានទទួលជឿព្រះយេស៊ូវដោយព្រោះតែទីបន្ទាល់របស់ស្រ្តីនោះ ហើយ បន្ទាប់មកសេចក្តីជំនឿរបស់គេបានកើនឡើងដោយព្រោះតែគេមានទំនាក់ទំនងផ្ទាល់ជាមួយនឹងព្រះអង្គ។ ការពិតដែលថាពួកសាសន៍ សាម៉ារីចង់ឲ្យព្រះយេស៊ូវគង់នៅជាមួយនឹងពួកគេនោះគឺជាអ្វីដែលគួរឲ្យកត់សំគាល់ដោយព្រោះតែព្រះអង្គជាសាសន៍យូដា។ ប៉ុន្តែពួកគេដឹងថាព្រះយេស៊ូវគឺលើសពីហោរាសាសន៍ យូដាទៅទៀត (ខ១៩, ២៩, ៣៩) ព្រះអង្គគឺជាព្រះអង្គសង្រ្គោះរបស់ពិភពលោក!
ព្រះយេស៊ូវប្រោសកូននាម៉ឺនម្នាក់ឲ្យជា
កន្លង២ថ្ងៃនោះមក ព្រះយេស៊ូវក៏ចេញពីទីនោះ ទៅឯស្រុកកាលីឡេវិញ
៤:៤៣ បន្ទាប់ពីបានគង់នៅស្រុកសាម៉ារីអស់ពីរថ្ងៃ ព្រះយេស៊ូវបានបន្តយាងទៅស្រុកកាលីឡេ ដែលព្រះអង្គបានចាប់ផ្តើមនៅក្នុងខទី៣។
ដ្បិតទ្រង់ធ្វើបន្ទាល់ដោយព្រះអង្គទ្រង់ថា គេមិនរាប់អានហោរា នៅក្នុងស្រុករបស់ខ្លួនទេ ដូច្នេះ កាលទ្រង់បានយាងមកដល់ស្រុកកាលីឡេហើយ នោះពួកអ្នកនៅស្រុកនោះក៏ទទួលទ្រង់ ដោយបានឃើញអស់ទាំងការដែលទ្រង់ធ្វើ នៅក្រុងយេរូសាឡិម ក្នុងវេលាបុណ្យ ពីព្រោះគេក៏បានទៅឯបុណ្យនោះដែរ។
៤:៤៤-៤៥ ព្រះយេស៊ូវបានធ្វើការប្រៀបធៀបពីសេចក្តីជំនឿរបស់ពួកសាសន៍សាម៉ារី (ខ៣៩) ជាមួយនឹងសេចក្តីជំនឿតិចរបស់ពួកសាសន៍យូដា ដែលពឹងផ្អែកយ៉ាងខ្លាំងលើការអស្ចារ្យ (ខ៤៨)។ លោកយ៉ូហានបានប្រាប់ដល់យើងទាំងអស់គ្នារួចមកហើយ ពីអ្វីដែលព្រះយេស៊ូវបានគិតអំពីសេចក្តីជំនឿយ៉ាងដូច្នេះ (២:២៣-២៥)។
រួចមក ទ្រង់យាងមកដល់ភូមិកាណា ក្នុងស្រុកកាលីឡេម្តងទៀត គឺនៅភូមិនោះហើយ ដែលទ្រង់ធ្វើទឹកឲ្យប្រែទៅជាស្រាទំពាំងបាយជូរ នោះមាននាម៉ឺនម្នាក់មានកូនឈឺ នៅឯកាពើណិម
៤:៤៦ “នាម៉ឺន” ជាអ្នកដែលធ្វើការថ្វាយស្តេចហេរ៉ូឌ អង់ទីផាស ដែលគ្រប់គ្រងលើស្រុកកាលីឡេ (ម៉ាថាយ ១៤:១-១២; លូកា ២៣:៧)។
កាលលោកបានឮថា ព្រះយេស៊ូវបានយាងពីស្រុកយូដា មកដល់ស្រុកកាលីឡេហើយ នោះលោកក៏ទៅសូមទ្រង់ ឲ្យយាងចុះទៅប្រោសកូនឲ្យជា ដ្បិតកូននោះជិតស្លាប់ហើយ
៤:៤៧ នាម៉ឺនម្នាក់នោះបានធ្វើដំណើរចំងាយ ៣២ គីឡូម៉ែត្រពីស្រុកកាពើណិមដល់ស្រុកកាណា ដោយព្រោះតែគាត់បានឮពីព្រះចេស្តានៃការប្រោសឲ្យបានជារបស់ព្រះយេស៊ូវ។ គាត់បានសូមឲ្យព្រះអង្គយាងទៅផ្ទះគាត់ដើម្បីប្រោសកូនគាត់ឲ្យបានជា។
ព្រះយេស៊ូវទ្រង់មានបន្ទូលទៅលោកថា បើអ្នករាល់គ្នាមិនឃើញទីសំគាល់ នឹងការអស្ចារ្យ នោះមិនព្រមជឿទេ
៤:៤៨ មនុស្សតែងតែប្រាថ្នាចង់ឃើញមុនពេលដែលគេទទួលជឿ។ ប៉ុន្តែព្រះយេស៊ូវបង្រៀនថា យើងគួរតែ ជឿជាមុន នោះយើងនឹងបានឃើញ។ បញ្ហារបស់ពួកអ្នកស្រុកកាលីឡេ គឺសេចក្តីជំនឿរបស់គេពឹងផ្អែកលើការដែលបានឃើញការអស្ចារ្យ ជាជាងទុកចិត្តលើព្រះបន្ទូលនៃព្រះ។
នាម៉ឺននោះទូលទ្រង់ថា លោកម្ចាស់ សូមអញ្ជើញចុះទៅជាប្រញាប់ ក្រែងកូនខ្ញុំស្លាប់ ព្រះយេស៊ូវមានបន្ទូលទៅលោកថា អញ្ជើញទៅចុះ កូនលោកនឹងរស់នៅទេ លោកក៏ជឿព្រះបន្ទូលនៃព្រះយេស៊ូវ ហើយចេញទៅ
៤:៤៩-៥០ ព្រះយេស៊ូវបានព្រមតាមការទូលសូមសម្រាប់ជំនួយរបស់នាម៉ឺននោះហើយបានប្រាប់គាត់ថា កូនគាត់នឹងបានរស់។ ការដែលត្រឡប់ទៅឯផ្ទះ នាម៉ឺននោះបានបង្ហាញយើងទាំងអស់គ្នាថា សេចក្តីជំនឿ មានន័យថាជឿ ហើយស្តាប់តាមព្រះបន្ទូលរបស់ព្រះយេស៊ូវ។
កំពុងដែលលោកចុះទៅ ស្រាប់តែពួកបាវលោកមកជំរាបថា កូនលោកជាហើយ ដូច្នេះ លោកក៏សួរគេ ពីពេលណាដែលកូនបានគ្រាន់បើ គេជំរាបថា បាត់គ្រុនពីម៉ោង១ម្សិលមិញ
៤:៦១-៥២ បាវបំរើទាំងនោះបានបញ្ជាក់ថាការប្រោសឲ្យជាបានកើតឡើងនៅម៉ោង ១ ថ្ងៃត្រង់ (“វេលាម៉ោងទី ៧”)។
ពេលបុរសម្នាក់នោះ អង្វរព្រះយេស៊ូវសម្រាប់កូនប្រុសគាត់ ព្រះយេស៊ូវប្រាប់គាត់ថា៖ "អញ្ជើញទៅចុះ កូនលោកនឹងរស់នៅទេ"។ បន្ទាប់មក បុរសនោះ ដោយមិនមានភស្ដុតាងអ្វី បានជឿព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយ ត្រឡប់ទៅផ្ទះវិញ។ ពេលគាត់ធ្វើដូចនេះ គាត់បានឃើញថា កូនប្រុសរបស់គាត់បានជា នៅកំឡុងពេលដែលព្រះយេស៊ូវមានបន្ទូលថា កូនលោកនឹងរស់នៅទេ។ ពេលព្រះយេស៊ូវមានបន្ទូលថា៖ "កូនលោកនឹងរស់នៅទេ" នោះមិនមែនជាការទស្សន៍ទាយទេ។ ផ្ទុយទៅវិញ ពេលនោះ ព្រះអង្គធ្វើឱ្យការប្រោសឲ្យជាកើតមានឡើង។ ព្រះអង្គមិនចាំបាច់ស្គាល់ឈ្មោះ ឬអាសយដ្ឋានកូនលោកទេ។ នេះពិតជាអស្ចារ្យណាស់! ព្រះយេស៊ូវបានបញ្ចេញព្រះចេស្ដានៃការព្យាបាលពី កាណា ទៅដល់ កាពើណិម (ចម្ងាយផ្លូវ ២៦ គីឡូម៉ែត្រ កន្លះ) ទៅកាន់មនុស្សម្នាក់ ដោយមិនចាំបាច់ព្រះអង្គយាង ទៅរកគាត់នោះឡើយ។
នោះឪពុកបានដឹងថា គឺជាពេលនោះឯង ដែលព្រះយេស៊ូវមានបន្ទូលថា កូនរស់នៅទេ ហើយលោកក៏ជឿ ព្រមទាំងពួកផ្ទះលោកទាំងអស់ដែរ
៤:៥៣ ការអច្ចារ្យរបស់ព្រះយេស៊ូវបង្កើតឲ្យមានសេចក្តីជំនឿនៅក្នុងនាម៉ឺននិងពួកផ្ទះរបស់លោក។ គាត់បានជឿជាមុន ប៉ុន្តែពេលនេះសេចក្តីជំនឿរបស់គាត់បានកើនឡើងដោយការដែលបានឃើញពី ព្រះចេស្តានៃព្រះដោយផ្ទាល់។ ចាប់ពីការនេះ គាត់រៀនបានថាវាមិនមែនជាការចាំបាច់ចំពោះការដែលព្រះយេស៊ូវ ត្រូវមានព្រះវត្តមានខាងរូបកាយ ដើម្បីនឹងឆ្លើយតបចំពោះការទូលអង្វរហើយនិងធ្វើ ការអស្ចារ្យនោះឡើយ។
ដូចជាអ្នកដែលជឿម្នាក់មិនត្រូវការទៅកន្លែងវិសេសណាមួយដើម្បីនឹងថ្វាយបង្គំព្រះនោះ (ខ២១) ព្រះយេស៊ូវមិនត្រូវការយាងទៅកន្លែងណាមួយដើម្បីប្រោសកូននាម៉ឺននោះឲ្យបានជាឡើយ។ គឺជាសេចក្តីជំនឿទៅវិញទេ មិនមែនជាទីកន្លែង ដែលសំខាន់នោះឡើយ។ ព្រះយេស៊ូវមានបន្ទូលមួយ ព្រះឳស្ធនៅស្រុកកាណា ហើយកូនរបស់នាម៉ឺននោះបានជានៅស្រុកកាពើណិម។ ការនេះគួរតែជាកា រលើកទឹកចិត្តដល់គ្រីស្ទានទាំងអស់ក្នុងការអធិស្ឋាន។ យើងមានព្រះដ៏មានឫទ្ធានុភាពមួយអង្គ ដែលទ្រង់ស្តាប់ ឮសេចក្តីសំណូមរបស់យើង ហើយព្រះអង្គអាចសម្រេចបំណងព្រះហឫទ័យព្រះអង្គ គ្រប់ទីកន្លែងនៅក្នុងពិភពលោកគ្រប់ពេលវេលាទាំងអស់។
នេះជាទីសំគាល់ទី២ដែលព្រះយេស៊ូវទ្រង់ធ្វើ ក្នុងកាលដែលទ្រង់យាងត្រឡប់ពីស្រុកយូដា មកក្នុងស្រុកកាលីឡេវិញ។
៤:៥៤ ការប្រោសឲ្យបានជានេះគឺជាទីសំគាល់ទីពីរនៅក្នុងដំណឹងល្អយ៉ូហាន។ គោលដៅនៃការអស្ចារ្យគឺដើម្បីបង្ហាញថាព្រះយេស៊ូវមានព្រះចេស្តានៅក្នុងការប្រទានជីវិត។ នេះជាអ្វីដែលព្រះអង្គនឹងបង្រៀននៅក្នុងជំពូកក្រោយ។




