top of page
Wooden Frame Window

ព្រះយេស៊ូវលេចមកឯសិស្សព្រះអង្គនៅកាលីឡេ

 

ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ​ទ្រង់​សំដែង​អង្គ​ទ្រង់ ឲ្យ​ពួក​សិស្ស​ឃើញ​ម្តង​ទៀត ត្រង់​សមុទ្រ​ទីបេរាស គឺ​ទ្រង់​សំដែង​មក​បែប​យ៉ាង​នេះ 

 

២១:១ លោកយ៉ូហានកត់ត្រាទីសំគាល់របស់ព្រះយេស៊ូវសំដែងដល់សិស្សរបស់ព្រះអង្គបន្ថែមទៀត។ ​

ពួកសិស្សបានវិលត្រឡប់មកកាលីឡេវិញដោយព្រោះតែព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកគេថាព្រះអង្គនឹងជួបពួកគេនៅទីនោះ (ម៉ាកុស ១៤:២៨,១៦:៧;ម៉ាថាយ ២៨:៧,២៨:១០)។  សមុទ្រទីបេរាស គឺជាឈ្មោះដែលរ៉ូម៉ាំងហៅ សមុទ្រកាលីឡេ។ ​

 

មាន​ស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែល​ហៅ​ថា ឌីឌីម ណាថា‌ណែល ដែល​នៅ​ភូមិ​កាណា ស្រុក​កាលី‌ឡេ កូន​សេបេដេ​ទាំង​២ នឹង​ពួក​សិស្ស​២​នាក់​ទៀត នៅ​ជា​មួយ​គ្នា នោះ​ស៊ីម៉ូន-ពេត្រុស​និយាយ​ទៅ​គេ​ថា ខ្ញុំ​ទៅ​នេសាទ​ត្រី គេ​ក៏​ឆ្លើយ​ថា យើង​ទៅ​ដែរ ស្រាប់​តែ​គេ​នាំ​គ្នា​ចេញ​ទៅ​ចុះ​ទូក តែ​យប់​នោះ​គេ​ចាប់​មិន​បាន​អ្វី​សោះ

 

២១:២-៣ គ្រាដែលពួកសិស្សរង់ចាំព្រះយេស៊ូវមកដល់នោះ លោកពេត្រុសសម្រេច​ចិត្តចេញទៅនេសាទត្រី ហើយក៏មានអ្នកផ្សេងទៀតទៅជាមួយគាត់ដែរ​។ ពេលយប់ជាពេលដែលគេគិតថាល្អបំផុតនៅក្នុងការនេសាទត្រី ប៉ុន្តែពួកគេចាប់មិនបានអ្វីសោះ។ ​ការនេសាទត្រីនេះនឹងជួយពួកគេឲ្យបានយល់ពីចំនុចដ៏សំខាន់មួយក្នុង ភាពជាសិស្សរបស់គ្រីស្ទានដែលថា ការដែលដាច់ចេញពីព្រះយេស៊ូវយើងមិនអាចធ្វើអ្វីបានឡើយ (១៥:៥)។ 

ដល់​ព្រលឹម​ឡើង ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​នៅ​ឆ្នេរ​សមុទ្រ តែ​ពួក​សិស្ស​មិន​ដឹង​ជា​ព្រះ‌យេស៊ូវ​ទេ

 

២១:៥ ពួកសិស្សមិនបានឃើញថាជាព្រះយេស៊ូវនោះឡើយ ប្រហែលដោយព្រោះតែពន្លឺស្រាងៗ ហើយនិង ចំងាយដែលនៅឆ្ងាយ (“មួយរយយ៉ាត” ខ៨) ពីឆ្នេរ ឬពួកគេត្រូវបានបង្ខាំងមិនឲ្យបានស្គាល់ព្រះអង្គទេ (លូកា ២៤:១៦)។ 

 

ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា កូន​រាល់​គ្នា​អើយ តើ​មាន​អ្វី​បរិភោគ​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា គ្មាន​ទេ រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា ចូរ​ទំលាក់​អួន​ទៅ​ខាង​ស្តាំ​ទូក នោះ​ទើប​បាន ដូច្នេះ គេ​ក៏​ទំលាក់​អួន​ទៅ តែ​ទាញ​មក​វិញ​មិន​រួច ព្រោះ​ជាប់​ត្រី​សន្ធឹក​ណាស់

 

២១:៥-៦ ព្រះយេស៊ូវបានធ្វើការអស្ចារ្យសារជាថ្មីនូវអ្វីដែលព្រះអង្គបានធ្វើកាលពីដំបូងដែលទ្រង់ចាប់ផ្តើមព័ន្ធកិច្ច ព្រះអង្គ (លូកា ៥)។ ​ការអស្ចារ្យបង្ហាញពីព្រះចេស្តារបស់ព្រះយេស៊ូវនៅក្នុងការជួយពួកគេឲ្យចាប់ត្រីបានចំពោះ អ្វីដែលពួកគេមិនអាចធ្វើដោយពឹងអាងលើសមត្ថភាពរបស់ខ្លួនគេ។ ។ ពួកគេត្រូវបានត្រាស់ហៅឲ្យបានធ្វើជា “អ្នកនេសាទមនុស្ស” (ម៉ាថាយ ៤:១៩) នឹងត្រូវបានសម្រេចដោយព្រោះតែសិទ្ធិអំណាចរបស់ព្រះអង្គ គ្រាដែលពួកគេស្តាប់តាមបង្គាប់របស់ព្រះអង្គ។ ​

នោះ​សិស្ស​១​ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ គាត់​និយាយ​នឹង​ពេត្រុស​ថា នេះ​គឺ​ជា​ព្រះ‌អម្ចាស់​ហើយ កាល​ស៊ីម៉ូន-ពេត្រុស​ បាន​ឮ​ថា​ជា​ព្រះ‌អម្ចាស់ នោះ​គាត់​ពាក់​អាវ​ក្រវាត់​ខ្លួន ព្រោះ​គាត់​នៅ​ខ្លួន​ទទេ ក៏​លោត​ចុះ​ទៅ​ក្នុង​ទឹក ពួក​សិស្ស​ឯ​ទៀត ​បាន​មក​ក្នុង​ទូក​តូច​ទាំង​ដឹក​អួន​ជាប់​បាន​ត្រី ដ្បិត​គេ​មិន‌សូវ​នៅ​ឆ្ងាយ​ពី​គោក​ទេ ប្រហែល​ជា​២០០​ហត្ថ​ប៉ុណ្ណោះ 

 

២១:៧-៨ លោកយ៉ូហានគឺជាមនុស្សទីមួយដែលស្គាល់ថាជាព្រះយេស៊ូវ លោកពេត្រុសជាអ្នកដែលធ្វើសកម្មភាព មុនគេ។ សេចក្តីរំភើបរបស់លោកពេត្រុសក្នុងការដែលបានឃើញព្រះយេស៊ូវច្បាស់ គ្រាដែលគាត់លោតចូលទៅក្នុង ទឹកដើម្បីឲ្យបានចូលទៅក្បែរព្រះអង្គឲ្យកាន់តែឆាប់រហ័សតាមដែលអាចធ្វើបាន។ 

កាល​បាន​ឡើង​ទៅ​លើ​គោក​វិញ នោះ​គេ​ឃើញ​រងើក​ភ្លើង ហើយ​មាន​ត្រី​អាំង​នៅ​ពី​លើ នឹង​នំបុ័ង​ដែរ 

 

២១:៩ ក្នុងនាមជាព្រះអម្ចាស់របស់គេដែលបានរស់ពីសុគតឡើងវិញ ព្រះយេស៊ូវនៅតែបម្រើសិស្សរបស់ព្រះអង្គ  (១៣:៤-១៦)។ ពួកគេមានការហត់នឿយបន្ទាប់ពីនេសាទត្រីអស់ពេញមួយយប់ហើយព្រះអង្គទើបតែបានរៀបចំ អាហារពេលព្រឹកសម្រាប់ពួកគេ។ ​

 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​យក​ត្រី​ខ្លះ ដែល​ទើប​នឹង​ចាប់​នោះ​មក ស៊ីម៉ូន-ពេត្រុស​ក៏​ឡើង​មក​ទាំង​ទាញ​អួន ដាក់​លើ​គោក បាន​ពេញ​ដោយ​ត្រី​ធំៗ​១៥៣ ហើយ​ទោះ​បើ​មាន​ត្រី​ច្រើន​ដល់​ម៉្លេះ គង់​តែ​អួន​មិន​បាន​ធ្លាយ​ដែរ 

 

២១:១០-១១ ចំនួនត្រីដ៏ច្រើនជាតំណាងឲ្យចំនួនមនុស្សច្រើន ដែលនឹងទទួលបានសេចក្តីសង្រ្គោះដោយសារ ការប្រកាសដំណឹងល្អ ជាមនុស្សដែលមកពីគ្រប់ជាតិសាសន៍ទាំងអស់។ ពួកសិស្សបានដឹងថានេះគឺជាការអស្ចារ្យ ដែលសំណាញ់ មិនបានដាច់ធ្លាយឡើយ (លូកា​៥:៦)។ ​ព្រះយេស៊ូវនឹងធានាថាសំណាញ់មិនត្រូវដាច់ធ្លាយ ហើយថា ត្រីទាំងអស់នៅ ត្រូវបានប្រមូលមកដោយសុវត្ថិភាព។ ​

 

ព្រះ‌យេស៊ូវ​ទ្រង់​ហៅ​គេ​មក​ថា ចូរ​មក​ពិសា​សិន ប៉ុន្តែ គ្មាន​សិស្ស​ណា​មួយ​ហ៊ាន​ទូល​សួរ​ទ្រង់​ថា តើ​អ្នក​ណា​នុ៎ះ ដោយ​គេ​ដឹង​ថា​ជា​ព្រះ‌អម្ចាស់​ហើយ

២១:១២ ព្រះកាយនៃការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវមិនដូចពីមុនដែលព្រះអង្គរស់ពីសុគតឡើងវិញឡើយ ប៉ុន្តែគេបានដឹងថានោះគឺជាព្រះយេស៊ូវ។ ​

ព្រះ‌យេស៊ូវ​ក៏​យាង​មក យក​នំបុ័ង នឹង​ត្រី ប្រទាន​ដល់​គេ នោះ​ជា​គំរប់​៣​ដង​ហើយ ដែល​ព្រះ‌យេស៊ូវ​សំដែង​មក ឲ្យ​ពួក​សិស្ស​ឃើញ ក្នុង​ពេល​ក្រោយ​ដែល​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ 

 

២១:១៣-១៤ នេះជាលើកទីបីដែលព្រះយេស៊ូវបានលេចមកឲ្យពួកសិស្សបានឃើញទ្រង់។ លោកយ៉ូហាន បានកត់ត្រាពីការលេចមកឯសិស្សព្រះអង្គឃើញចំនួនពីរដងនៅក្នុង ២០:១៩-២៣ និង ២០:២៦-២៩។ ព្រះយេស៊ូវបានក៏មានការលេចមកឯអ្នកផ្សេងទៀតបានឃើញផងដែរ ​(២០:១១-១៨; លូកា​​ ២៤:១៣-៣៥; ១ កូរិនថូស ១៥:៣-៥)។ 

 

ព្រះយេស៊ូវ និងលោកពេត្រុស​

កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​នឹង​ស៊ីម៉ូន-ពេត្រុស​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង

 

២១:១៥ លោកពេត្រុសបានលះបង់ចោលភាពជាសិស្សនៅពេលដែលគាត់បដិសេធព្រះយេស៊ូវចំនួនបីដង។ ​ប៉ុន្តែឥលូវនេះ ព្រះយេស៊ូវផ្តល់ឳកាសឲ្យគាត់ចំនួនបីដងនៅក្នុងការបញ្ជាក់ពីការប្តេជ្ញារបស់គាត់ចំពោះព្រះអង្គ។ ​

 

វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលលោកពេត្រុសមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះព្រះយេស៊ូវដើម្បីឲ្យ គាត់អាចធ្វើកិច្ចការដែលព្រះយេស៊ូវរៀបនឹងត្រាស់ហៅឲ្យគាត់ធ្វើ​។ ដូច្នេះហើយ ព្រះយេស៊ូវសួរលោកពេត្រុសថា តើគាត់ស្រឡាញ់ទ្រង់លើសជាងសិស្សផ្សេងទៀត ដែលស្រឡាញ់ព្រះអង្គដែរទេ។ ​នៅពេលដែលលោកពេត្រុស និយាយថា គាត់ស្រឡាញ់នោះ ព្រះអង្គមានមានបន្ទូលប្រាប់គាត់ភ្លាមថា “ចូរឲ្យចំណីកូនចៀមខ្ញុំស៊ីផង”។  ការនេសាទត្រីសំដៅលើកិច្ចការប្រកាសដំណឹងល្អ ឃ្វាលហ្វូងចៀមមានន័យថាដឹកនាំ ការពារ និងថែរក្សា សម្រាប់ប្រជារាស្រ្តរបស់ព្រះ។ ​

 

យោងតាមការសន្ទនានេះយើងអាចរៀនបានថាគ្រឹះនិងការជំរុញទឹកចិត្តសម្រាប់ភាពជាសិស្សនិងព័ន្ធកិច្ចរបស់គ្រីស្ទាននោះគឺជាសេចក្តីស្រឡាញ់ចំពោះព្រះយេស៊ូវ។ ​ប្រសិនបើយើងខ្វះចំនុចនេះ យើងមិនអាចដើរតាមព្រះអង្គ ឬបម្រើប្រជារាស្រ្តរបស់ព្រះអង្គបានឡើយ (១ កូរិនថូស ១៣:១-៣)។  នេះគឺជាចំនុចសំខាន់នៃសេចក្តីជំនឿគ្រីស្ទាន  តើអ្នកស្រឡាញ់ព្រះយេស៊ូវដែរទេ? 

ប្រសិនបើយើងពិតជាស្រឡាញ់អ្នកគង្វាលល្អមែននោះ យើងក៏នឹងស្រឡាញ់ដល់ចៀមរបស់ព្រះអង្គផងដែរ (១ យ៉ូហាន ៤:៧-២១)។ ផ្លូវមួយក្នុងការដែលយើងអាចបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះយេស៊ូវនោះគឺជា ការឲ្យចំណីដល់អ្នកដែលក្មេងជាង (កូនចៀម) ដែលនៅក្នុងហ្វូងចៀមរបស់ព្រះអង្គ។ ពាក្យថា “ឲ្យចំណី” មានជាមួយនូវគំនិតនៃការចិញ្ចឹមបីបាច់កូនចៀមដោយការបង្រៀនពួកគេពីព្រះបន្ទូលនៃព្រះ ​(ម៉ាថាយ ៤:៤; ២ ធីម៉ូថេ ៤:២) ដូចជាអ្នកគង្វាលដែលឲ្យចំណីកូនចៀមរបស់ព្រះអង្គដើម្បីជួយឲ្យគេបានរីកចំរើននិងរឹងមាំ។ ​

រួច​ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ម្តង​ទៀត​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ស្រឡាញ់​ខ្ញុំ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ចុះ 

 

២១:១៦ ព្រះយេស៊ូវសួរលោកពេត្រុសម្តងទៀតថា​តើគាត់ស្រឡាញ់ព្រះអង្គដែរទេ ហើយគាត់ឆ្លើយម្តងទៀតថា គាត់ពិតជាស្រឡាញ់ព្រះយេស៊ូវ។ ​ពេលនេះព្រះយេស៊ូវប្រាប់ដល់លោកពេត្រុសថា “ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំចុះ” ជាការដែលសំដៅលើការទទួលខុសត្រូវគ្រប់យ៉ាងចំពោះការដឹកនាំនិងថែរក្សាហ្វូងចៀម (១ ពេត្រុស ៥:១-៤)។ ដូច្នេះហើយ សេចក្តីស្រឡាញ់របស់លោកពេត្រុសចំពោះព្រះយេស៊ូវនឹង ត្រូវបានបង្ហាញពីការឃ្វាលដោយ យកចិត្តទុកដាក់ចំពោះពួកអ្នកជឿទាំងអស់។ ​

 

រួច​ទ្រង់​មាន​បន្ទូល​ជា​គំរប់​៣​ដង​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន​ឬ​អី ពេត្រុស​មាន​ចិត្ត​ព្រួយ ដោយ​ទ្រង់​មាន​បន្ទូល​ជា​គំរប់​៣​ដង​ថា តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​ឬ​អី​ដូច្នេះ បាន​ជា​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង

 

២១:១៧ នៅពេលដែលព្រះយេស៊ូវសួរជាលើកទីបី លោកពេត្រុសយល់ពីសារៈសំខាន់នៃសំនួរទាំងនេះ។ ​ព្រះយេស៊ូវសួរបីដងដោយព្រោះតែលោកពេត្រុសបានបដិសេធព្រះអង្គបីដងដែរ។ ​លោកពេត្រុសមានចិត្តព្រួយ ដោយព្រោះតែគាត់ត្រូវបានរំលឹកពីការបដិសេធបីដងរបស់គាត់។ ​ប៉ុន្តែពេលនេះគាត់មានការបន្ទាបខ្លួន ហើយបានយល់ច្បាស់ថាព្រះយេស៊ូវជ្រាបពីគាត់ជាជាងដែលគាត់បានស្គាល់ខ្លួនឯងទៅទៀត។ ​ព្រះយេស៊ូវជ្រាបពីកម្លាំងនិងសេចក្តីកំសោយចំពោះសេចក្តីស្រឡាញ់របស់លោកពេត្រុសចំពោះទ្រង់។ ​

 

ព្រះយេស៊ូវប្រទាននូវបង្គាប់ចំនួនបីដល់លោកពេត្រុស «ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង» «ចូរ​ឃ្វាល​ហ្វូង​ចៀម​ របស់​ខ្ញុំ​ចុះ» និង «ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង»។  ទាំងកូនចៀម និងចៀមដែលរឹងមាំចៀម ត្រូវការការឲ្យចំណី និងការដឹកនាំ ​ហើយថានេះកាតព្វកិច្ចនៃអ្នកគង្វាលខាងព្រលឹងវិញ្ញាណ។ ​នេះជាការទទួលខុសត្រូវដ៏ធំនៅក្នុង ការធ្វើជា អ្នកគង្វាលដល់ហ្វូងចៀមរបស់ព្រះ។  មានសត្រូវជាច្រើនដែលចង់បំផ្លាញហ្វូងចៀម ហើយអ្នកគង្វាល ត្រូវតែត្រៀមខ្លួនជាស្រេច និងក្លាហាននៅក្នុងការ ការពារហ្វូងចៀមនិងកូនចៀម (កិច្ចការ ២០:២៨-៣៥)។ ​តាមកំណើត ​ចៀមគឺជាសត្វដែលទន់ខ្សោយហើយពួកគេត្រូវការ ការពារនិងដឹកនាំពីអ្នកគង្វាលរបស់ពួកគេ។ ​

ព្រះយេស៊ូវគ្រីស្ទគឺជាអ្នកគង្វាលល្អ (យ៉ូហាន ១០:១១) ​ជាអ្នកគង្វាលដ៏អស្ចារ្យ​ (ហេព្រើរ ១៣:២០-២១) ​ហើយជាមេ​ពួក​អ្នក​គង្វាល (១ ពេត្រសុ ៥:៤)។ គ្រូគង្វាលក្រុមជំនុំគឺនៅក្រោមអំណាចរបស់ទ្រង់ ហើយត្រូវតែ ស្តាប់បង្គាប់ព្រះអង្គក្នុងពេលដែលគេបំរើដល់ហ្វូងចៀមព្រះអង្គ។ អ្វីដែលសំខាន់បំផុតគ្រូគង្វាលអាចធ្វើកិច្ចការនេះ ដោយការស្រឡាញ់ព្រះយេស៊ូវ។ ​ប្រសិនបើគាត់ស្រឡាញ់ព្រះយេស៊ូវ គាត់ក៏នឹងស្រឡាញ់ហ្វូងចៀមរបស់ព្រះអង្គ ហើយយកចិត្តទុកដាក់ចំពោះពួកគេផងដែរ។ ​ព្រះយេស៊ូវស្គាល់ ហើយស្រឡាញ់ចៀម របស់ព្រះអង្គនិមួយៗ ហើយព្រះអង្គសព្វព្រះទ័យឲ្យអ្នកគង្វាលក្រុមជំនុំស្រឡាញ់ពួកគេ ហើយថែរក្សាពួកគេឲ្យអស់ពីចិត្ត។

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​អ្នក​នៅ​ពី​ក្មេង​នៅ​ឡើយ នោះ​បាន​ក្រវាត់​ខ្លួន​ឯង ទាំង​ដើរ​ទៅ​មក​តាម​តែ​ចិត្ត តែ​កាល​ណា​ចាស់​ហើយ នោះ​អ្នក​នឹង​សន្ធឹង​ដៃ​ទៅ ហើយ​ម្នាក់​ទៀត​នឹង​ក្រវាត់​ឲ្យ​អ្នក​វិញ ទាំង​នាំ​អ្នក​ទៅ​ឯ​កន្លែង ដែល​អ្នក​មិន​ចង់​ទៅ​ផង

 

២១:១៨ ​ព្រះយេស៊ូវមានព្រះបន្ទូលពីអនាគតរបស់លោកពេត្រុស ​នៅពេលដែលគាត់លាតសន្ធឹងដៃរបស់គាត់។ ពាក្យនៅក្នុងភាសាក្រិចដែលបានប្រើគឺជាពាក្យដែលមានន័យថា ការឆ្កាង។ 

 

ទ្រង់​មាន​បន្ទូល​ដូច្នេះ ដើម្បី​នឹង​បង្ហាញ​ពី​បែប​យ៉ាង​ណា ដែល​គាត់​ត្រូវ​ស្លាប់ ប្រយោជន៍​ដើម្បី​នឹង​លើក​ដំកើង​ព្រះ កាល​ទ្រង់​មាន​បន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​ប្រាប់​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ

 

២១:១៩ ​នៅក្នុងឆ្នាំ ៦៧-៦៨ គ,ស លោកពេត្រុសត្រូវបានគេឆ្កាង។ ​ប៉ុន្តែការស្លាប់របស់លោកពេត្រុស មិនមែនគឺអនោចអធ័មទេ។ ​តែផ្ទុយទៅវិញ ការនោះត្រឡ​ប៉ ជាការថ្វាយសិរីល្អដល់ព្រះដោយព្រោះសេចក្តីជំនឿ របស់លោកពេត្រុស។ គាត់សុខចិត្តស្លាប់ជាជាងបដិសេធព្រះយេស៊ូវម្តងទៀត។

 

ព្រះបន្ទូលរបស់ព្រះយេស៊ូវ “ចូរមកតាមខ្ញុំចុះ!”  បាននាំឲ្យមានសេចក្តីអំណរដល់ចិត្តរបស់លោកពេត្រុស។ ​ភ្លាមនោះ លោកពេត្រុសចាប់ផ្តើមដើរតាមព្រះយេស៊ូវ ដូចដែលគាត់បានធ្វើកាលពីមុនពេលដែលគាត់បដិសេធបីដង។ ​

 

ប៉ុន្តែ ពេត្រុស​បែរ​ខ្លួន​ទៅ​ឃើញ​សិស្ស​១​នោះ ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ស្រឡាញ់ កំពុង​ដើរ​មក​តាម​ក្រោយ គឺ​ជា​អ្នក​ដែល​ផ្អែក​លើ​ព្រះ‌ឧរា​ទ្រង់ ក្នុង​កាល​ដែល​បរិភោគ នៅ​ពេល​យប់​នោះ ហើយ​បាន​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​នោះ ដែល​បញ្ជូន​ទ្រង់ 

 

២១:២០​ យ៉ាងណាម៉ិញ សម្រាប់ពេលវេលាដែលលោកពេត្រុសដកភ្នែករបស់គាត់ចេញពីព្រះយេស៊ូវ។  ជាកំហុសដែលគាត់បានធ្វើខុសពីរដងពីមុន។ ​ទីមួយគឺបន្ទាប់ពីគាត់បានចាប់បានត្រីយ៉ាងច្រើនលើកទីមួយ នៅពេលដែលលោកពេត្រុសងាកភ្នែកចេញពីព្រះយេស៊ូវហើយសម្លឹងមើលទៅខ្លួនគាត់។  គាត់បាននិយាយថា“ព្រះអម្ចាស់​អើយ សូម​ថយ​ចេញ​ពី​ទូលបង្គំ ដ្បិត​ទូលបង្គំ​ជា​មនុស្ស​មាន​បាប” ​(លូកា ៥:៨)។ លើកទីពីរជាពេលដែលគាត់ដើរជាមួយនឹងព្រះយេស៊ូវលើទឹកសមុទ្រ។ ​លោកពេត្រុសបានងាកភ្នែកចេញពីព្រះយេស៊ូវ សម្លឹងមើលទៅខ្យល់និងរលក  ហើយភ្លាមនោះគាត់ចាប់ផ្តើមលិច (ម៉ាថាយ ១៤:៣០)។ ការនេះគឺជាគ្រោះថ្នាក់ សម្រាប់គ្រីស្ទានម្នាក់នៅក្នុងការដែលឈប់សម្លឹងមើលទៅឯព្រះយេស៊ូវហើយខ្វល់ខ្វាយពីខ្លួនឯង ទុក្ខលំបាក ឬជាការប្រៀបប្រដូចជាមួយនឹងគ្រីស្ទានផ្សេងទៀត។ ​

 

កាល​ពេត្រុស​បាន​ឃើញ​គាត់ នោះ​ក៏​ទូល​សួរ​ដល់​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ 

 

២១:២១-២២ ​ហេតុអ្វីបានជាលោកពេត្រុសងាកភ្នែកចេញពីព្រះយេស៊ូវហើយសម្លឹងមើលទៅក្រោយវិញ?​ គាត់បានឮអ្នកណាម្នាក់ដើរពីក្រោយគាត់។ ជាលោកយ៉ូហាន ក៏ជាអ្នកដែលដើរតាមព្រះយេស៊ូវដែរ។ ​

លោកពេត្រុសបានសួរព្រះយេស៊ូវថា   “ព្រះអម្ចាស់អើយ តើអ្នកនោះនឹងបានដូចម្តេចទៅ?​”។ ​គាត់ចង់ដឹងថា នឹងមានអ្វីកើតឡើងចំពោះលោកយ៉ូហាន ប៉ុន្តែព្រះយេស៊ូវបានបញ្ជាក់យ៉ាងច្បាស់ថា លោកពេត្រុសមិនគួរ យកចិត្តទុកដាក់ចំពោះការប្រៀបធៀបជាមួយនឹងបងប្អូនរបស់គាត់នៅក្នុងព្រះគ្រីស្ទនោះឡើយ។ ផ្ទុយ​ទៅ​វិញ ពេត្រុស​គួរ​យកចិត្តទុកដាក់​ចំពោះការ​សម្រេច​នូវ​ផែនការ​របស់​ព្រះ​យេស៊ូ​សម្រាប់​ជីវិត​របស់​គាត់។ ដោយការដែល មានព្រះបន្ទូលថា “ចូរឲ្យអ្នកមកតាមខ្ញុំចុះ”  ​ព្រះយេស៊ូវទទូច​ឲ្យលោកពេត្រុសយកចិត្តទុកដាក់លើព្រះអង្គ តែប៉ុណ្ណោះ។ ​ការដែលបំរើព្រះយេស៊ូវត្រូវតែយកចិត្តទុកដាក់លើព្រះអង្គ ហើយមិនត្រូវឲ្យមានអ្វីមួយ មករំខានយើងពីការដែលបំរើព្រះអង្គនោះឡើយ។ ​

“សម្លឹងមើលទៅឯព្រះយេស៊ូវ” គួរតែជាគោលដៅនិងទម្លាប់របស់គ្រីស្ទានគ្រប់ៗគ្នា (ហេព្រើរ ១២:១-២)។  ការដែលត្រូវបានរំខានដោយខ្លួនយើងផ្ទាល់ ស្ថានភាពរបស់យើង ឬដោយគ្រីស្ទានផ្សេងទៀតនោះគឺជា ការដែលមិនស្តាប់តាមការត្រាស់ហៅរបស់ព្រះយេស៊ូវដែលថា “ចូរឲ្យអ្នកមកតាមខ្ញុំចុះ” ហើយប្រថុយការបាត់បង់ ការធ្វើតាមបំណងព្រះហឫទ័យនៃព្រះនៅក្នុងជីវិតរបស់យើងហើយ។ ព្រះ​មានផែនការ​ណ៍សម្រាប់អ្នក ហើយព្រះអង្គក៏មានផែនការណ៍សម្រាប់បងប្អូនប្រុសស្រីរបស់អ្នកដែលនៅក្នុងព្រះគ្រីស្ទផងដែរ។ ​របៀបដែលព្រះអង្គ ធ្វើការនៅក្នុងជីវិតរបស់ពួកគេនោះគឺតាមព្រះទ័យរបស់ព្រះអង្គ។​កាតព្វកិច្ចរបស់អ្នកគឺត្រូវឲ្យបានដើរតាមព្រះអង្គដូចជាអ្វីដែលព្រះអង្គដឹកនាំអ្នក (រ៉ូម ១៤:១-១៣)។ ​​

 

លោកពេត្រុសត្រូវបានហៅឲ្យឃ្វាលហ្វូងចៀមនៃព្រះ ហើយការដែលថ្វាយសិរីល្អដល់ព្រះនៅក្នុងការស្លាប់របស់គាត់ ។  ​លោកយ៉ូហានត្រូវបានហៅឲ្យបំរើព្រះដោយការដើរតាមព្រះយេស៊ូវតាមរយៈការដែលគាត់មានអាយុវែង ហើយ ធ្វើជាទីបន្ទាល់នៃការកត់ត្រាអំពីការទាំងអស់នេះសម្រាប់យើងទាំងអស់គ្នា។  ​ទោះបីជាលោកពេត្រុស និងលោកយ៉ូហាន បានបំរើព្រះតាមរបៀបខុសគ្នាក៏ដោយ ព្រះយេស៊ូវយកព្រះទ័យទុកដាក់ចំពោះការរួបរួមរបស់រាស្រ្ត ព្រះអង្គ (១៧:២០-២៣)  និងការរួមគ្នាតែមួយរបស់ហ្វូងចៀមព្រះអង្គ (១០:១៦)  ​ដូច្នេះហើយទ្រង់មិនសព្វព្រះទ័យ ឲ្យមានការទាស់ទែងគ្នារវាងពួកអ្នកបម្រើព្រះអង្គនោះឡើយ។  ​

 

ដូច្នេះ ពាក្យ​នោះ​ក៏​ឮ​ខ្ចរ‌ខ្ចាយ​ទួទៅ ក្នុង​ពួក​បង​ប្អូន​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ទេ ប៉ុន្តែ ព្រះ‌យេស៊ូវ​មិន​បាន​មាន​បន្ទូល​ថា គាត់​មិន​ស្លាប់​នោះ​ទេ គឺ​គ្រាន់​តែ​ថា បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក​វិញ​ប៉ុណ្ណោះ។  

 

២១:២៣ ​មនុស្សមួយចំនួនបានយល់ច្រឡំហើយបានគិតថាព្រះយេស៊ូវបានមានបន្ទូលថាលោកយ៉ូហាននឹង មិនត្រូវស្លាប់ឡើយ។  ប៉ុន្តែនោះមិនមែនជាអ្វីដែលព្រះយេស៊ូវបានមានបន្ទូលសោះឡើយ។  ​ដូច្នេះហើយ លោកយ៉ូហានបានបញ្ជាក់យ៉ាងច្បាស់ពីអ្វីដែលព្រះយេស៊ូវបានមានបន្ទូល។  ​

 

គឺ​សិស្ស​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទាំង​នេះ ព្រម​ទាំង​ចែង​រឿង​ទាំង​នេះ​ទុក​ផង យើង​រាល់​គ្នា​ដឹង​ថា សេចក្ដី​បន្ទាល់​របស់​គាត់ នោះ​ពិត​ហើយ

 

២១:២៤ លោកយ៉ូហានបញ្ជាក់ថាគាត់គឺជាសាក្សីពីគ្រប់ទាំងហេតុការណ៍ដែលគាត់បានកត់ត្រានៅក្នុងដំណឹងល្អ ហើយថាគាត់ពិតជាបានធ្វើបន្ទាល់ពីសេចក្តីពិតមែន។ ​

 

មាន​ការ​ជា​ច្រើន​ទៀត ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ​ដែរ ខ្ញុំ​ស្មាន​ថា បើ​នឹង​សរសេរ​ទុក ដោយ​លំដាប់​ត​មក នោះ​លោកីយ​ទាំង​មូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង។  អាម៉ែន។ :៚

 

២១:២៥ មានការជាច្រើននៅក្នុងការស្វែងយល់ពីព្រះយេស៊ូវលើសពីអ្វីដែលបានកត់ត្រាទៅទៀត។ ​ព្រះអង្គគឺជាព្រះអាទិករដែលបានបង្កើតគ្រប់យ៉ាងទាំងអស់ ជាព្រះបន្ទូលដែលបានត្រឡប់ជាសាច់ឈាម ជាព្រះរាជបុត្រាដែលស្តាប់តាមព្រះ ជាព្រះមែស្ស៊ីដែលបានរងទុក្ខ ជាព្រះអម្ចាស់ដែលបានរស់ពីសុគតឡើងវិញ។ ប៉ុន្តែ យ៉ូហាន​បាន​ប្រាប់​យើង​នូវ​អ្វី​ទាំងអស់​ដែល​យើង​ត្រូវ​ដឹង ដើម្បី​ចាប់ផ្តើម​ទំនាក់ទំនង​ជាមួយនឹងព្រះអង្គក្នុង​នាម​ជា​ព្រះអម្ចាស់​របស់​យើង។ នៅពេលដែលយើងបានសម្រេចការនេះ យើងនឹងបានជីវិតហើយភាពអស់កល្បជានិច្ចដើម្បីឲ្យបានស្គាល់ព្រះអង្គថែមឡើងរៀងរាបតទៅ។ 

នេះ​ជា​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ‌យេស៊ូវ​គ្រីស្ទ

ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង (យ៉ូហាន ១៧:៣)

bottom of page