top of page
Wooden Frame Window

ការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ

 

នៅ​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា នាង​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម កាល​កំពុង​នៅ​ងងឹត​នៅ​ឡើយ ក៏​ឃើញ​ថ្ម​បាន​យក​ចេញ​ពី​មាត់​ផ្នូរ​ហើយ

 

២០:១​ នៅពេលដែលម៉ារាទៅឯផ្នូរមុនថ្ងៃរះនៅព្រឹកថ្ងៃអាទិត្យនោះ  នាងបានឃើញថាថ្មដ៏ធំដែលបានបិទ នៅពីខាងមុខផ្នូរត្រូវបានរមៀលចេញរួចទៅហើយ។ ​

នោះ​នាង​រត់​ទៅ​ប្រាប់​ដល់​ស៊ីម៉ូន-ពេត្រុស នឹង​សិស្ស​១​នោះ​ដែល​ទ្រង់​ស្រឡាញ់​ថា គេ​បាន​យក​ព្រះ‌អម្ចាស់​ ចេញ​ពី​ផ្នូរ​ហើយ យើង​ខ្ញុំ​មិន​ដឹង​ជា​គេ​យក​ទៅ​ទុក​ឯ​ណា​ទេ

 

២០:២ ម៉ារាបានគិតថាព្រះសពរបស់ព្រះយេស៊ូវត្រូវបានគេយកចេញទៅបាត់ហើយ​។ ​ម៉ារា ពេត្រុស និងយ៉ូហានមិនបានរំពឹងសង្ឃឹមទុកថា ព្រះយេស៊ូវនឹងរស់ពីសុគតឡើងវិញនោះឡើយ  ទោះបីជាព្រះអង្គ បានមា​ន​បន្ទូលប្រាប់ពួកគេពីអ្វីដែលនឹងកើតមានឡើងរួចហើយក៏ដោយ។ ​

នោះ​ពេត្រុស នឹង​សិស្ស​១​នោះ ក៏​ចេញ​ទៅ​ឯ​ផ្នូរ អ្នក​ទាំង​២​រត់​ទៅ​ជា​មួយ​គ្នា តែ​សិស្ស​១​នោះ​រត់​លឿន​ជាង​ពេត្រុស បាន​ដល់​ផ្នូរ​មុន 

 

២០:៣ លោកពេត្រុសនិងលោកយ៉ូហានបានទៅឯផ្នូរដើម្បីមើលពីអ្វីដែលបានកើតឡើង។ ​

 

២០:៤ លោកយ៉ូហានចង់ឲ្យអ្នកដែលអានដំណឹងល្អដែលគាត់បានកត់ត្រាបានដឹងថា គាត់រត់លឿនជាង លោកពេត្រុស។ ​:-) 

រួច​គាត់​ឱន​ខ្លួន​ទៅ​មើល ឃើញ​មាន​តែ​សំពត់‌ស្នប​នៅ​ក្នុង​នោះ តែ​គាត់​មិន​បាន​ចូល​ទេ

២០:៥ ​លោកយ៉ូហានមិនបានចូលទៅក្នុងផ្នូរទេ ប្រហែលជាដោយព្រោះតែគាត់មានការគោរព ចំពោះអ្នកដែ​ល​បានស្លាប់ ឬដោយព្រោះតែគាត់នឹងត្រូវបានរាប់ជាស្មោកគ្រោក (ជនគណនា ១៩:១១)។

 

ឯ​ស៊ីម៉ូន-ពេត្រុស ដែល​មក​តាម​ក្រោយ គាត់​ក៏​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​សំពត់‌ស្នប​នៅ​ក្នុង​នោះ​ដែរ ហើយ​ឃើញ​កន្សែង​ដែល​គ្រប​ព្រះ‌សិរ​ទ្រង់ មិន​នៅ​ជា​មួយ​នឹង​សំពត់‌ស្នប​នោះ​ទេ គឺ​បាន​បត់​ដាក់​នៅ​ទី​កន្លែង​ដោយ​ខ្លួន​វិញ 

 

២០:៦-៧ ​លោកពេត្រុសប្រញាប់រត់ចូលទៅក្នុងផ្នូរហើយឃើញថាព្រះយេស៊ូវមិននៅទីនោះឡើយ។ ​យ៉ាងណាម៉ិញ  ​សំពត់គឺនៅទីនោះ។ ​ការនេះបង្ហាញថាគ្មានអ្នកណាបានយកព្រះសពព្រះអង្គនោះឡើយ។  ​ប្រសិ​ន​បើ​ពួកសាសន៍យូដា ឬពួករ៉ូម៉ាំងបានយកសពនោះ ពួកគេនឹងមិនស្រាយសំពតនោះឡើយ ដោយព្រោះតែពួកគេនឹងមិនចង់ប៉ះពាល់សាកសពនោះទេ ហើយការដែលលីសែងសពនោះ ងាយស្រួលជាង ហើយមានឃ្លិនប្រសើរជាង ប្រសិនបើនៅតែត្រូវបានរុំជាមួយនឹងគ្រឿងក្រអូប។ ​ការនេះក៏បង្ហាញថាគ្មានអ្នកណាម្នាក់បានលួចសាកសពដែរ។ ​ពួកចោរនឹងមិនចំណាយពេលនៅក្នុង ការស្រាយចំណងសាកសពនោះឡើយ ហើយទុកចោលសំពត់ និងគ្រឿងក្រអូបដែលមានតម្លៃថ្លៃ ព្រមទាំងបានបត់ទុកយ៉ាងស្អាតនោះដែរ។ ​

សិស្ស​មួយ​នោះ​ដែល​មក​ដល់​ផ្នូរ​មុន គាត់​ក៏​ចូល​ទៅ​ឃើញ​ដូច្នោះ​ដែរ រួច​គាត់​ជឿ ដ្បិត​គេ​មិន​ទាន់​យល់​បទ​គម្ពីរ​នៅ​ឡើយ ដែល​ថា ទ្រង់​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ 

 

២០:៨ ​​លោកពេត្រុសនិងលោកយ៉ូហាន​បានដឹងថាគ្មានអ្នកណាម្នាក់បានយកឬលួចសាកសពទៅ នោះឡើយ  ប៉ុន្តែគឺថារូបកាយចាកចេញពីក្រណាត់សំពត់ដោយមិនត្រូវការហែក ឬកាត់ចេញនោះឡើយ។ ​ពេលនេះ​ពួកគេជឿថាព្រះយេស៊ូវពិតជាបានរស់ពីសុគតឡើងវិញមែន។ ​

នៅពេលដែលឡាសារដើរចេញពីផ្នូរមក គាត់នៅរុំនឹងសំពត់រុំខ្មោចនៅឡើយ (១១:៤៤)  ប៉ុន្តែព្រះកាយរបស់ព្រះយេស៊ូវ ទោះទាំងខាងសាច់ឈាមក្តី ​ត្រូវបានដំកើងឡើង ហើយអាចចេញផុតពីសំពត់រុំខ្មោច (ខ១៩-២០; ភីលីព​ ៣:២០-២១)។  លោកឡាសារនឹងត្រូវស្លាប់ម្តងទៀតហើយថ្ងៃណាមួយគាត់នឹងត្រូវការសំពត់រុំខ្មោចនោះម្តងទៀត។ ​ប៉ុន្តែ ព្រះយេស៊ូវបានយកឈ្នះសេចក្តីស្លាប់ហើយនឹងមិនដែលសុគតម្តងទៀតនោះឡើយ។ ដូច្នេះហើយ ព្រះអង្គមិនត្រូវការសំពត់រុំសពរបស់ព្រះអង្គនោះឡើយ។ ​ហាលេលូយ៉ា! 

 

២០:៩ ​​មានបទគម្ពីរជាច្រើនដែលបានបើកសំដែងថាព្រះយេស៊ូវនឹងត្រូវបានរស់ពីសុគតឡើងវិញ (រួមទាំង ទំ​នុ​កដំកើង ១៦:១០; អេសាយ ៥៣:១០-១២; ហូសេ ៦:២; យ៉ូណាស ១:១៧)  ប៉ុន្តែ លោកពេត្រុសនិងលោកយ៉ូហានទើបតែបានយល់បន្ទាប់ពីពួកគាត់បានឃើញព្រះយេស៊ូវ​ដែល​មាន​ព្រះជន្ម ​រស់​ឡើង​វិញតែប៉ុណ្ណោះ។​

ព្រះយេស៊ូវលេចមកឲ្យម៉ារី អ្នកស្រុកម៉ាក់ដាឡាឃើញ

 

សិស្ស​ទាំង​២​ក៏​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​វិញ។  ឯ​ម៉ារា នាង​ឈរ​យំ​ពី​ខាង​ក្រៅ​ផ្នូរ ហើយ​កំពុង​ដែល​នាង​យំ នោះ​ក៏​ឱន​ខ្លួន​មើល​ទៅ​ក្នុង​ផ្នូរ 

 

​២០:១០-១១  បន្ទាប់ពីសិស្សទាំងពីរនាក់បានចាកចេញទៅ   ម៉ារា អ្នកស្រុកម៉ាក់ដាឡានៅ ឈរយំនៅឯផ្នូរ។ ​​​ការ “យំសោក” (κλαίουσα) ជាការទ្រហោរយំដោយសម្លេងឮៗ។ ​

 

ឃើញ​ទេវតា​២​រូប ស្លៀក‌ពាក់​ស អង្គុយ​១​ខាង​ក្បាល ១​ចុង​ជើង ត្រង់​កន្លែង​ដែល​បាន​ផ្តេក​ព្រះ‌សព ​ព្រះ‌យេស៊ូវ 

 

២០:១២ នៅពេលដែលម៉ារា សម្លឹងមើលទៅក្នុងផ្នូរហើយបានឃើញទេវតា២រូប។ នាងមិនមានការភ័យខ្លាចឬភ្ញាក់ផ្អើលនោះឡើយ។ នាងយកចិត្តទុកដាក់តែចំពោះព្រះកាយ របស់ព្រះយេស៊ូវតែប៉ុណ្ណោះ។ ​

ទេវតា​នោះ​សួរ​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ នាង​ឆ្លើយ​ថា ពី​ព្រោះ​គេ​បាន​យក​ព្រះ‌អម្ចាស់​ខ្ញុំ​ទៅ​បាត់ ហើយ​ខ្ញុំ​មិន​ដឹង​ជា​គេ​ទុក​ទ្រង់​នៅ​ឯ​ណា​ទេ

 

២០:១៣ នាងបានគិតថា ព្រះយេស៊ូវបានសុគតហើយ ហើយចង់ដឹងថា តើព្រះសពរបស់ព្រះអង្គនៅកន្លែងណា។ ​​

នាង​និយាយ​ដូច្នោះ រួច​បែរ​ខ្លួន​ទៅ​ក្រោយ ឃើញ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ តែ​មិន​ដឹង​ជា​ព្រះ‌យេស៊ូវ​ទេ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ នាង​រក​អ្នក​ណា ឯ​នាង ក៏​ស្មាន​ថា​ជា​អ្នក​ថែ​ច្បារ ទើប​និយាយ​ទៅ​ថា លោក​នាយ​អើយ បើ​លោក​បាន​យក​ព្រះ‌សព​ចេញ​ទៅ​ឯ​ណា នោះ​សូម​ប្រាប់​ខ្ញុំ ឲ្យ​ដឹង​កន្លែង​ដែល​បាន​ទុក​ផង ខ្ញុំ​នឹង​ទៅ​នាំ​យក​ទៅ

 

២០:១៤-១៥ ម៉ារាបានបែរទៅក្រោយនៅពេលដែលនាងបានឮអ្នកណាម្នាក់និយាយនៅពី ខាងក្រោយនាង  ប៉ុន្តែនាងមិនបានសម្លឹងមើលឲ្យច្បាស់ចំពោះព្រះអង្គទេ ដោយព្រោះតែ នាងផ្តោតសំខាន់តែចំពោះការដែលរកឲ្យបានឃើញព្រះសពរបស់ព្រះយេស៊ូវថានៅកន្លែងណាតែប៉ុណ្ណោះ។

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ម៉ារា​អើយ នោះ​នាង​បែរ​ខ្លួន​ទៅ​ទូល​ទ្រង់ ជា​ភាសា​ហេព្រើរ​ថា រ៉ាបូនី ដែល​ស្រាយ​ថា លោក​គ្រូ​អើយ

 

២០:១៦ នៅពេលដែលព្រះយេស៊ូវ ហៅឈ្មោះនាង  ​នាងបានស្គាល់សម្លេងព្រះអង្គ ដោយព្រោះតែនាងគឺជាចៀមមួយរបស់ព្រះអង្គ (១០:៣-៤)។ មានឈ្មោះបីដែលពួកសាសន៍យូដាប្រើ នៅក្នុងការហៅគ្រូរបស់ពួកគេ: រ៉ាប់​ មានន័យថា “លោកគ្រូ”​។ រ៉ាប់បាយ ​មានន័យថា “លោកគ្រូខ្ញុំ” ហើយនឹងឈ្មោះដ៏វិសេសបំផុត។ រ៉ាប់បូនី‚ មានន័យថា “លោកគ្រូខ្ញុំដ៏អស្ចារ្យ”។ ម៉ារា​ហៅព្រះយេស៊ូវថា “រ៉ាប់បូនី”។

 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា កុំ​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ​នៅ​ឡើយ ចូរ​នាង​ទៅ​ឯ​ពួក​បង​ប្អូន​ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ ជា​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ

 

២០:១៧ ពេលនេះនាងបានរកឃើញព្រះអម្ចាស់របស់នាងហើយ  ម៉ារាឃាត់ព្រះបាទាព្រះអង្គទុក ហើយមិនចង់ឲ្យលែងព្រះអង្គឡើយ។ ​យ៉ាងណាម៉ិញ ​ព្រះយេស៊ូវជា្របថាព្រះអង្គនឹងគង់នៅលើផែនដី រយៈពេលសែសិបថ្ងៃមុនពេលដែលព្រះអង្គយាងត្រឡប់ទៅស្ថានសួគ៌វិញ (លូកា ២៤:៥១; កិច្ចការ ១:៩-១១)  ដូច្នេះហើយព្រះអង្គមានបន្ទូលទៅម៉ារាថានាងមិនចាំបាច់ឃាត់ព្រះអង្គទុកនោះឡើយ ដោយព្រោះតែព្រះអង្គនឹងមិនទាន់បានទៅនៅឡើយទេ។

ព្រះយេស៊ូវបានប្រទាននូវសេចក្តីប្រកាសដល់សិស្សរបស់ព្រះអង្គទៅកាន់ម៉ារា។ ​ព្រះអង្គបានសម្រេចកិច្ចការ របស់ព្រះអង្គរួចហើយ (១៩:៣០) ហើយពេលនេះព្រះអង្គអាចវិលត្រឡប់ទៅឯព្រះវរបិតាបានហើយ។  ​មុននេះ ព្រះអង្គបានហៅសិស្សរបស់ព្រះអង្គថា “អ្នកបម្រើ”  និង “មិត្តសម្លាញ់” ​(១៥:១៥) ​ ប៉ុន្តែពេលនេះព្រះអង្គហៅពួកគេថា “បងប្អូនខ្ញុំ”។  ដោយតែព្រោះកិច្ចការរបស់ព្រះអង្គនៅលើឈើឆ្កាង ​ទំនាក់ទំនងថ្មីមួយត្រូវបានសម្រេច។ ​ពួកអ្នកជឿទាំងអស់ពេលនេះគឺជាកូនព្រះ  ដូច្នេះហើយ គឺជាបងប្អូនប្រុសស្រីរបស់ព្រះយេស៊ូវ (រ៉ូម ៨:១៤-១៧; កាឡាទី  ៣:២៦, ២៧; អេភេសូ ១:៥; ហេព្រើរ ២:១០-១៣)។ 

ព្រះយេស៊ូវមានបន្ទូលប្រាប់ម៉ារាថា ព្រះវរបិតាព្រះអង្គពេលនេះបានត្រលប់ជាព្រះវរបិតារបស់នាង ព្រះរបស់ព្រះអង្គពេលនេះជាព្រះរបស់នាង! ម៉ារាហើយនឹងសិស្សទាំងអស់បានប្រែក្លាយជា សមាជិកនៃគ្រួសារនៃព្រះដោយការទទួលព្រះយេស៊ូវ (១:១២)។ យើងទាំងអស់គ្នាក៏ដូចគ្នាដែរ  ប្រសិនបើយើងនៅក្នុងព្រះគ្រីស្ទ យើងក៏មានអភ័យឯកសិទ្ធនេះដែរ។ ​ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះតាំងតែពីដើមមក យើងទាំងអស់គ្នាគឺជាកូននៃព្រះគឺជាកូនចិញ្ចឹម។ ​វាគឺជាទំនាក់ទំនងដែលចាប់ផ្តើមឡើងត្រង់ការដែលយើងបានធ្វើការផ្លាស់ប្រែពេលដែលយើងបានកើតជាថ្មីហើយនឹងមិនត្រូវបញ្ចប់ឡើយ។ ​

តើដែលថា ព្រះជាម្ចាស់ ជាឪពុករបស់យើងនោះ មានអត្ថន័យដូចម្ដេច?

ទី១ វាមានន័យថា ព្រះអង្គតែង​យក ​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា (១ ពេត្រុស ៥:៧) ហើយ​កំសាន្ត​ចិត្ត​យើង ​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា (២ កូរិនថូស ១:៣-៤)។ ព្រះជាម្ចាស់ ជាឪពុកដ៏ល្អ ដែលខ្វល់ខ្វាយពីកូនរបស់ព្រះអង្គ។ ពេលយើងមានការថប់បារម្ភ ព្រះអង្គ នឹងជួយយើង។ "ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា" ព្រះអង្គកំសាន្តចិត្តយើង។ ការដែលមានព្រះជាឪពុករបស់ យើង បានន័យថា យើងនឹងមិនឆ្លងកាត់ការលំបាកតែម្នាក់ឯងនោះទេ។ ព្រះអង្គតែងតែគង់នៅជាមួយយើង ហើយ ទ្រង់ជាព្រះសម្រាប់យើងដែរ។ នៅក្នុងព្រះគម្ពីរបានប្រាប់យើងថា  ព្រះ​ទ្រង់​ជា​ទី​ពឹង ​ជ្រកក៏​ជា​កំឡាំង​ នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន (ទំនុកតម្កើង ៤៦:១)។ ព្រះអង្គ គឺជា "អ្នកគង្វាល" (មានន័យថា ព្រះអង្គការពារ និងដឹកនាំយើង (ទំនុកតម្កើង ២៣) ហើយជា "អ្នកលើកក្បាល យើងឡើង" (មានន័យថា ព្រះអង្គលើកទឹកចិត្តយើង នៅពេលយើងមានអារម្មណ៍បាក់ទឹកចិត្ត (ទំនុកតម្កើង ៣:៣)។

 

ទី២ វាមានន័យថា ព្រះអង្គផ្គត់ផ្គង់យើង។ ព្រះយេស៊ូមានព្រះបន្ទូលថា សូម្បីតែ ឪពុកជាមនុស្ស នៅដឹងអំពីរបៀបឱ្យកាដូដ៏ល្អទៅកាន់កូនខ្លួនឯង ចុះទម្រាំព្រះជាម្ចាស់ ជាព្រះដ៏ឥតខ្ចោះ ទៀតនោះ ទ្រង់ប្រាកដជាឱ្យអ្វីល្អ ដែលយើងត្រូវការមិនខាន (ម៉ាថាយ ៧:៩-១១)។

 

ព្រះអង្គជាឪពុកដ៏សប្បុរស។ ទ្រង់ប្រទានឱ្យយើងនូវអ្វីដែលល្អ។ គ្រប់​ទាំង​របស់​ដ៏​ល្អ  និងឥតខ្ចោះ ទាំងអស់ សុទ្ធតែមកពីទ្រង់ (យ៉ាកុប ១:១៧)។ ព្រះអង្គស្មោះត្រង់ និងមិនប្រែប្រួលនោះឡើយ។ ព្រះអង្គបានប្រទានពរ យើង និងបន្តប្រទានពរយើងរហូតតទៅ។

 

ទី៣ វាមានន័យថា ព្រះអង្គប្រៀនប្រដៅយើង (សុភាសិត ៣:១១-១២)។ ព្រះអង្គចង់ឱ្យកូនរបស់ទ្រង់មានចរិតលក្ខណៈល្អ ដូចឪពុកល្អគ្រប់រូបចង់ដែរ។ ដូច្នេះ ព្រះអង្គប្រៀន ប្រដៅយើង។ សេចក្ដីប្រៀនប្រដៅរបស់ព្រះអង្គ មិនដែលធ្ងន់ធ្ងរ ឬសាហាវពេកនោះទេ គឺវាតែងតែ ដើម្បីការល្អសម្រាប់យើង។ នេះហើយជា សញ្ញាបញ្ជាក់អំពី សេចក្ដីស្រឡាញ់របស់ទ្រង់សម្រាប់យើង។

 

ទី៤ វាមានន័យថា ព្រះអង្គស្រឡាញ់យើង (១ យ៉ូហាន ៣:១)។ ព្រះអង្គស្រឡាញ់កូនរបស់ទ្រង់។ យើងមិនចាំបាច់ព្យាយាមប្រឹងប្រែងធ្វើអ្វីមួយ ដើម្បីទទួលបានក្ដី ស្រឡាញ់របស់ទ្រង់នោះទេ ព្រោះព្រះអង្គបានប្រគល់វាមកកាន់យើងរួចមកហើយ។ ទ្រង់ជ្រើសរើស ស្រឡាញ់យើង នាំយើងចូលទៅក្នុងគ្រួសាររបស់ទ្រង់ហើយ។ ឥឡូវនេះ គ្មានអ្វីដែលអាចបំបែក យើងពីសេចក្ដីស្រឡាញ់របស់ទ្រង់នោះឡើយ (រ៉ូម 8:38-39)។  ព្រះគម្ពីរប្រាប់យើងថា សេចក្ដីស្រឡាញ់របស់ព្រះអង្គស្មោះត្រង់ នៅស្ថិតស្ថេរអស់កល្ប អស្ចារ្យ ឥតខ្ចោះ និងខ្ជាប់ខ្ជួន។ ព្រះជាម្ចាស់ស្រឡាញ់កូនព្រះអង្គ ហើយនឹងបន្តស្រឡាញ់រហូតតទៅ។

ទី៥ វាមានន័យថា ព្រះអង្គមានផ្ទះមួយសម្រាប់យើង។ ព្រះយេស៊ូមានព្រះបន្ទូល ៖ កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ ព្រោះ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ទ្រង់​សព្វ​ព្រះហឫទ័យ នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត។ (លូកា ១២:៣២)

ឪពុករបស់យើងមានផ្ទះដ៏ធំមួយសម្រាប់យើងនៅស្ថានសួគ៌ (យ៉ូហាន ១៤:២-៣)។ ហើយនគរ​ (ជាអាណាចក្រ) ដែរ។ យើងនឹងរស់នៅជាមួយ ព្រះអង្គជារៀងរហូត។

 

សរុបសេចក្ដីមក ព្រះជាម្ចាស់គឺជា ឪពុកដ៏ល្អ។ ព្រះអង្គខ្វល់ខ្វាយពីកូនទ្រង់ ផ្គត់ផ្គង់ដល់យើង ប្រទានឱ្យយើងនូវអ្វីដែលល្អ ប្រៀនប្រដៅយើង ស្រឡាញ់យើង និងផ្ដល់ផ្ទះដ៏ល្អសម្រាប់យើង ជារៀងរហូត។

 

នោះ​ម៉ារា-ម៉ាក់‌ដាឡា ក៏​នាំ​ដំណឹង​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ថា នាង​បាន​ឃើញ​ព្រះ‌អម្ចាស់ ហើយ​ទ្រង់​បាន​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​មក​នាង។ 

 

២០:១៨ ដោយព្រោះតែបង្គាប់របស់ព្រះយេស៊ូវ  ម៉ារា អ្នកស្រុកម៉ាក់ដាឡា បានក្លាយជាអ្នកផ្សាយដំណឹងល្អដំបូងគេ នៅពេលដែលនាងប្រកាសដំណឹងល្អរបស់ព្រះយេស៊ូវទៅកាន់ ពួកសិស្ស។  ព្រះយេស៊ូវបានជ្រើសរើសស្រ្តីម្នាក់ឲ្យបានធ្វើជាសាក្សីទីមួយ ពីការរស់ពីសុគតឡើងវិញ របស់ព្រះអង្គ។ ​តាមច្បាប់របស់សាសន៍យូដាគឺមិនទទួលស្គាល់សក្ខីភាពពីទី បន្ទាល់របស់ស្រ្តីនោះឡើយ  ប៉ុន្តែព្រះយេស៊ូវបានលេចមកម៉ារាជាមុនដំបូងហើយបានចាត់នាងឲ្យទៅ ធ្វើបន្ទាល់ពីការរស់ឡើងវិញ របស់ព្រះអង្គ។ ជាការមួយដែលសមស្របដែលព្រះអង្គធ្វើការនេះដោយព្រោះតែ ការប្តេជ្ញារបស់ព្រះនាង ចំពោះការដែលទៅផ្នូរនៅព្រឹកនោះមុនសិស្សផ្សេងៗទៀត។ 

 

ព្រះយេស៊ូវលេចឯសិស្សព្រះអង្គ

នៅ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ​នោះ​ឯង លុះ​ព្រលប់​ហើយ កាល​ទ្វារ​ទាំង​អស់ នៅ​កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា បាន​បិទ ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស មាន​បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ

 

២០:១៩ ​ពេលនោះជាល្ងាចថ្ងៃអាទិត្យ។ ​ពួកសិស្សប្រជុំគ្នានៅក្នុងបន្ទប់មួយនៅក្នុងក្រុងយេរូសាឡិម។ ទ្វារទាំង​អស់ត្រូវបានបិទ។ ភ្លាមនោះព្រះយេស៊ូវឈរនៅកណ្តាលពួកគេ។ ​ការនោះជាការអស្ចារ្យ។ ​

 

កាល​ទ្រង់​មាន​បន្ទូល​ដូច្នោះ​ហើយ នោះ​ក៏​បង្ហាញ​ព្រះ‌ហស្ត នឹង​ចំហៀង​ទ្រង់​ឲ្យ​គេ​មើល ដូច្នេះ​ពួក​សិស្ស​មាន​ចិត្ត​ត្រេក‌អរ ដោយ​បាន​ឃើញ​ព្រះ‌អម្ចាស់

 

២០:២០ ​ព្រះយេស៊ូវបានផ្លាស់ប្រែទុក្ខសោករបស់ពួកគេទៅជាអំណរ ដូចដែលព្រះអង្គបានសន្យា (១៤:១៨, ១៦:២០-២២)។  ព្រះយេស៊ូវបានបង្ហាញព្រះហស្តហើយនឹងចំហៀងព្រះអង្គត្រង់កន្លែង ដែលគេបានចាក់ទម្លុះដល់ពួកគេហើយគេបានដឹងថាពិតជាព្រះអង្គមែន។ ​

 

សូមកត់សម្គាល់ថា រូបកាយដែលបានរស់ពីសុគតឡើងវិញរបស់ព្រះអង្គអាចមើលឃើញហើយពាល់បាន (យ៉ូហាន ២០:២៧; ​លូកា​ ២៤:៣៩)  មានស្នាមរបួសនៃការឆ្កាងនៅលើព្រះហស្ត និងព្រះបាទាព្រមទាំងនៅចំហៀងព្រះអង្គ (ខ២០,​២៥, ២៧)  ហើយព្រះអង្គអាចសោយអាហារ (២១:៩; លូកា ២៤:៤១-៤៣)។  ​យ៉ាងណាម៉ិញ  រូបកាយនៃការរស់ពីសុគតឡើងវិញរបស់ព្រះអង្គទម្លុះសំពត់រុំ (ខ៦-៨)  អាចយាងទម្លុះទ្វារដែលបិទជាប់បាន (ខ១៩, ២៦)  ហើយពេលខ្លះក៏មិនត្រូវបាន គេស្គាល់ភ្លាមៗដែរ។  ​ការពន្យល់ពីការនេះអាចរកឃើញនៅក្នុង ១ កូរិនថូស ១៥:៣៥-៤៩។ ​​ បន្ទាប់ពីការរស់ពីសុគតឡើងវិញរបស់ព្រះអង្គ ព្រះយេស៊ូវមានព្រះកាយខាងព្រ​លឹ​ងវិ​ញ្ញាណ ដែលមិនអាចបំផ្លាញបានដែលត្រូវបានប្រោសឲ្យរស់ឡើងវិញនៅក្នុងសិរីល្អនិងព្រះចេស្តា។ ​ 

 

រួច​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះវរ‌បិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ

 

២០:២១ “សូមឲ្យអ្នករាល់គ្នាប្រកបដោយសេចក្តីសុខសាន្ត” ជាពាក្យជំរាបសួរទូរទៅនៅក្នុងភាសាហេប្រឺ  ប៉ុន្តែឥលូវនេះពាក្យនេះមានអត្ថន័យថ្មីដោយព្រោះតែព្រះយេស៊ូវបានបង្កើតឲ្យមានសេចក្តីសុខសាន្តរវាងពួកអ្នកជឿហើយនឹងព្រះជាម្ចាស់  (រ៉ូម ៥:១)។ 

មានចំនួនច្រើនជាងសែសិបដងនៅក្នុងដំណឹងល្អយ៉ូហាន ដែលបានប្រាប់ថាព្រះយេស៊ូវត្រូវបានចាត់មក ដោយព្រះជាម្ចាស់ ហើយពេលនេះព្រះយេស៊ូវចាត់សិស្សរបស់ព្រះអង្គឲ្យចេញទៅ។ ​ការនេះបង្ហាញថា បេសកកម្មជាចំនុចសំខាន់នៃការដែលធ្វើជាសិស្ស។ ​ដូចជាបំណងព្រះហឫទ័យនៃព្រះរាជបុត្រា នៅក្នុងលោកីយនេះដើម្បីធ្វើជាតំណាងព្រះវរបិតាដែលបានចាត់ព្រះអង្គឲ្យមក ពេលនេះពួកអ្នកជឿទាំងអស់ គួរតែចាត់ទុក គោលបំណងរបស់យើងនៅក្នុងលោកីយជាការចេញទៅតំណាងព្រះយេស៊ូវ ដែលចាត់ឲ្យយើងទៅ។ ​

ការស្តាប់បង្គាប់ដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវហើយនិងការពឹងអាងលើព្រះវរបិតាព្រះអង្គ (៤:៣៤, ៨:២៩, ១៤:៣១, ១៥:១០) គឺជាគំរូសម្រាប់សិស្សរបស់ព្រះអង្គ។  ​ព្រះអង្គបានយាងចូលមកក្នុងលោកីយនេះ ដើម្បីសម្រេចតាមបំណងព្រះហឫទ័យព្រះវរបិតាព្រះអង្គ-ដើម្បីប្រកាសព្រះបន្ទូលព្រះអង្គ  ដើម្បីធ្វើកិច្ចការ ព្រះអង្គ ហើយដើម្បីនឹងដាក់ព្រះជន្មព្រះអង្គសម្រាប់សេចក្តីសង្រ្គោះដល់យើងទាំងអស់គ្នា។ ​ ពេលនេះ  ព្រះយេស៊ូវសព្វព្រះទ័យឲ្យសិស្សរបស់ព្រះអង្គបន្តកិច្ចការរបស់ព្រះអង្គ ដោយការប្រកាសពីដំណឹងរបស់ ព្រះអង្គ (​១៥:២៧)   ធ្វើកិច្ចការដែលប្រសើរជាងអ្វីដែលព្រះអង្គបានធ្វើ (១៤:១២)  ហើយលះបង់ជីវិតរបស់ពួកគេដើម្បីឲ្យបានបម្រើព្រះអង្គ។  ពួកគេនឹងមានអភ័យឯកសិទ្ធ  ការការពារុះ និងការទទួលខុសត្រូវដែលព្រះអង្គមាននៅក្នុងការបំពេញព័ន្ធកិច្ចរបស់ព្រះអង្គ។ 

សូមកត់សម្គាល់ថា ពួកសាវ័កត្រូវបានចាត់ឲ្យចេញទៅបន្តធ្វើកិច្ចការរបស់ព្រះអង្គ  ហើយមិនមែនឲ្យទៅបង្កើតអ្វីដែ​ល​ថ្មីនោះឡើយ។  ​បទគម្ពីរកិច្ចការ បង្ហាញពីការដែលបេសកកម្មរបស់ ព្រះអង្គត្រូវបានបន្ត ហើយមាន​ប្រសិទ្ធភាពនៅក្នុងការបំពេញព័ន្ធកិច្ចរបស់ពួកគេ (១៤:១២-១៤)។ ​

ទ្រង់​មាន​បន្ទូល​ដូច្នោះ រួច​ក៏​ផ្លុំ​លើ​គេ​ទាំង​មាន​បន្ទូល​ថា ចូរ​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ

 

២០:២២ នៅពេលដែលព្រះវរបិតាដ៏ជាព្រះចាត់ព្រះរាជបុត្រាព្រះអង្គមកក្នុងលោកីយនេះ   ព្រះអង្គបានប្រទានព្រះចេស្តាដល់ទ្រង់ដោយព្រះវិញ្ញាណបរិសុទ្ធ (១:៣២-៣៤; កិច្ចការ ១០:៣៧-៣៨)។ ពេលនេះ  ព្រះយេស៊ូវប្រទានព្រះវិញ្ញាណបរិសុទ្ធដល់អស់អ្នកដែលព្រះអង្គចាត់ឲ្យទៅ។ ​ការនេះសម្រេចតាមព្រះបន្ទូល ដែលបានប្រទានឲ្យនៅក្នុងពិធីបុណ្យបារាំ ​ដែលព្រះយេស៊ូវប្រទានទឹករស់ដែលជាការសំដៅលើ ព្រះវិញ្ញាណបរិសុទ្ធ ដែលមិនអាចប្រទានឲ្យបានឡើយរហូតទាល់តែព្រះយេស៊ូវទទួលបានការដំកើងឡើង ​(៧:៣៩)។ 

ឥលូវ កំណត់នៃ​ការដំកើងឡើងក្នុងសិរីរុងរឿងបានមកដល់ហើយ (១៧:១)។ ​ ​ព្រះយេស៊ូវរៀបនឹងយាងទៅ  ហើយព្រះអង្គដាក់​ព្រះវិញ្ញាណដែល​គង់​នៅ​ក្នុង​ព្រះអង្គនៅក្នុងជីវិតរបស់ពួកគេ។  ព្រះវិញ្ញាណបានគង់នៅ ជាមួយ ពួកគេនៅក្នុងរូបអង្គនៃព្រះគ្រីស្ទ  ប៉ុន្តែបន្តិចទៀតព្រះវិញ្ញាណបរិសុទ្ធនឹងបានគង់នៅក្នុងពួកគេវិញ (១៤:១៧)។  ខ្យល់ដង្ហើមរបស់ព្រះយេស៊ូវគឺជាការបង្ហាញពួកគេថាព្រះវិញ្ញាណរបស់ព្រះអង្គផ្ទាល់ នឹងត្រូវបានប្រទានដល់ពួកគេ។   ​នៅក្នុងភា​សា​ហេប្រឺ និងភាសាក្រិច  ពាក្យដែលប្រើសម្រាប់ “ខ្យល់ដង្ហើម” ក៏មានន័យថា “វិញ្ញាណ” ផងដែរ។  ខ្យល់ដង្ហើមរបស់ព្រះនៅក្នុងការបង្ករបង្កើត ដំបូងបំផុតបានធ្វើឲ្យមានជីវិតរស់ឡើង (លោកុប្បត្តិ ២:៧) ​ ហើយព្រះវិញ្ញាណរបស់ព្រះយេស៊ូវគ្រីស្ទនៅ ក្នុងការបង្កើតជាថ្មីធ្វើឲ្យមានជីវិតខាងព្រលឹងវិញ្ញាណ។ ​

ពួកអ្នកជឿកាលពីដំបូងនឹងបានទទួលព្រះវិញ្ញាណបរិសុទ្ធនៅក្នុងថ្ងៃបុណ្យទី៥០​ ហើយការនេះនឹង បានចម្រើ​ន​កម្លាំងដល់ពួកគេសម្រាប់ការធ្វើព័ន្ធកិច្ច (កិច្ចការ ១:៤-៥; ២:១-៤)។  ពួកគេនឹងបានទទួល ព្រះវិញ្ញាណប​រិសុទ្ធដូចគ្នា ដែលបានគង់នៅក្នុងព្រះយេស៊ូវ ជាព្រះវិញ្ញាណបរិសុទ្ធតែមួយ ដែលបានចម្រើកម្លាំងនៅក្នុងគ្រប់ទាំងព្រះបន្ទូលហើ​​យនិងកិច្ចការរបស់ព្រះអង្គ។ ​ប្រសិនបើគ្មានការចាក់ បំពេញនៃព្រះវិញ្ញាណទេ ពួកគេមិនអាចបម្រើព្រះអង្គដោយប្រសិទ្ធភាព ឬមានសមត្ថភាពក្នុង ការសម្រេចបេសកកម្មរបស់ពួកគេបានឡើយ។ 

 

បើ​អ្នក​រាល់​គ្នា​នឹង​អត់​ទោស​បាប​ដល់​អ្នក​ណា នោះ​បាប​គេ​នឹង​បាន​អត់​ទោស​ឲ្យ តែ​បើ​អ្នក​រាល់​គ្នា​នឹង​ប្រកាន់​ទោស​បាប​ចំពោះ​អ្នក​ណា នោះ​បាប​គេ​នឹង​ត្រូវ​ប្រកាន់​ជាប់​វិញ។ 

 

២០:២៣ ការនេះមិនមែនផ្តល់សិទ្ធិអំណាចដល់គ្រីស្ទានសម្រាប់ការអត់ទោសបាបនោះឡើយ។ មានតែព្រះតែប៉ុណ្ណោះដែលអាចអត់ទោសបាបបាន។ ​ផ្ទុយទៅវិញ ​ព្រះយេស៊ូវប្រទានសិទ្ធិអំណាច ដល់សាវ័ករបស់ព្រះអង្គ (ក្រោមការដឹកនៃនៃព្រះវិញ្ញាណបរិសុទ្ធ) នៅក្នុងការប្រកាសពីការអត់ទោសបាប ដោយផ្អែកលើការដែលមនុ​ស្ស​ម្នាក់ទទួលដំណឹងល្អ ដោយសេចក្តីជំនឿ (​​ហើយឲ្យបានដាស់តឿនមនុស្សថា អំពើបាបរបស់គេនឹងជាប់នៅប្រសិនបើគេបដិសេធ ដំណឹងល្អ)។ ​សេចក្តីប្រកាសរបស់លោកពេត្រុសនៅក្នុង ថ្ងៃបុណ្យទី៥០គឺជាគំរូអំពីអំ​ណាច​នេះនៅក្នុង ការប្រកាសពីការអត់ទោសបាប ​(កិច្ចការ ២:៣៨)។ 

ព្រះយេស៊ូវ និងលោកថូម៉ាស

រីឯ​ថូម៉ាស ជា​ម្នាក់​ក្នុង​ពួក​១២ ដែល​គេ​ហៅ​ថា ឌីឌីម គាត់​មិន​នៅ​ជា​មួយ ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​យាង​មក​នោះ​ទេ ដូច្នេះ ពួក​សិស្ស​ឯ​ទៀត​ប្រាប់​គាត់​ថា យើង​បាន​ឃើញ​ព្រះ‌អម្ចាស់ តែ​គាត់​ឆ្លើយ​ថា បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​ព្រះ‌ហស្ត​ទ្រង់ ទាំង​លូក​ម្រាម​ទៅ​ក្នុង​ស្នាម​ដែក​គោល​នោះ ហើយ​លូក​ដៃ​ខ្ញុំ​ទៅ​ក្នុង​ចំហៀង​ទ្រង់ នោះ​ខ្ញុំ​មិន​ព្រម​ជឿ​ទេ

 

២០:២៤-២៥ ​លោកថូម៉ាសជាសិស្សម្នាក់ដែលមានសេចក្តីជំនឿស្មោះត្រង់  ប៉ុន្តែពេលនេះ គាត់ត្រូវការភ័ស្តុតាងដើម្បីឲ្យបានជឿពីអ្វីដែលសិស្សដទៃទៀតបានឃើញកាលពីមួយអាទិត្យមុន ប៉ុន្តែគាត់ មិនបានឃើញទេ។ ​

ដល់​៨​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​ទ្រង់​នៅ​ក្នុង​ផ្ទះ​ម្តង​ទៀត ហើយ​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក ឈរ​កណ្តាល​ពួក​គេ ទាំង​ទ្វារ​នៅ​បិទ ហើយ​មាន​បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត រួច​ទ្រង់​មាន​បន្ទូល​ទៅ​ថូម៉ាស​ថា ចូរ​លូក​ម្រាម​ដៃ​អ្នក​មក ស្ទាប​មើល​ដៃ​ខ្ញុំ​ឯ​ណេះ ហើយ​លូក​ដៃ​មក​ក្នុង​ចំហៀង​ខ្ញុំ​ផង កុំ​ឲ្យ​មាន​ចិត្ត​មិន​ជឿ​ឡើយ ត្រូវ​ឲ្យ​ជឿ​ចុះ

 

២០:២៦ ជាថ្មីម្តងទៀត ​​ព្រះយេស៊ូវយាងចូលមកក្នុងបន្ទប់ដោយការអស្ចារ្យ។ ​

 

២០:២៧ ​ព្រះយេស៊ូវមិនបានស្តីបន្ទោសដល់លោកថូម៉ាសចំពោះការសង្ស័យរបស់គាត់នោះឡើយ  ប៉ុន្តែផ្ទុយទៅវិញព្រះអង្គបានបញ្ជាក់ការរស់ពីសុគតឡើងវិញរបស់ព្រះអង្គតាមដែលថូម៉ាសចង់ឃើញនោះ (ខ២៥)។ ​ ការ​នោះអាចជាការភ្ញាក់ផ្អើលចំពោះលោកថូម៉ាសដែលព្រះយេស៊ូវបានមានបន្ទូល ទៅគាត់ចំពោះអ្វីដែលគាត់បាននិយាយដោយសំងាត់ទៅកាន់សិស្សផ្សេងទៀតកាលពីប្រាំបីថ្ងៃមុន។ ​ការនេះបង្ហាញថាព្រះយេស៊ូវទ្រង់ស្តាប់ឮសិស្សរបស់ព្រះអង្គទោះបីជាពេលដែលព្រះអង្គមិនគង់នៅជាមួយនឹងពួកយើងខាងសាច់ឈាមក៏ដោយហើយក៏ចងចាំនូវពាក្យរបស់យើងទាំងប៉ុន្មានដែរ។ ​

 

នោះ​ថូម៉ាស​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​ទូលបង្គំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ 

 

២០:២៨ ​នៅពេលដែលលោកថូម៉ាសបានឃើញព្រះយេស៊ូវគាត់បានស្គាល់ពីសេចក្តីពិតនៃ ការរស់ពីសុគតឡើងវិញហើយគាត់បានយល់ពីអត្ថន័យថា  ព្រះយេស៊ូវគឺជាព្រះអម្ចាស់និងជាព្រះ។ ​ការដែលហៅថាព្រះយេស៊ូវថាជា​ “ព្រះអម្ចាស់” ​គឺជាការទទួលស្គាល់សិទ្ធិអំណាចរបស់ព្រះអង្គ លើជីវិតអ្នក។  ការដែលហៅព្រះអង្គថា “ព្រះ” គឺជាការទទួលស្គាល់ភាពជាព្រះរបស់ព្រះអង្គ ដែលជាអង្គដ៏ឧត្តុង្គឧត្តម ដែលបានបង្កើតហើយថែរក្សាជីវិតគ្រប់ទាំងអស់។ ​

 

“ឱ​ព្រះ‌អម្ចាស់​ទូលបង្គំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ!” គឺជាទីបន្ទាល់ចុងក្រោយដែលលោកយ៉ូហាន បានកត់ត្រាពីភាពជាព្រះរបស់ព្រះយេស៊ូវគ្រីស្ទ។ ទីបន្ទាល់ផ្សេងទៀតគឺជាលោកយ៉ូហានបាប់ទីស្ទ (១:៣៤) ណាថាណែល (១:៤៩)  ព្រះយេស៊ូវ (៥:២៥; ១០:៣៦) ពេត្រុស (៦:៦៩) ​មនុស្សខ្វាក់ ដែលបានប្រោសឲ្យភ្លឺ  (៩:៣៥-៣៨) ម៉ាថា (១១:២៧) និង (យ៉ូហាន ២០:៣០-៣១)

 

ទីបន្ទាល់របស់លោកថូម៉ាសនេះគឺជាចំនុចសំខាន់បំផុតនៅក្នុងដំណឹងល្អយ៉ូហាន។ ​អ្នកអានដំណឹងល្អ យ៉ូហានត្រូវការ ឲ្យមានសេចក្តីជំនឿ ​ហើយលោកថូម៉ាសបង្ហាញយើងពីការ ដែលមានសេចក្តីជំនឿមានលក្ខណៈបែបយ៉ាងណា។ ​

 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ថូម៉ាស​អើយ អ្នក​ជឿ​ដោយ​ព្រោះ​បាន​ឃើញ​ខ្ញុំ​ទេ​តើ មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ។ 

 

២០:២៩ ​ថូម៉ាសមានសេចក្តីជំនឿបន្ទាប់ពីគាត់បានឃើញព្រះយេស៊ូវ។ ​ប៉ុន្តែព្រះយេស៊ូវមានព្រះបន្ទូល ពីព្រះពរដ៏វិសេសចំពោះអស់អ្នកដែលបានជឿដោយមិនបានឃើញព្រះអង្គ (១ ពេត្រុស ១:៨-៩)  ​​រួមទាំងយើងទាំងអស់គ្នា! មិនចាំបាច់ឲ្យយើងបានឃើញព្រះអង្គដើម្បីឲ្យបានជឿលើទ្រង់នោះឡើយ។  វាគឺជាព្រះពរសម្រាប់ពួកគ្រីស្ទានដំបូងដែលបានឃើញព្រះយេស៊ូវហើយបានដឹងថាព្រះអង្គមានព្រះជន្មរស់នៅ; ប៉ុន្តែការនោះមិនមែន​ជាការដែលសង្រ្គោះពួកគេនោះឡើយ។ ពួកគេទទួលបានសេចក្តីសង្រ្គោះ មិនមែនដោយព្រោះតែបានមើ​លឃើញទេ  ប៉ុន្តែដោយការទទួលជឿវិញ។ ​

 

ការបញ្ជាក់សំខាន់ដែលមាននៅក្នុងដំណឹងល្អយ៉ូហានទាំងមូលនោះគឺជាការដែលទទួលជឿ។ ​ការដែល ជឿលើ​ព្រះយេស៊ូវគ្រីស្ទត្រូវបានលើកឡើងចំនួន កៅសិបប្រាំមួយដងនៅក្នុងដំណឹងល្អនេះ។  អ្នកហើយនឹងខ្ញុំនៅក្នុងពេលបច្ចុប្បន្ននេះមិនអាចមើលឃើញព្រះយេស៊ូវឡើយ ឬធ្វើជាទីបន្ទាល់ចំពោះ ទីសំគាល់ដែលព្រះអង្គបានធ្វើដែលលោកយ៉ូហានបានកត់ត្រានោះឡើយ។ ​ប៉ុន្តែយើងមានការកត់ត្រា នៅក្នុងព្រះបន្ទូលនៃព្រះ (ខ៩) ហើយការកត់ត្រានោះជាសេចក្តីពិត (១៩:៣៥; ២១:២៤)  ហើយការទាំងអស់នេះជាអ្វីដែលយើងត្រូវការដើម្បីឲ្យមានសេចក្តីជំនឿ។ តាមការពិត ​វាគឺជាសេចក្តីជំនឿ នៅក្នុងព្រះបន្ទូលដែលព្រះយេស៊ូវសព្វព្រះទ័យឲ្យសិស្សរបស់ព្រះអង្គមាន (២:២២; ១២:១៦; ១៤:២៦; ១ ពេត្រុស ១:១២-២១)។ 

“ដូច្នេះ សេចក្តី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ” ​(រ៉ូម ១០:១៧; ក៏សូមមើលនៅក្នុង ១ យ៉ូហាន ៥:៩-១៣)។  សម្រាប់យើងទាំងអស់គ្នា  ​សេចក្តីជំនឿមិនមែន កើតឡើងដោយការដែលបានឃើញនោះឡើយ  ប៉ុន្តែបានមកពីអ្វីដែលយើង បានស្តាប់ឮ (ឬអាន)  ហើយអ្វីដែលយើងបានឮនោះគឺដោយសារព្រះបន្ទូលនៃព្រះ  ដែលជាព្រះគម្ពីរ។  ​ហេតុនេះហើយ បានជាលោកយ៉ូហានបានកត់ត្រាដំណឹងល្អនេះ ដើម្បីឲ្យយើងបានជឿ។ ​

 

ព្រះ‌យេស៊ូវ​ក៏​ធ្វើ​ទី​សំគាល់​ជា​ច្រើន​ទៀត នៅ​មុខ​ពួក​សិស្ស​ទ្រង់ ដែល​មិន​បាន​ចែង​ទុក​ក្នុង​សៀវភៅ​នេះ​ទេ បាន​ចែង​ទុក​តែ​ប៉ុណ្ណេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ពិត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជីវិត ដោយ‌សារ​ព្រះ‌នាម​ទ្រង់ ដោយ​មាន​សេចក្ដី​ជំនឿ។ 

 

២០:៣០-៣១ ការនេះប្រាប់យើងទាំងអស់គ្នាពីគោលដៅនៃដំណឹងល្អយ៉ូហាន។ ​ដោយការដែល បានអានពីអ្វីដែលជាទីសំគាល់ដែលព្រះយេស៊ូវបានធ្វើ អ្នកអាចអាចទទួលជឿលើព្រះយេស៊ូវ ជាព្រះគ្រីស្ទ ហើយជាព្រះរា​ជ​​បុត្រានៃព្រះ។ ​ ​ដោយសារការដែលទទួលជឿ  យើងបានជីវិតអស់កល្បជានិច្ចនៅក្នុង ព្រះអង្គដែលជាប្រភពនៃជីវិតគ្រប់ទាំងអស់ (៦:៣២-៥៨)។  ដូច្នេះហើយ  ​អ្វីដែលជាសំនួរដ៏សំខាន់នោះគឺ តើអ្នកបានទទួលជឿហើយឬនៅ?

 

ការដែលជឿថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះ មានន័យថាបានទទួលគ្រប់យ៉ាងដែល ព្រះអង្គបានមានព្រះបន្ទូលអំពីព្រះអង្គទ្រង់ហើយគ្រប់យ៉ាងដែលព្រះអង្គបានបើកសំដែងអំពីព្រះវរបិតាដ៏ជាព្រះ។ ជាការដែលបានស្គាល់សិទ្ធិអំណាចដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គជាព្រះអម្ចាស់ ហើយក៏បានជ្រើសរើស នៅក្នុងការដែលបានត្រឡប់ជាសិស្សរបស់ព្រះអង្គ។  ​គោលបំណងនៃការទទួលជឿនេះគឺជា ជីវិតអស់កល្បជានិច្ច ​ ដែលជាទំនាក់ទំនងជាមួយនឹងព្រះដែលនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច (១៧:៣)។  នេះជាមូលហេតុ ដែលលោកយ៉ូហានបានកត់ត្រាដំណឹងល្អនេះ ដើម្បីឲ្យមនុស្សនៅគ្រប់ជំនាន់ ទាំងអស់បានដឹងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ និងជាព្រះរាជបុត្រានៃព្រះ ​ហើយដោយការ ដែលមានសេចក្តីជំនឿលើព្រះអង្គ គេបានទទួលជីវិតអស់កល្បជានិច្ច។ 

bottom of page